បណ្ណសារ | ខែវិច្ឆិកា 15, 2011

កម្ពុជា​ទទួល​បាន​មេដាយ ១៦ ពី​ការប្រកួត​កីឡាស៊ីហេ្គម

ដោយ លាង ដឺលុច
ថ្ងៃ អង្គារ 15 វិច្ឆិកា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់​ លាង ដឺលុច ពី​ភ្នំពេញ (01:27)

កីឡាករ​កម្ពុជា​កំពុង​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ចំនួន​១៨​នៅក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ឥណ្ឌូណេស៊ី។ គិត​មក​ដល់​រសៀល​ថ្ងៃ​អង្គារ ​ទី​១៥​វិច្ឆិកា កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន​១៦​ ដែល​ក្នុងនោះ ​រួមមាន​មេដាយ​មាស​១ មេដាយ​ប្រាក់​៦ និង​មេដាយ​សំរឹទ្ធ៩ ពី​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​២៦​នេះ។ រហូត​ដល់​ពេល​នេះ គឺ​មាន​តែ​ក្រុម​កីឡាករ​បាល់ទាត់​តែ​មួយ​ប៉ុណ្ណោះ​ដែល​បាន​ចាញ់​ការ​ប្រកួត ហើយ​ត្រូវ​ត្រឡប់​មក​កម្ពុជា​វិញ។

កីឡាករ កីឡាការិនី​ខ្មែរ​ដែល​ទទួលបាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ នៅ​ស៊ីហ្គេម (CAMNOC)

កីឡាករ កីឡាការិនី ខ្មែរ ដែល ទទួលបាន មេដាយ មាស ប្រាក់ និង សំរឹទ្ធ នៅ ស៊ីហ្គេម (CAMNOC)

គិត​មក​ត្រឹម​រសៀល​ថ្ងៃ​អង្គារ ​ទី​១៥​វិច្ឆិកា​នេះ កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន​១៦​ នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហេ្គម ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ មេដាយ​ទាំង​នោះ​រួម​មាន មេដាយ​មាស​១ មេដាយ​ប្រាក់​៦ និង​មេដាយ​សំរឹទ្ធ​៩។ គឺ​កីឡាករ​អាយុ​២៦​ឆ្នាំ​ឈ្មោះ លី បូរាមី​ ដែល​ដណ្តើម​បាន​មេដាយ​មាស ​ក្នុង​វិញ្ញាសា​វ៉ូវីណាម។ តាម​គម្រោង​ កីឡាករ កីឡាការិនី ​ដែល​ដណ្តើម​បាន​មេដាយ​មាស​នឹង​ទទួលបាន​ប្រាក់​រង្វាន់​១៥០០០ដុល្លារ​ពី​រដ្ឋាភិបាល និង​អ្នក​ឧបត្ថម្ភ​នៅ​ក្នុង​ប្រទេស។

អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន​ បាន​ប្រាប់​អោយ​ដឹង​ពី​ប្រទេស​ឥណ្ឌូណេស៊ី​មក​ថា នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ កីឡាករ កីឡាការិនី​កម្ពុជា​កំពុង​ចូលរួម​ប្រកួត​ក្នុង​វិញ្ញាសា​ជាច្រើន​ ហើយ​​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​មេដាយ​ទាំង​បី​កម្រិត​បន្ថែម​ទៀត។ នៅ​ថ្ងៃ​នេះ​កីឡាករ​កម្ពុជា​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ប្រដាល់ តៃខ្វាន់ដូ និង​ចំបាប់​ជាដើម។

គួរ​រំឭក​ថា កម្ពុជា​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​វិញ្ញាសា​ទាំង​អស់​ចំនួន​២០។ ក្រៅ​ពី​ការ​ប្រកួត​កីឡា​បាល់ទាត់ ​ដែល​កម្ពុជា​បាន​ចាញ់​ ហើយ​ត្រឡប់​មក​មាតុប្រទេសវិញ​ហើយ​នោះ កម្ពុជា​កំពុង​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ចំនួន​១៧​ នៅ​ពេល​នេះ។ នៅ​សល់​២​វិញ្ញាសា​ទៀត ​ដែល​កម្ពុជា​មិន​ទាន់​ចូល​ប្រកួត​ ដែល​ក្នុង​នោះ​មាន​កីឡា​អុំទូក​ប្រពៃណី។

ក្រៅពី​ការ​ប្រកួត លោក​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ក៏​បាន​អះអាង​អោយ​ដឹង​ដែរ​ថា កីឡាករ កីឡាការិនី​កម្ពុជា​មាន​សុខភាព​ល្អ​ជាទូទៅ៕

ប៉េតង់​បាន​មេដាយមាស មួយគ្រឿង​នៅ​ល្ងាច​នេះ​

ដោយ : រស្មី
ថ្ងៃទី 15 វិច្ឆិកា 2011
CEN

កីឡាប៉េតង់កម្ពុជាពេលចេញដំណើរទៅ SEA Games

កីឡាប៉េតង់កម្ពុជាពេលចេញដំណើរទៅ SEA Games

ភ្នំពេញ: ​ការប្រកួត​ប៉េតង់​វិញ្ញាសារ​វាយ​គូ​កីឡាករ​កម្ពុជា ២ រូប គឺ​អោ ចាន់​ដា​រ៉ែ និង យឹម សោ​ភ័​ណ្ឌ​បានទទួល​មេដាយ​ មាស​បន្ទាប់ពី​ប្រកួត​ផ្ដាច់ព្រ័ត្រ​ឈ្នះ​ថៃ​ទាំង​លំបាក​នោះ ។​

​ ​ចំពោះ​វិញ្ញាសារ​វាយ​គូ​នារី​វិញ​នោះ​កីឡាការិនី​ឌួង ឌី​ណា និង អ៊ុំ ចន្ទ្រា បានទទួល​មេដាយប្រាក់​បន្ទាប់ពី​ប្រកួត​ផ្ដាច់​ ព្រ័ត្រ​ចាញ់​កីឡាការិនី ថៃ​នោះ ។​

​ ​ចំពោះ​កីឡាការិនី​តេ​ក្វាន់​ដូ​គឺ​កីឡាការិនី​ស៊ន ដា​វីន​ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ពី ៦៧ ដល់​៧៣​គីឡូក្រាម​នោះបាន​ ត្រឹមតែ​មេដាយប្រាក់​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រកួត​ផ្ដាច់ព្រ័ត្រ​ចាញ់​កីឡាការិនី​វៀតណាម​Ha Thi Nhuyen នោះ ។​

​ ​ម្ចាស់​មេដាយមាស​ចំបាប់​កាល SEA Games ទី ២៥​នៅ​ឡាវ​ឆ្នាំ ២០០៩​នោះ​មិនមាន​សំណាង​បាន​មេដាយ​ ឡើយ​នៅ SEA Games ទី​២៦​នៅ​ឥណ្ឌូនេស៊ី ឡើយ ។ កីឡាការិនី​ចំបាប់​ទ្រី សុថា​វី ក៍​មិន​បានទទួល​មេដាយ​ដែរ​ ក្នុងខណៈដែល​កីឡាករ​ចំបាប់​ទម្ងន់ ១២០​គីឡូក្រាម​ជុំ ជីវិន បាន​មេដាយសំរិទ្ធ​នោះ ។​

លោក អ៊ឹម សួស្តី ប្រតិកម្ម​នឹង​ការរិះគន់​ពី​សំណាក់​មេ​គណបក្សប្រឆាំង ដែលថា គ​.​ជ​.​ប​. នៅក្រោម​ឥទ្ធិពល​គណបក្ស​កាន់អំណាច​

ដោយ : រតនា
ថ្ងៃទី 15 វិច្ឆិកា 2011
CEN

ពិធី​ជួបជុំរបស់ គ.ជ.ប. កាលពី​ព្រឹក​ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០១១៕

ពិធី ជួបជុំរបស់ គ.ជ.ប. កាលពី ព្រឹក ថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០១១៕

ភ្នំពេញ: លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង ដែល​កំពុង​និរទេស​ខ្លួន នៅ​ឯ​ក្រៅប្រទេស បាន​ចោទប្រកាន់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប​. ថា​ស្ថិត​នៅក្រោម​ឥទ្ធិពល​គណបក្ស​កាន់អំណាច នាពេល​បច្ចុប្បន្ន​។ ក៏​ប៉ុន្តែ​លោក អ៊ឹម សួស្តី ប្រធាន​គ​.​ជ​.​ប​. បាន​ច្រានចោល​ចំពោះ​ការលើកឡើង​ដូច្នេះ​។​

​ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០១១ លោក អ៊ឹម សួស្តី បាន​លើកឡើង​ថា គ​.​ជ​.​ប​. មាន​អាណត្តិ​មួយ ដែល​រដ្ឋសភា បានកំណត់​។ ការងារ​របស់​លោក​នៅ គ​.​ជ​.​ប​. បាន​រយៈពេល​ពីរ​អាណត្តិ​មកហើយ គឺ​លោក​ចូល​ធ្វើការ​តាំងពី​ឆ្នាំ​២០០២ ដែល​នឹង​ផុត​អាណត្តិ​នៅ​ចុងឆ្នាំ​២០១២​។​
​   
​លោក អ៊ឹម សួស្តី បានបញ្ជាក់​ថា មាន​សមាជិក​រដ្ឋសភា​ចំនួន ៩៩ រូប ដែល​បាន​ចូលរួម​ប្រជុំ និង​បាន​បោះឆ្នោត​គាំទ្រ គ​.​ជ​.​ប​. ចំនួន ៩១ រូប ដែល​ជា​ចំនួន​ច្រើន​លើសលុប លើស ២ ភាគ ៣​។

​លោក អ៊ឹម សួស្តី បាន​បន្តថា ច្បាប់​បាន​បញ្ជាក់​ហើយ​ថា មុន​ការបោះឆ្នោត​សភា​រយៈ​ពល ៩ ខែ ក្រសួង​មហាផ្ទៃ​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល ហើយ​រាជរដ្ឋាភិបាល​ស្នើ​ទៅ​សភាជាតិ ឲ្យ​បង្កើត គ​.​ជ​.​ប​. ឲ្យបាន​មុន​រយៈពេល ៧​ខែ មុន​ការបោះឆ្នោត​សភា ហើយ​ការផ្លាស់ប្តូរ​សមាជិក គ​.​ជ​.​ប​. យ៉ាងណា​នោះ គឺ​អាស្រ័យ​ទៅលើ​សភាជាតិ សម្រេច​កំណត់​។​
​   
​លោក អ៊ឹម សួស្តី បានបញ្ជាក់​ថា មាន​ការវាយតម្លៃ​ជាច្រើន​ពី​សហគមន៍​អន្តរជាតិ​ថា​​ការបោះឆ្នោត​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៨ មាន​ភាពសេរី​យុត្តិធម៌ មិនមែន​អាក្រក់​ទេ​។​

​លោក​បន្តថា ការបោះឆ្នោត​ជ្រើស​រើ​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០០៨ ត្រូវបាន​គេ​វាយតម្លៃថា ជា​ការបោះឆ្នោត​យ៉ាង​ល្អ​បំផុត​សហគមន៍​អឺរ៉ុប ក៏​បាន​បញ្ជូន​គណៈប្រតិភូ មក​ចូលរួម​សង្កេតការណ៍​ជាច្រើន​នាក់​នៅ​កម្ពុជា ដែល​ការបោះឆ្នោត​នៅ​ជំនាន់​នោះ មាន​ការចូលរួម​សង្កេតការណ៍​ច្រើន​ពី​សំណាក់​សហគមន៍​អឺរ៉ុប ហើយ​សហរដ្ឋអាមេរិក​ក៏​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​នៅពេល​នោះ​ដែរ គឺ​អង្គការ NDI និង IRI ហើយ​បាន​វាយ​តំលៃ​ដល់​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៨​ថា ”​ការបោះឆ្នោត​នេះ គឺជា​អច្ឆរិយ​នៃ​ទន្លមេគង្គ​” ហើយ​សហគមន៍​អឺរ៉ុប ក៏​អីចឹង​ដែរ វាយ​តំលៃ កោតសរសើរ ដោយ​មិន​នឹកស្មានថា ប្រកាស​លទ្ធផល​បាន​ដូច្នេះ​។​
​    ​
លោក អ៊ឹម សួស្តី បាន​បញ្ជាក់ទៀតថា ចាប់​តាំង​ឆ្នាំ​១៩៩៨ និង​២០០៣ គឺ​អន្តរជាតិ​បាន​វាយតម្លៃ​ថា ការបោះឆ្នោត​ល្អ​ជាង​ការបោះឆ្នោត​លើក​មុនៗ​ទៅទៀត​។ ផ្ទុយ​ទៅ​វិញ​ក៏​មាន អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ ក៏​បាន​វាយ​តំលៃ ហើយ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ ក៏​សុំ​ទាមទារ​ឲ្យ​ប្តូរ​សមាសភាព​ដឹកនាំ គ​.​ជ​.​ប​. ដែរ​។​

​លោក​ប្រធាន គ​.​ជ​.​ប​. បានបញ្ជាក់​ថា គ​.​ជ​.​ប​. មាន​ទិសដៅ​ច្បាស់លាស់ គឺ​ធ្វើ​យ៉ាងណា​គោរព​ឲ្យបាន​ត្រឹមត្រូវ​នៅ​ច្បាប់បោះឆ្នោត និង​នីតិវិធី​ដែល​បាន​កំណត់ ដែល​ធ្វើ​ដោយ​តម្លាភាព​។​
​    ​
​លោក អ៊ឹម សួស្តី បាន​បញ្ជាក់ទៀតថា ” wikileak បាន​និយាយ​ទាក់ទង​នឹង​ស្រុក​ខ្មែរ និង​ការបោះឆ្នោត​នៅ​កម្ពុជា​។ កាលនោះ ទូត​បរទេស​មួយ​សរ​សេ​រថា ទោះបីជា​គេ​ចោទ គ​.​ជ​.​ប​. យ៉ាងណា​ក៏ដោយ​តែ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គ​.​ជ​.​ប​. ធ្វើការ​ដោយ​តម្លាភាព​”​។ នេះ​ជា​ទិសដៅ​របស់ គ​.​ជ​.​ប​. ប្រឹងប្រែង​ធ្វើឲ្យ​មាន​តម្លាភាព​។​

​សូមបញ្ជាក់​ថា នៅក្នុង​សមាសភាព​សមាជិក គ​.​ជ​.​ប​. ដែល​មាន​ចំនួន​សរុប ៩ រូប ក៏​មាន​មន្ត្រី​តំណាង​គណបក្ស សម រង្ស៉ី កំពុងតែ​ធ្វើការ​នៅ​ក្នុង​ស្ថាប័ន​នេះ​ដែរ គឺ​លោក សោម ច័ន្ទឌីណា និង​លោក ម៉ៅ សុភា​រិទ្ធិ​៕

សមាជិកសភា​គណបក្ស​សមរង្ស៊ី ប្រកាស​ធ្វើ​ពហិការ មិន​ចូលរួម​ប្រជុំ​រដ្ឋសភា

ដោយ : សុខ ភក្តី
ថ្ងៃទី 16 វិច្ឆិកា 2011
CEN

ភ្នំពេញ: សមាជិកសភា​គណបក្ស​សមរង្ស៊ី បាន​ប្រកាស​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ម៉ោង ១០ ថ្ងៃទី​១៦​វិច្ឆិកា ឆ្នាំ​២០១១ ថា នឹង​ធ្វើ​ពហិការ មិន​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា នាពេលខាងមុខ ដែល​រដ្ឋសភា​នឹង​ប្រជុំ​អនុម័ត​លើ​សេចក្តីព្រាង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១២​។ សន្និសីទកាសែត​នោះ មានភ្ជាប់​វិដេអូ​ខន​ហ្វឺ​រេ​ន ដែល​លោក​សម​រង្ស៊ី ចូលរួម​ពី​ប្រទេស​បារាំង មកកាន់​ទីស្នាក់កា​រ​កណ្តាល​គណបក្ស​សមរង្ស៊ី នៅ​ចាក់អង្រែលើ ក្នុង​រា​ធានី​ភ្នំពេញ​។​

សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១២ ត្រូវបានគណបក្សសមរង្ស៊ី យល់ថា ពាក់ព័ន្ធនឹងអំពើពុករលួយរបស់រដ្ឋាភិបាល ដែលកេងយកប្រាក់ចំណូលរដ្ឋ និងបង្កើនប្រាក់កម្ចីពីបរទេស។

​សេចក្តីប្រកាស​របស់​ខុទ្ទកាល័យ​គណបក្ស​សមរង្ស៊ី បង្ហាញថា សន្និសីទកាសែត នា​ព្រឹក​នេះ លោក​សម​រង្ស៊ី នឹង​ឆ្លើយតប​ចំពោះ​ប្រតិកម្ម​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន កាលពី​ថ្ងៃ​ទី​១៤​វិច្ឆិកា ឆ្នាំ​២០១១ ក្នុង​រឿង​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី លាលែង ដើម្បី​ធ្វើ​ឲ្យ​រដ្ឋសភា មិន​ពេញលក្ខណៈ​ច្បាប់ ដើម្បី​អនុម័ត​សេចក្តីព្រាង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១២ នាពេលខាងមុខ​។​

​តាម​សេចក្តីប្រកាស លោក​សម​រង្ស៊ី ត្រូវ​លើកឡើង​ពី​គម្រោង​របស់​គណបក្ស​ស​ម​រង្ស៊ី ចំពោះ​ការរារាំង​ដល់​កិច្ចប្រជុំ​រដ្ឋសភា នាពេលខាងមុខ មិន​ឲ្យ​អនុម័ត​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១២ ដើម្បី​ការពារ​កុំឲ្យ​មាន​ការខ្ចី​បំណុល​បរទេស​ច្រើនពេក និង​ការប្រៀបធៀប​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ទៅ​នឹង​មេដឹកនាំ​ផ្តាច់ការ​មួយ​ចំនួន​។​

​សេចក្តីប្រកាស​ដដែលរ​បស់​គណបក្ស​សមរង្ស៊ី បាន​លើកឡើង​ថា គណបក្ស​សមរង្ស៊ី នឹង​បន្ត​គម្រោង​ការរារាំង​លើ​ការបោះឆ្នោត ឬ​ការសម្រេច​ណាមួយ របស់​រដ្ឋសភា រហូត​ដល់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលយក​នូវ​គោលការណ៍​២​ចំណុច គឺ​ទី​១-​បញ្ឈប់​ការ​បណ្ថេញចេញ និង​ការដោះស្រាយ​បញ្ហាដីធ្លី ដូច​អ្វី​ដែល​អង្គការសហប្រជាជាតិ​បានលើកឡើង និង​ទី​២-​ការផ្លាស់ប្តូរ ឬ​ការ​កែទម្រង់​សមាសភាព​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. ដូច​អនុសាសន៍​របស់​សហភាព​អឺរ៉ុប EU ដែល​បាន​មក​សង្កេតការណ៍​បោះឆ្នោត​នៅ​ឆ្នាំ​២០០៨ ដើម្បី​ឲ្យ​ការបោះឆ្នោត​ធ្វើឡើង​ដោយ​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​។

សេចក្តីប្រកាសរបស់គណបក្សសមរង្ស៊ី ខាងលើនេះ បានធ្វើឡើង ក្រោយពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានវាយប្រហារខ្លាំងៗ និងថា គណបក្សប្រឆាំងនេះ កំពុងមានជម្លោះផ្ទៃក្នុងធ្ងន់ធ្ងរ ដែលអាចមានការបែកខ្ញែកជា ៥ ក្រុម។

លោក សម រង្ស៊ី បានលើកឡើងថា ការមិនចូលរួមប្រជុំរដ្ឋសភានោះ គឺគណបក្សសមរង្ស៊ី ចង់ធ្វើឲ្យសេចក្តីសម្រេចរបស់រដ្ឋសភា អសុពលភាព នៅពេលចំនួនសមាជិករដ្ឋសភា តិចជាង ១២០ នាក់៕

បក្ស​ប្រឆាំង​ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា

2011-11-15
​វិទ្យុ​អាស៊ីសេរី

ប្រធាន​គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី ក្នុង​ពិធី​ជួបជុំ​សហគមន៍​ខ្មែរ​អាមេរិក នៅ​ទីក្រុង Falls Church រដ្ឋ Virginia សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១១។ (RFA/Yun Samean)

ប្រធាន គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី ក្នុង ពិធី ជួបជុំ សហគមន៍ ខ្មែរ អាមេរិក នៅ ទីក្រុង Falls Church រដ្ឋ Virginia សហរដ្ឋ អាមេរិក កាល ពី ថ្ងៃ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១១។ (RFA/Yun Samean)

ប្រធាន​គណបក្ស សម រង្ស៊ី បាន​ប្រកាស​ថា សមាជិក​គណបក្ស​ប្រឆាំង​ចំនួន ២៦​រូប នឹង​ធ្វើ​ពហិការ​មិន​ចូល​កិច្ច​ប្រជុំ​សភា​ជាតិ រហូត​ដល់​រដ្ឋាភិបាល​ធានា​បញ្ឈប់​ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះសម្បែង និង​ធ្វើ​កំណែ​ទម្រង់​សមាជិកភាព​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

លោក សម រង្ស៊ី បាន​អះអាង​ថា ប្រសិន​បើ​គ្មាន​សមាជិក​សភា​ចំនួន ១២០​រូប ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​សភា​នោះ សភា​ជាតិ​មិន​អាច​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​សម្រាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២ បាន​ទេ ដោយសារ​តែ​ខ្វះ​កូរ៉ុម។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន​គណបក្ស សម រង្ស៊ី កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​វិច្ឆិកា ម្សិលមិញ លោក សម រង្ស៊ី បាន​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​មិន​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខ្ចី​បំណុល​បរទេស​ច្រើន ដែល​អាច​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​សេដ្ឋកិច្ច ប៉ុន្តែ​ជា​ឱកាស​ល្អ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​រក្សា និង​ពង្រឹង​អំណាច។

លោក សម រង្ស៊ី ចោទ​ប្រកាន់​ថា ប្រាក់​កម្ចី​បរទេស​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា កេងប្រវ័ញ្ច​ក្នុង​អំពើ​ពុករលួយ និង​ប្រើប្រាស់​សម្រាប់​ទិញ​សន្លឹក​ឆ្នោត។

សូម​ស្ដាប់​បទសម្ភាសន៍​ពិស្ដារ​រវាង​លោក យន់ សាមៀន ជាមួយ​លោក សម រង្ស៊ី អំពី​បញ្ហា​នេះ៖

http://flash-mp3-player.net/medias/player_mp3_maxi.swf

នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ព្រមាន​អ្នក​ប្រៀប​ធៀប​លោក​ទៅ​នឹង​ហ្កាដាហ្វ៊ី ​អតីត​មេដឹកនាំ​លីប៊ី

ថ្ងៃអង្គារ, 15 ខែវិច្ឆិកា 2011
ដោយ ហេង រស្មី
វីអូអេ ខ្មែរ | ភ្នំពេញ

ស្តាប់ព័ត៌មាន៖ រាយការណ៍ដោយ ហេង រស្មី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១១
MP3 | Windows Media

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ ដែល​បាន​កាន់អំណាច​អស់​រយៈពេល​ជាង​៣០​ឆ្នាំ ​មាន​ប្រសាសន៍​ថា ​នេះ​គឺ​ជា​ការ​ប្រមាថ​ដល់​អាយុ​ជីវិត​របស់​លោក ហើយ​លោក​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ប្រឆាំង​នឹង​អ្នក​នោះ។ (រូបថត៖ AP)

លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែល បាន កាន់អំណាច អស់ រយៈពេល ជាង ៣០ ឆ្នាំ មាន ប្រសាសន៍ ថា នេះ គឺ ជា ការ ប្រមាថ ដល់ អាយុ ជីវិត របស់ លោក ហើយ លោក នឹង ចាត់ វិធានការ តាម ផ្លូវ ច្បាប់ ដើម្បី ប្រឆាំង នឹង អ្នក នោះ។ (រូបថត៖ AP)

នៅ​ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣​ពី​ទី​ក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅ​ខេត្ត​កំពត លោក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ជា​សាធរណៈ​ថា ​លោក​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ ​ដើម្បីប្រឆាំង​នឹង​អ្នក​រិះគន់​ដែល​បាន​ប្រដូច​ជោគវាសនា​របស់​គាត់​ទៅ​នឹង​លោក​កាដាហ្វី។

«កុំលេង​កាដាហ្វី ​ខ្ញុំ​នឹង​ធ្វើ​សកម្មភាព។ អត់​ឱន​មិន​បាន​ទេ​ ព្រោះ​នេះ​គឺ​ជា​ការ​ប្រមាថ​អាយុ​ជីវិត។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ​ខ្ញុំ​នឹង​មិន​ធ្វើ​សកម្មភាព​ហិង្សា​ទេ ​ខ្ញុំ​នឹង​ធ្វើ​សកម្មភាព​តាម​ផ្លូវ​ច្បាប់។​ ឲ្យ​តែ​ចាប់​បានការ​ធ្វើ​សកម្មភាព​បែប​នេះ​ទៀត ខ្ញុំ​នឹង​ធ្វើ​សកម្មភាព»។

លោក​ ម៉ូម៉ា កាដាហ្វី ​មេដឹកនាំ​ផ្តាច់ការ​នៃ​ប្រទេស​លីប៊ី ​ក្រោយ​ពី​បាន​ដឹកនាំ​ប្រទេស​អស់​រយៈពេល​ជាង​៤២​ឆ្នាំ ​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ក្រុម​បដិវត្តន៍​លីប៊ី ​ហើយ​សាកសព​របស់​លោក​ត្រូវ​បាន​ដាក់​ជា​សាធារណៈ​មុន​ពេល​យក​ទៅ​បញ្ចុះ។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ ដែល​បាន​កាន់អំណាច​អស់​រយៈពេល​ជាង​៣០​ឆ្នាំ ​មាន​ប្រសាសន៍​ថា ​នេះ​គឺ​ជា​ការ​ប្រមាថ​ដល់​អាយុ​ជីវិត​របស់​លោក ហើយ​លោក​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ប្រឆាំង​នឹង​អ្នក​នោះ។

ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ បើទោះបី​ជា​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​ក៏​ដោយ​ ក៏ត្រូវ ​បាន​គេ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​តុលា ​កន្លង​ទៅ​នេះ ​លោក​ គង់​​ គាំ ​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​ បាន​មាន​ប្រសាសន៍​នៅ​ទីស្នាក់ការ​គណបក្ស​សម​ រង្សី ​ដោយ​បាន​ធ្វើការ​ប្រដូច​ចំៗ​ថា វាសនា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ នា​ពេល​អនាគត​ នឹង​អាចដូច​មេដឹកនាំ​ផ្តាច់ការ​កាដាហ្វី។

លោក​ គង់ ​គាំ ​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​មិន​អាចស្នើ​សុំ​បំភ្លឺ​បាន​ទេ​ចំពោះ​​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន។ ក៏ប៉ុន្តែ​លោក​យឹម​ សុវណ្ណ ​អ្នកនាំ​ពាក្យ​គណបក្ស​សម ​រង្សី ​បាន​មាន​ប្រសាសន៍​ថា ​វិធានការ​ជា​ច្រើន​ដែល​លោក​ហ៊ុន ​សែន ​ត្រូវ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ដូចជា ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​ការ​រឹបអូសដី​ធ្លី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់​ ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ​នឹង​ការជួញដូរ​ថ្នាំ​ញៀន​ជាដើម ​ហើយ​លោក​ហ៊ុន ​សែន ​មិន​គួរ​ចាប់

អារម្មណ៍​ចំពោះ​អ្វី​ដែល​មន្ត្រី​គណបក្ស​សម ​រង្សី​ បាន​លើក​ឡើង​ទេ។

«យើង​រិះគន់ ​ដើម្បី​ផ្តល់​ន័យ​ស្ថាបនា ​ដើម្បី​កសាង​សង្គម​ជាតិ។ ​អ្នកណា​មាន​មតិ​យ៉ាងណា ​គឺ​ជា​រឿង​របស់​គេ។ ​ខ្ញុំ​មិន​ខ្វល់​ខ្វាយ ​រឿង​កាដាហ្វី ​រឿង​មិន​កាដាហ្វី​ទេ ​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ខាង​ដីធ្លី ​ខាង​អំពើ​ពុករលួយ»។

លោក ​ធន់​ សារ៉ាយ ​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​បាន​និយាយ​ថា ​ការ​បញ្ចេញ​មតិ​ត្រូវ​គោរព​តាម​សេរីភាព​បញ្ចេញ​មតិ ​ហើយ​យើង​មិន​ត្រូវ​ធ្វើ​ការ​ប្រមាថ​អាយុ​ជីវិត​ទេ ​ជា​ពិសេស​លើ​ថ្នាក់​ដឹកនាំ។

លោក​បានមាន​ប្រសាសន៍​ថា ការ​ដួល​រលំ​នៃ​របប​មេដឹកនាំ​ប្រទេស​មួយ​មិន​មាន​ជោគវាសនា​ដូចគ្នា​ទាំងអស់​នោះ​ទេ។

«ការ​ស្លាប់​នេះ ​មិនមែន​សុទ្ធ​តែ​ដួល​របប​មួយ​ទៅ ​អ្នកដឹកនាំមាន​វាសនា​ដូច​លោក​កាដាហ្វី​នោះ​ទេ។ មិនមែន​ទេ វា​ខុសៗ​គ្នា​មិន​ដូច​នៅ​អារ៉ាប់​ទាំង​បួន​ ក៏​មែន​ដួល​រលំ​ សុទ្ធតែ​ត្រូវ​ស្លាប់​ដូច​លោក​កាដាហ្វី​ទាំង​អស់​នោះ​ទេ»។

លោក​បណ្ឌិត ​ឡៅ ​មុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​បានមាន​ប្រសាសន៍​ថា ​ជា​បុគ្គល លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​យ៉ាច​យល់​ឃើញ​ថា ជា​ការប៉ះពាល់​ដល់​កិត្តិយស​របស់​លោក​ វា​អាស្រ័យ​លើ​បរិបទ​អ្នក​និយាយ​តែ​ប៉ុណ្ណោះ។

«អា​នេះ ​ស៊ីសង​អ្នក​បញ្ចេញ​មតិ​នេះ។ ​បញ្ចេញមតិ​តិះតៀន​ត្រង់ៗ ​របៀប​ប្រមាថ​គឺ​អាហ្នឹង​ គេ​អាច​ចោទ​ទ្រកាន់​បាន។ ​ទៅ​ប្រៀបធៀប​បរិបទ ​និង​ការគ្រប់គ្រង់​រដ្ឋ​ផ្សេងៗ។ ​អាហ្នឹង​គឺ​ជា​ការ​បញ្ចេញ​មតិ ​ជាការប្រៀបធៀប​ត្រឹមត្រូវ»។

លោក ​សុខ​ សំអឿន ​នាយក​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ​បាននិយាយ​ថា ​តាមផ្លូវច្បាប់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​អាច​ប្តឹង​បាន ​ក៏ប៉ុន្តែ​វា​អាស្រ័យ​លើ​ចៅក្រម ​វា​អាស្រ័យ​លើ​ចៅក្រម​ និង​ព្រះរាជអាជ្ញា ​ថា​តើ​ការបំពេញ​ការងារ​របស់​ខ្លួន ឯករាជ្យ​ ឬ​មិន​ឯរាជ្យ។

«បើ​ប្តឹង ​ប្តឹង​បទ​បរិហាកេរ្តិ៍។ ​បរិហាកេរ្តិ៍​ត្រឹម​ពិន័យ​ហ្នឹង ​ហើយ​បើ​សិន​គ្រាន់​តែ​ប្រៀប​ប្រដូច​អីញ្ចឹង។ ទស្សនៈ​ដូច​ជា​មិន​បរិហាកេរ្ត៍​ទេ។ ​ប៉ុន្តែ​មិន​ដឹងដែរ ​គ្រាន់​ច្បាប់​វា​ខុស​គ្នា។ ​គេ​យល់​ឃើញ​ខុស​គ្នា»។

ការដួល​រលំ​នៃ​របប​ពិភព​គ្រប់គ្រង​នៃ​អារ៉ាប់ ​បានបង្ក​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ និង​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​វាយប្រហារ​ទៅ​លើ​របប​គ្រប់គ្រង​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ស្រដែង​គ្នា​ទៅ​នឹង​បណ្តាល​ប្រទេស​ដែល​បាន​ដួល​រលំ​ទាំង​នោះ។ ​ក៏ប៉ុន្តែ ​លោក​ហ៊ុន ​សែន​ បាន​និយាយ​ថា កម្ពុជា​ផ្ទុយ​ស្រឡះ ​ដោយ​កម្ពុជា​ មាន​នាយករដ្ឋ​មន្ត្រី​ បាន​ជ្រើស​ចេញ​ពី​ការ​បោះឆ្នោត៕

លោក ហ៊ុន សែន ព្រមាន​ប្ដឹង​អ្នក​​ប្រដូច​លោក​ទៅ​លោក ហ្កាដាហ៊្វី

ដោយ សុខ សេរី
2011-11-14
​វិទ្យុ​អាស៊ីសេរី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ព្រមាន​ថា លោក​នឹង​ប្តឹង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី បើ​សិន​ណា​មន្ត្រី​នោះ​នៅ​តែ​បន្ត​ប្រៀប​ប្រដូច​រូប​លោក​ទៅ​នឹង​មេ​ដឹកនាំ​ប្រទេស​លីប៊ី (Libya) គឺ​លោក មួម៉ារ ហ្កាដាហ៊្វី (Muammar Gaddafi)។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​ផ្លូវ​ជាតិ​លេខ ៣ ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០១១។ (RFA/Sok Serey)

លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង ឱកាស សម្ពោធ ផ្លូវ ជាតិ លេខ ៣ ថ្ងៃ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១១។ (RFA/Sok Serey)

http://flash-mp3-player.net/medias/player_mp3_maxi.swf

លោក មួម៉ារ ហ្កាដាហ៊្វី ​ត្រូវ​​កង​ទ័ព​បក្ស​ប្រឆាំង​គាំទ្រ​ដោយ​អង្គការ ណាតូ (NATO) ចាប់​ខ្លួន​បាន​ទាំង​រស់ ហើយ​បាញ់​សំលាប់​ជា​ក្រោយ កាល​ពី​ខែ​តុលា ​កន្លង​ទៅ​នេះ។

លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ជា​ពិស្ដារ​ថា លោក​នឹង​ប្ដឹង​ទៅ​តុលាការ​នៅ​ពេល​ណា​ជាក់​លាក់​ទេ។ ចំនែក​ឯ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី នោះ ក៏​លោក​មិន​បាន​បញ្ជាក់​ឲ្យ​ចំៗ ឈ្មោះ​ដែរ។ ក៏​ប៉ុន្តែ គេ​បាន​ដឹង​ថា មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស សម រង្ស៊ី នោះ​គឺ​លោក គង់ គាំ ជា​ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី និង​ជា​សមាជិក​ព្រឹទ្ធសភា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ ៣ ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ ទៅ​ខេត្ត​កំពត នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ ជាយ​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ​ចូល​រួម ៥.០០០ នាក់​ថា លោក​មាន​ការ​ឈឺ​ចាប់​ខ្លាំង នៅ​ពេល​ដែល​គេ​ប្រៀប​ប្រដូច​រូប​លោក ទៅ​មេ​ដឹកនាំ​ផ្តាច់ការ ហ្គាដាហ្វី នោះ។

ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ប៉ុន្តែ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មិន​ធ្វើ​សកម្មភាព​ហិង្សា​ទេ ឲ្យ​តែ​ចាប់​បាន​អំពី​ការ​ប្រៀបធៀប​បែប​នេះ​តទៅ​ទៀត ខ្ញុំ​និង​ធ្វើ​សកម្មភាព​ផ្លូវ​ច្បាប់។ ការ​ប្រមាថ​អាយុ​ជីវិត​មនុស្ស ទោះ​បី​មិន​ថា​មនុស្ស​នោះ មុខងារ​សាធារណៈ លោក​ឯង ជេរ​អី ជេរ​ទៅ តែ​លោក​ឯង​កុំ​ប្រមាថ​សំលាប់។ អា​ហ្នឹង​ត្រូវ​ចាត់​វិធានការ»។

លោក ហ៊ុន សែន បាន​អធិប្បាយ​ថា បើ​គេ​ប្រៀបធៀប​លោក​ទៅ​នឹង​នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ីត វ៉េឆាឆីវ៉ា ដែល​បាន​ចាញ់​ឆ្នោត នៅ​ក្នុង​ការ​បោះឆ្នោត​កន្លង​មក​នោះ លោក​មិន​ឈឺ​ចាប់​ទេ ដោយសារ​តែ​មាន​ការ​បោះឆ្នោត​តាម​លទ្ធិ​ប្រជាធិបតេយ្យ។

លោក ហ៊ុន សែន៖ «ព្រោះ​អង្គហេតុ​រឿង ហ្គាដាហ្វី បើ​លោក​ឯង​ប្រៀបធៀប​ជាមួយ អ្នក​មេ​ដឹកនាំ​ចាញ់​ឆ្នោត​ចុះ​ចេញ​ពី​តំនែង អូខេ»។

ប្រតិកម្ម​ទៅ​នឹង​ប្រសាសន៍​នេះ ប្រធាន​ស្ដីទី​នៃ​គណបក្ស សម រង្ស៊ី លោក គង់ គាំ មាន​ប្រសាសន៍​បំភ្លឺ នៅ​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា​ថា លោក​មិន​មាន​ចេតនា​ប្រមាថ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ៖ «ពួក​យើង​ប្រៀប​លោក​ត្រឹម​តែ​កាន់​អំណាច​វែង​ឆ្ងាយ ហើយ​និង​ក្នុង​អំណាច​របស់​លោក មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​ប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​បាទ»។

កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ លោក គង់ គាំ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នានា ប្រៀបប្រដូច​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​នឹង​លោក ហ្គាដាហ្វី ជា​មេ​ដឹកនាំ​ប្រទេស លីប៊ី ដែល​គេ​យល់​ថា​ជា​មេ​ដឹកនាំ​មាន​កេរ្តិ៍ឈ្មោះ​ជា​អ្នក​ដឹកនាំ​ដ៏​អាក្រក់។

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​ខ្មែរ​នានា ដែល​ជេរ​ប្រមាថ​គ្នា​ជា​បុគ្គល​នោះ គឺ​មិន​សមរម្យ និង​ខុស​ក្រម​សីលធម៌៖ «ប្រទេស​រីក​ចំរើន គឺ​គេ​ជជែក​គ្នា។ បាន​ន័យ​ថា គេ​ប្រឈម​មុខ​គ្នា ទៅ​លើ​គោល​នយោបាយ នយោបាយ​ការ​បរទេស គោល​នយោបាយ​ផ្ទៃ​ក្នុង​របស់​ប្រទេស​មួយ។ ហើយ​គណបក្ស​នីមួយៗហ្នឹង មើល​ភាព​ខ្សោយ​ដៃ​គូរ។ អា​ហ្នឹង​គេ​ហៅ​ថា កំរិត​នៃ​ការ​ប្រកួត​ប្រជែង​មាន​ក្រម​សីលធម៌ ក្នុង​អ្នក​នយោបាយ»។

មេ​ដឹកនាំ​នៃ​ប្រទេស លីប៊ី នៅ​ពិភព​អារ៉ាប់ លោក មួម៉ារ ហ្កាដាហ៊្វី ត្រូវ​បាន​កង​ទ័ព​បក្ស​ប្រឆាំង គាំទ្រ​ដោយ​កង​ទ័ព ណាតូ (NATO) ចាប់​ខ្លួន​បាន​ទាំង​រស់ និង​ត្រូវ​បាន​គេ​បាញ់​សំលាប់ នៅ​ថ្ងៃ​ទី ២០ ខែ​តុលា ឆ្នាំ ២០១១ កន្លង​ទៅ​នេះ។

លោក ហ្កាដាហ៊្វី បាន​គ្រប់គ្រង​ប្រទេស លីប៊ី រយៈ​ពេល ៤២ ឆ្នាំ ដោយ​គ្មាន​ឆ្លង​កាត់​ការ​បោះឆ្នោត​ចាប់​តាំង​ពី​ឆ្នាំ ១៩៦៩ មក៕

សម្ដេច​ក្រុមព្រះ​នឹង​ដឹកនាំ​គណបក្ស​ឲ្យ​ក្លាយ​ជា​បក្ស​ធំ​ទី​២

ដោយ ដែន អយុធ្យា
2011-11-16
​វិទ្យុ​អាស៊ីសេរី

ព្រះ​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ បាន​បង្ហាញ​ពី​មហិច្ឆតា​ដឹកនាំ​គណបក្ស​របស់​ខ្លួន​ឲ្យ​ក្លាយ​ជា​បក្ស​ធំ​ទី​ពីរ​ បន្ទាប់​ពី​គណបក្ស​​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច។

អតីត​នាយករដ្ឋមន្ត្រី​ទី​១​កម្ពុជា អាណត្តិ​ទី​១ សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បច្ចុប្បន្ន​ជា​ព្រះ​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ។ ព្រះអង្គ​មាន​បន្ទូល​ថា គណបក្ស​នេះ​មាន​យុទ្ធសាស្ត្រ​ថ្មី​មួយ គឺ​ប្រកាន់​យក​នយោបាយ​និយម​កណ្តាល​ ដោយ​មិន​ប្រឆាំង​នឹង​គណបក្ស​ណា​មួយ ប៉ុន្តែ​គណបក្ស​នេះ​នឹង​ផ្តោត​​​លើ​ការ​បង្រួប​បង្រួម​កម្លាំង​រាជានិយម។

សម្តេច​ក្រុមព្រះ​មាន​បន្ទូល​ដូច្នេះ​ក្នុង​ពិធី​រំលឹក​ខួប ៥​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស នរោត្តម រណឫទ្ធី ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០០៦ – ១៦ វិច្ឆិកា ឆ្នាំ​២០១២ នៅ​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់ ក្រុង​ភ្នំពេញ។ ព្រះ​អង្គ​មាន​ជំនឿ​ថា ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ខាង​មុខ បក្ស​រាជនិយម​របស់​ព្រះអង្គ​នឹង​ទទួល​បាន​អ្នក​គាំទ្រ​ក្នុង​លំដាប់​លេខ​រៀង​បន្ទាប់​ពី​គណបក្ស​ប្រជាជន។

សម្ដេច​ក្រុម​ព្រះ​មាន​បន្ទូល​ដូច្នេះ៖ «ទិសដៅ​ធំ​បំផុត​រួប​រួម​គ្នា ផ្សះផ្សា​ជាតិ​រួម​គ្នា។ មាន​ន័យ​ថា គណបក្ស នរោត្តម រណឫទ្ធិ ខ្ញុំ​យល់​ថា មាន​ទិសដៅ​សំខាន់​បំផុត​ក្នុង​ការ​ដោះស្រាយ​បញ្ហា គឺ​ការ​បូក​គ្នា ការ​បង្រួបបង្រួម​ទៅ​កម្លាំង​ជាតិ​ដើម្បី​បំរើ​ជាតិ​នេះ​ឯង»។

​នៅ​ក្នុង​ពិធី​នេះ ​សម្ដេច​ក្រុមព្រះ​ក៏​បាន​បដិសេធ​មិន​បង្រួបបង្រួម ឬ​ក៏​ចូល​រួម​ជាមួយ​គណបក្ស​ប្រឆាំង​ណា​មួយ​នោះ​ទេ។

ទាក់ទង​បន្ទូល​សម្ដេច​ក្រុមព្រះ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា លោក​មិន​មាន​ជំនឿ​ថា ការ​វិល​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​របស់​ព្រះអង្គ​អាច​មាន​ពលរដ្ឋ​គាំទ្រ​ទៀត​ទេ ព្រោះ​លោក​យល់​ថា ប្រជាពលរដ្ឋ​ខ្មែរ​បាន​អស់​ជំនឿ​ទៅ​លើ​​ការ​ដឹកនាំ​របស់​ព្រះអង្គ​ចាប់​តាំង​ពី​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣ មក​ម្ល៉េះ។

លោក កឹម សុខា បន្ថែម៖ «សម្ដេច​ក្រុម​ព្រះ​លោក​អស់​តម្លៃ​ហើយ​នៅ​ក្នុង​ឆាក​នយោបាយ​ខ្មែរ ព្រោះ​លោក​ធ្លាប់​គេ​ឲ្យ​ឈ្នះ​ហើយ ហើយ​ដល់​ទៅ​ឈ្នះ​ហើយ​ធ្វើ​មិន​កើត​ផង។ ដូច្នេះ​គ្មាន​គោលនយោបាយ​អី​មក​ទៀត​ទេ និង​រឹតតែ​មិន​មែន​ជា​គូប្រកួត​របស់​គណបក្ស​សិទ្ធិ​មនុស្ស។ គណបក្ស​សិទ្ធិ​មនុស្ស គូ​ប្រកួត​គឺ​គណបក្ស​ប្រជាជន​កម្ពុជា»។
បន្ថែម​លើ​នេះ លោក កឹម សុខា បាន​ពោល​ចំអក​ថា ការ​បោះ​ឆ្នោត​សកល​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ ខាង​មុខ គណបក្ស នរោត្តម រណឫទ្ធិ ស្ទើរ​រក​​មិន​បាន​១​អាសនៈ​ក្នុង​រដ្ឋ​សភា​ផង​ទេ កុំ​ថា​ឡើយ​ដល់​ទៅ​ក្លាយ​ជា​បក្ស​ធំ​ទី​២ បន្ទាប់​ពី​បក្ស​កាន់​អំណាច​នោះ»។

មិន​ខុស​គ្នា​ទេ​សម្រាប់​លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា សម្តេច​​ក្រុមព្រះ​មិន​អាច​កែ​នគរ​ឲ្យ​ពលរដ្ឋ​ខ្មែរ​វិល​មក​គាំទ្រ​ព្រះអង្គ​ដូច​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ទៀត​នោះ ​​មិន​អាច​ទៅ​រួច​ទេ។

លោក​បណ្ឌិត សុខ ទូច បន្ថែម៖ «បើ​ព្រះអង្គ​ជឿ​ជាក់​ថា អាច​ក្លាយ​ជា​គណបក្ស​ធំ​ទីពីរ​វា​អត់​អាច​ទៅ​រួច​ទេ។ ទី​១ លោក​បាន​ក្លាយ​ទៅ​ជា​គណបក្ស​ធំ​ទី​១ ហើយ​មក​គណបក្ស​ធំ​ទី​២ ហើយ​រហូត​ដល់​ស្ទើរ​តែ​គ្មាន​សំឡេង​ទៀត»។

លោក​បាន​ចាត់​បន្ទូល​សម្ដេច​ក្រុមព្រះ​ថា ជា​បន្ទូល​លួងលោម​ចិត្ត ឬ​ក៏​លើក​ទឹក​ចិត្ត​សមាជិក​គាំទ្រ​គណបក្ស នរោត្តម រណឫទ្ធិ ដែល​មាន​វត្តមាន​នៅ​ក្នុង​ពិធី​អ្វី​មួយ។ ប៉ុន្តែ​ជាក់ស្ដែង​ពលរដ្ឋ​បាន​អស់​ជំនឿ​ទៅ​លើ​ការ​ដឹកនាំ​របស់​ព្រះអង្គ​ទៅ​ហើយ។

សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​វិល​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ និង​ដឹកនាំ​គណបក្ស នរោត្តម រណឫទ្ធិ មាន​រយៈ​ពេល​ជិត​មួយ​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១០។

ការ​វិល​មក​ឆាក​នយោបាយ​ជា​ថ្មី ព្រះអង្គ​បាន​ជ្រើស​យក​ជំហរ​នយោបាយ​កណ្តាល និង​ស្វែង​រក​ដោះស្រាយ​បញ្ហា​ជាតិ​​ក្រោម​ដំបូល​​រាជបល្ល័ង្ក។

បន្ថែម​លើ​នេះ បេសកកម្ម​នយោបាយ​របស់​ព្រះអង្គ​ គឺ​ប្រមូល​អ្នក​រាជានិយម​ និង​អ្នក​ជាតិ​និយម​ឲ្យ​រួម​គ្នា ប៉ុន្តែ​ឲ្យ​មិន​​ប៉ះពាល់​គណបក្ស​ប្រឆាំង ជា​ពិសេស​មិន​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ៕

គណបក្ស នរោត្តម រណឫទ្ធិ មិន​ចូលរួម​ការបោះឆ្នោត​ព្រឹទ្ធសភា នៅ​ឆ្នាំក្រោយ​ឡើយ

ដោយ : សុខ ភក្តី
ថ្ងៃទី 15 វិច្ឆិកា 2011
CEN

ភ្នំពេញ: ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​វិច្ឆិកា ឆ្នាំ​២០១១​ថា គណបក្ស​របស់​ព្រះអង្គ នឹង​មិន​ចូលរួម​ការបោះឆ្នោត​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​២៩​មករា ឆ្នាំ​២០១២​ឡើយ​។ ការសម្រេច​ដូច្នេះ ដោយសារ​តែ​ការបោះឆ្នោត​ព្រឹទ្ធសភា ធ្វើឡើង​អសកល ដែល​មាន​តែ​សមាជិក​រដ្ឋសភា និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ជា​អ្នកបោះឆ្នោត ហើយ​គណបក្ស​នរោត្តម រណឫទ្ធិ មាន​សម្លេង​មិន​គ្រប់គ្រាន់​។​

​ក្នុង​បទសម្ភាសន៍​ដល់​អ្នកកា​សែ​ត The Cambodia Herald និង CEN នៅ​ព្រឹក​ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០១១ នៅ​ទីស្នាក់ការ​កណ្តាល គណបក្ស នរោត្តម រណឫទ្ធិ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​មាន​ព្រះបន្ទូល​យ៉ាងខ្លី​ថា “​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា គឺ​គណបក្ស​យើងខ្ញុំ​គ្មានទេ​។ ជម្រាប​ត្រង់​ថា យើងខ្ញុំ​គ្មាន​បេក្ខជន ពីព្រោះ​ដាក់​ទៅ​ធ្វើ​អី បើ​សម្លេង​វា​មិន​គ្រប់គ្រាន់​”​។​

​ការបោះឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី​៣ នា​ថ្ងៃ​ទី​២៩​មករា ឆ្នាំ​២០១២ ធ្វើឡើង​ជា​លក្ខណៈ​អសកល គឺមាន​តែ​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​សមាជិក​រដ្ឋសភា ( អ្នកតំណាងរាស្ត្រ ) ប៉ុណ្ណោះ ជា​អ្នកបោះឆ្នោត​។​

​សម្រាប់​គណបក្ស នរោត្តម រណឫទ្ធិ មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទូទាំង​ប្រទេស ចំនួន ៤២៥ រូប និង​សមាជិក​រដ្ឋសភា​ចំនួន ២ រូប​។ ចំនួន​អ្នកបោះឆ្នោត​នេះ គឺ​មិន​គ្រប់​ចំនួន​មួយ​អាសនៈ នៅ​ព្រឹទ្ធសភា តាម​ភូមិភាគ ដែល​បាន​កំណត់​ឡើយ​។​

​មកដល់​ថ្ងៃ​ទី​៨​វិច្ឆិកា ឆ្នាំ​២០១១ គ​.​ជ​.​ប​. បានប្រកាសថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ប៉ុណ្ណោះ ដែល​ត្រូវបាន គ​.​ជ​.​ប​. ទទួលស្គាល់​ជា​ផ្លូវការ លើ​ពាក្យសុំ​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ក្នុងការ​បើ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។​

​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​បេក្ខជន​ពេញសិទ្ធិ​ចំនួន ៥៧ រូប និង​បេក្ខជន​បម្រុង​ចំនួន ៥៧ រូប ដែល​បាន​ឈរ​ឈ្មោះ​នៅ​តាម​មណ្ឌល​ភូមិភាគ​ទាំង ៨​។​

​ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា ៦១ រូប គឺមាន ៥៧ រូប ត្រូវ​ជ្រើសតាំង​ដោយ​ការបោះឆ្នោត​អសកល​។ ចំណែក ២ រូប ត្រូវបានតែងតាំង​ដោយ​រដ្ឋសភា និង ២ រូប​ទៀត ត្រូវបាន​ជ្រើសតាំង​ពី​ព្រះមហាក្សត្រ​៕

គណបក្ស នរោត្តម រណឫទ្ធិ ក្នុង​នយោបាយ​ប្រមូល​សម្លេង​អ្នករាជានិយម រយៈពេល ៥ ឆ្នាំ

ដោយ : សុខ ភក្តី
ថ្ងៃទី 15 វិច្ឆិកា 2011
CEN

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេល​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត The Cambodia Herald កាសែត​អន​ឡា​ញ CEN និង​កាសែត​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០១១ នៅ​ទីស្នាក់ការ​គណបក្ស​នរោត្តម រណឫទ្ធិ​៕ (រូបថត​៖ ស៊ីវ ចាន់ណា)

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេល ផ្តល់ បទសម្ភាសន៍ ដល់ អ្នកកាសែត The Cambodia Herald កាសែត អន ឡា ញ CEN និង កាសែត រស្មី កម្ពុជា កាលពី ព្រឹក ថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០១១ នៅ ទីស្នាក់ការ គណបក្ស នរោត្តម រណឫទ្ធិ ៕ (រូបថត ៖ ស៊ីវ ចាន់ណា)

ភ្នំពេញ: គណបក្ស នរោត្តម រណឫទ្ធិ បាន​បង្កើតឡើង កាលពី​ថ្ងៃ​ទី​១៦​វិច្ឆិកា ឆ្នាំ​២០០៦ តាមរយៈ​ការប្តូរឈ្មោះ​ពី​គណបក្ស​រណសិរ្ស​ជនជាតិខ្មែរ របស់លោក ស៊ុត ឌី​ណា និង​កញ្ញា ស៊ុន សុគន្ធ​មាលា ដោយ​ជ្រើសតាំង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ព្រះប្រធាន​។ មកដល់​ថ្ងៃ​ទី​១៦​វិច្ឆិកា ឆ្នាំ​២០១១ គឺ​រយៈពេល ៥ ឆ្នាំ​គត់​។ ក្នុង​ខួប​គម្រប់ ៥ ឆ្នាំ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ផ្តល់​បទសម្ភាសន៍​ផ្តាច់មុខ ដល់​កាសែត​អន​ឡាញ The Cambodia Herald និង CEN ព្រមទាំង​កាសែត​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០១១​។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេល​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត The Cambodia Herald កាសែត​អន​ឡា​ញ CEN និង​កាសែត​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០១១ នៅ​ទីស្នាក់ការ​គណបក្ស​នរោត្តម រណឫទ្ធិ​៕ (រូបថត​៖ ស៊ីវ ចាន់ណា)​

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេល ផ្តល់ បទសម្ភាសន៍ ដល់ អ្នកកាសែត The Cambodia Herald កាសែត អន ឡា ញ CEN និង កាសែត រស្មី កម្ពុជា កាលពី ព្រឹក ថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០១១ នៅ ទីស្នាក់ការ គណបក្ស នរោត្តម រណឫទ្ធិ ៕ (រូបថត ៖ ស៊ីវ ចាន់ណា)

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​មាន​ព្រះ​បន្ទូល​ថា ក្រោយ​ពី​ចូលប្រឡូក​ឡើងវិញ ក្នុង​ឆាកនយោបាយ រយៈពេល​ជិត​មួយឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១១​ធ្នូ ឆ្នាំ​២០១០ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ដាក់ចេញ​នូវ​គោល​នយោបាយ​ថ្មី​មួយ ដែល​ជា​នយោបាយ​កណ្តាល ប្រមែប្រមូល​ឲ្យមាន​ការ​រួម​គ្នា ដោះស្រាយ​បញ្ហា​ជាតិ នៅ​ក្រោម​ដំបូល​រាជបល្ល័ង្គ​។ ជារួម បេសកកម្ម​នយោបាយ សន្តិវិធី​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នៅពេលនេះ គឺ​ប្រមូល​អ្នករាជានិយម និង​អ្នក​ជាតិនិយម ហើយ​មិន​ប៉ះពាល់​គណបក្សប្រឆាំង ជាពិសេស​មិន​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។

​សំណួរ​៖ ក្នុង​រយៈពេល ៥ ឆ្នាំ ដែល​គណបក្ស​នរោត្តម រណឫទ្ធិ បាន​បង្កើតឡើង រហូតដល់​ពេល​នេះ តើ​មាន​ការវិវឌ្ឍ​រីកចំរើន និង​ឧបស័គ្គ​អ្វី​ខ្លះ​?

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​៖ មុន​នឹង​ធ្វើការ​បកស្រាយ​លើ​សំណួរ​នេះ ខ្ញុំ​សូម​ជម្រាប​ជូន​យ៉ាង​ខ្លី ពី​មូលហេតុ​នៃ​ការបង្កើត​គណបក្ស នរោត្តម រណឫទ្ធិ គឺ​មកពី​ការធ្វើ​បក្ស​ប្រហារ​ពី​សំណាក់​លោក ញឹក ប៊ុនឆៃ និង​ក្រុម​របស់​លោក ដោយ​រំលោភ​លើ​បទបញ្ជាផ្ទៃក្នុង និង​លក្ខន្តិកៈ​របស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​។ ការបង្កើត​គណបក្ស​នរោត្តមរណឫទ្ធិ ក្នុង​រយៈពេល ៥ ឆ្នាំនេះ គឺជា​ការចាំបាច់​ណាស់ មិនមែន​ជា​ការចាំបាច់ ក្នុងន័យ​សងសឹក​ទេ​។ ខ្ញុំ​មិន​ចេះ​ទេ ហើយ​មិន​មាន​ប្រយោជន៍​។ តែ​ជា​ការចាំបាច់​ក្នុង​បំណង​ថែរក្សា​នូវ​អ្នករាជានិយម អ្នក​សីហនុ​និយម ដែល​ពេលនោះ មួយចំនួន មិន​ទៅ​តាម​លោក ញឹក ប៊ុនឆៃ និង​លោក កែវ ពុទ្ធ​រស្មី ទេ​។ ដូច្នេះ​ខ្ញុំ​គ្មាន​ជម្រើស​អ្វី ក្រៅតែពី​ការបង្កើត​គណបក្ស​នរោត្តម​រណឫទ្ធិ ដើម្បី​ថែរក្សា ប្រមែប្រមូល ដើម្បី​កុំឲ្យ​វា​បាត់បង់​នូវ​កេរ្តិ៍តំណែង​ពី​សម្តេច​ព្រះ នរោត្តម សីហនុ ដែល​ខ្ញុំ​បាន​ទទួល​នៅ​ឆ្នាំ​១៩៩១ ក្នុង​ក្របខណ្ឌ​ហ្វ៊ុន​ស៊ិនប៉ិច​។ ម្យ៉ាងទៀត ខ្ញុំ​មើល​ឃើញ​ថា កម្លាំង​រាជានិយម និង​សីហនុ​និយម នៅ​រស់រាន​មានជីវិត ហើយ​យើង​ក៏​មាន​បញ្ហា​ជាតិ ដែល​ត្រូវ​ដោះស្រាយ​។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេល​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត The Cambodia Herald កាសែត​អន​ឡា​ញ CEN និង​កាសែត​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០១១ នៅ​ទីស្នាក់ការ​គណបក្ស​នរោត្តម រណឫទ្ធិ​៕ (រូបថត​៖ ស៊ីវ ចាន់ណា)

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេល ផ្តល់ បទសម្ភាសន៍ ដល់ អ្នកកាសែត The Cambodia Herald កាសែត អន ឡា ញ CEN និង កាសែត រស្មី កម្ពុជា កាលពី ព្រឹក ថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០១១ នៅ ទីស្នាក់ការ គណបក្ស នរោត្តម រណឫទ្ធិ ៕ (រូបថត ៖ ស៊ីវ ចាន់ណា)

​ដូច្នេះ ខ្ញុំ​ក៏​ត្រឡប់​មក​ធ្វើ​នយោបាយ​វិញ ដើម្បី​ប្រមែប្រមូល​កម្លាំង​រាជានិយម ដែល​នៅ​រប៉ាត់រប៉ាយ ដើម្បី​ក្លាយជា​កម្លាំង​ជាតិ​ដ៏​ធំ​មួយ​។ បក្ស​ប្រឆាំង​នៅ​កម្ពុជា​យើង ពុំទាន់​មាន​វប្បធម៌​ទេ​។ ដូច្នេះ​ខ្ញុំ​នៅ​តែ​យល់​ថា ដូច​សម្តេច​តា​សម្តេច​តា​ទូត បាន​មាន​ព្រះរាជឱង្ការ កាលពី​ថ្ងៃ​ទី​៥​វិច្ឆិកា ឆ្នាំ​២០០៣ ក្នុង​ការបង្រួបបង្រួម ក្រោយ​ការបោះឆ្នោត​។ តែ​លោក​សម​រង្ស៊ី មិន​ព្រម​ចូលរួម​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នោះ​។​

​តែ​ឥឡូវ​យើង​ប្រមែប្រមូល ខ្ញុំ​កម្លាំង​ជាតិ​អ្នករាជានិយម និង​អ្នក​សីហនុ​និយម បូក​នឹង​កម្លាំង​ជាតិ​មួយ​ទៀត គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បម្រើ​ប្រទេសជាតិ​មាតុភូមិ ហើយ​ទាំងអស់​នេះ ក៏ដូចជា ស៊ីចង្វាក់​នឹង​ព្រះរាជឱង្ការ​របស់​ព្រះករុណា នៅ​ថ្ងៃ​ទី​៣០​តុលា ឆ្នាំ​២០១១ ដែលថា ខ្មែរ​រួបរួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​។​

​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ ក្រោយ​ពី​ខ្ញុំ​វិល​ចូល​មក​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ (កាលពី​ថ្ងៃ​ទី​១៦​វិច្ឆិកា ឆ្នាំ​២០១០) គឺ​ខ្ញុំ​យល់ថា ខ្ញុំ​ដូចជា​ទទួលបាន​ជោគជ័យ​មធ្យម​ក្នុង​ការប្រមែប្រមូល​សម្លេង​ដែល​បែកបាក់ សម្លេង​ដែល​អស់សង្ឃឹម គឺ​អ្នក​សីហនុ​និយម អ្នករាជានិយម និង​អ្នកស្នេហាជាតិ​មួយចំនួន នៅក្នុង​ក្របខណ្ឌ​គណបក្ស​នរោត្តម រណឫទ្ធិ​។

​អំពី​ឧបស័គធំ​បំផុត គឺ​បងប្អូន ដែល​ចេញពី​គណបក្ស ដោយសារ​អវត្តមាន​របស់​ខ្ញុំ និង​ដោយសារ​តែ​អវត្តមាន​នៃ​គណបក្ស​រាជានិយម​ពិតប្រាកដ​ផង លោក​ក៏​ទៅ​ចូលរួម​ក្នុង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​កឹម​សុខា ព្រម​ទាំង​គណបក្ស​មួយចំនួនទៀត​។ ដូច្នេះ​នេះ​ជា​ឧបស័គ្គ​របស់ខ្ញុំ ក្នុង​ការប្រមែប្រមូល​អ្នករា​ជា​និយម និង​អ្នក​សីហនុ​និយម ឲ្យបាន​នៅក្នុង​ក្របខណ្ឌ​តែមួយ គឺ​គណបក្ស​នរោត្តម រណឫទ្ធិ​។​

​សំណួរ​៖ សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១២ និង​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣ តើ​ព្រះអង្គ បាន​ត្រៀម​ជា​យុទ្ធសាស្ត្រ​ផ្នែក​នយោបាយ និង​ផែនការ​ផ្សេងៗ ដើម្បី​យក​ជ័យជម្នះ​លើ​ការបោះឆ្នោត​នេះ យ៉ាងដូចម្តេច​, ក្រាប​ទូល​?

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​៖ អ្វី​ដែល​ខ្ញុំ​ចាប់​ស្ថាបនា អនុវត្ត​ឡើង​វិញ គឺ​ការបង្រួបបង្រួម​កម្លាំង​ជាតិ ដែល​តំណាង​ដោយ​អ្នក​សីហនុ​និយម អ្នករាជានិយម និង​អ្នកស្នេហាជាតិ មិនទាន់​បាន​អនុវត្ត ១០០% ទេ មកដល់ពេលនេះ​។ ដូច្នេះ​យើង​ត្រូវ​បន្ត ជាមួយ​នឹង​គោល​ជំហរ​ច្បាស់​។ ទី​១-​គោលនយោបាយ ដែល​យើង​បាន​ធ្វើ​ហើយ តែ​គោលនយោបាយ​នោះ មាន​ប្រសិទ្ធភាព វា​អាស្រ័យ​លើ​ការអនុវត្ត​។ ដូច្នេះ​ខ្ញុំ​យល់ថា យើងខ្ញុំ​មាន​គោលនយោបាយ​ច្បាស់លាស់​។ ដូច្នេះ​ខ្ញុំ​នៅ​បន្ត​អា​ហ្នឹង ដើម្បី​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១២ និង​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ​២០១៣​។ ទី​២-​រៀបចំ​រចនាសម្ព័ន្ធ ដោយសារ​តែ​យើង​នៅ​ខ្វះ​មធ្យោបាយ គឺ​យើង​មិន​អាច​រៀបចំ​រចនាសម្ព័ន្ធ​ឲ្យបាន​នៅ​គ្រប់​ភូមិ​នៅ​ឡើយ​ទេ ពីព្រោះ​យើង​ត្រូវ​ប្រមែប្រមូល​កម្លាំង​អស់ទាំង​ហ្នឹង ដើម្បី​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។ ទី​៣-​មធ្យោបាយ គឺ​យើង​នៅ​ខ្វះខាត​។​

​សម្រាប់​ការបោះឆ្នោត​សកល នៅ​ឆ្នាំ​២០១៣ ខ្ញុំ​មាន​ជំនឿ​ថា ខ្ញុំ​នឹង​ប្រមែប្រមូល​បាន អ្នករាជានិយម អ្នក​សីហនុ​និយម និង​អ្នកស្នេហាជាតិ ហើយ​ខ្ញុំ​អត់​ទៅ​យក​សម្លេង​ពី​សមរង្ស៊ី និង​សម្លេង​កឹម​សុខា​ទេ ខ្ញុំ​គ្រាន់តែ​សុំ​សម្លេង​រាជានិយម សម្លេង​សីហនុ​និយម និង​សម្លេង​អ្នកស្នេហាជាតិ ដែល​បាន​ចូលទៅ ដោយសារតែ​អវត្តមាន​របស់​ខ្ញុំ និង​ដោយសារ​មូលហេតុ​ផ្សេងៗ ចូល​ទៅ​នៅ​គណបក្ស​ទាំង​ពីរ​នោះ សុំ​ឲ្យ​អញ្ជើញ​ត្រឡប់​មក​រួមរស់​នៅក្នុង​ក្របខណ្ឌ​នៃ​គណបក្ស​នរោត្តម​រណឫទ្ធិ​វិញ​។ ដូច្នេះ​គណបក្ស​របស់​ខ្ញុំ អត់​មាន​ទៅ​យក​របស់​នរណា​ទេ​។ គណបក្ស​ប្រជាជន រឹតតែ​លែង​ប៉ះ​ទៀតហើយ​។ សមរង្ស៊ី ក៏​មិន​ប៉ះ​។ កឹម​សុខា ក៏​មិន​ប៉ះ គ្រាន់តែ​សុំ​ឲ្យ​សម្លេង​អ្នករាជានិយម អ្នក​សីហនុ​និយម និង​អ្នកស្នេហាជាតិ វិលត្រឡប់​មក​ក្នុង​គណបក្ស​នរោត្តម រណឫទ្ធិ​វិញ ឲ្យក្លាយ​ទៅ​ជា​កម្លាំង​ជាតិ ដើម្បី​បូក​ជាមួយ​កម្លាំង​ជាតិ ( គណបក្ស​ប្រជាជន​កម្ពុជា )​។ យើង​បូក​គ្នា ដូច​ដែល​ធ្លាប់​ធ្វើ​ពីមុន តាម​ព្រះរាជ​ឱវាទ​របស់​ព្រះករុណា ខ្ញុំ​យល់​ថា យើង​នឹង​ដោះស្រាយ​បញ្ហា​ជាតិ​បាន​។ ដូច្នេះ​យើង​ដើរ​ផ្លូវ​នេះ ដែល​ជា​ផ្លូវកណ្តាល គឺ​យើង​មិន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ក៏​ប៉ុន្តែ​ក៏​យើង​មិន​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​ដែរ​។ ខ្ញុំ​យល់​ថា ផ្លូវ​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន គ្មាន​ប្រសិទ្ធភាព បានត្រឹមតែ​ពិរោះ តែ​វា​ពុំមាន​លទ្ធភាព​នឹង​ដោះស្រាយ​បញ្ហា​ជាតិ​បាន​ទេ​។​

​និយាយ​សរុបទៅ បើ​យើង​ធ្វើ​តាម​ព្រះរាជ​ឱវាទ​របស់​ព្រះករុណា​ជា​អង្គ​ម្ចាស់ កម្លាំង​ជាតិ បូក​នឹង​កម្លាំង​ជាតិ ដើម្បី​បម្រើ​ជាតិ និង​ដោះស្រាយ​បញ្ហា​ជាតិ ដូច្នេះ​ខ្ញុំ​ថា នយោបាយ​កណ្តាល​នេះ ប្រហែលជា​មាន​អ្នកគាំទ្រ​ច្រើន ហើយ​អ្នកខ្លះ​ថា គណបក្ស​ប្រជាជន​កម្ពុជា គេ​មិន​ត្រូវការ​យើង​ទេ តែ​ខ្ញុំ​មិន​យល់​អីចឹង​ទេ ពីព្រោះ​នៅ​ក្នុង​ក្រប​ខណ្ឌ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មាន​អ្នកស្នេហាជាតិ​ដែរ​។ ប្រសិន​បើ​បូក​កម្លាំង​ទាំងពីរ​នេះ បញ្ហាដីធ្លី បញ្ហា​ព្រំដែន បញ្ហា​ពុករលួយ និង​បញ្ហា​សង្គម គឺ​យើង​ប្រហែលជា​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​។​

​ខ្ញុំ​យល់​ថា ខ្ញុំ​ធ្លាប់​ធ្វើការ​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​សែន ច្រើន​ឆ្នាំ​ណាស់​ហើយ​។ ការជួប​គ្នា​នៅ​ថ្ងៃ​៣០​តុលា ឆ្នាំ​២០១១ អោប​ថើប​គ្នា មិនមែន​ដើម្បី​តែ​ល្អមើល​ទេ​។ ខ្ញុំ​សូម​តែ​បម្រើ​ជាតិ នៅ​ក្នុង​អាយុ​ចុងក្រោយ​របស់​ខ្ញុំ ពេលនេះ​។ ខ្ញុំ​មិន​ទៅ​ជាមួយ​សមរង្ស៊ី និង​កឹម​សុខា​ទេ មាន​តែ​ទៅ​បូក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​។ ដូច្នេះ​មានតែ​ផ្សះផ្សា រួបរួម ក្នុង​ដំបូល​តែមួយ គឺ​រាជានិយម ដែល​ខ្ញុំ​បាន​នាំ​មក​នៅ​ឆ្នាំ​១៩៩៣ ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​របស់​ជាតិ​។

​សំណួរ​៖ ចំពោះ​ការ​អោបថើប និង​ទំនាក់ទំនង​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី និង​ព្រះអង្គ មកដល់ពេលនេះ តើ​មាន​សភាព​បែបណា​ដែរ​, ក្រាប​ទូល​?

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​៖ នៅពេល​ជួប​នៅក្នុង​ព្រះរាជ​ពិធី នៅ​មុខ​ព្រះបរមរាជវាំង មិន​បាន​លើកឡើង​ពី​បញ្ហា​ជាតិ​អ្វី​ទេ ដោយសារ​តែ​ពេល​ខ្លី​។ តែ​នៅក្នុង​ពេល​យើង​មាន​បញ្ហា​ព្រំដែន​ព្រះវិហារ ជាមួយ​ថៃ គឺ​សម្តេច​នាយករដ្ឋមន្ត្រី បាន​ទូរស័ព្ទ​មក​ខ្ញុំ រយៈពេល ១ ម៉ោង ដើម្បី​លើក​ឡើង​ពីអ្វី​ដែល​សម្តេច​បាន​ធ្វើ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រះវិហារ ផ្លូវ​យោធា ផ្លូវ​ទូត​ផង និង​ផ្លូវច្បាប់​ផង​។ ដូច្នេះ​ខ្ញុំ​យល់ថា បើសិនជា​សម្តេច​នាយក លោក​មិន​ឯកភាព​នូវ​អ្វីមួយ​ដែល​ខ្ញុំ​កំពុងតែ​ធ្វើ ក្នុង​ការប្រមែប្រមូល​កម្លាំង​រាជានិយម និង​ជាតិនិយម​នោះ គឺ​សម្តេច​មិន​ទូរស័ព្ទ​មក​ខ្ញុំ​ទេ​។ គណបក្ស​នរោត្តម​រណឫទ្ធិ បានចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​សម្តេច​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​។​ ​សម្តេច​ក៏​បាន​ឆ្លងឆ្លើយ​លិខិត ដែល​មាន​ទាំង​សរសេរ​ផ្ទាល់ដៃ មក​ខ្ញុំ​​ផងដែរ​។​ ​លោក កឹម​សុខា ថា ឥឡូវ​គេ​បញ្ចេញ​អ្នកនយោបាយ​កញ្ចាស់​មួយ​មក ដើម្បី​បំបែក​សម្លេង​អ្នកប្រជាធិបតេយ្យ​របស់​យើង​។ តែ​ខ្ញុំ​សូមជម្រាបថា អ្នក​នយោបាយ​នេះ ជើងចាស់​មែន ព្រោះ ៦៧ , ៦៨ ហើយ​។ តែ​ខ្ញុំ​យល់ថា សម្តេច​ហ៊ុន​សែន ដែលជា​អ្នក​នយោបាយ​ជើងចាស់​ដែរនោះ បើ​តាម​សម្តេច​ឳ​… ខ្ញុំ​ប្រមែប្រមូល​សម្លេង ដែលរ​ប៉ាប់​រប៉ាយ ដើម្បី​ទៅ​ដោះស្រាយ​បញ្ហា​ជាតិ​។ ដូច្នេះ​ខ្ញុំ​យល់ថា សម្តេច​ឳ ព្រះករុណា និង​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​សែន លោក​យល់ថា បើ​យើង​មានឱកាស ក្នុង​ការបង្រួបបង្រួម​ជាតិ កម្លាំង​លោក កម្លាំង​អ្នករាជានិយម នៅក្នុង​ដំបូល​រាជបល្ល័ង្គ​ ខ្ញុំ​ថា​នេះ​ជា​ឱកាស​ផ្តល់​ឲ្យ​ខ្មែរ ដោះស្រាយ​បញ្ហា​ខ្មែរ​។ កំហុស​របស់​លោក​សម​រង្ស៊ី ដែល​ជា​ទម្លាប់​អាក្រក់​របស់​គាត់ គឺ​ស្អី​ឡើង គាត់​ពឹង​បរទេស​។ តែ​ខ្ញុំ​មិនដែល​ឃើញ​បរទេស​ណា មក​ជួយ​ខ្មែរ​ទេ​។ មាន​តែ​ខ្មែរ​ទេ ជួយ​ខ្មែរ​។ ម្លោះ​ហើយ ខ្ញុំ​យល់​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បើ​ចង់ឲ្យ​កម្ពុជា​មាន​រស្មី​ឡើង​វិញ ទាល់តែ​ធ្វើតាម​ព្រះរាជឱង្ការ​របស់​ព្រះករុណា ក្នុង​ការរួបរួម​គ្នា បូក​កម្លាំង​ជាតិ នៅ​ក្រោម​ដំបូល​រាជបល្ល័ង្គ​។ មិនមែន​ក្បត់ជាតិ មិនមែន​ជា​នយោបាយ​បំបែកបំបាក់ មិនមែន​ជា​នយោបាយ​ធ្វើ​ឲ្យ​ជាតិ​វេទនា បង្ហូរ​ឈាម​ទេ​។

​សំណួរ​៖ ចំពោះ​ការប្រមែប្រមូល​អ្នករាជានិយម និង​អ្នក​ជាតិនិយម មកដល់ពេលនេះ តើ​មាន​កម្រិត​បែប​ណា​ហើយ​, ក្រាប​ទូល​?

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​៖ អ្នករាជានិយម និង​អ្នក​ជាតិនិយម បើសិនជា​ប្រមែប្រមូល​បាន គឺ​ជា​កម្លាំង​ទី​២ នៅ​កម្ពុជា​។ អាសនៈ នៅ​ក្របខណ្ឌ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ មាន​អាសនៈ​តិច​បំផុត នា​ពេល​ខាង អាច​កើន​ដល់​យ៉ាង​គុណ​នឹង​៣ នៃ​ចំនួន​អាសនៈ​របស់​គណបក្ស​នរោត្តម រណឫទ្ធិ ដែល​មាន​សព្វថ្ងៃ ៤២៥​នាក់​។ ចំណែក​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣ គឺ​គណបក្ស​នរោត្តម​រណឫទ្ធិ ដែលជាសម្លេង​អ្នក​រាជា​និយម និង​អ្នក​សីហនុ​និយម នឹង​ក្លាយជា​កម្លាំង​ជាតិ​ទី​២​។​

​សំណួរ​៖ អ្វី​ដែល​ចង់​យក​ពិសោធន៍​នៅ​ពិភព​អារ៉ាប់ ដែល​គេ​ប្រើ​ជា​បដិវត្ត​ផ្កា​ម្លឹះ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ផ្តាច់ការ​នោះ តើ​ព្រះអង្គ​មាន​ព្រះតម្រិះ​បែបណា សម្រាប់​កម្ពុជា ក្នុង​បរិបទ​ពេលនេះ​?

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​៖ កុំ​កុំ​កុំ​…! ពួក​នោះ គេ​ធ្វើ​បាន ព្រោះ​គេ​មិន​ដែល​ស្គាល់​អា​ប៉ុលពត វេទនា​យ៉ាងម៉េច​ផង​? ខ្មែរ​វេទនា​។ ចង់​ឲ្យ​វេទនា​ជាង​នេះ​ទៀត​? នៅ​ខ្មែរ​បើ​ហ៊ាន​ធ្វើ​បដិវត្ត​នោះ នឹង​កើតសង្គ្រាម វេទនា​ជាមិនខាន​។ តើ​យើង​ទៅ​ធ្វើ​របៀប​អារ៉ាប់ យ៉ាងម៉េច ឲ្យ​វេទនា​ទៀត​? យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ជាតិ តាម​ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ កម្លាំង​ជាតិ​ពីរ ( គណបក្ស​នរោត្តម​រណឫទ្ធិ និង​ប្រជាជន​កម្ពុជា ) ហើយ​បើ​សម្តេចនាយក​រដ្ឋមន្ត្រី​ថា សមរង្ស៊ី និង​កឹម​សុខា អញ្ជើញ​ចូល​មក ប្រហែល​ជា​ឪ​យើង​ស្វាគមន៍​ដែរ​។ ប៉ុន្តែ​ចាប់ផ្តើម​ឡើង កម្លាំង​ជាតិ​ដែល​ធំជាងគេ ដែល​ត្រូវតែ​ប្រមែប្រមូល ត្រូវតែ​បាន ហើយ​ឲ្យ​ទាល់តែ​បាន គឺ​កម្លាំង​អ្នករាជានិយម និង​កម្លាំង​ជាតិ​ដែល​គេ​កំពុង​ដឹកនាំ​ជាតិ​។

​បដិវត្ត​ផ្កាម្លិះ​នៅ​អារ៉ាប់ ទុយ​ណេ​ហ្ស៊ី អេស៊ី​ប លី​ប៊ី ស្លាប់​ច្រើន និង​នាំ​ឲ្យ​អស្ថេរភាព​សង្គម និង​មិន​អាច​ដោះស្រាយ​បញ្ហា​បានទេ​។ តែ​យើង​ដោះស្រាយ​ដោយ​ផ្លូវ​សន្តិភាព សន្តិសុខ ហើយ​បើ​បាន ក្នុង​ផ្លូវ​ផ្សះផ្សា​ជាតិ​រឹតតែ​ល្អ​ណាស់​។

​សំណួរ​៖ អីចឹង​តើ​ព្រះអង្គ​មាន​ព្រះទ័យ​បែបណា ចំពោះ​អ្នកណា ដែល​មាន​នយោបាយ ចង់ឲ្យ​មាន​បដិវត្ត នៅ​កម្ពុជា​?

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​៖ ខ្ញុំ​មិន​គាំទ្រ​ជា​ដាច់ខាត​។​

​សំណួរ​៖ សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១២ និង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣ គណបក្ស​ព្រះអង្គ បាន​ត្រៀម​ខ្លួន​រួច​ហើយ​។ តែ​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា នៅ​ដើមឆ្នាំ​២០១២ វិញ តើ​យ៉ាងដូចម្តេច​ដែរ ក្រាប​ទូល​?

​សម្តេចក្រុមព្រះ​៖ គ្មានទេៗ​។ ជម្រាប​ត្រង់​ថា យើងខ្ញុំ​គ្មាន​បេក្ខជន ពីព្រោះ​ដាក់​ទៅ​ធ្វើ​អី បើ​សម្លេង​មិន​គ្រប់គ្រាន់​ផង​។​

​សំណួរ​៖ ចំពោះ​គណបក្ស​សមរង្ស៊ី ដែល​ចង់​ធ្វើពហិការ មិន​ចូលរួម​ប្រជុំ​រដ្ឋសភា ដើម្បី​រារាំង​ដល់​កិច្ចប្រជុំ​រដ្ឋសភា ចំពោះ​ការអនុម័ត​សេចក្តីព្រាង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១២ តើ​ព្រះអង្គ ក្នុងនាម​ជា​អតីត​ប្រធាន​រដ្ឋសភា មាន​ព្រះតម្រិះ​បែបណា ថា​តើ​លើ​ទិដ្ឋភាព​ច្បាប់ គាត់​មាន​សិទ្ធិ​ធ្វើ​ដូច្នោះ​ឬទេ​, ក្រាប​ទូល​?

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​៖ នេះ​ជា​ទម្លាប់​របស់​គណបក្ស​គាត់ កាល​ពី​ក្នុង​ឋានៈ​ខ្ញុំ​ជា​ប្រធានរដ្ឋសភា បាន​២​អាណត្តិ​ដែរ​នោះ គឺ​ខ្ញុំ​អ្នកផ្តល់​នូវ​ភាព​ប្រជាធិបតេយ្យ​ពិតប្រាកដ បើក​ឲ្យមាន​ប្រសាសន៍​តាមចិត្ត នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា​។ ប៉ុន្តែ​ខាង​លោក​សម​រង្ស៊ី បាន​រិះគន់​រដ្ឋសភា ទិតៀន​ស្ថាប័ន​ជាតិ ហើយ​ខ្ញុំ​ឲ្យ​គាត់​និយាយ​ប៉ុណ្ណឹង​ហើយ គាត់​ឲ្យតែ​អ្វី​ដែល​មិន​ពេញចិត្ត គាត់​ដើរ​ចេញ​។ ឥឡូវ​គាត់​ធ្វើ​អីចឹង​ទៀត​។ ដូច្នេះ​ជា​ទម្លាប់​របស់​គាត់​។ តែ​តាម​ការបកស្រាយ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​រួច​ហើយ គឺ​គាត់​ទៅ​ចុះ បើ​គាត់​ដើរចេញ​ទៅ​។ ចំពោះ​ការ​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ថា ឲ្យមាន​សមាជិក​រដ្ឋសភា ១២០ រូប គឺ​ចំនួន​សមាជិក​រដ្ឋសភា ១២០ រូប ពេល​ដែល​រដ្ឋសភា​បើក​កិច្ចប្រជុំ​លើក​ទី​១​។ តែ​ក្រោយមក​មិន​គិត​ទេ​។ ម្យ៉ាងទៀត បើ​គាត់​លាលែង​នោះ នឹង​មាន​ការ​យក​អាសនៈ​របស់​គណបក្ស​ស​ម​រង្ស៊ី ទៅ​ចែក​ដល់​គណបក្ស​ផ្សេង​ហើយ​។ ចំពោះ​ការលើកឡើង​របស់​លោក​សមរង្ស៊ី ឲ្យ​អន្តរជាតិ​គាបសង្កត់ ពិសេស​លោក​អូ​ប៉ា​ម៉ា ដាក់​ការគាបសង្កត់​លើ​កម្ពុជា​នោះ គឺ​មិន​មាន​ប្រសិទ្ធភាព​ទេ គឺ​គេ​រវល់​បញ្ហា​ធំៗ​របស់​គេ​ច្រើន​ណាស់​។ ដូច្នេះ​ខ្ញុំ​យល់ថា បើ​គាត់​ដើរចេញ​ពី​រដ្ឋសភា នោះ​ជា​ទម្លាប់​របស់​គាត់ ហើយ​គាត់​មិន​គោរព​រដ្ឋធម្មនុញ្ញ ដែល​ជាប់ឆ្នោត ជា​តំណាងរាស្ត្រ​។ ​ដូច្នេះ​ខ្ញុំ​សូមជម្រាប អា​រឿង​បដិវត្ត​ផ្កាម្លិះ គឺ​ខ្ញុំ​មិន​គាំទ្រ​។ ចំណែក​រឿង​ដើរចេញ​ពី​រដ្ឋសភា ខ្ញុំយល់​ថា មិនត្រូវ ក៏​ប៉ុន្តែ​នេះ​ជា​រឿង​របស់​គាត់​។

​សំណួរ​៖ ការវិលត្រឡប់​របស់​ព្រះអង្គ ចូល​ក្នុង​ឆាកនយោបាយ​ឡើង​វិញ​ពេល​នេះ ដោយសារ​ថា ព្រះអង្គ​មាន​ឈាមជ័រ​ជា​អ្នកនយោបាយ ដោយសារ​បន្ត​ពី​សម្តេច​ឪ ហើយ​ឈាមជ័រ​នោះ នៅតែ​ជាប់​នៅ​ព្រះកាយ​ព្រះអង្គ តើ​ព្រះអង្គ​នឹង​អាច​ដកថយ​វិញ​ទេ នៅពេលនេះ​?

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​៖ ទី​១-​ខ្ញុំ​យល់​ថា កើតមក​ជា​ស្តេច មិនមែន​មាន​តែ​សំណាង​ទេ តែ​មាន​តួនាទី ករណី​កិច្ច និង​កាតព្វកិច្ច​ជាពិសេស​បម្រើ​រាស្ត្រ ក្នុង​ផ្លូវ​ណា​ធ្វើបាន ខ្ញុំ​ធ្វើ​។ ទី​២-​ចំណែក​ខ្លួន​ខ្ញុំ ឈាមជ័រ ដោយសារ​ស្តេច ហើយ​ឈាមជ័រ​ទី​២ ចំ​កូន​សម្តេចឪ​ទៅទៀត ដែល​ធ្លាប់តែ​បម្រើ​ជាតិ​។ ដូច្នេះ​រហូតមកដល់​ពេលនេះ ជា​ពេល​ចុងក្រោយ​របស់​ខ្ញុំ ខ្ញុំ​យល់​ថា ខ្ញុំ​ត្រូវ​បំពេញ​តួនាទី​នេះ ដង្ហែ​ឪ ទាល់តែ​ដល់​ចុងក្រោយ​។ ព្រះរាជឱង្ការ​របស់​ព្រះអង្គ ដូច​ជា​ការ​ផ្តាំផ្ញើ​នយោបាយ កាលពី​ថ្ងៃ​ទី​៣០​តុលា ឆ្នាំ​២០១១​។ ខ្ញុំ​យល់​ថា ចុងក្រោយបង្អស់ ខ្ញុំ​ធ្លាប់តែ​បម្រើ​ជាតិ ដូច្នេះ​ពេល​ណា ដែល​ខ្ញុំ​ឃើញថា កម្លាំង​រាជានិយម អ្នក​សីហនុ​និយម​ពិតប្រាកដ ជា​កម្លាំង​ជាតិ​។ ស្រុក​គេ​មាន​តែ​​បក្សប្រឆាំង និង​កាន់អំណាច​។ តែ​យើង​មាន​ផ្លូវកណ្តាល ដើម្បី​បូក​ជាមួយ​កម្លាំង​​ជាតិ​មួយទៀត​។ ជា​ចុងក្រោយ​ខ្ញុំ​យល់​ថា កើតមក​ជា​ព្រះរាជបុត្រ ដែល​ធ្លាប់តែ​បម្រើ​ព្រះអង្គ​។ អ្នករាជានិយម ក្នុង​ការបម្រើ​ជាតិ​របស់​ខ្ញុំ មិន​ច្បាំង និង​បង្ហូរឈាម​អ្វី​ទេ​៕
..

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ថ្កោល​ទោស​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ដោយ​ទាហាន​សៀម

អង្គារ 15 វិច្ឆិការ 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ថ្ងៃ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ទង្វើ​របស់​ទាហាន​សៀម ដែល​បាន​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​នា​ពេល​ចុង​ក្រោយ​នេះ។

ពលរដ្ឋខ្មែរដែលត្រូវទាហានថៃបាញ់សម្លាប់នៅតាមព្រំដែនកន្លងមក (រូប៖កម្ពុជាថ្មី)

ពលរដ្ឋខ្មែរដែលត្រូវទាហានថៃបាញ់សម្លាប់នៅតាមព្រំដែនកន្លងមក (រូប៖កម្ពុជាថ្មី)

សេចក្តី​ថ្លែង​ការណ៍​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​លើ​ឡើង​ថា ក្នុង​រយៈ​ពេល​ពីរ​ខែ​ចុង​ក្រោយ​នេះ ទាហាន​សៀម​បាន​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ចំនួន​៨​នាក់ និង​រង​របួស​ជា​ច្រើន​នាក់ ដោយ​មិន​បាន​រាប់​បញ្ចូល​ឆ្នាំ​កន្លង​មក​នោះ​ផង។

សេចក្តី​ថ្លែង​ការណ៍​បាន​បន្ត​ថា ទង្វើ​របស់​ទាហាន​សៀម​ម្តង​ហើយ​ម្តង​ទៀត តែង​តែ​ប្រមាថ​ដល់​ជីវិត​ប្រជាពល​រដ្ឋ​ខ្មែរ​ជា​បន្ត​បន្ទាប់ ដែល​រស់​នៅ​តាម​បណ្តោយ​បន្ទាត់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ។ សកម្មភាព​របស់​ទាហាន​សៀម​ដែល​បាន​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ។

ជាមួយ​គ្នា​នេះ ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មាន​យន្ត​ការ​ច្បាស់​លាស់ ក្នុង​ការ​ការពារ​សន្តិសុខ សុវត្ថិភាព អាយុជីវិត​ជូន​ប្រជាពល​រដ្ឋ​ខ្មែរ ដែល​រស់​នៅ​តាម​បណ្តោយ​ព្រំដែន និង​ត្រូវ​ស្នើ​ទៅ​រដ្ឋាភិបាល នៃ​ប្រទេស​ថៃ​ឲ្យ​បញ្ឈប់​នូវ​សកម្មភាព​អមនុស្ស​ធម៌​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ៕

តំណាង​រាស្រ្ត​ខ្មែរ​ស៊ើប​អង្កេត​រឿង​មរណភាព​ពលករ​ខ្មែរ​នៅ​ម៉ាឡេស៊ី

ថ្ងៃច័ន្ទ, 14 ខែវិច្ឆិកា 2011
ដោយ ជន សក្តា
វីអូអេ ខ្មែរ | ភ្នំពេញ

ស្តាប់ព័ត៌មាន៖ រាយការណ៍ដោយ ជន សក្តា ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១១
MP3 | Windows Media

លោកស្រី​ មួរ​ សុខហួរ ​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី និងលោកស្រី​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​ហ៊ីឡារី គ្លីនតុន (Hillary Clinton)។ (រូបថត៖ Courtesy of Mu Sochua)

លោកស្រី មួរ សុខហួរ តំណាងរាស្ត្រ គណបក្ស សម រង្ស៊ី និងលោកស្រី រដ្ឋមន្រ្តី ការបរទេស សហរដ្ឋអាមេរិក ហ៊ីឡារី គ្លីនតុន (Hillary Clinton)។ (រូបថត៖ Courtesy of Mu Sochua)

លោក​ស្រី​ មូរ​ សុខហួរ ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ លោកស្រី​បាន​ចាប់​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​ពលករ​ស្ត្រី​បម្រើ​តាម​ផ្ទះ​កម្ពុជា​ចំនួន​១០​នាក់​ នៅ​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​២០១១​នេះ​សម្រាប់​ប្តឹង​ទៅ​គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​រដ្ឋសភា​ម៉ាឡេស៊ី ​បន្ទាប់​ពី​លោកស្រី​បាន​បញ្ចប់​ទស្សនកិច្ច​ក្រៅផ្លូវការ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ កាលពី​សប្តាហ៍​មុន។

លោកស្រី​ មួរ​ សុខហួរ ​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ នៅ​ទីស្នាក់ការ​គណបក្ស​ថា លោកស្រី​ បាន​ចាប់​ស្រាវជ្រាវ​រក​ព័ត៌មាន​ច្បាស់លាស់​អំពី​អ្នក​ស្លាប់​មួយ​ករណី​ម្តងៗ ​ដើម្បី​ផ្តល់​របាយការណ៍ ​និង​ពាក្យបណ្តឹង​ជូន​ទៅ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ នៃ​រដ្ឋសភាម៉ា​ឡេស៊ី។

«យើង​ត្រូវ​តែ​យក​ឯកសារ​ឱ្យ​បាន​ច្បាស់លាស់​ពី​ឯកអគ្គ​រដ្ឋទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី ​ឱ្យ​បាន​ច្បាស់​លាស់​ណាស់​ ទើប​យើង​បញ្ជូន​ជា​របាយការណ៍​ ជា​ពាក្យបណ្តឹង​ទៅ​ប្រទេស​ម៉ាឡេស៊ី​ តាមរយៈ​គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​សភា​ប្រទេស​ម៉ាឡេស៊ី»។

លោក​ អាន ​ប៊ុនហាក់ ​ប្រធាន​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​បានស្វាគមន៍​កិច្ច​ខំ​ប្រឹងប្រែង​របស់​លោកស្រី​មូរ សុខហួរ ​ក្នុង​ការរក​យុត្តិធម៌​ដល់​ពលករ​ស្ត្រី​កម្ពុជា​បម្រើ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី។

«យើង​ធ្វើការ​ជាមួយ​នីតិ​ប្រតិបត្តិ​របស់​ប្រទេស​ម៉ាឡេស៊ី ​ហើយ​លោក​ជំទាវ​បាន​ទំនាក់​ទំនង​ជាមួយ​នីតិប្បញ្ញត្តិ​ទៀត វា​រិតតែ​ល្អ​ ហើយ​ជួយ​ការពារ​ដល់​សិទ្ធិ​ជាមូលដ្ឋាន​របស់​ពលការិនី​យើង»។

ពលករ​ស្ត្រី​កម្ពុជា​បម្រើ​តាម​ផ្ទះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​ត្រូវ​បាន​ទទួលរង​ការធ្វើទារុកម្ម​ ការ​រំលោភ​ផ្លូវ​ភេទ ​ការ​រំលោភ​សិទ្ធិការងារ​ ការ​ផ្តល់​ប្រាក់​ខែ​មិន​បាន​ពេញ​លេញ ​និង​ការបង្អត់​ចំណី​អាហារ។

ក្នុង​កិច្ច​ខំប្រឹងប្រែង​ដើម្បី​លុប​បំបាត់​ការ​ធ្វើ​ទារុណកម្ម ​និង​ការរំលោភសិទ្ធិ​ការងារ​របស់​ពលករស្ត្រី​កម្ពុជា​បម្រើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ​លោកស្រី​មួរ​ សុខហួរ​ បាន​បន្តថា​លោកស្រី​បាន​សហការ​ជាមួយ​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋសភា​ម៉ាឡេស៊ី ​ដើម្បី​យក​ប្រភពពិត​នៃ​ការស្លាប់​ ឬ​ ការ​ធ្វើ​ទារុណកម្ម។

លោក​ អាន ​ប៊ុនហាក់​បានថ្លែងថា ពលការិនី​កម្ពុជា​បម្រើការ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី​ចំនួន​១០​នាក់​នេះ​ បាន​ស្លាប់​ដោយសារ​ជំងឺ​ និង​ការ​ធ្វើ​អត្តឃាត​ដោយ​ការផឹក​ថ្នាំ ​ឬ​ការ​លោត​ពី​លើ​អាគារ​ជាន់​ទី​៩។

«ពលការិនី​ស្លាប់​១០​នាក់​នេះ ​យើង​ស្នើសុំ​ទៅ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ ទៅ​អាជ្ញាធរ​នគរបាល ​ហើយ​បាន​ធ្វើ​កោសល្យវិច្ឆ័យ។ ​ពេល​ខ្លះ ​យើង​ធ្វើ​កោសល្យវិច្ឆ័យ​រហូត​ដល់​ពីរ​ដង​មិន​តែ​ប៉ុណ្ណោះ​ យើង​អញ្ជើញ​ឪពុក​ម្តាយ ​ឬ​សាច់​ញាត្តិ​របស់​គាត់​(សព) ទៅ​ពិនិត្យ​ផ្ទាល់ ​នៅ​ប្រទេស​ម៉ាឡេស៊ី»។

លោក​ មឿន​ តុលា ​ប្រធាន​ផ្នែក​កម្មវិធី​ពលកម្ម​0នៃ​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍​ បាន​បញ្ជាក់​ថា​លោក​បាន​ព្យាយាម​រក​ព័ត៌មាន​លម្អិត​អំពី​ការ​ស្លាប់​ពលការិនី​កម្ពុជា​នៅ​ម៉ាឡេស៊ី ​ប៉ុន្តែ​វា​នៅ​តែ​ជា​ការស្រពិច​ស្រពិល​នៅ​ឡើយ។

វា​ហាក់បីដូចជា​មាន​ភាព​មិន​ច្បាស់​លាស់​ច្រើន​ពាក់ព័ន្ធ​នឹង​មូលហេតុ​នៃ​ការស្លាប់​នេះ​ ហើយ​នៅ​ក្នុង​ហ្នឹង​ក៏​អាច​មាន​ពលករ​ ដែល​អាច​នឹងសម្លាប់​ខ្លួន​ដោយ​ខ្លួន​ឯង។

លោក​ ហូ​ វុទ្ធី​ អនុប្រធាន​នាយកដ្ឋាន​ការងារ​ នៃ​ក្រសួងការងារ​ បាន​ថ្លែងថា​ លោក​មិនទាន់​មាន​ព័ត៌មាន​អំពី​បញ្ហា​នេះ​ទេ៕

ស្ថានភាព​របស់​ពលការិនី​ខ្មែរ​បំរើ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី

ថ្ងៃច័ន្ទ, 14 ខែវិច្ឆិកា 2011
ដោយ គង់ សុឋានរិទ្ធ
វីអូអេ ខ្មែរ | ភ្នំពេញ

ស្តាប់ព័ត៌មាន៖ កិច្ចសម្ភាស​រវាង​លោក គង់ សុឋានរិទ្ធ និង​លោកស្រី មូរ សុខហួរ ថ្ងៃទី១១ ខែវិច្ឆិកា​ឆ្នាំ២០១១
MP3 | Windows Media

លោក​ស្រី មួ សុខហួរ តំណាង​រាស្ដ្រ​គណបក្ស​សម រង្ស៊ី (រូបថត៖ AP)

លោក ស្រី មួ សុខហួរ តំណាង រាស្ដ្រ គណបក្ស សម រង្ស៊ី (រូបថត៖ AP)

កំណត់​អ្នក​ក្រែ​សម្រួល៖ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ផ្អាក​ការ​បញ្ជូន​ពលការិនី​កម្ពុជា​ទៅ​ធ្វើ​ជា​ស្ដ្រី​បម្រើ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី​បន្ទាប់​ពី​មាន​ពលការនី​កម្ពុជា​ទទួល​រងគ្រោះ​ជា​បន្ដ​បន្ទាប់។ លោក​ស្រី មួ សុខហួរ តំណាង​រាស្ដ្រ​គណបក្ស​សម រង្ស៊ី​បាន​បំពេញ​ទស្សនកិច្ច​ក្រៅផ្លូវ​ការ​រយៈ​ពេល​បួនថ្ងៃ​មួយ​នៅ​ម៉ាឡេស៊ី​ដើម្បី​អ្វី​ដែល​លោក​ស្រី​បញ្ជាក់​ថា ជា​ការ​ស្វែង​រក​វិធីសាស្ដ្រ​បន្ថែម​ទៀត​សម្រាប់​ការពារ​ពលការិនី​កម្ពុជា​ទៅ​ធ្វើការ​នៅ​ទីនោះ។ លោក គង់ សុឋានរិទ្ធ​បាន​សម្ភាស​តាម​ទូរស័ព្ទ​ជាមួយ​លោក​ស្រី មួរ សុខហួរ​នៅ​ពេល​ដែល​លោក​ស្រី​បញ្ចប់​ទស្សនកិច្ច​របស់​លោកស្រី​នៅ​ថ្ងៃ​សុក្រ​នេះ។

កិច្ចសម្ភាស​រវាង​លោក គង់ សុឋានរិទ្ធ និង​លោកស្រី មូរ សុខហួរ ថ្ងៃទី១១ ខែវិច្ឆិកា​ឆ្នាំ២០១១

http://media.voanews.com/designvideo/player.swf

download iconDownload: MP3 | Windows Media

Right click (Control click for Mac) and choose Save Link/Target As