គណបក្ស នរោត្តម រណឫទ្ធិ ក្នុង​នយោបាយ​ប្រមូល​សម្លេង​អ្នករាជានិយម រយៈពេល ៥ ឆ្នាំ

ដោយ : សុខ ភក្តី
ថ្ងៃទី 15 វិច្ឆិកា 2011
CEN

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេល​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត The Cambodia Herald កាសែត​អន​ឡា​ញ CEN និង​កាសែត​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០១១ នៅ​ទីស្នាក់ការ​គណបក្ស​នរោត្តម រណឫទ្ធិ​៕ (រូបថត​៖ ស៊ីវ ចាន់ណា)

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេល ផ្តល់ បទសម្ភាសន៍ ដល់ អ្នកកាសែត The Cambodia Herald កាសែត អន ឡា ញ CEN និង កាសែត រស្មី កម្ពុជា កាលពី ព្រឹក ថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០១១ នៅ ទីស្នាក់ការ គណបក្ស នរោត្តម រណឫទ្ធិ ៕ (រូបថត ៖ ស៊ីវ ចាន់ណា)

ភ្នំពេញ: គណបក្ស នរោត្តម រណឫទ្ធិ បាន​បង្កើតឡើង កាលពី​ថ្ងៃ​ទី​១៦​វិច្ឆិកា ឆ្នាំ​២០០៦ តាមរយៈ​ការប្តូរឈ្មោះ​ពី​គណបក្ស​រណសិរ្ស​ជនជាតិខ្មែរ របស់លោក ស៊ុត ឌី​ណា និង​កញ្ញា ស៊ុន សុគន្ធ​មាលា ដោយ​ជ្រើសតាំង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ព្រះប្រធាន​។ មកដល់​ថ្ងៃ​ទី​១៦​វិច្ឆិកា ឆ្នាំ​២០១១ គឺ​រយៈពេល ៥ ឆ្នាំ​គត់​។ ក្នុង​ខួប​គម្រប់ ៥ ឆ្នាំ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ផ្តល់​បទសម្ភាសន៍​ផ្តាច់មុខ ដល់​កាសែត​អន​ឡាញ The Cambodia Herald និង CEN ព្រមទាំង​កាសែត​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០១១​។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេល​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត The Cambodia Herald កាសែត​អន​ឡា​ញ CEN និង​កាសែត​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០១១ នៅ​ទីស្នាក់ការ​គណបក្ស​នរោត្តម រណឫទ្ធិ​៕ (រូបថត​៖ ស៊ីវ ចាន់ណា)​

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេល ផ្តល់ បទសម្ភាសន៍ ដល់ អ្នកកាសែត The Cambodia Herald កាសែត អន ឡា ញ CEN និង កាសែត រស្មី កម្ពុជា កាលពី ព្រឹក ថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០១១ នៅ ទីស្នាក់ការ គណបក្ស នរោត្តម រណឫទ្ធិ ៕ (រូបថត ៖ ស៊ីវ ចាន់ណា)

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​មាន​ព្រះ​បន្ទូល​ថា ក្រោយ​ពី​ចូលប្រឡូក​ឡើងវិញ ក្នុង​ឆាកនយោបាយ រយៈពេល​ជិត​មួយឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១១​ធ្នូ ឆ្នាំ​២០១០ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ដាក់ចេញ​នូវ​គោល​នយោបាយ​ថ្មី​មួយ ដែល​ជា​នយោបាយ​កណ្តាល ប្រមែប្រមូល​ឲ្យមាន​ការ​រួម​គ្នា ដោះស្រាយ​បញ្ហា​ជាតិ នៅ​ក្រោម​ដំបូល​រាជបល្ល័ង្គ​។ ជារួម បេសកកម្ម​នយោបាយ សន្តិវិធី​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នៅពេលនេះ គឺ​ប្រមូល​អ្នករាជានិយម និង​អ្នក​ជាតិនិយម ហើយ​មិន​ប៉ះពាល់​គណបក្សប្រឆាំង ជាពិសេស​មិន​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។

​សំណួរ​៖ ក្នុង​រយៈពេល ៥ ឆ្នាំ ដែល​គណបក្ស​នរោត្តម រណឫទ្ធិ បាន​បង្កើតឡើង រហូតដល់​ពេល​នេះ តើ​មាន​ការវិវឌ្ឍ​រីកចំរើន និង​ឧបស័គ្គ​អ្វី​ខ្លះ​?

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​៖ មុន​នឹង​ធ្វើការ​បកស្រាយ​លើ​សំណួរ​នេះ ខ្ញុំ​សូម​ជម្រាប​ជូន​យ៉ាង​ខ្លី ពី​មូលហេតុ​នៃ​ការបង្កើត​គណបក្ស នរោត្តម រណឫទ្ធិ គឺ​មកពី​ការធ្វើ​បក្ស​ប្រហារ​ពី​សំណាក់​លោក ញឹក ប៊ុនឆៃ និង​ក្រុម​របស់​លោក ដោយ​រំលោភ​លើ​បទបញ្ជាផ្ទៃក្នុង និង​លក្ខន្តិកៈ​របស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​។ ការបង្កើត​គណបក្ស​នរោត្តមរណឫទ្ធិ ក្នុង​រយៈពេល ៥ ឆ្នាំនេះ គឺជា​ការចាំបាច់​ណាស់ មិនមែន​ជា​ការចាំបាច់ ក្នុងន័យ​សងសឹក​ទេ​។ ខ្ញុំ​មិន​ចេះ​ទេ ហើយ​មិន​មាន​ប្រយោជន៍​។ តែ​ជា​ការចាំបាច់​ក្នុង​បំណង​ថែរក្សា​នូវ​អ្នករាជានិយម អ្នក​សីហនុ​និយម ដែល​ពេលនោះ មួយចំនួន មិន​ទៅ​តាម​លោក ញឹក ប៊ុនឆៃ និង​លោក កែវ ពុទ្ធ​រស្មី ទេ​។ ដូច្នេះ​ខ្ញុំ​គ្មាន​ជម្រើស​អ្វី ក្រៅតែពី​ការបង្កើត​គណបក្ស​នរោត្តម​រណឫទ្ធិ ដើម្បី​ថែរក្សា ប្រមែប្រមូល ដើម្បី​កុំឲ្យ​វា​បាត់បង់​នូវ​កេរ្តិ៍តំណែង​ពី​សម្តេច​ព្រះ នរោត្តម សីហនុ ដែល​ខ្ញុំ​បាន​ទទួល​នៅ​ឆ្នាំ​១៩៩១ ក្នុង​ក្របខណ្ឌ​ហ្វ៊ុន​ស៊ិនប៉ិច​។ ម្យ៉ាងទៀត ខ្ញុំ​មើល​ឃើញ​ថា កម្លាំង​រាជានិយម និង​សីហនុ​និយម នៅ​រស់រាន​មានជីវិត ហើយ​យើង​ក៏​មាន​បញ្ហា​ជាតិ ដែល​ត្រូវ​ដោះស្រាយ​។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេល​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត The Cambodia Herald កាសែត​អន​ឡា​ញ CEN និង​កាសែត​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០១១ នៅ​ទីស្នាក់ការ​គណបក្ស​នរោត្តម រណឫទ្ធិ​៕ (រូបថត​៖ ស៊ីវ ចាន់ណា)

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេល ផ្តល់ បទសម្ភាសន៍ ដល់ អ្នកកាសែត The Cambodia Herald កាសែត អន ឡា ញ CEN និង កាសែត រស្មី កម្ពុជា កាលពី ព្រឹក ថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០១១ នៅ ទីស្នាក់ការ គណបក្ស នរោត្តម រណឫទ្ធិ ៕ (រូបថត ៖ ស៊ីវ ចាន់ណា)

​ដូច្នេះ ខ្ញុំ​ក៏​ត្រឡប់​មក​ធ្វើ​នយោបាយ​វិញ ដើម្បី​ប្រមែប្រមូល​កម្លាំង​រាជានិយម ដែល​នៅ​រប៉ាត់រប៉ាយ ដើម្បី​ក្លាយជា​កម្លាំង​ជាតិ​ដ៏​ធំ​មួយ​។ បក្ស​ប្រឆាំង​នៅ​កម្ពុជា​យើង ពុំទាន់​មាន​វប្បធម៌​ទេ​។ ដូច្នេះ​ខ្ញុំ​នៅ​តែ​យល់​ថា ដូច​សម្តេច​តា​សម្តេច​តា​ទូត បាន​មាន​ព្រះរាជឱង្ការ កាលពី​ថ្ងៃ​ទី​៥​វិច្ឆិកា ឆ្នាំ​២០០៣ ក្នុង​ការបង្រួបបង្រួម ក្រោយ​ការបោះឆ្នោត​។ តែ​លោក​សម​រង្ស៊ី មិន​ព្រម​ចូលរួម​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នោះ​។​

​តែ​ឥឡូវ​យើង​ប្រមែប្រមូល ខ្ញុំ​កម្លាំង​ជាតិ​អ្នករាជានិយម និង​អ្នក​សីហនុ​និយម បូក​នឹង​កម្លាំង​ជាតិ​មួយ​ទៀត គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បម្រើ​ប្រទេសជាតិ​មាតុភូមិ ហើយ​ទាំងអស់​នេះ ក៏ដូចជា ស៊ីចង្វាក់​នឹង​ព្រះរាជឱង្ការ​របស់​ព្រះករុណា នៅ​ថ្ងៃ​ទី​៣០​តុលា ឆ្នាំ​២០១១ ដែលថា ខ្មែរ​រួបរួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​។​

​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ ក្រោយ​ពី​ខ្ញុំ​វិល​ចូល​មក​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ (កាលពី​ថ្ងៃ​ទី​១៦​វិច្ឆិកា ឆ្នាំ​២០១០) គឺ​ខ្ញុំ​យល់ថា ខ្ញុំ​ដូចជា​ទទួលបាន​ជោគជ័យ​មធ្យម​ក្នុង​ការប្រមែប្រមូល​សម្លេង​ដែល​បែកបាក់ សម្លេង​ដែល​អស់សង្ឃឹម គឺ​អ្នក​សីហនុ​និយម អ្នករាជានិយម និង​អ្នកស្នេហាជាតិ​មួយចំនួន នៅក្នុង​ក្របខណ្ឌ​គណបក្ស​នរោត្តម រណឫទ្ធិ​។

​អំពី​ឧបស័គធំ​បំផុត គឺ​បងប្អូន ដែល​ចេញពី​គណបក្ស ដោយសារ​អវត្តមាន​របស់​ខ្ញុំ និង​ដោយសារ​តែ​អវត្តមាន​នៃ​គណបក្ស​រាជានិយម​ពិតប្រាកដ​ផង លោក​ក៏​ទៅ​ចូលរួម​ក្នុង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​កឹម​សុខា ព្រម​ទាំង​គណបក្ស​មួយចំនួនទៀត​។ ដូច្នេះ​នេះ​ជា​ឧបស័គ្គ​របស់ខ្ញុំ ក្នុង​ការប្រមែប្រមូល​អ្នករា​ជា​និយម និង​អ្នក​សីហនុ​និយម ឲ្យបាន​នៅក្នុង​ក្របខណ្ឌ​តែមួយ គឺ​គណបក្ស​នរោត្តម រណឫទ្ធិ​។​

​សំណួរ​៖ សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១២ និង​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣ តើ​ព្រះអង្គ បាន​ត្រៀម​ជា​យុទ្ធសាស្ត្រ​ផ្នែក​នយោបាយ និង​ផែនការ​ផ្សេងៗ ដើម្បី​យក​ជ័យជម្នះ​លើ​ការបោះឆ្នោត​នេះ យ៉ាងដូចម្តេច​, ក្រាប​ទូល​?

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​៖ អ្វី​ដែល​ខ្ញុំ​ចាប់​ស្ថាបនា អនុវត្ត​ឡើង​វិញ គឺ​ការបង្រួបបង្រួម​កម្លាំង​ជាតិ ដែល​តំណាង​ដោយ​អ្នក​សីហនុ​និយម អ្នករាជានិយម និង​អ្នកស្នេហាជាតិ មិនទាន់​បាន​អនុវត្ត ១០០% ទេ មកដល់ពេលនេះ​។ ដូច្នេះ​យើង​ត្រូវ​បន្ត ជាមួយ​នឹង​គោល​ជំហរ​ច្បាស់​។ ទី​១-​គោលនយោបាយ ដែល​យើង​បាន​ធ្វើ​ហើយ តែ​គោលនយោបាយ​នោះ មាន​ប្រសិទ្ធភាព វា​អាស្រ័យ​លើ​ការអនុវត្ត​។ ដូច្នេះ​ខ្ញុំ​យល់ថា យើងខ្ញុំ​មាន​គោលនយោបាយ​ច្បាស់លាស់​។ ដូច្នេះ​ខ្ញុំ​នៅ​បន្ត​អា​ហ្នឹង ដើម្បី​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១២ និង​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ​២០១៣​។ ទី​២-​រៀបចំ​រចនាសម្ព័ន្ធ ដោយសារ​តែ​យើង​នៅ​ខ្វះ​មធ្យោបាយ គឺ​យើង​មិន​អាច​រៀបចំ​រចនាសម្ព័ន្ធ​ឲ្យបាន​នៅ​គ្រប់​ភូមិ​នៅ​ឡើយ​ទេ ពីព្រោះ​យើង​ត្រូវ​ប្រមែប្រមូល​កម្លាំង​អស់ទាំង​ហ្នឹង ដើម្បី​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។ ទី​៣-​មធ្យោបាយ គឺ​យើង​នៅ​ខ្វះខាត​។​

​សម្រាប់​ការបោះឆ្នោត​សកល នៅ​ឆ្នាំ​២០១៣ ខ្ញុំ​មាន​ជំនឿ​ថា ខ្ញុំ​នឹង​ប្រមែប្រមូល​បាន អ្នករាជានិយម អ្នក​សីហនុ​និយម និង​អ្នកស្នេហាជាតិ ហើយ​ខ្ញុំ​អត់​ទៅ​យក​សម្លេង​ពី​សមរង្ស៊ី និង​សម្លេង​កឹម​សុខា​ទេ ខ្ញុំ​គ្រាន់តែ​សុំ​សម្លេង​រាជានិយម សម្លេង​សីហនុ​និយម និង​សម្លេង​អ្នកស្នេហាជាតិ ដែល​បាន​ចូលទៅ ដោយសារតែ​អវត្តមាន​របស់​ខ្ញុំ និង​ដោយសារ​មូលហេតុ​ផ្សេងៗ ចូល​ទៅ​នៅ​គណបក្ស​ទាំង​ពីរ​នោះ សុំ​ឲ្យ​អញ្ជើញ​ត្រឡប់​មក​រួមរស់​នៅក្នុង​ក្របខណ្ឌ​នៃ​គណបក្ស​នរោត្តម​រណឫទ្ធិ​វិញ​។ ដូច្នេះ​គណបក្ស​របស់​ខ្ញុំ អត់​មាន​ទៅ​យក​របស់​នរណា​ទេ​។ គណបក្ស​ប្រជាជន រឹតតែ​លែង​ប៉ះ​ទៀតហើយ​។ សមរង្ស៊ី ក៏​មិន​ប៉ះ​។ កឹម​សុខា ក៏​មិន​ប៉ះ គ្រាន់តែ​សុំ​ឲ្យ​សម្លេង​អ្នករាជានិយម អ្នក​សីហនុ​និយម និង​អ្នកស្នេហាជាតិ វិលត្រឡប់​មក​ក្នុង​គណបក្ស​នរោត្តម រណឫទ្ធិ​វិញ ឲ្យក្លាយ​ទៅ​ជា​កម្លាំង​ជាតិ ដើម្បី​បូក​ជាមួយ​កម្លាំង​ជាតិ ( គណបក្ស​ប្រជាជន​កម្ពុជា )​។ យើង​បូក​គ្នា ដូច​ដែល​ធ្លាប់​ធ្វើ​ពីមុន តាម​ព្រះរាជ​ឱវាទ​របស់​ព្រះករុណា ខ្ញុំ​យល់​ថា យើង​នឹង​ដោះស្រាយ​បញ្ហា​ជាតិ​បាន​។ ដូច្នេះ​យើង​ដើរ​ផ្លូវ​នេះ ដែល​ជា​ផ្លូវកណ្តាល គឺ​យើង​មិន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ក៏​ប៉ុន្តែ​ក៏​យើង​មិន​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​ដែរ​។ ខ្ញុំ​យល់​ថា ផ្លូវ​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន គ្មាន​ប្រសិទ្ធភាព បានត្រឹមតែ​ពិរោះ តែ​វា​ពុំមាន​លទ្ធភាព​នឹង​ដោះស្រាយ​បញ្ហា​ជាតិ​បាន​ទេ​។​

​និយាយ​សរុបទៅ បើ​យើង​ធ្វើ​តាម​ព្រះរាជ​ឱវាទ​របស់​ព្រះករុណា​ជា​អង្គ​ម្ចាស់ កម្លាំង​ជាតិ បូក​នឹង​កម្លាំង​ជាតិ ដើម្បី​បម្រើ​ជាតិ និង​ដោះស្រាយ​បញ្ហា​ជាតិ ដូច្នេះ​ខ្ញុំ​ថា នយោបាយ​កណ្តាល​នេះ ប្រហែលជា​មាន​អ្នកគាំទ្រ​ច្រើន ហើយ​អ្នកខ្លះ​ថា គណបក្ស​ប្រជាជន​កម្ពុជា គេ​មិន​ត្រូវការ​យើង​ទេ តែ​ខ្ញុំ​មិន​យល់​អីចឹង​ទេ ពីព្រោះ​នៅ​ក្នុង​ក្រប​ខណ្ឌ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មាន​អ្នកស្នេហាជាតិ​ដែរ​។ ប្រសិន​បើ​បូក​កម្លាំង​ទាំងពីរ​នេះ បញ្ហាដីធ្លី បញ្ហា​ព្រំដែន បញ្ហា​ពុករលួយ និង​បញ្ហា​សង្គម គឺ​យើង​ប្រហែលជា​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​។​

​ខ្ញុំ​យល់​ថា ខ្ញុំ​ធ្លាប់​ធ្វើការ​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​សែន ច្រើន​ឆ្នាំ​ណាស់​ហើយ​។ ការជួប​គ្នា​នៅ​ថ្ងៃ​៣០​តុលា ឆ្នាំ​២០១១ អោប​ថើប​គ្នា មិនមែន​ដើម្បី​តែ​ល្អមើល​ទេ​។ ខ្ញុំ​សូម​តែ​បម្រើ​ជាតិ នៅ​ក្នុង​អាយុ​ចុងក្រោយ​របស់​ខ្ញុំ ពេលនេះ​។ ខ្ញុំ​មិន​ទៅ​ជាមួយ​សមរង្ស៊ី និង​កឹម​សុខា​ទេ មាន​តែ​ទៅ​បូក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​។ ដូច្នេះ​មានតែ​ផ្សះផ្សា រួបរួម ក្នុង​ដំបូល​តែមួយ គឺ​រាជានិយម ដែល​ខ្ញុំ​បាន​នាំ​មក​នៅ​ឆ្នាំ​១៩៩៣ ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​របស់​ជាតិ​។

​សំណួរ​៖ ចំពោះ​ការ​អោបថើប និង​ទំនាក់ទំនង​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី និង​ព្រះអង្គ មកដល់ពេលនេះ តើ​មាន​សភាព​បែបណា​ដែរ​, ក្រាប​ទូល​?

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​៖ នៅពេល​ជួប​នៅក្នុង​ព្រះរាជ​ពិធី នៅ​មុខ​ព្រះបរមរាជវាំង មិន​បាន​លើកឡើង​ពី​បញ្ហា​ជាតិ​អ្វី​ទេ ដោយសារ​តែ​ពេល​ខ្លី​។ តែ​នៅក្នុង​ពេល​យើង​មាន​បញ្ហា​ព្រំដែន​ព្រះវិហារ ជាមួយ​ថៃ គឺ​សម្តេច​នាយករដ្ឋមន្ត្រី បាន​ទូរស័ព្ទ​មក​ខ្ញុំ រយៈពេល ១ ម៉ោង ដើម្បី​លើក​ឡើង​ពីអ្វី​ដែល​សម្តេច​បាន​ធ្វើ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រះវិហារ ផ្លូវ​យោធា ផ្លូវ​ទូត​ផង និង​ផ្លូវច្បាប់​ផង​។ ដូច្នេះ​ខ្ញុំ​យល់ថា បើសិនជា​សម្តេច​នាយក លោក​មិន​ឯកភាព​នូវ​អ្វីមួយ​ដែល​ខ្ញុំ​កំពុងតែ​ធ្វើ ក្នុង​ការប្រមែប្រមូល​កម្លាំង​រាជានិយម និង​ជាតិនិយម​នោះ គឺ​សម្តេច​មិន​ទូរស័ព្ទ​មក​ខ្ញុំ​ទេ​។ គណបក្ស​នរោត្តម​រណឫទ្ធិ បានចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​សម្តេច​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​។​ ​សម្តេច​ក៏​បាន​ឆ្លងឆ្លើយ​លិខិត ដែល​មាន​ទាំង​សរសេរ​ផ្ទាល់ដៃ មក​ខ្ញុំ​​ផងដែរ​។​ ​លោក កឹម​សុខា ថា ឥឡូវ​គេ​បញ្ចេញ​អ្នកនយោបាយ​កញ្ចាស់​មួយ​មក ដើម្បី​បំបែក​សម្លេង​អ្នកប្រជាធិបតេយ្យ​របស់​យើង​។ តែ​ខ្ញុំ​សូមជម្រាបថា អ្នក​នយោបាយ​នេះ ជើងចាស់​មែន ព្រោះ ៦៧ , ៦៨ ហើយ​។ តែ​ខ្ញុំ​យល់ថា សម្តេច​ហ៊ុន​សែន ដែលជា​អ្នក​នយោបាយ​ជើងចាស់​ដែរនោះ បើ​តាម​សម្តេច​ឳ​… ខ្ញុំ​ប្រមែប្រមូល​សម្លេង ដែលរ​ប៉ាប់​រប៉ាយ ដើម្បី​ទៅ​ដោះស្រាយ​បញ្ហា​ជាតិ​។ ដូច្នេះ​ខ្ញុំ​យល់ថា សម្តេច​ឳ ព្រះករុណា និង​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​សែន លោក​យល់ថា បើ​យើង​មានឱកាស ក្នុង​ការបង្រួបបង្រួម​ជាតិ កម្លាំង​លោក កម្លាំង​អ្នករាជានិយម នៅក្នុង​ដំបូល​រាជបល្ល័ង្គ​ ខ្ញុំ​ថា​នេះ​ជា​ឱកាស​ផ្តល់​ឲ្យ​ខ្មែរ ដោះស្រាយ​បញ្ហា​ខ្មែរ​។ កំហុស​របស់​លោក​សម​រង្ស៊ី ដែល​ជា​ទម្លាប់​អាក្រក់​របស់​គាត់ គឺ​ស្អី​ឡើង គាត់​ពឹង​បរទេស​។ តែ​ខ្ញុំ​មិនដែល​ឃើញ​បរទេស​ណា មក​ជួយ​ខ្មែរ​ទេ​។ មាន​តែ​ខ្មែរ​ទេ ជួយ​ខ្មែរ​។ ម្លោះ​ហើយ ខ្ញុំ​យល់​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បើ​ចង់ឲ្យ​កម្ពុជា​មាន​រស្មី​ឡើង​វិញ ទាល់តែ​ធ្វើតាម​ព្រះរាជឱង្ការ​របស់​ព្រះករុណា ក្នុង​ការរួបរួម​គ្នា បូក​កម្លាំង​ជាតិ នៅ​ក្រោម​ដំបូល​រាជបល្ល័ង្គ​។ មិនមែន​ក្បត់ជាតិ មិនមែន​ជា​នយោបាយ​បំបែកបំបាក់ មិនមែន​ជា​នយោបាយ​ធ្វើ​ឲ្យ​ជាតិ​វេទនា បង្ហូរ​ឈាម​ទេ​។

​សំណួរ​៖ ចំពោះ​ការប្រមែប្រមូល​អ្នករាជានិយម និង​អ្នក​ជាតិនិយម មកដល់ពេលនេះ តើ​មាន​កម្រិត​បែប​ណា​ហើយ​, ក្រាប​ទូល​?

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​៖ អ្នករាជានិយម និង​អ្នក​ជាតិនិយម បើសិនជា​ប្រមែប្រមូល​បាន គឺ​ជា​កម្លាំង​ទី​២ នៅ​កម្ពុជា​។ អាសនៈ នៅ​ក្របខណ្ឌ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ មាន​អាសនៈ​តិច​បំផុត នា​ពេល​ខាង អាច​កើន​ដល់​យ៉ាង​គុណ​នឹង​៣ នៃ​ចំនួន​អាសនៈ​របស់​គណបក្ស​នរោត្តម រណឫទ្ធិ ដែល​មាន​សព្វថ្ងៃ ៤២៥​នាក់​។ ចំណែក​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣ គឺ​គណបក្ស​នរោត្តម​រណឫទ្ធិ ដែលជាសម្លេង​អ្នក​រាជា​និយម និង​អ្នក​សីហនុ​និយម នឹង​ក្លាយជា​កម្លាំង​ជាតិ​ទី​២​។​

​សំណួរ​៖ អ្វី​ដែល​ចង់​យក​ពិសោធន៍​នៅ​ពិភព​អារ៉ាប់ ដែល​គេ​ប្រើ​ជា​បដិវត្ត​ផ្កា​ម្លឹះ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ផ្តាច់ការ​នោះ តើ​ព្រះអង្គ​មាន​ព្រះតម្រិះ​បែបណា សម្រាប់​កម្ពុជា ក្នុង​បរិបទ​ពេលនេះ​?

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​៖ កុំ​កុំ​កុំ​…! ពួក​នោះ គេ​ធ្វើ​បាន ព្រោះ​គេ​មិន​ដែល​ស្គាល់​អា​ប៉ុលពត វេទនា​យ៉ាងម៉េច​ផង​? ខ្មែរ​វេទនា​។ ចង់​ឲ្យ​វេទនា​ជាង​នេះ​ទៀត​? នៅ​ខ្មែរ​បើ​ហ៊ាន​ធ្វើ​បដិវត្ត​នោះ នឹង​កើតសង្គ្រាម វេទនា​ជាមិនខាន​។ តើ​យើង​ទៅ​ធ្វើ​របៀប​អារ៉ាប់ យ៉ាងម៉េច ឲ្យ​វេទនា​ទៀត​? យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ជាតិ តាម​ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ កម្លាំង​ជាតិ​ពីរ ( គណបក្ស​នរោត្តម​រណឫទ្ធិ និង​ប្រជាជន​កម្ពុជា ) ហើយ​បើ​សម្តេចនាយក​រដ្ឋមន្ត្រី​ថា សមរង្ស៊ី និង​កឹម​សុខា អញ្ជើញ​ចូល​មក ប្រហែល​ជា​ឪ​យើង​ស្វាគមន៍​ដែរ​។ ប៉ុន្តែ​ចាប់ផ្តើម​ឡើង កម្លាំង​ជាតិ​ដែល​ធំជាងគេ ដែល​ត្រូវតែ​ប្រមែប្រមូល ត្រូវតែ​បាន ហើយ​ឲ្យ​ទាល់តែ​បាន គឺ​កម្លាំង​អ្នករាជានិយម និង​កម្លាំង​ជាតិ​ដែល​គេ​កំពុង​ដឹកនាំ​ជាតិ​។

​បដិវត្ត​ផ្កាម្លិះ​នៅ​អារ៉ាប់ ទុយ​ណេ​ហ្ស៊ី អេស៊ី​ប លី​ប៊ី ស្លាប់​ច្រើន និង​នាំ​ឲ្យ​អស្ថេរភាព​សង្គម និង​មិន​អាច​ដោះស្រាយ​បញ្ហា​បានទេ​។ តែ​យើង​ដោះស្រាយ​ដោយ​ផ្លូវ​សន្តិភាព សន្តិសុខ ហើយ​បើ​បាន ក្នុង​ផ្លូវ​ផ្សះផ្សា​ជាតិ​រឹតតែ​ល្អ​ណាស់​។

​សំណួរ​៖ អីចឹង​តើ​ព្រះអង្គ​មាន​ព្រះទ័យ​បែបណា ចំពោះ​អ្នកណា ដែល​មាន​នយោបាយ ចង់ឲ្យ​មាន​បដិវត្ត នៅ​កម្ពុជា​?

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​៖ ខ្ញុំ​មិន​គាំទ្រ​ជា​ដាច់ខាត​។​

​សំណួរ​៖ សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១២ និង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣ គណបក្ស​ព្រះអង្គ បាន​ត្រៀម​ខ្លួន​រួច​ហើយ​។ តែ​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា នៅ​ដើមឆ្នាំ​២០១២ វិញ តើ​យ៉ាងដូចម្តេច​ដែរ ក្រាប​ទូល​?

​សម្តេចក្រុមព្រះ​៖ គ្មានទេៗ​។ ជម្រាប​ត្រង់​ថា យើងខ្ញុំ​គ្មាន​បេក្ខជន ពីព្រោះ​ដាក់​ទៅ​ធ្វើ​អី បើ​សម្លេង​មិន​គ្រប់គ្រាន់​ផង​។​

​សំណួរ​៖ ចំពោះ​គណបក្ស​សមរង្ស៊ី ដែល​ចង់​ធ្វើពហិការ មិន​ចូលរួម​ប្រជុំ​រដ្ឋសភា ដើម្បី​រារាំង​ដល់​កិច្ចប្រជុំ​រដ្ឋសភា ចំពោះ​ការអនុម័ត​សេចក្តីព្រាង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១២ តើ​ព្រះអង្គ ក្នុងនាម​ជា​អតីត​ប្រធាន​រដ្ឋសភា មាន​ព្រះតម្រិះ​បែបណា ថា​តើ​លើ​ទិដ្ឋភាព​ច្បាប់ គាត់​មាន​សិទ្ធិ​ធ្វើ​ដូច្នោះ​ឬទេ​, ក្រាប​ទូល​?

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​៖ នេះ​ជា​ទម្លាប់​របស់​គណបក្ស​គាត់ កាល​ពី​ក្នុង​ឋានៈ​ខ្ញុំ​ជា​ប្រធានរដ្ឋសភា បាន​២​អាណត្តិ​ដែរ​នោះ គឺ​ខ្ញុំ​អ្នកផ្តល់​នូវ​ភាព​ប្រជាធិបតេយ្យ​ពិតប្រាកដ បើក​ឲ្យមាន​ប្រសាសន៍​តាមចិត្ត នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា​។ ប៉ុន្តែ​ខាង​លោក​សម​រង្ស៊ី បាន​រិះគន់​រដ្ឋសភា ទិតៀន​ស្ថាប័ន​ជាតិ ហើយ​ខ្ញុំ​ឲ្យ​គាត់​និយាយ​ប៉ុណ្ណឹង​ហើយ គាត់​ឲ្យតែ​អ្វី​ដែល​មិន​ពេញចិត្ត គាត់​ដើរ​ចេញ​។ ឥឡូវ​គាត់​ធ្វើ​អីចឹង​ទៀត​។ ដូច្នេះ​ជា​ទម្លាប់​របស់​គាត់​។ តែ​តាម​ការបកស្រាយ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​រួច​ហើយ គឺ​គាត់​ទៅ​ចុះ បើ​គាត់​ដើរចេញ​ទៅ​។ ចំពោះ​ការ​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ថា ឲ្យមាន​សមាជិក​រដ្ឋសភា ១២០ រូប គឺ​ចំនួន​សមាជិក​រដ្ឋសភា ១២០ រូប ពេល​ដែល​រដ្ឋសភា​បើក​កិច្ចប្រជុំ​លើក​ទី​១​។ តែ​ក្រោយមក​មិន​គិត​ទេ​។ ម្យ៉ាងទៀត បើ​គាត់​លាលែង​នោះ នឹង​មាន​ការ​យក​អាសនៈ​របស់​គណបក្ស​ស​ម​រង្ស៊ី ទៅ​ចែក​ដល់​គណបក្ស​ផ្សេង​ហើយ​។ ចំពោះ​ការលើកឡើង​របស់​លោក​សមរង្ស៊ី ឲ្យ​អន្តរជាតិ​គាបសង្កត់ ពិសេស​លោក​អូ​ប៉ា​ម៉ា ដាក់​ការគាបសង្កត់​លើ​កម្ពុជា​នោះ គឺ​មិន​មាន​ប្រសិទ្ធភាព​ទេ គឺ​គេ​រវល់​បញ្ហា​ធំៗ​របស់​គេ​ច្រើន​ណាស់​។ ដូច្នេះ​ខ្ញុំ​យល់ថា បើ​គាត់​ដើរចេញ​ពី​រដ្ឋសភា នោះ​ជា​ទម្លាប់​របស់​គាត់ ហើយ​គាត់​មិន​គោរព​រដ្ឋធម្មនុញ្ញ ដែល​ជាប់ឆ្នោត ជា​តំណាងរាស្ត្រ​។ ​ដូច្នេះ​ខ្ញុំ​សូមជម្រាប អា​រឿង​បដិវត្ត​ផ្កាម្លិះ គឺ​ខ្ញុំ​មិន​គាំទ្រ​។ ចំណែក​រឿង​ដើរចេញ​ពី​រដ្ឋសភា ខ្ញុំយល់​ថា មិនត្រូវ ក៏​ប៉ុន្តែ​នេះ​ជា​រឿង​របស់​គាត់​។

​សំណួរ​៖ ការវិលត្រឡប់​របស់​ព្រះអង្គ ចូល​ក្នុង​ឆាកនយោបាយ​ឡើង​វិញ​ពេល​នេះ ដោយសារ​ថា ព្រះអង្គ​មាន​ឈាមជ័រ​ជា​អ្នកនយោបាយ ដោយសារ​បន្ត​ពី​សម្តេច​ឪ ហើយ​ឈាមជ័រ​នោះ នៅតែ​ជាប់​នៅ​ព្រះកាយ​ព្រះអង្គ តើ​ព្រះអង្គ​នឹង​អាច​ដកថយ​វិញ​ទេ នៅពេលនេះ​?

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​៖ ទី​១-​ខ្ញុំ​យល់​ថា កើតមក​ជា​ស្តេច មិនមែន​មាន​តែ​សំណាង​ទេ តែ​មាន​តួនាទី ករណី​កិច្ច និង​កាតព្វកិច្ច​ជាពិសេស​បម្រើ​រាស្ត្រ ក្នុង​ផ្លូវ​ណា​ធ្វើបាន ខ្ញុំ​ធ្វើ​។ ទី​២-​ចំណែក​ខ្លួន​ខ្ញុំ ឈាមជ័រ ដោយសារ​ស្តេច ហើយ​ឈាមជ័រ​ទី​២ ចំ​កូន​សម្តេចឪ​ទៅទៀត ដែល​ធ្លាប់តែ​បម្រើ​ជាតិ​។ ដូច្នេះ​រហូតមកដល់​ពេលនេះ ជា​ពេល​ចុងក្រោយ​របស់​ខ្ញុំ ខ្ញុំ​យល់​ថា ខ្ញុំ​ត្រូវ​បំពេញ​តួនាទី​នេះ ដង្ហែ​ឪ ទាល់តែ​ដល់​ចុងក្រោយ​។ ព្រះរាជឱង្ការ​របស់​ព្រះអង្គ ដូច​ជា​ការ​ផ្តាំផ្ញើ​នយោបាយ កាលពី​ថ្ងៃ​ទី​៣០​តុលា ឆ្នាំ​២០១១​។ ខ្ញុំ​យល់​ថា ចុងក្រោយបង្អស់ ខ្ញុំ​ធ្លាប់តែ​បម្រើ​ជាតិ ដូច្នេះ​ពេល​ណា ដែល​ខ្ញុំ​ឃើញថា កម្លាំង​រាជានិយម អ្នក​សីហនុ​និយម​ពិតប្រាកដ ជា​កម្លាំង​ជាតិ​។ ស្រុក​គេ​មាន​តែ​​បក្សប្រឆាំង និង​កាន់អំណាច​។ តែ​យើង​មាន​ផ្លូវកណ្តាល ដើម្បី​បូក​ជាមួយ​កម្លាំង​​ជាតិ​មួយទៀត​។ ជា​ចុងក្រោយ​ខ្ញុំ​យល់​ថា កើតមក​ជា​ព្រះរាជបុត្រ ដែល​ធ្លាប់តែ​បម្រើ​ព្រះអង្គ​។ អ្នករាជានិយម ក្នុង​ការបម្រើ​ជាតិ​របស់​ខ្ញុំ មិន​ច្បាំង និង​បង្ហូរឈាម​អ្វី​ទេ​៕
..

3 ចំលើយ to “គណបក្ស នរោត្តម រណឫទ្ធិ ក្នុង​នយោបាយ​ប្រមូល​សម្លេង​អ្នករាជានិយម រយៈពេល ៥ ឆ្នាំ”

  1. គ្មានអ្នកណាគេទៅឆ្កួតទៅចូលរួមរបបឆ្កួតលីលារបស់ បងទំពែកឯងទេ ល្មមដល់ពេលទៅស្លាប់ហើយ

  2. ទ្រង់និយាយថា  ៉អ្នកដែលគាំទ្រ សម រង្សី និង គឹមសុខា សុទ្ធតែកូនចៅព្រះអង្គ ធ្លាប់បំរើព្រះអង្គ….៉ សំដីនេះមានន័យថា ទ្រង់នៅចាត់ទុករាស្រ្តខ្មែរជាខ្ញុំបំរើដូចសម័យមុនទៀត។
    ទ្រង់និយាយទៀតថា  ៉បើនៅក្នុងគណបក្សសម រង្សី និង កឹម សុខា មានកូនចៅដែលធ្លាប់បំរើព្រះអង្គ សូមអោយបក្សទាំងពីរបញ្ជូនពួកគេមកវិញ….៉ តើសំដីនេះមានន័យយា៉ងណា? តើរាស្រ្តខ្មែរជា សត្វ ឬ វត្ថុឬ បានជាព្រះអង្គប្រើពាក្យដូចនេះ(បញ្ជូន)? 
    សូមព្រះអង្គទ្រង់ជ្រាប សម័យនេះគេយករាស្ត្រធ្វើម្ចាស់ មិនមែនធ្វើខ្ញុំបំរើស្តេចដូចមុនទៀតទេ។
    ស្តេចក្រុងព្រះជាខ្ញុំបំរើរបស់អយ៉ងយួន។

បញ្ចេញមតិ