ម្រេចកំពត អថិតិជនកក់​ យកអស់ មុនពេលប្រមូលផល រីឯតម្លៃក៏ខ្ពស់ជាងមុន

Saturday, 12 November 2011
ដោយ៖ ប៉ា ជេដ្ឋា
DAP NEWS

ភ្នំពេញ៖ ប្រធាន សមាគម ម្រេចកម្ពុជា បានអះអាង ឲ្យដឹងនៅ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១១ នេះថា ម្រេច នៅ ខេត្តកំពត របស់ខ្លួន ទទួលបាន ការកក់ទុក ជាមុនអស់ មុនការប្រមូល ផលទៅទៀត ដោយរដូវ ប្រមូលផល ខាងមុខ រំពឹងថា នឹងទទួលបាន ជាង២០តោន ។

ប្រធាន សមាគមម្រេច លោក ងួន ឡាយ បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា រដូវប្រមូលផល ម្រេច គឺចាប់ផ្តើមពី ខែមករា ដល់ មិថុនា ការប្រមូលផល ឆ្នាំក្រោយរំពឹងថា នឹងទទួលផល រហូតដល់ ២០តោន ដោយសារតែ កសិករបង្កើន នូវផ្ទៃដីដំាដុះ បន្ថែម ”ការប្រមូលផល ឆ្នាំក្រោយនេះ យើងអាច មានទិន្នផល ប្រហែល ២០តោន គិតមកដល់ ពេលនេះ ម្រេចប្រហែល ១៨តោន ត្រូវបានគេកក់ទុក អស់ហើយ នៅសល់ ប្រហែល ២ទៅ៣តោន ទៀតប៉ុណ្ណោះ” ។

លោក ងួន ឡាយ បន្តថា ផ្ទៃដីដាំម្រេច នៅខេត្តកំពត បានបន្ត កើនឡើង ជាលំដាប់ ដោយរហូតមក ដល់ពេល នេះ កើនពី ១៥ ហិកតា ដល់ប្រហែល ជាង ១៨ហិកតា ហើយ ។ ចំណែកតម្លៃ ម្រេចវិញ ការកក់ទុក របស់ ក្រុមហ៊ុន ម្រេចខ្មៅ កាលពីរដូវ កាល មុនឆ្នាំ២០១១ គឺត្រឹមតែ ៧ ដុល្លារ ក្នុង១គីឡូក្រាម តែ រដូវកាលថ្មី ឆ្នាំ ២០១២ តម្លៃឡើងដល់ ៨ដុល្លារ ក្នុង១គីឡូក្រាម។ ឯម្រេចក្រហម និងស លក់ក្នុងតម្លៃ ១៥ដុល្លារ ក្នុង១គីឡូក្រាម ដូចពីមុនដដែល ។

ប្រជាកសិករ ដាំម្រេចនៅ ក្នុងភូមិ អង្គរជ័យទី២ ឃុំសំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត លោក ប៉ុក លី បានឲ្យដឹងថា ខ្លួនដោយសារតែ តម្លៃម្រេច កើនឡើង តម្រូវការខ្ពស់នោះ លោកបានបង្កើន ផ្ទៃដីដាំ ម្រេច របស់ខ្លួន ដោយពីមុន ខ្លួនដាំតែ ៥០០ គុម្ពប៉ុណ្ណោះ ក្នុងឆ្នាំនេះ លោកបានបង្កើន ចំនួនដល់ ៣០០គុម្ព បន្ថៃម ទៀត ដែលស្មើនឹងផ្ទែដី ប្រហែលជាង ២ហិកតា ។

លោកថា “យើងពង្រីក ការដាំនេះ ដោយសារតែ លោកឃើញទីផ្សារ ក្រុមហ៊ុន គេត្រូវការច្រើន ហើយអាចនឹង ពង្រីកការដាំនោះ ឲ្យដល់ទៅ ១ពាន់គុម្ព ដែលអាចនឹង ប្រមូលផល បានជាង ១តោនដែរ” ។

គួរបញ្ជាក់ថា កាលពីរដូវកាល ប្រមូលផលមុន នៅឆ្នាំ២០១១ ទទួលបាន ទិន្នផល ប្រមាណជា ១៥ តោន ប៉ុណ្ណោះ ។

បើតាមប្រធាន សមាគមម្រេច លោក ងួន ឡាយ អ្នកដែលទើបតែ ធ្វើការដាំដំណាំ ម្រេចនេះ នឹងអាចចូលរួមក្នុង សមាគមម្រេចកម្ពុជា បាន ។ បច្ចុប្បន្ន ទីផ្សារម្រេច កម្ពុជា មាននៅប្រទេស អឺរ៉ុប ដូចជាបារាំង អង់គ្លេស អាល្លឺម៉ង់ ស្វីស ន័រវែស ដាណឺម៉ាក និង សហរដ្ឋអាមេរិក ជាដើម ៕

Photo by DAP-NEWS

No comments yet... Be the first to leave a reply!

បញ្ចេញមតិ