សមាជិកសភា​គណបក្ស​សមរង្ស៊ី ប្រកាស​ធ្វើ​ពហិការ មិន​ចូលរួម​ប្រជុំ​រដ្ឋសភា

ដោយ : សុខ ភក្តី
ថ្ងៃទី 16 វិច្ឆិកា 2011
CEN

ភ្នំពេញ: សមាជិកសភា​គណបក្ស​សមរង្ស៊ី បាន​ប្រកាស​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ម៉ោង ១០ ថ្ងៃទី​១៦​វិច្ឆិកា ឆ្នាំ​២០១១ ថា នឹង​ធ្វើ​ពហិការ មិន​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា នាពេលខាងមុខ ដែល​រដ្ឋសភា​នឹង​ប្រជុំ​អនុម័ត​លើ​សេចក្តីព្រាង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១២​។ សន្និសីទកាសែត​នោះ មានភ្ជាប់​វិដេអូ​ខន​ហ្វឺ​រេ​ន ដែល​លោក​សម​រង្ស៊ី ចូលរួម​ពី​ប្រទេស​បារាំង មកកាន់​ទីស្នាក់កា​រ​កណ្តាល​គណបក្ស​សមរង្ស៊ី នៅ​ចាក់អង្រែលើ ក្នុង​រា​ធានី​ភ្នំពេញ​។​

សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១២ ត្រូវបានគណបក្សសមរង្ស៊ី យល់ថា ពាក់ព័ន្ធនឹងអំពើពុករលួយរបស់រដ្ឋាភិបាល ដែលកេងយកប្រាក់ចំណូលរដ្ឋ និងបង្កើនប្រាក់កម្ចីពីបរទេស។

​សេចក្តីប្រកាស​របស់​ខុទ្ទកាល័យ​គណបក្ស​សមរង្ស៊ី បង្ហាញថា សន្និសីទកាសែត នា​ព្រឹក​នេះ លោក​សម​រង្ស៊ី នឹង​ឆ្លើយតប​ចំពោះ​ប្រតិកម្ម​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន កាលពី​ថ្ងៃ​ទី​១៤​វិច្ឆិកា ឆ្នាំ​២០១១ ក្នុង​រឿង​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី លាលែង ដើម្បី​ធ្វើ​ឲ្យ​រដ្ឋសភា មិន​ពេញលក្ខណៈ​ច្បាប់ ដើម្បី​អនុម័ត​សេចក្តីព្រាង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១២ នាពេលខាងមុខ​។​

​តាម​សេចក្តីប្រកាស លោក​សម​រង្ស៊ី ត្រូវ​លើកឡើង​ពី​គម្រោង​របស់​គណបក្ស​ស​ម​រង្ស៊ី ចំពោះ​ការរារាំង​ដល់​កិច្ចប្រជុំ​រដ្ឋសភា នាពេលខាងមុខ មិន​ឲ្យ​អនុម័ត​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១២ ដើម្បី​ការពារ​កុំឲ្យ​មាន​ការខ្ចី​បំណុល​បរទេស​ច្រើនពេក និង​ការប្រៀបធៀប​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ទៅ​នឹង​មេដឹកនាំ​ផ្តាច់ការ​មួយ​ចំនួន​។​

​សេចក្តីប្រកាស​ដដែលរ​បស់​គណបក្ស​សមរង្ស៊ី បាន​លើកឡើង​ថា គណបក្ស​សមរង្ស៊ី នឹង​បន្ត​គម្រោង​ការរារាំង​លើ​ការបោះឆ្នោត ឬ​ការសម្រេច​ណាមួយ របស់​រដ្ឋសភា រហូត​ដល់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលយក​នូវ​គោលការណ៍​២​ចំណុច គឺ​ទី​១-​បញ្ឈប់​ការ​បណ្ថេញចេញ និង​ការដោះស្រាយ​បញ្ហាដីធ្លី ដូច​អ្វី​ដែល​អង្គការសហប្រជាជាតិ​បានលើកឡើង និង​ទី​២-​ការផ្លាស់ប្តូរ ឬ​ការ​កែទម្រង់​សមាសភាព​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. ដូច​អនុសាសន៍​របស់​សហភាព​អឺរ៉ុប EU ដែល​បាន​មក​សង្កេតការណ៍​បោះឆ្នោត​នៅ​ឆ្នាំ​២០០៨ ដើម្បី​ឲ្យ​ការបោះឆ្នោត​ធ្វើឡើង​ដោយ​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​។

សេចក្តីប្រកាសរបស់គណបក្សសមរង្ស៊ី ខាងលើនេះ បានធ្វើឡើង ក្រោយពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានវាយប្រហារខ្លាំងៗ និងថា គណបក្សប្រឆាំងនេះ កំពុងមានជម្លោះផ្ទៃក្នុងធ្ងន់ធ្ងរ ដែលអាចមានការបែកខ្ញែកជា ៥ ក្រុម។

លោក សម រង្ស៊ី បានលើកឡើងថា ការមិនចូលរួមប្រជុំរដ្ឋសភានោះ គឺគណបក្សសមរង្ស៊ី ចង់ធ្វើឲ្យសេចក្តីសម្រេចរបស់រដ្ឋសភា អសុពលភាព នៅពេលចំនួនសមាជិករដ្ឋសភា តិចជាង ១២០ នាក់៕

មួយចំលើយ to “សមាជិកសភា​គណបក្ស​សមរង្ស៊ី ប្រកាស​ធ្វើ​ពហិការ មិន​ចូលរួម​ប្រជុំ​រដ្ឋសភា”

  1. ការគិតដូចលោកសមរង្សី ដូចជាធូខ្សុយ…. ចូលចិត្តធ្វើនយោបាយថយក្រោយទុកឱកាស់ ឲ្យដៃគូរវៃផ្អឹប។

បញ្ចេញមតិ