បណ្ណសារ | ខែតុលា 11, 2009

ពលរដ្ឋ​២១៤​គ្រួសារ​នៅ​ឧត្ដរមានជ័យ​រង​ការ​ជម្លៀស​ចេញ​ពី​កន្លែង​រស់នៅ

ដោយ សុខ សេរី
2009-10-11
​វិទ្យុ​អាស៊ីសេរី

ប្រជាពលរដ្ឋ​ចំនួន​២១៤​គ្រួសារ​ដែល​រង​ការ​ឈូស​និង​ដុត​បំផ្លាញ​ផ្ទះ​សម្បែង​ចោល​នៅ​ក្នុង​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថៃ្ង​៩ តុលា​ថ្មីៗ​នេះ ប្រភព​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ទាំង​នោះ​កំពុង​តែ​រង​ការ​ជម្លៀស​ឲ្យ​ទៅ​រស់​នៅ​កន្លែង​បណ្តោះ​អាសន្ន​មួយ​មិន​អាច​ឲ្យ​ទាក់ទង​ជាមួយ​នឹង​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​បាន​ទេ ក្រោយ​ពី​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​ដាំ​ដើម​អំពៅ​នៅ​ទី​នោះ។

លោក ចាន់ សុវ៉េត ជា​មន្រ្តី​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ហៅ​កាត់​ថា អាដហុក ដែល​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​ជាមួយ​នឹង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ជុំវិញ​ករណី​អំពើ​ហិង្សា​ខាង​លើ​នេះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​មក​ថា ៖ «ក្រោយ​ពី​ការ​ដុត​និង​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង​មក ឥឡូវ​នេះ​គេ​បង្ខំ​ឲ្យ​ប្រជាជន​រើ​ចេញ​ពី​ដី​ទំនាស់​ហ្នឹង​ទាំង​អស់ ក្នុង​២១៤​គ្រួសារ​នៅ​ពេល​ដែល​យើង​ទៅ​ដល់​កន្លែង​ដី​ទំនាស់​ហ្នឹង គឺ​មនុស្ស​វា​អត់​ដល់​ហ្នឹង​ទេ»។

ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នានា​ដែល​បាន​ចុះ​តាមដាន​ឃ្លាំ​មើល​ស្ថានការណ៍​នៃ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខាង​លើ​នេះ មិន​ត្រូវ​បាន​អាជ្ញាធរ​មូលរដ្ឋាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​ប្រជាពលរដ្ឋ​ទាំង​នោះ​ទេ។

លោក ស្រី ណារ៉េន ជា​មន្រ្តី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា អាដហុក ប្រចាំការ​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​កំពុង​តែ​រង​ការ​ជម្លៀស​និង​ប្រមូល​ផ្តុំ​ឲ្យ​រស់​នៅ​ទី​កន្លែង​បណ្តោះ​អាសន្ន​នៅ​ក្នុង​វត្ត​អារាម​មួយ។

លោក ស្រី ណារ៉េន បាន​ឲ្យ​ដឹង​ថា ៖ «គេ​រារាំង​តាំង​ពី​ម្សិលមិញ ហើយ​រហូត​មក​ដល់​ថ្ងៃ​នេះ​គេ​មិន​អនុញ្ញាត​ឲ្យ​យើង​ធ្វើការ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ជម្លៀស​ចេញ​នោះ​ទេ ហើយ​ចាប់​ខ្លួន​ហ្នឹង​មាន​៣​នាក់»។

មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ណា​មួយ​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ឯកជន​ចំនួន​បួន​ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ទំនាស់​ដី​ធ្លី​ខាង​លើ​នេះ​បាន​ទេ។

លោក ឈុំ ធឿន ជា​ចៅ​សង្កាត់​កូនគ្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​កំពុង​តែ​ដោះស្រាយ​បញ្ហា​អំពី​ជំនួយ​និង​ទី​កន្លែង​បណ្ដោះ​អាសន្ន​ជូន​ប្រជាពលរដ្ឋ​ទាំង​នោះ។

លោក ឈុំ ធឿន បាន​បញ្ជាក់​ថា ៖ «ខាង​ក្រុម​ការងារ​របស់​ខេត្ត​បាន​ធ្វើការ​សម្រប​សម្រួល​នៅ​ក្នុង​ទី​កន្លែង​នោះ គេ​កំពុង​តែ​ដោះស្រាយ​តាម​ផែនការ​របស់​ខេត្ត​ហ្នឹង»។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ឯកជន​ចំនួន​៤​ដាំ​ដើម​អំពៅ​នៅ​ទី​នោះ​បាន​ទទួល​សិទ្ធិ​កាន់កាប់​ដី​ធ្លី​នៅ​លើ​ផៃ្ទ​ដី​ចំនួន​ប្រមាណ​ជាង​១​ម៉ឺន​ហិកតារ ផ្ដល់​ដោយ​រដ្ឋាភិបាល​កម្ពុជា​និង​អាជ្ញាធរ​មូលដ្ឋាន​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក។

សូម​ជម្រាប​ថា កាល​ពី​ថៃ្ង​សុក្រ ទី​៩ ខែ​តុលា​ថ្មីៗ​នេះ ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​២១៤​គ្រួសារ​រង​ការ​ឈូស​និង​ដុត​បំផ្លាញ​ចោល ហើយ​ប្រជាពលរដ្ឋ​៣​នាក់​ទៀត​រង​ការ​ចាប់​ខ្លួន​ភ្លាមៗ នៅ​ក្នុង​នោះ​មាន​ឈ្មោះ ទ្បុង សារិទ្ធិ អាយុ​៤៣​ឆ្នាំ, ឈ្មោះ ចាន់ សារី ហៅ សួស្តី អាយុ​៣៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ម៉ា ប៊ុនឈឿន រង​ការ​ចោទ​ប្រកាន់​ថា បាន​ហ៊ុមព័ទ្ធ​ដី​ព្រៃ​របស់​រដ្ឋ​ខុស​ច្បាប់ ប្តឹង​ដោយ​មេ​ព្រៃ​នៅ​ទី​នោះ។

រឿង​ជម្លោះ​ដី​ធ្លី​នោះ​គឺ​មាន​ទំហំ​ប្រមាណ​ជាង​១​ម៉ឺន​ហិកតារ រវាង​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​នោះ​និង​ក្រុមហ៊ុន​ឯកជន​ចំនួន​៤ គឺ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​មួយ​របស់​លោក លី យ៉ុងផាត់ ផងដែរ ជា​សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា នេះ​បើ​តាម​ការ​អះអាង​ពី​ប្រភព​ប្រជាពលរដ្ឋ។

ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​កំពុង​តែ​តាមដាន​ស្ថានការណ៍​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់៕

តំណាង​រាស្ត្រ​ស.រ.អា.​ ថ្កោលទោស​ការ​រីក​រាល​ដាល​នៃ​អំពើ​ពុក​រលួយ​នៅ​កម្ពុជា

ដោយ ម៉ៅ សុធានី
2009-10-11
​វិទ្យុ​អាស៊ីសេរី

តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក (ស.រ.អា.) ទាំង​គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​បាន​ចេញ​សេចក្តី​សម្រេច​លេខ​៨២០ ថ្កោលទោស​ចំពោះ​ការ​រីក​រាល​ដាល​នៃ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សេចក្តី​សម្រេច​លេខ​៨២០​នេះ​បាន​ត្រូវ​ផ្តួចផ្តើម​ស្នើ​ឡើង​និង​ដាក់​ជូន​ទៅ​រដ្ឋសភា​ស.រ.អា.​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០០៩​កន្លង​មក​នេះ ដោយ​លោក​តំណាង​រាស្ត្រ អេដ រ៉ត (Ed Royce) នៃ​គណបក្ស​សាធារណរដ្ឋ​ពី​រដ្ឋ​កាលីហ្វ័រញ៉ា, លោក​តំណាង​រាស្ត្រ ចូសេហ្វ ចាវ (Joseph Cao) នៃ​គណបក្ស​សាធារណរដ្ឋ​ពី​រដ្ឋ Luisiana, លោក​តំណាង​រាស្ត្រ ហ្វ្រេង វ៉ូលហ្វ (Frank Wolf) ពី​គណបក្ស​សាធារណរដ្ឋ និង​លោក​តំណាង​រាស្ត្រ ជេមស៍ ម៉ូរ៉ាន (James Moran) នៃ​គណបក្ស​ប្រជាធិបតេយ្យ​ពី​រដ្ឋ Virginia។

ក្នុង​សេចក្តី​សម្រេច​លេខ​៨២០​នោះ​បាន​ធ្វើការ​អត្ថាធិប្បាយ​នូវ​ចំណុច​សំខាន់ៗ​ជា​ច្រើន ដោយ​សំអាង​ហេតុ​ដូច​ខាង​ក្រោម​នេះ ៖

•រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​យុត្តិ​វិធី​គំរាម​កំហែង ដូច​ជា​សម្លាប់​អ្នក​ប្រឆាំង​និង​បង្ក្រាប​ក្រុម​នយោបាយ​អ្នក​ប្រឆាំង។

•របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) បាន​ឲ្យ​ដឹង​ថា លោក ឃឹម សម្បូរណ៍ អ្នក​សារព័ត៌មាន​នៃ​កាសែត​មនសិការ​ខ្មែរ ដែល​គាំទ្រ​គណបក្ស​សមរង្ស៊ី​និង​កូន​ប្រុស​របស់​គាត់​បាន​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ចំ​កណ្តាល​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០០៨ឍ ការ​បាញ់​ប្រហារ​នេះ​គឺ​ក្នុង​គោលបំណង​ចង់​ផ្ញើ​សារ​ថា កុំ​ឲ្យ​មាន​អ្នក​កាសែត​ទាក់ទង​ឬ​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង។

•ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​មាន​ការ​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ហើយ​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​ដោយ​គណបក្ស​កាន់​អំណាច​ដើម្បី​បំបិទ​មាត់​គណបក្ស​ប្រឆាំង។

•អង្គការ Freedom House បាន​ចាត់ទុក​ប្រទេស​កម្ពុជា​ក្នុង​ចំណាត់​លេខ​ពុំ​មាន​សេរីភាព​ឡើយ។

•របាយការណ៍​របស់​អង្គការ Global Witness បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​ត្រូវ​ដឹកនាំ​ដោយ​ក្រុម​ខ្សែ​ស្រឡាយ​អ្នក​លួច​ជាតិ។ ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ដោយសារ​ការ​ដណ្តើម​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ ជា​ពិសេស​គឺ​កេង​យក​ផល​ប្រយោជន៍​ពី​សម្បត្តិ​ធម្មជាតិ។

•របាយការណ៍​របស់​លោក យ៉ាស្ហ ហ្កាយ (Yash Ghai) អតីត​តំណាង​ពិសេស​នៃ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អ.ស.ប. ដោយ​បាន​លើក​ឡើង​ថា មិន​ចាំបាច់​ជា​អ្នក​ជំនាញ​យល់​ដឹង​ជ្រៅ​ជ្រះ​ខាង​សិទ្ធិ​មនុស្ស​ដើម្បី​ទទួល​ស្គាល់​ថា មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ។ គឺ​គេ​អាច​មើល​ឃើញ​ដោយ​ងាយ​នូវ​គោល​នយោបាយ​ទាំង​ឡាយ​របស់​រដ្ឋាភិបាល​ដែល​មាន​ចរិត​វិទ្ធង្សនា​ឬ​បន្ទុច​បង្អាក់​ការ​រីក​ចម្រើន ចំណុច​សំខាន់ៗ​នូវ​ដំណើរការ​ឆ្ពោះ​ទៅ​លទ្ធិ​ប្រជាធិបតេយ្យ​និង​នីតិ​រដ្ឋ។ គោល​នយោបាយ​ដែល​ប៉ះពាល់​ដល់​ធនធាន​ផ្នែក​សេដ្ឋកិច្ច ក៏​ដូច​ជា​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​គោល​នយោបាយ​ទាំង​ឡាយ​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​សេចក្តី​ថ្លៃថ្នូរ។

•ករណី​លោកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​នៃ​គណបក្ស​សមរង្សី បាន​ត្រូវ​សភា​ដក​អភ័យ​ឯកសិទ្ធិ​និង​ដាក់​ទោស​ពិន័យ ដោយសារ​តែ​ហ៊ាន​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ចំហ។

•ដូច​ដែល​លោកស្រី មូរ សុខហួរ បាន​ថ្លែង​ប្រាប់​នៅ​ចំពោះ​មុខ​គណៈកម្មការ​សិទ្ធិ​មនុស្ស ថម លេនថូស (Tom Lantos) កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០០៩ ដែល​ថា លោកស្រី​គឺ​ជា​បុគ្គល​មួយ​រូប​ក្នុង​ចំណោម​មនុស្ស​ស្លូត​ត្រង់​រាប់​ពាន់​នាក់ មាន​អ្នក​កាសែត អ្នក​ដឹកនាំ​សហជីព គ្រូ​បង្រៀន​និង​អ្នក​ស្រុក ដែល​បាន​ត្រូវ​កាត់​ទោស​ដោយ​តុលាការ​ខ្មែរ ដែល​គេ​គ្រប់​គ្នា​បាន​ដឹង​ឮ​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ ពុំ​មាន​សមត្ថភាព និង​ធ្វើ​តាម​តែ​បញ្ជា​របស់​រដ្ឋាភិបាល​និង​អ្នក​មាន​អំណាច មាន​ប្រាក់កាស​តែ​ប៉ុណ្ណោះ។

•មន្ត្រី​រាជ​រដ្ឋាភិបាល​ខ្មែរ​ជា​ញឹកញយ​តែងតែ​លូក​ដៃ​ក្នុង​របរ​រកស៊ី​ជួញដូរ​ផ្លូវ​ភេទ ហើយ​បញ្ហា​ពុក​រលួយ​បាន​ធ្វើ​ឲ្យ​អំពើ​ជួញដូរ​មនុស្ស​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ។

•របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស​ស.រ.អា.សម្រាប់​ឆ្នាំ​២០០៩ បាន​ឲ្យ​ដឹង​ថា អំពើ​ពុក​រលួយ​ដែល​រីក​សាយ​ភាយ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក្នុង​រឿង​ការ​ជួញដូរ​ផ្លូវ​ភេទ​នេះ ត្រូវ​បាន​គេ​ជឿ​ថា មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ប៉ូលិស មន្ត្រី​តុលាការ ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល។

•អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​រដ្ឋាភិបាល​តែងតែ​ទទួល​យក​ប្រាក់​សំណូក​និង​ជំរិត​ទារ​ប្រាក់​ពី​ម្ចាស់​បន​ពេស្យា​ដើម្បី​អាច​នៅតែ​បន្ត​បើក​កន្លែង​ផ្ទះ​បន​បាន។

សេចក្តី​សម្រេច​លេខ​៨២០​បាន​បញ្ចប់​សេចក្តី​ដោយ​សរសេរ​ថា អាស្រ័យ​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ សភា​ជាតិ​ស.រ.អា.​សូម​ធ្វើការ​ថ្កោលទោស​ចំពោះ​ការ​គាប​សង្កត់​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច ហើយ​សូម​អំពាវនាវ​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ខ្មែរ​និង​គ្រប់​អង្គការ​អន្តរជាតិ​ដោះស្រាយ​និង​រក​វិធានការ​ជាក់ស្តែង​ដើម្បី​ប្រឆាំង​និង​ទប់ស្កាត់​ចំពោះ​ស្ថានភាព​ធ្ងន់ធ្ងរ​ស្តីពី​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​នេះ៕

អ្នក​ភូមិ​ខ្មែរ​ម្នាក់​នៅ​ស្វាយរៀង​ត្រូវ​វៀតណាម​វាយ​ដំ​ឲ្យ​របួស​ធ្ងន់

ដោយ សុខ សេរី
2009-10-09
វិទ្យុ​អាស៊ីសេរី

ប្រជាពលរដ្ឋ​ខែ្មរ​ម្នាក់​រស់​នៅ​ក្នុង​ភូមិ​ដូង ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បាន​រង​របួស​ធ្ងន់​ដោយសារ​ការ​វាយ​ដំ​និង​ការ​​ចាក់​ដោយ​ច្បូក​ពី​សំណាក់​ជនជាតិ​វៀតណាម​ក្រោម​ការ​ការពារ​ដោយ​ក្រុម​ប្រដាប់​អាវុធ​វៀតណាម​ចំនួន​៧​នាក់ កាល​ពី​ថៃ្ង​ព្រហស្បតិ៍ ទី​៨ ខែ​តុលា​ថ្មីៗ​នេះ នៅ​ក្នុង​រឿង​ទំនាស់​គ្នា​មួយ​នៅ​ទី​នោះ។

លោក ផាន់ ឈៀន អាយុ​៤៤​ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ជា​អ្នក​ជិតខាង​នៃ​គ្រួសារ​រងគ្រោះ​ខាង​លើ​នេះ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​មក​ថា ប្រជាពលរដ្ឋ​ខែ្មរ​ឈ្មោះ ព្រំ ទឹង បាន​រង​ការ​វាយ​ដំ​ដោយសារ​ដំបង​ព្រនង់​បណ្ដាល​ឲ្យ​បែក​ក្បាល និង​ចាក់​ដោយ​ច្បូក​ធ្លាយ​កំភួន​ជើង រង​របួស់​យ៉ាង​ធ្ងន់ ដោយសារ​តែ​គាត់​បាន​ទៅ​ជួយ​ឃាត់​មិន​ឲ្យ​ជនជាតិ​វៀតណាម​ជា​ច្រើន​នាក់​ដេញ​វាយ​កុមារ​ខ្មែរ​ម្នាក់​អាយុ​១២​ឆ្នាំ ដែល​រង​ការ​ចោទ​ថា​បាន​លួច​កាច់​ដើម​អំពៅ​របស់​គ្រួសារ​វៀតណាម​នៅ​ទី​នោះ។

លោក​បាន​បន្ត​ថា ការ​វាយ​ដំ​និង​ចាក់​ឲ្យ​រង​របួស​ធ្ងន់​នោះ​គឺ​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​វៀតណាម​ចំនួន​ប្រមាណ​៧​នាក់​បាន​មក​ការពារ​គ្រួសារ​វៀតណាម ដែល​វាយ​ដំ​មក​លើ​ប្រជាពលរដ្ឋ​ខែ្មរ​ឈ្មោះ ព្រំ ទឹង នោះ។

លោក ផាន់ ឈៀន បាន​ឲ្យ​ដឹង​ថា ៖ «ឥឡូវ​កំពុង​តែ​នៅ​សម្រាក​នៅ​ផ្ទះ​នៅ​ឡើយ​ទេ។ វ៉ៃ​នឹង​ព្រនង់ យួន​វៃ យួន​កសិករ ប៉ុន្តែ​ទាហាន​អ្នក​មាន​កាំភ្លើង​ហ្នឹង​ដូច​ថា​កម្លាំង​រួម​គ្នា។ រង​របួស​ធ្ងន់ ហើយ​ចាក់​បុក​នឹង​ដែក គេ​ហៅ​ច្បូក ផ្លែ​ហ្នឹង​ប្រវែង​ប្រហែល​កន្លះ​ម៉ែត្រ វា​បុក​មក​ចំ​កំភួន​ជើង ធ្លុះ​ពី​ម្ខាង​ទៅ​ម្ខាង។ ប្រជាពលរដ្ឋ​គាត់​បាន​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច ប៊ិះ​តែ​នឹង​អស់​អាយុ​ជីវិត ដោយសារ​យើង​យក​មក​សង្គ្រោះ​ទាន់​ហ្នឹង​ណា៎។ ជន​រងគ្រោះ​គាត់​សំណូមពរ​ថា សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ហ្នឹង​មេត្តា​ជួយ​រក​យុត្តិធម៌​និង​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ព្រោះ​កន្លង​មក​ហើយ​តែងតែ​កើត​ច្រើន​នៅ​តាម​ព្រំដែន​ហ្នឹង​ណា៎»។

លោក នាង សំមាន ជា​មេ​ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​តែ​ចាត់ការ​ដោះស្រាយ​រឿង​នេះ​ហើយ។

លោក នា សំមាន បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​អត់​បាន​ទៅ​ទេ ខ្ញុំ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ​ខ្ញុំ​ទៅ ទៅ​ជាមួយ​ប៉ុស្តិ៍​ព្រំដែន​ព្រឹក​មិញ។ ខ្ញុំ​អត់​ទាន់​បាន​ជួប​ក្រុមប្រឹក្សា​ឃុំ​ខ្ញុំ​ទេ ខ្ញុំ​អត់​ទាន់​ទទួល​ព័ត៌មាន​ថា​ម៉េចៗ​ទេ»។

សុខ សេរី ៖ កំពុង​តែ​ចាត់ការ​រឿង​នេះ? នា សំមាន ៖ បាទ ទៅ​ដោះស្រាយ​នៅ​សាលា​សង្កាត់​អៀនយ៉ើយ​ហ្នឹង។

ទាក់ទង​នឹង​វិវាទ​នានា​របស់​ប្រជាពលរដ្ឋ​ខែ្មរ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​វៀតណាម​នៅ​ជាប់​ព្រំដែន​ខែ្មរ​វៀតណាម​នៅ​ខេត្ត​ស្វាយរៀង​នោះ លោក ង៉ែត ណារ៉ា ជា​មន្រ្តី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ ហៅ​កាត់​ថា អាដហុក នៅ​ក្នុង​ខេត្ត​ស្វាយរៀង​នោះ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ខែ្មរ​តែងតែ​រង​គ្រោះ​ដោយសារ​ការ​រំលោភ​បំពាន​នានា។

លោក ង៉ែត ណារ៉ា បាន​មាន​ប្រសាសន៍​ថា ៖ «នៅ​តាម​ព្រំដែន ប្រជាពលរដ្ឋ​ធម្មតា​គាត់​ទៅ​ឃ្វាល​ក្របី​អ៊ីចឹង អ៊ីចឹង​នៅ​ពេល​ដែល​គាត់​ធ្វើ​បាប រហូត​ដល់​មាន​ចាក់​ឲ្យ​របួស​ស្នាម រហូត​ដល់​ទាហាន​ដែល​ស្លៀក​ពាក់​ជា​ឯកសណ្ឋាន អ្នក​ការពារ​រដ្ឋ រហូត​ទៅ​ដល់​ភ្ជង់​គំរាម​កំហែង ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ខ្ញុំ​សូម​អំពាវនាវ​ទៅ​ស្ថាប័ន​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ មេត្តា​ស្វែងរក​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទា​ទោស​ឲ្យ​បាន»។

មិន​អាច​ទាក់ទង​មន្រ្តី​មូលដ្ឋាន​នៃ​អាជ្ញាធរ​វៀតណាម ឬ​មន្រ្តី​ស្ថានទូត​វៀតណាម នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ ជុំវិញ​អំពើ​ហិង្សា​មក​លើ​ប្រជាពលរដ្ឋ​ខែ្មរ​ខាង​លើ​នេះ។

សូម​ជម្រាប​ថា កន្លង​មក​តែងតែ​លេច​ឮ​ពី​ការ​ចោទ​ប្រកាន់​នានា​អំពី​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​វៀតណាម ជុំវិញ​ទំនាស់​ដី​ធ្លី ទំនាស់​រឿង​ស្មៅ​គោ និង​ការ​ទិញ​ទំនិញ​កសិកម្ម​ពី​ប្រជាពលរដ្ឋ​ខែ្មរ​ដោយ​ឲ្យ​តម្លៃ​ថោក​ជា​ដើម៕

បុរស​ម្នាក់​ចង​ក​សម្លាប់​ខ្លួន បន្ទាប់ពី​ដឹង​ថា​ប្រពន្ធ ទៅ​ធ្វើ​ជា​ស្រីពេស្យា

ដោយ : សុ​ពិសិដ្ឋ
ថ្ងៃទី 10 តុលា 2009
CEN

សព​បុរស យិន សុផាត ដែល​បាន​ចងក​សំលាប់ខ្លួន បន្ទាប់ពី​ដឹង​ថា​ប្រពន្ធ​របស់​ខ្លួន​ទៅ​ធ្វី​ស្រីពេស្យា

សព បុរស យិន សុផាត ដែល បាន ចងក សំលាប់ខ្លួន បន្ទាប់ពី ដឹង ថា ប្រពន្ធ របស់ ខ្លួន ទៅ ធ្វី ស្រីពេស្យា

N/A: បុរស​ម្នាក់​កិត​ខ្លី ធ្វើអត្តឃាត​ដោយ​យក​អាវដៃវែង ចងក​សម្លាប់ខ្លួន ទៅ​នឹង​ដើមកា​ស្យា បន្ទាប់ពី​ដឹង​ថា​ប្រពន្ធ​គាត់​លួច​ក្បត់ចិត្ត ទៅ​ធ្វើ​ជា​ស្រីពេស្យា នៅ​កណ្តាល​ក្រុងភ្នំពេញ បន្សល់​កូនប្រុស អាយុ ៣ ឆ្នាំ ​នៅ​កំព្រា ។​

​ គេ​ប្រទះឃើញ​សព​បុរស​នោះ ធ្វើអត្តឃាត​នៅ​វេលា​ម៉ោង​ប្រមាណ ៧ យប់​ថ្ងៃ​ទី ៩ តុលា​កន្លងទៅនេះ នៅលើ​ដើមកា​ស្យា​ក្នុង​ដីឡូត៍​មួយ​កន្លែង ស្ថិតក្នុង​ភូមិ​ច្រេះ ខាងជើង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​ ប៉ូលិស​និយាយថា បុរសរងគ្រោះ​ឈ្មោះ យិន សុផាត អាយុ ៣៩ ឆ្នាំ មុខរបរ​មេជាង​សំណង់ ស្នាក់នៅ​បណ្តោះអាសន្ន ជាមួយ​បងប្អូន នៅ​ភូមិ​កើតហេតុ​ខាងលើ ហើយ​មាន​ស្រុកកំណើត ឃុំ​ដំរី​ពួន ស្រុក​-​ខេត្ត​ព្រៃវែង ។ ប្រពន្ធ​ឈ្មោះ នាង នី អាយុ​ប្រហែល ២៥ ឆ្នាំ មានកូន​ប្រុស​ម្នាក់​អាយុ ៣ ឆ្នាំ ។​

​ សាក្សី​បានឲ្យដឹងថា នាង​នី បាន​សុំ​ប្តី​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ រួច​ក៏​បាត់​តែ​ម្តង ដោយ​ពុំ​ផ្តល់​ដំណឹង​អ្វី​ទាំងអស់ ។ ក្រោយមក​បុរស​ជា​ប្តី ក៏​លេចឮ​ដំណឹង​ថា​ប្រពន្ធ​គាត់​ធ្វើការ​នៅក្នុង​ហាង​ម៉ាស្សា និង​កោសខ្យល់​មួយ នៅ​ម្តុំ​ពេទ្យរុស្សី ខណ្ឌចំការមន ។ ពេលនោះបុរស​ជា​ប្តី ក៏​ជិះ​ម៉ូតូ​ទៅ​លបមើល​ឃើញ​ប្រពន្ធ កំពុង​រួម​រ័ក្ស​ជាមួយ​ភ្ញៀវ នៅក្នុង​ផ្ទះ​ម៉ាស្សា ក៏​វិលត្រឡប់​មក​ផ្ទះ​វិញ ដោយ​ក្តីឈឺចាប់ ។ ដោយសារ​មូលហេតុ​នេះ ទើប​យិន សុផាត ចងក​សម្លាប់ខ្លួន ។​

ប្រាសាទបន្ទាយឆ្មារ​និង​រឿងនិទាន​ទេពអប្សរ​ពួន​ក្នុង​ស្រោម​សត្វ​ឆ្មា

ប្រាសាទបន្ទាយឆ្មារខ្ទេចខ្ទាំជាច្រើន

ប្រាសាទបន្ទាយឆ្មារខ្ទេចខ្ទាំជាច្រើន

ដោយ : សុរនាគ
ថ្ងៃទី 11 តុលា 2009
CEN

N/A: ​ឈ្មោះ​ប្រាសាទបន្ទាយឆ្មារ​នៃ​ទឹកដី​ខេត្ត​បន្ទាយមានជ័យ​មាន​រឿងនិទាន​និយាយ​តៗ​គ្នា​របស់​យាយ​តា​និង​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ប្រាសាទ​ដែល​ស្តាប់ទៅ​គួរ​ឲ្យ​ជក់ចិត្ត ។​

​ ​រឿងព្រេង​រៀបរាប់ថា កាលពីព្រេងនាយ​មាន​ក្សត្រ​មួយអង្គ​ត្រូវបាន​ស្តេច​ផែនដី​និរទេស​ឱ្យ​ចេញពី​ព្រះបរមរាជវាំង ។ ស្តេច​ដែល​ត្រូវ​និរទេស​ខ្លួន​នេះ បាន​មក​សង់​ខ្ទម​មួយ​នៅក្នុង​ព្រៃ ដោយ​ប្រកប​ការងារ​ជា​អ្នក​ធ្វើ​ចម្ការ ។​

​ ​នៅ​ថៃ្ង​មួយ​នោះ​ទេពធិតា​មួយ​អង្គ​បាន​ទទួល​ភារៈ​មក​ថែ​រទាំ​ព្រះអង្គ​មិនឲ្យ​ដឹងខ្លួន​ក៏​តាំង​និមិត្ត​ខ្លួន​ជា​សត្វ​ឆ្មា​មួយ​មក​រស់នៅ​ជាមួយ​។​ជា​រៀងរាល់ថ្ងៃ​ខណៈ​ដែល​ស្តេច​ចេញ​ទៅ​ធ្វើ​ចម្ការ​ផុត​ពី​ខ្ទម សត្វ​ឆ្មា​ដែល​ជា​ទេពអប្សរ ក៏​បាន​និមិត្ត​ជា​ភាព​ដើម​ក្លាយជា​ស្រី​ស្អាត​ចេញ​មក​រៀបចំ​ម្ហូបអាហារ​បាយទឹក​គ្រប់បែបយ៉ាង ទុក​ឲ្យ​ស្តេច​នោះ​។​នៅ​គ្រា​ដំបូង​ស្តេច​កម្លោះ​មិន​ចាប់ភ្លឹក​ទេដោយ​នឹកគិត​ថា​មាន​អ្នកដំណើរ​ណាមួយ​ឆ្លងកាត់​ទី​នេះ​ហើយ​អាណិត​ខ្លួន​ក៏​ជួយ​ដណ្តាំ​ស្ល​ទៅ​ព្រោះ​គេ​ក៏​បាន​ខ្ចី​ផ្ទះ​ខ្លួន​សំរាក​ដែរ តែ​ហេតុការណ៍​បែប​នេះ​ចេះ​តែ​កើត​មាន​ច្រើនលើកច្រើនសារ​យូរ​ខែ​ពេក ធ្វើឱ្យ​ស្តេច​និរទេស​នោះ កើត​មាន​ការងឿងឆ្ងល់​យ៉ាងខ្លាំង ។​

​ ​ថៃ្ង​មួយ​ស្តេច​កម្សត់​អង្គ​នេះ នៅ​ចាំ​ឃ្លាំមើល​នៅ​ខាងក្រៅ​ខ្ទម​របស់ខ្លួន ទើប​បាន​ឃើញ​ស្រី​ក្រមុំ​យ៉ាង​ស្អាត​ម្នាក់​និមិត្ត​ចេញ​ពី​សត្វ​ឆ្មា​មួយ​ដែល​រស់នៅ​ក្នុង​ខ្ទម​ជាមួយ​ខ្លួន​នា​ពេលកន្លងមក ។ ស្រី​ក្រមុំ​រូប​ស្អាត​នោះ បាន​ចេញ​មក​រៀបចំ​ម្ហូប អាហារ​ដូច​ខ្លួន​បាន​ធ្វើ​ជា​រៀង​រាល់​ថៃ្ង ។​

​ ​ក្នុងខណៈ​ពេល​សត្វ​ឆ្មា​និមិត្ត​ខ្លួន​ជា​ស្រី​រូប​ស្អាត​ហើយ​ភ្លាម ស្តេច​និរទេស​ក៏​បាន​ស្ទុះ​ទៅ​ចាប់​ស្រោម​ឆ្មា​នោះដែរ ។ នាង​ស្រី​រូប​ស្អាត​ឃើញ​ហេតុការណ៍​ដូច្នេះ​បាន​និយាយ អង្វរ​សុំ​ស្រោម​ឆ្មា​មកវិញ តែ​ស្តេច​មិន​ព្រម​ទាល់តែសោះ ។​

ចំឡាក់ដ៏ល្បីរបស់ប្រាសាទបន្ទាយឆ្មារ

ចំឡាក់ដ៏ល្បីរបស់ប្រាសាទបន្ទាយឆ្មារ

​បន្ទាប់​ពី​និយាយ​អង្វរករ​អស់​សមត្ថភាព​ហើយ ស្រី​ក្រមុំ​ស្រោម​ឆ្មា ក៏​បាន​និយាយ​ប្រវត្តិ​ពិត​នៃ​ការ​ក្លែងភេទ​ក្នុង បំណង​ចូល​មក​បម្រើ​ម្ហូបអាហារ​ប្រចាំថៃ្ងដ​ល់​ព្រះអង្គ ដើម្បី​កុំ ឱ្យ​ស្តេច​ដែល​ត្រូវ​និរទេស​នោះ​មាន​ការលំបាក​ក្នុង​ដំណើរ​ជីវិត​ខ្លាំងពេក ។​

​លុះដល់​ពេល​ដឹង​រឿង​សព្វគ្រប់​អស់ហើយ ទ្រង់​ក៏​ចង់​រួមរស់​ជាមួយ​នាង​ស្រោម​ឆ្មា ។ ពេលនោះ​នាង​បាន​ប្រាប់​ដល់​ស្តេច​ថា បើ​ចង់​រួមរស់​ជាមួយ​នាង សូម​យក​ស្រោម​ឆ្មា​ទៅ​ដុត​ចុះ វា​នឹង​កើតចេញ​ជា​ប្រាសាទ​មួយ​ភ្លាម ។ ស្តេច​ក៏​បាន​ធ្វើ​តាម​ការណែនាំ គឺ​យក​ស្រោម​ឆ្មា​ទៅ​ដុត រួច​ក៏​ផុសចេញ​ជា​ប្រាសាទ​មួយ​ឡើង ។ តាមន័យ​ក្នុង​រឿងនិទាន​ដូចនេះ ហើយ​ទើប​ស្តេច​ប្រសិទ្ធ​នាម​ថា “​ប្រាសាទ​បន្ទាយឆ្មារ​”​ត​រហូតមក​ដល់​សព្វ​ថៃ​នេះឯង ។​

​ ​នេះ​ជា​រឿងព្រេង ប៉ុន្តែ​ឈ្មោះ​បន្ទាយឆ្មា​មានន័យ​ជា “​បន្ទាយ​តូច​” ឬ​“​វាំង​តូច​” ដែល​ផ្ទុយ​គ្នា​ពី​បន្ទាយ​ធំ ឬ​នគរធំ ។ មតិ​លើកឡើង​ក្រោយ​នេះ​គឺ​សម​ហេតុផល​ជាង ព្រោះ​តាម​ប្រវត្តិសាស្ត្រ យើង​ឃើញ​មាន​បន្ទាយ​ធំ​ជា​រាជធានី ដែល​ហៅថា​“​មហា​នគរ​” ឬ​ប្រែ​ថា​ក្រុង​ធំ ។

​ដូចនេះ​បើ​មាន​ការបង្កើត​ក្រុង​តូច​ល្មម​សម្រាប់​ស្តេច​អនុរាជ ឬ​ស្តេចត្រាញ់​គង់នៅ អ្នក ស្រុក​តែង​កំណត់​សម្គាល់ថា ក្រុង​តូច ឬ​បន្ទាយ​តូច ហើយក៏​អាច​ហៅ​ពាក្យ​ម្យ៉ាង ទៀត​បាន​ដែរ​គឺ “​បន្ទាយឆ្មារ​” ដូចដែល​មាន​ឈ្មោះ​ប្រាសាទបន្ទាយឆ្មារ​ត​រហូត​មកដល់​បច្ចុប្បន្ន​នេះ​ទៅ​៕

សិស្សសាលា​ដេញ​បាញ់​គ្នា របួសធ្ងន់​ម្នាក់​

យុវ​សិស្ស សុខ ស៊ីណា របួស​ចំ​ចង្កេះ​ខាងឆ្វេង​បៀម​គ្រាប់

យុវ សិស្ស សុខ ស៊ីណា របួស ចំ ចង្កេះ ខាងឆ្វេង បៀម គ្រាប់

ដោយ : សុ​ពិសិដ្ឋ​
ថ្ងៃទី 10 តុលា 2009
CEN

N/A: សិស្សសាលា​ស្ទាវៗ ២ នាក់​ បាន​ជិះ​ម៉ូតូ ១ គ្រឿង ដេញ​បាញ់​សិស្ស​ម្នាក់​កំពុង​ជិះ​ម៉ូតូ Chaly តាមផ្លូវ​ម្នាក់ឯង បណ្តាលឲ្យ​របួស​ធ្ងន់​បញ្ជូន​ទៅ​ស​ង្គ្រោះនៅ​មន្ទីរពេទ្យ​ព្រះកុសមៈ ។​

​អំពើ​បាញ់ប្រហារ​យ៉ាង​ព្រហើន ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ ព្រឹក​ ថ្ងៃ​ទី ១០ តុលា​នេះ នៅ​ចំណុច​មុខ​ផ្ទះ​លេខ ៤១ B ផ្លូវ​២៧១ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក ។​

​ប៉ូលិស​និយាយថា ជនរងគ្រោះ​ ឈ្មោះ សុខ ស៊ីណា ហៅ​ខ្នា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ​សិស្ស​អនុវិទ្យាល័យ​អូរ​បែកក្អម ស្នាក់​នៅផ្ទះ​លេខ ៧១ B ផ្លូវ​ ៦៥៦ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក រងរបួស​ចំ​ចង្កេះ​ឆ្វេង​បៀម​គ្រាប់ ។ ចំណែក​ក្រុម​ជនល្មើស​ស្លៀកពាក់​ឯ​ក​សណ្ឋាន​កូនសិស្ស ជិះ​ម៉ូតូ​ស៊េរី​ទំនើប ១ គ្រឿង​ ប្រដាប់​ដោយ​កាំភ្លើង ១ ដើម បាន​គេច​ខ្លួន​ដោយ​សុវត្ថិភាព ។​

MjAxYjU1Y2

​ប៉ូលិស​បន្តថា មុន​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ Chaly ម្នាក់ឯង​តាមផ្លូវ ២៧១ ពី​លិច​ទៅ​កើត ។ លុះដល់​ចំណុច​ខាងលើ​ស្រាប់តែ​មាន​ជនល្មើស ២ នាក់​ ស្លៀកពាក់​កូនសិស្សមក​អែប​ជនរងគ្រោះ ហើយ​ស្រែក​គំហក​ឈប់ ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម​ឈប់ ស្រាប់តែ​ជនល្មើស​ដក​កាំភ្លើង​ពី​ចង្កេះ​បាញ់ ១ គ្រាប់​ បណ្តាលឲ្យ​របួស ហើយ​បើក​ម៉ូតូ​គេច​បាត់ ។ ចំណែក​ជនរងគ្រោះ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះនៅមន្ទីរ​ពេទ្យ​ព្រះកុសមៈ ។​

​បើ​តាម​ការបំភ្លឺ​ពី​សិស្ស​រងគ្រោះ​ប្រាប់​ប៉ូលិស បានឲ្យដឹងថា មូលហេតុ​បណ្តាលឲ្យ​ក្រុម​ជនល្មើស​បាញ់​គឺ ពួកគេ​ធ្លាប់​មាន​ទំនាស់​គ្នា កាល​ពី​បុណ្យ​ភ្ជុំ​បិណ្ឌ ។ ប៉ូលិស​កំពុង​ស្រាវជ្រាវ​រឿងនេះ ៕

តួឯក​ស្រី​ក្នុង​រឿង ​“​ត្រៀម​ចិត្ត​សម្រាប់​ឈឺ​” ​ប្តឹង​លែងលះ​ស្វាមី

ដោយ : ច័ន្ទសិរី
ថ្ងៃទី 28 កញ្ញា 2009
CEN

នាង កែវ និសា

នាង កែវ និសា

ភ្នំពេញ: ​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ប្រកាស​ពី​រសៀល​ថៃ្ង​ទី​២៦ ខែ​សីហា​ឆ្នាំ​២០០៩ បាន​ញ៉ាំង​ឲ្យ កែវ និសា ដែល​ជា​តារា​មួយ​ដួង​សប្បាយចិត្ត រីកថ្លើម​មិនតិច​ទេ ព្រោះ​នាង​បាន​ឈ្នះក្តី​លែងលះ​និង​ចែក​ទ្រព្យសម្បត្តិ​លើ​អតីតៈ​ស្វាមី​របស់ ខ្លួន ។ លោក គាំ វា​រី ដែល​ជា​អតីតៈ​ស្វាមី​កំពុង​មមាញឹក​ប្តឹងឧ​ទ្ធ​រណ៍ប្រ​យោជន៍​ដើម្បី ទាមទារ​នូវ​អ្វី​ដែល​អំណាច​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រគល់​ទៅឱ្យ​នាង​កែវ និសា ដែល​ជា​អតីតៈ​ភរិយា​។​

​ ​លោក​គាំ វា​រី ជា​អាណិកជន​ខ្មែរ​នៅ​ឯ​បរទេស លោក​ធ្លាប់បាន​និយាយ​រៀបរាប់​យ៉ាង ច្រើន​ជាមួយ បណ្តាញសារព័ត៌មាន​អំពី​វិបត្តិ​នៅ​ក្នុង គ្រួសារ​របស់​លោក​នា​ពេល​កន្លងមក ។​ក្រោយពេល​ដែល​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ជា​ផ្លូវកា​រ លោក​ក៏​បាន​លេចមុខ​ជាថ្មីទៀត​តាម​ទំព័រសារព័ត៌មាន​មួយចំនួន ។​

​ ​លោក​គាំ វា​រី ត្រូវបាន​សារព័ត៌មាន​ដកស្រង់​សម្តី​ថា ក្រោយ​ពេល​លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ នាង កែវ និសា រូបលោក​ជា​អ្នកទទួល រ៉ាប់រង​ផ្គត់ផ្គង់​រាល់​ការ ចំណាយ​ក្នុង​គ្រួសារ​ទាំង​ស្រុង ទាំង​លុយ​កាក់ ទាំង ទ្រព្យសម្បត្តិ ដោយ​រស់​នៅ​ជួប ជុំគ្នា​ជា មួយ​ម្តាយបង្កើត​និង​ជីដូន​របស់​នាង កែវ និសា​។ ពេល​នោះ​កែវ និសា ជា​ភរិយា​និង​ជា​មេផ្ទះ​ដ៏​ចំណាន​ម្នាក់​។ ចុង​ទសវត្សរ៍​ទី​៩០ លោក បាន​សាងសង់​ផ្ទះ​វីឡា​មួយ​ខ្នង​ដែល​មាន​លេខ​១០៩ ផ្លូវ​លេខ​៩០ ក្រោយ​របង​ស្ថានទូត​បារាំង មាន​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ ដោយ​ក្តី​សង្ឃឹម​ទុកថា សុភមង្គល ប្រាកដ​ជា​ត្រូវ​បាន​ពូន​ជ្រុំ​ឱ្យ​មាន​ជីវិត ស្រស់ ថ្លា​ជាក់​ជាពុំខាន ដឹងអី​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ទាំង​រូបនាង​និង​ម្តាយ របស់​នាង​ហាក់​មាន​ចេតនា​ចង់​បណ្តេញ រូបលោក​និង​ក្មេងៗ​ដែល​លោក​នាំ​មក​ឱ្យ​ជួយ​ថែទាំ​ផ្ទះ​ឱ្យ​ចេញពីផ្ទះ​វីឡា​នោះ​ទៅវិញ ដោយ​គេ​សំអាង​ថា​ផ្ទះ​វីឡា​នោះ បាន​សង់​នៅលើ​ដី​របស់​គេ ហេតុនេះ​វា​ជា​របស់​ផស់​គេ តែ​តាម​ការពិត​ដី​នោះ​រូបលោក​បាន​ដោះដូរ​ជា មួយនឹង​រថយន្ត តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​ទៅ​ឱ្យ​ម្តាយ​របស់​នាង​ដោយ​រូប​លោក​មាន​ឯកសារ​ជា​ភស្តុតាង​ត្រឹមត្រូវ ។​

​ ​ចំពោះ​ស្នេហា​ជា​ប្តី​ប្រពន្ធ​លោក​គាំ វា​រី បានបញ្ជាក់​ថា តាំង​ពី​ចាប់ដៃគ្នា​មក ប្តី​ប្រពន្ធ​លោក​មិន​ដែល​ឈ្លោះប្រកែក​គ្នា​ទេ ប៉ុន្តែ​នៅក្រោយពេល​ដែល​លោក​បាន​សាងសង់​ផ្ទះ​វីឡា​នោះ​រួចរាល់​មក ក៏​ចេះ​តែ​មាន​បញ្ហា​រកាំរកូស​ខ្លះៗ ហើយ​ភាព រកាំរកូស​នេះ​ចេះ​តែ​បង្ក​ច្រើនឡើងៗ ក្រោយពេល​ដែល​នាង​កែវ និសា ឈាន​ជើង​ចូល​ក្នុង​វិស័យ​សិល្បៈ សូម្បី តែ​កិច្ចការ​នៅក្នុង​ផ្ទះ ក៏​ដូច​ជា​កិច្ចការ​នៅក្នុង​ក្រុមហ៊ុន​ដែល​រូបលោក​ឱ្យ​នាង​ជួយ​ធ្វើការ ក៏​តែងតែ​សង្កេតឃើញថា​មិន​មាន​ភាពស្មោះត្រង់​ដែរ ។ លោក​គាំ វា​រី បាន​ទម្លាយ​ពី​អាថ៌កំបាំង​ថា បើ​តាម​លោក​ដឹង​អតីតៈ​ភរិយា​របស់​លោក​បាន​ចូលប្រឡូ​ក​ក្នុង​វិស័យ​សិល្បៈ​តាមរយៈ​លោក​សាន ផានិត នា​អំឡុង​ឆ្នាំ​២០០៤ ហើយ​ពេលនោះ​នាង​ក៏​បាន​ការគាំទ្រ​ពី​សមាជិក​ក្នុង​គ្រួសារ​ខ្លះៗ​ដែរ ប៉ុន្តែ​រឿង​ដ៏​គួរឱ្យ​អាម៉ាស់​នោះ គឺ​ព័ត៌មាន​អាស្រូវ ដែល​រូបលោក​ទទួលបាន​ពី​បងប្អូន​ធម៌​ខាង​ម្តាយបង្កើត​របស់​នាង ព្រោះ​ពួក គាត់​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​ដែល​នាង​បាន​បណ្តើរគ្នា​ជាមួយ​សាន ផានិត ទៅ​ស្រុក​ថៃ ។ ដោយសារ​តែ​រូប​លោក​អាណិត​ស្រឡាញ់​នាង រូបលោក​បាន​ព្យាយាម​លាក់បាំង និង​បំភ្លេចចោល ហើយ​ងាក​មក​និយាយ លួងលោម​ណែនាំ​ដល់​នាង​ឱ្យ​កែខ្លួន​ឡើង កុំ​ឱ្យ​ដឹង​ឮ​ដល់​អ្នកផង​នាំ​ឱ្យ​ខ្មាស​គេ ប៉ុន្តែ​ការព្យាយាម​នេះ​មិន​ទទួលបាន​លទ្ធផល​ទេ ហើយ​កាន់តែ​យ៉ាប់យ៉ឺន ទៅៗ​។​

​ ​កន្លងមក​ក៏​ធ្លាប់​លេចឮ​នូវ​ព័ត៌មាន​ផ្សេងទៀត ដោយ​លោក​សាន​ផានិត ត្រូវបាន​ម្តាយបង្កើត​របស់​នាង​កែវ និសា​វាយតប់​នៅក្នុង​ផ្ទះ​វីឡា របស់​លោក​គាំ វា​រី តែ​មិន​ដឹង​មូលហេតុ​ពិតប្រាកដ​ទេ ប៉ុន្តែ ទំនងជា​ដោយសារ​លោក​សាន ផានិត ឧស្សាហ៍​ចេញ ចូលរ​ក​នាង​និសា​។​

​ ​លោក​គាំ វា​រី បាន​រៀបរាប់​ទៀត​ថា កែវ និសា បាន​ចុះចោល​លោក​តាំង​ពី​ខែ​ឧសភា​ឆ្នាំ​២០០៨ ស្រាប់តែ​ឥឡូវ នាង​មក​ប្តឹង​រូបលោក ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​សាលក្រម​ឱ្យ​នាង​ឈ្នះក្តី​លើ​រូប​លោក គឺ​តម្រូវ​ឱ្យ​លោក​ប្រគល់​ផ្ទះ វីឡា​ដែល​នៅ​ក្រោយ​ស្ថានទូត​បារាំង​នោះ​ទៅឱ្យ​នាង​ទៀត​ផង ។

​ ​លោក​គាំ វា​រី ក៏​បាន​សម្តែង​ពី​មនោ​សញ្ចោ​ត​នា​របស់​លោក​នា​ពេលកន្លងមក​ដែរ​ថា លោក​ធ្លាប់បាន​ប្រាប់​នាង​ដែរ​ថា កុំ​ឱ្យ​ធ្វើបាប​រូបលោក​ពេក ជំរុញ​លោក​ឱ្យ​ទ័លច្រក សូម​កុំ​ភ្លេច​នូវ​អ្វីៗ​ដែល​លោក​ធ្លាប់​បាន​សាង​ជាមួយ​នាង ធ្លាប់បាន​ជួយ​នាង ព្រម​ទាំង​ម្តាយ របស់​នាង ក៏​រូបលោក​ធ្លាប់​ឱ្យ​ខ្ចី​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ដែរ ។ ផ្ទះ​មួយ​ល្វែង​នាង​បាន​លក់​យក​លុយ​ទាំងអស់ ពេលនោះ​រូប លោក​សុខចិត្ត​យកលុយ​បង់​ឱ្យ​ក្រុមហ៊ុន ដើម្បី​លោះ​យក​ផ្ទះ​នោះ​មក​វិញ ។ ចំណែក​ផ្ទះមួយ​ល្វែង​ផ្សេងទៀត​ត្រូវគេ រឹបអូស​យក​ដោយ សារ​នាង​បាន​ខ្ចីលុយ​គេ ក្រៅពី​នោះ​ក៏​ដោយសារ​មាន​វិបត្តិ​នៅក្នុង​គ្រួសារ​ទើប​រូប​លោក​នៅ​មាន​បំណុល​ប្រមាណ​ជា​១៥​ម៉ឺន​ដុល្លារ ដោយសារ​បិទទ្វារ​ក្រុមហ៊ុន​លែង​រកស៊ី ប៉ុន្តែ​រូប​លោក​សុខចិត្ត​យល់ព្រម​ទទួលយក​និង​បំភ្លេចចោល​ទាំងអស់ ដោយ សុំ​កុំឱ្យ​មាន​ការ​ប្តឹងផ្តល់​ធ្វើ​អ្វី​នាំ​ឱ្យ​បែកបាក់​គ្នា​ខ្មាស​គេ ។​

​ ​នាង កែវ និសា មិនបាន​ធ្វើ​ការពន្យល់​ពី​មូលហេតុ​អ្វី​ខ្លះ​ទើប​សម្រេចចិត្ត​ប្តឹងផ្តល់​លែងលះ​ស្វាមី​ទេ​, ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​អ្នកយកព័ត៌មាន​នៅ​តែ​មិន​មាន​លទ្ធភាព​ដើម្បី​សុំ​ការពន្យល់​បាន​នៅឡើយ ។ បច្ចុប្បន្ន​នាង​កែវ និសា កំពុង​សម្តែង​ជា​តួឯក​ក្នុង​រឿង​ភាគ​ខ្មែរ ក្រោម​ចំណងជើង​ថា​“​ត្រៀម​ចិត្ត​សម្រាប់​ឈឺ​” ដែល​ដាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​បាយ័ន​៕

ឧត្តមសេនីយ៍​នគរបា​ល​២១​នាក់​ចូល​និវត្តន៍

ដោយ : សិរី
ថ្ងៃទី 11 តុលា 2009
CEN

N/A: ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា ស៊ីម​ក្នុងនាម​ប្រមុខរដ្ឋ​ស្តីទី​បាន​ចុះហត្ថលេខា​ដាក់ ឱ្យចូល​និវត្ត​នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ថ្នាក់​ឧត្តមសេនីយ៏​ចំនួន​២១​នាក់​តាម​សំណើរ​របស់​សម្តេច​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ ​នាយ​នគរបាល​ជាន់​ខ្ពស់​ទាំង​នោះ​រួមមាន​៖
​ ​-​ថ្នាក់​ឧត្តមសេនីយ៏ឯក​ចំនួ​ន​៤​រូប​គឺ​លោក​យ៉ែម ភឿន, ​លោក​ប្រុក សារឿ​ន​, ​លោក​វ៉ាន់ ណ​យ និង​លោក​គីង សំណាង ។
​ ​-​ថ្នាក់​ឧត្តមសេនីយ៏ទោ​៨​រូប​គឺ​លោក​ហ៊ុល ស​ក្តា​, លោក​ពត ក្រូច​, លោក​ច័ន្ទ ប្ញ​ទ្ធី​, លោក​សម សា​គុណ​,​លោក​អ៊ូ ហៃ, ​លោក​ជា គឹម​លី, ​លោក​យិន សុវណ្ណ​, លោកណឹម​សាមុត ។
​ ​-​ថ្នាក់​ឧត្តមសេនីយ៏ត្រី​៩​រូប​គឺ​លោក​ព្រហ្ម ថា​ន​, ​លោក​នូ នឿន​, ​លោក​ហេង សែម​, លោ​កថឹង សែម, ​លោក​អ៊ុំ យូរ៉ាន់​, លោក​ឯក​ឆោម​, ​លោក​ឱក ថន​, លោក​យិន ឈាង​លី និង​លោក​ស៊ីម សំបូរ​។​
​ ​ព្រះរាជក្រិត្យ​នេះ​ចូល​ជា​ធរមាន​ចាប់ពី​ថៃ្ង​ចុះហត្ថលេខា​កាល​ពី​ថៃ្ង​ទី​១៤​ខែ​កញ្ញា​២០០៩។ នេះជាការដាក់ឲ្យចូលនិវត្តន៍នាយនគរបាលជាន់ខ្ពស់ក្នុងចំនួនច្រើនមួយ៕

នាង​កែវ និសា បាត់បង់​តំណែង​តួឯក​ខ្សែ​វីដេអូ​ប្រចាំ​ទូរទស្សន៍​បាយ័ន​

ដោយ : ជំនិត
ថ្ងៃទី 10 តុលា 2009
CEN

នាង កែវ និសា

នាង កែវ និសា

N/A: មួយរយៈ​កន្លងមកនេះ​នាង​កែវ និសា ធ្លាប់​ទទួលបាន​នូវ​ការគាំទ្រ​ពី​សំណាក់​ទស្សនិក ជន​យ៉ាងច្រើន ដោយសារ​រូប​សម្ផស្ស​ផង និង ទេពកោសល្យ​សម្តែង​ផង ហើយ​នរណាៗ​ក៏​គេ​គិតថា និសា​ជា​តារា​ដ៏​មាន​ប្រជាប្រិយ ហើយ​នៅ​ក្រមុំ​ទៀត ដឹងអី​ស្រាប់ តែ​ពេល​ថ្មីៗ​នេះ​ផ្ទុះ​ធ្លាយ​រឿង​កែវ និសា ប្តឹង​សុំ​លែងលះ​ស្វាមី ធ្វើឱ្យ​អ្នក​ដែល​ធ្លាប់តែ​គាំទ្រ​នាង​មាន​ការភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា ។​

​ ​ គួរ​រំលឹក​ផងដែរ​ថា សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ្ញ បាន​ប្រកាស​កាល​ពី​ថៃ្ង​ទី​២៦ ខែ​កញ្ញា​ឆ្នាំ ២០០៩ ដោយ​តម្រូវឱ្យ​បញ្ឈប់​ការ​រស់ នៅ​ជា​អ​នីតិ​សង្វាស​រវាង​នាង​កែវ និសា និង​លោក​គាំ វា​រី អាយុ​៤៩​ឆ្នាំ ជា​អាណិកជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ហើយ​នាង​និសា​ត្រូវ​ទទួលបាន​នូវផ្ទះ​វិឡា​មួយ​ខ្នង ដែល​ស្ថិត​នៅក្រោយ​ស្ថានទូត​បារាំង​។​
​ ​ចាប់តាំងពី​មានការ​ប្តឹងផ្តល់ រហូតដល់​មាន​សាលក្រម​រួចមក មិន​គ្រាន់តែ​ក្នុង​ជីវិត​ឯកជន​ទេ សូម្បី​ជីវិត​នៅក្នុង​សិល្បៈ​ក៏​ប្រែប្រួល​ដែរ គឺ​យីអ៊ុន​នាង​កែវ និសា​ដាក់​ធ្លាក់​ស្រុតចុះ​អស់​ប្រជាប្រិយភាព​។​

​ ​លោក ហ៊ុយ វាសនា ដែល​ជា​អ្នកនិពន្ធ និង​ដឹកនាំ​រឿង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​បាន​និយាយ​ប្រាប់​ទស្សនា​វ​ដ្តី​ក្នុងស្រុក​មួយ​ថា ការថត​រឿង “​ត្រៀម​ចិត្ត​សម្រាប់​ឈឺ​” ដែល​កំពុង​តែ​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​បាយ័ន​សព្វថៃ្ងនេះ ពិបាក​ច្រើនណាស់ ដោយសារ​តែ​តួឯក​ស្រី កែវ និសា ធ្វើឱ្យ​ដំណើរការ​ថត​ត្រូវ​យឺតយ៉ាវ អូសបន្លាយ ចំណាយ​ពេល​ជាង​៥​ខែ​ទើប​ថត​ចប់ ម្យ៉ាង​ដោយ​សារ​រដូវភ្លៀង​ផង ដូច្នេះ ត្រូវ​ចំណាយ​ថវិកា​ច្រើន​ជាង​ការគ្រោងទុក គឺ​ជិត​៦​ម៉ឺន​ដុល្លារ ។

​ ​លោក​ហ៊ុយ វាសនា បានបញ្ជាក់​បន្តថា រឿង​ក្រោយ​នេះ​របស់​លោក​មាន​ចំណងជើង​ថា​“​ភូមិ​ខ្ញុំ​ស្រស់​ឆើតឆាយ​” មិន​តម្រូវ​យក​នាង​និសា​ដើរតួ​សម្តែង​ទៀត​ទេ ព្រោះតែ​នាង​មាន​បញ្ហា​ផ្ទាល់ខ្លួន​ច្រើន នាំឱ្យ​ប៉ះពាល់​ពេលវេលា និង​ការចំណាយ​ដូច​មុន​ទៀត ទើប​សម្រេច​ជ្រើសរើស​យក​នាង​សុខ សុមា​វត្តី មក​សម្តែង​ជា​តួឯក​វិញ ។ នាង សុខ សុមា​វត្តី ជា​ពិធី​ការិនី​របស់​ទូរទស្សន៍​បាយ័ន ចំណែក​តួ​ប្រុស​គឺ ឡុង វិរៈ​យុទ្ធ​, រឿង​នេះ​ថត​បាន​ប្រមាណ​ជា​៨០ ភាគរយ​ហើយ ។​

​ ​តាំងពី​មាន​រឿងអាស្រូវ​មក ប្រជាប្រិយភាព​របស់​នា​ង​កែវ និសា បាន​ស្រុតចុះ​យ៉ាងច្រើន ព្រោះ​ពី​មុនៗ មក​ទស្សនិកជន​មិន​បានដឹងថា នាង​កែវ និសា នាង​មានប្តី​រួច​ទៅហើយទេ គេ​ដឹង​ត្រឹម​តែ​នាង​មាន​ទំនាក់ទំនង​ស្នេហា​ជា មួយ​អ្នកចម្រៀង​សាន ផានិត ប៉ុណ្ណោះ ប៉ុន្តែ​ថ្មីៗ​នេះ​វាំងនន​ដែល​ធ្លាប់តែ​បិទបាំង​ពី​ខ្សែជីវិត​ក្រៅ​សិល្បៈ​ ត្រូវបាន​អតីតៈ ស្វាមី​របស់​នាង​បើកចំហ​ទម្លាយ​នូវ​រឿងរ៉ាវ​យ៉ាង​ហូរហែ​។

​ ​ នាង​កែវ និសា មិន​បាន​បកស្រាយ​យ៉ាងណា​ជូន​ដល់​ទស្សនិកជន ក៏ដូចជា​អ្នកសារព័ត៌មាន​ទេ បើទោះបីជា មាន​ការព្យាយាម​ទូរស័ព្ទ​ទៅ​រក​នាង ដើម្បី​សុំ​ការពន្យល់​ជា​ញឹកញាប់​យ៉ាង ណាក៏ដោយ​៕

‘Overloaded’ Cambodia ferry sinks

_46529817_0910_cambodia_kratie

Sunday, 11 October 2009
BBC

At least 17 people are feared dead after an overloaded ferry capsized on the Mekong river in Cambodia.

The ferry was on its way to a Buddhist temple in Kratie province when it was caught in strong currents.

Officials said the bodies of the dead, including two children under the age of five, had been released to relatives.

More than 30 people were packed onto the vessel which was travelling in a calm tributary of the river, 160km (100 miles) from Phnom Penh.

“There was no storm or heavy rain when the boat sank. The accident happened because it was overloaded with passengers,” Police Major Leng Sarum was quoted as saying by AP.

Kratie province has been hit by devastating flooding recently.

Late last month, Typhoon Ketsana swept into central Cambodia toppling dozens of homes and killing at least 18 people and injuring some 100 others.

កែវ សូរិយា​៖​មាន​ជំទាវ​អនាមិក​ណាត់​ជួប​ចរចា​ជាមួយ​ខ្ញុំ​ជាសម្ងាត់​រឿង​ប្តី​គាត់

Source: CEN

Nzk5NTFkZWប្រមាណ​ជាង​មួយ​ខែ​កន្លងមកនេះ គេ​ឃើញ​តារា​សិច​ស៊ី កែវ សូរិយា បង្ហាញ​មុខ​ជា​ញឹកញាប់​នៅតាម​ទំព័រសារព័ត៌មាន ប្រកាស​ប្រាប់​ពី​រឿង​ស្រី​ម្នាក់​ដែល​ឧទ្ទេស​នាម​ខ្លួនឯង​ថា​ជា​ជំទាវ​របស់ ​មន្ត្រី​ជាន់ខ្ពស់​និង​ជា​ឧកញ៉ា​ល្បីឈ្មោះ​មួយ​រូប​នៅខេត្តសៀម រាប​បាន​តិះដៀល​និង គំរាម​នាង​ឲ្យ​ប្រគល់​សម្ភារៈ​រួមមាន ផ្ទះ​, រថយន្ត និង​សណ្ឋាគារ​ទៅ​ឱ្យ​គេ​ជា​ប្រពន្ធ​វិញ​ជា​កំហិត បើ​មិន​ដូច្នេះ​ទេ គេ​នឹង​បញ្ចេញ​នូវ​ខ្សែ​វីដេអូ​សិច ដែល​បង្ហាញ​ពី​ក្បាច់​រួម​រ័ក្ស​ស្នេហា រវាង​នាង​សូរិយា​ជាមួយនឹង​មន្ត្រី​រូប​នោះ​ជា​សាធារណៈ ។ រហូតមកដល់​ពេលនេះ មិនឃើញ​មាន​ការបង្ហាញ​នូវ ខ្សែ​វីដេអូ​សិច​នោះទេ តែ​បែរជា​លេច​ព័ត៌មាន​មក​ថា​ជំទាវ​រូបនោះ​បាន​ណាត់​ជួប​ជាមួយ កែវ សូរិយា​តែ​ពីរ​នាក់​តទល់​ក្នុងពេល​ឆាប់ៗ​នេះ​ទៅ​វិញ​។​ប្រិយមិត្ត​អ្នកអាន​ ចង់ដឹង​នូវ​ព័ត៌មាន​នោះ​តើ​វា​យ៉ាងដូច ម្តេច​? ឬ​គ្រាន់តែ​ជាការ​ប្រឌិត ឡើង​ដើម្បី​កេង​យកចំណេញ​ខាង​ប្រជាប្រិយភាព ក្នុង​ខណៈ​ដែល​រូប​នាង​សូរិយា​មិនសូវ​ល្បីល្បាញ​នោះ​?

​ ​ថ្មីៗ​នេះ​សារ​តាម​ទូរស័ព្ទ (SMS)​ទៅកាន់​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន បាន​ចោទប្រកាន់​នាង កែវ សូរិយា​ថា​បានទទួល ប្រាក់​និង​សម្ភារៈ​ជាច្រើន​ពី​ប្តី​របស់​គេ មាន ដូចជា រថយន្ត​ឡិច​ស៊ី​ស RX៣០០, ផ្ទះ​ពីរ​ល្វែង​តម្លៃ​ជាង​៣៥​ម៉ឺន​ដុល្លារ ,​សណ្ឋាគារ​មួយ​កន្លែង​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ។ ជាងនេះទៀត សារ​នោះ​បាន​តិះដៀល​នាង​កែវ សូរិយា ថា​ជា​ស្រី​ពូកែ​រឿង​សិច និង​លក់ខ្លួន ហើយ​ធ្វើ​ការព្រមាន​ចំៗ​ថា បើ​សូរិយា​មិន​ប្រគល់​សម្ភារៈ​ទាំងនោះ​ទៅ​ឱ្យ​គេ​វិញ​ទេ គេ​នឹង​បញ្ចេញ​ខ្សែ​វីដេអូ​សិច​ដែល​នាង​សូរិយា បានរួម​រ័ក្ស​ជាមួយ​ប្តី​របស់​គេ​ឲ្យ​អ្នកផ​ងមើល​ជា​សាធារណៈ ។ ព័ត៌មាន​នេះ​បាន​បង្កើត​ការចាប់អារម្មណ៍​ពី​មជ្ឈដ្ឋាន​ទូទៅ​កាន់តែខ្លាំង​ ឡើងៗ ម្នាក់ៗ​ចង់ ឃើញ​ខ្សែ​វីដេអូ​សិច​នោះ តើ​មាន​ដូច​ការចោទប្រកាន់​មែន ឬ​អត់​? ចំណែក​នាង​កែវ សូរិយា វិញ បាន​និយាយប្រាប់​សារព័ត៌មាន​ថា “​សម្ភារៈ ទាំងអស់​នោះ​ជា​របស់​ខ្ញុំ ដូច្នេះ​គ្មាន​ការប្រគល់​ឱ្យ ឬ​ដោះដូរ​នឹង​ខ្សែ​វីដេអូ​សិច​ណា​នោះ​ទេ ។ ផ្ទះ​, រថយន្ត ជា​កម្មសិទ្ធិ​របស់​ខ្ញុំ មិនអាច​នរណា​មក​រឹបអូស​បាន​ទេ​” ។​

​ ​ចំពោះ​ព័ត៌មាន​ដែល​លេចឮ​ថា បន្ទាប់​ពី​មាន​ការចោទប្រកាន់​ថា​ពាក់ព័ន្ធ​ជាមួយ​ប្តី​គេ​មក នាង​កែវ សូរិយា លែង​ហ៊ាន​រស់នៅ​ផ្ទះ​ចាស់ ហើយ​ទៅសម្ងំ​នៅ​វីឡា​មួយនា​តំបន់​ហ្គ្រេ​ន​ភ្នំពេញ ដែល​គេ​ល្បី​ថា ជា​កាដូ​របស់​មន្ត្រី​ជាន់ខ្ពស់​រូបនោះ កែវ សូរិយា​បាន​បក ស្រាយ​ថា “​ខ្ញុំ​នៅ​ផ្ទះល្វែង​ធម្មតា ម្តង​ដេក​នៅ​ទីនេះ ម្តង​ដេក​នៅ​ទីនោះ ព្រោះ​ផ្ទះ​មាន​ពីរ​ជិត​ផ្សារ​សុ​វណ្ណា​និង​នៅ​ទឹកថ្លា​”​។​

​ ​កន្លងមក​គេ​ឃើញ​នាង​សូរិយា ហាក់ដូចជា​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​បន្តិច ហើយ​ពេល​ចេញ​ទៅណា​មក​ណា តែង មាន​ឪពុក​បង្កើត​ឬ​ឪពុកមា​របស់​នាង​ជូន​ដំណើរ​ការពារ​ដោយ​ប្រុងប្រយ័ត្ន ហើយក៏​ពុំ​សូវ​ចេញ​ក្រៅ​ផ្ទះ​ដូច​សព្វដង​ដែរ ។​

​ ​លោក​យូ ពេជ្រ ដែល​ត្រូវជា ឪពុកមា​របស់​នាង​កែវ សូរិយា បាន​ប្រាប់​សារព័ត៌មាន​ថា ធ្លាប់​មាន​ជន​មិន​ស្គាល់​មុខ​៤​នាក់ ជិះ​ម៉ូតូ​ធំ​និង​រថយន្ត​ទំនើប ក្រឡឹង​ក្បែរ​ផ្ទះ​នាង​ជា​ញឹកញាប់ ទើប​ធ្វើឱ្យ​នាង​មាន​ការភិតភ័យ​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ។​
​ ​ហេតុការណ៍​នេះ បាន​កើតឡើង ជាង​មួយខែ​ហើយ តែ​នាង​សូរិយា​បាន​ប្រាប់ថា មិន ទាន់​ស្ងប់​ទេ ហើយ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ជំទាវ​អនាមិក​រូបនោះ​នឹង​មក​ជួប​នាង​ផ្ទាល់​តទល់​តែ​២​នាក់ នៅ​កន្លែង​មួយ​នា​ទីក្រុង​ភ្នំពេញ ។​នាង​និយាយថា​“​មិន​យូរ​ទេ​ប្រហែលជា​មួយ​សប្តាហ៍​ទៀត​។ ខ្ញុំ​ចង់​ដឹង​ណាស់​ជំទាវ​នោះ​ជា​នរណា​? ប្តី​គេ​នោះ​ជា​នរណា​? ព្រោះ​រឿង​នេះ បាន​កើតឡើង​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និង​ការងារ​របស់​ខ្ញុំ​ដែល​គ្រោង​នឹង​ចូល​ធ្វើ​ជា​ពិធិការិនី​ទូរទស្សន៍​មួយ ​” ។​ទោះជា​យ៉ាងនេះ​ក្តី​នាង​សូរិយា​បាន​បន្តថា នាង​មិន​មាន​ការបារម្ភ​ទេ ព្រោះ​នាង​មិន​ពាក់ព័ន្ធ​ជាមួយ​ប្តី​គេ ឬ​លោក​ឧកញ៉ា​ណា​ទេ ហើយ​សូមឱ្យ​គាត់​បង្ហាញ​ពី​ខ្សែ​វីដេអូ​សិច​នោះមក “​បើ​មាន​រូបខ្ញុំ ខ្ញុំ​នឹង​ប្តឹង​ប៉ូលិស​តែម្តង​” ។​
​ ​តប​ចំពោះ​ពាក្យរិះគន់​ដែលថា នាង​បាន​ប្រឌិត​រឿងនេះ​ឡើង ដើម្បី​កេង​យក ចំណេញ​បង្កើន​ប្រជាប្រិយភាព​នោះ នាង​កែវ សូរិយា បាន​ពន្យល់ថា បើសិនជា​នាង​ចង់​ល្បី​ក្នុង​សិល្បៈ​មែន នាង​ខិតខំ​ឱ្យ​ល្បី​តាមរបៀប​ថ្លៃថ្នូរ ដោយ​កិត្តិយស​ស្អាតស្អំ ដែល​នោះ​គឺជា​បំណង ប្រាថ្នា​របស់​សិល្បករ​គ្រប់ៗ​រូប មិនចាំបាច់​ប្រឌិត​រឿង​ស្អុយ​អាស្រូវ​យកមក​ដាក់​ខ្លួន​ដូច្នេះ​ទេ ។​

​ ​រឿងរ៉ាវ​ប្រទូស្ត​ស្នេហ៍ ដែល​ម្ខាង​បង្ហាញមុខ ម្ខាង​ទៀត​អនាមិក ធ្វើឱ្យ​គេ​កាន់តែ​ងឿង ឆ្ងល់ តើ​អាច​មាន​ការ បង្ហាញ​ខ្លួន​របស់​លោក​ជំទាវ​នោះ​ដែរ​ឬទេ​? បើសិនជា​មាន​ជំនួប​ទៅ​តាម​ការ​ណាត់​ដើម្បី​ដោះស្រាយ​វិវាទ​ស្នេហា​ត្រីកោណ ដោយ​សន្តិវិធី​ពិតមែន លោកជំទាវ​រូបនោះ គឺជា​ជំទាវ​ដំបូង​បំផុត​ហើយ​នៅ​ស្រុក​ខ្មែរ ខុសប្លែក​ពី​ព្រឹត្តិការណ៍​សោកនាដកម្ម ដែល​ធ្លាប់​កើត​មាន​នា​ពេលកន្លងមក ធ្វើឱ្យ​សិល្បការិនី​មួយចំនួនរ​ង​នូវ​អំពើហឹង្សា​ដោយ​សារ​ស្នេហា​ត្រីកោណ ហើយ​មិន​អាច​រក​ឃើញ​ជន​ដែល​នៅ​ពី​ក្រោយ​អំពើ​ហឹង្សា​នោះ ។ មជ្ឈដ្ឋាន​ខ្លះ​គិតថា អាច​មាន​ការជួបគ្នា​មែន តែ​មិនមែន​ជា​វិវាទ​ស្នេហា​ស្អី​ទេ គឺ​គ្រាន់តែ​ធ្វើឱ្យ​មាន​ការ​កន្ត្រាក់​អារម្មណ៍​សម្រាប់​ទស្សនិកជន​ ប៉ុណ្ណោះ ព្រោះ​បើ​មាន​ករណី​គំរាមកំហែង បរិហារកេរ្តិ៍​ខុសពី​ការពិត ជនអនាមិក​រូប​នោះ​ប្រាកដជា​ត្រូវ​ប្តឹងផ្តល់​ជាពុំខាន ហេតុដូច្នេះ​ហើយ​ទើប​បានជា មាន​ទស្សនៈ​មួយចំនួន​នៅតែ​គិតថា នេះ​ជា​“​សេណារីយោ​”​មួយ​សម្រាប់​កាដូ​ជូន​ប្រិយមិត្ត​ជា​ការកម្សាន្ត​៕

កម្ពុជា៖ “គំនិត​បង្កើត​យន្តការ​ថ្មី​ដោះស្រាយ​ជម្លោះ​ព្រំដែន​របស់​ថៃ គឺ​ជា​ល្បិច”

ដោយ លាង ដឺលុច (RFI)

imagesក្នុង​សប្តាហ៍​នេះ រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក​កាស៊ីត ភិរម្យ​បាន​ប្រកាស​ថា រដ្ឋាភិបាល​ថៃ​របស់​លោក​នឹង​ស្នើ​បង្កើត​យន្តការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ កម្ពុជា-ថៃ​មួយ​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ដែល​ត្រូវ​មក​ជួប​ជុំ​គ្នា​ក្នុង ​ប្រទេស​ថៃ​នា​ចុង​ខែ​តុលា​នេះ។ កម្ពុជា​មិន​ភ្ញាក់​ផ្អើល​ជាមួយ​និង​គំនិត​របស់​រដ្ឋាភិបាល​ថៃ​នេះ​ទេ ហើយ​កម្ពុជា​គិត​ថា​ថៃ​កំពុង​បង្កើត​ល្បិចកល​អ្វី​មួយ​ដើម្បី​គេច​វេះ​ពី​ ការ​ដោះស្រាយ​វិបត្តិ​ព្រំដែន​ទៅ​វិញ។

ស្ថានីយ៍​​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ថ្មី​មួយ​ទើប​បង្កើត​ឡើង

ដោយ គី សុខលីម (RFI)

Soklim_10_10_09_432បណ្តាញ ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​រីក​ចម្រើន​ក្នុង​ទីផ្សារ​ដ៏​តូច​ចង្អៀត។ ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង ជំរុញ​អោយ​តម្លៃ​ពាណិជ្ជកម្ម​កាន់តែ​ធ្លាក់​ចុះ​ហើយ​នេះ​គឺ​ជា​គ្រោះថ្នាក់​ ក្នុង​វិស័យ​សារព័ត៌មាន​ទៅវិញទេ។

ប្រទេស​កម្ពុជា ទើប​មាន​ស្ថានីយ៍​ទូរទស្សន៍​ថ្មី​មួយ​ទៀត​នាពេល​បច្ចុប្បន្ន​នេះ។ ស្ថានីយ៍​ទូរទស្សន៍​ថ្មី​នេះ មាន​ឈ្មោះ​ថា​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍។

លោក កៅ គឹមហួន​រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​និង​ជា​ម្ចាស់​​ស្ថានីយ៍​ទូរទស្សន៍​ ថ្មី​នេះ បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​១០​ខែ​តុលា​នេះ​ថា ទូរទស្សន៍​របស់​លោក​នឹង​ផ្តោត​ការ​ផ្សព្វផ្សាយ​លើ​វិស័យ​បី​ជា​អាទិភាព។ ទីមួយ ៖ គឺ​វិស័យ​សិល្បៈ។ ទី​ពីរ ៖ គឺ​វិស័យ​វប្បធម៌​និង​ទី​បី ៖ គឺ​វិស័យ​អប់រំ​និង​ម្យ៉ាងវិញទៀត ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​តំបន់​ជាពិសេស​ តំបន់​អាស៊ាន​តែម្តង។ បច្ចុប្បន្ន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កំពុង​ដំណើរ​ការ​​ផ្សាយ​សាកល្បង​របស់​ខ្លួន​ជា​រៀងរាល់​ថ្ងៃ។

ជាមួយ​ នឹង​ការ​បង្កើត​ទូរទស្សន៍​ថ្មី​មួយ​នេះ​គេ​ពិត​ជា​អាច​និយាយ​បាន​ថា បណ្តាញ​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​និង​កំពុង​រីក​ដូច​ផ្សិត​ ក្នុង​រយៈ​ពេល​ចុង​ក្រោយនេះ។

មន្ត្រី​ក្លឹប​អ្នក​កាសែត​កម្ពុជា បាន​អោយ​ដឹង​ថា​រហូត​មក​ដល់​ពេលនេះ​ប្រទេស​កម្ពុជា​មាន​ស្ថានីយ៍​ទូរទស្សន៍​ ជាង​១០ មាន​កាសែត​ទស្សនាវដ្តី​ច្រើន​រយ​និង​មាន​ស្ថានីយ៍​វិទ្យុ​ក្នុង​ស្រុក​និង​ បរទេស​ជាច្រើន​ផ្សេង​ទៀត។

ទូរទស្សន៍​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ កម្ពុជា មិនសូវ​និយាយ​ពី​បញ្ហា​នយោបាយ​ទេ។ កម្មវិធី​ភាគ​ច្រើន ផ្តល់​សារៈសំខាន់​តែ​ទៅ​លើ​បញ្ហាសង្គម​ប៉ុណ្ណោះ។ ចំពោះ​កាសែត​សរសេរ​វិញ អ្នក​និពន្ធ​ភាគ​ច្រើន​ផ្តល់​សារៈសំខាន់​ទៅ​លើ​បញ្ហា​នយោបាយ។ សម្រាប់​ទស្សនាវដ្តី​វិញ ទំព័រ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ចំណាយ​និយាយ​តែ​ពីរឿង​ផិតក្បត់​និង​ការ​ចាប់​ រំលោភ​ប៉ុណ្ណោះ។

ការរីក​ចម្រើន​វិស័យ​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ កម្ពុជា ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​គឺ​ជា​ការ​ល្អ​ផង​និង​អាក្រក់​ផង។ ចំនុច​ល្អ​នៅ​ត្រង់​ថា​អ្នក​អាន​អ្នក​ស្តាប់​និង​អ្នក​ទស្សនា កាន់តែ​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ទទួល​ដំណឹង។ ប៉ុន្តែ​សម្រាប់​ថៅកែ​សារព័ត៌​វិញ ពួក​គេ​អាច​ជួប​ការ​លំបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​រស់។ ប្រភព​ចំណូល​សារព័ត៌មាន​មួយ​ផ្នែក​ធំ គឺ​បាន​មក​ពី​ពាណិជ្ជកម្ម។ ស្ថានភាព​បច្ចុប្បន្ន​បាន​បញ្ជាក់​ថា ចំនួន​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ហាក់បីដូច​ជា​មិនមាន​ការកើន​ឡើង​ ប៉ុន្មាន​ទេ​ប៉ុន្តែ​ចំនួន​បណ្តាញ​សារព័ត៌វិញ​មាន​ការ​កើន​ឡើង​ជាលំដាប់។

លោក ខៀវ កញ្ញារិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​ទី១០​ខែ​តុលា​នេះថា ការរីក​ចម្រើន​បណ្តាញ​សារព័ត៌មាន​គឺ​ជាការល្អ​ប៉ុន្តែ​បើ​តម្លៃ​ពាណិជ្ជ​ កាន់តែ​ចុះ​ថ្លៃ​នោះ នោះ​បញ្ហា​នឹង​កើន​មាន​ឡើង​ជាក់​ជា​ពុំខាន​ចំពោះ​ក្រុមហ៊ុន​សារព័ត៌មាន។

លោក ​រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន បាន​បញ្ជាក់ថា​លោក​នឹង​កោះ​ប្រជុំ​នាពេល​ខាង​មុខនេះ​ដើម្បី​កំណត់​តម្លៃ​ ពាណិជ្ជកម្ម​អប្បបរិមាណ​ណា​មួយ​សម្រាប់​ក្រុមហ៊ុន​សារព័ត៌មាន។ ការធ្វើ​យ៉ាងនេះ​គឺ​ដើម្បី​ជៀសវាង​កុំអោយ​ក្រុមហ៊ុន​សារព័ត៌មាន​ដួលរលំ។

មេដឹកនាំCPPប្រឆាំងសំណើឱ្យផ្តល់ សក្ខីកម្មនៅសាលាក្តីខ្មែរក្រហម

CPP trio on 07 Jan 2009 (Reuters)មេដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជារក្សាភាពស្ងប់ស្ងៀម ក្រោយពី សហចៅក្រមស៊ើបអង្កេតខាងភាគីអន្តរជាតិកោះហៅទៅផ្តល់សក្ខីកម្មនៅសាលា ក្តីខ្មែរក្រហម។

មន្រ្តីជាន់ខ្ពស់កំពូលៗទាំង៦រូបរបស់គណបក្សប្រជាជនកម្ពុជា បានបន្តរក្សា ភាពស្ងប់ស្ងៀម និងមួយចំនួនទៀតមានប្រតិកម្មតិចតួចនៅឡើយ ក្រោយពី សហចៅក្រមស៊ើបអង្គេតខាងភាគីអន្តរជាតិ បានកោះហៅជាឯកតោភាគីឲ្យមក ធ្វើសក្ខីកម្មនៅក្នុងសាលាក្តីប្រល័យពូជសាសន៍សម្រាប់កាត់ទោសអតីតមេដឹក នាំខ្មែរក្រហម ដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្សជាង ១,៧លាននាក់ ចន្លោះពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ១៩៧៩។

លោក Marcel Lemonde សហចៅក្រមស៊ើបអង្កេតខាងភាគីអន្តរជាតិ បាន កោះហៅ លោកជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានព្រឹទ្ធ សភាលោកហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និង ជាប្រ- ធានរដ្ឋសភា លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង រដ្ឋមន្រ្តីក្រសូងការបរទេស លោកឧបនាយករដ្ឋមន្រ្តីគាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រម ទាំងសមាជិកព្រឹទ្ធសភាចំនួនពីររូបគឺលោកស៊ីម កានិងលោកអ៊ុក ប៊ុនឈឿន។

លោកហេង សំរិន ប្រធានរដ្ឋសភា ដែលមានឈ្មោះនៅក្នុងបញ្ជីកោះហៅទំាង៦ រូបនោះ បានបដិសេធពុំធ្វើអត្ថាធិប្បាយទេ នៅពេលដែលលោកបានបញ្ចប់កិច្ច ប្រជុំរដ្ឋសភានៅព្រឹកថ្ងៃសុក្រនេះ។

ចំណែកលោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសបាន ថ្លែងប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកនៅឯទីស្តីការរបស់ក្រសួងការបរទេស ថា លោករងចាំមើលពេលវេលាជាមុនសិន មុននឹងលោកទៅឆ្លើយបំភ្លឺនៅក្នុង សាលាក្តីខ្មែរក្រហម ។

“ខ្ញុំ ដូចសម្តេចតេជោមានប្រសាសន៍ហើយ អ្នកដែលគេត្រូវកោះធ្វើសាក្សីហ្នឹង ជាអ្នកចោទ។ អ្នកប្រឆាំងខ្មែរក្រហម ហៅអ្នកចោទទៅធ្វើសាក្សីទៀត វាកាន់ តែធ្ងន់អ្នកដែលត្រូវគេចោទទៀតហើយ”។

កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានជំទាស់ទៅនឹងការ កោះហៅមន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាទាំង៦រូបឲ្យទៅធ្វើសក្ខីកម្ម នៅក្នុងសាលាក្តីខ្មែរក្រហម។ លោកហ៊ុន សែនបានបញ្ជាក់ ដូច្នេះថា ៖

“ហេតុអ្វីបានគេហៅដើមចោទទៅធ្វើសាក្សី ពីព្រោះគេដឹងថា អ្នកទាំងហ្នឹងគឺជា អ្នកផ្តួលអាពត។ហើយអ្នកទាំងហ្នឹងជាអ្នកអនុម័តច្បាប់កាត់ទោសខ្មែរក្រហម។ អើចុះបើធ្វើសាក្សីអញ្ចឹង ចុងចោទមិនកាន់តែងាប់ទៅហើយ”។

លោក ឌឹម សុវណ្ណរម្យ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានបញ្ជាក់ថា សាលា ក្តីខ្មែរក្រហមពុំទាន់មានការវិវត្តថ្មីៗនៅឡើយទេ បន្ទាប់ពីលោក Marcel Lemonde បានអញ្ជើញមន្រ្តីជាន់ខ្ពស់ទាំង៦រូបឲ្យមកផ្តល់សក្ខីកម្មនៅសាលា ក្តីខ្មែរក្រហម។

“ការធ្វើរបស់លោក Marcel Lemonde គឺធ្វើជាឯកតោភាគី ដោយសារលិខិត កោះអញ្ជើញហ្នឹងគឺពុំមានចុះហត្ថលេខាដោយចៅក្រមស៊ើបអង្កេតជាតិទេមាន តែចៅក្រមស៊ើបអង្កេតអន្តរជាតិ លោក Marcel Lemonde តែម្នាក់ឯងទេ”។

លោកយឹម សុវណ្ណ អ្នកនាំពាក្យនិងជាតំណាងរាស្រ្តគណបក្សសម រង្ស៊ី បញ្ជាក់ ថា សាលាក្តីកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមគឺជាសាលាក្តីគំរូទៅតាម បទដ្ឋានអន្តរជាតិ។លោកបានបញ្ជាក់ថា អ្វីៗក៏ដោយ ដែលធ្វើនៅក្នុងសាលា ក្តីនេះត្រូវតែឯករាជ្យ។

“ទុកលទ្ធភាពនេះជូនសាលាក្តីនេះដើម្បីធ្វើសេចក្តីសម្រេចនូវគ្រប់រឿងទាំងអស់ ដោយឯករាជ្យភាព ដោយ គ្មានការចូលរួមពីអ្នកនយោបាយណាម្នាក់”។

មន្រ្តីជាន់ខ្ពស់កំពូលៗទាំង៦រូបដែលត្រូវបានសហចៅក្រមស៊ើបអង្កេតខាងភាគី អន្តរជាតិកោះហៅឲ្យមកផ្តល់សក្ខីកម្មក្នុងសាលាក្តីខ្មែរក្រហមនោះធា្លប់ជាអតីត កម្មាភិបាលរបស់ពួកខ្មែរក្រហម៕