បណ្ណសារ | ខែវិច្ឆិកា 12, 2011

លោក ​នួន វាសនា ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​នៅ​អាមេរិក

ថ្ងៃសុក្រ, 11 ខែវិច្ឆិកា 2011
ដោយ អ៊ឹម សុធារិទ្ធ​
វីអូអេ ខ្មែរ | វ៉ាស៊ីនតោន

ស្តាប់ព័ត៌មាន៖ កិច្ចសម្ភាស​រវាង​លោក អ៊ីម សុធារិទ្ធ និង​លោក​នួន វាសនា ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១១
MP3 | Windows Media

លោក ​នួន វាសនា ដែល​ជា​ខ្មែរ​អារិក​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​នេះ នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា​។ (រូបថត៖ វីអូអេ ខ្មែរ)

លោក នួន វាសនា ដែល ជា ខ្មែរ អារិក បាន ជាប់ ឆ្នោត ជា សមាជិក ក្រុម ប្រឹក្សា ក្រុង ឡូវែល នេះ នៅ ថ្ងៃ ទី ៨ ខែវិច្ឆិកា ។ (រូបថត៖ វីអូអេ ខ្មែរ)

កំណត់​អ្នក​កែសម្រួល៖ ទីក្រុង​ឡូវែល (Lowell) នៃ​រដ្ឋ​ម៉ាស្សាជូស៊ែតស៍ (Massachusetts) គឺ​ជា​ទីក្រុង​ដែល​មាន​ប្រជាពលរដ្ឋ​កម្ពុជា​រស់​នៅ​ច្រើន​ជាង​គេ​ទី​២​នៅ​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​ទីក្រុង​ឡង​ប៊ីច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California)។ ប្រជា​ពលរដ្ឋ​កម្ពុជា​មាន​ប្រហែល​​១​ភាគ​៤​នៃ​ប្រជា​ពរដ្ឋ​សរុប​ជាង​១​​សែន​នាក់​នៃ​ទី​ក្រុង​ឡូវែល​នេះ ប៉ុន្តែ​មិន​សូវ​មាន​តំណាង​របស់​ខ្លួន​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ក្រុង​ទេ។ កាល​ពី​ថ្ងៃ​ទី​៨ ខែ វិច្ឆិកា​ កន្លង​ទៅ​នេះ​ លោក​ នួន វាសនា ដែល​ជា​ខ្មែរ​អារិក​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​នេះ។ លោក​ នួន​ វាសនា​ គឺ​ជា​ខ្មែរ​ទី​២​ហើយ ដែល​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​បន្ទាប់​ពី​លោក​ អ៊ុង ឫទ្ធី​ ដែល​ធ្លាប់​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡូវែល​ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ ២០០៥។ តទៅនេះ​ គឺ​ជា​បទសម្ភាស​តាម​ទូរស័ព្ទ​រវាង​លោក​ អ៊ឹម សុធារិទ្ធ នៃ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ និង​លោក​នួន វាសនា។

កិច្ចសម្ភាស​រវាង​លោក អ៊ីម សុធារិទ្ធ និង​លោក​នួន វាសនា ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១១

http://media.voanews.com/designvideo/player.swf

download iconDownload: MP3 | Windows Media

Right click (Control click for Mac) and choose Save Link/Target As

ឆោម ប៊ុនយ៉ុង មានភរិយាជាទីស្រឡាញ់

Written by ភ្នំពេញដេលីញូវ
Monday, 14 November 2011

ពេលនេះ អ្នកចម្រៀង ឆោម ប៊ុនយ៉ុង កំពុងត្រៀមខ្លួន ចូលរោងការ ជាមួយនារីម្នាក់ ដែលជាសែ ស្រឡាយរាជវង្ស ហើយប៉ុន្តែ ពុំទាន់កំណត់ ពេលវេលា ច្បាស់ថា ពេលណាទេ គ្រាន់តែដឹង ថា នៅក្នុងឆ្នាំរោង ២០១២ ហេតុនេះ ទើបប្រឹង រកប្រាក់ ទុក សម្រាប់ ការរៀប អាពាហ៍ពិពាហ៍ នោះ ។

ឆោម ប៊ុនយ៉ុង បានទទួល ស្គាល់ថា ស្នេហាគាត់ ពិតជាលឿនមែន ព្រោះគ្រាន់តែ ស្គាល់គ្នាបាន ត្រឹមបួនខែ ក៏ចូលស្តីដណ្តឹង តាមប្រពៃណីខ្មែរ ភ្លាមដែរ តែមិនទាន់បាន មើលថ្ងៃខែឆ្នាំ ត្រូវ ចូលរោងការ ពេលណា ឱ្យល្អនៅឡើយទេ ។ ទោះយ៉ាងណា ក៏ លោកអះអាងថា នេះទើបគឺជាគូអនាគតយ៉ាងពិតប្រាកដ ។

ខាងក្រោមនេះ ជាបទសម្ភាស ជាមួយលោក ឆោម ប៊ុនយ៉ុង តាមទូរស័ព្ទ កាលពីរសៀល ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១១ ជុំវិញការបាន ជួបស្គាល់ និង ឈានដល់ ការស្រឡាញ់ ព្រមទទួល យកនារី ដែលជា អនាគតភរិយា ។

* មានព័ត៌មានថា លោករកឃើញ គូអនាគត ជាសែស្រឡាយ រាជវង្ស និង ត្រៀមតែថ្ងៃ ចូលរោងការ ប៉ុណ្ណោះ ?
– បាទ ! គឺជាការពិតហើយ នារីម្នាក់នោះ ជាសែស្រឡាយ រាជវង្សមែន ។ យើងខ្ញុំបានធ្វើពិធី ភ្ជាប់ពាក្យ នៅផ្ទះខាងស្រី ម្តុំបុរីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១១ កន្លងទៅ រួចហើយ នៅតែខំប្រឹង រកប្រាក់ មករៀបចំ ពិធីមង្គលការ ប៉ុណ្ណោះ ។

* តើអាចរំឭក ឱ្យដឹងពី មូលហេតុ បានជួបស្គាល់ និង ស្រឡាញ់គ្នា បានដែរឬទេ ?
– រឿងស្នេហាខ្ញុំ បើនិយាយទៅ ហាក់ដូច ចៃដន្យ និង ដូចរឿង ប្រលោមលោក ព្រោះតាមខ្ញុំ ចាំកាល ជួបគ្នាដំបូង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១ លុះដល់ថ្ងៃទី ១៨ ខែសីហា ក៏បានភ្ជាប់ពាក្យ ។ ដំបូងគឺខ្ញុំ បានជួបគាត់នៅ ក្នុងក្លឹបឌីស្កូ សាំងត្រូប៉េ ដោយ កាលនោះ បន្ទាប់ពី ច្រៀងនៅ មហាសាល រួចមក ខ្ញុំក៏បានទៅ ក្លឹបនោះ មានគ្នាបីនាក់ ។ ពេលនោះ ពួកគាត់ដែលមាន គ្នាបួន ទៅប្រាំនាក់ អង្គុយនៅតុផ្សេង ពេលឃើញខ្ញុំ ដោយក្នុងចំណោម ពួកគាត់មាន អ្នកស្គាល់ខ្ញុំច្បាស់ ក៏បានហៅ និងណែនាំ ឱ្យខ្ញុំ ស្គាល់គាត់ ថាជាម្ចាស់ក្សត្រី និង ប្រាប់គាត់វិញថា ខ្ញុំជា អ្នក ចម្រៀងម្នាក់ ខ្ញុំក៏បានគោរពគាត់តាមរបៀប ជួបគាត់ជាសែស្រឡាយស្តេច ប៉ុន្តែកាលនោះមិន បាននិយាយគ្នាច្រើនទេ គ្រាន់តែបានប្រើកែវភ្នែក ផ្តោតសម្លឹងមើលគ្នាទៅវិញទៅមក និងបង្កប់ ដោយអត្ថន័យជ្រាលជ្រៅ ។ ជាមួយគ្នានោះម្ចាស់ ក្សត្រីក៏បានឆ្លៀតសរសើរថា ខ្ញុំដៃម្ខាងកាន់កាំ ភ្លើងដៃម្ខាងកាន់ក្បាលមីក្រូហ្វូន ខ្ញុំស្នេហាជាតិ ស្មោះនឹងរាជបល្ល័ង្ក ។ លុះរំលងក្រោយ ពី នោះមួយខែពួកយើងមិនបានទំនាក់ទំនងគ្នា ឬ ជួបអ្នកអង្គម្ចាស់ សោះ ។ នៅយប់មួយពេលខ្ញុំ ច្រៀងនៅមហាសាលអ្នកអង្គម្ចាស់បានហៅឱ្យខ្ញុំចូលអង្គុយរួមតុជាមួយ និង និយាយលេងពី នេះពីនោះរហូតបានស្គាល់ចិត្តថ្លើមគ្នាទៅវិញទៅ មក និង កាន់តែជិតស្និទ្ធគ្នាព្រមទាំងបានច្រៀង ជាមួយគ្នានូវ ចម្រៀងមួយបទ ដែលជាព្រះរាជនិពន្ធ របស់ព្រះករុណាព្រះមហាវីរក្សត្រនរោត្តម សី-ហនុ គឺបទ “រាត្រីជួបភក្ត្រ” ។ តាំងពីនោះមក ខ្ញុំបានព្យា យាមសាកសួរចិត្ត អ្នកអង្គម្ចាស់ថា បើខ្ញុំឱ្យចាស់ទុំ ចូលស្តីដណ្តឹង តើព្រមឬទេ ? ដោយឃើញ អ្នកអង្គម្ចាស់ នៅស្ងៀមប្រកែក ក៏មិនប្រកែកទើបខ្ញុំបានប្រាប់ឱ្យចាស់ទុំ និង ញ្ញាតិមិត្តចូលស្តី ដណ្តឹងទៅតាម ប្រពៃណីខ្មែរ ក្រោយពីស្គាល់គ្នា បានបួនខែតែ ប៉ុណ្ណោះ ។

* បើភ្ជាប់ពាក្យរួចហើយ តើត្រូវចូលរោងការ ពេលណាដែរ ?
– គ្រាន់តែគិតថា រៀបការក្នុងឆ្នាំរោង ប្រហែលជាខែឧសភា ឆ្នាំ ២០១២ ខាងមុខ ព្រោះមង្គលការនេះត្រូវរង់ចាំខាង រាជវាំងគន់គូរមើល ពេលាណាល្អ ឱ្យច្បាស់លាស់សិន ។ សំខាន់ គឺត្រូវប្រឹងរកប្រាក់ ទុកសម្រាប់រៀបកា រនាពេល ខាងមុខ ។

* តើអាចឱ្យដឹងបានទេថា អនាគតភរិយានោះ មានប្រវត្តិយ៉ាងណា ?
– គាត់ជាអ្នកអង្គម្ចាស់ក្សត្រីព្រះនាម ស៊ី-សុវត្ថិ កែវសោមា ករិថរិកា ប្រសូតឆ្នាំ ១៩៧៥ ត្រូវជាបុត្រីច្បងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិដួងសារាវ័ន ជាព្រះបិតា និង ព្រះមាតាព្រះនាម នរោត្តម រង្សី ច័ន្ទតារា ។

* លោកគិតថា នេះគឺជាគូអនាគតពិតប្រាកដ ហើយឬយ៉ាងណា ?
– បាទ ! គឺពិតជាគូអនាគតរបស់ខ្ញុំហើយ បានន័យថា ខ្ញុំសម្រេចចិត្តចូលនឹមហើយ ។ ខ្ញុំ យល់ថា ពេលនេះបានជួប គូស្នេហ៍ពិតហើយគឺទេវតាលោកបានប្រទានដល់ខ្ញុំហើយ ។

* តើមានចំណុចពិសេសអ្វីខ្លះដែលនាំដល់ការ ស្រឡាញ់ពេញចិត្តគ្នាយ៉ាងដូច្នេះ ?
– ចំណុចពិសេសដែលនាំឱ្យខ្ញុំស្រឡាញ់ គ្នាដោយសារឃើញគាត់មានចំណេះខ្ពង់ខ្ពស់ និង មិនចេះប្រកាន់វណ្ណៈ ឋានៈ ទោះជាសែស្រឡាយ រាជវង្សក្តីក៏សុខចិត្តស្រឡាញ់ខ្ញុំដែលជារាស្ត្រ សាមញ ។

* លោកអាចរំឭកឱ្យដឹងបានទេថា ធ្លាប់ជួប រឿងស្នេហ៍ជូរចត់ទេមុនជួបស្នេហ៍ពេលនេះ ?
– ខ្ញុំមិនចង់រំឭក ឡើងវិញរឿង ស្នេហាអតីតកាលទេ និងចាត់ទុកថា នោះជាកម្មពៀ របស់ខ្ញុំទៅចុះ ។ ខ្ញុំក៏សូម អភ័យទោស ចំពោះការដែល មិនបានជួបអ្នក ដែលបាន ស្រឡាញ់ខ្ញុំ ដោយមិនចង់ឱ្យ ខ្លួនមានប្រវត្តិ ស្នេហ៍ច្រើន ព្រោះជា ការមិនល្អ សម្រាប់ ខ្ញុំជា កូនខ្មែរម្នាក់ដែរ ។ ខ្ញុំសុំទោស ជាសាធារណៈ ចំពោះនារីណា ដែលស្រឡាញ់ខ្ញុំ ហើយមិនបាន ជួបគ្នា គឺចាត់ទុកជា កម្មពៀរយើង ពីជាតិមុនមក ។ ដូច្នេះគឺមានតែ នារីណា ដែលបាន ក្រាបក្បាលដល់ កន្ទេលជាមួយខ្ញុំ ឪពុក ម្តាយទាំងសង ខាង បាន ដឹងឮ ទើបខ្ញុំ កំណត់ថា ជាភរិយាខ្ញុំ ពេញច្បាប់ ។

* គេឆ្ងល់ចំពោះ ពាក្យសម្តីរបស់ លោកដែលបាន និយាយថា សន្លប់ជាង ៧ ឆ្នាំ តើចង់សំដៅលើអ្វី រឿងស្នេហា ឬ ក្នុងសិល្បៈ ?
– (សើច) ការដែលខ្ញុំ និយាយនោះ គឺចង់ និយាយថា សន្លប់នៅក្នុង ពិភពសិល្បៈ ប៉ុណ្ណោះ ព្រោះមិនបាន ឡើងច្រៀង បង្ហាញមុខជា សាធារណៈ យូរឆ្នាំមកហើយ ។
ឆោម ប៊ុនយ៉ុង ជាប្អូនប្រុស របស់អ្នកចម្រៀង ជើងចាស់ ឆោម ឆវិន ហើយក៏ត្រូវជា បងប្រុសរបស់ អ្នកចម្រៀង ឆោម និមល ដែរ ។ ជាអ្នកចម្រៀង រូបសង្ហា ហើយធ្លាប់មាន ប្រវត្តិស្នេហ៍ បាក់បែក ជាបន្តបន្ទាប់ រហូតមកដល់ ពេលនេះ ទើបមានភរិយា មិនទាន់ រៀបការ ៕

អេឡិច ចាន់ត្រា ចាប់ដៃគូជាមួយ គឹម លីហ្សា ទាំងក្នុង និង ក្រៅឆាក

Written by ភ្នំពេញដេលីញូវ
Monday, 14 November 2011

មកទល់ពេលនេះ រឿងស្នេហារវាង អេឡិច ចាន់ត្រា និង ឆៃលី ដាឡែន បានឈានដល់ ផ្លូវបំបែកហើយ ព្រោះអ្នកទាំងពីរ តាមការលេចឮ ព័ត៌មានថា កំពុងមាន ស្នេហ៍ថ្មី រៀងខ្លួន ជាពិសេស អេឡិច មានស្នេហ៍ ជាមួយ គឹម លីហ្សា ហើយ ដាឡែន មាន ប្រុសថ្មី សម្បូរប្រាក់ ។

គ្រាន់តែ គឹម លីហ្សា វិលត្រឡប់ពី អូស្ត្រាលីភ្លាម អេឡិច ចាន់ត្រា បានស្កាត់ជួប បណ្តើរគ្នា បង្ហាញភាព ស្និទ្ធស្នាល យ៉ាងស្អិតល្មួត ដែលមើលទៅ ហាក់ដូចជាគូស្នេហ៍ បែកគ្នាយូរ ហើយទើបតែ បាន ជួបមុខគ្នាវិញ យ៉ាងដូច្នោះដែរ ។ តាមរយៈ សកម្ម ភាព នេះធ្វើឱ្យអ្នកធ្លាប់ ដឹងរឿងស្នេហា របស់ អេឡិច ចាន់ត្រា នាពេលកន្លងមក មានការងឿងឆ្ងល់ ជាខ្លាំង ព្រោះតែច្រើនឆ្នាំ ទៅហើយ ដែលគេឃើញ អេឡិច ចាន់ ត្រា ជាមួយ ឆៃលី ដាឡែន បានមានទំនាក់ ទំនងគ្នា យ៉ាងស្អិតល្មួត សូម្បីឡើងច្រៀង ក៏ ឡើង ជាមួយគ្នា បង្ហាញភាព ស្និទ្ធស្នាល ល្អូកល្អិនតាម ខ្លឹមសារនៃ បទ ចម្រៀង ពេលទៅណា មកណា ក្នុងពិធីផ្សេងៗ ក៏មិនដែលឃ្លាតគ្នា គឺទៅទាំងគូដូច លលក ញ្ញីឈ្មោល និង ពិសេស ទៀតនោះពួកគេ ទាំងពីរបានទាំង ថតរូបភាព បង្ហាញនូវការ ឱប រឹតគ្នាយ៉ាង ស្រើបស្រាល ទៀតផង ជាហេតុធ្វើឱ្យគេ មិនជឿថា អាចបែកគ្នា យ៉ាងងាយ បែបនេះឡើយ ។

អេឡិច បានសារភាពថា “ឥឡូវនេះដៃគូ សម្តែងរបស់ខ្ញុំ មិនមែន ដាឡែន ទៀតទេ គឺ គឹម លីហ្សា ។ យើងទាំងពីរនាក់ បានព្រម ព្រៀងគ្នា ហើយនិងចាប់ គូសម្តែង ជាមួយគ្នា ដូចដែលបាន ធ្វើជាមួយ ដាឡែន យ៉ាងអ៊ីចឹង” ។ លោកបន្តទៀត ថា “អ្វីៗ នឹង ដំណើរការរលូន នៅក្រោយពេល ខ្ញុំវិលមកពី អូស្ត្រាលីវិញ” ។

រឿងចាស់ បានកន្លងផុត អេឡិច ចាន់ត្រា និង ឆៃលី ដាឡែន ស្រឡាញ់គ្នាមែន តែពេលនេះ ប្រែប្រួលហើយ ដោយសារ តែពួក គេមានថ្មី រៀងខ្លួន ដូច្នេះគ្មានអ្នកណា ប្រកាន់អ្នកណាទេ ។ ពួកគេបាន ផ្លាស់ប្តូរពី ស្នេហាទៅ ជាការរាប់អាន គ្នាជាធម្មតាវិញ ដែលជារឿង ល្អមួយ ព្រោះតែ ហេតុនេះ ទើបគេនៅតែ ឃើញយូរៗម្តង អ្នកទាំងពីរ នៅក្បែរគ្នា ដូចជាកន្លង ទៅថ្មីៗនេះ ចូលរួម ក្នុង ការលេងល្បែង ជ្រែកជញ្ជាំង នៅស្ថានីយ ទូរទស្សន៍ CTN អេឡិច ចាន់ត្រា និង ឆៃលី ដាឡែន នៅតែបង្ហាញ ការស្និទ្ធ ស្នាល ដដែល ដើម្បីកុំឱ្យគេ ចាប់អារម្មណ៍ ប៉ុន្តែយ៉ាងណា ក៏ក្នុងការច្រៀង គេមិនឃើញ អ្នកទាំងពីរ ឡើងច្រៀង ជាមួយគ្នា បង្ហាញភាព ស្និទ្ធស្នាល ដូចមុនទេ ។

ស្របពេលដែល មានព័ត៌មានថា ឆៃលី ដាឡែន មានទំនាក់ទំនង ជាមួយបុរស សង្ហាជា ឧកញ្ញ៉ាមេធាវី ដ៏មានទ្រព្យ ស្តុកស្តម្ភមក អេឡិច ចាន់ត្រា ក៏ត្រូវបានគេចាប់ អារម្មណ៍ថា បានងាកទៅ ស្នេហាជាមួយ គឹម លីហ្សា វិញដែរ ដោយពួកគេបាន បង្កើន ភាព ស្និទ្ធស្នាល ជាមួយគ្នា ច្រើនឡើងៗ ។ ទោះយ៉ាងណា ក៏គេនៅតែ មានការងឿងឆ្ងល់ ដែរថា ទៅថ្ងៃមុខ អេឡិច ចាន់ត្រា អាចរក្សា ស្នេហា ជាមួយ គឹម លីហ្សា បានយូរអង្វែងឬទេ ?

អេឡិច ចាន់ត្រា និង គឹម លីហ្សា ត្រូវ បានបែកធ្លាយ ពីរឿងមាន ទំនាក់ទំនង ចម្លែកជាមួយគ្នា តាំងពីដើម ខែកក្កដាម៉្លេះ គឺតាំងពី ពេលពួកគេ ទៅច្រៀងក្នុង កម្មវិធីប្រគំតន្ត្រី នៅខេត្តសៀមរាប ជាមួយគ្នា ។ កាលនោះមាន គេឃើញ ឆៃលី ដាឡែន និង គឹម លីហ្សា ឈ្លោះប្រកែកគ្នានៅ ក្នុងភោជនីយដ្ឋានមួយនៅខេត្តកំពង់ធំ ព្រោះតែ ឆៃលី ដាឡែន ខឹង និង ក្តៅក្រហាយក្នុងចិត្ត ដោយ សារឃើញ គឹម លីហ្សា កៀកកើយជា មួយ អេឡិច ចាន់ត្រា ។ ការប៉ះសម្តីគ្នារបស់ ឆៃលី ដាឡែន និង គឹម លីហ្សា បាន កើត ឡើង កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០១១ នៅ ឯភោជនីយដ្ឋានអរុណរះ ក្នុងទីរួមខេត្តកំពង់ធំ ពេលពួកគេ រួមដំណើរ ជាមួយគ្នា ទៅច្រៀងក្នុងកម្ម វិធីប្រគំតន្ត្រីនៅខេត្តសៀមរាប ។ តាំងពីនោះ មកគេសង្កេតឃើញថា អេឡិច ចាន់ត្រា និង ឆៃលី ដាឡែន ហាក់ មិនសូវស្និទ្ធស្នាលគ្នា គឺមិនឃើញច្រៀងជាមួយគ្នា និង ឱបគ្នាស្អិត ល្មួតដូចមុនទៀតទេ ។ ក្រោយមកទៀតពេល អេឡិច ចាន់ត្រា ឡើងច្រៀង តែម្នាក់ឯង ក្នុងកម្ម វិធីតន្ត្រីរបស់ ស្ថានីយ ទូរទស្សន៍ CTN កាលពី ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១១ មានជន អនាមិក បាន ផ្តល់ កាដូជា ស្ករសូកូឡា ដ៏ស្រស់ស្អាតដល់ អេឡិច ចាន់ត្រា ដែលកាដូនោះមិនមែន របស់ ឆៃលី ដាឡែន ទេ និង មិនដឹងថាកាដូ នោះជារបស់ អ្នកណាច្បាស់ដែរ ព្រោះពុំមាន សរសេរ ប្រាប់អ្វីសោះ ។ ប៉ុន្តែតាមរយៈ កាដូជា ស្ករសូកូឡា ធ្វើឱ្យគេ កត់ សម្គាល់បានថា គឺមនុស្សស្រីឱ្យទៅ អេឡិច ចាន់ត្រា ដែលមាន អត្ថន័យជ្រាលជ្រៅ ផ្អែមល្ហែម ស្អិតល្មួត មិនអាច កាត់ថ្លៃបាន… គឺលើសពីការផ្តល់ កាដូជាបាច់ផ្កា ទៅទៀត ព្រោះបាច់ផ្កា គេអាចផ្តល់ឱ្យ អ្នកដែល គេស្រឡាញ់បាន ទោះជា ស្រឡាញ់ រាប់អាន ក្នុងន័យ មិត្តភាពក្តី… ៕

ភ្ញៀវទេសចរ​​​ សម្រុកទៅទស្សនា បឹងយក្សឡោម ក្រោយពីមាន បាតុភូតទឹកល្អក់កករ

Saturday, 12 November 2011
ដោយៈ សុក្រ វិច្ឆិកា
DAP NEWS

-ទឹកនឹងរងថ្លា មកសភាព ធម្មតាវិញ ក្នុងរយៈពេល ពីរទៅបី ថ្ងៃទៀត

រតនគីរី ៖ មន្រ្តីទេសចរ ខេត្តរតនៈគិរី បានឲ្យដឹងថា ភ្ញៀវនៅតែ បន្តទៅទស្សនា បឹងយក្សឡោម ខុសសព្វមួយដង នៅគ្រាដែល បឹងធម្មជាតិ មួយនេះ បានរងនូវ បាតុភូត ទឹកប្រែក្លាយ ជាល្អក់កករ ក្នុងរយៈ ជាច្រើន សប្តាហ៍ មក នេះ ។

លោក ង៉ែត ពិទូ ប្រធានមន្ទីរ ទេសចរណ៍ ខេត្តរតនគិរី បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ឲ្យដឹង នៅ ថ្ងៃទី១២ ខែវិច្ឆិកា នេះថា ភ្ញៀវនៅតែបន្ត ទៅទស្សនា បឹងយក្សឡោម ដដែល និងរឹតតែ ច្រើនថែមទៀត ខុស ថ្ងៃធម្មតា ទៅទៀត នេះក៏ដោយ សារតែ ភ្ញៀវទេសចរ ក្នុងស្រុក និងក្រៅស្រុក ចង់ដឹង ចង់ឃើញ ពីអភូត ហេតុ មួយនេះ ។

លោកថា “អត់ធ្លាក់ទេ ភ្ញៀវក្នុងខេត្ត និងមកពី ភ្នំពេញ រឹតតែនាំគ្នា មកទស្សនាបឹង ហើយល្បីៗ តគ្នា ព្រោះចង់ ដឹងចង់ ឃើញមូលហេតុអី បានជាល្អក់អញ្ជឹង តាមពិតទៅ បឹងយក្សឡោម នេះ បែរជាបន្ថែម ភាព ទាក់ទាញ ភ្ញៀវទេសចរ ទៅទៀត” ។

លោកបន្តទៀតថា ភ្ញៀវទាំងអស់នោះ បានជឿទៅ បែបជំនឿ សាសនា ហើយក៏នាំគ្នា យកដប ទឹកសុទ្ធ ដើម្បី ផ្ទុកទឹក មកលុបមុខ និងយកមកផ្ទះ ដើម្បីសុំសេចក្តី សុខសប្បាយ ។

សូមបញ្ជាក់ថា ភ្ញៀវទេសចរនាំគ្នា ទៅទស្សនា មើលព្រៃឈើ អង្គុយលេង យ៉ាងសប្បាយ ដោយឡែក ការមុជ ទឹកលេង ត្រូវបានអាជ្ញាធរ ហាមសិន ដើម្បីរង់ចាំ ស៊ើបអង្កេត និងចាំឲ្យ ទឹកប្រែក្លាយ មកសភាព ដើមវិញ ។

លោកថា អាជ្ញាធរពាក់ព័ន្ធ ទាំងអស់ នៅតែបន្ត តាមដាន ដោយសន្និដ្ឋាន រយៈពេលពីរ ទៅបីថ្ងៃ ទឹកនឹងរងប្តូរ មកសភាព ធម្មតាវិញ ។

សូមជម្រាបថា នៅខេត្តរតនគីរី កន្លងទៅថ្មីៗនេះ មានហេតុ ការណ៍មួយ បានកើតឡើង គឺថៃ្ងទី៤ ខែវិច្ឆិកា ឆ្នាំ២០១១ សភាពទឹក បឹងយក្សឡោម ដែលជាបឹង រមណីយដ្ឋាន ធម្មជាតិ ប្រវត្តិសាស្រ្ត ដ៏ល្បីឈ្មោះ ធ្លាប់មានទឹក ថ្លា ដូចកញ្ចក់ ប្រែមកជា ពណ៌ សល្អក់ ហើយដូចជាមាន កកខ្លាញ់ត្រាៗ អណែ្តតលើ ផៃ្ទទឹក ។ ពេលនោះ បានធ្វើឲ្យមាន ការភ្ញាក់ផ្អើល ដល់ ភ្ញៀវទេសចរ ទេ ដែលមកកំសាន្ត និងអាជីវករ ដែលលក់ដូរ នៅទីនេះ ។

ភ្លាមៗនោះដែរ ក៏មានការ លេចឮ ដំណឹងនេះ ដល់ប្រជាជន ក្នុងខេត្ត និងអ្នកសារព័ត៌មាន ហើយក៏មានឮ ពាក្យចចាម អារ៉ាម ខ្លះៗ ទៅតាមការសន្និដ្ឋាន ដែលគ្មាន មូលដ្ឋាន ច្បាស់លាស់ ឬសន្និដ្ឋានបែប អបិយជំនឿ ដូចជាពាក្យថា៖ «មានការរញ្ជួយ ផេ្សងៗ នៅផែ្នកបាតបឹង – មានសត្វនាគ ចុះមកហែលទឹក លេង និង ម្ចាស់ ទឹកម្ចាស់ដី មិនសប្បាយចិត្ត» បានជាធ្វើឲ្យ ទឹកបឹងឡើង ល្អក់បែបនេះ ៕

Apple​ នៅតែប្រឈម ការដោះស្រាយបញ្ហា អាយុកាលថ្ម​ ទូរស័ព្ទ iPhone

Saturday, 12 November 2011
ប្រែសម្រួល៖ ថន រីណា
DAP NEWS

សាន់ហ្វ្រាន់ស៊ីស្កូ: តំណាងក្រុមហ៊ុន Apple បាននិយាយ កាលពីថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ថា ខ្លួននឹងបន្ត ដោះ ស្រាយ បញ្ហាអាយុកាល ថ្មទូរស័ព្ទ iPhone ទៀត ខណៈដែល អតិថិជន ប្រើប្រាស់ជាច្រើន នៅតែជួបបញ្ហា នៅពេលដែល ធ្វើការ download យក Software update ថ្មី ដែលក្រុមហ៊ុន បង្កើតឡើង ដើម្បីដោះស្រាយ បញ្ហាអាយុកាលថ្ម ។

យោងតាម ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១១ នេះ Apple បានថ្លែង ទៅកាន់ អ្នកសារព័ត៌មាន បច្ចេកវិទ្យា នៃវេបសាយ AllThingsD ថាថ្មីៗនេះ ក្រុមហ៊ុនបាន update software iOS ថ្មី ដើម្បីដោះស្រាយ បញ្ហា ថ្មទូរស័ព្ទ មិនកាន់បានយូរ របស់អតិថិជន ដែលធ្លាប់ មាន Device ដែលប្រើ iOS 5 ។ ប៉ុន្តែនៅតែ មិនអាច ទទួលបាន លទ្ឋផល ជោគជ័យ នៅឡើយ ដូចនេះក្រុមហ៊ុន នឹងបន្តការ វិនិយោគ ទៅលើ បញ្ហា ប៉ុន្នានចំណុចទៀត ដែលនៅសល់ ។

កាលពីថ្ងៃ ព្រហស្បតិ៍ កន្លងទៅនេះ Apple បានបង្ហាញនូវ កម្មវិធី iOS 5.0.1 ដែលជាកម្មវិធី ចូលទៅ update ប្រព័ន្ធប្រតិបតិ្តការ ចុងក្រោយ របស់ iOS 5 ក្នុងទូរស័ព្ទ ។

ការ update នូវ កម្មវិធីថ្មីនេះ មានបញ្ចូលទាំង កម្មវិធី ដោះស្រាយ បញ្ហាតូចៗ ជាច្រើន ដែលបណ្តាលឲ្យ អាយុ កាលថ្ម ទូរស័ព្ទ iPhone មិនកាន់បានយូរ និងបណ្តាលឲ្យ Device ដ៏ទៃទៀត មានបញ្ហា ។

អតិថិជន មួយចំនួន បាននិយាយថា អាយុកាល ថ្មទូរស័ព្ទ iPhone របស់ពួកគេ មានភាពប្រសើរ ជាងមុនហើយ បន្ទាប់ពី update កម្មវិធីថ្មីរបស់ ក្រុមហ៊ុន Apple ប៉ុន្តែ បើយោងតាម របាយការណ៍ នៅតាមការិយាល័យ ក្រុមហ៊ុន Apple បានឲ្យដឹងថា អ្នក ប្រើប្រាស់ ទូរស័ព្ទ iPhone បានប្រកាសថា ពួកគេនៅតែជួប បញ្ហានេះដដែល បើទោះ បីជា ពួកគេបាន update យកកម្មវិធី ថ្មីរបស់ក្រុមហ៊ុន ក៏ដោយ ។

បញ្ហារិះគន់ ទៅលើអាយុកាល ថ្មទូរស័ព្ទ ដែលវិវឌ្ឍន៍ ចុងក្រោយ របស់ក្រុមហ៊ុន Apple គឺ iPhone 4s បានត្រូវ ផ្ទុះឡើង យ៉ាងខ្លាំង តាមរយៈ បណ្តាញ អ៊ីនធឺណិត កាលពី សប្តាហ៍មុន ។

ការិយាល័យ Apple បានដកស្រង់នូវ មតិរិះគន់ តាមអ៊ីធឺណិត ឲ្យដឹងថា ម្ចាស់ទូរស័ព្ទដៃ iPhone 4s មួយចំនួន បាននិយាយថា ថ្មទូរស័ព្ទ របស់គេ ស្រក់ចុះ ១០ភារយ រៀងរាល់ម៉ោង បើទោះបីជា ទូរស័ព្ទរបស់គេ ដាក់នៅ ស្ងៀម ក៏ដោយ ៕

Photo by DAP-NEWS
Photo by DAP-NEWS

គួរ​ផឹក​ទឹកក្រូច​នៅ​ពេល​ព្រឹក​

ដោយ : សោភ័ណ
ថ្ងៃទី 12 វិច្ឆិកា 2011
CEN

ផឹកទឹកក្រូច​មួយ​កែវ​នៅ​ពេល​ព្រឹក​ល្អ​បំផុត​សម្រាប់​សុខភាព

ផឹកទឹកក្រូច មួយ កែវ នៅ ពេល ព្រឹក ល្អ បំផុត សម្រាប់ សុខភាព

ភ្នំពេញ: ថ្វី​ត្បិត​ក្នុង​ទឹក​ក្រូចពោធិ៍សាត់ ក៏​មាន​បរិមាណ​ស្ករ​កំណត់​មួយ តែ​ជាស្ករ​ធម្មជាតិ ហើយ​បរិមាណ​កាឡូរី​ក្នុងនោះ​មាន​មិន​ខ្ពស់​និង​ពិសេស​វា​ជា​ប្រភេទ ភេសជ្ជៈ​មាន​សារជាតិ​ជីវជាតិ​ផ្សេងៗ ។​

     ទឹកក្រូច​មួយ​កែវ​នៅ​ពេល​ព្រឹក ពុំ​ត្រឹមតែ​ឆ្ងាញ់​មាត់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ល្អ​បំផុត​សម្រាប់​សុខភាព ។​

​    ​១-​ពុំ​មាន​ជាតិ​ខ្លាញ់​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​
​    ​មាន​អាហារ​ផ្អែមៗ​ជាច្រើន ដែល​ខ្លះ​ពុំ​មាន​ជាតិ​ខ្លាញ់​និង​ខ្លះ​ពុំ​មានកូ​ឡេ​ស្តេ​រ៉ូល តែ​ទឹកក្រូច​នោះ​ពុំ​មាន​ទាំង​ពីរ​យ៉ាង ។ អ្នក​អាច​ដាក់​ទឹកក្រូច​ក្នុងទូទឹកកក​ឱ្យ​ត្រជាក់​ឬ​លាយ​ជា​ទឹកក្រូច​ក្តៅ​។ ទោះបី​អ្នក​ផឹក​តាម​រូបភាព​បែប ណា​ក៏​មិន​ធ្វើឱ្យ​កើន​បរិមាណ​ជាតិ​ខ្លាញ់ ឬ​កូ​ឡេ​ស្តេ​រ៉ូល​ដែរ ។​

​    ​២-​ប្រភេទ​ផ្លែឈើ​មួយ​មាន​ប្រយោជន៍​
​    ​អ្នកជំនាញការ​ទូន្មាន​ថា ក្នុង​មួយ​ថ្ងៃ​មនុស្ស​ម្នាក់ៗ​គួរ​ទទួល​ទាន​គ្រប់​៥ ប្រភេទ​ផ្លែឈើ​និង​បន្លែ ។ ចំពោះ​អ្នក​មិន​ចូល​ចិត្ត​បន្លែ​នោះ​ពិតជា​លំបាក​ដើម្បីសម្រេច​បាន​តួលេខ​នេះ ។ ប៉ុន្តែ​ជាមួយ​នឹង​ទឹកក្រូច​តែមួយ​កែវ អ្នក​អាច​បន្ថយតួលេខ​បន្លែ​ចុះ​មក​ត្រឹម​៤​ប្រភេទ ។​

​    ​៣-​សម្បូរ​វីតាមីន C
    វីតាមីន C ជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មួយជួយ​ពន្យឺត​ប្រតិកម្ម របស់​ភាព ចំណាស់​កោសិកា និង​បង្ក​របួស​ឱ្យ​កោសិកា ។ មិនតែប៉ុណ្ណោះ វីតាមីន C នៅ​អាច​ជួយ​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​អ្នក !

​    ​៤-​ផ្ទុក​ប៉ូ​តា​ស្យូម​
     អ្នកណា​ក៏​ដោយ​ដែល​ស្រឡាញ់  ចូលចិត្ត​កីឡា សុទ្ធតែ​ដឹង​ថា​ប៉ូ​តា​ស្យូម (​ក៏ មាន​ច្រើន​នៅក្នុង​ចេក​) ជា​សារជាតិ​ចាំបាច់​សម្រាប់​កោសិកា​សាច់ដុំ​ខ្លាំងក្លា និងទប់ស្កាត់​រមួលក្រពើ ទឹកក្រូច​មួយ​កែវ​ពុំ​ផ្ទុក​ប៉ូ​តា​ស្យូម​ច្រើន​ប៉ុន្មាន​ឡើយ ( ប្រមាណ​១៤​ភាគរយ​បរិមាណ​ប៉ូ​តា​ស្យូម​ចាំបាច់​ក្នុង​ថ្ងៃ​) តែ​ក៏​គ្រប់គ្រាន់សម្រាប់​អ្នក​ចាប់ផ្តើម​ថ្ងៃ​ថ្មី​១​ល្អ ប្រសើរ។​

​    ​៥-​ផ្ទុក​អាស៊ីតហ្វូលិ​ក​
​    ​ហ្វូ​លិក​អាស៊ីត គឺ​សំខាន់​ចំពោះ​ស្ត្រី​ទាំងអស់ ពិសេស​គឺ​សំខាន់​ចំពោះ ស្ត្រី​មានគភ៌  ឬ​អ្នក​កំពុង​ប្រឹងប្រែង​ឱ្យ​មានគភ៌ ។​វា​ជួយ​ទប់ស្កាត់​ពិការភាពពី​កំណើត​មួយចំនួន​និង​ជួយ​ផលិត​កោសិកា​ឈាម​ល្អ​មាំមួន ។​

​    ​៦-​បង្កើន​កាល់ស្យូម​
​    ​កាល់ស្យូម​ជួយ​ធ្មេញ​និង​ឆ្អឹង​រឹងមាំ ពិសេស​គឺ​ចំពោះ​យុវវ័យ​និង​ស្ត្រីក្មេងៗ ។ ក្នុង​ទឹកក្រូច​ក៏​ផ្ទុក​កាល់ស្យូម​ច្រើន អាស្រ័យ​ហេតុ​នោះ​នឹងសមស្រប​បំផុត​សម្រាប់​អ្នក ពិសេស​ចំពោះ​អ្នកណា​ដែល​មិន​ចូល​ចិត្ត​ទឹកដោះ​គោ ។​

​    ​៧-​ក្លិន​របស់​ទឹកក្រូច​ធ្វើឱ្យ​អ្នក​សុភមង្គល !
​    ​ពួក​អ្នក​ស្រាវជ្រាវ​បានចង្អុលបង្ហាញ​ថា ក្លិន​ក្រូច​ធ្វើឱ្យ​អ្នកផង​សុភមង្គល ។ វា​នាំ​មក​នូវ​ក្លិន​របស់​រដូវក្តៅ​និង​ធ្វើឱ្យ​សភាព​ផ្លូវចិត្ត​របស់​មនុស្ស សោមនស្ស​រីករាយ​សប្បាយ​ឡើង ។​

​    ​នេះ​ជា​បណ្តា​មូលហេតុ​ដែល​ហេតុអ្វី​ទឹកក្រូច​ជា​ជម្រើស​ដ៏​ឈ្លាសវៃ និង​ល្អប្រសើរ​មួយ​សម្រាប់​សរីរាង្គ​យើង​នៅ​រៀងរាល់​ព្រឹក ៕

លទ្ឋផលនៃការប្រកួត កីឡាស៊ីហ្គេម លើកទី២៦ គឹតនៅព្រឹក ថ្ងៃទី១២ខែវិច្ឆិកា

Written by ភ្នំពេញដេលីញូវ
Saturday, 12 November 2011

លទ្ឋផលនៃ ការប្រកួត កីឡាស៊ីហ្គេម លើកទី២៦ គឹតនៅព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា

ថៃ                     មេដាយមាស ៣           មេដាយប្រាក់ ០              មេដាយសំរិទ្ឋ ១

ឥណ្ឌូនេស៊ី                             – ២                          – ២                                  – ១

ភួមា                                       – 0                          – ២                                 – ០

សឹង្ហបូរី                                   – 0                          – ១                                  – ០

វៀតណាម                             – 0                           – 0                                   – ១

នៅ SEA Games កីឡា​វាយ​សី និង តេ​ក្វាន់​ដូ ចាប់ផ្ដើម​ប្រកួត​ថ្ងៃនេះ​

ដោយ : រស្មី
ថ្ងៃទី 12 វិច្ឆិកា 2011
CEN

ភ្នំពេញ:​ ថ្ងៃទី១២ ​វិច្ឆិកា​នេះ ​កីឡាវាយ​សី ចាប់ផ្ដើម​ប្រកួត​ហើយ ដែល​ប្រភេទ​កីឡា​នេះ​ គេនឹងខិតខំ​បញ្ចប់​ការប្រកួត​ឲ្យ​ខាងតែបាន​នៅ​ថ្ងៃ​ទី១៩ វិច្ឆិកា ។​

​ ​តាម​កម្មវិធី​នៃ​ការប្រកួត​នោះ​ ពេញ​មួយ​ថ្ងៃទី​១២ វិច្ឆិកា ​គឺ​ការប្រកួត​ជុំ​ទី១ នៃ​វិញ្ញា​សា​ជា​ក្រុម​បុរស ថ្ងៃទី១៣ ​វិច្ឆិការ​ ប្រកួត​ជា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្របុរស ។ ថ្ងៃទី១៤ ​វិច្ឆិកា គឺ​ប្រកួតវិញ្ញាសា​ជា​ក្រុម​នារី ហើយ​ថ្ងៃទី១៥ វិច្ឆិកា​ វិញ្ញាសា​ប្រកួត​ជា​ក្រុម​ទាំងបុរស ទាំងនារី ប្រកួត​ផ្ដាច់ព្រ័ត្រ ។​

​ ​ថ្ងៃទី១៦ វិច្ឆិកា ចាប់ផ្ដើម​ប្រកួត​វិញ្ញាសា​ឯកត្តជន​បុរស ។ ថ្ងៃទី១៧ ​ជាមួយនឹង​ការឈាន​ដល់​វគ្គ ១/៤ បុរស​នោះ ឯកត្តជន​នារី ក៏​ចាប់ផ្ដើម​ប្រកួត​ដែរ ។ ថ្ងៃទី១៨​ វិច្ឆិកា ទាំងបុរស ទាំងនារី ​ឈានដល់វគ្គ ​១/២ ផ្ដាច់ព្រ័ត្រ ហើយ​ថ្ងៃទី១៩ វិច្ឆិកា​ ប្រកួត​ផ្ដាច់ព្រ័ត្រ​ទាំង ២ តែម្ដង ។​

​ ​តេ​ក្វាន់​ដូ​ក៏​ចាប់ផ្ដើម​ប្រកួត​ថ្ងៃ​នេះដែរ ។ សម្រាប់​កីឡា​តេ​ក្វាន់​ដូ​នេះ ​កម្ពុជា​បញ្ជូនទៅ​ចូលរួម​ប្រកួត​ចំនួន ៩ នាក់ ​ដែល​ក្នុងនោះ​ កីឡាករ ៥ រូប និង កីឡាការិនី ៤ រូប ។ តេ​ក្វាន់​ដូ​ជា​ប្រភេទ​កីឡា​ដែល​តែងតែ​ទទួលបាន​មេដាយ​មិនដែល​លស់​ពេល​ឡើយ ។​

​ ​គួរបញ្ជាក់​ថា​ទាំង តេ​ក្វាន់​ដូ ទាំងវាយ​សី​ប្រកួត​នៅ​ទីក្រុង​ហ្សា​កា​តា ៕​

លទ្ធផល​អត្តពលកម្ម និង ហែល​ទឹក​ពី SEA Games

ដោយ : រស្មី
ថ្ងៃទី 12 វិច្ឆិកា 2011
CEN

កីឡាកម្ពុជាពេលបើក SEA Games

កីឡាកម្ពុជាពេលបើក SEA Games

ភ្នំពេញ:​ លោក​ កាំ​ង សុធា​ មន្ត្រី​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំ់ពិក​កម្ពុជា​បាន​រាយការណ៍​ពី​ទីក្រុង​ប៉ា​ឡាំ​បាង​ប្រទេស​ឥណ្ឌូនេស៊ី​ មក​ថា​ការប្រកួត​ហែល​ទឹក​នៅ SEA Games ព្រឹក​មិញ​នេះ​អ្នករត់ ១០០​ម៉ែត្រ មួយរូប និង​ហែល​ទឹក​មួយរូប​ឈ្នះ​ក្នុងការ​ប្រកួត​ ហើយ​ត្រៀម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែលមាន​កីឡាករ ចំនួន ៨ នាក់ ។​

​ ​កីឡាករ​រត់ ១០០​ម៉ែត្រ​របស់​កម្ពុជា​ដែលមាន​បញ្ហា​សុខភាព​នោះ ១០០​ម៉ែត្រ​រត់​ក្នុង​ថេរវេលា ១១​វិនាទី​៤៦​គឺ​ធ្លា​ក់នៅ​ជុំ​ទី ១ ឯ​ កីឡាករ​ពិន វ៉ាន់​ហៀ​ប​បានឈ្នះ​នៅ​ជុំ​ទី ១ ដោយ​យកឈ្នះ​កីឡាករ សឹង្ហ​បូរី និង មី​យ៉ាន់​ម៉ា ។ ពិន វ៉ាន់​ហៀ​ប រត់​ក្នុង​ថេរវេលា ១១​វិនាទី​០៩ ហើយ​កីឡាករ​រូបនេះ​ត្រៀម​ប្រកួត វគ្គ​ផ្ដាច់ព្រ័ត្រ ចុងក្រោយ ។​

បើក SEA Games ពេលកំពុងភ្លៀង

បើក SEA Games ពេលកំពុងភ្លៀង

​ ​លោក ​ផៃ សុខ​ គ្រូបង្វឹក​អត្តពលកម្ម​បាន​រាយការណ៍​ពី​ប៉ា​ឡាំ​បាង​មក​ដែរ​ថា​កីឡាករ​រត់​១០០​ម៉ែត្រ​កម្ពុជា​ដែល​ចាញ់​នៅ​ជុំ​ទី ១ នោះ​ គឺ​កីឡា​ករ សរ ជួប​វាសនា ដែល​គាត់​មាន​បញ្ហា​សុខភាព (​រាគរូស​) ។​

​ ​ចំពោះ​ប្រភេទ​កីឡាហែលទឹក​វិញ​នោះ​លោក ​កាំ​ង សុធា ឲ្យ​ដឹង​ដែរ​ថា​កីឡាករ​ ម៉ាក់ ស៊ី​ម៉ូ​ចំរើន​យូ​រី និង កីឡាករ លឹម ឧ​ត្ត​ម​ បាន​ចាញ់​នៅ​ជុំ​ទី ១ ហើយ ។ ចំពោះ​កីឡា​ករ ហែម​ថុ​ន ពន្លឺ​ ដែល​ហែល ២០០​ម៉ែត្រ​កង្កែប​នោះបាន​ឈ្នះ​នៅ​ជុំ​ទី ១ ហើយ​ត្រៀម​ឡើង​ ទៅ​ប្រកួត ៨ នាក់​ចុងក្រោយ ។​

​ ​ហែម​ថុ​ន ពន្លឺ​ ដែល​ហែល​ក្នុង​ថេរវេលា ២​នាទី​៣៨​វិនាទី​៥៣​នោះបាន​ប្រកួត​ឈ្នះ​អ្នក​ហែល​ទឹក​មកពី​ម៉ាឡេស៊ី និង អ្នក​ហែល​ ទឹក​មកពី​វៀតណាម ។​ពន្លឺ​ត្រៀម​ប្រកួត​ផ្ដាច់ព្រ័ត្រ​ល្ងាច​នេះ ។​

ពិធីបើកព្រឹត្តិការណ៍ ការប្រកួត ស៊ីហ្គេម លើកទី២៦

Saturday, 12 November 2011
ដោយ៖ ម៉ា ច័ន្ទបូរិន
DAP NEWS

ប៉ាឡាំបាំង៖ ក្នុងពិធីបើក ព្រឹត្តិការណ៍ ការប្រកួត ស៊ីហ្គេម លើកទី២៦ ដែលប្រារព្ធឡើង ក្នុងប្រទេស ឥណ្ឌូនេស៊ី នៅទីក្រុង ប៉ាឡាំបាំង ដ៏ស្រស់ស្អាត ។

ក្នុងព្រឹត្តិការណ៍នេះ ប្រតិភូកីឡា ប្រទេសទាំង១១ ដែលចូលរួម បានកាន់ទង់ជាតិ ប្រទេសរបស់ខ្លួន ចូលទៅក្នុង ពហុកីឡដ្ឋាន ប៉ាឡាំបាំង អំឡុងពេល ពិធីបើក ព្រឹត្តិការណ៍ ដ៏អស្ចារ្យ នៃការប្រកួត ស៊ីហ្គេម លើកទី២៦ ។

ប្រទេសទាំង១១ ដែលបានចូលរួម ក្នុងព្រឹត្តិការណ៍នេះ មានដូចជា៖ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម ព្រុយនេ ភូមា សិង្ហបុរី ឡាវ ហ្វីលីពីន និង ប្រទេសទីម័រ ខាងកើតផងដែរ ។

កីឡាករ-ការិនី រាប់ពាន់នាក់ និងមន្រ្តីជាច្រើន ពីប្រទេស ទាំង១១ នៃសមាគម អាស៊ាន គឺចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡានេះ មានវិញ្ញាសាចំនួន ៤៤ ក្នុងការបណ្តើម យកមេដាយមាស ចំនួន៥៤២គ្រឿង ។ វិញ្ញាសាកីឡា ២៤ នឹងប្រារព្ធ ក្នុងទីក្រុង ហ្សា កាតា និង ២២ទៀត នៅក្នុងក្រុង ប៉ាឡាបាំង ។

ស៊ីហ្គេម គឺប្រព្រឹត្តឡើង ចំនួនពីរឆ្នាំម្តង ក្រោមការរៀបចំ គ្រប់គ្រងរបស់ សហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ ជាមួយការជួយ ជ្រោមជ្រែង ដោយគណៈ កម្មាធិការ អន្តរជាតិ អូឡាំពិក (IOC) និង ប្រឹក្សារអូឡាំពិក នៃអាស៊ី ៕

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

ទេសចរ​ទៅ​កម្សាន្ត​នៅ​ក្រុង​ព្រះសីហនុ​​​ឆ្នាំ​នេះ​កើន​ឡើង

ដោយ មុំ សុផុន
2011-11-12
​វិទ្យុ​អាស៊ីសេរី

ប្រធាន​ស្ដីទី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ថា ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះខែ និង​អក​អំបុក នៅ​ឆ្នាំ​នេះ មាន​ភ្ញៀវ​ទេសចរ​បាន​មក​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ចំនួន​ជាង ៥​ម៉ឺន​៥​ពាន់​នាក់។

ទេសចរ​កម្សាន្ត​លេង​នៅ​ឆ្នេរ​អូរ​ឈើទាល ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១១។ (RFA/Mom Sophon)

ទេសចរ កម្សាន្ត លេង នៅ ឆ្នេរ អូរ ឈើទាល ក្រុង ព្រះសីហនុ កាល ពី ថ្ងៃ ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១១។ (RFA/Mom Sophon)

លោក សេង ខា ប្រធាន​ស្ដីទី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា ចំនួន​នេះ​គឺ​កើន​ឡើង​លើស ១០០% បើ​ធៀប​ឆ្នាំ​២០១០។ លោក​បន្ត​ថា ការ​កើន​ឡើង​ភ្ញៀវ​មក​តំបន់​ទេសចរណ៍​នេះ គឺ​ដោយសារ​តែ​ពេល​ឈប់​សម្រាក​បាន​យូរ​ផង និង​នៅ​ទីក្រុង​ភ្នំពេញ មិន​ធ្វើ​ពិធី​ប្រណាំង​ទូក​ផង។

លោក សេង ខា ប្រធាន​ស្ដីទី​មន្ទីរ​ទេសចរ​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា៖ «និយាយ​ដោយ​ឡែក​គឺ​អ្នក​ភ្នំពេញ​ជិត (ខេត្ត​ព្រះសីហនុ) ធ្វើ​ដំណើរ​តែ​ប្រហែល ៣ ទៅ ៤​ម៉ោង អាច​មក​ដល់​ហើយ។ (ខេត្ត​ព្រះសីហនុ) មាន​អាកាស​ធាតុ​ល្អ បរិស្ថាន​ល្អ និយាយ​ទៅ​ដក​ដង្ហើម​មក​ពេញ​ទ្រូង​តែម្ដង។ ចំណែក​ខ្សាច់​ក៏​ស​ល្អ ទឹក​សមុទ្រ​ក៏​ស្អាត​ដែរ ហើយ​មាន​អាហារ​សមុទ្រ​ក៏​ស្រស់ៗ​ដែរ​ទៅ គឺ​វា​ជា​ភាព​ទាក់​ទាញ​មួយ។ ម្យ៉ាង​ទៀត​មធ្យោបាយ​ហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយ​ដឹក​ជញ្ជូន​មាន​រថយន្ត​ក្រុង មាន​រថយន្ត​តូច​មក​ច្រើន​អី​ហ្នឹង ផ្លូវ​ថ្នល់​ស្អាត យើង​មាន​សណ្ឋាគារ​ស្នាក់​នៅ​តាម​កម្រិត​ទាប និង​កម្រិត​ខ្ពស់​តាម​ស្តង់ដារ»។

ចាប់​ពី​ថ្ងៃ​ទី​៩ រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ប្រជាពលរដ្ឋ​នៅ​ទី​ក្រុង​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​នានា បាន​សម្រុក​ទៅ​លេង​កម្សាន្ត​នៅ​ក្រុង​ព្រះសីហនុ យ៉ាង​ច្រើន ហើយ​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​មិន​អាច​រក​កន្លែង​ស្នាក់​នៅ​បាន​ឡើយ។

ករណី​ភ្ញៀវ​កើន​ឡើង​នេះ បាន​ធ្វើ​ឲ្យ​អ្នក​លក់​ដូរ និង​អ្នក​ធ្វើ​សេវាកម្ម​បម្រើ​វិស័យ​ទេសចរណ៍​បាន​ដំឡើង​ថ្លៃ​សេវា និង​មុខ​ទំនិញ​របស់​ខ្លួន​ទ្វេ ២ ឬ ៣​ដង បើ​ធៀប​នឹង​ពេល​ធម្មតា៕

បុណ្យអុំទូក នៅ​ខេត្ត​ព្រះសីហនុ មាន​ភ្ញៀវទេសចរ ៥ ម៉ឺន​នាក់ កើនឡើង​ច្រើន ជាង​ឆ្នាំមុន​

ដោយ : សមុទ្រ
ថ្ងៃទី 12 វិច្ឆិកា 2011
CEN

ភ្ញៀវទេសចរ ៥ ម៉ឺន​នាក់ ដែលទៅលេង​ខេត្ត​ព្រះសីហនុក្នុងឱកាសបុណ្យអុំទូក។

ភ្ញៀវទេសចរ ៥ ម៉ឺន នាក់ ដែលទៅលេង ខេត្ត ព្រះសីហនុក្នុងឱកាសបុណ្យអុំទូក។

ព្រះសីហនុ: ក្នុងឱកាស​បុណ្យអុំទូក​អកអំបុក សំពះ​ព្រះ​ខែ ប្រពៃណី​យ​ខ្មែរ ឆ្នាំ​២០១១ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១​វិច្ឆិកា សម្រាប់​ខេត្ត​ព្រះសីហនុ ដែលជា​ទីក្រុង ដែលមាន​សក្តានុពល ខាង​វិ​ស​យ័​ទេសចរណ៍ ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ ៥៥.៤៨២ នាក់​។ នេះ​តាម​ការអះអាង​របស់​ម​ន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១១​។
​ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅនឹង​បុណ្យអុំទូក កាលពី​ឆ្នាំ​២០១០ ឃើញថា អ្នកទេសចរ មានការ​កើនឡើង រហូតដល់​ទៅមួយ​រយ​ភាគរយ​។​

​លោក សេង ខា ប្រធានស្តីទី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​គេហទំព័រ CEN កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១១ ថា បុណ្យអុំទូក រយៈពេល ៤ ថ្ងៃ​កន្លងមកនេះ សម្រាប់​ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវទេសចរ ប្រមាណ ៥៥.៤៨២ នាក់​។ ចំនួន​នេះ កើនឡើង​ជាង​មួយរយ​ភាគរយ ដោយ​កាលពី​បុណ្យអុំទូក កាលពី​ឆ្នាំ​២០១០ ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ​តែ ២៦.០០០ នាក់ ប៉ុណ្ណោះ​។​

​លោក សេង ខា បាន​បន្តថា ចំពោះ​គ្រោះធម្មជាតិ ដូចជា ឧបទ្ទវហេតុ លង់ទឹក​ស្លាប់​ជាដើម ពុំមាន​អ្វី​កើតឡើង គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ក៏​សូម​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ទាំងអស់ ដែល​បានមក​សម្រាក​កំសាន្ត នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ផងដែរ​៕

គ្រោះថ្នាក់​ចរាចរ​ក្នុង​ពិធីបុណ្យ​អុំទូក​មាន​អ្នកស្លាប់ ១៨ នាក់​របួស ៥៧ នាក់ ស្រាល ៥៤ នាក់​

ដោយ : មុនី​រ័ត្ន
ថ្ងៃទី 12 វិច្ឆិកា 2011
CEN

ភ្នំពេញ: ​គ្រោះថ្នាក់​ចរាចរ​ក្នុង​រយៈពេល ៣ ថ្ងៃ​នៃ​ពី​ធី​បុណ្យអុំទូក ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១១ វិច្ឆិកា ឆ្នាំ​២០១១ នេះ​នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ការថយចុះ ២៦ គាគ​រយ ប៉ុន្តែ​ចំពោះ​អ្នកស្លាប់​មានការ​កើនឡើង​មួយ​ករណី​។ នេះ​បើតាម​ការអោយ​ដឹង​រប​ស់លោក ទី ឡុង អនុប្រធាននាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ​។​

​លោក ទី ឡុង បាន​មានប្រសាសន៍​អោយដឹងថា គ្រោះថ្នាក់​ចរាចរ​ក្នុង​រយៈពេល ៣ ថ្ងៃ​ក្នុង​ពិធីបុណ្យ​អុំទូក​ឃើញថា មានការ​កើតឡើង​សរុប​មាន​ចំនួន ៤៣ លើក​លើ ៥៨ លើក​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១០(៥៨​លើក​) មាន​ថយ ១៥ លើក​ស្មើ​នឹង ២៦ ភាគរយ​។ ដោយឡែក​ចំនួន​អ្នកស្លាប់​វិញ​មាន ១៨ នាក់​លើ ១៧​នាក់ កើន​លើស​ឆ្នាំ​២០១០​ម្នាក់​។ អ្នករបួស​មាន​ចំនួន ៥៧ នាក់​លើ ៧៤ នាក់ ថយ ១៧ នាក់​ពី​ឆ្នាំមុន ហើយ​របួសស្រាល ៥៤ នាក់​លើ ៥៩ នាក់​ថយ​ពី​ឆ្នាំមុន ៥ នាក់​។ ដោយ​ក្នុងនោះ​ពិនិត្យមើល​ការខូចខាត​មាន​ចំនួន​ម៉ូតូ​ចំនួន ៥៧ គ្រឿង​លើ ៦៩ គ្រឿង​បើ​ប្រៀបធៀប​ឆ្នាំទៅ​ មានការ​ថយ ១២ គ្រឿង​ម៉ូតូ​ដែល​រង​ការខូចខាត​។ រថយន្ត​ធន​ស្រាល​មាន ១៣ គ្រឿង​លើ ១៦ គ្រឿង ​ថយ ៣ គ្រឿង​ពី​ឆ្នាំទៅ​។ ចំណែក​រថយន្ត​ធន​ធ្ងន់ ៥ គ្រឿង​លើ ១ គ្រឿង​កើន ៤ គ្រឿង ហើយ​។​

​លោក ទី ឡុង បាន​បន្តថា “​និយាយ​ជារួម​តួលេខ​នៃគ្រោះថ្នាក់​យើង​ឃើញថា ថយ​ តែ​ចំនួន​អ្នកស្លាប់​មានការ​កើន​ម្នាក់ បើ​ប្រៀបធៀប​ក្នុង​រយៈពេល ៣ ថ្ងៃ​ដូចគ្នា​ក្នុង​ឆ្នាំ​២០១០”​។​
​អនុប្រធាននាយកដ្ឋាន​សណ្តាប់ធ្នាប់​បានធ្វើការ​អំពាវនាវ​​អោយ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​គោរព​ច្បាប់​ចរាចរ​បើកបរ​អោយមាន​ស្មារតី​ប្រុងប្រយ័ត្ន ពាក់មួក​សុវត្ថិភាព បើកបរ​កុំ​ពិសា​គ្រឿង​ស្រវឹង ជាពិសេស​ល្បឿន ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​៕

បុណ្យអុំទូក​ឆ្នាំនេះ មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុន និង​បទល្មើស​កើតមាន​តិច​បំផុត

ដោយ : មុនី​រ័ត្ន
ថ្ងៃទី 12 វិច្ឆិកា 2011
CEN

ភ្នំពេញ: បទល្មើស និង​ស្ថានភាព​សន្តិសុខ​នៅក្នុង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ ក្នុង​រយៈពេល ៣ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ វិច្ឆិកា ក្នុង​ឆ្នាំ​២០១១ ដែល​បានបញ្ចប់​មាន​ភាពល្អប្រសើរ​ច្រើនជាង​ឆ្នាំ​មុខៗ​ដោយ​បទល្មើស​កើតឡើង​តិច​បំផុត​។ នេះ​បើតាម​ការអះអាង​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មេ​ប​ញ្ឆា​ការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​បាន​ផ្តល់​សម្ភាស​ដល់​គេហ​ទ​ព័រ CEN នៅ​ព្រឹក​ថ្ងៃទី​១២ វិច្ឆិកា ២០១១​នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​អោយដឹងថា ក្នុង​រយៈពេល​បុណ្យអុំទូក ៣ ថ្ងៃ​មិនមាន​បទល្មើស​អ្វី​កើតឡើង​ក្នុង​ពិធីបុណ្យ​ទេ​នៅក្នុង​តំបន់​A(​នៅមុខ​វាំង​) ដោយឡែក​នៅ​តំបន់ B មាន​ករណី​ប្លន់​ដោយ​យើង​បានទទួល​ពាក្យបណ្តឹង​ថា មាន​ករណី​ប្លន់​ម៉ូតូ​មួយគ្រឿង និង​កើតមាន​ករណី​ឆក់​ពីរ​ករណី ប៉ុន្តែ​សមត្ថកិច្ច​ចាប់បាន​ទាំងពីរ​។ បទល្មើស​សរុប​មានតែ​ពីរ​ករណី​ទេ ដោយ​ចាប់បាន​ទាំងពីរ ក្រៅពីនេះ​រឿង​ទាស់​គ្នា​តូចតាច​បន្តិចបន្តួច សមត្ថកិច្ច​យកមក​អប់រំណែនាំ​អោយទៅ​វិញ​។​

​លោក ទូច ណារ៉ុថ បាន​បញ្ឆាក់​ថា “​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​ មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុន អត់​មានការ​កកស្ទះ​ចរាចរ គ្រោះថ្នាក់​ចរាចរ​ក៏​តិចតួច ល្អ​ណាស់​យកទៅ​ដក​ពិសោធន៍​នៅ​ឆ្នាំក្រោយ​ទៀត​”​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យ៉ា គឹមអ៊ី មេ​ប​ញ្ឆា​ការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​អោយដឹង​ដែរ​ថា ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​ មិនមាន​កើតហេតុ​អ្វី​ច្រើន​ទេ មានតែ​ក្មេងៗ​វាយ​គ្នា​បន្តិចបន្តួច ហើយ​និង​ករណី​ឆក់​មាន​តិចតួច ប៉ុន្តែ​ធ្វើការ​បង្ក្រាបបាន មាន​អ្វី​ធំដុំ​។ ដោយមាន​ការរៀបចំរ​បស់​គណៈកម្មការ​ឯកភាព ដែលមាន​លោក​អភិបាល​សាលា​រាជធានី​ភ្នំពេញ យើង​បានរៀបចំ​បានល្អ​ដោយមាន​ការកែសម្រួល​តាំងពី​ស្តង់​លក់ដូរ​មិនអោយ​មាននៅ​កន្លែង​ដែល​ចង្អៀត រួមទាំង​ការប្រគំតន្ត្រី​ក៏​អោយ​ដាក់​នៅ​ឆ្ងាយ​ពីគ្នា ហើយ​តាំងពិព័រណ៍​រុញ​ទៅ​ដាក់​នៅក្នុង​កោះ​ពេជ្រ​ច្រើន​។ ហើយ​ការរៀបចំ​ស្ពាន​ក៏បាន​ល្អ​ច្រើន​សម្រាប់​ចេញចូល​។ ហើយ​ចំនួន​ប្រជាពលរដ្ឋ​ក៏​ល្មម​យើង​អាច​គ្រប់គ្រង​បានល្អ​ណាស់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យ៉ា គឹមអ៊ី បាន​បញ្ជាក់ថា “​ឆ្នាំនេះ ​យើង​គ្រប់គ្រង​បានល្អ​ណាស់​ជា​លទ្ធផល​ជារួម គណៈ​ឯកភាព​ខណ្ឌ​ក៏ដូចជា រាជធានី ស្នងការ​នគរបាល អាវុធហត្ថ ក្រសួងមហាផ្ទៃ យើង​សហការ​គា្ន​ល្អ រួមទាំង​គណៈកម្មការ​បុណ្យជាតិ អន្តរជាតិ​”៕​

បុណ្យអុំទូក ឆ្នាំ​២០១១ នៅ​ភ្នំពេញ គ្រោះថ្នាក់​ចរាចរ ថយចុះ​

ដោយ : ចៅចេក
ថ្ងៃទី 12 វិច្ឆិកា 2011
CEN

ភ្នំពេញ: ​រយៈពេល ៣​ថ្ងៃ ក្នុង​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ ចាប់ពី​ថ្ងៃទី​៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១១ ករណី​គ្រោះថ្នាក់​ចរាចរ នៅក្នុង​រាជធានី​ភ្នំពេញ មានការ​ថយចុះ ជាង​បុណ្យអុំទូក​ឆ្នាំ​២០១០​ ។ នេះ​បើតាម​របាយការណ៍​រប​ស់​ប៉ូលិស​ ។​

​របាយការណ៍​របស់​ប៉ូលិស​ការិយាល័យ​ចរាចរជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បង្ហាញថា នៅក្នុង​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ ឆ្នាំ​២០១១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ចំនួន ៦ លើក បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ របួសធ្ងន់ ១០ នាក់ មាន​ស្រី ២​នាក់ រងរបួស​ស្រាល ៤​នាក់ ខូចខាត​រថយន្ត​ចំនួន ២​គ្រឿង និង​ម៉ូតូ​ចំនួន ៦​គឿង​។

​ប៉ូលិស​បាន​លើកឡើងថា មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរ​នេះ ដោយសារ​អ្នកបើកបរ​មិន​ប្រកាន់​ស្តាំ ចំនួន ៣​លើក បើកបរ​មិន​គោរព​សិទ្ធិ ចំនួន ៣​លើក​។ គ្រោះថ្នាក់​ទាំងនេះ កើតមាន​នៅក្នុង​ខណ្ឌទួលគោក ១​លើក ខណ្ឌឫស្សីកែវ ៣​លើក និង​ខណ្ឌ​សែន​សុខ ១​លើក​។​

​បើ​ប្រៀបធៀប នៅក្នុង​ពិធីបុណ្យ​អុំទូក​រយៈពេល ៣​ថ្ងៃ ឆ្នាំ​២០១០ គឺមាន​ការថយចុះ ដែលមាន​ករណី​គ្រោះថ្នាក់​ចរាចរ ចំនួន ១០​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់ របួសធ្ងន់ ១​នាក់ របួសស្រាល​១១​នាក់ ម៉ូតូ​ខូចខាត ១៣​គ្រឿង រថយន្ត ៦​គ្រឿង ​៕