ADB៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១១ កើនឡើង​ដល់ ៦,៨%

ដោយ : មុនីរ័ត្ន
ថ្ងៃទី 14 កញ្ញា 2011
CEN

អ្នកសេដ្ឋកិច្ច​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB នៅក្នុង​សន្និសីទ​កាសែត កាលពី​ព្រឹក​ថ្ងៃទី​១៤​កញ្ញា ឆ្នាំ​២០១១៕

អ្នកសេដ្ឋកិច្ច ធនាគារ អភិវឌ្ឍន៍អាស៊ី ADB នៅក្នុង សន្និសីទ កាសែត កាលពី ព្រឹក ថ្ងៃទី ១៤ កញ្ញា ឆ្នាំ ២០១១៕

ភ្នំពេញ:ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB បាន​បង្កើន​ការព្យាករណ៍​របស់​ខ្លួន​លើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១១ ។ ក៏ប៉ុន្តែ ADB បានបង្ហាញ​ក្ដីបារម្ភ​អំពី​ទីផ្សារ​សកល នៅតែ​មាន​សម្រាប់​ឆ្នាំ​២០១២​។ ពោល​គឺ​នៅ​ឆ្នាំ​២០១១ ADB បាន​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា មាន​ចំនួន ៦,៨ %​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់ ADB ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​១៤​កញ្ញា ឆ្នាំ​២០១១ បង្ហាញថា និន្នាការ​វិជ្ជមាន​នៅក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​នេះ នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ឲ្យ​កើនឡើង​ដល់ ៦,៨% នៅក្នុង​ឆ្នាំ​២០១១​។ គឺ​កើនឡើង​ច្រើន​ជាង​ព្យាករណ៍​កាលពី​ខែ​មេសា ដែល​ធានា​គារ​អភិវឌ្ឍន៍អាស៊ី ADB បាន​វាយតម្លៃ​ថា សេដ្ឋកិច្ច​កម្ពុជា មាន​កំណើន​ត្រឹម ៦,៥% នៅ​ឆ្នាំ​២០១១​។​

​របាយការណ៍​របស់ ADB ស្តីពី ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី​ឆ្នាំ​២០១១ បច្ចុប្បន្ន​កម្ម (ADO 2011 Update) ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៤​កញ្ញា​នេះ បាន​លើកឡើង​ថា ការកែសម្រួល​តួលេខ​កំណើន​នេះ គឺ​ដោយសារ​មាន​ការកើនឡើង​នូវ​ការនាំចេញ​សម្លៀកបំពាក់​នៅ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១១​។​

ADB បាន​គូសបញ្ជាក់ថា តម្លៃ​នៃ​ការនាំចេញ​សម្លៀក​បំពាក់​របស់​ប្រទេស​កម្ពុជា ទៅ​សហរដ្ឋអាមេរិក នៅក្នុង​រយៈពេល ៦​ខែ​ដំបូង នៅ​ឆ្នាំ​នេះ បាន​កើន​ឡើង​ជាង ២៣% បើ​ធៀប​ជាមួយនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ក្នុងពេល​ជាមួយគ្នា​នោះ ចំនួន​ភ្ញៀវទេសច​រណ៍​មាន​ការកើនឡើង​ជាង ១៣% ហើយ​ការនាំ​ចេញ​អង្ករ​ក៏​មាន​និន្នាការ​កើន​ឡើង​ផងដែរ ។​

​សេដ្ឋវិទូ​ជាន់ខ្ពស់​ប្រចាំ​ប្រទេស​កម្ពុជា របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី លោក Peter Brimble មានប្រសាសន៍ថា “ ប្រទេស​កម្ពុជា​នៅតែ​អាច​រក្សាបាន​នូវ​កំណើន​សេដ្ឋកិច្ច​រឹងមាំ​សម្រាប់​ឆ្នាំ​២០១១ នេះ ដោយសារតែ​ការ​ងើបឡើង​លឿន​ជាង​ការរំពឹង​ទុក​នូវ​ការនាំ​ចេញ​សម្លៀកបំពាក់ និង​វិស័យ​ទេសចរណ៍ និង​ដោយសារ​ទស្សនវិស័យ​វិជ្ជមាន​នៃ​ការពង្រីក​ផលិតកម្ម​កសិកម្ម​។ ប៉ុន្តែ​ការថយចុះ​នូវ​សកម្មភាព​ពាណិជ្ជកម្ម​ជា​សកល ដែល​កំពុង​កើតមាន​នាពេល​បច្ចុប្បន្ន​នេះ នឹង​បង្អន់ល្បឿន​កំណើន​នៅក្នុង​ឆ្នាំ​២០១២ ” ។​

​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី ឆ្នាំ​២០១១ បច្ចុប្បន្ន​កម្ម ព្យាករណ៍​ថា កំណើន​នៅក្នុង​ឆ្នាំ​២០១២ នឹង​មាន​កម្រិត ៦,៥% ពោល​គឺ ថយ​ចុះ​ពី ៦,៨% ដែល​ត្រូវបាន​ព្យាករណ៍ នៅពេល​ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី​ចេញផ្សាយ​របាយការណ៍​ទ​ស្សន​វិស័យ​អភិវឌ្ឍន៍​អាស៊ី​ឆ្នាំ​២០១១ ដែល​ជា​របាយការណ៍​សេដ្ឋកិច្ច​ប្រចាំឆ្នាំ ។ ការថយចុះ​នេះ ឆ្លុះបញ្ចាំង​ពី​អស្ថេរភាព ដែល​កំពុង​មាន​នៅក្នុង​ទីផ្សារ​សកល ដែល​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​តម្រូវការ​ផលិត​ផល​ពី​ប្រទេស​កម្ពុជា នៅក្នុង​ឆមាស​ទី​២ នៃ​ឆ្នាំ​២០១១ និង​ឆ្លង​ចូលទៅ​ក្នុង​ឆ្នាំ​២០១២ ។​

​តែ​ទោះជា​យ៉ាងណាក៏ដោយ របាយការណ៍​របស់ ADB បាន​លើកឡើង​ថា និន្នាការ​ថយចុះ​ក្នុង​ទីផ្សារ​សកល​នេះ នឹង​មិន​ប៉ះពាល់​ដល់​និន្នាការ​វិជ្ជមាន ដែល​បាន​សង្កេត​ឃើញ​កន្លងមក​នោះទេ​។ ប៉ុន្តែ​បញ្ហា​ប្រឈម​រយៈពេល​វែង នៅតែ​មាន​សម្រាប់​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​ចង្អៀត​របស់​ប្រទេស​កម្ពុជា ហើយ​វា​ទាមទារ​ឲ្យមាន​ការធ្វើពិពិធកម្ម​សេដ្ឋកិច្ច ការពង្រីក​លំហ​សារពើពន្ធ ការដោះស្រាយ​បញ្ហា​អភិបាលកិច្ច និង​ការពង្រឹង​បរិយាកាស​វិនិយោគ​។​

​លោក Brimble និយាយថា “ ប្រទេស​កម្ពុជា ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​រយៈពេល​វែង​ទាំងនេះ ទើប​អាច​សម្រេចបាន​នូវ​កំណើន​ប្រកបដោយ​សក្ដានុពល​។ ការកាត់បន្ថយ​ចំណាយ​ខ្ពស់​លើ​ការដឹកជញ្ជូន ថាមពល និង​ការធ្វើ​ពិពិធ​កម្ម​ផលិតផល​កសិកម្ម និង​វិស័យ​ទេសចរណ៍ មាន​សារៈសំខាន់​យ៉ាងខ្លាំង ហើយ​បញ្ហា​ទាំងអស់​នេះ​នឹង​ត្រូវ​បាន​លើកយក​មក​ដោះស្រាយ ក្រោម​យុទ្ធសាស្ដ្រ​ភាព​ជា​ដៃគូ ប្រចាំ​ប្រទេស ២០១១-២០១៣ របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី ” ។​

​ចំពោះ​អត្រា​អតិផរណា នៅ​កម្ពុជា ក៏​ត្រូវបាន ADB ព្យាករណ៍​ថា នឹង​មាន​កម្រិត​ជា​មធ្យម​ប្រមាណ ៥,៥% នៅក្នុង​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២​។ ពោល​គឺ​អត្រា​អតិផរណា ពុំ​មាន​ការផ្លាស់ប្ដូរ​ពី​ការព្យាករណ៍​ក្នុង​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី​ឆ្នាំ​២០១១​ឡើយ​។ នោះ​ក៏​ដោយសារ​មាន​ការធ្លាក់ចុះ​នូវ​តម្លៃ​ប្រេងឥន្ធនៈ​ជា​សកល និង​ដោយ​មាន​ការ​សន្មត​ថា តម្លៃ​ប្រេងឥន្ធនៈ នឹង​នៅមានកម្រិត​ថេរ រហូតដល់​ដំណាច់​ឆ្នាំ​នេះ​។​

​របាយការណ៍​របស់ ADB ដែល​បាន​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​កញ្ញា ឆ្នាំ​២០១១ ក៏​បាន​ប៉ាន់ប្រមាណ​ឱនភាព​គណនី​ចរន្ត​ក្នុង​កម្រិត ១១,៦% នៃ GDP ក្នុង​ឆ្នាំ​២០១១ និង ១១,០% នៅក្នុង​ឆ្នាំ​២០១២ ដោយសារ​មាន​ការថយចុះ​នូវ​ឱនភាព​ពាណិជ្ជកម្ម​។​

​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ច័ន្ទ ទី​១២​កញ្ញា ឆ្នាំ​២០១១ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ហ៊ុន សែន ក៏​បាន​ប្រកាសថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១១​នេះ អាច​នឹង​កើនឡើង​ដល់ ៨,៧% លើស​ការព្យាករណ៍​ពី​លើក​មុន​។ ការ​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​លើក​មុន ដែល​រដ្ឋាភិបាល​កំណត់​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១១ មាន​កំណើន​ត្រឹមតែ ៦% ប៉ុណ្ណោះ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​លើកឡើង​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា ដែល​អាច​ហក់​ឡើងដល់ ៨,៧% ក៏​ដោយសារ​តែ​កំណើន​នាំចេញ​សម្លៀកបំពាក់ និង​ការ​ងើប​ឡើងវិញ​ដ៏​ខ្លាំងក្លា ក្នុង​វិស័យ​ទេសចរណ៍ បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា មាន​កំណើន​លើសពី​ការរំពឹង​ទុក​៕

8 ចំលើយ to “ADB៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១១ កើនឡើង​ដល់ ៦,៨%”

  1. ខ្ញុំមិនសូវយល់អំពីបញ្ហាកំណើនសេដ្ឋកិច្ចនេះ ។ គ្រប់ស្ថាប័នហិរញ្ញវត្ថុធំៗរបស់ពិភពលោកស្ទើរទាំងអស់ដូចជា ADB, WB, IMF… សុទ្ធតែបានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះមានកំណើនឡើងបានប៉ុណ្ណេះភាគរយ ប៉ុណ្ណោះភាគរយ…. ប៉ុន្តែខ្ញុំឆ្ងល់ថា តើកំណើនសេដ្ឋកិច្ចជាតិ វាមានហុចផលអី្វដល់ប្រជារាស្រ្តអត់ ? សេដ្ឋកិច្ចមានកំណើន ប៉ុន្តែអ្វីដែលមានកំណើនលឿនជាងសេដ្ឋកិច្ចទៀតនោះ គឺតម្លៃប្រេងសាំង ដែលឡើងលឿនដូចទឹកជន់ បើសិនជាអាចគ្រប់គ្រងតម្លៃប្រេងសាំង ឬ អាចបញ្ចុះតម្លៃប្រេងសាំងបាន, មិនដឹងជាសេដ្ឋកិច្ចខ្មែរដើរលឿនប៉ុណ្ណាទេ….

  2. Yes! but don’t forget million khmers are still living in poverty.

  3. កំេណីន​​េសដ​្ធ​​កិច​​្ចគឺ ៨,៧ % មិន​​ែមន ៦,៨ %​េនាះ​េទ៕

  4. ជិតដល់រដូវបោះឆ្នោតហើយ តើសាំងនៅ ១/L៣៥០០រ បានទេ ?​ ៗ

  5. ្រ​តូវ​ែត​បាន!!!!្រ​តូវ​ែត​បាន!!!!្រ​តូវ​ែត​បាន!!!!្រ​តូវ​ែត​បាន!!!!

  6. ខ្ញុំសូមសួរសំនួរមួយ ! តើកត្តាអ្វីខ្លះដែលធ្វើអោយកម្ពុជាមានកំនើនសេដ្ឋកិច្ច ?

បញ្ចេញមតិ