បណ្ណសារ | ខែតុលា 20, 2011

ទូត​អាមេរិក​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ ចាញ់បោក​ក្រុមហ៊ុន​យកលុយ ក្នុងការ​លេងឆ្នោត​ផ្សងសំណាង​ទៅ​រស់នៅ​អាមេរិក​

ដោយ : មុនី​រ័ត្ន
ថ្ងៃទី 20 តុលា 2011
CEN

លោក​ស្រី អេ​បូ​នី ខាស់​ស្ទី​ស និងលោកហ្តីឌីត ស៊ីង អនុប្រធាន​ផ្នែក​កុងស៊ុល​ស្ថានទូត​សហរដ្ឋអាមេរិក ។

លោក ស្រី អេ បូ នី ខាស់ ស្ទី ស និងលោកហ្តីឌីត ស៊ីង អនុប្រធាន ផ្នែក កុងស៊ុល ស្ថានទូត សហរដ្ឋអាមេរិក ។

ភ្នំពេញ: ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​កុំអោយ​ចាញ់បោក​ក្រុមហ៊ុន និង​ទីភ្នាក់ងារ​មួយចំនួន​ដែល​ទារ​យកលុយ​ក្នុងការ​លេងឆ្នោត​ផ្សងសំណាង ទៅ​រស់នៅ​សហរដ្ឋអាមេរិក ពីព្រោះ​កម្មវិធី​ឆ្នោត​ផ្សងសំណាង​នេះ គឺ​មិន​តម្រូវអោយ​បង់លុយ​នោះទេ​។ ប៉ុន្តែ​ក្រុមហ៊ុន​មួយណា​ដែល​បោកប្រាស់​យកលុយ​ពី​ប្រជាពលរដ្ឋ​នោះ​មិន​ត្រូវបាន​លាតត្រដាង​នោះទេ​​នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ស្រី អេ​បូ​នី ខាស់​ស្ទី​ស អនុប្រធាន​ផ្នែក​កុងស៊ុល​ស្ថានទូត​សហរដ្ឋអាមេរិក ដែល​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នា​រសៀល​ថ្ងៃទី​២០ តុលា ២០១១ ក្នុង​ស្ថានទូត​អាមេរិក​។​

​លោកស្រី អេ​បូ​នី ខាស់​ស្ទី​ស បាន​បន្តថា កម្មវិធី​ផ្សងសំណាង​ទៅ​រស់នៅ​សហរដ្ឋអាមេរិក គឺជា​ឱកាស​ដ៏​ប្រសើរ​បំផុត​សម្រាប់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដើម្បី​ផ្តល់ព័ត៌មាន​ពិតប្រាកដ​ជូន​ដល់​សាធារណៈជន ដើម្បី​ប្រឆាំង​ទៅ និង​អំពើ​ក្លែងបន្លំ និង​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​បំណង​ធ្វើ​អន្តោប្រវេសន៍​ទៅ​សហរដ្ឋអាមេរិក​ដោយ​ស្របច្បាប់​។ ដោយ​លោកស្រី​បាន​បញ្ឆាក់​ថា សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក​ដែរ ការចូលរួម​កម្មវិធី​ឆ្នោត​ផ្សងសំណាង​នេះ គឺ​មិន​តម្រូវអោយ​បង់ប្រាក់​ទេ​។ ប៉ុន្តែ​គួរអោយ​សោកស្តាយ​មាន​បុគ្គល​មួយចំនួន ដែល​បាន​ព្យាយាម​ទារ​យក​ផលប្រយោជន៍​ពី​កម្មវិធី​នេះ​​ភ្នា​ក់មួយ​ចំនួន​នៅក្នុង​ប្រ​ទេ​កម្ពុជា​បាន​ទារ​ពី ៣ ដុល្លារ​រហូតដល់ ១ ម៉ឺន​ដុល្លារ​ពី​អ្នក​ទៅ​ពឹងពាក់​ភ្នាក់ងារ​ទាំងនោះ​។ ដើម្បី​ប្រយុទ្ធ​និង​អំពើ​មិន​ត្រឹមត្រូវ​នេះ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក តម្រូវអោយ​អ្នក​ដែល​ចូលរួម​ក្នុង​កម្មវិធី​ឆ្នោត​ផ្សងសំណាង​បំពេញ​ពាក្យសុំ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ដោយ​ខ្លួនឯង (www.dvlottery.state.gov)​។​

​អនុប្រធាន​ផ្នែក​កុងស៊ុល​ស្ថានទូត​សហរដ្ឋអាមេរិក​រូបនោះ​បាន​បន្តថា ដោយសារតែ​ការទទួល​ពាក្យ​ចូលរួម​សម្រាប់​កម្មវិធី​ឆ្នោត​ផ្សងសំណាង​ឆ្នាំ​២០១៣ ត្រូវបាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃទី​៤ តុលា ២០១១ គិតថា ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ចូលរួម​ដាក់ពាក្យ​លេងឆ្នោត​ផ្សងសំណាង​នេះ​រួចទៅហើយ និង​បន្ត​ទទួល​ពាក្យសុំ​ចូលរួម​លេងឆ្នោត​នេះ​រហូតដល់​ថ្ងៃទី​៥ វិច្ឆិកា ឆ្នាំ​២០១១​។ សហរដ្ឋអាមេរិក​ទទួល​ស្វា​គម​​ន៍​ជនអន្តោប្រវេសន៍​មកពី​ទូទាំង​ពិភពលោក ដូច្នេះហើយ​បានជា​សភា​សហរដ្ឋអាមេរិក​បាន​បង្កើត​កម្មវិធី​ឆ្នោត​ផ្សងសំណាង យោងតាម​ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩៩០​។ តាម​កម្មវិធី​ឆ្នោត​ផ្សងសំណាង​នេះ សហរដ្ឋអាមេរិក​សង្ឃឹម​ថា និង​អាច​បង្កើន​ចំនួន​ជនអន្តោប្រវេសន៍​ដែល​មកពី​ប្រទេស​ដែលមាន​ចំនួន​ពលរដ្ឋ​រស់នៅ​សហរដ្ឋអាមេរិក​ទាប ដូចជា​ប្រទេស​កម្ពុជា​។​

​លោកស្រី អេ​បូ​នី ខាស់​ស្ទី​ស បាន​បន្ថែមថា ចាប់តាំងពី​ឆ្នាំ​១៩៩៥ មក​មាន​ជនអន្តោប្រវេសន៍​ជាង ៧០ ម៉ឺន​នាក់​បាន​ទៅ​រស់នៅ​សហ​រដ​ម្ឋ​អាមេរិក ស្របច្បាប់​តាមរយៈ​កម្មវិធី​នេះ​។ គ្រប់​ពលរដ្ឋ​គ្រប់​ជនជាតិ​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់់​ទៅតាម​ការទាមទារ​រប​ស់កម្ម​វិធី​ឆ្នោត មាន​សិទ្ធិ​ចូលរួម​លេង​ទាំងអស់គ្នា ដើម្បីអោយ​សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​ដែលមាន​ជនអន្តោប្រវេសន៍​ចម្រុះ​ជាតិ​​សាន​ស៍​៕

អាពាហ៍ពិពាហ៍​ប្រទាក់​ក្រឡា​ដើម្បី​អំណាច

ដោយ តាំង សារ៉ាដា
2011-10-20
វិទ្យុ​អាស៊ីសេរី

ក្រុម​អ្នក​រិះគន់​និយាយ​ថា ការ​ប្រទាក់​ក្រឡា​នៃ​រចនាសម្ព័ន្ធ​អំណាច​តាម​រយៈ​ចំណង​អាពាហ៍ពិពាហ៍​របស់​បុត្រា​បុត្រី​នៃ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​គ្រាន់​តែ​ជា​ការ​ស្វែង​រក​ការ​ការ​ពារ​សន្តិសុខ​នៃ​មុខ​តំណែង អំណាច និង​មុខ​ជំនួញ​របស់​គេ​ប៉ុណ្ណោះ។

អំពើ​ពុក​រលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ និង​ស្មុគស្មាញ​នៅ​ក្នុង​សង្គម​កម្ពុជា តាម​រយៈ​គ្រួសារ​និយម បក្ស​ពួក​និយម ហើយ​ដែល​កត្តា​ទាំង​នេះ បាន​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​លទ្ធភាព​នៃ​ការ​រំលោភ​អំណាច។

អ្នក​វិភាគ​ផ្នែក​ទស្សនៈ​វិទ្យាសាស្ត្រ​នយោបាយ លោក ចិត្ត ជលសា មាន​ប្រសាសន៍​ថា គ្រួសារ​និយម​ក្នុង​ជូរ​អ្នក​មាន​អំណាច​នាំ​មក​នូវ​មនោសញ្ចេតនា មនោសញ្ចេតនា​អាច​នាំ​មក​នូវ​អំពើ​ពុក​រលួយ​យ៉ាង​សុខ​សាន្ត ដោយ​សារ​ស្ថាប័ន​អនុវត្ត​ច្បាប់​ខ្លាច​មិន​ហ៊ាន​ប្ដឹង មិន​ហ៊ាន​ចាប់​ចង ឬ​មិន​ហ៊ាន​កាត់​សេចក្ដី​នោះ​ឡើយ៖ «ប្រព័ន្ធ​ហ្នឹង​វា​មាន​លក្ខណៈ​ស្មុគស្មាញ​រហូត​ដល់​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធំ​ដំ​ហើយ​ទៅ​ជា​រឿង​អាង​ខ្នង និង​អន្តរាគមន៍។ ហើយ​វប្បធម៌​អន្តរាគមន៍​កម្ពុជា​ហ្នឹង​កើត​ចេញ​អំពី​សាច់​ញាតិ​បង​ប្អូន​តាំង​ពី​តូច​រហូត​ដល់​ធំ​ហ្នឹង​ឯង។ ហើយ​វប្បធម៌​បែប​នេះ​គឺ​ជា​វប្បធម៌​មួយ​ដែល​ធ្ងន់ធ្ងរ​បំផុត ដែល​នាំ​ឲ្យ​អ្នក​មាន​អំណាច​ជិះ​ជាន់​អ្នក​ក្រីក្រ នាំ​ឲ្យ​អ្នក​មាន​លុយ​ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត នាំ​ឲ្យ​ប្រទេស​ខិត​ទៅ​រក​ភាព​វិនាស»។

កាសែត Asia Time Online កាល​ពី​ឆ្នាំ​២០០៧ បាន​ចុះ​ផ្សាយ​បន្ត​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា មង្គល​ការ​របស់​កូន​អ្នក​មាន​អំណាច​នៅ​កម្ពុជា​ភាគ​ច្រើន​រៀបចំ​ឡើង​ក្នុង​ហេតុ​ផល​នយោបាយ អំណាច និង​លុយកាក់។

កាសែត​នោះ​បាន​រាយ​ការណ៍​ថា អ្នក​ស្រី ហ៊ុន គឹម​ឡេង ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក ហ៊ុន ណេង អភិបាល​ខេត្ត​កំពង់ចាម និង​ជា​បង​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រៀប​ការ​ជា​មួយ​​​លោក នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ ខណៈ​លោក ហ៊ុន សៀង​ហេង កូន​ប្រុស​របស់ ហ៊ុន ណេង បាន​រៀប​ការ​ជា​មួយ​អ្នក​ស្រី សុខ សុភ័ក្រ្ត កូន​ស្រី​របស់​លោក សុខ ផល ស្នងការ​រង​នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ។

ចំណែក​លោក ហ៊ុន ម៉ានិត អាយុ​២៩​ឆ្នាំ ដែល​ជា​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​រៀប​មង្គល​ការ​ជា​មួយ​អ្នក​ស្រី ហុក ចិន្តាវី កូន​ស្រី​របស់​លោក ហុក ឡងឌី អតីត​អគ្គ​ស្នងការ​នគរបាល​ជាតិ ដែល​បាន​ស្លាប់​ដោយ​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាល​ពី​ឆ្នាំ​២០១០។ កូន​ប្រុស​របស់​លោក ហ៊ុន សែន ម្នាក់​ទៀត​ឈ្មោះ ហ៊ុន ម៉ានី អាយុ​២៨​ឆ្នាំ បាន​ភ្ជាប់​សាច់​ភ្ជាប់​ឈាម​ជា​មួយ​អ្នក​ស្រី យឹម ឆាយ​លីន ដែល​ជា​កូន​ស្រី​របស់​លោក យឹម ឆៃលី ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ។ រី​ឯ​កូន​ស្រី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ម្នាក់​ទៀត​ឈ្មោះ ហ៊ុន ម៉ាលី អាយុ​២៧​ឆ្នាំ បាន​រៀប​ការ​ជា​មួយ​លោក សុខ ពុទ្ធី​យុទ្ធ ជា​កូន​ប្រុស​របស់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី សុខ អាន ដែល​ជា​ដៃ​ស្ដាំ​របស់​លោក ហ៊ុន សែន និង​ជា​រដ្ឋ​មន្ត្រី​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ លោក សុខ អាន ក៏​មាន​តួនាទី​ជា​ប្រធាន​អាជ្ញាធរ​ខ្លឹម​ៗ​ជា​ច្រើន​ទៀត ក្នុង​នោះ​រួម​មាន​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ប្រេង​កាត​កម្ពុជា​ជា​ដើម។

លោក ហ៊ុន សែន និង លោក សុខ អាន មាន​ទំនាក់​ទំនង​អំណាច​យ៉ាង​ជិត​ស្និត​ជា​មួយ​គ្នា​ចាប់​តាំង​ពី​ទសវត្ស​ទី​៨០ ខណៈ​លោក ហ៊ុន សែន ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស ហើយ​លោក សុខ អាន កាល​ណោះ​ជា​អគ្គ​នាយក​នៃ​ការិយាល័យ​កិច្ច​ការ​បរទេស ហើយ​ឥឡូវ​អ្នក​ទាំង​ពីរ​ជា​ដន្លង​នឹង​គ្នា។ ចំណែក​ភរិយា​របស់​លោក ហ៊ុន សែន លោក​ស្រី ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កាកបាទ​ក្រហម ខណៈ​លោក​ស្រី សុខ អាន អានី ជា​ភរិយា​របស់​លោក សុខ អាន ជា​អនុ​ប្រធាន​កាកបាទ​ក្រហម​នោះ។

កាសែត Asia Time Online បាន​ចុះ​ផ្សាយ​ផង​ដែរ​ថា កូន​ស្រី​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ជាតិ​ឈ្មោះ ហេង សំអាន បាន​រៀបការ​ជា​មួយ​លោក ប៉ែន កុសល់ ជា​ទីប្រឹក្សា​របស់​លោក ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ។ ហើយ​លោក ស ខេង ជា​ប្អូន​ថ្លៃ​របស់​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច។ ចំណែក​កូន​ប្រុស​របស់​លោក ស ខេង ឈ្មោះ ស សុខា រៀបការ​ជា​មួយ​អ្នក​ស្រី កែ ស៊ុន​សុភី ជា​កូន​ស្រី​របស់​លោក កែ កឹម​យ៉ាន អតីត​អគ្គ​មេ​បញ្ជា​ការ​នៃ​កង​យុទ្ធ​ពល​ខេមរៈ​ភូមិន្ទ។

ដោយ​ឡែក​កូន​ស្រី​របស់​លោក ចម ប្រសិទ្ធិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឈ្មោះ ចម និមល ជា​ទីប្រឹក្សា​របស់​លោក ហេង សំរិន ហើយ​កូន​ស្រី​របស់​លោក​ម្នាក់​ទៀត​ឈ្មោះ ចម គ្រឹស្នា បាន​រៀប​ការ​ជា​មួយ​លោក សុខ ខាន់ កូន​ប្រុស​របស់​លោក សុខ អាន។

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា ការ​ភ្ជាប់​សាច់​សារ​លោហិត​រវាង​កូន​របស់​អ្នក​មាន​អំណាច និង​កូន​អ្នក​មាន​អំណាច​នោះ គឺ​កាន់​តែ​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ពង្រឹង​របប​សក្ដិភូមិ​ក្នុង​ចង្កោម​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់។

អ្នក​វិភាគ​ឯករាជ្យ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​ចង​ចំណង​អាពាហ៍ពិពាហ៍​របស់​កូន​អ្នក​កាន់​អំណាច​ដូច្នេះ គឺ​មិន​មែន​ជា​សញ្ញា​ល្អ​នោះ​ទេ​សម្រាប់​ប្រទេស ពី​ព្រោះ​វា​អាច​នាំ​មក​នូវ​ការ​បង្កើត​ច្បាប់​នានា​មាន​លក្ខណៈ​លំអៀង​ទៅ​រក​តែ​ក្រុម​អ្នក​កាន់​អំណាច​ប៉ុណ្ណោះ៖ «នេះ​មិន​ល្អ​ទេ យ៉ាង​ម៉េច​ដល់​តែ​ចាក់​ស្រេះ​អ៊ីចឹង​ទៅ​ជា​ថ្នាក់​ដឹក​នាំ​អ៊ីចឹង គឺ​ស្រទាប់​មួយ​ហ្នឹង គឺ​កាន់​អំណាច​រហូត​ទៅ ហើយ​ពេល​ធ្វើ​ច្បាប់​ទម្លាប់​អី​សម្រាប់​តែ​ការ​ពារ​ផល​ប្រយោជន៍ ឬ​ពង្រឹង​អំណាច​របស់​ខ្លួន​ហ្នឹង។ ហើយ​បើ​យើង​យក​ទ្រឹស្ដី​កាលម៉ាក់​មក​និយាយ​វិញ គឺ​ស្រទាប់​ហ្នឹង​គឺ​ធ្វើ​អី​រៀបចំ​តែ​ស្ថាប័ន​រដ្ឋ​អី​ទាំង​អស់ គឺ​ដើម្បី​តែ​ការ​ពារ​ផល​ប្រយោជន៍ និង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ក៏​កៀប​សង្កត់​ស្រទាប់​ក្រោមៗ ហើយ​មិន​ល្អ​ទេ ដែល​វា​តែង​តែ​មាន​បដិវត្តន៍​ពី​ដើមៗ ហើយ​យើង​ក៏​ធ្លាប់​ជួប​ប្រទះ​អ៊ីចឹង​ដែរ»។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​កាល​ពី​ដើម​ខែ​តុលា​កន្លង​ទៅ​នេះ​ថា អំណាច​នៃ​សេចក្ដី​ស្រលាញ់​គឺ​ពិបាក​ក្នុង​ការ​ហាម​ប្រាម​ការ​រៀប​ការ​រវាង​បុរស និង​ស្ត្រី​ណាស់ ហើយ​ក៏​មិន​អាច​មាន​ការ​រើស​អើង​នោះ​ដែរ។ លោក​ថ្លែង​បន្ត​ថា ការ​រៀប​អាពាហ៍ពិពាហ៍​នៃ​កូន​របស់​ឥស្សរជន​នយោបាយ​នៅ​កម្ពុជា​នោះ​គ្រាន់​តែ​ការ​ចៃដន្យ​ប៉ុណ្ណោះ ហើយ​ដែល​មិន​មែន​ការ​ពង្រឹង​អំណាច​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «យើង​ឃើញ​ថា​ក្មេង​ប្រុស និង​ក្មេង​ស្រី​ស្រឡាញ់​គ្នា គឺ​ជា​ការ​ស្រឡាញ់​របស់​គេ ហើយ​មិន​អាច​មាន​ការ​រើសអើង​ថា​អ្នក​នេះ​ជា​កូន​អ្នក​នោះ ឬ​អ្នក​នោះ​កូន​អ្នក​នេះ ដែល​មក​ចង​ក្រង​ជា​មួយ​គ្នា។ អា​ហ្នឹង​ជា​រឿង​ចៃដន្យ​មួយ ដែល​យើង​មើល​ឃើញ​កូន​អ្នក​ធំៗ ដែល​ជា​ឥស្សរជន​ហ្នឹង​ចង​ក្រង​ជា​អាពាហ៍ពិពាហ៍ អា​ហ្នឹង​គឺ​យើង​ឃើញ​ហើយ។ ប៉ុន្តែ​មិន​មែន​បាន​សេចក្ដី​ថា​អាពាហ៍ពិពាហ៍​ជា​ចំណង​នៃ​ការ​ពង្រឹង​អំណាច​របស់​ខ្លួន​ទេ។ មិន​អាច​ថា​អ៊ីចឹង​បាន​ទេ អ្នក​មាន​អំណាច​នៅ​តែ​ទទួល​ទណ្ឌកម្ម​នៅ​ពេល​ប្រព្រឹត្ត​ខុស»។

ទាក់​ទិន​ទៅ​នឹង​សិល្បៈ​នៃ​ការ​រចនា​អំណាច​តាម​រយៈ​ចំណង​គ្រួសារ និង​បក្ស​ពួក​នៅ​កម្ពុជា​នេះ​ផង​ដែរ លោក​បណ្ឌិត សុខ ទូច សាស្ត្រាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​កន្លង​ទៅ​នេះ ដោយ​ឲ្យ​និយម​ន័យ​អំពី​ពាក្យ​ថា អំណាច​មាន​លក្ខណៈ​ច្រើន​ប្រភេទ ក្នុង​បរិបទ​គ្រួសារ​និយម ការ​ដឹក​នាំ និង​ការ​ធ្វើ​ជំនួញ៖ «អំណាច​ជា​ទី​សក្ការ ពី​ព្រោះ​អំណាច​សម្រាប់​ទ្រទ្រង់​របរ​រក​ស៊ី ទ្រទ្រង់​វង្សត្រកូល ទ្រទ្រង់​គំនិត​ណា​មួយ ឧទាហរណ៍​អំណាច​ជា​ទី​សក្ការ មាន​ន័យ​ថា យ៉ាង​ម៉េច គឺ​មាន​ន័យ​ថា ប្រសិន​បើ​អំណាច​នោះ​បាន​ទៅ​ដល់​ដៃ​បុរស​ណា​ម្នាក់ ដែល​គេ​ចង់​កែ​សង្គម វា​ធ្វើ​ឲ្យ​សង្គម​ហ្នឹង​រីកចម្រើន ហើយ​ប្រសិន​បើ​អំណាច​ហ្នឹង​បាន​ទៅ​ដល់​ដៃ​អ្នក​រក​ស៊ី​ខុស​ច្បាប់​នោះ វា​ងាយ​ស្រួល»។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​វិភាគ​និយាយ​ថា ចំណង​សាច់​សា​លោហិត​របស់​ក្រុម​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់​នោះ គឺ​ជា​សក្ដានុពល​មួយ​សម្រាប់​ធ្វើ​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​ជា​គណ​បក្ស​កាន់​អំណាច​អាច​បន្ត​ត្រួត​ត្រា​អំណាច​របស់​ខ្លួន​បាន​ជា​ច្រើន​ជំនាន់​ថែម​ទៀត។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន តែង​ប្រកាស​ថា លោក​នឹង​បន្ត​ដឹក​នាំ​រហូត​ដល់​អាយុ​៩០​ឆ្នាំ៕

វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចេញ​ផ្សាយ​របាយ​ការណ៍​អំពី​ជម្លោះ​ដីធ្លី

ថ្ងៃព្រហស្បតិ៍, 20 ខែតុលា 2011
ដោយ ជន សក្តា
វីអូអេ ខ្មែរ | ភ្នំពេញ

ប្រជា​ពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ Phnom Penh Sugar Company ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​នៅ​ខែឧសភា​ ឆ្នាំ២០១១។ (រូបថត៖ ហេង រស្មី វីអូអេ ខ្មែរ)

ប្រជា ពលរដ្ឋ នៅ ខេត្តកំពង់ស្ពឺ ធ្វើការ តវ៉ា ប្រឆាំង នឹង ក្រុមហ៊ុន Phnom Penh Sugar Company ក្នុង រឿង ជម្លោះ ដី ធ្លី នៅ ខែឧសភា ឆ្នាំ២០១១។ (រូបថត៖ ហេង រស្មី វីអូអេ ខ្មែរ)

វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​២០១០​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ករណី​ជម្លោះ​ដី​ធ្លី​ភាគ​ច្រើន​បាន​កើត​ឡើង​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​មាន​អំណាច​ អ្នក​ជំនួញ​មាន​ប្រាក់​ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន។

អ្នក​ចូលរួម​ប្រមាណ​២០០​នាក់​ពី​តំណាង​ជន​រង​គ្រោះ​ដោយ​ការ​រំលោភ​ដី​ធ្លី​ទូទាំង​ប្រទេស​តំណាង​អង្គការ​សង្គម​ស៊ីវិល ​និង​តំណាង​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ​បាន​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​របាយ​ការណ៍​ស្តីពី​ការ​វិភាគ​ទិន្នន័យ​ករណី​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ឆ្នាំ​២០១០​នៅ​សណ្ឋាគារ​អ៊ីមភើរៀល​ ក្នុង​ទីក្រុង​ភ្នំពេញ។

លោក​ឈិត ​សំអាត ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយ​ការណ៍​ស្តីពី​ការ​វិភាគ​ទិន្នន័យ​ករណី​វិវាទ​ដី​ធ្លី​នៅ​កម្ពុជា​ឆ្នាំ​២០១០​នេះ​ថា​​​ នៅ​ឆ្នាំ​២០១០​ អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​កត់ត្រា​២៨២​ករណី​វិវាទ​ដីធ្លី​ ដែល​កំពុង​តែ​កើត​មាន​ឡើង​ពាក់ព័ន្ធ​ជាមួយ​៥​គ្រួសារ​ឡើង​ទៅ។ ​ចំនួន​ទំនាស់​ដីធ្លី​នៅ​តែ​បន្ត​កើន​ឡើង​ថែម​ទៀត​នៅ​ឆ្នាំ​២០១០​នេះ។

លោក​ឈិត ​សំអាត​បាន​បញ្ជាក់​ថា ​មាន​កត្តា​ផ្សេងៗ​ជា​ច្រើន​ ដែល​នាំ​ឱ្យ​មាន​ករណី​ទំនាស់​ដីធ្លី​ទាំង​នេះ​ ដូច​ជា​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ទីក្រុង ​និង​ជនបទ ​ក៏​ដូច​ជា​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​មាន​ទ្រង់ទ្រាយ​ធំ។

«ការ​អង្កេត​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ​មាន​២០​ភាគរយ​នៃ​ករណី​វិវាទ​ដីធ្លី​បាន​ដោះស្រាយ ​ហើយ​ ចំណែក​ឯ​៦០​ភាគរយ​នៃ​វិវាទ​ផ្សេង​ទៀត​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ។​ ទំនាស់​នេះ​បាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ»។

វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​បាន​រក​ឃើញ​ថា​ ចំនួន​១៥៧​លើ​២៨២​ករណី​ជម្លោះ​ដី​ធ្លី​បាន​បង្ហាញ​ថា​ មាន​ការ​ជាប់​ពាក់​ព័ន្ធ​របស់​អ្នក​មាន​អំណាច ​ឬ ​អ្នក​មាន​ប្រាក់ ​និង​ចំនួន​១៥១​ករណី​ជាប់​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​មូលដ្ឋាន។

របាយ​ការណ៍​នេះ​បាន​បញ្ជាក់​ថា​ ករណី​ជម្លោះ​ដី​ធ្លី​មួយ​ចំនួន​ទៀត​បាន​នាំ​ទៅ​ដល់​ការ​ប្រើប្រាស់​ការ​គំរាម​កំហែង ​ឬ ​អំពើ​ហិង្សា ​និង​ការ​ចាប់​ខ្លួន​ដោយ​ដីកា​របស់​តុលាការ ​និង​មួយ​ចំនួន​ឈាន​ដល់​ការ​ឃុំ​ខ្លួន​ដែល​មាន​ចំនួន​៥៥​ករណី។​ របាយ​ការណ៍​នេះ​បាន​សរសេរ​ថា​ ករណី​ជម្លោះ​ដីធ្លី​ចំនួន​១០៥​ករណី​ស្មើនឹង​៣៧​ភាគ​រយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ចំនួន​គ្រួសារ​ពី​៥​ទៅ​៥០។

ចំនួន​២៣​ភាគរយ​បាន​កើត​ឡើង​ដោយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ចំនួន​គ្រួសារ​ចាប់​ពី​២០០​គ្រួសារ​ឡើង​ទៅ។

របាយ​ការណ៍​នេះ​បាន​បន្ថែម​ថា​ ជម្លោះ​ដី​ធ្លី​ចំនួន​១៥១​ករណី ​ស្មើនឹង​៥៣​ភាគរយ​ បាន​កើត​ឡើង​លើ​ប្រភេទ​ដី​សម្រាប់​វិស័យ​កសិកម្ម ​ ចំនួន​៦៧​ករណី ​ស្មើ​នឹង​២៨​ភាគរយ​ បាន​កើត​ឡើង​លើ​ប្រភេទ​ដី​លំនៅដ្ឋាន​ និង​ចំនួន​២៨​ករណី ​ស្មើ​នឹង​១០​ភាគរយ​បាន​កើត​ឡើង​លើ​ប្រភេទ​ដី​ព្រៃ។

របាយ​ការណ៍​នេះ​បាន​បន្ត​ថា​ ចំនួន​២២​ភាគរយ​ស្មើ​នឹង​៦៣​លើ​២៨២​ករណី​ត្រូវ​បាន​ដោះស្រាយ​មួយ​ផ្នែក​ ឬ​ទាំង​ស្រុង។ ​ចំនួន​៦២​ភាគរយ​​ស្មើនឹង​១៧៧​លើ​២៨២​ករណី​មិនទាន់​ត្រូវ​បាន​ដោះស្រាយ។​ ចំនួន​១២​មិន​ត្រូវ​បាន​អើពើ​ដោះស្រាយ​ និង​២៥​ករណី​ត្រូវ​បាន​រាយ​ការណ៍​ថា​ មិន​មាន​ព័ត៌មាន។

លោក​ James Heenan ​តំណាង​ស្តីទី​របស់​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយ​ការណ៍​នេះ​ថា​ បញ្ហា​សិទ្ធិ​ដីធ្លី ​និង​សិទ្ធិ​លំនៅដ្ឋាន​ គឺ​ជា​អាទិភាព​យុទ្ធសាស្ត្រ​មួយ​របស់ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា។ ​ជម្លោះ​ដីធ្លី​តែងតែ​បញ្ចប់​ដោយការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ។

លោក​យិន ​ជាវ ​អាយុ​៣៤​ឆ្នាំ ​នៅ​ឃុំ​ជីខលើ ​ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះកុង ​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​របាយ​ការណ៍​នេះ ​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​ «ប្រជាពលរដ្ឋ​ចំនួន​២២០​គ្រួសារ​រង​ផល​ប៉ះពាល់​ដី​កសិកម្ម​ផង​ និង​ដី​លំនៅដ្ឋាន​ផង។​ ក្រុមហ៊ុន​ឈូសឆាយ​យក​អស់។ ​សព្វថ្ងៃ​នេះ​គឺ​មិន​ ទាន់​បាន​ដោះ​ស្រាយ​នៅ​ឡើយ​ទេ»។

លោក​ ផៃ ​ស៊ីផាន ​អ្នក​នាំ​ពាក្យ​ប្រចាំ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​មិន​អាច​ធ្វើ​ការ​ទំនាក់ទំនង​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ៕

បណ្តាញទាក់ទងគ្នា
អ្នកភូមិ​បឹងកក់ត្រូវ​បាន​ប្តឹង​ពី​បទ​ប្រមាថ​ និង​គំរាមកំហែង.

ជនរងគ្រោះ​បឹងកក់​ប្តឹង​អាជ្ញាធរ​ពី​បទ​បំផ្លាញ​លំនៅដ្ឋាន​របស់​ខ្លួន​.

អតីត​អ្នក​រស់​នៅ​តំបន់​បឹងកក់​ចេញ​ទាមទារ​សំណង​បន្ថែម.

ប្រជាពលរដ្ឋ​នៅ​បី​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ប្រឈម​នឹង​ការ​ជម្លៀស​ចេញ.

អ.ស.ប​ ហៅ​ភាព​ព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល​ចំពោះ​បញ្ហា​ដីធ្លី​ថា​ជា​ការ​បំផ្លាញ​អំណាច​នីតិប្បញ្ញត្តិ

សុក្រ 21 តុលា 2011
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

អេស្កាវ៉ាទ័ររបស់ក្រុមហ៊ុនស៊ូកាគូកំពុងបំផ្លាញផ្ទះរបស់អ្នកភូមិ បឹងកក់

អេស្កាវ៉ាទ័ររបស់ក្រុមហ៊ុនស៊ូកាគូកំពុងបំផ្លាញផ្ទះរបស់អ្នកភូមិ បឹងកក់

នៅ​ក្នុង​កម្មវិធី​​ដែល​រៀប​ចំ​ដោយ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​​ស្ដី​ពី​កម្ពុជា​(NGO Forum) កាល ពី ថ្ងៃ​ព្រហស្បតិ៍ ​ម្សិលមិញ​មន្ត្រី​តំណាង​អង្គការ​សហប្រជាជាតិ​(អ.ស.ប)​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ហៅ​ភាព​ព្រ​ងើយ​កន្តើយ​របស់​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ ចំពោះ​បញ្ហា​ដីធ្លី​ថា កំពុង​តែ​បំផ្លាញ​អំណាច​នីតិប្បញ្ញត្តិ ។

លោក ជេម ហ៊ីនេន (Jams Heenan) តំណាង​ស្ដីទី​របស់​ឧត្ដម​ស្នងការ​អង្គការ​​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ដូច្នេះ​ថា ”បញ្ហា​ដីធ្លី​គឺ​ជា​ផ្នែក​មួយ​នៃ​សិទ្ធិ​មនុស្ស ហើយ​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​គោរព​និង​ការពារ​នូវ​គោល​ការណ៏ តម្រូវ​ឲ្យ​ការពារ​សិទ្ធិ​មនុស្ស​ទេ មាន​ន័យ​ថា រដ្ឋាភិបាល កំពុង​បំផ្លាញ​អំណាច​នីតិប្បញ្ញត្តិ និង​នី​នីតិប្រតិបត្តិ​របស់​ខ្លួន“ ។

អង្គការNGO​Forumបាន​បង្ហាញ​ទិន្នន័យ​ពី​ការ​អង្កេត​​លើ​បញ្ហា​ដីធ្លី​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដោយ​រក​ឃើញ​ថា កាល​ពី​ឆ្នាំ​២០១០​​ បញ្ហា​វិវាទ​ដីធ្លី​បាន​កើន​​​ឡើង​៤៦​ករណី ច្រើន​ជាង​ឆ្នាំ​២០០៩ ។ ក្នុង​នោះ​មាន​២៨ក​រណី​ជា​ករណី​ថ្មី ហើយ​១៨​ករណី​ទៀត បន្សល់​មិន​បាន​បញ្ចូល​ក្នុង​ទិន្នន័យ​ឆ្នាំ២០០៩ ។ ដោយ​កត់​សម្គាល់​ថា វិវាទ​ដីធ្លី​ទាំង​នោះ​ច្រើន​កើត​មាន​នៅ​ក្នុង​តំបន់​ដែល​មាន សក្ដានុពល​សេដ្ឋកិច្ច ដូច​ជា ក្រុង​ភ្នំពេញ ក្រុង​ព្រះសីហនុ និង ខេត្ត​បន្ទាយ​មាន​ជ័យ ជា​ដើម ៕

សង្គម​ស៊ីវិល៖ ទំនាស់​ដី​កើត​​មាន​ច្រើន​តែ​ដំណោះស្រាយ​មាន​តិចតួច

ដោយ ខែ សុណង
2011-10-20
វិទ្យុ​អាស៊ីសេរី

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​វាយ​តម្លៃ​ថា ទំនាស់​ដីធ្លី​កើត​មាន​ច្រើន តែ​ការ​ដោះស្រាយ​បាន​តិចតួច។ ការ​វាយ​តម្លៃ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ ផ្អែក​ទៅ​តាម​របាយការណ៍​វិភាគ​ទិន្នន័យ​ស្ដីពី​ករណី​វិវាទ​ដីធ្លី​នៅ​កម្ពុជា ឆ្នាំ​២០១០។

ប្រជាពលរដ្ឋ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ប៉ះ​ទង្គិច​គ្នា ក្នុង​ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត​សាលដីកា ទាក់​ទិន​នឹង​ជម្លោះ​ដី​មួយ​កន្លែង​នៅ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១១។ (RFA/Uon Chhin)

ប្រជាពលរដ្ឋ និង កង កម្លាំង ប្រដាប់ អាវុធ ប៉ះ ទង្គិច គ្នា ក្នុង ពេល សមត្ថកិច្ច ចុះ អនុវត្ត សាលដីកា ទាក់ ទិន នឹង ជម្លោះ ដី មួយ កន្លែង នៅ ស្រុក ឧត្តុង្គ ខេត្ត កំពង់ស្ពឺ កាល ពី ថ្ងៃ ទី ៩ ខែ មិថុនា ឆ្នាំ ២០១១។ (RFA/Uon Chhin)

មន្ត្រី​សង្គម​ស៊ីវិល​បាន​បង្ហាញ​របាយការណ៍​វិវាទ​ដីធ្លី​នៅ​កម្ពុជា ឆ្នាំ​២០១០ នៅ​ថ្ងៃ​ទី​២០ តុលា និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​វិវាទ​ដីធ្លី​ឲ្យ​បាន​ឆាប់​រហ័ស ពីព្រោះ​ពលរដ្ឋ​អ្នក​រងគ្រោះ​ដោយសារ​វិវាទ​ដីធ្លី​កាន់​តែ​មាន​ភាព​ក្រីក្រ​ទៅ។

ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍ ការ​វិភាគ​ទិន្នន័យ ស្ដីពី​ករណី​វិវាទ​ដីធ្លី​នៅ​កម្ពុជា ឆ្នាំ​២០១០ នៅ​ថ្ងៃ​ទី​២០ តុលា លោក ឈិត សំអាត នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ហៅ​កាត់​ថា NGO Forum មាន​ប្រសាសន៍​ថា ការ​បោះពុម្ព​ផ្សាយ​ករណី​វិភាគ​នេះ គឺ​សង្គម​ស៊ីវិល​មាន​បំណង​ផ្ដល់​ព័ត៌មាន​ដែល​ផ្អែក​លើ​ភស្តុតាង​ជាក់លាក់ ដើម្បី​ផ្ដល់​នូវ​ការ​គាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ហើយ​បាន​កំណត់​អនុសាសន៍​ដើម្បី​ដាក់​ជូន​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព។

របាយការណ៍​វិភាគ​ទិន្នន័យ ស្ដីពី​ករណី​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ឆ្នាំ​២០១០ ចំនួន ៧០​ទំព័រ ដែល​មាន​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​ផង បាន​បង្ហាញ​ថា ទំនាស់​ដីធ្លី​បាន​កើត​ថ្មី​ក្នុង​ឆ្នាំ​២០១០ ចំនួន ២៨​ករណី គិត​តាំង​ពី​ឆ្នាំ​២០០៦ មក មាន​ចំនួន ២៨២​ករណី។ ក្នុង​មួយ​ករណីៗ គិត​ជា​មធ្យម​មាន​ពលរដ្ឋ ១៥៨​គ្រួសារ​ដែល​ពាក់ព័ន្ធ​ក្នុង​ទំនាស់​ដីធ្លី។ ទំនាស់​បាន​កើត​ឡើង​នៅ​ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ចាម រាជធានី​ភ្នំពេញ និង​ខេត្ត​ផ្សេង​ទៀត ក្នុង​នោះ​មាន​ការ​ឈាន​ដល់​ការ​បណ្ដេញ​ចេញ​ច្រើន​ជាង​គេ គឺ​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ។

ប្រធាន​កម្មវិធី​ដីធ្លី និង​ជីវភាព​នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក ប៊ែន រង្ស៊ី បាន​បង្ហាញ​លទ្ធផល​វិភាគ​របាយការណ៍​នេះ​ថា ករណី​វិវាទ​ដីធ្លី​បាន​កើត​ឡើង​រវាង​ប្រជាពលរដ្ឋ និង​អ្នក​មាន​អំណាច​អ្នក​មាន​លុយ​កាក់។ ទំនាស់​ទាំង​នេះ​បាន​ឆ្លង​កាត់​យន្តការ​ដោះស្រាយ ២០% ប៉ុណ្ណោះ ដែល​ត្រូវ​បាន​កត់ត្រា​ថា បាន​ដោះស្រាយ​ចប់​សព្វគ្រប់ ប៉ុន្តែ​ទំនាស់ ៦០% គឺ​មិន​បាន​ដោះស្រាយ​សោះ។ លោក​ថា រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​គួរ​ធ្វើ​ការ​រួម​គ្នា​ក្នុង​ការ​បង្កើន​ល្បឿន​ដោះស្រាយ​វិវាទ​ដី​ធ្លី តាម​រយៈ​ការ​លើក​កម្ពស់​យន្តការ​ដោះស្រាយ​វិវាទ​ដែល​អាច​ធានា​បាន និង​មាន​ភាព​យុត្តិធម៌។

អ្នក​នាំ​ពាក្យ និង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រៀបចំ​ដែនដី និង​នគរូបនីយកម្ម និង​សំណង់ លោក​បណ្ឌិត បេង ហុងសុជាតិ ខេមរ៉ូ បាន​ទទួល​ស្គាល់​ថា បច្ចុប្បន្ន​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​ហាក់​មាន​ភាព​យឺតយ៉ាវ​ពិត​ប្រាកដ​មែន ដោយសារ​តែ​ធនធាន​មនុស្ស និង​ធនធាន​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត។ លោក​បញ្ជាក់​ថា ក្រសួង​កំពុង​សាកល្បង​ដំណើរការ​យន្តការ​ថ្មី​មួយ​ដែល​មាន​ប្រសិទ្ធភាព​អាច​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ទំនាស់​ដីធ្លី​បាន​ជា​បណ្ដើរៗ។

អ្នក​តំណាង​ស្ដីទី​របស់​ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក ចេមមីស៍ ហ៊ីណាន (James Heenan) បាន​ឲ្យ​ដឹង​ថា បញ្ហា​ទំនាស់ដីធ្លី​បាន​កើត​មាន​ឡើង​នៅ​កម្ពុជា យ៉ាង​ច្រើន​សម្បើម ដែល​ឈាន​ទៅ​ដល់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ បញ្ហា​នេះ​នាំ​ឲ្យ​ពលរដ្ឋ​ប្រឈម​ជាមួយ​អាជ្ញាធរ និង​ប្រព័ន្ធ​តុលាការ។

លោក​ថា បញ្ហា​ដីធ្លី​កើត​មាន​ឡើង​គឺ​ធ្វើ​ឲ្យ​មនុស្ស​ជួប​ប្រទះ​នូវ​ការ​ខ្វះ​ស្បៀង​អាហារ បាត់បង់​ការងារ ទី​ជម្រក និង​ចាកចេញ​ឆ្ងាយ​ពី​សេវា​សុខាភិបាល និង​សេវា​អប់រំ។ទាំង​នេះ​គឺ​ប៉ះពាល់​ដល់​សិទ្ធិ​រស់​រាន​មាន​ជីវិត ដូច្នេះ​រដ្ឋ​ត្រូវ​មាន​កាតព្វកិច្ច​ក្នុង​ការ​បង្កើត​ច្បាប់ គោលនយោបាយ​ឲ្យ​បាន​ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​មាន​កាតព្វកិច្ច​ក្នុង​ការ​កសាង​ស្ថាប័ន​ដែល​មាន​ប្រសិទ្ធភាព​ដើម្បី​អនុវត្ត​ច្បាប់​ទាំង​អស់​នោះ៕

មេដឹកនាំ​ប្រទេស​លីប៊ី លោក ហ្គាដាហ៊្វី ស្លាប់

ដោយ មឿង ទុម
2011-10-21
​វិទ្យុ​អាស៊ីសេរី

មេដឹកនាំ​ប្រទេស​លីប៊ី លោក មូអាម៉ា ហ្កាដាហ៊្វី (Moamer Kadhafi) ថ្មីៗ​នេះ​ត្រូវ​បាន​គេ​អះអាង​ថា គាត់​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​គ្រា​កំពុង​ច្បាំង​តតាំង​នឹង​ក្រុម​ទ័ព​អ្នក​តស៊ូ​នៅ​ប្រទេស​លីប៊ី សហការ​ជាមួយ​នឹង​កងទ័ព​សម្ព័ន្ធមិត្ត​ណាតូ (NATO)។

វីដេអូ​មួយ​ដែល​ថត​ចេញ​ពី​ទូរស័ព្ទ​ដៃ​របស់​យុទ្ធជន​ក្រុមប្រឹក្សា​ជាតិ​បណ្ដោះ​អាសន្ន អិន.ធី.ស៊ី. (NTC) បាន​បង្ហាញ​អំពី​ការ​ចាប់​មនុស្ស​ខ្លាំង​លីប៊ី មូអាម៉ា ហ្គាដាហ៊្វី (Moamer Kadhafi) នៅ​ទី​ក្រុង​ស៊ារតេ កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១១។ (AFP PHOTO/PHILIPPE DESMAZES)

វីដេអូ មួយ ដែល ថត ចេញ ពី ទូរស័ព្ទ ដៃ របស់ យុទ្ធជន ក្រុមប្រឹក្សា ជាតិ បណ្ដោះ អាសន្ន អិន.ធី.ស៊ី. (NTC) បាន បង្ហាញ អំពី ការ ចាប់ មនុស្ស ខ្លាំង លីប៊ី មូអាម៉ា ហ្គាដាហ៊្វី (Moamer Kadhafi) នៅ ទី ក្រុង ស៊ារតេ កាល ពី ថ្ងៃ ទី ២០ ខែ តុលា ឆ្នាំ ២០១១។ (AFP PHOTO/PHILIPPE DESMAZES)

ទីភ្នាក់ងារ​ព័ត៌មាន AP ផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​២១ នេះ ឲ្យ​ដឹង​ថា សាកសព​របស់ ហ្គាដាហ៊្វី អាយុ ៦៩​ឆ្នាំ ដែល​ប្រឡាក់​ជោក​ដោយ​ឈាម​ពី​របួស​លើ​ខ្លួន​គាត់​នោះ ត្រូវ​បាន​គេ​ដាក់​នៅ​លើ​ដំបូល​រថយន្ត​មួយ ហើយ​ដឹក​ចេញ​ទៅ​កាន់​ទីក្រុង​មីស្រាតា (Misrata)។

បេសកជន​ពិសេស​របស់​ប្រធានាធិបតី​នៃ​ប្រទេស​រុស្ស៊ី ព្រមាន​ថា ហ្គាដាហ៊្វី ស្លាប់​ពុំ​មាន​ន័យ​ថា ចម្បាំង​នៅ​ប្រទេស​លីប៊ី ត្រូវ​បាន​បញ្ចប់​ដែរ​នោះ​ទេ។

ក្រុមប្រឹក្សា​អន្តរជាតិ​បាន​ផ្ដល់​ដំណឹង​អំពី ហ្គាដាហ៊្វី ស្លាប់​ឲ្យ​សហរដ្ឋ​អាមេរិក​ដឹង​ក្នុង​អំឡុង​ពេល​តែ​ពីរ​បី​នាទី នៅ​មុន​ពេល​ដែល​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​លីប៊ី ប្រកាស។

ប្រធានាធិបតី​អាមេរិក​ចេញ​សេចក្ដី​ថ្លែងការណ៍

សេដ្ឋវិមាន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នៅ​ថ្ងៃ​សុក្រ ទី​២១ ខែ​តុលា នេះ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​លីប៊ី លោក មូអាម៉ា ហ្គាដាហ៊្វី ស្លាប់។

លោក បារ៉ាក់ អូបាម៉ា បញ្ជាក់​ថា ព័ត៌មាន​នេះ​ជា​ដំណឹង​ដែល​បញ្ចប់​ទំព័រ​ឈឺ​ចាប់​ដ៏​យូរ​អង្វែង​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​លីប៊ី ដែល​ពេល​នេះ​មាន​ឱកាស​ក្នុង​ការ​សម្រេច​នូវ​ជោគវាសនា​របស់​ខ្លួន​ដោយ​ខ្លួន​ឯង នាំ​ប្រទេស​លីប៊ី​ថ្មី​តាម​លទ្ធិប្រជាធិបតេយ្យ។ ប្រទេស​លីប៊ី ឋិត​នៅ​ក្រោម​របប​ផ្ដាច់ការ​របស់ ហ្គាដាហ៊្វី អស់​រយៈពេល ៤២​ឆ្នាំ៕

ហ្គាដាហ្វី ត្រូវបានសម្លាប់ ដោយវាយប្រហារគ្នាក្នុងស្រុកកំណើតរបស់គេ

ដោយ Monibuth

តាមរយះ AP លោកនាយករដ្ឋមន្រ្ដីជំនួស នៃប្រទេសលីប៊ី បានបញ្ជាក់ថា មេផ្ដាច់ការ ៤២ ឆ្នាំ លោក ហ្គាដាហ្វី អាយុ ៦៩ ឆ្នាំ ត្រូវបានគេសម្លាប់ហើយ ក្នុងកំលុងពេលវាយប្រហារគ្នា ក្នុងក្រុងកំណើតរបស់គេ។

លោកមានប្រសាសន៎ថា៖ យើងបានរងចាំអស់រយះពេលជាយូរមកហើយ ដែលចង់ឃើញ មូអាម៉ារ ហ្គារដាហ្វី ដែលស្លាប់ក្នុងពេលនេះ។ ក្រុមអ្នកតស៊ូរបស់ លីប៊ី បានវាយលុកយក ក្រុង ស៊ើរតេ។

http://cnettv.cnet.com/av/video/cbsnews/atlantis2/cbsnews_player_embed.swf

រឿង “ទឹក​ទន្លេសាប​” ប្រលោមលោក​ខ្មែរ​ដំបូង​បំផុត​

ដោយ : ខឿន សា​ឃាង​
ថ្ងៃទី 20 តុលា 2011
CEN

ភ្នំពេញ: ប្រលោមលោក​មុនដំបូង​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ​អក្សរសិល្ប៍​ខ្មែរ គឺ​រឿង “ទឹក​ទន្លេសាប​” និពន្ធ​ដោយ​លោក គឹម ហាក់ ឬ ឆេង ហាក់ បោះពុម្ព​ដោយ​ព្រះ​រាជបណ្ណាល័យនៅ​ឆ្នាំ​១៩៤១ ។ វា​ជា​សមិទ្ធផល​ នៃ​ការ​អាក់អន់ស្រពន់ចិត្ត​របស់​អ្នកនិពន្ធ​ ចំពោះ​ពួក​ជន​បរទេស​មើលងាយ​ខ្មែរ​ ថា​ពុំ​មាន​រឿង​អ្វី​ក្រៅ​តែ​អំពី​រឿង​ជាតក។

រឿង“​ទឹក​ទន្លេសាប​”ប្រលោមលោក​ខ្មែរ​ដំបូង​បំផុត​

រឿង“ ទឹក ទន្លេសាប ”ប្រលោមលោក ខ្មែរ ដំបូង បំផុត

​ពួក​អ្នក​ស្រាវជ្រាវ​ទាំងឡាយ​ ផ្នែក​អក្សរសិល្ប៍​ខ្មែរ​ បាន​ទទួលស្គាល់ថា ប្រលោមលោក​ខ្មែរ​ដំបូង​បំផុត​ គឺរឿង “ទឹក​ទន្លេសាប​” ដែល​និពន្ធ​ដោយ​លោក គឹម ហាក់ ឬ ឆេង ហាក់ ។ លោក គឹម ហាក់ កើត​នៅ​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​១៩០៥ ប៉ុន្តែ​យើង​ពុំ​មាន​ឯកសារ​បញ្ជាក់​ពី​មរណកាល​របស់​លោ​កឡើ​យ។ លោក​ជា​មន្ត្រីរាជការ​ដ៏​ជោគជ័យ​ម្នាក់ ហើយ​លោក​ក៏​បាន​សរសេរ​អត្ថបទ​ផ្សេងៗ​ ចុះផ្សាយ​ក្នុង​ទស្សនាវដ្ដី​កម្ពុជសុរិយា ផងដែរ។​

​ ឯកសារ​នានា​អះអាងថា រឿង “ទឹក​ទន្លេសាប​” ត្រូវ​បោះពុម្ព​នៅ​ឆ្នាំ​១៩៤១ ដោយ​ព្រះ​រាជបណ្ណាល័យ។ ប៉ុន្តែ​រឿង ​”ទឹក​ទន្លេសាប​” ដែល​ត្រូវបាន​បោះពុម្ព​ឡើងវិញ​ ដោយ​បណ្ណាគារ​អង្គរ​ធំ បាន​អះអាង​ថា រឿង “ទឹក​ទន្លេសាប​” និពន្ធ​ដោយ​លោក គឹម ហាក់ ឆ្នាំ​១៩៣៩។ ទោះយ៉ាងណា ឯកសារ​ដែល​គេ​ទទួល​យក​ជា​ផ្លូវការ​ គឺបោះ​ពុម្ព​នៅ​ឆ្នាំ​១៩៤១។ មិន​ថាវា​ត្រូវ​បាន​បោះ​ពុម្ព​នៅ​ឆ្នាំ​១៩៤១ ឬ ១៩៣៩ ក្តី ក៏​នៅតែ​ជា​ប្រលោម លោក​មុន​ដំបូង​គេ​ដែរ។​

​រឿង “ទឹក​ទន្លេសាប​” ដែល​បាន​ក្លាយជា​រឿង​ប្រលោមលោក​មុន​ដំបូង ​ក្នុង​ប្រទេស​ខ្មែរ​នេះ មិនមែន​កើតឡើង​ដោយ​ចៃដន្យ​ឡើយ។ នៅក្នុង​អារម្ភកថា លោក គឹម ហាក់ បាន​ពោល​ថា រឿង​ទឹក​ទន្លេសាប​នេះ​កើតឡើង​ពី​ចិត្ត​ទ្រុឌទ្រោម​ស្រពោន​ស្រ​ពន់ គិត​សង្វេគ​ដល់​អក្សរសាស្ត្រ​ជាតិ​ ដែល​ពុំ​សូវ​ថ្កុំថ្កើង​រុងរឿង​… ហើយ​ត្រូវ​ជាតិ​សាសន៍​ដទៃ​មើលងាយ​ ថា​ខ្មែរ​ពុំ​មាន​រឿង​ណា​ងាយស្រួល​អាន គឺមាន​តែ​រឿង​សរជាតិ​នៃ​ព្រះពុទ្ធ​ជា​ម្ចាស់​ប៉ុណ្ណោះ …​។

​ តាម​ការសិក្សា គេ​បាន​ឃើញ​ថា កវី​ខ្មេរ​យើងតាំង​ពី​បរម​បុរាណ​មក និពន្ធ​ភាគច្រើន​ជា​រឿងនិទាន​នៃ​ព្រះ​ពោធិ​សត្វ ពោល​គឺ​រឿងរ៉ាវ​ក្នុង​ជាតិ​ផ្សេងៗ​របស់​ព្រះ​ពុទ្ធកាល​មិនទាន់​បាន​ត្រាស់ដឹង។ លុះ​ដល់​ចុងបញ្ចប់​នៃ​រឿង​ទាំងនោះ ក៏​មាន​សរ​បញ្ជាក់ថា​បុគ្គល​ណា​បាន​មក​ជា​ព្រះពុទ្ធ, បុគ្គល​ណា​បានជា​អានន្ទ​, ជា​នាង​ពិម្ពា, ជា​នាងវិសាខា ឬ ជា​ទេវទត្ត​ជាដើម ពោល​គឺ​រឿង​ទាំងនោះ ​មិនមែន​ជា​គំនិត​គិត​រចនា​តាក់តែង ឬ និពន្ធ​ឡើង​ផ្ទាល់ ​ដោយ​កវី​ឡើយ គឺ​ពួក​កវី​យើង​គ្រាន់តែ​បាន​បកប្រែ​រឿង​ទាំងនោះ ពី​គម្ពីរ​ភាសាបាលី ​មក​ជា​ភាសាជាតិតែប៉ុណ្ណោះ​។​

​ ម្យ៉ាងវិញទៀត រឿង​ទាំងនោះ​សុទ្ធតែ​សរសេរ​ជា​កំណាព្យ ដូចជា រឿង​ព្រះ​ជិន​វង្ស និងរឿង​សេកសោម​បណ្ឌិត ជាដើម ហើយ​​យ៉ាងហោចណាស់ ​ក៏​សរសេរ​ជា​អត្ថបទ​កម្រងកែវ ដូច​ជា​រឿង​ព្រះ​វេស្សន្តរ ជាដើម។ រឿង​ទាំងនោះ​ ត្រូវបាន​គេ​ហៅថា រឿង​ល្បែង ពោល​រឿង​ដែល​គេ​រចនា​ឡើង​ សម្រាប់​អាន​លេង ឬ អាន​កម្សាន្ដ។

​តាម​ការសិក្សា យើង​ក៏​បាន​ដឹង​ទៀតថា ពាក្យ​ថា “ប្រលោមលោក” ទើបតែ​មាន​វត្តមាន​ក្នុង​ភាសា​ខ្មែរ​ នៅ​ចុង​សតវត្សរ៍​ទី​១៩ ឬ ដើម​សតវត្សរ៍​ទី​២០​នេះ​ទេ​។ យើង ​ពុំបានដឹង​ជាក់លាក់​ ថា​ពាក្យ​នេះ​កើតឡើង​នៅ​ឆ្នាំ​ណា​ឡើយ ប៉ុន្តែ​យើង​បានដឹងថា ពាក្យ​ថា “ប្រលោមលោក” នេះ អ្នក​ដែល​បាន​ប្រើ​ពាក្យ​នេះ​មុនគេ​ គឺ​លោក នូ កន (១៨៧៤-១៩៤៧) ដើម្បី​បក​ប្រែភាសា​បារាំង​នូវ​ពាក្យ​ថា “roman” គឺ​លោក​សំដៅ​ដល់​រឿង​ទាំងឡាយណា​ ដែល​ត្រូវបាន​និង​ពន្ធ​ឡើង ​ដោយ​កវី​ដោយផ្ទាល់ ដែល​អាច​ជា​គំនិត​ច្នៃប្រឌិត​សុទ្ធសាធ​របស់គាត់ ឬ ជា​អ្វី​ដែល​អ្នកនិពន្ធ​បាន​ឃើញ​ផ្ទាល់​ភ្នែក ហើយ​យក​មក​រចនា​ជា​រឿង ឬ ជា​ល្បាយ ហើយ​រឿង​ទាំងនោះ​ ជា​រឿង​ដែល​សរសេរ​ជា​ពាក្យរាយ ពោល​គឺ​មិនមែន​ជា​រឿង​បកប្រែ​ចេញ​ពី​រឿង​ជា​តក មិនមែន​ជា​រឿង​សរសេរ​ជា​ពាក្យ​កាព្យ ដូច​ជា​រឿង សូផាត (១៩៤២) របស់​កវី រី​ម គីន និងរឿង​ ផ្កា​ស្រពោន (១៩៤៩) របស់លោក នូ ហា​ច ជាដើម។​

​ ប្រលោមលោក​ខ្មែរ ត្រូវបាន​គេ​ប្រទះ​ឃើញ​មុនគេ​បំផុត​ គឺ​រឿង “ទឹក​ទន្លេសាប​” បោះពុម្ព​នៅ​ឆ្នាំ​១៩៤១ នោះឯង ហេតុនេះ​ទើប​ត្រូវបានគេទទួលស្គាល់​ថា​រឿង “ទឹក​ទន្លេសាប​” ជា​ប្រលោមលោក​មុន​ដំបូង​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​អក្សរសិល្ប៍​ខ្មែរ។​

រឿង​នេះ​បាន​កើតមានឡើង​នៅ​ភូមិ​អង្គរ ស្រុក​អង្គរ។ បុរស​ម្នាក់​ឈ្មោះ សី​ណា ភរិយា​ឈ្មោះ បុប្ផា​ផាន់ មាន​បុត្រី​ម្នាក់​ឈ្មោះ​នាង ម៉ា​ឡា ​(​ម៉ាល៉ា​)។ លុះ​នាង ម៉ា​ឡា អាយុ​បាន​១៥​ឆ្នាំ មាន​រូបឆោម​ស្រស់ស្អាត បុរស​គ្រប់រូប​ប៉ង​ស្រឡាញ់ ប៉ុន្តែ​ពុំ​មាន​ឱកាស​ទំនាក់ទំនង​ស្នេហា​នឹង​នាង​ឡើយ ត្បិត​នាង​ជា​នារី​ប្រកបដោយ​ក្រឹត្យក្រម។

​ បុរស​ពីរ​នាក់​ចូល​ស្តីដណ្តឹង​នាងម៉ា​ឡា ម្នាក់​ឈ្មោះ ហេមស័​យ ជា​កូន​នៃ​គ្រួសារ​ទ័លក្រ ប៉ុន្តែ​មាន​សមត្ថភាព រស់នៅក្នុង​ជីវភាព​សាមញ្ញ ជាពិសេស ​មាណព​នេះ​មាន​ចរិយា​មារយាទ​ប្រពៃ។ ឯ​ម្នាក់​ទៀត​ឈ្មោះ សត្ថា ជា​មន្ត្រី​ធំ ជា​នាយក​ខេត្ត ជា​កូន​របស់​លោក​សេនា​វិជ័យ ​មន្ត្រី​សំណព្វ​ព្រះទ័យ​នៃ​ព្រះករុណា​ព្រះបាទ ព្រះ​កេតុមាលា។ សត្ថា មាន​ចំណេះវិជ្ជា​ជ្រាលជ្រៅ និង​បាន​បំពេញ​វិជ្ជា​នៅ​ប្រទេស​ភូមា ប៉ុន្តែ​មាន​ចរិត​ព្រហើន មិន​គោរព​កោតក្រែង​ដល់​បុគ្គល​ណា ​ក្រៅតែពី​ម្ចាស់ផែនដី និង​ព្រះរាជវង្សានុវង្ស​ឡើយ ដោយ​អាង​ឋានៈ បុណ្យស័ក្តិ និងទ្រព្យសម្បត្តិ​ឪពុកម្តាយ។ នាង បុប្ផា​ផាន់ ជា​ម្តាយ​របស់​នាង ម៉ា​ឡា ពេញចិត្ត​នឹងនាយ ហេមស័​យ។ ចំណែក សី​ណា ជា​ឪពុក​ពេញចិត្ត​នឹង សត្ថា។ ប្រកែក​មិន​ឈ្នះ​ភរិយា ទើប សី​ណា ហៅ​នាង ម៉ា​ឡា មក​សួរ​ចិត្ត ។ នាង ម៉ា​ឡា ពុំ​ធ្លាប់​បាន​ស្គាល់​ជា​ក់នូវ​បុរស​ទាំង​ពីរ​នេះ​ទេ ប៉ុន្តែ​នាង​ពេញចិត្ត​នឹង​ស្ថានភាព​របស់ ហេមស័​យ ទើប​បុប្ផា​ផាន់ បាន​សម្រេចចិត្តលើក​នាង ម៉ា​ឡា ទៅឱ្យ ហេមស័​យ ទោះជា សី​ណា មិន​សប្បាយចិត្ត​យ៉ាងណាក្តី។

​ ចំណេរ​ក្រោយមក មាណ​ព ហេមស័​យ បាន​លង់ទឹក រសាត់​ទៅដល់​ទី​ដ៏​ឆ្ងាយ​មួយ បាន​ជួប​នាង ម្លិះ ជា​ប្រពន្ធ​ចោរ ជួយ​ស្រង់​ឱ្យ​រួច​ជីវិត នៅពេល​ដែល​ចោរ​នោះ​បាន​ចេញ​ទៅ​ប្លន់​នៅ​ទល់ដែន​សៀម។ បន្ទាប់ពី​នាង​ម្លិះ លង់​ស្នេហ៍ ហេមស័​យមក ពួកគេ​ក៏​បាន​រួមស្នេហា​នឹង​គ្នា ប៉ុន្តែ​ចិត្ត​របស់ ហេមស័​យ តែងតែ​នឹករលឹក​ដល់​ប្រពន្ធ​ជា​និច្ច។ នាង ម្លិះ ដែល​បាន​ក្លាយជា​ប្រពន្ធ​ចោរ​ ក៏​ព្រោះតែ​ចោរ​នោះ​បាន​នាំគ្នា​ទៅ​ប្លន់​ចាប់​នាង​យកមក។ ដោយសារ​ស្រឡាញ់ ហេមស័​យពេក ម្លិះ ក៏​ប្រាប់​កំណប់​សម្បត្តិ​នានា​ដែល​ប្តី​របស់​ខ្លួន​ប្លន់​បាន​មក និងកប់​ទុក។

​ នាង បុប្ផា​ផាន់ ស្មានថា​កូនប្រសា​ស្លាប់​ហើយ ប៉ុន្តែ​ដោយ​ក្តី​ពុំ​អស់ចិត្ត ក៏​បាន​ទៅ​រក តា​គាំ ជា​គ្រូ​សំណាក់​ធម៌​ ឱ្យ​រក​ព្រលឹង ហេមស័​យ។ គាត់​ដេក​លក់​បាន​យល់សប្តិ​ឃើញ​ក្រពើ។ លុះ​ភ្ញាក់​ពី​ដំណេក​ ក៏​បាន​ប្រាប់​នាង បុប្ផា​ផាន់ ថាមាណ​ព ហេមស័​យ ត្រូវ​ក្រពើ​លេប​បាត់។

​ ដោយ​ឮ​ថា​នាង ម៉ា​ឡា មេម៉ាយ សត្ថា ក៏​បាន​ឱ្យ​ឪពុក គឺ​លោក សេនា​វិជ័យ ចូល​ដណ្តឹង​ម្តងទៀត។ សី​ណា និងនាង បុប្ផា​ផាន់ ក៏​បាន​លើក​នាង ម៉ា​ឡា ឱ្យ សត្ថា។ មាណ​វី ម៉ា​ឡា បាន​ខំ​ប្រកែក​ណាស់ដែរ ប៉ុន្តែ​មិន​ឈ្នះ​មេបា​បង្ខំ​រៀបការ។ ពេល​យប់​ថ្ងៃ​រៀបការ នាង​បាន​បន្សល់ទុក​សំបុត្រ​១​ច្បាប់ឱ្យ​មេបា រួច​ក៏​បាន​លួច​លប​ទៅ​លោត​ទឹក​ទន្លេសាប​សម្លាប់​ខ្លួន នៅ​ទី​ដែល​នាង​បែក​ពី ហេមស័​យ ជា​ប្តី ដោយសារ​ត្រូវ​ទឹក​កួច។ នៅ​យប់​នោះ ហេមស័​យ និង​នាង​ម្លិះ កំពុង​ជិះទូក​សាសង​គ្នា ក៏​ប្រទះឃើញ​នាង ម៉ា​ឡា អណ្តែត​ទឹក និងបាន​ស្រង់​យក​ទៅ​ផ្ទះ ក៏​បាន​ស្គាល់​ថា​ជា​ប្រពន្ធ​របស់​ខ្លួន ធ្វើឱ្យ​នាង ម្លិះ កើតក្តី​ប្រចណ្ឌ។ ពេលដែល ហេមស័​យ មិន​នៅ នាង​ម្លិះ ដាក់​ថ្នាំពុល​ក្នុង​ចំណី បំណង​សម្លាប់​នាង ម៉ា​ឡា ប៉ុន្តែ​នាង​បានដឹង ដោយ​បាន​ឃើញ​រុយ​ទំ​ចំណី​នោះ​ហើយ​ក៏​ងាប់។ ហេមស័​យ ត្រឡប់មកវិញ នាង​ម៉ា​ឡា បាន​តំណាល​រឿង​នេះ​ប្រាប់។ ហេមស័​យ បាន​ចាប់​នាង ម្លិះ ចង ហើយ​បាន​យក​កំណប់​របស់​ចោរ​រត់​ត្រឡប់​ទៅ​ជួប​ឪពុក​ម្តាយ​វិញ​ដោយ​សុវត្ថិភាព។ បន្ទាប់ពីនោះ ហេមស័​យ បាន​ដាក់ពាក្យ​ប្តឹង តា​គាំ ជា​គ្រូ​សំណាក់​ធម៌​ ដែល​បាន​ទាយ​ថា​គាត់​ត្រូវ​ក្រពើ​លេប។ តា​គាំ វ័យ​៦០ មាន​ប្រពន្ធ​ក្មេង​អាយុ​២០​ឆ្នាំ ត្រូវបាន​តុលាការ​វិនិច្ឆ័យ​ ឱ្យ​សងជំងឺចិត្ត​ទៅ ហេមស័​យ ដោយ​ប្រាក់​៥០​ណែន ប៉ុន្តែ​គាត់​មាន​ប្រាក់​តែ​១០​ណែន​ប៉ុណ្ណោះ។ តា​គាំ ចាញ់​ក្តី​ត្រឡប់ទៅផ្ទះ​វិញ បាន​ឃើញ​ប្រពន្ធ​ក្មេង​របស់គាត់​មាន​សហាយ ក៏​កើត​មាន​វិបត្តិ​ផ្ទួន ហើយ​បាន​យកប្រាក់​១០​ណែន​នោះ ​ទៅ​ទិញ​ស្បង់​ចីវរ និងរត់​ទៅ​បួស​ជា​តាបស​ នៅក្នុង​ព្រៃ​ភ្នំ​ជា​រៀង​រហូត​ទៅ។ តាំងពី​ពេលនោះ​ទៅ ហេមស័​យ និងនាង​ម៉ា​ឡា រស់នៅ​ជាមួយគ្នា​ជា​សុខសាន្ត​ទៅ​ហោង។​

​ រឿង “ទឹក​ទន្លេសាប​” នេះ អ្នកនិពន្ធ គឹម ហាក់ ឬ ឆេង ហាក់ ចង់​បង្ហាញ​ពី​ទោស​នៃ​កាមគុណ​ខុស​បវេណី៕

អង្គការ​ហ្រេ​ន្ស​អ៊ី​ន​ធឺ​ណា​សិ​នណល អំពាវនាវ​ដើម្បី​បញ្ឈប់​ការធ្វើ​ទេសចរណ៍​នៅ​មណ្ឌលកុមារ​កំព្រា​

ដោយ : មុនី​រ័ត្ន
ថ្ងៃទី 20 តុលា 2011
CEN

លោក សេ​បា​ស្យៀ​ង ម៉ា​រូត នាយក​ប្រ​ត្តិ​ប​ត្តិ​របស់​អង្គការ​ហ្វ្រេ​ន្ស​អ៊ី​ន​ធឺ​ណា​សិ​នណល ប្រចាំ​ប្រទេស​កម្ពុជា

លោក សេ បា ស្យៀ ង ម៉ា រូត នាយក ប្រ ត្តិ ប ត្តិ របស់ អង្គការ ហ្វ្រេ ន្ស អ៊ី ន ធឺ ណា សិ នណល ប្រចាំ ប្រទេស កម្ពុជា

ភ្នំពេញ: ​អង្គការ​ហ្វ្រេ​ន្ស​អ៊ី​ន​ធឺ​ណា​សិ​នណល បាន​បើក​យុទ្ធនាការ​មួយ​ដើម្បី​ប្រយុទ្ធប្រឆាំង និង​បញ្ឈប់​ការធ្វើ​ទេសចរណ៍​នៅ​មណ្ឌល​កុមារកំព្រា​នៅក្នុង​ប្រទេស​កម្ពុជា នា​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្ប​រ៍ ទី​២០ ខែតុលា ឆ្នាំ​២០១១​នេះ​។​

​ដោយ​យោងតាម​របាយការណ៍ និង​ការស្រាវជ្រាវ​ថ្មី​មួយ​ជុំវិញ​បញ្ហា និង​ស្ថានភាព​របស់​មណ្ឌលកុមា​រ​កំព្រា​នៅ​កម្ពុជា ដែល​ស្របតាម​ខិតប័ណ្ណ​គន្លឹះ​សុវត្ថិភាព​កុមា​រស​ប្រាប់​អ្នក​ទេសចរណ៍ (​គន្លឹះ​ទី​៤) របស់​គម្រោង​បណ្តាញ​សុវត្ថិភាព​កុមារ នៃ​អង្គការ​ហ្រេ​ន្ស​អ៊ី​ន​ធឺ​ណា​សិ​នណល ។ យុទ្ធនាការ​នេះ នឹង​អាច​លើកកម្ពស់​ការយល់ដឹង​របស់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ប្រទេស​កម្ពុជា​រាប់ម៉ឺន​នាក់ ដែល​កន្លងមក​ពួកគេ​មិនបាន​ដឹង​អំពី​បញ្ហា ហើយ​ពួកគេ​ចូល​បាន បំផ្លាញ​ជីវិត​របស់​កុមារ​នៅ​កម្ពុជា​។​

​លោក សេ​បា​ស្យៀ​ង ម៉ា​រូត នាយក​ប្រ​ត្តិ​ប​ត្តិ​របស់​អង្គការ​ហ្វ្រេ​ន្ស​អ៊ី​ន​ធឺ​ណា​សិ​នណល ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​នេះ​គឺជា​យុទ្ធនាការ​ដ៏​សំខាន់​មួយ យើង​ត្រូវតែ​ការពារ​កុមារ និង​អត្ថប្រយោជន៍​សំខាន់បំផុត​របស់​ពួកគេ​។ ហើយ​អត្ថប្រយោជន៍​សំខាន់បំផុត​នោះ គឺ​ការរស់នៅ​ជួបជុំ​គ្រួសារ​របស់​ពួកគេ​។ មិនមែន​ការ​បំបែក​ពួកគេ​ឲ្យ​មក​រស់នៅក្នុង​មណ្ឌលកុមារ​កំព្រា​នោះឡើយ​។​”

​របាយការណ៍​ថ្មីៗ​បាន​បង្ហាញថា ៖
-​ចំនួន​មណ្ឌល​កុមារកំព្រា​បាន​កើន​ឡើងដល់​ទៅ ៦៥ ភាគរយ​ចាប់​តាំ​ពី​ឆ្នាំ​២០០៥ មក​។​
-៧៥ ភាគរយ នៃ​កុមារ​ដែល​កំពុង​រស់នៅ​ក្នុង​មណ្ឌល​កុមារកំព្រា​ទាំងអស់នោះ​តាមពិតទៅ​ពួកគេ​នៅមាន​ឳ​ពុក ឬ ម្តាយ​។ ពួកគេ​មិនមែនជា​កុមារកំព្រា​ទេ​។​
-​ការ​ទៅធ្វើ​ទស្សនកិច្ច​រយៈពេល​ខ្លី​នៅ​មណ្ឌល​កុមារកំព្រា​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​ការអភិវឌ្ឍ​អារម្មណ៍​របស់​កុមារ​។​
​យុទ្ធនាការ​នេះ​បានទទួល​ការ​គំ​ទ្រ​យ៉ាង​ពេញលេញ​ពី​អង្គារ UNICEF ប្រចាំ​កម្ពុជា​។

​លោក Richard Bridle អ្នកតំណាង​របស់ UNICEF នៅ​កម្ពុជា បាន​មានប្រសាសន៍ថា អ្នក​គាំពារ និង​ថែរក្សា​កុមារ​ដំបូង​គេ និង​ប្រសើរ​ជា​គេ​បង្អស់​គឺ​គ្រួសារ​របស់គេ​។ លោក Richard Bridle បាន​បន្ថែមទៀតថា “​អាយុ​សង្ឃឹម​រស់​របស់​ប្រជាជន​កម្ពុជា​បាន​កើនឡើង ដែល​នេះ​គួរតែ​អាច​បញ្ជាក់ថា ចំនួន​កុមារកំព្រា​នៅ​កម្ពុជា​គួរតែ​ថយចុះ​”​។ “​ប្រសិនបើ​ការថែទាំ របស់​ឳ​ពុក​ម្តាយ មិនមែនជា​ជម្រើស ឬ មិន​ស្ថិតក្នុង​ចំណាប់អារម្មណ៍ ដ៏​ល្អ​បំផុត​មួយ​សំរាប់​កុមារ UNICEF ជឿជាក់ថា ការដាក់​កុមារ​ទៅក្នុង​មណ្ឌល​អប់រំ គួរតែ​ជា​មធ្យោបាយ​ចុង​ក្រោម​បំផុត​” ។​

​លោក ម៉ា​រ៉ូ​ត (Marot) បាន​មានប្រសាសន៍ថា ហ្វ្រេ​ន​អ៊ី​ន​ធឺ​ណាស់​សិន​ណា ចង់ឱ្យ​ភ្ញៀវ​ទេសចរណ៍​បាន​ចូលរួម​ក្នុង​យុទ្ធនាកា​នេះ ដោយ​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ។
“​យើង​ចង់ឱ្យ​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​ចូលទៅ​កាន់​គេហទំព័រ (www.thinkchidsafe.org) នៃ​យុទ្ធនាការ​របស់​យើង​ដើម្បី​ស្វែងយល់​ពី​ការពិត​នេះ​។ បន្ទាប់​ចូលរួម​យុទ្ធនាការ​ដោយ​បង្ហោះ​រូប​ទាំង និង​ព័ត៌មាន​នៅលើ Twitter និង Facebook ដោយ​ភ្ជាប់​ជាមួយ​គេហទំព័រ​របស់​យុទ្ធនាការ​ដ៏​មាន​សារសំខាន់​នេះ ដើម្បី​ចែករំលែក​ព័ត៌មាន​ទាំងនេះ​ជាមួយ​មិត្តភក្តិ និង​អ្នកដំណើរ​ដទៃទៀត​។​”
“ការ​ទស្សនា ឬ ធ្វើ​ទេសចរណ៍​នៅ​មណ្ឌល​កុមារកំព្រា គឺ​គ្រាន់តែ​បណ្តាលឱ្យ​កើតមាន​ស្ថានភាព​មួយ​ដែល​គ្មាន ភាព​សំខាន់ ឬ ក៏​អាចមាន​គ្រោះថ្នាក់​ទៅលើ​កុមារ​ក្នុង​មណ្ឌលកុមារ​កំព្រា​ទាំងនោះ​។ កុមារ​មិនមែនជា​ការទាក់ទាញ​ទេសចរណ៍​ទេ​។ ”៕

ស្ត្រី​ឱ្យ​កូន​បៅដោះ​មាន​ភាពក្លាហាន​ជាង​ស្ត្រី​ដែល​ចិញ្ចឹម​កូន​ដោយម្សៅ​ទឹកដោះ​គោ

ដោយ : សោភ័ណ
ថ្ងៃទី 21 តុលា 2011
CEN

ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ​នាំមក​នូវ​ផល​ប្រយោជន៍​យ៉ាងច្រើនចំពោះ​សុខភាព​និង​សមត្ថភាព​អង្គ​

ការ ចិញ្ចឹម កូន ដោយ ទឹកដោះ ម្តាយ នាំមក នូវ ផល ប្រយោជន៍ យ៉ាងច្រើនចំពោះ សុខភាព និង សមត្ថភាព អង្គ

ភ្នំពេញ: ពេល​ត្រូវ​គំរាមកំហែង​, កម្រិត​ក្លាហាន​របស់​មាតា​ឱ្យ​កូន​បៅដោះ​ធំ​ជាង ធៀប​នឹង​ស្ត្រី​ចិញ្ចឹម​កូន​ដោយ​ម្សៅ​ទឹកដោះគោ ឬ​ពុំ​ទាន់​បង្កើត​កូន ។​

​ ​Livescience ឱ្យដឹងថា Jennifer Hahn-Holbrook ជំនាញការ​មួយ​រូប​របស់​មហាវិទ្យាល័យ​កាលីហ្វ័​រញ៉ា នៅ​អាមេរិក​សង្កេតឃើញថា ពេល​ខ្លាឃ្មុំ និង​ពូជ​សត្វ​ដទៃទៀត​ឱ្យ​កូន​បៅ​, វា​សម្តែង​ចេញ​ភាពកាចសាហាវ​ជាង ពេល​ខ្លួន​វា​ឬ​កូន​ត្រូវ​គំរាមកំហែង ។ អ្នកស្រី​ចាត់ទុកថា និន្នាការ​ដូចនេះ ក៏ កើតឡើង​ចំពោះ​មនុស្ស​ដែរ ។​

​ ​Hahn-Holbrook បាន​និយាយថា មាតា​ឱ្យ​កូនបៅនឹង​មិន​ម្ចាស់ការ​បង្កទំនាស់​ជាមួយ​អ្នកផ្សេង​, តែ​ប្រសិននរណា​នោះ​គំរាមកំហែង​គេ ឬ​កូន​, កម្រិត​ត្រៀម​ប្រើប្រាស់​ហិង្សា​ដើម្បីប្រឆាំង​បក​របស់គេ​នឹង​ខ្ពស់ជាង​ធៀប​នឹង​អ្នក​មិន​ឱ្យ​កូនបៅ ។​

​ ​ក្រុម​របស់ Hahn-Holbrook ជ្រើសរើស​មាតា​៣៥​នាក់ កំពុង​ចិញ្ចឹមកូន​អាយុ​ពី​៣​ដល់​៦​ខែ និង​ស្ត្រី​ពុំ​ទាន់​បង្កើត​កូន​២០​នាក់ ដើម្បី​អនុវត្ត​ការពិសោធន៍ ។ ១៨​នាក់​ក្នុងចំណោម​ក្រុម​មាតា​ឱ្យ​កូនបៅ​, ចំនួន​នៅ​សល់​ចិញ្ចឹមកូន​ដោយ​ម្សៅ​ទឹកដោះគោ ។ ពួក​ជំនាញការ​សំណូមពរ​ស្ត្រី​ទាំង​៥៥​នាក់ ជា​បន្ត បន្ទាប់​ឱ្យ​អនុវត្ត​ល្បែង​មួយ​មាន​ចរិត​ប្រកួតប្រជែង​លើ​កុំព្យូទ័រ ។ ក្នុង​ល្បែង គូប្រកួត​របស់​គេ​អនុវត្ត​ទង្វើ​បង្ករឿង​ជាច្រើន ។ ប្រសិន​ស្ត្រី​ម្នាក់​ដណ្តើម​ជោគជ័យ គេ​នឹង​ត្រូវបាន​អនុញ្ញាត​ចុច​ឆ្នុក​មួយ​ដើម្បី​បង្កើត​សំឡេង​ខ្លាំង​និង​យូរ​- សកម្មភាព​មួយ​សម្តែង​ភាព​គឃ្លើន ។ លទ្ធផល​បង្ហាញ​ថា សំឡេង​ដែល​បង្កើតដោយ​មាតា​ឱ្យ​កូន​បៅដោះ​មាន​បរិមាណ​សំឡេង​និង​ពេលវេលា​ទ្វេដង ធៀប​នឹង​សំឡេង​របស់​អ្នក​ផ្សេងៗ ។ ក្រុម​ស្រាវជ្រាវ​សង្កេត​ឃើញ​សម្ពាធ ឈាម​របស់​មាតា​ឱ្យ​កូនបៅ​ថយចុះ​មុន​ពេល​ចូលរួម​ល្បែងធៀប​នឹង​អ្នកដទៃ​។ សម្ពាធ​ឈាម​របស់​គេ​ក៏​ទាប​ជាង​ក្នុង​ពេល​លេងល្បែង ។ តាម​ក្រុម​ស្រាវជ្រាវ សម្ពាធ​ឈាម​កាន់តែ​ទាប នោះ​កម្រិត​ខ្វាយខ្វល់​(​និង​ភ័យខ្លាច​)​របស់​មនុស្ស កាន់តែ​ថយចុះ ។ កម្រិត​ខ្វាយខ្វល់​កាន់តែ​ថយចុះ នោះ​ស្ត្រី​កាន់តែ សម្តែង​ចេញ​ភាព​ក្លាហាន​ជាង​ពេល​ការពារ​ខ្លួន​និង​កូន ។​

​ ​Hahn-Holbrook បាន​និយាយថា ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ​នាំមក​នូវ​ផល​ប្រយោជន៍​យ៉ាងច្រើន ចំពោះ​សុខភាព​និង​សមត្ថភាព​អង្គ​បដិបក្ខ​របស់​កុមារ​, តែ​ហាក់ដូចជា​ការឱ្យកូនបៅ​ក៏​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​មាតា ។ វា​ពុំ​ត្រឹមតែ​ជួយ​មាតារំដោះ​បាន​ភាព​តានតឹង​ដោយសារ​ការចិញ្ចឹម​កូន​ប៉ុណ្ណោះ​ទេ​, តែ​ក៏​នៅ​នាំមកនូវ​ភាពក្លាហាន​ចាំបាច់​ដើម្បី​ឱ្យ​ស្ត្រី​ការពារ​ខ្លួន​និង​កូន ៕

បន្លែ ៤ ប្រភេទ អាចព្យាបាល ការទល់លាមក

Written by ភ្នំពេញដេលីញូវ
Thursday, 20 October 2011

ប៉ុន្មានឆ្នាំមកនេះ ស្ថានភាព ទល់លាមក របស់យុវវ័យ ជាពិសេសគឺ បងប្អូនស្ត្រី ការិយាល័យ កាន់តែមាន សភាពកើនឡើង ។ មូលហេតុចម្បង គឺដោយសារ សម្ពាធការងារ ការតានតឹងផ្លូវ ចិត្តហួសកម្រិត បូករួមទាំងការ មិនសូវបាន ហាត់ប្រាណ និង ការអង្គុយយូរ ក្នុងការិយាល័យ ៘

នេះគឺជាបន្ថែ ៤ ប្រភេទដែលអាចព្យាបាលការទល់លាមកបានយ៉ាងមានប្រសិទ្ធភាព ៖

ឆៃថាវ (ស្ពៃមើម)
ស្ពៃមើម ចែកចេញជាច្រើន ប្រភេទ គឺមានស្ពៃមើមស និង ស្ពៃមើមក្រហម ជាដើម ដែលយើងអាច បរិភោគឆៅ ឬ ចម្អិនជាអាហារ ។ ស្ពៃមើម មានរសជាតិ ផ្អែមត្រជាក់កាយ រសជាតិហឹរបន្តិច មានប្រសិទ្ធភាព កម្ចាត់ជាតិពុល និង បញ្ចុះកម្តៅ ។

កម្រិតវីតាមីន ក្នុងស្ពៃមើម មានច្រើនជាង ១០ បើធៀបនឹង ផ្លែសារី ក្រៅពីនេះ វាក៏មាន ប្រសិទ្ធភាព ជួយដល់ការ បត់ជើងតូច ទប់ស្កាត់ មហារីក ប្រឆាំងនឹង វីរុសបង្កជំងឺ ទប់ទល់ជំងឺក្រួស ក្នុងប្រមាត់ កាត់បន្ថយ កូឡេស្តេរ៉ូល និង ការពារជំងឺ ឡើង ឈាម (សម្ពាធឈាមខ្ពស់) ។ ក្នុងមួយថ្ងៃ អាចទទួលទាន ២៥០ ក្រាម ដើម្បី ជំនួយដល់ ការបត់ជើងតូច ។

ស្ពៃបូកគោ
ស្ពៃបូកគោមាន ធាតុត្រជាក់ រសជាតិផ្អែម មានប្រយោជន៍ ក្នុងការបណ្តេញ្ញ ជាតិពុល និង កម្តៅ ព្រមទាំង ធ្វើឱ្យនោមស្រួល ។ អ្នកដែលមាន អាការស្ងួតមាត់ ទល់លាមក ទឹកនោម មានពណ៌លឿង អាចបរិភោគ ស្ពៃបូកគោ សម្រាប់ព្យាបាល ។ នៅក្នុង ស្ពៃមើមនេះ មានជាតិសរសៃ និង កម្រិតវីតាមីន A B & C យ៉ាងសម្បូរបែប ។

ឃ្លោក
ឃ្លោក មានផ្ទុកដោយ ជាតិទឹក ប្រមាណជា ៩៤ ភាគរយ វាគឺជាផ្លែ ដែលមាន កម្តៅទាប សម្បូរវីតាមីន និង កម្រិតម៉ាញ្ញ៉េស្យូម និង ប៉ូតាស្យូមខ្ពស់ ។

សណ្តែកបណ្តុះ
សណ្តែកបណ្តុះ មានជាតិ បំប៉នច្រើន សម្បូរជាតិ សរសៃ វីតាមីន C និង ជាតិខ្លាញ្ញ់ទាប ដែលមាន ប្រយោជន៍ ជួយដល់ ការបត់ជើង ។ បរិភោគ សណ្តែកបណ្តុះ ជាញឹកញាប់ អាចជួយព្យាបាល ការឡើងកំហាក និង ជួយដល់មុខងារ នៃខួរក្បាល ផងដែរ ។
ក្រៅពីនេះ ដើម្បីព្យាបាល អាការទល់លាមក យើងត្រូវការ កែប្រែ របបអាហារ គួរតែទទួលទាន សណ្តែក និង ដំឡូងដែលមាន ជាតិសរសៃច្រើន បរិភោគផ្លែឈើស្រស់ ដូចជា ចេកណាំវ៉ាទំ ប៉ោម សារី និង ស្ត្រប៊ឺរី ជាដើម ។
ប្រភេទអាហារ ដែលមានប្រយោជន៍ ដូចគ្នានេះដែរ គឺមានដូចជា ទឹកឃ្មុំ សារាយសមុទ្រ វ៉ល់ណាត់ ផ្សិតត្រចៀកកណ្តុរ ៘

មន្ត្រី​រដ្ឋាភិបាល​និង​អ្នកជំនួញ​ខ្មែរជិត​៣០០នាក់​ចូលរួម​ពិពណ៌​ចិន-អាស៊ាន​

ដោយ លាង ដឺលុច
ថ្ងៃ ព្រហស្បតិ៍ 20 តុលា 2011
RFI

ស្តាប់សេចក្តីរាយការណ៍របស់​ លាង ដឺលុច (01:29)

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ ហ៊ុន សែន ​បាន​ដឹក​នាំ​ប្រតិភូ​ជាន់ខ្ពស់​របស់​កម្ពុជា​ចេញ​ទៅ​ទីក្រុង​ណាន់នីង​ប្រទេស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ទី​២០​តុលា​នេះ។ នៅ​ការ​តាំង​ពិពណ៌​ពាណិជ្ជកម្ម​ដែ​កម្ពុជា​បាន​ក្រុមហ៊ុន​កម្ពុជា​ចំនួន​៧៥​បាន​ចូលរួម​ដែរ​នោះ លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​គ្រោង​នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍​តំណាង​អាស៊ាន​នៅ​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​ចិន-អាស៊ាន​ផងដែរ។

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន​ដឹក​នាំ​​ប្រតិភូ​​ជាន់ខ្ពស់​​​កម្ពុជា​​ចេញ​​ទៅ​ទីក្រុង​​ណាន់នីង​​ (© ស៊ីវ​ ចាន់ណា)

លោក នាយក រដ្ឋមន្ត្រី ខ្មែរ ហ៊ុន សែន ដឹក នាំ ប្រតិភូ ជាន់ខ្ពស់ កម្ពុជា ចេញ ទៅ ទីក្រុង ណាន់នីង (© ស៊ីវ ចាន់ណា)

ក្រៅ​ពី​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើន​រូប នៅ​មាន​ប្រតិភូ​ពាណិជ្ជករ​ធំៗ​របស់​កម្ពុជា​ចំនួន​២៥០​នាក់​មក​ពី​៧៥​ក្រុមហ៊ុន​ដែល​ចេញ​ដំណើរ​ទៅ​ទីក្រុង​ណាន់នីង​ប្រទេស​ចិន​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​តុលា​នេះ។
ប្រតិភូ​ជាន់​ខ្ពស់​របស់​កម្ពុជា​ត្រូវ​ចូលរួម​ការ​តាំង​ពិពណ៌​ពាណិជ្ជកម្ម​ចិនអាស៊ាន​លើក​ទី​៨ និង​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​អាស៊ាន​ចិន​ផងដែរ។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​លោក ស្រ៊ី ថាមរ៉ុង្គ​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​មុន​ចេញ​ដំណើរ​ថា លោក​នាយករដ្ឋមន្ត្រី​នឹង​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ចិន​វេន ជាប៉ាវ ​ជួប​ជាមួយ​ប្រតិភូ​ធនាគារ​អភិវឌ្ឍន៍​ចិន​ផងដែរ។​ តាមគម្រោង​នៅថ្ងៃ​ទី​២១​តុលា​ដែល​ជា​ថ្ងៃ​បើក​ពិពណ៌​ពាណិជ្ជកម្ម​ចិនអាស៊ាន​ជា​ផ្លូវការ​ លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា នឹង​ទស្សនា​ពន្លា​ជាតិ​កម្ពុជា​ដែល​មាន​ស្តង់​ពិពណ៌​ចំនួន​៩០។ បន្ទាប់​មក​លោក​ប្រមុខ​រដ្ឋាភិបាល​នឹង​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​ចិន-អាស៊ាន​លើកទី៨។ គឺ​នៅក្នុង​កិច្ចប្រជុំ​នោះ​ហើយ ដែល​លោកនាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​មួយ​តំណាង​អោយ​សមាគម​អាស៊ាន។

គួរ​បញ្ជាក់​ថា ពិពណ៌​ពាណិជ្ជកម្ម​ចិនអាស៊ាន​ឆ្នាំ​នេះ​ប្រព្រឹត្តិទៅ​ក្រោម​ប្រធានបទ​កិច្ច​សហ​ប្រតិបត្តិការ​ការពារ​បរិស្ថាន។ ក្នុងន័យនេះ​កម្ពុជា​បាន​លើក​ប្រធានបទ​ខេត្តរតនគិរី​ស្រស់​ប្រិមប្រិយ ដើម្បី​ចូលរួម​ក្នុង​ពិពណ៌​អន្តរជាតិនេះ។​ក្រៅពីនេះ កម្ពុជា​ក៏មាន​ស្តង់​ដាក់​តាំង និង​លក់​ផលិតផល​កែច្នៃ​ជាច្រើន​ដូចជា​គ្រឿងអលង្កា​ សង្ហារឹម ​សំលៀកបំពាក់ ​ផលិតផល​ធ្វើ​អំពី​សូត្រ​ជាដើម៕

លោក ហ៊ុន សែន ទៅ​ចូល​រួម​ពិធី​តាំង​ពិព័រណ៍​អាស៊ាន-​ចិន

ដោយ សុខ សេរី
2011-10-20
វិទ្យុ​អាស៊ីសេរី

មេដឹកនាំ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន មាន​គម្រោង​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក វិន ជាប៉ាវ (Wen Jiabao) នៅ​ក្នុង​ប្រទេស​ចិន នៅ​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន​នោះ។

២០-តុលា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ចាប់​ដៃ​ជាមួយ​មន្ត្រី​ក្នុង​រាជរដ្ឋាភិបាល​មុន​ពេល​ចេញ​ដំណើរ​ទៅ​ប្រទេស​ចិន នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ (RFA/Sok Serey)

២០-តុលា-២០១១៖ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ចាប់ ដៃ ជាមួយ មន្ត្រី ក្នុង រាជរដ្ឋាភិបាល មុន ពេល ចេញ ដំណើរ ទៅ ប្រទេស ចិន នា អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ។ (RFA/Sok Serey)

http://flash-mp3-player.net/medias/player_mp3_maxi.swf

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១១ បាន​ទៅ​ទស្សនកិច្ច​នៅ​​ប្រទេស​ចិន រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ដល់​ថ្ងៃ​ទី​២១ ខែ​តុលា ដើម្បី​ចូលរួម​ក្នុង​ពិធី​តាំង​ពិព័រណ៍​រវាង​ចិន និង​អាស៊ាន​លើក​ទី​៨ និង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​វិនិយោគទុន​រវាង​ចិន និង​អាស៊ាន​លើក​ទី​៨ នៅ​ក្នុង​ទីក្រុង​ណាននីង (Nanning) ប្រទេស​ចិន។

លោក ហ៊ុន សែន នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​វិនិយោគ​ទុន​ជាមួយ​វិនិយោគិន​នៅ​ប្រទេស​ចិន មួយ​ចំនួន​នៅ​ពេល​នោះ។ ទស្សនកិច្ច​នេះ គឺ​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ចិន ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​ចិន និង​កម្ពុជា។

មន្ត្រី​សំខាន់ៗ​ដែល​បាន​រួម​ដំណើរ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​មាន​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ។ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អ៊ុក រ៉ាប៊ុន។ ឧកញ៉ា ឡៅ ម៉េងឃិន ឧកញ៉ា គិត ម៉េង ឧកញ៉ា ពុង ខៀវសែ និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត​សរុប​ចំនួន​ជាង ១០​នាក់។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក ស្រ៊ី ថាមរ៉ុង្គ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​មុន​ការ​ចាកចេញ​នោះ​ថា នេះ​គឺ​ជា​ការ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ជាន់​ខ្ពស់​ជា​ថ្មី​ទៀត​រវាង​ចិន និង​កម្ពុជា៖ «ព្រោះ​ការងារ​យើង​ជាមួយ​ចិន​ល្អ​ណាស់។ ថ្មីៗ​នេះ កាល​ពី​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ កន្លង​មក​នេះ គឺ​ថា ជំនួយ​ដូច​ជា​ភួយ​អី​ហ្នឹង មាន​ទំហំ​រហូត​ដល់ ៥០​លាន​យន់ ប្រហែល​ជិត ៨​លាន​ដុល្លារ​អាមេរិក បាន​មក​ដល់​ហើយ។ យ៉ាង​ហោច​ណាស់​ក៏​សម្ដេច​អរគុណ​គេ (ចិន) ព្រោះ​ថា យើង​ទាក់ទង​គ្នា​ញឹកញាប់​ណាស់។ ថ្នាក់ដឹកនាំ​ចិន មក​ស្រុក​យើង។ យើង​ទៅ​ស្រុក​គេ (ចិន)»។

ទីប្រឹក្សា​របស់​ស្ថានទូត​ចិន នៅ​កម្ពុជា លោក ហ៊ី លីពីង (He Leping) បាន​មាន​ប្រសាសន៍​ជា​ភាសា​ខ្មែរ​ថា នឹង​មាន​ការ​ចុះ​ហត្ថលេខា​រវាង​ភាគី​ចិន និង​កម្ពុជា ប៉ុន្តែ​លោក​មិន​បាន​ដឹង​ច្បាស់​ថា មាន​កិច្ចសន្យា​ចំនួន​ប៉ុន្មាន​នោះ​ទេ៖ «បាទ! នាយករដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​ផ្លាស់ប្ដូរ​មតិ​អំពី​ទំនាក់ទំនង​ទ្វេ​ភាគី ហើយ​និង​បញ្ហា ជា​ពិសេស​ទឹក​ជំនន់»។

ពាណិជ្ជករ​កម្ពុជា​ចំនួន​ជាង ២៥០​នាក់ បាន​ទៅ​ដល់​ប្រទេស​ចិន​រួច​ហើយ​នា​ពេល​ថ្មីៗ​នេះ ដើម្បី​ចូល​រួម​តាំង​ពិព័រណ៍​នៃ​ផលិតផល​កម្ពុជា ដូចជា​អង្ករ និង​ផលិតផល​កសិកម្ម​ជា​ច្រើន​ទៀត នៅ​ស្តង់​ចំនួន ៩០​កន្លែង មក​ពី​ក្រុមហ៊ុន​ចំនួន ៧៥ នៃ​ប្រទេស​កម្ពុជា។

ពិព័រណ៍​នោះ​មាន​ស្តង់​សរុប​ជាង ៤.៦០០ មក​ពី​ប្រទស​សមាជិក​អាស៊ាន និង​ស្តង់​របស់​ប្រទេស​ចិន ជា​ម្ចាស់​ផ្ទះ ព្រម​ទាំង​មាន​ប្រទេស​ជាង ១០​ទៀត​ចូល​រួម ក្នុង​នោះ​មាន​ជប៉ុន និង​បារាំង​ជា​ដើម។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក វិន ជាប៉ាវ នៅ​ថ្ងៃ​ទី​២០ ខែ​តុលា និង​ជួប​ជាមួយ​ប្រតិភូ​នៃ​ធនាគារ​ចិន​ឈ្មោះ ធនាគារ​អភិវឌ្ឍន៍​ចិន (China Development Bank)។

កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ប្រទេស​ចិន បាន​ឲ្យ​កម្ពុជា​ខ្ចី​ប្រាក់​ចំនួន ១៩៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ជា​ច្រើន​គ្រឿង​ពី​ប្រទេស​ចិន។

លោក ស៊្រី ថាមរ៉ុង្គ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ថា ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ទាំង​នោះ​គឺ​ប្រទេស​កម្ពុជា យក​មក​ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​យោធា និង​បង្ក្រាប​បទល្មើស​នេសាទ និង​បទ​ឧក្រិដ្ឋកម្ម​នៅ​ដែន​សមុទ្រ។ កម្ពុជា​កំពុង​តែ​រង់ចាំ​ប្រទេស​ចិន​ដឹក​មក​ប្រគល់​ឲ្យ​កម្ពុជា៕

ព្រះ​រាជអាជ្ញា​ និង​មេធាវីខ្វែង​គំនិត​គ្នា​អំពី​សុខភាព​អ្នកស្រី ​អៀង ធីរិទ្ធ ​ក្នុង​ដំណើរ​ការ​កាត់ទោស

ថ្ងៃព្រហស្បតិ៍, 20 ខែតុលា 2011
ដោយ គង់ សុឋានរិទ្ធ
វីអូអេ ខ្មែរ | ភ្នំពេញ

អ្នកស្រី ​អៀង ធីរិទ្ធ ​អតីត​រដ្ឋមន្ត្រី​សង្គមកិច្ច​ខ្មែរក្រហម។ (រូបថត៖ វីអូអេ ខ្មែរ)

អ្នកស្រី អៀង ធីរិទ្ធ អតីត រដ្ឋមន្ត្រី សង្គមកិច្ច ខ្មែរក្រហម។ (រូបថត៖ វីអូអេ ខ្មែរ)

សហ​មេធាវី​អន្ដរជាតិ​លោក​ស្រី​ ដាយអាណា ​អាលីស​ បាន​ស្នើសុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​ដោះលែង​កូន​ក្ដី​របស់​ខ្លួន​គឺ​អ្នកស្រី ​អៀង​ ធីរិទ្ធ​ ដោយសារ​តែ​​​បញ្ហា​សុខភាព។

ក្រុម​គ្រូពេទ្យ​ជំនាញ​ខាង​មនុស្ស​ចាស់​ និង​ខាង​វិកលវិទ្យា​បាន​បង្ហាញ​នៅ​ក្នុង​សវនាការ​ស្ដីពី​បញ្ហា ​សុខភាព​របស់​អ្នកស្រី ​អៀង​ ធីរិទ្ធ​​ កាល​ពី​ថ្ងៃ​ពុធ ​និង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​​ អតីត​រដ្ឋ​មន្រ្ដី​ក្រសួង​សង្គមកិច្ច​របស់​ខ្មែរ​ក្រហម​អាយុ​៧៩​ឆ្នាំ​រូប​នេះ​ មាន​រោគ​សញ្ញា​នៃ​ការ​ចុះខ្សោយ​សតិបញ្ញា ​និង​បាត់បង់​ការ​ចងចាំ។

លោក​ស្រី​ដាយអាណា ​អាលីស​មាន​ប្រសាសន៍​ដោយ​យោង​ដល់​របាយ​ការណ៍​របស់​គ្រូពេទ្យ​ថា៖

«ការ​ចុះខ្សោយ​ក្នុង​ការ​ផ្ចង់​អារម្មណ៍ និង​ការ​ចុះខ្សោយ​នៃ​ការ​ចង​ចាំ​ ​គឺ​ជា​ការ​បង្ហាញ​យ៉ាង​រឹងមាំ​ពី​អសមត្ថ​ភាព​របស់​ អៀង​ ធីរិទ្ធ​ នៅ​ក្នុង​ការ​តស៊ូ​ក្នុង​ដំណើរ​ការ​កាត់​ទោស​លើ​រូប​គាត់»។

លោក​ស្រី​មេធាវី​សញ្ជាតិ​អង់គ្លេស​ដដែល​នេះ​បាន​សំអាង​ថា​ នឹង​មិន​មាន​យុត្តិធម៌​សម្រាប់​កូន​ក្ដី​របស់​គាត់​ទេ​ ល្គឹកណា​កូន​ក្ដី​​មិន​មាន​លទ្ធភាព​យល់ដឹង​ពី​ដំណើរ​នីតិ​វិធី​កាត់ទោស ​និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មេធាវី​នោះ។​ ហើយ​លោក​ស្រី​បាន​ស្នើ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​សម្រេច​បញ្ឈប់​នីតិ​វិធី​ប្រឆាំង​នឹង​កូន​ក្ដី​របស់​ខ្លួន។

«មិន​មាន​អ្វី​ជា​ការ​សង្ស័យ​ទេ​ថា ​អៀង ​ធីរិទ្ធ​ មិន​មាន​លទ្ធភាព​នឹក​ឃើញ​ពី​អ្វី​ ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​គាត់​ សម្រាប់​ការ​ចូលរួម​ការ​កាត់​ទោស​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ។​ ជន​ជាប់​ចោទ​គួរ​ត្រូវ​រក​ឃើញ​ថា ​មិន​មាន​លទ្ធភាព​ចូលរួម​ការ​កាត់​ទោស»។

យ៉ាងណា​ក៏​ដោយ​ សហ​ព្រះរាជ​អាជ្ញា​រង​បាន​ជំទាស់​ទៅ​នឹង​សំណើរ​នោះ ​ហើយ​បាន​អះអាង​ថា ​អៀង ​ធីរិទ្ធ​នៅ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​សវនាការ ​ដោយសារ​​របាយការណ៍​គ្រូពេទ្យ​បញ្ជាក់​ថា​ គាត់​មាន​ជំងឺ​បាត់បង់​ការ​ចងចាំ​ក្នុង​កម្រិត​មធ្យម​នៅ​ឡើយ​ រួម​ទាំង​មាន​លទ្ធភាព​អង្គុយ​ក្នុង​សវនាការ​​បាន។ ​ម្យ៉ាងវិញ​ទៀត​ ជន​ជាប់​ចោទ​ទាំង​បួន​នាក់​ក្នុង​សំណុំរឿង​០០២​នេះ​មាន​ស្ថានភាព​សុខភាព​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ។

លោក​ច័ន្ទ តារារស្មី ​សហ​ព្រះរាជ​អាជ្ញា​រង​ជាតិ​កម្ពុជា​និយាយ​ថា៖

«​វត្តមាន​របស់​គាត់​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ​មិន​ត្រូវ​គប្បី​ឲ្យ​ជន​ជាប់​ចោទ​ អៀង ​ធីរិទ្ធ​ នៅ​ក្រៅ​ឃុំ​នោះ​ទេ ​ពីព្រោះ​ការ​ឃុំ​ខ្លួន​​គាត់​នៅ​ទី​នេះ​សម​ស្រប​ទៅ​នឹង​លក្ខខណ្ឌ​សុខភាព​របស់​គាត់​ដែល​ត្រូវការ​ការ​តាម​ដាន​ជា​ចាំបាច់​ក្នុង​ការ​ត្រួត​ពិនិត្យ​សុខ​ភាព​របស់​គាត់»។

មេធាវី​នាំ​មុខ​ដែល​តំណាង​ឲ្យ​ខាង​ភាគី​ជន​រង​គ្រោះ​យល់​ស្រប​នឹង​សហ​ព្រះរាជ​អាជ្ញា​ដែរ។​ ហើយ​បាន​គាំទ្រ​ឲ្យ​មាន​ការ​បំបែក​នីតិ​វិធី ​ខណៈ​ដែល​មេធាវី​របស់​នួន ​ជា ​មេធាវី​របស់​អៀង​ សារី ​និង​មេធាវី​របស់​អៀង ​ធីរិទ្ធ​ទាមទារ​ឲ្យ​មាន​ការ​បំបែក​នីតិវិធី​ ដើម្បី​ធ្វើ​ការ​កាត់​ទោស​ជនជាប់​ចោទ​ដាច់​ដោយ​ឡែក​ពី​គ្នា។

សាលាក្ដី​ខ្មែរ​ក្រហម​គ្រោង​នឹង​បើក​សវនាការ​កាត់​ទោស​ពេញ​អង្គ​សេចក្ដី​លើ​ជន​ជាប់​ចោទ​ទាំង​បួន​នាក់​ក្នុង​សំណុំ​រឿង​០០២​ ដែល​រួម​មាន​មាន​នួន​ ជា​ អៀង​ សារី​ អៀង​ ធីរិទ្ធ​ និង​ខៀវ ​សំផន​ ចាប់​ពី​ថ្ងៃ​ទី​២១ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១១​នេះ​ត​ទៅ។​ លោក​ខៀវ​ សំផន ​និង​មេធាវី​របស់​ខ្លួន​មិន​បាន​ចូលរួម​ក្នុង​សវនាការ​ស្ដីពី​បញ្ហា​សុខភាព​របស់​អៀង​ ធីរិទ្ធ ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នេះ​ទេ៕

បណ្តាញទាក់ទងគ្នា
តុលាការ​ខ្មែរ​ក្រហម​បើក​សវនាការ​ជុំវិញ​ជំងឺ​ផ្លូវ​ចិត្ត​ អៀង ធីរិទ្ធ.

តុលាការ​ខ្មែរក្រហម​បើក​សវនាការ​អំពី​សុខភាព​អ្នកស្រី​ អៀង ធីរិទ្ធ ​ក្នុង​ដំណើរការ​កាត់ទោស.

តុលាការ​នឹង​ពិចារណា​​លើ​លទ្ធភាព​ អៀង ធីរិទ្ធ​ ក្នុង​ការ​ប្រឈម​ការកាត់​ទោស.

តុលាការ​នឹង​ពិចារណា​​លើ​លទ្ធភាព​ អៀង ធីរិទ្ធ ​ក្នុង​ការ​ប្រឈម​ការកាត់​ទោស.

រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​ព្រមព្រៀង​បន្ត​សហកា​រលើ​ដំណើរការ​តុលាការ​ខ្មែរក្រហម​

ដោយ : សុខ ភក្តី
ថ្ងៃទី 20 តុលា 2011
RFI

លោក សុខ អាន ជួបពិភាក្សា​ជាមួយ​លោកស្រី Patricia O'Brien អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​កិច្ចការ​ច្បាប់ កាលពី​ព្រលប់​ថ្ងៃទី​២០​តុលា ឆ្នាំ​២០១១ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ភាគី​ទាំងពីរ បាន​ព្រមព្រៀង​បន្ត​សហកា​រលើ​ដំណើរការ​កាត់ទោស​មេ​ខ្មែរក្រហម​៕ (រូបថត​៖ ស៊ីវ ចាន់ណា)

លោក សុខ អាន ជួបពិភាក្សា ជាមួយ លោកស្រី Patricia O'Brien អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុក ផ្នែក កិច្ចការ ច្បាប់ កាលពី ព្រលប់ ថ្ងៃទី ២០ តុលា ឆ្នាំ ២០១១ នៅ ទីស្តីការគណៈរដ្ឋមន្ត្រី ។ ភាគី ទាំងពីរ បាន ព្រមព្រៀង បន្ត សហកា រលើ ដំណើរការ កាត់ទោស មេ ខ្មែរក្រហម ៕ (រូបថត ៖ ស៊ីវ ចាន់ណា)

ភ្នំពេញ:រដ្ឋាភិបាល​កម្ពុជា និង​តំណាង​អង្គការសហប្រជាជាតិ បាន​ព្រមព្រៀង​រួម​គ្នា​ថា នឹង​បន្ត​សហកា​រលើ​ដំណើរការ​កាត់ទោស​មេ​ខ្មែរក្រហម​។ កម្ពុជា​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ថា រដ្ឋាភិបាល​មិន​បាន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​សាលាក្តី​ខ្មែរក្រហម ដែល​រួម​គ្នា​បង្កើតឡើង​ដោយ​អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា ដូច​ការលើក​ឡើង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​នោះឡើយ​។​

​ការលើកឡើង​ខាងលើ​នេះ បាន​ធ្វើឡើង ក្នុង​កិច្ចប្រជុំ​ដោយ​បិទទ្វារ​រវាង​តំណាង​រដ្ឋាភិបាល​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ទទួលបន្ទុក​កិច្ចការ​តុលាការ​ខ្មែរក្រហម និង​លោកស្រី Patricia O’Brien អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​កិច្ចការ​ច្បាប់ កាលពី​ព្រលប់​ថ្ងៃទី​២០​តុលា ឆ្នាំ​២០១១ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​រាជធានី​ភ្នំពេញ​។​

​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ មក​ទីក្រុង​ភ្នំពេញ នៅពេលនេះ ដើម្បី​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលជា​អ្នក​ទទួលបន្ទុក​ផ្នែក​សាលាក្តី​ខ្មែរក្រហម តំណាងឲ្យ​ភាគី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ពិភាក្សា​ជុំវិញ​ការលាលែង​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ លោក Siegfried Blunk និង​ការលើក​ឡើង​ជា​ច្រើន ពី​ការជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​កម្ពុជា លើ​ដំណើរការ​តុលាការ​ចម្រុះ​កាត់ទោស​មេ​ខ្មែរក្រហម​។​

​បន្ទាប់ពី​កិច្ចប្រជុំ​ដោយ​បិទទ្វារ រយៈពេល ១ ម៉ោង និង ៣០ នាទី ចាប់ពី​ម៉ោង ៥ ល្ងាច​ថ្ងៃ​ទី​២០​តុលា លោក ឯក ថា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ថ្លែង​ប្រាប់​ក្រុមអ្នកកាសែត​ថា ភាគី​ទាំងពីរ បាន​ពិភាក្សា​លើ​ប្រធានបទ ៤ ចំណុច​៖ ទី​១-​ការលាលែង​តំណែង​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ លោក Siegfried Blunk សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ដែល​បាន​ដាក់ពាក្យ​លាលែង កាលពី​ថ្ងៃ​ទី​៩​តុលា ឆ្នាំ​២០១១​។ ទី​២-​ការទិតៀន​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន លើ​តុលាការ​ខ្មែរក្រហម​។ ទី​៣-​លើកឡើង​ពី​អ្នក​ដែល​ត្រូវ​តែងតាំង​ថ្មី ជំនួស​លោក Blunk សហ​ចៅក្រម​ស៊ើបអង្កេត​របស់​តុលាការ​ខ្មែរក្រហម និង​ទី​៤-​ការតែងតាំង​អ្នកថ្មី ជំនួស​តំណែង​លោក គ្លី​ន វិលៀម​សុន តំណាង​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ខាង​រក​ជំនួយ​សម្រាប់​សាលាក្តី​ខ្មែរក្រហម​។​

​តាម​ការ​នាំពាក្យ​ដ៏​ប្រយ័ត្នប្រយែង​រួម​គ្នា​រវាង​លោក ឯ​កថា និង​លោក ផៃ ស៊ីផា​ន គឺ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ​អាន បាន​បញ្ជាក់​ទៅ​កាន់​តំណាង​អង្គការសហប្រជាជាតិ​ថា ការរិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​ជ្រៀតជ្រែក លើ​ដំណើរការ​តុលាការ​ខ្មែរក្រហម គឺ​មិន​មាន​ភស្តុតាង​ជា​ក់លាក់​។ ផ្ទុយ​ទៅ​វិញ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ បាន​សហការ​ដោយ​រលូន និង​បាន​សន្យា​បន្ត​ធ្វើការ​ជាមួយគ្នា​តទៅទៀត លើ​ដំណើរការ​កាត់ទោស​អតីត​មេ​ខ្មែរក្រហម​។​

​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏​បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា មិន​ដែល​បាន​ចេញ​ជា​លាយលក្ខណ៍អក្សរ​ណាមួយ ដែល​ជា​ការរំខាន ឬក៏​ប៉ះពាល់​ដល់​ការសម្រេចចិត្ត​ជា​ឯករាជ្យ​ណា​មួយ​លើ​ដំណើរការ​របស់​តុលាការ​ខ្មែរក្រហម​នោះឡើយ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​ជាមួយគ្នា​នោះ លោក សុខ អាន ក៏​បាន​គូសបញ្ជាក់ថា យើង​ប្រកាន់ខ្ជាប់​លើ​កិច្ចសហការ​រវាង​រដ្ឋាភិបាល​កម្ពុជា ជាមួយ​អង្គការ​សហប្រជាជាតិ ដើម្បីឲ្យ​ដំណើរកា​ររបស់​តុលា​ការ​ខ្មែរក្រហម ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ ក្នុង​របប​ខ្មែរក្រហម​។​

​ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ លោក ឯក ថា ក៏​បាន​លើកយក​ប្រសាសន៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន មក​បញ្ជាក់​យ៉ាង​ប្រយ័ត្នប្រយែង​ថា សន្តិភាព​នៅ​កម្ពុជា គឺជា​ការលំបាក ដែល​ទទួលបាន​តាមរយៈ​នយោបាយ​ឈ្នះៗ​របស់​រដ្ឋាភិបាល​សម្តេច​ហ៊ុន​សែន នាំឲ្យ​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ នាពេល​បច្ចុប្បន្ន​។ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ការពារ​នូវ​សមិទ្ធផល សន្តិភាព និង​ស្ថិរភាព ដែល​កម្ពុជា ទទួល​បាន​ដោយ​លំបាក​។ ម្យ៉ាងទៀត អ្វីៗ គឺ​យើង​បានធ្វើ ជា​ការអនុវត្ត​តាម​កិច្ចព្រមព្រៀង​រវាង​អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ព្រមព្រៀងគ្នា ក្នុង​ការបង្កើត​តុលាការ​ចម្រុះ​កាត់ទោស​មេ​ខ្មែរក្រហម កាលពី​ឆ្នាំ​២០០៣​។ នោះ​គឺ​ការកាត់ក្តី​មេ​ខ្មែរក្រហម តែ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​រក្សាបាន​នូវ​ស្ថិរភាព និង​សន្តិភាព ដូច​កិច្ចព្រមព្រៀង​បានចែង​។​

​ចំពោះ​ការលាលែង​របស់​លោក​ចៅ​ក្រម​ស៊ើបអង្កេត​អន្តរជាតិ Blunk ត្រូវបាន​លោក សុខ អាន លើកឡើងថា វា​គ្មាន​ភាពជាក់លាក់ ឬ​ច្បាស់លាស់​ណាមួយ ដែល​បញ្ជាក់​ទៅ​លើ​អ្វី​ដែល​គាត់​បាន​និយាយ​ពី​ការជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​កម្ពុជា លើ​ដំណើរការ​តុលាការ​ខ្មែរក្រហម​ទេ​។ ពីព្រោះ​គោលជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ច្បាស់​ហើយ ដូច​អ្វី​ដែល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​សែន បញ្ជាក់​ច្បាស់​ហើយ​ថា សម្តេច​មិន​ដែល​មាន​យោបល់​ណាមួយ ជ្រៀតជ្រែក​ក្នុង​កិច្ចការ​របស់​តុលាការ​ខ្មែរក្រហម​ទេ គឺ​យើង​ទុកឲ្យ​តុលាការ ធ្វើការ​បាន​ដោយ​ឯករាជ្យ​។ រី​ឯ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ក៏​បាន​ធ្លាប់​បដិសេធថា គាត់​មិន​ដែល​បាន​បញ្ចេញ​យោបល់​ណាមួយ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ដំណើរការ​កាត់ទោ​សមេ​ខ្មែរ​ក្រហម​ទេ​។ ទន្ទឹមនឹងនោះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ក៏​បាន​បញ្ជាក់ថា គាត់​មិន​ដែល​បាន​បញ្ចេញ​នូវ​យោបល់​ណាមួយ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ដំណើរ ឬ​ការជ្រៀតជ្រែក​លើ​ដំណើរការ​របស់​តុលាការ​ចម្រុះ​ទេ​។

​ជារួម លោក ឯក ថា បាន​គូសបញ្ជាក់ថា លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​ជម្រាប​ទៅកាន់​ភាគី​អង្គការសហប្រជាជាតិ​ថា រដ្ឋាភិបាល​កម្ពុជា​ទាំងមូល មិន​បាន​ជ្រៀតជ្រែក​ដល់​ដំណើរការ​របស់​តុលាការ​ខ្មែរក្រហម ដែល​កំពុង​ទទួលបន្ទុក​កាត់ទោស​មេ​ខ្មែរក្រហម​កំពូលៗ កន្លង​មកនេះ​ទេ​។ គឺ​យើង​ទុកឲ្យ​តុលាការ​នេះ ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់ និង​ការងារ​របស់​តុលាការ ស្រប​ទៅតាម​កិច្ចព្រមព្រៀង ដែល​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ បាន​ចុះហត្ថលេខា​ជាមួយគ្នា កាលពី​ឆ្នាំ​២០០៣​។​

​ជាមួយគ្នា​នោះ លោក ផៃ ស៊ីផា​ន ក៏​បាន​លើកយក​ប្រសាសន៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ​អាន មក​បញ្ជាក់ថា អ្នក​ដែល​ជ្រៀតជ្រែក​លើ​ដំណើរការ​តុលាការ​ខ្មែរក្រហម មិនមែន​រដ្ឋាភិបាល​កម្ពុជា​ទេ តែ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ដែល​កំពុង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​សាលាក្តី​ខ្មែរក្រហម តាមរយៈ​ការដាក់​សំ​ពាធ និង​បញ្ចេញ​ព័ត៌មាន​មិន​ពិត ព្រមទាំង​ជ្រៀតជ្រែក​លើ​ដំណើរការ​តុលាការ​។ ពោល​គឺ​ការវាយប្រហារ និង​ប្រមាថ​លើ​សាលាក្តី​ខ្មែរក្រហម​។​

​ចំណែក​លោក ឯ​កថា បាន​បន្ថែមថា នៅ​ចំណុច​នេះ លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​គូសបញ្ជាក់ ឲ្យ​ញែក​ឲ្យ​ដាច់ពីគ្នា​នូវ​ជោគជ័យ​មួយចំនួន​ធំ​របស់​សាលាក្តី​លើ​ករណី ០០១ និង ០០២ ដែល​គេ​ទទួលស្គាល់​លើ​ពិភពលោក ព្រមទាំង​ការវាយប្រហារ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​។​

​លោក ផៃ ស៊ីផា​ន បាន​គូសបញ្ជាក់ថា ទាំង​ភាគី​រដ្ឋាភិបាល​កម្ពុជា និង​ទាំង​ភាគី​របស់​អង្គការសហប្រជាជាតិ បាន​ទទួលស្គាល់​ពី​ដំណើរការ​នូវ​ភាពជោគជ័យ​ក្នុង​ដំណើរការ​តុលាការ​ខ្មែរក្រហម គឺ​ករណី​០០១ និង​ការចាប់ផ្តើម​លើ​ករណី​០០២​។ ភាគី​ទាំងពីរ ក៏​បាន​ឯកភាព​ក្នុង​ការរក្សា​ស្នាដៃ​របស់​តុលាការ​ខ្មែរក្រហម និង​បន្ត​ទៅមុខ​ទៀត​។

​លោក ផៃ ស៊ីផា​ន បានបញ្ជាក់​ថា ភាគី​ទាំងពីរ ពុំ​មាន​អ្វី​ដែល​បង្ហាញ​នូវ​ភាព​ប្រឈម​ដាក់គ្នា ឬ​ក៏​យល់​ខុស​គ្នា​នោះ​ទេ នៅក្នុង​ករណី​នៃ​ការលាលែង​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ លោក Blunk ដោយ​ភាគី​ទាំងពីរ បាន​យល់ឃើញថា ត្រូវតែ​បន្ត​នូវ​កិច្ច​ការពារ​នូវ​ដំណើរការ​កាត់ក្តី​ខ្មែរក្រហម ឲ្យ​ឈាន​ទៅ​សម្រេច​នៅ​ពេល​ខាងមុខ​។​

​ជាមួយគ្នា​នោះ លោក ផៃ ស៊ីផា​ន បាន​លើកឡើង​ថា ក្នុងករណី​០០៣ និង​០០៤ ក៏​បាន​លើក​មក​និយាយ​ក្នុង​កិច្ចប្រជុំ​នោះ​ផង​ដែរ ប៉ុន្តែ​មិន​មាន​អ្វី​ជា​សំខាន់​នៅក្នុង​កិច្ចប្រជុំ​នោះ​ទេ តែ​អ្វី​ដែល​លើក​មក​និយាយ​នោះ និង​សារៈសំខាន់​ខ្ពស់ គឺ​ករណី​០០២​។ ករណី​០០៣ និង​០០៤ គឺជា​ការលើកឡើង ដើម្បី​ដាក់​សំពាធ​ឲ្យមាន​ការលាលែង​តំណែង​រប​ស់​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​។ ប៉ុន្តែ​ករណី​០០៣ និង​០០៤ ត្រូវ​បាន​ដំណើរការ និង​បិទ​ឯកសារ​ទៅ​ហើយ​។ រីឯ​ភារកិច្ច​របស់​ចៅក្រម​មក​ជំនួស​នោះ នឹង​បន្ត​ការងារ​របស់​គេ​តទៅទៀត​។​

​ចំពោះ​ការផ្លាស់ប្តូរ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ត្រូវបាន​លោក ផៃ ស៊ីផា​ន បញ្ជាក់ថា សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ថ្មី នៅ​រង់ចាំ​ការព្រមព្រៀង​ពី​ឧត្តម​ក្រុមប្រឹក្សា​អង្គចៅ​ក្រម​។ ចំណែក​អ្នក​ដែល​ត្រូវ​បន្ត​តំណែង ជំនួស​លោក គ្លី​ន វិលៀម​សុន តំណាង​អង្គការសហប្រជាជាតិ សម្រាប់​សាលាក្តី​ខ្មែរក្រហម កំពុង​ស្ថិត​ក្នុង​ការពិនិត្យ​លើ​ក្រុម​សីលធម៌​កិច្ចការ​ច្បាប់​។ ប៉ុន្តែ​ភាគី​ទាំងពីរ បាន​ព្រមព្រៀង​គ្នា ក្នុង​ការផ្លាស់ប្តូរ​នេះហើយ​។

ចំណែកភាគីអង្គការសហប្រជាជាតិ លោកស្រី Patricia O’Brien នៅពេលដើរចេញពីបន្ទប់ប្រជុំ បានបដិសេធ មិនឆ្លើយតបនឹងអ្នកកាសែតទេ។ ភាគីអង្គការសហប្រជាជាតិ ឲ្យអ្នកកាសែតរង់ចាំ មើលសេចក្តីថ្លែងការណ៍៕