បណ្ណសារ | ខែតុលា 29, 2009

សង្គម​ស៊ីវិល​ចេញ​សៀវភៅ​ណែនាំ​ស្តីពី​សិទ្ធិ​ដីធ្លី​និង​សិទ្ធិ​មាន​លំនៅ

ដោយ អយុធ្យា
2009-10-29
​វិទ្យុ​អាស៊ីសេរី

ក្រុម​អង្គការ​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ដីធ្លី​និង​សិទ្ធិ​មាន​លំនៅ​​ក្នុង​ប្រទេស​​កម្ពុជា ដាក់​សម្ភោធ​សៀវភៅ​ណែនាំ​ស្តីពី​សិទ្ធិ​ដីធ្លី​និង​សិទ្ធិ​មាន​លំនៅ ដើម្បី​ផ្តល់​ការ​អប់រំ​ពី​ការ​តស៊ូ​មតិ​ដល់​ពលរដ្ឋ​ពី​ការ​ជម្លៀស​ណា​មួយ​ពី​អាជ្ញាធរ។

កម្មករ​រុះរើ​ផ្ទះ​អ្នក​ភូមិ​នៅ​តំបន់​ដី​ក្រហម​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​២៤ មករា ២០០៩។ (RFA Photo/Ouk Savborey)

កម្មករ រុះរើ ផ្ទះ អ្នក ភូមិ នៅ តំបន់ ដី ក្រហម ក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន ក្រុង ភ្នំពេញ កាលពី ថ្ងៃ ២៤ មករា ២០០៩។ (RFA Photo/Ouk Savborey)

អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣ បាន​រួម​គ្នា​ស្រាវជ្រាវ​និង​បោះពុម្ព​ផ្សាយ​សៀវភៅ ទាក់​ទង​ជាមួយ​ការ​បណ្តេញ​ចេញ​ពី​លំនៅ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ចំពោះ​ការ​បណ្តេញ​ចេញ និង​គ្រោះ​ថ្នាក់ ការ​លំបាក​ដែល​កើត​មាន​ពី​ការ​បណ្តេញ​ចេញ​ពី​លំនៅ ដែល​កើត​ឡើង​នៅ​កម្ពុជា។

សៀវភៅ​ណែនាំ​ចំនួន​បី​ក្បាល​ស្តីពី​សិទ្ធិ​ដីធ្លី​និង​សិទ្ធិ​មាន​លំនៅ នៅ​កម្ពុជា គឺ​ជា​លទ្ធផល​នៃ​ការ​សហការ​រវាង​អង្គការ​ស្ពាន​ទៅ​កាន់​សន្តិភាព​អាស៊ី​អាគ្នេយ៍ មជ្ឈមណ្ឌល​ស្តីពី​សិទ្ធិ​មាន​លំនៅ​និង​ការ​បណ្តេញ​ចេញ និង​គម្រោង​គណនេយភាព​អន្តរជាតិ បាន​ដាក់​សម្ភោធ​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ច័ន្ទ ២៦ តុលា ដើម​សប្តាហ៍​នេះ។

លោកស្រី សៅ សុធារី ប្រធាន​កម្មវិធី​សិលា​នៃ​អង្គការ​ស្ពាន​ទៅ​កាន់​សន្តិភាព​អាស៊ី​អាគ្នេយ៍ មាន​ប្រសាសន៍​ថា ការ​ចង​ក្រង​សៀវភៅ​នេះ​ឡើង ប្រយោជន៍​ដើម្បី​ចូល​រួម​ចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ពី​ហានិភ័យ និង​គ្រោះ​ថ្នាក់​នៃ​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដោយ​បង្ខំ ព្រមទាំង​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​សិទ្ធិ និង​យុទ្ធសាស្ត្រ​តស៊ូ​មតិ​ការពារ​សិទ្ធិ​របស់​ខ្លួន ពី​ការ​បណ្តេញ​ចេញ​ពី​លំនៅ ឬ​ដីធ្លី​ពី​សំណាក់​អាជ្ញាធរ។

លោកស្រី សៅ សុធារី មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​សូម​អំពាវនាវ ក៏​ដូច​សំណូមពរ​ទៅ​ដល់​អាជ្ញាធរ​ឲ្យ​ជួយ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ហើយ​កុំ​ឲ្យ​មាន​ការ​ផ្លាស់​លំនៅ​ដោយ​បង្ខំ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយ​មិន​មាន​ការ​យល់​ព្រម​ពី​ប្រជាពលរដ្ឋ»។

លោក គឹម សុវ៉ាន់ ប្រធាន​អង្គការ​វីជីឡែន ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី​ដីធ្លី​និង​សិទ្ធិ​មាន​លំនៅ មាន​ប្រសាសន៍​ថា នៅ​កម្ពុជា​ដោយសារ​តែ​ការ​ចុះ​បញ្ជី​សិទ្ធិ​មាន​លំនៅ​មាន​ការ​យឺតយ៉ាវ ទើប​បណ្តាល​ឲ្យ​មាន​វិវាទ​ដីធ្លី​កើត​មាន​ច្រើន​ស្ទើរ​ទូទាំង​ប្រទេស។ ដោយ​ឡែក​ទាក់ទង​ទៅ​នឹង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​យក​ដី​ដើម្បី​អភិវឌ្ឍ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ទទួល​ជោគជ័យ​ច្រើន ប៉ុន្តែ​រាល់​ចំណាត់ការ​របស់​អាជ្ញាធរ គឺ​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់​និង​មាន​ការ​គំរាម​កំហែង។

លោក គឹម សុវ៉ាន់ មាន​ប្រសាសន៍​ថា ៖ «យើង​ឃើញ​ថា ប្រទេស​យើង​អភិវឌ្ឍន៍​ហើយ ក៏​ប៉ុន្តែ​មក​ដល់​ពេល​នេះ​ឃើញ​ថា ចំណង​គ្រប់​កន្លែង​ទាំង​អស់​ហ្នឹង​មិន​សមស្រប​ហើយ​បង្ខំ ហើយ​ការ​បែង​ចែក​មក​ដល់​ពេល​នេះ សាលាក្រុង​គាត់​ទទួល​ជោគជ័យ​ច្រើន​ក្នុង​ការ​បណ្ដេញ​ចេញ»។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា ទំនាស់​ដីធ្លី​មិន​មែន​កើត​ឡើង​ដោយ​ការ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​មាន​ការ​យឺតយ៉ាវ​ទាំង​អស់​នោះ​ទេ។

លោក កឹម សុខា មាន​ប្រសាសន៍​ដូច្នេះ ៖ «បញ្ហា​ធំ​បំផុត​គឺ​ដោយសារ​អំពើ​ពុករលួយ ការ​កេងប្រវ័ញ្ច​ទ្រព្យ​សម្បត្តិ​រដ្ឋ ប្រើប្រាស់​អំណាច​ទៅ​លើ​អ្នក​ទន់​ខ្សោយ​ហ្នឹង​វា​ច្រើន​ជាង»។

លោក សាប៊ូ បាចារ សមាជិក​ព្រឹទ្ធ​សភា ទទួល​បន្ទុក​បញ្ហា​ដីធ្លី ធ្លាប់​មាន​ប្រសាសន៍​ថា កន្លង​មក​ការ​កើត​មាន​ទំនាស់​ដីធ្លី គឺ​កើត​ឡើង​ដោយសារ​តែ​ប្រជាពលរដ្ឋ​មិន​មាន​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី និង​លំនៅ​បាន​ត្រឹមត្រូវ ប៉ុន្តែ​លោក​សង្ឃឹម​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​ផ្តល់​កម្មសិទ្ធិ​ដីធ្លី និង​លំនៅ​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ជា​ស្ថាពរ ទំនាស់​ដីធ្លី​នឹង​កាត់​បន្ថយ។

ទំនាស់​ដីធ្លី​ដែល​កើត​មាន​នៅ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា កន្លង​មក​ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា បាន​រក​ឃើញ​ថា ការ​ចុះ​បញ្ជី​ផ្តល់​កម្មសិទ្ធិ​ដីធ្លី គឺ​ជា​ផ្នែក​មួយ​នៃ​ទំនាស់​ប៉ុណ្ណោះ។ ទំនាស់​នេះ​ក៏​កើត​ឡើង​ដោយសារ​តែ​អំពើ​ពុករលួយ​និង​ដោយសារ​តែ​ការ​គំរាម​កំហែង​ពី​មន្ត្រី​មាន​អំណាច​និង​អ្នក​មាន​ទ្រព្យ​ធន៕

សាលាឧទ្ធរណ៍​បន្ត​ផ្ដន្ទា​ទោស​ស្រ្ដី​ទំនើង​ម្នាក់​ក្នុង​បទ​ប្រើ​អាវុធ​ខុស​ច្បាប់

ដោយ សុខ សេរី
2009-10-29
វិទ្យុ​អាស៊ីសេរី

ស្រ្ដី​ទំនើង​ម្នាក់​ដែល​អាជ្ញាធរ​ចោទ​ថា ប្រើ​ប្រាស់​អាវុធ​បាញ់​ក្នុង​ទី​សាធារណៈ​ខុស​ច្បាប់ នៅ​ថ្ងៃ​២៨ តុលា សាលាឧទ្ធរណ៍​បាន​តម្កល់​សេចក្តី​សម្រេច​​​របស់​តុលាការ​សាលា​ដំបូង រាជធានី​ភ្នំពេញ និង​សម្រេច​បន្ត​ផ្ដន្ទាទោស​ស្រ្ដី​នោះ។

តុលាការ​សាលា​ឧទ្ធរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថៃ្ង​ពុធ ទី​២៨ ខែ​តុលា​នេះ បាន​សម្រេច​បន្ត​ការ​ផ្តន្ទាទោស​ស្រី​ទំនើង​ម្នាក់ ឈ្មោះ ហ្គិច អាយុ​៣០​ឆ្នាំ ឲ្យ​បន្ត​ការ​ជាប់​គុក​រយៈ​១៨​ខែ​ជា​ដដែល និង​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​១​លាន​រៀល ដោយ​បាន​តម្កល់​សាលក្រម​របស់​តុលាការ​សាលា​ដំបូង រាជធានី​ភ្នំពេញ ចាត់​ទុក​ជា​បាន​ការ​នៅ​ក្នុង​ការ​ផ្តន្ទា​ទោស​ស្រ្តី​រូប​នោះ​កន្លង​មក ក្រោម​បទ​ចោទ​ថា បាន​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់។

លោក សេង ស៊ីវុត្ថា ជា​ចៅក្រម​ជម្រះ​ក្តី​នៃ​តុលាការ​សាលា​ឧទ្ធរណ៍ នៅ​ក្នុង​ចំណោម​ចៅក្រម​ប្រឹក្សា​២​រូប​ទៀត បាន​អាន​សាលដីកា​កំបាំង​មុខ​ស្រី​ទំនើង​នោះ​ថា តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​របស់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាត់​ទុក​ជា​បាន​ការ។

លោក អំ សំអាត ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​ខាង​លើ​នេះ។

លោក អំ សំអាត មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​សូម​ឲ្យ​គំរូ​នៃ​ការ​ផ្ដន្ទា​ទោស​នេះ​កើត​មាន​ទៅ​លើ​គ្រប់​ជន​ទូទៅ មិន​ថា​អ្នក​មាន​អំណាច អ្នក​អត់​អំណាច ឬ​យ៉ាង​ណា​ទេ ឲ្យ​តែ​មាន​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់»។

គេ​ពុំ​ឃើញ​មាន​មេធាវី​របស់​ស្រី​ទំនើង​នោះ បាន​មក​ចូល​រួម​នៅ​ក្នុង​សវនាការ​នោះ​ទេ ដែល​ប្រភព​បាន​ឲ្យ​ដឹង​ថា មេធាវី​នោះ​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​សាលាឧទ្ធរណ៍​ពន្យារ​សវនាការ​នោះ​ទៅ​ថៃ្ង​ក្រោយ ប៉ុន្តែ​តុលាការ​បាន​បដិសេធ ហើយ​បាន​បើក​សវនាការ​នោះ​ជា​បន្ទាន់។

ស្រី​ទំនើង​នោះ​ត្រូវ​បាន​សមត្ថកិច្ច​គុក​ព្រៃ​ស បាន​នាំ​ខ្លួន​មក​ចូល​រួម​នៅ​ក្នុង​សវនាការ​នៅ​ថៃ្ង​ពុធ ២៨ តុលា ដោយ​ស្លៀក​ពាក់​ក្នុង​ឯកសណ្ឋាន​ជា​អ្នក​ទោស។

ការ​បើក​សវនាការ​ជា​បន្ទាន់​ខាង​លើ​នេះ គឺ​ក្រោយ​ពេល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាល​ពី​ថៃ្ង​អង្គារ​ថ្មីៗ​នេះ​ថា ការ​ផ្តន្ទា​ទោស​លើ​ស្រី​ទំនើង​រូប​នោះ ជា​ទោស​ស្រាល​នៅ​ទ្បើយ ហើយ​បាន​ព្រមាន​ឲ្យ​មន្រ្តី​យោធា​ស័ក្តិ​៣​ម្នាក់ ត្រូវ​ដក​ខ្លួន​ពី​ការ​ព្យាយាម​អន្តរាគមន៍​លើ​សំណុំ​រឿង​នេះ បើ​ពុំ​ដូច្នេះ​ទេ លោក​នឹង​ដក​ហូត​ចេញ​ពី​តំណែង។

សាក្សី​ម្នាក់​ដែល​បាន​ឃើញ​ហេតុការណ៍​ស្រី​ទំនើង​បាន​ប្រើ​ប្រាស់​កាំភ្លើង​ខ្លី​បាញ់​ជា​ច្រើន​គ្រាប់​នៅ​មុខ​ផ្ទះ​របស់​លោក បាន​មាន​ប្រសាសន៍​ថា ៖ «គាត់​ទាញ​កាំភ្លើង​ខ្លី​របស់​គាត់​បាញ់​ឡើង​លើ​២-​៣​គ្រាប់ បន្ទាប់​មក​ស៊ីផ្លេ​ទៀត ហើយ​បន្ទាប់​មក​គាត់​ចុះ​ពី​ឡាន បា​នឃើញ​ថា​គាត់​ជា​មនុស្ស​ស្រី ហើយ​បាន​ដើរ​ចូល​ទៅ​ក្នុង​ពេទ្យ បាញ់​មួយ​គ្រាប់​នៅ​ក្នុង​ពេទ្យ​ទៀត។ ខ្ញុំ​មិន​ដឹង​ថា គាត់​ធ្វើ​អី​នៅ​មន្ទីរ​ពេទ្យ​ហ្នឹង​ទេ»។

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថៃ្ង​ទី​៣០ ខែ​កញ្ញា ថ្មីៗ​នេះ បាន​បើក​ការ​កាត់​ទោស​ជា​ប្រញាប់​មួយ ផ្តន្ទាទោស​ស្រី​ទំនើង​ឈ្មោះ ខែ ដារ៉ា ឬ កែវ រតនៈ ឬ​ឈ្មោះ ហ្គិច អាយុ​៣០​ឆ្នាំ ឲ្យ​ជាប់​គុក​១៨​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​១​លាន​រៀល ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ បាញ់​ជា​ច្រើន​គ្រាប់​កាល​ពី​យប់​ថៃ្ង​ទី​២៨ ខែ​កញ្ញា កន្លង​ទៅ នៅ​ក្នុង​ជម្លោះ​ចរាចរណ៍​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថៃ្ង​ទី​២៤ ខែ​មិថុនា កន្លង​ទៅ បាន​ចេញ​សារាចរ​មួយ​បញ្ជា​ឲ្យ​ក្រសួង​មហាផៃ្ទ ក្រសួង​ការពារ​ជាតិ ក្រសួង​យុត្តិធម៌ ក្រសួង​ទេសចរណ៍ ក្រសួង​អប់រំ​យុវជន​និង​កីទ្បា និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា កំណត់​មុខ​សញ្ញា​និង​សកម្មភាព​ក្មេង​ទំនើង ដែល​អុកទ្បុក​និង​ធ្វើ​សកម្មភាព​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​និង​សន្តិសុខ​សង្គម៕

ក្រុម​អ្នក​កាសែត​ជួប​ពិភាក្សា​​អំពី​ក្រម​សីលធម៌​អ្នក​សារព័ត៌មាន

ដោយ អយុធ្យា
2009-10-28
​វិទ្យុ​អាស៊ីសេរី

ក្រុម​អ្នក​កាសែត​កម្ពុជា​ជួប​ប្រជុំ​គ្នា​ពិភាក្សា​ពី​ក្រមសីលធម៌​សម្រាប់​អ្នក​សារ​ព័ត៌មាន ប្រយោជន៍​ដើម្បី​ទទួល​បាន​ការ​ផ្តល់​ទំនុក​ចិត្ត និង​មាន​ភាព​ថ្លៃថ្នូរ​ក្នុង​ការ​ប្រកប​អាជីព​ជា​អ្នក​កាសែត។

បុរស​វ័យ​៣២​ឆ្នាំ កំពុង​អាន​កាសែត​នៅ​តូប​លក់​កាសែត​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី ៧ ឧសភា ២០០៧។ (AFP Photo)

បុរស វ័យ ៣២ ឆ្នាំ កំពុង អាន កាសែត នៅ តូប លក់ កាសែត មួយ កន្លែង ក្នុង ទីក្រុង ភ្នំពេញ នា ថ្ងៃ ទី ៧ ឧសភា ២០០៧។ (AFP Photo)

ថ្លែង​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​លើក​ទី​២ ស្តីពី​ក្រមសីលធម៌​សម្រាប់​អ្នក​សារ​ព័ត៌មាន​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​២៧ ខែ​តុលា លោក ប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ជា​អ្នក​ផ្តួចផ្តើម​សន្និសីទ មាន​ប្រសាសន៍​ថា ការ​គោរព​បាន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ចំពោះ​អាជីព​ជា​អ្នក​កាសែត គឺ​អាច​កាត់​បន្ថយ​បាន​នូវ​គ្រោះ​ថ្នាក់ ក៏​ដូចជា​ទទួល​បាន​នូវ​ការ​គោរព​ពី​គ្រប់​មជ្ឈដ្ឋាន​ទូទៅ។

លោក ប៉ា ងួនទៀង មាន​ប្រសាសន៍​ដូច្នេះ ៖ «អ្នក​កាសែត​យើង​នឹង​ផ្ដល់​តម្លៃ​ដល់​ក្រម​សីលធម៌ ដើម្បី​យើង​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​បង្កើន​នូវ​ជំនឿ​ទុក​ចិត្ត​ពី​សាធារណជន ពេល​ណា​ដែល​យើង​ទទួល​បាន​ជំនឿ​ទុក​ចិត្ត ពេល​នោះ​យើង​នឹង​ទទួល​បាន​អំណាច​មួយ​ដែល​អ្នក​កាសែត​មាន​ឥទ្ធិពល ហើយ​ពេល​នោះ​ហើយ​ដែល​ជីវភាព​អ្នក​កាសែត​នឹង​មាន​ការ​ប្រែប្រួល»។

ចាងហ្វាង​កាសែត​សហស្សវត្សរ៍​ថ្មី​មាន​ប្រសាសន៍​ថា ៖ «ជា​ទូទៅ​សូម​ឲ្យ​សមី​ខ្លួន​របស់​កាសែត​នីមួយៗ និពន្ធ​នាយក ឬ​នាយក​គ្រប់គ្រង ពង្រឹង​ខ្លួន​ឯង​តែម្ដង ហ្នឹង​ការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​ប្រហែល​ជា​អាច​បាន​លឿន​ជាង»។

លោក ហែន វិភាគ ប្រធាន​សមាគម​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ដើម្បី​សេរីភាព បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «កន្លង​មក​ដោយសារ​អ្នក​កាសែត​ពុំ​មាន​ក្រម​សីលធម៌​ច្បាស់​លាស់ ទើប​បាន​ជា​មជ្ឈដ្ឋាន​ផ្សេងៗ តែង​តែ​យក​ច្បាប់​ដែល​មិន​ស្រប​ទៅ​នឹង​វិជ្ជាជីវៈ​អ្នក​កាសែត​មក​គំរាម​កំហែង​សេរីភាព​អ្នក​សារ​ព័ត៌មាន»។

លោក សេត វណ្ណដន អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​នយោបាយ​នៃ​គណៈកម្មការ​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ឲ្យ​ដឹង​តាម​សំឡេង​អ្នក​បក​ប្រែ​ភាសា​ថា នៅ​ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ការ​វិវឌ្ឍ​ឈាន​ទៅ​មុខ​គួរ​ឲ្យ​កត់​សម្គាល់។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក៏​មាន​អ្នក​កាសែត​មួយ​ចំនួន​បាន​ទទួល​រង​នូវ​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត រាង្គកាយ និង​ផ្លូវ​ចិត្ត​ផង​ដែរ។ លោក​បញ្ជាក់​ថា ការ​គោរព​បាន​នូវ​ក្រម​សីលធម៌​វិជ្ជា​ជីវៈ​សារ​ព័ត៌មាន គឺ​កាត់​បន្ថយ​គ្រោះថ្នាក់​ដល់​អ្នក​កាសែត។

គួរ​រំឭក​ថា ចាប់​តាំង​ពី​ប្រទេស​កម្ពុជា បាន​បង្កើត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ដល់​ឆ្នាំ​២០០៩​នេះ គឺ​មាន​អ្នក​កាសែត​មិន​តិច​ជាង​១០​នាក់​ទេ ត្រូវ​បាន​សម្លាប់​ពី​ជន​អនាមិក។ ជាង​១០​នាក់​ជាប់​ក្នុង​ពន្ធនាគារ និង​ជាច្រើន​នាក់​ទៀត​កំពុង​ប្រឈម​រឿង​ក្តី​ក្នុង​តុលាការ និង​ការ​គំរាម​កំហែង​ដោយសារ​តែ​មូលហេតុ​នយោបាយ ខ្វះ​វិជ្ជាជីវៈ​និង​គំនុំ។

ការ​កាប់​សម្លាប់​អ្នក​កាសែត​និង​ការ​ផ្តន្ទាទោស​អ្នក​កាសែត ត្រូវ​បាន​មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​បាន​លើក​មក​និយាយ​ថា មិន​មែន​ដោយសារ​តែ​បញ្ហា​មិន​គោរព​ក្រម​សីលធម៌​មួយ​មុខ​នោះ​ទេ។

លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​រក​ឃើញ​ថា វា​មាន​បញ្ហា​ផ្សេងៗ​ទៀត។

ដោយ​ឡែក​លោក ចន ចនសុន (John Johnson) មន្ត្រី​អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រម​សីលធម៌​វា​មាន​សារសំខាន់​បំផុត​សម្រាប់​អ្នក​សារ​ព័ត៌មាន​គ្រប់ៗ​រូប មិន​ថា​តែ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​នោះ​ទេ សូម្បី​តែ​អ្នក​កាសែត​អាមេរិក​ក៏​ដូច​គ្នា​ដែរ នៅ​ពេល​ពួកគេ​ធ្វើ​របាយកាណ៍ ឬ​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​គេ គឺ​តែង​តែ​គោរព​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ​យ៉ាង​ខ្ជាប់ខ្ជួន៕

គ្រូ​បងៀន​និង​សិស្ស​ជួប​គ្នា​ស្វែង​យល់​ពី​ដំណើរការ​កាត់​ក្តី​អតីត​មេ​​ខ្មែរ​ក្រហម

ដោយ ឡេង ម៉ាលី
2009-10-28
​វិទ្យុ​អាស៊ីសេរី

គ្រូ​បង្រៀន​និង​សិស្សា​នុសិស្ស​ប្រមាណ​៤​ពាន់​នាក់ បាន​ជួបជុំ​គ្នា​នៅ​ឯ​វិទ្យាល័យ​ហ៊ុន សែន តាខ្មៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​តុលា ដើម្បី​ស្វែងយល់​ពី​ដំណើរការ​កាត់ក្តី​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម។

២៨-តុលា-២០០៩: លោក រាជ សម្បត្តិ មន្រ្តី​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​កំពុង​ជួប​ពន្យល់​សិស្សានុសិស្ស​ពី​ដំណើរការ​នៃ​សាលាក្ដី​នេះ​នៅ​វិទ្យាល័យ​ហ៊ុន សែន តាខ្មៅ នា​ខេត្ត​កណ្ដាល។ (RFA/Leng Maly)

២៨-តុលា-២០០៩: លោក រាជ សម្បត្តិ មន្រ្តី នៃ សាលាក្ដី ខ្មែរ ក្រហម កំពុង ជួប ពន្យល់ សិស្សានុសិស្ស ពី ដំណើរការ នៃ សាលាក្ដី នេះ នៅ វិទ្យាល័យ ហ៊ុន សែន តាខ្មៅ នា ខេត្ត កណ្ដាល។ (RFA/Leng Maly)

សិស្ស​សាលា​នៅ​ជាយ​ក្រុង​ភ្នំពេញ បាន​លើក​សំណួរ​ចំពោះ​មន្ត្រី​សាលាក្តី​ខ្មែរ​ក្រហម អំពី​ពេល​វេលា​ដំណើរការ​សាលាក្តី​ខ្មែរ​ក្រហម​និង​ចង់​ដឹង​ថា តើ​ការ​កាត់​ក្តី​នោះ​អាច​ពន្យារ​ដល់​ពេល​ណា?

លោក រាជ សម្បត្តិ មន្ត្រី​ទំនាក់​ទំនង​សាធារណៈ​របស់​សាលាក្តី​បាន​មាន​ប្រសាសន៍​ថា ការ​កាត់ក្តី​នោះ​អាច​ចប់​ទាំង​អស់​នៅ​ឆ្នាំ​២០១២ ឬ ២០១៣។

ការ​ថ្លែង​ឲ្យ​ដឹង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ គឺ​លោក រាជ សម្បត្តិ ក្នុង​ជំនួប​ជាមួយ​គ្រូ​បង្រៀន​និង​សិស្ស​សាលា នៅ​ឯ​វិទ្យាល័យ​ហ៊ុន សែន តាខ្មៅ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ តុលា ឆ្នាំ​២០០៩។

លោក រាជ សម្បត្តិ បាន​ថ្លែង​ដូច្នេះ ៖ «គឺ​ឥឡូវ​នេះ​សំណុំ​រឿង​០០២ គេ​នឹង​បញ្ជូន​រឿង​ទៅ​ជំនុំ​ជម្រះ​ក្ដី​នៅ​ខែ​១២ ខាង​មុខ​នេះ»។

លោក រាជ សម្បត្តិ មាន​ប្រសាសន៍​បន្ត​ថា សំណុំ​រឿង​ក្តី​ឧក្រិដ្ឋកម្ម​លេខ​០០២ ដែល​មាន​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ខ្ពស់​បំផុត​ចំនួន​៤​រូប គឺ​លោក ខៀវ សំផន, នួន ជា, អៀង សារី និង​លោកស្រី អៀង ធីរិទ្ធ នឹង​ត្រូវ​តុលាការ​ជំនុំ​ជម្រះ​នៅ​ឆ្នាំ​២០១០ ក៏​ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​អំពី​ពេល​វេលា​ជាក់​លាក់​ណា​មួយ​នៅ​ឡើយ​ទេ។

ទាក់​ទង​ជាមួយ​ពេល​វេលា​កាត់​ក្តី​នេះ លោក រាជ សម្បត្តិ ប្រធាន​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ឆ្លើយ​តប​ថា ៖ «យើង​អត់​ពន្យារ​ទេ ប៉ុន្តែ​គេ​ត្រូវ​ធ្វើ​តាម​របៀប។ បើ​កាល​ណា​គេ​ធ្វើ​លឿន​ពេក ប្អូន​ថា ធ្វើ​អី​លឿន​ម៉្លេះ? យើង​គិត​ថា ប្រហែល​ជា​២០១២ ឬ ២០១៣​យ៉ាង​យូរ នឹង​ចប់​ការ​កាត់ក្តី​ទាំងអស់ លែង​មាន​ហើយ»។

ក្នុង​ជំនួប​ជាមួយ​គ្រូ​បង្រៀន​និង​សិស្ស​សាលា​ប្រមាណ​៤​ពាន់​នាក់ នៅ​ឯ​វិទ្យាល័យ​ហ៊ុន សែន តាខ្មៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ តុលា ឆ្នាំ​២០០៩ ដើម្បី​ផ្សព្វផ្សាយ​អំពី​សាលា​ក្តី​ខ្មែរ​ក្រហម ត្រូវ​គ្រូ​បង្រៀន​មួយ​រូប គឺ​លោក ហែម សុខល័ក្ខ ចាប់​អារម្មណ៍​ថា ជា​ការ​ផ្សព្វផ្សាយ​ដើម្បី​បន្ថយ​ទុក្ខសោក​ខ្លះ។

លោក ហែម សុខល័ក្ខ មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ឃើញ​ថា ខាង​តំណាង​សាលាក្ដី​គេ​អញ្ជើញ​មក​នេះ គេ​មាន​ធ្វើ​បទសម្ភាសន៍ ឬ​ក៏​សួរ​សំណួរ​ចម្លើយ​ជាមួយ​សិស្ស​សាលា​ខ្ញុំ​ហ្នឹង ធ្វើ​ឲ្យ​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​តែ​កើត​មាន​លើ​ឪពុក​ម្ដាយ ជីដូន​ជីតា​របស់​សិស្ស​យើង​ខ្ញុំ​ហ្នឹង ក៏​ដូច​ជា​ខ្ញុំ​ផង​ដែរ ត្រូវ​បាន​រសាយ​មួយ​ចំនួន​ធំ»។

ជាមួយ​គ្នា​នេះ​ដែរ​មន្ត្រី​សម្រប​សម្រួល​ការ​ផ្សព្វផ្សាយ​នៃ​អង្គភាព​គាំទ្រ​ជន​រងគ្រោះ នៅ​សាលាក្តី​ខ្មែរ​ក្រហម លោក នៅ កាស៊ី ថ្លែង​ថា ឆ្លុះ​បញ្ចាំង​តាម​ការ​សួរ​ដេញ​ដោល​ផុលផុស​ពីយុវសិស្ស គឺ​ជា​ការ​បង្ហាញ​នូវ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​សាលាក្តី​ខ្មែរ​ក្រហម​ពី​សំណាក់​ពលរដ្ឋ។

សាលាក្តី​ខ្មែរ​ក្រហម​គ្រោង​នឹង​បិទ​សំណុំ​រឿង​លេខ​០០១ របស់​ជនជាប់​ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច ចុង​ឆ្នាំ​២០០៩​នេះ៕

ចាប៉ីដងវែង កំពុងជួប វិបត្តិធ្ងន់ធ្ងរ ក្នុងស្រទាប់ យុវជនខ្មែរ

សរសេរដោយ ទស្សនាវដ្តី ឃីស
ច័ន្ទ, ២៦ តុលា ២០០៩
From veticar.com

kiss7_01

ចាប៉ីដងវែង មានប្រវត្តិ ដ៏យូរលង់ណាស់ មកហើយក្នុងសង្គមខ្មែរ ។ កាលណាគេឮ ពាក្យថា “ចាប៉ី” ចាស់បុរាណខ្មែរ សំគាល់ទុកថា ជាតន្ត្រីម៉្យាង ដែលច្រៀងអប់រំ ប្រៀបធៀបសង្គម, រិះគន់សង្គម, ផ្តល់ជា គតិបណ្ឌិត សំរាប់ដាស់តឿន ដល់កូនចៅជំនាន់ក្រោយ ។ ពាក្យទំនៀម ទាំងអម្បាលនេះ បច្ចុប្បន្នកំពុងត្រូវបាន យុវជនសម័យថ្មី គេនាំគ្នាបំភ្លេច និងរិះគន់ថា ជាតន្ត្រីហួស សម័យហើយ ទោះបីមានអ្នក ចម្រៀងដ៏ល្អឯក ប៉ិនប្រសប់យ៉ាងណា ក៏គ្មានប្រយោជន៍ដែរ ។ ប្រវត្តិសាស្ត្រ មនុស្សជាតិ បានបង្ហាញនូវ របកគំហើញស្តីពី ចាប៉ីដងវែង ថា រាល់ច្បាប់ក្បួន ទូន្មានកូនចៅ មានដូចជា ច្បាប់កេរកាល,ច្បាប់អរិយ សត្ថា, ច្បាប់ព្រះរាជសម្ភារ, ច្បាប់ក្រម, ច្បាប់បណ្តាំបិតា, និងច្បាប់ល្បើកថ្មី ព្រមទាំងច្បាប់ដទៃៗ ជាច្រើនទៀត។ ច្បាប់ដែលលើក យកមកនេះសុទ្ធតែ កើតចេញពីបញ្ញាញាណ កវីបណ្ឌិតពីបុរាណ ដែលចង ក្រង ហើយយកទៅច្រៀង ដាស់តឿនក្រើនរំលឹក ដល់អ្នកដែលភ្លេចស្មារតី មិនប្រឹងប្រែងខិតខំព្យាយាម រកស៊ីចិញ្ចឹមជាដើម ។ ចាប៉ីដងវែង វាជាប្រភេទតន្ត្រី មួយបែប ដែលមនុស្សច្រៀង ចម្រៀងជាកាព្យ ដែលមានពាក្យពេចន៍ ណែងណងចងជា កម្រងកែវ យ៉ាងពីរោះរណ្តំ ហើយមានន័យ ជ្រាលជ្រៅបំផុត ចំពោះការអប់រំ ។ ប៉ុន្តែជាអកុសល ចាប់តាំងពីឆ្នាំសូន្យ រហូតដល់នាបច្ចុប្បន្នភាពនេះ ប្រទេសខ្មែរត្រូវ បានបាត់បង់ បញ្ញវន្តកវីនិពន្ធ ស្ទើរតែគ្មានសល់ ដោយសារបនប្រល័យ ពូជសាសន៍។ ដូច្នេះហើយក្រោមកិច្ច ខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្ត ដែលសម្តេចតេជោ ជាប្រមុខ លោកតែងតែស៊ើបសួរ រាវ រកអ្នកណាដែល ចេះច្រៀងចាប៉ី ដើម្បីយកមកឱ្យបង្រៀន ដល់ក្មេងជំនាន់ក្រោយ ឱ្យបានចេះដឹង និងយល់នូវតម្លៃ វប្បធម៌របស់ជាតិឯង។ ក្នុងគោលបំណងបណ្តុះ ពង្រីកនូវវត្ថុដ៏កម្រមួយនេះ ឱ្យបានកើត ឡើងវិញ កុំឱ្យវាស្លាប់ដោយសារយើង ទាំងអស់គ្នាបំភ្លេចវានោះ ។ កត្តានេះហើយបានជា សម្តេចមានប្រសាសន៍ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៩ នៅសាលសន្និសីទ ចតុមុខកន្លងទៅ ថ្មីៗនេះថា “ការ រស់ឡើងវិញ នៅវិស័យសិល្បៈ ទស្សនីយភាពជាតិយើង មានសន្ទុះរីកដុះដាល ដ៏ខ្លាំងក្លា ។ វឌ្ឍនភាពនេះ បានបន្តចីរភាព រហូតដល់បច្ចុប្បន្ន ក៏ប៉ុន្តែទោះបីជា យ៉ាងណា វឌ្ឍនភាព លើវិស័យសិល្បៈ ទស្សនីយភាពជាតិ នៅមានការប្រឈម ដែលចាំបាច់ត្រូវកែលំអ” ។ សម្តេចនាយករដ្ឋមន្ត្រី បានមានបប្រសាសន៍បែបនេះ ក្នុងពិធីបិទសិក្ខាសាលាជាតិ ស្តីពី “សិល្បៈទស្សនីយភាពខ្មែរ ៣០ឆ្នាំ ក្នុងការរស់ ឡើងវិញ និងការអភិវឌ្ឍន៍” ។ យោងតាមការសម្ភាសន៍ ផ្ទាល់ពីលោកតាព្រឹទ្ធាចារ្យ គង់ ណៃ បានមានប្រសាសន៍ប្រាប់ទស្សនាវដ្តី ឃីស ថា

kiss7_02

ទី១-ចាប៉ីដងវែងបុរាណខ្មែរ គឺច្រៀងឡើងសម្រាប់ អប់រំដល់យុវជនខ្មែរ ឱ្យស្គាល់នូវទម្រង់សិល្បៈ វប្បធម៌របស់ជាតិ ។
ទី២-ចង់ឱ្យយុវជន យល់ថា ពាក្យសិល្បៈ ប្រែជាសេចក្តីថា “ការប៉ិនប្រសប់” ឱ្យឈ្មោះថា សិល្បៈ ។
ទី៣-ចង់ឱ្យយុវជនខ្មែរ ស្គាល់អំពីខែខាងខ្នើត, ខាងរនោច, របស់ខ្មែរឱ្យបាន ច្បាស់លាស់ ។ លោកតា គង់ ណៃ បន្តថា ការបណ្តុះបណ្តាល នូវវិស័យសិល្បៈ ចាប៉ីដងវែងនេះ គឺយើងមិនអាចពឹងផ្អែក ទៅតែ អ្នកច្រៀងចាប៉ីនោះទេ សំខាន់គឺគ្រប់សាលារៀន ទាំងអស់ អ្នកគ្រូ លោកគ្រូក៏ត្រូវតែ ធ្វើការណែនាំ ពន្យល់ឱ្យសិស្ស បានស្គាល់នូវ ទម្រង់សិល្បៈ ចាប៉ីដងវែង កំពុងតែជួប គ្រោះភ្លៀងព្យុះសង្ឃរា ពីសំណាក់ យុវជន ដែលពួកគេទាំងឡាយ មិនសូវនិយមចូលចិត្ត ដោយពួកគេពេញនិយម តែលើបទចម្រៀង សម័យទំនើប តែប៉ុណ្ណោះ ។ លោកតាបានអំពាវនាវ តាមរយៈទស្សនាវដ្តី ថា “សុំឱ្យយុវជនខ្មែរ មេត្តា អាណិតចាប៉ីដងវែងផង កុំទុកឱ្យនៅរងារឯកោ ត្រូវនាំគ្នាលើកស្ទួយ ចាប៉ីបុរាណខ្មែរ ឡើងវិញ ពុំដូច្នោះ ទៅថ្ងៃមុខយើងនឹងបាត់បង់ ប្រសិនណាបើយើង មិននាំគ្នាថែរក្សាឱ្យគង់វង្ស” ។ ទស្សនាវដ្តី ឃីស បាន សម្ភាសន៍លោក ពន្លក ជីវ៉ា និស្សិតសាកលវិទ្យាល័យ បៀលប្រាយឆ្នាំទី០១ ឯកទេសគ្រប់គ្រង់ពាណិជ្ជកម្ម លោកបានបញ្ចោញ ទស្សនៈប្រាប់ថា “លោកមានការនិយម ចូលចិត្តស្តាប់ចាប៉ី ខ្លាំងណាស់ ពីព្រោះ លោកយល់ថា ស្តាប់ចាប៉ីនាំឱ្យយើង ទទួលបានចំណេះដឹង អប់រំប្លែកៗពីសង្គម” ។ លោកបន្តថា “ចាប៉ីដងវែង គួរតែត្រូវអភិរក្ស ឱ្យបានគង់វង្ស នឹងបន្តផ្សព្វផ្សាយ នៅទូរទស្សន៍ និងវិទ្យុឱ្យបាន ទូលំទូលាយ ជាងនេះ, នោះលោកសង្ឃឹមថា និងមាននិស្សិតជាច្រើន ស្តាប់ជាមិនខានឡើយ” ។ និស្សិតរូបនេះដដែល បានសំណូមពរថា “សូមឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មេត្តាពង្រឹង ចាត់វិធានការណ៍ ផ្សព្វ ផ្សាយ និងប្រមូលលោក អ្នកច្រៀងចាប៉ីដងវែង ពីបណ្តាលខេត្តនានា ដើម្បីទុកសម្រាប់បង្រៀន ដល់កូនខ្មែរ ជំនាន់ក្រោយ” ។ ចំពោះនិស្សិត កែវ ពេជ្ររស្មី រៀននៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និង វិទ្យាសាស្ត្រ សេដ្ឋកិច្ចឆ្នាំទី១ បានបញ្ចោញទស្សនៈថា “តន្ត្រីបុរាណចាប៉ីដងវែង ជាតន្ត្រីមួយដ៏កម្ររក ហើយអ្នកច្រៀង ក៏មិនងាយរកដែរ។ ដូច្នេះចាប៉ីដងវែង វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជា និមិត្ត រូប នៃវប្បធម៌ ជាតិខ្មែរ” ។ លោកបន្តថា “ដើម្បីលើកស្ទួយនូវ ចាប៉ីដងវែង ក្នុងស្រទាប់យុវជនខ្មែរ ទាល់តែយើងទាំងអស់គ្នា ជានិស្សិតប្រមូលផ្តុំគ្នា ស្រាវជ្រាវ ពិភាក្សានូវរឿងនេះ ឱ្យបានដឹងពិតប្រាកដថា វាមានគំនិតអប់រំ ដល់ សង្គមបែបណាខ្លះ ” ។ ដោយលោកបានលើក ឡើងនូវច្បាប់ ក្រម ង៉ុយ មួយឃ្លាថា “នគរថ្កើងប្លែក សប្បាយតែភ្នែក ក្នុងចិត្តរងកម្ម កូនប្រុសសណ្តាប់ កុំភ្លេចបណ្តាំ កប្បាសសូត្រថ្នាំ ត្រីម៉ាំលែងថោក” ។

ដោយៈ កុលាទីបា

សាលាឧទ្ធរណ៍ តំកល់ទោស “នាងហ្គិច” ជើងឆើត ដដែល

Thursday October 29, 2009
កោះសន្តិភាព

នាងហ្គិច ពាក់អាវអ្នកទោស និងរូបតូច ពេលនៅខ្លាំង (រូបថត ប៊ុនរី)

នាងហ្គិច ពាក់អាវអ្នកទោស និងរូបតូច ពេលនៅខ្លាំង (រូបថត ប៊ុនរី)

រាជធានីភ្នំពេញ៖ សាលាឧទ្ធរណ៍ កាលពីថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០០៩ បានប្រកាស សាលដីកាតំកល់ សំណុំរឿងករណី បាញ់បោះនៅក្នុង ទីសាធារណៈ ដែលមានជន ជាប់ចោទ ឈ្មោះ ខៃ ដារា ហៅហ្គិច ភេទស្រី ឬតាមនាមប័ណ្ណឈ្មោះ ជំទាវ កែវ រតនៈ ឱ្យជាប់ពន្ធនាគារ ចំនួន១៨ខែដដែល និងបង់ពិន័យ ១លានរៀល តាមសាលក្រម របស់សាលាដំបូង រាជធានីភ្នំពេញ ដែលមានចៅក្រម ជំនុំជំរះក្តី លោក សេង ស៊ីវត្ថា និងវត្តមាន ជនជាប់ចោទ នៅក្នុងពេល សវនាការផងដែរ។ សូមបញ្ជាក់ថា ស្ត្រីជើងឆើត ហៅហ្គិចនេះ សំរាប់អ្នកដើរផឹក ពេលយប់ពិតជាដឹងថា នាងខ្លាំងបែបណាហើយ ទោសកំហុសនេះ បាន ធ្វើឱ្យមានការ រំជើបរំជួលមួយ សូម្បីកាលពីម្សិលមិញ ក៏ត្រូវបានសម្តេចតេជោ មានប្រសាសន៍ ជាប្រតិកម្មចំៗ ដែលធ្វើឱ្យមាន ការគាំទ្រ យ៉ាងខ្លាំង ពីសាធារណជន ។

នៅព្រឹកថ្ងៃ ទី២៨ តុលា ឆ្នាំ២០០៩ សាលាឧទ្ធរណ៍ បានបើកសវនាការ ជាសាធារណៈទៅលើ សំណុំរឿង ករណីបាញ់បោះ ក្នុងខណ្ឌមានជ័យ ដែលមានអាជ្ញាធរ ដែនដី ជាដើមបណ្តឹង និងមានស្ត្រីឈ្មោះ ហ្គិច ឬនាងទំនើង ក៏មានវត្តមាន ក្នុងសវនាការផងដែរ។ បន្ទាប់ពីសួរដេញដោលរួចមក ប្រធានចៅក្រមជំនុំជំរះ លោក សេង ស៊ីវុត្ថា បានអានសាលដីកា តំកល់សាលក្រម របស់សាលាដំបូងរាជធានី ចាត់ទុក ជាបានការ ដដែល។

គេនៅចាំបានថា ករណីបាញ់បោះ ដោយនាងហ្គិចនេះ ត្រូវបានសម្តេចតេជោ យកចិត្តទុកដាក់តាមដាន ហើយបានបញ្ជាឱ្យ មានការប្តឹងបន្ថែម ទៅលើករណីផ្សេងៗ ទៀតផងដែរ កាលពីពេលថ្មីៗនេះ បន្ទាប់ ពីត្រូវ បានតុលាការសាលាដំបូង រាជធានីភ្នំពេញ បានកាត់ទោស ឱ្យជាប់ពន្ធនាគារ១៨ខែ ហើយបច្ចុប្បន្ន កំពុងជាប់ឃុំឃាំង នៅមន្ទីរកែប្រែ ម២ ហៅព្រៃស ។

ទោះបីជាយ៉ាងណា កាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០០៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ជាសាធារណៈថា សម្តេចកំពុងតែតាមដាន ក្នុងករណីនេះ ហើយបានជំរុញ ឱ្យអាជ្ញាធរ ដែនដីធ្វើការប្តឹងបន្ថែម ក្នុងករណីបាញ់បោះ នៅទីសាធារណៈ គំរាមអាជ្ញាធរ និងចូលផ្ទះគេខុសច្បាប់ ។

បើទោះបីជាតុលាការ សាលាដំបូង រាជធានីភ្នំពេញ បានកាត់ទោសឱ្យ ជាប់ពន្ធនាគារ១៨ខែ ក៏ដោយ តែក្នុងករណី ប្រើប្រាស់ អាវុធខុសច្បាប់ មួយមុខប៉ុណ្ណោះ ។

មានការកត់សំគាល់ថា នៅឯសាលាឧទ្ធរណ៍នាព្រឹកថ្ងៃទី២៨ តុលា ២០០៩ មន្ត្រីប៉ូលិសនៃពន្ធនាគារ ព្រៃសបានព្យាយាមបិទបាំងនាងហ្គិច ពីក្រុមអ្នកកាសែត ដែលតាមប្រមាញ់រូបដ៏ស្រស់របស់នាង នៅពេល បញ្ជូនខ្លួនទៅកាន់សវនាការ បន្ទាប់ពីនាងបានដាក់ពាក្យប្តឹងឧទ្ធរណ៍ ក្នុងការសំរេចរបស់តុលាការសាលា ដំបូងរាជធានីភ្នំពេញ ។ ជនជាប់ចោទត្រូវបានបណ្តើរចូលរថយន្តពន្ធនាគារ ដោយមិនមានចិត្តក្លា ហាន ហ៊ានមើលមុខអ្នកកាសែតដូចពេលដែលនាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដកអាវុធនោះទេ ។ គួរបញ្ជាក់ថា គេនៅមិនទាន់ដឹងថា ជនជាប់ចោទរូបនេះ បន្តដាក់ពាក្យប្តឹងសារទុក្ខបន្ត ទៅតុលាការ កំពូល ឬអត់នោះទេ ។

នេះជាករណីលើកទី១ ដែលស្ត្រីទំនើង មានវណ្ណៈភាពខ្ពស់ ត្រូវបានតុលាការ កាត់ទោសក្នុងករណី ប្រើប្រាស់ អាវុធខុសច្បាប់ និងឈានទៅដល់ ការឃុំខ្លួន ។ បើគេនៅចាំមិនភ្លេចទេនោះ បុរសម្នាក់ដែលអះ អាងថាលោកប្តី បានធ្វើការស្តីបន្ទោសថា ដោយសារអ្នកកាសែត ទារប្រាក់ ៥.០០០ដុល្លារ មិនបាន ទើបនាំគ្នា ផ្សាយឱ្យប្រពន្ធគាត់ ជាប់គុក។ លោកប្តីថែមទាំងចាត់ទុក ប្រពន្ធរបស់ខ្លួនគាត់ថា ជាមាតារបស់ ពលរដ្ឋកម្ពុជា សម័យថ្មីទៀតផង ។ ការចាត់ទុកបែបនេះ គឺជារឿងគួរឱ្យ អស់សំណើច និងគួរឱ្យថ្កោលទោស បំផុត ។

អ្នកនាង លីម៉ារីណា យំច្រើនលើក

កំសាន្តថ្ងៃទី២៤/១០/០៩
everyday.com.kh

អ្នកនាង លី ម៉ារីណា

អ្នកនាង លី ម៉ារីណា

ទោះជាអ្នកនាង លី ម៉ារីណា បានជាប់ឈ្មោះ ជាស្ត្រីមេម៉ាយ នៅក្នុងសិល្បៈក៏ដោយ ប៉ុន្តែជីវិតឯកជន របស់នាងនាពេល បច្ចុប្បន្ននេះ កំពុងស្ថិតក្នុងភាពហ៊ឺហា មានលុយចាយ គ្រប់គ្រាន់ មានរថយន្ត ទំនើប ជិះ ហើយក៏មិនមាន ទុក្ខព្រួយខ្វល់ខ្វាយ ចំពោះរឿងស្នេហា ដូចនៅក្នុងខ្សែភាពយន្ត ដែលនាងបានសម្តែង ដែលតម្រូវឱ្យនាងស្រក់ទឹកភ្នែក ជាច្រើនលើក ច្រើនសានោះទេ។

ជួបសម្ភាសជាមួយ អ្នកយកព័ត៌មាន អេវឺរីដេ អ្នកនាង លី ម៉ារីណា បានប្រាប់ថា ខ្សែភាពយន្ត ភាគច្រើន អ្នកដឹកនាំរឿង តែងឱ្យនាងសម្តែង ជាតួអង្គ កំសត់ដូចជា “រឿងជំរះបញ្ជីចាស់“, “ច័ន្ទចាក មេឃ“, “មានសំបុកតែរងា“ , “ទឹកភ្នែកជាយដែន“ ជាដើម ។ នាងបន្តថា ទោះជាទស្សនិកជន ទស្សនាក្នុងខ្សែភាពយន្តនានា ឃើញថាជីវិតនាងជួបតែ បញ្ហាទុក្ខព្រួយពីរឿង ស្នេហាបាក់បែក ផិតក្បត់ និរាស ព្រាត់ប្រាសគ្រួសារ យ៉ាងណាក្តី ប៉ុន្តែជីវិតពិតរបស់នាង សព្វថ្ងៃមិនដូច ទាំងស្រុងទៅនឹងខ្សែភាពយន្ត ទាំងនោះទេ ។

អ្នកនាង លី ម៉ារីណា បានបន្តថា នាងធ្លាប់យំច្រើនលើក ច្រើនសា ដោយសារបុរស នៅក្នុងឈុតភាពយន្តនីមួយៗ ប៉ុន្តែមិនថ្វីទេ នោះគ្រាន់តែជាឈុតឆាក នៃការសម្តែងប៉ុណ្ណោះ ហើយក្នុងនាមយើងជា អ្នក សម្តែងត្រូវតែបញ្ចោញ ឱ្យអស់ពីសមត្ថភាព មិនមែនទាល់តែមាន ដំណើរជីវិតដូចសាច់រឿង ទើបសម្តែងបានល្អនោះទេ ។

សម្រាប់ជីវិត ក្រៅឆាកសម្តែងវិញ អ្នកនាងលី ម៉ារីណា ក៏បានប្រាប់ដែរថា “ខ្ញុំមិនដែលយំសោកស្តាយ ចំពោះរឿងស្នេហាម្តងណាឡើយ ព្រោះខ្ញុំយល់ថា អ្វីដែលបានបាត់បង់ទៅហើយ ទោះបីជាសម្រក់ទឹក ភ្នែក ក៏មិនអាចវិលត្រឡប់ដែរ គឺមានតែស៊ូកាត់ចិត្តបំភ្លេច ម្តងបន្តិចៗវាប្រសើរជាង“ ។

ទាក់ទងនឹងការងារសិល្បៈ អ្នកនាងលី ម៉ារីណា បាននិយាយថា នាងបានសម្តែងរឿងមួយ ដែលជាស្នាដៃដឹកនាំរឿង របស់អ្នកស្រី ពាន់ ភួងបុប្ផា ដែលមានចំណងជើងថា “ឧត្តមភរិយា“ ។ នាងថា នោះជា រឿងទី៥ហើយដែលនាងសម្តែង ឱ្យអ្នកស្រី ពាន់ ភួងបុប្ផា ហើយក្នុងចំណោម រឿងទាំងអស់ នាងក៏ពេញចិត្ត និងចាប់អារម្មណ៍ ចំពោះរឿងនេះផងដែរ ព្រោះក្នុងសាច់រឿង ហាក់ដូចជាជីវិត របស់នាងគឺជាស្ត្រី ដែលមានជីវិត អភ័ព្វម្នាក់ មានប្តីដល់ទៅពីរដង ។ អ្នកនាង លី ម៉ារីណា បានបញ្ជាក់ថា ក្នុងខ្សែភាពយន្ត នាងដើរតួជាស្ត្រីអភ័ព្វ ប៉ុន្តែជីវិតខាងក្រៅឆាក នាងមិនកំសត់ដូចសាច់រឿងទេ។

សូមបញ្ជាក់ថាអ្នកនាង លី ម៉ារីណា អាយុ២៨ឆ្នាំ ជាតារាសម្តែងភាពយន្ត និងខារ៉ាអូខេ ដែលបានចាប់អាជីព នៅឆ្នាំ២០០១ ។ នាងមានស្រុកកំណើត នៅទីក្រុងភ្នំពេញ ។ សព្វថ្ងៃក្រៅពីច្រៀងនៅតាមបណ្តា ស្ថានីយទូរទស្សន៍ និងអាជីពជាអ្នក សម្តែងខ្សែភាពយន្ត នាងក៏បានបើក ភោជនីយដ្ឋានមួយ ផងដែរ ។

សមត្ថកិច្ច បង្ក្រាប និងដកហូត ឌីស្កអាសអាភាស នៅផ្សារ វាលយន្ត

Wednesday October 28, 2009
កោះសន្តិភាព

សមត្ថកិច្ច ពេលធ្វើការ ដកហូតឌីស្ក វីដេអូ អាសអាភាស (រូបថត ធឿន)

សមត្ថកិច្ច ពេលធ្វើការ ដកហូតឌីស្ក វីដេអូ អាសអាភាស (រូបថត ធឿន)

ខេត្តស្វាយរៀង៖ សមត្ថកិច្ច ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន សហការចុះចាប់ ឌីស្កអាសអាភាស នៅផ្សារវាលយន្ត បាន១២១ឌីស្ក ធ្វើឱ្យផ្អើលអាជីវករ ផ្សារវាលយន្ត ក្រុងស្វាយ រៀង និងបន្តទៅព័ទ្ធ ផ្ទះអាជីវករលក់ឌីស្ក នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ប្រមូលបាន២០ ឌីស្កទៀត។ នេះជាលើកទីមួយហើយ ដែលកំលាំងសមត្ថកិច្ច ចុះចាប់ឈ្មួញប្រកបមុខរបរ ខុស ច្បាប់ ដែលលក់ឌីស្កអាសអាភាស យ៉ាងបើកចំហ ធ្វើឱ្យក្រុមប្រកបមុខរបរកាហ្វេ និងខារ៉ាអូខេមួយចំនួន បញ្ចាំងរឿង អាសអាភាសនេះ ។

បើតាមលោកវរសេនីយ៍ នេត សារឿន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការនគរបាល ខេត្តស្វាយរៀង បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី ២២ តុលា ២០០៩ នគរបាលការិ យាល័យ ប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញ បានចាប់ជនសង្ស័យម្នាក់នៅស្ទឹងមានជ័យ ក្រុងភ្នំពេញដើរលក់ ឌីស្កអាសអាភាស នៅតាមចំណតរថយន្តឈ្នួលយកមកធ្វើការសាកសួរ។ ជនសង្ស័យក៏ បានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា ខ្លួនបានទិញពីខេត្តស្វាយរៀង នៅផ្សារវាលយន្ត ទើបសមត្ថកិច្ចយកជនសង្ស័យឱ្យទៅ ចង្អុលបង្ហាញតូបគឺចង្អុលចំតូបរបស់ឈ្មោះ នួន សេដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ លក់ឌីស្កនៅលើខឿន ផ្សារវាលយន្ត ក្រុងស្វាយរៀង វេលាម៉ោង៩ព្រឹក រកឃើញឌីស្កអាសអាភាស១២១ឌីស្កនិងឌីសចំរៀង២០។

លោក នេត សារឿន បន្តទៀតថា សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានមកសហការជាមួយការិយាល័យ ប្រឆាំងការជួញដូរមនុស្សខេត្តស្វាយរៀង, អធិការនគរបាលក្រុងស្វាយរៀង, នគរបាលប៉ុស្តិ៍រដ្ឋ បាល សង្កាត់ ស្វាយរៀង និងលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង ជាអ្នកដឹកនាំចាប់បានឌីស្ក១២១ នៅតូបលើផ្សារ និងបន្តទៅធ្វើការឆែកឆេរនៅផ្ទះជនសង្ស័យឈ្មោះ នួន សេដ្ឋ នៅភូមិ ចុងព្រែក សង្កាត់ ស្វាយរៀង ក៏បានរកឃើញឌីស្កអាសអាភាសចំនួន២០បន្ទះទៀត។ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៣ តុលា ២០០៩ក៏បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះពៅ សោភ័ណ្ឌ អាយុ២៨ឆ្នាំ ជាប្រពន្ធ ជនសង្ស័យខាងលើ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង រីឯជនសង្ស័យជាប្តីឈ្មោះនួន សេដ្ឋ ត្រូវសមត្ថកិច្ចបញ្ជូនទៅចង្អុលបង្ហាញហាងផលិតឌីសចំរៀង និងឌីស្កអាសអាភាស នៅផ្សារ អូឡាំពិក ក្រុងភ្នំពេញ ។ រីឯអ្នកលក់បិទតូបភ័យស្លន់ស្លោទៅផ្ទះទាំងព្រឹក ។

កាមរី មួយគ្រឿង និងទ្បិចស៊ីស ២គ្រឿង បុកគ្នាបែកផ្សែង លើផ្លូវបំបែក

Wednesday October 28, 200
កោះសន្តិភាព

ទិដ្ឋភាព ក្រោយគ្រោះថ្នាក់ ចរាចរណ៍ (រូបថត សម័យ)

ទិដ្ឋភាព ក្រោយគ្រោះថ្នាក់ ចរាចរណ៍ (រូបថត សម័យ)

ខេត្តបាត់ដំបង៖ ចាត់ទុកថា ជាសំណាងដែរ ដែលគ្មានអ្នកដំណើរ ឬអ្នកបើកបរណាម្នាក់ រងរបួស ដោយសាររថយន្ត ចំនួន៣គ្រឿងបុកគ្នា ត្រង់ចំណុចផ្លូវបែក ជាបួនខាងជើង រតនាគារ ខេត្តបាត់ដំបង កាលពី រសៀល ថ្ងៃទី២៦ តុលា ។ ក្នុងហេតុការណ៍នេះ បណ្តាលឱ្យរថយន្ត កាមរីមួយគ្រឿង និងរថយន្តឡិចស៊ីស មួយគ្រឿងខូចខាត ផ្នែកខាងមុខគួរសម រីឯរថយន្តឡិចស៊ីស មួយគ្រឿងទៀត រងការខូចខាត ផ្នែក ខាងមុខតិចតួច ប៉ុណ្ណោះ ។

រថយន្តទាំង៣គ្រឿង ដែលបុកគ្នានោះ ត្រូវសមត្ថកិច្ចជំនាញប្រាប់ថា រថយន្តកាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ច-១៧០៩ បើកបរដោយឈ្មោះប៊ុន ញ៉ឹប អាយុ៤៣ឆ្នាំ ជាអ្នករត់តាក់ស៊ី រថយន្តនេះបើកមក ពី ទិសខាងកើត ។ ឯរថយន្តឡិចស៊ីសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២ធ-៣២០៤ បើក ពីជើងទៅត្បូង អ្នកបើកបរមិនប្រាប់ឈ្មោះ និងមួយគ្រឿងទៀតពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង ២ៅ-២៦៩៦ បើកមកពីទិសខាងលិច អ្នកបើកបរឈ្មោះសំ ផាត ភេទប្រុស អាយុ៥២ឆ្នាំ រថយន្តនេះខូចខាតតិចតួច ប៉ុន្តែរថយន្ត២គ្រឿងខាងលើខូចខាតធ្ងន់ធ្ងរ ។

នៅកន្លែងកើតហេតុ ម្ចាស់រថយន្តកាមរី ឈ្មោះប៊ុន ញ៉ឹប បាននិយាយថា ឧប្បត្តិហេតុនេះកើតឡើង ដោយសាររថយន្តឡិចស៊ីស ពណ៌ទឹកប្រាក់ ដែលបើកមកពីទិសខាងជើងលឿនហួសហេតុពេក ។ បុរស នេះបញ្ជាក់ថា ពេលរថយន្តគាត់បើកដល់ចំណុចកណ្តាលនៃផ្លូវបែកជាបួន ស្រាប់តែរថយន្តឡិចស៊ីសនោះ មកបុកចំក្បាលរថយន្តឡិចស៊ីស ពណ៌ខ្មៅមួយទៀតនៅខាងស្តាំដៃ ដែលបំរុងឆ្លងកាត់ផ្លូវនេះដែរ ។
រីឯម្ចាស់រថយន្តឡិចស៊ីសពណ៌ខ្មៅឈ្មោះ សំ ផាត បានបំភ្លឺថា រថយន្តគាត់បើកមកពីទិសខាងលិច លុះដល់ ផ្លូវបំបែកជាបួនគាត់បានឈប់ ស្រាប់តែរថយន្តឡិចស៊ីពណ៌ទឹកប្រាក់នេះបើកលឿន ហើយទៅបុក ក្បាលរថយន្តកាមរី រួចជ្រុលចង្កូតមកបុករថយន្ត គាត់តែម្តង ។

ម្ចាស់រថយន្ត ឡិចស៊ីស បង្កហេតុមិនបាន បំភ្លឺទេ ជុំវិញករណីនេះ ប៉ុន្តែសាក្សីនានា និយាយថា ឧប្បត្តិហេតុ នេះពិតជាបង្ក ដោយរថយន្តឡិចស៊ីស ពណ៌ទឹកប្រាក់នោះមែន ព្រោះអ្នកបើកបររថយន្តនេះ បើក លឿនពេក លុះទៅដល់ចំណុចខាងលើ មិនអាចជាន់ហ្វ្រាំងជាប់ ក៏បុកគ្នាតែម្តងទៅ ។ ទោះបីជាបែបណា រថយន្តទាំង៣គ្រឿងនេះ ត្រូវបានសមត្ថកិច្ច យកទៅដោះស្រាយហើយ ប៉ុន្តែមិនទាន់ធ្វើការ សន្និដ្ឋាន បែបណាទេ។

ដេញកាប់ចាក់គ្នា ដូចហ្វូងគោ ប៉ូលិសបង្ក្រាប ទាន់ពេលវេលា

Wednesday October 28, 2009
កោះសន្តិភាព

ជនទាំង៦នាក់នេះ ជាក្រុមម្ខាង និងជាក្រុម ដែលគ្រួសារ បានរងគ្រោះ ដល់ស្លាប់ និងរបួស (រូបថត បទុម)

ជនទាំង៦នាក់នេះ ជាក្រុមម្ខាង និងជាក្រុម ដែលគ្រួសារ បានរងគ្រោះ ដល់ស្លាប់ និងរបួស (រូបថត បទុម)

ខេត្តកំពង់ធំ៖ ជនស្ទាវ ចំនួន១៣នាក់ ដែលចាត់ទុកថា ជាក្រុមជនទំនើង បានត្រូវប៉ូលិស ការិយាល័យ កណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្ត សហការជាមួយ ប៉ូលិសស្រុកស្ទោង ចាប់ឃាត់ខ្លួន កាលពីថ្ងៃ ទី ២៦ តុលា បន្ទាប់ពីពួកគេបាន កាប់ចាក់សងសឹកគ្នា កាលពីយប់ថ្ងៃ ទី២៥ តុលា នៅក្នុងវត្តថ្មី ឃុំចំណារក្រោម ស្រុកស្ទោង ខណៈមានពិធីបុណ្យ កឋិនទាន ។

លោកវរសេនីយ៍ឯក អ៊ុក កុសល ស្នងការរង និងជានាយការិយាល័យ កណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន ខេត្តបានឱ្យដឹងថា កាលពីយប់ថ្ងៃ ទី២៥ តុលា នៅក្នុងវត្តថ្មី ឃុំចំណារក្រោម មានករណីសម្លាប់គ្នា មួយបង្កឡើង ដោយជនមួយក្រុម មានគ្នា៧នាក់ រស់នៅក្នុងភូមិសំព័រ ឃុំចំណារក្រោម បានវាយសំលាប់ យុវជនម្នាក់ឈ្មោះប៉ុក ពូល អាយុ២០ឆ្នាំ និង ឈ្មោះស៊្រុន ក្រឹម អាយុ១៨ឆ្នាំ ឱ្យរងរបួសធ្ងន់ ដោយ សារគំនុំចាស់។ អ្នកទាំងពីរនាក់ រស់នៅក្នុងភូមិត្រាចជ្រំ ឃុំសំព្រោជ ស្រុកស្ទោង ។ ក្រោយពីមានករណី សម្លាប់នោះ បងប្រុសបង្កើតរបស់ យុវជន ប៉ុក ពូល ក៏នាំបក្សពួក ជាអ្នកភូមិត្រាចជ្រំ ចំនួន៦នាក់ ទៅ វាយសងសឹក លើក្រុមជនដៃដល់ មកពីភូមិសំព័រ រហូតមានរបួសស្នាម តែស្រាល ។

លោកវរសេនីយ៍ឯកបន្តថា ដោយអនុវត្តតាមសារាចរ ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងអគ្គស្នងការ នគរបាលជាតិ ស្តីពីការបង្ក្រាប ក្រុមជនទំនើង និងយោងលើបទល្មើស ជាក់ស្តែង លោកឧត្តមសេនីយ៍ ត្រី ផាន សុផេង ស្នងការប៉ូលិសខេត្ត បានបញ្ជាឱ្យកំលាំងប៉ូលិសព្រហ្មទណ្ឌសហការជាមួយអធិការដ្ឋានស្រុកស្ទោង ចុះធ្វើការបង្ក្រាបទាន់ពេលវេលា ដោយឃាត់ខ្លួនបាន១៣នាក់ គឺ៦នាក់មកពីភូមិត្រាចជ្រំ ពាក់ព័ន្ធករណី បង្ករបួសស្នាម (បទល្មើសមជ្ឈិម) និង៧នាក់មកពីភូមិសំព័រ ។ ក្រោយពីឃាត់ខ្លួនរួចហើយ ជនចំនួន ៦នាក់មកពីភូមិត្រាចជ្រំ ត្រូវបានបញ្ជូនឱ្យទៅ ការិយាល័យព្រហ្មទណ្ឌ កំរិតស្រាលធ្វើការ សាកសួរ ចំណែក អ្នកមកពីភូមិសំព័រ ត្រូវបានបញ្ជូនឱ្យទៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ធ្វើការសាកសួរ និងចងក្រងសំណុំ រឿងចោទប្រកាន់ពីបទមនុស្សឃាត ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ។

មជ្ឈដ្ឋាននានានិយាយថា ប៉ូលិសបានប្រើ កណ្តាប់ដៃក្តៅ ក្នុងការចុះបង្ក្រាបជនមុខសញ្ញា ពាក់ព័ន្ធទាន់ពេលវេលា ហើយគេក៏មិនដែលជួបប្រទះ សកម្មភាពណាក្តៅគគុក ដូចពេលនេះដែរ ដែលក្រុមទាំងពីរ ភូមិនេះ បញ្ចោញគំនុំចាស់ និងថ្មី កាប់ចាក់គ្នាដូចហ្វូងគោ បណ្តាលឱ្យមានអ្នកស្លាប់ និងរបួស ។

លោតចូលស្ទឹង ទាំងជើងជាប់ខ្នោះ គេចខ្លួន៣ខែ មកបង្ករឿង ថ្ងៃបុណ្យកឋិន

Wednesday October 28, 2009
កោះសន្តិភាព

ជនដែលបង្ករឿង (រូបថត ថ្មកែវ)

ជនដែលបង្ករឿង (រូបថត ថ្មកែវ)

ខេត្តពោធិ៍សាត់ ៖ ជើងខ្លាំងខាងបង្ករបួសស្នាម និងជាចោរលួចខ្ទេចលួចខ្ទី កន្លងមក ដែលធ្វើឱ្យអ្នកស្រុក អ្នកភូមិរស់នៅ ទាំងព្រលឹងចុងសក់នោះ ឥឡូវនេះបានត្រូវ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្យា ចាប់ឃាត់ខ្លួន ហើយពីបទ វាយបង្ករបួសស្នាម ទៅលើអ្នកដទៃ បន្ទាប់ពីផឹកស្រាស្រវឹង ។ បុរសជើងខ្លាំងនេះ ឈ្មោះ កុច ជា អាយុ ២៧ឆ្នាំមានទីលំនៅ ភូមិទួលក្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ។

លោកវរសេនីយ៍ត្រី ឈន រិទ្ធី អធិការប៉ូលិសស្រុកកណ្តៀង បានឱ្យដឹងថា ការឃាត់ខ្លួននេះគឺយោង តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះកង ងឿន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិ កំពង់ សំបួរ ឃុំស្យា ស្រុកកណ្តៀង។ បុរសឈ្មោះកង ងឿន បានប្តឹងចោទប្រកាន់ថា កាលពីថ្ងៃទី២៥ តុលា ឆ្នាំ២០០៩ វេលាម៉ោង៤រសៀល ឈ្មោះកុច ជា បានជិះកង់ត្រឡប់មកពីលេងបុណ្យកឋិន នៅវត្តភូមិស្ទឹង លុះមកដល់ស្ពានវត្តលៀប ឃុំស្យា ក៏ឈប់កង់ទាញខ្សែក្រវាត់ពីចង្កេះវាយមកលើខ្លួនចំនួន៣ខ្សែក្រវាត់ ចំស្មាស្តាំដាច់រលាត់ និង២ខ្សែក្រវាត់ទៀតចំបោះដៃផុត បណ្តាលឱ្យឈឺចុកចាប់យ៉ាងខ្លាំង រួចហើយ បានរត់ គេចខ្លួនទៅនៅផ្ទះខាងប្រពន្ធក្នុងភូមិត្រាច ឃុំស្យានោះ ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម លោក ក៏ចាត់វិធានការជាបន្ទាន់ ហើយបានធ្វើការឃាត់ខ្លួនជនឈ្មោះ កុច ជា ក្រោយពេលកើតហេតុ ប្រហែលមួយ ម៉ោងប៉ុណ្ណោះ ។

លោកអធិការឱ្យដឹងទៀតថា ឈ្មោះកុច ជា នេះជាមនុស្សកាចសាហាវ និងជាមុខសញ្ញាចាស់ ដែល សមត្ថកិច្ចយើងធ្លាប់ឃាត់ខ្លួនអប់រំណែនាំចំនួន៣លើកមកហើយ ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ វាយហែក អាវប្រពន្ធ និងប្រើរណារកាប់ប្អូនខ្លួនឯងបង្កើត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្រោយមកកាលពី ថ្ងៃទី ២៤ កក្កដា ឆ្នាំ២០០៩ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្តងទៀតពីបទប្រើអំពើហិង្សា វាយតប់ប្រពន្ធ ដដែល ហើយនៅពេលចាប់យកមកដាក់នៅអធិការដ្ឋានស្រុកកណ្តៀង ជននេះបានលួចរត់ហក់ចូលទឹកស្ទឹង ទាំង ជើងជាប់ខ្នោះ គេចខ្លួនបាត់រហូត ។ លុះនៅថ្ងៃទី២៥ តុលា ឆ្នាំ២០០៩ ខណៈមកពីកឋិននៅ វត្តភូមិស្ទឹង ក្នុងអាការៈស្រវឹងស្រាជោកជាំ ជនឈ្មោះកុច ជា បានដកខ្សែក្រវាត់វាយ ឈ្មោះកង ងឿន ដោយ គ្មានមូលហេតុក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនទៀតតែម្តង ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋភូមិទួលក្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ បានឱ្យដឹងថា កាលមិន ទាន់មានប្រពន្ធរស់នៅជាមួយឪពុកម្តាយ ឈ្មោះកុច ជា នេះលួចខ្ទេច លួចខ្ទីគ្មានសល់ឡើយតាំងពីមាន់ ទាជ្រូក គោ ក្របី និងរបស់របរផ្សេងៗទៀត មិនតែប៉ុណ្ណោះ តែងដើរបង្ករឿងវាយបង្ករបួសស្នាម គ្រប់ទីកន្លែង ពិសេសពេលមានកម្មវិធីរាំធុងបាស់ក្នុងពិធីមង្គលការ និងបុណ្យទានជាដើម ដែលធ្វើឱ្យអ្នក ស្រុក អ្នកភូមិភ័យខ្លាចដេកមិនលក់ទេ ។ នៅពេលដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនឈ្មោះកុច ជា នេះភ្លាម ប្រជាពលរដ្ឋបានសំដែងការសប្បាយចិត្ត និងសំណូមពរ ឱ្យឃុំខ្លួនក្នុងពន្ធនាគារឱ្យបានយូរ ដើម្បីឱ្យជននេះ រាងចាល ។

ប្តីអប្រិយ ពង្រត់ស្រីថ្មី ចោលប្រពន្ធ និងកូន ឱ្យកំព្រា

Wednesday Octobeer 28, 2009
កោះសន្តិភាព

ស្ត្រីជាប្រពន្ធ និងកូន ដែលវេចបង្វេច ស្វែងរកទ្រនំ កណ្តាលរាត្រី (រូបថត រក្សា)

ស្ត្រីជាប្រពន្ធ និងកូន ដែលវេចបង្វេច ស្វែងរកទ្រនំ កណ្តាលរាត្រី (រូបថត រក្សា)

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ព្រោះតែ ខឹងនឹងប្តីពង្រត់ស្រីថ្មី ទៅស្រុកថៃបាត់ បាននាំយក កូនប្រុសទាំង ២នាក់ ម្នាក់មានអាយុ៧ឆ្នាំ និងម្នាក់ទៀតមានអាយុ ទើបតែ៣ខែ រកអង្គការមនុស្សធម៌ ឱ្យជួយចិញ្ចឹម ។

ហេតុការណ៍នេះ ត្រូវបានគេជួបប្រទះ ស្ត្រី និងកូន ខណៈធ្វើដំណើរ ដោយជិះរថយន្តឈ្នួល ពីស្រុកម៉ាឡៃ មកចុះក្នុងភូមិសាស្ត្រ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នៅវេលាម៉ោង ៧យប់ថ្ងៃទី២៤ តុលា ឆ្នាំ២០០៩ ។

ដោយឃើញមាន អីវ៉ាន់សំពីងសំពោង ច្រកក្នុងការ៉ុង និងយំរងេករងាកទាំងយប់ ប្រជាពលរដ្ឋនៅក្បែរនោះ បានចេញទៅសួរនាំ ហើយស្ត្រីនោះបាននិយាយទាំងអួលដើម.ក ថា នាងឈ្មោះយក់ គីន មានអាយុ២៧ឆ្នាំ រស់នៅឯស្រុកម៉ាឡៃ ។ ចំណែកឯប្តីហេងស៊យ របស់នាងឈ្មោះបូរ អាយុ២៨ឆ្នាំ ។ នាងនិងប្តី បានរៀបការជាមួយគ្នាជាច្រើនឆ្នាំមកហើយ រហូតមានកូនប្រុស២នាក់ ។ កូនប្រុសបងឈ្មោះបូរ ឈីន អាយុ ៧ឆ្នាំ និងកូនប្រុសប្អូនមានអាយុ៣ខែ មានឈ្មោះបូរ សណ្តែក។

ស្ត្រីឈ្មោះយក់ គីន បានបន្តទៀតថា ប្តីរបស់នាងបានពង្រត់ស្រីថ្មី ទៅធ្វើការនៅប្រទេសថៃ ជាងមួយខែ មកហើយ ពុំដែលផ្ញើលុយមកឱ្យចិញ្ចឹមកូនទេ ។ ដោយគ្មានលទ្ធភាព ចិញ្ចឹមកូនទាំង២នាក់នេះ ទើប នាង នាំយកកូនទាំង២នាក់មកដាក់ផ្ញើនៅមណ្ឌលកុមារកំព្រា ឬអង្គការនានាសុំឱ្យជួយចិញ្ចឹម ។

បើតាមសំដីមន្ត្រី នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងអនីតិជននៃស្នងការដ្ឋានខេត្ត បានឱ្យដឹងថា តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ស្នងការ ស្ត្រីនិងកូនទាំង២នាក់ ឱ្យមន្ត្រីការិយាល័យ របស់លោក នាំ យកទៅផ្ញើទុកនៅមណ្ឌលអង្គការ CWCC ជាបណ្តោះអាសន្ន ។

ឆ្លងកាត់រឿងរ៉ាវ បុរសម្នាក់នេះរត់ចោល ប្រពន្ធនិងកូន ព្រោះតែផ្អែមឆ្ងាញ់ ជាមួយនាងថ្មី ពិតជាគួរឱ្យ ថ្កោលទោសណាស់ ពិសេសគឺការបោះបង់ ចោលកូនទាំង២របស់ខ្លួន ។

លោក ថាក់ស៊ីន ចង់​មក​អរគុណ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ

ដោយ លាង ដឺលុច
អត្ថបទ RFI
ថ្ងៃទី 28/10/2009

សារព័ត៌មាន​ក្នុង​ស្រុក​របស់​ថៃ​បាន​ផ្សាយ​អោយ​ដឹង​ថា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បាន​មាន​បំណង​ចង់​មក​និយាយ​អរគុណ​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ទឹកដី​កម្ពុជា។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ថា លោក​បាន​ទទួល​ព័ត៌មាន​បែប​នេះ​ដែរ តែ​មិន​ទាន់​ដឹង​អំពី​កាល​បរិច្ឆេទ​នៃ​ការ​មក​ដល់​របស់​លោក​ថាក់ស៊ីន​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន និង​លោក​​ ថាក់ស៊ីន (រូបថត : Rfi)

លោក នាយក រដ្ឋមន្ត្រី ខ្មែរ ហ៊ុន សែន និង លោក ថាក់ស៊ីន (រូបថត : Rfi)

អតីត​នាយក​រដ្ឋមន្ត្រីថៃ​លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត់​ ដែល​កំពុង​រស់​នៅក្នុង​ការ​និរទេស​ខ្លួន​ពីការ​តាម​ចាប់​របស់​អាជ្ញាធរ​ថៃ​បាន​មាន​គំរោង​មក​ជួប​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ដើម្បី​ថ្លែង​ពាក្យ​អរគុណ​ចំពោះ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ដែល​បាន​ប្រកាស​គាំទ្រ​រូប​លោក។ ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្ត​ដែល​បាន​ដក​ស្រង់​សំដី​អះអាង​របស់​មន្រ្តី​គណបក្ស​ភឿថៃ ដែល​ជា​គណបក្ស​គាំទ្រ​លោក​ ថាក់ស៊ីន និង​ជាគណបក្ស​ប្រឆាំង​នឹង​រដ្ឋាភិបាល​អាវ​លឿង​របស់​ថៃ​បច្ចុប្បន្ន។

អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​លោក​ ខៀវ កាញារីទ្ធ ​បាន​ថ្លែង​ថា​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​បាន​ឮ​ព័ត៌មាន​នេះ​ដូចគ្នា។ តែលោក​មិនបាន​ដឹង​អំពី​កាល​បរិចេ្ឆទ​ពិតប្រាកដ​នៃ​ការ​មក​ដល់​របស់​លោក​ ថាក់ស៊ីន មិត្ត​ដ៏ល្អ​ម្នាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នោះ​ឡើយ។ ហើយ​វា​ច្បាស់​ណាស់​សំរាប់​លោក ខៀវ កាញារីទ្ធ​ ដែល​ថា លោក​នាយក​រដ្ឋមន្ត្រី​នឹង​ទទួល​ស្វាគមន៍​លោក​ ថាក់ស៊ីន​ ក្នុង​ដំណើរ​ជា​លក្ខណៈ​ឯកជន​របស់​លោក​មក​កម្ពុជា​នោះ។ លោក ខៀវ កាញារីទ្ធ​ បន្ត​ថា លោក​មិន​បាន​ដឹងថា តើ​អ្នក​នយោបាយ​ដែល​ជា​មិត្តភក្តិ​ជិតស្និទ្ធ​នឹង​គ្នា​ទាំងពីរ​រូប​នេះ បាន​ប្រាស្រ័យ​ទាក់ទង​គ្នា ឬ​ក៏​អត់​នោះ​ទេ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

កាល​ពី​សប្តាហ៍​កន្លង​ទៅ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ​ហ៊ុន សែន​ ស្រាប់តែ​ប្រកាស​ថា​លោក​នឹង​ផ្តល់​ការជ្រកកោន​ដល់​លោក ​ថាក់ស៊ីន ស៊ីណាវ៉ាត់​ នៅ​ប្រទេស​កម្ពុជា ហើយ​នឹង​ផ្តល់​តួនាទី​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​ថែម​ទៀត​អោយ​លោក ​ថាក់ស៊ីន។ ជា​សេចក្តី​ថ្លែង​មួយ​ដែល​បាន​ធ្វើ​អោយ​រង្គើ​រដ្ឋាភិបាល​ក្រុង​បាងកក​ដែល​កំពុង​ប្រមាញ់​តាម​ចាប់​ខ្លួន​លោក​ថាក់ស៊ីន។ លោក ថាក់ស៊ីន ​ដែល​តុលាការ​ថៃ​បាន​ចោទ​ប្រកាន់​ថា​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។ ប៉ុន្តែ​សំរាប់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ករណី​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវ​ទំលាក់​ពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​នៅក្នុង​ឆ្នាំ​២០០៦ គឺជា​បញ្ហា​នយោបាយ។

ប្រមុខដឹកនាំ​រដ្ឋាភិបាល​ថៃ​សព្វថ្ងៃ​រួម​មាន​ លោក​នាយក​រដ្ឋមន្ត្រី អាភីស៊ីត វេចាជីវ៉ា លោក​កាស៊ីត ភិរម្យ​ រដ្ឋមន្ត្រី​ការបរទេស​ថៃ ពួកគេ​បាន​ថ្លែង​ថា ពួកគេ​នឹង​រៀបចំ​ធ្វើ​លិខិត​មួយ​ផ្ញើ​មក​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដើម្បី​ពន្យល់​ពិស្តារ​អំពី​ករណី​របស់​លោក​ថាក់ស៊ីន។ ក្រុម​ថ្នាក់​ដឹកនាំ​ថៃ​ចង់​ពន្យល់​រដ្ឋាភិបាល​កម្ពុជា​ថា ករណី​របស់​លោក ថាក់ស៊ីន មិនមែន​ជា​ករណី​នយោបាយ​នោះ​ទេ​ ហើយ​ថា​ប្រសិន​លោក​ ថាក់ស៊ីន​ ចូល​ប្រទេស​កម្ពុជា សូម​កម្ពុជា​ចាប់ខ្លួន​លោក​ ថាក់ស៊ីន ​បញ្ជូន​អោយ​អាជ្ញាធរ​ថៃ​ផង។ ជា​សំណើ​ដែល​កម្ពុជា​បាន​ប្រកាស​មិន​ធ្វើ​តាម​រួច​ទៅ​ហើយ។

រហូត​ដល់​រសៀល​ថ្ងៃ​ពុធ​ទី២៨​ខែ​តុលា​នេះ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក​ ខៀវ កាញារីទ្ធ​ បាន​អះអាង​ថា កម្ពុជា​នៅ​មិនទាន់​ទទួល​បាន​លិខិត​អ្វី​ពី​ទីក្រុង​បាងកក​នោះ​នៅ​ឡើយ​ដែរ។

អំពី​ស្ថានភាព​នៅ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​វិញ លោក កុយ គួង ដែល​ជា​អ្នក​នាំពាក្យ​របស់​ក្រសួង​ការបរទេស​ខ្មែរ​បាន​ថ្លែង​ថា ស្ថានការណ៍​បាន​ត្រឡប់​មក​ប្រក្រតីភាព​វិញ​ហើយ​ បន្ទាប់ពី​ក្រុម​បាតុករ​ថៃ​បាន​រំសាយ​គ្នា​ចេញ​មុខ​ស្ថានទូត​នោះ៕

តុលាការឧទ្ធរណ៍ ៖ លោកស្រី មូរ សុខហួរ ជាប់​ទោស​រឿង​បរិហារ​កេរ្តិ៍​នាយក​រដ្ឋមន្ត្រី

ដោយ លី ម៉េងហួរ
អត្ថបទ RFI
ថ្ងៃទី 28/10/2009

ក្នុងសំណុំរឿង​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តុលាការ​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៨​តុលា​នេះ បាន​ប្រកាស​តម្កល់​សេចក្តី​សម្រេច​​​របស់​តុលាការ​ក្រុង​ភ្នំ​ពេញ។ នោះ​គឺ​លោក​ស្រី មូរ សុខហួរ សមាជិក​សភា​គណបក្ស​សមរង្ស៊ី ប្រចាំ​ខេត្ត​កំពត នៅ​តែ​ត្រូវ​ផ្តន្ទាទោស ដោយ​ពិន័យ​ជា​ប្រាក់​ជាង ៤ ០០០ ដុល្លារ ពី​បទ​ថា លោកស្រី បាន​បរិហារ បង្ខូច​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី។

លោកស្រី មូរ សុខហួរ នៅ​មុខ​តុលាការសាលា​​ឧទ្ធរណ៍​ថ្ងៃ​ទី ២៨​ តុលា ២០០៩ (រូបថត ៖ ម៉េងហួរ)

លោកស្រី មូរ សុខហួរ នៅ មុខ តុលាការសាលា ឧទ្ធរណ៍ ថ្ងៃ ទី ២៨ តុលា ២០០៩ (រូបថត ៖ ម៉េងហួរ)

សំណុំរឿង​លោកស្រី មូរ សុខហួរ បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​តុលាការ​សាលា​ឧទ្ធរណ៍ បើក​ការ​ជំនុំជម្រះ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៨​តុលា​នេះ។ សវនាការ​នៅ​ព្រឹក​មិញ មាន​ការ​ចូលរួម​ពី​អ្នក​គាំទ្រ​លោកស្រី មូរ សុខហួរ អង្គទូត អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក្រុម​អ្នក​កាសែត ប៉ុន្តែ​ធ្វើ​ឡើង​តែ ៣០ នាទី ប៉ុណ្ណោះ។ រយៈពេល​ខ្លី ដោយសារ​តែ​លោកស្រី មូរ សុខហួរ ជា​ជន​ជាប់​ចោទ បាន​រក្សា​សិទ្ធិ​នៅ​ស្ងៀម ដោយ​មិនមាន​មេធាវី​​ការពារ។ លោកស្រី​ ក៏​មិន​ឆ្លើយ​នឹង​រាល់​សំណួរ​របស់​ក្រុម​ចៅក្រម​សោះ​ឡើយ។

ទីបំផុតទៅ ក្រោយពី​ជំនុំជម្រះ​នូវ​រឿង​ក្តី​ជាច្រើន​ផ្សេង​ទៀត លោក​ចៅក្រម សេង ស៊ីវុត្ថា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ដែល​មាន​ចៅក្រម ៣ រូប របស់​តុលាការ​សាលា​ឧទ្ធរណ៍ បាន​សម្រេច​រក្សា​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៤​សីហា ឆ្នាំ២០០៩។ នោះ​គឺ​លោកស្រី មូរ សុខហួរ ត្រូវ​បាន​ផ្តន្ទាទោស​ក្នុង​រឿង​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី ហើយ​ត្រូវ​បង់​ប្រាក់​ពិន័យ​សរុប ១៦, ៥ លាន​រៀល ស្មើ​នឹង​ជាង ៤០០០ ដុល្លារ។ ប៉ុន្តែ លោកស្រី មិន​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធនាគារ​ទេ។

ចៅក្រម និង មេធាវី​ការពារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យល់ថា លោកស្រី មូរ សុខហួរ ពិត​ជា​មាន​បំណង​ទម្លាក់​កំហុស​ដោយ​អសុទ្ធចិត្ត​លើ​លោក​នាយក​រដ្ឋមន្ត្រី និង​មាន​ចេតនា​បំបែក​បំបាក់​មន្ត្រី​រាជការ​ស្ត្រី ពិសេស​ញុះ​ញង់​ឲ្យ​ស្ត្រី​ខ្មែរ និង​ស្ត្រី​អន្តរជាតិ មាន​ការ​រើសអើង ស្អប់​ខ្ពើម ព្រមទាំង​ធ្វើការ​ថ្កោល​ទោស​លើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

បន្ទាប់ពី​ចៅក្រម​ប្រកាស​ចប់​ភ្លាម លោកស្រី មូរ សុខហួរ បាន​សម្លឹង​មុខ​លោក​​ចៅ​ក្រម មិន​ពព្រិច​ភ្នែក និង​ដើរ​ថយ​ក្រោយ​ចេញ​ពី​រង្វង់​ក្រចក​សេះ ដោយ​ញញឹម។ លោកស្រី បាន​ហៅការ​សម្រេច​របស់​តុលាការ​ឧទ្ធរណ៍ ថា​មិន​ឈរ​លើ​គោលការណ៍​ច្បាប់ ហើយ​មាន​លក្ខណៈ​នយោបាយ និង​ការ​គាប​សង្កត់។ លោកស្រី នឹង​ប្តឹង​បន្ត​រឿង​នេះ ទៅកាន់​តុលាការ​កំពូល។

លោក​​ គី តិច ​មេធាវី​លោក​ ហ៊ុន សែន ថ្ងៃទី​២៨ តុលា ២០០៩ (រូបថត ៖ ម៉េងហួរ)

លោក គី តិច មេធាវី លោក ហ៊ុន សែន ថ្ងៃទី ២៨ តុលា ២០០៩ (រូបថត ៖ ម៉េងហួរ)

ក៏ប៉ុន្តែ​លោក​មេធាវី គី តិច បាន​ប្រាប់​ក្រុម​អ្នក​កាសែត នៅ​មុខ​បន្ទប់​ប្រធាន​តុលាការ​សាលា​ឧទ្ធរណ៍ ដែល​ស្ថិត​នៅ​ក្បែរ​បន្ទប់​សវនាការ​ថា ការ​សម្រេ​ចនេះ មាន​ភាព​ត្រឹម​ត្រូវ​តាម​ច្បាប់ និង​ផ្តល់យុត្តិធម៌​សម្រាប់​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ចំណែក​សកម្មជន​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ លោក អ៊ំ សំអាត លើក​ឡើង​ថា ដំណើរការ​នីតិវិធី​សវនាការ​នៅ​សាលាឧទ្ធរណ៍​លើ​រឿង​ក្តី​លោកស្រី​ មូរ សុខហួរ ធ្វើ​ឡើង​​​ត្រឹមត្រូវ តែ​មិន​សូវ​មាន​ភាព​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។ ជន​រងគ្រោះ គឺ​លោកស្រី មូរ សុខហួរ ដែល​មិនមាន​មេធាវី​ការពារ និង​រក្សា​សិទ្ធិ​នៅ​ស្ងៀម​មិន​ឆ្លើយ ដែល​នាំឲ្យ​បាត់បង់​ឱកាស ដើម្បី​ដោះ​បន្ទុក៕

សាលាឧទ្ធរណ៍​ប្រកាស​សាលក្រម​បន្ត​ផ្តន្ទាទោស មូរ សុខហួរ

ដោយ សុខ សេរី
2009-10-28
​វិទ្យុ​អាស៊ីសេរី

ទោះ​បី​ជា​លោកស្រី មូរ សុខហួរ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពត បាន​ព្យាយាម​ប្តឹង​ផ្តល់​ក្នុង​ករណី​បរិហារ​កេរ្តិ៍ ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រហូត​ដល់​សាលា​ឧទ្ធរណ៍​ក៏ដោយ នៅ​ទី​បំផុត​តុលាការ​នេះ​សម្រេច​បន្ត​ផ្តន្ទាទោស​លោកស្រី​ជា​ដដែល។

២៨-តុលា-២០០៩: លោកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន​នៅ​តុលាការ​សាលា​ឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញ។ (RFA/Sok Serey)

២៨-តុលា-២០០៩: លោកស្រី មូរ សុខហួរ ផ្ដល់ បទសម្ភាសន៍ ដល់ អ្នក សារ ព័ត៌មាន នៅ តុលាការ សាលា ឧទ្ធរណ៍ ក្នុង រាជធានី ភ្នំពេញ។ (RFA/Sok Serey)

តុលាការ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ពុធ ២៨ តុលា បាន​ប្រកាស​បន្ត​ការផ្តន្ទា​ទោស​លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​ជា​បន្ត​ទៀត ដោយ​បាន​ដម្កល់​សាលក្រម​របស់​តុលាការ​សាលា​ដំបូង រាជធានី​ភ្នំពេញ ចាត់​ទុក​ថា​ជា​បាន​ការ​នៅ​ក្នុង​ការផ្តន្ទាទោស​ផាក​ពិន័យ​លោកស្រី ចំនួន​សរុប​១៦​លាន​៥​សែន​រៀល ក្រោម​បទ​បរិហារ​កេរ្តិ៍​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ។

លោក សេង ស៊ីវុត្ថា ជា​ចៅក្រម​ជម្រះ​ក្តី​នៃ​តុលាការ​សាលា​ឧទ្ធរណ៍ នៅ​ក្នុង​ចំណោម​ចៅក្រម​ប្រឹក្សា​ចំនួន​២​រូប​ទៀត បាន​អាន​សាលដីកា​នៅ​ចំពោះ​មុខ​លោកស្រី មូរ សុខហួរ និង​លោក គី តិច ជា​មេធាវី​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ ទី​២៨ តុលា ថា តុលាការ​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​របស់​តុលាការ​សាលា​ដំបូង រាជធានី​ភ្នំពេញ ចាត់​ទុក​ជា​បាន​ការ ហើយ​បាន​បើក​ផ្លូវ​ឲ្យ​លោកស្រី​បន្ត​ប្តឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត។

លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​នៃ​គណបក្ស​សមរង្ស៊ី ដែល​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​ដោយ​គ្មាន​មេធាវី​ការពារ​ក្តី​នោះ បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត ក្រោយ​ពី​ការ​ប្រកាស​សាលដីកា​នោះ​ថា វា​ជា​សាលដីកា​ក្រោម​សម្ពាធ​នយោបាយ។

លោកស្រី មូរ សុខហួរ មានប្រសាសន៍​ដូច្នេះ ៖ «ជា​ប្រព័ន្ធ​យុត្តិធម៌​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាពនយោបាយ​និង​គាប​សង្កត់។ ការ​សង្ឃឹម​របស់​ខ្ញុំ ខ្ញុំ​នៅ​តែ​មាន​ការ​សង្ឃឹម​បន្ត​ទៀត ហើយ​ខ្ញុំ​សូម​ប្រកាស​នៅ​ពេល​នេះ ខ្ញុំ​នឹង​ឡើង​ទៅ​ដល់​តុលាការ​កំពូល»។

ប្រតិកម្ម​នៅ​នឹង​ការ​ប្រកាស​សាលដីកា​ខាង​លើ​នេះ លោក គី តិច ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា សាលដីកា​ដែល​បាន​ប្រកាស​នេះ គឺ​យុត្តិធម៌​សម្រាប់​កូន​ក្តី​របស់​លោក ហើយ​លោក​បាន​បដិសេធ​ថា គ្មាន​សម្ពាធ​នយោបាយ​ណា​មួយ​ជុំវិញ​សំណុំ​រឿង​នេះ​ទេ។

លោក គី តិច មាន​ប្រសាសន៍​ថា ៖ «វា​មាន​យុត្តិធម៌​ណាស់ ព្រោះ​តុលាការ​ពីរ​ថ្នាក់​ហើយ​ដែល​មាន​ការ​សម្រេច​នេះ​ដូច​គ្នា អ៊ីចឹង​ចំពោះ​ខ្ញុំ ខ្ញុំ​គិត​ថា​វា​មាន​យុត្តិធម៌ សម្ដេច ហ៊ុន សែន។ សុខ សេរី ៖ គាត់​បាន​បន្ទោស​ថា នេះ​ជា​រឿង​នយោបាយ តើ​លោក​ទទួល​យក​បាន​ទេ? គី តិច ៖ រឿង​ថា​ជា​សាធារណៈ ហើយ​អត់​មាន​ភស្តុតាង​អ៊ីចឹង វា​អត់​ត្រឹម​ត្រូវ​ទេ»។

គេ​សង្កេត​ឃើញ​មាន​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​មួយ​ចំនួន តំណាង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល តំណាង​ស្ថានទូត​អាមេរិក អង់គ្លេស និង​ក្រុម​អ្នក​កាសែត​ជាច្រើន​នាក់​ទៀត បាន​មក​ចូល​រួម​តាម​ដាន​ដំណើរ​ការ​នៃ​សវនាការ​សាធារណៈ​នោះ។

លោក ចាន់ សុវ៉េត ជា​មន្រ្តី​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​មាន​ប្រសាសន៍​អាត្ថាធិប្បាយ​ថា តុលាការ​មិន​ឯករាជ្យ​នៅ​ក្នុង​ការ​សម្រេច​នោះ។

លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ដូច្នេះ ៖ «អ្នក​ដែល​គ្រប់គ្រង​អំណាច​តែងតែ​ទទួល​បាន​នូវ​ជោគជ័យ ព្រោះ​តុលាការ​ស្រុក​យើង​ជា​តុលាការ​មួយ​ដែល​គេ​មើល​ឃើញ​គ្រប់​គ្នា​ថា ជា​តុលាការ​ដែល​មិន​មាន​លក្ខណៈ​ឯករាជ្យ ហើយ​ក៏​មិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ»។

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថៃ្ង​ទី​៤ ខែ​សីហា កន្លង​ទៅ បាន​ប្រកាស​ផ្តន្ទាទោស​លោកស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី ដោយ​បាន​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​១៦​លាន​៥​សែន​រៀល ស្មើ​នឹង​ចំនួន​ប្រមាណ​៤.១០០​ដុល្លារ​អាមេរិក ក្រោម​បទ​បរិហារកេរ្តិ៍​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថៃ្ង​ទី​២៣ ខែ​មេសា កន្លង​ទៅ ចំពោះ​អ្វី​ដែល​លោកស្រី​បាន​បើក​សន្និសីទ​កាសែត ប្រកាស​អំពី​គម្រោង​ប្តឹង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោម​បទ​បរិហារ​កេរ្តិ៍៕