បណ្ណសារ | ខែសីហា 15, 2011

កុមារី​ម្នាក់​លង់​ទឹក​​ស្លាប់ មនុស្ស​ចាស់​ម្នាក់​ពស់​ចឹក​ពេល​ទឹក​ឡើង​នៅ​កំពង់ចាម​

ដោយ ឱ ភារិទ្ធ
2011-08-15
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

កុមារី​ម្នាក់​បាន​រង​គ្រោះ​ដល់​ស្លាប់​ដោយសារ​លង់​ទឹក​ទន្លេ​មេគង្គ និង​បុរស​ម្នាក់​ទៀត ត្រូវ​ពស់​ចឹក​ក្នុង​ពេល​ស្រង់​យក​ឈើ​អណ្ដែត​តាម​ទន្លេ នៅ​ស្រុក​ក្រូច​ឆ្មារ ខេត្ត​កំពង់ចាម ក្នុង​ពេល​ទឹក​ឡើង។

១៤-សីហា-២០១១ ៖ កុមារ​ទាំង​នេះ​កំពុង​លេង​នៅ​មាត់​ទន្លេ​មេគង្គ​ដែល​កំពុង​ជន់​ព្រៀប​ច្រាំង នៅ​ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។ (RFA/Leng Maly)

១៤-សីហា-២០១១ ៖ កុមារ ទាំង នេះ កំពុង លេង នៅ មាត់ ទន្លេ មេគង្គ ដែល កំពុង ជន់ ព្រៀប ច្រាំង នៅ ឃុំ ព្រះ ប្រសប់ ស្រុក ខ្សាច់ កណ្ដាល ខេត្ត កណ្ដាល។ (RFA/Leng Maly)

អនុ​ប្រធាន​ភូមិ​កោះ​ត្រែង ឃុំ​កោះ​ពីរ ស្រុក​ក្រូច​ឆ្មារ ខេត្ត​កំពង់ចាម គឺ​លោក ឈង អាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ សីហា​ថា កុមារី​ម្នាក់​អាយុ​ប្រមាណ ៩ ឆ្នាំ បាន​ស្លាប់​ដោយសារ​ទឹក​ទន្លេ​ហូរ​កួច​យក​ទៅ។

លោក​បន្ត​ថា បន្ទាប់​ពី​បុរស​ជា​ឪពុក​បាន​នាំ​កូន​ស្រី​នោះ​រួម​ទាំង​កូន​តូច​មួយ​ទៀត ទៅ​មុជ​ទឹក​ទន្លេ កូន​ស្រី​នោះ​កាន់​ពោះវៀន​កង់​រថយន្ត ដែល​ឪពុក​ឲ្យ​តោង​លេង​មក​ទុក​នៅ​ទូក​ក្បែរ​ច្រាំង ហើយ​ក៏​ត្រឡប់​មក​ហៅ​ឪពុក​វិញ តែ​ត្រូវ​ទឹក​ហូរ​ខ្លាំង​កួច​យក​ទៅ​បាត់។

លោក ឈង អាន ៖ «យក​កង់​ឡាន​ទុក​លើ​ទូក រួច​ហើយ​វា​បក​មក​វិញ ​ឪ​វា​ទៅ​លេង​ឆ្ងាយ​ពី​កន្លែង​ហ្នឹង​ហើយ។ ពេល​វា​មក​វិញ ទឹក​វា​ហូរ ​វា​រអិល​ជើង​ទៅ ក្មេង​អត់​ចេះ​ហែល រួច​វា​មាន​ខោ​អាវ​ដៃ​វែង»។

លោក ខូវ អ៊រ មេ​ឃុំ​កោះ​ពីរ​បាន​បញ្ជាក់​រឿង​ហេតុ​នេះ​បន្ថែម​ថា នៅ​ពេល​ដឹង​ថា​កុមារី​នោះ​រអិល​តាម​ទឹក​ហើយ​បុរស​ជា​ឪពុក​បាន​ពរ​កូន​តូច​យក​ទៅ​ទុក​នៅ​ទូក ហើយ​តាម​រក​ភ្លាមៗ នៅ​ម៉ោង ៨ និង ៤០ នាទី ព្រឹក​ថ្ងៃ​ទី​១៤ សីហា។ តែ​ប្រមាណ​ជា​ម៉ោង​ជាង ៩ ព្រឹក ទើប​រក​ឃើញ​កូន​ស្រី ដែល​មាន​ឈាម​ហូរ​តាម​ច្រមុះ ត្រចៀក ស្លាប់​ទៅ​ហើយ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា​ដដែល​នោះ​ដែរ វេលា​ទាប​ភ្លឺ​ឆ្លង​ចូល​ថ្ងៃ​ទី​១៥ សីហា លោក​មេ​ឃុំ ខូវ អ៊រ បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​វ័យ ៥០ ឆ្នាំ​ឈ្មោះ ហ៊ាង ខា ត្រូវ​ពស់​វែក​ចឹក​នៅ​កណ្ដាល​ទន្លេ​ពេល​ទាប​ភ្លឺ ដោយ​មូលហេតុ​ចាប់​ស្រង់​សំណាត់​អុស​ដែល​ហូរ​រសាត់​តាម​ទឹក៖ «មូលហេតុ​ទៅ​ចាប់​អុស​កណ្ដាល​ទន្លេ។ ដល់​ទូក​វា​ឡើង​ទៅ​លើ​បឿន​អុស បឿន​សំរាម​វា​របូត​ចង្កូត​ដល់​ចុះ​ដាក់​ចង្កូត​ទូក​ដៃ​ម្ខាង​ទាញ​សំរាម​ចេញ ដៃ​ម្ខាង​ដាក់​អា​ពស់​ហ្នឹង​វា នៅ​ជិត​ចង្កូត​ទូក​ហ្នឹង វា​ចឹក​ផស​ភ្លាម​ហ្នឹង។ ពស់​វែក​រនាម»។

លោក​មេ​ឃុំ​បន្ថែម​ថា ក្រុម​គ្រួសារ​បាន​យក​ជន​រង​គ្រោះ​ទៅ​ឱ្យ​ព្រះសង្ឃ​ស្ដោះ​ផ្លុំ ប៉ុន្តែ លោក​មាន​ពុទ្ធដីកា​ថា អ្នក​របួស​នោះ​រង្គោះ​សក់​ហើយ លោក​មិន​ហ៊ាន​មើល​ទេ ហើយ​បង្គាប់​ឲ្យ​បញ្ជូន​អ្នក​របួស​ទៅ​មន្ទីរ​ពេទ្យ។

មន្ត្រី​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម​បាន​បញ្ជាក់​ថា នៅ​មន្ទីរ​ពេទ្យ​មាន​តែ​ថ្នាំ​ចាក់​សម្រន់​ការ​ឈឺ​ចាប់​ប៉ុណ្ណោះ។ ដូច្នេះ លោក​ឲ្យ​បញ្ជូន​ទៅ​ពេទ្យ​ភ្នំពេញ​ទើប​មាន​ថ្នាំ​ព្យាបាល។

លោក​មេ​ឃុំ ខូវ អ៊រ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​នោះ កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ ដោយ​អះអាង​ថា អ្នក​របួស​អន់​ចុក​ចាប់​ហើយ តែ​នៅ​ពុំ​ទាន់​មាន​កម្លាំង​នៅ​ឡើយ។

អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​បន្ថែម​ថា ឲ្យ​តែ​រដូវ​ទឹក​ឡើង ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​មេគង្គ តែង​តែ​នាំ​គ្នា​អុំ​ទូក ឬ​បរ​កាណូត ចេញ​ទៅ​ស្រង់​ឈើ ដែល​រសាត់​អណ្ដែត​តាម​ទឹក (សំណាត់) មក​ទុក​ធ្វើ​ជា​អុស​ដុត ឬ​ប្រើ​ការ​ជា​ប្រយោជន៍​ផ្សេង​ទៀត ប្រសិន​បើ​សំណាត់​ឈើ ឬ​ឫស្សី​មាន​សាច់​នៅ​រឹង​មាំ​ល្អ៕

អាជ្ញាធរ​ក្រុង​អំពាវនាវ​កុំ​ឲ្យ​មហាជន​ចម្លង​បាតុកម្ម​បះបោរ ដូចនៅ​ប្រទេស​អង់គ្លេស

ដោយ លី ម៉េងហួរ
ថ្ងៃ ចន្ទ 15 សីហា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ ​លី ម៉េងហួរ​​ ពី​ទីក្រុង​ភ្នំពេញ (02:33)

នៅ​ថ្ងៃ​ច័ន្ទ​នេះ អភិបាលក្រុង​ភ្នំពេញ លោក កែប ជុតិមា បានប្រកាស​អំពាវនាវ​ដល់​មហាជន ពិសេស​អ្នក​នៅ​ទីក្រុង​ភ្នំពេញ កុំ​ឲ្យ​ជ្រើសរើស​យក​ការធ្វើ​បាតុកម្ម ដើម្បី​តវ៉ា​ប្រឆាំង​អ្វីមួយ ដែល​នាំ​ទៅដល់​ការបង្ក​អំពើហិង្សា និង​នាំ​អស្ថិរភាព​ក្នុង​សង្គម ដូច​ករណី​អំពើហិង្សា​នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស កាលពី​សប្ដាហ៍​មុន។

លោក​កែប ជុតិមា​អភិបាល​ក្រុង​ភ្នំពេញ ព្រមាន​មិន​ឲ្យ​ប្រជាជន​ធ្វើ​បាតុកម្មដូច​នៅទីក្រុង​ឡុងដ៍ (©RFI/ ស៊ីវ ចាន់ណា)

លោក កែប ជុតិមា អភិបាល ក្រុង ភ្នំពេញ ព្រមាន មិន ឲ្យ ប្រជាជន ធ្វើ បាតុកម្មដូច នៅទីក្រុង ឡុងដ៍ (©RFI/ ស៊ីវ ចាន់ណា)

ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្ពានថ្មី​មួយ​ទៀត នៅ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៥ ខែ​សីហា ឆ្នាំ​២០១១ លោក កែប ជុតិមា អភិបាលក្រុង​ភ្នំពេញ បាន​លើកឡើង​ថា ប្រជាជន​កម្ពុជា ពិសេស​អ្នក​រស់នៅ​ភ្នំពេញ គួរតែ​ជៀសវាង​នូវ​បាតុកម្ម​ណាមួយ ដែល​បង្ក​ដល់​អស្ថិរភាព​សង្គម ដូចជា ករណី​អំពើហិង្សា នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។ ជា​បាតុកម្ម ដែល​បាន​ប្រែក្លាយ​ជា​អំពើហិង្សា នាំ​ដល់​ការដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​យ៉ាងច្រើន។

លោក​អភិបាលក្រុង កែប ជុតិមា ក៏​បាន​អំពាវនាវ​អោយ​ពលរដ្ឋ​ខ្មែរ កុំ​សប្បាយ​នឹង​ឃើញ​បាតុកម្ម នៅ​ប្រទេស​អង់គ្លេស ដែល​នាំ​ដល់​ការកម្ទេច​ប្រទេស​ជឿនលឿន​បំផុត ព្រោះ​ក្នុង​រយៈពេល​តែ​បួន​ថ្ងៃ បាតុកម្ម​បាន​បង្ក​ភ្លើង​ដែល​លេប​ត្របាក់​ទីក្រុង​ឡុងដ៍​មួយ​ចំហៀង និង​បង្ក​អំពើ​ប្លន់ ​វាយ​កម្ទេច​ហាងទំនិញ​ជាច្រើន។ តាម​លោក​អភិបាលក្រុង អស្ថិរភាព​សង្គម​នោះ កើត​ចេញពី​បាតុកម្ម​របស់​មហាជន។

កាលពី​សប្ដាហ៍​មុន នៅ​ប្រទេស​អង់គ្លេស ពិសេស​នៅ​ទីក្រុង​ឡុង​ដ៍ មាន​មហាជន​ជាច្រើន​នាក់ បាន​ប្រែក្លាយ​ពី​បាតុកម្ម​ប្រឆាំង​នឹង​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច ទៅជា​អំពើ​ហិង្សា ដោយ​ការ​វាយកម្ទេច ​ហាង​ទំនិញ និង​បង្ក​អគ្គិភ័យ​ជាច្រើន​កន្លែង។

ក៏ប៉ុន្តែ ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​វិញ បាន​ចាត់ទុក​ការលើកឡើង​របស់​អភិបាលក្រុង​ភ្នំពេញ​ខាងលើ ថា​គ្រាន់តែ​ជា​លេស​មួយ ក្នុង​ការរារាំង មហាជន មិនឲ្យ​ធ្វើ​ការតវ៉ា ប្រឆាំង​នឹង​ទំនិញ​សព្វសារពើ ដែល​កំពុង​តែ​ឡើងថ្លៃ នា​ពេល​សព្វថ្ងៃ​ប៉ុណ្ណោះ។

តាម​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ការ​បាតុកម្ម​តវ៉ា​របស់​មហាជន​តាម​ដងផ្លូវ គឺជា​សិទ្ធិ​របស់​ពលរដ្ឋ ដែល​មានកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​។ ម្យ៉ាងទៀត បាតុកម្ម ជា​ឧបករណ៍​ស្របច្បាប់​របស់​មហាជន ក្នុង​ការតស៊ូ​ទប់ទល់​នឹង​ការប្រើប្រាស់​អំណាច​គាបសង្កត់។

ចលនា​មហាជន ធ្វើបាតុកម្ម ដូច​នៅ​បស្ចិម​ប្រទេស ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ការព្រមាន​បង្ក្រាប​ជា​ញឹកញាប់​រួចមកហើយ ខណៈ​ដែល​មេ​បក្ស​ប្រឆាំង​លោក​សម រង្ស៊ី បាន​ប្រកាស​ពី​គម្រោង ចង់​ចម្លង​យក​ចលនា​បាតុកម្ម​មហាជន ដែល​ជា​បដិវត្តន៍​ផ្កាម្លិះ នៅ​បណ្តា​ប្រទេស​ក្នុង​ពិភព​អារ៉ាប់ ដើម្បី​មក​ប្រើប្រាស់​នៅ​កម្ពុជា។

រដ្ឋាភិបាល​កម្ពុជា បាន​ការបង្ក្រាប​យ៉ាង​ខ្លាំងក្លា ក្រោយ​ការបោះឆ្នោត កាលពី​ឆ្នាំ​១៩៩៨ លើ​ហ្វូង​បាតុក​ររាប់ម៉ឺន​នាក់ រួមទាំង​ព្រះសង្ឃ ដែល​បាតុកម្ម​នោះ ​ដឹកនាំ​ដោយ​គណបក្ស​សមរង្ស៊ី ដើម្បី​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​។ ការចុះ​ផ្លូវ​តវ៉ា កាលណោះ នាំឲ្យ​មាន​ការប្រើ​កម្លាំង​ទ័ព​បង្ក្រាប ដែល​ធ្វើឲ្យ​មាន​មនុស្ស​ជាច្រើន​នាក់​ត្រូវបាញ់សម្លាប់៕

ចៅហ្វាយ​ក្រុង​ភ្នំពេញ​អំពាវ​នាវ​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជ្រើស​រើស​យក​បាតុកម្ម​ដើម្បី​ដោះស្រាយ​បញ្ហា

ច័ន្ទ 15 សីហា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

ដោយ​លើក​យក​ករណី​បាតុកម្ម​ហិង្សា​នៅ​ទីក្រុង​ឡុងដ៏​ថ្មីៗ​នេះ លោក កែប ជុតិមា អភិបាល​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ឯពិធី​សម្ពោធ​ស្ពាន​នាគ​សម្រាប់​ឆ្លង​ទៅ​កោះពេជ្រ បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​ពលរដ្ឋ​កម្ពុជា​កុំ​ឲ្យ​ជ្រើស​រើស​យក​ការ​ធ្វើ​បាតុកម្ម​ដើម្បី​រក​ដំណោះ​ស្រាយ​អ្វី​មួយ ដែល​វា​អាច​នាំ​ទៅ​រក​អស្ថិរភាព ដូច​កើត​មាន​ក្នុង​ទីក្រុង​នៃ​ចក្រភព​អង់គ្លេស​កាល​ពី​សប្តាហ៍​កន្លង​ទៅ​នោះ។

លោក កែប ជុតិមា អភិបាលក្រុងភ្នំពេញ

លោក កែប ជុតិមា អភិបាលក្រុងភ្នំពេញ

លោក កែប ជុតិមា បាន​ថ្លែង​ថា បាតុកម្ម​ណា​មួយ គឺ​ជា​ការ​បង្ក​ដល់​ស្ថេរ​ភាព​សង្គម​ដូចជា​ ករណី​ហិង្សា​មួយ​នៅ​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស ដែល​ទីបំផុត​បាន​បង្ក​ឲ្យ​មាន​ការ​ឆាប​ឆេះ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ក្រុង​អស់​វាល​លាន​ដុល្លារ។ ដូច្នេះ​លោក​សូម​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ជ្រើស​រើស​មធ្យោបាយ​របៀប​នេះ ដែល​នាំ​ឲ្យ​មាន​អស្ថិរភាព​ដល់​ក្រុង។

ចំពោះ​ការ​ថ្លែង​របស់​អភិបាល​ក្រុង​ភ្នំពេញ​រូប​នេះ លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សមរង្ស៊ី​បាន​និយាយ​ថា ការ​ព្រួយ​បារម្ភ​របស់​លោក កែប ជុតិមា គឺ​វា​គ្រាន់​តែ​ជា​លេស​មួយ​ប៉ុណ្ណោះ​ក្នុង​ការ​ឃាឃាំង​បាតុករ​អហិង្សា​របស់​ប្រជាជន។

គួរ​បញ្ជាក់​ថា កាល​ពី​សប្តាហ៍​មុន​ទីក្រុង​ធំៗ​ចំនួន​បី​របស់​ប្រទេស​អង់គ្លេស ត្រូវ​បាន​ក្រុម​កុប្បករ​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ឱនភាព​សេដ្ឋកិច្ច វាយ​លុក​ចូល​ទៅ​ទីផ្សារ​ធំៗ និង​ធ្វើ​ការ​ដុត​បំផ្លាញ៕

តុលាការ​សាកសួរ​មេ​អង្គរក្ស​លោក​ជា​​ស៊ីម​រឿង​លាក់​អាវុធ​និង​ក្លែង​ឯកសារ

ថ្ងៃច័ន្ទ, 15 ខែសីហា 2011
ដោយ ហេង​ រស្មី
វីអូអេ​ ខ្មែរ | ភ្នំពេញ

ស្តាប់ព័ត៌មាន៖ រាយការណ៍ដោយ ហេង រស្មី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១១
MP3 | Windows Media

តុលាការ​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ចាប់​ផ្តើម​សាក​សួរ​លោក​ឧត្តមសេនីយ៍​ ឈឿន​ ចាន់ថន​ ហៅ​ ម៉ៅ​ អតីត​មេ​បញ្ជាការ​កងអង្គរក្ស​របស់​លោក​ ជា​ ស៊ីម ​ប្រធាន​ព្រឹទ្ធសភា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់​ពី​បាន​ចាប់​ខ្លួន​ពី​លំនៅដ្ឋាន​របស់​លោក​កាលពី​ចុងសប្តាហ៍។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​តុលាការ។

មន្ត្រី​កងរាជ​អាវុធ​ហត្ថ​នាំ​លោក​ឧត្តមសេនីយ៍​ ឈឿន​ ចាន់ថន​ ហៅ​ ម៉ៅ​ អតីត​មេ​បញ្ជាការ​កងអង្គរក្ស​របស់​លោក​ជា​ ស៊ីម ​ប្រធាន​ព្រឹទ្ធសភា ចូល​ទៅ​ក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៥​ខែ​សីហា​ឆ្នាំ​២០១១ ដើម្បី​សាកសួរ​លោក​ពាក់​ព័ន្ធ​នឹង​អាវុធ​ខុស​ច្បាប់​ព្រម​ទាំង​ក្លែង​ឯកសារ​សាធារណៈ។ (រូបថត៖ ហេង រស្មី វីអូអេ ខ្មែរ)

មន្ត្រី កងរាជ អាវុធ ហត្ថ នាំ លោក ឧត្តមសេនីយ៍ ឈឿន ចាន់ថន ហៅ ម៉ៅ អតីត មេ បញ្ជាការ កងអង្គរក្ស របស់ លោក ជា ស៊ីម ប្រធាន ព្រឹទ្ធសភា ចូល ទៅ ក្នុង សាលាដំបូង រាជធានី ភ្នំពេញ កាល ពី ថ្ងៃ ច័ន្ទ ទី ១៥ ខែ សីហា ឆ្នាំ ២០១១ ដើម្បី សាកសួរ លោក ពាក់ ព័ន្ធ នឹង អាវុធ ខុស ច្បាប់ ព្រម ទាំង ក្លែង ឯកសារ សាធារណៈ។ (រូបថត៖ ហេង រស្មី វីអូអេ ខ្មែរ)

លោក​ មាស​ ច័ន្ទពិសិដ្ឋ​ ព្រះ​រាជអាជ្ញារង​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ បាន​ប្រាប់​ VOA​ សំឡេង​សហរដ្ឋ​អាមេរិក​តាមទូរស័ព្ទ​ថា ​តុលាការ​បាន​ធ្វើការ​សាក​សួរ​លោក​ឈឿន​ ចាន់ថន​ ពាក់​ព័ន្ធ​នឹង​អាវុធ​ខុស​ច្បាប់​ព្រម​ទាំង​ក្លែង​ឯកសារ​សាធារណៈ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​តុលាការ​មិន​ទាន់​បាន​ធ្វើការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ភ្លាមៗ​ទេ​ ហើយ​នឹង​បន្ត​នីតិវិធី​សាក​សួរ​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ថ្ងៃ​អង្គារ។

លោក មាស ច័ន្ទពិសិដ្ឋ ​បាន​បញ្ជាក់ថា៖

«ពាក់​ព័ន្ធ​នឹង​អាវុធ​ ហើយ​ក្លែង​លិខិត​សាធារណៈ​ មាត្រា​២០​ច្បាប់​ស្តី​ពី​គ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ​ និង​គ្រាប់​រំសេវ​ មាត្រា​២២​ ច្បាប់​ហ្នឹង​ដែរ​ ហើយ​ហ្នឹង​មាត្រា​៦២៩-៦៣០​ នៃ​ក្រម​ព្រហ្មទណ្ឌ»។

លោក​ ឈឿន​ ចាន់​ថន ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ចំពោះ​អ្នក​សារព័ត៌មាន​ទេ​ បន្ទាប់​ពី​លោក​ដើរ​ចេញ​ពី​បន្ទប់​សាកសួរ។

លោក​ ហ៊ុល​ ស៊ីណា ​មេធាវី​ការ​ពារ​ក្តី​លោក​ ឈឿន​ ចាន់ថន ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​តុលាការ​ដែល​បាន​កោះ​ហៅ​កូន​ក្តី​របស់​លោក​មក​សាកសួរ​ទេ។

«គេចោទ​ពី​អី!​ អត់​ទេ​ចាំ​បង​ ចាំ​បង​ឯង​សួរ​តុលាការ»។

លោក​ឧត្តមសេនីយ៍​ ឈឿន​ ចាន់ថន ​ត្រូវ​បាន​កង​រាជអាវុហត្ថ​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ នៅ​ផ្ទះ​របស់​លោក​ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​៣​ ខណ្ឌ​ចំការមន។​ បន្ទាប់​ពី​បាន​ចាប់​ខ្លួន​ យក​អាវុធ​ចំនួន​១១​​ដើម​ដែល​រួម​មាន​អាវុធ​វែង​ចំនួន​៧​ដើម​ និង​អាវុធ​ខ្លី​ចំនួន​៤​ដើម​ ព្រម​ទាំង​គ្រាប់​១.៤០០​គ្រាប់​ និង​សម្ភារៈ​យោធា​មួយ​ចំនួន​ទៀត។

លោក ​ណាច ​ទ្រី​ មេធាវី​ការពារ​ក្តី​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ ការចាប់​ខ្លួន​លោក​ ឈឿន​ ចាន់ថន​ បាន​ធ្វើ​ឡើង​តាម​ពាក្យ​បណ្តឹង​របស់​លោក​ យឹម​ លាង​ មេ​បញ្ជាការ​រង​កង​អង្គរក្ស​លោក​ ជា​ ស៊ីម​ ដែល​បាន​ប្តឹង​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​ នឹង​បាត់បង់​សម្ភារៈ​យោធា​មួយ​ចំនួន។

លោក​ឈឿន​ ចាន់ថន​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ថ​លេខា​ដក​តួរ​នាទី​របស់​លោក​ជា​ឧត្តមសេនីយ៍ឯក​ និង​ជា​មេបញ្ជាការ​កងអង្គរក្ស​លោក​ ជា​ ស៊ីម ​ប្រធាន​ព្រឹទ្ធសភា​ប៉ុន្មាន​ម៉ោង​តែ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន។

ព្រះមហាក្សត្រ​ នៅ​ថ្ងៃ​ដដែល​នេះ​ ក៏​បាន​ឡាយ​ព្រះហស្ថ​តែង​តាំង​លោក​ យឹម​ លាង​ ឲ្យ​កាន់​តួរ​នាទី​ជា​មេ​បញ្ជាការ​កងអង្គរក្ស​លោក ​ជា​ ស៊ីម ​ជំនួស​លោក​ឈឿន​ ចាន់ថន​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ផង​ដែរ ៕

បណ្តាញទាក់ទងគ្នា
មន្ត្រី​ពន្ធនាគារ​ព្រៃស​ត្រូវ​ក្រសួង​មហាផ្ទៃ​ហៅ​មក​សាកសួរ​ក្រោយ​ពី​ធ្វើ​អធិការកិច្ច​ចប់.

ព្រះរាជអាជ្ញា​បញ្ចប់​ការសួរដេញដោល​លើ​អតីត​មេ​អង្គរក្ស​សម្តេច ជា ស៊ីម តែ​នៅ​ចៅក្រម នឹង​បន្ត​សួរនាំ នៅ​ថ្ងៃ​ទី​១៦​សីហា​

ដោយ : មុនីរ័ត្ន
ថ្ងៃទី 15 សីហា 2011
CEN

ប៉េអឹមនាំខ្លួនអតីតឧត្តមសេនីយ៍ផ្កាយបី ឈឿន ចាន់ថន ហៅ ម៉ៅ អតីតមេបញ្ជាការកងឯកភាពអង្គរក្សសម្តេច ជា ស៊ីម ទៅកាន់តុលាការ កាលពីព្រឹកថ្ងៃទី១៥សីហា ឆ្នាំ២០១១៕ ( រូបថត៖ ស៊ីវ ចាន់ណា )

ប៉េអឹមនាំខ្លួនអតីតឧត្តមសេនីយ៍ផ្កាយបី ឈឿន ចាន់ថន ហៅ ម៉ៅ អតីតមេបញ្ជាការកងឯកភាពអង្គរក្សសម្តេច ជា ស៊ីម ទៅកាន់តុលាការ កាលពីព្រឹកថ្ងៃទី១៥សីហា ឆ្នាំ២០១១៕ ( រូបថត៖ ស៊ីវ ចាន់ណា )

ភ្នំពេញ: អតីត​មេ​អង្គរក្ស​របស់​សម្តេច ជា ស៊ីម ដែល​ត្រូវបាន​នាំខ្លួន មក​កាន់​តុលាការ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៥​សីហា ឆ្នាំ​២០១១ មក​ដល់​ម៉ោង ៥ ល្ងាច​នេះ ព្រះរាជអាជ្ញារង​តុលាការ លោក មាស ចាន់​ពិសិដ្ឋ បានបញ្ចប់​ការសួរដេញដោល​ហើយ​។ ក៏​ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ស្អែក លោក ឈឿន ចាន់ថន នឹង​ត្រូវ​នាំខ្លួន មក​កាន់​តុលាការ​ជាថ្មី​ម្តងទៀត ដើម្បីឲ្យ​ចៅក្រម​សាកសួរ​វិញ​ម្តង​។​

​ប្រភព​ពី​តុលាការ​បញ្ជាក់ថា អតីត​ឧត្តមសេនីយ៍​ផ្កាយ​បី លោក ឈឿន ចាន់ថន ហៅ ម៉ៅ ត្រូវ​តុលាការ​សួរនាំ​ពី​ការចោទប្រកាន់​លើ​បទ​រក្សា​អាវុធ​ខុសច្បាប់ និង​ចេញ​លិខិត​បញ្ជា​ដោយ​គ្មាន​ការអនុញ្ញាត​។​

​លោក ឈឿន ចាន់ថន ត្រូវបាន​ប៉េអឹម នាំ​ខ្លួន​ចេញពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទៅ​រក្សាទុក​នៅ​ទីបញ្ជាការដ្ឋាន​ប៉េអឹម​ក្រុង នៅ​ព្រលប់​ថ្ងៃទី​១៥​សីហា ឆ្នាំ​២០១១​។​

​សូម​រម្លឹកថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៣​សីហា ឆ្នាំ​២០១១ កងកម្លាំង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស និង​ប៉េអឹម​ក្រុងភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ យ៉ា គឹមអ៊ី មេបញ្ជាការ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ចុះ​ឡោម​ព័ទ្ធ និង​ចាប់​នាំខ្លួន​លោក​ឧត្តមសេនីយ៍ឯក ឈឿន ចាន់ថន ហៅ ម៉ៅ ប្រធាន​កង​អង្គរក្ស​សម្តេច ជា ស៊ីម និង​អង្គរក្ស ៣ នាក់ ទៀត​។​

​ការចាប់ខ្លួន​ឧត្តមសេនី​យ៍​ឯក ឈឿន ចាន់ថន ត្រូវបាន​ធ្វើឡើង​នៅផ្ទះ​របស់​លោក​ផ្ទាល់ ស្ថិតនៅ​ផ្ទះ​លេខ ៦៥ ផ្លូវ​លេខ ៩៥ កែង​ផ្លូវ​៣៩០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ​។ មកដល់​ថ្ងៃ​ច័ន្ទ ទី​១៥​សីហា ឆ្នាំ​២០១១ អង្គរក្ស ៣ នាក់​នោះ ត្រូវបាន​ដោះលែង​ហើយ​។​

​តាម​ប្រភព​ស្និទ្ធ​នឹង​ប៉េអឹម អះអាងថា ការចាប់ខ្លួន​អតីត​មេ​អង្គរក្ស​សម្តេច ជា ស៊ីម គឺធ្វើឡើង​ក្រោយពី​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​អនុក្រឹត្យ ដក​តំណែង​លោក ឈឿន ចាន់ថន ពី​មេ​បញ្ជា​កង​ឯកភាព​អង្គរក្ស​សម្តេច ជាស៊ីម​។ ការចាប់ខ្លួន​នោះ ក៏​ដោយសារ​តែ ឈឿន ចាន់ថន បាន​ប្រព្រឹត្តិ​បទល្មើស​ជា​ច្រើន ដូចជា រឿង​អាវុធ​ខុសច្បាប់ គ្រឿងញៀន និង​រំលោភសេចក្តីទុកចិត្ត ឆបោក​លុយ​យ៉ាងច្រើន​របស់​សម្តេច ជា ស៊ីម​ ៕

តុលាការ​ថៃ​លើក​ពេល​សវនាការ​លើ​បុរសខ្មែរ​ម្តងទៀត ទៅ​ថ្ងៃទី៦​កញ្ញា

ដោយ លាង ដឺលុច
ថ្ងៃ ចន្ទ 15 សីហា 2011
RFI

ស្តាប់សេចក្តី​រាយការណ៍​របស់​ លាង ដឺលុច​ ពី​ទីក្រុង​ភ្នំពេញ (01:23)

តុលាការ​ថៃ​ខេត្ត​ស៊ីសាកេត​របស់​ថៃ​បាន​ប្រកាស​លើកពេល​សវនាការ​លើ​លោក​ អ៊ឹង គឹមថៃ​ ជា​ថ្មី​ម្តង​ទៀត បន្ទាប់​ពី​លោក​អ៊ឹង គឹមថៃ​ច្រានចោល​ការចោទប្រកាន់ និង​បាន​ទាមទារ តទល់​ជាមួយក្រុម​យោធា​ដែល​ចាប់ខ្លួន​លោក។ សវនាការ​លើក​ក្រោយ​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​៦​ខែ​កញ្ញា។

សាលាជម្រះក្តី​ក្នុង​ខេត្ត​ស៊ីសាកេត

សាលាជម្រះក្តី ក្នុង ខេត្ត ស៊ីសាកេត

តុលាការ​ថៃ​ខេត្ត​ស៊ីសាកេត​បាន​ប្រកាស​ចោទ​បុរស​ជនជាតិ​ខ្មែរ​សា​ជា​ថ្មី​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន ដោយគ្មានភស្តុតាង​ដាក់​បន្ទុក និង​បទ​សង្ស័យ​ធ្វើ​ចារកម្ម​ដោយ​បាន​បង្ហាញ​ផែនទី និងរូបថត​មួយ​ចំនួន​ដែល​យោធា​និង​ប៉ូលិស​ថៃ​បាន​រកឃើញ​នៅ​ពេល​ពួកគេ​ចាប់​ខ្លួន លោក​អ៊ឹង គឹមថៃ។

ប៉ុន្តែ​លោក ​អ៊ឹង គឹមថៃ ​និង​មេធាវី​ទាំង​៤រូប​របស់​លោក​បាន​បដិសេធ​និង​ច្រានចោល​ការ​បទចោទ​ទាំងនេះ ហើយ​បាន​ទាមទារ​ទៅ​តុលាការ​ដើម្បី​ខ្លួន​បាន​តទល់​ជាមួយ​ក្រុមយោធា និង​ប៉ូលិស​ថៃ​អំពី​រូបថត ដែល​​លោក​អះអាង​ថា មិនមែន​ជា​រូបថត​របស់​លោក។ ដោយសារ​តែ​មាន​ការ​ទាមទារ​ពី​លោក​អ៊ឹង គឹមថៃ​យ៉ាងនេះ​ ទើប​តុលាការ​សម្រេច​លើក​ពេល​សវនាការ​ទៅ​ថ្ងៃ​ទី​៦​ខែ​កញ្ញា​ខាងមុខ។

លោក​ កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​អត្ថាធិប្បាយ​ថា ការ​លើក​ពេល​ម្តង​ហើយ​ម្តង​ទៀត​យ៉ាងដូច្នេះ​របស់​តុលាការ​ថៃ គឺ​ជា​ការ​ស្វែងរក​ពេល​ដើម្បី​ប្រឌិត​ភស្តុតាង​ដាក់​បន្ទុក​លើ​លោកអ៊ឹង គឹមថៃ។ ប្រភព​ដដែល​ពី​ក្រសួង​ការបរទេស​កម្ពុជា​បន្ត​ថា គេ​នៅ​តែ​មិន​ដឹង​ប្រាកដ​ថា តើ​នៅ​ថ្ងៃ​ទី​៦​កញ្ញា​ខាងមុខ​នោះ តុលាការ​ថៃ​នឹង​រៀបចំ​អោយ​លោក​អ៊ឹង គឹមថៃ​តទល់​ជាមួយ​យោធា និងប៉ូលិស​ដែល​បញ្ជូន​រូបថត​ដែល​ពួកគេ​អះអាង​ថា​បាន​រឹបអូស​ពី​លោក​អ៊ឹង គឹមថៃ​នោះ ឬ​យ៉ាងណា​នោះ​ទេ? រូបថត និងផែនទីទាំងនោះ បង្ហាញ​អំពី​តំបន់​យោធា​ដែល​លោក​អ៊ឹង គឹមថៃ​ត្រូវ​បាន​ចាប់​ខ្លួន។ ប៉ុន្តែ​លោក​អ៊ឹង គឹមថៃ​បញ្ជាក់​ថា លោក​មិន​បាន​ស្គាល់​រូបថត​ទាំងនោះឡើយ៕

តុលាការ​ថៃ បន្ត​បើកសវនាការ​រឿង​ចារកម្ម លើ​ករណី​ជនកម្ពុជា ធ្វើ​នៅ​ថ្ងៃទី​៦​កញ្ញា​

ដោយ : រតនា
ថ្ងៃទី 15 សីហា 2011
CEN

ភ្នំពេញ: នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១១ តុលាការ​ខេត្ត​ស៊ីសាកេត របស់​ប្រទេស​ថៃ បាន​បើក​សវនាការ​សួរដេញដោល​ជា​លើក​ទី​២ លើ​ពលរដ្ឋ​កម្ពុជា​ម្នាក់ ដែល​ជាប់ចោទ​ពី​បទ​ចារ​កម្ម នៅក្នុង​ទឹកដី​ថៃ​។ បន្ទាប់ពី​សវនាការ​កាត់ទោស​ជនជាតិ​កម្ពុជា​ជា​លើក​ទី​២ នៅ​ព្រឹក​មិញ តុលាការ​ខេត្ត​ស៊ីសាកេត​ថៃ បានប្រកាស​បន្ត​បើក​សវនាការ​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​៦​កញ្ញា ឆ្នាំ​២០១១​។​

​បុរស​កម្ពុជា ឈ្មោះ អ៊ឹង គឹម​ថៃ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១១ ជាមួយនឹង​ពលរដ្ឋ​ថៃ​កាត់​មូស្លីម​ម្នាក់ និង​ពលរដ្ឋ​វៀតណាម​ម្នាក់​ទៀត​។ ក្នុង​សវនាការ​លើក​ទី​២ នៅ​ថ្ងៃ​ចន្ទ​នេះ តុលាការ​ថៃ​បាន​ចោទប្រកាន់​លោក អ៊ឹង គឹម​ថៃ ពី​បទ​ប្រើប្រាស់​គ្រឿងញៀន និង​ចូល​តំបន់​យោធា​របស់​ថៃ ដោយ​មាន​ផែនទី​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​។​

​លោក កុយ គួង បាន​បន្ថែមថា សវនាកា​រលើ​បុរស​ជនជាតិ​កម្ពុជា នៅ​ព្រឹក​នេះ ត្រូវបាន​បញ្ចប់ នៅ​ម៉ោង ១២ ថ្ងៃត្រង់​។ តុលាការ​ក៏​បាន​ប្រកាស​ទៅ​លើកយក​ករណី​នេះ ទៅ​ជំនុំជម្រះ​បន្ត នៅ​ព្រឹក​ថ្ងៃទី​៦​កញ្ញា ឆ្នាំ​២០១១ គឺ​បន្ទាប់ពី​អាជ្ញាធរ​ថៃ បាន​ប្រឌិត​ភស្តុតាង និង​សាក្សី ចោទប្រកាន់​លើ​បុរស​កម្ពុជា លោក អ៊ឹង គឹម​ថៃ​។​

​តាម​មន្ត្រី​ការទូត​កម្ពុជា មេធាវី ៤ រូប និង​លោក អ៊ឹង គឹម​ថៃ នៅក្នុង​សវនាការ​ព្រឹក​មិញ បាន​ច្រានចោល​ការចោទប្រកាន់ និង​ចាត់ទុកថា រាល់​ភស្តុតាង​ទាំង​ប៉ុន្មាន គឺជា​ការ​ប្រឌិត​របស់​អាជ្ញាធរ​ថៃ​ប៉ុណ្ណោះ ព្រោះថា លោក​អ៊ឹង គឹម​ថៃ ចូល​ទឹកដី​ថៃ ដោយ​ស្របច្បាប់ និង​ក្នុងនាម​ជា​អ្នកជំនួញ​ប៉ុណ្ណោះ​។​

​លោក កុយ គួង បានបញ្ជាក់ ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ថៃ ដោះលែង​លោក អ៊ឹង គឹម​ថៃ ជាបន្ទាន់ ព្រោះថា បុរស​អាយុ ៤៦ ឆ្នាំ លោក អ៊ឹង គឹម​ថៃ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១១ នៅ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ស៊ីសាកេត មិន​បាន​ប្រព្រឹត្តិ​ដូច​ការចោទប្រកាន់​របស់​អាជ្ញាធរ​ថៃឡើយ​។​

​លោក អ៊ឹង គឹម​ថៃ ដែល​មាន​ស្រុកកំណើត​នៅ​ស្រុក​លើកដែក ខេត្ត​កណ្តាល ត្រូវបាន​អាជ្ញាធរ​ថៃ​ចោទប្រកាន់​ពី​បទ​ចារកម្ម ចូល​ទៅ​យក​ការណ៍​ឲ្យ​កងទ័ព​កម្ពុជា បើទោះបីជា​បុរស​កម្ពុជា លោក អ៊ឹង គឹម​ថៃ មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ​៕

ហ៊្វុនស៊ិនប៉ិច លើកស្លាក គណបក្សថ្មីតូចធំ បានជាង២០០ស្លាក ក្នុងដំណាច់ខែកក្កដា

Monday, 15 August 2011
ដោយ៖ បាន ចក់
DAP NEWS

ភ្នំពេញ៖ នៅក្នុងដំណាច់ ខែកក្កដា ឆ្នាំ២០១១ កន្លងទៅនេះ គណបក្ស ហ៊្វុនស៊ិនប៉ិច លើកស្លាក គណបក្សថ្មី បានចំនួន ២៣៧ស្លាក នៅតាមបណ្ដោយ ផ្លូវជាតិលេខ១, ២, ៣, ៥ និង លេខ៦ នៃព្រះរាជាណាចក្រ កម្ពុជា ដើម្បីបញ្ជាក់ពី ឡូហ្កោបក្ស ដល់ប្រជាពលរដ្ឋ ឱ្យកាន់តែ យល់ច្បាស់ បន្ថែមទៀត ។

យោងតាម គេហទំព័ររបស់ គណបក្ស ហ៊្វុនស៊ិនប៉ិច ដែលចេញផ្សាយ នៅថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១១ បានឱ្យដឹងថា សហជីវិន ទេព នន្នរី និងសហជីវិន សុខ សាខន ព្រម ទាំងសមាជិក សមាជិកា របស់ខ្លូនជាច្រើន ទៀតបាននាំគ្នា ធ្វើសកម្មភាព យ៉ាងមមាញឹក ដើម្បីលើកស្លាក គណបក្សថ្មី បន្ថែមទៀត ក្នុងគោលបំណង ឱ្យ​ប្រជាពលរដ្ឋ បានយល់ និងដឹងឱ្យកាន់តែ ច្បាស់អំពីស្លាក ឡូហ្កោបក្ស ជាការយល់ច្រឡំ នឹងស្លាក គណបក្សដទៃ ហើយការលើក ស្លាកថ្មីរបស់ បក្សនេះក៏ ដើម្បីបង្ហាញ ពី ភាពស្ថិតស្ថេរ របស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលជាគណបក្ស មាននិន្នាការ គាំទ្ររបប រាជានិយមនោះ ។

របាយការណ៍នោះ បានបន្ដទៀតថា ស្លាក គណបក្សទាំង ២៣៧ស្លាក ដែលបានលើក នោះ មាននៅតាម បណ្ដារាជធានី-ខេត្ដ ចំនួន ១៥ ដូចជានៅ រាជធានី ភ្នំពេញ ​ចំនួន៦ស្លាក ខេត្ដកំពង់ឆ្នាំង ចំនួន១៤ស្លាក ពោធិ៍សាត់ ចំនួន៧ស្លាក បាត់ដំបង ចំនួន១៤ស្លាក បន្ទាយមានជ័យ ចំនួន១៤ស្លាក សៀមរាប ចំនួន១៦ ស្លាក កំពង់ធំចំ នួន១៧ស្លាក ស្វាយរៀង ចំនួន ១០ស្លាក កំពត ចំនួន២៦ស្លាក តាកែវ ចំនួន ៣៨ស្លាក កែប ចំនួន៥ស្លាក ព្រៃវែង ចំនួន ១២ស្លាក កំពង់ស្ពឺ ចំនួន៣ស្លាក កណ្ដាល ចំនួន២០ស្លាក និង ខេត្ដកំពង់ចាម ចំនួន៣៥ ស្លាក ។

របាយការណ៍ បានឱ្យដឹង ទៀតថា ចំពោះការ លើកស្លាក គណបក្ស ហ៊្វុនស៊ិនប៉ិច ថ្មីនេះ មិនទាន់ត្រូវបាន បញ្ចប់នៅឡើយ នោះទេ ហើយគណបក្ស នឹងលើក​ជាបន្ដទៀត នៅតាមឃុំ សង្កាត់ និងភូមិ ដើម្បីជាការទាក់ទាញ និងលើកទឹកចិត្ដ ដល់សកម្មជន និង សមាជិក សមាជិកា ព្រមទាំង ប្រជាពលរដ្ឋ ឱ្យពួកគាត់បាន យល់ដឹងពី សកម្មភាព ថ្នាក់ដឹកនាំ និងក្រុមការងារ ចុះពង្រឹងមូលដ្ឋាន របស់ គណបក្ស ហ្វ៊ុនស៊ិនប៉ិច នៅតាមសហគមន៍ របស់ពួកគាត់នោះ ។

កាលពីខែកក្កដា ឆ្នាំ២០១១កន្លងទៅ នេះ ឧបនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រ កម្ពុជា លោក ញឹក ប៊ុនឆៃ ជាប្រធានប្រតិបត្ដិ គណបក្ស ហ្វ៊ុនស៊ិនប៉ិច ផងនោះ បានអំពាវ នាវដល់សមាជិក សមាជិកា របស់បក្សទាំង អស់ត្រូវតែ យកចិត្ដទុកដាក់ និងចុះ បេសកម្ម តាមមូលដ្ឋានឱ្យ បានញឹកញាប់ និងត្រូវតែ ធ្វើអ្វី ដែលអាចធ្វើ ទៅ​បានទៅតាម ការទាមទារ របស់ប្រជាពលរដ្ឋ ហើយត្រូវតែធ្វើអ្វី ជាការទាក់ទាញ ដល់ប្រជាពលរដ្ឋ ដើម្បីឱ្យ ប្រជាពលរដ្ឋ មានសេចក្ដីទុកចិត្ដ បោះឆ្នោត ជូនគណបក្ស ហ៊្វុនស៊ិនប៉ិច ៕

ការ​សិក្សា​រក​ឃើញ​ថា ករណី​រំលោភ​ដីធ្លី​នៅ​កម្ពុជា​កើន​ឡើង

ច័ន្ទ 15 សីហា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​ចេញ​ផ្សាយ​នូវ​របាយ​ការណ៍​របស់​ខ្លួន​មួយ​ដោយ​បង្ហាញ​ថា ករណី​រំលោភ​ដីធ្លី​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​៤ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ចំនួន​កើន​ឡើង។

ប្រជាពលរដ្ឋធ្វើការតវ៉ាក្នុងជម្លោះដីធ្លីកន្លងមក (រូប៖PPP)

ប្រជាពលរដ្ឋធ្វើការតវ៉ាក្នុងជម្លោះដីធ្លីកន្លងមក (រូប៖PPP)

ក្នុង​របាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា «របប​គំហើញ ​នៃ​ការ​សិក្សា​ស្តីពី​វិវាទ​ដី​ធ្លី​នៅ​កម្ពុជា» របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៧ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ការ​រំលោភ​យក​ដីធ្លី​មាន​ចំនួន២២៣​ករណី​ ក្នុង​នោះ​ករណី​ដណ្តើម​ដីធ្លី​មាន​ចំនួន​១៦៥​ករណី និង​ករណី​បណ្តេញ​ចេញ​ចំនួន​៦៦​ករណី។

លោកស្រី ចរ ចាន់ធីតា មន្រ្តី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​និយាយ​ថា ករណី​រំលោភ​ដីធ្លី​ដែល​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៧ រហូត​មក​ដល់​ពេល​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ប្រមាណ ៤៧៣៤២​គ្រួសារ​ទទួល​រង​ផល​ប៉ះពាល់ ឬ​អាច​ទទួល​រង​ផល​ប៉ះពាល់​នៅ​ពេល​ខាង​មុខ ដែល​វា​ជា​កត្តា​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ។

ទាក់​ទិន​ទៅ​នឹង​បញ្ហា​នេះ អ្នកស្រី តុល ស្រីពៅ តំណាង​អ្នក​ភូមិ​បឹងកក់​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន​បាន​និយាយ​ថា លោកស្រី​បាន​បាត់បង់​តួនាទី​ជា​ប្រពន្ធ ជា​ម្តាយ ដោយ​សារ​តែ​ជាប់​រវល់​តស៊ូ​មតិ ដើម្បី​ប្រឆាំង​នឹង​ការ​រំលោភ​យក​ដីធ្លី​របស់​ពួក​គាត់។

បើ​តាម​របាយ​ការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា វិវាទ​ដីធ្លី​នៅ​កម្ពុជា​កើត​ឡើង​ច្រើន​បំផុត​ក្នុង​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ចំនួន​៧​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ៕

បញ្ជូនខ្លួន ឈឿន ចាន់ថន ទៅតុលាការ ដើម្បីធ្វើការ សាកសួរ

Monday, 15 August 2011
ដោយ ៖ ស៊ាន កុសល
DAP NEWS

ភ្នំពេញ ៖ នៅវេលាម៉ោង ១១ និង៤០ នាទីមុននេះ កម្លាំងកងរាជ អាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនខ្លួន អតីតឧត្ដម សេនីយ៍ឯក ឈឿន ចាន់ថន ទៅដល់សាលា ដំបូងហើយ ដើម្បីឱ្យព្រះរាជ អាជ្ញាធ្វើការ សាកសួរ តែគេនៅមិនទាន់ ដឹងពីបទល្មើស ពិតប្រាកដ ពាក់ព័ន្ធទៅនឹង ករណីឃាត់ខ្លួន អតីតឧត្ដមសេនីយ៍ រូបនេះនោះឡើយ ។

សេចក្ដីរាយការណ៍ ពីសាលាដំបូង រាជ ធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងកងរាជ អាវុធហត្ថ ដែលប្រដាប់ ទៅដោយអាវុធ មានគ្នា រាប់សិបនាក់ បាននាំខ្លួន អតីតឧត្ដម សេនីយ៍ ឈឿន ចាន់ថន មកដល់តុលាការ នៅវេលាម៉ោង ១១ និង៤០នាទី ដោយ មាន ការការពារ យ៉ាងរឹងមាំផងដែរ ។ ប៉ុន្ដែ អង្គរក្សចំនួន ៣នាក់ ដែលសមត្ថកិច្ច ធ្វើការ ឃាត់ខ្លួន រួមជាមួយនឹង អតីតឧត្ដមសេនីយ៍ ឈឿន ចាន់ថន ដែរនោះ គឺគេមិនបានឃើញ មន្ដ្រីកងរាជ អាវុធហត្ថ បញ្ជូនខ្លួនមកជាមួយ ដែរនោះទេ ។

រហូតមកដល់ ម៉ោង១១ និង៤៥នាទីមុន នេះ គេនៅមិនទាន់ ដឹងថា តើព្រះរាជអាជ្ញា មួយណា នឹងមានភារកិច្ច ធ្វើការសាកសួរ ទៅលើអតីត ឧត្ដមសេនីយ៍រូប នេះនោះទេ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ១៣ ខែសីហា កម្លាំងកងរាជ អាវុធហត្ថ រាជធានី ភ្នំពេញ និង អាជ្ញាធរសមត្ថកិច្ច ខណ្ឌចំការមន ដោយមានការ ដឹកនាំពីព្រះរាជ អាជ្ញារង មាស ចាន់ពិសិដ្ឋ បានធ្វើការ ឡោមព័ទ្ធ និង ចាប់អតីត ឧត្ដមសេនីយ៍ ឈឿន ចាន់ថន ហៅ ម៉ៅ រួមទាំងអង្គរក្ស ចំនួន ៣នាក់ទៀត នៅក្នុងភូមិគ្រឹះ របស់លោក ដែលមានទីតាំង នៅខាងក្រោយ អតីតរោងកុនបូគោ ស្ថិតក្នុងសង្កាត់ បឹងកេងកងទី៣ ខណ្ឌចំការមន ។ ការឡោមព័ទ្ធចាប់ អតីតឧត្ដមសេនីយ៍ ខាងលើនេះ សមត្ថកិច្ចបាន ធ្វើការដកហូត អាវុធ បានមួយចំនួន ផងដែរ តែគេមិនដឹង ព័ត៌មានពិត ពីមូលហេតុ ដែលនាំឱ្យមាន ការចាប់ខ្លួន ខាងលើនេះទេ តែព័ត៌មានខ្លះ បានអះអាងថា ការចាប់ខ្លួននេះ ពាក់ព័ន្ធ ទៅនឹងរឿង អាវុធខុសច្បាប់ ខ្លះថា ពាក់ព័ន្ធរឿង គ្រឿងញៀន និង ខ្លះទៀត អះអាងថា ពាក់ព័ន្ធទៅ នឹងអំពើឆបោក ជាដើម ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

—————————–

បុរស​ខ្មែរ​ដែល​ចោទ​ជា​ចារកម្ម​ត្រូវ​តុលាការ​ថៃ​បើក​សវនាការថ្ងៃនេះ

ច័ន្ទ 15 សីហា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៥ ខែ​សីហា​នេះ តុលាការ​ខេត្ត​ស៊ីសាកេត​របស់​ថៃ​នឹង​បើក​សវនាការ​លើ​បុរស​កម្ពុជា​ដែល​ត្រូវ​ចាប់​ខ្លួន​ដោយ​ទាហាន​ថៃ ហើយ​ចោទ​ថា​ជា​ចារកម្ម​នោះ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ថា សវនាការ​នៅ​ព្រឹក​នេះ​យើង​មានការ​ចូល​រួម​ពី​អគ្គកុង​ស៊ុល​កម្ពុជា​ចំនួន​២រូប ហើយ​យើង​បាន​ជួល​មេធាវី​ចំនួន​៤រូប​ឲ្យ​ការពារ​ក្តី​ដល់​ពល​រដ្ឋ​របស់​យើង។ ដោយ​លោក​បាន​បន្ត​អះអាង​ថា លោក អ៊ឹង គឹមថៃ គឺជា​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់ មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទាំង​បំពាន​របស់​រដ្ឋាភិបាល​ថៃ​អាណត្តិ​មុន​នោះ​ទេ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ​រូប​នេះ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា តើ​ពល​រដ្ឋ​ខ្មែរ​រូប​នោះ​នឹង​ទទួល​បាន​យុត្តិធម៌​កម្រិត​ណា​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១១ បុរស​កម្ពុជា​ម្នាក់​ឈ្មោះ អ៊ឹង គឹមថៃ រួម​ជាមួយ​ជនជាតិ​ថៃ​ម្នាក់ និង​យួន​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​នៅ​ក្បែរ​ព្រំដែន​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ ទល់​មុខ​នឹង​ខេត្ត​បន្ទាយ​មាន​ជ័យ​ប្រទេស​កម្ពុជា ដោយ​ចោទ​ថា​ជា​ចារកម្ម​យោធា៕

កម្ពុជា​ដក​ទ័ព​បន្ថែម​ទៀត​ចេញ​ពី​តំបន់​ព្រំដែន​ជាមួយ​ថៃ

ច័ន្ទ 15 សីហា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

តាម​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា កង​ទ័ព​កម្ពុជា​ចំនួន​៣កង​ពល​ដែល​ប្រចាំ​ការ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​តាមាន់​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ នឹង​ត្រូវ​គេ​ដក​ចេញ​ទៅ​កាន់​អង្គភាព​ដើម​របស់​ខ្លួន​វិញ​នៅ​ក្នុង​សប្តាហ៍​នេះ។

កងទ័ពកម្ពុជាដែលឈជើងនៅតំបន់ព្រំដែនជាប់នឹងប្រទេសថៃ

កងទ័ពកម្ពុជាដែលឈជើងនៅតំបន់ព្រំដែនជាប់នឹងប្រទេសថៃ

បើតាម​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​រូប​នេះ នៅ​ថ្ងៃ​ចន្ទ ទី១៥ សីហា​ កង​ពល​តូច​លេខ​២១​របស់​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ការ​ដក​ចេញ​ពី​តំបន់​ជើង​ភ្នំតាសឹម ភ្នំ​ត្រង៉ោល ស្លាប​ឆ្វេង​ប្រាសាទ​ព្រះវិហារ។ ហើយ​នៅ​ថ្ងៃទី​១៨ សីហា កង​ពលធំ​លេខ​៤១ នឹង​ត្រូវ​ដក​ចេញ​ពី​តំបន់​ប្រាសាទ​តាមាន់ និង​នៅ​ថ្ងៃទី​២១ សីហា កង​ពល​តូច​លេខ​៩ នឹង​ត្រូវ​គេ​ដក​ចេញ​ពី​តំបន់​ចាក់ច្រែង។ ដែល​ការ​ដក​កង​ទ័ព​នេះ​ត្រូវ​គេ​និយាយ​ថា គឺ​ជា​ការ​កែ​សម្រួល​កង​ទ័ព។

សកម្មភាព​ដក​កង​ទ័ព​ជា​បន្ត​បន្ទាប់​របស់​កម្ពុជា​ចេញ​ពី​តំបន់​ដែល​ធ្លាប់​មាន​ជម្លោះ​រ៉ាំរ៉ៃ​ជា​មួយ​ប្រទេស​ថៃ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​បាន​ចេញ​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃទី​១៨ ខែ​កក្កដា ដោយ​បង្គាប់​ឲ្យ​ភាគី​កម្ពុជា និង​ថៃ ត្រូវ​តែ​ដក​កង​ទ័ព​ចេញ​ពី​តំបន់​គ្មាន​យោធា​ជិត​ប្រាសាទ​ព្រះវិហារ និង​បន្ទាប់​ពី​ប្អូន​ស្រី​របស់​អតីត​នាយក​រដ្ឋ​មន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិត្ត​ភក្តិ​របស់​លោក ហ៊ុន សែន គឺ​លោកស្រី យីង​ឡាក់ ស៊ីណាវ៉ាត្រា បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្រ្តី​ថ្មី​ថៃ​រួច​មក​នោះ៕

ស្ពាន​ថ្មី​មួយទៀត នៅ​កោះ​ពេជ្រ ត្រូវបាន​បើក​ឲ្យ​ដំណើរការ

ដោយ : CEN
ថ្ងៃទី 15 សីហា 2011

ភ្នំពេញ:ស្ពានថ្ម​ថ្មី​មួយទៀត នៅ​កោះ​ពេជ្រ ត្រូវបាន​បើកសម្ពោធ ដាក់​ឲ្យ​ឆ្លងកាត់​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​១៥​សីហា ឆ្នាំ​២០១១​។ ពិធី​បើក​សម្ពោធ​ស្ពាន​ថ្មី​នោះ ធ្វើឡើង​ក្រោម​វត្តមាន​របស់​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ និង​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​កោះ​ពេជ្រ​។​

​ស្ពាន​ថ្មី​នៅ​កោះ​ពេជ្រ ដែល​បើក​ឲ្យ​ឆ្លងកាត់​នៅ​ថ្ងៃនេះ មាន​ទទឹង ១០​ម៉ែត្រ និង​បណ្តោយ ៧០​ម៉ែត្រ ត្រូវបាន​ចំណាយ​ថវិកា​ជាង ៣ លាន​ដុល្លារ​។ ស្ពានថ្ម​ពីរ​ទៀត ក៏​នឹង​ត្រូវ​បើក​ឲ្យ​ដំណើរការ​ឆ្លង​កាត់ នៅ​តំបន់​កោះ​ពេជ្រ ឲ្យបាន​មុន​ពិធី​បុណ្យអ៊ុំទូក ឆ្នាំនេះ​។​

​ការសាងសង់​ស្ពាន​ថ្មី​ចំនួន ៣ ទៀត បន្ថែម​លើ​ស្ពានថ្ម​ពីរ នៅ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ ត្រូវបាន​ធ្វើឡើង ដើម្បី​បន្ថយ​ការកក់ស្ទះ​មនុស្ស នៅ​ពេល​បុណ្យ​អ៊ុំ​ទូក​។ បុណ្យ​អ៊ុំ​ទូក កាលពី​ឆ្នាំមុន នៅ​យប់​ថ្ងៃទី​២២​វិច្ឆិកា ឆ្នាំ​២០១០ នៅ​ស្ពាន​ពេជ្រ មាន​មនុស្ស​កកស្ទះ និង​ផ្អើល​រត់​ជាន់​គ្នា​ស្លាប់ ៣៥៣ នាក់ ព្រម​ទាំង​របួស​ជិត ៤០០ នាក់​ផ្សេង​ទៀត​ ៕

ចិនប្រកាសទិញ ដំឡូងមីពីកម្ពុជា យ៉ាងតិចណាស់ ១លានតោនក្នុងមួយឆ្នាំ

Sunday, 14 August 2011
ដោយ៖ តុល សុភ័ណ
DAP NEWS

ភ្នំពេញ៖ ក្រុមហ៊ុន China Nation Food Industry (Group) Corp បានប្រកាស ទិញដំឡូងមីស្ងួត ពីកម្ពុជា យ៉ាងតិចណាស់ ១លានតោន ក្នុងមួយឆ្នាំ ដោយសហការ ជាមួយក្រុមហ៊ុន លី យេ រ៉ាប់ប៊ើរ ខូអិលធីឌី ដែលជា ក្រុមហ៊ុន ក្នុងស្រុកមួយ ប្រមូល ទិញ ដំឡូងមី ហើយបើសិនជា មានចំនួន គ្រប់គ្រាន់ ក្រុមហ៊ុននឹង ចាប់ផ្តើមប្រមូល នៅចុងឆ្នាំ នេះតែម្តង ។

ប្រធានក្រុមហ៊ុន China Nation Food Industry (Group) Corp លោក Cai Yong Feng បាននិយាយប្រាប់ អ្នកសារព័ត៌មាន នៅក្នុងពិធី ចុះកិច្ចសន្យា សហការជាមួយ ក្រុមហ៊ុន លី យេ រ៉ាប់ប៊ើរ ខូអិលធីឌី ឱ្យដឹងនៅថ្ងៃអាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០១១ នេះថា នេះជាជំហានទី១ ដែលក្រុមហ៊ុន លោកមកសិក្សា និងប្រកាសទិញ ដំលូងមី ពីកម្ពុជា ហើយបន្ទាប់ពីសិក្សា ពីសមត្ថភាព ផលិតផល កសិកម្ម រួចមក យើងឃើញ ផលិតផល របស់កម្ពុជា មានបរិមាណច្រើន ដែលសមស្រប ទៅនឹងទីផ្សារ ដ៏ធំរបស់ចិន។

លោក Cai Yong Feng បានលើកឡើងថា “ក្នុងមួយឆ្នាំ យើងត្រូវទិញ ដំឡូងមីពីកម្ពុជា ១ លានតោន ហើយជំហាន បន្ទាប់ៗ យើងនឹងសិក្សា បន្តទៀតថា​ យើងអាចនាំអ្វី ផ្សេងទៀត ក្រៅពីដំឡូងមី” ។

ប្រធានក្រុមហ៊ុន រូបនេះ បានបន្ថែម ទៀតថា ក្នុងឆ្នាំ២០១០ និង ២០១១ ប្រទេសចិន បានប្រមូល ទិញដំឡូង ពីប្រទេសថៃ និងវៀតណាម ៨០០លានតោន ដែលក្នុងនោះ ថៃមានចំនួន ៦៥០លានតោន ហើយវៀតណាម ១៥០លានតោន ហើយកម្ពុជា មិនធ្លាប់បាន មកប្រមូលទិញសោះ ដែលនេះជា ជំហានដំបូង ។

តាមរយៈក្រុមហ៊ុន លី យេ រ៉ាប់ ប៊ើរ ខូអិលធីឌី ដែលជាក្រុមហ៊ុន ប្រមូលទិញដំលូងមី បាននិយាយ ឱ្យដឹងថា ដំបូងក្រុមហ៊ុន មានបំណង វិនិយោគ ទៅលើកៅស៊ូ ដោយស្នើសុំដី សម្បាទានពី រដ្ឋាភិបាលកម្ពុជា តែនៅពេលឃើញ កម្ពុជាមាន សក្តានុពល ខាងវិស័យកសិកម្ម ទើបក្រុមហ៊ុន ងាកមកវិយោគ ដំលូងមីវិញ ។

ក្រុមហ៊ុនក៏បាន ធ្វើការសិក្សា ពីសមត្ថភាព ក្នុងការផលិត ដំឡូងមី រួចរាល់ហើយ ទើបក្រុមហ៊ុន ទាក់ទងក្រុមហ៊ុន China Nation Food Industry (Group) Corp ដើម្បីចុះកិច្ចសន្យា ទិញដំឡូងមី យ៉ាងតិច ១លានតោន ក្នុងមួយឆ្នាំ ដែលនេះជា ជំហាន ដំបូង តែប៉ុណ្ណោះ ។

ថ្លែងនៅក្នុងពិធីចុះកិច្ចសន្យា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក គិត សេង បានថ្លែងឱ្យដឹងផងដែរថា វិស័យកសិកម្ម មានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា ដោយសារ ប្រជាជន ១៤ លាននាក់ មាន៨០ ភាគរយ ពឹងផ្អែកលើ វិស័យកសិកម្ម ហើយកិច្ចព្រមព្រៀងនេះ នឹងជួយគាំទ្រដល់ វិស័យកសិកម្ម កម្ពុជា កាន់មាំទាំថែមទៀត ។

លោក បានលើកឡើងថា “វិស័យកសិកម្ម ធ្វើឱ្យកម្ពុជាមាន សុវត្ថិភាពស្បៀង តាំងពីឆ្នាំ ១៩៩៥ បន្ទាប់ពីកម្ពុជាជួប គ្រោះអត់ឃ្លាន នៅក្នុងរបបខ្មែរក្រហម ហើយគោល នយោបាយ របស់រដ្ឋាភិបាល ជំរុញឱ្យមាន ការនាំចេញ ដោយការកែច្នៃ ដើម្បីកាត់ បន្ថយការនាំចេញ វត្ថុដើមដូចជាស្រូវ ពីព្រោះវាអាច ផ្តល់កំរៃច្រើន ក្នុងស្រុក” ។

នាពេលកន្លងមក ក៏មានក្រុមហ៊ុន មកពី វៀតណាម និងថៃ ដើរទិញប្រមូលទិញ ដំឡូងពីកសិកម្មខ្មែរ នៅគ្រប់ទិសទីផងដែរ ប៉ុន្តែតម្លៃពេលគេ ត្រូវឈ្មួញបន្ទាបតម្លៃ ​ជាហូរហែរ។ ប្រការនេះក៏ធ្លាប់ ធ្វើឱ្យប្រជា កសិករខ្មែរ មួយចំនួន ខាតបង់សឹង រកប្រាក់ ថ្លៃដើម មិនបានផង។ តែយ៉ាងណា ក៏ដោយ គេមានជំនឿ តាមរយៈ ក្រុមហ៊ុនចិន​នេះ នឹងធ្វើឱ្យប្រជា កសិករខ្មែរ មានទឹកចិត្ត ក្នុងការបង្កបង្កើន ផលដំណាំឡើងវិញ ដោយផុសផុល ៕

ផ្សព្វផ្សាយ លទ្ធផល សន្និបាត គណៈកម្មាធិការ កណ្តាល គណបក្ស ប្រជាជនកម្ពុជា លើកទី៣៦ អាណត្តិទី៥ នៅភូមិតាថាវ

Monday, 15 August 2011
ដោយៈសហការី
DAP NEWS

ព្រះវិហារៈ ថ្ងៃទី១៣ ខែសីហាឆ្នាំ២០១១ សាខាគណៈកម្មាធិការ បក្សគ.២៦ គណបក្សប្រជាជន កម្ពុជា បានប្រជុំផ្សព្វផ្សាយ ដល់សមាជិក សមាជិការបស់ខ្លួន អំពីលទ្ធផល នៃសន្និបាត គណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា លើកទី៣៦ អាណត្តិទី៥ ដែលបានដំណើរការ អស់រយៈពេល២ថ្ងៃ នៅថ្ងៃទី២០ និង២១ ខែកក្កដា ឆ្នាំ២០១១កន្លងទៅ។

ពិធីនេះបានប្រារព្ធធ្វើនៅ ភូមិតាថាវ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គន់ គីម សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជន នាយឧត្តមសេនីយ៍ ជា តារា សមាជិកគណៈ កម្មាធិការកណ្តាល គណបក្សប្រជាជន កម្ពុជា និងមានការចូលរួម ពីសមាជិក សមាជិកា គណបក្សប្រជាជន កម្ពុជា ចំនួន ៣០០នាក់ទៀត ។

បន្ទាប់ពីលោក ព្រំ ផេង ប្រធាន គណៈកម្មាធិការបក្ស គ២៦ បានមានមតិស្វាគមន៍ អំពីលទ្ធផលការងារ សំរេចបាន នាពេលកន្លងមក នាយឧត្តមសេនីយ៍ ជា តារា សមាជិកគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជន កម្ពុជា បានអានទាំងស្រុង នូវ សេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃអង្គ សន្និបាតជូនសមាជិក សមាជិកាបក្ស ដោយក្នុងនោះ អង្គសន្និបាត បានពិភាក្សា និងអនុម័តប្រកប ដោយស្មារតី ទទួលខុសត្រូវខ្ពស់ ចំពោះចំណុច សំខាន់ៗ មួយចំនួនជាអាទិ៍ៈ ការវាយតម្លៃ សភាពការណ៍ទូទៅ របស់ ប្រទេសជាតិ ការកត់សំគាល់ ប្រកបដោយ មោទនភាព ចំពោះសមិទ្ធិផល លើគ្រប់វិស័យ ក្នុងរយៈពេលមួយឆ្នាំ កន្លងមកនេះ របស់គណបក្ស ប្រជាជនកម្ពុជា ការការពារអធិបតេយ្យ ភាពបូរណភាពទឹកដី ធានាបាននូវ សន្តិភាព ស្ថេរភាពនយោ បាយ សន្តិសុខ និង សណ្តាប់ធ្នាប់សង្គម និងការជំរុញ សេដ្ឋកិច្ចឲ្យមាន សន្ទុះរីកចំរើនឡើងវិញ ងើបចេញផុតពី វិបត្តិសេដ្ឋកិច្ច ពិភពលោក ។

លោកនាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់អំពី ការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល កម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការដឹកនាំអនុវត្ត យុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី២ និងការ ខឹតខំ បន្តការកសាង ពង្រឹងខឿនការពារជាតិ ដើម្បីធានាការពារ អធិបតេយ្យ បូរណភាពទឹកដី នៅគ្រប់ កាលៈទេសៈ និងជំរុញការ អភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសការអភិវឌ្ឍន៍ តំបន់ព្រំដែន។

ជាមួយនឹង កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផល ដែលសំរេចបាន អង្គសន្និបាតបាន បញ្ជាក់ជាថ្មី នូវការគាំទ្រ បេក្ខភាព សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សំរាប់អាណត្តិទី៥ និងអាណត្តិ ក្រោយៗទៀត ។