បណ្ណសារ | ខែតុលា 15, 2011

សមមិត្ត​នារី​​ ម៉ែន សំអន ត្រូវ​បាន​តែង​តាំង​ជា​ថ្មី​សម្រាប់​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច

សៅរ៍ 15 តុលា 2011
ឬទ្ធិពល
ទស្សនាវដ្តីសារព័ត៌មានសេរី

អតីត​សមមិត្ត​នារី​គឺ អ្នក​ស្រី ម៉ែន សំអន ដែល​ត្រូវ​បាន​ផ្លាស់​ប្ដូរ​តួនាទី​ពី​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា​និង​អធិការកិច្ច​អស់​រយៈ​ពេល​ជាង​៣ឆ្នាំ​ដោយ​ចាប់​ផ្ដើម កាល​ពី​ខែ​កញ្ញា​ឆ្នាំ២០០៨​នោះ ឥឡូវ​បាន​វិល​មក​កាន់​តំណែង​ដើម​របស់​ខ្លួន​វិញ​បន្ទាប់​ពី​មាន​ការ​បោះឆ្នោត​គាំ​ទ្រ ដោយ​សមាជិក​សភា​ពី​បក្ស​ប្រជាជន​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ជា​​មួយ​សម្លេង​១០៩​លើ​១០១។

អតីតសមមិត្តនារីម៉ែនសំអនដែលទើបតែងតាំងជាថ្មី សម្រាប់តួនាទីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច

អតីតសមមិត្តនារីម៉ែនសំអនដែលទើបតែងតាំងជាថ្មី សម្រាប់តួនាទីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច

អ្នក​ស្រី សោម គឹមសួគ៌ ជា​រដ្ឋមន្ត្រី​ក្រសួង​នេះ ត្រូវ​បាន​គាំ​ទ្រ​៨៨​សម្លេង ឲ្យ​ទៅ​កាន់​តួនាទី​ជា​ប្រធាន​អាជ្ញាធរ​សវនកម្ម​ជាតិ​ជំនួស​លោក អ៊ុត ឈន ប្រធាន​អាជ្ញាធរ​សវនកម្ម​ ចាស់​ដែល​ផុត​អាណត្តិ ។រួម​ទាំង​ការ​តែង​តាំង​អនុប្រធាន​២​រូប​ទៀត​របស់​អ្នក​ស្រី​គឺ​លោក ឆាយ គីម និង​លោក​សួន សុធី ​នៅ​ក្នុង​ស្ថាប័ន​ថ្មី​នេះ។

ហ៊ុន សែន ដែល​បាន​ចូល​រួម​ការពារ​សេចក្ដី​ស្នើ​របស់​ខ្លួន​ បាន​ថ្លែង​ទៅ​កាន់​អង្គ​សភា​ថា ការ​តែងតាំង​អ្នក​ស្រី ម៉ែន សំអន ឡើង​វិញ ឲ្យ​កាន់​តួនាទី​​ចំនួស​អ្នក​ស្រី សោម គឹមសួគ៌ គឺ​ដើម្បី​ឲ្យ​​ការងារ​នៅ​ក្រសួង​​នេះ ប្រសើរ​ឡើង ។ ដោយ​ថា ”វា​ចាំ​បាច់​ណាស់​ ដើម្បី​ធានា​ដល់​ប្រសិទ្ធិភាព​ការងារ​របស់​រដ្ឋាភិបាល” ៕

ប្រជាពលរដ្ឋ​ប្រមាណ ៤០០ គ្រួសារ នៅ​អន្លង់វែង តវ៉ា ចង់​ចុះឈ្មោះ​បោះឆ្នោត​

ដោយ : សុខ ភក្តី
ថ្ងៃទី 16 តុលា 2011
CEN

ឧត្តរមានជ័យ: យ៉ាងហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ពី ៣០០ ទៅ ៤០០ គ្រួសារ នៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ទី​រួម​ខេត្ត​ឧត្តរមានជ័យ បាន​តវ៉ា នៅ​ថ្ងៃ​អាទិត្យ ទី​១៦​តុលា ឆ្នាំ​២០១១ ខណៈ​ដែល​ប្រជាពលរដ្ឋ​ទាំងនោះ អះអាងថា មេឃុំ​អន្លង់វែង មិន​ព្រម​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​ពួកគេ​ឡើយ​។​

​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ បាន​ថ្លែង​តាម​ទូរស័ព្ទ ប្រាប់​ភ្នាក់ងារ CEN នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រជាពលរដ្ឋ​ប្រមាណ​ពី ៣០០ ទៅ ៤០០ គ្រួសារ នៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង មិន​បាន​ចុះឈ្មោះ​បោះឆ្នោត​ឡើយ​។ មូលហេតុ មក​ពី​មេឃុំ​អន្លង់វែង អះអាងថា ប្រជាពលរដ្ឋ​ទាំងនោះ មិន​មាន​ទីលំនៅ​ច្បាស់លាស់ ដោយ​ពួកគេ​រស់នៅ​ក្នុង​ដីព្រៃ ដែល​ជា​កន្លែង​អាណាធិបតេយ្យ​។​

​ចំណែក​ស្ត្រី​ម្នាក់ទៀត បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១៣​តុលា ឆ្នាំ​២០១១ ប្រជាពលរដ្ឋ​ទាំងនោះ បាន​លើកគ្នា​ទៅកាន់​សាលាឃុំ​អន្លង់វែង​ជាថ្មី​ម្តងទៀត ដើម្បី​សុំ​ចុះ​ឈ្មោះ​បោះឆ្នោត​។ ប៉ុន្តែ​មេឃុំ​មិន​ឲ្យ​ចុះ​ឈ្មោះ​ឡើយ​។ មេឃុំ​បាន​ឲ្យ​រក​សាក្សី ២​នាក់ ទៅ​ជាមួយ​។ តែ​ចុងក្រោយ ទោះ​ជា​ប្រជាពលរដ្ឋ​ទាំងនោះ បាន​រក​សាក្សី​បាន​ហើយ តែ​មេឃុំ​អន្លង់វែង នៅតែ​មិន​អនុញ្ញាត​ឲ្យ​ស្មៀនឃុំ ចុះ​ឈ្មោះ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ ៤០០ គ្រួសារ​នោះ​ឡើយ​។​

​ចំពោះ​ការលើកឡើង​របស់​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ មិនទាន់​មាន​អត្ថាធិប្បាយ​បែប​ណា​ពី​មេឃុំ​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នៅឡើយ​ទេ​។​

​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១​កញ្ញា ដល់​ថ្ងៃ​ទី​១៥​តុលា ឆ្នាំ​២០១១ នៅតាម​សាលាឃុំ​សង្កាត់​ទូទាំង​ប្រទេស​។ ដោយសារ​តែ​ទឹកជំនន់ មាន​ឃុំ​សង្កាត់​ចំនួន ៣៦៧ ដែល​បាន​លិច​ទឹក ត្រូវបាន គ​.​ជ​.​ប​. សម្រេច​បន្ថែម​រយៈពេល ៣ ថ្ងៃ សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​។​

​គ​.​ជ​.​ប​. បានប្រកាសថា អំឡុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​នា​ពេល​នេះ មាន​អ្នក​ចុះ​ឈ្មោះ​ថ្មី បាន​កើនឡើង​ច្រើន​ជាង​ការរំពឹងទុក​។ នោះ​គឺ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី នៅ​ឆ្នាំ​២០១១​នេះ មាន​ចំនួន ៨១២.០៩៤ នាក់​។ គ​.​ជ​.​ប​. ក៏​បាន​កែតម្រូវ​ឈ្មោះ​អ្នក​បោះឆ្នោត​ចំនួន ១២១.៤៥០ នាក់ និង​លុបឈ្មោះ​អ្នក​បោះឆ្នោត​ចំនួន ១៨៨.៨៣៤ នាក់​។​ពោល​គឺ​បញ្ជី​ឈ្មោះ​បោះឆ្នោត​បណ្តោះអាសន្ន នៅ​ឆ្នាំ​នេះ នឹង​មាន​ចំនួន​ជាង ៩,១ លាន​នាក់ ខណៈ​ដែល​អ្នក​បោះឆ្នោត​ឆ្នាំ​២០១០ មាន​ត្រឹមតែ​ជាង ៨,៥ លាន​នាក់​៕

ទឹកជំនន់ ហូរ​ច្រោះ ផ្តាច់​ផ្លូវ​លេខ​១១៨ ស្រប​ទន្លេមេគង្គ ទៅ​ក្អម​សំណ

ដោយ : CEN
ថ្ងៃទី 16 តុលា 2011

ភ្នំពេញ:​ លោក ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​១៦ ខែតុលា ឆ្នាំ​២០១១​ថា កំណាត់​ផ្លូវ​លេខ​១១៨ ភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ​១ ទៅ​ក្អម​សំណ​ព្រំដែន​កម្ពុជា​-​វៀតណាម បាន​បាក់ ធ្លាក់​ចូល​ក្នុង​ទន្លេមេគង្គ​។ ចំណុច​ច្រាំងទន្លេ ដែល​បាន​បាក់ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១១ ស្ថិត​នៅ​ម្តុំ​គីឡូម៉ែត្រលេខ​២៣ ក្នុង​ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើកដែក ខេត្ត​កណ្តាល ។​

​ចំណែក​លោក ជ​ន់ ប៉េងឡុង ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​កណ្តាល បានអោយ​ដឹង​នៅ​ថ្ងៃទី​១៦​តុលា​នេះ​ថា ច្រាំងទន្លេ​ដែល​បាន​បាក់​មាន​ប្រវែង ៣០០ ម៉ែត្រ ដោយ​បាក់​នាំយក​ទៅ​ជាមួយ​នូវ​ផ្លូវ​កៅស៊ូ​ប្រវែង​ជាង ១០០​ម៉ែត្រ​ផង​។ ការបាក់​ច្រាំង​នេះ មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ប្រជាពលរដ្ឋ​ទេ តែ​ផ្លូវ​នេះ ត្រូវបាន​កាត់ផ្តាច់​ចរាចរ​ហើយ ។

​ក្រសួង​ធនធានទឹក និង ឧតុនិយម កាលពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ថា​ចាប់តាំងពី​ពាក់កណ្តាល​ខែ​សីហា ឆ្នាំ​២០១១ មកដល់​ពេល​បច្ចុប្បន្ន ទឹក​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ បាន​ហក់​ឡើង​យ៉ាងខ្ពស់ ហើយ​ទឹកបាន​ហូរ​ចេញពី​ទន្លេ​ទាំងនេះ ទៅកាន់​ព្រែក​បឹងបួរ តំបន់​ទំនាប​លិច​ទឹក​នានា បង្ក​អោយមាន​ជា​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​នៅ​តាម​បណ្តា​រាជធានី និង​ខេត្ត ដែល​មាន​ភូមិសាស្ត្រ​ជាប់​នឹង​ដង​ទន្លេ​។ ស្ថានភាព​កម្ពស់​ទឹកទន្លេ និង​ស្ថាភាព​កម្ពស់​ទឹកជំនន់​នេះ បានធ្វើអោយ​ច្រាំង​ទន្លេ​មេគង្គ ទន្លេសាប និង​ច្រាំង​ទន្លេ​បាសាក់ មាន​សភាព​សើម​ជាប់​ជាប្រចាំ និង​បាត់បង់​អស់​មួយ​ផ្នែក​នូវ​លំនឹង​។​

​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក បញ្ជាក់ថា បច្ចុប្បន្ន​ទឹក​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ចាប់ផ្តើម​ស្រក ហើយ​នឹង​ស្រក​ចុះ​កាន់តែ​លឿន​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​។ នៅពេល​ទឹក​ចាប់ផ្តើម​ស្រក ច្រាំងទន្លេ​នានា ត្រូវ​ប្រឈម​នឹង​បាតុភូត​ជល​សាស្ត្រ​ធំ​២​។ ទី​១ គឺ​ទឹក​ដែល​បាន​លិច​តំបន់​នានា បាន​ប្រមូលផ្តុំ​ហូរ​ចូល​ទន្លេ​វិញ​។ បាតុភូត​នេះ ហាក់ដូចជា​ទាញ​ច្រាំងទន្លេ​អោយ​បាក់ស្រុត​។ ទី​២​គឺ ទឹក​ដែល​ហូរ​ស្រក​ចុះ​មាន​ធារទឹក​ខ្លាំង ក៏​ជា​កត្តា​ស្រូប​ទាញ​ច្រាំង​ទន្លេ​ផង​​ដែរ​។ បាតុភូត​ទាំង​២​ខាងលើ​រួមផ្សំ​នឹង​ស្ថានភាព​ច្រាំងទន្លេ​បច្ចុប្បន្ន ដែល​មាន​សភាព​សើម​ទន់ ដោយ​ការ​ត្រាំ​ទឹកជំនន់​មក​យូរហើយ​នោះ អាច​ធ្វើអោយ​ច្រាំងទន្លេ​ប្រឈម​នឹង​បាក់​ចុះ ក្នុង​កម្រិត​ខ្ពស់​ជាង​ពេល​ទឹក​ឡើង​។​

​ស្ថានភាព និង​បាតុភាព ដូច​បាន​ជម្រាបជូន​ខាងលើ​នេះ លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​លំនៅស្ថាន តាម​ដង​ទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ សូម​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់បំផុត ដើម្បី​ចៀសវាង​នូវ​រាល់​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជា​យថាហេតុ​៕

អង្ករឡើងថ្លៃ​ ដោយសារតម្រូវការ នៅលើទីផ្សារ កើនឡើងខ្ពស់

Sunday, 16 October 2011
ដោយៈ សេង ផល្លាភ
DAP NEWS

ភ្នំពេញៈ ប្រធានសមាគម រោងម៉ាស៊ីន កិនស្រូវ ប្រចាំខេត្ត កំពង់ចាម បានអះអាងថា ការឡើងថ្លៃអង្ករ នៅលើទីផ្សារ មិនមែន មកពីខាង រោងម៉ាស៊ីន កិនស្រូវ នោះទេ ប៉ុន្តែ មកពីមាន តម្រូវការ នៅលើទីផ្សារ ធំជាងការផលិត ទើបបានជា អង្ករមានការ ឡើងថ្លៃបែបនេះ ។

ប្រធានសមាគម រោងម៉ាស៊ីន កិនស្រូវ ប្រចាំខេត្ត កំពង់ចាម លោក សែ ឡាលុច បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ឲ្យដឹងនៅថ្ងៃ ទី១៦ ខែតុលា ឆ្នាំ២០១១ ថា មានមតិខ្លះ បានលើកឡើងថា ការឡើង​ថ្លៃអង្ករ គឺដោយសារតែ​ ខាងរោងម៉ាស៊ីន កិនស្រូវ ប៉ុន្តែ មិនមែននោះទេ ខាងរោងម៉ាស៊ីន កិនស្រូវ ​មិន​អាច​ចេះតែ តំឡើងថ្លៃអង្ករ​ ដោយខ្លួនឯង បានឡើយ ដោយសារតែ ខាងរោងម៉ាស៊ីន ​កិនស្រូ វ​គឺជាអ្នក​ផលិត ហើយបញ្ជូន យកមកឲ្យម៉ូយ ហើយពួកគាត់ យកទៅលក់បន្ត ។​ ជាទូទៅ​កាល ណាតម្រូវ ការ​នៅលើទីផ្សារ មានទំហំធំជាង ការផលិត នោះតម្លៃអង្ករ​ តែងតែមានការ ឡើងថ្លៃជាធម្មតា ។

លោកបន្តថា «បានជាអង្ករ មានការឡើងថ្លៃ នេះមិនមែនពី កត្តាទឹកជំនន់ នោះទេ ប៉ុន្តែ​ដោយសារតែ ​រដូវនេះ ជិតនឹងអស់ ស្រូវចាស់ហើយ ក៏ជិតនឹងដល់ស្រូវថ្មី ដល់​ពេល​អញ្ចឹង​ នៅតាមរោង ម៉ាស៊ីន​នីមួយៗ ស្រូវមានតិចតួចណាស់ ដូច្នោះគាត់កិនទៅ ប៉ុន្តែតម្រូវការ មានច្រើន ដែលយើងមិនមាន លទ្ធ​ភាព​សម្រាប់ ផ្គត់ផ្គង់​គ្រប់គ្រាន់ ពេលនោះ​ យើងព្យាយាមរក ទិញស្រូវ ឲ្យបានច្រើន ហើយធ្វើឲ្យស្រូវ​ មានការ​ឡើងថ្លៃ ដែលធ្វើឲ្យប៉ះពាល់​ ដល់ការផលិត ហើយអង្ករក៏ ត្រូវឡើងថ្លៃដែរ» ។

លោក សែ ឡាលុច បានបញ្ជាក់ថា បច្ចុប្បន្ននេះ ស្រូវដែលទិញ ពីប្រជាកសិករ ចំពោះស្រូវអ៊ីអ៊ែ ក្នុង​មួយ​គីឡូ មានតម្លៃ ១៣៥០​ រៀល សម្រាប់ស្រូវផ្កាម្លិះ មួយគីឡូ ១៧០០​ រៀល ហើយស្រូវដែល ទិញពី​ប្រជាកសិករ ភាគច្រើន មកពីខេត្ត កំពង់ចាម កំពង់ធំ ខេត្តបាត់ដំបង ប៉ុន្តែ​មួយរយៈក្រោយ ​ដោយសារ​តែ ទឹកលិចផ្លូវ​ អាជ្ញាធរ​ មិនឲ្យរថយន្ត ធុនធ្ងន់ បើកឆ្លងកាត់ ហើយតម្រូវឲ្យ រោងម៉ាស៊ីន ​ទាំងនោះ រកទិញ​ស្រូវ នៅកន្លែងជិត ទើបធ្វើឲ្យស្រូវ​ នៅតាម រោងម៉ាស៊ីន មួយចំនួន មានការខ្វះ ខាតស្រូវ ។

សូមជម្រាបថា ក្នុងកំឡុងពេល ប៉ុន្មានថ្ងៃនេះ អង្ករ មានការឡើងថ្លៃ ខុសប្រក្រតី ដោយមានជន ឱកាស​និយម ​មួយចំនួន បានឆ្លៀតតម្លើង ថ្លៃអង្ករ ក្នុងពេលដែល ព្រះរា​ជាណាចក្រ កម្ពុជា ជួបប្រទះគ្រោះ​ ទឹកជំនន់ ។ ទើបសាលារាជធានី ភ្នំពេញ បាន សហការជាមួយ ធនាគារអភិវឌ្ឍន៍ ជនបទរៀបចំ ទីតាំង​លក់អង្ករ ជូនប្រជាពលរដ្ឋ ចំនួន ៦ ទីតាំងគឺ នៅមុខវត្តបទុមវតី ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ នៅផ្សាររាត្រី ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ នៅមុខស្ថានីយ៍ រថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌ​ដូនពេញ នៅទីតាំងផ្សារ ច្បារអំពៅ ក្នុងសង្កាត់ ច្បារអំពៅទី២ ខណ្ឌមានជ័យ នៅសាលាសង្កាត់ ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និងទីតាំង ផ្សារជម្ពូវ័ន្ត ក្នុងសង្កាត់ ចោមចៅ ខណ្ឌដង្កោ ។

សូមបញ្ជាក់ថា តម្លៃអង្ករ នៅរាជភ្នំពេញ គិតមកត្រឹមថ្ងៃនេះ គឺមួយបាវអង្ករ ១៤ម៉ឺនរៀល ក្នុង​នោះអង្កផ្កាខ្ញី តម្លៃ ២៨០០រៀល ក្នុង ១គីឡូ អង្ករក្រអូប ៣០០០រៀល ក្នុង ១គីឡូ ហើយតម្លៃអង្ករ ​តាម​ទីផ្សារផ្សេង អាចនឹងកើនឡើង ទៀត ដោយសារមាន ក្រុមឱកាសនិយម ឆ្លៀតឡើងតម្លៃ ខុសទីផ្សារ ៕

ចាន់ ស្រីរ័ត្ន នាំម្ចាស់ចិត្ត ទៅដើរលេងនៅ វៀតណាម

Written by ភ្នំពេញដេលីញូវ
Monday, 17 October 2011

ក្រោយពីទៅ ដើរបង្ហាញម៉ូដ នៅប្រទេស វៀតណាម កាលពីពាក់ កណ្តាលខែកញ្ញា ឆ្នាំ ២០១១ មក មានការនិយាយ ខ្សឹបខ្សៀវគ្នា ក្នុងចំណោម មិត្តភក្តិកញ្ញា ចាន់ ស្រីរ័ត្ន ថា នាងបាននាំ ម្ចាស់ចិត្ត ទៅដើរលេង ជាមួយនៅឯ ប្រទេស វៀតណាម យ៉ាងសប្បាយ ផ្ទុយពីពាក្យអះ អាង កន្លងមកថា នាងចង់នៅ សិក្សាឱ្យចប់ មហាវិទ្យាល័យ សិន ទើបគិត ពីរឿង គូអនាគត ។

ដើម្បីឱ្យ ទទួលបាន ការពិត អ្នកយកព័ត៌មាន បានជួបជាមួយ កញ្ញា ចាន់ ស្រីរ័ត្ន ធ្វើការសាកសួរ និង សម្ភាសនាង ជុំវិញរឿងនោះ ថាតើជាការពិត ឬយ៉ាងណា ? ដោយក្នុងនោះ នាងបានសើច បណ្តើរនិយាយ ប្រាប់បណ្តើរថា គឺជាការពិត ព្រោះនាងបាននាំ គាត់ទៅដើរលេង ជាមួយនៅ ប្រទេស វៀតណាម រយៈពេល ៤ ទៅ ៥ ថ្ងៃ ក្នុងពេល ដែលរូបនាង ត្រូវទៅចូលរួម ដើរបង្ហាញម៉ូដ នៅប្រទេស វៀតណាម ពីថ្ងៃទី ១២ ដល់ ១៦ ខែកញ្ញា ឆ្នាំ ២០១១ ទើបវិល ត្រឡប់មកវិញ ។ ការដែលមិត្តភក្តិ របស់នាងនាំគ្នា និយាយដូច្នេះ ក៏ព្រោះតែនាង បាន ប្រាប់មិត្តភក្តិ ទៅជាមួយថា នាងសុំនាំ ម្ចាស់ចិត្ត ដើរតាមហើយ ។ ដំបូងមិត្តភក្តិ នាង ក៏ភ្ញាក់ផ្អើល និង ងឿងឆ្ងល់គ្រប់គ្នា ព្រោះតែនាង ហាក់ដូចជា ក្លាហាន ជ្រុលពេកហើយ ដែលហ៊ាន ប្រាប់គេឯង ថាមានម្ចាស់ចិត្ត និង នាំទៅដើរលេង ជាមួយគ្នាយ៉ាង ចេញមុខទៀតផង នោះ ។ ពេលជួបជុំ គ្នា ចេញដំណើរទៅ ប្រទេស វៀតណាម មិត្តភក្តិនាងក៏ចេះតែ សង្កេតរកមើល ម្ចាស់ចិត្តរបស់នាង តែពុំឃើញ អ្នកចម្លែកសោះ ទើបគេក៏សួរនាង ថាឯណាទៅ ម្ចាស់ចិត្ត របស់នាង ? ពេលនោះ នាងក៏បានចង្អុល ប្រាប់ថា “នេះនែ ! ម្ចាស់ចិត្តរបស់ខ្ញុំ គឺអ្នកម្តាយខ្ញុំនេះ ឯង” ។ គ្រាន់តែនិយាយ ប្រាប់គេដូច្នេះភ្លាម គេក៏នាំគ្នាសើច គឹលឡើង និង ចេះតែនិយាយ បង្អាប់សើចលេងថា ស្មានតែមាន គូស្នេហ៍មែន ដឹងអីមានត្រឹម ម្ចាស់ចិត្តសោះ ។

ចាន់ ស្រីរ័ត្ន បានអះអាងថា នាងនៅតែ មិនទាន់គិតពី រឿងគូស្នេហ៍ គូស្និទ្ធអ្វី នៅឡើយទេ សំខាន់ចង់រៀនឱ្យចប់ មហាវិទ្យាល័យសិន ព្រោះពេល នេះនាងកំពុង រៀនផ្នែកគ្រប់គ្រង ថ្នាក់ឆ្នាំទី ២ នៅមហាវិទ្យាល័យ ជាតិគ្រប់គ្រង ។

ក្រៅពីការសិក្សា កញ្ញា ចាន់ ស្រីរ័ត្ន កំពុងមមាញ្ញឹក ខ្លាំងផងដែរក្នុង សិល្បៈ ដែលពេលនេះ នាងបានចូលរួម ថតសម្តែងវីដេអូ រឿង “មេឃមួយចន្ទពីរ” ដែលត្រៀមដាក់ បញ្ចាំងនៅលើ កញ្ចក់ទូរទស្សន៍ អាស៊ី អាគ្នេយ៍ នាពេលខាងមុខ ដោយក្នុង រឿងនោះ នាងត្រូវបានគេ តម្រូវ ឱ្យដើរតួជា កូនស្រីអ្នកមាន ទ្រព្យសម្បត្តិ ស្តុកស្តម្ភ មានចរិត កាចឆ្នាសឆ្នើម ។

ជាមួយគ្នានោះ នាងក៏ត្រូវថតសម្តែង វីដេអូរឿងភាគឱ្យ ផលិតកម្ម មហាហង្ស គឺរឿង “ម្ចាស់គំនុំម្ចាស់ស្នេហ៍” ដែលនាងគឺជា តួឯក ហើយរឿងនោះ ត្រៀមនឹងដាក់បញ្ចាំង នៅលើកញ្ចក់ ទូរទស្សន៍ រាជធានី ភ្នំពេញ ប៉ុស្តិ៍លេខ ៣ នាពេលខាងមុខ ។

ថ្វីបើ ចាន់ ស្រីរ័ត្ន ជាតួសម្តែងថ្មី តែដោយមានរូប សម្ផស្សសម្រស់ល្អ ឆើតឆាយជាទី គយគន់ គួបផ្សំនឹង បទពិសោធ បច្ចេកទេស នៃការសម្តែងមាន ភាពប៉ិនប្រសប់ ទើបនាងត្រូវបាន គេទាក់ទង ហៅចូលសម្តែង បាន ជាច្រើនរឿង នាពេល កន្លងមក ដូចជា រឿង “បេសកកម្ម តន្ត្រី”, រឿង “ល្បិចស្រី”, រឿង “ម្ចាស់បេះដូង”, រឿង “រាជិនីដួងចិត្ត” រឿង “ក្រោមមេឃបើគ្មាន អូន”, រឿង “បណ្តាសាថើប”… ជាដើម ។

ក្រៅពីសម្តែងរឿង វីដេអូ នាងថែមទាំង ជាអ្នកដើរបង្ហាញ ម៉ូដម្នាក់ និង បានចូលរួមថត ស្ប៉តពាណិជ្ជកម្មខ្លីៗ ជាច្រើន មានដូចជាស្ប៉ត គូស្នេហ៍ អាពាហ៍ពិពាហ៍ ស្រាបៀរអាន់ឆ័រ, ថត ស្ប៉តម្សៅប៉ុបពី, ថតស្ប៉ត ស្រាបៀរ ភ្នំពេញ, ថតស្ប៉តឱ្យឃ្យូប, ថតស្ប៉តស្តីពី ការថែរក្សា បរិស្ថាន ដែលនាងធ្វើជា គ្រូរបស់នាយក្រិន, ថត ស្ប៉តពាណិជ្ជកម្ម ម៉ូតូហុងដាឌ្រីម ២០១១, ថត ឱ្យ ANZ…. ជាដើម ៕

យុង ចាន់សុធាវី បែកបាក់សង្សារចូលមករកសិល្បៈស្តារឈ្មោះវិញ

Written by ភ្នំពេញដេលីញូវ
Monday, 17 October 2011

បាត់មុខនាង អស់រយៈ ជាច្រើនឆ្នាំមកហើយ ទើបតែកាលពី ដើមខែតុលា ឆ្នាំ ២០១១ គេបានឃើញ អ្នកចម្រៀង យុង ចាន់សុធាវី ចេញបង្ហាញមុខ ជាសាធារណៈឡើងវិញ ក្នុងកម្មវិធីតន្ត្រី នៅតាមបណ្តា ស្ថានីយ ទូរទស្សន៍ នានា ។ នៅក្នុងរយៈពេល បាត់មុខ អ្នកចម្រៀង យុង ចាន់សុធាវី កាលពីប៉ុន្មានឆ្នាំមុន គឺមានការលេចឮ នូវពាក្យ ខ្សឹបខ្សៀវថា នាងមានប្តី និង បានទៅរស់នៅ តាមប្តី ឯប្រទេសបារាំង បាត់ហើយ ។ ពេលនេះ លេចមុខនាង ត្រឡប់មកវិញ ធ្វើឱ្យគេសង្ស័យថា នាងបែកបាក់ ពីប្តីហើយ ទើបសម្រេចចិត្ត មកស្រុកខ្មែរ វិញ ។

ជួបជាមួយ យុង ចាន់សុធាវី តាមទូរស័ព្ទ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១១ កន្លងទៅ នាងបានទ ទួលស្គាល់ថា ការបាត់មុខនាង ជាងមួយឆ្នាំ កន្លងទៅនេះ គឺពិតជាបានទៅ ប្រទេសបារាំង មែន ដោយត្រូវទៅ វះកាត់ដុំ គីស នៅដៃស្បូន ព្រមទាំងបន្តស្នាក់ នៅផ្ទះបងប្អូន និង ពេលនេះ បានជា សះស្បើយហើយ ទើបវិលត្រឡប់មក ស្រុកខ្មែរវិញ ។

ឆ្លើយតបចំពោះ ព័ត៌មាន ដែលថា នាងមានប្តីនៅ ប្រទេសបារាំង យុង ចាន់ សុធាវី បានបកស្រាយ ប្រាប់ឱ្យដឹងថា នាងមិនទាន់ មានប្តីទេ ព្រោះមិនទាន់រៀបការ គឺគ្រាន់តែជា សង្សារប៉ុណ្ណោះ តែដោយសារ ចរិតមិនត្រូវ គ្នា ហើយគេ មិនចូលចិត្ត អ្នកសិល្បៈដូចជា រូបនាងផង ទើបបែកបាក់គ្នា ទៅវិញបន្ទាប់ពី ស្គាល់ និង ស្វែងយល់ចិត្តគ្នា បានរយៈពេលខ្លី ប៉ុណ្ណោះ ។ បុរសនោះក៏ត្រូវ ជាប់សាច់ឈាម ជាបងប្អូនដែរ តែសាច់ឆ្ងាយបន្តិច ពេលនេះគ្មានការ ទាក់ទងគ្នាទៀតទេ គឺដាច់ស្រេចគ្នា អស់ហើយ ។

នាងបានឱ្យដឹងថា ការចេញទៅ ក្រៅប្រទេស ទើបតែជាង មួយឆ្នាំប៉ុណ្ណោះ តែចំពោះការដែល គេមិនឃើញនាង ឡើងច្រៀង ប្រមាណជិត ៥ ឆ្នាំមកហើយ ដែលក្នុងនោះ គ្រាន់តែនាងសម្រាក នៅផ្ទះជួយ លក់សម្លៀក បំពាក់ ប្អូនអស់រយៈជាង ៣ ឆ្នាំ ដល់ ឆ្នាំ ២០០៨ នាងចេញ ទៅប្រទេសអូស្ត្រាលី បានជាង ២ ខែ វិលមកវិញ ក៏បន្តទៅកាន់ ប្រទេស បារាំង ដោយស្នាក់នៅ ទីនោះរយៈ ជាងមួយឆ្នាំ រហូតដល់ចុងឆ្នាំ ២០១០ ទើបនាងវិល មក មាតុភូមិវិញ ។

ការវិលត្រឡប់ ចូលប្រឡូក ក្នុងសិល្បៈចម្រៀង របស់ យុង ចាន់សុធាវី ពេលនេះ ត្រូវបានគេ ចាប់អារម្មណ៍ថា គឺនាងចង់ស្តា រកេរ្តិ៍ឈ្មោះ របស់នាង ឱ្យល្បីជាថ្មី ឡើងវិញ ព្រោះគេហាក់ភ្លេចនាង បាត់ទៅហើយ ព្រោះ បាត់មុខនាង យូរពេក ។

យុង ចាន់សុធាវី បានប្រកាសថា នាងវិលមកនេះ គឺក្នុងបំណង ចូលប្រឡូកឱ្យ ខ្លាំងក្លាលើសមុន ដើម្បីឱ្យទទួលបាន ការគាំទ្រ និង ចាប់អារម្មណ៍ពី ទស្សនិកជនជាថ្មី ឡើងវិញ និង ត្រៀមខ្លួន ឡើងច្រៀង តាមបណ្តា ស្ថានីយ ទូរទស្សន៍នានា ដែលគេ អញ្ជើញឱ្យ ទៅច្រៀង ព្រម ទាំងត្រៀមខ្លួន ទៅច្រៀងតាមហាង បើមានគេត្រូវការ ឱ្យនាងច្រៀង ប្រចាំហាង ដូចជាពេលនេះ នាងក៏បានច្រៀងឱ្យ ផលិតកម្មនាគមាស ផងដែរ ។

យុង ចាន់សុធាវី ដែលកន្លងទៅ និយមច្រៀងបទ មនោសញ្ចោតនា របស់អ្នក ចម្រៀងជើងចាស់ ប៉ែន រ៉ន គឺជាអ្នកចម្រៀងម្នាក់ ដែលបាន ប្រឡងចម្រៀង ជាប់ចំណាត់ថ្នាក់ លេខ ១ កាលពីឆ្លង សហស្សវត្សរ៍ឆ្នាំ ២០០០ ដោយកាលនោះ នាងច្រៀងបទ “វាលស្រីស្រណោះ” គឺ នាងប្រឡង ជំនាន់ អ្នកចម្រៀងប្រុស អ៊ុក ណារីម បានលេខ ១ ដែរ ៕

អាហារអ្វីខ្លះ មានសារជាតិប៊ីចេង ពីធម្មជាតិ?

Written by ភ្នំពេញដេលីញូវ
Saturday, 15 October 2011

យើងធ្លាប់សង្កេត ដែរឬទេថា ពេលដែលភ្លក្ស រសជាតិ អាហារបួស ពិសេសពី ផ្សិតកញ្ចូរ តែងមានរស់ជាតិ ឆ្ងាញ់ពិសារ ជាប់មាត់ ។ ការពិតរស់ជាតិ ដ៏ល្អពិសេសនេះ ព្រោះថាក្នុងផ្សិត ប្រភេទនេះ មានរសជាតិ ប្រភេទ (ក្លូតាម៉េត) ឬអាច ហៅបានថា ជាប៊ីចេងបានពី ធម្មជាតិ(អូម៉ាមិ) ផ្ទាល់តែម្តង ។ យើងមិនបាច់ដាក់ ប៊ីចេង ក៏រស់ជាតិឆ្ងាញ់ ពីធម្មជាតិ មានស្រាប់ ទៅហើយ ។

(អូម៉ាមិ) ក្រៅពីសម្បូរច្រើន ក្នុងផ្សិតកញ្ចូហើយ ប៊ីចេង ដែលបានពី ធម្មជាតិ មួយប្រភេទនេះ គេឃើញនៅជាប់ ជាមួយអាហារ ជាច្រើនទៀត ដូចជាសាច់មាន់ អាហារសមុទ្រ និងរួមទៅដល់ បន្លែដូចជា ប៉េងប៉ោះ ខ្ទឹមស និងសណ្តែកតួ ឡាន់តៅ ជា ដើម ។ ដូចនេះឃើញថា បើចង់បានប៊ីចេង ពីធម្មជាតិ យើងមិនចំបាច់ រកច្រើនឡើយ គ្រាន់តែយក អាហារទាំងនេះ មកបរិភោគ គឺបានទទួល គ្រប់គ្រាន់ ហើយនិងក្រៅពី មានរស់ជាតិឆ្ងាញ់ វានៅមិនបង្កការ ប៉ះពាល់ដល់ សុខភាព ទៀតផង ៕

ជាតិកាកាវ កាត់បន្ថយ ជាតិកូឡេស្តេរ៉ូល ក្នុងឈាម

Written by ភ្នំពេញដេលីញូវ
Saturday, 15 October 2011

ការវិភាគ ជាទូទៅមួយ ដែលត្រូវបានគេ ប្រកាសនៅលើ ទស្សនាវដ្តី European Journal of Clinical Nutrition បានឱ្យដឹងថា សារជាតិ ប៉ូលីហ្វេណូល ក្នុងកាកាវអាច ជួយកាត់បន្ថយ កម្រិតកូឡេស្តេរ៉ូល ក្នុងឈាម ។

យោងតាម អ្នកវិទ្យាសាស្ត្រ នៃមហាវិទ្យាល័យ ហារវ៉ាត (អាមេរិក) ការបរិភោគ សូកូឡាខ្មៅ ដែលសម្បូរទៅដោយ ប៉ូលីហ្វេណូល នឹង កាត់បន្ថយកម្រិត កូឡេស្តេរ៉ូល ក្នុងឈាម ជាពិសេសគឺ កូឡេស្តេរ៉ូលអាក្រក់ LDL ។

ក្រុមអ្នកវិទ្យាសាស្ត្រ បានពិនិត្យយ៉ាង ល្អិតល្អន់ ទៅលើការពិសោធ រយៈពេលយូរ ចំនួន ១០ លើក ដោយមានអ្នក ចូលរួម ស្ម័គ្រចិត្តចំនួន ៣២០ នាក់ ដើម្បីស្វែងយល់ ឱ្យកាន់តែច្បាស់ អំពីឥទ្ធិពលរបស់ ប៉ូលីហ្វេណូល ក្នុងកាកាវទៅលើ កម្រិតខ្លាញ្ញ់ ក្នុង ឈាម ។ លទ្ធផលបាន បង្ហាញថាការ ទទួលទាន កាកាវ ឬ សូកូឡាខ្មៅ ជារៀងរាល់ថ្ងៃ (ក្នុង ២ ទៅ ៣ សប្តាហ៍) អាចកាត់បន្ថយ កម្រិតកូឡេស្តេរ៉ូល អាក្រក់ ជាមធ្យមបាន 5/9 mg/dl និង ៦,២៣ និងកម្រិត កូឡេស្តេរ៉ូល ទាំងមូល 6/23 mg/dl ៕

ក្រុង​ភ្នំពេញ​មាន​ផែន​ការ​រៀប​ចំ​ពិធី​បុណ្យ​អុំ​ទូក

សៅរ៍ 15 តុលា 2011
មាសមុន្នី
ទស្សនាវដ្តីសារព័ត៌មានសេរី

បើ​ទោះ​បី​មាន​ការ​ប្រកាស​កាល​​ដោយ​នាយក​រដ្ឋមន្ត្រី​ពី​ការ​លុប ចោល​ការ​រៀប​ចំពោះ​ធីធី​បុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ ដោយ​យោង​ទៅ​លើ​បញ្ហា​គ្រោះ​ទឹក​ជំនន់​ក្ដី ក៏​មន្ត្រី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា គេ​មាន​ផែន​ការ​ដើម្បី​រៀប​ចំ​ពិធី​ជា​ប្រពៃណី​នេះ ។

ពិធីបុណ្យអុំទូកនៅទីក្រុងភ្នំពេញនាពេលកន្លងទៅ

ពិធីបុណ្យអុំទូកនៅទីក្រុងភ្នំពេញនាពេលកន្លងទៅ

លោក សុខ សម្បតិ្ត ចៅ​ហ្វាយ​ខណ្ឌ​ដូន​ពេញ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា សាលា​ក្រុង​ភ្នំពេញ ​កំពុង​មាន​គម្រោង​រៀបចំ ឲ្យ​មាន​ការ​ប្រគំ​តន្ត្រី​និង ជួល​ទី​ធ្លា​សាធារណៈ​សម្រាប់​អាជីវករ​លក់​ដូរ​នៅ​តាម​ផ្លូវ , “​​យើង​មាន​ការ​ប្រគំតន្ត្រី​ និង​​អាជីវករ​លក់​ដូរ​ដូច​កាល​ពី​ឆ្នាំ​មុន ហើយ​ប្រជាពលរដ្ឋ​នឹង​មក​ចូល​រួម​ពិធី​បុណ្យ​អុំ​ទូក​ដដែល ,ប៉ុន្តែ​ខ្ញុំ​គិត​ថា នឹង​មាន​មនុស្ស​តិច​ជាង​ឆ្នាំ​មុន” ។

ជា​រៀង​រាល់​ឆ្នាំ តាម​ប្រពៃណី​ខ្មែរ ពិធី​បុណ្យ​អុំទូក​ដ៏​រីករាយ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ៩ , ១០ និង​ទី ១១​ខែ​វិច្ឆិកា ។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​ទៅ​ពិធី​នេះ បាន​នាំ​ឲ្យ​មាន​ភាព​សោក​សង្រេង ខណៈ​ដែល​​​អ្នក​ចូល​រួម​យ៉ាង​ហោច​ណាស់​​៣៥៣​នាក់​ស្លាប់ និង ជាង៤រយ​នាក់​ទៀត​រង​របួស ក្នុង​ហេតុការណ៍​លើ​ស្ពាន​កោះ​ពេជ្រ ដែល​មិន​បណ្ដាល​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​ណា​ម្នាក់​ក្នុង​ពិធី​នេះ នា​ពេល​នោះ​ត្រូវ​ចាប់​ទោស​ឡើង ។

ទាក់​ទង​ការ​រៀប​ចំ​ពិធីបុណ្យ​អុំទូក​នេះ ក៏​មាន​សេចក្ដី​រាយ​ការណ៍​ពី​ខេត្ត​បាត់​ដំបង​មក​ថា នៅ​ខេត្ត​នេះ​ក៏​មាន​ការ​រៀប​ចំ​ពិធី​បុណ្យ​អុំទូក​ដែរ ដែល​បើ​ទោះ​បី​កម្ពុជា​កំពុង​ប្រឈម​គ្រោះ​ទឹក​ជំនន់ ដែល​រហូត​មក​​ដល់​ពេល​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ជិត ២៥០នាក់​​​បាត់​បង់​ជីវិត​ក្ដី ។ ដែល​ថា ជាង​មួយ​សប្ដាហ៍​ហើយ ដែល​ក្រុម​កី​ឡក​បាន​ហាត់​ សម​ទូក​របស់​ពួក​គេ ៕

ប្រកាស​ចោលការ​ប្រកួត​កីឡា​អ៊ុំ​ទូក​ជើងឯក​ជាតិ​ឆ្នាំ ២០១១

ដោយ : រស្មី
ថ្ងៃទី 16 តុលា 2011
CEN

ភ្នំពេញ:​ នាយកដ្ឋាន​អប់រំ​កាយ និង កីឡា​បានប្រកាស​លុបចោល​ការ​ប្រកួត​កីឡា​ប្រកួត​ទូក ប្រពៃណី ទូក​កា​នូ និង ទូក​កា​យ៉ាក់​ជើងឯក​ ជាតិ​ឆ្នាំ ២០១១នេះហើយ ។​

លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា

លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា

​ ​លោក ​ហ៊ុន សាមុត​ ប្រធាន​នា​យក​ដ្ឋា​ន​អប់រំ​កាយ និង កីឡា​ដែលជា​អ្នកចុះហត្ថលេខា​លុបចោល​ការប្រកួត​នោះបាន​ឲ្យ​ដឹងថា​ ស្ថានភាព​ទឹកទន្លេ​បាសាក់​ឆ្នាំនេះ​មាន​កម្រិត​ខ្ពស់ ហូរ​ខ្លាំង មាន​ខ្យល់ និង​ភ្លៀង​ធ្លាក់ វា​អាច​ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​កីឡាករ​នោះ​ ទើប​លោក​សម្រេចចិត្ត​លុបចោល​ការប្រកួត​សម្រាប់​ឆ្នាំនេះ ។​

​ ​តាម​ការគ្រោងទុក​ការប្រកួត នឹង ចាប់ផ្ដើម​ពីថ្ងៃ​ទី ១៧ ដល់ ថ្ងៃទី ២៣​តុលា ដោយ​ប្រកួត​នៅ​ទីក្រុង​តាខ្មៅ​ខេត្តកណ្ដាល ។​ វិញ្ញាសារ​ប្រកួត​មាន ការប្រកួត​ទូ​ប្រពៃណី​ចំណុះ ១២​នាក់ និង ២២​នាក់ ចម្ងាយ ៥០០​ម៉ែត្រ និង ចម្ងាយ ១០០០​ម៉ែត្រ ។ ការ​ប្រ​ កួត​ទូក​កា​យ៉ាក់​ប្រភេទ​ទូក​អ៊ុំ​ច្រវារ ២ ដោយ​កីឡាករ​សណ្ដូកជើង​ទៅមុខ និង ទូក កា​នូ​ប្រភេទ​ទូក​អ៊ុំ​លុតជង្គង់​ចម្ងាយ ២០០​ម៉ែត្រ និង​ ៥០០​ម៉ែត្រ ។​

​ ​លោក​ប្រធាន​នាយកដ្ឋាន​ឲ្យ​ដឹង​ទៀតថា​នេះ​ចា​ការលុបចោល​ការប្រកួត​ជា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​ដោយសារ​បញ្ហា​ធម្មជាតិ តែ​ សម្រាប់​ឆ្នាំក្រោយ​ការប្រកួត​រៀបចំ​ធ្វើជា​ធម្មតា​តែ​ឡើងវិញ ។

ក្រុម​មន្ត្រី​ថា ការ​ផ្អាក​បញ្ជូន​ពលករ​ទៅ​ម៉ាឡេស៊ី​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ

សៅរ៍ 15 តុលា 2011
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

ក្រុម​មន្ត្រី​ក្រសួង​ការងារ​បាន​និយាយ​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​មាន​ការ​បញ្ជា​​ផ្ទាល់​មាត់​ពី​នាយក​រដ្ឋមន្ត្រី អំពី​ការ​ឲ្យ​​ផ្អាក​បញ្ជូន​ពលករ​កម្ពុជា​ទៅ​បំរើ​ការងារ​តាម​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្ដី ក៏​ក្រសួង​នេះ​បាន​ចាត់​​ទុក​ជា​ការ​ប្រកាស​ផ្លូវ​ការ​មួយ ហើយ​បាន​សម្រេច​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ចំពោះ​ការ​បញ្ជូន ពលករ​ទៅ​​ប្រទេស​ម៉ាឡេស៊ី ។

ក្រុមហ៊ុនបញ្ជូនពលករទៅម៉ាឡេស៊ីឈ្មT&Pដែលរកឃើញថា បានរំសិទ្ធិពលករធ្ងន់ធ្ងរ

ក្រុមហ៊ុនបញ្ជូនពលករទៅម៉ាឡេស៊ីឈ្មT&Pដែលរកឃើញថា បានរំសិទ្ធិពលករធ្ងន់ធ្ងរ

បើ​ទោះ​បី​​ការ​លើក​ឡើង​របស់​​នាយក​រដ្ឋមន្ត្រី​ខ្មែរ មិន​ទាន់​ជា​ផ្លូវ​ការ​ក្ដី ប៉ុន្តែ​លោក អ៊ុំ មាន រដ្ឋលេខាធិការ​ក្រសួង​ការងារ​បាន​ថ្លែង​​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ”ខ្ញុំ​ទើប​ទទួល​បាន​ព័ត៌មាន​​​មិន​ផ្លូវការ​​ អំពី​ការ​ផ្អាក​បណ្ដោះ​អាសន្ន​ នេះ ។ វា​ជា​សេចក្ដី​សម្រេច ​របស់​ថ្នាក់​លើ ដូច្នេះ​យើង​នៅ​ថ្នាក់​ក្រោម​ត្រូវ​តែ​អនុវត្ត​តាម​បញ្ជា​ថ្នាក់​លើ” ។

ការ​ផ្អាក​នេះ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ បន្ទាប់​ពី​មាន​ការ​ទាមទារ​ផ្ទាល់​មាត់​​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ ដោយ លោកស្រី មូរ សុខហួរ អ្នក​តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី ដែល​ជា​គណបក្ស​ប្រឆាំង​ទៅ​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ ហ៊ុន សែន ​​ដោយ​បាន​​ប្រាប់​ពី​ហានិភ័យ​នានា របស់​ស្ត្រី​ខ្មែរ ដែល​ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​​ធ្វើ​​​ជា​អ្នក​បំរើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ទាំង​នោះ ។

ឃ្មុំ​សហគមន៍​ជនជាតិភាគតិច​ភូមិភាគ​ឦសាន​និយម​យក​មាន​៤ប្រភេទ​

ដោយ : ​ភី​រម្យ​
ថ្ងៃទី 16 តុលា 2011
CEN

ឃ្មុំ​ដែលជនជាតិភាគតិច​និយមយកគឺ ឃ្មុំចង្អេរ ឃ្មុំ​ផ្លិត ឃ្មុំ​ត្រដោក និង ឃ្មុំ​ព្រួត

ឃ្មុំ ដែលជនជាតិភាគតិច និយមយកគឺ ឃ្មុំចង្អេរ ឃ្មុំ ផ្លិត ឃ្មុំ ត្រដោក និង ឃ្មុំ ព្រួត

ភ្នំពេញ: ​ឃ្មុំ គឺជា​សត្វល្អិត​មាន​ស្លាប​មួយ​ប្រភេទ​ដែល​គេ​ដឹងថា នៅ​ទូទាំងពិភពលោក​មាន​រហូត​ដល់​ទៅ​២០.០០០ ប្រភេទ ដោយឡែក​នៅក្នុង​ប្រទេស កម្ពុជា​ក៏​មាន​ច្រើន​ប្រភេទ​ដែរ ប៉ុន្តែ​ឃ្មុំ​ដែល​សហគមន៍​ជនជាតិ​ភាគតិច​នៅ​ភូមិ ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​និយម​យក​ទឹក​របស់​វា​មក​លក់ ឬ​ប្រើប្រាស់​នៅក្នុង​សហគមន៍​មានតែ​៤​ប្រភេទ​តែប៉ុណ្ណោះ ។

​ ​លោក ចើ​ញ បូក អ្នកភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី បាន​ឱ្យដឹង​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​ថា ឃ្មុំដែល​សហគមន៍​និយម​យក​នោះ​គឺ​ពពួកសត្វ​ឃ្មុំចង្អេរ ឃ្មុំ​ផ្លិត ឃ្មុំ​ត្រដោក និង ឃ្មុំ​ព្រួត ។

​ ​លោក​បាន​ឱ្យដឹងថា ពពួក​ឃ្មុំ​ទាំងនេះ គឺ​សម្បូរ​ទឹក​ច្រើន ហើយ​ល្អ ។ ឃ្មុំ​ទាំងនោះ​គឺ​ច្រើន​ធ្វើ​សម្បុ​កនៅ​តា ព្រៃ​វាល ព្រៃ​ល្បោះ ព្រៃភ្នំ ព្រៃ​គុម្ពោត និង​ព្រៃស្រោង ។

​ ​លោក​បាន​ឱ្យដឹងថា “​ទៅរក​ឃ្មុំ​ម្តងៗ​ប៉ះ​ចំ​ថ្ងៃ​ហេង ប៉ះ​តែ​ឃ្មុំចង្អេរ ម៉ា​សម្បុក​ទឹក​ពីរ​ធុង​សឹង​មិន​អស់​ក៏មានដែរ” ។

​ ​លោក​បាន​ឱ្យដឹងទៀតថា មកដល់ពេលនេះ​គឺ​ជិត​ដល់​រដូវ រក​ឃ្មុំ​ហើយ ។

​ ​តាម​ការអះអាង​របស់​លោក ចើ​ញ បូក ដែល​ជា​អ្នកជំនាញ​រក​ឃ្មុំ​មួយ រូប​នៅ​ក្នុង​សហគមន៍​បានឱ្យដឹងថា រដូវ​ប្រមូល​ផល​ទឹកឃ្មុំ គឺ​នៅ​រដូវរំហើយ ពោល​គឺ​ចាប់ពី​ខែ​ធ្នូ​ដល់​ខែ​មករា​តែ​ប៉ុណ្ណោះ ។

​ ​លោក​បាន​បញ្ជាក់ថា “​ឃ្មុំ​ចុះ តែ​ខែរងា​ទេ លើសពី​នេះ​គឺ​រក​បានមួយៗ​ទេ ហើយ​បើ​ខែ​វស្សា​ទៀត​មាន​ដែរ តែ​ទឹក​អត់​ល្អ​ទេ ដោយសារ​តែ​វា មាន​ជាតិ​ទឹក​ច្រើន​យើង​អត់​ប្រមូល​ទេ​” ។

​ ​លោក​បាន​ឱ្យដឹងថា របៀប​នៃ​ការរក​ឃ្មុំ​នោះ​គឺ​អាច​កាច់​ដោយ​ដៃ ផ្ទាល់​បើ​ឃ្មុំ​វា​ធ្វើ​សម្បុ​កនៅ​មែកឈើ​តូច ហើយ​សម្បុក​វា​មិនសូវ​ធំ ប៉ុន្តែ​បើ​ឃ្មុំ​ធំ​ឬ ឃ្មុំ​កាច​ដូចជា​ពពួក​ឃ្មុំចង្អេរ​វិញ​នោះ គឺ​ទាល់តែ​ប្រើ​សំរាម ឬ​កម្ទេច​ឈើ​ដុត​ឱ្យចេញ​ជា​ផ្សែង​នៅក្រោម​សម្បុ​កវា ដើម្បី​ដេញ​មេ​វា​ចេញ​ហើយ ទើប​កាប់​មែក ឈើ​នោះ​យក​ឃ្មុំ​តែម្តង ។

​ ​លោក​បាន​បន្តទៀតថា ពី​មុន​ឱ្យ​តែ​គេ​ឃើញ​ឃ្មុំ​គឺ​គេ​កាប់​យក​បាន​តែ​ម្តងៗ​ទេ ប៉ុន្តែ​ឥឡូវនេះ​គឺ​គេ​ចេះ​កែច្នៃ​ដោយ​ឃ្មុំ មួយ​សម្បុក​គេ​អាច​យកបាន​២​ទៅ​៣​ដង ។ ដោយ​គេ​ចេះ​បច្ចេកទេស​នៅ​ក្នុង​ការយក ។ ដើម្បី​ឱ្យ​ឃ្មុំ​វា​មិន​រត់​ទៅ​ធ្វើ​សម្បុ​ក កន្លែង​ផ្សេង ពេល​យក​ម្តងៗ​គេ​ទុក​ក្បាលទឹក​វា​ខ្លះ ដើម្បី​ឱ្យ​វា​មក​កាច់សម្បុក​វា​ឡើង​វិញ ។

​ ​លោក​បាន​បញ្ជាក់ថា “​បើ​មេ​វា​នៅ ហើយ​នៅសល់​ក្បាល​ទឹក យ៉ាងយូរ ៥​ថ្ងៃ​សម្បុ​ក ចាស់​នោះ​យើង​អាច​ទៅ​យក​ម្តងទៀត​បាន​ហើយ ” ។

សហរដ្ឋអាមេរិក​ផ្តល់​ថវិកា​ជាង ១លានដុល្លារ​ដល់​សាលាក្តី​ខ្មែរក្រហម

ដោយ ប៉ែន បូណា
ថ្ងៃ សៅរ៍ 15 តុលា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ (02:22)

ទោះបី​ជា​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម ​លោក ​Siegfried Blunk​ទើប​តែ​បាន​លាលែង​ចេញ​ពី​តំណែង​កាល​ពី​ដើម​សប្តាហ៍​នេះ​ក៏​ដោយ ​ក៏​សហរដ្ឋអាមេរិក​បាន​ប្រកាស​ផ្តល់​ជំនួយ​ថវិកា​ជាង​ ១លាន​ ៦ សែន​ដុល្លារ​ដល់​សាលាក្តី​នេះ​ជា​បន្ត​ទៀត។ ប៉ុន្តែ ​ទន្ទឹម​នឹង​ការ​ផ្តល់​ជំនួយ​នេះ​ ទីក្រុង​វ៉ាស៊ីនតោន​ក៏បាន​អំពាវនាវ​ឲ្យ​មាន​តម្លាភាព ​និង​ឯករាជភាព​របស់​តុលាការ​កូន​កាត់​នេះ​ផង​ដែរ។

ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម (©វណ្ណារ៉ា/RFI)

ចៅក្រុម នៃ តុលាការ ខ្មែរក្រហម (©វណ្ណារ៉ា/RFI)

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​នៅ​ចុង​សប្តាហ៍​នេះ​ថា​ នឹង​ផ្តល់​ជំនួយ​ថវិកា​១,៦៥ លាន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរក្រហម។ ​ជំនួយ​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​លោក ​Stephen J. Rapp ​ឯកអគ្គ​រដ្ឋទូត​ទទួល​បន្ទុក​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤​តុលា។ សេចក្តី​ប្រកាស​របស់​លោក ​Stephen J. Rapp ​បាន​បញ្ជាក់​ថា ​សហរដ្ឋ​អាមេរិក​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដំណើរការ​កាត់​ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ជិត​២​លាន​នាក់​ស្លាប់​ដោយ​អំពើ​ឃោរឃៅ។

ការ​ប្រកាស​ផ្តល់​ជំនួយ​ថ្មី​ដល់​សាលាក្តី​ខ្មែរក្រហម​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ​លោក​ Siegfried Blunk​ បាន​លាលែង​ចេញ​ពី​តំណែង​ក្រោម​ហេតុផល​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ។ ​ប៉ុន្តែ ​ទន្ទឹម​នឹង​ការ​ប្រកាស​ផ្តល់​ជំនួយ​បន្ថែម​ដល់​សាលាក្តី​ខ្មែរក្រហម​នៅ​ពេល​នេះ​ ទីក្រុ​ងវ៉ាស៊ីនតោន​ក៏​មិន​ភ្លេច​អំពាវនាវ​ឲ្យ​មាន​ឯករាជភាព​របស់​តុលាការ​ផងដែរ។ ​លោក​ ឯកអគ្គរដ្ឋទូត​ផ្នែក​ឧក្រិដ្ឋកម្ម​សង្គ្រាម​អាមេរិក​បាន​បញ្ជាក់​ថា ​ដើម្បី​ឲ្យ​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ទទួល​បាន​យុត្តិធម៌ ​ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព ​និង​ឯករាជភាព។

ក្នុង​សេចក្តី​ប្រកាស​នោះ​ទីក្រុង​វ៉ាស៊ីនតោន​ក៏​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​ដែល​ពាក់ព័ន្ធ​ជាមួយ​សាលាក្តី​ត្រូវ​ប្រកាស​ជាថ្មី​ម្តង​ទៀត​អំពី​ជំហរ​របស់​ខ្លួន​ដែល​គាំទ្រ​ដល់​ឯករាជភាព​របស់​តុលាការ​ដោយ​ចៀស​ឲ្យបាន​នូវ​ការ​ជ្រៀត​ជ្រែក​មិន​ថា​ពី​មជ្ឈដ្ឋាន​ណា​ឡើយ។ ​បន្ទាប់​ពី​ការ​លា​លែង​របស់​សហចៅក្រម​អន្តរជាតិ​កាល​ពី​ដើម​សប្តាហ៍ ​ក្រសួង​ការបរទេស​កម្ពុជា​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ថា ​ខ្លួន​បាន​លូកដៃ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ។ ទីក្រុង​ភ្នំពេញ​បញ្ជាក់​ថា ​ខ្លួន​បាន​យល់​ច្បាស់​អំពី​បុព្វសិទ្ធិ​របស់​តុលាការ​ដែល​ចង់​ចោទ​ឬ​មិន​ចោទ​ជនសង្ស័យ​ណាម្នាក់។ យ៉ាងណា​ក៏ដោយ​ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ការពារ​យ៉ាង​ម៉ឺងម៉ាត់​តម្លៃ​នៃ​សន្តិភាព​ ការ​ផ្សះផ្សា​ជាតិ​ ដែល​តុលាការ​នេះ​មិន​អាច​ធ្វើ​ឲ្យ​បែក​ធ្លាយ​បាន​ទេ។

សូម​បញ្ជាក់​ថា តុលាការ​ខ្មែរក្រហម​នឹង​ត្រូវ​អស់​ថវិកា​ដំណើរការ​របស់​ខ្លួន​ចាប់​ពី​ចុង​ឆ្នាំ​២០១១​នេះ​ប្រសិន​បើ​គ្មាន​ជំនួយ​ថ្មី​ធ្លាក់​មក​ទេ​នោះ។ យ៉ាងណាក៏ដោយ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ថវិកា​២​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០០៨​ និង​សន្យា​ផ្តល់​៥​លាន​ដុល្លារ​ទៀត​សម្រាប់​ឆ្នាំ​សារពើពន្ធ​២០១១​នេះ៕

មន្ត្រី​អ.ស.ប.​នឹង​មក​ជួប​មន្ត្រី​សាលាក្ដី​ជុំវិញ​ការ​លាលែង​របស់​សហ​ចៅក្រម

ដោយ ទីន ហ្សាការីយ៉ា
2011-10-15
វិទ្យុ​អាស៊ីសេរី

អគ្គលេខាធិការ​រង​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ទទួល​បន្ទុក​ផ្នែក​ច្បាប់ គ្រោង​នឹង​មក​ប្រទេស​កម្ពុជា ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​នានា​នៃ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅ​ថា សាលាក្ដី​ខ្មែរ​ក្រហម​នៅ​សប្ដាហ៍​ក្រោយ ទាក់ទង​នឹង​ការ​លាលែង​របស់​សហ​ចៅក្រម​​ស៊ើប​អង្កេត​អន្តរជាតិ។

អ្នក​កាសែត​ដើរ​នៅ​ខាង​មុខ​សាល​សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១១។ (RFA/Leng Maly)

អ្នក កាសែត ដើរ នៅ ខាង មុខ សាល សវនាការ នៃ សាលាក្ដី ខ្មែរ ក្រហម កាល ពី ថ្ងៃ ទី ២៣ ខែ មិថុនា ឆ្នាំ ២០១១។ (RFA/Leng Maly)

http://flash-mp3-player.net/medias/player_mp3_maxi.swf

លោក នេត្រ ភត្រា ជា​អ្នក​នាំ​ពាក្យ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ តុលា ថា លោក​បាន​ទទួល​ដំណឹង​អំពី​ការ​អញ្ជើញ​មក​កម្ពុជា របស់​អ្នកស្រី ប៉ាទ្រីកស្យា អូប្រៃអិន (Partricia O’Brien) ជា​អគ្គលេខាធិការ​រង​នៃ​អង្គការ​សហប្រជាជាតិ​នោះ​ហើយ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​អំពី​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​នោះ​ឡើយ​ទេ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក (New York) កាល​ពី​ថ្ងៃ​ទី​១៤ តុលា ថា អគ្គលេខាធិការ​រង​នៃ​អង្គការ​សហប្រជាជាតិ​សរសេរ​ថា អ្នកស្រី ប៉ាទ្រីកស្យា អូប្រៃអិន បាន​តាម​ដាន​លើ​ករណី​លាលែង​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ គឺ​លោក ស៊ីកហ្រី្វដ ប៊្លុង (Siegfried Blunk) កាល​ពី​ថ្ងៃ​ទី​៩ តុលា ពី​សាលាក្ដី​ខ្មែរ​ក្រហម។ អង្គការ​សហ​ប្រជាជាតិ​នៅ​តែ​អះអាង​ជា​និច្ច​មក​ថា សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវ​តែ​ដំណើរ​ការងារ​របស់​ខ្លួន​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​អង្គភាព​ណា​មួយ​នោះ​ឡើយ រួម​ទាំង​រដ្ឋាភិបាល​កម្ពុជា​ដែរ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ លោក ឆំាង យុ ជា​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ លោក​បាន​សម្ដែង​សុទិដ្ឋិនិយម​ថា វា​ជា​រឿង​ចាំបាច់​ដែល​អង្គការ​សហប្រជាជាតិ​ត្រូវ​ធ្វើការ​ស៊ើប​អង្កេត​លើ​ស្ថាប័ន​សាលាក្ដី​ខ្មែរ​ក្រហម​ជា​រួម ដើម្បី​ស្ដារ​កេរ្តិ៍​ឈ្មោះ​តុលាការ​នេះ​ឡើង​វិញ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ គេ​បាន​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ លោក ម៉ាទីន ណាសៀរគី (Martin Nasirky) ថា អ្នកស្រី ប៉ាទ្រីកស្យា អូប្រៃអិន នឹង​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​ដទៃ​ទៀត ដែល​ទាក់ទង​នឹង​សាលាក្ដី​ខ្មែរ​ក្រហម។

លោក ម៉ាទីន ណាសៀរគី បញ្ជាក់​ថា បន្ថែម​លើ​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល ការ​ព្រួយ​បារម្ភ​ដទៃ​ទៀត​ក៏​នឹង​ត្រូវ​លើក​ឡើង​ដែរ ទាក់ទង​នឹង​ការងារ​របស់​សាលាក្ដី ដែល​នឹង​ត្រូវ​ដោះស្រាយ​នៅ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​អ្នកស្រី។ លោក​បន្ត​ថា វា​សំខាន់​ណាស់​ដែល​អង្គការ​សហប្រជាជាតិ​ត្រូវ​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​សាលាក្ដី​ខ្មែរ​ក្រហម និង​មន្ត្រី​ផ្សេង​ទៀត ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​បញ្ហា​ទាំង​នេះ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​នាំ​ពាក្យ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភត្រា បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​នឹង​ផ្ដល់​ថវិកា​ចំនួន ១​លាន​៦​សែន​៥​ម៉ឺន​ដុល្លារ​ទៀត ដល់​សាលាក្ដី​ខ្មែរ​ក្រហម ខណៈ​ដែល​តុលាការ​នេះ​កំពុង​រៀបចំ​ដំណើរការ​របស់​ខ្លួន​ក្នុង​ការ​បើក​សវនាការ​សំណុំ​រឿង ០០២ នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ។

គម្រោង​ថវិកា​សម្រាប់​ឆ្នាំ​២០១១ រាប់​ទាំង​ភាគី​កម្ពុជា និង​ភាគី​អង្គការ​សហប្រជាជាតិ​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ខ្វះ​ថវិកា​ប្រមាណ​ជាង ១០​លាន​ដុល្លារ​ទៀត សម្រាប់​ដំណើរការ​ការងារ​របស់​ខ្លួន។

រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ចៅក្រម​ថ្មី​ចូល​កាន់​តំណែង​ជំនួស​លោក ប៊្លុង នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ថា គេ​នឹង​បញ្ជូន​សហ​ចៅក្រម​ថ្មី​ជន​ជាតិ​ស្វីស មក​ក៏​ដោយ៕

សាលា​ក្រុងភ្នំពេញ និង​ធនាគារអភិវឌ្ឍន៍​ជនបទ​បញ្ចេញ​អង្ករលក់

ដោយ គី សុខលីម
ថ្ងៃ សៅរ៍ 15 តុលា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ គី សុខលីម ពីទីក្រុង​ភ្នំពេញ (02:15)

សាលា​ក្រុងភ្នំពេញ និង​ធនាគារ​អភិវឌ្ឍន៍​ជនបទ​គ្រោង​នឹង​បញ្ចេញ​អង្ករ​លក់​នៅ​ថ្ងៃ​អាទិត្យ ទី១៦ តុលា​ស្អែក​ក្នុង​ទីតាំង​៦​កន្លែង​ខុសគ្នា​នៅ​ទីក្រុង​ភ្នំពេញ។ វិធានការ​របស់​សាលា​ក្រុងភ្នំពេញ​នៅ​ពេល​នេះ​​​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​​​ឈ្មួញ​​បាន​ក្រឡុក​ហាងឆេង​អង្ករ​ ក្នុង​ខណៈពេល​មាន​ទឹក​ជំនន់។ ក្នុង​អំឡុង​ពេល​តែ​២​សប្តាហ៍​ប៉ុណ្ណោះ អង្ករនាងម៉ិញ​បាន​ឡើង​ថ្លៃ​ចំនួន ៥០០​រៀល​ក្នុង​១​គីឡូក្រាម។

សាលា​ក្រុងភ្នំពេញ និង​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បញ្ចេញ​អង្ករលក់ (©ចាន់ណា)

សាលា ក្រុងភ្នំពេញ និង ធនាគារ អភិវឌ្ឍន៍ ជនបទ បញ្ចេញ អង្ករលក់ (©ចាន់ណា)

ទីតាំង​លក់​អង្ករ​ចំនួន​៦​កន្លែង​ខុសគ្នា​នៅ​ទីក្រុង​ភ្នំពេញ​នឹង​បើក​អោយ​ដំណើរការ​ចាប់​ពី​ថ្ងៃ​ស្អែក នៅ​វេលា​ម៉ោង​៧​កន្លះ​ព្រឹក។ ទីតាំង​ទី១​ស្ថិត​នៅ​​មុខ​វត្តបទុមវតី​​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ។ ទីតាំង​ទី​២​ស្ថិត​នៅ​ក្នុង​បរិវេណ​ផ្សាររាត្រី​ក្នុង​សង្កាត់​ផ្សារចាស់​ ខណ្ឌ​ដូនពេញ។ ទីតាំងទី៣​ស្ថិត​នៅ​មុខ​ស្ថានីយ៍​រថភ្លើង​​ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ។ ទីតាំង​ទី​៤​ស្ថិត​នៅ​ក្នុង​ផ្សារ​ច្បារអំពៅ សង្កាត់​ផ្សារច្បារអំពៅ២​ ​ខណ្ឌ​មានជ័យ។ ទីតាំង​ទី​៥​ស្ថិត​នៅ​ក្នុង​សាលា​សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ និង​ទីតាំង​ទី៦​ស្ថិត​នៅ​ក្នុង​ផ្សារ​ជម្ពូវ័ន សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ។

ការ​បញ្ចេញ​អង្ករ​លក់​នៅ​ពេល​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ឈ្មួញ​ឱកាស​និយម​មួយ​ចំនួន​បាន​ដំឡើង​ថ្លៃ​អង្ករ ​នៅ​គ្រា​មាន​ទឹក​ជំនន់​។ នៅ​ក្នុង​សេចក្តីប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សៅរ៍​នេះ លោក​អភិបាល​ក្រុងភ្នំពេញ កែប ជុតិមា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​អង្ករ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ អោយ​ទៅ​ទិញ​នៅ​ក្នុង​ទីតាំង​ដែល​បាន​កំណត់​ខាង​លើ។ ប៉ុន្តែ​សាលាក្រុង​ភ្នំពេញ​មិន​បាន​បញ្ជាក់​ប្រាប់​ពី​តម្លៃ​អង្ករ​នៅ​ឡើយ​ទេ។

សូម​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​២​សប្តាហ៍​ចុង​ក្រោយ​នេះ​ តម្លៃ​អង្ករ​ត្រូវ​បាន​ឈ្មួញ​ដំឡើង​ថ្លៃ​ចំនួន ៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម។​ ជាក់ស្តែង កាល​ពី​២សប្តាហ៍​មុន ពោល​គឺ​មុន​ពេល​ដែល​ស្ថានការណ៍​ទឹកជំនន់​មិន​ទាន់​ធ្ងន់ធ្ងរ អង្ករ​នាងម៉ិញ​មាន​តម្លៃ ២ ១០០​រៀល​ក្នុង១​គីឡូក្រាម​​សម្រាប់​ការ​លក់​ចេញ។ ប៉ុន្តែ​នៅ​ថ្ងៃ​សៅរ៍​នេះ តម្លៃ​អង្ករ​នាងម៉ិញ​ត្រូវ​បាន​គេ​លក់​ចេញ​ក្នុងតម្លៃ ២ ៦០០​រៀល​​នៅ​​ទីក្រុង ភ្នំពេញ។

អ្នក​លក់​អង្ករ​នៅ​ទីក្រុង​ភ្នំពេញ​បាន​និយាយ​ថា ក្នុង​រយៈពេល​តែ​១​ម៉ោង​ប៉ុណ្ណោះ តម្លៃ​អង្ករ​កើន​ឡើង​ពី ២ ឬ​៣​ដង​ក៏​មាន​ដែរ។ អង្ករ​ឡើង​ថ្លៃ​នៅ​ពេល​នេះ មាន​ហេតុផល​៣​យ៉ាង​សំខាន់ៗ។
ទី១៖គឺ​ដោយសារ​​ការ​សម្រុក​ទិញ​ពី​ឈ្មួញ​ថៃ​ និង​ឈ្មួញ​វៀតណាម​។ ប្រទេស​ទាំង​ពីរ​នេះ​កំពុង​ប្រឈម​មុខ​នឹង​ទឹក​ជំនន់​ដូច​កម្ពុជា​ដែរ។ ទី២៖​គឺ​ដោយសារ​កំណើន​នៃ​ការ​ទិញ​អង្ករ​សម្រាប់​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ និង​ទី៣​គឺ​ដោយសារ​ការ​ក្រឡុក​ហាងឆេង​ពី​សំណាក់​ឈ្មួញ​ឱកាស​និយម​​មួយ​ចំនួន​ដែល​កេង​ចំណេញ​ពី​សភាពការណ៍​ទឹក​ជំនន់។

តួលេខ​ចុងក្រោយ​បាន​បញ្ជាក់​ថា ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១១​នេះ​បាន​សម្លាប់​មនុស្ស​​​ជិត​២៥០​នាក់​ និង​ប៉ះពាល់ស្រូវ​សន្ទូង​ជិត​៤​សែន​ហិកតា៕