តុលាការ​ភ្នំពេញ កោះហៅ​សហ​មេធាវី​បរទេស នួន ជា ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣​វិច្ឆិកា

ដោយ : សុខ ភក្តី
ថ្ងៃទី 27 តុលា 2011
CEN

ភ្នំពេញ: អយ្យការ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចាត់កា​រលើ​ពាក្យបណ្តឹង​របស់​ស​ហមេ​ធា​វី​បរទេស​ការពា​រលោក នួន​ជា ដែល​បាន​ប្តឹង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រដ្ឋាភិបាល​ចំនួន ១០ រូប ពី​ការជ្រៀតជ្រែក​លើ​ដំណើរការ​តុលាការ​ខ្មែរក្រហម​។ ព្រះរាជអាជ្ញា បាន​កោះហៅ​លោក Michiel Pestman សហ​មេធាវី​បរទេស​របស់​លោក នួន​ជា ចូល​បំភ្លឺ​តុលាការ នៅ​ថ្ងៃ​ទី​៣​វិច្ឆិកា ឆ្នាំ​២០១១​។ ចំណែក​លោក Andrew Ianuzzi អ្នក​ប្រឹក្សា​ច្បាប់​ផ្នែក​មេធាវី​ការពារ​ក្តី ដែល​បាន​ដាក់​ពាក្យបណ្តឹង​រួម​គ្នា​នោះ ត្រូវ​ចូល​តុលាការ នៅ​ថ្ងៃ​ទី​៤​វិច្ឆិកា ឆ្នាំ​២០១១​។​

​ដីកា​កោះ ចុះ​ថ្ងៃ​ទី​២៦​តុលា ឆ្នាំ​២០១១ ចេញ​ដោយ​លោក សុខ រឿន ព្រះរាជអាជ្ញារង របស់​តុលាការ​សាលាដំបូង បាន​បង្គាប់​ឲ្យ​លោក មៃ​ឃើ​ល ផេស​មែន ( Michiel Pestman ) ចូល​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១១ នៅវេលា​ម៉ោង ៨ ព្រឹក ដើម្បី​ចូល​មក​បំភ្លឺ​លើ​ដំណើររឿង លើ​បណ្តឹង​របស់​ខ្លួន ចុះ​ថ្ងៃ​ទី​២៤​តុលា ឆ្នាំ​២០១១​។​

​ចំណែក​ដីកា​មួយទៀត លោក សុខ រឿន បាន​តម្រូវ​ឲ្យ​លោក អេ​ឌ្រូ អ៊ា​នូ​ហ្ស៊ី ( Andrew Ianuzzi ) ចូល​ទៅ​កាន់ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១១ វេលា​ម៉ោង ៨ ព្រឹក ដើម្បី​ចូល​មក​បំភ្លឺ ពី​ដំណើរ​រឿង លើ​បណ្តឹង​របស់​ខ្លួន ចុះ​ថ្ងៃ​ទី​២៤​តុលា ឆ្នាំ​២០១១​។​

​ជាមួយនឹង​ដីកា​កោះហៅ​ដើមបណ្តឹង ដែល​ជា​សហ​មេធាវី​បរទេស​ការពារ លោក នួន​ជា ខាងលើនេះ នៅ​ថ្ងៃ​ទី​២៦​តុលា ឆ្នាំ​២០១១ លោក សុខ រឿន តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ដើមបណ្តឹង​ទាំងពីរ ដាក់​ភស្តុតាង ដែល​ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង ចុះ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១១ នៅ​ក្នុង​សំណុំរឿង ចុះ​ថ្ងៃ​ទី​២៤​តុលា ឆ្នាំ​២០១១​។​

​សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៤​តុលា ឆ្នាំ​២០១១ សហ​មេធាវី​បរទេស​របស់​លោក នួន​ជា គឺ​លោក​មេធាវី Michiel Pestman និង​លោក Andrew Ianuzzi អ្នក​ប្រឹក្សា​ច្បាប់​ផ្នែក​មេធាវី​ការពារ​ក្តី បាន​ដាក់​ពាក្យបណ្តឹង​រួមគ្នា ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ពាក្យបណ្តឹង​របស់​អ្នក​ទាំង​ពីរ បាន​ប្តឹង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ចំនួន ១០ រូប បូក​រួម​ទាំង​សម្តេច​ទាំងបី របស់​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​ជ្រៀតជ្រែក លើ​ដំណើរការ​តុលាការ​ខ្មែរក្រហម​។

​ពាក្យបណ្តឹង​នោះ ជា​ពាក្យបណ្តឹង​លើក​ទី​២ របស់​សហ​មេធាវី​បរទេស​ការពារ​ក្តី​លោក នួន ជា បន្ទាប់​ពី​ពាក្យបណ្តឹង​លើក​ទី​១ កាលពី​ឆ្នាំ​០០៩ ដែល​បាន​ប្តឹង​ចោទប្រកាន់​តុលាការ​ខ្មែរក្រហម ពី​បទ​ពុករលួយ​។ ប៉ុន្តែ​ពាក្យបណ្តឹង​កាលណោះ មិន​ត្រូវបាន​តុលាការ​ភ្នំពេញ លើកយក​ចាត់ការ​ឡើយ​។

​មកដល់​រសៀល​ថ្ងៃ​ទី​២៧​តុលា ឆ្នាំ​២០១១ លោក លោក Andrew Ianuzzi អ្នក​ប្រឹក្សា​ច្បាប់​ផ្នែក​មេធាវី​ការពារ​ក្តី បាន​អះអាង​ថា លោក និង​លោក​មេធាវី​បរទេស​របស់​លោក នួន​ជា បាន​ទទួល​ដីកា​របស់​តុលាការក្រុង​ភ្នំពេញ​ហើយ​។​

​ចំណែក​លោក នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​តុលាការ​ខ្មែរក្រហម បាន​អត្ថាធិប្បាយ​ថា នោះ​ជា​សិទ្ធ​របស់​សហ​មេធាវី​ការពារ​លោក​នួន​ជា ដោយ​មិន​ប៉ះពាល់​ដល់​ដំណើរ​សាលាក្តី​ខ្មែរក្រហម​ទេ​។ លើ​សំណុំរឿង​០០២ នឹង​ត្រូវ​បើក​សវនាការ នៅ​ថ្ងៃ​ទី​២១​វិច្ឆិកា ឆ្នាំ​២០១១៕​

No comments yet... Be the first to leave a reply!

បញ្ចេញមតិ