បណ្ណសារ | ខែតុលា 18, 2011

កម្ពុជា​រង​ផល​ប៉ះពាល់​ធ្ងន់​ជាង​គេ​ពី​ទំនប់​ទន្លេ​មេគង្គ

ថ្ងៃអង្គារ, 18 ខែតុលា 2011
ដោយ គង់ សុឋានរិទ្ធ
វីអូអេ ខ្មែរ | ភ្នំពេញ

ស្តាប់ព័ត៌មាន៖ រាយការណ៍ដោយ គង់ សុឋានរិទ្ធ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១១
MP3 | Windows Media

(រូបថត៖ Courtesy of Tom Fawthrop)

(រូបថត៖ Courtesy of Tom Fawthrop)

ក្រុម​អ្នក​ជំនាញ​ជាតិ ​និង​អន្តរជាតិ ​កាល​ពី​ថ្ងៃ​អង្គារ៍ ​បាន​ព្រមាន​សា​ជា​ថ្មី​ម្តង​ទៀត​ពី​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ពី​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី ​នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ​ និង​តាម​បណ្តោយ​ដៃ​ទន្លេ​នេះ ដោយ​បញ្ជាក់​ថា កម្ពុជា​នឹង​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរជាង​គេ។

ប្រទេស​ចិន​មាន​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ជាង​ហាសិប​នៅ​ទន្លេ​មេគង្គ ​និង​ដៃ​របស់​វា។ នៅក្នុង​នោះ​ទំនប់​វារី​អគ្គិសនី​ចំនួន​បួន​កំពុង​តែ​ដំណើរការ។ ជាមួយ​គ្នា​នេះ ​មាន​គម្រោង​សាសង់​ទំនប់​វារីអគ្គិសនី​ចំនួន​១២​ទៀត​នៅ​លើ​ខ្សែ​ទឹក​នៃ​ទន្លេ​មេគង្គ​ក្រោម។ ​ក្នុង​នោះ​ទំនប់​ចំនួន​ពីរ ស្ថិត​ក្នុងប្រទេស​ឡាវ ​និង​ចំនួន​ពីរ​ទៀត​ ស្ថិត​ក្នុង​ប្រទេស​កម្ពុជា ​ដែល​វិនិយោគ​ដោយ​ប្រទេស​ចិន។

ក្រុម​អ្នក​ជំនាញ​បាន​ទទួល​ស្គាល់​នៅ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​ដែល​រៀប​ចំដោយ​វិទ្យាស្ថាន​កម្ពុជា ​ដើម្បី​កិច្ច​សហប្រតិបត្តិការណ៍ ​និង​សន្តិភាព​ ថា​ការ​វិនិយោគ​លើ​វិស័យ​នេះ​នឹង​នាំ​ឲ្យ​មាន​ផលប្រយោជន៍​សេដ្ឋកិច្ច​រយៈពេល​វែង។ ​ក៏​ប៉ុន្តែ​វា​ក៏​នៅ​តែ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់ដល់​ធនធាន​នៅ​ក្នុង​ទឹក​ បរិស្ថាន ​ការ​រស់​នៅ​របស់​ប្រជាជន ​និង​សន្តិសុខ​ស្បៀង​ផង​ដែរ។

 ពលរដ្ឋ​ខ្មែរនេសាទត្រីតាមទូកនៅទន្លេមេគង្គ​នៅ​រាជធានី​ភ្នំពេញ​។ (រូបថត៖ Reuters)

ពលរដ្ឋ ខ្មែរនេសាទត្រីតាមទូកនៅទន្លេមេគង្គ នៅ រាជធានី ភ្នំពេញ ។ (រូបថត៖ Reuters)

លោក ​អែម ​ហុយ ​អ្នក​ជំនាញ​ផ្នែក​ជីវិត​ជនបទ​ បាន​បញ្ជាក់​នៅ​ក្នុង​ការ​ពិភាក្សា​នោះ​ថា​ ការ​សិក្សា​បាន​បង្ហាញ​ថា ​ប្រជាពលរដ្ឋ​ដែល​ពឹង​អាស្រ័យ​លើ​ធនធាន​ទឹក​ទៅ​តាម​តំបន់​ដែល​សាងសង់​ទំនប់​វារី​អគ្គិសនី​នឹង​ទទួល​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។

«នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន ​ហើយ​ការ​ចំណាយ​មួយ ​ដែល​មាន​ការ​ប្រើប្រាស់​យូរ​អង្វែង។​ ប៉ុន្តែ ទទ្ទឹម​នឹង​នេះ​ក៏​មាន​ផល​ប៉ះពាល់ ​វា​ជា​អវិជ្ជមាន។ ​វា​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ហ្នឹង​ជួប បញ្ហា​ផ្នែក​ជីវភាព​អាហារ​ការ​ដាំដុះ ​ហើយ​ការ​នេសាទ​ត្រី ​ដែល​ជា​មុខ​របរ​សំខាន់​របស់​គាត់ ហើយ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រព័ន្ធ​អេកូឡូស៊ី»។

ទន្លេ​មេគង្គ​មាន​ប្រវែង​ជាង​បួន​ពាន់​គីឡូម៉ែត ដោយ​ហូរ​ឆ្លង​កាត់​ប្រទេស​ចំនួន​ប្រាំមួយ​គឺ ចិន​ ភូមា ថៃ ឡាវ ​កម្ពុជា ​និង​វៀតណាម។

លោក​ អាឡាន ប្រ៊ូក (Alan Brook) នាយក​មជ្ឈមណ្ឌល ​World Fish Center ​បាន​បង្ហាញ​ថា ​ទន្លេ​ដ៏​វែង​របស់​ពិភព​លោក​មួយ​នេះ ​ផ្តល់​ផល​ត្រី​ចំនួន​ជាង​ពីរ​តោន​នៅ​ក្នុង​មួយ​ឆ្នាំ ​គឺ​ជា​ទិន្នផល​ត្រី​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក ​ក្នុង​ខ្សែ​ទន្លេ​តែ​មួយ ហើយ​​មាន​សត្វ​ចម្រុះ​ប្រមាណ​ជាង​មួយ​ពាន់​ប្រាំ​រយ​ប្រភេទ។

លោក​ ប្រ៊ូក បាន​ឲ្យ​ដឹង​ថា ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នឹង​ខ្ទប់​ការ​ផ្លាស់​ទី​របស់​ត្រី ​បំផ្លាញ​ជម្រករបស់​ត្រី ​រួម​ទាំង​បំបាត់​ពួជ​ត្រី​ផង​ដែរ ​ហើយ​កម្ពុជា​នឹង​ទទួល​រង​ផលប៉ះពាល់​ច្រើន​ជាង​គេ។

លោក​ប៊្រូក​ផ្តល់​យោបល់​ថា ដើម្បី​រក្សា​ទិន្នផល​ត្រី​ឲ្យ​មាន​ស្ថិរភាព ​គេ​ត្រូវ​បង្កើត​បណ្តាញ​សម្រប​សម្រួល​យោគ​យល់​គ្នា ​សម្រាប់​ការ​បង្កើត​សមាសភាព​បណ្តាញ​នេះ។

ក្រុម​អ្នក​ជំនាញ ​បាន​លើក​ឡើង​ថា ​ការ​បាត់បង់​ផល​ត្រី​ដោយសារ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ នឹង មាន​ទំហំ​ទឹក​ប្រាក់​រហូត​ទៅ​ដល់​ប្រាំ​រយ​លាន​ដុល្លា​រអាមេរិក​ក្នុង​មួយ​ឆ្នាំៗ។ ​ដូច្នេះ​ ប្រសិន​ទំនប់​វារីអគ្គិសនី​ត្រូវ​បាន​សាងសង់ ​គួរ​តែ​បែង​ចែក​ផល​ចំណេញ​ប្រកប​ដោយ​សមាសភាព ​ហើយ​ប្រជាពលរដ្ឋ​រូប​នោះ ​ត្រូវ​តែ​ទទួល​បាន​សំណង។

លោក​ ដៅ ជុង ទូ (Dao trong tu) នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្រាប់​អភិវឌ្ឍ​ធនធានទឹក​ ប្រកប​ដោយ​ចីរភាព​ និងការ​ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​មក​ពី​ប្រទេស​វៀតណាម ​មាន​ប្រសាសន៍​ថា​ ការ​វិនិយោគ​ច្រើន​លើ​សំណង់​វារី​អគ្គិសនី​នឹង​ធ្វើ​ឲ្យ​ធនធាន​ទឹក​ប្រមាណ​ជាង​ហាសិប​ភាគរយ​ នៃ​ទន្លេ​មេគង្គ​ក្លាយ​ជា​អាង​ស្តុក​ទឹក​សម្រាប់​ទំនប់​វារី​អគ្គីសនី។

«អនាគត​របស់​ទន្លេ​មេគង្គ​ដូច​ជា​ស្ថិត​នៅ​ចំ​ផ្លូវ​បំបែក​នៃ​ផល​ចំណេញ​របស់​ប្រទេស​នីមួយ​ៗ​ ពឹង​ផ្អែកលើ​អ្នក​វិនិយោគ​ទុន»។

ក្រុម​មន្រ្តី​ និង​និស្សិត ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​ បាន​សម្តែង​កង្វល់​ចំពោះ​គម្រោង សាងសង់​ទំនប់​វារី​អគ្គិសនី​យ៉ាង​ច្រើន​របស់​​ចិននៅ​លើ​ដង​ទន្លេ​មេគង្គ។

កញ្ញា ​ជូ ​ដៃស្សូរ​ ភារធារី​អម​ស្ថានទូត​ចិន ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​វេទិកា​តុ​មូល​នេះ​ បាន​អះអាង​ថាកង្វល់​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​រដ្ឋបាល​ចិន។​ កិច្ច​ប្រជុំ​តុ​មូល​នេះ​ ឧបត្ថម្ភ​ដោយ វីអូអេ សំឡេង​សហរដ្ឋ​អាមេរិក។ ​មន្ត្រី​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​អញ្ជើញ ​មិន​មាន​វត្តមាន​ទេ៕

បណ្តាញទាក់ទងគ្នា
គេ​រំពឹង​ថា​នឹង​មាន​ការ​បោះឆ្នោត​សំខាន់​មួយ​អំពី​ទំនប់​ទឹកទន្លេ​មេគង្គនៅ​ខែ​ក្រោយ.

ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​មេគង្គ​មាន​បំណង​បង្ការ​ជម្លោះ​ឆ្លង​ព្រំដែន.

រដ្ឋមន្ត្រី​អាស៊ី​អាគ្នេយ៍​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​ទន្លេ​មេគង្គ.

ការ​ជំទាស់​របស់​ក្រុម​ប្រទេស​ទន្លេ​មេគង្គ​បង្កើន​ការ​រាំង​ស្ទះ​ដល់​ទំនប់​វារីអគ្គិសនី​ស្នើ​ឡើង​របស់​ឡាវ.

ទំនប់​វារី​អគ្គិសនី​នៅ​តែ​ទាក់​ទាញ​ការ​ព្រួយ​បារម្ភ​ពី​សន្តិសុខ​ស្បៀង​និង​សុខុមាលភាព

ពុធ 19 តុលា 2011
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ផ្ដល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​ឯកជន​ សាងសង់​ទំនប់​វារី​អគ្គិសនី​ តាម​ដង​ទន្លេ​មេគង្គ ជា​មួយ​អ្វី​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដើម្បី​គោលដៅ​នៃ​អភិវឌ្ឍន៍​នោះ ប៉ុន្តែ​វា​ត្រូវ​បាន​​ច្រាន​ចោល បន្ទាប់​ពី​មាន​ការ​រក​ឃើញ​ពី​ផល​ប៉ះពាល់​​ទៅ​លើ​សន្តិសុខ​ស្បៀង​និង​សុខុមាលភាព​ដែល​បណ្ដាល​មក​ពី​ទំនប់​ទាំង​នោះ។

ទំនប់វារីអគ្គិសនីមួយនៅស្ទឹងកំចាយខេត្តកំពត។ដោយសារ ទំនប់ នេះ បានធ្វើឲ្យទឹកពណ៌ខៀវនិងឡើងជាតិកំនបោរប្រជា ពលរដ្ឋ មិន អាច ប្រើប្រាស់បាន

ទំនប់វារីអគ្គិសនីមួយនៅស្ទឹងកំចាយខេត្តកំពត។ដោយសារ ទំនប់ នេះ បានធ្វើឲ្យទឹកពណ៌ខៀវនិងឡើងជាតិកំនបោរប្រជា ពលរដ្ឋ មិន អាច ប្រើប្រាស់បាន

ក្នុង​វេទិកា​រ​មួយ​នា​ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ម្សិល​មិញ​ស្ដី​ពី​ផល​ប៉ះពាល់​ដោយ​សារ​ការ​អភិវឌ្ឈន៏ នៅ​តាម​​ទន្លេ​មេគង្គ​មក​លើ​សន្តិសុខ​មនុស្ស លោក ហេង ភក្ដី អ្នក​ស្រាវជ្រាវ​ថ្នាក់​បណ្ឌិត​នៅ​សកលវិទ្យាល័យ​ ​VU នៃ​ប្រទេស​ហូឡង់​បាន​លើក​​ឡើង​ថា ” ខ​ខណៈ​ដែល​ទំនប់​វារី​អគ្គិសនី​បាន​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​យូរអង្វែង​នោះ អ្នក​ក្រីក្រ​នឹង​ទទួល​រង​ពី​ផល​ប៉ះពាល់​ទាំង​អស់​ដោយ​សារ​គម្រោង​ទំនប់​​វារី​អគ្គិសនី​ទាំង​នោះ ” ។

ដោយ​បាន​បញ្ជាក់​ថា កាល​ណា​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ប្រភព​អាហារ​ដ៏​សំខាន់​នោះ សុខភាព​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ នឹង រង​ផល​ប៉ះពាល់​ក្នុង​កម្រិត​មួយ​ដែល​អ្ន​ក​ស្រាវ​ជ្រាវ​បាន​ទទួល​ស្គាល់​ថា នៅ​មាន​ការ​យល់​ដឹង​តិចតួច​នៅ​ឡើយ ។

គណៈកម្មាធិការ​​ទន្លេ​មេគង្គ បាន​បង្ហាញ​តួលេខ​មួយ​កាល​ពី​ខែ​ឧសភា ដោយ​លើក​ឡើង​ថា ​ទំនប់​ទាំង​ពីរ​ដែល​គ្រោង​សាងសង់ គ្រាន់​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយ​នោះ នឹង​ធ្វើ​ឲ្យ​អ្នក​នេសាទ​ជាង​១លាន​នាក់​បាត់​បង់​មុខរបរ ។

កាល​ពី​ឆ្នាំ​ទៅ​គណៈកម្មាធិការ​នេះ ក៏​បាន​ធ្វើ​ការ​ស្តី​បន្ទោស​ផង​ដែរ ចំពោះ​​​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី សាយ៉ាបូរី នៅ​ប្រទេស​លាវ​ ដោយ​បាន​លើក​ឡើង​ពី​ផល​ប៉ះពាល់​​ធ្ងន់​ធ្ងរ ​ទៅ​លើ​​ប្រជាពលរដ្ឋ ដែល​​រស់​នៅ​ តាម​​បណ្ដោយ​ដង​ទន្លេ​មេគង្គ៕

អាជ្ញាធរ​អប្សរា កំណត់​វេន អ្នក​ឡើង​លើ​ប្រាសាទភ្នំបាខែង ម្តង​បាន​ត្រឹមតែ ៣០០ នាក់​

ដោយ : បាយ័ន
ថ្ងៃទី 18 តុលា 2011
CEN

ក្រុង-ខេត្តសៀមរាប: ដោយសារ​ភាព​ទ្រុឌទ្រោម និង​ដើម្បី​ថែ​ប្រាសាទភ្នំបាខែង នៅ​ខេត្ត​សៀមរាប អាជ្ញាធរ​អប្សរា​បាន​ដាក់ឲ្យ​អនុវត្តវ​ង់​ទស្សនា​ចរ គឺ​ការកំណត់​ចំនួន​អ្នកទេសចរ​ឡើង​លើ​ប្រាសាទ​បាខែង ដោយ​ម្តង ឡើង​ត្រឹមតែ ៣០០ នាក់​ប៉ុណ្ណោះ​។​

​ការកំណត់​បែបនេះ ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី ១៨ តុលា ឆ្នាំ​២០១១ ដែល​មាន​តំណាង​មន្ទីរ​ស្ថាប័ន​ជាតិ​-​អន្តរជាតិ សមាគម ទី​ភ្នាក់ងារទេសចរណ៍ មគ្គុទេសក៍​ទេសចរ ក្រុមហ៊ុន​ទេសចរណ៍ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​សាធារណជន​ជាច្រើន​នាក់ ចូលរួម​ស្តាប់​ការផ្សព្វផ្សាយ និង​ជូនដំណឹង នៅ​ស្នាក់ការ កូ​អ៊ិច ខេត្តសៀមរាប​។​

​សេចក្តីជូនដំណឹង ស្តីពី ការដាក់​ឲ្យ​អនុវត្តវ​ង់​ទស្សនាចរ​ប្រាសាទ​បាខែង ភ្នំ​បាខែង ស្ថិតក្នុង​តំបន់​រមណីយដ្ឋាន ខេត្តសៀមរាប បង្ហាញថា បច្ចុប្បន្ន​ដោយ​ភាពចាំបាច់​ក្នុង​ការថែរក្សា និង​អភិរក្ស​ប្រាសាទ​បាខែង ដែល​មាន​ភាព​ទ្រុធ​ទ្រោម​ខ្លាំង អាច​គ្រោះថ្នាក់​ជា​យថាហេតុ ដល់​ភ្ញៀវ​ទេសចរ អាជ្ញាធរ​អប្សរា បាន​និង​កំពុង​សហកា​រ​ជាមួយ​អង្គការ World Mounments Fund (WMF) ធ្វើការ​សាងសង់​ជណ្តើរ​ឈើ និង​ជួសជុល​អភិរក្ស​ប្រាសាទ​នេះ​។​

​ក្នុងករណី​ជៀសវាង​ដល់​ការប៉ះពាល់​រាំងស្ទះ​ដល់​ដំណើរការ​នេះ និង​ដើម្បី​រក្សា​នូវ​សុវត្ថិភាព ជូន​ភ្ញៀវ​ទេសចរ​ផង អាជ្ញាធរ​អប្សរា បាន​រៀបចំ​វង់​ទស្សនា​ចរ ប្រាសាទភ្នំ​បាខែង ដាក់ឲ្យអនុវត្ត ចាប់ពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ ២០១១ នេះ​តទៅ​។ ក្នុងនោះ ដែរ​អប្សរា ក៏​បាន​កំណត់​ទី​១ បើក​ឲ្យ​ភ្ញៀវ​ទស្សនា​ចាប់ពី​ម៉ោង ៥ និង ៣០ នាទី​ព្រឹក និង​បិទ​ម៉ោង ៥ និង ៣០ នាទី​ល្ងាច​។ ទី​២ ទស្សនា​ប្រាសាទភ្នំបាខែង ត្រូវមាន​ការកំណត់ ចំនួន​ភ្ញៀវ មិនឲ្យ​លើស​ពី ៣០០ នាក់ និង​ទី​៣ ជណ្តើរ​ខាងត្បូង សម្រាប់​ភ្ញៀវ​ឡើង​ទស្សនា និង​ជណ្តើរ​ខាងជើង សំរាប់​ចុះ​មក​វិញ​។​

​លោក ជ្រុន សុផល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​អប្សរា បាន​បញ្ជាក់​ប្រាប់ CEN ថ្ងៃទី​១៨ ខែ​តុលា​នេះ​ថា ដោយសារ​ប្រាសាទភ្នំបាខែង មាន​ភាព​ចាស់​ទ្រុឌទ្រោម ទើបបាន​ជា​អាជ្ញាធរ កំណត់​ឲ្យ​ឡើង​ទស្សនា មាន​ដំណាក់ៗ​។ ដោយ​ភាព​ទ្រុឌទ្រោម នៃ​ប្រាសាទ វា​បាន​ប៉ះពាល់​ដល់​ប្រាសាទ​បុរាណ និង​អាច​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែល​កំពុង​ឈរ​នៅ​ផ្ទាំង​ថ្ម លើ​ប្រាសាទ​អាច​បណ្តាលឲ្យ​គ្រោះថ្នាក់​។

​គួរ​កត់សំគាល់ឃើញ​ថា ប្រាសាទភ្នំ​បាខែង នៅ​ខេត្ត​សៀមរាប គឺជា​រមណីយដ្ឋាន ដ៏​ទាក់ទាញ​មួយ សម្រាប់​ភ្ញៀវ​ទេសចរ ទៅ​ទស្សនា​មើល​ថ្ងៃ​លិច​៕

ប្រាសាទបុរាណ លាក់ខ្លួនក្នុងល្អាងភ្នំ

Written by ភ្នំពេញដេលីញូវ
Tuesday, 18 October 2011

ប្រាសាទបុរាណ តូចមួយ ដែលអ្នកភូមិ តំណាល ឱ្យដឹងថា បានសាងសង់ ឡើងតាំងពី សតវត្សរ៍ទី ៦ ម៉្លេះ គឺមុនសម័យ អង្គរទៅទៀត ។ ស្ថិតនៅក្នុងភ្នំ ងងឹតមួយ កម្រគេដឹង ហើយក៏គ្មានភ្ញៀវ ហ៊ានចូលមើលដែរ លុះត្រាមានអ្នក ស្រុកភូមិក្បែរនោះ នាំចូលទស្សនា ។

ប្រាសាទបុរាណ មួយនេះ ហៅថា ប្រាសាទភ្នំខ្យង ស្ថិតក្នុង ល្អាងភ្នំខ្យង ឃុំកន្ថោរខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។ អ្នកចង់ទៅ ទស្សនា ប្រាសាទ នេះ ត្រូវធ្វើដំណើរ ពីផ្សារទូកមាស ឆ្ពោះទៅទិស ខាងត្បូង តាមថ្នល់ជាតិ លេខ ៣៦ ប្រហែល ៤១ គីឡូម៉ែត្រ រួចបត់ស្តាំ ចុះ ទៅលិចចម្ងាយ ១.៥០០ ម៉ែត្រ តាមផ្លូវលំ ក្រួសក្រហម តាមខ្លោងទ្វារវត្ត ប្រជាសង្គម ភ្នំក្រពើ នឹងទៅដល់ តំបន់ភ្នំខ្យង ដែលមាន សាលាបឋមសិក្សា នៅជាប់នឹង ជើងភ្នំស្រាប់ ។ ភ្នំដែលលាក់ទុក ប្រាសាទ បុរាណនេះ គឺជាកូនភ្នំមួយ មានកម្ពស់ ទាបល្មម ស្ថិត នៅដាច់ពីគេ ដែលមានស្រុកភូមិ ព័ទ្ធជុំវិញ ។

បើតាម ប្រសាសន៍លោក ប្រាក់ សាន់ ដែលមានផ្ទះ នៅជាប់នឹងជើងភ្នំ មានតួនាទី ជាឆ្មាំប្រាសាទ បានមាន ប្រសាសន៍ ឱ្យដឹងថា ប្រាសាទបុរាណនេះ អ្នកស្រុក ភូមិនាំគ្នាហៅថា ប្រាសាទភ្នំខ្យង ស្ថិតក្នុងល្អាងភ្នំ ងងឹតស្លុបមួយ ។ ប្រាសាទ នេះ សង់ក្នុង សតវត្សរ៍ទី ៦ នៃរជ្ជកាល ស្តេចជយវរ្ម័ន (តែមិនដឹង ជយវរ្ម័ន ទីប៉ុន្មានទេ) គ្រាន់តែដឹងថា សង់ឡើងក្នុង បំណងឧទ្ទិស ចំពោះ ព្រហ្មញសាសនា ។ តួប្រាសាទ មានកម្ពស់ ៤ ម៉ែត្រកន្លះ ទទឹង ២ ម៉ែត្រ បណ្តោយ ៣ ម៉ែត្រ មានរាងបួនជ្រុង កំពូលត្រួតជាថ្នាក់ បែរមុខទៅលិច ផ្នែកខាងក្រោយ អែបនឹងផ្ទាំង ថ្ម ។ គាត់ឱ្យដឹង ទៀតថា ប្រាសាទនេះ សង់ពីដីឥដ្ឋ មានរាងដូច ចេតិយបញ្ចុះ អដ្ឋិធាតុ ហើយផ្នែកខាងក្នុង គ្មានតម្កល់អ្វីទេ ។ កាលមុនសម័យ ប៉ុល ពត ពួក អ្នកស្រុកភូមិ យកអដ្ឋិធាតុ អ្នកស្លាប់តម កម្កល់ទុកក្នុង ប្រាសាទ នេះ ហើយលុះដល់ រដូវបុណ្យភ្ជុំបិណ្ឌ និង បុណ្យចូលឆ្នាំ ខ្មែរ ពួកគាត់តែងនាំគ្នា មកជួបជុំធ្វើ បុណ្យទាន និង និមន្តព្រះសង្ឃ សូត្រមន្តឆាក បង្សុកូល ក្នុងល្អាងភ្នំនេះ ជារៀងរាល់ឆ្នាំ ។ តែ សម័យបច្ចុប្បន្ន ប្រាសាទក្នុង ល្អាងភ្នំនេះ ពុំមានតម្កល់ អដ្ឋិធាតុ ដូចសម័យមុនឡើយ ហើយទើបតែ នៅឆ្នាំ ២០០៨ មន្ទីរវប្បធម៌ ខេត្តកំពតបាន ដាក់ ប្រាសាទនេះ ចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌ ខេត្តផងដែរ ។

លោក ប្រាក់ សាន់ បានបន្តឱ្យ ដឹងទៀតថា “ខាងមន្ទីរ វប្បធម៌ខេត្ត បានតែងតាំង រូបខ្ញុំជា ឆ្មាំរក្សាថែ ប្រាសាទនេះ ចំនួន ពីរឆ្នាំមកហើយ ក្នុងនោះខ្ញុំសង្កេត ឃើញថា ក្នុងមួយខែៗ តែងមានភ្ញៀវ ទេសចរបរទេស និង អ្នកនៅក្នុងស្រុក ពី ៨ ទៅ ១០ នាក់ដែរ បានមកទស្សនា ប្រាសាទបាតភ្នំ នេះ” ។

លោកតា នាក់ ហេន ជាអ្នកស្រុក ភូមិក្បែរនោះ បានប្រាប់អ្នក យកព័ត៌មាន ឱ្យដឹងដែរថា បើយើងចង់ចូល ក្នុងល្អាងភ្នំ ទស្សនាប្រាសាទ ត្រូវឡើងទៅលើភ្នំ កម្ពស់ប្រហែល ៣០ ម៉ែត្រ និង មានមាត់រូងមួយ ចុះទៅក្រោម តាមជណ្តើរ ឈើចំនួន ១៧ កាំ នឹងដល់ ល្អាងថ្មដ៏ធំមួយ ។ បន្ទាប់មក ត្រូវបន្តចុះទៅ មាត់រូង មួយទៀតតាម ជណ្តើរឈើ ១១ កាំ នឹងដល់ទីតាំងប្រា-សាទ ។ ល្អាងភ្នំដែលមាន ប្រាសាទបុរាណនេះ ងងឹតទាំងថ្ងៃ ទាំងយប់ មើលអ្វី ពុំឃើញទេ លុះត្រាមាន ពិលបំភ្លឺ ទើបមើលឃើញ ។

លោកយាយ សូ អាំ ជាអ្នកស្រុក ភូមិក្បែរ នោះដែរ បានមានប្រសាសន៍ ឱ្យដឹងដែរថា មិនតែប៉ុណ្ណោះទេ អ្នកធ្វើដំណើរ មកទីឆ្ងាយៗ ដែលចង់ចូល ក្នុងល្អាងភ្នំ លុះត្រាពឹងពាក់ អ្នកស្រុកភូមិ ដែលស្គាល់ ភូមិសាស្ត្រា ច្បាស់ជួយនាំ ចូលទៅ ទើបមាន សុវត្ថិភាពល្អ ។ តែទោះបី យ៉ាង ណាក៏ពួកគេ មិនហ៊ានចូល ដែរ បើគ្មានអ្នកស្រុក ភូមិជូននោះ ពីព្រោះម្នាក់ៗតែង មានអារម្មណ៍ ភ័យខ្លាច សត្វសាហាវ មានពស់ និង ខ្លាជាដើម ហើយការចូល ទៅនេះត្រូវមាន ភ្លើងពិលបំភ្លឺ ទើបមើលឃើញ ព្រោះទីនោះ ងងឹត ។

អ្នកចូលទៅក្នុង ល្អាងភ្នំ ត្រូវកាន់ត្រណម ពាក្យសម្តី ហាមនិយាយពាក្យ អ្វីផ្តេសផ្តាស ផ្ទុយពីសីលធម៌ បើមិនដូច្នោះទេ ច្បាស់ជាវង្វេង រកផ្លូវចេញ មិនឃើញឡើយ ព្រោះល្អាងភ្នំនេះ មានរូងថ្ម បត់បែនកន្លុក កន្លៀតច្រើន ដើរមួយថ្ងៃមួយយប់ មិនទាន់ផុតផង កន្លងមកធ្លាប់ មានគេ ចូលទៅហើយ ។

លោកយាយ ឱ្យដឹងទៀតថា អ្នកស្រុកភូមិជុំ វិញ ភាគច្រើនមិនទាន់ ដឹងថា មានប្រាសាទបុរាណ នៅក្នុង ល្អាងភ្នំខ្យង នេះឡើយ ៕

រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹងសុំទោស​កម្ពុជា​បើមាន​ករណី​ទារុណ​កម្ម​លើស្ត្រី​កម្ពុជា​

ដោយ លាង ដឺលុច
ថ្ងៃ អង្គារ 18 តុលា 2011
RFI

ស្តាប់សេចក្តីរាយការណ៍របស់​ លាង ដឺលុច (01:43)

សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​អោយ​ប្រទេស​ ម៉ាឡេស៊ី​ខ្វាយខ្វល់ និង​ព្យាយាម​ស្វែងរក​ការ​ពិភាក្សា​ជាមួយ​កម្ពុជា។ ក្រោយ​ពី​ប្រមុខ​រដ្ឋាភិបាល​ភ្នំពេញ​បញ្ជា​អោយ​ផ្អាក​បញ្ជូន​ស្ត្រី​ខ្មែរ​ទៅ​ធ្វើ​ការ​ជា​អ្នក​ជំនួយ​ការ​មេផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​សំអាង​ថា មាន​របាយការណ៍​ជា​អវិជ្ជមាន​ស្តី​ពីការ​ធ្វើ​ទារុណកម្ម​លើ​ស្ត្រី​ខ្មែរ​ ទាំងនោះ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​បាន​ថ្លែង​ថា ប្រសិនបើ​មាន​ករណី​នេះ​មែន លោក​នឹង​សុំទោស​កម្ពុជា។

លោក​ Najib Tun Razak ប្រមុខរដ្ឋាភិបាល​ ម៉ាឡេស៊ី​ (© Reuters)

លោក Najib Tun Razak ប្រមុខរដ្ឋាភិបាល ម៉ាឡេស៊ី (© Reuters)

ប្រទេស​ម៉ាឡេស៊ី​នឹង​សុំទោស​កម្ពុជា​ប្រសិន​បើ​ការ​ចោទ​ប្រកាន់​របស់​កម្ពុជា​ថា​មាន​ករណី​ធ្វើ​ទារុណកម្ម និង​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ស្ត្រី​កម្ពុជា​អ្នកបម្រើ​តាម​ផ្ទះ​គឺ​ជា​ការ​ពិត​នោះ។ នេះ​គឺ​ជា​ការ​អះអាង​របស់​លោក​ប្រមុខ​ការទូត​ម៉ាឡេស៊ី​នៅ​ថ្ងៃ​នេះ​ប្រាប់​សារព័ត៌មាន​ម៉ាឡេស៊ី។ ​បើយោងតាម​សារព័ត៌មាន​ម៉ាឡេស៊ី​ដដែល រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​ក៏​កំពុង​មាន​គម្រោង​មក​រាជធានី​ភ្នំពេញ​ផងដែរ​ដើម្បី​ជជែក​អំពី​បញ្ហា​នេះ។ ទន្ទឹមគ្នា​នេះ​ប្រមុខ​ការទូត​ម៉ាឡេស៊ី​ក៏​បាន​បញ្ជូន​មន្ត្រី​របស់​លោក​ទៅ​ជួប​ស្វែងរក​ព័ត៌មាន​លំអិត​ពី​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​រួច​ហើយ​ដែរ។

បើ​ទោះ​ជា​មាន​ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​ថា​នឹង​មក​ជួប​សមភាគី​កម្ពុជា​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​នៅ​រាជធានី​ភ្នំពេញ​ក៏ដោយ​ នៅ​ឯ​ខាង​រាជធានី​ភ្នំពេញ​ឯ​ណេះ​វិញ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក​កុយ គួង​ថ្លែង​ថា​លោក​នៅ​មិន​ទាន់​បាន​ទទួល​ការ​អះអាង​ជា​ផ្លូវការ​អំពី​កម្មវិធី​នៃ​ការ​មក​ដល់​របស់​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​នោះ​នៅ​ឡើយ​ទេ។

ព្រះអង្គម្ចាស់ក្សត្រី​នរោត្តម​អារុណ​រស្មី​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បាន​កាសែត​ម៉ាឡេស៊ី​ដកស្រង់​បន្ទូល​ថា ព្រះអង្គ​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ស្ត្រី​បម្រើ​ការ​តាម​ផ្ទះ​ស្ទើរ​រៀង​រាល់​ថ្ងៃ។

គួរ​បញ្ជាក់ថា​សេចក្តី​សម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​អោយ​ផ្អាក​ការ​បញ្ជូន​ស្ត្រី​ខ្មែរ​ធ្វើជា​ជំនួយ​ការមេផ្ទះ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បាន​អបអរ​ស្វាគមដោយ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។ អង្គការ​ខារ៉ាម​កម្ពុជា​ដែល​ជា​អង្គការ​មួយ​ធ្វើ​ការងារ​លើ​ការ​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​ដែល​ត្រូវ​គេ​ជួញដូរ​នៅ​បរទេស​នោះ​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ដើម្បី​គ្រប់គ្រង​ការ​បញ្ជូន​ស្ត្រី​ខ្មែរ​ធ្វើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី៕

ច្រករបៀង ត្រង់ចំណុច ជាប់នឹង កាស៊ីណូផ្កាយ មានមេខ្យល់ ឃុបឃិតគ្នា ជាមួយសមត្ថកិច្ច

Written by ភ្នំពេញដេលីញូវ
Monday, 17 October 2011

ច្រករបៀងដ៍ធំ នៅជាប់នឹង របងក្រុមហ៊ុន កាស៊ីណូ ផ្កាយប្រាំ មានករណី នាំមនុស្ស ឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់ ព្រោះអ្នករកស៊ី ជួញដូរមនុស្ស ពោលគឺ មេខ្យល់បាន យកទីតាំង ខាងលើនេះ ធ្វើជាឆ្នាំងបាយ ដោយសំអាងថា ពួកគេមាន ក្រុមសមត្ថកិច្ច ដែលឈរ ជើងនៅទីនោះ ជាអ្នកកាង ការពារសុវត្ថិភាព ផងដែរ ។

សូមបញ្ជាក់ផង ដែរថា ច្រករបៀង នៅទីនោះ មានរហូត ដល់ទៅ ៦ កន្លែង ហើយកន្លែង នីមួយសុទ្ធៗតែ មានសមត្ថកិច្ច ឈរជើងចាំ ការពារទៀតផង លើសពីនេះ ទៅទៀត មានប៉ុស្តខ្លះ សមត្ថកិច្ច យាមប្រចាំការ អង្គុយចាំយកលុយ ពីពលករតែម្តង ។

ប្រភព បានអោយដឹងថា ក្រុមសមត្ថកិច្ច ដែលឈរជើង នៅទីនោះ មានករណី យកប្រាក់ពី ពលករម្នាក់ ចំនួន ២០ បាតសំរាប់ អ្នកក្នុងតំបន់ ប៉ោយប៉ែត ប៉ុន្តែអ្នកដែល មកពីឆ្ងាយ ឆ្លងកាត់ច្រករបៀង គឺត្រូវបង់អោយ មេច្រក ៣០០ បាត ទៅ ៥០០ បាត ប្រភពដដែល បានអោយ ដឹងទៀតថា ចំពោះពលករខ្មែរ ដែលមកពី ប្រទេសថៃ គឺត្រូវបានពួក សមត្ថកិច្ច ទារប្រាក់ ១០០០ បាតក្នុងម្នាក់ៗ បើដូច្នោះមែននោះ មេច្រកដែល គ្រប់គ្រង ច្រករបៀង នីមួយៗត្រូវជា កូនចៅរបស់ លោកវីរសេនីយ៍ទោ មេបញ្ជាការ នគរបាលការពារ ព្រំដែនគោក ៩១១ មុខជា ត្រូវប៉ាន់ សំបើមហើយ បានជាមិន អនុវត្តតាម បទបញ្ជា នាយឧត្តមអគ្គ ស្នងការ នគរបាលជាតិ បានហាម ជាដាច់ខាត មិនអោយមាន បទល្មើសឆ្លងដែន ខុសច្បាប់ បើមានគឺត្រូវតែ ទទួលខុសត្រូវ ដោយខ្លួនឯង ។ សូមបញ្ជាក់ ផងដែរថា កន្លងមក ប៉ុស្តមួយចំនួន ក៍ធ្លាប់ត្រូវបាន ស្នងការបញ្ឈរជើង ខ្លះហើយដែរ តែហាក់បីដូចជា ចាក់ទឹក លើក្បាលទា ៕

ក្រុមហ៊ុន G.E ផ្តល់​បរិក្ខា​ពេទ្យ​តម្លៃ ១២ ម៉ឺន​ដុល្លារ​ដល់​មន្ទីរពេទ្យ​កាល់ម៉ែ​ត​

ដោយ : សុពិសិដ្ឋ
ថ្ងៃទី 18 តុលា 2011
CEN

ភ្នំពេញ: ឧបករណ៍​វេជ្ជសាស្ត្រ និង​បរិក្ខា​ពេទ្យ​មានតម្លៃ ១២ ម៉ឺន​ដុល្លារ​ដែល​ក្រុមហ៊ុន G.E ប្រគល់ជូន​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ថ្ងៃនេះ គឺ​ចាត់ទុក​ជា អំពើ​មនុស្សធម៌​មួយ ក្នុងកា​លើកទឹកចិត្ត​ដ៏​សំខាន់ ដើម្បី​ជួយ​ឲ្យ​មន្ទីរពេទ្យ​កាលម៉ែត្រ​មា​ន​ការរីកចម្រើន​ផ្នែក​វិស័យ​សម្ភារៈ បរិក្ខា​ពេទ្យ ដែល​កំពុង មានការ ខូចខាត ។​

​លោក​វេជ្ជបណ្ឌិត​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​មានប្រសាសន៍​បែប​នេះ ក្នុង​ពិធី​ប្រគល់​ទទួល​ឧបករណ៍​វេជ្ជសាស្ត្រ និង​បរិក្ខា​ពេទ្យ របស់​ក្រុមហ៊ុន G.E ដោយ​លោក Bob Corcoran នាយក​មូលនិធ​ក្រុមហ៊ុន G.E និង​ទទួល​ដោយ​លោក​សាស្ត្រ​ចារ្យ ឈាង រ៉ា អគ្គនាយក មន្ទីរពេទ្យ កាល់ម៉ែ​ត កាលពី​ព្រឹក​ថ្ងៃទី ១៨ តុលា​កន្លងទៅនេះ ។​

​លោក​វេជ្ជបណ្ឌិត​ម៉ម ប៊ុនហេង មានប្រសាសន៍ថា កន្លងមក​ក្រុមហ៊ុន G.E បាន​ប្រគល់​អំណោយ​ឧបករណ៍៑​វេជ្ជសាស្ត្រ និង​បរិក្ខា​ពេទ្យ ជូន​ដល់ មន្ទីរពេទ្យ ចំនួន ៣១ ក្នុង ២៤ ខេត្ត​រាជធានី ព្រម​ទាំង​មន្ទីរពេទ្យ​ជាតិ ដូចជា​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត មន្ទីរពេទ្យ​កុមារ​ជាតិ និង​មន្ទីរពេទ្យ ព្រះកុសុមៈ ។ អំណោយ​ដ៏​ថ្លៃថ្លា​របស់​ក្រុមហ៊ុន G.E ទាំងអស់នេះ ជា​ការរួមចំណែក​ក្នុង​ការ ទ្រទ្រង់​គោលនយោបាយ សុខាភិបាល ដែល​ពីមួយថ្ងៃ ទៅមួយថ្ងៃ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​តែ​តែង​គិតគូរ ជានិច្ច ចំពោះ សុខុមាលភាព របស់​ប្រជាជន ។​

​លោក Bob Corcoran នាយក​មូលនិធិ​ក្រុមហ៊ុន G.E បានឲ្យដឹងថា ក្រុមហ៊ុន​របស់​លោក​ជួប​ឧបករណ៍​វេជ្ជសាស្ត្រ និង​បរិក្ខា​ពេទ្យ ៣ មុខ រួមមាន Critrasound 2 គ្រឿង ២-Mobile x-Ray ១ គ្រឿង និង ៣- Patoent Monitor ចំនួន ៤ គ្រឿង សរុប​ទាំងអស់​តម្លៃ ១២ ម៉ឺន​ដុល្លារ ដល់​មន្ទីរពេទ្យ កាល់ម៉ែ​ត សម្រាប់​ប្រើប្រាស់ ។​

​លោក​សាស្ត្រ​ចារ្យ​ឈាង រ៉ា ក្នុងនាម​មន្ត្រីរាជការ​បុគ្គលិក​ម​ន្ទីរ​ពេទ្យ​កាល់ម៉ែត​ទាំងអស់ សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន G.E ដែល​បាន​ជួយ ឧបត្ថម្ភ នូវ​ឧបករណ៍ វេជ្ជាសាស្ត្រ និង​សម្ភារៈ​បរិក្ខា​ពេទ្យ​មានតម្លៃ ១២ ម៉ឺន​ដុល្លារ​ជូន​ដល់​មន្ត្រី​ពេទ្យ​កាល់ម៉ែត ដែល​ជា​ការ​វិការ​ប្រកប​ដោយ ទឹកចិត្ត​មនុស្សធម៌ ដ៏​ឧត្តុង្គឧត្តម​នាពេលនេះ គឺ​ចំ​ពេល​ដែល​អ្នក​កើនឡើង​ចូលមក​ពិនិត្យ និង​សម្រាក​ព្យាបាល​កាន់តែ​មាន​ការកើនឡើង ដែល​មន្ទីរពេទ្យ ត្រូវការ​ចាំបាច់ នូវ​ឧបករណ៍ វេជ្ជសាស្ត្រ និង​សម្ភារៈ​បរិក្ខា​ពេទ្យ​ប្រយោជន៍​ក្នុង​ការជួយ​សង្គ្រោះ​ព្យាបាល​ជីវិត​អ្នកជំងឺ​ដែល​មាន​សភាព​ធ្ងន់ធ្ងរ ។​

​លោក​សាស្ត្រាចារ្យ ឈាង រ៉ា បន្តថា សព្វថ្ងៃ​មន្ទីរពេទ្យ មាន​អ្នកជំងឺ​សម្រាក​ព្យាបាល​ប្រចាំថ្ងៃ ជា​មធ្យម​ពី ៤៥០​នាក់ ទៅ ៥៥០​នាក់ ក្នុងនោះ​មាន​អ្នកជំងឺ ជា​ជន​ក្រីក្រ មាន​ចំនួន​ពី ៣០ % ទៅ ៣៥ % នៃ​ចំនួន​អ្នកជំងឺ​សម្រាក​ប្រចាំថ្ងៃ ។ ដូច្នេះ​អំណោយ​មនុស្សធម៌​ពេលនេះ គឺ​បាន​រួមចំណែក​ដ៏​ធំធេង​មួយ ក្នុង​ការលើកទឹកចិត្ត មន្ត្រីរាជការ មន្ទីរពេទ្យ និង​ជួយ​ជំរុញ​ឲ្យ​ការព្យាបាល ឆាប់​បាន​ជាសះស្បើយ​ផងដែរ ៕

សាលាក្ដី​នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​០០២​នៅ​ចុង​ខែ​វិច្ឆិកា

ដោយ ផន រីណា
2011-10-19
​វិទ្យុ​អាស៊ីសេរី

សាលាក្ដី​ខ្មែរ​ក្រហម​ប្រកាស​បើក​សវនាការ​ជំនុំជម្រះ​លើ​អង្គ​សេចក្ដី​ក្នុង​សំណុំ​រឿង ០០២ នៅ​ខែ​វិច្ឆិកា ខាង​មុខ​នេះ​ហើយ។

សាលាក្ដី​ខ្មែរ​ក្រហម​បើក​សវនាការ​ដើម្បី​ពិនិត្យ​កាយ​សម្បទា និង​ស្មារតី​របស់​ជន​ជាប់ចោទ​ពីរ​រូប​នៅ​ក្នុង​សំណុំ​រឿង​ ០០២ គឺ​លោក នួន ជា និង​អ្នក​ស្រី អៀង ធីរិទ្ធ កាល​ពី​ថ្ងៃ​ទី​២៩ សីហា ឆ្នាំ​២០១១។ (Photo courtesy of ECCC)

សាលាក្ដី ខ្មែរ ក្រហម បើក សវនាការ ដើម្បី ពិនិត្យ កាយ សម្បទា និង ស្មារតី របស់ ជន ជាប់ចោទ ពីរ រូប នៅ ក្នុង សំណុំ រឿង ០០២ គឺ លោក នួន ជា និង អ្នក ស្រី អៀង ធីរិទ្ធ កាល ពី ថ្ងៃ ទី ២៩ សីហា ឆ្នាំ ២០១១។ (Photo courtesy of ECCC)

http://flash-mp3-player.net/medias/player_mp3_maxi.swf

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​ខ្មែរ​ក្រហម ចុះ​ថ្ងៃ​ទី​១៨ តុលា ឆ្នាំ​២០១១ បាន​ឲ្យ​ដឹង​ថា សវនាការ​ក្នុង​សំណុំ​រឿង​០០២ ដែល​មាន​ជន​ជាប់​ចោទ​ជា​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ៤​រូប នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១១ នា​វេលា​ម៉ោង ៩​ព្រឹក។

ជន​ជាប់​ចោទ​ទាំង ៤​រូប​នោះ មាន​លោក ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក នួន ជា អតីត​ប្រធាន​រដ្ឋ​សភា លោក អៀង សារី អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​អ្នកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

លោក នេត្រ ភក្ត្រា មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​បញ្ជាក់​ថា ពេល​វេលា​សំខាន់​សម្រាប់​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​កម្ពុជា បាន​មក​ដល់​ហើយ។ សាលាក្ដី​ខ្មែរ​ក្រហម​នឹង​ប្រឹងប្រែង​គោរព​តាម​កាលបរិច្ឆេទ​ដែល​បាន​ប្រកាស​នេះ។

លោក​បន្ថែម​ដូច្នេះ៖ «យើង​បាន​និយាយ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ល្អ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ដែល​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​បាន​ប្រកាស​នូវ​កាលបរិច្ឆេទ​លើ​អង្គ​ជំនុំជម្រះ​សេចក្ដី ពីព្រោះ​ថា កន្លង​មក​នេះ​បង​ប្អូន​ប្រជាពលរដ្ឋ​បាន​ចោទ​ជា​សំណួរ​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ថា តើ​សវនាការ​លើ​អង្គ​សេចក្ដី​ក្នុង​សំណុំ​រឿង ០០២ នេះ បើក​នៅ​ពេល​ណា? ឥឡូវ​នេះ​យើង​បាន​ដឹង​អំពី​កាលបរិច្ឆេទ​ហើយ គឺ​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១១។ ម្យ៉ាង​ទៀត​ការ​កំណត់​កាលបរិច្ឆេទ​លើ​អង្គ​សវនាការ​លើ​អង្គ​សេចក្ដី​នេះ ក៏​ជា​ការ​បញ្ចប់​នូវ​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​នា​ពេល​កន្លង​មក​បំផ្លើស​ការ​ពិត​ក្នុង​ដំណើរ​ការ​ក្ដី​ខ្មែរ​ក្រហម ជា​ពិសេស​ថា សំណុំ​រឿង ០០២ នេះ ត្រូវ​គេ​ពន្យារ​ពេល​ដល់​អំឡុង​ខែ​មេសា ឬ​មួយ​ថា ខែ​ឧសភា ឆ្នាំ​២០១២»។

សវនាការ​នេះ​គឺ​នឹង​បើក​សេចក្ដី​សន្និដ្ឋាន​ចោទ​ប្រកាន់​ជន​ជាប់​ចោទ​ទាំង​បួន​នាក់ និង​ធ្វើ​ការ​សន្និដ្ឋាន​បញ្ចប់ ហើយ​នឹង​មាន​សវនាការ​ដើម្បី​ពិនិត្យ​លើ​ភស្តុតាង​ក្នុង​ករណី ០០២ ដែល​គេ​គ្រោង​នឹង​ផ្ដើម​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០១១។

សេចក្ដី​ប្រកាស​បាន​បញ្ជាក់​ថា វគ្គ​ដំបូង​នៃ​ការ​ជំនុំជម្រះ​ក្ដី ០០២ នេះ នឹង​ត្រូវ​បញ្ចប់​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​សុក្រ ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១១ ហើយ​នឹង​ឈប់​សម្រាក​រហូត​ដល់​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​មករា ឆ្នាំ​២០១២ នឹង​បន្ត​សវនាការ​ទៀត។

អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​កំពូល​ទាំង​៤ ក្នុង​សំណុំ​រឿង ០០២ នេះ ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​នានា ក្នុង​នោះ​រួម​មាន​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​បទ​ប្រល័យ​ពូជ​សាសន៍៕

តុលាការ​ខ្មែរក្រហម​បើកសវនាការ​លើសំណុំ​រឿង០០២​ចាប់ពីថ្ងៃ​ទី២១​វិច្ឆិកា​ឆ្នាំ២០១១​

ដោយ លី ម៉េងហួរ
ថ្ងៃ អង្គារ 18 តុលា 2011
RFI

ស្តាប់សេចក្តីរាយការណ៍របស់​ លី ម៉េងហួរ (03:19)

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរក្រហម ​បាន​ប្រកាស​ថា សវនាការ​លើ​អង្គ​សេចក្តី​ ដើម្បី​ជំនុំ​ជម្រះ​លើ​អតីត​មេខ្មែរក្រហម​៤​រូប ​នៅ​ក្នុង​សំណុំរឿង​០០២​ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ ​ទី​២១ ​ខែវិច្ឆិកា ឆ្នាំ​២០១១​។​ ការកំណត់​កាលបរិច្ឆេទ​បើក​សវនាការ​កាត់ទោស​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ ពេលនេះ ​គឺជា​ការទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

សវនាការ​នៃ​អង្គ​សេចក្តី​​ជំនុំ​​ជម្រះ​​លើ​​អតីត​​មេខ្មែរ​ក្រហម​​៤​រូប​ក្នុង​​សំណុំរឿង​​០០២​​ នឹង​ចាប់​ផ្តើម​​នៅ​ថ្ងៃ​ច័ន្ទ​​ទី​២១​​ខែវិច្ឆិកា​ឆ្នាំ​២០១១​ (©​ រក្សាសិទ្ធិ)

សវនាការ នៃ អង្គ សេចក្តី ជំនុំ ជម្រះ លើ អតីត មេខ្មែរ ក្រហម ៤ រូប ក្នុង សំណុំរឿង ០០២ នឹង ចាប់ ផ្តើម នៅ ថ្ងៃ ច័ន្ទ ទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១១ (© រក្សាសិទ្ធិ)

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៨​តុលា​ឆ្នាំ​២០១១ ​តុលាការ​ខ្មែរក្រហម​បាន​លើក​ឡើង​ថា​ សវនាការ​លើ​អង្គ​សេចក្តី​កាត់ទោស​អតីត​មេខ្មែរក្រហម​ ៤ រូប​ ក្នុង​សំណុំរឿង​០០២ ​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ​ទី២១​វិច្ឆិកា​ខាង​មុខ​។

ចំពោះ​របៀបវារៈ​នៃ​អង្គ​សវនាការ​កាត់ទោស​អតីត​មេ​ខ្មែរក្រហម​កំពូល​ទាំង​៤​រូប ​ក្នុង សំណុំរឿង​០០២​ ក៏​ត្រូវ​បាន​បង្ហាញថា​ សវនាការ​នៅ​ថ្ងៃ​ច័ន្ទ ​ទី​២១​វិច្ឆិកា ​ឆ្នាំ​២០១១ នឹង​ចាប់ផ្តើម​ធ្វើឡើង​ ដោយ​មាន​ការអាន​នូវ​បទចោទ​ប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​ជន​ជាប់ចោទ​មួយរូបៗ។​ បន្ទាប់​មក​ សហ​ព្រះរាជអាជ្ញា​នឹង​ត្រូវបាន​ផ្តល់ជូន​នូវ​រយៈពេល​ពីរ​ថ្ងៃ ដើម្បី​ធ្វើ​សេចក្តី​សន្និដ្ឋាន​នីតិវិធី​នៅ​ក្នុង​សំណុំរឿង​០០២ ជា​ផ្នែក​តូចៗ ​ដើម្បី​ជំនុំ​ជម្រះ​។ ​បទចោទ​ប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​ជនជាប់​ចោទ នឹង​ត្រូវ​លើកយក​មក​ដេញ​ដោល ​នៅក្នុង​ពេល​ជំនុំ​ជម្រះ​លើក​ក្រោយៗ​ទៀត​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ​បាន​លើកឡើង​ថា​ សហ​ព្រះរាជអាជ្ញា នឹង​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចោទ​ប្រកាន់​ទាក់ទង​នឹង​បទ​ចោទ​ប្រកាន់​ទាំងអស់​និង​អង្គហេតុ​ដែល​បាន​ចោទ​ប្រកាន់​ ប្រឆាំង​នឹង​ជន​ជាប់ចោទ​នៅ​ក្នុង​សំណុំរឿង​០០២​។ ​ចំណែក​សហ​មេធាវី​តំណាង​ជន​ជាប់ចោទ​នីមួយៗ នឹង​ត្រូវបាន​ផ្តល់ជូន​នូវ​ឱកាស ដើម្បី​ធ្វើ​ការឆ្លើយតប​ទៅ​នឹង​សេចក្តី​សន្និដ្ឋាន​ចោទប្រកាន់​របស់​សហ​ព្រះរាជអាជ្ញា​។ ​សហ​មេធាវី​តំណាង​ជនជាប់ចោទ​នីមួយៗ នឹង​ត្រូវបាន​ផ្តល់ជូន​នូវ​ពេលវេលា​កន្លះ​ថ្ងៃ ​ដើម្បី​ធ្វើ​ការឆ្លើយ​តប​ទៅ​នឹង​សេចក្តី​សន្និដ្ឋាន​ចោទប្រកាន់​របស់​សហ​ព្រះរាជអាជ្ញា​ ប្រឆាំង​នឹង​កូនក្តី​របស់​ខ្លួន​។

សេចក្តី​ប្រកាស​ព័ត៌មាន ​ក៏បាន​លើកឡើង​ថា​ បន្ទាប់​ពី​ការបើក​សេចក្តី​សន្និដ្ឋាន​ចោទ​ប្រកាន់​ និង​ការឆ្លើយតប​ត្រូវបាន​បញ្ចប់​ សវនាការ​ដើម្បី​ពិនិត្យ​លើ​ភស្តុតាង​នៅក្នុង​សំណុំរឿង​០០២ នឹង​ចាប់ផ្តើម​ធ្វើ​ពី​ថ្ងៃ​ច័ន្ទ ទី​២៨​វិច្ឆិកា​ឆ្នាំ​២០១១ វេលា​ម៉ោង ៩​ព្រឹក​។ ​វគ្គ​ដំបូង នៃ​ការជំនុំ​ជម្រះ​នេះ នឹងត្រូវ​បញ្ចប់​យ៉ាងយូរ​ត្រឹម​ថ្ងៃ​សុក្រ ទី​១៦​ធ្នូ ឆ្នាំ​២០១១ ហើយ​បន្ទាប់​ពី​ពេលនេះ​ អង្គជំនុំ​ជម្រះ​នឹង​ឈប់​សម្រាក ​សម្រាប់​បុណ្យ​ណូអែល ​និង​បុណ្យ​ចូលឆ្នាំ​សកល​។ ​បន្ទាប់​ពី​ការ​ឈប់សម្រាក​នេះ​ អង្គជំនុំ​ជម្រះ​សាលា​ដំបូង ​នឹង​បន្ត​សវនាការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ ទី​៩​មករា ឆ្នាំ​២០១២​។

អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក នេត្រ ភ​ក្ត្រា បាន​ចាត់ទុក​ការប្រកាស​កាលបរិច្ឆេទ​លើ​ការជំនុំជម្រះ​ក្នុង​សំណុំរឿង​០០២ ថា​ជា​សវនាការ​ដែល​ពលរដ្ឋ​ខ្មែរ បាន​ទន្ទឹងរង់ចាំ​ជា​យូរ​មក​ហើយ និង​ជា​ដំណឹង​ដ៏​ល្អ សម្រាប់​ពលរដ្ឋ​ខ្មែរ​។

តាម​អ្នកនាំពាក្យ​ការកំណត់​កាល​បរិច្ឆេទ​លើ​ការបើក​សវនាការ​កាត់ទោស​លើ​អតីត​មេ​ខ្មែរ​ក្រហម​កំពូល​ទាំង ៤ រូប ក៏​ជា​ការបញ្ចប់​នូវ​ការ​បំផ្លើស​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ ដែល​បាន​លើកឡើង​ពី​ការ​ពន្យារ​ពេល​របស់​តុលាការ​ខ្មែរ​​ក្រហម​ លើ​ការបើក​សវនាការ​ ជំនុំជម្រះ​ក្នុង​សំណុំរឿង​០០២​។ សវនាការ​លើ​សំណុំរឿង​០០២ ដែល​នឹង​ត្រូវ​ធ្វើឡើង​រួមគ្នា ដោយ​មាន​ការកាត់​ទោស​អតីត​មេ​ខ្មែរក្រហម​ទាំង ៤​រូប​ក្នុងពេល​តែមួយ​។

អតីត​មេ​ខ្មែរក្រហម​ចាស់ជរា​ក្នុង​សំណុំរឿង​០០២ រួមមាន​៖ ​លោក​នួន​ជា ​លោក​ខៀវ​សំផន​ លោក​អៀង​សារី ​និង​លោកស្រី អៀង ធីរិទ្ធ ​ត្រូវបាន​តុលាការ ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​បទល្មើស​ជាតិ ដោយសារ​តែ​របប​ខ្មែរក្រហម ​មាន​មនុស្ស​ស្លាប់​ជិត ​២ លាន​នាក់ ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩៕

តុលាការ​ខ្មែរក្រហម កាត់ក្តី​លើ​សំណុំរឿង​០០២ ចាប់ពី​ថ្ងៃ​ទី​២១​វិច្ឆិកា ឆ្នាំ​២០១១

ដោយ : សុខ ភក្តី
ថ្ងៃទី 18 តុលា 2011
CEN

ភ្នំពេញ: ទី​បំផុត​ទៅ អង្គជំនុំជម្រះ​សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរក្រហម បាន​ប្រកាស​នៅ​ថ្ងៃទី​១៨​តុលា ឆ្នាំ​២០១១​ថា សវនាការ​លើ​អង្គសេចក្តី ដើម្បី​ជំនុំជម្រះ​សំណុំរឿង​០០២ នឹង​ចាប់ផ្តើម ធ្វើ​នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១១ វេលា​ម៉ោង ៩​ព្រឹក និង​បន្ត​ធ្វើ​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត​។​

​សេចក្តីប្រកាស បាន​លើកឡើង​ថា សវនាការ​ពិនិត្យ​លើ​ភស្តុតាង នៅ​ក្នុង​សំណុំរឿង​០០២ ដែល​មាន​អតីត​មេ​ខ្មែរក្រហម​ចាស់ជរា ៤ រូប នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ ទី​២៨​ វិច្ឆិកា ឆ្នាំ​២០១១​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​លើកឡើង​ថា សវនាការ​នៅ​ថ្ងៃ​ចន្ទ ទី​២១ ​វិច្ឆិកា ឆ្នាំ​២០១១ នឹង​ចាប់ផ្តើម​ធ្វើឡើង ដោយ​មាន​ការអាន​នូវ​បទចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​ជនជាប់ចោទ​មួយរូបៗ​។ បន្ទាប់មក សហ​ព្រះរាជអាជ្ញា​នឹង​ត្រូវបាន​ផ្តល់ជូន​នូវ​រយៈពេល​ពីរ​ថ្ងៃ ដើម្បី​ធ្វើ​សេចក្តីសន្និដ្ឋាន​នីតិវិធី​នៅ​ក្នុង​សំណុំរឿង​០០២ ជា​ផ្នែក​តូចៗ ដើម្បី​ជំនុំជម្រះ​យ៉ាងណាក៏ដោយ ក៏​ការជំនុំជម្រះ​លើកដំបូង​នេះ នឹង​ផ្តល់​ជា​មូលដ្ឋានគ្រឹះ​រួម សម្រាប់​បទចោទប្រកាន់​ទាំងឡាយ​ប្រឆាំងនឹង​ជនជាប់ចោទ រួម​ទាំង​បទចោទប្រកាន់ ដែល​នឹង​ត្រូវ​យកមក​ដេញដោល នៅក្នុង​ពេល​ជំនុំជម្រះ​លើក​ក្រោយៗ​ទៀតផង​។​

​សេចក្តីប្រកាស ក៏បាន​លើកឡើង​ថា សហ​ព្រះរាជអាជ្ញា នឹង​ធ្វើ​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់​ទាក់ទង​នឹង​បទចោទប្រកាន់​ទាំងអស់ និង​អង្គហេតុ ដែល​បាន​ចោទប្រកាន់​ទាំង​អស់ ប្រឆាំង​នឹង​ជនជាប់ចោទ​នៅ​ក្នុង​សំណុំរឿង​០០២​។ ចំណែក​សហ​មេធាវី​តំណាង​ជនជាប់ចោទ​នីមួយៗ នឹង​ត្រូវបាន​ផ្តល់ជូន​នូវ​ឱកាស ដើម្បី​ធ្វើ​ការឆ្លើយតប​ទៅ​នឹង​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់​របស់​សហ​ព្រះរាជអាជ្ញា​។ សហ​មេធាវី​តំណាង​ជនជាប់ចោទ​នីមួយៗ នឹង​ត្រូវបាន​ផ្តល់ជូន​នូវ​ពេលវេលា​កន្លះ​ថ្ងៃ ដើម្បី​ធ្វើ​ការឆ្លើយតប​ទៅ​នឹង​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់​របស់​សហ​ព្រះរាជអាជ្ញា ប្រឆាំង​នឹង​កូនក្តី​របស់​ខ្លួន​។​

​បន្ទាប់​ពី​ការបើក​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់ និង​ការឆ្លើយតប ត្រូវបាន​បញ្ចប់ សវនាការ ដើម្បី​ពិនិត្យ​លើ​ភស្តុតាង​នៅ​ក្នុង​សំណុំរឿង​០០២ នឹង​ចាប់ផ្តើម​ធ្វើ​ពី​ថ្ងៃ​ចន្ទ ទី​២៨​វិច្ឆិកា ឆ្នាំ​២០១១ វេល​ម៉ោង ៩​ព្រឹក​។ វគ្គ​ដំបូង នៃ​ការជំនុំជម្រះ​នេះ នឹងត្រូវ​បញ្ចប់​យ៉ាងយូរ​ត្រឹម​ថ្ងៃ​សុក្រ ទី​១៦​ធ្នូ ឆ្នាំ​២០១១ ហើយ​បន្ទាប់​ពី​ពេលនេះ អង្គជំនុំជម្រះ​នឹង​ឈប់សម្រាក សម្រាប់​បុណ្យ​ណូអែល និង​បុណ្យចូលឆ្នាំ​សកល​។ បន្ទាប់​ពី​ការ​ឈប់សម្រាក​នេះ អង្គជំនុំជម្រះ​សាលាដំបូង នឹង​បន្ត​សវនាការ ចាប់ពី​ថ្ងៃ​ចន្ទ ទី​៩​មករា ឆ្នាំ​២០១២​។

​សេចក្តីប្រកាស​បញ្ជាក់ថា ការជំនុំជម្រះ​របស់​អង្គជំនុំជម្រះ​សាលាដំបូង នឹង​ត្រូវ​ធ្វើឡើង​ជា​សាធារណៈ​ឲ្យបាន​ច្រើន​បំផុត តាម​ដែល​បាន​ធ្វើទៅបាន​។ អង្គជំនុំជម្រះ​សាលាដំបូង នឹង​ជូន​ព័ត៌មាន​បន្ថែម​ទៀត ទាក់ទង​នឹង​ការ​កំណត់​ពេលវេលា​នៃ​ការជំនុំជម្រះ នៃ​វគ្គ​ក្រោយៗ​ទៀត ក្នុង​ថិរៈវេលា​មួយ​សមស្រប​។​

​លោក នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​លើកឡើង​ថា ការប្រកាស​កាលបរិច្ឆេទ លើ​ការជំនុំជម្រះ​ក្នុង​សំណុំរឿង​០០២ ដែល​មាន​អតីត​មេ​ខ្មែរក្រហម ៤ រូប គឺ នួន​ជា ខៀវ​សំផន អៀង​សារី និង​អៀង​ធីរិទ្ធ ជា​សវនាការ ដែល​ពលរដ្ឋ​ខ្មែរ​បាន​ទន្ទឹង​រង់ចាំ​យូរ​មក​ហើយ​។ នេះ​ជា​ដំណឹង​ដ៏​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​ពួកគាត់​ចង់​ដឹង​ជា​យូរ​មក​ហើយ​។​

​មួយវិញទៀត លោក នេត្រ ភ​ក្ត្រា ក៏​បាន​បន្ថែមថា ការកំណត់​កាលបរិច្ឆេទ​លើ​ការបើក​សវនាការ​កាត់ទោស​លើ​អតីត​មេ​ខ្មែរក្រហម ៤ រូប ក្នុង​សំណុំរឿង​០០២ គឺជា​ការបញ្ចប់​នូវ​ការ​បំផ្លើស​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដែល​បាន​លើកឡើង​ពី​ការ​ពន្យារ​ពេល​របស់​តុលាការ​ខ្មែរក្រហម លើ​ការបើក​សវនាការ​ជំនុំជម្រះ​ក្នុង​សំណុំរឿង​០០២​។​

​អតីត​មេ​ខ្មែរក្រហម​ចាស់ជរា ៤ រូប ដែល​ជា​មេដឹកនាំ​កំពូល ក្នុង​របប​ខ្មែរក្រហម ត្រូវបាន​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​បទល្មើស​ជាតិ ទាក់ទង​នឹង​ការសម្លាប់​មនុស្ស​ប្រមាណ​ជិត ២ លាន​នាក់ ក្នុង​របប​ខ្មែរក្រហម ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩៕

កែវ រ៉េមី ថា ការ​លាលែង​របស់​លោក ប្លាំង ដោយ​សារ​សម្ពាធ​ពី​អង្គការ​អន្តរជាតិ​និង​សារព័ត៌មាន​មួយ​ចំនួន

ពុធ 19 តុលា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

លោក កែវ រ៉េមី អនុ​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​រដ្ឋាភិបាល​បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ការ​លា​ឈប់​របស់​លោក ស៊ិកហ្វ្រេត ប្លាំង សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលាក្តី​ខ្មែរ​ក្រហម គឺ​ដោយ​សារ​តែ​មាន​សម្ពាធ​ពី​អង្គការ​អន្តរជាតិ និង​សារ​ព័ត៌មាន​មួយ​ចំនួន។

លោក កែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្រ្តី

លោក កែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្រ្តី

លោក កែវ រ៉េមី បាន​បញ្ជាក់​ថា ការ​លាលែង​របស់​លោក ប្លាំង គឺ​ទាក់ទង​ទៅ​នឹង​សម្ពាធ​ពី​អង្គការ​អន្តរជាតិ និង​សារព័ត៌មាន​មួយ​ចំនួន ដូច​ជា អង្គការ OSJI, Human Right Watch, សារព័ត៌មាន The Wall Street និង​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក​ជា​ខេមរ​ភាសា ដែល​បាន​ចូល​មក​កកូរ​កកាយ​ក្នុង​សំណុំ​រឿង​របស់​សាលាក្តី​ខ្មែរ​ក្រហម។

អនុ​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​រូប​នេះ​បាន​បន្ថែម​ថា ការ​ចោទ​រដ្ឋាភិបាល​ពី​ការ​ជ្រៀត​ជ្រែក​ដំណើរ​ការ​របស់​សាលាក្តី​ គឺ​ជា​រឿង​មិន​ពិត ផ្ទុយ​ទៅ​វិញ​រដ្ឋាភិបាល​ទេ​ជា​អ្នក​ធានា​នូវ​ភាព​សុខដុម​រមនា​ក្នុង​ប្រទេស​កម្ពុជា។ «បើ​ការ​គិត​ណាមួយ​មាន​ការ​ខ្វះខាត​មិន​បាន​គ្រប់​ជ្រុង​ជ្រោយ បញ្ហា​ផ្ទៃ​ក្នុង​ប្រទេស​នឹង​វឹកវរ ហើយ​សង្រ្គាម​នឹង​វិល​មក​វិញ… ជន​រង​គ្រោះ​គឺ​ប្រជាជន​កម្ពុជា មិន​មែន​ជន​បរទេស ឬ​ក្រុម​គ្រួសារ​របស់​លោក ប្លាំង នោះ​ឡើយ»។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃទី​៨ តុលា កន្លង​ទៅ លោក ស៊ិកហ្រ្វេត ប្លាំង ដែល​ជា​សហ​ចៅក្រម​ស៊ើប​អង្កេត​របស់​សាលាក្តី​ខ្មែរ​ក្រហម​បាន​ដាក់​ពាក្យ​លាឈប់​ពី​តួនាទី​របស់​ខ្លួន​ទៅ​កាន់​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ ដោយ​សារ​តែ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន មិន​ឲ្យ​ចាត់​ការ​សំណុំ​រឿង​០០៣ និង​០០៤ ក៏​ដូច​ជា​ការ​ថ្លែង​របស់​លោក ខៀវ កាញារីទ្ធ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ដែល​ថា បើ​ចង់​ចាត់​ការ​លើ​សំណុំ​រឿង​ទាំង​ពីរ​នេះ ពួក​គេ​ត្រូវ​វេច​បង្វេច​ចេញ​ពី​សាលាក្តី រួម​ទាំង​ការ​លើក​ឡើង​របស់​លោក ហោ ណាំហុង ដែល​ថា ការ​ចោទ ឬ​មិន​ចោទ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​បន្ថែម​ទៀត វា​គឺ​ជា​សិទ្ធិ​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ៕

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បដិសេធ​រាល់​ការចោទប្រកាន់​គ្មាន​ការ​ពិត​ពី​សំណាក់​សហ​ចៅក្រម​អន្តរជាតិ ដែល​បាន​ឈប់​ពី​សាលាក្តី​ខ្មែរក្រហម​

ដោយ : រតនា
ថ្ងៃទី 18 តុលា 2011
CEN

លោក កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៨តុលា ឆ្នាំ២០១១៕

លោក កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៨តុលា ឆ្នាំ២០១១៕

ភ្នំពេញ: នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១១ លោក កែវ រ៉េមី រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ធ្វើ​សន្និសីទកាសែត​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​គ្មាន​ការ​ពិត​ពី​សំណាក់​លោក Siegfried Blunk សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ នៃ​សាលាក្តី​ខ្មែរក្រហម ដែល​បាន​លាលែង​ចេញពី​តួនាទី​របស់​ខ្លួន ហើយ​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ចំនួន ដែល​ចោទប្រកាន់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​ថា​បាន​ជ្រៀតជ្រែក ទៅលើ​សាលាក្តី​ខ្មែរក្រហម​។​

​លោក កែវ រ៉េមី បានចាត់ទុក​សេចក្តី​ថ្លែង​ការ​របស់​លោក Siegfried Blunk សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ នៃ​សាលាក្តី​ខ្មែរក្រហម​នោះ គឺជា​សេចក្តីថ្លែងការណ៍​មួយ ដែល​គ្មាន​មូលដ្ឋាន​ពិតប្រាកដ​ទាល់តែសោះ ដែល​ផ្អែក​ទៅលើ​ចំនុច​សំខាន់ ២ គឺ​មាន​ការចោទប្រកាន់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន មានការ​ត​ព្វ​កិច្ចធានា​សន្តិភាព ស្ថេរភាព​នយោបាយ ជាពិសេស​ធានា​សន្តិសុខ​ផ្ទៃក្នុង របស់​ប្រទេស​កម្ពុជា ទន្ទឹម​នឹង​ការកាត់ក្តី​ពួក​អតីត​មេដឹកនាំ​ជាន់ខ្ពស់ នៃ​របប​ខ្មែរក្រហម ក៏​ត្រូវ​ការធានា​ឲ្យមាន​ស្ថេរភាព និង​សន្តិភាព​ពេញលេញ ដែល​ជន​បរទេស​មួយ​ចំនួន ពុំដែល​បាន​ជួប​ប្រសព្វ និង​ពុំ​បាន​ស្គាល់​នូវ​រស់ជាតិ​រងទុក្ខវេទនា ក្នុង​រប​ខ្មែរក្រហម​ទេ គឺមាន​តែ​ខ្មែរ​ទេ ដែល​ទទួលខុសត្រូវ​ខ្ពស់ ជាពិសេស​រាជរដ្ឋាភិបាល មាន​កាតព្វកិច្ច​ធានារ​ល់​កិច្ចការ​ទាំងអស់​នោះ​។​

​លោក កែវ រ៉េមី បន្តថា បើសិន​ការគិតគូរ​រាល់​ចំនុច​ណាមួយ មាន​ការខ្វះខាត គិត​មិនបាន​គ្រប់​ជ្រុងជ្រោយ​ទេនោះ បញ្ហា​ផ្ទៃ​ប្រទេស នឹង​វឹកវរ ហើយ​សង្គ្រាម នឹង​វិលត្រឡប់​មក​វិញ ហើយ​អ្នក​ដែល​ទទួល​នូវ​ការ​រងគ្រោះ​នោះ គឺ​ប្រជាជន​កម្ពុជា មិនមែន​ជនជាតិ​បរទេស ឬ​គ្រួសារ​របស់​លោក Siegfried Blunk នោះឡើយ​។​

​ចំពោះ​ការធានា​សន្តិភាព​ស្ថេរភាព​កម្ពុជា បាន​ទទួល​នូវ​ការកោតសរសើរ​នៅក្នុង​សន្និសីទ​អន្តរជាតិ ដែល​មាន​អតីត​ប្រធានាធិបតី អតីត​នាយករដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និង​បណ្តា​ប្រទេស​ផ្សេងៗ ដែល​ចូលរួម​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​សរសើរ​កម្ពុជា ជា​ប្រទេស​គំរូ​មួយ ក្នុង​ការធានា ដើម្បី​សន្តិភាព និង​ការដោះស្រាយ​ជម្លោះ​ផ្ទៃក្នុង ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក កែវ រ៉េមី បាន​បន្តទៀតថា កន្លងមក​លោក Siegfried Blunk សហការ​ជាមួយ​សហការី​របស់​គាត់ បានល្អ​ទាក់ទង​ការស៊ើបអង្កេត​សំណុំរឿង​០០៣ និង​០០៤ មាន​ភាពរលូន​ល្អ​ហើយ គ្មាន​ការទប់ស្កាត់ ឬ​បង្អាក់​របស់​រដ្ឋាភិបាល​ណាមួយ​ឡើយ​។ លោក Siegfried Blunk ធ្លាប់បាន​និយាយ​ថា អត់​មាន​បញ្ហា​អី​ទាំងអស់​រក្សា​នូវ​ការសហការ​ឯករាជ្យ​នៃ​អំណាច​តុលាការ​បាន​ល្អ និង​រលូន​។​

​លោក កែវ រ៉េមី បាន​បញ្ជាក់ទៀតថា ស្រាប់តែ​នៅ​ពេល​ចុងក្រោយ​នេះ លោក Siegfried Blunk បាន​ប្តូរ​នូវ​ជំហរ​របស់​គាត់ បែរជា​ធ្វើ​សេចក្តីថ្លែងការណ៍​លាលែង​ពី​តួនាទី ហើយ​ចោទប្រកាន់​មកលើ​រាជរដ្ឋាភិបាល​។ ពាក់​ពន្ធ័​នឹង​ការលាលែង​ពី​តួនាទី​របស់​លោក Siegfried Blunk ពី​សហ​ចៅក្រម​អន្តរជាតិ​នៅ​ពេល​នេះ គឺជា​ការលាលែង ដែល​ទាក់ទង​ទៅ​នឹង​សម្ពាធ​របស់​អង្គការ​អន្តរជាតិ​មួយចំនួន និង​សារព័ត៌មាន​ជាតិ​អន្តរជាតិ​មួយចំនួន ដែល​មាន​ការជ្រៀតជ្រែក​កកូ​កកាយ​នៅក្នុង​ដំណើរការ​កាត់ក្តី​ខ្មែរក្រហម ពី​អង្គការ​អន្តរជាតិ ដែល​កេងចំណេញ​នយោបាយ​។ អង្គការ​អន្តរជាតិ បានរួម​គ្នា​ដាក់​សម្ពាធមក​លើ​សហ​ចៅក្រម​អន្តរជាតិ​លោក Siegfried Blunk គឺ​អង្គការ OSJ, HumanRightsWath និង​សារព័ត៌មាន​អន្តរជាតិ Wall Srteet Journal VOA ដែល​បាន​ចូលរួម​កកូ​កកាយ​ក្នុង​រឿងនេះ ដែល​ជា​ការដាក់​សម្ពាធ​ទៅលើ​ចៅក្រម កំពុង​បំពេញ​ការងារ ហើយ​មាន​កិច្ចសហការ​គ្នា​យ៉ាង​ល្អ សម្រាប់​ស្វែងរក​យុត្ត​ធម៌​ជូន​ជនរងគ្រោះ ក្នុង​របប​ខ្មែរក្រហម​នោះ ស្រាប់តែ​ធ្វើឲ្យ​លោក Siegfried Blunk មាន​ការព្រួយបារម្ភ សុំ​លាលែង​ពី​តួនាទី​របស់​ខ្លួន​។​
​ ​
លោក កែវ រ៉េមី បាន​សម្តែង​នូវ​ការសោកស្តាយ ចំពោះ​លោក Siegfried Blunk ដែល​បាន​ធ្វើ​កិច្ចការ​បាន​យ៉ាង​ល្អ​ជាច្រើន ដោយ​សហការ​ជាមួយ​សហ​ចៅក្រម​កម្ពុជា​នោះ ហើយ​រាល់​ការ​ចៅ​ប្រកាន់​មកលើ​រាជរដ្ឋាភិបាល​ពី​សំណាក់​លោក Siegfried Blunk គឺ​ពុំ​មាន​ការពិត​ទេ​។

​លោក កែវ រ៉េមី បន្តថា ការលាលែង​ពី​សំណាក់​លោក Siegfried Blunk គឺជា​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ ដល់​សាលាក្តី និង​បន្ទុច​បង្អាក់​ដល់​ដំណើការ នៃ​តុលាការ​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ជាន់ខ្ពស់​របប​ខ្មែរក្រហម និង​ធ្វ​ឲ្យ​បញ្ហា​ស្មុគស្មាញ ធ្វើ​ឲ្យមាន​ការពន្យារពេ​ល ដែល​អាច​ចំណាយ​ថវិកា​ច្រើន​ទៀត​ ​ដែល​រាជ​រដ្ឋាភិបាល ត្រូវស្វែងរក​ថវិកា​ដល់​សាលាក្តី​ខ្មែរក្រហម​។ សំណុំរឿង​០០១ និង​០០២ ក្នុង​ដំណើរការ​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​នោះ គឺ​កម្ពុជា​បំបែក​ឯកត្ត​កម្មទទួលបាន​ការគាំ​ទ្រពី​អន្តរជាតិ មាន​ការចូលរួម​ពី​ជនរងគ្រោះ និង​ចំណាយ​ថិ​កាតិច ដែល​ជា​ការធានា​នូវ​លំហ​នឹង​ពី​ស្ថេរភាព និង​សន្តិភាព​នៅ​កម្ពុជា​៕

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច តែងតាំង​ជនជាតិ​ចិន​ពីររូប ជា​ទីប្រឹក្សា និង​ជំនួយការ​របស់​លោក ញឹក ប៊ុនឆៃ​

ដោយ : មុនីរ័ត្ន
ថ្ងៃទី 18 តុលា 2011
CEN

​លោក ញឹក​ប៊ុនឆៃ និង​លោក សៀ​ចេន ចាក​គី ប្រធាន​គណៈប្រតិភូ​ក្រុង​ស៊ី​អាន ខេត្ត​សាន​ស៊ី ប្រទេស​ចិន ក្នុង​កិច្ចប្រជុំ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១១៕ (រូបថត​៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច)

លោក ញឹក ប៊ុនឆៃ និង លោក សៀ ចេន ចាក គី ប្រធាន គណៈប្រតិភូ ក្រុង ស៊ី អាន ខេត្ត សាន ស៊ី ប្រទេស ចិន ក្នុង កិច្ចប្រជុំ កាលពី រសៀល ថ្ងៃ ទី ១៧ ខែតុលា ឆ្នាំ ២០១១៕ (រូបថត ៖ គណបក្ស ហ្វ៊ុនស៊ិនប៉ិច)

ភ្នំពេញ​: ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រកាស​តែងតាំង​ជនជាតិ​ចិន​ពីររូប ជា​ទីប្រឹក្សា និង​ជំនួយការ​ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ​។ ពិធី​ប្រកាស​នោះ បាន​ធ្វើឡើង នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ក្រោម​អធិបតីភាព​លោក ញឹក ប៊ុនឆៃ និង​លោក សៀ​ចេន ចាក​គី ប្រធាន​គណៈប្រតិភូ​អញ្ជើញ​មក​ពី​ក្រុង​ស៊ី​អាន​ខេត្ត​សាន​ស៊ី នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១១​។

​ក្នុង​ពិធី​ប្រកាស​តែងតាំង​ជនជាតិ​ចិន ជា​ទីប្រឹក្សា និង​ជំនួយការ​របស់​លោក ញឹក ប៊ុនឆៃ ក៏​មាន​អ្នកវិនិយោគ​ចិន​ចំនួន ១០ ក្រុមហ៊ុន សុទ្ធតែ​ឋានៈ ជា​អគ្គនាយក និង​អគ្គនាយករង ចូលរួម​ផង​ដែរ​។​

​លោក សៀ​ចេន ចាក​គី បាន​ថ្លែង​ទៅកាន់​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នៅពេលនេះ គឺ​ផ្តោត​ទៅលើ​ចំណុច​សំខាន់ៗ​មួយ​​ចំនួន ដូចជា​៖ ការ​ចម្រាញ់​ប្រេង និង​ឧស្ម័ន ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ផ្លូវដែក ការ​ធ្វើ​វា​រី​អគ្គិសនី វិស័យ​ទេសចរណ៍ និង​រោងចក្រ​តម្លើង​រថយន្ត​។​ល​។

​សូមបញ្ជាក់​ថា ប្រតិភូ​ដែល​អញ្ជើញ​មក​ពេល​នេះ គឺ​មាន​អ្នក​វិនិយោគិន​ចិន​ចំនួន ១០ ក្រុមហ៊ុន សុទ្ធ​ជា​អគ្គនាយក និង​អគ្គនាយករង ក្នុង​គោលបំណង​តែ​មួយ​ដូច​គ្នា​។​

​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​បានលើកឡើង​ពី​ប្រវត្តិ​រវាង​លោក និង​លោក សៀ​ចេន ចាក​គី ពី​អតីតកាល និង​ការដឹងគុណ​ចំពោះ​លោក ធ្លាប់​ជួយ​ផ្តល់​នូវ​ការគាំទ្រ​ទាំង​ស្មារតី និង​សម្ភារៈ​ដល់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រយៈពេល​កន្លងមក​។

​លោក ញឹក ប៊ុនឆៃ បាន​ថ្លែង​ទៀតថា នៅពេល​អនាគត​សង្ឃឹម​នឹង​ជឿជាក់ថា លោក សៀ​ចេន ចាក​គី នឹង​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​បន្ថែមទៀត​។​

​ជាមួយគ្នា​នោះ​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច ក៏​បាន​ចេញ​សេចក្តីសម្រេច ស្តីពី​ការតែងតាំង​លោក សៀ​ចេន ចាក​គី និង​លោក ភី​រុម​ណា​ម ថា​វ៉ន ជាទី​ប្រក្សា និង​ជា​ជំនួយការ របស់លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​៕

សមាគម​ម៉ាស៊ីន​កិន​ស្រូវ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ផ្អើល​ទិញ​អង្ករ​ទុក

ដោយ អ៊ុក សាវបូរី
2011-10-18
វិទ្យុ​អាស៊ីសេរី

ប្រធាន​សម្ព័ន្ធ​សមាគម​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​បៃតង​កម្ពុជា លោក ភូ ពុយ អំពាវនាវ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែ​តុលា ឆ្នាំ​២០១១ ថា កុំ​ឲ្យ​ពលរដ្ឋ​ផ្អើល​ទិញ​អង្ករ​ស្តុក​ទុក ពីព្រោះ​អង្ករ​មិន​ខ្វះ​ទេ។

១៨-តុលា-២០១១៖ បុគ្គលិក​ក្រុមហ៊ុន​បៃតង​កម្ពុជា ជួយ​លើក​អង្ករ​ដាក់​លើ​ម៉ូតូ​ពលរដ្ឋ​ដែល​មក​ទិញ​អង្ករ​នៅ​តាម​ស្តង់ នា​រាជធានី​ភ្នំពេញ។ (RFA/Ouk Savborey)

១៨-តុលា-២០១១៖ បុគ្គលិក ក្រុមហ៊ុន បៃតង កម្ពុជា ជួយ លើក អង្ករ ដាក់ លើ ម៉ូតូ ពលរដ្ឋ ដែល មក ទិញ អង្ករ នៅ តាម ស្តង់ នា រាជធានី ភ្នំពេញ។ (RFA/Ouk Savborey)

http://flash-mp3-player.net/medias/player_mp3_maxi.swf

លោក ភូ ពុយ ឲ្យ​ដឹង​ថា ស្រូវ​ថ្មី​បង្កើន​រដូវ​កំពុង​តែ​ច្រូត​ហើយ នៅ​តែ ១​ខែ​ទៀត​ស្រូវ​កណ្ដាល ក៏​នឹង​ទុំ ដូច​នេះ​អង្ករ​មិន​ខ្វះ​ទេ បើ​ទោះ​បី​មាន​ទឹក​ជំនន់​លិច​ស្រូវ​នៅ​ខេត្ត​ផលិត​ស្រូវ​មួយ​ចំនួន​ក៏ដោយ។ លោក​អំពាវនាវ​យ៉ាង​ដូច្នេះ នៅ​ពេល​ដែល​ក្រុមហ៊ុន​បៃតង​កម្ពុជា ដឹក​អង្ករ​មក​លក់​ចំនួន ៦​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​ទប់​កុំ​ឲ្យ​ឈ្មួញ​ដំឡើង​ថ្លៃ​អង្ករ លក់​យក​ចំណេញ។

លោក ភូ ពុយ បន្ថែម​ថា ២​ថ្ងៃ​នៃ​ការ​លក់​អង្ករ​របស់​ក្រុមហ៊ុន​បៃតង​កម្ពុជា បាន​លក់​អង្ករ​ដាច់​ជិត ៣០០​តោន។ លោក​បញ្ជាក់​ថា អង្ករ​នឹង​លក់​បន្ត​រហូត​ដល់​ពលរដ្ឋ​ផ្អាក​ការ​ទិញ​អង្ករ៖ «តម្លៃ​លក់​នេះ​គឺ​យើង​មិន​លក់​ទាប​ពេក​នោះ​ទេ គឺ​លក់​ក្រោម​ទីផ្សារ​សេរី​តិចតួច ដើម្បី​យើង​ទប់​កុំ​ឲ្យ​វា​ឡើង​ថ្លៃ​ត​ទៅ​ទៀត។ ឃើញ​ថា យើង​លក់​២​ថ្ងៃ​នេះ​មក អ្នក​លក់​អង្ករ​តាម​ស្តង់​មួយ​ចំនួន​ក៏​គាត់​បាន​បន្ទាប​តម្លៃ​ដែរ​ហើយ»។

តំណាង​ក្រុមហ៊ុន​បៃតង​កម្ពុជា ដែល​ឈរ​លក់​អង្ករ​នៅ​មុខ​ស្ថានីយ​រថភ្លើង​ក្នុង​សង្កាត់​ស្រះចក ក្រុង​ភ្នំពេញ បាន​កំណត់​លក់​អង្ករ​ជូន​ក្នុង​ម្នាក់​តែ ១​បាវ​ទេ ទោះ​បី​ទម្ងន់ ២៥​គីឡូ ឬ​៥០​គីឡូ​ក៏ដោយ។

ពលរដ្ឋ​បាន​ឈរ​តម្រង់​ជួរ​ដើម្បី​ទិញ​អង្ករ​នៅ​មុខ​ស្តង់​អង្ករ​ឲ្យ​ដឹង​ថា តម្លៃ​លក់​របស់​ក្រុមហ៊ុន​ថោក​ជាង​តម្លៃ​ឈ្មួញ​កំពុង​លក់​ប្រមាន ៣​ដុល្លារ​ក្នុង​១​បាវ ៥០​គីឡូក្រាម។

លោក ភារុន ថ្លែង​ថា អង្ករ​ផ្កា​ម្លិះ ក្រុមហ៊ុន​លក់​បែងចែក​ច្រើន​ប្រភេទ ប៉ុន្តែ​គាត់​រើស​យក​តម្លៃ​អង្ករ ៣១,៧៨​ដុល្លារ ក្នុង ១​បាវ​ទម្ងន់ ៥០​គីឡូក្រាម៖ «អរគុណ​ហើយ​ដែល​រដ្ឋាភិបាល​បាន​គិតគូរ​ពី​ប្រជារាស្ត្រ​យើង​ទាំង​អស់​គ្នា​ហ្នឹង កុំ​ឲ្យ​មាន​ឈ្មួញ​ឡើង​ថ្លៃ​ទៅ​ថ្ងៃ​ក្រោយ»។

អ្នកស្រី ពៅ នៅ​ខណ្ឌ​ឫស្សីកែវ ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រុមហ៊ុន​បៃតង​កម្ពុជា បញ្ចេញ​អង្ករ​លក់​មក​ឲ្យ​ពលរដ្ឋ​ក្នុង​ពេល​ប្រទេស​កម្ពុជា កំពុង​ទឹក​ជន់​លិច គឺ​ជា​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ទាន់​ពេល​ផង និង​ដើម្បី​ទប់​តម្លៃ​ឈ្មួញ​អង្ករ​កុំ​ឲ្យ​ឡើង​ថ្លៃ​បាន​ផង៖ «តាម​ទីផ្សារ​វា​ថ្លៃ​ជាង។ ថ្លៃ​ជាង​ក្នុង ១​បាវ បើ​តាម​ខ្ញុំ​គិត ប្រហែល​ជា ១​ម៉ឺន ទៅ ១​ម៉ឺន​២​ពាន់​រៀល​អី​ហ្នឹង»។

លោក សុជា នៅ​ខណ្ឌ​ទួលគោក ឲ្យ​ដឹង​ថា គាត់​ទិញ​អង្ករ​ផ្កា​ខ្ញី​ថ្លៃ ១៣៥.០០០​រៀល​ក្នុង​មួយ​បាវ ទម្ងន់ ៥០​គីឡូក្រាម គឺ​ថោក​ជាង​ឈ្មួញ​លក់។ លោក​ថា តម្លៃ​ទីផ្សារ​អង្ករ​ផ្កា​ខ្ញី​ក្នុង​ពេល​បច្ចុប្បន្ន​ថ្លៃ​ជិត ១៥​ម៉ឺន​រៀល ក្នុង ៥០​គីឡូ​ដូច​គ្នា​នេះ៖ «ខ្ញុំ​គ្រាន់​តែ​ឃើញ​គេ​បញ្ចុះ​តម្លៃ​អ៊ីចឹង​ទៅ ខ្ញុំ​ក៏​មក​ទិញ។ ដូច​ជា​សាលាក្រុង​គេ​មក​ជួយ​បញ្ចុះ​តម្លៃ ដូច​ហាង​ឆេង​គេ​ខ្ពស់​ទៅ ខ្ញុំ​ឃើញ​តម្លៃ​គេ​ថោក​ជាង ហាងឆេង​អង្ករ​ខ្ញុំ​ក៏​មក​ទិញ»។

ប្រធាន​អង្គការ​សេដាក លោក​បណ្ឌិត យ៉ង សាំងកុមារ ថ្លែង​កាល​ពី​ថ្ងៃ​១៧ ខែ​តុលា ថា កម្ពុជា​ជា​ប្រទេស​បាន​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ឆ្នាំ​២០១១​នេះ។ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ការ​នាំ​អង្ករ​ចេញ​ទេ។

ខេត្ត​មួយ​ចំនួន​ធំ​នៅ​ប៉ែក​និរតី មិន​មាន​ទឹក​ជំនន់​ទេ កសិករ​កំពុង​តែ​ប្រមូល​ស្រូវ​បង្កើន​រដូវ និង​ស្រូវ​ប្រាំង​ច្រើន​លើស​ពី​សព្វ​មួយ​ដង ដោយសារ​អំណោយ​ទឹក​ភ្លៀង​ធ្លាក់​មក​ល្អ​តាំង​ពី​ដើម​ឆ្នាំ។

លោក​សុំ​ឲ្យ​ពលរដ្ឋ​កុំ​ភ្ញាក់​ផ្អើល​ទិញ​អង្ករ​ស្ដុក​ទុក។ លោក​ថា ខេត្ត​កំពត តាកែវ ខេត្ត​កំពង់ស្ពឺ ជា​ដើម កំពុង​ញាប់​ដៃ​ប្រមូល​ផល​ស្រូវ​ដែល​ជា​ហេតុ​បញ្ជាក់​ថា ស្រូវ​នឹង​មិន​ខ្វះ។

របាយការណ៍​ចុង​ក្រោយ​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ឲ្យ​ដឹង​ថា ស្រូវ​ជាង ៥​សែន​៩​ម៉ឺន​ហិកតារ បាន​លិច​ទឹក​ជំនន់ ក្នុង​នោះ​ស្រូវ​ជាង ២​សែន​ហិកតារ​ទៀត​បាន​រលួយ​ដោយសារ​ទឹក​ជំនន់៕

​កងវិស្វកម្ម​តេជោហ៊ុន សែន នាំ​យក​គ្រឿងចក្រ ចុះ​ជួស​ជុល​ ផ្លូវ​ដាច់​ ​នៅខេត្ត​ព្រះវិហារ​

ដោយ : បាយ័ន
ថ្ងៃទី 18 តុលា 2011
CEN

ស្រុក​ឆែប-ខេត្ត​ព្រះវិហារ: ដោយ​ទទួល​នូវ​បទបញ្ជា​ផ្ទាល់​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ឧត្តមសេនីយ៍ឯក ខេង សុមេធ ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ បាន​ដឹកនាំ​កងវិស្វកម្ម​តេជោ ហ៊ុន សែន សៀមរាប ចុះ​ទៅជួសជុល​បន្ទាន់ ​លើ​កំណាត់​ផ្លូវជាច្រើន​កន្លែង ដែល​ដាច់​ ដោយ​ជំនន់​ទឹកភ្លៀង នៅ​ឃុំ​កំពង់​ស្រឡៅ ១ ស្ថិតក្នុង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ។​

​លោក​ឧត្តមសេនីយ៍ឯក ខេង សុមេធ ដែលជា​មេបញ្ជាការ​កង​វិស្វកម្ម​តេជោ​ហ៊ុន សែន​រៀម​រាប បានឲ្យដឹងថា កំណាត់​ផ្លូវជាច្រើន​កង់ បាន​ត្រូវ​ទឹកជំនន់បុក​ដាច់ នៅ​ចំណុច ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែប នា​ពេល​ថ្មីៗ​កន្លងទៅនេះ។ ការបុក​ដាច់​ផ្លូវ​ជាច្រើន​កំណាត់​ខាងលើ សម្តេច​តេជោ បាន​បញ្ជា​បន្ទាន់ឲ្យ​កងវិស្វកម្ម​តេ​ជោ សៀមរាប នាំ​យក​គ្រឿងចក្រ ចុះ​ទៅ​ធ្វើ​ការជួសជុល​បន្ទាន់ នា​ថ្ងៃ​ទី​១៧ ខែ​តុលា​ ឆ្នាំ២០១១ ដើម្បី​ត​ភ្ជាប់​ផ្លូវ ដែល​ដាច់​នោះឡើងវិញ ក្នុង​ការសំរួល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​មក​បាន​ដោយ​ស្រួល។​

​លោក​ឧត្តមសេនីយ៍ឯក បន្តទៀតថា កំណាត់​ផ្លូវ​ដែល​ដាច់ មាន​ចំនួន​ប្រមាណ ៥ កន្លែង ហើយ​មួយ​កន្លែងៗ មាន​ប្រវែង​ពី ៣០ ម៉ែត្រ ទៅ ៦០ ម៉ែត្រ ឯណោះ ។ ផ្លូវ​ដែល​ដាច់​នេះដែរ ត្រូវបាន​លោក​ឧត្តមសេនីយ៍​បញ្ជាក់ថា ដោយសារ​ទឹក​បុក​ដាច់ ពេល​ជំនន់​ទឹកភ្លៀង នា​ពេល​ចុង​ក្រោយ ថ្មីៗ កន្លងទៅនេះ។​

​លោក​ឧត្តមសេនីយ៍ឯ​ក ខេង សុមេធ បាន​បន្តថា កំណាត់​ផ្លូវ​ដែល​ដាច់​នេះ គឺ​កងកម្លាំង​វិស្វកម្ម​តេជោ​សៀមរាប បាន​ប្រើប្រាស់​រយៈពេល ១​ថ្ងៃ តែប៉ុណ្ណោះ ដើម្បី​ត​ភ្ជាប់​ឡើងវិញ បន្ទាប់​ពី​ផ្លូវ​នេះ មាន​ការពិបាក​ធ្វើដំណើ​រ​រួចមក។ ការជួស​ជុស​ផ្លូវ​ខាង​លើ គឺ​ពិតជា​មាន​ការលំបាក​មួ​យ ​ព្រោះ​ទឹក​តំបន់​នោះ នៅ​មាន​កំរិតខ្ពស់​នៅឡើយ។ ហើយ​ការជួសជុល​នេះដែរ គឺ​ប្រើប្រាស់​នូវ​ដី​ក្រហម ​ដែល​កងវិស្វកម្ម តេ​ជោ ត្រៀម​បម្រុង​ទុក កាល​ពី​រដូវប្រាំង​កន្ល​ង​ទៅ។​

​លោក​មេបញ្ជាការ​កង​វិស្វកម្ម​តេជោ​បាន​បន្ត​ថា ក្នុង​មួយ​រដូវវស្សា​នេះ គឺ​កំណាត់​ផ្លូវ​ជា​ច្រើន ​ចាប់​ពី​ស្រុក​ជាំ​ក្សាន្ត​ ទៅកាន់​មុំ​បី ឆ្លងកាត់ឃុំ​កំពង់​ស្រឡៅ​១ ឃុំ​កំពង់​ស្រឡៅ​២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ហើយ​ត​ភ្ជាប់​ទៅ​ដល់​ស្រុកថា​ឡា​បរិ​វ៉ាត់ ក្នុងខេត្ត​ស្ទឹងត្រែង មាន​ចំងាយ​ជាង ២០០ គីឡូម៉ែត្រ ត្រូវ​បាន​ទឹក​បុក​ដាច់​ជា​បន្តបន្ទាប់។​

​ខណៈពេល​ដែល​ដឹក​ជំនន់​បុក​ដាច់​ជា​បន្តបន្ទាប់ គឺ​កងវិស្វកម្ម​តេជោ​ហ៊ុន សែន សៀមរាប ដឹកនាំ​ដោយ​លោកឧត្តមសេនីយ៍ខេង សុមេធ ក្រោម​ការបញ្ជា​ផ្ទាល់ ពីលោកនាយ​ឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការ​រង​ នាយ​សេនាធិការ​ចំរុះ និង​ជា​អនុប្រធាន​ទី១ គណៈបញ្ជាការ ឯកភាព សមរភូមិ​មុខ ព្រំដែន​កម្ពុជា​-​ថៃ បានជួសជុល​ជា​បន្តបន្ទាប់​ មិន​ឲ្យ​កំណាត់​ផ្លូវ ​ដែលកសាង​ឡើង​ដោយ​សម្តេច​តេជោ​ហ៊ុន សែន និង​លោកជំទាវ ​ខូច​យូរ​ឡើយ ៕