បណ្ណសារ | ខែតុលា 13, 2011

តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​ស្នើ​ចាត់​វិធានការ​ចៅក្រម​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ចំពោះ​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃក្នុង​គណបក្ស​ខ្លួន

ព្រហស្បតិ៍ 13 តុលា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​វិន័យ​ចៅក្រម នៃ​ឧត្តម​ក្រុម​ប្រឹក្សា នៃ​អង្គចៅក្រម ឲ្យ​ចាត់​វិធាន​ការ​ដាក់​ពិន័យ​ចំពោះ​លោក អឿង សៀង ចៅក្រម នៃ​សាលាដំបូង​ក្រុង​ភ្នំពេញ ដែល​បាន​ប្រើ​ប្រាស់​អំណាច​ដោយ​រំលោភ​ច្បាប់​មក​ជ្រៀត​ជ្រែក​ការងារ​នយោបាយ ដែល​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​គណបក្ស។

លោក ឌិត មុន្ទី ប្រធានក្រុមប្រឹក្សាវិន័យចៅក្រម

លោក ឌិត មុន្ទី ប្រធានក្រុមប្រឹក្សាវិន័យចៅក្រម

លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​ចំនួន​១៦​រូប​បាន​លើក​ឡើង​ថា កាល​ពី​ថ្ងៃទី​០៧ ខែ​តុលា ឆ្នាំ​២០១១ គណៈកម្មាធិការ​អចិន្រ្តៃយ៍​គណបក្ស​សមរង្ស៊ី បាន​សម្រេច​លុប​ឈ្មោះ​លោក តុ វ៉ាន់ចាន់ ចេញ​ពី​បញ្ជី​គណបក្ស​ដោយ​សម្លេង​ឯកច្ឆ័ន្ទ​ស្រប​តាម​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​ទទួល​ស្គាល់ និង​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ។ មាត្រា​១៦ នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​បាន​ចែង​ថា «សមាជិក​គណ​បក្ស​នយោបាយ ត្រូវ​បាត់បង់​សមាជិក​ភាព​របស់​ខ្លួន ក្នុង​ករណី​ណាមួយ ដូច​ខាង​ក្រោម ៖

1.បាន​លាឈប់ ឬ​បាន​បោះបង់​សមាជិកភាព នៃ​គណបក្ស​នយោបាយ។
2.ត្រូវ​បាន​បណ្តេញ​ចេញ​ពី​គណបក្ស​នយោបាយ ស្រប​តាម​លក្ខន្តិកៈ​របស់​គណបក្ស​នយោបាយ​សាមី។
បន្ថែម​លើ​នេះ ក៏​គ្មាន​ច្បាប់​ណា​ដែល​តម្រូវ​ឲ្យ​ស្ថាប័ន​រដ្ឋ​ណា​មួយ រួម​ទាំង​តុលាការ​ផង មក​ចូល​រួម​ធ្វើ​សេចក្តី​សម្រេច​អំពី​សមាជិក​ភាព​របស់​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

លិខិត​របស់​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​បាន​បន្ត​ថា ការ​ប្រើ​ឆន្ទានុសិទ្ធិ​ក្នុង​ការ​ចេញ​ដីកា​រក្សា​ការពារ​លេខ ១២«ធ» ដែល​សម្រេច​ឲ្យ​គណបក្ស​សមរង្ស៊ី «រក្សា​ឋានៈ​លោក តុ វ៉ាន់ចាន់ ជា​សមាជិក​គណ​បក្ស​សមរង្ស៊ី ជា​បណ្តោះ​អាសន្ន» កាល​ពី​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០១១ របស់​លោក អឿង សៀង ចៅក្រម​សាលា​ដំបូង​ក្រុង​ភ្នំពេញ គឺ​ជា​ការ​រំលោភ​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ ហើយ​មាន​ចេតនា​ជ្រៀត​ជ្រែក​ការងារ​នយោបាយ ដែល​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​សមរង្ស៊ី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​ស្ថាប័ន​តុលាការ ក៏​ដូចជា​កិត្តិយស​របស់​ប្រទេស​ជាតិ។

ជាមួយ​គ្នា​នេះ ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​បាន​ស្នើ​ឲ្យ​លោក ឌិត មន្ទី ប្រធាន​ក្រុមប្រឹក្សា​វិន័យ​ចៅក្រម នៃ​ឧត្តម​ក្រុម​ប្រឹក្សា នៃ​អង្គចៅក្រម​ ឲ្យ​ចាត់​វិធាន​ការ​ពិន័យ​ចំពោះ​លោក អឿង សៀង ចៅក្រម នៃ​សាលា​ដំបូង​ក្រុង​ភ្នំពេញ ដែល​បាន​ប្រើ​ប្រាស់​អំណាច​តុលាការ​ដោយ​រំលោភ​ច្បាប់ មក​ជ្រៀត​ជ្រែក​ការងារ​នយោបាយ ដែល​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស ដើម្បី​ជៀស​វាង​កុំ​ឲ្យ​មាន​ករណី​បែប​នេះ​កើត​មាន​ជា​ថ្មី​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី តវ៉ា​ទៅ​កាន់​ប្រធាន​ក្រុមប្រឹក្សាវិន័យ​ចៅក្រម លើ​រឿង​លុបឈ្មោះ​តំណាងរាស្ត្រ​ម្នាក់

ដោយ : សុខ ភក្តី
ថ្ងៃទី 13 តុលា 2011
CEN

ភ្នំពេញ: ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​សរសេរ​លិខិតតវ៉ា​មួយច្បាប់ ជូន​លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល និង​ជា​ប្រធាន​ក្រុមប្រឹក្សាវិន័យ​ចៅក្រម នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដើម្បី​ស្នើសុំ​ពិនិត្យ និង​ចាត់វិធានការ​ដាក់ពិន័យ​ចំពោះ​លោក អឿង សៀង ចៅក្រម នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ប្រើប្រាស់​អំណាច​តុលាការ ដោយ​រំលោភច្បាប់ មក​ជ្រៀតជ្រែក​ការងារ​នយោបាយ ដែល​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​គណបក្ស​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី ​១១ ខែ​តុលា ឆ្នាំ​២០១១ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ចំនួន ១៦ រូប បាន​ចុះហត្ថលេខា ដោយ​លើកឡើង​ថា កាលពី​ថ្ងៃ​ទី ​៧​ ខែតុលា ឆ្នាំ​២០១១ គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សម​រង្ស៊ី បាន​សម្រេច​លុបឈ្មោះ​លោក តុ វ៉ាន់​ចាន់ ចេញ​ពី​បញ្ជី​គណបក្ស ដោយ​សម្លេង​ឯកច្ឆ័ន្ទ ស្រប​តាម​លក្ខ​និ្ត​កៈ របស់​គណបក្ស ដែល​ទទួលស្គាល់ និង​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០០៩​។ មាត្រា ១៦ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បានចែង​ថា សមាជិក​គណបក្ស​នយោបាយ ត្រូវ​បាត់បង់​សមាជិកភាព​របស់​ខ្លួន ក្នុងករណី​ណា​មួយ ដូចខាងក្រោម​៖

១-​បាន​លាឈប់ ឬ​បាន​បោះបង់​សមាជិកភាព​នៃ​គណបក្សនយោបាយ​។
២-​ត្រូវបាន​បណ្តេញចេញ​ពី​គណបក្ស​នយោបាយ ស្រប​តាម​លក្ខន្តិកៈ​របស់​គណបក្ស​នយោបា​យ​សាមី​។​

​បន្ថែម​ពីលើ​នេះ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​លើកឡើង​ថា ក៏​គ្មាន​ច្បាប់​ណា ដែល​តម្រូវ​ឲ្យ​ស្ថាប័ន​រដ្ឋ​ណាមួយ រួម​ទាំង​តុលាការ​ផង មក​ចូលរួម​ធ្វើ​សេចក្តីសម្រេច​អំពី​សមាជិកភាព​របស់​គណបក្សនយោបាយ​ណាមួយ​ឡើយ​។​

​ដូច្នេះ អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​លើកឡើង​ថា ការប្រើ​ឆន្ទានុសិទ្ធិ ក្នុង​ការចេញ​ដីកា​រក្សា​ការពារ​លេខ ១២ “​ធ​” ដែល​សម្រេច​ឲ្យ​គណបក្ស​សម​រង្ស៊ី រក្សា​ឋានៈ​លោក តុ វ៉ាន់​ចាន់ ជា​សមាជិក​គណបក្ស​ស​ម​រង្ស៊ី ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​១០​ខែតុលា ឆ្នាំ​២០១១ របស់លោក អឿង សៀង ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ គឺជា​ការរំលោភច្បាប់​យ៉ាងធ្ងន់ធ្ងរ ហើយ​មាន​ចេតនា​ជ្រៀតជ្រែក​ការងារ​នយោបាយ ដែល​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​គណបក្ស​ស​ម​រង្ស៊ី ដែល​ធ្វើឲ្យ​ប៉ះពាល់​កិត្តិយស​របស់​ស្ថាប័ន​តុលាការ ក៏ដូចជា កិត្តិយស​របស់​ប្រទេសជាតិ​។​

​ដូច្នេះ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​ស្នើ​សុំ​លោក ឌិ​ត មុន្ទី ចាត់វិធានការ​ពិន័យ​ចំពោះ​លោក អឿង សៀង ចៅក្រម នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ប្រើប្រាស់​អំណាច​តុលាការ ដោយ​រំលោភច្បាប់ មក​ជ្រៀតជ្រែក​ការងារ​នយោបាយ ដែល​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​គណបក្ស ដើម្បី​ជៀសវាង​កុំឲ្យ​មាន​ករណីបែបនេះ កើតមាន​ជា​ថ្មី​ទៀត​នៅ​កម្ពុជា​។​

​មកដល់​ព្រឹក​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០១១ មិនទាន់​មាន​ប្រតិកម្ម​បែបណា ចេញ​ពី​លោក ឌិ​ត មុន្ទី ប្រធាន​តុលាការ​កំពូល និង​ជា​ប្រធាន​ក្រុមប្រឹក្សាវិន័យ​ចៅក្រម នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ជុំវិញ​លិខិត​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​ខាងលើ​នោះ​៕​

ជួបគ្នា​វិញ​បន្ទាប់​ពី​បែក​៣៦​ឆ្នាំ

ថ្ងៃព្រហស្បតិ៍, 13 ខែតុលា 2011
ដោយ សាយ មុន្នី
វីអូអេ ខ្មែរ | ភ្នំពេញ

មើលវីដេអូ៖ Family Reunited After Over Three Decades (Cambodia news in Khmer)
MP4 | Windows Media

(រូបថត៖ ពិន ស៊ីសុវណ្ណ វីអូអេ ខ្មែរ)

(រូបថត៖ ពិន ស៊ីសុវណ្ណ វីអូអេ ខ្មែរ)

ក្រុម​គ្រួសារ​អនិកជន​ខ្មែរ​កាដាណា​មួយ​ បាន​ជួប​ជុំ​គ្នា​វិញ​បន្ទាប់​ពី​បាន​បែក​គ្នា​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​ ចាប់​តាំង​ពី​ក្រុម​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​មក។ ការ​ជួប​ជុំ​ក្រុម​គ្រួសារ​ឡើង​វិញ​នេះ​ ហាក់​ដូច​ជា​សុបិន​ក្លាយ​ជា​ការណ៍​ពិត​សម្រាប់​ពួកគេ។

មិន​ដែល​ឡើយ ដែល​អ្នក​ស្រី ឈា វ៉ាត ធ្លាប់​គិត​ថា អ្នក​ស្រី​នឹង​មាន​ឱកាស​បែប​នេះ​ម្តង​ទៀត​ក្នុង​ជីវិត​របស់​អ្នក​ស្រី។ អ្នក​ស្រី​ទើប​នឹង​បាន​ជួប​ប្តី​ជា​ទី​ស្រឡាញ់​របស់​អ្នក​ស្រី​វិញ ​បន្ទាប់​ពី​បែក​គ្នា​តាំង​ពី​ឆ្នាំ​១៩៧៥​ ក្នុង​របប​ខ្មែរ​ក្រហម​មក​ម៉្លេះ។

ជា​អនិក​ជន​ខ្មែរ​មក​ពី​ប្រទេស​កាណាដា​ អ្នក​ស្រី​ ឈា វ៉ាត​បាន​គិត​ថា ប្តី​របស់​អ្នក​ស្រី គឺ​លោក ពៅ ណាំ បាន​ស្លាប់​បាត់​ទៅ​ហើយ​ ក្រោយ​ពី​​ក្រុម​ខ្មែរ​ក្រហម​បាន​នាំ​ខ្លួន​គាត់​យក​ទៅ​បាត់ ​កាល​ពី​​​៣៦​ឆ្នាំ​មុន​នោះ។

ក្រុមគ្រួសារ​​លោកស្រី ឈា វ៉ាត ជួបជុំគ្នា​ពិសារ​ម្ហូប​អាហារ​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​ ក្រោយពី​អ្នកស្រី​បាន​បែក​ពី​ស្វាមី​របស់​អ្នកស្រី​អស់​រយៈ​ពេល​៣៦ឆ្នាំ។ (រូបថត៖ ពិន ស៊ីសុវណ្ណ វីអូអេ ខ្មែរ)

ក្រុមគ្រួសារ លោកស្រី ឈា វ៉ាត ជួបជុំគ្នា ពិសារ ម្ហូប អាហារ នៅ ភោជនីយដ្ឋាន មួយ ក្នុង ទីក្រុង ភ្នំពេញ នៃ ប្រទេស កម្ពុជា ក្រោយពី អ្នកស្រី បាន បែក ពី ស្វាមី របស់ អ្នកស្រី អស់ រយៈ ពេល ៣៦ឆ្នាំ។ (រូបថត៖ ពិន ស៊ីសុវណ្ណ វីអូអេ ខ្មែរ)

«ពី​មុន ខ្ញុំ​អត់​ស្រម៉ៃ​ទេ​ ទើប​នឹង​មក​ជួប​ប្រទះ​នេះ​បណ្តោយ​ ព្រោះ​អី​នឹក​ឃើញ​ថា​ ខ្មែរ​ក្រហម​យក​ទៅ​ គេ​មិន​ដែល​ទុក​ជីវិត​យើង​ទេ»។

លោក ពៅ ណាំ​ធ្វើ​ការ​ជា​គិញ​ក្នុង​របប​លន់ នល់។ ​លោក​មាន​កូន​ប្រុស​ស្រី​ចំនួន​៧នាក់ ​ជាមួយ​លោក​ស្រី ឈា វ៉ាត។

«ដូច​ដែល​ខ្ញុំ​រស់​នៅ​ជាមួយ​គាត់​ពី​សង្គម​ចាស់​អញ្ចឹង​​ដែរ ​ខ្ញុំ​នៅ​តែ​គិត​អញ្ចឹង​ដដែល»។

លោក​ស្រី ឈា វ៉ាត​ និង​កូន​ទាំង៧នាក់​បាន​ភៀស​ខ្លួន​ពី​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧៥​ ហើយ​បាន​ទៅ​រស់​នៅ​ក្នុង​ប្រទេស​កាណាដា​នៅ​ដើម​ទសវត្ស​១៩៨០។​ ទើប​តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ លោក​ស្រី​និង​កូនៗ​ក៏​បាន​សម្រេច​ចិត្ត​តាម​ស្វែង​រក​លោក ពៅ​ ណាំ​ បន្ទាប់​ពី​ជឿ​គ្រូទាយ​ប្រាប់​ថា​ ប្តី​និង​ឪ​ពុក​របស់​ពួកគេ​នៅ​មាន​ជីវិត​នៅ​ឡើយ។

លោក ពៅ​ ភារុណ​គឺ​ជា​កូន​ប្រុស​ម្នាក់​ក្នុង​ចំណោម​កូន​ប្រុស​៥​នាក់ ដែល​បាន​ព្យាយាម​តាម​ស្វែង​រក​ឪពុក​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ខែ​មីនា​ ឆ្នាំ​មុន​មក​ម៉្លេះ។ ​ឪពុក​ និង​កូន​បាន​ជួប​គ្នា​វិញ​ដោយ​ចៃដន្យ​នៅក្នុង​ផ្សារ​មួយ​​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ជាប់​ព្រំដែន​ខ្មែរ​ ថៃ។

«ពេល​ខ្លះ​ នៅ​ពេល​យប់​ ដែល​ខ្ញុំ​ងើប​ឡើង​ ខ្ញុំ​ចេះ​តែ​គិត​ថា​តើ​រឿង​នេះ​ពិត​ឬ​មិន​ពិត​ ដូច​ជា​រឿង​យល់​សប្តិ។ ​ប៉ុន្តែ​វា​ជា​រឿង​ពិត​ដែល​ខ្ញុំ​បាន​ជួប​ឪពុក​ម្តង​ទៀត​ ព្រោះ​ខ្ញុំ​ដឹង​ថា ​ពេល​ខ្ញុំ​ទៅ​កាណាដា​ បួន​ប្រាំ​ឆ្នាំ​មុន​ដំបូង​ ពេល​ដែល​ខ្ញុំ​នឹក​ឃើញ​ឪពុក​ខ្ញុំ​ ពេល​យប់​ខ្ញុំ​តែង​ស្រក់​ទឹក​ភ្នែក»។

លោក ពៅ ណាំ​ ត្រូវ​បាន​ក្រុម​ខ្មែរ​ក្រហម​នាំ​យក​ទៅ​វាយ​សម្លាប់​ចោល​ក្នុង​រណ្តៅ​​ចំនួន​ពីរ​លើក​ ប៉ុន្តែ​​ជា​ភ័ព្វ​សំណាង​ដ៏​កម្រ​មួយ លោក​នៅ​តែ​មាន​ជីវិត​ និង​ខំ​ប្រឹង​រស់​ត​ទៅ​ទៀត។ ​ក្រោយ​របប​ខ្មែរ​ក្រហម​ លោក​បាន​ព្យាយាម​ស្វែង​រក​ប្រពន្ធ​និង​កូនៗ​របស់​លោក​វិញ​ ប៉ុន្តែ​បាន​ជួប​ត្រឹម​តែ​ក្តី​អស់​សង្ឃឹម​ ប៉ុណ្ណោះ​ ដោយ​សារ​លោក​បាន​គិត​ថា​ ប្រពន្ធ​និង​កូនៗ​ជា​ទី​ស្រឡាញ់​របស់​លោក​ ប្រហែលជា​បាន​ស្លាប់​បាត់​អស់​ទៅ​ហើយ។

លោក ពៅ សម្បូរ គឺ​ជា​កូន​ប្រុស​ពៅ​ក្នុង​គ្រួសារ​ដែល​បាន​បែក​ពី​ឪពុក​តាំង​ពី​អាយុ​បាន​៥​ឆ្នាំ។

«អ្វី​ដែល​ខ្ញុំ​ប៉ង​តាំង​ពី​តូច​មក​គឺ​ថា​ នៅ​ពេល​នោះ​ ខ្ញុំ​ស្រក់​ទឹក​ភ្នែក។​ ពេល​ខ្ញុំ​ឱប​គាត់​ ខ្ញុំ​ស្រក់​ភ្នែក។​ ខ្ញុំ​យំ​ជាមួយ​គាត់ ពី​ព្រោះ​ខ្ញុំ​តាំង​ពី​ដើម​មក​ ខ្ញុំ​មិន​ដែល​បាន​ស្គាល់​ឪពុក​ ទើប​តែ​លើក​ទី​១​ ដែល​ខ្ញុំ​ដឹង​ក្តី ហើយ​ចាំ​៤១​ឆ្នាំ​ហ្នឹង»។

លោកស្រី​ ឈា វ៉ាត ​បាន​រក្សា​ទុក​ជាប់​នឹង​ខ្លួន​ជានិច្ច​នូវ​រូបថត​មួយ​សន្លឹក​របស់​ប្តី​អ្នក​ស្រី និង​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ ​ដែល​ប្តី​របស់​លោក​ស្រី​បាន​បន្សល់​ទុក​ឲ្យ​ មុន​ពេល​​ក្រុម​ខ្មែរ​ក្រហម​បាន​ចាប់​ខ្លួន​គាត់​យក​ទៅ។ លោក​ស្រីជឿ​ថា​ គឺ​របស់​ទាំង​ពីរ​នេះ​ហើយ​ដែល​បាន​ជួយ​ឲ្យ​អ្នក​ស្រី​ជួប​ជុំ​​ជាមួយ​ប្តី​ដ៏​ជា​ទី​ស្រឡាញ់​​របស់​អ្នក​ស្រី​វិញ​នោះ។

«ខ្ញុំ​នឹក​ឃើញ​ថា​ គាត់​ស្រឡាញ់​ព្រះ​អង្គ​ណាស់។ ​ខ្ញុំ​ថែ​រក្សា​មក​រហូត​ ដើម្បី​ទុក​ជា​អនុស្សាវរីយ៍។ដល់​ពេល​នេះ​ ខ្ញុំ​រក​គាត់​ឃើញ ខ្ញុំ​ត្រូវ​ជូន​គាត់​វិញ​ របស់​គាត់»។

ថ្វី​ត្បិត​តែ​ការ​ជួប​ជុំ​ក្រុម​គ្រួសារ​ជាថ្មី​ឡើង​វិញ​​នេះ​ ហាក់​រាង​ជ្រុល​ពេល​បន្តិច​ទៅ​ហើយ​ក៏​ដោយ​ ក៏​សម្រាប់​លោក​ស្រី ឈា វ៉ាត វា​ហាក់​ដូច​ជា​សុបិន​ ដែល​ក្លាយ​ជា​ការណ៍​ពិត​ដូច្នោះ​ដែរ ​ពោល​គឺ​សុបិន​ចង់​នៅ​ក្បែរ​ស្វាមី​ជាទី​ស្រឡាញ់​របស់លោក​ស្រី​ម្តងទៀត​ដូច​គ្រា​មុន៕

ប្រវត្តិរបស់ ខៀវ សំផន ភាគទី១

ដោយ សេង ឌីណា
ថ្ងៃ ព្រហស្បតិ៍ 13 តុលា 2011
RFI

ស្តាប់បទអត្ថាធិប្បាយ​របស់​​ សេង ឌីណា (08:53)

ខៀវ សំផន​ គឺ​ជា​​អតីត​​ប្រមុខ​រដ្ឋ​​នៃ​​របប​​កម្ពុជា​​ប្រជាធិបតេយ្យ ​ហើយ​​បច្ចុប្បន្ន​​គឺ​ជា​​ជន​ជាប់​ចោទ​​មួយ​រូប​ ក្នុង​​ចំណោម​​៥​រូប ​ដែល​​ត្រូវ​បាន​​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​​ទទួល​​បន្ទុក​​ជំនុំ​ជម្រះ​​អតីត​​មេ​ដឹក​នាំ​​ខ្មែរ​ក្រហម​​ធ្វើ​ការ​​ចោទ​ប្រកាន់​​និង​​ឃុំ​ខ្លួន​​បណ្តោះអាសន្ន​​ រង់ចាំ​​ការ​កាត់​ទោស។​ តើ​ ខៀវ​ សំផន​ មាន​​ប្រវត្តិ​​យ៉ាងណា?

ខៀវ ​សំផន (RFI/Seng Dyna)

ខៀវ សំផន (RFI/Seng Dyna)

ខៀវ សំផន កើត​នៅថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ១៩៣១ នៅ​ខេត្ត​ស្វាយរៀង។ ខៀវ សំផន គឺជា​កូនច្បង ក្នុង​ត្រកូល​អ្នក​ចេះដឹង ដែល​មាន​ឳពុក​ជាចៅក្រម។

នៅឆ្នាំ១៩៤២ ខៀវ សំផន ត្រូវបាន​ជ្រើសរើស​ឲ្យ​ទៅរៀន​នៅ​អនុវិទ្យាល័យ​មួយ​ ដែល​បារាំង​ទើប​បង្កើត​ថ្មី នៅ​ខេត្ត​កំពង់ចាម ឈ្មោះ “វិទ្យាល័យ​ព្រះសីហនុ”។ សាឡុត ស ហ៊ូ នឹម និង ហ៊ូ យន់ ក៏​ត្រូវបាន​ជ្រើសរើស​ទៅរៀន​នៅ​អនុវិទ្យាល័យ​នេះ​ដែរ។ សិស្ស​ដែល​រៀន​នៅ​អនុ វិទ្យាល័យ​កំពង់ចាម​នោះ​បាន​រៀបរាប់​ថា ខៀវ សំផន គឺជា​សិស្ស​ដែល​មាន​បញ្ញា​វ័យឆ្លាត មាន​មហិច្ឆតា​ខ្ពស់ និង​ជា​មនុស្ស​ចូលចិត្ត​នៅ​ដាច់ឆ្ងាយ​ពី​គេ​ឯង។

ក្រោយពី​បញ្ចប់​ការ​សិក្សា​នៅ​អនុវិទ្យាល័យ​កំពង់ចាម ខៀវ សំផន បាន​ចូលរៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ទីក្រុង​ភ្នំពេញ។ នៅឆ្នាំ​១៩៥៣ ខៀវ សំផន បាន​ទទួល​អាហារូបករណ៍​ទៅរៀន​នៅ​ប្រទេស​បារាំង។ ខៀវ សំផន ទទួលបាន​បរិញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ Montpelier បន្ទាប់មក​បាន​បន្ត​ការសិក្សា​ថ្នាក់​បណ្ឌិត​សេដ្ឋកិច្ច នៅ​សាកល​វិទ្យាល័យ ​Panthéon-Sorbonne នៅ​ទីក្រុង​ប៉ារីស។ ខៀវ សំផន ទទួល​សញ្ញាប័ត្រ​បណ្ឌិត​សេដ្ឋកិច្ច​ នៅ​ឆ្នាំ១៩៥៨។ នៅក្នុង​និក្ខេបទ​បណ្ឌិត ដែល​មាន​ចំណងជើង​ថា “ការអភិវឌ្ឍ​សេដ្ឋកិច្ច ​និង​ឧស្សាហកម្ម​កម្ពុជា” ខៀវ សំផន បាន​ប្រកាន់យក​នូវ​ទស្សនៈ​ឯករាជ្យ​ម្ចាស់ការ​នៅក្នុង​ការ​អភិវឌ្ឍ​ប្រទេស។

គឺនៅ​ទីក្រុង​ប៉ារីស​នេះ​ហើយ ដែល ខៀវ សំផន បាន​ទទួល​ឥទ្ធិពល​ពី​មនោគមន៍វិជ្ជា​កុម្មុយនិស្ត។​ ខៀវ សំផន បាន​ចូល​ជា​សមាជិក​ក្រុម​និស្សិត​កុម្មុយនិស្ត គឺ​ក្រុមម៉ាក់ស៊ីស ដែល​មាន អៀង សារី និង រ័ត្ន សាមឿន ជាអ្នក​ផ្តើមគំនិត​បង្កើត។ នៅឆ្នាំ១៩៥៦ ខៀវ សំផន បាន​ក្លាយជា​អគ្គលេខាធិការ​នៃ​សមាគម​និស្សិត​ខ្មែរ​នៅ​ប្រទេស​បារាំង។

ក្រោយពី​បាន​វិលត្រឡប់ពី​ប្រទេស​បារាំង មក​ប្រទេស​កម្ពុជា​វិញ នៅឆ្នាំ​១៩៥៩ ខៀវ សំផន បាន​បង្កើត​កាសែត​មួយ​មាន​និន្នាការ​នយោបាយ​ឆ្វេងនិយម។ កាសែតនេះ​សរសេរ​ជា​ភាសា​បារាំង ហើយ​មាន​ឈ្មោះ​ថា “L’Observateur”។ ក្នុងពេល​ជាមួយគ្នា​នោះ ខៀវ សំផន បាន​ធ្វើ​ជា​សាស្រ្តាចារ្យ​នៅ​មហាវិទ្យាល័យ​ច្បាប់​នៅ​ទីក្រុង​ភ្នំពេញ។

ដោយ​កាសែត L’Observateur សរសេរ​រិះគន់​រដ្ឋាភិបាល​សម្តេច​ នរោត្តម សីហនុ កាសែត​នេះ​ត្រូវបាន​បិទ​ទៅវិញ​ នៅ​ឆ្នាំ១៩៦០ ពោលគឺ​បង្កើត​បាន​តែ​ប្រមាណ​មួយឆ្នាំ​ប៉ុណ្ណោះ។ លើស​ពី​នោះ​​ទៅទៀត យោងតាម​លោក Raoul Jennar នៅថ្ងៃទី១៣ កក្កដា ឆ្នាំ១៩៦០ ខៀវ សំផន ដែល​ជា​ចាងហ្វាង​កាសែត L’Observateur ត្រូវបាន​ប៉ូលិស​ចាប់​វាយ សម្រាត​ខោអាវ នៅលើ​ដងផ្លូវ​សាធារណៈ​ ក្នុង​ទីក្រុង​ភ្នំពេញ។ ខៀវ សំផន ត្រូវបាន​ប៉ូលិស​ចាប់ដាក់​គុក​រយៈពេល​ជាង​​មួយខែ ដោយ​គ្មាន​ការ​ជំនុំជម្រះ​អ្វី​ទាំងអស់។

ពីរឆ្នាំក្រោយមក ពោលគឺ នៅ​ឆ្នាំ​១៩៦២ ខៀវ សំផន បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត​មណ្ឌល​កណ្ដាល ហើយ​ត្រូវបាន​តែងតាំង​ជា ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ក្នុង​រដ្ឋាភិបាល​ព្រះអង្គម្ចាស់ នរោត្តម កន្តុល។ ក៏ប៉ុន្តែខៀវ សំផន បាន​លាលែង​ចេញពី​តំណែង​ជា​រដ្ឋលេខាធិការ​ នៅ​ខែ​កក្កដា ឆ្នាំ១៩៦៣ ក្រោយពី​មាន​ព្រឹត្តិការណ៍​បះបោរ​របស់​សិស្ស​វិទ្យាល័យ នៅ​ខេត្ត​សៀមរាប។ សម្តេច នរោត្តម សីហនុ បាន​ចោទប្រកាន់​ថា ពួក​ឆ្វេងនិយម​គឺជា​អ្នក​នៅ​ពីក្រោយ​ចលនា​បះបោរ​នេះ។ សម្តេច នរោត្តម សីហនុ បាន​ចេញផ្សាយ​នូវ​បញ្ជី​ឈ្មោះ​​អ្នក​នយោបាយ​ឆ្វេងនិយម​៣៤រូប ដែល​ព្រះអង្គ​កោះហៅ​ឲ្យ​មក​បង្កើត​រដ្ឋាភិបាល​ ក្នុង​នោះ​ ក៏មាន​ឈ្មោះ ខៀវ សំផន ផងដែរ រួមជាមួយ​នឹង​ឥស្សរជន​ខ្មែរ​កុម្មុយនិស្ត​មួយ​ចំនួន​ទៀត។ ដោយ​ភ័យខ្លាច​ប៉ូលិស​របស់​សម្តេច នរោត្តម សីហនុ លប​ធ្វើ​ឃាត ពួក​ខ្មែរ​កុម្មុយនិស្ត ដែល​មានឈ្មោះ​ក្នុង​បញ្ជី​នេះ ដូចជា សាឡុត ស និង អៀង សារី ជាដើម បាន​រត់​គេចខ្លួន​ចេញ​ពី​​ទីក្រុង​ភ្នំពេញ ទៅ​លាក់ខ្លួន​នៅក្នុងព្រៃ។ ឯ ខៀវ សំផន វិញ ថ្វីដ្បិតតែ​បាន​លាលែង​ចេញពី​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម តែ​បន្ត​នៅ​ធ្វើជា​សមាជិក​សភា​មណ្ឌល​កណ្ដាល​ដដែល។ នៅខែ​កញ្ញា ឆ្នាំ១៩៦៦ ខៀវ សំផន បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត​មួយ​អាណត្តិ​ថ្មីទៀត។ អ្នកនយោបាយ​និន្នាការ​ឆ្វេងនិយម​ពីររូប​ផ្សេងទៀត គឺ ហ៊ូ នឹម និង ហ៊ូ យន់ ក៏​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត​ដែរ នៅ​ពេលនោះ។

ក្រោយពី​ព្រឹត្តិការណ៍​បះបោរ​នៅ​សំឡូត​ នៅខែ​មេសា ឆ្នាំ១៩៦៧ សម្តេច នរោត្តម សីហនុ បាន​​ធ្វើការ​ចោទប្រកាន់​ជា​សាធារណៈ​លើ ខៀវ សំផន ហ៊ូ យន់ និង ហ៊ូ នឹម ថា​ជា​អ្នកញុះញង់​ឲ្យមាន​អំពើ​បះបោរ​នេះ ហើយ​ថែមទាំង​គំរាម​ថា​នឹង​យក​អ្នកទាំងបី​នេះ ទៅកាត់ទោស​នៅ​តុលាការ​សឹក​ទៀតផង។ ខៀវ សំផន រួម​ជាមួយ ហ៊ូ នឹម និង ហ៊ូ យន់ ក៏បាន​រត់​គេចខ្លួន​ចូល​ក្នុង​ព្រៃ។

ក្រោយ​ពេល​ ខៀវ សំផន ហ៊ូ នឹម និង ហ៊ូ យន់ ​បាត់ខ្លួន​ពី​ភ្នំពេញ លន់ នល់ ដែល​ពេលនោះ​ជា​នាយករដ្ឋមន្រ្តី បាន​អះអាង​ថា អ្នកទាំងបី​រូប​នេះ​បាន​ស្លាប់បាត់​ទៅហើយ។

ហេតុដូចនេះហើយ​បាន​ជា​ពេលដែល ខៀវ សំផន ហ៊ូ នឹម និង​ហ៊ូ យន់​​បាន​លេចមុខ​មកវិញ ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ខ្មែរក្រហម គេបាន​ហៅ​អ្នកទាំងបីនាក់​នេះ​ថា “ខ្មោច​ទាំងបី”។

នៅពេល​រត់ចេញ​ពី​ភ្នំពេញ ខៀវ សំផន បាន​រត់​ទៅ​ជាមួយ ហ៊ូ យន់។ ចំណែក ហ៊ូ នឹម​ ស្ថិតនៅ​ភ្នំពេញ​នៅឡើយ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី ខៀវ សំផន បាន​ឲ្យដឹង​ថា គាត់​បាន​រត់ចេញ​ពី​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ៣ ឆ្ពោះទៅ​ស្រុក​អង្គតាសោម ខេត្ត​តាកែវ។ រួចហើយ បន្តដំណើរ​ទៅ​ជួប​តាម៉ុក នៅ​ភូមិ​ជាងទង ឃុំ​ជាងទង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។

ខៀវ សំផន និង ហ៊ូ យន់ បាន​ស្នាក់នៅ​ភូមិ​ជាងទង អស់​រយៈពេល​៤ខែ ទើប​បន្តដំណើរ​ចូល​ទៅក្នុង​ព្រៃ។ រហូតដល់​ក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ ឆ្នាំ​១៩៧០ ទើប​ខៀវ សំផន បាន​ជួប​ជា​មួយ​ សាឡុត ស នៅក្នុង​ខេត្ត​កំពង់ធំ។ ខៀវ សំផន ធ្លាប់បាន​​​អះអាង​ថា ចាប់ពី​ពេល​បែក​ពី​ សាឡុត ស ពី​វិទ្យាល័យ​កំពង់ចាម​មក គាត់​មិនដែល​ជួប​ សាឡុត ស វិញទេ ហើយ​ក៏​មិន​បាន​ដឹង​​ដែរ​ថា សាឡុត ស គឺ​ជា​មេដឹកនាំ​ខ្មែរក្រហម។

ក្រោយ​ពេល​រណសិរ្ស​រួបរួមជាតិ​កម្ពុជា ត្រូវបាន​បង្កើតឡើង ដែល​មាន​សម្តេច នរោត្តម សីហនុ ជា​ប្រធាន ខៀវ សំផន ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​រណសិរ្ស​នេះ។ បន្ទាប់មក ក្រោយពេល​ដែល​រាជរដ្ឋាភិបាល​រួបរួមជាតិ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​នៅ​ប៉េកាំង នៅ​ថ្ងៃទី៥ ខែ​ឧសភា ឆ្នាំ​១៩៧០ ខៀវ សំផន ត្រូវបាន​តែងតាំង​ជា​ឧបនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ។​ ខៀវ សំផន បន្តកាន់​តំណែងនេះ រហូតដល់​ខែ​មេសា ឆ្នាំ​១៩៧៥ ទើប​ផ្លាស់ទៅ​ធ្វើជា​អគ្គ​បញ្ជាការ​កងទ័ពជាតិ​វិញ ប៉ុន្តែ រក្សា​តំណែង​ជា​ឧបនាយក​រដ្ឋមន្រ្តី​ដដែល។ ចំណែក​ឯ​តំណែង​​ជា​រដ្ឋមន្រ្តី​ការពារជាតិ ត្រូវបាន​ផ្ទេរ​ទៅឲ្យ សុន សេន ជាអ្នក​គ្រប់គ្រង​វិញ៕

រន្ទះបាញ់ព្រះនារាយណ៍

Written by ភ្នំពេញដេលីញូវ
Wednesday, 12 October 2011

ព្រះនារាយណ៍ មានព្រះហស្តបួន ទ្រង់ឈរបែរ ព្រះភក្ត្រទៅទិស ខាងជើង ស្ថិតនៅក្នុងទី ប្រជុំជន ផ្សារថ្នល់បែកគុស ត្រង់ចម្ពាម ផ្លូវបំបែក ទៅផ្សារតានី និង ទៅខេត្តកំពត ស្ថិតនៅក្នុងទឹកដី ឃុំញ្ញ៉ែងញ្ញ៉ង ស្រុក ត្រាំកក់ ខេត្តតាកែវ ។ ការបាញ់ ព្រះនារាយ ណ៍ នេះ បានធ្វើឱ្យមានការ ភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយមានការ យល់ខុសៗគ្នា អ្នកខ្លះថា បណ្តេញបិសាច អ្នកខ្លះថា ជាប្រផ្នូលអាក្រក់ ប៉ុន្តែអ្នកខ្លះថា វាគ្មានបញ្ហាអ្វីឡើយ គឺ ជាបាតុភូត ធម្មជាតិ ។

លោកយាយ ប៊ុន ប្រាង ឱ្យដឹងថា “រដូវវស្សា ភ្លៀងធ្លាក់ឆ្នាំនេះ បាតុភូតរន្ទះបាញ់ កាចសាហាវ ខ្លាំងណាស់ បាញ់សម្លាប់ មនុស្សសត្វ អស់ជាច្រើន ស្ទើរគ្រប់កន្លែង ក្នុងប្រទេស កម្ពុជា ដោយខ្ញុំ បាន ដឹងតាមរយៈ ការស្តាប់ព័ត៌មាន ផ្សព្វផ្សាយតាម ប៉ុស្តិ៍វិ ទ្យុ ។ ដោយឡែក នៅក្នុងស្រុកភូមិ របស់ខ្ញុំឆ្នាំនេះ មានបាតុភូតរន្ទះ មួយកើតឡើង យ៉ាងចម្លែក តែវាមិនបានបាញ់ សម្លាប់មនុស្ស សត្វ ឯណា គឺរន្ទះបាញ់នេះ បែរជាបាញ់ កម្ទេចរូបចម្លាក់ ព្រះនារាយណ៍ ទៅវិញ ដែលជា អាទិទេព ខ្លាំងពូកែមួយអង្គ នៃ ព្រហ្មញសាសនា ដែលប្រជាពលរដ្ឋ នៅម្តុំនេះ ធ្លាប់គោរពបូជា ទៀត ផង ។

តាំងពីកើតមក ខ្ញុំមិនដែលឮ មិនដែលជួប ប្រទះបាតុភូត រន្ទះបាញ់ ព្រះនារាយណ៍ ឡើយ ធ្លាប់តែចំពោះមនុស្ស សត្វ និង រុក្ខជាតិប៉ុណ្ណោះ” ។ មុនកើតហេតុការណ៍ រន្ទះបាញ់នេះ លោកយាយ ក៏ដូចអ្នកឯទៀត បានប្រាប់នៅ យប់មួយប្រហែល ម៉ោង ១២ អធ្រាត្រ មានដុំភ្លើងមួយ ប៉ុនចង្អេរ ពណ៌ខៀវ ក្រហម ហោះចេញពីទិស ពាយ័ព្យ សំដៅទៅទិស អាគ្នេយ៍ រួចក៏ធ្លាក់បាត់ ត្រង់ កន្លែង រូបចម្លាក់ ព្រះនារាយណ៍ ។

មីង ប្រាក់ សូរ កំពុងអង្គុយធ្វើត្រី ឱ្យដឹងដែរថា “ភ្លើងហោះនោះ ខ្ញុំក៏បានឃើញដែរ តែទំនងជា ភ្លើងព្រាយបិសាច ។ ភ្លើងនេះវាធ្លាក់ ត្រង់រូបចម្លាក់ ព្រះនារាយណ៍ ក្រោយមកមិនបាន ប៉ុន្មានថ្ងៃ ផង ស្រាប់តែរន្ទះបាញ់ ព្រះនារាយណ៍ តែម្តង” ។ អ្នកមីង បានរៀបរាប់ ហេតុការណ៍ រន្ទះបាញ់ ថា នៅដើមខែកញ្ញា ឆ្នាំ ២០១១ ពេលរសៀលមាន ភ្លៀងផ្គរផ្លេកបន្ទោរ ឆ្វេចឆ្វាច ជាមួយគ្នា នោះ ស្នូររន្ទះបាញ់ ក៏កើតឡើង យ៉ាងរង្គើដី បណ្តាលឱ្យ អ្នកនៅជុំវិញទីនោះ ជាពិសេសអ្នក លក់ដូរក្នុង ផ្សារភិតភ័យ យ៉ាង ខ្លាំង ។ តាមពិត រន្ទះបាញ់នោះ គឺបាញ់រូបចម្លាក់ ព្រះនារាយណ៍ បណ្តាលឱ្យបែក ព្រះកេស ធ្លាក់បំណែកមកដី ខ្ចាត់ខ្ចាយ និង បណ្តាល ឱ្យប្រេះឆ្អឹងខ្នង ទៀតផង ។

រន្ទះបាញ់ ព្រះនារាយណ៍នេះ ខ្ញុំយល់ថាមកពី ចង្រៃ ព្រោះមានភ្លើង ប៉ុនចង្អេរហោះធ្លាក់ ទីនេះ ទើបរន្ទះបាញ់ យ៉ាងនេះ ដើម្បីបណ្តេញភ្លើង ព្រាយបិសាច ទាំងនោះឱ្យចេញ ពីទីនេះ ។

ពីដើមទីនេះ ត្រង់កន្លែងសាងសង់ រូបចម្លាក់ ព្រះនារាយណ៍ គឺជាស្រះទឹកមួយ ហើយមាន ដីកោះមួយ នៅចំកណ្តាល ។ លើដីកោះនោះ មានដើមព្រីងមួយ ក្រោមដើមព្រីងនោះ មានរោងអ្នក តាមួយ ។ ប្រហែលជា ១០ ឆ្នាំមុន ទីនេះ ត្រូវគេចាក់ដីលុប ពង្រីកថ្នល់ជាតិ និង ទីផ្សារ ធ្វើឱ្យអាស្រមអ្នកតា ត្រូវបាត់បង់ ហើយត្រូវកសាង ព្រះនារាយណ៍ ជំនួសមកវិញ ។

ចំណែកអាជីវករ លក់ដូរក្នុងផ្សារ ថ្នល់បែកគុស ក្បែរនោះលាន់មាត់ គ្រប់គ្នាថា ចប់ហើយ ក្នុងលោកនេះ កុំថាឡើយមនុស្ស សត្វ និង រុក្ខជាតិ សូម្បីតែព្រះ ក៏ត្រូវរន្ទះបាញ់ដែរ ប៉ុន្តែក៏មាន អ្នក ដែលមាន ជំនឿខាងវិទ្យាសាស្ត្រ និយាយថា វាជាបាតុភូត ធម្មជាតិ តែប៉ុណ្ណោះ មិនមែនជាបញ្ហា អ្វីនោះឡើយ ៕

ក្រសួងការងារឲ្យ កម្មកររោងចក្រ មេរ៉ូសាន ចូលធ្វើការ ប៉ុន្តែពួកគាត់ នៅតែភ័យខ្លាច

Thursday, 13 October 2011
ដោយ៖ អេង គឹមជាង
DAP NEWS

ភ្នំពេញ៖ ក្រសួងការងារ បញ្ជាឲ្យកម្មករ បីនាក់ នៅរោងចក្រ មេរ៉ូសាន ចូលធ្វើការវិញ ប៉ុន្តែពួកគេ នៅតែមានការ ភ័យខ្លាច និងព្រួយបារម្ភ ដោយសារ ក្រុមហ៊ុនមិនបាន បញ្ជាក់លិខិតស្នាម ​អ្វីមួយ ច្បាស់លាស់ សម្រាប់ពួកគាត់ ឲ្យចូលធ្វើការ វិញឡើយ ។

កញ្ញា ផៃ រ៉ា ជាតំណាង សហជីព និងបម្រើការងារ នៅរោងចក្រ មេរ៉ូសាន ដែលត្រូវ បណ្តេញចេញ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៣ ខែតុលានេះ ក្រសួងការងារ បានជួបប្រជុំ ពិភាក្សា​ជាមួយ ភាគីរោងចក្រ ប៉ុន្តែការជួបប្រជុំនោះ មិនបានទទួល លទ្ធផលទេ ដោយក្រុមហ៊ុន មិនព្រមទទួល ​កម្មករទាំងបីនាក់ ចូលធ្វើការ វិញឡើយ ។

ស្រាប់តែរសៀល ថ្ងៃដដែលនេះ ក្រសួងបានបញ្ជាឲ្យ កម្មករទាំងនោះ ចូលធ្វើការវិញ ប៉ុន្តែពួកគាត់ មិនហ៊ានចូល បម្រើការងារ ដោយខ្លាចក្រុមហ៊ុន មិនព្រមទទួលយក ព្រោះពុំមានលិខិត បញ្ជាក់ណាមួយ ត្រឹមត្រូវអនុញ្ញាតិ ឲ្យធ្វើការនោះ ។

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចទាក់ទង សុំការបំភ្លឺ ពីភាគីរោងចក្រ បានទេ នៅព្រឹកថ្ងៃទី១២ ខែតុលា ។

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១១ កម្មករជាង ៣០០នាក់ បម្រើការងារ ក្នុងរោងចក្រ មេរ៉ូសាន ស្ថិតនៅភូមិជម្រៅ សង្កាត់គោករកា ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននាំគ្នាតវ៉ាទាមទារ ឲ្យភាគីរោងចក្រ ព្រមទទួលយក តំណាងរបស់ខ្លួន បីនាក់ ឲ្យចូលធ្វើ ការវិញ បន្ទាប់ក្រុមហ៊ុនបាន បញ្ឈប់ពួកគេ ដោយសារតែ អ្នកទាំងនោះ បង្កើតសហជីព នៅក្នុងរោងចក្រ ៕

ផ្ទុះ​កូដកម្ម​ពីរ​ថ្ងៃ​នៅ​រោងចក្រ​ មេ​រ៉ូ​សាន់ ជួប​ចរចា​ត្រូវ​គ្នា ៦ ចំណុច នៅសល់ ៤ ចំណុច​ទៀត

ដោយ : សុពិសិដ្ឋ
ថ្ងៃទី 13 តុលា 2011
CEN

ភ្នំពេញ: កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ មូរ៉ូសាន់ ​ប្រមាណ​ជាង ៦០០ នាក់ ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវលំ ភូមិ​ឆ្លក សង្កាត់​គោក​រកា ខណ្ឌដង្កោ បាន​កូដកម្ម​អហឹ​ង្សា​រយៈពេល ២ ថ្ងៃមក​ហើយ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ១០ ចំណុច។ កាលពី​ព្រឹក​ថ្ងៃទី​១៣ តុលា ឆ្នាំ២០១១ ភាគី​ពាក់ព័ន្ធ​បាន​ជួប​ចរាចរ​គ្នា​ដោះស្រាយ និងបានព្រមព្រៀង ៦ ចំណុច នៅសល់ ៤ ចំណុច​ទៀត កំពុង​បន្ត​ដោះស្រាយ។ ទោះបីយ៉ាងណា​ កូដកម្ម ​កំពុង​ធ្វើ​បន្ត រហូតដល់​មាន​ដំណោះស្រាយ ​ទើប​បញ្ឈប់។​

​លោក​ សាត់ ឈាង​ហួ ប្រធាន​សហភាព​ជាតិ​ក​ម្ពុ​ជាការ​ពារ​កម្មករ បាន​និយាយ​កាលពី​រសៀល​ថ្ងៃទី​១៣ តុលា ឆ្នាំ២០១១ ថា កម្មករ កម្ម​ការី​នី​ជាង ៦០០ នាក់ បាននាំគ្នា​ធ្វើ​កូដកម្ម​អហឹ​ង្សា ​ចាប់តាំងពី​ព្រឹក​ថ្ងៃទី​១២ តុលា ឆ្នាំ២០១១ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ១០ ចំណុច បន្ទាប់ពី​លោក​ថៅកែ​រោងចក្រ ​បញ្ឈប់​តំណាង​សហជីព ៣ រូប កាលពី​ថ្ងៃទី​៣ តុលា​ ឆ្នាំ២០១១ ដោយ​គ្មាន​មូលហេតុ​ ក្នុង​គោលបំណង​រើសអើង​សហជីព ដែល​ផ្ទុយ​ពី​ច្បាប់​ការងារ។​

​លោក​សាត់ ឈាង​ហួ បាន​ឲ្យ​ដឹង​បន្តថា លក្ខខណ្ឌ​ការងារ​ដែល​កម្ម​ករទា​ម​ទារ​ រួមមាន៖

១-​សុំ​ឲ្យ​ក្រុមហ៊ុន​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព ៣ រូប ​ចូលធ្វើការ​ការ​វិញ ដែលមាន​ឈ្មោះ​ សន តូ ប្រធាន​សហជីព ឈ្មោះ​ផៃ រ៉ា អនុប្រធាន និង​ឈ្មោះ​ផៃ វិ​ន លេខាធិការ។​

២-​ក្រុមហ៊ុន​ត្រូវគោរព​ច្បាប់​ស្តីពី​ការងារ និង​ត្រូវគោរព​សិទ្ធិ​កម្មករ មិនត្រូវ​បញ្ឈប់​កម្មករ​ស្រេច​តែ​ចិត្ត​នោះទេ។​

៣-​នៅពេល​កម្មករ​ឈឺ​ ត្រូវតែ​អនុញ្ញាត​ឲ្យ​ឈប់សម្រាក ចាប់ពី​ថ្ងៃ​មាន​បញ្ជា​របស់​គ្រូពេទ្យ។

៤-​ចំពោះ​លុយ​រង្វាន់ (​លុយ​ព្រីម​) ត្រូវ​កាត់​តាម​សមាមាត្រ​ប្រចាំ ​នៅពេលដែល​កម្មករ​ដាក់​ច្បាប់ឈប់​សម្រាក។​

៥-​ក្រុមហ៊ុន​ត្រូវ​ផ្តល់ប្រាក់​រង្វាន់​ដល់​អ្នក ​ដែលមាន​ជំនាញ​ ចេះមួយ​ម៉ាស៊ីន ពីមុន​ទទួលបាន ៣ ដុល្លារ និង​ចេះ​បួន​ម៉ាស៊ីន​ ទទួលបាន ៦ ដុល្លារ តែពេលនេះសុំឲ្យអ្នកចេះ​បី​ម៉ាស៊ីន​ទទួលបាន ១០ ដុល្លារ និង​ចេះ​បួន​ម៉ាស៊ីន​ទទួលបាន ១៥ ដុល្លារ។​

៦- ក្រុមហ៊ុន​ មិនត្រូវបង្ខំ​កម្មករ​ធ្វើការ​ថែម​ម៉ោង ដោយ​លើសពី​ច្បាប់​អនុញ្ញាត​នោះទេ​។​

៧-​ក្រុមហ៊ុន​ត្រូវ​អនុញ្ញាត​ឲ្យ​ស្រី​មាន​ផ្ទៃពោះ​ ចេញ​មុន​ម៉ោង​ ១៥​នាទី ហើយ​ត្រូវ​ឲ្យ​ស្ត្រី​ចេញ ទៅ​ពិនិត្យ​ផ្ទៃពោះ​ ក្នុង​មួយខែ ​មួយថ្ងៃ ដោយ​រក្សា​ប្រាក់​ឈ្មួ​ល​ និង​រង្វាន​ផ្សេងៗ​។​

៨-​ក្រុមហ៊ុន​ត្រូវ​ផ្តល់ប្រាក់ ៥ ភាគរយ និង​ប្រាក់​ចំណា​ច់​ប្រចាំឆ្នាំ ​ដល់​កម្មករ ​ដែល​ធ្វើ​កិច្ចសន្យា​កំណត់​។

៩-​ក្រុមហ៊ុន​មិនត្រូវ​កត់​ឈ្មោះ ឬអត្តលេខ​របស់​កម្មក​រ ​នៅពេល​ចូលទៅ​បន្ទប់ទឹក​ឡើយ​។​

១០-​សុំ​ឲ្យ​ដក​ប្រធាន​រដ្ឋបាល​ចេញ ព្រោះប្រធានរដ្ឋបាលនោះ ​តែងតែ​បង្កបញ្ហា​ឥតឈប់ឈរ​។​

​លោក​សាត់ ឈាង​ហួ បាន​ឲ្យ​ដឹងថា នា​ព្រឹក​ថ្ងៃទី​១៣​តុលា ឆ្នាំ២០១១ តំណាង​ក្រសួង​ការងារ តំណាង​ថៅកែ​រោងចក្រ​ជនជាតិ​ចិន និង​តំណាង​សហជីពកម្មករ បាន​ជួបចរចា​គ្នា ​ដោះស្រាយបាន​ចំណុច​ទី​២-៣-៤-៧-៨ និង​ទី​៩។ នៅសល់ ៤ ចំណុច​ទៀត​ នឹង​ជួបចរចា​ ​ដោះស្រាយ​បន្ត​នៅ​ថ្ងៃទី​១៤​តុលា។

ចំណែក​ក្រុមកម្មករ​បាន​បន្តធ្វើ​កូដកម្ម ​រហូតដល់​ទទួល​បាន​ដំណោះស្រាយ​សមស្រប​ទើប​ចូលធ្វើ​ការងារ​វិញ​។​ ​ជុំវិញ​ការទាមទារ​របស់​កម្ម​ករ​ខាងលើនេះ CEN ពុំ​អាចទំនាក់ទំនង ​សុំ​ការបំភ្លឺ​ពី​ភាគី​រោងចក្រ​បានឡើយ នៅ​ល្ងាច​ថ្ងៃ​ទី១៣តុលា ឆ្នាំ២០១១​៕

សហជីព​សេរីកម្មករ​ប្តឹង​ក្រុមហ៊ុន​កាត់ដេរ​ខេមវែល​ចំពោះ​ការ​បញ្ឈប់​កម្មករ​ដោយ​ខុសច្បាប់

ព្រហស្បតិ៍ 13 តុលា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

នៅ​ថ្ងៃ​នេះ សហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ជា មុនី បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ខេត្ត​កណ្តាល ដោយ​ប្តឹង​ក្រុមហ៊ុន​កាត់​ដេរ ខេមវែល មាន​ទីតាំង​នៅ​ភូមិ​ត្នោតមួយ​ដើម ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ចំពោះ​ការ​បញ្ឈប់​កម្មការិនី​ដោយ​ខុស​ច្បាប់។

លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រ កម្ពុជា

លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រ កម្ពុជា

លិខិត​ចុះ​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០១១ របស់​លោក ជា មុនី ប្រធាន​សហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​ឡើង​ថា កាល​ពី​ថ្ងៃទី​១២ ខែតុលា សហជីព​បាន​ទទួល​លិខិត​ពឹង​ពាក់​មួយ​ច្បាប់​ពី​ថ្នាក់​ដឹកនាំ​សហជីព​សម្លេង​យុវជន​ខ្មែរ​ប្រចាំ​ក្រុមហ៊ុន​ខេមវ៉ែល សុំ​ឲ្យ​ជួយ​អន្តរាគមន៍ និង​ដោះ​ស្រាយ​ពី​បញ្ហា​ដែល​ក្រុមហ៊ុន​នេះ​បាន​បញ្ឈប់​ពួក​គេ​ពី​ការងារ។

ដោយ​យោង​ទៅ​លើ​ច្បាប់​ស្តីពី​ការងារ​ដែល​បាន​ចែង​ថា រាល់​ការ​បញ្ឈប់​ណាមួយ​អាច​ធ្វើ​ទៅ​បាន លុះ​ត្រា​ណា​មាន​ការ​យល់​ព្រម​ពី​អធិការ​កិច្ច​ការងារ​ជា​មុន​សិន លើក​លែង​តែ​មាន​កំហុស​ធ្ងន់ និង​ដោយ​យោង​តាម​លិខិត​ពឹង​ពាក់​ដែល​បញ្ជាក់​ថា ការ​បញ្ឈប់​ពួក​គេ​ពី​ការងារ​ដោយ​សំអាង​ការ​រំលាយ​សហជីព សហជីព​សេរីកម្មករ​ចាត់​ទុក​ថា ការ​បញ្ឈប់​នោះ​គឺ​ជា​ការ​ខុស​ច្បាប់ ព្រោះ​បើ​ទោះ​បី​ជា​សហជីព​រំលាយ​ក៏​ដោយ ក៏​មិន​ប៉ះពាល់​ដល់​ការងារ​របស់​ពួក​គាត់​ឡើយ។

លិខិត​របស់​លោក ជា មុនី បាន​បន្ត​ទៀត​ថា កម្មការិនី​ដែល​ជា​ថ្នាក់​ដឹកនាំ​សហជីព​ប្រចាំ​ក្រុមហ៊ុន​នោះ ត្រូវ​លោក លឹម ឡូត ប្រាប់​ថា ក្រុមហ៊ុន​បាន​ផ្តល់​ប្រាក់​ពី​៨០០ ទៅ​១០០០​ដុល្លារ​អាមេរិក​ដល់​ពួក​គេ។ ប៉ុន្តែ​ដោយ​ប្រាក់​ទាំង​នេះ​មិន​ទូទាត់​ទៅ​តាម​ផ្លូវ​ច្បាប់ ពួក​គាត់​មិន​ទទួល​យក ហើយ​សុខចិត្ត​ធ្វើ​ការ​ដដែល។ នៅ​ពេល​ដែល​ពួក​គាត់​ចូល​ទៅ​ធ្វើ​ការ ស្រាប់​តែ​សន្តិសុខ​មិន​ឲ្យ​ពួក​គាត់​ចូល​ក្នុង​ក្រុមហ៊ុន ដោយ​ប្រាប់​ថា ប្រធាន​ក្រុម​ហ៊ុន​មិន​ឲ្យ​ចូល។

ចំពោះ​បញ្ហា​នេះ លោក ជា មុនី បាន​ស្នើ​ឲ្យ​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កណ្តាល ឲ្យ​ជួយ​អន្តរាគមន៍​និង​ដោះ​ស្រាយ ដោយ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​កម្មករ​ទាំង​នោះ​ចូល​ធ្វើ​ការ​វិញ បើ​ពុំ​នោះ​ទេ ត្រូវ​ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ​តាម​ច្បាប់​ស្តីពី​ការងារ៕

ប្រធាន​សហជីព​កម្មក​រ ប្តឹង​នាយក​ក្រុមហ៊ុន​កាត់ដេរ ខេ​ម​វែល ក្នុង​រឿង​បញ្ឈប់​កម្មករ​

ដោយ : សុខ ភក្តី
ថ្ងៃទី 13 តុលា 2011
CEN

ភ្នំពេញ:​លោក ជា ​មុនី ប្រធាន​សហជីព​សេរី​កម្មករ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​លិខិត​ប្តឹង​នាយក​ក្រុមហ៊ុន​កាត់ដេរ ខែម​វែល ចំពោះ​ការបញ្ឈប់​កម្មករ ដោយ​ខុសច្បាប់​។ លិខិត​ប្តឹង​នោះ ត្រូវបាន​បញ្ជូន​ទៅ​កាន់​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​កណ្ដាល កាលពី​ព្រឹក​ថ្ងៃទី​ ១៣ ខែ​តុលា ឆ្នាំ​២០១១​។​

​លោកជា ​មុនី បាន​លើកឡើង​ថា សហជីព​សេរី​កម្មករ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​លិខិត​ពឹងពាក់​មួយ​ច្បាប់ ​ពី​ថ្នាក់ដឹកនាំ​សហជីព​សម្លេង​យុវជន​ខ្មែរ ប្រចាំ​ក្រុមហ៊ុន ខេ​ម​វែល សុំឲ្យ​ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​ពី​បញ្ហា ដែល​ក្រុមហ៊ុន​បញ្ឈប់​ពួក​គាត់​ពី​ការងារ ចុះ​ថ្ងៃ​ទី ​១២ ខែតុលា ឆ្នាំ​២០១១​។

​លោក ជា​មុនី បាន​លើកឡើង​ថា អនុលោម​ទៅ​ច្បាប់​ស្ដីពី​ការងារ រាល់​ការបញ្ឈប់​ណាមួយ អាច​ធ្វើទៅបាន លុះត្រា​ណា​មាន​ការយល់ព្រម​ពី​អធិការ​កិច្ចការងារ​ជាមុនសិន លើកលែងតែ​មាន​កំហុស​ធ្ងន់​។ ដោយយោង​តាម​លិខិត​ពឹងពាក់ បានបញ្ជាក់​ថា ការបញ្ឈប់​ពួកគាត់​ពី​ការងារ​នោះ ដោយ​សំអាង​ថា ការរំលាយ​សហជីព គឺជា​ការខុសច្បាប់ ព្រោះថា​បើ​ទោះបី​សហជីព​រំលាយ​ក៏ដោយ ក៏មិន​ប៉ះពាល់​ដល់​ការងារ​របស់​ពួក​គាត់​ឡើយ​។​

​ក្នុង​លិខិត​ដដែល ក៏បាន​លើកឡើង​ថា ចំពោះ​កម្មការិនី ​​ជា​ថ្នាក់ដឹកនាំ​សហជីព​ប្រចាំ​ក្រុមហ៊ុន​នោះ ដែល​លោក លឹម ឡូត បាន​ប្រាប់​គាត់​ថា ក្រុមហ៊ុន​គេ​ផ្ដល់ឲ្យ​ពី ៨០០ ទៅ ១.០០០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ដោយ​ប្រាក់​ទាំងនេះ មិន​ទូទាត់​ទៅតាម​ផ្លូវច្បាប់ ហើយ​ពួក​គាត់​មិន​សុខចិត្ត​ទទួលយក សុខចិត្ត​នៅ​ធ្វើការ​ដដែល​។ នៅពេល​ដែល​ពួកគាត់ចូល​ទៅ​ធ្វើការ ស្រាប់តែ​សន្តិសុខ​បាន​បញ្ជា មិនឲ្យ​ចូល​ក្នុង​ក្រុមហ៊ុន​ឡើយ ដោយ​ប្រាប់ថា តា ម៉ិញ មិន​ឲ្យចូល​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ លោក​ជា​ មុនី សូម​លោក​ប្រធាន​មេត្តាជួយ​អន្តរាគមន៍ និង​ដោះស្រាយ ដោយ​ឲ្យ​ក្រុមហ៊ុន​ទទួលយក​ពួកគាត់​ទាំង ៣ រូប ចូលធ្វើការ​វិញ បើ​មិន​អញ្ចឹងទេ ត្រូវ​ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ តាម​ច្បាប់​ស្ដីពី​ការងារ​៕​

តុលាការ​ក្រុង​ភ្នំពេញ​តម្កល់​ទោស​ជាប់​គុក​ពីរ​ឆ្នាំ​ដល់​មេគណបក្ស​ប្រឆាំង

ថ្ងៃព្រហស្បតិ៍, 13 ខែតុលា 2011
ដោយ គង់ សុឋានរិទ្ធ
វីអូអេ ខ្មែរ | ភ្នំពេញ

ស្តាប់ព័ត៌មាន៖ រាយការណ៍ដោយ គង់ សុឋានរិទ្ធ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១
MP3 | Windows Media

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​សម្រេច​តម្កល់​ការ​ផ្តន្ទា​ទោស​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​លោក ​សម​ រង្ស៊ី ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ ​ពី​បទ​បរិហារកេរ្តិ៍​លោក​ ហោ​ ណាំហុង ​រដ្ឋមន្ដ្រី​ការបរទេស​ខ្មែរ។​ ការ​សម្រេច​ក្ដី​នេះ​ធ្វើ​ឲ្យ​មេ​ដឹកនាំ​គណបក្ស​សម​ រង្ស៊ី ​ដែល​កំពុងនិរទេស​នៅ​ក្រៅ​ប្រទេស​ទទួល​រង​ការ​ផ្តន្ទាទោ​ជាប់​ពន្ធគារ​សរុប​ចំនួន​ប្រាំបួន​ឆ្នាំ ​ក្នុង​បទ​ចោទ​ប្រកាន់​ចំនួន​បី​ករណី។

លោក សម រង្ស៊ី ជា​ប្រធាន​​គណបក្ស​សម​ រង្ស៊ី ​ដែល​កំពុងនិរទេស​នៅ​ក្រៅ​ប្រទេស​។ (រូបថត៖ AP)

លោក សម រង្ស៊ី ជា ប្រធាន គណបក្ស សម រង្ស៊ី ដែល កំពុងនិរទេស នៅ ក្រៅ ប្រទេស ។ (រូបថត៖ AP)

លោក ​ហោ ​ណាំហុង បាន​ប្តឹង​ប្រឆាំង​លោក​ សម​ រង្ស៊ី​ នៅ​តុលាការ​កម្ពុជា ​និង​បារាំង​ បន្ទាប់​ពី​លោក​សម​ រង្ស៊ី​ បាន​អត្ថាធិប្បាយ​នៅ​ថ្ងៃ​ទី​១៧ ​ខែ​មេសា ​ឆ្នាំ​២០០៨​ នៅ​សារមន្ទីរ​ជើងឯក​ថា​ លោក​ ហោ ​ណាំហុង​ គឺ​ជា​អតីត​មេ​គុក​បឹងត្របែក​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ កាល​ពី​ខែ​មេសា ឆ្នាំ​២០១១​ នេះ​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​លោក​ សម​ រង្ស៊ី​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ។ ដោយឡែក​តុលាការ​កំពូល​ប្រទេស​បារាំង​បាន​សម្រេច​ឲ្យ​លោក​ សម​ រង្ស៊ី ​ឈ្នះ​ក្ដី​លោក​ប្រមុខ​ការ​ទូត​ខ្មែរ​កាល​ពី​ដើម​ឆ្នាំ ​២០១១​ក្នុង​សំណុំរឿង​ដូច​គ្នា​នេះ ​ដែល​ធ្វើ​ឲ្យ​លោក ​សម ​រង្ស៊ី​ ប្ដឹង​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់​ក្ដី​លើ​ករណី​របស់​លោក​ឡើង​វិញ។

លោក ​ជួង​ ជូងី ​មេធាវី​ការពារក្តី​របស់​លោក​ សម​ រង្ស៊ី​ បាន​ថ្លែង​ថា ចៅក្រម​សាលា​រាជធានី​ភ្នំពេញ​បាន​តម្កល់​សេចក្ដី​សម្រេច​ប្រកប​ដោយ​អយុត្តិធម៌​ ដោយ​មិន​ពិចារណា​លើ​សេចក្ដី​សំអាង​របស់​លោក​ក្នុង​សវនាការ​ និង​មិន​ពិចារណា​លើ​គោលការណ៍​សកល​នៃ​ការ​សម្រេច​លើ​សំណុំក្ដី​តែ​មួយ។

«ការ​ដែល​តុលាការ​ក្រុង​រក្សា​ការ​សម្រេច​ដូច​មុន​ដដែល​អត់​ត្រឹមត្រូវ​ទេ​ គឺ​បាន​ន័យ​ថា ​គាត់​មិន​បាន​ពិចារណា​ទៅ​លើ​សាលដីកា​តុលាការ​កំពូល​ប្រទេស​បារាំង។​ បើ​សិន​ណា​តុលាការ​ប្រទេស​បារាំង​កាត់​ចប់​សព្វ​គ្រប់​អស់​ហើយ​គោលការណ៍​សកល​មិន​អាច​តុលាការ​ផ្សេង​ទៀត​យក​ទៅ​កាត់​ឡើង​វិញ​ទេ»។

លោក ​កា ​សាវុធ ​មេធាវី​ការពារក្តី​របស់​លោក​ ហោ ​ណាំហុង​ ចាត់ទុក​ថា​ ការ​សម្រេច​ក្ដី​នេះ​ជា​ការ​សម្រេច​ត្រឹមត្រូវ។

«ខ្ញុំ​ពេញ​ចិត្ត​ពី​ព្រោះ​គាត់​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់»។

លោក​មេធាវី ​កា ​សាវុធ ​ធ្លាប់​ពន្យល់​ថា​ ច្បាប់​មិន​តម្រូវ​ឲ្យ​​តុលាការ​ពិចារណា​ទៅ​លើ​សាលក្រម​ប្រទេស​បារាំង​ទេ​ ខណៈ​ដែល​លោកសម រង្ស៊ី ដែលជាជន​ត្រូវ​ចោទ​អវត្តមាន​នៅ​ពេល​សវនាការ ។

លោក​មេធាវី​ ជួង​ ជូងី ​បាន​បញ្ជាក់​ថា ​លោក​នឹង​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ៕

បណ្តាញទាក់ទងគ្នា
សមាជិក​គណបក្ស​សម រង្ស៊ី​ផ្តាច់​ខ្លួន​ចូល​គណបក្ស​សិទ្ធិមនុស្ស.

ចៅក្រម​បដិសេធ​ការ​ឃុំ​ខ្លួន​សមាជិក​គណបក្ស​ប្រឆាំង​ដោយ​គ្មាន​ដីកា.

គណបក្ស​សម រង្ស៊ី និង​សិទ្ធិមនុស្ស​ជាប់​អន្ទាក់​មុន​ពេល​បោះឆ្នោត.

តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ​លោក​ សម រង្ស៊ី​ ដាក់​ពន្ធនាគារ​២ ​ឆ្នាំ​ក្នុង​រឿងក្តី​បរិហារកេរ្តិ៍​លោក ​ហោ ​ណាំហុង​

ដោយ លី ម៉េងហួរ
ថ្ងៃ ព្រហស្បតិ៍ 13 តុលា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ លី ម៉េងហូរ ពីភ្នំពេញ (02:14)

នៅ​​​ព្រឹក​​​ថ្ងៃ​ទី​​១៣​​តុលា​​នេះ ​លោក​​ចៅក្រម​ សេង នាង​ បាន​ប្រកាស​​សេចក្តី​សម្រេច​​កំបាំង​មុខ​ ដោយ​​ផ្តន្ទាទោស​​ដាក់​​ពន្ធនាគារ​​រយៈពេល​ ២​ ឆ្នាំ​ លើ​​លោក​​សម​រង្ស៊ី​ ពី​​បទ​​បរិហារ​កេរ្តិ៍​ និង​​ផ្សាយ​​ព័ត៌មាន​​មិន​​ពិត​។​ ជា​​បទ​​ចោទ​ប្រកាន់ ​ដែល​​ប្តឹង​​ដោយ​​លោក​ ហោ ​ណាំហុង​ ដោយ​សារ​តែ ​កាលពី​​ថ្ងៃ​​ទី​​១៧​​មេសា ​ឆ្នាំ​​២០០៨​ ក្នុង​​ពិធី​​រម្លឹក​​វិញ្ញាណក្ខន្ធ​​អ្នក​​ស្លាប់​នៅ​​បឹង​​ជើង​ឯក​ លោក​​សម​រង្ស៊ី​ បាន​​ចោទ​ប្រកាន់​​ថា ​លោក​ ហោ ​ណាំហុង​ ជា​​មេ​​គុក​​បឹង​ត្របែក​ ក្នុង​សម័យ​​ខ្មែរ​ក្រហម​ ដែល​​នាំ​​ឲ្យ​​ញា​តិ​​វង្សានុវង្ស​​និង​​​បញ្ញវ័ន្ត​​ជា​ច្រើន​​នាក់ ​ត្រូវ​បាន​​សម្លាប់​។

តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ​លោក​ សម រង្ស៊ី​ ដាក់​ពន្ធនាគារ​ ២​ ឆ្នាំ​ក្នុង​រឿង​ក្តី​បរិហារ​​កេរ្តិ៍​លោក​ ហោ ណាំហុង។​ (RFI/Chheang Bopha)

តុលាការ ផ្តន្ទាទោស កំបាំង មុខ លោក សម រង្ស៊ី ដាក់ ពន្ធនាគារ ២ ឆ្នាំ ក្នុង រឿង ក្តី បរិហារ កេរ្តិ៍ លោក ហោ ណាំហុង។ (RFI/Chheang Bopha)

សេចក្តីសម្រេច​របស់​ចៅក្រម​នៅ​ព្រឹក​មិញ ត្រូវបាន​ប្រកាសចំពោះ​មុខ​លោក​មេធាវី ការ សា​វុត្ថ មេធាវី​ការពារ​ក្តី​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ដោយ​មិន​មាន​វត្តមាន​របស់​លោក​មេធាវី ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​លោក​សម​រង្ស៊ី​ឡើយ​។ រីឯ​អ្នកចូលរួម​ស្តាប់​សវនាការ ក៏​មិន​មាន ក្រៅ​តែ​ពី​ប៉ូលិស​យាម​តុលាការ​ម្នាក់ និង​អ្នកកាសែត ៣ នាក់​ប៉ុណ្ណោះ​។​

​លោក​ចៅក្រម សេង នាង បាន​អាន​សេចក្តីសម្រេច​ថា លោក​សម​រង្ស៊ី ដែល​បាន​ប្តឹង​ទាស់​នឹង​សាលក្រម​របស់​តុលាការ ក្នុង​រឿងក្តី​បរិហារកេរ្តិ៍ ប៉ុន្តែ​លោក​សម​រង្ស៊ី មិន​បាន​បង្ហាញខ្លួន ក្នុង​អង្គ​សវនាការ ដូច្នេះ​តុលាការ ចាត់ទុកថា ពាក្យបណ្តឹង​ទាស់​នោះ ជា​ឯកសារ​ឥត​បានការ​។ តុលាការ ក៏បាន​សម្រេច​តម្កល់​សាលក្រម​របស់​តុលាការ​លើក​មុន ទុកជាបានការ និង​បើក​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍ តាម​ទម្រង់​ច្បាប់​។

​រឿងក្តី​ដែល​លោក​សម​រង្ស៊ី ចោទប្រកាន់​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ជា​មេ​គុក​បឹងត្របែក​សម័យ​ខ្មែរក្រហម ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ បើកសវនាការ និង​សម្រេច កាលពី​ថ្ងៃ​ទី​២៥​មេសា ឆ្នាំ​២០១១ ដោយ​ផ្តន្ទាទោស​កំបាំងមុខ​លោក​សម​រង្ស៊ី ដាក់ពន្ធនាគារ ២ ឆ្នាំ​។​

​ប៉ុន្តែ​ត្រូវបាន​លោក​សម​រង្ស៊ី ប្តឹង​ទាស់ ដោយ​សំអាង​លើ​សាលដីកា​របស់​តុលាការ​កំពូល របស់​ប្រទេស​បារាំង ដែល​បាន​សម្រេច​ឲ្យ​លោក​សម​រង្ស៊ីឈ្នះក្តី​លើ​លោក ​ហោ ណាំហុងក្នុង​រឿងរ៉ាវ​​ស្រដៀង​គ្នា​នេះ​។

​យ៉ាងណាក៏ដោយ នៅ​ព្រឹក​មិញ លោក​មេធាវី ការ សា​វុត្ថ ដែល​ការពារ​ក្តី​លោក​ហោ​ណាំហុង បានចាត់ទុក​ការសម្រេច​ជា​ថ្មី​របស់​តុលាការ ថា​ជា​រឿង​យុត្តិធម៌​បំផុត​សម្រាប់​លោក ហោ ណាំ​ហុង​។ លោក ហោ ណាំហុង ដែល​មេធាវី​អះអាងថា គ្រាន់​តែ​ជា​ប្រធាន​អ្នកទោស ក្នុងចំណោម​អ្នក​ទោស ហើយ​បើ​តាម​អតីត​ប្រធាន​គុក​ទួលស្លែង កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច គឺ​លោក ហោ ណាំ​ហុង​ ក៏​មាន​ឈ្មោះ​ត្រូវ​ខ្មែរក្រហម​យកទៅ​សម្លាប់​នៅ​គុក​ទួលស្លែង ដូច​ប្រធាន​អ្នកទោស​មុនៗ​នៅ​គុក​បឹងត្របែក​ផងដែរ​។

​ចំណែក​លោក​មេធាវី ជូ​ង ជូ​ងី ការពារ​ក្តី​លោក​សម​រង្ស៊ី បាន​ប្រាប់​អ្នកកាសែត​ថា ការសម្រេច​របស់​តុលាការ គឺ​មិន​អាច​ទទួលយកបាន ហើយ​ថា លោក​នឹង​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សេចក្តី​សម្រេច​​នោះ​។​

លោក​សម​រង្ស៊ី ដែល​កំពុង​រស់​នៅ​ក្រៅប្រទេស មកដល់ពេលនេះ ត្រូវបាន​តុលាការ​កម្ពុជា ផ្តន្ទាទោស​កំបាំងមុខ ដាក់​ពន្ធនាគារ​សរុប​ជាង ១០ ឆ្នាំ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀត​ណាម​៕

សាលា​ដំបូង​ក្រុង​ភ្នំពេញ​តម្កល់​សាលក្រម​របស់​ខ្លួន​ចំពោះ​បណ្តឹង​ សម រង្ស៊ី ហោ ណាំហុង

ព្រហស្បតិ៍ 13 តុលា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

សាលា​ដំបូង​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​សម្រេច​តម្កល់​សាលក្រម​របស់​ខ្លួន​ឲ្យ​នៅ​ដដែល ដោយ​ដាក់​ពន្ធនាគារ​លោក សម រង្ស៊ី ចំនួន​២ឆ្នាំ ចំពោះ​បទ​បរិហាកេរ្តិ៍​លោក ហោ ណាំហុង ថា​ជា​មេគុក​បឹងត្របែក​ក្នុង​របប​ខ្មែរ​ក្រហម។

លោក សម រង្ស៊ី ត្រូវរារាំងដោយក្រុមប៉ូលិសកន្លងមក (រូប៖AFP)

លោក សម រង្ស៊ី ត្រូវរារាំងដោយក្រុមប៉ូលិសកន្លងមក (រូប៖AFP)

ការ​ប្រកាស​សាល​ក្រម​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​សវនាការ​កាល​ពី​ថ្ងៃទី​២២ កញ្ញា កន្លង​ទៅ ចំពោះ​បណ្តឹង​ទាស់​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី​ ដែល​មិន​ទទួល​យកសាលក្រម​របស់​តុលាការ​នេះ កាល​ពី​ថ្ងៃទី២៥ ខែ​មេសា ដែល​សម្រេច​ឲ្យ​លោក​មាន​ទោស​ជាប់​ពន្ធនាគារ​២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៨លាន​រៀល ពី​បទ​បរិហាកេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង។

លោក ហោ ណាំហុង បាន​ប្តឹង​លោក សម រង្ស៊ី ទៅ​តុលាការ​កម្ពុជា និង​បារាំង ចំពោះ​ការ​ថ្លែង​សារនយោបាយ​របស់​លោក សម រង្ស៊ី ឯវាលពិឃាត​ជើងឯក កាល​ពី​ខែ​មេសា ឆ្នាំ​២០០៨ ដែល​ថា លោក ហោ ណាំហុង រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​បច្ចុប្បន្ន ជា​អតីត​មេគុក​បឹងត្របែក​ក្នុង​របប​ខ្មែរ​ក្រហម។

បើ​គិត​មក​ទល់​នឹង​ពេល​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា មាន​ទោស​ជាប់​ពន្ធនាគារ​សរុប​ចំនួន​ប្រាំបួន​ឆ្នាំ ចំពោះ​បណ្តឹង​របស់​រដ្ឋាភិបាល​អំពី​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ស្វាយ​រៀង ការ​ផ្សព្វផ្សាយ​ផែនទី​ក្លែង​ក្លាយ និង​ចុងក្រោយ​គឺ​​បណ្តឹង​របស់​លោក ហោ ណាំហុង នេះ៕

ចៅក្រម​តម្កល់​សេចក្តីសម្រេច​លើ​រឿង​លោក​សម​រង្ស៊ី បរិហារកេរ្តិ៍​លោក ហោ ណាំហុង

ដោយ : សុខ ភក្តី
ថ្ងៃទី 13 តុលា 2011
CEN

ភ្នំពេញ: លោក សេង នាង ចៅក្រម​ជំនុំជម្រះ​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ បានប្រកាស​សេចក្តីសម្រេច​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​តុលា ឆ្នាំ​២០១១ ដោយ​តម្កល់​នូវ​សេចក្តីសម្រេច​របស់​ចៅក្រម​លើក​មុន​លើ​សំណុំរឿង​លោក ហោ​ ណាំហុង ប្តឹង​លោក​ សម​រង្ស៊ី ពី​បទ​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​។

​សេចក្តីសម្រេច​នោះ ត្រូវបាន​ប្រកាស ចំពោះ​មុខ​លោក​មេធាវី ការ សា​វុត្ថ មេធាវី​ការពារ​ក្តី​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ដោយ​មិន​មាន​វត្តមាន​របស់​លោក​មេធាវី ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​លោក​សម​រង្ស៊ី​ឡើយ​។​

​លោក​ចៅក្រម សេង នាង បាន​អាន​សេចក្តីសម្រេច​ថា លោក​សម​រង្ស៊ី ដែល​បាន​ប្តឹង​ទាស់​នឹង​សាលក្រម​របស់​តុលាការ​ក្នុង​រឿងក្តី​បរិហារកេរ្តិ៍​នេះ តែ​លោក​សម​រង្ស៊ី មិន​បាន​បង្ហាញខ្លួន ក្នុង​អង្គ​សវនាការ ដូច្នេះ​តុលាការ ចាត់ទុកថា ពាក្យបណ្តឹង​ទាស់​នោះ ជា​ឯកសារ​ឥត​បានការ​។ តុលាការ​ក៏​បាន​សម្រេច​តម្កល់​សាលក្រម​របស់​តុលាការ​ទុកជាបានការ និង​បើក​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍ តាម​ទម្រង់​ច្បាប់​។​

​កាលពី​រសៀល​ថ្ងៃ​ទី​២២​កញ្ញា ឆ្នាំ​២០១១ លោក សេង នាង ចៅក្រម​ជំនុំជម្រះ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹងទាស់ ក្នុងករណី​លោក​សម​រង្ស៊ី ជាប់ចោទ​ពី​បទ​បរិហារកេរ្តិ៍ និង​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ប្រព្រឹត្ត​នៅ​ចំណុច​សារមន្ទីរ​ជើងឯក កាលពី​ថ្ងៃ​១៧​មេសា ឆ្នាំ​២០០៨​។

​ពាក្យបណ្តឹង​នោះ ត្រូវបាន​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ប្តឹង​លោក​សម​រង្ស៊ី ហើយ​ត្រូវបាន​តុលាការ​បើកសវនាការ​ម្តង​រួចមកហើយ កាលពី​ថ្ងៃ​ទី​៥​មេសា និង​បាន​ប្រកាស​សាលក្រម កាលពី​ថ្ងៃ​ទី​២៥​មេសា ឆ្នាំ​២០១១​។ តុលាការ បានសម្រេច​ផ្តន្ទាទោស​កំបាំងមុខ​លោក​សម​រង្ស៊ី ដាក់ពន្ធនាគារ ២ ឆ្នាំ​។​

​ប៉ុន្តែ​ត្រូវ​មេធាវី​លោក​សម​រង្ស៊ី ប្តឹង​ទាស់ ដោយ​សំអាង​លើ​សាលដីកា​របស់​តុលាការ​កំពូល របស់​ប្រទេស​បារាំង ដែល​បាន​សម្រេច​ឲ្យ​លោក​សម​រង្ស៊ី ឈ្នះក្តី​លើ​លោក​ហោ ណាំហុង ក្នុង​រឿងរ៉ាវ​ស្រដៀង​គ្នា​នេះ​។​

​រឿងក្តី​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត នៅ​វាល​ពិឃាត​បឹង​ជើងឯក កាលពី​ថ្ងៃ​ទី​១៧​មេសា ឆ្នាំ​២០០៨ ក្នុង​ពិធី​រម្លឹក​ខួប​ដល់​អ្នក​ស្លាប់​នៅ​សម័យ​ប៉ុលពត កាលណោះ លោក​សម​រង្ស៊ី បាន​ថ្លែង​ចោទប្រកាន់ថា លោក ហោ ណាំហុង ជា​មេ​គុក​បឹងត្របែក ក្នុងសម័យ​ខ្មែរក្រហម ដែល​នាំឲ្យ​មាន​ការកាប់សម្លាប់​បញ្ញាវ័ន្ត និង​រាជវង្សានុវង្ស​ជាច្រើន​ទៀត​៕​

សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដល់​ផលិតករ​ខ្នាត​តូច

ដោយ ខែ សុណង
2011-10-13
​វិទ្យុ​អាស៊ីសេរី

អង្គការ​សង្គម​ស៊ីវិល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បាន​រួម​គ្នា​ប្រារព្ធ​ទិវា​ម្ហូប​អាហារ​ពិភពលោក​នៅ​រាជធានី​ភ្នំពេញ។

១៣-តុលា-២០១១៖ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី (ស្ដាំ) និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន (ស្ដាំ​ទី​២) ពិនិត្យ​​មើល​ការ​តាំង​ពិព័រណ៍​កសិផល​គ្មាន​ជាតិ​គីមី នៅ​ក្នុង​ទិវា​ម្ហូប​អាហារ​ពិភពលោក នា​រាជធានី​ភ្នំពេញ។ (RFA/Mom Sophon)

១៣-តុលា-២០១១៖ រដ្ឋមន្ត្រី ក្រសួង កិច្ចការ នារី អ្នកស្រី អ៊ឹង កន្ថាផាវី (ស្ដាំ) និង រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ លោក ច័ន្ទ សារុន (ស្ដាំ ទី ២) ពិនិត្យ មើល ការ តាំង ពិព័រណ៍ កសិផល គ្មាន ជាតិ គីមី នៅ ក្នុង ទិវា ម្ហូប អាហារ ពិភពលោក នា រាជធានី ភ្នំពេញ។ (RFA/Mom Sophon)


http://flash-mp3-player.net/medias/player_mp3_maxi.swf

នៅ​ក្នុង​ពិធី​នោះ​អ្នក​ចូល​រួម​បាន​លើក​ឡើង​អំពី​ការ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផលិត​ស្បៀង ការ​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ស្បៀង​សម្រាប់​ការ​រស់​នៅ និង​យល់​ដឹង​ពី​បញ្ហា​ខ្វះ​ស្បៀង​ពិភពលោក។

មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន និង​ពលរដ្ឋ​នៅ​តាម​សហគមន៍​ដែល​ជា​អ្នក​ផលិត​ស្បៀង បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​យក​ចិត្ត​ទុកដាក់ និង​វិនិយោគ​បន្ថែម​ទៅ​លើ​កសិករ​ខ្នាត​តូច​នៅ​កម្ពុជា ព្រោះ​អ្នក​ទាំង​នោះ គឺ​ជា​ក្រុម​អ្នក​ផលិត​ស្បៀង​ធំ​បំផុត​របស់​កម្ពុជា ហើយ​ក៏​ជា​ក្រុម​ងាយ​រងគ្រោះ​ដោយ​ការ​ខ្វះ​ស្បៀង​អាហារ​ដែរ។

នាយិកា​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​កម្ពុជា អ្នកស្រី រស់ សុភាព បាន​ថ្លែង​ថា រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ក្នុង​ការ​ពង្រឹង​វិស័យ​ស្បៀង​អាហារ តាម​រយៈ​ការ​ផ្ដល់​ការ​បង្ហាត់​បង្រៀន​ជំនាញ ការ​ផ្ដល់​ឥណទាន និង​ការ​ផ្ដល់​ព័ត៌មាន​ទីផ្សារ​ដល់​សហគមន៍។

អ្នកស្រី​បន្ថែម​ដូច្នេះ៖ «ជា​ពិសេស​ឲ្យ​មាន​ការ​វិយោគ​ជាមួយ​ផលិតករ​ខ្នាត​តូច ដើម្បី​ធានា​ឲ្យ​ស្ត្រី​ទទួល​បាន​នូវ​ការ​រីក​ចំរើន​ផ្នែក​សេដ្ឋកិច្ច​ស្មើៗ​គ្នា និង​ឲ្យ​ស្ត្រី​ដែល​ជា​ម្ចាស់​ផលិតកម្ម​ខ្នាត​តូច​ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​អ្នក​ដើរ​តួ​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា»។

អ្នកស្រី​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ពិធី​ពិព័រណ៍​ស្បៀង​អាហារ នៅ​ឯ​ផ្សារ​រាត្រី រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ តុលា ឆ្នាំ​២០១១ ដែល​រៀបចំ​ដោយ​អង្គការ​ចំនួន​៨ នៅ​កម្ពុជា។

កសិករ សឿង សេងទូច រស់​នៅ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ដែល​បាន​មក​តាំង​បង្ហាញ​បន្លែ និង​ផ្លែឈើ​នៅ​តំបន់​គាត់​បាន​ថ្លែង​ថា បច្ចុប្បន្ន​បន្លែបង្ការ និង​ផ្លែ​ឈើ​ដែល​ដាំ​បាន​ផល​ក្រៅ​ពី​ហូប​ចុក​ខ្លួន​ឯង​នៅ​ក្នុង​ផ្ទះ​នោះ លោក​អាច​លក់​ឲ្យ​អ្នក​រស់នៅ​ក្នុង​សហគមន៍​ជាមួយ និង​នៅ​ទីផ្សារ​បាន​ខ្លះ ប៉ុន្តែ​លោក​បាន​ទទួល​ចំណូល​ដ៏​តិចតួច​បំផុត។

ឆ្លើយ​តប​បញ្ហា​នេះ លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​ថា ផ្នែក​សិប្បកម្ម​ខ្មែរ​កម្រិត​ស្នាដៃ និង​បច្ចេកទេស​នៅ​ទាប​គួរ​តែ​រៀន​សូត្រ​បន្ថែម តែ​ដោយ​ឡែក​ចំណី​អាហារ និង​បន្លែ​មួយ​ចំនួន​អាច​ប្រកួត​ប្រជែង​លក់​ដូច​ជាមួយ​បរទេស​ដទៃ​បាន ប៉ុន្តែ​ទន្ទឹម​នឹង​គ្នា​នេះ​គួរ​គិត​ពី​បញ្ហា​អនាម័យ​បន្ថែម។ លោក​បញ្ជាក់​ថា ក្រសួង​បាន​ត្រៀម​យុទ្ធសាស្ត្រ​ដើម្បី​ទប់​ទល់​មិន​ឲ្យ​មាន​បញ្ហា​ខ្វះ​ស្បៀង​អាហារ​ក្នុង​ស្រុក និង​បន្ត​រិះរក​មធ្យោបាយ​បង្កើត​ផលិតភាព​នាំ​ចេញ។

មន្ត្រី​ក្រសួង​កសិកម្ម​ដដែល​បាន​ឲ្យ​ដឹង​ថា ផលិត​ផល​ខ្មែរ​បច្ចុប្បន្ន​បាន​នាំចេញ​ទៅ​ក្រៅ​ប្រទេស​មួយ​ចំនួន ដូចជា ត្រី ត្រូវ​បាន​គេ​ដឹក​តាម​យន្តហោះ​ទៅ​ប្រទេស​សិង្ហបុរី ហុងកុង ថៃ និង​សហរដ្ឋ​អាមេរិក។

អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី មាន​ប្រសាសន៍​ថា ក្នុង​ចំណោម ៨៥%​ជា​កសិករ​ពឹង​ផ្អែក​ទៅ​លើ​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ និង​អនុផល​ព្រៃឈើ ក្នុង​នោះ​មាន ៦៥% គឺ​ជា​ស្ត្រី​ដែល​ចូល​រួម​ក្នុង​ផ្នែក​នេះ ហើយ​ស្ត្រី​ប្រមាណ ៦២% ជា​អ្នក​ដឹកនាំ​សហគ្រាស​ខ្នាត​តូច និង​មធ្យម។

សង្គម​ស៊ីវិល​បាន​កត់​សម្គាល់​ថា ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម សម្រាប់​ការ​ចិញ្ចឹម​ជីវិត ប៉ុន្តែ​ធនធាន​សម្រាប់​ផលិត​ស្បៀង​កាន់​តែ​ខ្សត់​ទៅ ពិសេស​ដី​កសិកម្ម គួប​ផ្សំ​នឹង​កំណើន​ចំនួន​សមាជិក​គ្រួសារ​ផង។ រី​ឯ​បញ្ហា​អាកាស​ធាតុ​អាក្រក់ ដូចជា​ទឹក​ជំនន់ គ្រោះ​រាំងស្ងួត ដែល​កើត​ឡើង​ជា​ញឹកញាប់ ហើយ​មាន​ភាព​ធ្ងន់ធ្ងរ​ជាង​មុន គឺ​ជា​ឧបសគ្គ​ដល់​អ្នក​ផលិត​ស្បៀង​ខ្នាត​តូច និង​ជា​បញ្ហា​ចម្បង​ដែល​បាន​រំខាន​ដល់​វិស័យ​កសិកម្ម និង​ការ​ផ្គត់ផ្គង់​អាហារ៕

ពលរដ្ឋ​លិច​ទឹក​នៅ​ខេត្ត​កំពង់ចាម​ប្រឈម​មុខ​ការ​ខ្វះ​ស្បៀង

ដោយ ដែន អយុធ្យា
2011-10-13
វិទ្យុ​អាស៊ីសេរី

ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​កំពង់ចាម កំពុង​ជួប​ប្រទះ​ភាព​អត់​ឃ្លាន។

១៣-តុលា-២០១១៖ ជំរំ​រស់​នៅ​បណ្ដោះអាសន្ន​របស់​ពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅ​មក​កាន់​ទី​ទួល​មាន​សុវត្ថិភាព​នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម។ (RFA/Den Ayuthyea)

១៣-តុលា-២០១១៖ ជំរំ រស់ នៅ បណ្ដោះអាសន្ន របស់ ពលរដ្ឋ ដែល ត្រូវ ជម្លៀស ចេញ ពី លំនៅ មក កាន់ ទី ទួល មាន សុវត្ថិភាព នៅ ស្រុក ត្បូងឃ្មុំ ខេត្ត កំពង់ចាម។ (RFA/Den Ayuthyea)

ប្រជាពលរដ្ឋ​​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅ​មក​រស់​នៅ​ទី​ទួល​សុវត្ថិភាព​ប្រមាណ ៧០​កន្លែង នា​ខេត្ត​កំពង់ចាម កំពុង​ប្រឈម​មុខ​ជាមួយ​ការ​លំបាក​ប្រចាំ​ថ្ងៃ ដោយសារ​ទឹក​ជំនន់​លិច​ត្រាំត្រែង​យូរ​ពេក ហើយ​ពួកគេ​បាន​អំពាវនាវ​ឲ្យ​​​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​សម្រាល​ការ​លំបាក​របស់​ពួកគេ។

ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ដែល​​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត​បាន ១​ថ្ងៃ​សម្រាប់​តែ​១​ថ្ងៃ កំពុង​រក​អង្ករ​ច្រក​ឆ្នាំង​​ពុំ​បាន។ ពួក​គេ​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ផ្ដល់​ជំនួយ​សង្គ្រោះ​ជា​បន្ទាន់។

ប្រជាពលរដ្ឋ​បន្ថែម៖ «ខ្វះខាត​តាំង​ពី​ស្បៀង​រហូត​ដល់​រោង​គោ​រក​អី​ប្រក់​គ្មាន​ទេ។ អណ្ដែត​តាម​ទឹក ខ្វះ​សព្វ​គ្រប់។ ខ្វះខាត​អង្ករ និង​ថ្នាំពេទ្យ។ ខ្ញុំ​អរគុណ​ណាស់​បើ​បាន​ជួយ ខ្ញុំ​អរ​មួយ​ជីវិត»។

ពលរដ្ឋ​បន្ត​ថា បច្ចុប្បន្ន​ពួកគាត់​ប្រឈម​ការ​ខ្វះ​ស្បៀង​ក្នុង​អំឡុង​ពេល​ទឹក​ជំនន់។ ប៉ុន្តែ​នៅ​ក្រោយ​ទឹក​ស្រក​ពួកគាត់​ក៏​ប្រឈម​នឹង​ការ​ខ្វះ​​លំនៅឋាន​រស់​នៅ​ថែម​ទៀត ព្រោះ​ផ្ទះ​របស់​ពួកគាត់​ត្រូវ​ទឹក​ជំនន់​បំផ្លាញ​អស់​គ្មាន​សល់។

ទាក់ទង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ លោក ហ៊ុន ណេង ជា​អភិបាល​ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា កាកបាទ​ក្រហម​ខេត្ត និង​រដ្ឋាភិបាល បាន​ត្រៀម​អង្ករ​ជាង ៣០០​តោន សម្រាប់​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​មុខ​ការ​អត់​ឃ្លាន។

លោក​បន្ត​ថា ការ​ចែក​ស្បៀង​ទៅ​ដល់​ពលរដ្ឋ​លិច​ទឹក អាជ្ញាធរ​ផ្ដល់​ជូន​ចំពោះ​ពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​​ជម្លៀស​ពី​លំនៅ​មក​​រស់​នៅ​លើ​ទី​ទួល​សុវត្ថិភាព ហើយ​ជា​ជន​ក្រីក្រ​ពិត​ប្រាកដ។

លោក ហ៊ុន ណេង បន្ថែម៖ «យើង​ដោះស្រាយ​បន្ត​បន្ទាប់ ឥឡូវ​គឺ​កាកបាទ​ក្រហម​ខេត្ត​បាន​ទិញ​ជាង ១០០​តោន ហើយ​រដ្ឋាភិបាល​បាន​ផ្ដល់​ជូន ២០០​តោន​ទៀត។ យើង​ចែក​ជូន​បង​ប្អូន​គឺ​សំដៅ​លើ​ទី​ទួល​មាន​សុវត្ថិភាព។ ឥឡូវ​យើង​កំពុង​តាម​ចែក​ដល់​ពលរដ្ឋ​ដែល​ទៅ​ជ្រក​នៅ​តាម​ផ្ទះ​បង​ប្អូន​ប្រមាណ ១​ពាន់​គ្រួសារ​ទៀត»។

លោក ហ៊ុន ណេង បាន​ឲ្យ​ដឹង​ថា ទឹក​ជំនន់​ទន្លេ​មេគង្គ​ឆ្នាំ​២០១១ បាន​បណ្ដាល​ឲ្យ​ស្រុក​ចំនួន ៨ ក្នុង​ខេត្ត​កំពង់ចាម ត្រូវ​លិចលង់ និង​មាន​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ ត្រូវ​ជម្លៀស​មក​កាន់​ទី​ទួល​សុវត្ថិភាព​ចំនួន ៧០​ទីតាំង​ផ្សេង​គ្នា។

ទឹក​ជំនន់​ក៏​បាន​បំផ្លាញ​ផ្ទះ​អស់​ជាង ៨០​​​ខ្នង និង​បាន​សម្លាប់​មនុស្ស​ជិត ៥០​នាក់ ព្រមទាំង​បាន​បំផ្លាញ​ផ្ទៃ​ដី​កសិកម្ម​ដំណាំ​ស្រូវ​​កសិករ​​​ជាង ១​ម៉ឺន​៥​ពាន់​ហិកតារ។ លោក​បន្ត​ថា សម្រាប់​ពលរដ្ឋ​រង​គ្រោះ​បាត់បង់​ផ្ទះសម្បែង​ពី​គ្រោះ​ទឹក​ជំនន់ អាជ្ញាធរ​កំពុង​ពិនិត្យ​តាម​លទ្ធភាព​ជាក់ស្ដែង ដើម្បី​សាង​សង់​ជម្រក​ជូន​ពួកគាត់​ឡើង​វិញ បន្ទាប់​ពី​ទឹក​ជំនន់​បាន​ស្រក៕