បណ្ណសារ | ខែតុលា 21, 2011

ប្រវត្តិរូប​របស់ ​កាដាហ្វី

ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
ថ្ងៃ សុក្រ 21 តុលា 2011
RFI

ស្តាប់សេចក្តីរាយការណ៍ របស់ តាន់ ហ្សង់-ហ្វ្រង់ស័រ (02:32)

តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​តុលា​ម្សិលមិញ​មក ពិភពលោក​បាន​ឃើញ​រូបភាព​ប្រជាជន​លីប៊ី​ស្រែក​ខ្ញៀវខ្ញា​រនៅ​ទូទាំង​ប្រទេស ក្រោយ​ពី​កាដាហ្វី បាន​ស្លាប់។ នា​រយៈ​ពេល​ជាង​៤០​ឆ្នាំ​ចុង​ក្រោយ​នេះ ពលរដ្ឋ​លីប៊ី​មិន​ដែល​បាន​ស្គាល់​មេដឹកនាំ​ណា​ផ្សេង​ក្រៅ​ពីកាដាហ្វីទេ។

អតីត​មេ​ដឹកនាំ​Mouammar Kadhafi នៅ​ទ្រីប៉ូលីថ្ងៃ​ទី​១​កញ្ញា​២០១១ (REUTERS/Zohra Bensemra/Files)

អតីត មេ ដឹកនាំ Mouammar Kadhafi នៅ ទ្រីប៉ូលីថ្ងៃ ទី ១ កញ្ញា ២០១១ (REUTERS/Zohra Bensemra/Files)

តើ​កាដាហ្វី​ជា​អ្នក​ណា?

កាដាហ្វី បាន​ប្រើ​កណ្តាប់​ដៃរ​ដែក និង​អំណាច​ផ្តាច់​ការ ដើម្បី​កាន់កាប់​ប្រទេស​លីប៊ី​អស់​ជិត​៤២​ឆ្នាំ។ កើត​នៅ​ថ្ងៃ​ទី​៧​មិថុនា​ឆ្នាំ​១៩៤២ កាដាហ្វី ដែល​ជា​កូន​អ្នក​គង្វាល​ចៀម​ម្នាក់ ចូល​ធ្វើ​ទាហាន នៅ​ឆ្នាំ​១៩៦៥។ បួន​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​១​កញ្ញា​ឆ្នាំ​១៩៦៩ នៅ​ពេល​ដែល​ខ្លួន​ទើប​តែ​មាន​អាយុ​២៧​ឆ្នាំ ស្រាប់​តែ​កាដាហ្វី ធ្វើ​រដ្ឋ​ប្រហារ​រំលំ​ព្រះមហាក្សត ព្រះចៅ​Idriss រួច​ហើយ​ឡើង​គ្រប់​គ្រង​ប្រទេស​សម្បូរ​ទៅ​ដោយ​ប្រេងកាត​មួយ​នេះ តាំង​ពី​ពេល​នោះ​មក។

បន្តិច​ម្តងៗ កាដាហ្វី ប្រែភេទ​និង​អាកប្បកិរិយា ពាក់​តែ​ឯកសណ្ឋាន​យោធា​ឬ​សម្លៀក​បំពាក់​ប្រពៃណី ជាន់ឈ្លី​ពលរដ្ឋ​ឯង កាច​ដាក់​បស្ចិមលោក ទៅ​ណា​មក​ណា​អម​ដោយ​អង្គរក្ស​សុទ្ធ​តែ​ស្រី និង​ទទួល​ភ្ញៀវ​បរទេស​នៅ​ក្រោម​ជម្រក​ដ៏​ធំ​ដែល​ធ្វើ​ពី​ក្រណាត់​តង់។

បណ្តើរៗ កាដាហ្វី ក្លាយ​ជា​សត្រូវ​របស់​បស្ចិមលោក​ដែល​ចោទ​បុរស​ខ្លាំង​លីប៊ី​រូប​នេះ ថា​ជា​ភេរវជន។ គឺ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ ដែល​អាមេរិក​តាម​សម្លាប់​កាដាហ្វី ដោយ​ទម្លាក់​គ្រាប់បែក​លើ​បន្ទាយ​របស់​គាត់​ក្នុង​រដ្ឋធានីទ្រីប៉ូលី​នៅ​ឆ្នាំ​១៩៨៦។ កាដាហ្វី ឆ្លើយ​តប​វិញ ដោយ​បញ្ជា​ឲ្យ​ធ្វើ​ភេរវកម្ម​បំផ្ទុះ​យន្តហោះ​អាមេរិកាំង​មួយ​គ្រឿង នៅ​ពី​លើ​Ecosse​នៅ​ឆ្នាំ​១៩៨៨ និង​យន្តហោះ​បារាំង​មួយ​គ្រឿង​នៅ​ពី​លើ​ប្រទេស​នីស្សេ នៅ​ឆ្នាំ​១៩៨៩។ មាន​ស្លាប់​សរុប​ទាំង​អស់​៤៤០​នាក់។

ក្រោយ​សង្គ្រាម​អាមេរិកាំង​នៅ​អៀរ៉ាក់ និង​ក្រោយ​ពី​Saddam Hussein ត្រូវ​បាន​ចាប់​ខ្លួន​កាដាហ្វី ដែល​ប្រហែល​ជា​ភិតភ័យ សម្រេច​ចិត្ត​បែរ​មក​ត្រូវរ៉ូវ​ជាមួយ​អាមេរិក​និង​អឺរ៉ុប​វិញ ផ្តល់​ព័ត៌មាន​សម្ងាត់​ស្តី​ពី​បណ្តាញ​ភេរវកម្ម​អាល់កៃដា​ទៅ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន។ ចាប់​ពី​ពេល​នោះ​មក អ្នក​ដឹកនាំ​នៅ​បស្ចិម​លោក ត្រូវ​បង្ខំ​ចិត្ត​ទទួល​ស្គាល់​កាដាហ្វី វិញ​ ដ្បិត​សម្លឹង​ឃើញ​ជា​ពិសេស​ប្រេងកាត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃ​ប្រទេសលីប៊ី។

ក៏​ប៉ុន្តែ នៅ​ថ្ងៃ​ទី​១៥​កុម្ភៈ​ឆ្នាំ​២០១១ ពលរដ្ឋ​លីប៊ី​ដែល​យក​តម្រាប់​តាម​ពលរដ្ឋ​ទុយនីស៊ី​និង​អេហ្ស៊ីប ផ្តើម​ធ្វើ​បដិវត្តន៍​ក្នុង​គោលដៅ​រំលំ​របប​កាដាហ្វី។ នៅ​ពាក់​កណ្តាល​ខែ​មីនា​កន្លង​ទៅ​នេះ កាដាហ្វី​សម្រេច​បញ្ជូន​ទាហាន​រថក្រោះ និង​យន្តហោះ​ចម្បាំង​ទៅ​កំទេច​ប្រជាជន​ស៊ីវិល​នៅ​Benghazi ដែល​ជា​ប្រភព​នៃ​បដិវត្តន៍។ អន្តរាគមន៍​ទាន់​ពេល​វេលា​នៃ​កងទ័ព​ជើង​អាកាស​របស់​ណាតូ ដែល​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​មុន​គេ​ដោយ​ប្រទេស​បារាំង​និង​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​អ.ស.ប បញ្ជៀស​ការ​កាប់​សម្លាប់​រង្គាល។ ពី​ពេល​នោះ​មក​ទ័ពឧទ្ទាម​លីប៊ី ការពារ​ដោយ​យន្តហោះ​ចម្បាំង​របស់​ណាតូ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​កាដាហ្វី ដណ្តើម​បាន​ទីក្រុង​ទ្រីប៉ូលី​នៅ​ថ្ងៃ​ទី​២២​សីហា និង​នៅ​ទី​បំផុត​ចាប់​ខ្លួន​រួច​ហើយ​សម្លាប់ កាដាហ្វី​ចោល នៅ​ម្សិលមិញ​ថ្ងៃ​ទី​២០​តុលា៕

ឌុ​ច​ សុភា​​ ចង់រស់នៅ ម្នាក់ឯង

Sunday, 23 October 2011
ដោយៈរាត្រី
DAP NEWS

បន្ទាប់ពី ឮដំណឹងថា នាង ឌុច សុភា បានជួបស្នេហ៍ថ្មី ជាមួយ បុរសម្នាក់ ដែលជា អាណិកជនខ្មែរ រស់នៅ អូស្ដ្រាលីនោះ មានមនុស្ស ជាច្រើន ជួយអរនាង ហើយគិតថា នាងរកបានបុរស ដែលមាន ស្នេហ៍ស្មោះ ហើយមើលទៅ! តែអ្វីៗ មិនដូចការគិត នោះទេ ពេលនេះ ប្រិយមិត្តនៅក្នុង បណ្តាញសង្គម Facebook ម្នាក់ៗ បាននាំគ្នា នឹកអាណិត សុភា ខណៈដែលនាង ត្អូញត្អែថា ខ្ញុំធុញទ្រាន់នឹង ស្នេហាណាស់ ។

ពាក្យសំដី ត្អូញត្អែនេះ ឌុច សុភា បានសរសេរ ដាក់ក្នុង Facebook កាលពីចុងខែកញ្ញា ដោយបានត្អូញត្អែរ ប្រាប់មិត្តភក្តិ របស់នាង នៅក្នុង Facebook នោះថា នាងចង់រស់នៅ ម្នាក់ឯង ព្រោះនឿយហត់ នឹងរឿងស្នេហា ណាស់ តែបុរសនោះ (អាណិក ជនខ្មែរនៅ អូស្រ្តាលីឈ្មោះ ម៉ុង) នៅតែទូរស័ព្ទ មករំខាននាង មិនព្រមលែងដៃ ទាល់តែសោះ ។

ពាក្យសំដីដែលនាង ឌុច សុភា ពោលដូច្នេះ កើតឡើងក្រោយពី គម្រោងរៀបការ របស់នាង និង បុសអាណិកជន ឈ្មោះម៉ុងនោះ ត្រូវបានរលាយ ទៅវិញ បន្ទាប់ពីនាង ត្រូវបាន នារីម្នាក់ ទូរស័ព្ទមកពី អូស្ដ្រាលី សួរនាំរឿងនាង យល់ព្រម រៀបការជាមួយ បុរសអូស្ដ្រាលី ឈ្មោះ ម៉ុង នោះ ។

តែស្ដ្រីនោះ មិនបញ្ជាក់ អត្តសញ្ញាណទេ គឺគ្រាន់តែ និយាយថា នាងជា ស្រីស្នេហ៍ចាស់ របស់លោកម៉ុង ដែល ឌុច សុភា កំពុងរៀប គម្រោងរៀបការ នឹងចាកចេញទៅ អូស្ដ្រាលី ជាមួយនោះ ។

ឌុច សុភា បានភ្ជាប់ទំនាក់ទំនង ស្នេហ៍ជាមួយ លោក ម៉ុង កាលពីពាក់ កណ្តាលឆ្នាំ ២០១១ នៅពេលនាង ចេញទៅច្រៀងនៅ ប្រទេសអូស្ត្រាលី ។ ក៏ប៉ុន្តែគេបាន ដឹងថាលោក ម៉ុងនេះ មានសង្សារ រួចទៅហើយ នៅទីនោះ ដែលបណ្តាលឱ្យ ឌុច សុភា រង នូវការរិះគន់ ចំពោះការបង្កើត ចំណងស្នេហ៍នេះ ។

ពេលនេះ ក្តីស្រលាញ់ ប្រែជាទៅ សេចក្តីស្អប់ ។ បើទោះជានាង ទទួលរង ការខកចិត្ត យ៉ាងនេះក្តី កាលពីពេលថ្មីៗនេះ ឌុច សុភា បានបង្ហាញមុខ នៅក្នុងកម្មវិធី កម្សាន្ត “Cha! Cha! Cha!” របស់ស្ថានីយ ទូរទស្សន៍ បាយន័ ដែលចាប់ដៃគួ ជាមួយលោក សុខ សេរីវឌ្ឍនា ដែលកន្លងមក នាងកម្រនឹង បង្ហាញខ្លួន តាមកម្មវិធី សិល្បៈណាស់ ហើយនៅក្នុង កម្មវិធីនោះ គេឃើញនាង មានរូបសម្រស់ កាន់តែស្រស់ស្អាត ជាមុនទៀត បើទោះជា ដំណឹង បែកបាក់ស្នេហ៍ កំពុងស្ថិក ក្នុងចិត្តនាង ក៏ដោយ ។

គួរបញ្ជាក់ថា ឌុច សុភា បានរៀបការ ជាមួយមន្ត្រី គយម្នាក់ កាលពីថ្ងៃទី១ ខែកញ្ញា២០០៩ តែបាន បែកបាក់គ្នា បន្ទាប់ពីរស់នៅ ជាមួយគ្នា បានតែ មួយរយះខ្លី និងបានបុត្រាមួយ ហើយការដែល នាំឲ្យបែកគ្នានោះ គឺបណ្តាលមក ពីការរស់នៅ មិនចុះ សម្រុងនិងគ្នា ៕

Photo by DAP-NEWS

ចិន​ឲ្យ​កម្ពុជា​ខ្ចី​ប្រាក់​៥០០​លាន​ដុល្លារ​ដើម្បី​ស្ដារ​ការ​ខូចខាត​ដោយ​ទឹក​ជំនន់

ដោយ សុខ សេរី
2011-10-21
​វិទ្យុ​អាស៊ីសេរី

រដ្ឋាភិបាល​ចិន បាន​យល់​ព្រម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខ្ចី​ប្រាក់​ចំនួន ៥០០​លាន​ដុល្លារ​អាមេរិក ដើម្បី​យក​មក​ចំណាយ​លើ​ការ​ស្ដារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ដោយសារ​ទឹក​ជំនន់​នៅ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១១​នេះ។

២១-តុលា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឡប់​មក​ពី​ចូល​រួម​ពិធី​តាំង​ពិព័រណ៍​អាស៊ាន-​ចិន។ (RFA/Sok Serey)

២១-តុលា-២០១១៖ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឡប់ មក ពី ចូល រួម ពិធី តាំង ពិព័រណ៍ អាស៊ាន- ចិន។ (RFA/Sok Serey)

http://flash-mp3-player.net/medias/player_mp3_maxi.swf

ការ​ផ្ដល់​ជូន​នេះ​បាន​ធ្វើ​ឡើង​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ចំនួន ២​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ដល់​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១១។

រដ្ឋាភិបាល​ចិន​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ឲ្យ​សិក្សា​ជាក់លាក់​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា អំពី​ការ​ខូចខាត​នោះ។ ជាមួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល​ចិន​បាន​សន្យា​ផ្ដល់​ប្រាក់​ជំនួយ​សរុប​ចំនួន ២​លាន​ដុល្លារ​ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះ​ទឹក​ជំនន់​នៅ​កម្ពុជា បន្ថែម​លើ​ជំនួយ​សម្ភារៈ​ថ្មីៗ​នេះ​ដែល​មាន​តម្លៃ ៨​លាន​ដុល្លារ​អាមេរិក។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​សំណើ​នេះ​នៅ​ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក វិន ជាប៉ាវ នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១១ នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​បាន​ដឹកនាំ​ប្រតិភូ​ជាន់​ខ្ពស់​រយៈពេល ២​ថ្ងៃ ទៅ​ចូល​រួម​ក្នុង​ការ​តាំង​ពិព័រណ៍​ចិន និង​អាស៊ាន លើក​ទី​៨ និង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៨ រវាង​ចិន និង​អាស៊ាន នៅ​ទីក្រុង​ណាននីង (Nanning) ប្រទេស​ចិន។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ ដែល​បាន​អម​ដំណើរ​លោក ហ៊ុន សែន វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ​តុលា បាន​មាន​ប្រសាសន៍​ថា លោក វិន ជាប៉ាវ បាន​ទទួល​យក​សំណើ​ជា​គោលការណ៍​ហើយ៖ «ផ្លូវ​ហ្នឹង​ត្រូវ​តែ​ធ្វើ​ចាំបាច់​ត្រូវ​តែ​ស្ដារ​ផ្លូវ​ដែល​ខូចខាត​នៅ​ទឹក​ជំនន់​ផង ហើយ​និង​កសាង​ផ្លូវ​ថ្មីៗ​ទៀត ដើម្បី​ឲ្យ​ធ្វើ​ម៉េច​ទំនាក់ទំនង​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ដឹក​ជញ្ជូន​ទំនិញ​ខ្លួន​កាន់​តែ​ឆាប់ កាត់​បន្ថយ​នូវ​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន»។

លោក​បាន​បញ្ជាក់​ថា គ្មាន​ការ​ចុះ​ហត្ថលេខា​ណា​មួយ​ជា​ផ្លូវការ​ទេ ដោយសារ​ដំណើរ​ទស្សនកិច្ច​នោះ​ខ្លី​ពេក។

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា អ្នកស្រី​ចង់​ឃើញ​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​នោះ​ប្រកប​ដោយ​តម្លាភាព៖ «បញ្ហា​ធំ​គឺ​ការ​ចូល​រួម​ដោយ​ប្រជាពលរដ្ឋ ហើយ​និង​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​អ្នក​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ហ្នឹង ដឹង​ឮ ឆ្លើយ​តប​នឹង​គម្រោង​ឲ្យ​បាន​ពិត​ប្រាកដ»។

របាយការណ៍​បូក​សរុប​ថ្មី​បំផុត​ដែល​លោក ញឹម វណ្ណដា បាន​រាយការណ៍​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១១ បាន​ឲ្យ​ដឹង​ថា ស្រូវ​ចំនួន​ជាង ៤​សែន​ហិកតារ​បាន​លិច​ទឹក​ជំនន់។ ស្រូវ​ចំនួន​ជាង ២​សែន​៥​ម៉ឺន​ហិកតារ​ទៀត​បាន​ខូចខាត​ទាំង​ស្រុង។ ផ្លូវ​លំ​ប្រវែង​ជិត ៣.០០០​គីឡូម៉ែត្រ​បាន​ខូចខាត។ ទំនប់​ទឹក​ប្រវែង​រវាង ៣០០​គីឡូម៉ែត្រ ទៅ ៤០០​គីឡូម៉ែត្រ បាន​ខូចខាត។ ប្រជាពលរដ្ឋ​ស្លាប់​ចំនួន ២៤៧​នាក់។ សាលារៀន​ជាង ១.០០០​កន្លែង​បាន​លិច​ទឹក​ជំនន់។ គេ​បាន​ប៉ាន់ស្មាន​ជា​ថ្មី​ឲ្យ​ដឹង​ថា តម្លៃ​ខូចខាត​សរុប​ជាង ៤០០​លាន​ដុល្លារ​អាមេរិក។

លោក ចម ប្រសិទ្ធ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ថា មន្ត្រី​ជំនាញ​នឹង​វាយ​តម្លៃ​ការ​ខូចខាត​ឲ្យ​បាន​ច្បាស់លាស់​នៅ​ពេល​ទឹក​ជំនន់​ស្រក​នៅ​ពេល​ខាង​មុខ៕

កម្ពុជា​សុំ​ខ្ចី​ចិន​៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

ដោយ លាង ដឺលុច
ថ្ងៃ សុក្រ 21 តុលា 2011
RFI

ស្តាប់សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ (01:11)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ដឹកនាំ​ប្រតិភូ​រដ្ឋាភិបាល​ត្រឡប់​ពី​ទីក្រុង​ណាន់នីង​ប្រទេស​ចិន មក​ដល់​ភ្នំពេញ​វិញ​ហើយ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​២១​តុលា​នេះ។ ការ​ជួបគ្នា​ជាមួយ​ថ្នាក់​ដឹកនាំ​ចិន រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ជំនួយ​១​លាន​៥​សែន​ដុល្លារ​ថែម​ទៀត ដើម្បី​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្លួន​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់។ ទន្ទឹមគ្នានេះ កម្ពុជា​ក៏​បាន​ស្នើ​សុំ​កម្ចី ចិន​៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពេល​ត្រឡប់​មកពី​ប្រទេស​ចិន (© ចាន់ណា/rfi)

លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ពេល ត្រឡប់ មកពី ប្រទេស ចិន (© ចាន់ណា/rfi)

មិន​ខុស​ពី​សព្វ​ដង​ឡើយ។ ទស្សនកិច្ច​នៅ​ប្រទេស​ចិន ​ប្រតិភូ​កម្ពុជា​តែង​ត្រឡប់​មក​វិញ​ជាមួយ​ជំនួយ។ នៅ​ថ្ងៃ​នេះ​ក្រោយ​ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​ណាន់នីង​ជា​ទស្សនកិច្ច​ ដើម្បី​បើក​សម្ភោធ​ពិពណ៌​ចិន​អាស៊ាន លោក​ ចម ប្រសិទ្ធ​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា លោក​នាយក​រដ្ឋមន្ត្រី​ចិន​ វេន ជាប៉ាវ​ បាន​ប្រកាស​ផ្តល់​ជំនួយ​មនុស្សធម៌​១​លាន​៥​សែន​ដុល្លារ​ទៀត​ ដើម្បី​ជួយ​ប្រជាជន​កម្ពុជា​អ្នក​រងគ្រោះ​ដោយ​ទឹក​ជំនន់។ ជំនួយ​នេះ​ត្រូវ​បាន​រាប់​បន្ថែម​ពី​លើ​ជំនួយ​ចិន​ចំនួន​៨​លាន​ដុល្លារ​ដែល​ត្រូវ​បាន​ដឹក​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។

យោង​តាម​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ដដែល នៅក្នុង​ជំនួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ចិន​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​សុំ​ខ្ចី​ចិន​៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ដើម្បី​កម្ពុជា​អាច​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ប្រព័ន្ធ​ធារាសាស្ត្រ​ និង​ជួសជុល​ផ្លូវថ្នល់​ដែល​ត្រូវ​បំផ្លាញ​ដោយ​ទឹក​ជំនន់។

មិន​ទាន់​មាន​ចម្លើយ​បែប​ណា​ពី​ប្រទេស​ចិន​នៅ​ឡើយ​ទេ ចំពោះ​សំណើ​របស់​កម្ពុជា​មួយ​នេះ។ ក្រៅ​ពី​នេះ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​អរគុណ​ចិន ​ដែល​បាន​ផ្តល់​ការ​គាំទ្រ​បេក្ខភាព​កម្ពុជា​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ៕

កម្ពុជា​នាំ​អង្ករ​ទៅ​ចិន ១ សែន​តោន នៅ​ខែ​វិច្ឆិកា ខណៈ​ដែល​ចិន​ជា​ទីផ្សារ​ដ៏​ធំ​ខាង​សម្លៀក​បំពាក់​កាត់ដេរ​របស់​កម្ពុជា​

ដោយ : រតនា
ថ្ងៃទី 21 តុលា 2011
CEN

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ពេលអញ្ជើញវិលត្រឡប់មកពីប្រទេសចិន ដោយមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ទទួលសម្តេច នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃទី២១តុលា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ពេលអញ្ជើញវិលត្រឡប់មកពីប្រទេសចិន ដោយមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ទទួលសម្តេច នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃទី២១តុលា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

ភ្នំពេញ: កម្ពុជា និង​ចិន បាន​ព្រមព្រៀង​នាំ​អង្ករ និង​ដំឡូង​មី ទៅកាន់​ប្រទេស​ចិន​។ កម្ពុជា​ក៏​មាន​លទ្ធភាព អាច​នាំ​អង្ករ​ទៅកាន់​ប្រទេស​ចិន ចំនួន ២ លាន​តោន ក្នុង​មួយ​ឆ្នាំ​។ ក្នុងនោះ អង្ករ​របស់​កម្ពុជា​ចំនួន ១​សែន​តោន នឹង​ចាប់ផ្តើម​នាំចេញ ទៅកាន់​ប្រទេស​ចិន នា​ខែ​វិច្ឆិកា​ខាងមុខ​។ នេះ​បើ​តាម​ការលើកឡើង​រប​ស់លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។​

​លោក​ ចម​ ប្រសិទ្ធ បានលើកឡើង​ដូច្នេះ នៅពេល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា វិល​ត្រឡប់​មកពី​ប្រទេស​ចិន កាលពី​រសៀល​ម៉ោង ៤ ថ្ងៃទី​២១​តុលា ឆ្នាំ​២០១១​។ គណៈប្រតិភូ​រដ្ឋាភិបាល​កម្ពុជា ទៅកាន់​ប្រទេស​ចិន ដើម្បី​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន និង​ចូលរួម​កិច្ចប្រជុំ​កំពូល​វិនិយោគ និង​ធុរកិច្ច​ចិន​-​អាស៊ាន​។​

​ក្នុង​សន្និសីទកាសែត លោក​ចម​ប្រសិទ្ធ បាន​លើកឡើង​ថា ប្រទេស​ចិន ជាទី​ផ្សារ​ធំ​បំផុត សម្រាប់​ការនាំចេញ​អង្ករ​របស់​កម្ពុជា​។ អង្ករ​កម្ពុជា ដែល​បាន​ដាក់​លក់​ដាច់​ជាងគេ នៅ​ក្នុង​ស្តង់​ពិព័រណ៍​ចិន​-​អាស៊ាន ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៦​តុលា ឆ្នាំ​២០១១ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​។​

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងសន្និសីទកាសែត ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន និងគណៈប្រតិភូ ទៅកាន់ប្រទេសចិន៕ (រូបថត៖ ស៊ីវ ចាន់ណា)

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងសន្និសីទកាសែត ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន និងគណៈប្រតិភូ ទៅកាន់ប្រទេសចិន៕ (រូបថត៖ ស៊ីវ ចាន់ណា)

​លោក ​ចម ​ប្រសិទ្ធ ក៏បាន​លើកឡើង​ថា បច្ចុប្បន្ននេះ កម្ពុជា​ក៏​បាន​នាំ​សម្លៀកបំពាក់​កាត់ដេរ ទៅកាន់​ប្រទេស​ចិន ច្រើនជាង​នាំចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​ទៅ​កាន់​សហភាព​អឺរ៉ុប​។ ក្នុង​មួយអាទិត្យៗ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC បានអនុញ្ញាត​ឲ្យ​បង្កើត​រោងចក្រ​កាត់ដេរ ២ ឬ ៣ ដើម្បី​ផលិត​សម្លៀក​បំពាក់​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ក៏​បាន​បន្ថែមថា ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា និង​ចិន នៅ​ឆ្នាំ​១៩៩៣ មាន​ចំនួន ១៣ លាន​ដុល្លារ​។ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០១០ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន បាន​កើន​ដល់ ១.៤៤១ លាន​ដុល្លារ​។ កម្ពុជា និង​ចិន ក៏​បាន​ព្រមព្រៀង នឹង​បន្ត​កិច្ចសហប្រតិបត្តិកា​រពាណិ​ជ្ជកម្ម ឲ្យ​កើន​ដល់ ២.៥០០ លាន​ដុល្លារ​។​

​ចំពោះ​ការវិនិយោគ​របស់​ចិន នៅ​កម្ពុជា នា​ពេល​សព្វថ្ងៃ ក៏​ត្រូវបាន​លោក ចម ប្រសិទ្ធ លើកឡើងថា មាន​ទឹកប្រាក់​ចំនួន ៦៩៤ លាន​ដុល្លារ ដែល​ជា​ចំណាត់ថ្នាក់​ទី​១ ដោយសារ​តែ​ថ្នាក់​ដឹកនាំ​កម្ពុជា និង​ចិន បានប្រែក្លាយ​ប្រទេស​ទាំង​ពីរ ជា​ដៃគូ​សហការ​គ្រប់​ជ្រុងជ្រោយ និង​ធ្វើឲ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន ឡើង​ដល់​កំពូល​។​

​ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បាន​លើកឡើង​ពី​កិច្ចប្រជុំ​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន និង​លោក​នាយករដ្ឋមន្ត្រី​ចិន វេន ជា​ប៉ាវ ( Wen Jiabao ) កាលពី​ថ្ងៃ​ទី​២០​តុលា ឆ្នាំ​២០១១​។ ជា​កិច្ចប្រជុំ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​ចិន​។​

​លោក​ ចម​ ប្រសិទ្ធ បាន​លើកឡើង​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បានលើកឡើង​ពី​ស្ថានភាព​ទឹកជំនន់ នៅ​កម្ពុជា​ពេលនេះ ជម្រាបជូន​លោក​នាយករដ្ឋមន្ត្រី​ចិន​។ ចំណែក​លោក​នាយករដ្ឋមន្ត្រី​ចិន វេន ជា​ប៉ាវ បាន​សម្តែង​ការអាណិតអាសូរ​ដល់​កម្ពុជា​។ លោក​នាយករដ្ឋមន្ត្រី​ចិន ក៏​បាន​សន្យា​ឧបត្ថម្ភ​បន្ថែម​ថវិកា​ចំនួន ១,៥ លាន​ដុល្លារ ថែម​លើ​ជំនួយ​របស់​ចិន​ចំនួន ៥០ លាន​យ៉ុន ស្មើ​ប្រមាណ ៨ លាន​ដុល្លារ ដែល​បាន​ផ្តល់ឲ្យ​កាកបាទក្រហមកម្ពុជា ដើម្បី​ជួយសង្គ្រោះ​ដល់​ប្រជាជន​កម្ពុជា ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​។​

​ចំពោះ​ជំនួយ​បន្ថែម​របស់​ចិន​ចំនួន ១,៥ លាន​ដុល្លារ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បញ្ជា​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម ទិញ​អង្ករ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ដោយសារ​ទឹកជំនន់​។​

​ជាមួយគ្នា​នោះ ចិន​ក៏​បាន​គាំទ្រ​កម្ពុជា​ជា​បេក្ខភាព មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​នឹង​ត្រូវ​បោះឆ្នោត​នៅ​ឆ្នាំ​២០១២​។​

​លោក​ទេសរដ្ឋមន្ត្រី ចម​ ប្រសិទ្ធ ក៏បាន​លើកឡើង​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​ជួប​ជាមួយ​លោក​លេខា​បក្ស​កុម្មុយនីស្ត​ចិន នៅ​ខេត្ត​ក្វាង​ស៊ី ដោយ​លោក​លេខា​បក្ស បាន​ផ្តល់​ជំនួយ​ចំនួន ៣ លាន​យ៉ុន ស្មើ​ប្រមាណ ៥ សែន​ដុល្លារ ដល់​កម្ពុជា ដើម្បី​ជួយសង្គ្រោះ​ប្រជាជន ដោយសារ​ទឹកជំនន់​។ ខេត្ត​ក្វាង​ស៊ី មាន​សម្ព័ន្ធភាព​ជាមួយ​ខេត្តព្រៃវែង​របស់​កម្ពុជា​។​

​អំពី​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​៨ ត្រូវបាន​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ លើកឡើងថា ពិព័រណ៍​ដំណើរការ​បាន​ល្អ ក្រោម​ប្រធានបទ សហការ​ការពារ​បរិ​ស្ថាន​។ កម្ពុជា បាន​យក​ខេត្ត​រតនៈគិរី ដែល​ជា​ខេត្ត​ប្រិមប្រិយ ដាក់​បង្ហាញ ពី​តំបន់​អេកូ​ទេសចរណ៍ ដោយ​មាន​រមណីយដ្ឋាន​បឹង​យក្ស​ឡោម និង​បង្ហាញ​ពី​ប្រពៃណី​ជនជាតិដើម​ភាគតិច ជាដើម​។ ក្នុង​ពិព័រណ៍​នោះ កម្ពុជា មាន ៩០ ស្តង់ ដោយ​មាន​ក្រុមហ៊ុន​ចំនួន ៧៣ ចូលរួម​។​

​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បាន​លើកឡើង​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​ស្នើ​សុំ​ខ្ចី​លុយ​ពី​ចិន ក្នុង​មួយ​ឆ្នាំៗ ៥០០ លាន​ដុល្លារ សម្រាប់​កសាង​ផ្លូវ ក្រោយ​ពី​ទឹកជំនន់ និង​ផ្លូវ​ថ្មីៗ​ទៀត នៅ​កម្ពុជា​។ ជា​ការឆ្លើយតប លោកនាយក​រដ្ឋមន្ត្រី ចិន បាន​យល់ព្រម និង​ឲ្យ​ជំនាញ​ការចិន ពិនិត្យ​លើ​រឿងនេះ​។​

​លោក ចម ​ប្រសិទ្ធ បានបញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ទៅកាន់​ប្រទេស​ចិន​ពេលនេះ មិន​មាន​ចុះ​កិច្ចព្រមព្រៀង​អ្វី​ទេ​៕​

ព្រះ​សង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​ត្រូវ​អាជ្ញាធរ​គំរាម

សៅរ៍ 22 តុលា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

ព្រះ​សង្ឃ​ដើម​កំណើត​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ស្វែង​រក​អន្តរាគមន៍​ពី​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ក្រោយ​ពី​ព្រះអង្គ​ត្រូវ​អាជ្ញាធរ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ​គំរាម។

ព្រះតេជគុណ សឺន សារឿន ដែល​គង់​នៅ​វត្ត​ព្រៃច័ន្ទ ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​មាន​សង្ឃ​ដីកា​ថា ព្រះអង្គ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​អូរជ្រៅ​ធ្វើ​ការ​គំរាម​កំហែង ក្រោយ​ពី​ព្រះអង្គ​បាន​ទេសនា​ពី​បញ្ហា​សិទ្ធិ​សេរីភាព ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ពី​បញ្ហា​ជនជាតិ​វៀតណាម​ដែល​ចូល​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​គ្រប់​ទីកន្លែង និង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​របស់​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណាមួយ​ពី​មន្រ្តី​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​នៅ​ឡើយ​ទេ៕

ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ ស្វែងរក​អន្តរាគមន៍ បន្ទាប់ពី​មាន​ការ​គំរាម​សម្លាប់​

ដោយ : មុនីរ័ត្ន
ថ្ងៃទី 21 តុលា 2011
CEN

ភ្នំពេញ: ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ ដែល​គង់នៅ​ក្នុង​វត្ត​ព្រៃ​ច័ន្ទ ស្រុក​អូរជ្រៅ​ ​ខេត្ត​បន្ទាយមានជ័យ បាន​ស្វែងរក​អន្តរាគមន៍​ពី​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិ​ប្រចាំ​កម្ពុជា បន្ទាប់ពី​មាន​ការ​គំរាម​គំហែង​ពី​មន្ត្រី​អាជ្ញា​ធរ មាន​សមត្ថកិច្ច​។​

​ព្រះ​តេជគុណ សឺ​ន សារឿ​ន បាន​មាន​សង្ឃដីកា​ថា ការស្វែងរក​អន្តរាគមន៍​ពី​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិ​ប្រចាំ​កម្ពុជា​នា​ពេល​នេះ គឺ​បន្ទាប់ពី​ព្រះអង្គ បាន​ទេសនា​ពី​បញ្ហា​សិទ្ធិសេរីភាព ការរស់នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា និង​ជា​ពិសេស​ពី​បញ្ហា​ប្រជាជន​វៀតណាម ចូលមក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​គ្រប់ទិសទី និង​ពី​ការទាមទារ​សិទ្ធិ​សេរីភាព​របស់​បង​ប្អូន​ខ្មែរ​កម្ពុជា​​ក្រោម​។​

​ព្រះ​តេជគុណ សឺ​ន សារឿ​ន បាន​បន្តថា ដោយសារ​តែ​បញ្ហា​នេះហើយ ព្រះអង្គ​ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​រករឿង និង​ធ្វើការ​គំរាម​គំហែង​ព្រះអង្គ​។​
​បញ្ហា​នេះ ព្រះអង្គ​បាន​រៀបរាប់​ប្រាប់​ទៅ​មន្ត្រី​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។ ប៉ុន្តែ​នៅ​មិនទាន់​មាន​ការឆ្លើយតប​យ៉ាងណា​នៅ​​ឡើយ​ទេ ដោយ​គេ​និង​ជូនដំណឹង​នៅពេល​ក្រោយ​។​

​ព្រះ​តេជគុណ​បាន​បន្ថែមទៀតថា ឥឡូវ​ព្រះអង្គ កំពុង​តែ​ស្ថិតនៅ​កន្លែង​សុវត្ថិភាព​មួយ ក្នុង​រាជធានី​ភ្នំពេញ​។​

​ទាក់ទង​បញ្ហា​នេះ​មិន​អាច​សុំ​ការអត្ថាធិប្បាយ​ពី​អធិការ​ស្រុក​អូរជ្រៅ បានទេ នៅ​រសៀល​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០១១៕​

ស្រេកទឹក​ជានិច្ច : កើត​ជំងឺ​អ្វី

ដោយ : សោភ័ណ
ថ្ងៃទី 22 តុលា 2011
CEN

ទឹក​ក្នុង​សរីរាង្គ​បាត់បង់​តាម​៣ ផ្លូវ

ទឹក ក្នុង សរីរាង្គ បាត់បង់ តាម ៣ ផ្លូវ

ភ្នំពេញ:​ទឹក​ក្នុង​សរីរាង្គ​បាត់បង់​តាម​ ៣ ផ្លូវ ។ ទី​១ គឺ​តាម​ក្រលៀន ទី​២​ តាមផ្លូវរំលាយ​អាហារ​និង​ចុងក្រោយ​គឺ​តាម​ស្បែក ។

ប្រសិនបើ​ស្រេកទឹក​ច្រើន តែបត់ជើង​តូច​ធម្មតា ​ឬ​ មិន​ច្រើន​នោះ ការបាត់បង់​ទឹក​ ដោយសារ​មូលហេតុ​ ២ ខាងក្រោយ ដូចជា​ ដោយសារ​ធាតុអាកា​សក្តៅ ដោយសារ​ធ្វើ​ចលនា​ច្រើន​ ឬ ​ដោយសាមញ្ញ​ គឺ​ដោយសារ​រាងកាយ​របស់​អ្នក​ ត្រូវ​បាត់បង់​ទឹក​តាម​ស្បែក​ជា​ង​អ្នកដទៃ ដោយសារ​រាករូស ដោយសារ​ស្ថានភាព​ឆ្លង​បាក់តេរី​ផ្លូវ​មូត្រ ដោយ សារ​បែកញើស​ច្រើន​, បាត់បង់​ឈាម​ច្រើន ដោយសារ​ត្រូវ​រលាក​ …​ ។ ស្រេកទឹក​អាច​គ្រាន់តែ​ជា​សញ្ញា​សរីរវិទ្យា ​ចំពោះ​មនុស្ស​មួយចំនួន​មាន​កម្រិតបំប្លែង​ខ្ពស់ ធ្វើឱ្យ​បាតុភូត​បាត់បង់​ទឹក​តាម​ស្បែក ​ច្រើន​ជាង​មនុស្ស​មួយចំនួនផ្សេងទៀត ។ បណ្តា​ករណី​បាត់បង់​ទឹក និយាយ​ខាង លើ​ពេល​ត្រូវបាន​បំពេញទឹក​ឱ្យ​មាន​តុល្យភាព​ឡើងវិញ សភាព​ស្រេកទឹក​ក៏​បាត់បង់​ទៅ ។​

​ ​ប៉ុន្តែ ប្រសិន​ជា​អ្នក​កើត​អាការៈ​ស្រេកទឹក​ជារឿយៗ ទោះបី​បាន​បំពេញបរិមាណ​ទឹក​ច្រើន​គួរសម​ ចូរ​គិតដល់​ថា​អ្នក​បាន​កើត​ជំងឺ​អ្វី​មួយ​ក្នុងចំណោមជំងឺ​គ្រោះថ្នាក់ ។ នោះ​អាចជា​រោគសញ្ញា​របស់​ជំងឺ​ទឹកនោម​ផ្អែម ដោយសារ​ស្ករ​ក្នុង​ឈាម​កើនឡើង​ប្រថុចញ៉ុច​ អូស​ទៅតាម​នូវ​ការ​កើន​ទឹក​មូត្របញ្ចេញ​ទៅ​ក្រៅ ។​

​ ​មាន​ករណី​ភាព​ស្រេក​សម្បើម​អស្ចារ្យ ​កើតឡើង​ពេល​ឡប់សតិ​, ពេលរបួស​លលាដ៍ក្បាល ឬ​ក្រោយ​ពេល​អនុវត្ត​វិធី​វះកាត់​សរសៃប្រសាទ ។ ករណី​នេះ​អ្នកជំងឺ​អាច​ផឹកទឹក​ ១០-២០ លីត្រ ​ក្នុង​មួយ​ថ្ងៃ​ ដោយ​ភាព​ស្រេក​នៅតែ​មិន​ថយចុះ ។​មូលហេតុ​នៃ​ភាពច្របូកច្របល់​នេះ មក​ទល់​សព្វថ្ងៃ​ នៅតែ​ពុំទាន់ត្រូវ​បាន​បញ្ជាក់​ទេ ។​

​ ​លើស​អ័រម៉ូន​ ក៏​ជា​មូលហេតុ​មួយ​បង្ក​ឱ្យ​ស្រេកទឹក​ជាប្រចាំ ដោយសារច្របូកច្របល់​តុល្យភាព​អ័រម៉ូន​, ក្រពេញ​អ័រម៉ូន​មួយ​ចំនួ​នឹង​ធ្វើ​សកម្មភាព​ខ្លាំង​ជ្រុល ។​

​ ​ក្រលៀន​ត្រូវរបួស​ ក៏​ធ្វើឱ្យ​អ្នកជំងឺ​ស្រេកទឹក​ជានិច្ច ព្រោះ​លទ្ធភាព​រក្សាទឹក​របស់​ផ្នែក​នេះ​ ពុំ​នៅ​មាន​ទៀត ។​

​ ​ស្រេកទឹក​អាចដោយសារ​ប្រើ​ឱសថ​ព្យាបាល​ជំងឺលើសឈាម (Clophelin ជា​ប្រភេទ​ឱសថ​ប្រើប្រាស់​ជា​ទូទៅ​ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​) ។ ដោយសារអារម្មណ៍​ស្រេកទឹក​បណ្តាលពី​ប្រើប្រាស់ Clophelin, សរីរាង្គ​នឹង​ប្រតិកម្ម​ ដោយវិធី​បត់ជើង​តូច​ ដើម្បី​សំចៃ​ប្រភពទឹក ។ ប្រសិន​អូសបន្លាយ​ស្ថានភាព​នេះ អ្នកជំងឺនឹង​កើត​ជំងឺ​ផ្សេងៗ​បន្ថែម​ អំពី​ផ្លូវ​មូត្រ មិនតែប៉ុណ្ណោះ​ ក្រលៀន​នឹង​ត្រូវ​របួស​ធ្ងន់ធ្ងរ ។​

​ ​យើង​តែង​ជួបប្រទះ​ស្ត្រី​ដែល​មាន​អាការៈ​ស្រេកទឹ​កមិន​ច្បាស់​មូលហេតុ ធ្វើឱ្យ​អ្នក ជំងឺ​ឧស្សាហ៍​មួម៉ៅ ងាយ​បង្ក​វិវាទ សរសៃប្រសាទ​ត្រូវ​រំ​ញោច (​តានតឹង​ អស់កម្លាំង​…)​។​

​ ​ពេលស្រេកទឹក​ច្រើន ត្រូវ​ទៅ​ពិនិត្យ​នៅ​ផ្នែក​ជំនាញ​តម្រង​នោម,​ មូត្រ​សាស្ត្រ ពិនិត្យ​អ័រម៉ូន ធ្វើ​វិភាគឈាម ចាំបាច់​ដើម្បី​រក​ឱ្យចំ​មូលហេតុ​បង្ក​ការស្រេក កុំ​អត្តនោម័ត ព្រោះ​ភាព​ស្រេក​អូសបន្លាយ​ច្រើន​ថ្ងៃ ទោះបី​បាន​ផឹក​គ្រប់បរិមាណ​ទឹក​។ វាអាចជា​សញ្ញា​របស់​ជំងឺ​ដ៏​គ្រោះថ្នាក់​មួយ​ចំនួន ​ប្រសិន​មិនត្រូវបាន​ព្យាបាល​ទាន់ពេល ​សកម្មភាពនោះ នឹង​ផ្តល់ផលវិបាក​នឹក​ស្មាន​មិន​ដល់ ។​

​ ​ប្រសិន​អ្នក​បាន​ទៅ​ពិនិត្យ​ និង​​រកមិន​ឃើញ​មូលហេតុ​នោះ ក្រៅ​ពី​តុល្យភាព​ផ្លូវចិត្ត ប្រឹងប្រែង​មិន​គិត​ដល់​ភាព​ស្រេក អ្នក​អាច​អនុវត្ត​វិធីសាស្ត្រប្រឆាំង​ការ​ស្រេក​ ដោយការ​កាត់​ក្រូចឆ្មារ​មួយ​ចំណិត​ស្តើង​ បៀម​ក្នុង​មាត់​…៕

បុរាណវិទូខ្មែរ ទទួលជ័យលាភី រង្វាន់ឆ្នើម GRAND PRIZE របស់ជប៉ុន

Written by ភ្នំពេញដេលីញូវ
Friday, 21 October 2011

ក្នុងនាមជា បុរាណវិទូ របស់ខ្មែរ ដ៏ល្បីល្បាញម្នាក់ នៅក្នុងប្រទេស កម្ពុជា លោកបណ្ឌិត អាំង ជូលាន ជាអ្នកជំនាញ លើផ្នែក បុរាណវិទ្យា បច្ចុប្បន្ននេះ លោកជា សាស្ត្រាចារ្យ បង្រៀននៅ មហាវិទ្យាល័យ បុរាណវិទ្យា ដែលស្ទើរតែ មួយជីវិតរបស់ លោក បានសិក្សា ស្រាវជ្រាវផ្នែក បុរាណវិទ្យា នៅក្នុងប្រទេស កម្ពុជា ហើយលោក ក៏បានសរសេរ សៀវភៅ ជាច្រើនទាក់ទងនឹង ការសិក្សា ស្រាវជ្រាវ របស់លោក នាពេលកន្លងមក ។ ដោយសារតែ ឃើញអំពី ស្នាដៃឆ្នើម ក្នុងស្រាវជ្រាវនេះ កាលពីថ្ងៃទី ១៦ ខែកញ្ញា កន្លងទៅនេះ មានតែលោក បណ្ឌិត តែម្នាក់គត់ ត្រូវបានគេ ជ្រើសរើស ចេញពីបេក្ខភាព ឆ្នើមៗរាប់រយនាក់ ក្នុងពិភពលោក ដើម្បីប្រគល់ ពានរង្វាន់ GRAND PRIZE ជូនលោកនៅក្នុង ប្រទេសជប៉ុន ដែលជាពានរង្វាន់ ឆ្នើមជាងគេ ក្នុងចំណោម ជ័យលាភី ពានរង្វាន់ ចំនួនពីរ ផ្សេងទៀត? ។

ការផ្តល់ជូន ពានរង្វាន់ឆ្នើម នេះត្រូវបានគេ ប្រារឰធ្វើឡើង ជារៀងរាល់ឆ្នាំ ដើម្បីប្រគល់ជូន ដល់អ្នកប្រាជ្ញ និង អ្នកស្រាវជ្រាវល្បីៗ នៅក្នុងលោក ហើយលោកបណ្ឌិត អាំង ជូលាន ជាកូនខ្មែរ តែម្នាក់គត់ ដែលទទួលបាននូវ ពានរង្វាន់ ដ៏ឆ្នើមនេះ ។ ពេល ជួបជាមួយ អ្នកយកព័ត៌មាន លោកបណ្ឌិតបាន មានប្រសាសន៍ថា “តាមពិតទៅ ខ្ញុំមិនបាន ដឹងថាខ្លួន ខ្ញុំត្រូវបានគេ ជ្រើសរើស ដើម្បីប្រគល់ ពានរង្វាន់ឆ្នើម នេះទេ ប៉ុន្តែនៅពេលគេ ហៅឱ្យទៅទទួល ពានរង្វាន់ ទើបខ្ញុំភ្ញាក់ខ្លួន ព្រើតតែម្តង ព្រោះមិននឹក ស្មានថា មានគេផ្តល់តម្លៃ ឱ្យខ្ញុំដូច្នេះសោះ ។

ការងារដែលខ្ញុំ បានធ្វើនាពេល កន្លងមក មិនដឹងថាមានគេ ចាប់អារម្មណ៍ នោះទេ ដោយវាគ្រាន់តែ ជាជំនាញ និង ចំណេះវិជ្ជា ដែលខ្ញុំធ្លាប់បាន រៀនតែប៉ុណ្ណោះ ។ តាមអ្វីដែល ខ្ញុំបានដឹងខ្លះៗ នៅក្នុងឆ្នាំនេះ គឺជាឆ្នាំទី ២២ ហើយ ដែលគេរៀបចំ កម្មវិធី ប្រគល់ពានរង្វាន់ នេះ ដែលមានបេក្ខជន ឆ្នើមៗ នៅក្នុងលោក ចំនួន ២៥៦ នាក់ ដែលត្រូវបានគេ ដាក់បញ្ចូល ទៅក្នុងបេក្ខភាព ដើម្បីធ្វើការ ជ្រើសរើសនេះ ប៉ុន្តែក្នុងចំណោម បេក្ខជនទាំងអស់នេះ គេជ្រើសរើសយក ជ័យលាភី ទទួលពានរង្វាន់ តែបីនាក់ ប៉ុណ្ណោះ ។ ក្នុងចំណោម ជ័យលាភីពានរង្វាន់ ទាំងបីនេះ មានពានរង្វាន់ ចំនួនពីរ បានទៅ លើអ្នកប្រាជ្ញ ជនជាតិកូរ៉េ ខាងត្បូង ម្នាក់ និង ជនជាតិអាល្លឺម៉ង់ម្នាក់ ហើយពានរង្វាន់ GRAND PRIZE ដែលគេផ្តល់ឱ្យខ្ញុំ ត្រូវបានគេ ចាត់ទុកថា ជាពានរង្វាន់លេខ ១ ឆ្នើមជាងគេ ដោយសារតែ ពានរង្វាន់ឆ្នើម នេះហើយទើបនៅ ក្នុងពិធីប្រគល់ ពានរង្វាន់នេះ ក្រោមព្រះរាជាធិបតីភាព ព្រះរាជបុត្ររបស់ ព្រះចៅអធិរាជជប៉ុន ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១១ កន្លងទៅនេះ នៅក្នុងទីក្រុង ហ៊្វូគូអាកា ប្រទេសជប៉ុន ។ ពានរង្វាន់ដែលគេ ផ្តល់ឱ្យខ្ញុំនេះ បើតាមគិតមើលទៅ មកពីខ្ញុំធ្វើការ ស្រាវជ្រាវ និង ការងារ មួយចំនួនទៀត ដែលខ្ញុំធ្វើនាពេល កន្លងមកមាន ប្រយោជន៍ដល់ មនុស្សដទៃទៀត ទើបគេប្រគល់វា មកឱ្យខ្ញុំ ចំណែកពានរង្វាន់ ពីរទៀត គឺគេ ឱ្យទៅលើផ្នែក ស្រាវជ្រាវប៉ុណ្ណោះ” ។

លោកបណ្ឌិត អាំង ជូលាន កើតនៅក្នុង ឆ្នាំ ១៩៤៩ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងគ្រួសារ មន្ត្រីរាជការ លោកជាកូនទី ៥ ក្នុង ចំណោមបងប្អូន ចំនួន ៧ នាក់ ។ ពេលរូបលោក មានអាយុ ៦ ឆ្នាំ ក្រុមគ្រួសារ របស់លោកបាន ផ្លាស់ប្តូរលំនៅស្ថាន មករស់នៅក្នុង ទីក្រុងភ្នំពេញ នៅក្នុងឆ្នាំ ១៩៥៦ ហើយលោកបាន ចូលសិក្សា នៅសាលាបឋមសិក្សា បឹងកេងកង ។ បន្ទាប់ពីរៀន បញ្ចប់ថ្នាក់ បឋមសិក្សា និង កម្រិតអនុវិទ្យាល័យ នោះរួចមក នៅឆ្នាំ ១៩៦២ លោកបានចូល បន្តការសិក្សានៅ វិទ្យាល័យ ព្រះស៊ីសុវត្ថិ ។ នៅពេល ប្រឡងជាប់ សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ លោកបានចូលរៀន មហាវិទ្យាល័យ ផ្នែកបុរាណវិទ្យា នៅក្នុងឆ្នាំ ១៩៦៩ ។ លោកបាន រៀបអាពាហ៍ ពិពាហ៍ នៅក្នុងឆ្នាំ ១៩៧២ ហើយបានប្រឡង ជាប់បរិញ្ញាបត្រ ផ្នែកបុរាណ វិទ្យានេះ នៅក្នុងឆ្នាំ ១៩៧៤ ។ បន្ទាប់ពីប្រឡងជាប់ ថ្នាក់បរិញ្ញាបត្រ នៅក្នុងឆ្នាំ ដដែលនោះដែរ លោកបានទទួល អាហារូបករណ៍ ពីរដ្ឋាភិបាលបារាំង ទៅរៀននៅ ប្រទេសបារាំង ខាងផ្នែក បុរាណវិទ្យានេះ ។ លោកបាន យកភរិយា ទៅ ស្រុកបារាំង ជា មួយដែរ ។ បន្ទាប់ពីរៀន បានបន្តិច ប្រទេសកម្ពុជា បានធ្លាក់ចូលក្នុង របបខ្មែរក្រហម ។ ពេលនោះលោក បានបញ្ចប់ ថ្នាក់អនុបណ្ឌិត នៅក្នុងឆ្នាំ ១៩៧៦ ហើយបាន រៀនបញ្ចប់ថ្នាក់បណ្ឌិត មុខវិជ្ជាបុរាណវិទ្យា នៅ ក្នុងឆ្នាំ ១៩៨២ នៅសាលាជាន់ខ្ពស់ ខាងមនុស្សសាស្ត្រ ក្នុងប្រទេសបារាំង ។ នៅក្នុងឆ្នាំ ១៩៩៣ លោកបានវិល ត្រឡប់មករស់នៅ ក្នុងមាតុប្រទេសវិញ ដោយបានធ្វើ សាស្ត្រាចារ្យបង្រៀននៅ មហាវិទ្យាល័យ បុរាណវិទ្យានៃ សាកលវិទ្យាល័យ វិចិត្រសិល្បៈ រហូតមកដល់ បច្ចុប្បន្ននេះ ។ លោកបណ្ឌិត មានកូនស្រីចំនួន ពីរនាក់ ដែលបច្ចុប្បន្ន ពួកគេកំពុងរស់នៅ ក្នុងប្រទេសបារាំង ៕

ការស្ថាបនា​ផ្លូវដែក​កំណាត់​ផ្លូវ​ព្រំដែន​ថៃ​-​ក្រុង​សិរីសោភ័ណ​បន្ត​សកម្ម ទោះ​ចំណុខ​ខ្លះ​នៃ​ការដ្ឋាន​រងគ្រោះ​ដោយ​ទឹកជំនន់​

ដោយ : សូផុន
ថ្ងៃទី 21 តុលា 2011
CEN

​បន្ទាយមានជ័យ: ​ពី​ទី​ការដ្ឋាន​ស្ថាបនា​ឡើងវិញ​កំណាត់​ផ្លូវដែក​ប្រវែង​ ៤៨​ គីឡូម៉ែត្រ ព្រំដែន​ថៃ​-​កម្ពុជា ដល់​ក្រុង​សិរីសោភ័ណ នៅ​ដំណាក់កាល​សកម្ម​ដដែល ទោះជា​ចំណុច​ខ្លះ​នៃ​ការដ្ឋាន​ត្រូវ​ទឹក​ហូរ​កាត់ផ្តាច់ និង​បណ្តា​កា​រដ្ឋា​ភាគច្រើន​ស្រូវ​ទឹកជំនន់​គំរាមកំហែង​ក្តី​។​

​ក្រុមហ៊ុន Toll របស់​ប្រទេស​អូស្ត្រាលី បានទទួល​អាជ្ញាប័ណ្ណ ពី​រាជរដ្ឋាភិបាល​កម្ពុជា ស្តារ​ផ្លូវដែក​១​កំណាត់​នេះ និង​ផ្លូវដែក​ចាស់​ទ្រុឌទ្រោម តែ​ ២ ​ខ្សែគ​ត់របស់​កម្ពុជា​។
​ប៉ុន្តែ​ប្រភពពី​មន្ត្រី​សាធារណការ​ខេត្តបន្ទាយមានជ័យ លោក​លី បូ​រិ​ន ប្រធាន​នាយក​ផ្នែក​ផ្លូវដែក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​កម្មករ​ការដ្ឋាន​ឲ្យ​ដឹងថា ឆ្នាំ​២០១០ ទឹកជំនន់​បាន​លិច​ទំរង់​ផ្លូវ​ចាស់ និង​ការដ្ឋាន​ផ្លូវដែក​នេះ​ម្តង​ហើយ ។ មន្ត្រី​ជំនាញ​និង​ក្រុមហ៊ុន​នេះ​ចុះ​សិក្សា​វាយតម្លៃ និង​លើ​កម្ពស់​កម្រិត​ផ្លូវដែក​។ ដល់​ខែកញ្ញា តុលា ២០១១​នេះ ទឹកជំនន់​កើត​ម្តងទៀត និង​លិច​ចំណុច​ខ្លះ​នៃ​កំណាត់​ការដ្ឋាន​ផ្លូវដែក ទើប​នាំ​ឲ្យ​គេ​ត្រូវ​សិក្សា​វាយតម្លៃ​ម្តងទៀត ដើម្បី​លើកកម្ពស់​ផ្លូវ​ឲ្យ​ខ្ពស់​លើផ្លូវ​ជាតិ បន្ថែម​សង់ស្ពាន លូ​។

​ផ្លូវដែក​ខ្សែ​ទី​១ ភ្នំពេញ​-​ប៉ោយប៉ែត ប្រវែង ៣៨៨ គីឡូម៉ែត្រ និង​ខ្សែ​ទី​២ ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ប្រវែង​២៦៦ គីឡូម៉ែត្រ​។ ឥ​ទាន​ធនាគារ ADB និង​ជំនួយ​ពី​ប្រទេស​អូស្ត្រាលី ម៉ាឡេស៊ី អង្ក​ការ OFFD និង​បដិភាគ​លុយ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ស្ថាបនា​ផ្លូវដែក​ទាំងពី​ខ្សែ ឲ្យ​រួចរាល់​ឆ្នាំ​២០១៣ ។ ឥឡូវ​កំណាត់​ផ្លូវដែក​ភ្នំពេញ​-​ទូក​មាស​(​កំពត​)​ស្ថាបនា​ឡើងវិញ​រួចហើយ ។ កំណាត់​ផ្លូវដែក​ប៉ោយប៉ែត​-​សិរីសោភ័ណ អាច​រួចរាល់​នៅ​ឆ្នាំ​២០១១៕

លោក​លី បូ​រិ​ន ប្រធាន​នាយក​ផ្នែក​ផ្លូវដែក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន

លោក លី បូ រិ ន ប្រធាន នាយក ផ្នែក ផ្លូវដែក នៃ ក្រសួង សាធារណការ និង ដឹកជញ្ជូន

Photo by CEN

Photo by CEN

Photo by CEN

Photo by CEN

Photo by CEN

គុណសម្បត្តិ​និង​គុណវិបត្តិ​របស់​អ្នក​នៅ​ជនបទ​នៃ​ខេត្ត​ព្រះវិហារ

ដោយ​ វោហារ ជាតិ
2011-10-21
​វិទ្យុ​អាស៊ីសេរី

ជីវិត​ប្រជាពលរដ្ឋ​នៅ​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​រក្សា ស្រុក​រវៀង ខេត្ត​ព្រះវិហារ កំពុង​ខ្វះ​សាលា​ឲ្យ​កូន​រៀន ខ្វះ​ប៉ុស្តិ៍​សុខភាព និង​ខ្វះ​ផ្លូវ​គមនាគមន៍។ ពូក​គាត់​បាន​អំពាវ​​សុំ​ឲ្យ​រដ្ឋាភិបាល និង​អ្នក​ដំណាង​ម្ចាស់​ឆ្នោត រួម​ទាំង​សប្បុរសជន​ជួយ​គាត់​ផង។

អ្នក​ភូមិ​ដូនម៉ា ដើរ​ដេញ​សត្វ​សេក​ស៊ី​ស្រូវ​ក្នុង​ស្រែ​ក្បែរ​សំយាប​ផ្ទះ ក្នុង​ឃុំ​រក្សា ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១១។ (RFA/Vohar Cheath)

អ្នក ភូមិ ដូនម៉ា ដើរ ដេញ សត្វ សេក ស៊ី ស្រូវ ក្នុង ស្រែ ក្បែរ សំយាប ផ្ទះ ក្នុង ឃុំ រក្សា ស្រុក រវៀង ខេត្ត ព្រះវិហារ កាល ពី ថ្ងៃ ទី ១៧ ខែ តុលា ឆ្នាំ ២០១១។ (RFA/Vohar Cheath)

http://flash-mp3-player.net/medias/player_mp3_maxi.swf

ឃុំ​រក្សា​គឺ​ជា​តំបន់​ដាច់​ស្រយាល​មួយ ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៨០​គីឡូម៉ែត្រ ខាង​កើត​ឆៀង​ខាង​ត្បូង​ទី​រួម​ខេត្ត។

ផ្លូវ​ចូល​ទៅ​តំបន់​នេះ​កាត់​ព្រៃ ឆ្លង​ជ្រលង​ដង​អូរ មាន​តែ​សំឡេង​សត្វ​យំ​ជំនួស​សំឡេង​គ្រឿង​ម៉ាស៊ីន​ឡាន ម៉ូតូ ដែល​កម្រ​ធ្វើ​ដំណើរ​ចេញ​ចូល​មក​ទី​នេះ។

នៅ​លើ​រាន​មុខ​ផ្ទះ​ឈើ​ប្រក់​ស្បូវ​មួយ​ស្ថិត​ក្នុង​ចំណោម​ផ្ទះ​បី​បួន​ទៀត សង់​នៅ​លើ​​ទូល​ខ្ពស់​ដាច់​ពី​គេ គេ​ឃើញ​អ្នក​ភូមិ​ស្រី​ប្រុស​អង្គុយ​​ទទួល​ទាន​បាយ​​ថ្ងៃ​ត្រង់​ជុំ​គ្នា។ នោះ​ជា​ផ្ទះ​កសិករ​វ័យ​កណ្ដាល​ឈ្មោះ សួន រិទ្ធិ ដែល​មាន​ដើម​​ខ្លុងត្បែង និង​ដើម​ឈើ វល្លិ​ព្រៃ​ផ្សេង​ទៀត​ដុះ​ក្បែរ​ផ្ទះ។

កសិករ​រូប​នេះ​កំពុង​ទទួល​ភ្ញៀវ​មក​ពី​ចម្ងាយ​ពីរ​បី​នាក់​ដែល​មក​លេង​ផ្ទះ​គាត់ នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា យ៉ាង​រាក់ទាក់។ ពេល​កំពុង​ទទួលទាន​បាយ​ កសិករ​រូប​នេះ​បាន​រៀបរាប់​ប្រាប់​ភ្ញៀវ​ថា ភូមិ​គាត់​សម្បូរ​​បន្លែ​ត្រី​សាច់​រក​បាន​នៅ​ក្បែរ​ផ្ទះ។ លោក​បន្ត​ថា អ្នក​​ភូមិ​នៅ​ទី​នេះ មិន​បាច់​ទៅ​ផ្សារ​ទិញ​ម្ហូប​បន្លែបង្ការ​ដែល​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ពី​ភូមិ​នោះ​ទេ។

១៨-តុលា-២០១១៖ សិស្ស​នៅ​ថ្នាក់​រៀន​នៃ​សាលា​បឋមសិក្សា​កក់ពោន ក្នុង​ឃុំ​រក្សា ស្រុក​រវៀង ខេត្ត​​ព្រះវិហារ។ (RFA/Vohar Cheath )

១៨-តុលា-២០១១៖ សិស្ស នៅ ថ្នាក់ រៀន នៃ សាលា បឋមសិក្សា កក់ពោន ក្នុង ឃុំ រក្សា ស្រុក រវៀង ខេត្ត ព្រះវិហារ។ (RFA/Vohar Cheath)

ប្រៀប​ធៀប​អ្នក​ភូមិ​ចាស់​រស់​នៅ​ក្នុង​ភូមិ​ដូន​ម៉ា​នេះ គ្រួសារ​កសិករ សួន រិទ្ធិ និង​គ្រួសារ​ផ្ទះ​ជិត​ខាង​មួយ​ចំនួន​ទៀត​គឺ​ជា​អ្នក​ចំណូល​ថ្មី ដែល​ពួក​គាត់​បាន​ចេញ​ពី​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង មក​រស់​នៅ​ទី​នេះ បួន​ប្រាំ​ឆ្នាំ​មក​ហើយ។ និយាយ​បណ្ដើរ​ដៃ​លូក​ចាក់​ស្រា​ស​ចូល​តយ​ឫស្សី​បណ្ដើរ កសិករ សួន រិទ្ធិ ពោល​ថា គាត់​មក​ទី​នេះ​បាន​សុំ​ដី​អាជ្ញាធរ​មូលដ្ឋាន​សង់​ផ្ទះ និង​កាប់​ចម្ការ ធ្វើ​ឲ្យ​ជីវិត​គ្រួសារ​គាត់​ប្រសើរ​ជាង​កាល​ពី​រស់​នៅ​ស្រុក​កំណើត​ច្រើន​ណាស់។

គាត់​ថា រូប​គាត់​រួម​ទាំង​អ្នក​ភូមិ​នៅ​ទី​នេះ​អះអាង​ថា ពួក​គាត់​ស្រឡាញ់​ព្រៃ​ធម្មជាតិ និង​ចូលចិត្ត​ស្ដាប់​សត្វ​យំ ហើយ​បាន​អះអាង​ថា ពួក​គាត់​ពេញ​ចិត្ត​នឹង​សាង​ជីវិត​នៅ​លើ​ដី​ថ្មី​ដាច់​ស្រយាល ហើយ​ខិត​ខំ​ជួយ​រក្សា​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ឲ្យ​បាន​គង់វង្ស។

អ្នក​ភូមិ​ដែល​ទទួល​ទាន​បាយ​ជុំ​គ្នា​ក៏​យល់​ស្រប​តាម​គំនិត​កសិករ សួន រិទ្ធិ ដូច​គ្នា។ ពួក​គាត់​អះអាង​ថា រស់​នៅ​ទី​នេះ​ជា​តំបន់​ដាច់​ស្រយាល​មែន​តែ​ជីវិត​សុខសាន្ត អ្នក​ស្រុក​ចេះ​ស្រឡាញ់​សាមគ្គី​គ្នា ពេល​មាន​​ម្ហូប​ចំណី​ប្លែក​ម្ដងៗ ចេះ​ហុច​ចែក​គ្នា​ពី​ដើម​ភូមិ​ដល់​ចុង​ភូមិ មិន​មាន​កើត​ចោរកម្ម​​អ្វី​កើត​ឡើង​ទេ ការ​ប្រកប​របរ​ធ្វើស្រែ​បាន​ផល​ល្អ ហើយ​ក្រៅ​ពី​នេះ​ អ្នក​ភូមិ​អាច​រក​ប្រាក់​កម្រៃ​ក្រៅ​បាន​ពី​អនុផល​ព្រៃ​ឈើ​ទៀត​ផង។

តែ​អ្នក​ភូមិ​ខ្លះ​ថា ​ជីវិត​នៅ​ទី​នេះ មិន​ស៊ីវិល័យ​ដូច​អ្នក​រស់​នៅ​ទី​ប្រជុំ​ជន និង​នៅ​ទីក្រុង​ទេ៖ «ធ្វើ​ស្រែ​ចម្ការ​តិចតួច។ …តែង​ខ្លួន​អី បើ​មុជ​តែ​ទឹក​ថ្លុក (សំឡេង​សើច)»។

១៧-តុលា-២០១១៖ អ្នក​ភូមិ​យក​កូន​ទៅ​យក​ខ្យល់​អាកាស​ក្នុង​ថ្នាក់​រៀន​អត់​ជញ្ចាំង ក្នុង​ឃុំ​រក្សា ស្រុក​រវៀង ខេត្ត​​ព្រះវិហារ។ (RFA/Vohar Cheath)

១៧-តុលា-២០១១៖ អ្នក ភូមិ យក កូន ទៅ យក ខ្យល់ អាកាស ក្នុង ថ្នាក់ រៀន អត់ ជញ្ចាំង ក្នុង ឃុំ រក្សា ស្រុក រវៀង ខេត្ត ព្រះវិហារ។ (RFA/Vohar Cheath)

ជីវិត​របស់​នៅ​របស់​អ្នក​ភូមិ​រស់​នៅ​ក្នុង​ឃុំ​រក្សា ជាង ៣.០០០​គ្រួសារ​នេះ មិន​មាន​ផ្សារ មិន​មាន​មន្ទីរពេទ្យ នៅ​ខ្វះ​សាលារៀន។ ត្រង់​ចំណុច​នេះ កសិករ សួន រិទ្ធិ ដែល​មាន​មោទនភាព​ចំពោះ​ជីវិត​រស់​នៅ​លើ​ដី​ថ្មី​នេះ​ ក៏​ទទួល​ស្គាល់​ថា កូន​គាត់​ត្រូវ​ដើរ​កាត់​ព្រៃ​ទៅ​រៀន​សាលា​ឆ្ងាយ​ពី​ផ្ទះ ហើយ​សាលា​រៀន​វិញ​មិន​មាន​ជញ្ជាំង​បិទបាំង និង​ដំបូល​ត្រឹម​ត្រូវ​ ពេល​ភ្លៀង​ម្ដងៗ​ធ្វើ​ឲ្យ​លេច​ទទឹក​ជោក ហើយ​នៅ​ពេល​ថ្ងៃ​សិស្ស​ក្ដី ដែល​ជា​ការ​រំខាន​ដល់​ការ​រៀន​សូត្រ​របស់​កូន​គាត់។

ដោយ​តំបន់​នេះ​ស្ថិត​នៅ​ដាច់​ស្រយាល ព័ត៌មាន​អំពី​ជីវភាព​ខ្វះខាត​របស់​អ្នក​ភូមិ​នៅ​ទី​នេះ មិន​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​ទៅ​ខាង​ក្រៅ​ទេ។ ចំពោះ​វិស័យ​អប់រំ​វិញ​នៅ​ខ្វះ​គ្រូ និង​ខ្វះ​សាលារៀន។

លោកគ្រូ ស៊ឹម សោភា គ្រូ​បឋមសិក្សា​កក់​ពោន ថ្លែង​ថា ​សព្វថ្ងៃ​បឋម​សិក្សា​មួយ​ចំនួន​ក្នុង​ឃុំ​មិន​មាន​ដំបូល ខ្លះ​អត់​មាន​ជញ្ជាំង ហើយ​គ្រូ​និង​សិស្ស​ត្រូវ​ចូល​នាំ​គ្នា​ចូល​ព្រៃ​កាប់​ឈើ​សង់​សាលារៀន​ដោយ​ខ្លួន​ឯង។

លោក ស្រី យឿន នាយក​សាលា​ដូនម៉ា បញ្ជាក់​ថា រឿង​ខ្វះ​សាលា​ជា​បញ្ហា​មួយ​សម្រាប់​កូន​ចៅ​​អ្នក​ភូមិ តែ​បញ្ហា​មួយ​ទៀត គឺ​សិស្ស​មិន​ហ៊ាន​ធ្វើ​ដំណើរ​កាត់​ព្រៃ​ទៅ​សាលា​រៀន ព្រោះ​ផ្លូវ​កាត់​ព្រៃ​ស្ងាត់​ដែល​អាច​ឲ្យ​សិស្ស​ជួប​គ្រោះ​ថ្នាក់​ផ្សេងៗ​ជាយថាហេតុ។

ទាក់​ទង​នឹង​ជីវភាព​ខ្វះ​ខាត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ភូមិ​រក្សា ក៏​នៅ​មាន​បញ្ហា​ច្រើន​ទៀត​ដែរ ជា​ពិសេស​បញ្ហា​សុខភាព និង​អនាម័យ។

ជំទប់​ឃុំ​រក្សា លោក ចេត រួត បញ្ជាក់​ថា ប្រជាពលរដ្ឋ​របស់​លោក​កំពុង​ប្រឈម​បញ្ហា​សុខភាព និង​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ ធ្វើ​ឲ្យ​កុមារ​មាន​ជំងឺ​ច្រើន​នៅ​ពេល​នេះ។

បច្ចុប្បន្ន​នេះ បើ​ទោះ​បី​ជា​​ប្រជាពលរដ្ឋ​កំពុង​ជួប​បញ្ហា​ខ្វះ​ខាត​ផ្លូវ សាលារៀន មណ្ឌល​សុខភាព ពិត​មែន តែ​កសិករ សួន រិទ្ធិ និង​អ្នក​ភូមិ​ដទៃ​ទៀត​នៅ​មាន​ក្ដី​រំពឹង​មួយ​ទៀត គឺ​សម្បត្តិ​មហាសាល​មួយ ដែល​មាន​​ព្រៃ​ភ្នំ ព្រៃ​ឈើ​ធម្មជាតិ​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​យ៉ាង​ធំធេង រំលេច​ពណ៌​ធម្មជាតិ​ស្រស់​ត្រកាល គ្រប​ដណ្ដប់​ភូមិ​ករ​របស់​ពួក​គាត់ លាយឡំ​នឹង​សំឡេង​សត្វ​បក្សាបក្សី​យំ​គួរ​ឲ្យ​មោទនភាព។

ជា​ចុង​ក្រោយ ​នៅ​ពេល​បាយ​ថ្ងៃ​ត្រង់​ចប់ កសិករ សួន រិទ្ធ និង​អ្នក​ភូមិ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រុមហ៊ុន​មក​អភិវឌ្ឍ​មូលដ្ឋាន​គាត់ សង់​មណ្ឌល​សុខភាព សង់​សាលារៀន សង់​ផ្លូវ​កៅស៊ូ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទី​នេះ តែ​ព្រៃ​ឈើ​ពួក​គាត់​ត្រូវ​រលាយ​ដោយសារ​ក្រុមហ៊ុន​កាប់​ឈូស​បំផ្លាញ ហើយ​សត្វ​ព្រៃ​ដែល​ពួក​គាត់​ធ្លាប់​ស្ដាប់​សំឡេង​រាល់​ថ្ងៃ ត្រូវ​គេ​បរបាញ់​សម្លាប់​ផុត​ពូជ ធ្វើ​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​លែង​បាន​ស្ដាប់​សត្វ​យំ​ត​ទៅ​ទៀត។

យ៉ាង​ណា​ក៏​ដោយ វិទ្យុ​អាស៊ីសេរី​បាន​សង្កេត​ឃើញ​ថា មាន​អ្នក​ភូមិ​ខ្លះ​បាន​កាប់​ជ្រូក​ព្រៃ និង​សត្វ​ឈ្លូស ក្លែម​ស្រា​ទាំង​ថ្ងៃ។ ពួកគាត់​បាន​អះអាង​ថា សត្វ​ព្រៃ​ទាំង​នោះ​បាន​មក​បំផ្លាញ​ដំណាំ​កសិកម្ម​របស់​គាត់​ដែល​ដាំ​នៅ​ក្បែរ​ភូមិ ហើយ​ក្រៅ​ពី​នោះ ក៏​មាន​ហាង​លក់​បាយ​ខ្លះ​លក់​ម្ហូប​សត្វ​ព្រៃ​ក្បែរ​ស្លាក​សញ្ញា​ដែល​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះវិហារ ហាម​កាប់​សម្លាប់​សត្វ​ព្រៃ​ទៀត​ផង៕

ក្រុម​មន្ត្រី​ថា សព​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ទាហាន​សៀម​បាញ់​សម្លាប់​ត្រូវ​បាន​បញ្ជូន​មក​​ក្នុង​ដី​ខ្មែរ

សៅរ៍ 22 តុលា 2011
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

ក្រុម​មន្ត្រី​ព្រំ​ដែន ​ក្នុង​ខេត្ត​ឧត្ត​មាន​ជ័យ​បាន​និយាយ​ថា សាក​សព​ប្រជាពលរដ្ឋ​ខ្មែរ​៤​នាក់ ដែល​ទាហាន​​សៀម​បាន​បាញ់​សម្លាប់ ដោយ​សម្អាង​ថា បាន​ចូល​កាប់​ឈើ​ក្នុង​ទឹក​ដី​របស់​គេ​កាល​ពី​សប្ដាហ៍​មុន ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ទឹក​ដីខ្មែរ ដើម្បី​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​របស់​គេ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។

សពពលរដ្ឋខ្មែរដែលថៃបញ្ជូនមកឲ្យកម្ពុជាវិញ

សពពលរដ្ឋខ្មែរដែលថៃបញ្ជូនមកឲ្យកម្ពុជាវិញ

លោក ទូច រ៉ា ប្រធាន​ទំនាក់​ទំនង​ព្រំដែន​នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ជាំ ក្នុង​ខេត្ត ឧត្តរ​មានជ័យ ត្រូវ​បាន​សម្រង់​សម្ដី​ដោយ​ព្រឹត្តិបត្រ​ឌឹ​ឃេម​បូ​ឌា​ដេ​លី ដែល​ចេញ​ផ្សាយ​ថ្ងៃ​សៅរ៍​នេះ​ថា ក្រុម​ទាហាន​ថៃ​បាន​ប្រគល់​​សាក​សព​មក​ឲ្យ​លោក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​បុរស​ទាំង​នេះ​ត្រូវ​បាន​ទាហាន​ថៃ​ដែល​ឈរ ជើង​នៅ​ភ្នំ​ដង​រែក ដែល​គ្រប​ដណ្ដប់​​ដោយ​​ព្រៃ​ក្រាស​នោះ​​បាញ់​សម្លាប់ ។

សាក​សព​ទាំង​៤​ដែល​គេ​ដឹង​ថា មក​ពី​ស្រុក កំពង់​ស្វាយ ខេត្ត កំពង់​ធំ នោះ ត្រូវ​បាន​បញ្ជាក់​ពី​អត្ត​សញ្ញាណ​ថា ​មាន​ឈ្មោះ រុន ប៉េង អាយុ ៣០ឆ្នាំ ម៉ា ម៉ាង អាយុ ២៧ឆ្នាំ បឿន ឡែម អាយុ ២៤ឆ្នាំ និង​ញ៉ាង នាត អាយុ​៣២​ឆ្នាំ ។ សាកសព​ទាំង​នោះ​ត្រូវ​បាន​បូជា​នៅ​វត្ត​ស្រះ​ឈូក ស្រុក​ពន្លុង​វែង ។

លោក ទូច រ៉ា បាន​ថ្លែង​ថា ” ឪ​ពុក​ម្ដាយ​និង​សាច់ញាតិ បាន​ទទួល​សាកសព​រួច​ហើយ ហើយ​ពួក​គាត់ បាន​សម្រក់​ទឹកភ្នែក ។ ខ្ញុំ​មិន​យល់​ថា ហេតុ​អ្វី បាន​ជា​ពួក​គេ​នៅ​តែ​ ទៅ​ទី​នោះ បើ​ទោះ​បី​ដឹង​ថា វា​គ្រោះ​ថ្នាក់​ក៏​ដោយ ” ។

ជា​ញយ​ដង ពលរដ្ឋ​ខ្មែរ​ដ៏​ក្រីក្រ​ត្រូវ​បាន​ទាហាន​សៀម​បាញ់​សម្លាប់​និង ចាប់​ធ្វើ​ទារុណកម្ម​ខណៈ​ដែល​​គេ​ឆ្លង​ដែន​ចូល​ទៅ​ស្វែង​រក​ ការងារ​ធ្វើ ខ្លះ​បណ្ដាល​មក​ពី​ការ​វង្វេង មិន​ដឹង​ដែន​សីមា​​​ខ្មែរ​និង​សៀម​នៅ​ត្រឹម​ណា ។ ​កន្លង​មក​គេ​កត់​សម្គាល់​ឃើញ ក្រសួង​ការ​បរទេស​ខ្មែរ​​បាន​ធ្វើ​កំណត់​ទូត​ទៅ​ប្រទេស​សៀម ស្ដី​ពី​ការ​បាញ់​សម្លាប់​​​ពលរដ្ឋ​ខ្មែរ​តាម​របៀប​ផុយៗ​នេះ ប៉ុន្តែ​ការ​បាញ់​នៅ​តែ​កើត​មាន​។

ក្រុម​ន្ត្រី​នៃ​អង្គការ​សិទ្ធិ​មនុស្ស បាន​ធ្វើ​ការ​រិៈគន់ ចំពោះ​ករណី​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ខាង​លើ​​ដោយ​ទាហាន​​សៀម ជំនួស​ឲ្យ​ការ​ចាប់​ខ្លួន និង​​វិនិច្ឆ័យ​ទោស​តាម​ច្បាប់​នេះ៕

ថៃ​ប្រគល់​សាកសព​ខ្មែរ​៤​នាក់

ដោយ ហង្ស សាវយុត
2011-10-21
​វិទ្យុ​អាស៊ីសេរី

អាជ្ញាធរ​ខេត្ត​អ៊ូប៊ុន របស់​ប្រទេស​ថៃ ដែល​មាន​ព្រំដែន​ជាប់​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ បាន​ប្រគល់​សាកសព​បុរស​ខ្មែរ​ចំនួន ៤​នាក់ មក​ឱ្យ​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​ព្រំដែន​ជាំសាង៉ាំ នៃ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ កាល​ពី​រសៀល​​ថ្ងៃ​ទី​២០ ខែ​តុលា កន្លង​ទៅ។

លោកវរសេនីយ៍ទោ តូច រ៉ា ជា​អនុ​ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ ប្រចាំ​ច្រក​ជាំសាង៉ាំ ស្រុក​អន្លង់វែង។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​២១ ខែ​តុលា ថា អាជ្ញាធរ​ថៃ នៃ​ស្រុក​ណាំយឺន របស់​ខេត្ត​អ៊ូប៊ុន បាន​នាំ​យក​សាកសព​បុរស​ខ្មែរ​ចំនួន ៤​នាក់​មក​ប្រគល់​ឱ្យ​ភាគី​ខ្មែរ​វិញ ប៉ុន្តែ​លោក​មិន​បាន​ដឹង​លម្អិត​ទេ​ថា តើ​ការ​កើត​ហេតុ​រហូត​ដល់​​ស្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ៤​នាក់​នោះ បណ្ដាល​មក​ពី​អ្វី​ឡើយ។

«ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ទទួល​សាកសព​ទាំង​៤​ហ្នឹង​មក​ទេ។ តាម​ពិត​កើត​ហេតុ​នៅ​តំបន់​អានសេះ ព្រះវិហារ​ឯណោះ ទិស​របស់​គេ (ថៃ)។ រឿង​គេ​បាញ់​គេ​បោះ​ចំណុច​ណា​អី​ហ្នឹង ខ្ញុំ​មិន​បាន​សួរ​គេ​ច្បាស់លាស់​ទេ គ្រាន់តែ​កើត​ហេតុ​នៅ​តំបន់​អានសេះ…»។

លោក តូច រ៉ា បាន​ឱ្យ​ដឹង​ថា សាកសព​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ៤​នាក់ ដែល​អាជ្ញាធរ​ថៃ ប្រគល់​ឱ្យ​នោះ គឺ​មាន​ទីលំនៅ​ឃុំ​ដំរី​ស្លាប់ ក្នុង​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ៕

បង្កា​រកំណាត់​ផ្លូវជាតិ​លេខ​៥ កុំ​ឲ្យ​ទឹកជំនន់​ហូរ​កាត់​ទៀត​

ដោយ : សូផុន
ថ្ងៃទី 21 តុលា 2011
CEN

បន្ទាយមានជ័យ: ​ទំនប់​ការុង​ដី​ច្រក​ប្រវែង​ ២០០​ ម៉ែត្រ​ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ត្រូវបាន​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ និង​យុវជន​អប់រំ​ផ្តាច់​សារធាតុ​ញៀន លើកគ្នា​សង់​រួចរាល់​​ពេញ ​១​ថ្ងៃ នៅថ្ងៃទី​២១​តុលា ឆ្នាំ២០១១​។​

​លោក​ គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​ផ្សេងទៀត បានផ្តល់​សំបក​ការុង ១.៥០០ សំបក​ សម្រាប់​ច្រក​ដី។ លោក​ អ៊ុំ រាត្រី អភិបាលក្រុង​សិរី និង​លោក ​គី ឃួ​ង ប្រធាន​ក្រុមប្រឹក្សា​ក្រុង​សិរីសោភ័ណ និង​មន្ត្រី​ដទៃទៀត បានផ្តល់​ដី ​៣​ឡាន​។​

​ឯ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជ​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងជា​មេ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​វរសេនីយ៍ឯក​ វង្ស ធី នាយ​រងកងរាជអាវុធហត្ថខេត្ត ​និង​យុវជន​អប់រំ​ផ្តាច់​សារធាតុ​ញៀន ១១៥​ នាក់ បានធ្វើ​ពលកម្ម សម្រាប់​ប្រយោជន៍​សាធារណៈ​នេះ​។​

​នេះ​ជាការ​បង្កា​រកុំ​ឲ្យ​ទឹកជំនន់​ ដែល​ពុំទាន់​ស្រក ​និង​កំពុង​ប្រែជា​ឡើង​ស្រឺ​តៗ កុំ​ឲ្យ​ហូរ​កាត់​កំណាត់​ផ្លូវជាតិ​លេខ​៥ លើចំណុច​នោះ ដូច​កាលពី​ជំនន់​ខែតុលា ឆ្នាំ​២០១០​កន្លងមក​។​ ឆ្នាំ​២០១០ ទឹកជំនន់​ ដោយសារទឹកភ្លៀងធំ​ជាង​នេះ បានវាយប្រហារ ខេត្តបន្ទាយមានជ័យ ​ហើយកំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រូវ​ផ្អាក​ចរាចរណ៍​រថយន្ត​ធំ​ផ្ទុក​ធ្ងន់​មួយរយៈ​៕

Photo by CEN

Photo by CEN

Photo by CEN

Photo by CEN

Photo by CEN

ជនរងគ្រោះ​ស្លាប់​ដោយ​ទឹកជំនន់​នៅ​បន្ទាយមានជ័យ កើន​ដល់ ២៥​នាក់

ដោយ : សូផុន
ថ្ងៃទី 22 តុលា 2011
CEN

ព្រះនេត្រព្រះ​-​បន្ទាយមានជ័យ​:​ ខណៈ​ទឹកជំនន់​មាន​ជម្រៅ ១,៦ ម៉ែត្រ ស្ត្រី​ម្នាក់ទៀត​ត្រូវបាន​គេ​ប្រទះឃើញ​សព ក្នុង​ទឹក​ប្រឡាយ​មួយកន្លែង ខាងក្រោយ​ភូមិ​រពាក់ ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២២ តុលា ២០១១​។ ហើយកាលពី​ម៉ោង ៥​ល្ងាច ថ្ងៃទី​២១ តុលា ២០១១ ក្មេងស្រី​ពីរ​នាក់​បងប្អូន​​បាន​លង់ទឹក​ប្រឡាយ​ស្លាប់ នៅ​ភូមិ​ភ្នំ​ប្រាសាទ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី​។​
​ ​
​ការស្លាប់​នេះ ធ្វើ​ឲ្យ​មាន​ជនរងគ្រោះ​ស្លាប់​ដោយសារ​ទឹកជំនន់ នៅ ខេត្តបន្ទាយមានជ័យ កើន​ដល់ ២៥​នាក់​ហើយ​។ កាលពី​ថ្ងៃទី​១៩ តុលា មាន​បុរស​ម្នាក់ និង​កុមារ​ម្នាក់ បាន​ស្លាប់​ដោយ​លង់ទឹក​នៅ​ក្រុង​ប៉ោយប៉ែត និង​ស្រុក​អូរជ្រៅ​។ ហើយ​នៅ​ថ្ងៃទី​២១ តុលា កុមារា​អាយុ ៣​ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ស្លាប់​​នៅ​ស្រុក​ព្រះនេត្រព្រះ​។
​ ​
​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ឈ្នួ​រ​មានជ័យ លោក​មាន គឹម​សាន និង​លោក​កែវ ប៊ុន​យឿន អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ ប្រាប់​គេហទំព័រ CEN ថា ស្ត្រី​រងគ្រោះ​មានឈ្មោះ តាក់ ម៉ាលី អាយុ ៤៣​ឆ្នាំ មុន​ស្លាប់​រស់នៅ​ភូមិ​រពាក់ ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ​។ កាលពី​យប់​ថ្ងៃទី​២១ តុលា ​ស្ត្រី​រងគ្រោះ​បាន​យក​បាយ​ទៅ​ឲ្យ​ប្តី​គាត់ ឈ្មោះ សាក់ សុ​ខេន អាយុ ៤៣​ឆ្នាំ ដែល​នៅចាំ​ផ្ទះ​មួយទៀត​ខាងក្រៅ​ភូមិ រួច​ត្រឡប់​វិញ តែ​បាន​បាត់​ខ្លួន​មួយ​យប់​។ ​លុះ​ព្រឹក​ឡើង​ទើប​ក្រុមគ្រួសារ​រកឃើញ​សព​ស្លាប់​អណ្តែត​ទឹក​ប្រឡាយ ។​

​លោក​រស់ សំបូរ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​មង្គល​បូរី បាន​ប្រាប់​គេហទំព័រ CEN នៅ​ថ្ងៃទី ២២​តុលា​នេះ​ថា នៅ​ម៉ោង ៥ ល្ងាច​ថ្ងៃទី ២១​តុលា ​នៅ​ប្រឡាយទឹក​ក្នុងភូមិ មាន​ក្មេងស្រី​ឈ្មោះ គ​ន្ធា រ៉ូ​ត អាយុ ១១​ឆ្នាំ និង​ប្អូនស្រី​នាង​ឈ្មោះ គ​ន្ធា នាង​រ័ត្ន អាយុ ៦​ឆ្នាំ បាន​លង់ទឹក​ឱប​ជាប់​គ្នា​ស្លាប់​។ ​នៅ​២​ម៉ោង​ក្រោយ ទើប​ម្តាយ​ជនរងគ្រោះ​ឈ្មោះ អូន ស្រី​នាង ដែល​ត្រឡប់​ពី​ស្ទូចត្រី​បានដឹងថា កូនៗ​បាន​លង់ទឹក​ស្លាប់​។​

​អ្នកភូមិ​សង្ស័យថា ក្មេងស្រី​រងគ្រោះ​អាច​នាំគ្នា​ដើរ​តាម​ម្តាយ​ទៅ​ស្ទូចត្រី តែ​ម្តាយ​ពុំ​ដឹងខ្លួន​។ លុះ​ក្មេងស្រី​ណា​ម្នាក់ ធ្លាក់ទឹក​ប្រឡាយ ​ក្មេង​ម្នាក់ទៀត​ចុះជួយ​ស្រង់ ក៏​លង់ទឹក​ទាំង ២​នាក់​ឱប​គ្នា​តែម្តង​។​

​ជនរងគ្រោះ​ស្លាប់​ដោយ​ទឹកជំនន់ ត្រូវ​រាជរដ្ឋាភិបាល​ផ្តល់ជំនួយ​សង្គ្រោះ ដល់​ក្រុមគ្រួសារ​នៃ​សព ដែល​ម្នាក់​ទទួលបាន​ថវិកា ២ លាន​រៀល និង​អង្ករ ៥០ គីឡូក្រាម ​ហើយ​កាកបាទក្រហម​ផ្តល់​អង្ករ ៥០ គីឡូក្រាម​ផងដែរ​៕​