បណ្ណសារ | ខែតុលា 17, 2011

លោក សម រង្ស៊ី៖ មិន​បន្ទន់​ឥរិយាបថ ដើម្បី​សម្រប​សម្រួល​នយោបាយ​​ទេ

ដោយ អ៊ួន ឈិន
2011-10-17
​វិទ្យុ​អាស៊ីសេរី

មេ​បក្ស​ប្រឆាំង​ សម រង្ស៊ី បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១១ ថា លោក​នឹង​មិន​បន្ទន់​ឥរិយាបថ ចំពោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​លោក​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ សម្រាប់​ការ​ចូលរួម​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នោះ​ទេ។

សម រង្ស៊ី៖ «រឿង​ទាំង​អស់​នេះ​ណា មិន​មែន​រឿង​ផ្ទាល់​ខ្លួន​ទេ។ ដូច្នេះ អត់​មាន​ការ​រឿង​ដោះដូរ ប្ដូរ​គ្នា​ចរចា បន្ទន់​ឥរិយាបថ ភរ​បុគ្គល​ផ្ទាល់​ខ្លួន មិន​មែន​ទេ។ ជា​រឿង​ជាតិ។ ដូច្នេះ អត់​មាន​អី​មក​ត​ថ្លៃ ដូច​សួរ​ខ្ញុំ​រឿង​ប្ដឹង ហ៊ុន សែន អត់​ទេ។ ខ្ញុំ​ប្ដឹង​ទាល់​តែ​ចប់។ ខ្ញុំ​ប្ដឹង​ទាល់​តែ​គេ​ចាប់ ហ៊ុន សែន។ អត់​មាន​មក​ចរចា​ជាមួយ ហ៊ុន សែន ទាល់​តែ​សោះ អត់​ត្រូវ​ការ​ទេ។ គឺ​ផ្ដាច់​ព្រាត់​ណា ទាល់​តែ​គេ​ចាប់ ហ៊ុន សែន ទាល់​តែ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង បាន​ខ្ញុំ​គិត​តទៅ​ទៀត»។

ប្រធាន​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ដូច្នេះ នៅ​ក្នុង​សន្និសីទ​វីដេអូ​មួយ​ពី​ទីក្រុង​ប៉ារីស ដើម្បី​សំណេះ​សំណាល​ជាមួយ​អ្នក​តំណាងរាស្ត្រ មន្ត្រី​គណបក្ស សម រង្ស៊ី និង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ក្រុម​អ្នក​យក​ព័ត៌មាន និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន នៅ​ទីស្នាក់ការ​កណ្ដាល​នៃ​គណបក្ស សម រង្ស៊ី នា​រាជធានី​ភ្នំពេញ នៅ​ពី​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ២០១១។

ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​អះអាង​ទៀត​ថា លោក​នឹង​បន្ត​ប្ដឹង​តប​ទៅ​លោក ហ៊ុន សែន វិញ ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​ការ​កែន​ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​រាប់​សែន​នាក់​ក្នុង​យុទ្ធនាការ​ក-៥ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់​ដោយ​ការ​ជាន់​មីន​និង​ជំងឺ​គ្រុន​ចាញ់។

លោក សម រង្ស៊ី បន្ថែម​ថា ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នឹង​មិន​អាច​ចាត់​ទុក​ថា​ជា​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​បាន​ទេ ដរាប​ណា​គ្មាន​វត្តមាន​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ ហើយ​សហគមន៍​អន្តរជាតិ ក៏​មិន​ត្រូវ​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក្ដី មិន​ទាន់​មាន​ប្រតិកម្ម​តប​ពី​ប្រមុខ​រដ្ឋាភិបាល ចំពោះ​ការ​ថ្លែង​របស់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ដែល​បាន​ថ្លែង​ពី​ក្រៅ​ប្រទេស នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែ​តុលា​នៅ​ឡើយ​ទេ៕

លោក សម រង្ស៊ី៖ បណ្តឹង​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ដំណើរការ​ទៅ​មុខ

ដោយ លី ម៉េងហួរ
ថ្ងៃ ចន្ទ 17 តុលា 2011
RFI

ស្តាប់សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ (02:07)

លោក​ សម​រង្ស៊ី បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា ពាក្យបណ្តឹង​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន នៅ​តុលាការ​អន្តរជាតិ កំពុង​ដំណើរ​ទៅមុខ។ ក្នុង​សន្និសីទ​កាសែត តាម​ប្រព័ន្ធ​អ៊ីនថឺណេត ពី​ប្រទេស​បារាំង លោក​ សម​ រង្ស៊ី ក៏​បាន​ថ្លែង ចោទ​ប្រកាន់​លោកស្រី ប៊ុនរ៉ានី ភរិយា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ថា​នៅ​ពី​ក្រោយ​អំពើ​ឃាតកម្ម បាញ់​សម្លាប់​អ្នក​សម្តែង​ភាពយន្ត អ្នកនាង ពិសិដ្ឋ ពិលីកា កាលពី​ឆ្នាំ​១៩៩៩។ ក៏ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល បាន​ច្រានចោល ហើយ​ថា ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី គ្រាន់តែ​ជា​នយោបាយ​បោក​បញ្ឆោត​សាធារណមតិ ដែល​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការពិត​ទាល់​តែ​សោះ។

សន្និសីទ​គណបក្ស​​ សមរង្ស៊ី តាម​ប្រព័ន្ធ​អ៊ិនថឺណេត (© ចាន់ណា/rfi)

សន្និសីទ គណបក្ស សមរង្ស៊ី តាម ប្រព័ន្ធ អ៊ិនថឺណេត (© ចាន់ណា/rfi)

ក្នុង​សន្និសីទកាសែត តាម​ប្រព័ន្ធ​អ៊ិនថឺណេត លោក សម រង្ស៊ី បាន​លើកឡើង​ថា ភរិយា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន គឺ​លោកស្រី ប៊ុនរ៉ានី ជា​អ្នក​នៅ​ពីក្រោយ​ការសម្លាប់​អ្នក​សម្តែង​ភាពយន្ត អ្នកនាង ពិសិដ្ឋ ពិលីកា។ ពិសិដ្ឋ ពិលីកា ដែល​លោក​ សម​ រង្ស៊ី អះអាង​ថា មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន។​

លោក​សម​រង្ស៊ី អះអាង​ថា លោក​មាន​ទាំង​ឯកសារ និង​សាក្សី ដែល​ជា​ក្រុម​គ្រួសារ​របស់ ពិសិដ្ឋ ពិលីកា។ បើសិន​ជា​ភរិយា​លោក​នាយក​រដ្ឋមន្ត្រី ប្តឹង​រូប​លោក​ក៏​មិន​ឈ្នះ​លោក​ឡើយ​នៅ​តុលាការ​អន្តរជាតិ។

មេ​បក្ស​ប្រឆាំង លោក​ សម ​រង្ស៊ី ក៏​ប្រកាស​ថា នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ពី​រឿង​ឃាតកម្ម​លើ​អ្នក​សម្តែង​ភាពយន្ត អ្នកនាង ពិសិដ្ឋ ពិលីកា នៅ​ថ្ងៃ​ទី​២៣​តុលា​ខាង​មុខ ក្នុង​ខួប​គម្រប់ ២០ ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​មិញ លោក​ សម ​រង្ស៊ី ក៏បាន​លើកឡើង​ពី​ដំណើរ​ការវិវឌ្ឍន៍​ទៅមុខ​លើ​ពាក្យ​បណ្តឹង​របស់​លោក នៅ​តុលាការ​អន្តរជាតិ ពិសេស​នៅ​តុលាការ​អាមេរិក និង​នៅ​ប្រទេស​សហភាព​អឺរ៉ុប ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន។ លោក​នាយក​រដ្ឋមន្ត្រី ត្រូវ​លោក​ សម​ រង្ស៊ី​ ប្តឹង​ពី​បទ​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស តាមរយៈ​ផែនការ ក៥ និង​បទឧក្រិដ្ឋ​ជាច្រើន​ទៀត។ លោក​ សម​ រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ជន​រងគ្រោះ ក្នុង​ផែនការ ក៥ ផ្តល់​ភស្តុតាង​បន្ថែម​ដល់​រូប​លោក។

ក៏​ប៉ុន្តែ​លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ចាត់ទុក​ការលើកឡើង​របស់​លោក​ សម រង្ស៊ី ថា​ជា​ការ​ទ័លច្រក​ផ្នែក​នយោបាយ របស់​មេ​បក្ស​ម្នាក់ ដែល​បាន​រត់​គេច​ពី​សំណាញ់​ច្បាប់​របស់​ប្រទេស​កម្ពុជា។

តាម​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល លោក​ សម​ រង្ស៊ី បាន​សារភាព​ហើយ តាមរយៈ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន នា​ពេល​កន្លងមក​ថា ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ទាំងអស់ ដែល​លោក​បាន​លើក​ឡើង មិនមែន​ជា​ការពិត​ទេ។ លោក​ សម​ រង្ស៊ី ក៏បាន​លើក​ឡើង​ក្នុង​លិខិត កាលពី​ឆ្នាំ​២០០៥ ដោយ​សម្តែង​ការសោកស្តាយ​ផងដែរ។ ដូច្នេះ​លោក ទិត​សុធា បាន​ចាត់ទុក​ថា ការបង្កើត​នូវ​បញ្ហា​ថ្មី​របស់​លោក​ សម​ រង្ស៊ី គឺ​គ្រាន់តែ​ជា​លេស​នយោបាយ ដើម្បី​បន្ទរ​សំឡេង​ឲ្យ​គេ​នឹកឃើញ​រូប​លោក​ប៉ុណ្ណោះ៕

សម រង្ស៊ី​ ថា​និង​ចេញ​សេច​ក្ដី​ថ្លែង​ការណ៏​ស្ដី​ពី​ការ​ស្លាប់​​​​ ពិសិទ្ធិ​ ពិលីកា ​ថ្ងៃ​ទី​២៣​តុលា

ច័ន្ទ 17 តុលា 2011
ស បទុម
ទស្សនាវដ្តីសារព័ត៌មានសេរី

ពី​ប្រទេស​បារាំង​តាម​រយៈ​វីដេ​អូ​ខនហ្វ័រិន នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក សម រង្ស៊ី បាន​ថ្លែង​ថា ​នឹង​មាន​ការ​ចេញ​សេច​ក្ដី​ថ្លែង​ការណ៏ ផ្ទាល់​មាត់​និង​ជាលាយលក្ខណ៍អក្សរ ពាក់​ព័ន្ធ​ការ​ស្លាប់​របស់​តារា​ភាពយន្ត ពិ សិទ្ធពិលិកា នៅ​ថ្ងៃ​ទី​២៣​តុលា គឺ​ចំ​ថ្ងៃ​ដែល​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ប្រទេស​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ា​រីស។

លោក សម រង្ស៊ី ថ្លែងទៅកាន់ក្រុមអ្នកាសែតតាមរយៈវីដេអូខនហ្វ័រិន ព្រឹកមិញ

លោក សម រង្ស៊ី ថ្លែងទៅកាន់ក្រុមអ្នកាសែតតាមរយៈវីដេអូខនហ្វ័រិន ព្រឹកមិញ

នៅ​ចំពោះ​មុខ​ក្រុម​អ្នក​សារព័ត៌​មាន​ តាម​រយៈ​ប្រព័ន្ធ​វីដេអូ ឯ​ទី​ស្នាក់់​ការ​របស់​ខ្លួន ក្នុង​សង្កាត់​ចាក់​អង្រែ​លើ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​លើក​ឡើង​ថា ”ប្រាកដ​ណាស់​ខ្ញុំ នឹង ចោទ​អ្នក​ស្រី ប៊ុន រ៉ានី​ហ៊ុន​សែន ឈ្មោះ​ដើម​ហៅ សាន ប៊ុនហ៊ាង គឺ​ជា​ឃាតក សម្លាប់​អ្នក​ស្រី ពិសិទ្ធ ពិលិកា ។ ហ៊ុន សែន ក៏​ពាក់ព័ន្ធ​​ក្នុង​​សំណុំ​រឿង​នេះ​ផង​ដែរ ពី​​ការ​ធ្មិច​ភ្នែក​ឲ្យ​ប្រពន្ធ​ខ្លួន សម្លាប់​សហាយ​របស់​ខ្លួន” ។

ដោយ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​ជំរុញ​ឲ្យ​ហ៊ុន​សែន​និង​ភរិយា​ប្ដឹង​ខ្លួន បើ​សិន​ជា​ការ​លើក​ឡើង​នេះ​​មិន​ពិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​នោះ, ”បើ​ខ្លាំង​ប្ដឹង​ខ្ញុំ​មក បើ​មិន​ប្ដឹង​ទេ គឺ​ញ៉ាក” ។ លោក​សម​រង្ស៊ី​បាន​អត្ថាធិប្បាយ​ថា ក្នុង​សំណុំ​រឿង​នេះ បើ​សិន​ជា​ ហ៊ុន សែន ប្ដឹង ឬ មិន​ប្ដឹង ក៏​ចាញ់​ដែរ ។ដោយ​ពន្យល់​ដូច្នេះ​ថា ” ប្រសិន​ជា​មិន​ប្ដឹង​ខ្ញុំ មាន​ន័យ​ថា ជា​ការ​ទទួល​ស្គាល់​ថា ខ្លួន​ពិត​ជា​ឃាតក​សម្លាប់​អ្នក​ស្រី ពិសិទ្ធិ​ ពិលិកា ហើយ​បើ​ប្ដឹង គឺ​យើង​នឹង​ឈ្នះ​ដោយ​តុលាការ​ឯករាជ្យ​ព្រោះ​​យើង​មាន​សក្ខី​កម្ម​ច្រើន និង​សាក្សី ដែល​ជា​បង​ប្អូន​សាច់​ញាតិ​របស់​សព​អ្នក​ស្រី ពិលិកា, ពួក​គេ​នៅ​បរទេស​អស់​​ហើយ ពួក​គេ​នឹង​និយាយ​ដោយ​មិន​លាក់​លាម ដោយ​មិន​បារម្ភ​ព្រួយ​ពី​បញ្ហា​សុវត្ថិភាព​ឡើយ…” ។

ជា​មួយ​គ្នា​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ខ្លួន​បាន​ដាក់​ពាក្យ​បណ្ដឹង​រួច​អស់​​ហើយ ទៅ​បណ្ដា​ប្រទេស​មួយ​ចំនួន ដែល​មាន​តុលាការ​ឯករាជ្យ ប្ដឹង​ចោទ​ប្រកាន់ ហ៊ុន សែន​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ហើយ​រំពឹង​ថា តុលាការ​ទាំង​នោះ​នឹង​ចាត់​វិធាន​ការ បើ​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​រូប​នេះ​​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស ”គឺ​គេ​នឹង​មាន​វាសនា​មិន​ខុសពី ​ប្រធានាធិបតី ប្រទេស​ ឆីលី ពីណូជេ​ឡើយ…” ៕

បក្ស​ប្រឆាំង៖ បក្ស​ប្រ.ជ កេង​ចំណេញ​នយោបាយ​រឿង​ចែក​អត្តសញ្ញាណប័ណ្ណ​

ដោយ សួន សុផល មុន្នី
2011-10-17
​វិទ្យុ​អាស៊ីសេរី

គណបក្ស សម រង្ស៊ី បាន​ប្រតិកម្ម​ថា មន្ត្រី​គណបក្ស ប្រជាជន​កម្ពុជា នៅ​ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង ​ឆ្លៀត​ឱកាស​កេង​ចំណេញ​ផល​ប្រយោជន៍​នយោបាយ ដោយ​មាន​គម្រោង​យក​ទីស្នាក់ការ​ការ​គណបក្ស ប្រជាជន​កម្ពុជា ធ្វើ​ជា​ទីកន្លែង​សម្រាប់​ផ្ដល់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឲ្យ​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ជាង ៥ ពាន់​នាក់។

http://flash-mp3-player.net/medias/player_mp3_maxi.swf

លោក យ៉ាន់ ហ៊ត សមាជិក​ក្រុមប្រឹក្សា​ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង មក​ពី​គណបក្ស សម រង្ស៊ី។ លោក បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា អភិបាល​រង ស្រុក​រុក្ខ​គិរី បាន​ចែក​លិខិត​អញ្ជើញ​ដោយ​ប្រាប់​ថា នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា នឹង​មាន​ការ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជា​ពលរដ្ឋ នៅ​ទីស្នាក់ការ​គណបក្ស ប្រជាជន​កម្ពុជា ក្នុង​មូលដ្ឋាន​ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង។

លោក យ៉ាន់ ហ៊ត៖«ខ្ញុំ​តែងតែ​បាន​បញ្ជាក់​ប្រាប់​គាត់​តាំង​ពី​ដើម​មក​ដែរ ក្នុង​នាម​បក្ស​ប្រឆាំង​ហ្នឹង មិន​មែន​ចេះ​ប្រឆាំង​ទេ។ អ្វី​ដែល​មិន​ត្រឹមត្រូវ​ទេ។ ប៉ុន្តែ ចង់​ឲ្យ​គ្រប់​គ្នា​ហ្នឹង ធ្វើ​ឲ្យ​ត្រឹមត្រូវ បាន​ច្បាប់​ហើយ​យក​ច្បាប់​ធ្វើ​ជា​អំណាច។ កុំ​យក​អំណាច​ធ្វើ​ជា​ច្បាប់ ព្រោះ​រដ្ឋបាល​ឯកភាព ដែល​យើង ហៅ​ថា រដ្ឋបាល​ស្តង់ដារ​ហ្នឹង យើង​មាន​ក្រុម​ប្រឹក្សា​មួយ ដែល​ជា​អ្នក​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ។ អ៊ីចឹង​មាន​កិច្ចការ​អី​យើង​ទាក់ទង​គាត់​មុន»។

លោក​បន្ត​ថា គណបក្ស សម រង្ស៊ី ក្រោយ​ពី​បាន​ទទួល​លិខិត​អញ្ជើញ ក៏​បាន​ស្នើសុំ​ទៅ​លោក ពេជ្រ ម៉ាឡៃ អភិបាល​ស្រុក​រុក្ខ​គិរី ដោយ​បញ្ជាក់​ថា កិច្ចការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជា​ពលរដ្ឋ​នេះ ជា​កិច្ចការ​សាធារណៈ មិន​អាច​យក​ទៅ​រៀបចំ​ធ្វើ​នៅ​កន្លែង​ស្នាក់​ការ​គណបក្ស ប្រជាជន បាន​ទេ។

លោក​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ស្រុក​បង្វែរ​ទីកន្លែង​រៀបចំ ទៅ​ទី​សាធារណៈ​ផ្សេង​វិញ បើ​សិន​ជា​ទីធ្លា សា​លា​ស្រុក​មិន​អាច​ធ្វើ​បាន​នោះ។

នៅ​ក្នុង​លិខិត​អញ្ជើញ ចុះ​ថ្ងៃ ១២ ខែ​តុលា ឆ្នាំ ២០១១ របស់​អាជ្ញាធរ​ស្រុក​រុក្ខ​គិរី បាន​បញ្ជាក់​ថា ពិធី​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជា​ពលរដ្ឋ​ក្រោម​អធិបតីភាព លោក អ៊ុយ រី អភិបាល​រង​ខេត្ត​បាត់ដំបង និង​ត្រូវ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​ទីស្នាក់ការ​គណបក្ស ប្រជាជន​កម្ពុជា នៅ​ស្រុក​រុក្ខ​គិរី នា​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០១១។

អ្នកស្រី មូ សុខហួរ អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ប្រតិកម្ម​ថា អត្តសញ្ញាណប័ណ្ណ គឺ​ជា​លិខិត​សម្គាល់​ខ្លួន​របស់​ប្រជា​ពលរដ្ឋ ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ។ មិន​អាច​មាន​គណបក្ស​ណា ឬ​បុគ្គល​ណា យក​ទៅ​ដាក់​ទាន​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​នោះ​ទេ។ អ្នកស្រី​បន្ត​ថា គណបក្ស ប្រជាជន​កម្ពុជា នៅ​ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង មាន​បំណង​យក​ទីស្នាក់ការ​គណបក្ស ប្រជាជន ប្រារព្ធ​ពិធី​ចែក​អត្តសញ្ញាណប័ណ្ណ​នេះ គឺ​ជា​ការ​កេង​ប្រវ័ញ្ច​នយោបាយ និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ។

អ្នកស្រី មូ សុខហួរ៖ «ថ្មីៗ ប្រជា​ពលរដ្ឋ លោក​ត្រូវ​ការ​អត្តសញ្ញាណប័ណ្ណ ដើម្បី​យក​ទៅ​ប្រើប្រាស់​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​បើ​សិន​ជា​អត្តសញ្ញាណប័ណ្ណ​នៅ​ក្នុង​ដៃ​គណបក្ស ប្រជាជន​កម្ពុជា នោះ។ គឺ​គណបក្ស សម រង្ស៊ី យល់​ឃើញ​ថា គណបក្ស ប្រជាជន​កម្ពុជា បាន​រំខាន​រារាំង​ប៉ះពាល់​ដល់​សិទ្ធិ​នយោបាយ​របស់​ប្រជា​ពលរដ្ឋ ដែល​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​បាន​បោះឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត»។

លោក ទុយ សំអាន ប្រធាន​ក្រុមប្រឹក្សា​ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង និង​ជា​មន្ត្រី​របស់​គណបក្ស ប្រជាជន​កម្ពុជា។ លោក​បាន​បំភ្លឺ​ថា អាជ្ញាធរ​បាន​ប្រគល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឲ្យ​ប្រជា​ពលរដ្ឋ​ចំនួន​ជាង ១០០ នាក់ នៅ​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា។ ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ មាន​ចំនួន​ជិត ៦ ពាន់​នាក់ (៥.៧៧៧ នាក់) នៅ​ទូទាំង​ស្រុក​រុក្ខ​គិរី។

លោក​បន្ត​ថា មុន​ដំបូង​អាជ្ញាធរ​ស្រុក​គិត​ថា នៅ​បរិវេណ​សាលា​ស្រុក​មាន​ភ្លៀង​ជោគ​ជាំ​ពុំ​អាច​យក​ទីធ្លា​ប្រើប្រាស់ ធ្វើ​ជា​ទីតាំង​ប្រារព្ធ​ពិធី​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជា​ពលរដ្ឋ​បាន​នោះ​ទេ។ លុះ​ក្រោយ​មក ទើប​លោក​អភិបាល​ស្រុក​បាន​រៀបចំ​លិខិត​ស្នើសុំ​យក​ទីស្នាក់ការ​គណបក្ស ប្រជាជន នៅ​ស្រុក​រុក្ខ​គិរី ដើម្បី​រៀបចំ​ពិធី​ចែក​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជា​ពលរដ្ឋ។

លោក​បន្ថែម​ថា តាម​ការ​គ្រោង​ទុក ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​នឹង​ត្រូវ​ធ្វើ​ឡើង តាំង​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា។ ប៉ុន្តែ ដោយសារ​នៅ​ថ្ងៃ​ទី១៤ និង ១៥ ខែ​តុលា​នោះ មាន​មេឃ​ភ្លៀង ក៏​លើក​យក​មក​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ដោយ​ប្ដូរ​ទីតាំង​មក​ដាក់​នៅ​សាលា​ស្រុក​រុក្ខ​គិរី​វិញ។

លោក ទុយ សំអាន៖ «ការ​យល់​ឃើញ​របស់​គណបក្ស សម រង្ស៊ី ជា​ការ​កេង​ចំណេញ​នោះ អា​ហ្នឹង​គាត់​ថា​បាន។ ប៉ុន្តែ អាជ្ញាធរ​ពុំ​បាន​គិត​ដូច្នេះ​ឡើយ។ យើង​ត្រូវ​ការ​រក​កន្លែង​ងាយ​ស្រួល កន្លែង​សមរម្យ ដើម្បី​ឲ្យ​គណៈអធិបតី ប្រជា​ពលរដ្ឋ ងាយ​ស្រួល​ក្នុង​មក​ចូលរួម។ ការ​ចោទ​ប្រកាន់​កេង​ចំណេញ​ផ្នែក​នយោបាយ​នោះ អា​ហ្នឹង​ជា​ការ​យល់​ឃើញ​របស់​គាត់​ទេ។ ប៉ុន្តែ មក​ដល់​ពេល​នេះ គាត់​អត់​បាន​ធ្វើ​អ្វី ទៅ​តាម​ដែល​គាត់​ចោទ​ប្រកាន់​ហ្នឹង​ទេ។ ប៉ុន្តែ ពេល​អនុវត្ត​ជាក់​ស្ដែង យើង​អត់​បាន​ធ្វើ​នៅ​ទីស្នាក់ការ​គណបក្ស ប្រជាជន​កម្ពុជា នោះ​ទេ»។

ការ​ឆ្លើយ​បំភ្លឺ​នេះ ត្រូវ​បាន​អ្នកស្រី មូ សុខហួរ លើក​ឡើង​ថា ទោះ​បី​មាន​ការ​ផ្លាស់​ប្ដូរ​ទីកន្លែង​ចែក​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ពី​ទីស្នាក់ការ​គណបក្ស ប្រជាជន ទៅ​សាលា​ស្រុក​ក៏​ដោយ ប៉ុន្តែ​គោល​បំណង​ដំបូង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា គឺ​ធ្វើ​នៅ​ទីស្នាក់ការ​គណបក្ស ប្រជាជន​កម្ពុជា។

អ្នកស្រី មូ សុខហួរ៖ «គណបក្ស សម រង្ស៊ី និង​ធ្វើ​របាយការណ៍​ទៅ​ក្រសួង​មហាផ្ទៃ និង គ.ជ.ប ដើម្បី​ជូន​ជា​ព័ត៌មាន ហើយ​ជា​ការ​ចាត់​វិធានការ​ឲ្យ​បាន​ស្រប​ច្បាប់​នោះ ត្រូវ​តែ​ធ្វើ​លិខិត​មួយ ចាត់​វិធានការ​ទៅ​លើ​គណបក្ស ប្រជាជន​កម្ពុជា»។

លោក យិន ម៉េងលី មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក បាន​បញ្ជាក់​ថា ការ​ចែក និង​ការ​ធ្វើ​ការងារ​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជា​ពលរដ្ឋ មិន​អាច​ធ្វើ​ឡើង​នៅ​ក្នុង​នាម​គណបក្ស​នយោបាយ​ណា​មួយ​បាន​ទេ។ គឺ​ត្រូវ​ធ្វើ​ក្នុង​នាម​រដ្ឋបាល និង​ក្នុង​នាម​រាជ​រដ្ឋាភិបាល។ លោក​ថា ការ​ឆ្លៀត​ឱកាស និង​យក​ស្នាក់​ការ​គណបក្ស​នយោបាយ សម្រាប់​ចែក​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​នោះ គឺ​អនុវត្តន៍​ផ្ទុយ​ពី​ការងារ​រដ្ឋបាល​របស់​អាជ្ញាធរ​មូលដ្ឋាន។

លោក យិន ម៉េងលី៖«មិន​ត្រូវ​ឆ្លៀត​ឱកាស​បញ្ហា​ហ្នឹង​ផ្គួប​ផ្សំ​ជាមួយ​រឿង​នយោបាយ​ទេ។ ឱកាស​នៃ​ការ​ឃោសនា​បោះឆ្នោត​រឿង​នយោបាយ មិន​ទាន់​មក​ដល់​ទេ។ អ៊ីចឹង​សុំ​ឲ្យ​អាជ្ញាធរ​លោក​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​បង្ក​ឲ្យ​មាន​​បញ្ហា​ផ្សេងៗ កើត​ឡើង»។

ស្រុក​រុក្ខ​គិរី បច្ចុប្បន្ន​មាន​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​ព្រែក​ជីក និង​ឃុំ​ព្រៃ​ត្រឡាច មាន​ភូមិ​ចំនួន ២១ ភូមិ។ មាន​ប្រជា​ពលរដ្ឋ​ចំនួន ៩.០៣៥ គ្រួសារ និង​មនុស្ស​ជាង ៤ ម៉ឺន​នាក់។ រដ្ឋាភិបាល​បាន​ប្រកាស​បង្កើត​ឃុំ​ថ្មី​បន្ថែម​ចំនួន​បី​នៅ​ស្រុក​រុក្ខ​គិរី នៅ​ឆ្នាំ ២០១២ ខាង​មុខ​នេះ។ ក្នុង​នោះ មាន​ឃុំ​មុខ​រា ឃុំ​ស្តុក​ប្រវឹក ឃុំ​បំបែក​ចេញ​ពី​ឃុំ​ព្រៃ​ត្រឡាច និង​ឃុំ​បាសាក់ ដែល​បំបែក​ចេញ​ពី​ព្រែក​ជីក។

ទាក់ទិន​នឹង​ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ជូន​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​រុក្ខ​គិរី​នេះ ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា គេ​មាន​គម្រោង​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជា​បន្ត​បន្ទាប់ ដល់​ប្រជា​ពលរដ្ឋ​ចំនួន​ជាង ៥ នាក់​ទៀត នៅ​ពេល​ខាង​មុខ​នេះ។

ទន្ទឹម​គ្នា​នេះ​ដែរ បក្ស​ប្រឆាំង សម រង្ស៊ី បាន​ប្រកាស​ថា នឹង​ធ្វើ​លិខិត​អន្តរាគមន៍​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប ឲ្យ​ពិនិត្យ​មើល​បញ្ហា​នេះ​ឡើង​វិញ និង​ទាមទារ​ឲ្យ​មាន​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ទប់​ស្កាត់​រាល់​សកម្មភាព​កេង​ចំណេញ​នយោបាយ​របស់​គណបក្ស ប្រជាជន​កម្ពុជា៕

ជន​ជាប់​ចោទ​ជា​សមាជិក​នៃ​ចលនា​CFF​៤​នាក់​ទៀត​ត្រូវ​បាន​ដោះ​លែង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ

ច័ន្ទ 17 តុលា 2011
ឬទ្ធិពល
ទស្សនាវដ្តីសារព័ត៌មានសេរី

លោក ហែម ប៊ុនធឿន ស្វាមី​របស់​អ្នក​ស្រី វ៉ែន រ៉ា ប្រធាន​គណបក្ស​សម​រង្ស៊ី ប្រចាំ​ខេត្ត​ប៉ៃលិន គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​៥នាក់ ដែល​មាន​ឈ្មោះ​​ក្នុង​បញ្ជី​លើក​លែង​ទោស ដោយ​មហាក្សត្រ​កម្ពុជា បន្ទាប់​​ពី​​ បាន​បំពេញ​ទោស​ក្នុង​ពន្ធនាគារ​យ៉ាង​ហោច​ណាស់​ជាង​៥ឆ្នាំ​ នៃ​ទោស​១៥​ឆ្នាំ​របស់គេ​ក្រោម​បទ​ចោទ​ ភេរវកម្ម​និង​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់ នៃ​ចលនា​សេរី​ជាតិ​កម្ពុជា (CFF)​ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព ​ពី​របង​ពន្ធនាគារ​ព្រៃ​សរ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ។

លោក ហែម ប៊ុនធឿន អំឡុងឆ្លងឆ្លើយជាមួយលោក សម រង្ស៊ី ព្រឹកមិញ

លោក ហែម ប៊ុនធឿន អំឡុងឆ្លងឆ្លើយជាមួយលោក សម រង្ស៊ី ព្រឹកមិញ

គាត់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កាន់​ក្បាល​មី​ក្រូ និយាយ​ឆ្លើយ​ឆ្លង​ជា​មួយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​​នៅ​ក្នុង​សន្និសីទ​កាសែត​តាម​វីដេអូ​កាល​ពី​ព្រឹក​មិញ ។ លោក ប៊ុន​ធឿន បាន​និយាយ​ប្រាប់​លោក​សម​រង្ស៊ី​ថា គាត់​ត្រូវ​បាន​ដោះ លែង​កាល​ពី​យប់​មិញ ជា​មួយ​មនុស្ស​៣នាក់​ទៀត ​ដែល​ម្នាក់​ត្រូវ​បាន​ដោះ​លែង​មុន ។ ក្នុង​នោះ​២​នាក់​​បាន​សម្រាក​ពេទ្យ ហើយ​ម្នាក់​ទៀត​បាន​ទៅ​កាន់​លំនៅដ្ឋាន​ក្នុង​ទី​ក្រុង​ប៉ៃលិន ។

អតីត​ទណ្ឌិត​រូប​នេះ ត្រូវ​បាន​សួរ​សុខ​ទុក្ខ​និង​ស្វាគមន៍​ដោយ​លោក​​សម​រង្ស៊ី ។ អ្នក​ស្រី វ៉ែន រ៉ា បាន​ឲ្យ​ដឹង​ថា ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះមហាក្សត្រ​កាល​ពី​ថ្ងៃ​ទី​២២ក​ញ្ញា កន្លង​ទៅ បាន​បង្គាប់​ឲ្យ​ដោះ​លែង​ទណ្ឌិត​ដែល​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ចលនា​CFF​៥នាក់​ក្នុង​ចំណោម​៧​នាក់ ដែល​ត្រូវ​បាន​​តុលា​ការ​ខ្មែរ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​៥​ឆ្នាំ កាល​ពី​ចុង​ឆ្នាំ​២០០៥ ។ អ្នក​ស្រី​បាន​បដិសេធ​ថា ​ប្ដី​របស់​អ្នក​ស្រី​ពុំ​មាន​ពាក់ព័ន្ធ​ជា​មួយ​ចលនា​CFF​ទេ ហើយ​ឈ្មោះ​នេះ ត្រូវ​បាន​គេ​ភ្ជាប់​ជា​មួយ​អ្នក​ប្រឆាំង​ជា​លេស ដើម្បី​​បាន​លេស​ចាប់​ខ្លួន ៕

អាមេរិក​ត្រៀម​ពង្រីក​សហ​ប្រតិបត្តិការ​ជាមួយ​អាស៊ាន​ក្នុង​អាណត្តិ​កម្ពុជា​ជា​ម្ចាស់ផ្ទះ​

ដោយ លាង ដឺលុច
ថ្ងៃ ចន្ទ 17 តុលា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ (01:40)

ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អាស៊ាន​បាន​ជួប​ជាមួយ​ប្រមុខ​ការទូត​កម្ពុជា​លោក​ឧបនាយក​​រដ្ឋមន្ត្រី​ ហោ ណាំហុង ​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ផ្លាស់ប្តូរ​យោបល់​អំពី​ការ​ពង្រីក​សហ​ប្រតិបត្តិការ​​រវាង​អាមេរិក​និង​អាស៊ាន។ ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​អាស៊ាន​លោក ​David Cardan បាន​មក​ជួប​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នៅ​ខណៈពេល​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​នេះ។ ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​បាន​ប្រាប់​លោក ​ហោ ណាំហុង​ ថា​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ា់ក់ អូបាម៉ា​គ្រោង​នឹង​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ផងដែរ។

លោក ហោ ណាំហុង និង​តំណាង​សហរដ្ឋ​​​អាមេរិក (© ចាន់ណា/rfi)

លោក ហោ ណាំហុង និង តំណាង សហរដ្ឋ អាមេរិក (© ចាន់ណា/rfi)

មិនមែន​មាន​តែ​ប្រទេស​ចិន​ទេ​ដែល​បាន​​ចូល​កៀក​មក​ជិត​កម្ពុជា​ ខណៈពេល​ដែល​កម្ពុជា​​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផ្លាស់​វេន​របស់​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ ​បន្ត​ពី​ប្រទេស​ឥណ្ឌូនេស៊ី។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ឯក​អគ្គ​រដ្ឋទូត​ចិន​បាន​នាំយក​ជំនួយ​ជា​សម្ភារៈ​ការិយាល័យ​ផ្តល់​អោយ​កម្ពុជា​តាម​រយៈ​រដ្ឋមន្ត្រី​ការបរទេស​លោក​ ហោ ណាំហុង​ ដើម្បី​ប្រើប្រាស់​ក្នុង​ពេល​ដែល​កម្ពុជា​នឹង​ក្លាយ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពេញ​មួយ​ឆ្នាំ​ក្រោយ។

ប៉ុន្តែ​មុន​​ជួប​ទទួល​ជំនួយ​ពី​ប្រទេស​ចិន លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង​ ក៏​បាន​ទទួល​ជួប​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អាស៊ាន​លោក David Cardan។ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អាស៊ាន​កំពុង​ទស្សនកិច្ច​នៅ​កម្ពុជា​ដោយ​ជួប​សវនាការ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​របស់​ប្រទេស​នេះ​ដើម្បី​ចង់​ដឹង​ថា​តើ​វា​នឹង​មាន​កិច្ចការ​ជា​អាទិភាព​អ្វី​ខ្លះ​ដែល​អាមេរិក​អាច​ជួយ​អាស៊ាន​បាន។ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​បន្ត​ថា តំណាង​រដ្ឋាភិបាល​អាមេរិក​ប្រចាំអាស៊ាន​ត្រូវ​មក​ជួប​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​នេះ គឺ​នៅ​ពេល​ដែល​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ខ្លួន​ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផ្លាស់វេន​ចាប់ពី​ដើមឆ្នាំ​ក្រោយ​នេះ​ទៅ។

កម្ពុជា​នឹង​ទទួល​តំណែង​ផ្លាស់​វេន​ជា​ម្ចាស់ផ្ទះ​អាស៊ាន​នេះ ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ចុង​ក្រោយ​នៅ​កោះបាលី​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ក្នុង​ខែ​វិច្ឆិកា​ក្រោយ​នេះ។ បើ​តាម​ការ​អះអាង​របស់​លោក​ David Cardan ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ បារ៉ាក់ អូបាម៉ា​ នឹង​ចូលរូម​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ។

គួរ​បញ្ជាក់​ថា អាស៊ាន​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ជាច្រើន​ដូចជា អាមេរិក ជប៉ុន ឥណ្ឌា កូរ៉េ និងចិន​ជាដើម៕

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អាស៊ាន ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា

ដោយ សុខ សេរី
2011-10-17
​វិទ្យុ​អាស៊ីសេរី

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អាស៊ាន លោក ដេវីត ខាឌិន (David Carden) មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា រយៈ​ពេល ៣ ថ្ងៃ។

១៧-តុលា-២០១១៖ ជំនួប​រវាង​លោក ដេវីត ខាឌិន (David Carden) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អាស៊ាន និង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា។ (RFA/Sok Serey)

១៧-តុលា-២០១១៖ ជំនួប រវាង លោក ដេវីត ខាឌិន (David Carden) ឯកអគ្គរដ្ឋទូត សហរដ្ឋ អាមេរិក ប្រចាំ នៅ អាស៊ាន និង លោក ហោ ណាំហុង រដ្ឋមន្ត្រី ក្រសួង ការ បរទេស កម្ពុជា។ (RFA/Sok Serey)

http://flash-mp3-player.net/medias/player_mp3_maxi.swf

ទស្សនកិច្ច​របស់​លោក ដេវីត ខាឌិន គឺ​ចាប់​ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី ១៩ ខែ​តុលា ឆ្នាំ ២០១១។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង និង​លោក​មាន​គម្រោង​ជួប​ជាមួយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី ១៨ ខែ​តុលា ដើម្បី​ពិភាក្សា​លើ​បញ្ហា​សំខាន់ៗ មួយ​ចំនួន។

សហរដ្ឋ​អាមេរិក​បាន​សន្យា​ថា ខ្លួន​គាំទ្រ​ប្រទេស​កម្ពុជា​យ៉ាង​ពេញ​ទំហឹង នៅ​គ្រា​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ ២០១២ ខាង​មុខ​នេះ ដើម្បី​ឲ្យ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដឹក​នាំ​សមាគម​អាស៊ាន​នោះ។

ស្រប​ពេល​គ្នា​នោះ​ដែរ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) គ្រោង​នឹង​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នៅ​ខែ​វិច្ឆិកា​ឆ្នាំ ២០១២ ខាង​មុខ ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ខួប​លើក​ទី ៣៥ រវាង​សមាគម​អាស៊ាន និង​សហរដ្ឋ​អាមេរិក​ជា​ដៃគូ។

ការ​សន្យា​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំ ហុង ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក ដេវីត ខាឌិន នៅ​ឯ​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០១១។

នៅ​ក្រោយ​ពី​ជំនួប​នោះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង មាន​ប្រសាសន៍​ប្រាប់​អ្នកកាសែត​ថា ភាគី​កម្ពុជា​សាទរ និង​រីករាយ ចំពោះ​ការ​សន្យា​នេះ៖ «គឺ​ជា​ឱកាស​ដ៏​ល្អ សម្រាប់​ប្រទេស​កម្ពុជា បង្ហាញ​អំពី​តួនាទី​ដឹកនាំ​នៅ​ក្នុង​ប្រទេស​អាស៊ាន នៅ​ក្នុង​សមាគម​អាស៊ាន​ហ្នឹង ដែល​ជា​ពិសេស ផ្ដោត​លើ​បញ្ហា​សំខាន់ៗ ៣ ដូចជា បញ្ហា​សន្តិសុខ សុវត្ថិភាព​ស្បៀង បញ្ហា​ការ​ត្រៀម ដើម្បី​ដោះស្រាយ​នូវ​វិបត្តិ​ផ្សេងៗ ដូច​ជា​គ្រោះ​ធម្មជាតិ និង​ការ​ទប់ស្កាត់​នូវ​ជំងឺ​ផ្សេងៗ»។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អាស៊ាន លោក ដេវីត ខាឌិន មាន​ប្រសាសន៍​ថា មាន​បញ្ហា​សំខាន់​មួយ​ចំនួន ដែល​នឹង​លើក​យក​មក​ពិភាក្សា​នៅ​ឆ្នាំ ២០១២ ហើយ​ពេល​នោះ ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា។

លោក ដេវីត ខាឌិន៖ «ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​នេះ ហើយ​បេសកកម្ម​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អាស៊ាន គឺ​ផ្ដល់​ការ​គាំទ្រ​នានា ដែល​អាច​ធ្វើ​ទៅ​បាន នៅ​ក្នុង​ឋានៈ​កម្ពុជា​ជា​ប្រធាន​អាស៊ាន។ វា​ជា​ឱកាស​ដ៏​ល្អ​មួយ សម្រាប់​ពួក​យើង​ដោះស្រាយ​បញ្ហា​សំខាន់​នានា ជា​ច្រើន»។

នៅ​ឆ្នាំ ២០១១ នេះ គឺ​ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​តែ​ធ្វើ​ជា​ប្រធាន​អាស៊ាន។ មេ​ដឹកនាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ចំនួន ១០ បាន​សន្យា​កន្លង​មក​ថា គេ​នឹង​បង្កើត​សហគមន៍​អាស៊ាន​ឲ្យ​បាន​នៅ​ឆ្នាំ
២០១៥។ ប៉ុន្តែ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ ធ្លាប់​មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​តិចតួច​ណាស់​ចំពោះ​ការ​ផ្ដួចផ្ដើម​នេះ ដោយសារ​ប្រទេស​ជា​សមាជិក​អាស៊ាន​ប្រកាន់​នយោបាយ​ខុសៗ គ្នា និង​មាន​កំណើន​សេដ្ឋកិច្ច​ខុសៗ គ្នា។

សហរដ្ឋ​អាមេរិក ធ្លាប់​បាន​បើក​កិច្ច​ប្រជុំ​លើក​ដំបូង រវាង​អាស៊ាន និង​សហរដ្ឋ​អាមេរិក នៅ​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០០៩ កន្លង​ទៅ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ នៅ​ក្នុង​តំបន់ ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កំពុង​កើត​មាន​នៅ​លើ​ពិភព​លោក៕

លោក​ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិក គ្រោង​មក​ទស្សនៈកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​

ដោយ : រតនា
ថ្ងៃទី 17 តុលា 2011
CEN

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួបលោក David Cardan ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអាស៊ាន កាលពីព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួបលោក David Cardan ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអាស៊ាន កាលពីព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

ភ្នំពេញ: លោក David Cardan ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​អាស៊ាន បាន​ទទួល​ការអនុញ្ញាតឲ្យ​ចូលជួ​បស​ម្តែង​ការគួរសម​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១១ នៅ​ទីស្តីការ​ក្រសួងការបរទេស​។ ក្នុងជំនួប​នោះ មាន​ការពិភាក្សា​គ្នា​លើ​កិច្ចការ​សំខាន់ៗ​ជាច្រើន​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ជាពិសេស​ពី​គម្រោង​របស់​លោក បា​រ៉ា​ក អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក មកកាន់​ប្រទេស​កម្ពុជា នាពេលខាងមុខ​។​
​ ​
​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​មានប្រសាសន៍​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន បន្ទាប់​ពី​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ជម្រាប​លោក David Cardan ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​អាស៊ាន ពី​ការរៀបចំ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៣៥ រវាង​ទំនាក់ទំនង​សហរដ្ឋអាមេរិក និង​អាស៊ាន នាពេលខាងមុខ និង​ជំរុញ​ឲ្យមាន​កិច្ចប្រជុំ​ឥស្សរៈជន​ឆ្នើម រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន ឲ្យបាន​ឆាប់ៗ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​អាមេរិក និង​អាស៊ាន​ឲ្យ​កាន់តែ​ល្អ​។​

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួបលោក David Cardan ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអាស៊ាន កាលពីព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួបលោក David Cardan ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអាស៊ាន កាលពីព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)


​ ​
​នៅក្នុង​ជំនួប​នោះ លោក David Cardan ក៏​បាន​ជម្រាប​ទៅកាន់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថា នៅពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន នាពេលខាងមុខ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ដែល​នឹង​ធ្វើ នៅ​អំឡុង​ខែ​វិច្ឆិកា​ខាង​មុខ​នោះ គឺ​លោក បា​រ៉ាក់ អូ​បា​ម៉ា ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹង​មក​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ​។​

​លោក កុយ គួង បាន​បន្ថែមថា នៅពេល​ខាងមុខ គឺ​លោក បា​រ៉ាក់ អូ​បា​ម៉ា ប្រធានាធិបតី​សហរដ្ឋអាមេរិក មាន​គម្រោង​មក​បំពេញ​ទស្សនៈកិច្ច​ជា​ផ្លូវរដ្ឋ នៅ​ប្រទេស​កម្ពុជា​ផងដែរ​។​

​លោក កុយ គួង បាន​ប្រាប់​ដល់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា ទាក់ទង​នឹង​កម្ពុជា ធ្វើជា​ប្រធាន​អាស៊ាន គឺ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ជម្រាប​លោក David Cardan ថា កិច្ចប្រជុំ​កំពូល​អាស៊ាន និង​សហរដ្ឋអាមេរិក នឹង​ធ្វើ​នៅ​ក្រោយ​ការបោះឆ្នោត នៅ​ប្រទេស​អាមេរិក​។ ជា​ការឆ្លើយតប លោក David Cardan បានបញ្ជាក់​ថា នៅពេល​ដែល​កម្ពុជា ធ្វើជា​ប្រធាន​អាស៊ាន​នោះ គឺជា​ឱកាស​ដ៏​ល្អ សម្រាប់​កម្ពុជា បង្ហាញ​ពី​តួនាទី​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន ដែល​ផ្តោត​លើ​បញ្ហាសំខាន់ៗ ធំៗ ចំនួន​៣ គឺ​៖១.​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​ស្បៀង​។ ២.​ការត្រៀម​ដោះស្រាយ​វិបត្តិ​ផ្សេងៗ ដូចជា គ្រោះធម្មជាតិ ជាដើម​។ ៣.​សហការ​រួម​គ្នា​ទប់ស្កាត់​ជម្ងឺឆ្លង​ផ្សេងៗ​។​
​ ​
​លោក David Cardan បាន​បន្តទៀតថា លោក​បាន​ឃើញ​ឯកសារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែលថា កម្ពុជា​ត្រៀម​ក្នុង​ការនាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ឲ្យបាន​ចំនួន ១ លាន​តោន ចាប់ពី​ឆ្នាំ​២០១៥ ហើយ​ចំនុច​នេះ លោក​សម្តែង​នូវ​ការសប្បាយ​រីករាយ ដែល​យល់​ថា នេះ​ជា​វិធានការ​ទប់ស្កាត់​បញ្ហា​វិបត្តិ​ស្បៀង នៅលើ​ពិភពលោក ខណៈ​ដែល​ទំនិញ​លើ​ពិភពលោក​ឡើងថ្លៃ តែ​កម្ពុជា​បាន​ខិតខំ​បង្កើន​ការផលិត​ស្បៀង​បាន​ច្រើន គឺជា​ការ​ប្រសើរ​បំផុត សម្រាប់​កម្ពុជា​។​
​ ​
​ទាក់ទង​ទៅនឹង​បញ្ហា​នៃ​ការធ្វើសមាហរណកម្ម​អាស៊ាន លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់​ថា កម្ពុជា​នឹង​ធ្វើ​សមាហរណកម្ម​អាស៊ាន ឲ្យក្លាយ​ទៅ​ជា​សហគមន៍​អាស៊ាន​ពេញលេញ​ពិតប្រាកដ​នៅ​ឆ្នាំ​២០១៥ គឺ​បញ្ហា​សំខាន់ ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ត្រូវ​ត​ភ្ជាប់​គ្នា ឲ្យក្លាយ​ទៅ​ជា​គ្រួសារ​តែ​មួយ​។​

​លោក David Cardan បានបញ្ជាក់​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​យ៉ាង​ពេញទំហឹង នៅពេល​ដែល​កម្ពុជា ធ្វើ​សមាហរណកម្ម​អាស៊ាន ឲ្យក្លាយ​ទៅ​ជា​សហគមន៍​អាស៊ាន​មួយ​ពិតប្រាកដ រួម​ទាំង​គាំទ្រ​នូវ​តួនាទី​ស្នូល​របស់​អាស៊ាន ខណៈ​ដែល​កម្ពុជា ធ្វើ​ជា​ប្រធា​នអាស៊ាន​នៅ​ឆ្នាំ​២០១២​។

​ជាមួយគ្នា​នោះ​ដែរ លោក កុយ គួង ក៏បាន​លើកឡើង​ថា លោក​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​បន្តថា បញ្ហា​កិច្ចសហប្រតិបត្តិការ​មេគង្គ​ក្រោម រវាង​កម្ពុជា ថៃ ឡាវ និង​វៀតណាម ជាមួយ​សហរដ្ឋអាមេរិក គឺ​ផ្តោតលើ​បញ្ហាសំខាន់ៗ ដូចជាៈ បញ្ហា​បរិស្ថាន អប់រំ សុខភាព និង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ជា​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​មួយផ្នែក នៃ​ការតភ្ជាប់​សហ​មគ​ន៍​អាស៊ាន​។

​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ​ណាំហុង បាន​ស្នើសុំ​ដល់​សហរដ្ឋអាមេរិក ឲ្យ​បង្កើត​មជ្ឈមណ្ឌល​ភាសា​អង់គ្លេស​មួយកន្លែង នៅ​កម្ពុជា ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិកា​ររ​វាង​សហ​រដ្ឋា​អាមេរិក ជាមួយ​បណ្តា​ប្រទេស​មេគង្គ​ក្រោម​។​
​ ​
​ជាមួយ​នោះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី​ហោ​ណាំហុង បាន​ថ្លែងអមណរគុណ ដល់​រដ្ឋាភិបាល​អាមេរិក ដែល​បាន​ផ្តល់​ជំនួយ​ខាង​សុខាភិបាល​កម្ពុជា ក្នុង​ការទប់ស្កាត់​ជំងឺអេដស៍ ហើយ​បាន​ជួយ​ធ្វើឲ្យ​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺអេដស៍​នៅ​កម្ពុជា ទទួលបាន​ជោគជ័យ មាន​អត្រា​អ្នក​ផ្ទុម​មេរោគ​អេដស៍ ធ្លាក់ចុះ និង​សុំ​ឲ្យ​ផ្តល់​ជំនួយ​សុខាភិបាល​នោះ ទៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺអេដស៍​នៅ​កម្ពុជា ដោយផ្ទាល់​តែម្តង​៕​

ការលិចលង់​នៅ​ភាគ​ខាងជើង​ជាយក្រុង​ភ្នំពេញ​ត្រូវបាន​បញ្ចប់​

ដោយ : CEN
ថ្ងៃទី 17 តុលា 2011

ភ្នំពេញ:​ភាគ​ខាងជើង​ជាយក្រុង​ភ្នំពេញ ដែល​ធ្លាប់តែ​ទទួលរង​នូវ​ការលិចលង់​ទឹកភ្លៀង ក្នុង​រដូវវស្សា​យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពី​ឆ្នាំ​២០០៥​មក​នោះ នៅក្នុង​រដូវ វស្សា ឆ្នាំ​២០១១​នេះ តំបន់​ទាំងនោះ​ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន​អះអាងថា គ្មាន​កន្លែង​ណាមួយ មានទឹក​លិច​ដូច​បណ្តា​ឆ្នាំ​មុនៗ​នោះ​ទៀត​ទេ ចាប់តាំងពី ប្រឡាយ​យុទ្ធសាស្ត្រ រំដោះ​ទឹក និង វត្តមាន​ស្ថានីយ​បូមទឹក នៅ​ទំនប់​កប់​ស្រូវ ដែល​សាងសង់​ដោយ​សាលា​រាជធានី​ភ្នំពេញ បាន​ហើយ​រួចរាល់​មក​។​

​លោក​ឌី ទេពកោសល្យ នាយក​វិទ្យាល័យ​ជាស៊ីម​ចំរើនរ​ដ្ឋ និយាយ​អោយដឹងថា រាល់​ឆ្នាំ គឺ​ចាប់តាំងពី​ឆ្នាំ​២០០៥​មក សាលា​ចំរើនរ​ដ្ឋ មិន​ដែល​បាន​បើក បវេសនកាល តាម​កម្មវិធី​នឹង​គេ​ទេ ព្រោះ​នៅពេល​ចាប់ផ្តើម​ចូល​រៀន​សាលា​នេះ មានទឹក​លិច​ពេញទំហឹង​។ ទឹក​ចាប់ផ្តើម​លិច​នៅ​ពាក់កណ្តាល​ខែ​សីហា ដោយ​ដំបូង​លិច​ទីធ្លា​ហើយ​លិច​ថ្នាក់រៀន រហូតដល់​ជាង​កន្លះ​ម៉ែត្រ និង​នៅ​ឆ្នាំ​មួយ​នោះ​បាន​លិច​ដល់​ជាង​១​ម៉ែត្រ រហូតដល់​ខែ​ធ្នូ​ទើប​ស្រក វិញ​អស់ ។ តែ​នៅ​ឆ្នាំនេះ វិទ្យាល័យ​ជាស៊ីម​ចំរើនរ​ដ្ឋ គ្មាន​ទឹក​លិច​ដូច​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ គឺ​បាន​បើក​បវេសនកាល​តាម​កម្មវិធី របស់​ក្រសួង​អប់រំ ធ្វើអោយ អាណាព្យាបាល សិស្ស​មួយចំនួន មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​

​នាយក​វិទ្យាល័យ​រូបនេះ បាន​និយាយ​ដោយ​ទឹកមុខ​រីករាយ​ទៀតថា ចាប់ពី​ថ្ងៃ​បើក​បវេសនកាល​មកទល់ នឹង​ពេលនេះ (​ថ្ងៃទី​៥​តុលា​) មាន​អាណាព្យាបាល សិស្ស​ជាង ១០០​នាក់​ហើយ ដែល​បាន​ទូរ​សព្ទ័​មក​សួរ​សាលា​ថា​តើ​សាលា​មាន​សិស្ស​ចូលរៀន​បាន​ឬ​អត់ ? គេ​សួរ​បែប​នេះ​ដោយសារ​ខ្លាច​កូន របស់គេ កុហកថា មក​រៀន ហើយ​បែរជា​ទៅ​កន្លែង​ផ្សេង ព្រោះ​រាល់​ឆ្នាំ​សាលា​នេះ ចូលរៀន​ក្រោយ​គេ​ពី ១​ខែ ទៅ​២​ខែ ដោយសារ​ទឹក​លិច​។ ទឹកភ្លៀង​លាយ​ទឹកស្អុយ​លិច​វិទ្យាល័យ​ជាស៊ីម​ចំរើនរ​ដ្ឋ​នា​ឆ្នាំ​កន្លងទៅ បាន​ធ្វើ​អោយ​អាណាព្យាបាល​សិស្ស​ជា​ច្រើន ផ្លាស់ប្តូរ​កូន​របស់​គេ​ទៅ​រៀន នៅ​សាលា​ផ្សេងៗ ឆ្ងាយ​ពី​ផ្ទះ អស់​ច្រើន​នាក់​ណាស់​។ ការលិចលង់​ម្តងៗ បាន​ធ្វើអោយ​បរិស្ថាន​សាលា ប្រមាណ​ជា​៥០​ភាគរយ អគារសិក្សា​ប្រេះ​ស្រុត សាលា​មាន​ការខាតបង់​ថវិកា ប្រមាណ​ជា​៣០​ភាគរយ​ដោយ​ចំណាយ​ទៅលើ​ការបូមទឹក​ចេញ ទិញ​ដី​ធ្វើ​ទំនប់​កុំ​អោយ​ទឹក​លិច តែ​ទឹក​នៅ​តែ​លិច ទិញ​ដីខ្សាច់​ធ្វើ​ផ្លូវ​ដើរ​ពី​កន្លែង​មិន​លិច​អោយ​សិស្ស ដែល​ដល់​ឆ្នាំ​ត្រូវ​ប្រឡង ដើរ​បាន​ទៅ​ដល់​អគារ​ខ្ពស់ ដើម្បី​រៀន​ដោយ​ជ្រៀត​គ្នា​អោយ​ទាន់​កម្មវិធី សិក្សា​របស់​ក្រសួង ។ ឯ​សិស្ស​មិន​ត្រូវ​ឆ្នាំ​ប្រឡង ត្រូវ​ឈប់​រហូតដល់​ទឹក​ស្រក​អស់ នៅ​ចុង​ខែ​វិច្ឆិកា ឬ ដើម​ខែ​ធ្នូ ទើប​ចូល​រៀន​បាន គឺ​ខាត​ពេល វេលា​សិក្សា អស់​ច្រើន​ណាស់​ក្នុង​១​ឆ្នាំៗ​នោះ ។​

​លោក​ ឌី ទេពកោសល្យ បាន​និយាយ​ដោយ​ក្តី​អំណរ​យ៉ាងខ្លាំង​ថា វិទ្យាល័យ​ជាស៊ីម​ចំរើនរ​ដ្ឋ មិន​លិច​ទឹក​នេះ មិនមែន​ជា​រឿង​ចៃដន្យ​ទេ គឺ​ដោយសារ​ការខិតខំ​របស់​អាជ្ញាធរ​មូលដ្ឋា​ន ជាពិសេស​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ខិតខំ​ប្រឹងប្រែង បង្កើត​អោយ​បាន ស្ថានីយ​បូមទឹក នៅ​កប់​ស្រូវ ទើប​ធ្វើអោយ​សាលា​នេះ ក៏ដូចជា​លំនៅស្ថាន របស់​ប្រជាពលរដ្ឋ​នៅទីនេះ (​សង្កាត់​ស្វាយ​បាក​) មិន​មាន​ទឹក​លិច ដូច​ឆ្នាំ កន្លង​ទៅ​នោះ​។​

​ពាក់​ព័ន្ធដ​ល់​បញ្ហា​ខាងលើ​នេះ លោក​ កូប ស្លេះ អភិបាលរង​ខណ្ឌប្ញស្សីកែវ​បញ្ជាក់ថា រដូវវស្សា​ឆ្នាំ​នេះ មិនមែន​មាន​តែ​វិទ្យាល័យ ជាស៊ីម ចំរើនរ​ដ្ឋ មួយ​នោះ​ទេ ដែល​មិន​មាន​លិច​ទឹក​ដូច​ឆ្នាំ​កន្លង​ទៅ​នោះ គឺ​តំបន់​ក្នុង​ក្រុង​របស់​ខណ្ឌប្ញស្សីកែវ​ទាំងមូល គ្មាន​កន្លែង​ណាមួយ​មាន​ការលិចលង់ ដោយ​ទឹកភ្លៀង លាយ​ទឹកស្អុយ​នោះទេ រាប់​ទាំង​ខណ្ឌដង្កោ និង​ខណ្ឌ​សែន​សុខ​ផង​។ រាល់​ឆ្នាំ អោយ​តែ​ចូល​ដល់​ខែកក្កដា ការលិចលង់​តំបន់ មួយចំនួន របស់​ខណ្ឌប្ញស្សីកែវ ចាប់ផ្តើម​កើតមាន​រហូត​ដល់​ដំណាច់​ខែ​វិច្ឆិកា ទើប​ស្រក​អស់​វិញ ។

​លោក​ កូប ស្លេះ និយាយទៀតថា ការលិចលង់​ដោយ​ទឹកភ្លៀង​លាយ​ទឹក​សំណល់​ប្រើប្រាស់​របស់​ទីក្រុង នៅក្នុង​ខណ្ឌប្ញស្សីកែវ បានចាប់ផ្តើម កើត​មាន​ចាប់ពី ត្រឹម​ឆ្នាំ​២០០៥​មក ដោយ​បាន​លិច​ភូមិសាស្ត្រ​របស់​សង្កាត់​ចំនួន​៦ រួម​មាន​សង្កាត់​ទួល​សង្កែ ប្ញ​ស្សី​កែវ គីឡូម៉ែត្រ​លេខ​៦ ច្រាំង​ចំរេះ​១ ច្រាំង​ចំរេះ​២ និង​សង្កាត់​ស្វាយប៉ាក​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ ប្រមាណ​ជា ៦.០០០​គ្រួសារ​។ សាលារៀន​ចំនួន ៦​កន្លែង ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​​ជាច្រើន​ត្រូវបាន​លិចលង់ និង​ខូចខាត ដូចជា​ផ្លូវ ៥៩៨ ជា​ដើម​នោះ ក៏​លិច​ដែរ​។ ការលិចលង់​នេះ មិន​ត្រឹមតែ​រំខាន​ដល់​ការរកស៊ី​ទេ គឺ​ថែមទាំង ធ្វើអោយមាន ប៉ះពាល់​ដល់ សុខភាព និង​បាត់បង់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ថែមទៀត​ផង​ក៏​មាន​។​

​លោក​ ឃួង ស្រេង អភិបាល​ខណ្ឌ​សែន​សុខ ដែល​រាល់​ឆ្នាំ​មាន​សង្កាត់​ចំនួន​៣ ​បាន​លិចលង់​យ៉ាង​ធ្ងន់ធ្ងរ​ដែរ​នោះ​និយាយ​អោយដឹងថា រដូវវស្សា​ឆ្នាំ​នេះ សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​ទឹកថ្លា និង​សង្កាត់​ឃ្មួញ និយាយ​ជា​រួម គឺ​៩៨​ភាគរយ នៃ​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ គ្មាន​ទឹកភ្លៀង​លិច​ដូច​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ នេះ​ដោយសារ​វត្តមាន​ស្ថានីយ​បូមទឹក​កប់​ស្រូវ ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការបូមទឹក​ចេញ​។ ម្យ៉ាងទៀត​ដោយសារ​ក្នុង​រដូវប្រាំង​កន្លងទៅ​ ​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​បាន​ផ្តល់​លទ្ធភាព​យ៉ាងច្រើន​ដល់​សាលា​ខណ្ឌ ក្នុង​ការជីក​ស្តារ ប្រឡាយ​មេ​បាន​រួច​ជា​ច្រើន​ខ្សែ ។

​លោក ​ម៉ៅ ប៊ុនធឿន នាយក​មន្ទីរ​ធនធាន​ទឹក​រាជធានី​ភ្នំពេញ និយាយថា មូលហេតុ​ដែល​ភាគ​ខាងជើង​ជាយក្រុង​ភ្នំពេញ នៅ​ក្នុង​រដូវវស្សា​ឆ្នាំ​នេះ គ្មាន​ទឹក​លិច​មិនមែន​មក​ពី​ភ្លៀង​តិច​ទេ គឺ​មក​ពី​សាលា​រាជធានី​ភ្នំពេញ​បាន​បូម​ចេញ​រាល់ថ្ងៃ នៅ​ស្ថានីយ​បូមទឹ​កប់​ស្រូវ ដែល​បាន​ធ្វើ​រួច​កាលពី​ចុងឆ្នាំ​២០១០​។ បរិមាណ​ទឹក​ប្រមាណ​ជា​២២ លាន​ម៉ែត្រគូប ហើយ​ដែល​ត្រូវបាន​បូម​ចេញ​នៅ​ក្នុង​រដូវវស្សា​នេះ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី ៥ ខែតុលា​ឆ្នាំ​២០១១​។​ ​ចំណែកឯ​បរិមាណ​ទឹក​ភ្លៀង​ប្រចាំឆ្នាំ នៅ​រាជធានី​ភ្នំពេញ មាន​ប្រមាណ​ជា​ពី ១.៤០០ ទៅ ១.៥០០ មី​លី​ម៉ែត្រ ហើយ​មក​ទល់​នឹង​ពេលនេះ មាន​ទឹកភ្លៀង​ប្រមាណ​ជា ១.១៨០ មី​លី​ម៉ែត្រ បាន​ធ្លាក់​រួចមកហើយ​។

​នាយក​មន្ទីរ​រូបនេះ​និយាយទៀតថា កាលពី​ឆ្នាំ​កន្លងទៅ ដែល​មាន​ទឹក​លិច​ធ្ងន់ធ្ងរ​នៅ​ភាគ​ខាងជើង​ជាយក្រុង​ភ្នំពេញ​នោះ​ ដោយសារ​ប្រព័ន្ធយុទ្ធសាស្ត្រ សម្រាប់​ដោះ​ទឹក មិនទាន់​រៀបរយ ឯ​ស្ថានីយ​បូមទឹក​នៅ​គីឡូម៉ែត្រ​លេខ​៩ នោះ​ក៏​តូច ចំណែកឯ​ការអភិវឌ្ឍ​ន៍ទីក្រុង​មាន​សន្ទុះ​លឿន​។ ប៉ុន្តែ ឥឡូវ​បញ្ហា​ទឹក​លិច​ត្រូវបាន​បញ្ជៀ​ស​ហើយ ព្រោះ​ប្រឡាយ​តូច​ធំ​សំខាន់ៗ ត្រូវបាន​ធ្វើ​រួច​ដំណាលគ្នា​នឹង​ស្ថានីយ​បូមទឹក​កប់​ស្រូវ ដែលមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការបូមទឹក​ចេញ​។ ទឹក​នៅ​ក្នុង​ប្រឡាយ​មេ​នានា និង​អាង​ស្តុក​ភាគ​ខាងជើង​ជាយក្រុង​ភ្នំពេញ ពេលនេះ មាន​កម្រិត កម្ពស់ ចន្លោះ​ពី ៥.៥០ ម៉ែត្រ ទៅ ៥.៩០ ម៉ែត្រ បានន័យថា ពេល​ទឹក​ឡើង​ដល់​កម្ពស់ ៥.៩០ ម៉ែត្រ​ស្ថានីយ​បូមទឹក​កប់​ស្រូវ​ចាប់ផ្តើម​បូមទឹក​ចេញ​រហូត​ស្រក​មក​នៅត្រឹម ៥.៥០ ម៉ែត្រ ទើប​ផ្អាក​ការ​បូម​។ ចំណែក​កម្ពស់​ទឹក​ទន្លេសាប និង​ទឹក​នៅ​ក្នុង​ប្រឡាយ​អូរ​វែង គឺ​មាន​ការខុស​គ្នា​សម្រាប់​ពេលនេះ រហូតដល់​ទៅ​ប្រមាណ​ជា​៥ ម៉ែត្រ​។​

​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា ស្ថានីយ​បូមទឹក​កប់​ស្រូវ ដែល​បាន កសាងឡើង ដោយ​អ្នកបច្ចេកទេស ក្នុងស្រុក​នេះ ចំណាយ​អស់​ថវិកា​តិច​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​គម្រោង​របស់​អ្នកបច្ចេកទេស​អន្តរជាតិ​នោះ ហើយ​មាន​សមត្ថភាព​រំដោះ​ទឹក​បាន​ខ្ពស់​បំផុត​។​

​ស្ថានីយ​បូមទឹក​កប់​ស្រូវ ស្ថិតនៅ​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានី​ភ្នំពេញ ចាប់ផ្តើម​ស្ថាបនា​នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០០៩ ប្រើប្រាស់​កម្លាំង​កម្មករ និង​វិស្វករ​ជនជាតិខ្មែរ​សុទ្ធសា​ធ​ចំនួន ១៣១ នាក់​។ ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន SCE Co, LTD (Standard Construction and Engineering Co, LTD) និង​ត្រួតពិនិត្យ​បច្ចេកទេស អ្នកជំនាញ ៤​រូប ចំណុះ​សាលា​រាជធានី​ភ្នំពេញ​។ គម្រោង​សាងសង់​ស្ថានីយ​នេះ ប្រើប្រាស់​ថវិកា​អស់ ១៤.៥០៧.២៨៦.០០០ រៀល ស្មើ​នឹង​ប្រមាណ​ជា ៣.៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

​ប្រយោជន៍​ដើម្បី​រំដោះ​ទឹក​សំណល់ ពី​ការប្រើប្រាស់​មួយ​ផ្នែក​របស់​ទីក្រុង និង​ទឹកភ្លៀង​ពី​តំបន់​លាតសន្ធឹង​ក្នុង​ភូមិសាស្ត្រ ខណ្ឌដង្កោ ខណ្ឌ​សែន​សុខ និង​ខណ្ឌប្ញស្សីកែវ ដែល​មាន​បរិមាណ​ទឹក​ភ្លៀង ៤០០ លាន​ម៉ែត្រគូប ។​

​ស្ថានីយ​នេះ​មាន​អគារ​ទំហំ ៣៩.១០ គុណ ១០ ម៉ែត្រ ធ្វើ​អំពី​បេតុង អា​ម៉េប្រ​ក់​ក្បឿង មាន​ជញ្ជាំង​ជា​បេតុង បំពាក់​ដោយ​ម៉ូទ័រ​បូមទឹក ៥ គ្រឿង ដែល​ម៉ូទ័​រ​នីមួយៗ មាន​បំពង់​ទំហំ​អង្កត់ផ្ចិត ១​ម៉ែត្រ និង​ដំណើរការ​បាន​ដោយ​ថាមពល​អគ្គិសនី ដែល​មាន​ត្រង់​ស្វ័​រម៉ា​ទរ័ ២.០០០ KVA ៕

Photo by CEN

រូបភាពមិនទាន់លិចទឹក​

Photo by CEN

រូបភាពក្រោយទឹកលិច

Photo by CEN

រូបភាពមិនទាន់លិចទឹក

Photo by CEN

រូបភាពក្រោយទឹកលិច​

Photo by CEN

Photo by CEN

Photo by CEN

គណបក្ស​សម រង្ស៊ី​ ដោះដូរ​សមាជិក​សភារបស់ខ្លួន​

ថ្ងៃច័ន្ទ, 17 ខែតុលា 2011
ដោយ ហេង រស្មី
វីអូអេ ខ្មែរ | ភ្នំពេញ

ស្តាប់ព័ត៌មាន៖ រាយការណ៍ដោយ ហេង រស្មី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១១
MP3 | Windows Media

លោក​ ទេព​ នីថា ​អគ្គលេខាធិការ​នៃ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​ដែល​ហៅ​កាត់​ថា គ.​ជ​.​ប ​បាន​មាន​ប្រសាសន៍​ថា​ គ.ជ.ប.​ធ្វើ​លិខិត​ជូន​ដំណឹង​ជា​​ផ្លូវការ​អំពី​ការ​សម្រេច​ការ​ផ្លាស់​ប្តូរ​ដោយ​ដាក់​លោក ​សាន ​សាង ​សមាជិក​សភា​​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​​តាកែវ​ ខាង​គណបក្ស​ សម ​រង្សី ​ជំនួស​លោក ​តុ ​វ៉ាន់ចាន់ ​បន្ទាប់​ពី​គណបក្ស​នេះ​បាន​លុប​ឈ្មោះ​លោក​ចេញ​ពី​សមាជិក​សភា​តំណាងរាស្ត្រ​កន្លង​មក។

កាល​ពី​ដើម​ខែ​តុលា​នេះ ​គណបក្ស​ សម​ រង្សី​ បាន​សម្រេច​លុប​ឈ្មោះ​លោក ​តុ ​វ៉ាន់ចាន់ ពី​សមាជិក​សភា​​​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ ​លោក​ វ៉ាន់​ ស៊ីវឿន ​ពី​សមាជិក​ព្រឹទ្ធសភា ​និង​លោក​ហុក លេហាក់​ ប្រធាន​ក្រុម​ប្រឹក្សា​គណបក្ស​ សម ​រង្សី ​ប្រចាំ​ស្រុក​ត្បូង​ឃ្មុំ ​ខេត្ត​កំពង់ចាម ​ដោយ​បាន​ចោទ​ប្រកាន់​ថា ​មាន​នយោបាយ​ឃ្លីងឃ្លោង ​និង​អសកម្មភាព​ការងារ។ (រូបថត៖ AP)

កាល ពី ដើម ខែ តុលា នេះ គណបក្ស សម រង្សី បាន សម្រេច លុប ឈ្មោះ លោក តុ វ៉ាន់ចាន់ ពី សមាជិក សភា តំណាងរាស្ត្រ មណ្ឌល ខេត្ត តាកែវ លោក វ៉ាន់ ស៊ីវឿន ពី សមាជិក ព្រឹទ្ធសភា និង លោក ហុក លេហាក់ ប្រធាន ក្រុម ប្រឹក្សា គណបក្ស សម រង្សី ប្រចាំ ស្រុក ត្បូង ឃ្មុំ ខេត្ត កំពង់ចាម ដោយ បាន ចោទ ប្រកាន់ ថា មាន នយោបាយ ឃ្លីងឃ្លោង និង អសកម្មភាព ការងារ។ (រូបថត៖ AP)

ការ​សម្រេច​ផ្លាស់​ប្តូរ​សមាជិក​សភា​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រឆាំង​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពីគ​.ជ​.ប​. ​កាល​ពី​ថ្ងៃ​សៅរ៍​នេះ ​បាន​បើក​កិច្ច​ប្រជុំ​មួយ​នៅ​ទីស្នាក់ការ​របស់​ខ្លួន ​ដើម្បី​ផ្លាស់​ប្តូរ​សមាជិកសភា​តំណាងរាស្ត្រ​ខាង​គណបក្ស ​សម​ រង្សី។​ លោក​ ទេព​ នីថា ​បាន​មាន​ប្រសាសន៍​ថា ​គណបក្ស ​សម​ រង្សី​ បាន​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរនេះ។

«ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​តាម​តំណាងរាស្ត្រ​ ដូច​ច្បាប់​ស្តី​ពី​គោការណ៍​គណបក្ស​នយោបាយ​ ដែល​បាន​ផ្តល់​សិទិ្ធ​អំណាច​ដល់​ គ.​ជ.​ប.​ ដើម្បី​សម្រេច​ការងារ​នេះ»។

កាល​ពី​ដើម​ខែ​តុលា​នេះ ​គណបក្ស​ សម​ រង្សី​ បាន​សម្រេច​លុប​ឈ្មោះ​លោក ​តុ ​វ៉ាន់ចាន់ ពី​សមាជិក​សភា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ ​លោក​ វ៉ាន់​ ស៊ីវឿន ​ពី​សមាជិក​ព្រឹទ្ធសភា ​និង​លោក​ ហុក​លេហាក់​ ប្រធាន​ក្រុម​ប្រឹក្សា​គណបក្ស​ សម ​រង្សី ​ប្រចាំ​ស្រុក​ត្បូង​ឃ្មុំ ​ខេត្ត​កំពង់ចាម ​ដោយ​បាន​ចោទ​ប្រកាន់​ថា ​មាន​នយោបាយ​ឃ្លីងឃ្លោង ​និង​អសកម្មភាព​ការងារ។

លោក ​យឹម ​សុវណ្ណ ​អ្នក​តំណាងរាស្ត្រ​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សម ​រង្សី ​បាន​សាទរ​ចំពោះ​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​ដែល​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់។ ​លោក​បាន​បញ្ជាក់​ថា ​តាម​ច្បាប់ ​រដ្ឋសភា​ក្រោយ​ពី​បាន​ទទួលលិខិត​ពី​គ.​ជ​.ប។ រដ្ឋសភា​នឹង​កោះ​ប្រជុំ​ដើម្បី​ជម្រាប​ជូន​សាធារណជន​ថា មាន​ការ​រៀប​ផ្លាស់​ប្តូរ​តំណាង​រាស្ត្រ​គណបក្ស​សម ​រង្សី។

«ឯ​ការ​ធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់​ហើយ ​កុំ​ឲ្យ​គ.ជ.​ប.​ បន្ត​នីតិ​វិធី​ហ្នឹង​ត​ទៅ​ទៀត ​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​មាន​ការផ្លាស់​ប្តូរ​ឲ្យ​បាន​ឆាប់ និង​អ្នក​តំណាងរាស្ត្រ​ដែល​នឹង​ជាប់​ថ្មី​នេះ​ចូល​ទៅ​បំពេញ​កាតព្វកិច្ច​ជូន​ប្រជាពលរដ្ឋ»។

លោក ​តុ វ៉ាន់ចាន់ ​ អតីត​សមាជិក​សភា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ​បាន​បង្ហាញ​ពី​ជំហរ​មិន​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់ ​គ.ជ.ប. ​ទេ ​ក៏ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ​លោក​មិន​សុខចិត្ត​ចំពោះ​ការ​លុប​ឈ្មោះ​ពី​តំណាង​រាស្ត្រ​គណបក្ស​សម​ រង្សី ​ទេ ​ហើយ​លោក​នឹង​ប្រកាស​រក​យុត្តិធម៌​ជាមួយ​នឹង​គណបក្ស​សម​ រង្សី​ តាម​ផ្លូវ​ការ​វិញ។

«ខ្ញុំ​ការពារ​យុត្តិធម៌ ​ការពារ​កិត្តិយស​របស់​ខ្ញុំ​សិន ​ព្រោះ​ថា បង​ប្អូន​ មិត្តភក្តិ​ និង​ប្រជាពលរដ្ឋ ​ដែល​គាំទ្រ​ខ្ញុំ​ទូទាំង​ប្រទេស ​និង​ជុំវិញ​ខេត្ត​តាកែវ​ហ្នឹង ​គាត់​កំពុង​រងចាំ​មើល ​ថា​តើ​គណបក្ស​សម​ រង្សី​ហ្នឹង​ឲ្យ​យុត្តិធម៌​ ឲ្យ​ខ្ញុំ​ដែរ​ ឬ​អត់?»

លោក​ តុ ​វ៉ាន់ចាន់ ​បន្ទាប់​ពី​គណបក្ស​សម​ រង្សី ​បាន​លុប​ឈ្មោះ​ពី​សមាជិក​សភា​តំណាង​រាស្ត្រ ​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ច្បាប់​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​តុលា​ កន្លង​ទៅ​នេះ។នៅ​ថ្ងៃ​ដដែល​នោះ ​លោក​ចៅក្រម​ អឿង ​សៀង ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​ចេញ​​ដីកា​រក្សា​ការពារ​ដើម្បី​គណបក្ស​សម ​រង្សី ​ផ្អាក​សេចក្តី​សម្រេច​របស់​ខ្លួន។

លោក ​ទេព​ នីថា ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​បាន​មាន​ប្រសាសន៍​ថា ​ការ​សម្រេច​លុប​ឈ្មោះ​នឹង​មិន​មាន​ទំនាស់​ជា​មួយ​តុលាការ​ទេ​ ពីព្រោះ​ គ.ជ.ប. ​ជា​ស្ថាប័ន​ឯករាជ្យ ​មាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​របស់​ខ្លួន។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ គ.ជ.ប. ​មាន​សិទ្ធិ​សម្រេច​ទាក់ទឹន​នឹង​ការ​បោះឆ្នោត​ អ្នក​ជាប់​ឆ្នោត ​និង​អ្នក​ឡើង​ជំនួស​តាម​ការ​ស្នើ​សុំ»។

សមាជិក​គណបក្ស​សម​ រង្សី​មួយ​ចំនួន​ដោយ​រាប់​បញ្ចូល​ទាំង​សមាជិក​សភា ​សមាជិក​ព្រឹទ្ធសភា ​ក្រោយ​ពី​បាន​លុប​ឈ្មោះ​ចេញ​ពី​គណបក្ស​បាន​ប្រកាស​ចូល​រួម​ជាមួយ​នឹង​គណបក្ស​សិទ្ធិ​មនុស្ស ​ក៏​ប៉ុន្តែ​លោក ​តុ ​វ៉ាន់ចាន់ ​មិន​ទាន់​បាន​បញ្ជាក់​ពី​ជំហរ​នយោបាយ​របស់​ខ្លួន​នៅ​ឡើយ​ទេ៕

បណ្តាញទាក់ទងគ្នា
សមាជិក​គណបក្ស​សម រង្ស៊ី​ផ្តាច់​ខ្លួន​ចូល​គណបក្ស​សិទ្ធិមនុស្ស.

តុលាការ​ក្រុង​ភ្នំពេញ​តម្កល់​ទោស​ជាប់​គុក​ពីរ​ឆ្នាំ​ដល់​មេគណបក្ស​ប្រឆាំង.

ចៅក្រម​បដិសេធ​ការ​ឃុំ​ខ្លួន​សមាជិក​គណបក្ស​ប្រឆាំង​ដោយ​គ្មាន​ដីកា.

មន្រ្តី​កំពូល​អង្គការ​សហប្រជាជាតិ​ពិនិត្យ​មើល​ការ​ជ្រៀត​ជ្រែក​នយោបាយ​នៅ​សាលាក្តី​ខ្មែរ​ក្រហម

ថ្ងៃច័ន្ទ, 17 ខែតុលា 2011
ដោយ គង់ សុឋានរិទ្ធ
វីអូអេ ខ្មែរ | ភ្នំពេញ

ស្តាប់ព័ត៌មាន៖ រាយការណ៍ដោយ គង់ សុឋានរិទ្ធ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១១
MP3 | Windows Media

លោក​ស្រី ​ប៉ាទ្រីស្យា​ អូប្រាយអិន​ (Patricia O’Brien) ​អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​ច្បាប់​នឹង​មក​ដល់​កម្ពុជា​នៅ​ក្នុង​សប្ដាហ៍​នេះ​ដើម្បី​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ដោះស្រាយ​ជា​បន្ទាន់​នូវ​វិបត្តិ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម ដែល​ស្ថិត​នៅ​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​កិច្ចការ​កាត់​ទោស​ពួក​មេដឹក​នាំ​ខ្មែរ​ក្រហម។

លោក​ស្រី ​ប៉ាទ្រីស្យា​ អូប្រាយអិន​ (Patricia O'Brien) ​អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​ច្បាប់​។ (រូបថត៖ Courtesy of UN)

លោក ស្រី ប៉ាទ្រីស្យា អូប្រាយអិន (Patricia O'Brien) អគ្គលេខាធិការ រង អង្គការ សហប្រជាជាតិ ទទួល បន្ទុក ផ្នែក កិច្ចការ ច្បាប់ ។ (រូបថត៖ Courtesy of UN)

ដំណើរ​ទស្សនកិច្ច​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​លោក​សហចៅក្រម​ស៊ើប​អង្កេត​ខាង​ភាគី​អង្គការ​សហ​ប្រជាជាតិ ​លោក​ ស៊ីកហ្វ្រ៊ីត ​ប៊្លុង​ ​បាន​លា​ឈប់​ពី​ការងារ​កាល​ពី​ថ្ងៃ​ទី​៨ ​ខែ​តុលា។ លោក​បាន​ប្រកាស​ថា​មូលហេតុ​នៃ​ការ​លាឈប់​កើត​ពី​ការ​ជាប់​ទាក់ទង​នឹង​ការ​ជ្រៀតជ្រៀក​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចការ​ស៊ើប​អង្កេត​របស់​លោក​ក្នុង​សំណុំរឿង​០០៣ ​និង​០០៤។ សំណុំរឿង​ទាំង​នេះ​មាន​ជនជាប់​ចោទ​សរុប​ចំនួន​ប្រាំ​នាក់​ ដែល​សុទ្ធសឹង​តែ​ជា​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម។

លោក ​ឡាស ​អលសិន​ មន្ដ្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ខាង​ភាគី​អង្គការ​សហប្រជាជាតិ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ដំណើរ​ទស្សន​កិច្ច​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ស្វែង​រក​ការ​យោគយល់​គ្នា​កាន់​តែ​ប្រសើរ​ឡើង​រវាង​ភាគី​កម្ពុជា ​និង​អង្គការ​សហប្រជាជាតិ​ចំពោះ​ដំណើរ​ការ​កាត់ទោស​ពួក​ខ្មែរ​ក្រហម។

«អ្វី​ដែល​អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ជា​មូលដ្ឋាន​នោះ​គឺ​ថា​ វា​មាន​សារៈសំខាន់​សម្រាប់​​អង្គការ​សហប្រជាជាតិ​ក្នុង​និយាយ​ទៅ​កាន់​មន្រ្ដី​ជាន់ខ្ពស់​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម ​និង​មន្ដ្រី​ដទៃ​ទៀត​ដើម្បី​ស្វែង​យល់​ឲ្យ​បាន​ស៊ី​ជម្រៅ​បំផុត​ពី​កង្វល់​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​នៃ​ការ​ជ្រៀត​ជ្រែក​​ផ្នែក​នយោបាយ»។

ប៉ុន្តែ​ពុំ​មាន​មន្ដ្រី​ផ្លូវ​ការ​ណា​ម្នាក់​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​អះអាង​ពី​កាល​បរិច្ឆេទ​ពិត​ប្រាកដ ​នៃ​ការ​មក​ដល់​របស់​លោក​ស្រី ​ប៉ាទ្រីស្យា ​អូប្រាយអិន​ នោះ​ទេ។​ លោក​ ឡាស ​អលសិន ​បញ្ជាក់​ថា ​លោក​ស្រី​នឹង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​តែ​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​របស់​អង្គការ​សហប្រជាជាតិ​លោក​ ម៉ាទីន ណេសៀរគី (Martin Nesirky) បាន​ថ្លែង​កាល​ពី​សប្ដាហ៍​មុន​ថា​ លោក​ស្រី​អូប្រាយអិន​នឹង​ជួប​ជាមួយ​មន្ដ្រី​ផ្លូវការ​របស់​កម្ពុជា ​និង​មន្ដ្រី​ដទៃ​ទៀត​ ដែល​ទាក់ទង​នឹង​សាលាក្ដី​ខ្មែរ​ក្រហម។

យោងតាម​កម្មវិធី​របស់​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹង​ថា ​ លោក​ស្រី ​ប៉ាទ្រីស្យា ​អូប្រាយអិន ​នឹង​ជួប​សន្ទនា​ ជាមួយ​លោក​ សុខ​ អាន​ ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី ​ដែល​កាន់​កាប់​សំណុំរឿង​កាត់ទោស​មេដឹក​នាំ​ខ្មែរ​ក្រហម​ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍​មុន​នេះ។

អ្នក​នាំ​ពាក្យ​របស់​អង្គការ​សហប្រជាជាតិ​បញ្ជាក់​ថា​ កង្វល់​នៃ​បញ្ហា​ជ្រៀត​ជ្រែក​របស់​រដ្ឋាភិបាល​ក្នុង​សាលាក្ដី​នឹង​ត្រូវ​ដោះស្រាយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ។

លោក ​ផៃ ​ស៊ីផាន ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដី​ការ​គណៈរដ្ឋមន្ដ្រី​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

លោក​ ហ៊ុយ ​វណ្ណៈ​ មន្ដ្រី​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​បញ្ជាក់​ថា​ ព័ត៌មាន​លម្អិត​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​មន្ដ្រី​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​មិន​ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​នោះ​ទេ។​ ក៏​ប៉ុន្ដែ​ជា​គោលការណ៍​នឹង​មិន​មាន​បញ្ហា​អ្វី​ជា​ឧបសគ្គ​សម្រាប់​សាលាក្ដី​នោះ​ទេ​ក្នុង​ពេល​នេះ។

«ប្រក្រតីភាព​នៃ​តុលាការ​នឹង​បន្ដ​ទៅ​តាម​ធម្មតា»។

លោក​ស្រី​ គ្លែ ​ដាហ្វ៊ី (Clair Duffy) ​អ្នក​​ឃ្លាំ​មើល​ដំណើរ​ការ​សាលាក្ដី​ខ្មែរ​ក្រហម​មក​ពី​អង្គការ​គំនិត​ផ្ដួចផ្ដើម​យុត្តិធម៌​សង្គម​សេរី ​កត់សម្គាល់​ថា ​ដំណើរ​ទស្សនកិច្ច​ របស់​លោក​ ស្រីប៉ាទ្រីស្យា ​អូប្រាយអិន ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​វិបត្តិ​នៃ​ការ​ជឿជាក់​លើ​សាលាក្ដី​ខ្មែរ​ក្រហម​ទាក់ទង​ទៅ​នឹង​ការ​ជំនួស​លោក​ចៅក្រម​ស៊ីកហ្វ្រ៊ីត ​ប៊្លុង ​និង​ជា​ការ​ជាប់​ពាក់ព័ន្ធ​នឹង​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ​របស់​មន្ដ្រី​ជាន់​ខ្ពស់​​កម្ពុជា​ជំទាស់​ទៅ​នឹង​សំណុំរឿង ​០០៣ ​និង​០០៤។​ លោក​ ស្រីគ្លែ​ ដាហ្វ៊ី ​គិត​ថា​បញ្ហា​ទាំង​នេះ​ត្រូវ​តែ​ដោះស្រាយ​នៅ​កម្រិត​នយោបាយ​រវាង​អង្គការ​សហប្រជាជាតិ​ និង​រាជ​រដ្ឋាភិបាល​កម្ពុជា។

«ភាគី​ទាំង​សងខាង​ត្រូវ​តែ​មាន​កិច្ចសន្យា​ជាមួយ​គ្នា​ឡើង​វិញ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ។​ ហើយ​អង្គការ​សហប្រជាជាតិ ​ និង​ប្រទេស​ផ្ដល់​ជំនួយ​ត្រូវ​តែ​ប្រកាន់​ជំហរ​ឲ្យ​បាន​រឹងមាំ​មែន​ទែន»។

ទោះ​ជា​យ៉ាង​ណា​ រដ្ឋាភិបាល​ខ្មែរ​កាល​ពី​សប្ដាហ៍​មុន​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ពី​ការ​គោរព​ការ​សម្រេច​ចិត្ត​នានា​របស់​សាលាក្ដី​ខ្មែរ​ក្រហម៕

ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​ក្រោយពី​លោក​សហចៅក្រម​ស៊ើប​អង្កេត​ខាង​ភាគី​អសប​ បាន​លា​ឈប់​ពី​ការងារ​កាល​ពី​ថ្ងៃទី៨ ខែតុលា​ ឆ្នាំ២០១១៕

បណ្តាញទាក់ទងគ្នា
អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត​សាលាក្តី​ខ្មែរក្រហម​លាឈប់.

សហចៅក្រម​ស៊ើប​អង្កេត​លាឈប់​ក្នុង​ពេល​មាន​ការ​រិះគន់​ច្រើន.

ក្រោយ​ពី​ចៅក្រម​លាលែង​ ក្រុម​អ្នក​សង្កេតការណ៍​ស្នើ​ឱ្យ​អ.ស.ប​និង​រដ្ឋាភិបាល​ពិភាក្សា​គ្នា​ដោយ​កុំ​ឱ្យ​មាន​សម្ពាធ​នយោបាយ.

តំណាង​អង្គការ​សហប្រជាជាតិ​នឹង​មក​កម្ពុជា ដើម្បី​ត្រួត​ពិនិត្យ​មើល​សាលាក្ដី​តើ​មាន​ការ​ជ្រៀតជ្រែក​នយោបាយ​ឬ​យ៉ាង​ណា ?

ច័ន្ទ 17 តុលា 2011
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

ដោយ​គ្រាន់​តែ​កាល​បរិច្ឆេទ​ពុំ​ទាន់​ច្បាស់​លាស់​ប៉ុណ្ណោះ ,ប៉ុន្តែ​ច្បាស់​ហើយ​ថា តំណាង​មួយ​រូប​របស់​អង្គ​ការ សហប្រជាជាតិ នឹង​មក​កម្ពុជា ក្នុង​អ្វី​ដែល​គេ​មើល​ឃើញ​ថា ជា​បេសកកម្ម​ត្រួតពិនិត្យ​មើល សាលា​ក្ដី​ខ្មែរ​ក្រហម ទាក់​ទង​មូល​ហេតុ នៃ​ការ​ដក​ខ្លួន​ចេញ​របស់​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ពី​ភាគី​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​ឲ្យ​ប្រាកដ​ថា វា​បណ្ដាល​មក​ពី​មាន​ការ​ជ្រៀតជ្រែក​​នយោបាយ​ឬ​យ៉ាង​ណា ?

លោកស្រីPatjricia O'Brienអគ្គលេខាធិការរង អ.ស.ប

លោកស្រីPatjricia O'Brienអគ្គលេខាធិការរង អ.ស.ប

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​កន្លង​ទៅ របស់​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា អគ្គ​លេខា​ធិការ​រង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ច្បាប់​គឺ​លោក​ស្រី ប៉ាទ្រីកា អូប្រេន (Patricia O’Brien) នឹង​ធ្វើ​ទស្សនកិច្ច​មក​កាន់​ទី​ក្រុង​ភ្នំពេញ ក្នុង​សប្ដាហ៏​នេះ ដើម្បី​ជួប​ពិភាក្សា​កិច្ចការ​មួយ​ចំនួន​​ជា​មួយ​រដ្ឋាភិបាល​ខ្មែរ និង ក្រុម​មន្ត្រី​សាលាក្ដី ។

ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា របស់​លោក​ស្រី ប៉ាទ្រីកា អូប្រេន គឺ​ភ្លាមៗ​​បន្ទាប់​ពី​មាន​ការ​លាឈប់​របស់​លោក ស៊ីហ្រ្វេត ប្លាំង ពី​តួនាទី​ចៅ​ក្រម​ស៊ើប​អង្កេត​របស់​សាលាក្ដី​ខ្មែរ​ក្រហម ដែល​បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​រិះគន់​ជា​សាធារណៈ ពី​ការ​ជ្រៀត​ជ្រែក​នយោបាយ​ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ វត្តមាន​របស់​លោក​ស្រី​អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ​គឺ​ក្នុង​បេសកកម្ម​ ដើម្បី​ឲ្យ​ច្បាស់​ថា ការ​​​លាឈប់​របស់​ក្រុម​មន្ត្រី​ច្បាប់​ពី​ភាគី​អង្គការ​សហប្រជាជាតិ ម្ដង​ហើយ​​ម្ដង​ទៀត​បណ្ដាល​មក​ពី​អ្វី ? ៕

មេឃុំ​អន្លង់វែង​ឲ្យ​ប្រជាពលរដ្ឋ​ស្បថ​ថា​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច ទើប​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត

ច័ន្ទ 17 តុលា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់​ដែល​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​សាលាឃុំ​អន្លង់វែង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដើម្បី​ស្នើ​សុំ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​និយាយ​ថា មេឃុំ​បាន​ឲ្យ​ពួក​គេ​ស្បថ​ថា​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច ទើប​អនុញ្ញាត​ឲ្យ​ពួក​គេ​ចុះ​ឈ្មោះ​បោះឆ្នោត។

អ្នក​ភូមិ​ម្នាក់​ដែល​ចូល​រួម​ក្នុង​ការ​តវ៉ា​បាន​និយាយ​ថា ក្រុម​អ្នក​ភូមិ​ធ្វើ​ការ​តវ៉ា​នៅ​ខាងមុខ​សាលា​ឃុំ​អន្លង់វែង តាំង​ពី​ថ្ងៃទី១៣ តុលា​មក​ម្ល៉េះ ដើម្បី​ស្នើ​ឲ្យ​មេឃុំ​អនុញ្ញាត​ឲ្យ​ពួក​គាត់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត។ ប៉ុន្តែ​មេឃុំ​បាន​និយាយ​ថា គេ​នឹង​អនុញ្ញាត​ឲ្យ​ពួក​គាត់​ចុះឈ្មោះ​បោះឆ្នោត ប្រសិន​បើ​ស្បថ​ថា នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​អ្នក​ភូមិ​បាន​យល់ព្រម​ចំពោះ​សម្បថ​នោះ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​ភូមិ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត​ទេ ដោយ​មេឃុំ​អះអាង​ថា អ្នក​ភូមិ​ទាំង​នោះ​កំពុង​រស់​នៅ​ខុស​ច្បាប់​លើ​ដី​ព្រៃ​របស់​រដ្ឋ។

លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​បាន​និយាយ​ថា ជន​កម្ពុជា​គ្រប់​រូប​មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​ដោយ​គ្មាន​ការ​រើស​អើង។ ដោយ​បញ្ជាក់​ថា បើ​ទោះ​បី​ជា​អ្នក​ភូមិ​ទាំង​អស់​រស់​នៅ​លើ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ដទៃ​ក៏​ដោយ ក៏​ប៉ុន្តែ​បើ​គេ​មាន​មនុស្ស​ពីរ​នាក់​ធានា មេឃុំ​អាច​បញ្ជាក់​ថា អ្នក​ភូមិ​ទាំង​នោះ​រស់​នៅ​ក្នុង​ភូមិ​នោះ មិន​មែន​បញ្ជាក់​ថា ពួក​គេ​ជា​ម្ចាស់​ដី​នោះ​ទេ ដូច្នេះ​ពួក​គេ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន៕

តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​ស្នើ​សុំ​ព័ត៌មាន​ចុង​ក្រោយ​ពី​ការ​បោះបង្គោល​ព្រំដែន​នៅ​ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង ពី​រដ្ឋាភិបាល

ថ្ងៃទី 17 តុលា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​ចំនួន​១៥​រូប​នៅ​ថ្ងៃ​នេះ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដោយ​ស្នើ​សុំ​ព័ត៌មាន​ចុង​ក្រោយ​បំភុត​ស្តីពី​ការងារ​បោះបង្គោល​ព្រំដែន និង​ខណ្ឌ​សីមា​ព្រំដែន​នៅ​ស្រុក​ចន្រ្ទា ខេត្ត​ស្វាយរៀង។

តម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាមលេខ១៨៥នៅខេត្តស្វាយរៀង ដែលលោកសម រង្ស៊ី អះអាងថាបោះនៅលើដីខ្មែរ

តម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាមលេខ១៨៥នៅខេត្តស្វាយរៀង ដែលលោកសម រង្ស៊ី អះអាងថាបោះនៅលើដីខ្មែរ

​ដោយ​យោង​ទៅ​លើ​លិខិត​របស់​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃទី០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ដែល​ថា «រហូត​មក​ដល់​ថ្ងៃនេះ ស្ថាន​ភាព​នៅ​លើ​ដី​ជាក់​ស្តែង​នៅ​តំបន់​តម្រុយ​បង្គោល​លេខ​១៨៥ ជា​ពិសេស​ពី​បង្គោល​លេខ​១៨៤ ដល់​បង្គោល​លេខ​១៨៧ ព្រំដែន​កម្ពុជា​វៀតណាម ពុំ​មាន​ការ​ប្រែ​ប្រួល​ទេ ដោយ​ក្រុម​បច្ចេក​ទេស​ចម្រុះ នៃ​ប្រទេស​ទាំង​ពីរ​កំពុង​បន្ត​ការ​សិក្សា​លើ​ដី​ជាក់​ស្តែង​ដើម្បី​រុករក​វត្ថុធាតុ​គោល​ដែល​ចាំបាច់​ក្នុង​ការ​កំណត់​ទីតាំង​ពិត​ប្រាកដ នៃ​បង្គោល​ព្រំដែន​ទាំង​នោះ។ ដោយ​ក្រុម​បច្ចេក​ទេស​ចម្រុះ នៃ​ប្រទេស​ទាំង​ពីរ​នៅ​ពុំ​ទាន់​បាន​បោះបង្គោល​ព្រំដែន​លេខ​១៨៥​នៅ​ឡើយ ហើយ​ការងារ​ខណ្ឌ​សីមា​ព្រំដែន​ដែល​ជា​ក្រុម​បច្ចេក​ទេស​ចម្រុះ​ត្រូវ​ធ្វើ​បន្ទាប់​ពី​ការ​បោះបង្គោល​នោះ​រួច​មក ក៏​នៅ ពុំ​ទាន់​បាន​ចាប់​ផ្តើម​នៅ​ឡើយ​ដែរ» នោះ ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​បាន​ដាក់​សំណួរ​ចំនួន​៥​ទៅ​រដ្ឋាភិបាល​កម្ពុជា ដែល​រួម​មាន ៖

១-តើ​ការ​សិក្សា​លើ​ដី​ជាក់​ស្តែង​ដើម្បីរុក​រក​វត្ថុធាតុ​គោល​ដែល​ចំា​បាច់​ក្នុង​ការ​កំណត់​ទីតាំង​ពិតប្រាកដ​នៃ​បង្គោល​ព្រំដែន​លេខ១៨៤ និង១៨៥​នោះ​បាន​ដំណើរ​ការ​ដល់​ណា​ហើយ​​មក​ទល់ថ្ងៃនេះ?

២-តើ​ក្រុម​បច្ចេក​ទេស​ចម្រុះ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​លេខ១៨៥ ហើយ​ឬនៅ​មក​ទល់ថ្ងៃនេះ​?

៣-​​តើ​ការងារ​ខណ្ឌសីមា​នៅ​តំបន់​នោះ បាន​ចាប់​ផ្តើម​ហើយ​ឬ​នៅ​មក​ទល់​ថ្ងៃនេះ​?

៤-​តើ​ចំណុច​នៃ​តម្រុយ​បង្គោល​ព្រំដែន​លេខ១៨៥ ដែល​លោក​សម រង្ស៊ី រួមជា​មួយ​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​បាន​ដក​កាល​ពីថ្ងៃទី២៥ តុលា ២០០៩ មាន​លក្ខណៈ​ច្បាប់​យ៉ាង​ដូចម្តេច​ដែរ​ នៅ​ពេលនេះ​?

និង​ ៥-តើ​រាជរដ្ឋា​ភិបាលកម្ពុជា គួរ​មាន​ប្រតិ​កម្ម​យ៉ាង​ដូចម្តេច ចំពោះ​សេចក្តី​សម្រេច​របស់​សហភាព​អន្តរសភា (IPU) ចុះថ្ងៃទី​២០ មេសា ២០១១ស្តីពី​ករណី​លេខ CMBD/01-SAMRAINSY-CAMBODIA ដែល​មាន​ភ្ជាប់​​ជាមួយ​លិខិត​នេះ​?

គួរ​បញ្ជាក់​ថា ទាក់​ទង​នឹង​បង្គោល​តម្រុយ​ព្រំដែន​នៅ​ស្រុក​ចន្រ្ទា ខេត្ត​ស្វាយ​រៀង​នេះ តុលាការ​ប្រទេស​កម្ពុជា​បាន​សម្រេច​ផ្តន្ទា​ទោស​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១២​ឆ្នាំ ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម លេខ​១៨៥​ក្នុង​ខេត្ត​ស្វាយ​រៀង​នេះ និង​ការ​ផ្សព្វផ្សាយ​ផែនទី​ដែល​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា បង្គោល​ព្រំដែន​លេខ​១៨៥​នេះ​ស្ថិត​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា៕

អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ស្នើ​សុំ​ព័ត៌មាន​ចុងក្រោយ​បំផុត ពី​ការងារ​បោះបង្គោល​ព្រំដែន​កម្ពុជា​វៀតណាម នៅ​ខេត្ត​ស្វាយរៀង​

ដោយ : សុខ ភក្តី
ថ្ងៃទី 17 តុលា 2011
CEN

ភ្នំពេញ: ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ចំនួន ១៦ រូប បាន​ចុះហត្ថលេខា​លើ​លិខិត​មួយច្បាប់ ជូន​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន ​សែន ដើម្បី​ស្នើសុំ​ព័ត៌មាន​ចុងក្រោយ​បំផុត ស្តីពី​ការងារ​បោះបង្គោល​ព្រំដែន និង​ខណ្ឌ​សីមា​ព្រំដែន នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​។​

​លិខិត​ចុះ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១១ របស់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បង្ហាញថា ក្នុង​លិខិត​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន ​សែន កាលពី​ថ្ងៃ​ទី​៨​ វិច្ឆិកា ឆ្នាំ​២០១០ សម្តេច​បាន​សរសេរថា រហូតមកដល់​ថ្ងៃនេះ ស្ថានភាព​នៅ​លើ​ដី​ជាក់ស្តែង នៅ​តំបន់​តម្រុយ​បង្គោល​លេខ ១៨៥ ជាពិសេស​ពី​បង្គោល​លេខ ១៨៤ ដល់​បង្គោល​លេខ ១៨៧ ព្រំដែន​កម្ពុជា​-​វៀតណាម ពុំ​មាន​ការប្រែប្រួល​ទេ ដោយ​ក្រុមបច្ចេកទេស​ចម្រុះ​នៃ​ប្រទេស​ទាំង​ពីរ កំពុង​បន្ត​ការសិក្សា​លើ​ដី​ជាក់ស្តែង ដើម្បី​រុករក​វត្ថុ​ធាតុ​គោល ដែល​ចាំបាច់ ក្នុង​ការកំណត់​ទីតាំង​ពិតប្រាកដ​នៃ​បង្គោល​ព្រំដែន​ទាំង​នោះ​។ ដោយ​ក្រុមបច្ចេកទេស​ចម្រុះ ​នៃ​ប្រទេស​ទាំង​ពីរ នៅ​ពុំទាន់​បាន​បោះបង្គោល​ព្រំដែន​លេខ ១៨៥ នៅឡើយ ហើយ​ការងារ​ខណ្ឌសីមា​ព្រំដែន ដែលជា​កិច្ចការ​របស់​ក្រុមបច្ចេកទេស​ចម្រុះ ត្រូវ​ធ្វើ​បន្ទាប់​ពី​ការបោះបង្គោល​នោះ​រួចមក ក៏​នៅ​ពុំទាន់​បាន​ចាប់ផ្តើម​នៅឡើយ​ដែរ​។​

​ដោយ​យោង​លើ​លិខិត​ របស់​សម្តេច​នាយករដ្ឋមន្ត្រី ដែល​បាន​ឆ្លើយតប​ទៅ​កាន់​រដ្ឋសភា​ខាងលើនេះ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​លើក​ជា​សំណួរ ជូន​ទៅ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ដូចខាងក្រោម​៖

​សំណួរ​ទី​១-តើ​ការសិក្សា​លើ​ដី​ជាក់ស្តែង ដើម្បី​រុករក​វត្ថុ​ធាតុ​គោល ដែល​ចាំបាច់​ក្នុង​ការកំណត់​ទីតាំង​ពិតប្រាកដ​ នៃ​បង្គោល​ព្រំដែន​លេខ ១៨៤ ដល់ ១៨៧ នោះ បាន​ដំណើរការ​ដល់​ណា​ហើយ មក​ទល់​ថ្ងៃនេះ​?

​សំណួរ​ទី​២-​តើ​ក្រុមបច្ចេកទេស​ចម្រុះ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បាន​បោះបង្គោល​ព្រំដែន​លេខ ១៨៥ ហើយឬ​នៅ មក​ទល់​ថ្ងៃនេះ​?

​សំណួរ​ទី​៣-​តើ​ការងារ​ខណ្ឌសីមា​ព្រំដែន​នៅ​តំបន់​នោះ បាន​ចាប់ផ្តើម​ហើយឬ​នៅ មក​ទល់​ថ្ងៃនេះ​?

​សំណួរ​ទី​៤-​តើ​ចំណុច​នៃ​តម្រុយ​បង្គោល​ព្រំដែន​លេខ ១៨៥ ដែល​លោក សម រង្ស៊ី រួមជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង បាន​ដកកាលពី​ថ្ងៃ​ទី​២៥ ​តុលា ឆ្នាំ​២០០៩ មាន​លក្ខណៈ​ច្បាប់​យ៉ាងដូចម្តេច​ដែរ នៅពេលនេះ​?

​សំណួរ​ទី​៥-​តើ​រាជរដ្ឋាភិបាល​កម្ពុជា គួរ​មានប្រតិកម្ម​យ៉ាងដូចម្តេច ចំពោះ​សេចក្តីសម្រេច ​របស់​សហ​ភាព​អន្តរ​សភា IPU ចុះ​ថ្ងៃ​ទី​២០ ​មេសា ឆ្នាំ​២០១១ ស្តីពី ករណី​លោក​ សម ​រង្ស៊ី ដែល​មាន​ភ្ជាប់​មក​ជាមួយ​លិខិត​នេះ​?​