បណ្ណសារ | ខែតុលា 11, 2011

តុលាការ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ អោយ​កម្មករ​រោងចក្រ M & V ចូលធ្វើការ និង​បញ្ឈប់​សមាជិក​សហជីព​សេរី​កម្មករ ១៥​នាក់​

ដោយ : មុនីរ័ត្ន
ថ្ងៃទី 11 តុលា 2011
CEN

ក្រុម​កម្មករ​រោងចក្រ M & V ខេត្ត​កំពង់ឆ្នាំង ចូលរួម​ស្តាប់​ដីកា​សម្រេច​របស់​តុលាការ​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​តម្រូវឲ្យ​កម្មករ​ចូលធ្វើការ និង​បញ្ឈប់​មេដឹកនាំ​សហជីព​កម្មករ ១៥ នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១១​តុលា ឆ្នាំ​២០១១៕ (រូបថត​៖ សហជីព​កម្មករ)

ក្រុម កម្មករ រោងចក្រ M & V ខេត្ត កំពង់ឆ្នាំង ចូលរួម ស្តាប់ ដីកា សម្រេច របស់ តុលាការ ខេត្ត កំពង់ឆ្នាំង ដែល បាន តម្រូវឲ្យ កម្មករ ចូលធ្វើការ និង បញ្ឈប់ មេដឹកនាំ សហជីព កម្មករ ១៥ នាក់ កាលពី រសៀល ថ្ងៃ ទី ១១ តុលា ឆ្នាំ ២០១១៕ (រូបថត ៖ សហជីព កម្មករ)

ខេត្តកំពង់ឆ្នាំង: ​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ពេញ វិបុល ស្នងការរង មេបញ្ជាការរង​កងរាជអាវុធហត្ថ អភិបាលក្រុង​កំពង់ឆ្នាំង រួមទាំង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ជាច្រើន​នាក់ បាន​ចុះ​ទៅ​រោងចក្រ M & V ក្នុង​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ជួបជុំ​ជាមួយ​កម្មករ និង​អាន​សេចក្តីសម្រេច​រក្សា​ការពារ ដោយ​សម្រេច​អោយ​កម្មករ​រោងចក្រ​ទាំងអស់ ដែល​បាន​ធ្វើ​កូដកម្ម​ជាច្រើន​ថ្ងៃ​មក​ហើយ ចូលធ្វើ​ការងារ​វិញ​ជា​បណ្តោះអាសន្ន និង​បាន​សម្រេច​បញ្ឈប់​មេដឹកនាំ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន ១៥​នាក់ ប្រចាំ​រោងចក្រ M & V ជា​បណ្តោះអាសន្ន​។​

​ដីកា​សម្រេច​រក្សា​ការពារ​ដល់​រោងចក្រ M & V របស់​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ដូច្នេះ ត្រូវបាន​ប្រកាស កាលពី​រសៀល​ថ្ងៃ​ទី​១១ តុលា ឆ្នាំ​២០១១ គឺ​បន្ទាប់ពី​កម្មករ កម្មការិនី បាន​ផ្អាក ធ្វើ​កូដកម្ម និង​ចូលធ្វើការ​វិញ កាលពី​ព្រឹក​ថ្ងៃទី​១១​តុលា តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។

​កម្មករ​រោងចក្រ​កាត់ដេរ M & V ខេត្ត​កំពង់ឆ្នាំង​ជា​ង ៤០០០ នាក់ បាន​ធ្វើ​កូដកម្ម ក្រោម​ការដឹកនាំ​របស់​សហជីព​សេរី​កម្មករ ដោយ​មិន​ចូលធ្វើ​​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា ចាប់ពី​ថ្ងៃ​ទី​៦​តុលា ឆ្នាំ​២០១១​។

​កាលពី​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០១១ ថៅកែ​រោងចក្រ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ខេត្ត​កំពង់ឆ្នាំង និង​ស្នើសុំ​ដីកា​រក្សា​ការពារ ដោយ​ហាមឃាត់ មិន​អោយ​ភាគី​ចុង​ចម្លើយ ដែល​ជា​មេដឹកនាំ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ឈប់​ការបំភិតបំភ័យ និង​ដឹកនាំ​កម្មករ ធ្វើ​កូដកម្ម និង​ផ្អាក​សកម្មភាព​មិន​អោយ​មេដឹកនាំ​សហជីព​ទាំង ១៥​នាក់​នោះ ចូល​បំរើ​ការងារ​ក្នុង​ក្រុមហ៊ុន M & V កាត់ដេរ​អន្តរជាតិ​ទេ​។

​តាម​ដីកា​រក្សា​ការពារ របស់​តុលាការ ក៏បាន​តម្រូវអោយ​កម្មករ​ជាង ៥០០០ នាក់​​ចូល​បំរើ​ការងារ​ក្នុង​រោងចក្រ M & V វិញ ជា​បណ្តោះអាសន្ន រង់ចាំ​ដល់​មាន​សំណុំរឿង​អង្គសេចក្តី​ចប់​ជា​ស្ថាពរ​។​

​នៅក្នុង​ដីកា​រក្សា​ការពារ​ដែល​ចុះហត្ថលេខា​ដោយ​លោក ទៀង ស៊ីថា ចៅក្រម​​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១១ តុលា ឆ្នាំ​២០១១ បាន​លើកឡើង​ថា កូដកម្ម ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​សហជីព​សេរី​កម្ម​រទាំង​១៥​នាក់ ប្រចាំ​រោងចក្រ M & V ខេត្ត​កំពង់ឆ្នាំង គឺ​ផ្ទុយទៅនឹង​មាត្រា ៣៣៦ ស្តីពី ច្បាប់​ការងារ​។ នោះ ជា​កូដកម្ម​ខុសច្បាប់ និង​ជា​កូដកម្ម ដែល​កើតឡើង​មិន​អនុវត្ត​តាម​នីតិវិធី​។

​ចៅក្រម​លើកឡើងថា ក្រុមហ៊ុន បាន​សម្រេច​បញ្ឈប់​កម្ម​ក​រទាំង ១៥​នាក់ ដោយ​ផ្អែក​លើ​កិច្ចសន្យា​ការងារ​ចុះ​ថ្ងៃទី​១ សីហា ឆ្នាំ​២០១១ រវាង​ក្រុមហ៊ុន និង​កម្មករ​តាម​ការព្រមព្រៀង​គ្នា មាន​រយៈពេល​តែ ២​ខែ​ប៉ុណ្ណោះ គិត​ចាប់ពី​ថ្ងៃ​ទី​១ សីហា ដល់​ថ្ងៃ​ទី​៣០ កញ្ញា ឆ្នាំ​២០១១​។

​នៅក្នុង​ដីកា​រក្សា​ការពារ បាន​បន្តថា ដើម្បី​រក្សា​ការពារ​ផលប្រយោជន៍​ស្របច្បាប់​​របស់​ក្រុមហ៊ុន M & V និង​ផលប្រយោជន៍​ក្រុម​កម្មករ​និយោជិក ដែល​ត្រូវតែ​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​នេះ យ៉ាង​ប្រញាប់​បន្ទាន់​បំផុត ទើប​តុលាការ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ ហាមឃាត់ និង​បញ្ឈប់​ធ្វើ​សកម្មភាព​កូដកម្ម ហើយ​កម្មករ ត្រូវ​នាំគ្នា​ចូល​ធ្វើការ​ក្នុង​រោងចក្រ ដោយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​រារាំង រំខាន​ដល់​កម្មករ និយោជិកឯ​ទៀត​នោះ​ទេ​។​

​អ្នកស្រី មាស សុ​ខេន អនុប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ M & V ​បានអោយដឹងថា ការបញ្ឈប់​ពួកគាត់​ទាំង ១៥ នាក់ ពី​ការងារ គឺ​មិន​ត្រឹមត្រូវ​ទេ ដោយ​តុលាការ​ធ្វើ​តាមតែ​ពាក្យបណ្តឹង​របស់​ថៅកែ​រោងចក្រ ហើយ​ពួកគាត់ នឹង​មិន​ព្រម​បញ្ឈប់​ការធ្វើ​កូដកម្ម​ឡើយ​។​

​ទាក់ទង​នឹង​ករណី​ខាងលើនេះ ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី បានអោយ​ដឹង​ដែរ​ថា លោក​នឹង​ដាក់​ពាក្យ​ប្តឹង​ទាស់​ទៅ​នឹង​ការ​ចេញ​សេចក្តីសម្រេច​រក្សា​ការពារ របស់​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ពីព្រោះ​ការសម្រេច​នេះ មិន​ត្រឹមត្រូវ​៕

ទស្សនាខេត្តពោធិ៍សាត់ = ទឹកជ្រោះច្រកល្អៀង – ភ្នំឡាងត្រាច – អូរដា – ល្បាក់កំរោញ – ភ្នំលោក – វត្តស្បូវរាជ – វាលវែង

Written by ភ្នំពេញដេលីញូវ
Tuesday, 11 October 2011

ខេត្តពោធិ៍សាត់ មានទីតាំង នៅភាគខាងលិច បឹងទន្លេសាប ដែលមាន ព្រំប្រទល់ជាប់ ខេត្តកំពង់ឆ្នាំង បាត់ដំបង កោះកុង និង ប្រទេសថៃ ។ ខេត្ត ពោធិ៍សាត់ ជាខេត្តមួយ គ្របដណ្តប់ មួយភាគធំ ដោយជួរភ្នំ ពិសេស ជួរភ្នំក្រវាញ ។ ខេត្តនេះមានផ្ទៃដី ១២.៦៩២ គីឡូម៉ែត្រការ៉េ ចែកចេញជា ៦ ស្រុក-ក្រុង ៤៩ ឃុំ-សង្កាត់ ៤៩៥ ភូមិ និង មានប្រជាពលរដ្ឋ រស់នៅ ៣៦០.៤៩៥ នាក់ (តួលេខឆ្នាំ ១៩៩៨) មានចម្ងាយផ្លូវ ១៨៩ គីឡូម៉ែត្រ ពីភ្នំពេញ តាមផ្លូវជាតិ លេខ ៥ ។

ទោះបីជាខេត្តនេះ មិនមែនជាតំបន់ ដែលមាន ប្រាសាទបុរាណ តែផ្នែកសំខាន់ៗ របស់ខេត្តនេះ ពោរពេញទៅដោយ ប្រវត្តិសាស្ត្រ សង្គ្រាមរវាងសៀម និង ខ្មែរ ដែលបានកើតឡើង មុនសម័យ អាណានិគមបារាំង ។ ទីតាំងប្រវត្តិសាស្ត្រ ដែលល្បីល្បាញ មួយនោះ គឺផ្នូររបស់ឧកញ្ញ៉ា ឃ្លាំង មឿង ជាវីរបុរសរបស់ខ្មែរ ដែលបានដឹកនាំ ធ្វើសង្គ្រាមប្រឆាំង និងបាន យកឈ្នះសៀម ក្នុងឆ្នាំ ១៤៨២ ។ ភាពល្បីល្បាញនៃ ការឆ្លាក់វត្ថុសិល្បៈ និង បដិមា ដែលធ្វើពីថ្មកែវ រឹតតែធ្វើឱ្យខេត្តនេះ មានឈ្មោះល្បីល្បាញ និង ទាក់ទាញភ្ញៀវ ទេសចរ ច្រើនទ្វេឡើង ថែមទៀត ។

* អ្នកតា ឃ្លាំង មឿង
តា មឿង មានស្រុកកំណើត នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ជាបុគ្គលម្នាក់ ខ្លាំងពូកែ ចេះមន្តអាគម គាថា គ្រប់បែបយ៉ាង ស័ក្តិសិទ្ធិ ។ នៅពេលបាន ដំណឹងថា ព្រះបាទអង្គចន្ទ រាជា ត្រឡប់មកពី ប្រទេសសៀម និង កំពុងតែលើកទ័ព តម្រង់ចូលមក ខេត្ត ពោធិ៍សាត់ តា មឿង ធ្វើសកម្មភាព បញ្ចុះបញ្ចូល បញ្ជាឱ្យវង់ភ្លេង ពិណពាទ្យ ប្រគំភ្លេងថ្វាយគ្រូ និង គុណបុណ្យបារមី ស័ក្តិសិទ្ធិទាំង ៨ ទិស ។ នៅពេល ឧកញ្ញ៉ាសួគ៌ា លោកហក់លោត ទៅក្នុងរណ្តៅ ដែលមានអាវុធ ដាវលំពែងបណ្តុះ ច្រូងច្រាងនៅ ក្នុង នោះ លោកធ្លាក់ទៅ ចំផ្លែដាវ ក្បាលលោកដាច់ ធ្លាក់ ក្នុងពេលនោះទៅ ។ កូនប្រុសឧកញ្ញ៉ាសួគ៌ា លោក មឿង ឃើញឪពុកលោត ធ្វើអត្តឃាត ក៏លោតសម្លាប់ខ្លួន តាមឪពុកដែរ ។ ពួកគេយល់ថា គួរតែនាំគ្នាទៅតាម បម្រើឪពុកទៀត ។ អ្នកទាំងបួន ក៏ នាំគ្នាលោត ទៅក្នុងរណ្តៅ តែនាម៉ឺនមន្ត្រី នាំគ្នាស្ទុះទៅ ចាប់ជាប់បាន កូនប្រុសទី ១ និង ទី ៤ ។ ចំណែក កូនប្រុសទី ២ និង ទី ៣ បានលោតស្លាប់ខ្លួន ក្នុងរណ្តៅស្លាប់បាត់ ទៅហើយ ។

ក្នុងពេល ជាមួយគ្នានោះ អ្នកម្នាង ខៀវ ស្នំឯករបស់ ព្រះអង្គចន្ទរាជា ក៏បានសម្រេចចិត្ត ធ្វើការបួងសួង បន់ស្រន់ ហើយលោតទៅក្នុង រណ្តៅធ្វើអត្តឃាត ដែរ ដើម្បីទៅជួយប្រមូល កម្លាំងខ្មោច ។ អ្នកបម្រើ អ្នកម្នាងឈ្មោះ ពេញ ឃើញចៅហ្វាយស្រី ធ្វើ អត្តឃាត ក៏លោតទឹកសម្លាប់ខ្លួន ក្នុងស្ទឹងពោធិ៍សាត់ ដើម្បី ទៅតាមបម្រើ ក្នុងបរលោកទៀត ។

កន្លែងឧកញ្ញ៉ាសួគ៌ា លោក មឿង បានសម្លាប់ខ្លួន ថ្ងៃក្រោយមក ដុះក្លាយទៅ ជាដំបូកដែលគេ ដាក់ឈ្មោះហៅថា ដំបូកតា ឃ្លាំង មឿង ។ ជារៀងរហូតមក គេតែងកត់សម្គាល់ ជាប្រផ្នូលថា បើដំបូកនោះ ដុះខ្ពស់ល្អ ចៅហ្វាយខេត្ត សប្បាយចិត្ត ។

បើដំបូកនោះ រេចរឹល ចៅហ្វាយខេត្ត មានទុក្ខព្រួយ ដោយការងារនគរ ដើរមិនល្អ ឬ ដោយសារមាន កើតជំងឺពេញស្រុក ។ បើដំបូកនោះ ប្រេះបែកក្រហែង ចៅហ្វាយខេត្ត ត្រូវអស់បុណ្យ ឬ ត្រូវស្លាប់ ។ នៅខាងលិចនោះ ជាកន្លែងកូនតា មឿង ស្លាប់ ក៏ មានដុះដំបូកដែរ ដែលគេដាក់ ឈ្មោះថា ដំបូកក្រវាញ ។ បើដំបូក នោះដុះល្អក្រវាញ នឹងបានផលល្អ ។

ផ្ទុយទៅវិញ បើដំបូកនោះ រេចរឹលក្រវាញ មិនបានល្អទេ ។ បើសិនជាមាន សត្វទៅធ្វើឱ្យ ដំបូកនោះ រេចរឹល ក្រវាញ មិនបានល្អទេ ។ បើសិនជាមានសត្វ ទៅធ្វើឱ្យដំបូកនោះ ធ្លុះធ្លាយនឹងមាន ជនបរទេសមក លួចដើមក្រវាញ ជាមិនខាន ។

កន្លែងអ្នកម្នាង ខៀវ ធ្វើអត្តឃាត ក៏ដុះទៅជាដំបូក ដែលគេហៅថា ដំបូកកន្ទោងខៀវ ។ ដំបូកនោះតែងតែ ផ្តល់ប្រផ្នូលថា បើដំបូកនោះ ដុះឡើងល្អព្រះ មហាក្សត្រ នឹងបានសុខសប្បាយ រីករាយ តែបើដំបូកនោះ ត្រូវរេចរឹល ព្រះមហាក្សត្រ នឹងត្រូវអស់ ព្រះជន្ម ។ ឯកន្លែងដែលនាង ពេញ បានសម្លាប់ខ្លួន ក្នុងស្ទឹង ពោធិ៍សាត់ ក៏មានដុះជាដីកោះ នៅកណ្តាលស្ទឹង ទល់មុខផ្សារ ។ កោះនោះហៅថា កោះដូនពេញ ។ ចំពោះប្រផ្នូលវិញ គេតែងនិយាយ តគ្នាមកថា បើច្រាំង កោះដូនពេញ ដុះខ្ពស់ល្អ ចៅ ហ្វាយខេត្ត នឹងបានឡើង បុណ្យស័ក្តិ សុខសប្បាយ ។ បើសិនច្រាំងនោះ ត្រូវរេចរឹល ចៅហ្វាយខេត្ត នឹងមានទុក្ខព្រួយ ។ បើច្រាំងបាក់ ចៅហ្វាយខេត្ត នឹងត្រូវអស់បុណ្យ ។

នៅក្នុងខេត្តពោធិ៍សាត់ តែងតែមានជំនឿ ទៅលើគុណបុណ្យ បារមីលោកតា ឃ្លាំង មឿង ជានិច្ច ។ ជារៀងរាល់ឆ្នាំ គេតែងតែធ្វើបុណ្យ ឡើងអ្នកតាថ្វាយជូន អ្នកតា ឃ្លាំង មឿង មិនតែប៉ុណ្ណោះ បើមានការអ្វី អ្នកស្រុក នៅពោធិ៍សាត់ តែង តែធ្វើពិធីបន់ ស្រន់ដល់ អ្នកតា ឃ្លាំង មឿង ។ បើគេបានសម្រេច គោលបំណង ហើយគេពុំដែលភ្លេច ទៅធ្វើបុណ្យ លាបំណន់ឡើយ ។

* ថ្មកែវខេត្តពោធិ៍សាត់

ចម្លាក់ថ្មកែវ ត្រូវបានរីកដុះដាល យ៉ាងខ្លាំងជាយូរ ឆ្នាំមកហើយ នៅក្រុង ពោធិ៍សាត់ និង ស្រុកក្រវាញ មានសិប្បកម្ម ចម្លាក់ថ្មកែវ ជាច្រើនកន្លែង ត្រូវបានបង្កើត ដើម្បីបម្រើសេចក្តី ត្រូវការរបស់ទីផ្សារ ។ ចម្លាក់ថ្មគឺការ យករ៉ែថ្មធម្មជាតិមក ឆ្លាក់ជាផលិត ផលផ្សេងៗ សម្រាប់តាំងលម្អ ឬ ធ្វើជាវត្ថុសក្ការៈ តាមទំនៀមទម្លាប់ របស់ ប្រជាពលរដ្ឋខ្មែរ ។
រ៉ែថ្មកែវទាំងនោះ ភាគច្រើនមាននៅ ភ្នំតាសៃ ភ្នំយ៉ន និង ភ្នំស្ពង់ ក្នុងទឹកដីខេត្ត ពោធិ៍សាត់ ដែលមានភាព ល្បីល្បាញជា យូរយារ ណាស់មកហើយ ។ លក្ខណៈពិសេស ជាប្រភេទ រ៉ែថ្មធម្មជាតិ មានសភាព ទន់ល្មម រំលេចដោយ ពណ៌ភ្លឺរលោង អាច យក មកកែច្នៃជាវត្ថុសិល្បៈ និង គ្រឿង ចម្លាក់ផ្សេងៗ តាមតម្រូវការរបស់ អតិថិជន ។ ទំហំនៃការ ផលិតមាន ទំហំធំធេង រាប់ពាន់តោន ក្នុងមួយឆ្នាំៗ ប៉ុន្តែអាចនឹងមាន ភាពហិនហោច នៅពេលអនាគត ប្រសិនបើមាន តម្រូវការខ្ពស់ ហើយពុំមាន ការគ្រប់គ្រង បានល្អទេនោះ ។

* ចម្លាក់ថ្មម៉ាប និង ឈើ
ខេត្តពោធិ៍សាត់ជាតំបន់ដែលមានថ្មម៉ាប និង មានភាពល្បីល្បាញពាស ពេញផ្ទៃប្រទេសតាមរយៈចម្លាក់ថ្មម៉ាបនេះ ។ សិប្បករដ៏មានជំនាញអាចនឹង ឃើញនៅកន្លែងធ្វើចម្លាក់បដិមាព្រះពុទ្ធដ៏ធំ ឬ រូបចម្លាក់ស្រស់ស្អាតផ្សេងទៀត ។ មានកន្លែងចម្លាក់ ច្រើនជាង ១៦០ កន្លែងក្នុងខេត្ត លើកលែងតែស្រុកវាលវែងជា តំបន់ភ្នំដែលពុំសូវមានសិប្បកម្មចម្លាក់ ។ មានរោងចម្លាក់ភាគច្រើនជាសហគ្រាស ឯកជនតូចៗ ទោះបីកន្លែងធំមានសិប្បករចំនួន ១៣ នាក់ ។ រោងចម្លាក់ និង ហាង ជាច្រើនក្នុងខេត្ត ពោធិ៍សាត់លក់របស់មួយចំនួន ដូចជាចម្លាក់ធ្វើដោយដៃយ៉ាង ពិសេស ដែលអាចយកមកធ្វើជាវត្ថុ អនុស្សាវរីយ៍យ៉ាងពិសេស ។

* ប្រវត្តិកោះសំពៅមាស

កោះសំពៅមាសនេះមិនមានឯកសារណាច្បាស់លាស់ទេ គ្រាន់តែឮគេ តំណាលតៗគ្នាពីមនុស្សជំនាន់មួយទៅ ជំនាន់មួយ ។ តាមចាស់ៗនិយាយថា មាន សំពៅមួយដែលមកពីស្រុកចិនបានចូលមកដឹកទំនិញនៅម្តុំផ្សារក្រោមខេត្ត ពោធិ៍សាត់នេះ តែ បានលិច ហើយដោយមិនអាចស្រង់វិញបានទេ ។ ទឹកដែល ហូរបាននាំល្បាប់ដីមកព័ទ្ធជុំជិតទីនោះ ហើយក៏បានក្លាយទៅជាកោះ ។ រឿងនេះ មិនដឹងកើតឡើងកាលពីប៉ុន្មានរយឆ្នាំមកហើយនោះទេ តែអ្នកខ្លះបានតំណាល ថា កោះសំពៅមាសនោះ គឺជា កន្លែងដែលនាង ពេញ ជាបាវបម្រើលោកជំទាវ ខាន់ ខៀវ ប្រពន្ធលោកឧកញ្ញ៉ា ឃ្លាំង មឿង បានទៅលោតទឹកសម្លាប់ខ្លួនតាម ចៅហ្វាយ ហើយនិងកូនពីរនាក់ទៀតរបស់លោកឧកញ្ញ៉ា មឿង ដែលបាន លោតចូលទៅក្នុងរណ្តៅមួយ ដើម្បីទៅកែនទ័ព ខ្មោចមកប្រយុទ្ធជាមួយសត្រូវ ដែលកាលណោះមានស្តេចអង្គចន្ទរាជា ប្រយុទ្ធជាមួយសៀម ។ យោងតាម សៀវភៅ “ព្រះស្តេចកន” របស់លោកបណ្ឌិត រស់ ចន្ត្រាបុត្រ អ្នកម្នាង ខៀវ ជាស្នំឯករបស់ព្រះអង្គចន្ទរាជា ហើយនាង ពេញ ជាអ្នកបម្រើ របស់ អ្នកម្នាង ។ រីឯចម្បាំងកាលណោះ គឺរវាងព្រះអង្គចន្ទរាជា និង ឃុនហ្លួងព្រះស្តេចកន ។
នាង ពេញ ពេលលោតទឹកនោះបានបួងសួងថា “ខ្ញុំសូមឱ្យបានទៅជួប នឹងចៅហ្វាយខ្ញុំ ហើយបានឱ្យកើតជាបិសាចនៅស្រុកនេះ” ។ ពេលបួងសួង ហើយ នាង ពេញ ក៏ទៅលោតទឹកស្ទឹងពោធិ៍សាត់ជិតផ្សារក្រោមនោះ ហើយ បានកើតជាបិសាច ដែល កើតបានទៅជាដំបូក ។

* តំបន់ទេសភាពទន្លេសាប

សត្វស្លាបមួយចំនួនដែលស្ទើរតែផុតពូជអស់ទៅហើយនោះ ដូចជា ត្រដក់ ទុង ក្អែក កុក… ត្រូវបានគេ ប្រទះឃើញមានឡើងវិញនៅតាមព្រៃរនាមបឹងទន្លេ សាបក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ពិសេសពេលសុរិយា ហៀបអស្តង្គត សត្វ ស្លាបទាំងនោះ តែងហើរមកទំលើដើមឈើគួរឱ្យចង់គយគន់ ។

តាមផែនការសមាហរណកម្មរបស់ឃុំ ឆ្នាំ ២០០៧ សុំឱ្យដាក់តំបន់ចំនួនពីរ គឺដីរនាត ស្ថិតនៅក្នុងឃុំមេទឹក ស្រុកបាកាននិងកោះទន្លាក្រាស់ ស្ថិតក្នុងឃុំ អន្សាចំបក់ ស្រុកក្រគរ ជាតំបន់អភិរក្សនោះ អភិបាលខេត្តបានឯកភាព ព្រមទាំងបានចង្អុលការ ឱ្យ មន្ទីរបរិស្ថានចុះទៅធ្វើការសិក្សាអំពីតំបន់ទាំងពីរនោះ ។ ជាលទ្ធផលនៃការសិក្សាឃើញថា តំបន់ទាំងពីរនោះមានសក្តានុពលអាចបង្កើត ជាតំបន់ការពារបានមែន ហើយមន្ទីរបរិស្ថានក៏បានសុំគោលការពីក្រសួងដើម្បី សម្រេច។ តំបន់ទាំងពីរនេះ មន្ត្រី ជំនាញមន្ទីរបរិស្ថានបានចុះទៅសិក្សាកាល ពីចុងខែមិថុនា ឆ្នាំ ២០០៧ ហើយបានកំណត់ជាតំបន់អភិរក្សឋបនីយជីវមណ្ឌល បឹងទន្លេសាប ដោយទី ១ ដាក់ឈ្មោះថា តំបន់អភិរក្សដីរនាត មានផ្ទៃដី ៣៥.៨២២ ហិកតារ និង ទី ២ ឱ្យឈ្មោះថាតំបន់ អភិរក្ស កោះទន្លាក្រាស់ មានផ្ទៃដី ៧.៧៧៣ ហិកតារ ។ នៅតំបន់អភិរក្សដីរនាតកំណត់បានតំបន់ស្នូលចំនួន ៥ ។

ចំពោះ តំបន់អភិរក្សកោះទន្លាក្រាស់ យើងមិនទាន់បានកំណត់តំបន់ស្នូលនៅឡើយ ប៉ុន្តែយើងកំពុងតែ ដំណើរការសម្របសម្រួលឱ្យពលរដ្ឋដាក់ពាក្យបង្កើតសហ-គមន៍ចំនួន ២ ក្នុងនោះមាន ៥ ភូមិ ដែលនៅ ជាប់កោះទន្លាក្រាស់នោះ ។ តំបន់ អភិរក្ស ទាំងពីរខាងលើនេះ ក្រៅពីមានសត្វស្លាបទឹក ដូចជា ទុង ត្រដក់ ក្អែក កុក និង ជីវចម្រុះផ្សេងៗទៀត គេប្រទះឃើញមានសត្វក្រពើទៀតផង ។ សព្វថ្ងៃ នេះមន្ទីរបរិស្ថានខេត្តបានខិតខំរកគ្រប់មធ្យោបាយដើម្បីការពារសត្វស្លាបដ៏កម្រ ទាំងនោះ ហើយ ការិយាល័យអនុវត្តគម្រោងគ្រប់គ្រងបរិស្ថានបឹងទន្លេស្លាប កំពុងរៀបចំព្រាងអនុក្រឹត្យ ហើយក្រសួងបរិស្ថាននឹងចេញ ស.ជ.ណ. ទទួល ស្គាល់តំបន់អភិរក្សទាំងពីរនេះជាលក្ខណៈជាតិ និង អន្តរជាតិ ។
ការបង្កើតតំបន់ អភិរក្សដីរនាត និង កោះទន្លាក្រាស់ នៅព្រៃរនាមបឹងទន្លេ សាប ខេត្តពោធិ៍សាត់នេះ ក្រោមការឧបត្ថម្ភគាំទ្រថវិកាពីធនាគារអភិវឌ្ឍអាស៊ី ( ADB ) សំដៅធ្វើយ៉ាងណាការពារសត្វស្លាប និង ធនធានធម្មជាតិរបស់ប្រទេស កម្ពុជាឱ្យសម្បូរ ឡើងវិញ ។

* កោះថាស

កោះថាស គឺជាកន្លែងកម្សាន្តថ្មីមួយទៀតក្នុងចំណោមកន្លែងកម្សាន្ត និង រមណីយដ្ឋានធម្មជាតិនានាក្នុង ខេត្តពោធិ៍សាត់ដែលទើបបង្កើតថ្មីកាលពីខែធ្នូ ឆ្នាំ ២០០៨ ដែលមានទីតាំងនៅខាងត្បូងទំនប់ទឹកដំណាក់អម្ពិល ចម្ងាយប្រហែល១គីឡូម៉ែត្រ ស្ថិត ក្នុងភូមិអូរលំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍-សាត់ ហើយមានចម្ងាយប្រហែល១៥គីឡូម៉ែត្រពីផ្លូវជាតិលេខ ៥ ។

លោកអ្នកអាចធ្វើដំណើរចូលតាមខ្លោងទ្វារបូជនីយដ្ឋានឧកញ្ញ៉ា ឃ្លាំង មឿង ផ្លូវដីក្រួសក្រហមដោយមានស្លាក សញ្ញាបង្ហាញជាប់រហូត។ សព្វថ្ងៃនេះ “កោះ ថាស” កំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង ពិសេសនៅ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលទើប តែកន្លងផុតទៅថ្មីៗនេះ ។ នៅពេលធ្វើដំណើរទៅដល់លោកអ្នក នឹងបានឃើញ កោះថាសមានរាងមូលដូចថាស មានទឹកព័ទ្ធជុំវិញ ហើយមួយ ចំហៀងផ្នែកខាងកើតជាប់នឹងស្ទឹងពោធិ៍សាត់ ។ កន្លងមកពុំមានគេចាប់អារម្មណ៍ ទេ ដោយសារនៅជុំវិញ កោះពុំមានទឹក គឺគ្រាន់តែជាបឹងដក់ទឹកដុះស្មៅ និង ជា កន្លែងធ្វើស្រែប្រាំងដាំបន្លែបង្ការរបស់ប្រជាពលរដ្ឋនៅទីនោះប៉ុណ្ណោះ ។ ចាប់ តាំងពីមានទំនប់ទឹកដំណាក់អម្ពិល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គ-មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកបានបញ្ចាល់ទឹកឡើងកាន់កណ្តាលកោះ ធ្វើឱ្យកោះមានសម្រស់ស្រស់ត្រកាល ក្លាយជាកន្លែងកម្សាន្តគួរជាទីគយគន់ ។ កោះថាសនេះជាប្រភេទទេសចរណ៍ កែច្នៃ ហើយកន្លែងទេសចរណ៍ បើប្រគល់ឱ្យ ឯកជនវិនិយោគគឺមានការរីកចម្រើន លឿនជាងរដ្ឋនិង សហគមន៍ ប៉ុន្តែត្រូវមានអាជ្ញាប័ណ្ណ និង គ្រប់គ្រងបច្ចេកទេស ដោយក្រសួងទេសចរណ៍ ។ នៅទីនោះមានសាងសង់ស្ពានមួយវែងដែលធ្វើឱ្យ ភ្ញៀវទេសចរចូលចិត្ត ទៅទស្សនាទឹកហូរ នៅលើស្ពាន នោះយ៉ាងពេញព្រៀប ។
នៅក្នុងឱកាស បុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌ និង បុណ្យជាតិធំៗ គេសង្កេត ឃើញនៅកោះថាសមានភ្ញៀវទេសចរចូលទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ដែលអ្នកខ្លះមកពីភ្នំពេញ កំពង់ឆ្នាំង បន្ទាយមានជ័យប៉ៃលិន និង ខេត្តបាត់-ដំបង ។ ភ្ញៀវដែលបាន ចូលទៅលេងកម្សាន្តនៅទីនោះបានកោតសរសើរថា មានលក្ខណៈល្អប្រសើរជាងរមណីយដ្ឋាននានាក្នុងខេត្ត ជាពិសេស “កោះថាស” នេះតែម្តងដែលជាទីកម្សាន្ត នៅជិតទីរួមខេត្តជាងគេទៀតផង ។

* ផ្សារថ្មីពោធិ៍សាត់
ផ្សារថ្មីពោធិ៍សាត់ស្ថិតនៅតាមបណ្តោយមាត់ស្ទឹងពោធិ៍សាត់ នៅខាង លិចក្រុង និង មានចម្ងាយប្រហែល ៧០០ម៉ែត្រខាងជើងស្ពានថ្ម។ ផ្សារនេះ មានលក់របស់របរគ្រប់បែបយ៉ាងចាប់ពីផលិតផលកសិកម្មដល់គ្រឿងអគ្គិសនី និង គ្រឿងអលង្ការ ។ តូប លក់ផ្លែឈើមានតាំងលក់យ៉ាងស្អាតនូវផ្លែឈើជាជួរ ជាពិសេសគឺក្រូចក្នុងតំបន់ដ៏ល្បីល្បាញ (ក្រូចពោធិ៍សាត់) ។

* កំពង់ហ្លូងបឹងទន្លេសាប
ភូមិបណ្តែតទឹកកំពង់ហ្លូងនៅលើទន្លេសាបជាកន្លែងតែមួយគត់ និង គួរឱ្យ ចាប់អារម្មណ៍បំផុត ដើម្បីទស្សនាក្នុង ខេត្តពោធិ៍សាត់ ។ ទីនេះពិតជាភូមិមួយ នៅលើទឹកដែលមានប្រជាពលរដ្ឋរស់នៅច្រើនជាង ១០.០០០ នាក់ ។
កំពង់ហ្លួងជារមណីយដ្ឋានធម្មជាតិ មានទីតាំងស្ថិតលើផ្ទៃបឹងទន្លេសាបក្នុង ឃុំកំពង់ហ្លួង ស្រុកក្រគរ មានចម្ងាយ ៣៥ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ ។ តំបន់នេះមានជ្រោយខ្សាច់ដែលជាកន្លែងសម្រាប់ងូតទឹកកម្សាន្តនារដូវប្រាំង ។ ចំណែកនៅរដូវវស្សាវិញ ពិសេសនៅពេលបុណ្យភ្ជុំបិណ្ឌមានប្រជាពលរដ្ឋស្កាត់ ពីទីជិតឆ្ងាយមកកម្សាន្ត ឬក៏ប្រណាំងទូកយ៉ាងសប្បាយរីករាយក្រៃលែង ។

* ទឹកជ្រោះច្រកល្អៀង

ទឹកជ្រោះច្រកល្អៀងជាទេសភាពបែបធម្មជាតិ ដែលមានទឹកជ្រោះ និង ព្រៃឈើ ។ ភ្ញៀវទេសចរអាចហែល ទឹកលេងឬចុះលេងក្នុងស្ទឹង ឬ សម្រាកនៅ ក្នុងភាពស្ងៀមស្ងាត់ដែលមានស្ទឹងចម្ងាយ ២ គីឡូម៉ែត្រ ។ ដើម្បីទៅដល់ទីនោះត្រូវទៅដល់ឃុំឈើទុំ ស្រុកក្រគរ និង មានចម្ងាយ ៧៣ គីឡូម៉ែត្រភាគអាគ្នេយ៍ ក្រុងពោធិ៍សាត់ និង ប្រហែលជា៤១ គីឡូម៉ែត្រពីផ្សារក្រគរ ។ គេត្រូវចំណាយ ពេលប្រហែល ២ ម៉ោងដោយជិះម៉ូតូ និង មួយម៉ោង កន្លះដោយបើកបរថយន្ត ពីខេត្តពោធិ៍សាត់ ។ ការជិះម៉ូតូឌុប អាចមានតម្លៃប្រហែលពី ១០ ទៅ ១៥ ដុល្លារ សម្រាប់ការធ្វើដំណើរទៅនិង មក ហើយតម្លៃអាចចរចាគ្នាបាន ។

* ភ្នំឡាងត្រាច
ជាតំបន់ដ៏ស្រស់ស្អាតមួយដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ៥៥ ។ ភ្នំ នេះមានចំណោតឡើងប្រហែល ១០.១៣០ ម៉ែត្រ ដែលមានទេសភាពដើមឈើ ខ្ពស់ៗ និង ថ្មធម្មជាតិធំៗ ។ តំបន់នេះស្ថិតនៅចម្ងាយ ៤៩ គីឡូម៉ែត្រភាគអាគ្នេយ៍ ក្រុងពោធិ៍សាត់ ឬ ១៧ គីឡូម៉ែត្រខាងត្បូងផ្សារក្រគរ ស្ថិតក្នុងឃុំស្វាយស ។ ស្រុកក្រគរក៏ស្ថិតក្នុងទិសដៅដូចគ្នាទៅច្រកល្អៀង និង ចំណាយពេលត្រឹម តែមួយម៉ោងប៉ុណ្ណោះធ្វើដំណើរតាមផ្លូវទៅទីនោះទាំងជិះម៉ូតូ និង រថយន្ត ផិចក-ផុ ។ ម៉ូតូឌុបមានតម្លៃប្រហែល ៨ ដុល្លារ សម្រាប់ការធ្វើដំណើរទៅ និង មកពី ក្រុងពោធិ៍សាត់ និង មានតម្លៃប្រហែល ៣ ដុល្លារ ទាំងពីរផ្លូវមកពីក្រគរ ។ ចូរ ចងចាំត្រូវយល់ព្រមជាមួយតម្លៃជាមុនសិនមុនពេលចាកចេញមក ។

* អូរដា
អូរដាជាកន្លែងធម្មជាតិដ៏មានប្រជាប្រិយ និង ស្រស់ស្អាត ព្រមទាំងមាន ទីតាំងតាមបណ្តោយជួរភ្នំក្រវាញចម្ងាយ ៥៥ គីឡូម៉ែត្រ ភាគខាងត្បូងក្រុងពោធិ៍-សាត់ និង ២៦ គីឡូម៉ែត្រពីស្រុកភ្នំក្រវាញ ។ តាមបណ្តោយសងខាងផ្លូវដែល មានខ្យល់បក់យ៉ាង ត្រជាក់ អ្នកអាចឃើញព្រៃភ្នំ ឮសំឡេងបក្សី និង សំឡេងរៃយំ ប្រចាំរដូវ ។ ការធ្វើដំណើរត្រូវចំណាយពេលត្រឹមតែមួយម៉ោងកន្លះប៉ុណ្ណោះ ដើម្បីទៅដល់ទីនោះ ក្នុងរដូវប្រាំងដោយជិះម៉ូតូមានតម្លៃពី ១០ ទៅ ១៥ ដុល្លារ ។ ជាសំណាងមិនល្អកន្លែងនេះមិនអាចទៅដល់បានឡើយក្នុងរដូវវស្សា ។

* ល្បាក់កំរោញ
សម្រាប់ស្ទឹងដែលមានទេសភាពស្រស់ស្អាតពេញមួយឆ្នាំ ល្បាក់កំរោញ ជាកន្លែងធម្មជាតិមួយទៀត ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ៥៦ (ខេត្តពោធិ៍-សាត់ ស្រុកវាលវែង) និង មានចម្ងាយ ៥៣ គីឡូម៉ែត្រ ភាគនិរតីក្រុងពោធិ៍សាត់ ។ ទីនេះមាន ស្ថិតនៅក្នុងភូមិអង្ក្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ។ ទឹកធ្លាក់ដ៏ស្រស់ ស្អាតហូរធ្លាក់លើថ្មធំៗជាច្រើនអំឡុងពេញមួយរដូវប្រាំង ។ ការធ្វើដំណើរត្រូវ ចំណាយពេលមួយម៉ោងដោយការបើកបររថយន្ត ផិចក-ផុ និង មួយម៉ោងកន្លះ ដោយការបើកបរម៉ូតូ ។ ម៉ូតូឌុបអាចមានតម្លៃ ៨ ដុល្លារ ទាំងទៅ និង មក ។

* ភ្នំលោក
ជាភ្នំដ៏ល្បីល្បាញមួយដែលព្រះសង្ឃពុទ្ធសាសនាមួយអង្គបានគង់នៅលើ ភ្នំនោះតែមួយអង្គឯងស្ទើរពេញមួយព្រះជន្មព្រះអង្គ ។ ទីនេះនៅទល់មុខល្បាក់ កំរោញ នៅជិតផ្លូវលេខ ៥៦ នៅខាងស្តាំផ្លូវ ( ពីកើតទៅលិច ) ។ ភ្នំនេះត្រូវបាន ដាក់ឈ្មោះ ដោយប្រជាជនក្នុងតំបន់ថាព្រះសង្ឃ ( លោក ) ហើយពេលនេះត្រូវ បានស្គាល់ថា ជាភ្នំលោកជារៀងរហូតមក ។

* វត្តស្បូវរាជ
វត្តស្បូវរាជជាវត្តព្រះពុទ្ធសាសនា ដែលត្រូវបានជួសជុលឡើងវិញ ឱ្យដូច ភាពរុងរឿងពីអតីតកាល និង មានទីតាំងក្នុងភូមិស្បូវរាជ ឃុំលាជ ស្រុកក្រវាញ ។ វត្តនេះដំបូងត្រូវបានកសាងយ៉ាងហោចណាស់ក៏ ៤០០ ឆ្នាំ កន្លងទៅដែរ ។

* វាលវែង
មានទីតាំងនៅភាគអាគ្នេយ៍ខេត្តពោធិ៍សាត់ និង ចម្ងាយ ១២៥ គីឡូម៉ែត្រ ពីក្រុងពោធិ៍សាត់ ។ ផ្ទះសំណាក់ចំនួនបីត្រូវបានកសាងឡើងក្នុងស្រុកប្រមោយ ដែលផ្តល់ជាកន្លែងស្នាក់នៅដែលអាចរកបានដែលមានតម្លៃ ៥ ដុល្លារក្នុងមួយ យប់ ។ ភោជនីយ ដ្ឋានមួយចំនួនបម្រើម្ហូបក្នុងស្រុក ទោះបីការប្រើប្រាស់ភាសា អង់គ្លេសមិនត្រូវបាននិយាយឱ្យបានទូលំទូលាយក៏ដោយ ហើយបញ្ជីមុខម្ហូបត្រូវ បានសរសេរជាភាសាខ្មែរ ៕

មឿង សុន ស្នើ​តុលាការ​កំពូល​កាត់​ក្តី​ឡើង​វិញ​ពាក់​ព័ន្ធ​បណ្តឹង​រដ្ឋាភិបាល

អង្គារ 11 តុលា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ក្រុមប្រឹក្សា​ជំនុំ​ជ្រះ នៃ​តុលាការ​កំពូល ដោយ​ស្នើ​ឲ្យ​តុលាការ​នេះ កាត់​ក្តី​សំណុំ​រឿង​លោក​ដែល​ប្តឹង​ដោយ​រដ្ឋាភិបាល​ឡើង​វិញ។

លោក មឿង សុន

លោក មឿង សុន

ក្នុង​លិខិត​ចុះ​ថ្ងៃទី​១០ ខែ​តុលា ផ្ញើ​ទៅ​តុលាការ​កំពូល លោក មឿង សុន ដែល​កំពុង​រស់​និរទេស​នៅ​ក្រៅ​ប្រទេស​ព្រោះ​តែ​បណ្តឹង​របស់​រដ្ឋាភិបាល បាន​ស្នើ​ឲ្យ​តុលាការ​កំពូល​ពិចារណា និង​កាត់​ក្តី​សំណុំ​រឿង​លោក​ឡើង​វិញ ប្រកប​ដោយ​គតិបណ្ឌិត និង​គតិយុត្តិ។

គួរ​រំលឹក​ថា កាល​ពី​ឆ្នាំ​២០០៩ លោក មឿង សុន ត្រូវ​រដ្ឋាភិបាល​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ បន្ទាប់​ពី​លោក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ ដោយ​ធ្វើ​ការ​រិះគន់​ចំពោះ​ការ​ដាក់​អំពូល​ភ្លើង​លើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​របស់​ក្រុមហ៊ុន​ចិន​មួយ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៅ​ពេល​យប់ ថា វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រាសាទ​អង្គរវត្ត។ គ្រា​នោះ ​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​រូប​លោក​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១៥​លាន​រៀល​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

ក្រោយ​មក​នៅ​ថ្ងៃទី២៤ ខែ​ឧសភា ឆ្នាំ​២០១១​សាលា​ឧទ្ធរណ៍ នៃ​ប្រទេស​កម្ពុជា​បាន​សម្រេច​តម្កល់​សាលាក្រម​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ឲ្យ​នៅ​ដដែល ប៉ុន្តែ​ពិន័យ​ជា​ប្រាក់​ត្រឹម​៤លាន​រៀល និង​កែ​បទ​ចោទ​ប្រកាន់ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ទៅ​ជា​បទ​ញុះញង់​វិញ៕

​កុល ​ដាវី ​កែ​ខ្លួន​ឬ​?

ដោយ : សីហា
ថ្ងៃទី 15 តុលា 2011
CEN

តារា​សម្តែង​សិច​ស៊ី កុល ដាវី ស្លៀក​រ៉ូប​ត្រឹម​ក្បាលជង្គង់ដ៏​សាមញ្ញ (រូបថតៈ Face Book)

តារា សម្តែង សិច ស៊ី កុល ដាវី ស្លៀក រ៉ូប ត្រឹម ក្បាលជង្គង់ដ៏ សាមញ្ញ (រូបថតៈ Face Book)

ភ្នំពេញ: ​លើកទីមួយ​ហើយ​ ដែល​គេ​បានឃើញ​តារា​សម្តែង​សិច​ស៊ី កុល ដាវី ទម្លាក់​ខ្លួន​ពី​ចំណាត់​ថ្នាក់​កំពូលស្រ្តីសិច​ស៊ី។ ពេល​នេះ​ កុល ដាវី ដែល​ធ្លាប់តែ​ស្លៀក​លេច​លើ​លេច​ក្រោម​ មិន​ញញើត​នោះ បាន​ប្រែ​ទៅ​ជា​នារី​ស្រគត់ស្រគំ ដោយ​មិន​បញ្ចេញ​សាច់​ខ្ចី​ និង​ចំហ​ដើមទ្រូង​ដូច​មុន។​

​ ​ក្នុង​កម្ម​វិធី​សិល្បៈ​កាលពី​ចុង​ខែ​កញ្ញា មាន​អ្នកសិល្បៈ​រាប់រយ​នាក់​ជួបជុំគ្នា ក្នុងនោះ​ក៏​មាន​វត្តមាន កុល ដាវី​ ចូលរួម​ដែរ តែ​ដាវីស្លៀក​រ៉ូប​ត្រឹម​ក្បាលជង្គង់ដ៏​សាមញ្ញ។ វា​ជា​ប្រភេទ​រ៉ូប​ចំហ​ស្មា​ និង​ទ្រូង តែនាង​មិន​ធ្វើឱ្យ​សាច់​ទ្រូង​ងើប​ផុស​ឡើង​ ដើម្បី​បង្អួត​គេ​ទេ។​

តារា​សម្តែង​សិច​ស៊ី កុល ដាវី (រូបថតៈ Face Book)

តារា សម្តែង សិច ស៊ី កុល ដាវី (រូបថតៈ Face Book)

​ ​មជ្ឈដ្ឋាន​នានា​ និង​អ្នកសិល្បៈ​រួម​អាជីព​ មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ឃើញ កុល ដាវី តុបតែង​ខ្លួន​ និង​ស្លៀកពាក់​ដូចនេះ និង​បាន​និយាយថា មិន​នឹកស្មានថា​កំពូល​តារាសម្តែង​សិច​ស៊ី​ម្នាក់នេះ ​ស្រាប់តែ​បោះបង់​ទម្លាប់​ស្លៀកពាក់​សិច​ស៊ី បញ្ចេញ​លើ​បញ្ចេញ​ក្រោម​ ដូច្នេះ​សោះ។​

​ ​ទោះជា​ដូច្នេះ​ក្តី ប្រភព​មួយ​និយាយថា កុល ដាវី ហាក់​មិនសូវ​សប្បាយចិត្ត​ប៉ុន្មាន​ទេ​នៅពេលដែល​នាង​មកស្លៀកពាក់​បែប​សុភាព​នេះ។​

​ ​គួរបញ្ជាក់​ថា កាលពី​ខែ​សីហា​ កុល ដាវី ត្រូវ​មន្ត្រី​ក្រសួង​វប្បធម៌​មួយចំនួន​ និង​មហាជនរិះគន់​ធ្ងន់ៗ ពេល​នាង​ថតរូប​កើយ​ទ្រូង ​ជាមួយ​តារា​សម្តែង​ប្រុស​វ័យក្មេង សាយ សៀ​រ៉ា ដោយបញ្ចេញ​សាច់​ទ្រូង​សខ្ចី​គួរ​ឱ្យ​ព្រឺ​សម្បុរ​នោះ៕

កុល​ដាវី​ កែ​ខ្លួន​ឬ​?

ដោយ : សីហា
ថ្ងៃទី 15 តុលា 2011
CEN

តារា​សម្តែង​សិច​ស៊ី កុល ដាវី ស្លៀក​រ៉ូប​ត្រឹម​ក្បាលជង្គង់ដ៏​សាមញ្ញ (រូបថតៈអង្គរធំ)

តារា សម្តែង សិច ស៊ី កុល ដាវី ស្លៀក រ៉ូប ត្រឹម ក្បាលជង្គង់ដ៏ សាមញ្ញ (រូបថតៈអង្គរធំ)

ភ្នំពេញ:​ លើកទីមួយ​ហើយ​ដែល​គេ​បានឃើញ​តារា​សម្តែង​សិច​ស៊ី កុល ដាវី ទម្លាក់​ខ្លួន​ពី​ចំណាត់​ថ្នាក់​កំពូលស្រី​សិច​ស៊ី ។ ពេល​នេះ​ កុល ដាវី ដែល​ធ្លាប់តែ​ស្លៀក​លេច​លើ​លេច​ក្រោម​មិន​ញញើត​នោះ បាន​ប្រែ​ទៅ​ជា​នារី​ស្រគត់ស្រគំ ដោយ​មិន​បញ្ចេញ​“​សាច់​ខ្ចី​”​និង​ចំហ​ដើមទ្រូង​ដូច​មុន ។​

​ ​ក្នុង​កម្ម​វិធី​សិល្បៈ​កាលពី​ចុង​ខែ​កញ្ញា មាន​អ្នកសិល្បៈ​រាប់រយ​នាក់​ជួបជុំគ្នា ក្នុងនោះ​ក៏​មាន​វត្តមាន​កុល ដាវី​ចូលរួម​ដែរ តែ​ដាវី ស្លៀក​រ៉ូប​ត្រឹម​ក្បាលជង្គង់ដ៏​សាមញ្ញ ។ វា​ជា​ប្រភេទ​រ៉ូប​ចំហ​ស្មា​និង​ទ្រូង តែ​កុល ដាវី​មិន​ធ្វើឱ្យ​សាច់​ទ្រូង​ងើប​ផុស​ឡើង​ដើម្បី​បង្អួត​គេ​ទេ ។​

​ ​មជ្ឈដ្ឋាន​នានា​និង​អ្នកសិល្បៈ​រួម​អាជីព​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ឃើញ កុល ដាវី តុបតែង​ខ្លួន​និង​ស្លៀកពាក់​ដូចនេះ និង​បាន​និយាយថា មិន​នឹកស្មានថា​កំពូល​តារាសម្តែង​សិច​ស៊ី​ម្នាក់នេះ​ស្រាប់តែ​បោះបង់​ទម្លាប់​ស្លៀកពាក់​សិច​ស៊ី បញ្ចេញ​លើ​បញ្ចេញ​ក្រោម​ដូច្នេះ​សោះ ។​

​ ​ទោះជា​ដូច្នេះ​ក្តី ប្រភព​មួយ​និយាយថា កុល ដាវី ហាក់​មិនសូវ​សប្បាយចិត្ត​ប៉ុន្មាន​ទេ​នៅពេលដែល​នាង​មកស្លៀកពាក់​បែប​សុភាព​នេះ ។​

​ ​គួរបញ្ជាក់​ថា កាលពី​ខែ​សីហា​, កុល ដាវី ត្រូវ​មន្ត្រី​ក្រសួង​វប្បធម៌​មួយចំនួន​និង​មហាជនរិះគន់​ធ្ងន់ៗ ពេល​នាង​ថតរូប​កើយ​ទ្រូង​ជាមួយ​តារា​សម្តែង​ប្រុស​វ័យក្មេង សាយ សៀ​រ៉ា ដោយបញ្ចេញ​សាច់​ទ្រូង​សខ្ចី​គួរ​ឱ្យ​ព្រឺ​សម្បុរ​នោះ ៕

លី អ៊ីវ៉ាទីណា នាំគូស្នេហ៍ទៅចិន

Written by ភ្នំពេញដេលីញូវ
Friday, 14 October 2011

ពេលថ្មីៗនេះ យើងទទួលបាន ព័ត៌មានថា អ្នកចម្រៀងចៅចិន លី អ៊ីវ៉ាធីណា រួមជាមួយ បុរសម្នាក់ បានចាកចេញទៅ ប្រទេសចិន តាំងពីខែមុន មកម៉្លេះ ។ បើតាមដឹង បុរសរូបនោះ ត្រូវជាគូស្នេហ៍នាង ដែលកំពុង ស្វែងយល់ចិត្ត ថ្លើមគ្នា ហើយរហូត មក ដល់ដើម ខែតុលានេះ គេនៅមិនទាន់ ឃើញនាងវិល ត្រឡប់វិញទេ ។

តារាចម្រៀងល្បីៗ ជាច្រើនតែងតែ បង្ហាញខ្លួន រៀងរាល់ចុងសប្តាហ៍ នៅតាមបណ្តា ស្ថានីយ ទូរទស្សន៍នានា ដើម្បីផ្សព្វផ្សាយ ពីបទចម្រៀងថ្មីៗ របស់ខ្លួន ។ ជាក់ស្តែង អ្នកចម្រៀង តូចច្រឡឹង នៅក្នុងផលិតកម្ម ថោន លី អ៊ីវ៉ាធីណា តែងតែ បង្ហាញខ្លួន ជានិច្ច រៀងរាល់ពេល មានការអញ្ជើញពី អ្នករៀបចំកម្មវិធី តាមទូរទស្សន៍ ប៉ុន្តែប្រមាណ ជិតពីរខែ មកហើយ ដែលនាងមិន បង្ហាញខ្លួន ទៅតាមការអញ្ជើញ របស់គេសោះ នាងបាន បាត់មុខឈឹង ពីវិស័យនេះ ។ ទោះបីជា អ្នកចម្រៀង លី អ៊ីវ៉ាធីណា បាត់ មុខពី វិស័យ នេះក្តី ប៉ុន្តែ បទចម្រៀងនាង មួយចំនួន នៅតែបន្តចេញលក់ នៅលើទីផ្សារ ជាបន្តបន្ទាប់ ដូចជាបទចម្រៀង មួយ ចំនួនមាន ការសំណូមពរ ពីសំណាក់យុវវ័យ ជាច្រើននៅតាមវិទ្យុ ។

ការពិតអ្នកចម្រៀង លី អ៊ីវ៉ាធីណា បានចាកចេញទៅ ប្រទេសចិន តាំងពីខែ សីហា មកម៉្លេះ ភាគច្រើនមិត្តភក្តិ រួមផលិតកម្ម ប៉ុណ្ណោះដែលដឹង ពីរឿងនេះ ទោះជា យ៉ាងនេះក្តី មិត្តភក្តិនាង ផ្សេងៗទៀត ក៏មិនបាន ដឹងពី រឿងនាងចេញ ទៅប្រទេសចិន នោះ ដែរ។

បើតាមគេដឹង លី អ៊ីវ៉ាធីណា ចេញទៅ ប្រទេសចិន ស្ងាត់ៗ មិនមែនក្នុង គោលបំណង ដើម្បីសម្តែងនោះទេ នាងបាន ចាកចេញទៅ ជាមួយក្រុមគ្រួសារ ក្នុងនោះគេ ក៏ឃើញមានវត្តមាន បុរសម្នាក់ ទៅជាមួយផង ដែរ ប៉ុន្តែគេមិនដឹង ច្បាស់ថា បុរសម្នាក់ នោះ ជានរណានោះទេ គ្រាន់តែឮគេ និយាយថា គឺជាគូស្នេហ៍ របស់នាងដែល បានទាក់ទងគ្នា យូរមកហើយ ។ សែស្រឡាយនាង ដែលរស់នៅ ប្រទេសចិន គេចង់ឃើញ នាង និង គូស្នេហ៍ ដើម្បីពិភាក្សាពី បញ្ហារៀបការ ។ ចំពោះរឿងរ៉ាវពិត យ៉ាងណា នោះ មិនទាន់មាននរណា ដឹងច្បាស់នោះទេ ។

ប្រភពព័ត៌មានមួយ ដែលស្គាល់គ្នា ជាមួយ អ្នកចម្រៀង លី អ៊ីវ៉ាធីណា បានបង្ហើបប្រាប់ថា លី អ៊ីវ៉ាធីណា ទៅចិនលើកនេះ ដើម្បីជួបជុំ បងប្អូននាង នៅទីនោះដើម្បី ដើរកម្សាន្ត ពីព្រោះនាងមាន មីងមារស់នៅ ទីនោះច្រើន ។ ម៉្យាងវិញទៀត នាងមានជំងឺ ជាប់ ខ្លួនត្រូវឱ្យ គ្រូពេទ្យ ពិនិត្យផង ។ កាលពី ប៉ុន្មានខែមុន លី អ៊ីវ៉ាធីណា ធ្លាប់បានប្រាប់ថា សុខភាព របស់នាងមិន សូវល្អប៉ុន្មានទេ នាងតែងតែទៅជួប គ្រូពេទ្យដើម្បី ប្រឹក្សាពីបញ្ហា សុខភាព ប៉ុន្តែពេលនោះ នាងបានអះអាងថា សុខភាពនាង មិនមាន បញ្ហាអ្វីធំ ដុំឡើយ គ្រាន់តែផ្តាសាយធំ ប៉ុណ្ណោះ ។

មិនទាន់មាន ប្រភពព័ត៌មាន ច្បាស់លាស់អ់ពីំ ការវិលត្រឡប់របស់ លី អ៊ីវ៉ាធីណា នៅឡើយទេ ពីព្រោះលេខ ទូរស័ព្ទនាង មិនអាច ទំនាក់ទំនងបានទេ សូម្បីតែម្តាយរបស់ នាងក៏មិនអាច ទាក់ទងបានដែរ ។ ដោយឡែក អ្នកធ្វើការនៅក្នុង ផលិតកម្ម ថោន មួយ រូបបានប្រាប់ “ប្រជាប្រិយ” នៅដើមខែតុលា ឱ្យដឹងថា លី អ៊ីវ៉ាធីណា បានដាក់ លិខិតសុំច្បាប់ សម្រាករយៈពេល ជាងមួយខែ ដើម្បីចេញទៅ ប្រទេសចិន រួមជាមួយ បងប្អូនមីងមា របស់នាង ប៉ុន្តែពេលវេលា កំណត់បាន កន្លងផុត ទៅនៅតែមិនទាន់ ឃើញ នាងវិលត្រឡប់ មកវិញទេ ប៉ុន្តែក៏មិនមាន អ្វីប៉ះពាល់ដល់ ក្រុមហ៊ុនដែរ ពីព្រោះមុន ពេលចេញ នាងបានសម្រុក ថតបទចម្រៀង ជាច្រើនបម្រុងទុក ពេលនាងអវត្តមាន ។ លី អ៊ីវ៉ាធីណា ប្រហែលជាវិលត្រឡប់ មកវិញឆាប់ៗ ខាងមុខនេះ ៕

ថៃ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​១០​នាក់

ដោយ ហង្ស សាវយុត
2011-10-11
​វិទ្យុ​អាស៊ីសេរី

អាជ្ញាធរ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១០​នាក់ ដែល​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ ដើម្បី​ស្វែង​រក​កាប់​ឈើ​គ្រញូង​មក​លក់​ដូរ​ខុស​ច្បាប់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​តុលា។

ទាហាន​ខ្មែរ​ដែល​ប្រចាំ​ការពារ​​នៅ​តាម​ព្រំដែន​ខ្មែរ-​ថៃ នៃ​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​ថៃ នៃ​ស្រុក​កាប់ជើង ខេត្ត​សុរិន្ទ បាន​ចាប់​ខ្លួន​អ្នក​ភូមិ​ខ្មែរ​ទាំង​នោះ​នៅ​តំបន់​ប្រាសាទ​ខ្នារ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​​ប្រាសាទ​តាមាន់ធំ។

លោក ជុំ សេរី ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ ប្រចាំ​តំបន់​ប្រាសាទ​តាមាន់ធំ បាន​មាន​ប្រសាសន៍​បញ្ជាក់​អះអាង​ថា ពិត​ជា​មាន​ការ​ចាប់​ខ្លួន​​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១០​នាក់​នោះ​មែន ៖ «យើង​កំពុង​តែ​ព្យាយាម​ដោះស្រាយ មិន​អាច​ធ្វើការ​សម្ភាសន៍​ឲ្យ​បាន​ក្បោះក្បាយ​ច្រើន​ជាង​នេះ​ទេ សូម​អធ្យាស្រ័យ។ ខ្ញុំ​សូម​ជម្រាប​ថា មាន​ចម្ងល់​អី​សួរ​ទៅ​ខាង​គណៈ​បញ្ជាការ​សមរភូមិ​ទិស​ទី​៣ លោក​នឹង​អធិប្បាយ​ជូន​បង»។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ១០​នាក់​ដែល​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​នោះ មាន​ទីលំនៅ​ភូមិ​អូរបាត់ដាវ សង្កាត់​បន្សាយរក្ស ​និង​ភូមិ​ទូង សង្កាត់​កូនក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ៕

ញឹម ចាន់ថន ថែទាំខ្លួនអោយឆាប់បានប្តីថ្មី

Written by ភ្នំពេញដេលីញូវ
Wednesday, 12 October 2011

ជារឿងដ៏គួរឱ្យ ភ្ញាក់ផ្អើលមួយ ដោយសារ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១១ ក្នុងឱកាស ធ្វើពិធីសម្ពោធ ដាក់បញ្ចាំងរឿង “ព្រះនាងព្រិលស” ដែលប្រព្រឹត្តទៅ នៅរោងភាពយន្ត លុច្ស អ្នក ចូលរួម ក្នុងពិធីនោះ បានឮ ការប្រកាសរបស់ ពិធីករម្នាក់ និយាយចំពោះ មុខភ្ញៀវចូលរួម ទាំងអស់ថា ញឹម ចាន់ថន ជាតារាសិចស៊ី តែបើមុខវិញ មើលមិនយល់ ។ គេមិនដឹងថា នោះជាការ និយាយលេងសើច ឬ ចំអកឡកឡាយឱ្យ ញឹម ចាន់ថន ? ចំណែក ញឹម ចាន់ថន វិញ បានប្រាប់ថា នាងកំពុងតែ ថែទាំ រូបរាងឱ្យស្អាត ដើម្បីឆាប់បានប្តី ។

ជួបជាមួយ ញឹម ចាន់ថន តាមទូរស័ព្ទ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១១ នាងបាននិយាយ រ៉ាយរ៉ាប់ប្រាប់ថា នាងមិនមានការ អាក់អន់ចិត្តអ្វីទេ ចំពោះការដែលគេ និយាយថា មុខនាង មើល មិនបាននោះ ព្រោះពិធីករ ដែលបាននិយាយ នាពេលនោះ ក៏ គ្មានបំណង បន្តុះបង្អាប់ចំពោះ នាងដែរ ផ្ទុយទៅវិញគឺ គេមានបំណងល្អ ជាមួយនាង ដោយចង់និយាយ ចំអែចំអន់ រូប នាងលេងប៉ុណ្ណោះ សំខាន់ក្នុងនោះ គឺពិធីករម្នាក់នោះ គេនិយាយឱ្យ នាងថា សម្តែងក្នុងរឿង “ព្រះនាងព្រិលស” ធ្វើជាតួមេអាប ធ្មប់ បើមើលទៅ រាងសិចស៊ី អស់ទាស់ តែបើមើលមុខវិញ គឺ មើលមិនយល់ ។ ការពិតគឺ ដូច្នោះមែន ពេលតែងមុខមាត់ ជាតួស្រីមេធ្មប់ ខ្លួននាងផ្ទាល់ បានទទួលស្គាល់ថា អាក្រក់មើលមែន ហើយធម្មតាទេ តួមេធ្មប់មិនដែល មុខល្អទេ បើមុខល្អស្អាត លែង សមជាតួ មេធ្មប់ហើយ ។ នាងបានបង្ហាញនូវ ទឹកចិត្តរីករាយ ពេលដឹងថា មានគេ ចាប់អារម្មណ៍ លើរូបនាង ដែលចេះសម្តែង បានសម ពិសេសចំពោះការ ដែលមានគេ សរសើរថា ប៉ិនប្រសប់ធ្វើឆ្កួត ។

ញឹម ចាន់ថន ជាតារាសិចស៊ី ក្នុងរឿង “ព្រះនាងព្រិលស” បានបង្ហើបឱ្យដឹងថា ពេលនេះនាង កំពុងតែសម្រករាង ឱ្យមកនៅត្រឹម ៥០គីឡូក្រាម គឺស្រកបាន ២ គីឡូក្រាម ។ នាងនិយាយ បែបលេងសើច ប្រាប់ថា “ខំថែរាង ឱ្យស្អាត ដើម្បីឆាប់បានប្តី(និយាយផង សើចផង)” ។ រួចហើយនាង ក៏ប្តូរសម្តីវិញថា នាងមិនទៅខ្វល់ ពីរឿងអ្នកណា ស្រឡាញ់ ឬ មិនស្រឡាញ់ រូបនាង ទេ ព្រោះធ្លាប់មាន មេរៀនជូរចត់ ក្នុងជីវិត រួចទៅហើយ សំខាន់រូបនាង ជាមនុស្សម្នាក់ ត្រង់បំផុត ។

ញឹម ចាន់ថន ពីមុននាងត្រឹមតែ ជាអ្នក ចម្រៀងប៉ុណ្ណោះ ក្រោយមក ក៏ត្រូវបានគេហៅ ឱ្យចូលថត វីដេអូ បន្តបន្ទាប់ ដែលសរុប មកទល់ពេលនេះ នាងថតសម្តែង បានជាង ១០ រឿងហើយ ដោយក្នុងនោះ បើទោះជា មិនបាន ធ្វើជាតួឯក ក៏នាងបាន សម្តែងជាតួអង្គ កាចឆ្នាសក៏មាន តួស្លូតក៏មាន តួកំប្លែង ក៏មាន តួធ្មប់ក៏មាន… ។

រូបរាងសិចស៊ីរបស់ ញឹម ចាន់ថន ពិសេស ដើមទ្រូងនាង ដែលទាក់ទាញ អារម្មណ៍គេ គ្រប់គ្នានោះ ត្រូវបាននាង អះអាងថា មិនបានកែច្នៃ សោះឡើយ ពោលគឺជា អំណោយផលពី ធម្មជាតិ សុទ្ធសាធ ។ នាង ទទួលស្គាល់ថា បើច្រមុះនាង មានកែមែន ។ អ្វីដែលកាន់តែ ធ្វើឱ្យគេមាន ការចាប់អារម្មណ៍ លើរូបនាង ថែមទៀតនោះ គឺកាលពីរាត្រីថ្ងៃទី ២០ កញ្ញា ២០១១ ក្នុងកម្មវិធី អាណាចក្រតារា ដែលរៀបចំនៅឯ វិមានកាណាឌីយ៉ា ញឹម ចាន់ថន បានបង្ហាញខ្លួន ជាមួយនឹងរ៉ូបខ្លី ពណ៌ទឹកក្រូច ត្រឹមភ្លៅ បញ្ចោញ នូវខោក្នុង ពណ៌ខ្មៅ និង បង្អួតដើមទ្រូង ដ៏សិចស៊ី របស់នាង ធ្វើឱ្យអ្នក ដែលបានឃើញនាង នាពេលនោះ ចាប់អារម្មណ៍តាមមើល នាងស្ទើរភ្លឹក ។

នាងមិនទាន់ រកឃើញស្នេហ៍ថ្មី នៅឡើយ ក្រោយពីបែកបាក់ គូស្នេហ៍ចាស់ ។ នាងប្រាប់ថា មានគេសួរចិត្តដែរ តែទាស់ត្រង់នាង មិនទាន់ចង់បាន ពិសេស របួសបេះដូង មិនទាន់សះស្បើយ នៅឡើយ ។ ដូចសម្តីនាងមែន កន្លងទៅនេះ គេមិនឃើញនាង ដើរជាមួយមនុស្ស ប្រុសសោះ តែបែរជាឃើញ ដើរជាមួយ មនុស្សស្រីដូចគ្នា រហូតនាំគ្នា ចូលកម្សាន្តក្នុង ក្លឹបពេលយប់ ធ្វើឱ្យមានការ លេចឮពាក្យ ចចាមអារ៉ាមថា នាងស្រឡាញ់ ស្រីដូចគ្នា ។ ក្នុងបញ្ហានោះ នាងបានបដិសេធ រួចហើយ និង និយាយ ថា “កាលនោះ ព្រោះតែអផ្សុក ទើបនាំមិត្តភក្តិ ចូលក្លឹបកម្សាន្ត តែឥឡូវមិនសូវ បានចូលក្លឹបកម្សាន្ត ញ្ញឹកញ្ញាប់ឡើយ គឺយូរៗទើបចូល ទៅលេងម្តង” ៕

“​បំបាត់​” ជំងឺ​៩ប្រភេទដែល​ស្ត្រី​តែង​ជួបប្រទះ

ដោយ : រតនៈ
ថ្ងៃទី 12 តុលា 2011
CEN

ភ្នំពេញ: អ្នកជំនាញការ​បាន​ស្ថិតិ​​ជំងឺ​ទូទៅ​៩​ប្រភេទ​ដែល​ស្ត្រី​តែង​ជួប ប្រទះ​ក្នុង​ជីវិត​របស់​ខ្លួន ។ ហើយ​ដើម្បី​បន្ថយ​គ្រោះថ្នាក់​ពី​ជំងឺ​ទាំងនោះ ស្ត្រី​គួរស្វែង​យល់​នូវ​គំនិត​ផ្តួចផ្តើម​ខាងក្រោម​នេះ ។​

​ ​រដូវ​ពិបាក​ទ្រាំ​ ៖ ផឹក​ទឹកដោះគោក្តៅ​, បន្ថែម​ទឹកឃ្មុំ
​ ​ក្នុង​ពេល​មក​រដូវ មាន​ស្ត្រី​មិន​តិច​ឡើយ​ដែល​បាន​ជួប​នូវ​រោគសញ្ញាឈឺពោះ​ខាងក្រោម​, អស់កម្លាំង​, ច្របូកច្របល់​ដំណេក​, សភាព​ចិត្តគំនិត​មិន ស្រួលបួល និង ​ អា​ការៈផ្សេងៗ​ទៀត​… ដើម្បី​ជួយ​ស្ត្រី​បន្ថយ​អប្បបរមា​រោគ សញ្ញា​ទាំងនេះ ពួក​អ្នកជំនាញការ​ផ្នែក​សម្ភ​ព និង​រោគ​ស្ត្រី​បាន​ផ្តល់​ការ​ទូន្មាន​ថា ក្នុងពេល​មាន​រដូវ មុន​ចូល​ដំណេក​រាល់​យប់ ស្ត្រី​គួរ​ផឹក​ទឹកដោះគោក្តៅ​មួយ​កែវ អាច​លាយ​បន្ថែម​ទឹកឃ្មុំ ។ វិធី​នេះ​ជួយ​ធ្វើឱ្យ​ឈាម​រត់​ស្រួល​, បន្ថយ​ឈឺពោះ ធ្វើឱ្យ​ធូរចិត្ត និង​ទប់ស្កាត់​ការឆ្លង​មេរោគ ។ ម៉ាញ៉េស្យូ​មមាន​ក្នុង​ទឹកឃ្មុំ អាចជួយ​ស្ត្រី​រក្សា​បាន​ភាពនឹងនរ​, បន្ថយ​ភាព​តានតឹង និង​សម្ពាធ​ក្នុង​បណ្តា​ថ្ងៃ​ពិបាក​ទ្រាំ​នេះ ។​

​ ​ឈឺពោះ​ពេល​មក​រដូវ​ ៖ បរិភោគ​ចេក​មួយ​ផ្លែ
​ ​ចេក​សម្បូរ​វីតាមីន B6 រួមចំណែក​រក្សា​ឱ្យ​ប្រព័ន្ធ​សរសៃប្រសាទរបស់​ស្ត្រី​បាន​ស្ថេភាព ពិសេស​គឺ​ពេល​ឈឺពោះ​រដូវ ។ ក្រៅពី​នេះ​បរិភោគចេក​នៅ​ជា​វិធានការ​កែប្រែ​ដំណេក​ឱ្យ​ប្រសើរ​ឡើង​យ៉ាង​ប្រសិទ្ធភាព ។​

​ ​ឈឺ​មួយ​ចំហៀង​ក្បាល​ ៖ បរិភោគ​អាហារ​មាន​ផ្ទុក​ម៉ាញ៉េ​ស្យូម
​ ​ស្ត្រី​ក្នុង​វ័យ​បង្កើតកូន ពិសេស​គឺ​អ្នក​ធ្វើការ​ពាក់ព័ន្ធ​ច្រើន​ដល់​ខួរក្បាល តែង​ត្រូវ​ឈឺ​មួយ​ចំហៀង​ក្បាល ។ ការស្រាវជ្រាវ​បង្ហាញថា អ្នកជំងឺ​មួយចំនួនគឺ​បណ្តាល​ពី​បរិមាណ​ម៉ាញ៉េស្យូម​ក្នុងឈាម​ទាប ។ របប​ទទួលទាន​មួយ​សម្បូរម៉ាញ៉េស្យូ​មមាន​នៅក្នុង ពពួកអា​ហារ​ដូចជា សណ្តែក​, ចេក​, ពពួក​គ្រាប់ និង​គ្រឿង សមុទ្រ អាច​ធ្វើឱ្យ​ថយចុះ​ការចាប់ផ្តើម​របស់​អាការៈ​ឈឺ​មួយ​ចំហៀង​ក្បាល ។​

​ ​សោកសៅ​ ៖ បរិភោគ​ត្រី
​ ​ដោយសារ​ឥទ្ធិពល​របស់​ការប្រែប្រួល​អ័រម៉ូន ស្ត្រី​មាន​លទ្ធភាព​ធ្លាក់ទៅ​ក្នុង​ភាព​សោកសៅ​ខ្ពស់ជាង ​ប្រៀប​នឹង​បុរស ។ ការស្រាវជ្រាវ​បង្ហាញថា បរិភោគ​ត្រី និង​ពពួក​អាស៊ីត​ខ្លាញ់​ផ្សេងៗ​សម្បូរ Omega 3 ជាប្រចាំ អាចជួយ​បន្ថយ​ភាព​សោកសៅ​នៅ​ស្ត្រី ឬ​ធ្វើឱ្យ​ថយ​ចុះ​អត្រា​កើត​ជំងឺ​សោកសៅ ។​

​ ​បរិមាណ estrogen ថយចុះ​: បរិភោគ​អាហារ​អំពី​សណ្តែកសៀង​
​ ​Estrogen ជា​អ័រម៉ូន​ភេទស្ត្រី​សំខាន់​ក្នុង​សរីរាង្គ ។ ពេល​បរិមាណ estrogen ក្នុង​ឈាម​នៅក្រោម​កម្រិត​ធម្មតា នឹង​ធ្វើឱ្យ​សមត្ថកិច្ច​បង្កើតកូនរ​បស់​ស្ត្រី និង​សមត្ថកិច្ច​ផ្លូវភេទ​ត្រូវ​រង​ឥទ្ធិពល និង​ថែម​ទាំង “​គំរាមកំហែង​” ភាពសុវត្ថិភាព​របស់​បេះដូង ។ ពពួក isoflavone មាន​ក្នុង​សណ្តែកសៀង ជា​សារជាតិ estrogen មួយ​, អាច​បំពេញ​ឱ្យ​ការខ្វះ estrogen ក្នុង​សរីរាង្គ ។ ទឹក ៥០០ ml ទឹក​សណ្តែក ឬ​បរិភោគ​ច្រើនជាង ១០០g ផលិតផល​សណ្តែកសៀង​នឹងមាន​ប្រសិទ្ធភាព​សម្រួល​សមត្ថកិច្ច​អ័រម៉ូន ដើម្បី​ជំរុញ estrogen ត្រឡប់​ទៅកម្រិត​ធម្មតា​វិញ ។​

​ ​រលាក​ទ្វារមាស​, ផ្សិត​ទ្វារមាស​ ៖ បរិភោគ​ខ្ទឹមស​
​ ​បរិភោគ​ខ្ទឹមស​ជាប្រចាំ ជា​វិធី​ដែល​ស្ត្រី​ជាច្រើន​ជ្រើសរើស​ដើម្បីបញ្ចៀស​ត្រូវ​រលាក​ទ្វារមាស​ដោយសារ​ផ្សិត ។ ព្រោះថា ខ្ទឹមស​សម្បូរ allicin និង​សារជាតិ​ផ្សេងៗ​ដូចជា​ស្ពាន់ធ័រ សារជាតិ​សម្លាប់​មេរោគ​ធម្មជាតិ … មាន​ឥទ្ធិពល​កម្ចាត់​មេរោគ​ខ្លាំង​, រារាំង​ផ្សិត Candida ក្នុង​ទ្វារមាស​កើន​ហួស កម្រិត​និង​បង្ក​ការ​រលាក ។​

​ ​មហារីក​រោគ​ស្ត្រី​ ៖ បរិភោគ​ផ្លែឈើ​និង​បន្លែ​ពណ៌​ក្រហម​ច្រើន​
​ ​ផ្លែ​ប៉ោម​ក្រហម​, ម្ទេស​ក្រហម ពពួក​ផ្លែឈើ​ពណ៌​ក្រហម​ផ្សេងៗ​មានផ្ទុក​សមាស ធាតុ​គីមី​រុក្ខជាតិ​ធម្មជាតិ​មួយ មាន​ប្រសិទ្ធភាព​ក្នុង​ការរារាំង​ការ​កើនឡើង​របស់​កោសិកា​មហារីក​ខាង​រោគ​ស្ត្រី ហើយ​អាស្រ័យហេតុនេះ​មាន​តួនាទីមួយ​ក្នុង​ការបង្ការ​ប្រឆាំង​មហារីក​រោគ​ស្ត្រី ។​

​មហារីក​ដៃ​ស្បូនៈ បរិភោគ​អាហារ​សម្បូរ​កាល់ស្យូម
​ ​ការស្រាវជ្រាវ​ជា​ច្រើន​បង្ហាញថា ស្ត្រី​បំពេញ​គ្រប់​បរិមាណ​កាល់ស្យូម ឱ្យ​សរីរាង្គ​នេះ​នឹង​ថយ​ចុះ​គ្រោះថ្នាក់​មហារីក​ដៃ​ស្បូន​ដល់​ទៅ​៥៤​ភាគរយ ។ អាស្រ័យហេតុនេះ ស្ត្រី​គួរ​យកចិត្តទុកដាក់​ប្រភេទ​អាហារ​សម្បូរ​កាល់ស្យូម ពិសេស​គឺ​ស្ត្រី​ក្រោយ​អស់​រដូវ និង​ស្ត្រី​ចំណាស់ ។ រាល់ថ្ងៃ​បរិភោគ​កាល់ស្យូម ត្រូវ​បំពេញ​បន្ថែម​គឺ​១០០០mg ។ ស្ត្រី​អាចបំពេញ​កាល់ស្យូម​ពី​ទឹកដោះគោ ផលិតផល​សណ្តែកសៀង, បង្គា​ក្រៀម, ត្រី សារាយ​សមុទ្រ …៕

វិធីដោះស្រាយបញ្ហានៅលើគ្រែ

Written by ភ្នំពេញដេលីញូវ
Thursday, 13 October 2011

បញ្ហាផ្លូវភេទ ជារឿងរបស់ មនុស្សពីរនាក់ ដែលត្រូវដោះដូរ ជជែកគ្នាដើម្បី រកដំណោះស្រាយ រួមមួយប្រសិនបើ កិច្ចដំណើរការ លើគ្រែនោះ មិនបានផ្តល់ សេចក្តីសុខស្រួល ឱ្យគ្នា ដោយសារតែ មូលហេតុផ្សេងៗ ដែលអាចកើត មានឡើង ។

១- រកមូលហេតុ ឱ្យឃើញជាមុនសិន
ប្រសិនបើ រាងកាយយើង មិនសម្តែងអាការ ឆ្លើយតបវិញ ចំពោះការថ្នាក់ថ្នម បបោសអង្អែលពី ដៃគូទេនោះ វាមិនមែនសុទ្ធតែ មានន័យថា បណ្តាលមកពី ការឈឺថ្កាត់ មួយមុខប៉ុណ្ណោះទេ ជួនកាលវាអាច បណ្តាលមកពី ភាពតានតឹង ក្នុងអារម្មណ៍ ។ ហេតុនេះ ត្រូវងាកមកមើល បញ្ហារបស់អ្នក ឡើងវិញ ហើយស្រាវជ្រាវរក ឱ្យឃើញថា តើវាកើតមកពី មូលហេតុអ្វី ? ពេលខ្លះអ្នកអាច ដឹងថា បញ្ហាកើតពីអ្វី ប៉ុន្តែពេលខ្លះទៀត ដឹងដែរតែមិនព្រម ទទួលស្គាល់ ។ ដូច្នេះ បើបានដឹងពី មូលហេតុ ហើយនោះ ត្រូវព្យាយាម ដោះស្រាយរួមគ្នា ឱ្យបានកាន់តែលឿន កាន់តែប្រសើរ ។

២- សហការជួយគ្នា ដោះស្រាយ
គូស្នេហ៍ទាំងពីរនាក់ គប្បីបើកចិត្តឱ្យ ទូលាយជជែកគ្នា ពិគ្រោះគ្នាដើម្បីរក មូលហេតុពិត ដែលធ្វើឱ្យអ្នកមាន អារម្មណ៍ មិនសប្បាយចិត្ត ឬអស់អារម្មណ៍ ។ ការពិគ្រោះគ្នា ដោយមិន បន្ទោសទៅលើ ភាគីណាម្ខាងៗ អាចធ្វើឱ្យអ្នក រកឃើញ ឫសគល់នៃ បញ្ហា ។ ប្រសិនបើរកឃើញ ហើយ ច្បាស់ណាស់ថា អ្នកនឹងកាត់បន្ថយ ក្តីកង្វល់បានជាង ពាក់កណ្តាល ពីព្រោះអ្នកនឹងរក វិធីដោះស្រាយ វាបាន ។ ប្រសិនបើ ដំណោះស្រាយ ជួបការលំបាក អ្នកក៏នៅមានផ្លូវ ជួយគ្នា គិតថា ត្រូវធ្វើយ៉ាងណា កុំឱ្យមាន បញ្ហារីករាលដាល តទៅទៀត ។

៣- យល់ពីសារសំខាន់ របស់សិចដែល មានចំពោះដៃគូ
ដោយសារតែ យើងជាស្ត្រីខ្មែរ ក៏តែងមាន គំនិតគិតថា រឿងសិចចង់មាន ក៏បាន មិនមាន ក៏បាន ប៉ុន្តែសុំឱ្យតែបាន រស់នៅជាមួយមនុស្ស ដែលខ្លួនស្រឡាញ់ បានមើលថែ មនុស្សដែល ខ្លួនស្រឡាញ់ ក៏ជាការ គ្រប់គ្រាន់ហើយ ។ ប៉ុន្តែសម្រាប់ បុរសវិញ សិចជារឿង សំខាន់ ខ្លាំងណាស់ ដោយសារវាជា តម្រូវការមូលដ្ឋាន របស់បុរស ។ ការដែលគេបាន ដល់ចំណុចកំពូល នឹងធ្វើឱ្យគេមាន អារម្មណ៍ថា បានធូរស្បើយ ក្នុងអារម្មណ៍ ស្រឡះមុខ ស្រឡះមាត់ ។ អ្នកត្រូវ គិតថា ហេតុអ្វីបានជា បុរសខ្លះមាន ប្រពន្ធហើយ នៅតែឆ្លៀត ទៅរកស្រី ខាងក្រៅទៀត ។ ចម្លើយមិនពិបាក យល់ទេ គឺដោយសារតែ ភរិយារបស់គេ មិនព្រមឱ្យ រួមដំណេក ជាមួយ ឬក៏ព្រម ទាំងអារម្មណ៍ ទើសទាល់ ។ អ្នកខ្លះប្រាប់ថា មួយខែរួមដំណេក ត្រឹមតែ ១-២ ដង ក៏ធ្វើឱ្យ គេត្រូវ ចេញទៅរក សេវាខាងក្រៅ ។ ប៉ុន្តែការរួមរស់ ជាមួយគ្នាជា ប្តី-ប្រពន្ធ ត្រូវជជែកគ្នាឱ្យ យល់ថា តើខ្លួនមានតម្រូវ ការប៉ុនណា មិនបាច់ច្រើនជ្រុល ប៉ុន្តែក៏សុំឱ្យល្មម ដែលអាចឱ្យភាគី ប្រុស ទទួលយកបាន ។ បើអ្នកមិនសូវ មានសិចសោះ ឬអ្នកព្រងើយ កន្តើយចំពោះតម្រូវការ របស់ប្រុសស្នេហ៍ ច្បាស់ណាស់ថា គេនឹងទៅរក សេវាក្រៅហើយ ។

៤- ស្គាល់ពីធម្មជាតិរបស់សិច
ការសសៀរឡើងគ្រែ ដោយបំណងឱ្យ អវយវៈរបស់គេ ឡើងរឹង ឬ អវយវភេទរបស់អ្នក សើមទៅដោយ ទឹករំអិល ភ្លាមៗនោះមិនអាច កើតមានបានឡើយ ពីព្រោះវាកើតមាន តែនៅក្នុងភាពយន្ត ក្តៅសាច់ប៉ុណ្ណោះ ។ ដូច្នេះអ្វីដែលអ្នក គួរតែបំពេញគឺ អ្នក ទាំងពីរត្រូវ នៅលើគ្រែជាមួយគ្នា ទាំង សម្លៀកបំពាក់ នែបនិត្យគ្នា បបោសអង្អែល ឱ្យគ្នាទៅវិញទៅមក ដើម្បីរំសាយ ភាពតានតឹង ក្នុងអារម្មណ៍ ។ ដោយចាប់ផ្តើម ពីដើម-ក រួចទើបប្រឡេះ ឡេវអាវឡេវខោ ម្តងមួយៗ ។ ពេលខ្លះ អ្នកទាំងពីរអាច ប្រើវិធី ងូតទឹកក្តៅឧណ្ហៗ ជាមួយគ្នា បណ្តោយ ទុកឱ្យពេលវេលា ជាអ្នកជួយដោះ ភារៈក្តីកង្វល់ មុននឹងអ្នកទាំងពីរ ចាប់ផ្តើមលេង ធៀរផេលាយ ជាមួយគ្នាយ៉ាង ពុះកញ្ជ្រោល ។

៥- សម្លឹងមើលខ្លួនឯងវិញ
ការបំពេញចិត្ត បំពេញអារម្មណ៍ ប្រុសស្នេហ៍ ចំពោះអ្វី ដែលអ្នកមិនចង់ ហើយធ្វើគ្រាន់តែ បំពេញចិត្តឱ្យគេនោះ អ្នកជាភាគី ទទួលការមិនពេញចិត្ត ដោយខ្លួនឯង ។ ដូច្នេះមិនចាំបាច់ ព្យាយាមមាន សិចជាមួយគេ ព្រោះតែចង់ឱ្យគេ មានសេចក្តី សុខ ស្រួល ក្នុងពេលដែលអ្នក គ្មានអារម្មណ៍ ចង់ធ្វើឡើយ ។ ក្នុងពេលនោះ អ្នកមិនអាច សង្ឃឹមថា រាងកាយរបស់អ្នក តបស្នង ឬពុះកញ្ជ្រោល បានល្អទេ ។ ហើយនៅទីបំផុត ទាំងអ្នក និង គេក៏អាចត្រូវ អស់អារម្មណ៍ ទាំងពីរនាក់ ។ បានសេចក្តីថា ពេលខ្លះ យើងត្រូវការ ឬចង់បានត្រឹម នៅជិតគ្នា ឱបថើប សម្តែងក្តីស្រឡាញ់ ក្តីបារម្ភផ្សេងៗ ដោយមិនចាំបាច់ មានសិចចូល មកពាក់ព័ន្ធ ។ ចូរប្រាប់ទៅគេ ត្រង់ៗថា អ្នកចង់ឱបគេ ទុកក្បែរខ្លួន មិនមែនដើម្បី ដាស់អារម្មណ៍ ហើយឈានទៅ ដល់ការមាន សិច ឡើយ ។

៦- ពិគ្រោះជាមួយ អ្នកជំនាញពិត
រឿងខ្លះដែលបាន កើតឡើងហើយជារឿង ដែលមិនអាច ព្យាបាល ឬដោះស្រាយ ដោយខ្លួនឯង បានទេ អ្នកគួរតែទៅ ពិគ្រោះជាមួយ អ្នកដែលមាន ជំនាញពិត ប្រសើរជាងចេះតែ សន្និដ្ឋានថាខ្លួនឯង ប្រហែលជាកើត អ៊ីចេះកើតអ៊ីចុះ ជាពិសេស ដំណើរ ខុសប្រក្រតី ខាងផ្លូវកាយ ឬផ្លូវភេទ ដែលមានលក្ខណៈ ស្មុគស្មាញខ្លាំង ។ ដូច្នេះដើម្បីការពារ និង បង្ការកុំឱ្យបញ្ហា ខាងលើកាន់តែ រីករាលដាល ពីមួយថ្ងៃ ទៅមួយថ្ងៃ ចូរធ្វើចិត្ត ឱ្យក្លាហាន រួចដើរតម្រង់ ទៅរកគ្រូពេទ្យ ដែលជំនាញច្បាស់ ពិតទើបជាការ ប្រពៃ ។ រឿងខ្លះអាការខ្លះ ត្រឹមតែសួរមិត្តភក្តិ ឬអ្នកដែលមានបទ ពិសោធសិច ជោកជាំ ជួនកាលអ្នកអស់ ទាំងនោះ ក៏មិនដឹង ដែរថាអ្នកកើតអី និង ត្រូវកែខៃដោយ វិធីណាដែរ ពីព្រោះពួកគេ មិនដែលកើត បញ្ហាដូចអ្នក ៕

សមាជិក​ព្រឹទ្ធសភា និង​ថ្នាក់​ដឹកនាំ​គណបក្ស​សមរង្ស៊ី ខេត្ត​កំពង់ចាម ១០ រូបចុះចូល​គណបក្ស​សិទ្ធិមនុស្ស

ដោយ លី ម៉េងហួរ
ថ្ងៃ អង្គារ 11 តុលា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ ​លី ម៉េងហួរ​​ ពី​ទីក្រុង​ភ្នំពេញ (02:26)

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ សមាជិក​ព្រឹទ្ធសភា​ម្នាក់ និង​ថ្នាក់ដឹកនាំ​តាម​ស្រុក​នានា របស់​គណបក្ស​សម​រង្ស៊ី ប្រចាំ​ខេត្ត​កំពង់ចាម ចំនួន ៩ រូប ផ្សេងទៀត បានប្រកាស​ចូលរួម​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស របស់លោក កឹម សុខា។ អ្នកនយោបាយ​ទាំង ១០ រូបនោះ ទើបតែ​ត្រូវបាន​គណបក្ស​សមរង្ស៊ី សម្រេច​លុបឈ្មោះ ចេញ​ពី​បញ្ជី​គណបក្ស កាលពី​ថ្ងៃ​ទី​៧​តុលា។ គណបក្ស​សមរង្ស៊ី ចាត់ទុកថា នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី ដែល​គណបក្ស​កាន់អំណាច ប្រើប្រាស់ ដើម្បី​បំបែក​សម្លេង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។

លោក ​វ៉ាន់ ស៊ីវឿន (ឆ្វេង) សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ក្នុង​ពិធី​បង្ហាញខ្លួន ចូលក្នុង​គណបក្ស​សិទ្ធិមនុស្ស​ នៅព្រឹកថ្ងៃ​ទី១១តុលា ឆ្នាំ​២០១១ (©លី ម៉េងហួរ)

លោក វ៉ាន់ ស៊ីវឿន (ឆ្វេង) សមាជិក ព្រឹទ្ធសភា គណបក្ស សមរង្ស៊ី ក្នុង ពិធី បង្ហាញខ្លួន ចូលក្នុង គណបក្ស សិទ្ធិមនុស្ស នៅព្រឹកថ្ងៃ ទី១១តុលា ឆ្នាំ ២០១១ (©លី ម៉េងហួរ)

សមាជិក​គណបក្ស​សម​រង្ស៊ី​ទាំង ១០ រូបនោះ ត្រូវបាន លោក ម៉ៅ មុនីវណ្ណ អនុប្រធាន​គណបក្ស​សិទ្ធិមនុស្ស ទទួល​ស្វាគម។ ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី​ទាំង​១០ រូប ដែល​បាន​បង្ហាញ​មុខ ក្នុង​សន្និសីទ​អ្នកកាសែត នៅ​ព្រឹក​ថ្ងៃទី​១១​តុលា ឆ្នាំ​២០១១ មិន​មាន​លោក តុ វ៉ាន់​ចាន់ សមាជិក​រដ្ឋសភា​គណ​បក្ស​សមរង្ស៊ី ដែល​ទើបតែ​លុបឈ្មោះ​ឡើយ។ ថ្នាក់ដឹកនាំ​ទាំង ១០ រូបនោះ រួមមាន លោក វ៉ាន់ ស៊ីវឿន សមាជិក​ព្រឹទ្ធសភា និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម របស់​គណបក្ស​សម​រង្ស៊ី ព្រមទាំង​ប្រធាន​គណបក្ស​សមរង្ស៊ី ប្រចាំ​ស្រុក​ជាច្រើន នៅ​ខេត្ត​កំពង់ចាម។

លោក ម៉ៅ មុនីវណ្ណ អនុប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អតីត​ប្រធាន​គណបក្ស​សមរង្ស៊ី ប្រចាំ​ខេត្ត​កំពង់ចាម បាន​ហៅ​ការសម្រេចចិត្ត​ចូលមក​ក្នុង​គណបក្ស​សិទ្ធិមនុស្ស​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី​ពេលនេះ ថា​ធ្វើ​ឡើង តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ជំរុញ​ឲ្យ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​រួមគ្នា ដើម្បី​ក្លាយជា​ចលនា​ប្រជាធិបតេយ្យ​មួយ​ដ៏​ធំ ឲ្យមាន​ការផ្លាស់ប្តូរ​មេដឹកនាំ​ទៅ​អនាគត ឲ្យបាន​ជោគជ័យ។

ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី​ទាំង ១០ រូប ដែល​បាន​ចូលរួម​ក្នុង​គណបក្ស​សិទ្ធិមនុស្ស បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា ដោយ​រិះគន់​ចំពោះ​នយោបាយ​របស់​គណបក្ស​សមរង្ស៊ី ហើយ​ថា គណបក្ស​សមរង្ស៊ី ដែល​តាំងខ្លួន​ជា​គណបក្ស​ប្រជាធិបតេយ្យ​ពេលនេះ ក្លាយ​ជា​គណបក្ស​ផ្តាច់ការ និង​បម្រើ​តែ​ផលប្រយោជន៍​ថ្នាក់ដឹកនាំ ២-៣ គ្រួសារ​ប៉ុណ្ណោះ។

ក៏​ប៉ុន្តែ​លោក គឹម​សួរ ភិរិទ្ធ អ្នកនាំពាក្យរង​របស់​គណបក្ស​សមរង្ស៊ី មើល​មិនឃើញ ចលនា​បង្រួបបង្រួម​របស់​គណ​បក្ស​សិទ្ធិ​មនុស្ស​ទេ តែ​លោក​ចាត់​ទុក​ការចាកចេញ​ពី​គណបក្ស​សមរង្ស៊ី ទៅ​ចូលរួម​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​ពេលនេះ ថា​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់អំណាច ដើម្បី​ជួយ​ឲ្យ​គណបក្ស​សិទ្ធិមនុស្ស ទាញ​យក​ប្រជាប្រិយភាព​ពី​គណបក្ស​សមរង្ស៊ី​ប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ទី​៧​តុលា ឆ្នាំ​២០១១ គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សម​រង្ស៊ី បាន​សម្រេច​លុបឈ្មោះ លោក វ៉ាន់ ស៊ី​វឿន សមាជិក​ព្រឹទ្ធសភា និង​លោក តុ វ៉ាន់​ចាន់ សមាជិក​រដ្ឋសភា ចេញ​ពី​បញ្ជី​គណបក្ស​សមរង្ស៊ី ព្រមទាំង​សមាជិក​គណបក្ស​សម​រង្ស៊ីជាច្រើននាក់​ផ្សេងទៀត នៅ​ខេត្ត​កំពង់ចាម ដែល​បាន​មក​ចូលរួម​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស នៅថ្ងៃអង្គារនេះ។

ក្រោយ​ពី​ចាកចេញ​ពី​គណបក្ស​សមរង្ស៊ី ទៅ​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី​២៣​មីនា ឆ្នាំ​២០១១ លោក ម៉ៅ មុនី​វណ្ណ បាន​ដឹកនាំ​សកម្មជន​ថ្នាក់​ខេត្ត​កំពង់ចាម និង​ខេត្តពោធិ៍សាត់​របស់​គណ​បក្ស​សមរង្ស៊ី សរុប​ប្រមាណ​ជាង ២០ នាក់ ចេញពី​គណបក្ស​សមរង្ស៊ី ទៅ​ចូលរួម​នយោបាយ​ជា​បន្តបន្ទាប់​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម​សុខា៕

សមាជិក​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​បក្ស​សម​រង្ស៊ី​បាន​ចូល​ជា​មួយ​គណបក្ស​សិទ្ធិ​មនុស្ស

អង្គារ 11 តុលា 2011
មាស​ មុន្នី
ទស្សនាវដ្តីសារព័ត៌មានសេរី

ដោយ​ពុំ​មាន​វត្តមាន​​លោក តុ វ៉ាន់ចាន់ អ្នក​តំណាង​រាស្រ្ដ​ប្រចាំ​ខេត្ត ​តា​កែវ របស់ គណបក្ស​គណបក្ស​សម​រង្ស៊ី ដែល​ទើប​ត្រូវ​បាន​បណ្ដេញ​ចេញ​នោះ ដោយ​ឡែក​នៅ​ព្រឹក​មិញ​​នេះ​យ៉ាង​ហោច​ណាស់​មាន​សមាជិក​ថ្នាក់​មូលដ្ឋាន ពី​ខេត្ត កំពង់​ចាម​១០នាក់ ដែល​ឈ្មោះ​របស់​គេ​ត្រូវ​បាន​លប់​ចេញ​ពី​បក្ស​ប្រឆាំង​នេះ បាន​ចូល​រួម​ជា​មួយ​គណបក្ស​សិទ្ធិ​មនុស្ស ដែល​ជា​គណបក្ស​ប្រឆាំង​លំដាប់​ទី​២ ក្នុង​ប្រទេស​កម្ពុជា​។

លោក ម៉ៅ មុន្នីវណ្ណ អនុប្រធានគណបក្សសិទ្ធិមនុស្ស

លោក ម៉ៅ មុន្នីវណ្ណ អនុប្រធានគណបក្សសិទ្ធិមនុស្ស

អ្នក​ទាំង​នោះ​ត្រូវ​បាន​ស្វាគមន៍​ដោយ ដោយ លោក ម៉ៅ មុន្នីវណ្ណ អនុ​ប្រធាន​គណបក្ស​​សិទ្ធិ​មនុស្ស ដែល​ធ្លាប់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​គណបក្ស​សម​រង្ស៊ី​ដែរ។ពួក​គេ​បាន​បាន​រម្លឹក​ប្រាប់​ក្រុម​អ្នក​កាសែត ​​ពី​ការ​តស៊ូ​យូរ​អង្វែង ជា​មួយ​គណបក្ស​សម​រង្ស៊ី ​ដែល​ទី​បំផុត​​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​គណៈ​អចិន្ត្រៃយ៍​របស់​គណបក្ស​នេះ ពី​ជំហរ​​មិន​​នឹង​ន៎ ហើយ​​ត្រូវ​បាន​បណ្ដេញ​ចេញ ។

ការ​ទទួល​យក​សមាជិក​ដែល​មាន​អរិយភាព ទៅ​ចូល​រួម​ជា​មួយ​ខ្លួន វា​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​គឺជា​បុព្វ​ហេតុ​ដែល​ធ្វើ​ឲ្យ​គណបក្ស​នេះ មិន​អាច​រួប​រួម​គ្នា​ជា​គណបក្ស​ប្រឆាំង​តែ​មួយ​បាន ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក ​ប៉ុល ហំម អ្នក​នាំ​ពាក្យ​គណបក្ស​សិទ្ធិ​មនុស្ស​ធ្លាប់​បាន​ថ្លែង​ប្រាប់​​ទស្សនាវដ្ដី​សារព័ត៌មាន​សេរី​កាល​ពី​ពេល​​កន្លង​ទៅ​ថា វា​ជា​សិទ្ធិ​សម្រេច​ខាង​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ ក្នុង​ការ​ដើរ​ចេញ ហើយ​ចូល ​ឬ មិន​ចូល​​រួម​ជា​មួយ​គណបក្ស​ណា​មួយ ៕

អតីត​សមាជិក​ព្រឹទ្ធសភា និង​ថ្នាក់ដឹកនាំ​ គណបក្ស​សមរង្ស៊ី​ ខេត្ត​កំពង់ចាម ១០ រូប ប្រកាស​ចូលរួម​ជាមួយ ​គណបក្ស​សិទ្ធិមនុស្ស​

ដោយ : មុនីរ័ត្ន
ថ្ងៃទី 11 តុលា 2011
CEN

លោក ម៉ៅ មុនី​វណ្ណ អនុប្រធាន​គណបក្ស​សិទ្ធិមនុស្ស (រូប​ខាងឆ្វេង) និង​លោក វ៉ាន់ ស៊ី​វឿន អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី (រូប​ខាងស្តាំ) ក្នុង​ពិធី​បង្ហាញ​មក ចូលរួម​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស កាលពី​ព្រឹក​ថ្ងៃទី​១១​តុលា ឆ្នាំ​២០១១៕​

លោក ម៉ៅ មុនី វណ្ណ អនុប្រធាន គណបក្ស សិទ្ធិមនុស្ស (រូប ខាងឆ្វេង) និង លោក វ៉ាន់ ស៊ី វឿន អតីត សមាជិក ព្រឹទ្ធសភា គណបក្ស សមរង្ស៊ី (រូប ខាងស្តាំ) ក្នុង ពិធី បង្ហាញ មក ចូលរួម ជាមួយ គណបក្ស សិទ្ធិមនុស្ស កាលពី ព្រឹក ថ្ងៃទី ១១ តុលា ឆ្នាំ ២០១១៕

ភ្នំពេញ: ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី ចំនួន ១០ រូប ដែល​ជា​អតីត​សមាជិក​ព្រឹទ្ធសភា និង​ថ្នាក់ដឹកនាំ​តាម​ស្រុក​នានា របស់​គណបក្ស​សម​រង្ស៊ី ប្រចាំ​ខេត្ត​កំពង់ចាម បានប្រកាស​ចូលរួម​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស នៅ​ព្រឹក​ថ្ងៃទី​១១​តុលា ឆ្នាំ​២០១១​។ ពិធី​ទទួល​សមាជិក​គណបក្ស​សមរង្ស៊ី​ទាំង​នោះ បាន​ធ្វើឡើង នៅ​ទីស្នាក់ការ​គណបក្ស​សិទ្ធិមនុស្ស ដោយ​មាន​លោក ម៉ៅ មុនី​វណ្ណ អនុប្រធាន​គណបក្ស​សិទ្ធិមនុស្ស ជា​អ្នកទទួល​ស្វាគមន៍​។​

​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី ទាំង​១០ រូប ដែល​បាន​បង្ហាញ​មុខ​ដល់​ក្រុមអ្នកកាសែត នៅ​ព្រឹក​នេះ គឺមិនមានឈ្មោះលោក តុ វ៉ាន់ចាន់ សមាជិករដ្ឋសភា​ ដែលគណបក្សសមរង្ស៊ី បានសម្រេចលុបឈ្មោះឡើយ។ អ្នកទាំង១០រូបនោះ រួមមាន​៖

១-​លោក វ៉ាន់ ស៊ី​វឿន ជា​អនុប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម របស់​គណបក្ស​សម​រង្ស៊ី និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​។

២-​លោក ហុក លី​ហាក់ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ត្បូងឃ្មុំ របស់​គណបក្ស​សម​រង្ស៊ី និង​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​។

៣-​លោក ប្រាក់ វណ្ណឌី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​គណបក្ស​សមរង្ស៊ី ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​ក្រុង​កំពង់ចាម​។

៤-​លោក បឿន សុខា ប្រធាន​ក្រុមប្រឹក្សា​ស្រុក​តំបែរ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​។

៥-​លោក អ៊ោម ភ័​ស្តា ប្រធាន​ក្រុមប្រឹក្សា​គណបក្ស​សមរង្ស៊ី ស្រុក​កងមាស និង​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​។

៦-​លោក ជា ប៊ុន​ង៉ាក់ អនុប្រធាន​ក្រុមប្រឹក្សា​ស្រុក​ស្រី​សន្ធរ របស់​គណបក្ស​សម​រង្ស៊ី និង​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​។

៧-​លោក ពុត ចេង អនុប្រធាន​ក្រុមប្រឹក្សា​ស្រុក​ព្រៃឈរ​របស់​គណបក្ស​ស​ម​រង្ស៊ី និង​ជា​ជំទប់​ទី​១​។

៨-​លោក ឃុត ខា ជា​អនុប្រធាន​ក្រុមប្រឹក្សា​ស្រុក​តំបែរ របស់​គណបក្ស​សម​រង្ស៊ី និង​ជា​ជំទប់​ទី​២​។

៩-​លោក ប៉ែន សាត សមាជិក​ក្រុមប្រឹក្សា​ឃុំរ​កាព​ប្រាំ និង​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​។

១០-​លោក លន់ សុខ​ថៃ លេខា​បក្ស​ក្រុមប្រឹក្សា​ស្រុក​កងមាស របស់​គណបក្ស​សម​រង្ស៊ី និង​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​។​

​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី​ទាំង ១០ រូប បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា ដោយ​បាន​លើកឡើង​ពី​ការចូលរួម​តស៊ូ​គ្រប់​សកម្មភាព និង​ចលនា​នយោបាយ​របស់​គ​ណ​បក្ស​សមរង្ស៊ី ចាប់តាំងពី​ថ្ងៃ​បង្កើត​គណបក្ស​ដំបូង និង​បាន​លះបង់​ថវិកា ពេលវេលា រហូត​ដល់​អាយុជីវិត ក្នុង​បំណង​ចម្បង​តែមួយគត់ គឺ​កម្ពុជា​មាន​ការផ្លាស់ប្តូរ មាន​យុត្តិធម៌​សង្គម មាន​នីតិរដ្ឋ និង​រីកចម្រើន ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​។​

​ផ្ទុយទៅវិញ ក្រុម​សកម្មជន​ទាំងនោះ អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​ថា សមិទ្ធផល ដែល​កើតចេញ​ពី​ការលះបង់ ការ​ខំប្រឹងប្រែង និង​អាយុជីវិត រួម​ទាំង​ក្រុម​គ្រួសារ មិន​បាន​ទទួល​គុណសម្បត្តិ​អ្វី ក្រៅ​តែ​ពី​ត្រូវ​ជន​មាន​អំណាច​ក្នុង​គណបក្ស​មួយ​ក្តាប់​តូច រួមទាំង​បក្ខពួក​របស់​គេ ដែល​កំពុង​កាន់​តំណែង និង​ហែហម នៅក្នុង​គណបក្ស​ខេត្ត​កំពង់ចាម បាន​គៃបន្លំ យក​ទៅ​បម្រើ​មហិច្ឆិតា​ក្រុមខ្លួន គ្រួសារ​ខ្លួន តាមរយៈ​រូបភាព និង​កលល្បិច​ការចោទប្រកាន់ បង្ករឿង ញុះញង់ ទម្លាក់កំហុស លាប​ពណ៌ ដើម្បី​សម្លាប់​ឆន្ទៈ ឬ​កម្ចាត់​អ្នកតស៊ូ ដែល​ស្រលាញ់​ប្រជាធិបតេយ្យ ស្រលាញ់​ជាតិ​លើស​ពី​ជីវិត ឲ្យ​ចាកចេញ ឬ​ទៅ​រក​អំណាច​បុណ្យ​សក្តិ លាភសក្ការៈ ពី​គណបក្ស​កាន់អំណាច់ ដើម្បី​បម្រើឲ្យ​យុទ្ធសាស្ត្រ​នយោបាយ ឬ​តាម​បញ្ជា​របស់​គណបក្ស​ផ្សេង ដូចដែល​គេ​បាន​ធ្វើ​ដដែលៗ​កន្លងមក​៕

បក្ស​ប្រឆាំង​ថា​តុលាការ​ជ្រៀត​ជ្រែក​ក្នុង​​​រឿង​បណ្ដេញ​សមាជិក

អង្គារ 11 តុលា 2011
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

លោក តុ វ៉ាន់ចាន់ សមាជិក​សភា​តំណាង​រាស្រ្ដ​ ដែល​​ត្រូវ​បាន​បណ្ដេញ​ចេញ​កាល​ពី​ថ្ងៃ​៧​តុលា​​ពេល​នេះ​ត្រូវ​បាន​រារាំង​ដោយ​តុលាការ បន្ទាប់​ពី​មេធាវី​របស់​ លោក​ បាន​ដាក់​ពាក្យ​ប្ដឹង ។ ដែល​នេះ​ត្រូវ​បាន​ចោទ​ដោយ​គណបក្ស​​គណបក្ស​សម​រង្ស៊ី​​ថា បាន​ជ្រៀត​​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​​ខ្លួន។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី

បន្ទាប់​​​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទម្សិល​មិញ ដែល លោក វាន់ចាន់ បាន​ទាម​ទារ​ឲ្យ​​​គណបក្ស​ប្រឆាំង​នេះ ពិចារណា​ឡើង​វិញ​ចំពោះ​ការ​បណ្ដេញ​ខ្លួន នៅ​ថ្ងៃ​រសៀល​ពាក្យ​បណ្ដឹង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ។ លោក អឿង សៀង ចៅ​ក្រម​និង​ជា​អនុប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​បាន​​ថ្លែង ​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ”ខ្ញុំ​បាន​ចេញ​​អធិបញ្ជា​ទៅ​គណបក្ស​សម​រង្ស៊ី​ និង​គណៈកម្មាធិ​ការ​ជាតិ​​រៀប​ចំ​ការ​បោះឆ្នោត ឲ្យ​ត្រួត​ពិនិត្យ​ករណី​លោក វ៉ាន់ចាន់ ឡើង​វិញ​”​ ។

យ៉ាង​ណា​ក៏​ដោយ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សម​រង្ស៊ី​ដែល​ថា គណបក្ស​នេះ​បាន​ទទួល​​លិខិត​អធិបញ្ជា​នេះ​រួច​ហើយ​នោះ បាន​ប្រតិកម្ម​ចំអក​ថា តុលាការ​ក្រុង​ហាក់​ដូច​ជា​ឆាប់​លូក​ដៃ​​ដៃ​ចូល​ពេក​ហើយ ។ ហើយ​ថា ”វា​គឺ​ជា​បញ្ហា​របស់​គណបក្ស​នយោបាយ ដូច្នេះ​គណបក្ស​នេះ​មាន​សិទ្ធិ​​សម្រេច​​មិនមែន​តុលាការ​ទេ” ។

នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​គណៈ​អចិន្ត្រៃ​កាល​ពី​ថ្ងៃ​ទី​៧តុលា ដោយ​​មាន​ការ​ចូល​រួម ពី​មេ​ដឹកនាំ ដែល​កំពុង​រស់​នៅ​​និរទេស​របស់​ខ្លួន គឺ​លោក​ សម រង្ស៊ី ​តាម​រយៈ​ប្រពន្ធ វីដេ​អូខន់ហ្វ័រីន ផង​នោះ គណបក្ស​នេះ ​បាន​សម្រេច​បណ្ដេញ​លោក តុ វ៉ាន់ចាន់ អ្នក​តំណាង​រាស្រ្ដ​ខេត្ត តាកែវ និង លុប​ឈ្មោះ​សមាជិក​​ព្រឹទ្ធ​​សភា​របស់​ខ្លួន​ម្នាក់​ពី​ខេត្ត​កំពង់​​ចាម ចេញ​ពី​បញ្ជី និង សមាជិក​ថ្នាក់​ស្រុក​៤រូប​ទៀត​ព្យួរ​ឈ្មោះ ដោយ​ចោទ​ថា​ មាន​ជំហរ​មិន​ច្បាស់​លាស់​និង​អសកម្ម ៕

អតីត​មន្ត្រី​ បក្ស​សមរង្ស៊ី​ គ្រោង​ប្ដឹង​ថ្នាក់​ដឹកនាំ​បក្ស

ដោយ​ វោហារ ជាតិ
2011-10-11
វិទ្យុ​អាស៊ីសេរី

អតីត​មន្ត្រី​គណបក្ស សម រង្ស៊ី ដែល​ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​លប់​ឈ្មោះ​ចេញ​ពី​បក្ស បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​១០ តុលា ដោយ​បាន​បដិសេធ​ថា ពួកគាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ហើយ​​សុំ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​ពិចារណា​ចំពោះ​ការ​លប់​ឈ្មោះ​លោក​ពី​បក្ស​នេះ​ឡើង​វិញ។

អតីត​អ្នក​តំណាំង​រាស្ត្រ​របស់​គណបក្ស សម រង្ស៊ី ដែល​រង​ការ​បណ្ដេញ​ចេញ លោក តុ វ៉ាន់ចាន់ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​បន្ទប់​ធ្វើ​ការ​លោក នា​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០១១។ (RFA/Vohar Cheath)

អតីត អ្នក តំណាំង រាស្ត្រ របស់ គណបក្ស សម រង្ស៊ី ដែល រង ការ បណ្ដេញ ចេញ លោក តុ វ៉ាន់ចាន់ ផ្ដល់ បទសម្ភាសន៍ ដល់ អ្នក សារព័ត៌មាន នៅ បន្ទប់ ធ្វើ ការ លោក នា រដ្ឋសភា កាល ពី ថ្ងៃ ទី ១០ តុលា ឆ្នាំ ២០១១។ (RFA/Vohar Cheath)

ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​​​អគារ​រដ្ឋសភា​ នៅ​ថ្ងៃ​ទី​១០ តុលា ដោយ​មាន​មេធាវី​របស់​លោក​ម្នាក់​ផង​នោះ លោក តុ វ៉ាន់ចាន់ អតីត​អ្នក​តំណាំង​រាស្ត្រ​របស់​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ទាំង​ទឹក​មុខ​ក្រៀមក្រំ​ថា លោក​ប្រាថ្នា​ចង់​អង្គុយ​ចរចា​ជា​មួយ​ថ្នាក់​ដឹកនាំ​បក្ស សម រង្ស៊ី ជា​ថ្មី​ម្ដង​ទៀត ដើម្បី​​ឲ្យ​លោក​បាន​នៅ​ធ្វើការ​ជា​មួយ​បក្ស សម រង្ស៊ី បន្ត​ទៅ​ទៀត។

ក៏​ប៉ុន្តែ​លោក​ថា បើ​សិន​ជា​ការ​ចរចា​មិន​បាន​សម្រេច លោក​នឹង​យក​ជម្រើស​ចុងក្រោយ គឺ​ដាក់​ពាក្យ​បណ្ដឹង​មេដឹកនាំ​បក្ស សម រង្ស៊ី ទៅ​តុលាការ ពី​បទ​បណ្ដេញ​លោក​ចេញ​ពី​បក្ស​មិន​យុត្តិធម៌៖ «ខ្ញុំ​មិន​បាន​ធ្វើ​សន្និសីទ​កាសែត​នេះ​បម្រើ​នយោបាយ​បក្ស​ណា​ទេ។ ខ្ញុំ​មិន​បាន​ក្បត់​នឹង​បក្ស​ទេ ហើយ​ខ្ញុំ​នៅ​មិន​ទាន់​គិត​ថា ខ្ញុំ​នឹង​ទៅ​ធ្វើ​នយោបាយ​នៅ​គណបក្ស​ណា​ដែរ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​នេះ​ខ្ញុំ​សុំ​ជម្រាប​ថា​ ខ្ញុំ​សុំ​ឲ្យ​គណបក្ស សម រង្ស៊ី ពិចារណា​ឡើងវិញ។ យើង​អាច​អង្គុយ​និយាយ​គ្នា យើង​អាច​ធ្វើ​ការ​ជាមួយ​គ្នា​ ដើម្បី​ប្រទេស​ជាតិ​របស់​យើង។ ក៏ប៉ុន្តែ​បើ​នៅ​របៀប​នេះ​ទៀត ខ្ញុំ​ត្រូវ​តែ​ប្រព័ន្ធ​តុលាការ»។

កាល​ពី​ថ្ងៃ​ទី​៧ តុលា ឆ្នាំ​២០១១ គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស សម រង្ស៊ី បាន​សម្រេច​លប់​ឈ្មោះ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ពីរ​រូប គឺ​លោក វ៉ាន់ ស៊ីវឿន ជា​សមាជិក​ព្រឹទ្ធ​សភា លោក តុ វ៉ាន់ចាន់ អ្នក​តំណាំង​រាស្ត្រ ខេត្ត​តាកែវ និង​លោក ហុក លីហាក់ ជា​មន្ត្រី​បក្ស​ថ្នាក់​ស្រុក និង​បាន​ព្យួរ​ដំណែង​បក្ស​ថ្នាក់​ស្រុក ៤​នាក់​ទៀត ដោយ​​ចោទ​ថា ក្រុម​មន្ត្រី​ទាំង​នោះ​មិន​បាន​ធ្វើ​ការងារ​បម្រើ​បក្ស។

ទាក់ទង​បណ្ដឹង​ទៅ​តុលាការ លោក ពេជ្រ សម្បត្តិ មេធាវី​របស់​លោក តុ វ៉ាន់ចាន់​ មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា លោក​កំពុង​សិក្សា​មើល​អំពី​បទ​ដែល​ត្រូវ​ចោទ​ថ្នាក់​ដឹកនាំ​បក្ស សម រង្ស៊ី ក៏ប៉ុន្តែ​ លោក​បាន​បង្ហើប​ថា នៅ​ពេល​នេះ​បណ្ដឹង​អាច​ទាក់​ទង​រឿង​វិវាទ​ការងារ​ដែល​មិន​មាន​ទម្ងន់​ទោស​ធ្ងន់ធ្ងរ​នោះ​ទេ បើ​សិន​ជា​ភាគី​ចុង​ចោទ​មាន​កំហុស​ដូច​ដើម​បណ្ដឹង​ចោទ​ប្រកាន់​មែន​នោះ។

លោក​បន្ថែម៖ «ខ្ញុំ​សព្វ​ថ្ងៃ​នេះ​​កំពុង​សិក្សា​រក​វិធី​ដែល​ត្រូវ​ដើរ​ទៅ​ផ្លូវ​ណា តាម​តុលាការ​ហ្នឹង ដើម្បី​បង្ហាញ​ថា ភាព​មិន​យុត្តិធម៌​វា​មាន​មែន​នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​គណៈអចិន្ត្រៃយ៍​បក្ស សម រង្ស៊ី»។

យ៉ាង​ណា​ក្ដី លោក យឹម សុវណ្ណ មន្ត្រី​បក្ស សម រង្ស៊ី ថ្លែង​ថា សំណើ​របស់​លោក តុ វ៉ាន់ចាន់ ដែល​សុំ​ចរចា​បន្ត​ធ្វើ​ការ​ជាមួយ​បក្ស​បន្ត​ទៅ​ទៀត​នោះ គឺ​ហួសពេល​ហើយ ៖ «មក​ដល់​ពេល​នេះ​សេចក្ដី​សម្រេច​របស់​គណៈ​អចិន្ត្រៃយ៍​ហ្នឹង​ចូល​ជា​ធរមាន​ហើយ។ កាល​ធ្វើ​សេចក្ដី​សម្រេច​ហ្នឹង​យើង​បាន​ពិភាក្សា​គ្នា​យ៉ាង​ល្អិត​ល្អន់ ផ្ទៃ​ក្នុង​បក្ស​ហើយ ជា​ពិសេស​គណៈ​អចិន្ត្រៃយ៍​​ដែល​ជា​ស្ថាប័ន​កំពូល​របស់​បក្ស»។

មន្ត្រី​ពីរ​រួប​ទៀត ​គឺ​លោក វ៉ាន់ ស៊ីវឿន ជា​សមាជិក​ព្រឹទ្ធ​សភា និង​លោក ហុក លីហាក់ មន្ត្រី​បក្ស​ថ្នាក់​ស្រុក​ដែល​គណៈ​អចិន្ត្រៃយ៍​បក្ស សម រង្ស៊ី លប់​ឈ្មោះ​ចេញ​នោះ មិន​បាន​តវ៉ា​ទេ។

លោក វ៉ាន់ ស៊ីវឿន ថ្លែង​ថា លោក​កំពុង​ពិចារណា​ថា តើ​បន្ត​អាជីព​នយោបាយ​បន្ត​ទៅ​ទៀត​ជាមួយ​បក្ស​សិទ្ធិ​មនុស្ស ឬ​យ៉ាង​ណា នៅ​ពេល​ដែល​លោក ហុក លីហាក់ បាន​ប្រកាស​ភ្លាម​ៗ​ថា លោក​នឹង​ទៅ​ចូល​បក្ស​សិទ្ធិ​មនុស្ស៕