តើគួរទទួលទានអ្វី ដើម្បីការពាររោគ មហារីក?

Written by ភ្នំពេញដេលីញូវ
Saturday, 12 November 2011

រោគមហារីក អាចចាត់ទុកជា រោគដ៏​ សាហាវម៉្យាង ដែលគួរឱ្យខ្លាច និង ប្រាថ្នាកុំឱ្យជួប ប្រទះ ។ ដូច្នេះ ដើម្បីចៀស បញ្ហានេះ គេមិនគួរ មើលរំលង អាហារ ទទួលទានទេ ព្រោះនោះ ជាចំណុចផ្តើម ដែលអាចការពារ អាយុជីវិត ឱ្យឃ្លាតឆ្ងាយ ពីរោគ មហារីក តាមវិធីណែនាំ ដូចខាង ក្រោមនេះ ៖

* ផ្តោតការ ទទួលទាន អាហារប្រភេទ ស្ពៃក្តោប ឬ បន្លែដែលមាន កាកច្រើន ព្រោះក្នុង បន្លែ ទាំងនោះ មានសារជាតិ ជួយថែទាំ ប្រព័ន្ធដកដង្ហើម ហើយកត្តាសំខាន់ កាកអាហារ ទាំងអស់នោះ ជួយ សម្រួលដល់ ប្រព័ន្ធបន្ទោបង់ទុក ការពារពោះវៀន ទៀតផង ។

* ជ្រើសរើស ទទួលទាន អាហារ ដែលមាន បេតាការ៉ូទីន និង វីតាមីន A, C យ៉ាងខ្ពស់ ដូចជា បន្លែ ផ្លែឈើមាន ពណ៌បៃតង ពណ៌លឿង ជួយការពារ មហារីក បំពង់អាហារ បំពង់ សំឡេង និង សួតខ្មៅ ។

* គ្រប់គ្រងទម្ងន់ខ្លួន កាត់បន្ថយអាហារ មានជាតិខ្លាញ់ ព្រោះរោគធាត់នេះ វាមាន ទំនាក់ទំនង ជាមួយរោគ មហារីកស្បូន ថង់ ប្រមាត់ សុដន់ និង ពោះវៀនធំ ។ កត្តា សំខាន់ ការហាត់ប្រាណ និង ការកាត់បន្ថយ អាហារទទួលទាន ដែលផ្តល់ថាម ពលខ្ពស់ អាចជួយការពារ រោគមហារីក ទាំងអស់នេះ ។

* មិនទទួលទាន អាហារ មានដុះផ្សិត ជាពិសេស ពណ៌បៃតង និង លឿង ព្រោះក្នុងនោះ មានសារជាតិម៉្យាង ឈ្មោះ អាល់ហ្វាថក់-ស៊ីន លាយឡំអាចបង្ក ជារោគ មហារីកថ្លើម ។

* កាត់បន្ថយ អាហារត្រាំ ផ្អាប់ ជ្រក់ ប្រៃ អាំង ឆ្អើរ រោលផ្សែងភ្លើង ព្រមទាំងអាហារ ដែលប្រើដោយ អំបិល នីត្រេត នីទ្រីត ព្រោះ អាហារទាំងនេះ អាចបង្កឱ្យ ប្រឈម នឹងរោគ មហារីក បំពង់អាហារ មហារីក ក្រពះអាហារ និង មហារីក ពោះវៀនធំ ។

* មិនគួរទទួលទាន អាហារស្ទើរឆ្អិន ស្ទើរឆៅ ដូចជា ប្រហុក ម៉ាំ ភ្លា ដែលអាច ប្រឈមនឹង មេរោគព្រូន នៅក្នុង ថ្លើម ជាពិសេស ប្រឈមនឹង រោគមហារីក បំពង់ប្រមាត់ នៅក្នុង ថ្លើម ទៀតផង ។

* ផ្អាក ឬ ឈប់ជក់បារី ព្រោះការជក់បារី អាចធ្វើឱ្យអ្នក ប្រឈមនឹងរោគ មហារីកសួត ប្រអប់សំឡេង ៘ រួមទាំងការ ចុកថ្នាំ ដែលនាំឱ្យ ប្រឈមនឹង រោគមហារីក ក្នុងប្រអប់មាត់ បំពង់ក ។ ចំណែកការ ក្រេបជាតិ អាល់កុលវិញ ក៏អាចធ្វើឱ្យ ប្រឈមនឹងរោគ មហារីកថ្លើម ផងដែរ ។

* កុំហាលកម្តៅថ្ងៃ ព្រោះបើហាលថ្ងៃ ច្រើនពេក នឹងប្រឈមជាមួយ រោគមហារីកស្បែក យ៉ាងងាយបំផុត ៕

No comments yet... Be the first to leave a reply!

បញ្ចេញមតិ