រដ្ឋមន្ត្រី​ធនធានទឹក លើកឡើង​ពី​ការដេញថ្លៃ​ឡូត៍​នេសាទ ជូន​សម្តេច​នាយករដ្ឋមន្ត្រី

ដោយ : រតនា
ថ្ងៃទី 11 វិច្ឆិកា 2011
CEN

លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បានធ្វើរបាយការណ៍ស្តីពីការដេញថ្លៃឡូត៍នេសាទ ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន៕

លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួង ធនធានទឹក និង ឧតុនិយម និង ជា ប្រធាន អាជ្ញាធរ ទន្លេសាប បានធ្វើរបាយការណ៍ស្តីពីការដេញថ្លៃឡូត៍នេសាទ ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន៕

ភ្នំពេញ: លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១១ បាន​ផ្ញើ​របាយការណ៍​លម្អិត​ជូន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយ​បាន​សរសេរ​រៀបរាប់​ពី​រឿង​ពុករលួយ ក្នុង​ការដេញថ្លៃ​ឡូត៍​នេសាទ គិត​ចាប់តាំងពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១១​។​

​របាយការណ៍ ដែល​អ្នកកាសែត​ទទួលបាន​នូវ​ថ្ងៃទី​១១​វិច្ឆិកា ឆ្នាំ​២០១១ បង្ហាញថា អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ដេញថ្លៃ​ឡូត៍​នេសាទ ទាំង​ឡូត៍​ធ្វើ​អាជីវកម្ម និង​ទាំង​ឡូត៍​វិនិយោគ បាន​ចំនួន ៤​លើក​។ ក្នុងនោះ នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន ២​លើក ផ្នែក​ឡូត៍​អាជីវកម្ម ខេត្ត​កណ្តាល​ចំនួន ១​លើក ជា​ឡូត៍​អាជីវកម្ម និង​នៅ​ក្រសួង​កសិកម្ម ចំនួន ១ លើក ជា​ឡូត៍​វិនិយោគ​។​
​ ​
លោក លឹម គានហោ បាន​ជំរាបជូន​សម្តេច ហ៊ុន សែន ថា ការដេញថ្លៃ​ឡូត៍​នេសាទ​ទាំង ៤​លើ​ក​នោះ អាចនិយាយបាន​ថា ជា​មោទនភាព​របស់​អាជ្ញាធ​រ​ទន្លេសាប ដែល​បាន​ចូលរួម​ដេញថ្លៃ​ជា​លើកដំបូង ហើយ​ដែល​ជា​លទ្ធផល គឺ​កំណើន​ថវិកាជាតិ ទទួល​បាន​យ៉ាងច្រើន ពី​ជា​៤ ទៅ ៥ ដង ដែល​មិន​ធ្លាប់​មាន​ពី​មុន​។

​ប៉ុន្តែ​ទន្ទឹម​នឹង​លទ្ធផល​ជា​វិជ្ជមាន​នេះ អាជ្ញាធរ​ទន្លេសាប​​បានកត់សំគាល់​ពី​ភាព​មិន​ប្រក្រតី​របស់​គណៈកម្មការ​ដេញថ្លៃ ដែល​ចាំបាច់​ត្រូវតែ​ធ្វើ​ការកែសម្រួល​ជាបន្ទាន់ បើ​ពុំនោះ​ទេ ចំណូល​រដ្ឋ​នៅតែ​បាត់បង់ ឯ​បញ្ហា​នានា ដូច​ការចោទប្រកាន់​អំពី​អំពើពុករលួយ នៅ​ក្នុង​ការដេញថ្លៃ បាន​លេចឮ​ឡើង​បន្ទាប់ពី​ការដេញថ្លៃ​រួច​ម្តងៗ​។​

​លោក លឹម គានហោ បានលើកឡើង​បញ្ជាក់​អំពី​នីតិវិធី​នៃ​ការដេញថ្លៃ​ឡូត៍ ដែល​មាន​ភាពមិនប្រក្រតី ដោយ​បញ្ជាក់ជូន​សម្តេច​ហ៊ុន​សែន ថា មាន​នីតិវិធី​ជាច្រើន បាន​ចន្លោះប្រហោង និង​បាន​បើកចំហរ​។ ប្រសិនបើ​នីតិវិធី​បើកចំហរ​របៀបនេះ ចាំបាច់ ចូល​ដេញថ្លៃ​ធ្វើ​អី្វ​? តើ​អ្នកណា​នឹង​ចូល​ដេញថ្លៃ​? គឺ​រង់ចាំ​ការចរចា​ថ្លៃ​វិញ វា​ស្រួល​ជាង ហើយ​ចំណេញ​ទាំងសងខាង​។

​នៅក្នុង​បញ្ហា​នេះ អាជ្ញាធរ​ទន្លេសាប ដែល​បាន​ចូលរួម​នៅក្នុង​ការដេញថ្លៃ​ឡូត៍​ជា​លើកដំបូង បាន​ស្នើ​ឲ្យ​គណៈកម្មការ​បដិសេធចោ​ល​ទាំងស្រុង​នូវ​នីតិវិធី​នេះ ហើយ​បើ​តម្លៃ​ព្យួរ ដែល​បាន​កំណត់ ដែល​គ្មាន​អ្នកចូលរួម​ដេញថ្លៃ​ទេ សូមឲ្យ​រក្សាទុក ជា​សម្បត្តិ​រដ្ឋ ដូច ឡូត៍​ទាំង ៣៥ នៅ​ជំវិញ​បឹង​ទន្លេសាប​ដែរ​។​

​ក្នុង​របាយការណ៍​ដដែល​នោះ លោក លឹម គានហោ ក៏បាន​លើកឡើង​អំពី​នីតិវិធី​នៃ​ការដេញថ្លៃ​ឡូត៍​នេសាទ​អាជីវកម្ម និង​ឡូត៍​វិនិយោគ ដោយ​បាន​បញ្ជាក់ថា បើទោះបីជា​ការដេញថ្លៃ​ឡូត៍​វិនិយោគ​ពេលនេះ ចំណូល​កើនឡើង ៥​ដង លើស​ពី​ចំណូល​មុន​ក៏ដោយ ប៉ុន្តែ​អាជីវករ​មួយចំនួន នៅតែ​មិន​អស់ចិត្ត និង​ធ្វើ​ការចោទប្រកាន់​មក​លើ​គណៈកម្មកា​រថា មាន​ការឃុបឃិត​គ្នា និង​មាន​ការរៀបចំ​ទុកជាមុន ជាដើម​។ ឧទាហរណ៍​ឡូត៍​លេខ ២ នៅ​កំពង់ចាម អាជីវករ​ខ្លះ បាន​លើកឡើង​ថា គាត់​ហ៊ាន​ដេញថ្លៃ​ដល់​ទៅ ៣៣០ លាន​រៀល ហេតុអ្វី​មិន​បាន បែរជា​បាន​ទៅ​អ្នក​ហ៊ានថ្លៃ​ត្រឹមតែ ៣១៥ លាន​រៀល ទៅវិញ​?

​ករណីនេះ ត្រូវបាន​លោក លឹម គានហោ លើកឡើង​អំពី​នីតិវិធី ដំណោះស្រាយ​ថា ដើម្បី​ឲ្យ​ការដេញថ្លៃ​ឡូត៍​នេសាទ​គ្រប់​ប្រភេទ អាច​រក​ចំណូល​ចូល​រដ្ឋ សមស្រប​ទៅតាម​ស្ថានភាព គឺ​រដ្ឋបាល​ជលផល ត្រូវតែ​រៀបចំ​ផែនការ​វិនិយោគទុន ឲ្យបាន​ច្បាស់លាស់ រួម​ទាំង​ទុន​ត្រូវ​ចំណាយ​មុន និង​យក​ឡូត៍​វិនិយោគ ដាក់​ដេញថ្លៃ​។​

​លោក លឹម គានហោ បាន​បញ្ជាក់ជូន​សម្តេច​តេជោ ហ៊ុន សែន ទៀតថា ចំពោះ​ការដេញថ្លៃ​បំប៉ោង ពុំគួរ​គណៈកម្មការ មាន​ការព្រួយបារម្ភ​ទេ ព្រោះថា មុននឹង​ចូល​ដេញថ្លៃ ពាក្យ​សុំ​ចូល​ដេញថ្លៃ បាន​តម្រូវឲ្យ​អាជីវករ​តម្កល់​ប្រាក់ ៣០% នៃ​តំលៃ​ព្យួរ​រួចទៅហើយ ហើយ​ប្រាក់​កក់​នោះ​ទៀតសោត នឹង​ត្រូវ​រឹបអូស ទុកជា​សម្បត្តិ​រដ្ឋ ប្រសិន​បើ​អាជីវករ​ដេញ​បាន​ហើយ បែរជា​មិន​ព្រម​អនុវត្តន៍​ការងារ​ទៅ​វិញ​។

​របាយការណ៍ បាន​លើកឡើង​ថា វា​ពិបាក​នឹង​ជឿ​ណាស់​ថា អាជីវករ​សុខចិត្ត​ចំណាយ​ថវិកា​ចោល ៣០% ដើម្បី​ធ្វើឲ្យ​ខូចផែនការ​វិនិយោគ​។ ប៉ុន្តែ​បើ​មាន​មនុស្ស​ខូច​បែបនេះ ទៅ​ចុះ​ឈ្មោះ ក៏​យើង​នៅ​មាន​មធ្យោបាយ​ទប់ទល់​ដែរ នោះ​គឺ​តម្លើង​ប្រាក់​កក់​ឲ្យ​ខ្ពស់​មាន​ន័យ​ថា ប្រាក់​កក់​អាច​តម្លើង​រហូតដល់ ៧០% ឬ ១០០% នៃ​តម្លៃ​ព្យួរ​តែម្តង​។

​លោក លឹម គានហោ បាន​ស្នើ​ដល់​សម្តេច​តេជោ ហ៊ុន សែន តម្រូវឲ្យ​មាន​ការអនុវ​ត្ត តាម​សៀវភៅ​បន្ទុក ឲ្យបាន​ត្រឹមត្រូវ និង​អនុវត្ត​ទៅតាម​ច្បាប់​។

​បន្ទាប់​ពី​ទទួលបាន​របាយការណ៍​ខាងលើនេះ សម្តេច ហ៊ុន សែន បាន​ចារ​ផ្ទាល់​ដៃ​លើ​របាយការណ៍ កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១១ ដោយ​បញ្ជា​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដែល​ទទួលបន្ទុក កិច្ចការ​ឡូត៍​នេសាទ ពិនិត្យ​ដើម្បី​កែសម្រួល​ចំពោះ​អនុក្រឹត្យ ពាក់ព័ន្ធ​នឹង​ការដេញថ្លៃ​ឡូត៍​នេសាទ​៕

No comments yet... Be the first to leave a reply!

បញ្ចេញមតិ