បណ្ណសារ | ខែតុលា 23, 2009

​ភ្ជង់​កាំភ្លើង​រួច​ច្រាន​ទំលាក់​ពីលើ​ម៉ូតូ ហើយ​ប្លន់​យក​ទៅ​បាត់​

ដោយ : សុ​ពិសិដ្ឋ​
ថ្ងៃទី 23 តុលា 2009
CEN

ភ្នំពេញ​: ស្ត្រី​ម្នាក់​ត្រូវ​ពួកចោរដ​កកាំភ្លើងខ្លី​ភ្ជង់ រួច​ច្រាន​ទម្លាក់​ពីលើ​ម៉ូតូ ហើយ​ប្លន់​យក​ទៅ​បាត់ ខណៈពេល​ស្ត្រី​រង​គ្រោះ​ឈប់​ចាក់​ប្រេងសាំង​ដប​ប្រុង​នឹង​ជិះ​ម៉ូតូ​ចេញទៅ​ធ្វើការ ។ ក្នុង​ហេតុការណ៍​នេះ​ស្ត្រី​រងគ្រោះ​ពុំ​មាន​រងរបួស​អ្វី​ធ្ងន់ធ្ងរ​ឡើយ ។​

​ អំពើ​ប្លន់​ប្រដាប់​អាវុធ​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃទី ២៣ តុលា នេះ​នៅ​ចំណុច​ផ្លូវ​២៧១ មុខ​អតីត​ផែស្ងួត​សូ​ងួន សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ។​

​ ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ សោម សុធា អាយុ ២៥​ឆ្នាំ មុខរបរ​បុគ្គលិក​បណ្តែត​ក្រសួង​សុខាភិបាល ស្នាក់នៅ​ផ្ទះជួល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។ ម៉ូតូ​ដែល​ត្រូវ​ពួក​ចោរប្លន់​យក​ម៉ាក VIVA ពណ៌​ខ្មៅ​០៨ ស្លាក​លេខ ភំ​ពេញ 1B 6350 ។ ប្រភព​ដដែល​បន្តថា មុន​កើតហេតុ​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ពី​ផ្ទះ​ទៅ​ធ្វើការ​តាម​ផ្លូវ​លេខ ២៧១ ពី​កើត​ទៅ​លិច ។ លុះដល់​ចំណុច​ខាងលើ ​ម៉ូតូ​ក៏​អស់​ប្រេងសាំង ហើយ​ស្ត្រី​រងគ្រោះ​ក៏​ឈប់​ចាក់​ប្រេងសាំង​ដប ។ ខណៈ​ពេល​ប្រុង​បើក​ម៉ូតូ​ចេញ ស្រាប់តែ​មាន​ជនល្មើស ២​នាក់ ជិះ​ម៉ូតូ ១​គ្រឿង ពណ៌​ខ្មៅ មក​ស្ទាក់​រួច​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម ហើយ​ច្រាន​ស្ត្រី​រងគ្រោះ​ទម្លាក់​ពីលើ​ម៉ូតូ​ប្លន់​យក​ទៅ​បាត់​តែ​ម្តង ៕

​បុរស​ជនជាតិ​អាមេរិកកាំង​ម្នាក់ ដេកស្លាប់​ក្នុង​ផ្ទះសំណាក់​សុភមង្គល​

ដោយ : សុ​ពិសិដ្ឋ
ថ្ងៃទី 23 តុលា 2009
CEN

ផ្ទះសំណាក់​សុភមង្គល ដែល​បុរស​ជនជាតិ​អាមេរិកកាំង​ស្លាប់​

ផ្ទះសំណាក់ សុភមង្គល ដែល បុរស ជនជាតិ អាមេរិកកាំង ស្លាប់

ភ្នំពេញ​: បុរស​ជនជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​បន្ទប់​ជាន់​ទី​២ ផ្ទះសំណាក់​សុភមង្គល ដោយ​មាន​ឈាម​ហូរ​ចេញពី​ច្រមុះ ហើយ​នៅក្បែរ​សាកសព មានកូន​ថង់ប្លាស្ទិក​ចំនួន ៤ ដែល​ជាប់​ម្សៅ​ខាងក្នុង​ទំនងជា​ថ្នាំ​អ្វី​ម្យ៉ាង​! ។​

​ អ្នកទទួលខុសត្រូវ​ភ្ញៀវ នៃ​ផ្ទះសំណាក់​បាន​ប្រទះឃើញ​សាកសព​បុរស​ជនជាតិ​អាមេរិកកាំង នៅវេលា​ម៉ោង ៥ ល្ងាច​ថ្ងៃ​ទី ២២ តុលា​កន្លងទៅនេះ នៅក្នុង​បន្ទប់​លេខ ២០៤ ផ្ទះសំណាក់​សុភមង្គល​លេខ ១៦៩, ១៧១ E0 E1 E2 E3 ផ្លូវ​លេខ​៥១ សង្កាត់​ផ្សារ​ថ្មី​I ខណ្ឌដូនពេញ ម្ចាស់ផ្ទះ​សំណាក់​ឈ្មោះ លៀម អាន់ ភេទ​ប្រុស អាយុ ៧០ ឆ្នាំ ។​

​ ប៉ូលិស​បានឲ្យដឹងថា សព​ជនជាតិ​អាមេរិក​ឈ្មោះ PRIEDMAN GLENN ANDREW ភេទ​ប្រុស ជនជាតិ​កាណាដា សញ្ជាតិ​អាមេរិកកាំង អាយុ ៤៦ ឆ្នាំ ជា​អ្នក​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ 220 96566 ។​

​ ប៉ូលិស​បន្តថា នៅវេលា​ម៉ោង ៤ កន្លះ​ល្ងាច​ថ្ងៃទី ២២ តុលា អ្នក​ទទួល​ភ្ញៀវ​ឈ្មោះ អ៊ិន សុ​គុណ ភេទ​ប្រុស អាយុ ២០ ឆ្នាំ បាន​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​ភ្ញៀវ​ដែល​ស្នាក់​នៅ​បន្ទប់​លេខ ២០៤ ក្នុង​គោលបំណង​សួរ​ភ្ញៀវ និង​រៀបចំ​បន្ទប់ ប៉ុន្តែ​ទូរស័ព្ទ​ចូល ៣ ដង​ពុំមាន​មនុស្ស​លើក​និយាយ​ឡើយ ។ ពេល​នោះ​អ៊ិន សុ​គុណ និង​អ្នក​បោសសំអាត​ឈ្មោះ មិន ភ័ណ ក៏​ទៅ​គោះ​ទ្វារ​មិនមាន​ឆ្លើយ ក៏​សម្រេច​ចាក់​សោ​បន្ទប់ ក៏​ឃើញ​ជនរងគ្រោះ​ដេក​ស្លាប់​លើ​គ្រែ​ពូក ដោយ​ស្លៀក​ខោខ្លី​ត្រឹម​ភ្លៅ​ពណ៌​ប្រផេះ អត់​ពាក់​អាវ ហើយ​មាន​ឈាម​ហូរ​តាម​ច្រមុះ ភ្លាម​នោះ​ក៏​បាន​ប្តឹង​ប៉ូលិស ។​

​ គណៈកម្មការ​ចម្រុះ​មួយ ត្រូវបាន​បង្កើតឡើង​រួមមាន​ទាំង​តំណាង ស្ថានទូត​អាមេរិក ដើម្បី​ធ្វើ​កោសល្យ​ពិច័យ​លើ​សាកសព ។ នៅក្នុង​បន្ទប់​សមត្ថកិច្ច ប្រទះ​ឃើញ​មាន​កូន​ថង់ប្លាស្ទិក​ចំនួន ៤ មាន​ម្ស៉ៅ​ពណ៌​ស​ជាប់​ខាង​ក្នុង និង​មាន​អង្រែ​បុក​គ្រឿង​មួយ​មាន​ជាប់​ម្ស៉ៅ​ពណ៌​ស​ផងដែរ ។ ជំហាន​ដំបូង​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង ។ ចំពោះ​ថ្នាំ​ពណ៌​ស ប៉ូលិស​បាន​បញ្ជូន​ទៅ​ធ្វើ​កោសល្យ​ពិ​ច័យ ប៉ុន្តែ​ពុំ​ទាន់​ចេញ​លទ្ធផល​ពិសោធន៍ ជា​ផ្លូវការ​នៅឡើយ ។ បច្ចុប្បន្ន​សព​បុរស​ជ​ន​ជាតិ​អាមេរិក​រូប​នេះ តម្កល់​នៅ​សាល​សព​នៃ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ៕

ទុស្សេ​ខ្សែភ្លើង ឆេះ​ផ្ទះ​អស់​មួយ​ខ្នង​ពេល​ម្ចាស់ផ្ទះ​មិន​នៅ!

ប្រជាពលរដ្ឋ និង​អ្នកជិតខាង​នាំគ្នា​ជួយ​ពន្លត់ភ្លើង

ប្រជាពលរដ្ឋ និង អ្នកជិតខាង នាំគ្នា ជួយ ពន្លត់ភ្លើង

ដោយ : សុ​ពិសិដ្ឋ​
ថ្ងៃទី 23 តុលា 2009
CEN

ភ្នំពេញ​: ផ្ទះ​មួយ​ខ្នង​ទំហំ ៤ ម៉ែត្រ​គុណ​នឹង ៨ ម៉ែត្រ​សង់​អំពី​ឈើ​ខាងក្រោម​ថ្ម ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​គ្មាន​សល់ ខណៈពេល​ម្ចាស់ផ្ទះ​មិន​នៅ ហើយ​បើ​តាម​របាយការណ៍​ប៉ូលិស​បញ្ជាក់ថា ភ្លើង​ឆេះ​បណ្តាលមកពី​ទុស្សេ​ចរន្ត​អគ្គិសនី ។​

​ គ្រោះថ្នាក់​អគ្គីភ័យ​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ៤០ នាទី​ថ្ងៃ​ទី ២៣ តុលា​កន្លងទៅនេះ នៅ​ចំណុច​ផ្ទះគ្មានលេខ​ ផ្លូវលំ ក្រុម​៦ ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឫស្សីកែវ ។​

ZWJhNjBmMj

​ ប៉ូលិស​មូលដ្ឋាន​បានឲ្យដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ ហេង តេក​ឃុយ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ​លក់​ទឹកកក ។ ចំណែក​ទ្រព្យសម្បត្តិ​ដែល​ឆេះ​ខូចខាត រួម​មាន​លុយ ១០០០ ដុល្លារ​អាមេរិក និង​ទ្រព្យសម្បត្តិ​ប្រើប្រាស់​ក្នុង​ផ្ទះ​ទាំងអស់ ។​

​ ប៉ូលិស​បានឲ្យដឹង​ទៀតថា នៅ​ព្រឹក​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​ទៅ​លក់​ទឹកកក ក្នុង​ភូមិ​ដោយ​ចាក់សោ​ផ្ទះ​ទុកចោល ។ លុះ​នៅ​វេលា​ម៉ោង ១១ និង ៤០ នាទី ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ពីក្នុងផ្ទះ ។ ប្រជាពលរដ្ឋ​ក្បែរ​នោះ បាន​បាញ់​ទឹក​ពន្លត់​ដែរ តែ​មិន​អាច​គ្រប់គ្រង​បាន ។ ខណៈពេល​នោះ​មាន​សាឡង់​បាញ់​ទឹករបស់​កំពង់ផែស្វ​យ័ត​ភ្នំពេញ ជួយ​បាញ់​ពន្លត់​ទើប​មិន​ឆេះ​រាលដាល ។ ចំណែក​រថយន្ត​ពន្លត់​អគ្គីភ័យ​មួយ​គ្រឿង​បាន​មកដល់ ប៉ុន្តែ​ផ្ទះ​បាន​ឆេះ​ហ្មត់អស់​ទៅហើយ ៕

កម្ពុជា​ប្រកាស​មិន​ធ្វើ​បត្យាប័ន​លោក​ថាក់ស៊ីន

ដោយ ប៉ែន បូណា
អត្ថបទ RFI
ថ្ងៃទី 23/10/2009

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ជំហរ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា​នឹង​មិន​ធ្វើ​បត្យាប័ន​លោក​​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ ថាក់ស៊ីន ​ទៅ​តាម​សំណើ​របស់​រដ្ឋាភិបាល​ថៃ​ទេ​ក្នុង​ករណី​ដែល​​លោក​ ថាក់ស៊ីន ​ចង់​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។​នេះ​គឺជា​ប្រតិកម្ម​ឆ្លើយ​តប​ទៅ​នឹង​​ការ​ទាម​ទារ​របស់​មេដឹកនាំ​ថៃ​ដែល​ចង់​ឲ្យ​កម្ពុជា​បញ្ជូន​ខ្លួន​លោក​ ថាក់ស៊ីន ​តាម​កិច្ច​ព្រម​​ព្រៀង​បត្យាប័ន​ ប្រសិន​បើ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ចូល​មក​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន និង​លោក​​ ថាក់ស៊ីន (រូបថត : Rfi)

លោក នាយក រដ្ឋមន្ត្រី ខ្មែរ ហ៊ុន សែន និង លោក ថាក់ស៊ីន (រូបថត : Rfi)

កម្ពុជា​នឹង​មិន​ធ្វើ​បត្យាប័ន​លោក ​ថាក់ស៊ីន ​ទៅ​តាម​សំណើ​ជា​យថាហេតុ​ណា​មួយ​របស់​​រដ្ឋាភិបាល​ថៃ​ទេ​ ក្នុង​ករណី​ដែល​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​រូប​នេះ​សម្រេច​ចិត្ត​ចូល​មក​ស្នាក់​នៅ​លើ​ទឹក​ដី​កម្ពុជា។

នេះ​គឺជា​ជំហរ​ច្បាស់​លាស់​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដែល​អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​​សុក្រ​នេះ។​​ ប្រតិកម្ម​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​មេដឹកនាំ​ថៃ​​ដែល​ទាម​ទារ​ឲ្យ​កម្ពុជា​ធ្វើ​បត្យាប័ន​លោក​ ថាក់ស៊ីន​ ទៅតាម​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ជាធរមាន។

កាល​ពី​ថ្ងៃ​ពុធ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​បាន​ទទួល​ជួប​លោក​ ឆាវលីត ​​យុងឆៃយុទ្ធ​ អតីត​នាយក​រដ្ឋមន្ត្រី​​ និង​ជា​តំណាង​​គណបក្ស​ភឿ​ថៃ​ដែល​បន្ត​វេន​ពី​​គណបក្ស​ថៃ​រ៉ាក់​ថៃ​​របស់​លោក​ ថាក់ស៊ីន​ នៅ​ក្នុង​គេហដ្ឋាន​របស់​លោក។​ ក្នុង​ជំនួប​នោះ​​លោក​​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន​ ​សែន​ ​បាន​​ប្រកាស​ជា​សាធារណៈ​ថា​លោក​នឹង​​ទទួល​លោក​ ថាក់ស៊ីន ​ឲ្យ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សេចក្តី​ថ្លៃងការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មេ​ដឹកនាំ​ថៃ​មិន​សប្បាយ​ចិត្ត​ ហើយ​អះអាង​ថា​​ប្រសិន​បើ​លោក​ ថាក់ស៊ីន​ មក​រស់​នៅ​កម្ពុជា​មែន​​ ខ្លួន​នឹង​ស្នើ​ឲ្យ​កម្ពុជា​បញ្ជូន​ខ្លួន​លោក ​ថាក់ស៊ីន​ មក​ឲ្យ​រដ្ឋាភិបាល​បាងកក​តាម​កិច្ច​ព្រម​ព្រៀង​បត្យាប័ន​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​១៩៩៨។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ពន្យល់​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​​ថា​ យោង​តាម​ប្រការ​៣​នៃ​សន្ធិសញ្ញា​ ស្តីពី​បត្យាប័ន​ភាគី​ទទួល​សំណើ​អាច​​បដិសេធ​សំណើ​បាន​ប្រសិន​បើ​កម្មវត្ថុ​នៃសំណើ​សុំ​ធ្វើ​បត្យាប័ន​នោះ​ជា​បទ​ល្មើស​​នយោបាយ។​ ប្រការ​នេះ​អាច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បក​ស្រាយ​ថា​​លោក​ ថាក់ស៊ីន​ ជា​​ជន​រង​គ្រោះ​ដោយ​នយោបាយ​ ដើម្បី​បដិសេធ​សំណើ​របស់​រដ្ឋាភិបាល​ថៃ​ដែល​ចង់​ឲ្យ​កម្ពុជា​បញ្ជូន​ខ្លួន​លោក ​ថាក់ស៊ីន។

សំណុំ​រឿង​លោក​ ថាក់ស៊ីន​ បាន​ធ្វើ​ឲ្យ​ចំណង​ការទូត​រវាង​ខ្មែរ​និង​ថៃ​ដែល​កំពុង​​មាន​បញ្ហា​ស្រាប់​ផង​នោះ​រឹត​តែ​តាន​តឹង​ថែម​មួយ​កម្រិត​ទៀត។​ ​យ៉ាង​ណា​ក៏ដោយ​​នៅ​ចុង​បញ្ចប់​នៃ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​​កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​ឥត​ងាករេ​ក្នុង​ការ​រក្សា​ចំណង​មិត្តភាព​ និង​កិច្ច​សហប្រតិ​បត្តិការ​​ល្អ​ជា​មួយ​ថៃ​ដដែល៕

ទស្សនៈ​ផ្សេងៗ​ជុំវិញ​បញ្ហា​មេ​ដឹកនាំ​ខ្មែរ​ស្វាគមន៍​ការ​ស្នាក់​នៅ​របស់ ថាក់ស៊ីន

ដោយ គឹម ពៅ
2009-10-23
​វិទ្យុ​អាស៊ីសេរី

អ្នក​នយោបាយ​ល្បីៗ​របស់​កម្ពុជា​និង​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​សម្ដែង​ប្រតិកម្ម​ផ្សេងៗ​គ្នា​នៅ​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ លោក ហ៊ុន សែន បាន​បង្ហើប​អំពី​ការ​ស្វាគមន៍​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ក្នុង​ការ​ស្នាក់​អាស្រ័យ​គ្រប់​ពេល​នៅ​កម្ពុជា។

នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន (ឆ្វេង) និង​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ឈិនណាវ៉ាត្រ (Thaksin Shinawatra) ញញឹម​ក្នុង​អំឡុង​ពេល​លេង​ហ្គោល​នៅ​ឯ​ខែត្រ​សៀមរាប កាល​ពី​ថ្ងៃ​៦ មេសា ២០០៨។ (AFP Photo)

នាយក រដ្ឋមន្ត្រី ខ្មែរ លោក ហ៊ុន សែន (ឆ្វេង) និង អតីត នាយក រដ្ឋមន្ត្រី ថៃ លោក ថាក់ស៊ីន ឈិនណាវ៉ាត្រ (Thaksin Shinawatra) ញញឹម ក្នុង អំឡុង ពេល លេង ហ្គោល នៅ ឯ ខែត្រ សៀមរាប កាល ពី ថ្ងៃ ៦ មេសា ២០០៨។ (AFP Photo)

មេ​ដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ថ្លែង​ថា បើ​សិន​ជា​ការ​ស្វាគមន៍​នោះ​ជា​ការ​លក្ខណៈ​ឯកជន​របស់​លោក​នាយក​រដ្ឋមន្ត្រី លោក​គិត​ថា មិន​មាន​អ្វី​រំខាន​ទៅ​ដល់​ផល​ប្រយោជន៍​ប្រទេស​ឡើយ ប៉ុន្តែ​បើ​សិន​ជា​ផ្ទុយ​ទៅ​វិញ កម្ពុជា​នឹង​មាន​បញ្ហា​មិន​ខាន។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ៖ «បើ​គ្រាន់​តែ​ជា​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន ជា​ភាព​រវាង​បុគ្គល​និង​បុគ្គល មិន​អី​ទេ តែ​បើ​យក​រដ្ឋ​អំណាច​ធ្វើ​អ្វី​ដើម្បី​គាំទ្រ​ភាគី​មួយ​ដើម្បី​ប្រឆាំង​នឹង​ភាគី​មួយ​ទៀត​នៅ​ប្រទេស​គេ ហ្នឹង​យើង​បាត់បង់​ភាព​អព្យាក្រឹត​របស់​យើង។ ប្រទេស​កម្ពុជា​ត្រូវតែ​ស្ថិត​នៅ​ក្នុង​ភាព​អព្យាក្រឹត មិន​ត្រូវ​កាន់​ជើង​ភាគី​ណាៗ​ដែល​មាន​ទំនាស់​នៅ​ប្រទេស​ជិត​ខាង​ណា​ទេ»។

ដូច​គ្នា​នេះ​ដែរ លោក កឹម សុខា មេ​ដឹកនាំ​គណបក្ស​សិទ្ធិ​មនុស្ស​វិញ មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ទេ​ជុំវិញ​រឿង​នេះ ប៉ុន្តែ​លោក​បាន​សម្ដែង​ស្រដៀង​គ្នា​នឹង​លោក សម រង្ស៊ី ដែរ ថា លោក​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ទទួល​ស្វាគមន៍​នោះ ដោយ​លោក​សុំ​ឲ្យ​មេ​ដឹកនាំ​ខ្មែរ​ប្រុង​ប្រយ័ត្ន​ចំពោះ​រឿង​នេះ។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា ៖ «ភ្ញាក់​ផ្អើល​ដែរ​ដោយសារ​ជា​ប្រទេស​មួយ​ដែល​នៅ​មាន​ចំណង​មិត្តភាព​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល ហើយ​យើង​ទៅ​ទាក់ទង​ជាមួយ​ក្រុម​មួយ​ទៀត​ដែល​មិន​មែន​រដ្ឋាភិបាល ហ្នឹង​វា​ចម្លែក​ដែរ បើ​សិន​ជា​តំណាង​ក្នុង​នាម​រដ្ឋាភិបាល បើ​ក្នុង​នាម​បុគ្គល​គាត់​ឬ​បក្ស​គាត់ អា​ហ្នឹង​ជា​រឿង​របស់​គាត់​ទេ តែ​បើ​ក្នុង​នាម​រដ្ឋាភិបាល​មិន​គួរ​យើង​ចាប់​យក​ចំហៀង​ណា​ទេ យើង​ត្រូវការ​រដ្ឋាភិបាល​ដែល​ស្រប​ច្បាប់​ស្រុក​គេ នរណា​ដែល​កាន់​ស្រប​ច្បាប់ យើង​ត្រូវតែ​ទាក់ទង​តាមរយៈ​ហ្នឹង​ហើយ»។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក ចាន់ សុវ៉េត បាន​ត្អូញ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​ប្រទេស​ថៃ​កំពុង​តែ​ប្រព្រឹត្ត​មក​លើ​កម្ពុជា ដូច​ជា​ពេល​ថ្មីៗ​នេះ​ពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​ក្រុម​ទាហាន​ថៃ​បាញ់​សម្លាប់​ជា​បន្ត​បន្ទាប់​គ្នា ហើយ​ម្យ៉ាង​វិញ​ទៀត​បញ្ហា​ចម្រូង​ចម្រាស​អំពី​ទឹក​ដី​នៅ​មិន​ទាន់​ចប់​សព្វ​គ្រប់​នៅ​ឡើយ​ជា​ថៃ។

លោក​បន្ត​ថា កម្ពុជា​ជា​ប្រទេស​សមាជិក​អាស៊ាន ដូច្នេះ​ការ​ទទួល​អតីត​មេ​ដឹកនាំ​ថៃ​ដែល​ត្រូវ​តុលាការ​ថៃ​ផ្តន្ទា​ទោស​ទៅ​ហើយ​នោះ ខ្លាច​តែ​ត្រូវ​បណ្តា​ប្រទេស​ផ្សេងៗ​រិះគន់ ៖ «សព្វ​ថ្ងៃ​នេះ​យើង​ឃើញ​ទៀត បើ​សិន​ជា​សម្ដេច​ធ្វើ​អ៊ីចឹង​គឺ​មាន​ន័យ​ថា ហាក់​បី​ដូច​ជា​មាន​ការ​បើក​ដោយ​ត្រង់ថា រដ្ឋាភិបាល​កម្ពុជា​យើង​មិន​គាំទ្រ​ប៉ុន្មាន​ទៅ​លើ​សកម្មភាព​របស់​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន»។

មេ​ដឹកនាំ​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា លោក រ៉ុង ឈុន បាន​សម្ដែង​ការ​បារម្ភ​ថា ខ្លាច​តែ​កម្ពុជា​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​កាន់​ជើង​ម្ខាងៗ នៅ​គ្រា​ដែល​ប្រទេស​ថៃ​កំពុង​តែ​មាន​វិបត្តិ​ផ្ទៃ​ក្នុង​របស់​ខ្លួន​ស្រាប់។

លោក រ៉ុង ឈុន បាន​ថ្លែង​ថា ៖ «បើ​សិន​គ្រាន់​តែ​ស្វាគមន៍​ក្នុង​ករណី​ការទូត ដំណើរ​ទស្សនកិច្ច​មួយ​ថ្ងៃ​ពីរ​ថ្ងៃ អា​ហ្នឹង​វា​ជា​រឿង​មួយ​ដោយឡែក ប៉ុន្តែ​បើ​ស្វាគមន៍​ក្នុង​ការ​ឲ្យ​ស្នាក់នៅ អា​ហ្នឹង​វា​ជា​រឿង​មួយ​យើង​គិត​ថា វា​អត់​មាន​អ្វី​នឹង​ល្អ​ប្រសើរ ហើយ​កម្ពុជា​យើង​ក៏​អត់​មាន​ផល​ចំណេញ​ទៅ​នឹង​ការ​ផ្ដល់​ការ​ស្នាក់​អាស្រ័យ​ដែរ ពីព្រោះ​លោក ថាក់ស៊ីន ជា​អ្នក​និរទេស​ពី​រដ្ឋាភិបាល​សៀម ហើយ​កំពុង​តែ​ប្រឈម​មុខ​ទៅ​នឹង​ផ្លូវ​ច្បាប់ ហើយ​យើង​ចង់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​យើង​ពិចារណា​ជុំវិញ​បញ្ហា​ហ្នឹង​ឡើង​វិញ ក្រែង​លោ​វា​មាន​ផល​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ​របស់​យើង»។

កាល​ពី​ថ្ងៃ​ទី​២១ តុលា​កន្លង​ទៅ នៅ​ក្នុង​ជំនួប​មួយ​រវាង​គណបក្ស ភឿថៃ ដែល​ដឹកនាំ​ដោយ​លោក ឆាវ៉ាលិត យុងឆៃយុទ្ធ (Chavalit Yongchaiyudh) ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ​ថា លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ស្វាគមន៍​ទទួល​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ឈិនណាវ៉ាត្រ (Thaksin Shinawatra) គ្រប់​ពេល​ដែល​លោក​ចង់​មក​កម្ពុជា។ ទូរទស្សន៍​ជាតិ​ដដែល​បាន​និយាយ​ទៀត​ថា លោក​នាយក​រដ្ឋមន្ត្រី​នឹង​ត្រៀម​រៀបចំ​លំនៅ​ឋាន​មួយ​ជា​ស្រេច​សម្រាប់​ការ​ស្នាក់នៅ​របស់​លោក ថាក់ស៊ីន ក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បញ្ជាក់​ថា ប្រសាសន៍​ទទួល​ស្វាគមន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​ជា​ការ​សម្ដែង​ទឹក​ចិត្ត​ដោយ​ឯកជន​របស់​លោក​ប៉ុណ្ណោះ មិន​ទាក់ទង​ទៅ​នឹង​បញ្ហា​ការទូត​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​ដដែល​បន្ថែម​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ថាក់ស៊ីន មាន​ការ​រាប់អាន​ជិតស្និទ្ធ។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា ៖ «សម្ដេច​ក៏​ដូច​ជា​ឯកឧត្ដម ថាក់ស៊ីន ជា​នាយក​រដ្ឋមន្ត្រី គឺ​ថា យើង​បាន​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពេល​ដែល​សម្ដេច​អញ្ជើញ​ទៅ​ទស្សនកិច្ច​ឬ​ក៏​ទៅ​ជា​ផ្លូវ​ឯកជន​ទៅ​ថៃ គឺ​ថា​គាត់​បាន​ទទួល​សម្ដេច​និង​គ្រួសារ ក៏​ដូច​ជា​ពេល​ដែល​គាត់​អញ្ជើញ​មក​ភ្នំពេញ សម្ដេច​បាន​ទទួល​ដូច​ជា​វ៉ៃ​ហ្គោល​វ៉ៃ​អី ដូច​ជា​ស៊ី​ខ្សែ​សង្វាក់​គ្នា​ណាស់ ក្នុង​នាម​អ្នក​ស្រករ​គ្នា​ហ្នឹង។ អ៊ីចឹង​ទេ នេះ​ជា​ឯកជន ជា​មនោសញ្ចេតនា​របស់​សម្ដេច​តេជោ ហ៊ុន សែន ផ្ទាល់​ទេ»។

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ឈិនណាវ៉ាត្រ ត្រូវ​បាន​គេ​ធ្វើ​រដ្ឋប្រហា​យោធា​ទម្លាក់​ពី​មុខ​តំណែង​កាល​ពី​ឆ្នាំ​២០០៦​កន្លង​ទៅ ហើយ​លោក​បាន​ភៀស​ខ្លួន​ទៅ​នៅ​ទីក្រុង ដុយបៃ នៃ​ប្រទេស​អារ៉ាប់​អេមីរ៉េត នៅ​បន្ទាប់​ពី​តុលាការ​ថៃ​បាន​ផ្តន្ទា​ទោស​លោក​ដាក់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​ក្នុង​បទ​ទាក់ទង​នឹង​អំពើ​ពុក​រលួយ។

ស្រប​ពេល​ទៅ​នឹង​ការ​បង្ហើប​ទទួល​ស្វាគមន៍ លោក ថាក់ស៊ីន ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នាយក​រដ្ឋមន្ត្រី​ថៃ​នា​ពេល​បច្ចុប្បន្ន បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​២២ តុលា​នេះ ថា សម​ភាគី​កម្ពុជា​គួរតែ​រក្សា​ចំណង​មិត្តភាព​ឲ្យ​នៅ​ដោយឡែក​ពី​នយោបាយ។

នៅ​ក្នុង​ប្រសាសន៍​របស់​លោក អាភីស៊ិត ដែល​ដកស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង អេអេហ្វភី (AFP) លោក​បាន​ថ្លែង​ថា លោក​ធ្លាប់​បាន​ជួប​នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​ប្រាប់​អំពី​ចំណង​មិត្តភាព​របស់​លោក​ជាមួយ​នឹង ថាក់ស៊ីន ហើយ​ក៏​ធ្លាប់​បាន​បញ្ជាក់​ថា លោក​នឹង​ចែក​ដាច់​គ្នា​រវាង​មិត្តភ័កិ្ត​ជាមួយ​នឹង​តួនាទី​និង​កិច្ចការ​អន្តរជាតិ។

លោក អាភីស៊ិត ថ្លែង​ទៀត​ថា លោក​ធ្លាប់​បាន​ប្រាប់​លោក ហ៊ុន សែន ថា​នរណា​ក៏​ដោយ​នៅ​ពេល​ដែល​កំពុង​តែ​កាន់​មុខ​នាទី​សំខាន់​ត្រូវតែ​ចែក​ឲ្យ​ដាច់​នូវ​ទំនាក់​ទំនង​ឯកជន។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ទៀត​ថា ប្រសាសន៍​របស់​លោក អាភីស៊ិត បាន​ធ្វើ​ឡើង​ជាមួយ​នឹង​ការ​រំពឹង​នៃ​ជំនួប​មួយ​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ចុង​សប្ដាហ៍​នេះ​ផងដែរ៕

អាជ្ញាធរ​បង្ក្រាប​ឡាន​ដឹក​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ខែត្រ​កំពង់ស្ពឺ

ដោយ សុខ សេរី
2009-10-23
​វិទ្យុ​អាស៊ីសេរី

អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​បាន​សហការ​គ្នា​ជាមួយ​អ្នក​រាជការ​ស៊ីវិល​និង​ក្រុម​ការពារ​ព្រៃ​ឈើ​ចាប់​ឃាត់​រថយន្ត​ដឹក​ឈើ​ដែល​គេ​ថា​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​អនុញ្ញាត។

ឈើ​ដែល​អ្នកភូមិ​កាប់​យក​មក​ធ្វើ​អុស នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។ (RFA File Photo/Ouk Savborey)

ឈើ ដែល អ្នកភូមិ កាប់ យក មក ធ្វើ អុស នៅ ស្រុក ឱរ៉ាល់ ខេត្ត កំពង់ស្ពឺ។ (RFA File Photo/Ouk Savborey)

លោក ជា ហ៊ាន ប្រធាន​អង្គការ​ឃ្លាំ​មើល​និង​ការពារ​សម្បតិ្ត​ធនធាន​ធម្មជាតិ បាន​មាន​ប្រសាសន៍​ថា សកម្មភាព​ដឹក​ឈើ​នោះ​គឺ​ជា​ការ​ខុស​ច្បាប់ ហើយ​មាន​កិច្ច​សហការ​គ្នា​ក្នុង​ការ​បង្រ្កាប​រឿង​នេះ​នៅ​ក្នុង​ឃុំ​ត្រពាំងជរ ខេត្ត​កំពង់ស្ពឺ។

លោក ជា ហ៊ាន បាន​ឲ្យ​ដឹង​ថា ៖ «កម្លាំង​ខ្ញុំ​ចំនួន​២​នាក់​សហការ​ជាមួយ​រដ្ឋបាល​ព្រៃ​ឈើ​ហើយ​និង​អធិការ​ស្រុក ហើយ​និង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ចាប់​បាន​រថយន្ត​ដឹក​ឈើ​មួយ​គ្រឿង​របស់​កង​អង្គរក្ស​របស់​សម្ដេច​នាយក»។

សកម្មជន​ការពារ​ព្រៃ​ឈើ​បាន​ឲ្យ​ដឹង​ថា សកម្មជន​របស់​ខ្លួន​និង​កង​រាជ​អាវុធ​ហត្ថ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​អាជ្ញាធរ​មេ​ព្រៃ​ផងដែរ​នោះ បាន​ស្ទាក់​ចាប់​និង​រឹបអូស​បាន​រថយន្ត​មួយ​គ្រឿង​ដែល​បាន​ដឹក​ឈើ​ប្រណីត​ចំនួន​៤​ម៉ែត្រ​គូប​កាល​ពី​យប់​ថៃ្ង​អង្គារ​ថ្មីៗ​នេះ នៅ​គ្រា​ដែល​មនុស្ស​៤​នាក់​បាន​ព្យាយាម​ដឹក​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដោយ​ខុស​ច្បាប់។

មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​នៅ​ក្នុង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ដែល​បាន​ចូលរួម​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ដឹក​ឈើ​ខុស​ច្បាប់​នោះ បាន​មាន​ប្រសាសន៍​ថា ភស្តុតាង​មាន​ដូច​ជា​រថយន្ត​និង​ឈើ​ប្រណីត​៤​ម៉ែត្រ​គូប​ត្រូវ​បាន​រឹប​យក​និង​កំពុង​តែ​រក្សា​ទុក ប៉ុន្តែ​មនុស្ស​៤​នាក់​បាន​រត់​គេច​ខ្លួន។

មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ដដែល​បាន​បញ្ជាក់​ថា ៖ «អ្វី​ក៏​ដោយ​ការងារ​ហ្នឹង​ខ្ញុំ​ធ្វើ​តាម​បទបញ្ជា​ពី​ថ្នាក់​លើ​ទេ។ ទាំង​ឡាន ទាំង​បទ​ល្មើស​ហ្នឹង គឺ​រក្សា​នៅ​ខាង​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ។ មនុស្ស​ខ្ញុំ​អត់​ដឹង​ដែរ មិន​ដឹង​គេច​ទៅ​ណា​អស់​ហើយ ខ្ញុំ​អត់​ដឹង​ទេ»។

សុខ សេរី ៖ ខ្ញុំ​បាន​ដឹង​ដំណឹង​ថា ពួក​ហ្នឹង​ក្លែង​បន្លំ​ធ្វើ​ជា​កង​អង្គរក្ស តាម​ពិត​មិន​មែន​ទេ។ តើ​រឿង​ហ្នឹង​ពិត​ទេ? មន្រ្តី​កង​រាជ​អាវុធ​ហត្ថ ៖ ជា​រឿង​ពិត ព្រោះ​និយាយ​ឲ្យ​ចំ​ទៅ ជា​កង​អង្គរក្ស​របស់​សម្ដេច​មែន ប៉ុន្តែ​រឿង​ឡាន​ហ្នឹង វា​មាន​ឡាន​គេ​ចាប់​ស៊ីរ៉ែន​ចាប់​អី.. អា​ហ្នឹង​ជា​រឿង​មែន។

សកម្មជន​ការពារ​ព្រៃ​ឈើ​ម្នាក់​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខាង​លើ​នេះ​ដែល​បាន​ចូលរួម​ក្នុង​ការ​បង្រ្កាប​ដោយ​ផ្ទាល់​នោះ បាន​ថ្លែង​ថា ៖ «មាន​ឈើ​ប្រណីត ឡាន​មួយ​បាន​ដឹក​មក អ៊ីចឹង​ក៏​ខាង​កម្លាំង​ខ្ញុំ​សហការ​ជាមួយ​រាជ​អាវុធ​ហត្ថ​ស្រុក​ថ្ពង ហើយ​និង​អធិការ​ខាង​មេ​ព្រៃ​ស្រុក​ថ្ពង​ហ្នឹង បាន​ចូល​ចាប់​បាន​ឡាន​ហ្នឹង​មួយ ហើយ​ដឹក​ឈើ​ប្រណីត​ហ្នឹង​៤​ម៉ែត្រ​គូប។ …ខ្ញុំ​ដឹង​ថា​ជា​ឡាន​របស់​អង្គរក្ស»។

ប្រភព​ពី​សកម្មជន​ការពារ​ព្រៃ​ឈើ​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​នោះ​មាន​ទម្ងន់​២​តោន​កន្លះ ពណ៌​យោធា និង​មាន​ស៊ីរ៉ែន​ខាង​លើ​ផងដែរ ហើយ​គ្មាន​ឯកសារ​ណា​មួយ​បញ្ជាក់​ថា ឈើ​ប្រណីត​៤​ម៉ែត្រ​គូប​នោះ​មាន​ច្បាប់​អនុញ្ញាត​ទ្បើយ។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ទ្បើយ​ពី​មន្រ្តី​នៃ​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​រង​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ឈើ​ប្រណីត​ចំនួន​៤​ម៉ែត្រ​គូប​នោះ​គឺ​ជា​ប្រភេទ​ឈើ​បេង​និង​នាងនួន​ជាដើម ដែល​មាន​តម្លៃ​ប្រមាណ​៧០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​គូប។

ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ជា​រឿយៗ​តែងតែ​លេច​ឮ​ការ​ចោទ​ប្រកាន់​ថា មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​និង​ការ​ដឹក​ឈើ​ខុស​ច្បាប់ ដែល​ជា​តំបន់​ដែន​ការពារ​ដោយ​ព្រះរាជ​ក្រឹត្យ​តាំង​ពី​ឆ្នាំ​១៩៩៣​មក៕

កម្ពុជា​-​កូរ៉េ​ខាង​ត្បូង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​៩

ដោយ មណ្ឌលកែវ
2009-10-23
​វិទ្យុ​អាស៊ីសេរី

កិច្ច​ព្រមព្រៀង​ចំនួន​៩​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​ភាគី​កម្ពុជា​ជាមួយ​ភាគី​កូរ៉េ​ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​២​ថ្ងៃ​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក លី ម្យុងបាក់ (Lee Myung-bak) នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា។

និង​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន ចាប់​ដៃ​គ្នា នៅ​ឯ​ក្រសួង​ការ​បរទេស​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២២ តុលា ២០០៩។ (RFA/Mondulkeo)”]លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លី ម្យុងបាក់ (Lee Myung-bak) [ស្ដាំ] និង​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន ចាប់​ដៃ​គ្នា នៅ​ឯ​ក្រសួង​ការ​បរទេស​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២២ តុលា ២០០៩។ (RFA/Mondulkeo)

ឧប​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​ចេញ​ពី​កិច្ច​ជំនួប​កំពូល​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក លី ម្យុងបាក់ នៅ​ល្ងាច​ថ្ងៃ​ទី​២២ តុលា ឯ​ទីស្ដីការ​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ថា ជាមួយ​កិច្ច​ព្រមព្រៀង​ទាំង​នេះ​កាន់​តែ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ពី​ភាព​ជា​ដៃគូ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ។

លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ជំនួប​នេះ​ប្រធានាធិបតី​កូរ៉េ លោក លី ម្យុងបាក់ ក៏​បាន​សន្យា​ថា នឹង​ផ្តល់​កម្ចី​ព្រមទាំង​ជំនួយ​ឥត​សំណង​យ៉ាង​ច្រើន​ដល់​កម្ពុជា ដែល​រួម​មាន ៖ «ឯកឧត្ដម លី ម្យុងបាក់ នឹង​ពិនិត្យ​ពិចារណា​ដើម្បី​កម្ចី និង ODS ឲ្យ​កម្ពុជា គឺ​ជំនួយ​ឥត​សំណង​ឲ្យ​កម្ពុជា​បន្ត​ទៀត និង​ពិចារណា​លើ​បញ្ហា​នេះ ហើយ​និង​ឲ្យ​បញ្ជា​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បន្ត​គម្រោង​ដែល​កំពុង​អនុវត្ត ហើយ​សំខាន់​រវាង​ពី​ឆ្នាំ​២០០៩ ដល់ ២០១៣ កូរ៉េ​នឹង​ផ្ដល់​ឲ្យ​២០០​លាន​ដុល្លារ​ដល់​កម្ពុជា​ជា​កម្ចី​សម្បទាន»។

កិច្ច​ព្រមព្រៀង​ទាំង​៩​ដែល​ភាគី​កម្ពុជា​និង​កូរ៉េ​បាន​ចុះ​ហត្ថលេខា​នោះ​រួម​មាន កិច្ច​ព្រមព្រៀង​ស្តីពី​បត្យាប័ន, កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ស្តីពី​ឥណទាន​ពី​មូលនិធិ​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០០៩​-​២០១២, កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​រវាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​សភា​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ, កិច្ច​ព្រមព្រៀង​ស្តីពី​ការ​សហការ​ផលិត​កម្មវិធី​ផ្សព្វផ្សាយ​រវាង​ក្រសួង​ព័ត៌មាន​កម្ពុជា​ជាមួយ​គណៈកម្មការ​ទូរគមនាគមន៍​នៃ​សាធារណរដ្ឋ​កូរ៉េ, អនុស្សារណៈ​នៃ​កិច្ច​យោគយល់​គ្នា​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ធនធាន​រ៉ែ​រវាង​អគ្គ​នាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​កម្ពុជា ជាមួយ​វិទ្យាស្ថាន​ភូគព្តសាស្ត្រ​និង​ធនធាន​រ៉ែ​នៃ​សាធារណរដ្ឋ​កូរ៉េ, អនុស្សារណៈ​នៃ​កិច្ច​យោគយល់​គ្នា​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​វិនិយោគ​ក្នុង​ការ​ដាំ​ព្រៃ​ឈើ​និង​ការ​ប្រែប្រួល​អាកាសធាតុ​រវាង​រដ្ឋបាល​ព្រៃ​ឈើ​និង​សេវាកម្ម​ព្រៃ​ឈើ​នៃ​សាធារណរដ្ឋ​កូរ៉េ, អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​អំពី​កិច្ច​សហ​ប្រតិបត្តិការ​អប់រំ​បណ្តុះ​បណ្តាល​ស្រាវជ្រាវ​រវាង​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​កម្ពុជា​និង​មហា​វិទ្យាល័យ​កសិកម្ម​និង​នេសាទ​ជាតិ​នៃ​សាធារណរដ្ឋ​កូរ៉េ, អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​គម្រោង​វិនិយោគ​ផលិតផល​ស្រូវ​សម្រាប់​នាំ​ចេញ​រវាង​ក្រុមហ៊ុន Green Trade និង​អ្នក​វិនិយោគ​កម្ពុជា​និង​កូរ៉េ តំណាង​ដោយ ខេ​ធី​ស៊ី​ឃ្យុងអាន ខេប៊ល ខំផេនី លីមីតធីត និង​ធនាគារ គុតគីម និង​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ប្រេង​កាត​រវាង​អាជ្ញាធរ​ជាតិ​ប្រេង​កាត​កម្ពុជា​និង​សាជីវកម្ម​ប្រេង​កាត​សាធារណរដ្ឋ​កូរ៉េ។

ក្នុង​ឱកាស​ដំណើរ​ទស្សកិច្ច​នេះ លោក លី ម្យុងបាក់ ក៏​បាន​ចូល​គាល់​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ បរមនាថ នរោត្តម សីហមុនី និង​ជួប​មន្ត្រី​ជាន់​ខ្ពស់​មួយចំនួន​ផងដែរ៕

ក្រុមអ្នកកាសែត ១៣នាក់ ប្តឹងឱ្យ ក្រសួងព័ត៌មាន បកស្បែក អ្នកកាសែតម្នាក់ នៅខេត្ត ព្រះសីហនុ

Friday October 23, 2009
kohsantepheapdaily.com.kh

លោក កី បញ្ញរ៉ា ម្ចាស់សិប្បកម្ម លើកស្លាក កាសែតពីមុខ (រូបថត តាសោម)

លោក កី បញ្ញរ៉ា ម្ចាស់សិប្បកម្ម លើកស្លាក កាសែតពីមុខ (រូបថត តាសោម)

ខេត្តព្រះសីហនុ៖ កាសែត ក្នុងស្រុកមួយ ដែលគេមិន ដែលឮឈ្មោះ សំលេងនីតិរដ្ឋ ដែលមានឈ្មោះ កី បញ្ញរ៉ា ជាម្ចាស់រោងសិប្បកម្ម មួយកន្លែង ជាចាងហ្វាងការផ្សាយ បានត្រូវរងការចោទ ប្រកាន់ពីមន្ត្រីរាជការ ប្រជាពលរដ្ឋ ជាពិសេស ពីក្រុមអ្នក កាសែត ប្រចាំការ នៅខេត្តព្រះសីហនុ ដោយសារតែឈ្មោះ កី បញ្ញរ៉ា ចាងហ្វាងការផ្សាយ កាសែតដែលចេញផ្សាយ ម្តងម្កាលនោះ បានយកវិជ្ជាជីវៈ ជាអ្នកកាសែត ទៅធ្វើសកម្មភាព ប្រាសចាកវិជ្ជាជីវៈ សារព័ត៌មាន និងរំលោភច្បាប់ សារព័ត៌មាន បង្ក ផលប៉ះពាល់ដល់ សេចក្តីថ្លែថ្នូរ ដល់អ្នកកាសែតដទៃ ។

ឈ្មោះកី បញ្ញរ៉ា ជាអតីតមន្ត្រីបរិស្ថាន នៅឧទ្យានជាតិ ព្រះសីហនុរាម ហើយត្រូវបាន ក្រសួងបរិស្ថាន បណ្តេញចេញ ដោយសារតែលួចប្រព្រឹត្ត បទល្មើសព្រៃឈើ ហើយឥឡូវបុគ្គលនេះ បានយកស្លាកកាសែត ទៅបិទបាំង សិប្បកម្មគ្មានច្បាប់ ថែម ទាំងយកស្លាកកាសែត ទៅសំឡុតគំរាមកំហែង អាជីវករ ប្រជាពលរដ្ឋ មន្ត្រីរាជការ ទារប្រាក់ជាថ្នូរ នៃការមិនចុះផ្សាយព័ត៌មាន។ រាល់អំពើ និងសកម្មភាពរបស់ បុគ្គលឈ្មោះ កី បញ្ញរ៉ា នោះ បានកំពុងធ្វើឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អ្នកសារព័ត៌មាន ដូចគ្នា ដែលគោរពក្រមសីលធម៌ និងវិជ្ជាជីវៈទាំងក្នុង ខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទេស ។

ដោយមើលឃើញពី សកម្មភាពដ៏អគតិ និងផលប៉ះពាល់ ដល់កត្តិយស និងសេចក្តីថ្លៃថ្នូរ ដល់អ្នកកាសែត ត្រឹមត្រូវដទៃ ទើបក្រុមអ្នកកាសែត ប្រចាំការនៅខេត្តព្រះសីហនុ ចំនួន១៣នាក់ ក្នុងចំណោម អ្នកកាសែត១៤នាក់ បានធ្វើលិខិតអន្តរាគមន៍ ជំរាបជូនលោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសំរួល និងមានវិធានការ ជាបន្ទាន់ ទៅលើបុគ្គលដែលកំពុង ធ្វើសកម្មភាពប្រាសចាក ពីវិជ្ជាជីវៈសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដែលជាកត្តាធ្វើឱ្យប៉ះពាល់ យ៉ាង ធ្ងន់ធ្ងរទៅលើវិស័យព័ត៌មាន ។

ស្របពេលដែលក្រុមអ្នកកាសែត ធ្វើលិខិតអន្តរាគមន៍ ទៅលោករដ្ឋមន្ត្រីនោះ ក្រុមអ្នកកាសែតប្រចាំការ នៅខេត្តព្រះសីហនុ ដដែលនេះ បានចំលងជូន គ្រប់មន្ទីរពាក់ព័ន្ធ ធ្វើឱ្យផ្ទុះរឿងអាស្រូវជាច្រើន ដែលបុគ្គលនេះ បានប្រព្រឹត្តកន្លងមក។ មិនត្រឹមតែ ប៉ុណ្ណោះ មានមន្ត្រីរាជការ និងប្រជាពលរដ្ឋមួយចំនួន បានកំពុងត្រៀម ប្តឹងបុគ្គលរូបនោះ ដោយកន្លងមកបុគ្គលរូបនោះ បានយកឈ្មោះ ចាងហ្វាកាសែត ទៅឆបោកក្នុងការ ដោះស្រាយសំណុំរឿង ក៏ដូចជាយកស្លាក ចាងហ្វាងកាសែត ទៅធ្វើឡានមិន ឱ្យលុយជាច្រើន យានដ្ឋាន និង សំឡុតម្ចាស់ដេប៉ូឈើ ឱ្យលក់ឈើឱ្យខ្លួន ក្នុងតំលៃថោក អាចថាយកទទេក៏បាន ។

តំណាងអាជីវករម្នាក់មានសេចក្តីត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថា ក្រុមអ្នកកាសែតប្រចាំការ នៅខេត្តព្រះសីហនុ បានធ្វើលិខិតទៅលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ឱ្យបញ្ឈប់ និងដកអាជ្ញាប័ណ្ណរបស់ចាង ហ្វាងកាសែតរូបនោះ ហើយលោកក៏ សង្ឃឹមផងដែរថា លោករដ្ឋមន្ត្រីក្រសួងព័ត៌មាននឹងជួយដោះស្រាយ ភាពសៅហ្មងរបស់ប្រជាពលរដ្ឋ តាមរយៈការបញ្ឈប់អាជីពជាអ្នកកាសែតរបស់បុគ្គលឈ្មោះកី បញ្ញរ៉ា ដូច ក្នុងលិខិតអន្តរាគមន៍របស់ក្រុមអ្នកកាសែតទាំង១៣រូបប្រចាំនៅខេត្ត ព្រះសីហនុ នេះផងដែរ ។

ឱ្យ​លុយ​ទៅ​សង​ធនាគារ​បែរជា​ផឹក​ស្រា​លេង​ល្បែង ប្រពន្ធ​ទ្រាំ​មិន​បាន​កាប់​ស្លាប់

ដោយ : ចក្រី​
ថ្ងៃទី 22 តុលា 2009
CEN

ស្ដ្រី​ជា​ឃាតក ឈ្មោះ ទិត ខុន​

ស្ដ្រី ជា ឃាតក ឈ្មោះ ទិត ខុន

កំពត: ស្ត្រី​ម្នាក់​ក្លាយ​ជា​ឃាតក​ប្រឈម​ដោយ​សារ​សម្លាប់​ប្តី​ក្នុង​រឿង​យក​លុយ​ទៅ​លេង​ល្បែង និង​ផឹកស្រា បន្ទាប់​ពីប្រពន្ធ​ប្រគល់ឱ្យ​សម្រាប់​បង់​រំ​លោះ​ឱ្យ​ធនាគារ​អេស៊ីលីដា ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២១ ខែតុលា ឆ្នាំ​២០០៩ នៅ​ភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក ។​

​ ស្ត្រី​ជា​ឃាតក​ក្នុង​អំពើ​នេះ ឈ្មោះ ទិត ខុន អាយុ ៥០​ឆ្នាំ ។ ចំណែក​ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ យឹម សម្បត្តិ អាយុ ៤៧​ឆ្នាំ មានកូន ៥ នាក់ ក្នុងបន្ទុក ។​

​ លោក​វរសេនីយ៍ត្រី អ៊ុយ វង នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​រៀបរាប់​តាម​សម្តី សារភាពរ​បស់​ជន​សង្ស័យថា កាលពី​ព្រឹក​ថ្ងៃទី ២១ ខែតុលា ឆ្នាំ​២០០៩ ស្ត្រី ឈ្មោះ ទិត ខុន បាន​ប្រគល់​លុយ​ឱ្យ​ប្តី ចំនួន ១០៥ ដុល្លារ សម្រាប់​យក​ទៅ​បង់​រំ​លោះ​ឱ្យ​អេស៊ីលីដា ដែល​គាត់​បាន​ខ្ចី​កាលពី​ខែ​មុន​ចំនួន ១.០០០ ដុល្លារ ។ ក្រោយពី​ប្រគល់​លុយ​រួច ជនសង្ស័យ​បាន​នាំ​កូន​ទៅ​ដាំ​ដើម​អាកាស្យា ឱ្យ​ក្រុមហ៊ុន​ចិន​ដូច​សព្វដង ។ លុះ​ពេល​ត្រឡប់មក​ពី​ធ្វើការ​វិញ គាត់​បាន​ជួប ជាមួយ​អ្នកភូមិ​ដែល​ខ្ចីលុយ​អង្គការ​ដូចគ្នា តែ​គេ​ប្រាប់ថា លុយ​នោះ​ប្តី​របស់​គាត់ (​យឹម សម្បត្តិ )​យក​ទៅ​លេង​ល្បែង និង​ផឹកស្រា​អស់ហើយ ។ ឮ​ដូច្នេះ​គាត់​ដើរ​សំដៅ​ទៅ​ផ្ទះ​ឃើញ​ប្តី​កំពុងដេក​លើរាន ដោយ​អាការៈ​ស្រវឹងស្រា គាត់​ក៏​ព្យាយាម​ដាស់ ហើយ​សួរនាំ​អំពី​រឿង លុយ​ដែល​យក​ទៅ​សង​គេ​នោះ ស្រាប់តែ​ប្តី​របស់​គាត់​ឆ្លើយ​ដោយ​ខ្លី​ថា​លុយ អស់ហើយ​! ។ គ្រាន់តែ​ទទួល​ចម្លើយ​ប្តី​បែបនេះ ជនសង្ស័យ​មាន​ការតក់ស្លុត ហាក់​កំរោល​មក​គ្រប​ក្រឡេកឃើញ​កាំបិតផ្គាក់ ក៏​ចាប់​ទាញ​កាប់​ប្តី​ត្រង់​ក្បាល និង​ក បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​លើ​រាន​នោះ​តែម្តង ។ ក្រោយ​ពី​សម្លាប់​ប្តី​ហើយ គាត់​បាន​រត់​សំដៅ​ទៅ​ភ្នំ ដើម្បី​ចងក​ផ្តាច់ជីវិត តែ​ដោយសារ​នឹក​អាណិតកូន​ទាំង ៥ នាក់ ដែល​នៅផ្ទះ​គាត់​ក៏​ត្រឡប់មកវិញ ហើយ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ទៅ ៕

ឃាត់ខ្លួន​ជនជាតិ​កូរ៉េ ៣ នាក់ ពី​បទ​ចាប់រំលោភ​ស្រី​ក្នុង​បន្ទប់​ខារ៉ាអូខេ

នារី​រងគ្រោះ ឈ្មោះ វឿន ស្រី​ថៃ​

នារី រងគ្រោះ ឈ្មោះ វឿន ស្រី ថៃ

ដោយ : បាយ័ន​
ថ្ងៃទី 22 តុលា 2009
CEN

​ក្រុង​សៀមរាប: សមត្ថកិច្ច​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​សៀមរាប បាន​ឆ្មក់​ចូល​បន្ទប់​ខារ៉ាអូខេ​លេខ​១១ នៃ​ក្លឹប​កម្សាន្ត​ខារ៉ាអូខេ ឌ្រី​ម វើល ( Dream World ) មួយកន្លែង ហើយ​ធ្វើ​ការរំដោះ​ស្រី​រងគ្រោះ​ម្នាក់​ខណៈ​ពេល​ដែល​ជនជាតិ​កូរ៉េ ម្នាក់​កំពុង​ចាប់រំលោភ និង​ពីរ​នាក់​ទៀត​ជា​អ្នកសមគំនិត ។​

​ ហេតុការណ៍​ឆ្មក់​ចូល​រំដោះ និង​ជួយ​ជនរងគ្រោះ​ខាងលើ កើតឡើង​នៅ​វេលា​ម៉ោង ០០ និង ១៥ នាទី រំលង អធ្រាត្រ​ឈានចូល​ថ្ងៃទី ២១ ខែតុលា ឆ្នាំ​២០០៩ នេះ ស្ថិតនៅ​ទីតាំង​ខារ៉ាអូខេ​ខាងលើ ស្ថិតនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។​

ជនសង្ស័យ​ជនជាតិ​កូរ៉េ​ឈ្មោះ Lee Daeyoung ជា​អ្នករំលោភ​

ជនសង្ស័យ ជនជាតិ កូរ៉េ ឈ្មោះ Lee Daeyoung ជា អ្នករំលោភ

​ លោក​វរសេនីយ៍ទោ ស៊ុន ប៊ុន​ថង ប្រធានការិយាល័យ​នគរបាល ប្រឆាំង​កា​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​សៀមរាប បាន​និយាយថា ការរំដោះ​ស្រី​រងគ្រោះ​ពី​ការរំលោភ​ផ្លូវភេទ​ខាងលើ គឺ​បាន​ទទួល​ពាក្យបណ្តឹង​ផ្ទាល់មាត់​ពី​អ្នកគ្រប់គ្រង​ក្លឹប​កម្សាន្ត​ឌ្រី​ ម​វើ​ល ខាងលើ និង​មាន​ការបញ្ជា​ផ្ទាល់​ពី​ព្រះរាជ អាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ឧត្តរមានជ័យ​ផង​ដែ​រ ។​

​ ក្នុងការ​ឆ្មក់​ចូល​នោះ សមត្ថកិច្ច​សម្រេច​រំដោះ​ស្រី​ម្នាក់​មាន​ឈ្មោះ វឿន ស្រី​ថៃ អាយុ ១៨​ឆ្នាំ មុខរបរ​បម្រើការ​នៅ​ខារ៉ាអូខេ ឌ្រី​ម វើល ខាងលើ ។ ស្រី​រងគ្រោះ​ដែល​រំដោះ​បាន​នោះ គឺ​មាន​សភាព​ទន់ដៃទន់ ជើង បាត់ស្មារតី​តាំងពី​ម៉ោង​កើតហេតុ រហូតដល់​ព្រឹក​ព្រលឹម ថ្ងៃទី ២១ ទើប​ដឹងខ្លួន​វិញ ។​

ជន​ផ្សំគំនិត​ឈ្មោះ SEO JEONGUNG និង​ឈ្មោះ KIM JANGSUB

ជន ផ្សំគំនិត ឈ្មោះ SEO JEONGUNG និង ឈ្មោះ KIM JANGSUB

​ ដោយឡែក​ជនសង្ស័យ​ស​ម​ត្ថ​កិច្ច​ឃាត់ខ្លួន​បាន​ចំនួន ៣ នាក់ ក្នុង​នោះ​ម្នាក់ មានឈ្មោះ Lee Daeyoung អាយុ ៣៦​ឆ្នាំ មាន​មុខរបរ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍ នៅ​ក្រុមហ៊ុន​ទេសចរណ៍​ហូ​ដេរី ក្នុង​ក្រុង​សៀមរាប ឈ្មោះ Lee Daeyoung រូប​នេះ​ជា​អ្នក​រំលោភ​នារី​រងគ្រោះ​ដោយ​ផ្ទាល់​នៅ​លើ​សា​ឡុង​នៃ​បន្ទប់​ ខារ៉ាអូខេ ដោយ​ពុំ​មាន​ប្រើ​ស្រោមអនាម័យ​ឡើយ ។​

​ ដោយឡែក​ជនសង្ស័យ​ជា​អ្នក​សមគំនិត​ពីរ​នាក់​ទៀត គឺ​ម្នាក់​មាន​ឈ្មោះ SEO JEONGUNG អាយុ ៥៣​ឆ្នាំ មាន មុខរបរ​ជា​ម្ចាស់​ភោជនីយដ្ឋាន​ធូ​ខូវ និង​ម្នាក់​ទៀត​មានឈ្មោះ KIM JANGSUB អាយុ ៤៧​ឆ្នាំ មាន​មុខរបរ​ជា​ម្ចាស់​ភោជនីយដ្ឋាន​ប៊ីវ័ន ។​

​ លោក​វរសេនីយ៍ទោ ស៊ុន ប៊ុន​ថង បាន​និយាយថា មុនពេល​កើតហេតុ នា​យប់នោះ ជនជាតិ​កូរ៉េ​ខាង ត្បូង ចំនួន ៣ នាក់ ខាងលើ​បាន​ជិះ​ឡាន​ទៅ​ច្រៀង​ខារ៉ាអូខេ​នៃ​ក្លឹប​កម្សាន្ត​ខាងលើ ។​

ក្លឹប​កម្សាន្ដ Dream World ដែល​ជនជាតិ​កូរ៉េ​ចាប់​រំលោភ​នារី​រងគ្រោះ​ក្នុង​បន្ទប់​ខារ៉ាអូខេ

ក្លឹប កម្សាន្ដ Dream World ដែល ជនជាតិ កូរ៉េ ចាប់ រំលោភ នារី រងគ្រោះ ក្នុង បន្ទប់ ខារ៉ាអូខេ

​ សមត្ថកិច្ច​បញ្ជាក់ថា នៅពេល​កំពុង​រំលោភ​នោះ ស្រី​រងគ្រោះ​បាន​ទន់ដៃទន់ជើង​បាត់បង់​ស្មារតី​លែង​ដឹងខ្លួន​ថែម​ទៀត​ផង ។​

​ ដោយសារ​បទល្មើស​ជាក់ស្តែង ត្រូវ​លោក​វរសេនីយ៍ទោ ស៊ុន ប៊ុន​ថង និយាយថា ជន​ប្រព្រឹត្ត​ម្នាក់ និង​អ្នកសមគំនិត​ពីរ​នាក់​ត្រូវបាន​ឃាត់ខ្លួន ហើយ​ពេលនេះ​ជនជាប់ចោទ​ទាំង​បី​កំពុង​ឃាត់ខ្លួន​សួរចម្លើយ​នៅ​ការិយាល័យ​ នគរបាល​ដើម្បី​ចងក្រង​សំណុំរឿង ។ ដោយឡែក​ស្រី​រងគ្រោះ​ព្រឹក​ថ្ងៃ​ទី ២១ នេះដែរ ស្រី​រងគ្រោះ​កំពុង​ត្រូវបាន​សមត្ថកិច្ច​សាកសួរ​ផងដែរ ៕

ប្រមុខ​កូរ៉េខាងត្បូង​សន្យា​ផ្តល់​ជំនួយ​ដល់​កម្ពុជា ស្តារឡើងវិញ​ការខូចខាត​ដោយ​ព្យុះកំបុតត្បូង

ដោយ : សេរី​
ថ្ងៃទី 22 តុលា 2009
CEN

សម្តេច​តេជោ ហ៊ុន សែន និង​លោក លី ម្យុង​បាក់ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន ២

សម្តេច តេជោ ហ៊ុន សែន និង លោក លី ម្យុង បាក់ ក្នុង ពិធី ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង សំខាន់ៗ ចំនួន ២

ភ្នំពេញ: លោក លី ម្យុង​បាក់ ( Lee Myung-bak ) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ និង​គណៈប្រតិភូ​ដែល​មាន​អ្នកជំនួញ​កូរ៉េ​ផង​នោះ មកដល់​កម្ពុជា កាលពី​ម៉ោង​ជាង ១០ ព្រឹក ថ្ងៃទី ២២ តុលា​នេះ តាម​ជើង​យន្តហោះ​ពិសេស​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២២ ដល់​ថ្ងៃ​ទី ២៣ ខែតុលា ឆ្នាំ​២០០៩ ។ លោក​ត្រូវបាន​ទទួល​ស្វាគមន៍​នៅ​ព្រលាន​យន្ត​ដោយ​សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី​ព្រះបរមរាជវាំង ។ ក្រៅ​ពី​កិច្ចព្រមព្រៀង​នានា ដែល​បាន​ចុះហត្ថលេខា លោក លី បាន​សន្យាថា នឹង​ផ្តល់​ជំនួយ​ដល់​កម្ពុជា ដើម្បី​ស្តារ​ការខូចខាត​ដោយសារ​ខ្យល់ព្យុះ​កេត​សាណា ។​

​ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​លោក លី​ម្យុង​បាក់ និង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​នៅ​រសៀល​ថ្ងៃ​ទី ២២ តុលា នា​ទីស្តីការ​ក្រសួងការបរទេស នៅ​មុនពេល​ដែល​លោក​ទាំង​ពីរ​ធ្វើ​ជា​សាក្សី​ក្នុង​ការចុះហត្ថលេខា​លើ​ កិច្ចព្រមព្រៀង​សំខាន់​ចំនួន ២ ។​

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រាប់​អ្នកកាសែត​នៅ​ក្រោយ​ជំនួប​នោះ​ថា ការពិភាក្សា​គ្នា​បាន​ប្រព្រឹត្ត​ប្រកបដោយ​ភាតរភាព ។ លោក​ប្រធានាធិបតី​កូរ៉េ​បាន​ជំរាបជូន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​ការត្រៀម ជួយ​ដល់​កម្ពុជា​ក្នុង​ការស្តារ​ឡើង​វិញ​នូវ​ការខូច ខាត​ដោយ​ព្យុះ​កេត​សាណា​តាម​សំណើ​របស់​កម្ពុជា ក្នុង​ការកសាង​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូចជា​ផ្លូវថ្នល់ សាលារៀន​ជាដើម ។ លោក​ក៏​ស្នើឲ្យ​រដ្ឋមន្ត្រីការបរទេសរ​បស់​លោក​មក​ពិនិត្យ​ជាក់ស្តែង​នូវ​ ការខូខាត​ទាំងនេះ ។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា កូរ៉េ​ក៏​បាន​ឯកភាព​តាម​សំណើ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការកសាង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ និង​យុទ្ធសាស្ត្រ ។ ចំណែក​កម្ពុជា​ក៏​បាន​សំរេច​យល់ព្រម​ផ្តល់​ទិដ្ឋាការ ១​ឆ្នាំ សំរាប់អ្នកទេសច​រណ៍​កូរ៉េ ។ ការសំរេច​បែប​នេះ គឺ​ដោយសារតែ​អ្នក​ទេសចរណ៍​កូរ៉េខាងត្បូង​បាន​មក​ទស្សនា​កម្ពុជា​ច្រើន​ជាង​ គេ​ដោយ​ឈរ​នៅ​លំដាប់​ទី​១ ។ ដូចនេះ​ការផ្តល់​ទិដ្ឋាការ​មួយឆ្នាំ គឺ​ដើម្បី​លើកទឹកចិត្ត​អ្នក​ទេសចរណ៍​កូរ៉េ​ឲ្យមក​ទស្សនា​កម្ពុជា​ឲ្យបាន​ ច្រើន​ដង ។​

​ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា ប្រទេស​កូរ៉េ​បាន​យល់ព្រម​បង្កើន​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ កូរ៉េ​ពី ៣៥០០ នាក់ ឲ្យ​កើន​ដល់ ៩០០០ នាក់ ។ កូរ៉េ​ក៏​ស្វាគមន៍​ផងដែរ​ចំពោះ​ពលករ​កម្ពុជា​ជា​នារី ។ ជាមួយគ្នា​នេះ​កូរ៉េ​សន្យា​ការពារ​ឲ្យបាន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​ចំពោះ ​អ្នក​ដែល​បាន​រៀបការស្រប ច្បាប់​ជាមួយ​បុរស​កូរ៉េ ព្រមទាំង​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​នៅ​កូរ៉េ​ផងដែរ ។​

​ ប្រមុខ​នៃ​រដ្ឋាភិបាល​ទាំង​ពីរក‍៏​បាន​ធ្វើ​ជា​អធិបតីភាព​ក្នុង​ពិធី​ ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀម​ចំនួន​ពីរ ដែល​ចុះហត្ថលេខា​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ជា មួយ​លោក យូ ម្យុង​វ៉ាន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​ទី​១ គឺ​កិច្ចព្រមព្រៀង​ស្តី​ពី​បត្យាប័ន និង​ទី​២ គឺ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តី​ពី​ហិរញ្ញប្បទាន​ឥណទាន​ពី​មូលនិធិ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១២ ដែល​មាន​ទឹកប្រាក់ ២០០ លាន​ដុល្លារ ។​

​ ដោយឡែក​ឯកសារ​ចំនួន ៧ ផ្សេងទៀត ក៏​នឹង​ត្រូវ​ចុះហត្ថលេខា​ផងដែរ ទៅ​តាម​វិស័យ​នី​មួយៗ​ដែល​ក្នុងនោះ​មាន​

​ ទី​១- កិច្ចព្រមព្រៀង​ស្តីពី​សហ្រតិបត្តិការ​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ

​ ទី​២- កិច្ចព្រមព្រៀង​ស្តីពី​ការសហការ​ផលិតកម្ម​វិធី​ផ្សព្វផ្សាយ​រវាង​ក្រសួង​ ព័ត៌មាន​កម្ពុជា និង​គណៈកម្មាធិកា​រទូ​រ​គមនាគមន៍​នៃ​សាធារណរដ្ឋ​កូរ៉េ

ទី​៣- អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ធនធាន​ រ៉ែ​រវាង​អគ្គនា យកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​ឧស្សាហកម្ម​កម្ពុជា និង​វិទ្យាស្ថាន​ភូត្តសាស្ត្រ និង​ធនធាន​រ៉ែ​នៃ​សាធារណរដ្ឋ​កូរ៉េ​

​ ទី​៤- អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​កា​វិនិយោគ​ ក្នុង​ការដាំ​ព្រៃឈើ និង​ការប្រែប្រួល​អាកាសធាតុ​រវាង​រដ្ឋបាល​ព្រៃឈើ​កម្ពុជា និង​សេវាកម្ម​ព្រៃឈើ​កូរ៉េ​

​ ទី​៥- អនុស្សារណៈ​យោគយល់​គ្នា​អំពី​កិច្ចសហប្រតិបត្តិការ​អប់រំ​បណ្តុះបណ្តាល​ ស្រាវជ្រាវ រវាង​សាកល​វិទ្យា​លយ័​ភូមិន្ទ​កសិកម្ម​កម្ពុជា និង​មហាវិទ្យាល័យ​កសិកម្ម​ជាតិ​កូរ៉េ

​ ទី​៦- អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​គំរោង​វិនិយោគ​ផលិតផល​ស្រូវ​សំរាប់​ នាំចេញ​រវាង​ក្រុមហ៊ុន Greentrade និង​អ្នកវិនិយោគ​កម្ពុជា​-​កូរ៉េ ដែល​តំណាង​ដោយ​ក្រុមហ៊ុន KCC និង​ធនាគារ Kook Min Bank

​ ទី​៧- អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិ និង​អភិវឌ្ឍន៍​ប្រេងកាត​រវាង​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា និង​សាជីវកម្ម​ប្រេងកាត​កូរ៉េ ។​

​ គួររំលឹកថា នៅ​មុនពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​ជួប​ពិភាក្សា​គ្នា​នោះ លោក​ទាំង​ពីរ​ក៏​បាន​ចូលរួម​ក្នុង​ពិធីជប់លៀង អាហារ​ថ្ងៃត្រង់​ធុរៈកិច្ច​កម្ពុជា​-​កូរ៉េ ដែល​បាន​រៀបចំ​ធ្វើ​នៅ​សណ្ឋាគារ​អាំង​តែ​កង់​ទី​ណង់​តាល់ ដែល​នៅក្នុង​ពិធី​នោះ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បានលើកឡើង​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ និង​សេចក្តីត្រូវការ​របស់​កម្ពុជា នៅក្នុង​ការអភិវឌ្ឍន៍​ប្រទេស ។​

​ ក្នុង​ទស្សនកិច្ច​នេះ មាន​គំរោង​កម្មវិធី​ចំនួន​ពីរ​ត្រូវ​បាន​លុបចោល គឺ​ជំនួប​សំដែង​ការគួរសម​ចំពោះ​សម្តេច​ប្រធានព្រឹទ្ធសភា ជា ស៊ីម សម្តេច​ប្រធានរដ្ឋសភា ហេង សំរិន ។​

​ ប៉ុន្តែ​លោក​ប្រធានាធិបតី​បាន​ជួប​បង្គំ​គាល់​ជាដំបូង​ចំពោះ​ព្រះករុណា​ ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី នៅ​ព្រះបរមរាជវាំង ។ លោក​ប្រធានាធិបតី​នឹង​ទៅ​ទស្សនា​ប្រាសាទ​នានា​នៅ​ខេត្តសៀមរាប នា​ថ្ងៃ​ទី ២៣ តុលា ដែល​នឹង​អមដំណើរ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ។ លោក​ប្រធានាធិបតី​នឹង​ចាកចេញ​ពី​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី ២៣ តុលា ដដែល ៕

​ប៉ូលិស​ខណ្ឌ​ចំការមន​ឃាត់​ស្ត្រី​ម្នាក់ លក់ដូរ​ថ្នាំញៀន​នៅ​ភូមិ​ផ្អេរ​

ស្ត្រី​សៅ សៀម ត្រូវ​ប៉ូលិស​ឃាត់ខ្លួន

ស្ត្រី សៅ សៀម ត្រូវ ប៉ូលិស ឃាត់ខ្លួន

ដោយ : សុ​ពិសិដ្ឋ​
ថ្ងៃទី 22 តុលា 2009
CEN

ភ្នំពេញ: ស្ត្រី​ម្នាក់​ត្រូវ​ប៉ូលិស​ខណ្ឌ​ចំការមន ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង ៣ រសៀល​ថ្ងៃ​ទី ២១ តុលា​កន្លងទៅនេះ នៅ​ចំណុច​ភូមិ​៤ (​ហៅ​ភូមិ​ផ្អេរ​) ផ្លូវ​លេខ 434 ក្រុម​34 សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ព្រមទាំង​ដកហូត​ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក​ចំនួន ៦ កញ្ចប់​តូចៗ ។​

​ប៉ូលិស​បានឲ្យដឹងថា ស្ត្រី​ដែល​ប៉ូលិស​ឃាត់ខ្លួន​ឈ្មោះ សៅ សៀម អាយុ ២៦ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ផ្អេរ​ខាងលើ ។ ប៉ូលិស​បន្តថា ខណៈ​ពេល​ប៉ូលិស​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល ក៏​ប្រទះឃើញ​ស្ត្រី​សៅ សៀម កាន់​ស្បោង​ខ្មៅ នៅក្នុង​ដៃ​ក៏​សុំ​ធ្វើការ​ត្រួតពិនិត្យ​បាន​ប្រទះឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ៦ កញ្ចប់​តូចៗ ក៏​ឃាត់ខ្លួន​តែម្តង ។ ក្រៅពីនោះ​មាន​ថង់ប្លាស្ទិក​តូច ១ ប្រអប់​ដែក​តូច និង​បំពង់​ជ័រ​ពុះ​មុខ​សម្រាប់​រំលែក​ថ្នាំញៀន​ចំនួន ៣ ។​

វត្ថុតាង

វត្ថុតាង

​ស្ត្រី​សៅ សៀម បាន​សារភាព​ប្រាប់​ប៉ូលិស​ដោយ​ឥត​លាក់លៀម​ថា គាត់​ដាច់ចិត្ត​មក​រកស៊ី​របរ​នេះ​ជិត ២ ខែ ដោយសារ​តែ​ប្តី​រករឿង​លេង​លះ ហើយ​មើល​ចិញ្ចឹម​កូនតូចៗ ២ នាក់ ។ គាត់​ទទួល​ទិញ​ថ្នាំញៀន​ពី​បុរស​ម្នាក់​ឈ្មោះ កុង វី អាយុ​ប្រហែល ៥០ ឆ្នាំ ក្នុង ១ កញ្ចប់​តូច​តម្លៃ ៣៥ ដុល្លារ ហើយ​គាត់​យក​មក​រំលែក​ដាក់​កញ្ចប់​តូចៗ​លក់​វិញ​តម្លៃ ៥ ដុល្លារ សរុប​បាន ៥០ ដុល្លារ គឺ​ចំណេញ​បាន ១៥ ដុល្លារ គ្រាន់​ចិញ្ចឹម​កូន ។ ការលក់​ថ្នាំញៀន​ថ្ងៃ​ខ្លះ​លក់បាន​ពី ៥ ទៅ ៧ កញ្ចប់ ថ្ងៃ​ខ្លះ​ក៏​លក់​មិន​ដាច់​ផងដែរ ។ ស្ត្រី​សៅ សៀម បញ្ជាក់ថា គាត់​ក៏​ជា​ជនរងគ្រោះ​ដែរ ។​

កម្ពុជា​ថ្កោលទោស​ទាហាន​ថៃ​ចំពោះ​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ

ដោយ សាវយុត
2009-10-22
​វិទ្យុ​អាស៊ីសេរី

មន្រ្តី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​កម្ពុជា​បាន​សម្ដែង​ប្រតិកម្ម​និង​ថ្កោលទោស​ជា​ថ្មី​ចំពោះ​កង​ទាហាន​ថៃ​នៃ​​ស្រុក​កាប់ជើង ខេត្ត​សុរិន្ទ ដែល​បាន​បាញ់​សម្លាប់​អ្នក​ភូមិ​ខ្មែរ​ម្នាក់​ទៀត​កាល​ពី​៤​ថ្ងៃ​កន្លង​មក​នេះ។

ទាហាន​ថៃ​ដើរ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នា​ថ្ងៃ​១៩ កក្កដា ២០០៨។ (RFA file photo/Savyuth)

ទាហាន ថៃ ដើរ នៅ ក្បែរ ប្រាសាទ ព្រះវិហារ នា ថ្ងៃ ១៩ កក្កដា ២០០៨។ (RFA file photo/Savyuth)

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ លោក កុយ គង់ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​តុលា ថា ក្រសួង​ការ​បរទេស​ខ្មែរ​បាន​បញ្ជូន​កំណត់​ហេតុ​ការទូត​មួយ​តាមរយៈ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ដើម្បី​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខែ្មរ​នេះ និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ថៃ​ធ្វើ​ការ​ស៊ើប​អង្កេត​បញ្ហា​ឲ្យ​បាន​ហ្មត់ចត់​ដើម្បី​តាម​រក​ជន​ដៃ​ដល់​ក្នុង​ការ​បាញ់​សម្លាប់​មក​ផ្តន្ទា​ទោស និង​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​បាញ់​សម្លាប់​ជន​ស៊ីវិល​ខ្មែរ​ដែល​បាន​ឆ្លង​ដែន​ខុស​ច្បាប់​ទាំង​នោះ។

លោក កុយ គង់ បាន​បញ្ជាក់​ថា ៖ «ម្សិលមិញ​ចុង​ក្រោយ​នេះ​គឺ​យើង​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ថៃ​ហ្នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់​ដើម្បី​យក​ជន​ល្មើស​មក​ផ្ដន្ទា​ទោស ហើយ​ធ្វើ​យ៉ាង​ណា​ចាត់​វិធានការ​កុំ​ឲ្យ​មាន​បាញ់​បោះ​ដោយ​សេរី​បន្ត​ទៀត»។

មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​ដើម្បី​សុំ​ការ​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ។ ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រង​របស់​យោធា​ថៃ អ្នក​ស្រី​វរសេនីយ៍ឯក ស៊ីរីចាន់ ងាថង (Sirijan Nga Thong) បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ថា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា គឺ​មាន​មនុស្ស​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​មាន​គ្នា​ពី​១៥​ទៅ​២០​នាក់​ប្រដាប់​ដោយ​អាវុធ​ផង បាន​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទឹក​ដី​ថៃ​ចម្ងាយ​៣គីឡូម៉ែត្រ​នៃ​ស្រុក​កាប់ជើង។

អ្នក​នាំ​ពាក្យ​យោធា​ថៃ​បាន​មាន​ប្រសាសន៍​ទៀត​ថា ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​ទាំង​នោះ​បាន​ចូល​មក​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ និង​បាន​បាញ់​រះ​ទៅ​លើ​កង​ទាហាន​ខ្មៅ​និង​ទាហាន​ប៉ារ៉ា​ថៃ ទើប​ទាហាន​ថៃ​បាន​បាញ់​តប​ត​វិញ។

ទោះ​យ៉ាង​ណា​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត បាន​ចាត់ទុក​អំពើ​បាញ់​រះ​របស់​កង​ទាហាន​ថៃ​មក​លើ​ជន​ស៊ីវិល​ខ្មែរ ថា​ជា​អំពើ​ឃោរឃៅ អមនុស្ស​ធម៌​និង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

សកម្មជន​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ដាក់​បញ្ហា​នេះ​ទៅ​ក្នុង​ប្រទេស​សមាជិក​សមាគម​អាស៊ាន​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​ថៃ ពីព្រោះ​រាល់​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ថៃ​មិន​ដែល​ទទួល​ខុស​ត្រូវ​ទេ។

លោក អំ សំអាត បាន​អះអាង​ថា ៖ «ជា​ទង្វើ​មួយ​ដែល​អមនុស្សធម៌ ឃោរឃៅ ដែល​ថៃ​ក៏​ជា​ប្រទេស​មួយ​ហត្ថលេខី​នៅ​ក្នុង​សន្ធិសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ផងដែរ ក៏​ដូច​ជា​ថៃ​សមាជិក​អាស៊ាន ក៏​ត្រូវ​គោរព​ទៅ​លើ​កាតិកា​សញ្ញា​អាស៊ាន ក៏​ដូច​ជា​សិទ្ធិ​មនុស្ស»។

មន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ​បាន​ឲ្យ​ដឹង​ថា គេ​បាន​ដាក់​កំណត់​ហេតុ​តវ៉ា​ការទូត​ទៅ​រដ្ឋាភិបាល​ថៃ​ចំនួន​២​លើក​ហើយ ដោយ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ គឺ​បាន​ដាក់​កំណត់​ហេតុ​តវ៉ា​ប្រឆាំង​ទាហាន​ថៃ​នៃ​ខេត្ត​សុរិន្ទ​ដែរ ដែល​បាន​បាញ់​និង​មាន​ការ​ចោទ​ប្រកាន់​ថា​បានដុត​សម្លាប់​កុមារ​ខ្មែរ​ម្នាក់ ឈ្មោះ យន់ រិទ្ធ ទាំង​រស់ ប៉ុន្តែ​ការ​តវ៉ា​នោះ​ភាគី​ថៃ​បាន​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ស្វែងរក​ភស្តុតាង​ឲ្យ​ច្បាស់លាស់ ហើយ​ថៃ​រង់ចាំ​ការ​សហការ​ប៉ុណ្ណោះ ថៃ​មិន​បាន​ចាត់​វិធានការ​ស្រាវជ្រាវ​ទេ៕

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា

ដោយ អយុធ្យា
2009-10-22
​វិទ្យុ​អាស៊ីសេរី

លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លី ម្យុងបាក់ (Lee Myung-bak) បាន​អញ្ជើញ​មក​ទស្សនកិច្ច​ជា​មិត្តភាព​និង​ផ្លូវការ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២២ តុលា ដោយ​បាន​ចូល​គាល់​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះបាទ នរោត្តម សីហមុនី និង​បាន​ចូលរួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​សហ​ប្រតិបត្តិការ​រវាង​កូរ៉េ​និង​កម្ពុជា​មួយចំនួន​ផង។

និង​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន ថត​រូប​អនុស្សាវរីយ៍​នៅ​ឯ​សណ្ឋាគារ​អ៊ិនធ័រកុងទីណង់តាល់ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២២ តុលា ២០០៩។ (RFA/Mondulkeo)”]លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លី ម្យុងបាក់ (Lee Myung-bak) [ឆ្វេង] និង​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន ថត​រូប​អនុស្សាវរីយ៍​នៅ​ឯ​សណ្ឋាគារ​អ៊ិនធ័រកុងទីណង់តាល់ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២២ តុលា ២០០៩។ (RFA/Mondulkeo)

តាម​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង អេអេហ្វភី (AFP) បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​នោះ​ទាក់ទង​ជាមួយ​ការ​ឲ្យ​កម្ពុជា​ខ្ចី​ប្រាក់​និង​កិច្ច​ព្រមព្រៀង​បត្យាប័ន។

មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​មក​ទស្សនកិច្ច​នេះ​នឹង​ជួយ​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ហើយ​មាន​រយៈពេល​២​ថ្ងៃ។

ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ យុនហាប់ បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​របស់​កូរ៉េ​ខាង​ត្បូង​មក​កម្ពុជា​បាន​កើន​ពី​៣០​លាន​ដុល្លារ​នៅ​ឆ្នាំ​១៩៩៧​មក​បច្ចុប្បន្ន​បាន​ដល់​២៥០០​លាន​ដុល្លារ។

លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លី ម្យុងបាក់ មាន​គម្រោង​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​មុន​ពេល​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ៕

ទាហាន​ថៃ​បាញ់​សម្លាប់​បុរស​ខ្មែរ​ម្នាក់​ដែល​ឆ្លង​ដែន​ខុស​ច្បាប់

ដោយ សាវយុត
2009-10-22
​វិទ្យុ​អាស៊ីសេរី

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​នៃ​ប្រទេស​កម្ពុជា បាន​អះអាង​ថា មាន​ពលរដ្ឋ​ខ្មែរ​មា្នក់​ជា​ថ្មី​ទៀត​បាន​ស្លាប់ បន្ទាប់​ពី​អ្នក​ភូមិ​មួយ​ចំនួន​​នៅ​តំបន់​អូរ​ស្មាច់ នាំ​គ្នា​ឆ្លង​ដែន​ខុស​ច្បាប់ ហើយ​មាន​ការ​បាញ់​រះ​ពី​កង​ទាហាន​ការពារ​ព្រំដែន​ថៃ។

ទាហាន​ថៃ​ដើរ​ក្បែរ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នា​ថ្ងៃ​ទី​១៩ កក្កដា ២០០៨។ (RFA File Photo/Savyuth)

ទាហាន ថៃ ដើរ ក្បែរ តំបន់ ក្បែរ ប្រាសាទ ព្រះវិហារ ខ្មែរ នា ថ្ងៃ ទី ១៩ កក្កដា ២០០៨។ (RFA File Photo/Savyuth)

លោក ប៉ិច រតនា ជំនួយ​ការ​អភិបាល​ខេត្ត​ឧត្តរមាន​ជ័យ បាន​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី​២១ ខែ​តុលា ថា តាម​លោក​ទទួល​ព័ត៌មាន​ថា មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​រង​របួស​ធ្ងន់​ដោយសារ​ទាហាន​ឈុត​ខ្មៅ​ថៃ​បាញ់​រះ នៅ​ពេល​ដែល​អ្នក​ភូមិ​ខ្មែរ​ជាច្រើន​នាក់​បាន​ឆ្លង​ដែន​ចូល​ព្រៃ​ជាប់​ព្រំដែន​ស្រុក​កាប់ជើង ខេត្ត​សុរិន្ទ​របស់​ថៃ កាល​ពីថ្ងៃ​ទី​១៩ ខែ​តុលា ប៉ុន្តែ​បុរស​ខ្មែរ​ម្នាក់​នោះ​បាន​ដាច់​ខ្យល់​ស្លាប់​ពាក់​កណ្តាល​ផ្លូវ​នៅ​ពេល​ដែ​ល​អ្នក​ភូមិ​ខ្មែរ​ព្យាយាម​គ្រា​រត់​ត្រឡប់​ចូល​មក​ទឹកដី​ខ្មែរ​វិញ។

លោក ប៉ិច រតនា មាន​ប្រសាសន៍​ដូច្នេះ ៖ «គាត់​ចូល​ត្រង់​ចំណុច​អូរ​រយាង​ទ្វារ​ដែក ខាង​កើត​តាង​១៥​ហ្នឹង ចន្លោះ​បង្គោល​លាក់​លេខ​១៤-​១៥។ យើង​មិន​ដឹង​ព័ត៌មាន​ច្បាស់​ថា គាត់​ចូល​ប៉ុន្មាន​នាក់​ទេ ប៉ុន្តែ​ឃើញ​ចេញ​មក​បួន​ប្រាំ​នាក់ ហើយ​មាន​ដោយ​អ្នក​របួស​ហ្នឹង​មក ចុះ​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ ផ្លូវ​វា​ពិបាក អ្នក​របួស​ហូរ​ឈាម​ខ្លាំង​ក៏​ស្លាប់​នៅ​ពាក់​កណ្ដាល​ផ្លូវ​ទៅ»។

បុរស​ឈ្មោះ ស៊ឹម ប៊ុនឆេន ទី​លំនៅ​ភូមិ​ចំការ​ចេក ឃុំ​អូរ​ស្មាច់ ក្រុង​សំរោង ត្រូវ​ជា​បង​ប្រុស​របស់​បុរស​រង​គ្រោះ​បាន​មាន​ប្រសាសន៍​ថា ប្អូន​ប្រុស​របស់​គាត់​ឈ្មោះ ស៊ឹម ប៊ុនឈីន ហៅ អ៊ុន ឈីន អាយុ​ជាង​៣០​ឆ្នាំ បាន​ស្លាប់​បន្ទាប់​ពី​រង​របួស​ធ្ងន់​ដោ​យ​ត្រូវ​គ្រាប់​កាំភ្លើង​ទាហាន​ថៃ ខណៈ​ដែល​គាត់ ប្អូន​ប្រុស​គាត់ និង​អ្នក​ភូមិ​ទាំង​អស់​៤​នាក់ បាន​នាំ​គ្នា​ចូល​ព្រៃ ដើម្បី​អារ​គល់​ឈើ​គ្រញូង​យក​មក​លក់​ឲ្យ​ក្រុម​ឈ្មួញ។

គ្រួសារ​ជន​រងគ្រោះ​នោះ​បាន​អំពាវ​នាវ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ និង​អង្គការ​មនុស្ស​ធម៌​នានា ជួយ​ចាត់​វិធានការ ដើម្បី​ទាមទារ​សំណង​ពី​រដ្ឋាភិបាល​ថៃ ចំពោះ​ការ​បាញ់​ប្រហារ​នេះ។

លោក ស៊ឹម ប៊ុនឆេង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ត្រូវ​គ្រាប់​ប្រហែល​ជា​ម៉ោង​៧​យប់។ ដើរ​កាប់​គល់​គ្រញូង គេ​បាញ់​រះ​យក​តែម្ដង ត្រូវ​ប្អូន​ខ្ញុំ​មួយ។ បាញ់​ត្រូវ​មួយ​គ្រាប់​កន្លែង​ត្រគាក ត្រូវ​មួយ​គ្រាប់​ហើយ​បា​នវា​បាញ់​អាធំ។ វា​ចិត្ត​អាក្រក់​ណាស់ គ្រាន់​តែ​កាប់​ឆ្ការ​យក​មក​លក់​បាន​១០០-​២០០​បាត​ចាយ។ ខ្ញុំ​ចង់​ឲ្យ​វា​(ថៃ) សង​ជំងឺ​ចិត្ត​ជន​រងគ្រោះ ប្រពន្ធ​កូន​បង​ប្អូន​អី ប៉ុន្តែ​មិន​ដឹង​ទៅ​ខាង​ណា»។

ទោះ​យ៉ាង​ណា​មិន​អាច​ទំនាក់​ទំនង​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​​នៅ​ឡើយ​ទេ។

នេះ​ជា​លើ​ទី​២​ហើយ​ដែល​អ្នក​ភូមិ​ខ្មែរ​ត្រូវ​បាន​ទាហាន​ថៃ​បាន​ស្លាប់ ដោយសារ​ការ​ឆ្លង​ដែន​ខុស​ច្បាប់ ដោយ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា កន្លង​មក កុមារ​ខ្មែរ​ម្នាក់​ឈ្មោះ សាំង រិទ្ធ ហៅ យន់ រិទ្ធ អាយុ​១៦​ឆ្នាំ ត្រូវ​បាន​ទាហាន​ថៃ បាញ់​ឲ្យ​របួស ហើយ​មាន​ការ​ចោទ​ប្រកាន់​ថា ទាហាន​បាន​ចាប់​ដុត​ទាំង​រស់​ផង​នោះ។

មន្ត្រី​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ឲ្យ​ដឹង​តួលេខ​ត្រួសៗ​ថា ចាប់​ពី​អំឡុង​ខែ​មិថុនា រហូត​ដល់​ខែ​តុលានេះ មាន​ប្រជាពលរដ្ឋ​ខែ្មរ​ចំនួន​៤​នាក់ ត្រូវ​បាន​ទាហាន​ថៃ​បាញ់​ស្លាប់​នៅ​តាម​ព្រំដែន​ខ្មែរ-​ថៃ នៃ​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​សំរោង ខេត្ត​ឧត្តរ​មាន​ជ័យ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​២០​នាក់​ទៀត​ត្រូវ​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​យក​ទៅ​ផ្តន្ទា​ទោស​​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ដែន និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ទឹក​ដី​ថៃ​ខុស​ច្បាប់៕