បណ្ណសារ | ខែតុលា 16, 2011

ព្រះមហាក្សត្រ​លើកលែង​ទោស​ឲ្យ​សមាជិក​ចលនា CFF

ដោយ ទីន ហ្សាការីយ៉ា
2011-10-16
​វិទ្យុ​អាស៊ីសេរី

ព្រះ​មហា​ក្សត្រ​ខ្មែរ​បាន​ប្រទាន​ការ​លើក​លែង​ទោស​ដល់​ទណ្ឌិត​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​កង​ទ័ព​សេរី​ជាតិ​កម្ពុជា (CFF)។

ស្លាក​សញ្ញា​របស់​ចលនា CFF (RFA, Screenshot)

ស្លាក សញ្ញា របស់ ចលនា CFF (RFA, Screenshot)

ព្រះ​មហា​ក្សត្រ សម្ដេច​ព្រះ​បរមនាថ​នរោត្តម​សីហ​មុនី បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​លើក​លែង​ទោស​ទណ្ឌិត​ចំនួន ៥​នាក់ ដែល​តុលាការ​បាន​ផ្ដន្ទា​ទោស​ក្នុង​ម្នាក់ៗ ចំនួន ១៥​ឆ្នាំ ពាក់ព័ន្ធ​និង​ការ​បង្កើត​ចលនា​កង​ទ័ព​សេរី​ជាតិ​កម្ពុជា CFF នោះ​ឲ្យ​មាន​សេរីភាព​វិញ​ហើយ។

នៅ​ក្នុង​ព្រះ​រាជ​ក្រឹត្យ​ចេញ​កាល​ពី​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១១ ហើយ​គេ​ទើប​នឹង​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ ទី​១៦ តុលា បាន​ត្រាស់​បង្គាប់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​លែង​ទណ្ឌិត​ចំនួន ៥​នាក់ រួម​មាន​ឈ្មោះ សេង ណារិន ទម្លាប់ មិល ប៊ុន ចាន់​តូ ហែម ប៊ុន​ធឿន និង​ឈ្មោះ ចាន់ ប៊ុន​ខេង។ អ្នក​ទាំង ៥​នាក់ រស់​នៅ​ខែត្រ​ប៉ៃលិន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០០០ ជាប់​ចោទ​ពី​បទ​ភេរវកម្ម និង​ក្រុម​ប្រដាប់​អាវុធ ហើយ​តុលាការ​បាន​ផ្ដន្ទា​ទោស​ក្នុង​ម្នាក់​ចំនួន ១៥​ឆ្នាំ។

ព្រះ​រាជ​ក្រឹត្យ​លើក​លែង​ទោស​ពី​ព្រះ​មហា​ក្សត្រ​បាន​ចេញ​តាំង​ពី​ខែ​កញ្ញា ប៉ុន្តែ​ក្រុម​គ្រួសារ​ទណ្ឌិត​ទាំង​នោះ ទើប​នឹង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ តុលា ឆ្នាំ​២០០១១ នេះ។ ក្រុម​គ្រួសារ​ទណ្ឌិត​ទាំង​នោះ បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ​ទើប​មាន​ទណ្ឌិត​តែ​មួយ​រូប​ទេ ក្នុង​ចំណោម ៥​នាក់​នោះ ដែល​គេ​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​វិញ កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៥ តុលា។

អ្នក​ស្រី វែន ដារា ជា​សមាជិក​ក្រុម​ប្រឹក្សា​ខែត្រ​ប៉ៃលិន​នៃ​គណ​បក្ស​សម​រង្ស៊ី ដែល​ជា​ភរិយា​របស់​ទណ្ឌិត​ឈ្មោះ ប៊ុន ចាន់​តូ ដែល​កំពុង​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ​នោះ បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​ទើប​បាន​ទទួល​ព្រះ​រាជ​ក្រឹត្យ​កាល​ពី​ថ្ងៃ​ទី​១៥ តុលា តាម​រយៈ​ក្រុម​គ្រួសារ​របស់​លោក សេង ណារិន ដែល​គេ​បាន​ដោះ​លែង​ហើយ​នោះ។ ទោះ​ជា​យ៉ាង​ណា អ្នក​ស្រី​បាន​ថ្លែង​អំណរគុណ​ដល់​ព្រះ​មហា​ក្សត្រ ដែល​ប្រទាន​ការ​លើក​លែង​ទោស​ដល់​ស្វាមី​របស់​គាត់។

លោក អំ សំអាត ជា​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។ លោក​មាន​ប្រសាសន៍​ថា មន្ត្រី​តុលាការ និង​មន្ត្រី​ពន្ធនាគារ​ត្រូវ​តែ​អនុវត្ត​តាម​ព្រះ​រាជ​ក្រឹត្យ​ព្រះ​មហា​ក្សត្រ​នេះ គេ​មិន​ត្រូវ​ពន្យារ​ពេល​ដូច្នេះ​ទេ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ទេ​នៅ​ថ្ងៃ​អាទិត្យ ទី​១៦ តុលា ដើម្បី​សុំ​បំភ្លឺ​អំពី​ករណី​នេះ។ ចំណែក​ប្រធាន​ពន្ធនាគារ​ព្រៃ​ស លោក ស៊ុយ វ៉ាន់សន ក៏​មិន​ធ្វើ​អត្ថាធិប្បាយ​ដែរ​ជុំវិញ​ករណី​នេះ ដោយ​លោក​ប្រាប់​ថា លោក​ទើប​តែ​វិល​មក​ពី​បរទេស។

មន្ត្រី​នាំ​ពាក្យ​នៃ​គណ​បក្ស​សម​រង្ស៊ី លោក យឹម សុវណ្ណ បាន​អះអាង​ថា ទណ្ឌិត​ទាំង​៥ នេះ ជា​អតីត​សមាជិក​សកម្ម​របស់​គណ​បក្ស​សម​រង្ស៊ី។ លោក​បាន​សាទរ​ចំពោះ​ព្រះ​មហា​ក្សត្រ​ដែល​ព្រះ​អង្គ​ព្រះ​រាជ​ទាន​ការ​លើក​លែង​ទោស​ដល់​អ្នក​ទាំង​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក យឹម សុវណ្ណ បាន​ពន្យល់​ថា ការ​ចាប់​ខ្លួន​អតីត​សមាជិក​គណ​បក្ស​សម​រង្ស៊ី​ដាក់​គុក​ក្នុង​ម្នាក់​ជាង ១០​ឆ្នាំ​មក​នេះ ជា​រឿង​នយោបាយ។

ចលនា​កង​ទ័ព​សេរី​ជាតិ​កម្ពុជា (Cambodian Freedom Fighter CFF) បាន​ដឹក​នាំ​ដោយ​លោក ឈុន យ៉ាសិទ្ធិ ជន​ជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក។ កាល​ពី​ឆ្នាំ​២០០០ កន្លង​ទៅ លោក ឈុន យ៉ាសិទ្ធិ ស្នាក់​នៅ​ប្រទេស​ថៃ បាន​ដឹក​នាំ​ប្រតិបត្តិការ​យោធា​មួយ​ឈ្មោះ​ភ្នំ​ភ្លើង វាយ​ប្រហារ​លើ​ទីស្នាក់ការ​ក្រសួង​ការ​ពារ​ជាតិ និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​ប្រតិបត្តិការ​នោះ​បាន​បរាជ័យ។ ជា​បន្ត​បន្ទាប់​មក​ទៀត អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ជា​ច្រើន​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​ដាក់​គុក ក្នុង​នោះ​រួម​មាន​សមាជិក​គណ​បក្ស​សម​រង្ស៊ី​ទាំង ៥​នាក់ ដែល​ព្រះ​មហា​ក្សត្រ​ប្រទាន​ការ​លើក​លែង​ទោស​នៅ​ពេល​នេះ​ដែរ។

កាល​ពី​ឆ្នាំ​២០១០ តុលាការ​សហ​រដ្ឋ​អាមេរិក​នៅ​ទីក្រុង Los Angeles រដ្ឋ​ការ​លី​ហ្វូ​នី​ញា បាន​កាត់​ទោស​លោក ឈុន យ៉ាសិទ្ធិ ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​ចូល​រួម​ដឹក​នាំ​ចលនា​កង​ទ័ព​សេរី​ជាតិ​កម្ពុជា CFF ក្នុង​គោល​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​សម្រេច​កាល​ពី​ឆ្នាំ​២០០០ នោះ៕

ព្រះមហាក្សត្រ លើកលែង​ទោស​ក្រុម​ភេរវកម្ម CFF ៥ នាក់​ ​ដែល​ជា​សមាជិក​គណបក្សសមរង្ស៊ី​

ដោយ : មុនីរ័ត្ន
ថ្ងៃទី 16 តុលា 2011
CEN

ភ្នំពេញ: ​សមាជិក​គណបក្ស សម រង្ស៊ី ចំនួន ៥ នាក់ ដែល​ជាប់ចោទ​ពី​បទ​ភេរវកម្ម និង​ក្រុម​ជនប្រដាប់អាវុធ ក្នុង​ចលនា CFF ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​​អោយ​ដាក់​ពន្ធនាគារ​ចំនួន ១៥​ឆ្នាំ កាលពី​ឆ្នាំ​២០០០ ត្រូវបាន​ព្រះមហាក្សត្រ​​សម្រេច​លើកលែង​ទោស​ហើយ​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​របស់​ព្រះ​​ករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១១ ដែល​គេហទំព័រ CEN​ទទួលបាន​នៅ​ថ្ងៃទី​១៦ តុលា ឆ្នាំ​២០១១​។​

​នៅក្នុង​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់​លើកលែង​ទោស​ឲ្យ​ទណ្ឌិត​ចំនួន ៥​នាក់ ក្នុងនោះ​មាន ១-​ទណ្ឌិត សេង ណារិន អាយុ ៥២​ឆ្នាំ​, ២-​ទណ្ឌិត ទម្លាប់ មិ​ល អាយុ ៥២​ឆ្នាំ​, ៣-​ទណ្ឌិត ប៊ុន ចាន់តូ អាយុ ៤៨​ឆ្នាំ​, ៤-​ទណ្ឌិត ចាន់ ប៊ុន​ខេន អាយុ ៤២​ឆ្នាំ​។ អ្នក​ទាំង​បួន ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ពេល​តែមួយ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០០០​។ ចំណែក​ទី​៥-​ទណ្ឌិត ហែម ប៊ុនធឿន អាយុ ៤៥​ឆ្នាំ ដែល​ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០០០​។

​នៅក្នុង​ព្រះរាជក្រឹត្យ ត្រង់​មាត្រា​២ បាន​តម្រូវ​ឲ្យ​សម្តេច​អគ្គម​ហាសេ​នាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​អនុវត្ត​អោយបាន​សម្រេច​នូវ​ព្រះរាជក្រឹត្យ​នេះ​។​

​បន្ទាប់ពី​បាន​ទទួល​ព្រះរាជក្រឹត្យ​លើកលែងទោស​ក្រុមគ្រួសារ​របស់​លោក សេង សារិន បានអោយដឹងថា លោក សេង សារិន បាន​ចេញពី​ពន្ធនាគារ បាន ៤​ថ្ងៃ​ហើយ គិត​មកដល់​ថ្ងៃ​ទី​១៦​តុលា ឆ្នាំ​២០១១ ដោយ​សុខភាព​របស់​លោក មិន​មាន​បញ្ហា​អ្វី​ទេ​។ ប៉ុន្តែ​ទណ្ឌិត ៤ រូប​ទៀត មិន​ទាន់​ចេញ​ពី​ពន្ធនាគារ​ទេ ដោយសារ​តែ​ក្រុមគ្រួសារ មិនទាន់​រត់កា​រឯក​សារ​រួចរាល់​។

​ចំណែក​អ្នកស្រី វ៉ែន រ៉ា ប្រធាន​គណបក្ស​សម​រង្ស៊ី នៅ​ខេត្ត​ប៉ៃលិន និង​ជា​ប្រពន្ធ​របស់​លោក ហែម ប៊ុនធឿន បានអោយដឹងថា ប្តី​របស់​អ្នកស្រី មិនទាន់​បាន​ចេញពី​ពន្ធនាគារ​ព្រៃ​ស​នៅឡើយ​ទេ ដោយ​អ្នកស្រី​​ទើបតែ​ទទួល​លិខិត​លើកលែងទោស​។

​អ្នកស្រី វ៉ែន រ៉ា ដែល​ជា​ក្មួយ​ស្រី​របស់​តា​ម៉ុក អតីត​មេ​ខ្មែរក្រហម បានឲ្យដឹងថា មានតែ​លោក សេង ណារិន ទេ ដែល​បាន​ចេញពី​ពន្ធនាគារ​មុនគេ​។ ចំណែក​៤​នាក់​ទៀត រួម​ទាំង​ប្តី​របស់​អ្នកស្រី នៅ​មិនទាន់​បាន​ចេញ​ទេ​។​

​យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស សម រង្ស៊ី បាន​ថ្លែងអំណរគុណ​ដល់​ព្រះមហាក្សត្រ ដែល​បាន​ព្រះរាជទាន​ទោស​លើកលែងទោស​​ដល់​អ្នក​ទាំង ៥ នាក់ ដែល​ត្រូវបាន​ចោទប្រកាន់ថា បាន​ចូលរួម​ក្នុង​សកម្មភាព​ចលនា​
CFF ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។

​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​លើកឡើង​ថា ការចោទប្រកាន់​នោះ ជា​រឿង​នយោបាយ ដែល​គណបក្សកាន់អំណាច បំភិតបំភ័យ​អ្នក ដែល​បញ្ចេញមតិ ហ៊ាន​ជំទាស់​ទៅ​នឹង​រដ្ឋាភិបាល​។​

​ក៏​ប៉ុន្តែ​លោក ទិត សុធា អនុប្រធាន និង​ជា​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើង​ថា “​វា​ជា​ទម្លាប់​គណបក្ស សម រង្ស៊ី និង​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត មិន​ដែល​ទទួលស្គាល់​អ្វី ដែល​ជា​ការពិត​នោះ​ទេ ហើយ​ជុំវិញ​ការចោទប្រកាន់ ពាក់ព័ន្ធ​ទៅនឹង​ជន​មួយចំនួន ដែល​ត្រូវបាន​ចោទប្រកាន់​ពី​រឿង CFF នេះ លោក​យល់ថា មក​ដល់​ដំណាក់កាល​នេះ គឺ​ជន​ទាំងនោះ ត្រូវបាន​តុលាការ​វិនិច្ឆ័យ​ទៅ​តាម​ដំណើរការ​នីតិវិធី និង​ធ្វើ​ត្រឹម​​ត្រូវ​ដោយមាន​ភស្តុតាង​ច្បាស់លាស់ នៅ​ក្នុង​ការចោទប្រកាន់​ទៅលើ​ជន​ទាំងនោះ ហើយ​ដំណាក់កាល​ចុងក្រោយ ព្រះមហាក្សត្រ បាន​ធ្វើ​ការលើកលែងទោស ដោយ​អ្នក​ទាំងនោះ បាន​ទទួល​ទោស​មួយចំនួន​រួចទៅហើយ​។ ដូច្នេះ​ហើយ​មិន​អាច​ប្រែ​ក្រ​ឡៃ​ថា ជា​រឿង​ប្រព្រឹត្ត​បទល្មើស​មួយ មក​ទម្លាក់កំហុស​ថា ជា​ការចោទប្រកាន់ និង​ជា​ការ​គម្រាម​ពី​រដ្ឋាភិបាល​ឡើយ​។​

​លោក ទិត សុធា បានបញ្ជាក់​ថា គឺជា​រឿង​ខុសឆ្គង​ណាស់ ដែល​ជា​ទម្លាប់​របស់​គ​ណ​បក្ស សម រង្ស៊ី មិន​ដែល​និយាយ​ពី​អ្វី​ជា​អំពើ​ល្អ​របស់​គណបក្ស ប្រជាជន​កម្ពុជា ឬ​មួយ​ក៏​រាជរដ្ឋាភិបាល​នោះ​ទេ​។​

​សូមជម្រាបថា សមាជិក​គណបក្ស សម រង្ស៊ី ចំនួន ៥ នាក់ ដែល​ព្រះមហាក្សត្រ ព្រះរាជទាន​លើកលែងទោស នៅពេលនេះ គឺជា​ក្រុម​ជន​សកម្មជន​គណបក្ស​សមរង្ស៊ី ដែល​ជាប់ចោទ​ពី​បទ​ភេរវកម្ម និង​ក្រុម​ជនប្រដាប់អាវុធ ក្នុង​ចលនា CFF ត្រូវបាន​កំលាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​កម្ពុ​ជា បាន​ធ្វើ​ការចាប់ខ្លួន​បាន​ជា​បន្តបន្ទាប់​។ ក្រុម​ជនប្រដាប់អាវុធ​ក្នុង​ចលនា CFF ដែល​មាន​លោក ឈុន យ៉ាសិទ្ធ ជា​មេដឹកនាំ បាន​ប៉ះទង្គិច​ជាមួយ​កំលាំង​របស់​រដ្ឋាភិបាល ដោយ​អាវុធ​ក្នុង​អំឡុង​ឆ្នាំ​២០០០ នៅក្នុង​កណ្តាល​ទីក្រុង​ភ្នំពេញ​។

​សមាជិក​នៃ​ចលនា​នេះ ត្រូវបាន​ចាប់ខ្លួន​។ ចំណែក​មេដឹកនាំ​ចលនា CFF ដែល​បង្កើត​ក្រុម​ប្រដាប់អាវុធ ក្នុង​គោលបំណង​ផ្តួល​រដ្ឋាភិបាល​របស់​សម្តេច ហ៊ុន សែន ក៏​ត្រូវបាន​ចាប់ខ្លួន ដោយ​អាជ្ញាធរ​សហរដ្ឋអាមេរិក រួមទាំង​លោក ឈុន យ៉ាសិទ្ធ​
​ដែល​មាន​សញ្ជាតិ​អាមេរិក ក៏​ត្រូវបាន​តុលាការ​អាមេរិក ផ្តន្ទាទោស អោយ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។​

​គណបក្ស​សម រង្ស៊ី ធ្លាប់​បាន​ស​សេរ​លិខិត​ទៅ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០០៨ ដោយ​បាន​ស្នើ​អោយ​សម្តេច ជួយ​អន្តរាគមន៍ ដើម្បី​ឲ្យមាន​ការដោះលែង និង​លើកលែងទោស ដល់​សមាជិក និង​អតីត​សមាជិក​គណ​
​បក្ស សម រង្ស៊ី ចំនួន ១២ នាក់ ដែល​ជាប់ចោទ​ក្នុង​ចលនា CFF៕

ព្រះ​មហាក្សត្រ​លើក​លែង​ទោស​សកម្មជន​គណបក្ស​ប្រឆាំង​៥រូប​ដែល​ចោទ​ជា​សមាជិក CFF

ច័ន្ទ 17 តុលា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​បរមនាថ នរោត្តម សីហមុនី កាល​ពី​ថ្ងៃទី២២ ខែ​កញ្ញា​កន្លង​ទៅ​ថ្មីៗ​នេះ បាន​ចេញ​ព្រះរាជ​ក្រឹត្យ​មួយ ដោយ​ធ្វើ​ការ​លើក​លែង​ទោស​ទណ្ឌិត​ចំនួន​៥រូប ជា​សកម្មជន​គណបក្ស​សមរង្ស៊ី ដែល​ត្រូវ​ចោទ​ពី​បទ​ភេរវកម្ម បង្ករ​ឡើង​ដោយ​ចលនា CFF កាល​ពី​ឆ្នាំ​២០០០។

ស្លាកសញ្ញាចលនា CFF

ស្លាកសញ្ញាចលនា CFF

ទណ្ឌិត​ទាំង​៥រូប​ដែល​ត្រូវ​ព្រះរាជ​ក្រឹត្យ​​បង្គាប់​ឲ្យ​ធ្វើ​ការ​លើក​លែង​ទោស​នោះ​រួម​មាន ១.ឈ្មោះ សេង ណារិន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ , ២.ឈ្មោះ ទម្លាប់ មិល ភេទ​ប្រុស អាយុ​៥២ឆ្នាំ, ៣.​ឈ្មោះ ប៊ុន ចាន់តូ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ, ៤.ឈ្មោះ ហែម ប៊ុនធឿន ហៅ ហែម អេម ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង ៥.​ឈ្មោះ ចាន់ ប៊ុនខេន ភេទ​ប្រុស អាយុ​៤២ឆ្នាំ។ ពួក​គេ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០០ ក្រោម​បទ​បាន​បង្ក​ភេរវកម្ម និង​បង្កើត​កម្លាំង​ប្រដាប់​អាវុធ ហើយ​ត្រូវ​តុលាការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ​១៥​ឆ្នាំ​កាល​ពី​ចុង​ឆ្នាំ​២០០៥។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មក​ទល់​ពេល​នេះ​មាន​សេចក្តី​រាយ​ការណ៍​ថា មាន​ទណ្ឌិត​ម្នាក់​ប៉ុណ្ណោះ​គឺ​លោក សេង ណារិន ដែល​ត្រូវ​គេ​ដោះ​លែង​ឲ្យ​មាន​សេរីភាព ក្នុង​ចំណោម​ទណ្ឌិត​ទាំង​៥នាក់​ដែល​ព្រះរាជ​ក្រឹត្យ​បង្គាប់​ឲ្យ​លើក​លែង​ទោស​នោះ។

ចំពោះ​បញ្ហា​នេះ លោក ប៊ុន ហ៊ុន អនុរដ្ឋ​លេខា​ធិការ​ក្រសួង​យុត្តិធម៌​ត្រូវ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដក​ស្រង់​ការ​ពន្យល់​មក​ចុះ​ផ្សាយ​ថា ព្រះ​រាជ​ក្រឹត្យ​លើក​លែង​ទោស​របស់​ព្រះមហាក្សត្រ​នេះ គឺ​យោង​ទៅ​លើ​ក្រឹត្យ​លេខ​២៨​ដែល​ចែង​ថា ពិរុទ្ធជន​ត្រូវ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ឲ្យ​បាន​ពីរ​ភាគ​បី​នៃ​ទោស​សិន និង​នៅ​ពេល​ណា​ពួក​គេ​ផ្លាស់​ប្តូរ​ឥរិយា​បទ​ល្អ​នៅ​ក្នុង​ពន្ធនាគារ ហើយ​ប្រមុខ​រដ្ឋាភិបាល​ស្នើ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​សុំ​ព្រះរាជ​ទាន​ទោស នោះ​ទើប​អាច​ទទួល​ការ​លើក​លែង​ទោស។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី​បាន​ថ្លែង​​ថា មន្រ្តី​តុលាការ និង​មន្រ្តី​ពន្ធនាគារ​ពុំ​គោរព​ព្រះរាជ​ក្រឹត្យ​ព្រះមហាក្សត្រ ហើយ​ថា ការ​ចាប់​សកម្មជន​ខ្លួន​កន្លង​មក គឺ​ជា​រឿង​នយោបាយ។ «ព្រះរាជ​ក្រឹត្យ​លើក​លែង​ទោស​បាន​ឡាយ​ព្រះហស្ត​តាំង​ពី​ថ្ងៃទី២២ ខែកញ្ញា មក​ទល់​ពេល​នេះ​ទើប​តែ​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​ទើប​តែ​ដោះ​លែង​បាន​ម្នាក់។ នេះ​បង្ហាញ​ថា ​ទាំង​មន្រ្តី​តុលាការ និង​មន្រ្តី​ពន្ធនាគារ​បំពាន​សិទ្ធិ​មនុស្ស និង​មើល​ស្រាល​ព្រះរាជ​ក្រឹត្យ​របស់​ព្រះមហាក្សត្រ»៕

ព្រះមហាក្សត្រ​កម្ពុជា​យាង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​របស់​បណ្ឌិត​សភា​បារាំង

ដោយ ឈាង បុប្ផា
ថ្ងៃ សៅរ៍ 15 តុលា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ ឈាង បុប្ផា (01:24)

ព្រះមហាក្សត្រ​កម្ពុជា ព្រះបរមនាថ​នរោត្តម​សីហមុនី​បាន​មាន​ព្រះរាជវត្តមាន កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ នៅ​បណ្ឌិត​សភា​បារាំង​ដែល​ស្ថិត​កណ្តាល​ទីក្រុង​ប៉ារីស។ ចាប់​តាំង​ពី​ព្រះមហាក្សត្រ​កម្ពុជា​ត្រូវ​តែង​តាំង​ជា សហការី​បរទេស​នៅ​បណ្ឌិត​សភា​បារាំង​អក្សរចារឹក និង​អក្សរសាស្រ្ត​កាល​ពី​ខែ​មីនា ឆ្នាំ ២០១០ នេះ​ជា​លើកទីមួយ​ដែល​ព្រះបាទ​នរោត្តម​ សីហមុនី​បាន​ចូលរួម ក្នុង​នាម​ជា​សមាជិកក្នុង​កិច្ច​ប្រជុំ​របស់​បណ្ឌិត​សភាបារាំង។

ព្រះមហាក្សត្រ​កម្ពុជា​យាង​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​បណ្ឌិត​សភា​បារាំង (©ឈាង បុប្ផា)

ព្រះមហាក្សត្រ កម្ពុជា យាង ចូលរួម ក្នុង កិច្ចប្រជុំ របស់ បណ្ឌិត សភា បារាំង (©ឈាង បុប្ផា)

នៅ​ក្នុង​បន្ទប់​ប្រជុំ​ធំ​ដែល​គេ​ប្រើ​សម្រាប់​សន្និសីទ​ធំៗ ព្រះមហាក្សត្រ​ខ្មែរ​ដែល​អម​ដំណើរ​ដោយ​សម្តេច​ជវាវាំង គង់ សំអុល ត្រូវ​បាន​បណ្ឌិត​សភា​បារាំង​​​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស​ដើម្បី​ស្តាប់​បទឧទ្ទេសនាម​ដែល​និយាយ​ជា​ពិសេស​ ​​ពី​ការ​ជួសជុល និង​អភិរក្ស​​ប្រាសាទ​បុរាណ​នៅ​កម្ពុជា។ នៅ​ថ្ងៃ​ម្សិលមិញ​នេះ អ្នកជំនាញ​របស់​សាលា​បារាំង​ចុងបូព៌ាប្រទេស​ដែល​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា​បាន​ឡើង​និយាយ​​​ពី​ប្រាសាទ​អង្គរធំ និង​ប្រាសាទ​កោះកេរ។ ចំណែក​លោក​ជុច ភឿន ប្រធាន​អាជ្ញាធរ​ព្រះវិហារ​បាន​បង្ហាញ​​ប្រាសាទ​ព្រះវិហារ​ដល់​សមាជិក​បណ្ឌិត​សភា​បារាំង។ នៅ​ក្រោយ​សន្និសីទ លោក​ជុច ភឿន បាន​និយាយ​​​ថា នេះ​ជា​លើក​ទីមួយ​ដែល​គេ​ធ្វើ​បទឧទ្ទេសនាម​បង្ហាញ​ពី​ប្រាសាទ​ព្រះវិហារ​ដល់​​បណ្ឌិតសភា​បារាំង​។

លោក​ជុច ភឿន​អះអាង​ថា លោក​នឹង​ខំ​ប្រឹង​និយាយ​បង្ហាញ​ពី​ប្រាសាទ​ព្រះវិហារ​ដល់​ស្ថាប័ន​អន្តរជាតិ ដូច​ជា ​បណ្ឌិត​សភា​បារាំង​ដើម្បី​បាន​ទទួល​ការ​គាំទ្រ​​​ផ្នែក​ហិរញ្ញវត្ថុ​ដែល​កម្ពុជា​ត្រូវ​ការ​​យក​ទៅ​ជួសជុល និង​អភិរក្ស​ប្រាសាទ​ព្រះវិហារ ដែល​ទើប​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​មនុស្សជាតិ​របស់​UNESCO។ បើ​តាម​លោក​ជុច ភឿន ថវិកា ៧ម៉ឺន​អឺរ៉ូ​ដែល​អង្គការ UNESCO​បាន​ផ្តល់​ឲ្យ​សម្រាប់​ការងារ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ មាន​តែ​នៅ​លើ​ក្រដាស។ យូនេស្កូ​បាន​ផ្អាប់​​លុយ​ជំនួយ​នេះ​ ចាប់​តាំង​ពី​មាន​ផ្ទុះ​អាវុធ​រវាង​ទាហាន​ថៃ និង​កម្ពុជា នៅ​តំបន់​ប្រាសាទ​ព្រះវិហារ៕

អគ្គស្នងការ​នគរបាល​ជាតិ និង​សប្បុរសជន​ផ្ដល់​ស្បៀង​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​សង្កាត់​និមិត្ត ខេត្តបន្ទាយមានជ័យ​

ដោយ : សូផុន
ថ្ងៃទី 17 តុលា 2011
CEN

បន្ទាយមានជ័យ: លោក​អគ្គស្នងការ​នគ​របាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន តាមរយៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង ស៊ុម ស្នងការ​នគរបាល​​ខេត្តបន្ទាយមានជ័យ និង​សប្បុរសជន​នានា នៅ​ក្រុង​ប៉ោយប៉ែត តាមរយៈ​លោក​វរសេនីយ៍ត្រី អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត និង​អធិការរង ​បានផ្ដល់​ស្បៀងអាហារ​ដល់​ពលរដ្ឋរ​ង​គ្រោះ​ដោយ​ទឹកជំនន់ នៅ​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​។

​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ១៥៧ គ្រួសារ មកពី​ភូមិ​អូរជ្រៅ​, និមិត្ត​ថ្មី​, និមិត្ត​១, និមិត្ត​២, និមិត្ត​៣, និមិត្ត​៤, កូនដំរី និង​រស្មី​សាមគ្គី សង្កាត់​និមិត្ត បានទទួល​ស្បៀង កាលពី​ល្ងាច​ថ្ងៃទី ១៦ តុលា ២០១១ ក្នុង​ពិធី​ប្រគល់ ៣​កន្លែង ដែល​ជាប់​នឹង​តំបន់ទឹកជំនន់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង ស៊ុម បានលើកឡើង​ពី​ក្ដី​ខ្វល់ខ្វាយ និង​ការរំលែកការលំបាក​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន និង​ថ្នាក់ដឹកនាំ​នគរបាល
​អាជ្ញាធរ និង​សប្បុរសជន ទើប​មាន​អំណោយ​ស្បៀង​ទាំងនេះ ព្រមទាំង​រំលឹក​ពីការបង្ការ​គ្រោះថ្នាក់​ដល់​ជីវិត និង​សុខភាព បណ្តាលមកពី​ទឹកជំនន់​។ ស្បៀង​ក្នុង មួយ​គ្រួសារៗ ​មាន​អង្ករ ១៧​គីឡូក្រាម​, មី ៤​កញ្ចប់​, ទឹកត្រី និង​ទឹកស៊ីអ៊ីវ ៤​ដប​, ម្សៅ​ស៊ុប ១​កញ្ចប់​។

​គួរ​បញ្ជាក់ថា ទឹកជំនន់​ក្នុងភូមិ​សាស្ដ្រ និង​ទឹកធ្លាក់​ពី​ប្រទេស​ថៃ​ចំ​សង្កាត់​និមិត្ត ពុំទាន់​ស្រក​នោះទេ​៕

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង ស៊ុម ស្នងការ​នគរបាល​ ខេត្តបន្ទាយមានជ័យ និង​សប្បុរសជន​នានា ចែកអំណោយដល់ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ១៥៧   គ្រួសារនៅ​ក្រុង​ប៉ោយប៉ែត។

លោក ឧ ត្ត ម សេនីយ៍ ត្រី ខេង ស៊ុម ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និង សប្បុរសជន នានា ចែកអំណោយដល់ពលរដ្ឋ រងគ្រោះ ដោយ ទឹកជំនន់ ចំនួន ១៥៧ គ្រួសារនៅ ក្រុង ប៉ោយប៉ែត។

Photo by CEN

Photo by CEN

Photo by CEN

ជំនួយ​មនុស្សធម៌​សម្រាប់​ជនរងគ្រោះ​ទឹកជំនន់​មកដល់​ជាបន្ត​បន្ទាប់​

ដោយ ប៉ែន បូណា
ថ្ងៃ អាទិត្យ 16 តុលា 2011
RFI

ស្តាប់សេចក្តីរាយការណ៍របស់ ប៉ែន​ បូណា (02:37)

យន្តហោះ​ចិន​ជើង​ទី២​បាន​មក​ដល់​ភ្នំពេញ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ដោយ​នាំ​មក​ជាមួយ​នូវ​ជំនួយ​សម្រាប់​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ កម្ពុជា​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់។ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ ​យន្តហោះ​ចិន​មួយ​គ្រឿង​បាន​ដឹក​ជំនួយ​មួយ​ផ្នែក​មក​ដល់​កម្ពុជា​រួច​ហើយ។ ជំនួយ​ជា​ទ្រព្យសម្ភារៈ​និង​ថ្នាំពេទ្យ​ដែល​មាន​តម្លៃ​សរុប​៨​លាន​ដុល្លារ។ ​ជំនួយ​ចិន​បាន​មក​ដល់​បន្ទាប់​ពី​ជំនួយ​មនុស្សធម៌​របស់​ជប៉ុន ​និង​សហរដ្ឋអាមេរិក។

ជំនួយ​មនុស្សធម៌​របស់ចិនមាន​ដូចជា​ថ្នាំពេទ្យ​ជាង ៥០​ ប្រភេទ​ មុង​ ភួយ​ និង​តង់​សម្រាប់​ជន​រងគ្រោះ​ដោយទឹក​ជំនន់​ (© ស៊ីវ​ ចាន់ណា)

ជំនួយ មនុស្សធម៌ របស់ចិនមាន ដូចជា ថ្នាំពេទ្យ ជាង ៥០ ប្រភេទ មុង ភួយ និង តង់ សម្រាប់ ជន រងគ្រោះ ដោយទឹក ជំនន់ (© ស៊ីវ ចាន់ណា)

ជំនួយ​មនុស្សធម៌​របស់​ចិន​ដែល​បាន​មក​ដល់​ថ្ងៃ​នេះ​ក៏​ដូច​ជា​ថ្ងៃ​ម្សិលមិញ ​មាន​ដូច​ជា​ថ្នាំពេទ្យ​ជាង​ ៥០ ​ប្រភេទ​ មុង​ ភួយ ​និង​តង់​សម្រាប់​សង់​ជម្រក​ស្នាក់​នៅ​របស់​ជនរងគ្រោះ​ដោយ​ទឹក​ជំនន់។ ​ជំនួយ​ដែល​មាន​តម្លៃ​សរុប​៥០​លាន​យ័ន ​ឬ​ស្មើនឹង​៨​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​យន្តហោះ​ពិសេស​ពីរ​គ្រឿង​របស់​ចិន​ពីប៉េកាំង​មក​ដល់​ភ្នំពេញ​ផ្ទាល់​តែ​ម្តង។ ​លោក​ឯកអគ្គរដ្ឋ​ទូត​ចិន ​ផាន ក្វាងស៊ីវ ​បាន​មាន​ប្រសាសន៍​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា ​កម្ពុជា​និង​ចិន​មាន​ទំនាក់​ទំនង​ជា​មិត្តភាព​ដ៏​រឹងមាំ​និង​ស្និទ្ធស្នាល​ជាមួយ​គ្នា ​ដូច្នេះ ​ប្រជាជន​និង​រដ្ឋាភិបាល​ចិន ​នឹង​រួម​គ្នា​ជាមួយ​រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​លំបាក​ដោយ​គ្រោះ​ទឹកជំនន់​ពេល​នេះ​។

ជំនួយ​មនុស្សធម៌​បរទេស​បាន​មក​ដល់​ជា​បន្ត​បន្ទាប់​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ជូន​ដំណឹង​អំពី​តុល្យការ​ដ៏ធ្ងន់ធ្ងរ​ដែល​បណ្តាល​មក​ពី​ទឹក​ជំនន់​នៅ​ឆ្នាំ​នេះ​។ ​រហូត​មក​ទល់​នឹង​ចុង​សប្តាហ៍​នេះ ​មាន​ប្រទេស​យ៉ាង​ហោចណាស់​ក៏​៣​ដែរ​ដែល​បាន​ដឹក​ជំនួយ​របស់​ខ្លួន​មក​ដល់​កម្ពុជា។​ ប្រទេស​ទាំងបី​នោះ​គឺ​ជប៉ុន​បាន​ផ្តល់​អំណោយ​មនុស្សធម៌​ដែល​មាន​តម្លៃ​៣០​ម៉ឺន​ដុល្លារ​ សហរដ្ឋ​អាមេរិក​ប្រកាស​ផ្តល់​ជំនួយ​ ៥​ម៉ឺន​ដុល្លារ​ និង​ចិន​ផ្តល់​អំណោយ​សម្ភារៈ​តម្លៃ​៨​លាន​ដុល្លារ។ ជំនួយ​ទាំងនោះ​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់ចែង​ដើម្បី​ចែក​ជូន​ដល់​ជនរងគ្រោះ​ជា​បន្ត​បន្ទាប់។

តុល្យការ​ចុងក្រោយ​ដែល​ប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៣​តុលា​ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​គឺ​ទឹក​ជំនន់​បាន​បង្ក​ឲ្យ​ពលរដ្ឋខ្មែរ​ស្លាប់​ចំនួន​ ២៤៧​ នាក់​នៅ​ទូទាំង​ប្រទេស។ ​ខេត្ត​ចំនួន​ ១៨ ​រាប់​ទាំង​ភ្នំពេញ​ផង​បាន​រង​ប៉ះពាល់​ដោយ​ទឹក​ជំនន់​ក្នុង​នោះ​ប្រជាពលរដ្ឋ​ចំនួន ​១,៥ ​លាន​នាក់​ក្លាយ​ជាជន​រងគ្រោះ។ ​ដីស្រែ​ជាង ​៥ ​សែន​ហ.ត ​ត្រូវបាន​លិច​លង់​ក្នុង​នោះ​ស្រូវ​របស់​កសិករ​ជាង​២សែន ​ហ.ត​ បាន​ខូចខាត​ទាំងស្រុង។ ​ទឹកជំនន់​បាន​បង្ក​ការ​ខូចខាត​សេដ្ឋកិច្ច​កម្ពុជា​យ៉ាងហោច​ក៏ ​១៦១ ​លាន​ដុល្លារ​ដែរ។ ​ចំនួន​មនុស្ស​ស្លាប់​ និង​តួលេខ​នៃ​ការ​ខូចខាត​ខាង​សេដ្ឋកិច្ច​ទំនងជា​នៅ​តែ​កើន​ឡើង​ជា​លំដាប់។ ​ខេត្ត​ជាច្រើន​នៅតែ​ទទួល​រង​ការ​វាយ​លុក​ដោយ​ទឹកជំនន់​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ឡើយ​ដូចជា​ ស្ទឹងត្រែង​ កំពង់ចាម​ កំពង់ធំ​ និង​សៀមរាប​ ជាដើម។ ​ទឹកជំនន់​ឆ្នាំ​នេះ​ក៏​បាន​រំខាន​ដល់​ពិធី​បុណ្យ​អុំទូក​ផងដែរ។

ប្រទេស​ថៃ​ឯណោះ​ក៏​កំពុង​តែ​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​កម្ពុជា​ទៅ​ទៀត។ ​សេចក្តីរាយការណ៍​នៅ​ថ្ងៃ​នេះ​ឲ្យ​ដឹង​ថា ​ការ​លិចលង់​បាន​ចូល​ដល់​ជាយ​ទីក្រុង​បាងកក​ហើយ។ ​ចំនួន​មនុស្ស​ស្លាប់​នៅ​ប្រទេស​ថៃ​បាន​កើន​ដល់​ជិត​៣០០នាក់។ ​ប្រឈម​នឹង​គ្រោះ​អាសន្ន​នេះ ​ឧទ្ធម្ភាគចក្រ​សង្គ្រោះ​៦​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ទីនោះ​ដើម្បី​បើក​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ​និង​ទប់ទល់​ការ​លិចលង់​ទីក្រុង​បាងកក។​ នៅកម្ពុជា​ ទឹកជំនន់​ក៏នឹង​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​ថយចុះ​ផងដែរ៕

អុំទូក បណ្តែតប្រទីប ប្រគុំ​តន្ត្រី បាញ់​កាំជ្រួច​ទ្រង់ទ្រាយ​តូច ធ្វើ​នៅ​ខេត្តបន្ទាយមានជ័យ​

ដោយ : សូផុន
ថ្ងៃទី 16 តុលា 2011
CEN

បន្ទាយមានជ័យ​: ថ្វីដ្បិតតែ​រាជរដ្ឋាភិបាល​បាន​ផ្អាក​ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​អក​អំបុក​សំពះ​ព្រះ​ខែ​ថ្នាក់ជាតិ នៅ​រាជធានី​ភ្នំពេញ ខណៈ​ប្រទេស​រងគ្រោះ​ដោយ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​និង​ចៀសវាង​ចំណាយ​ថវិកា​សប្បាយ​ជាង​លើ​ការជួយ​សង្គ្រោះ​ទុក្ខ​នោះ ក៏​នៅតាម​ភូមិ​ខ្លះ​គេ​ធ្វើ​ពិធី​នេះ​។​

​ការរៀបចំ​បុណ្យ​ជា​ប្រពៃណី​នេះ ដើម្បី​អបអរ​បុណ្យ​ចេញ​ព្រះវស្សា បុណ្យ​អង្គ​កឋិនទាន និង​រំលឹក​ព្រះ​រាជពិធី​ប្រពៃណី​នោះ នៅ​ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៤​តុលា ២០១១​។​

​ពលរដ្ឋ​ជាង​៣​ពាន់​នាក់ មកពី​ឃុំ​ពន្លៃ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក និង​ឃុំ​ផ្គាំ ស្រុក​ស្វាយចេក និង​ឃុំ​គោក​កឋិន ស្រុក​ថ្មពួក បាន​ចូលរួម​។​

​ពេល​រាត្រី​មាន​បណ្តែតប្រទីប បាញ់​កាំជ្រួច និង​ប្រគុំ​តន្ត្រី​សហគមន៍ ។ លុះ​ព្រឹក​ថ្ងៃ​បន្ទាប់​មាន​ពិធី​ប្រណាំងទូក​អុំ នៅ​អាងទឹក​ពន្លៃ ភូមិ​ពន្លៃ ស្រុក​ភ្នំស្រុក ដែល​ទូក៦​គ្រឿង​ចែកជា​២​ពូ​ល​ចូលរួម​។​

​សមាគមន៍​សិល្បៈ​សាមគ្គី​ភូមិ​ពន្លៃ​, ភ្នាក់ងារ​ភូមិ អាជ្ញាធរ​ឃុំ​ពន្លៃ បាន​ផ្តើម​និង​រៀបចំ​ពិធី​នេះ​។​
​លោក​ម៉ាសា​អែម ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ភ្នំស្រុក លោក​ខៀវ សំ​កុយ មេឃុំ​ពន្លៃ លោក​លុក សុផាន់ អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក បាន​ចូលរួម​ដែរ​។​
​ប្រណាំងទូក​ទ្រង់ទ្រាយ​តូច​នេះ​មាន​លក្ខណៈ​វិលជុំ ដោយ​ជ័យលាភី​លេខ​១ បាន​ទៅ​ទូក​នាគ​រាជ្យ​ជ្រែក​គង្គា លេខ​២ ទូក​ប្រាសាទ​មានជ័យ​។​

តាម​លំដាប់​ជ័យលាភី​ទូក​លេខ​១ បាន​២៥​ម៉ឺន​រៀល លេខ​២​បាន​២០​ម៉ឹ​ន​រៀល លេខ​៣​បាន​១៥​ម៉ឺន​រៀល លេខ​៤​បាន​១០​ម៉ឺន​រៀល លេខ​៥​បាន​៧​ម៉ឺន​រៀល និង​លេខ​៦​បាន​៥​ម៉ឺន​រៀល​៕

Photo by CEN

Photo by CEN

Photo by CEN

Photo by CEN

ប៉ូលិស​បង្ហាញមុខ ជនសង្ស័យ ៣​នាក់ ដែល​ចាប់ជំរិត​និស្សិត មិនបាន​សម្រេច

ដោយ : សុពិសិដ្ឋ
ថ្ងៃទី 16 តុលា 2011
CEN

ភ្នំពេញ: ​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១១ លោក ជួន ណារិន ប្រធាន​ការិយាល័យ​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​បង្ហាញមុខ​ជនសង្ស័យ ៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត ទារប្រាក់ ៥០ ម៉ឺន​ដុល្លារ តែ​មិនបាន​សម្រេច កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១១ នៅ​ចំណុច​មុខ​សកល​វិទ្យាល័យ បញ្ញា​សាស្ត្រ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​

​លោក ជួន ណារិន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អួន អេង​ប៊ុង អាយុ​១៨​ឆ្នាំ ជា​និស្សិត​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ឆ្នាំ​ទី​២ ស្នាក់នៅ ផ្ទះ​លេខ ៧CE0 ផ្លូវ​លេខ​១១១ ក្រុមទី​២៦ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា​។ ជនរងគ្រោះ រងរបួស ត្រង់​ឆ្អឹងជំនី​ខាងឆ្វេង ២​កន្លែង ត្រង់​ខ្នង ៤​កន្លែង កែងដៃ​សងខាង គុម្ពត្រចៀក និង​ក្បាលជង្គង់​។​

​ចំណែក​ជនសង្ស័យ​ទាំង ៣​នាក់ មានឈ្មោះ ជួន ប៊ុន​ហ៊ីម ហៅ ម៉ាប់ ហៅ ទី ហៅ ប៊ុន អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៩០ ផ្លូវ​លេខ​១១១ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ជា​មេខ្លោង រួម​ជាមួយ​បក្ខពួក ២​នាក់​ទៀត ឈ្មោះ អ៊ឹង ស្រេង ហៅ អា​ជ្រូក ហៅ ហេង អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៨A ផ្លូវ​២០០៤ សង្កាត់​កា​កាប ខណ្ឌដង្កោ និង​ឈ្មោះ ឈួ​រ ឆេង​ប៉ ហៅ ណាន ឬ​លោកសង្ឃ អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​អូរឫស្សី​ទី​៤ ខណ្ឌ​៧​មករា​។​

​លោក ជួន ណារិន បន្តថា មុនពេល​ធ្វើ​សក្មភាព ជនសង្ស័យ​ទាំង​៣​នាក់ បាន​រៀបចំ​គំរោង​ទុកជាមុន និង​បាន​បែងចែក​ភារៈកិច្ច​គ្នា​។ កាលពី​ខែ​កញ្ញា មិន​ចាំ​ថ្ងៃ ជនសង្ស័យ​ទាំង ៣​នាក់ បាន​មក​ដេក​ផ្ទះសំណាក់ សៀវ ម៉ី ដោយ​កាលនោះ ឈ្មោះ ជួន ប៊ុន​ហ៊ីម ជា​អ្នកផ្តើមគំនិត ក្នុងការ​ចាប់ជំរិត យុវ​និស្សិត​រងគ្រោះ​។​

​លុះដល់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១១ ពួកគេ​បាន​មក​ដេក​ផ្ទះសំណាក់ សំបូរ បន្ទប់​លេខ​៤០៥ ក្នុង​សង្កាត់​អូឡាំពិក ពេលនោះ​ឈ្មោះ អ៊ឹង ស្រេង បានបង្ហាញ​លុយ ចំនួន ៥០០ ដុល្លារ ដែល​ខ្លួន​មាន ហើយ​ចែក​ឲ្យ​បក្ខពួក​គេ​ម្នាក់ ១០០ ដុល្លារ ដោយ​បាន​និយាយ​គ្នា​ថា បើ​បែកការណ៍ គឺ​ត្រូវ​គេចខ្លួន និង​ខណៈ​នោះ​ពួកគេ ក៏​បាន​បែងចែក​ភារៈកិច្ច​គ្នា​។ ដោយ​ឈ្មោះ ជួន ប៊ុន​ហ៊ីម ជា​អ្នក​បើក​ឡាន​ជនរងគ្រោះ ឈ្មោះ អ៊ឹង ស្រេង ជា​អ្នក​ចាំ​មើល​ផ្លូវ និង​ពិនិត្យ​ផ្ទះ ជនរងគ្រោះ ពេល​ចេញចូល និង​ឈ្មោះ ឈួ​រ ឆេង​ប៉ ជា​អ្នក​ក្រៀក​ជនរងគ្រោះ ដោយ​មាន​សម្ភារៈ ស្កុត​ពណ៌​ស ១​ដុំ ខ្សែ​អង្រឹង ១​ដុំ កូនកាំបិត​ចិត្ត​បន្លែ ១ និង​ម៉ូតូ​វីវ៉ា មួយគ្រឿង​។​

​ដល់​ថ្ងៃ​កំណត់​ទី​១៣ ខែតុលា ឆ្នាំ​២០១១ ពួកគេ​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ ទៅ​ចាំ​ជនរងគ្រោះ នៅ​ខាងកើត​សកល​វិទ្យាល័យ បញ្ញា​សាស្ត្រ ពេលនោះ​ជនរងគ្រោះ បាន​ដើរ​សំដៅ​ឡាន ស្រាប់តែ​ជនសង្ស័យ ២​នាក់ ( ម៉ាប់ និង ឆេង ប៉ ) ចូល​ទៅ​និយាយ​គ្នា​ជាមួយ​ជនរងគ្រោះ ខណៈ​ដែល​ម្នាក់​ទៀត ( អ៊ឹង ស្រេង ) អង្គុយចាំ​លើ​ម៉ូតូ​។ ជនសង្ស័យ​ទាំង ២​នាក់ បាន​សុំ​ជនរងគ្រោះ ដោយសារ​ជាមួយ និង​បាន​ប្រើល្បិច​ប្រាប់​ជន​រងគ្រោះ​ថា ឲ្យ​ជូន​ពួកខ្លួន ណាហ្គា​វើល ។ ជនរងគ្រោះ​ក៏​បើក​ជូន ទៅ​ដោយ​ឈ្មោះ ឈួ​រ ឆេង​ប៉ អង្គុយ​ក្រោយ ឈ្មោះ ជួន ប៊ុន​ហ៊ីម អង្គុយ​មុខ​ក្បែរ​ជនរងគ្រោះ​។ ប៉ុន្តែ ពេល​មកដល់​ខាងក្រោយ​ណាហ្គា​វើល ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ឆេង​ប៉ ស្ទុះ​មក​ក្រៀក​ជនរងគ្រោះ និង​យក​កូនកាំបិត មក​ភ្ជង់​ក រួច​ទាញ​ជនរងគ្រោះ ទៅ​បាំង​ខាងក្រោយ​រថយន្ត ហើយ​បាន​បើក​ឆ្ពោះទៅ​តាម​ផ្លូវជាតិ​លេខ​៣ ខេត្ត​កណ្តាល​។​

​ពេល​ដល់​ព្រែក​ហូរ ឈ្មោះ អ៊ឹង ស្រេង បាន​ទូរស័ព្ទ​សួរ អ្នក​នៅ​ក្នុង​ឡាន​ឆ្លើយថា ដល់​ព្រែក​ហូរ​ហើយ និង​បានឲ្យ អ៊ឹង ស្រេង ទិញ​បាយ​ឲ្យ​ពួក​ខ្លួន​ផង​។ បាន​ប្រហែល ១៥​នាទី ឈ្មោះ អ៊ឹង ស្រេង មកដល់ ហុច​បាយ​ឲ្យ ៣​កញ្ចប់ ហើយ​ក៏​ត្រឡប់​មក​ភ្នំពេញ​វិញ ដើម្បី​មើល​ទិដ្ឋភាព ផ្ទះ​ជនរងគ្រោះ​។​

​ជួន ប៊ុន​ហ៊ីម និង ឆេង​ប៉ បាន​បន្តដំណើរ​ទៅ​កាន់​ខេត្ត​កំពត លុះ​ដល់​កំពង់កន្ទួត ឈ្មោះ ជួន ប៊ុន​ហ៊ីម ក៏​យក​ទូរស័ព្ទ​ជនរងគ្រោះ ទូរស័ព្ទ​មក​គម្រាម​ឪពុក​ជនរងគ្រោះ ទារប្រាក់ ៥០ ម៉ឺន​ដុល្លារ បើ​មិនឲ្យ​គេ​នឹង​សម្លាប់កូន​ចោល​។ ពួកគេ​ក៏​បើកឡាន​ដល់​ខេត្ត​កំពត ហើយ​ក៏​បើក​ត្រឡប់​មក​ភ្នំពេញ​វិញ ពេល​នោះ​ឪពុក​ជនរងគ្រោះ ក៏​ទូរស័ព្ទ​សុំ​អង្វរ ជនសង្ស័យ​ត្រឹម ៥​ពាន់​ដុល្លារ តែ​ជនសង្ស័យ​មិន​ព្រម ក៏​បាន​តថ្លៃ​គ្នា​ពី ៦​ពាន់​ដុល្លារ ដល់ ២​ម៉ឺន​ដុល្លារ​។ ឯ​ខាង​ជនសង្ស័យ បាន​ទារ​ពី ៥០ ម៉ឺន ដុល្លារ ធ្លាក់​រហូតដល់ ១០​ម៉ឺន​ដុល្លារ​។

​កំពុងតែ​តថ្លៃ​គ្នា រថយន្ត​បើក​មក​ដល់​អង្គតាសោម ក៏​ត្រូវ​សមត្ថកិច្ច​ដាក់​បារាស់ ស្ទាក់ចាប់ តែ​ជនសង្ស័យ​បាន​បើក​បុក​បារាស់ ជិះ​ដល់​ផ្លូវជាតិ​លេខ​២ ក៏​ជួប​នឹង​បារាស់​សមត្ថកិច្ច​ទៀត ពួកគេ​ក៏​បាន​បុក​បារាស់​ទី​២ ហើយ​ជិះ​បាន​ប្រហែល ១០០​ម៉ែត្រ ឈ្មោះ ឈួ​រ ឆេរ​ប៉ ក៏​បាន​ចាក់ទៅលើ​ជនរងគ្រោះ ជាច្រើន​កាំបិត ហើយ​ច្រាន​ទម្លាក់ចោល​។ ពួកគេ​បាន​បើករថយន្ត​ទៅ​ចត​ចោល ហើយ​នាំគ្នា​ចុះ​រត់ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់បាន​តែ​ម្តង​។ ឈ្មោះ អ៊ឹង ស្រេង ត្រូវ​សមត្ថកិច្ច​ចាប់បាន នៅវេលា​ម៉ោង ៧​យប់ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១១ នៅ​ម្តុំ​ចំណត​រថយន្ត​កាពី​តូ​ល នៅ​ភ្នំពេញ​៕

រដ្ឋាភិបាល​លក់​អង្ករ​ដើម្បី​ទប់ទល់​ការ​ឡើង​ថ្លៃ

2011-10-16
​វិទ្យុ​អាស៊ីសេរី

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​លក់​អង្ករ​របស់​រដ្ឋ​ដើម្បី​ទប់ទល់​នឹង​ការ​ឡើង​ថ្លៃ​អង្ករ​នៅ​តាម​ទីផ្សារ។

មន្ត្រី​ធនាគារ​អភិវឌ្ឍន៍​ជន​បទ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ធនាគារ និង​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ សហការ​គ្នា​លក់​អង្ករ​ក្នុង​តម្លៃ​ទាប​ទៅ​តាម​ទីផ្សារ​នៅ​រាជ​ធានី​ភ្នំពេញ ដើម្បី​បញ្ចុះ​តម្លៃ​អង្ករ​បច្ចុប្បន្ន ដែល​ឡើង​ថ្លៃ បណ្ដាល​មក​ពី​គ្រោះ​ទឹក​ជំនន់។

មន្រ្តី​ធនាគារ​អភិវឌ្ឍន៍​ជន​បទ​បាន​ឲ្យ​ដឹង​ថា តម្លៃ​អង្ករ​បាន​ឡើង​ថ្លៃ​ពី ៥២០​ដុល្លារ ទៅ​៦៣០​ដុល្លារ ក្នុង​មួយ​តោន។ រដ្ឋាភិបាល​នឹង​ចាប់​ផ្តើម​លក់​អង្ករ​ក្នុង​តម្លៃ ៦០០​ដុល្លារ​ក្នុង​មួយ​តោន នៅ​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​តុលា​នេះ។ សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ បាន​ស្តី​បន្ទោស​ក្រុម​ឈ្មួញ​មួយ​ចំនួន ដែល​បាន​បង្កើន​តម្លៃ​អង្ករ​នៅ​តាម​ទីផ្សារ​នៅ​ពេល​កម្ពុជា​កំពុង​ជួប​ប្រទះ​គ្រោះ​ទឹក​ជំនន់។

ទឹក​ជំនន់​នៅ​កម្ពុជា​បាន​សម្លាប់​មនុស្ស​ចំនួន ២៤៧​នាក់ និង​បណ្ដាល​ឲ្យ​វាល​ស្រូវ​ប្រមាណ​ជិត ២​សែន​ហិកតារ​ខូច​ខាត៕

លោក សុន គន្ធរ៖ «យុទ្ធនាការ​លក់​អង្ករ គឺ​ដើម្បី​ទប់​ស្កាត់​ការ​ដំឡើង​ថ្លៃ​អង្ករ និង​បង្ហាញ​ពី​ការ​មិន​ខ្វះ​អង្ករ​របស់​កម្ពុជា»

ដោយ គួច គន្ធារ៉ា
ថ្ងៃ អាទិត្យ 16 តុលា 2011
RFI

ស្តាប់បទសម្ភាសន៍របស់ គួច គន្ធារ៉ា ជាមួយលោក សុន គន្ធរ (04:09)

នៅ​ថ្ងៃ​អាទិត្យ ទី១៦ តុលា​នេះ សាលាក្រុង​ភ្នំពេញ និង​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​បញ្ចេញ​អង្ករ​លក់​នៅ​ទីតាំង ៦​កន្លែង​ខុសគ្នា ក្នុង​ទីក្រុង​ភ្នំពេញ។ លោក សុន គន្ធរ ប្រធាន​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​បញ្ជាក់​ថា យុទ្ធនាការ​បញ្ចេញ​អង្ករ​លក់​ជា​សាធារណៈ​ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​ពេល​នេះ គឺ​ដើម្បី​ប្រឈម​ទប់​នឹង​ឈ្មួញ​ដែល​ឆ្លៀត​ដំឡើង​ថ្លៃ​អង្ករ និង​ក៏​ដើម្បី​បង្ហាញ​ប្រជាជន​ឲ្យ​ឃើញ​ថា កម្ពុជា​មិន​ខ្វះ​អង្ករ​ទេ៕

លោក សុន គន្ធរ (រូបកណ្តាល)​ ប្រធាន​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ

លោក សុន គន្ធរ (រូបកណ្តាល) ប្រធាន អគ្គនាយក ធនាគារ អភិវឌ្ឍន៍ជនបទ

ប្រជាជន​នាំគ្នា​ទៅទិញ​អង្ករ​នៅព្រឹក​ថ្ងៃអាទិត្យ​នេះ​

ដោយ គី សុខលីម
ថ្ងៃ អាទិត្យ 16 តុលា 2011
RFI

ស្តាប់សេចក្តីរាយការណ៍របស់ គី សុខលីម (02:37)

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ស្តង់​លក់​អង្ករ​ចំនួន​៦​កន្លែង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​បើក​ដំណើរ​ដូច​ការ​គ្រោងទុក។ ​ប្រជាជន​តាំង​ពី​ព្រឹក​ព្រលឹម​នាំគ្នា​ទៅ​ទិញ​អង្ករ​នៅតាម​ទីតាំង​ដែល​បាន​កំណត់។ ​អង្ករដែល​បញ្ចេញ​លក់​ដោយ​សាលាក្រុង​ភ្នំពេញ​នៅ​ពេល​នេះ​មាន​តម្លៃ​ថោក​ជាង​អង្ករ​លក់​នៅ​លើ​ទីផ្សារ។ ​យុទ្ធនាការ​នេះ​គឺ​ដើម្បី​ទប់ស្កាត់​ការ​ក្រឡុក​ហាងឆេង​អង្ករ​ពី​សំណាក់​ឈ្មួញ​ទុច្ចរិត។

យុទ្ធនាការ​ទប់ស្កាត់​ការក្រឡុក​ហាងឆេង​អង្ករ​ពីសំណាក់​ឈ្មួញទុច្ចរិត​ (© ស៊ីវ​ ចាន់ណា)

យុទ្ធនាការ ទប់ស្កាត់ ការក្រឡុក ហាងឆេង អង្ករ ពីសំណាក់ ឈ្មួញទុច្ចរិត (© ស៊ីវ ចាន់ណា)

អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​លក់​អង្ករ​រដ្ឋ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ

ដោយ : សុពិសិដ្ឋ
ថ្ងៃទី 16 តុលា 2011
CEN

ភ្នំពេញ:អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​រួមមាន​សាលា​រាជធានី​ភ្នំពេញ ធនាគារ​អភិវឌ្ឍ​ជនបទ និង​មន្ទីរ​ពាណិជ្ជកម្ម បាន​រៀបចំ​ទីតាំង​លក់​អង្ករ ជូន​ប្រជាពលរដ្ឋ​ចំនួន ៦ ទីតាំង នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៦​តុលា ឆ្នាំ​២០១១ ដើម្បី​ទប់ស្កាត់ ការ​តម្លើងថ្លៃ​អង្ករ ពី​ក្រុម​ឈ្មួញ​ឆ្លៀតឱកាស ។​

​ទីតាំង​ទាំង​៦ ដែល​លក់​អង្ករ​រដ្ឋ​នោះ មាន​៖ ១- ទីតាំង​មុខ​វត្ត​បទុម​វ​តី ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ បាន​ប្តូរ​ទៅ​សួនច្បារ មុខ​អតីត​រដ្ឋ​សភា ។ ២- ទីតាំង​ផ្សារ​រាត្រី ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។ ៣- ទីតាំង​មុខ​ស្ថានីយ៍​រថភ្លើង ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។ ៤- ទីតាំង​ផ្សារ​ច្បារអំពៅ ក្នុង​សង្កាត់​ផ្សារ​អំពៅ​២ ខណ្ឌមានជ័យ ។ ៥- សាលា​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ទី​៦- ទីតាំង​ផ្សារ​ជម្ពូ​វ័ន ក្នុង​សង្កាត់​ចោមចៅ ខណ្ឌដង្កោ ។​

​តំលៃ​អង្ករ​ដែល​សាលាក្រុង បានកំណត់​លក់​នា​ព្រឹក​នេះ រួមមាន​៖
១-​អង្ករ នាង​ម៉ិញ ៥០ Kg តម្លៃ ១១៦.៥០០ រៀល​
២-​អង្ករ នាង​ខុន ៥០Kg តម្លៃ ១២៣.០០០ រៀល​
៣-​អង្ករ ផ្កា​ខ្ញី ៥០Kg តម្លៃ ១៣៥.០០០ រៀល​
៤- ផ្កា​ម្លិះ ៣ កំណាត់ ៥០Kg តម្លៃ ១២២.៥០០ រៀល​
៥- ផ្កា​ម្លិះ ២ កំណាត់ ៥០Kg តម្លៃ ១៣០.០០០ រៀល​
៦- ម្លិះ ២៥% បាក់បែក ៥០Kg តម្លៃ ១៦៧៥០០ រៀល​
៧- ម្លិះ ៥% បាក់បែក ៥០Kg តម្លៃ ៥០​ដុល្លារ

​សូមបញ្ជាក់​ថា ក្នុង​ម្នាក់​អាច​ទិញ​បានត្រឹមតែ ៥០Kg ។​

​សាលា​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាបថា ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ថ្ងៃនេះ អង្ករ​ឡើងថ្លៃ​ខុស​ពី​ប្រក្រតី ដោយ​មាន​ជន​ឱកាស​និមួយ​មួយចំនួ​ន បាន​ឆ្លៀត​តម្លើងថ្លៃ​អង្ករ ក្នុងពេល​ដែល​កម្ពុជា​ជួបប្រទះ គ្រោះទឹកជំនន់​។​

​ដូច្នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មាន​ការខ្វះខាត​អង្ករ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ទៅ​ទិញ​អង្ករ​នៅតាម​ទីតាំង ដែល​បាន​ជម្រាបជូន​ខាងលើ ។​

​ប្រជាពលរដ្ឋ ដែល​បាន​ទៅ​ឈរ​ចាំ​ទិញ​អង្ករ​បានឲ្យដឹងថា ចំពោះ​អង្ករ នាង​ខុន គាត់​ទិញ​ក្នុង ៥០Kg តម្លៃ ១៣ ម៉ឺន​រៀល តែ​នៅពេលដែល​មាន​ទឹកជំនន់ គឺ​ឡើងដល់ ១៥​ម៉ឺន​។ ឯ​អង្ករ ផ្កា​ខ្ញី ៥០Kg តម្លៃ ១២៥.០០០ រៀល តែ​ឥឡូវ​នៅតាម​ទីផ្សារ​ឡើង ១៤៥.០០០​រៀល​។ គាត់​បន្ត​ថា ពួកគាត់​សប្បាយចិត្ត​ណាស់ ដែល​សាលា​រាជធានី​ភ្នំពេញ បានរៀបចំ​ស្តង់​ដាក់លក់​អង្ករ ដែល​មាន​តម្លៃថោក​ជាង​នៅលើ​ទីផ្សារ​នាពេលនេះ ៕​

Photo by CEN

Photo by CEN

Photo by CEN

Photo by CEN