អធិការ​ប៉ូលិស​ស្រុក​អង្គស្នួល បំភ្លឺ​ពី​ការចោទប្រកាន់​របស់​លោក ព្រហ្ម ម៉ាញ​

ដោយ : រតនា
ថ្ងៃទី 11 វិច្ឆិកា 2011
CEN

ភ្នំពេញ: នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១១ លោក​វរសេនីយ៍ត្រី មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល បាន​បំភ្លឺ​ពី​ការចោទប្រកាន់​របស់​លោក ព្រហ្ម ម៉ាញ កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១១ តាមរយៈ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ដែល​លោក ព្រហ្ម ម៉ាញ ថា អធិការនគរបាល ស្រុក​អង្គស្នួល ទារលុយ​ពី​គាត់ ៥០០ ដុល្លារ ជាមួយ​អ្នកកាសែត​នោះ គឺ​ពុំ​មាន​ការពិត​ទេ ហើយ​ចំពោះ​ឡាន ដែល​បុក​នោះ ក៏​រូបលោក ពុំ​បាន​និយាយថា ជា​ឡាន​របស់លោក ព្រហ្ម ម៉ាញ ដែរ​។​

​លោក មាន សំណាង បានឲ្យដឹងថា ការដោះស្រាយ​រវាង​ភាគី​ទាំងសងខាង គឺ​ខាង​លោក ពុំ​បាន​ដោះស្រាយ​ទេ ពីព្រោះ​សំណុំរឿង​ទាំងអស់ បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​។

​លោក​អធិការ​បន្ត​ថា នៅពេល ដែល​ភាគី​ខាង​រថយន្ដ មក​យក​រថយន្ដ​នោះ លោក ព្រហ្ម ម៉ាញ បាន​ឲ្យ​លុយ ២០ ដុល្លារ មក​ផ្នែក​ជំនាញ​ចរាចរណ៍​ស្រុក​អង្គស្នួល ដោយ​គាត់​និយាយថា “​ឃើញ​បងៗ សមត្ថកិច្ច​ចរាចរណ៍ មាន​ការនឿយហត់​”​។​

​លោក​អធិការ​បាន​បន្ថែមថា “​នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១១ វេលា​ម៉ោង​ប្រហែល ៩​ព្រឹក លោក ព្រហ្ម ម៉ាញ បាន​មក​ជួប​រូប​ខ្ញុំបាទ​មែន ( អធិការ ) ដោយ​គាត់​និយាយថា ឲ្យជួយ​រក​វិធី​ដោះស្រាយ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ផង​។ ឯការ​ទារលុយ​ពី​គាត់ ៥០០ ដុល្លារ ដែល​ចែក​ជា​មួយ​អ្នកកាសែត​នោះ ខ្ញុំ​ពុំ​បាន​ទារ​ទេ ក្នុងនាម​នគរបាល​ស្រុក​អង្គស្នួល សូម​បដិសេធន៍​”​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល បានបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១១ វេលា​ម៉ោង ១៨ និង ២០​នាទី លើ​ផ្លូវជាតិ​លេខ​៤ ចំណុច​មុខ​ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល មាន​រថយន្ដ ១​គ្រឿង បាន​បើកបរ​មកពី​ទិស​ខាងលិច ឆ្ពោះទៅ​ទិស​ខាងកើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ ១​គ្រឿង ម៉ាក វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1N 3800 បើកបរ​ដោយ​ឈ្មោះ ម៉ៅ មីនា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ដែល​បើកបរ មក​ពី​កើត​ទៅ​លិច បណ្ដាលឲ្យ​របួស​បាក់ជើ​ង​ម្នាក់ និង​ស្រាល​ម្នាក់​។​

​ក្រោយពេល​កើតហេតុ​រថយន្ដ​នោះ បាន​បើក​រត់​ឆ្ពោះទៅ​ទិស​ខាងកើត​បាត់ទៅ បន្ទាប់មក​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បានទទួល​ព័ត៌មាន តាម​អាយ​ឌី របស់​កម្លាំង PM ក្រុងភ្នំពេញ និង​ទទួល​ព័ត៌មាន បាន​ពី​នគរបាល​ចរាចរណ៍​ក្រុងភ្នំពេញ ( ចំណុច​ស្ពាន​អាកាស មន្ទីរពេទ្យ​លោកសង្ឃ ) បាន​ឃាត់​រថយន្ដ​ម៉ាក CHEVROLET ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បណ្ដោះអាសន្ន ១៥៩១​។​

​ពេល​នោះ​ផ្នែក​ជំនាញ​ចរាចរណ៍​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​ទៅ​ទទួល​យក​រថយន្ដ ពី​នគរបាល​ចរាចរណ៍​ក្រុងភ្នំពេញ​។​

​តាម​ការបំភ្លឺ​របស់​ឈ្មោះ រ៉ាត់ នគរបាល​ចរាចរណ៍​ក្រុង តាម​ទូរស័ព្ទ ពេលនោះ​បាន​ឃើញ លោក ព្រហ្ម ម៉ាញ ចេញពី​រថយន្ដ បាន​ឡើង​ជិះ​ម៉ូតូឌុប​ចេញ​បាត់​ទៅ​។​

​តាម​ការបំភ្លឺ​របស់​លោក ព្រាប សុ​ផា នាយ​ផ្នែក​ចរាចរណ៍ ពេលនោះ ពុំ​បាន​និយាយ​គ្នា​ដោះស្រាយ​អ្វី​ទេ គ្រាន់​តែ​លោក​នាយក​ផ្នែក និយាយថា មាន​អ្នកកាសែត​អង្គុយ​នៅ​ខាងក្រៅ​។ លោក​ព្រហ្ម ម៉ាញ បាន​និយាយថា លោក​មិន​ចង់​ជួប​ពួក​អស់ហ្នឹង​ទេ ក្រោយមក​លោក ព្រហ្ម ម៉ាញ បាន​ចេញពី​អធិការដ្ឋាន​នគរបាល​ស្រុក បាត់ទៅ​។ លុះ​មកដល់​ម៉ោង​ប្រហែល ១១ ថ្ងៃត្រង់ មានឈ្មោះ ឈុំ ឆុំ ក្រុមប្រឹក្សា​ស្រុក​អង្គស្នួល បាន​ប្រាប់​លោក ព្រាប សុ​ផា ថា មាន​លុយ ២០០​ដុល្លារ សម្រាប់​ដោះស្រាយ​រឿងនេះ តែ​លោក​អធិការ​ឆ្លើយថា លោក​មិន​ហ៊ាន​ទេ​។

​ក្រោយមក​លោក​អធិការ បាន​បញ្ជូន​សំណុំរឿង​ទៅ​ជំនាញ​ចរាចរណ៍​ខេត្ត​កណ្ដាល​។ ឯ​ការដោះស្រាយ​គ្នា​នោះ ខាង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ពុំ​បាន​ដោះស្រាយ​ទេ​។ លុះដល់​ម៉ោង ១៥ ទៅ​ម៉ោង ១៦​រសៀល ក៏​ឃើញ​ភាគី​ខាង​រថយន្ដ កាន់​ចំណារ​លោក​នាយការិយាល័យ​ចរាចរណ៍​ខេត្តកណ្ដាល ឲ្យ​យក​រថយន្ដ​បង្កហេតុ​ចេញ​។ ពេល​នោះ​ភាគី​ខាង​រថយន្ដ បាន​យក​លុយ​ចំនួន ២០ ដុល្លារ មក​ឲ្យ​ផ្នែក​ជំនាញ​ចរាចរណ៍​ស្រុក​អង្គស្នួល ដោយ​និយាយថា “ឃើញ​បងៗ ហត់​ពេក​” ៕

No comments yet... Be the first to leave a reply!

បញ្ចេញមតិ