បណ្ណសារ | ខែកញ្ញា 5, 2011

កង​បោសសម្អាត​មីន​កម្ពុជា ៥២ នាក់ ​វិល​មក​ពី​ស៊ូដង់ ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​

ដោយ : រតនា
ថ្ងៃទី 5 កញ្ញា 2011
CEN

ភ្នំពេញ: បន្ទាប់​ពី​ការជូនដំណឹង​ច្របូកច្របល់​ជាច្រើន ទីបំផុតកងកម្លាំង​មួក​ខៀវ​ផ្នែក​ដោះមីន​កម្ពុជា ​​នឹង​វិលត្រឡប់ ​មក​ដល់​ប្រទេស​វិញ​នៅ​ព្រឹកថ្ងៃច័ន្ទ ទី៥កញ្ញា​នេះ​។ ពិធី​ទទួល​បដិសណ្ឋារកិច្ច ​ត្រូវបាន​គេ​រៀបចំ​​ធ្វើ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ​ក្រោមអធិបតីភាព​របស់​លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។​

​លោក ​សែម សុ​វណ្ណី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កង​រក្សាសន្តិភាព បានឲ្យ​ដឹងថា ​កងកម្លាំង​ដោះមីន​កម្ពុជា​ត្រូវបាន​បញ្ជូន​ត្រឡប់​មក​វិញ​ បន្ទាប់ពី​បាន​បំពេញ​បេសកកម្ម​ដោយ​​ជោគជ័យ​នៅក្នុង​ប្រទេស​ស៊ូដង់​ រយៈពេល ១ ឆ្នាំ។ ការវិលត្រឡប់​វិញ​របស់​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ​បាន​​ធ្វើឡើង​បន្ទាប់​ពី​អង្គការសហប្រជាជាតិ​បានសម្រេច​បញ្ចប់​បេសកកម្ម​នេះ​ជា​ផ្លូវការ​នៅក្នុង​​ប្រទេស​ស៊ូដង់ ​ក្រោយ​ពី​ប្រទេស​ស៊ូដង់​ខាងត្បូង ​បាន​ប្រកាស​ឯករាជ្យ ​កាល​ពី​ថ្ងៃ​ទី​៩​កក្កដា ​ឆ្នាំ​២០១១ ​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​លោក​សែម សុ​វណ្ណី បន្តថា ប្រទេស​កម្ពុជា​បាន​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​អង្គការ​​សហប្រជាជាតិ​ ដោយ​បញ្ជូន​កងកម្លាំង​របស់​ខ្លួន ​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ស៊ូដង់​។​ ​រយៈពេល​ ៥​ឆ្នាំ​កន្លងទៅនេះ កងកម្លាំង​កម្ពុជា​សម្រេច​បាន​លទ្ធផល​ដោយ​ជោគជ័យ​ដោយ​​សម្អាត​ត​មីន​លើ​ផ្ទៃដី​សរុប​ជាង ៨២​លាន​ម៉ែត្រក្រឡា ដោះ​គ្រាប់មីន​ប្រឆាំង​មនុស្ស​បាន ៤ ៤០០ ​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ចំនួន ២៦០ គ្រាប់ យុទ្ធ​ភណ្ឌ័​មិនទាន់​ផ្ទុះ​បាន ២៩៦ ០០០ គ្រាប់ អំបែង​​ចំនួន ១២៧ ០០០ បំណែក​។ ក្រៅពី​នោះ​ កងកម្លាំង​កម្ពុជា​ផលិត​ទឹក​ប្រើប្រាស់​បាន​ចំនួន​ជិត ​៤៥ លាន​ម៉ែត្រត្រីគុណ ព្រមទាំង​ចែកចាយ​ទឹកបរិសុទ្ធ​ជូន​កងកម្លាំង​រក្សា​សន្តិភាព ជូន​មន្ទីរពេទ្យ​​ និង​ប្រជាជន​ស៊ូដង់​ជិត ២ លាន​លីត្រ​។

​បេសកកម្ម​មួយ​ចំនួន​ទៀត ​ក៏​ត្រូវ​បាន​កងកម្លាំង​កម្ពុជា​បំពេញ​ដែរ ដូច​ជា​ការ​ដោះ​មីន​តាម​ដងផ្លូវ ​ការកសាង​ផ្លូវ ស្ពាន សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ ផ្តល់​ថ្នាំពេទ្យ ដឹកជញ្ជូន​មនុស្ស​ទៅ​មន្ទីរពេទ្យ​​ចូលរួម​កិច្ចប្រជុំ​សម្របសម្រួល​ការឈប់​បាញ់ និង​ចូលរួម​បេសកកម្ម​ជម្លៀស​គ្រឿងចក្រ​របស់​​អង្គការសហប្រជាជាតិ​ ចេញពី​កន្លែង​ប្រយុទ្ធ​គ្នា​ជាដើម​។​

​ក្រៅពី​ប្រទេស​ស៊ូដង់ កម្ពុជា​ក៏​បាន​ចាត់ចែង​បញ្ជូន​កងកម្លាំង​រក្សា​សណ្តាប់ធ្នាប់​របស់​ខ្លួន​ ទៅ​​ពិនិត្យមើល​ច្រកចេញចូល​នៅ​ប្រទេស​ឆាត និង​សាធារណៈរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង​ចំនួន ៤២ នាក់​ កាលពី​ឆ្នាំ​២០០៩ និង​បញ្ចប់​នៅ​ឆ្នាំ​២០១០​។ បញ្ជូន​កងវិស្វកម្ម​អម​ដោយ​កម្លាំង​ដោះមីន​ចំនួន ​២១៨​ នាក់​ ទៅ​កាន់​ប្រទេស​លី​បង់​ផងដែរ​៕

គ្រូ​វិទ្យាល័យ​អង្គរ​បំភ្លឺ​រឿង​ប្រមូល​លុយ​ពី​សិស្ស​យក​ទៅ​រត់​ការដក​សញ្ញាប័ត្រ​ឌី​ប្លូម

ដោយ : បាយ័ន
ថ្ងៃទី 5 កញ្ញា 2011
CEN

ក្រុង-ខេត្តសៀមរាប:លោកគ្រូ​ទទួលបន្ទុក​វិន័យ នៃ​វិទ្យាល័យ​អង្គរ ក្រុង​-​ខេត្តសៀមរាប ឈ្មោះ ផាន់ សំអាង បាន​អះអាង​ថា គាត់​បាន​ប្រមូល​លុយ​ពី​សិស្ស​បាន​ចំនួន​ជាង​៣០០ នាក់ ដើម្បី​យក​លុយ​នោះ ទៅ​រត់​ការដក​សញ្ញាប័ត្រ​បឋមភូមិ (​ឌី​ប្លូម​) នៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្តសៀមរាប និង​បាន​សន្យាថា នឹង​រត់​ការដក​សញ្ញា​ប័ត្រ​ជូន​សិស្ស​ឱ្យបាន​គ្រប់ៗ​គ្នា នៅ​ពេល​ចូល​កង នាពេលខាងមុខ​។

​លោកគ្រូ ផាន់ សំអាង បាន​និយាយថា លោក​ពិតជា​បាន​ប្រមូល​លុយ​ពី​សិស្ស​ថ្នាក់​ទី​១០ នៅ​វិទ្យាល័យ​អង្គរ​បាន​ជាង​៣០០ នាក់ ដែល​មាន​ទឹកប្រាក់​ជាង ៣ លាន​រៀល ដោយ​សិស្ស​ម្នាក់ៗ​ស្ម័គ្រចិត្ត​ឱ្យ​លុយ​ចំនួន ១​ម៉ឺន​រៀល ដែល​លុយ​១ ម៉ឺន​រៀល​នេះ សម្រាប់​យក​ទៅ រត់ការ ដក​សញ្ញាប័ត្រ ឌី​ប្លូម នៅ​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្តសៀមរាប​។

​លោកគ្រូ​រូបនោះ បាន​បន្តថា ការយឺតយ៉ាវ​ក្នុង​ការ​រត់​ការដក​សញ្ញាប័ត្រ​ឌី​ប្លូម គឺ​បណ្តាលមកពី​មូលហេតុ ទីមួយ​កុំព្យូទ័រ​របស់​លោកគ្រូ បាន​ខូច ដែល​ធ្វើឱ្យ​បាត់​ឈ្មោះ​សិស្ស ដែល​លោក​រត់​ការដក​សញ្ញាប័ត្រ​នោះ​។ ជាពិសេស​ទៅទៀត លោកគ្រូ​ត្រូវ​រក​កុំព្យូទ័រ​ថ្មី ហើយ​រៀបចំ​សរសេរ​ឈ្មោះ​ថ្មី ភេទ អាយុ មណ្ឌល​ប្រឡង បន្ទប់​ប្រឡង លេខ​តុ ..​៘

​លោក​គ្រូ​បាន​បន្តថា ក្នុងចំណោម​សិស្ស​ជាង​៣០០ នាក់ គឺ​មាន​សិស្ស​មួយចំនួន លោកគ្រូ​មិនបាន​យក​លុយ​អ្វី​ទាំងអស់ គឺ​ក្នុង​នោះ​សិស្ស​ពូកែ សិស្ស​ក្រីក្រ សិស្ស​កំព្រា គឺ​មិន​យក​លុយ​ឡើយ គឺ​គ្រូ​រត់​ការដក​សញ្ញាប័ត្រ​ឱ្យ​បាន​ដូច​សិស្ស បង់លុយ​ដែរ​។​

​លោកគ្រូ​រូបនោះ​និយាយទៀតថា មាន​សិស្ស​មួយចំនួន​ក៏​បាន​ឲ្យ​លោកគ្រូ​រត់ការ ដក​សញ្ញាប័ត្រ​ឱ្យ​សិស្ស​រួច​ហើយ​ដែរ ដែល​សិស្ស​នោះ មាន​ភាពចាំបាច់ ដើម្បី​យក​សញ្ញាប័ត្រ ទៅ​ប្រើប្រាស់​តាម​ផ្លូវការ​។ ដោយឡែក​សិស្ស​ដែល​មិន​ចាំបាច់ នោះ​លោក​ព្យាយាម រត់​ការដក​សញ្ញាប័ត្រ​ឱ្យ​ហើយ នៅ​ពេល​ចូល​កង​វិញ​នា​ពេលខាងមុខ ។  

​លោកគ្រូ ផាន់ សំអាង បាន​និយាយទៀតថា មូលហេតុ​ដែល​លោក​ប្រមូល​លុយ​ពី​សិស្ស​ក្នុង​ម្នាក់​១​ម៉ឺន​រៀល គឹ​បណ្តាលមកពី​មន្ទីរអប់រំ​ខេត្តសៀមរាប បច្ចុប្បន្ន​គឺ​នៅ​សាលាខេត្ត​ថ្មី ដែល​មាន​ចំងាយ​ជិត​២០​គីឡូម៉ែត្រ ពី​សាលាខេត្ត​ចាស់ រយៈ​ចំងាយ​នេះ គឺ​លោក​ត្រូវតែ​យក​លុយ​១​ម៉ឺន​រៀល ដើម្បី​រត់ការ ព្រោះថា​បច្ចុប្បន្ន​នេះ បែបបទ​ថ្មី ហើយ​ក្រដាស់​ថ្មី សំរាប់​សញ្ញាប័ត្រ ក៏​មាន​ការកែប្រែ​ថ្មី​ទាំងអស់​។ លុយ​ចំនួន​៥​ពាន់​រៀល ត្រូវ​បង់​ចូល​មន្ទីរ​ដើម្បី​ដក​សញ្ញាប័ត្រ ហើយ​នៅសល់ ៥​ពាន់​រៀល​ទៀត គឺ​ថ្លៃ​ជិះ​ចុះ​ជិះ​ឡើង រត់​ការដក​សញ្ញាប័ត្រ ។ លុយ​នោះ​គឺ​សិស្ស​ជា​អ្នកស្ម័គ្រចិត្ត​ឱ្យ​។

​លោកគ្រូ បាន​បញ្ជាក់ទៀតថា កន្លង​មក​មន្ទីរ​អប់រំ​ខេត្តសៀមរាប នៅ​ជិត​សាលា ក៏​ការ​រត់​ការ ដក​សញ្ញាប័ត្រ ជូន​សិស្ស គឺ​មិន​អស់ ១​ម៉ឺន​រៀល​ឡើយ​។ ហើយ​ពេល​មុន មន្ទីរ​នៅ​ជិត ក៏​សិស្ស​ម្នាក់​ចំណាយ ៤​ពាន់​រៀល សម្រាប់​មន្ទីរ ធ្វើ​សញ្ញាប័ត្រ​បណ្តោះអាសន្ន​ឲ្យ​ផង​ដែរ​ ៕

ក្នុង​រឿង​ចាប់​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស, តុលាការ​ចោទ​ប្រកាន់​លើ​ប្រធាន​គណបក្ស​ខេត្ត​កំពង់ចាម​

ដោយ លី ម៉េងហួរ
ថ្ងៃ ចន្ទ 05 កញ្ញា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ លី ម៉េងហូរ ពីភ្នំពេញ (02:51)

បន្ទាប់​ពី​​ចាប់​​ខ្លួន​​សកម្ម​ជន​​គណ​បក្ស​​សិទ្ធិ​មនុស្ស​ នៅ​​ខេត្ត​​កំពង់ចាម​ កាលពី​​ចុង​​សប្តាហ៍​​មុន​​រួច​មក​ ព្រះរាជ​អាជ្ញា​​តុលាការ​ខេត្ត​​កំពង់ចាម​ បាន​​ធ្វើ​​ការ​ចោទប្រកាន់​​លើ​​លោក​ សេង ​ស៊ា​ង​លី​ ប្រធាន​​គណបក្ស​​សិទ្ធិ​មនុស្ស​ ប្រចាំ​​ខេត្ត​​កំពង់ចាម​ ថា​​ជា​​មេគំនិត​​ក្នុង​​បទ​​ញុះញង់​​ឲ្យ​មាន​​ការ​​ស្អប់ខ្ពើម​​ជាតិ​​សាសន៍​ យោង​​តាម​​ច្បាប់​​ក្រម​​ព្រហ្មទណ្ឌ​​ថ្មី​។​ សំណុំរឿង​​នោះ ​ត្រូវ​បាន​​បញ្ជូន​​ទៅ​​កាន់​​ចៅក្រម​​ស៊ើប​អង្កេត ​ដើម្បី​​ចាត់ការ​​បន្ត​។

បន្ទាប់​ពី​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ ខេត្ត​កំពង់​ចាមនៅ​​ចុង​សប្តាហ៍​មុន​មក​​ តុលាការ​ចោទ​ប្រកាន់​លើ​ប្រធាន​គណបក្ស​ខេត្ត​កំពង់ចាម​។ (RFI)

បន្ទាប់ ពី ចាប់ ខ្លួន សកម្មជន គណបក្ស សិទ្ធិ មនុស្ស ខេត្ត កំពង់ ចាមនៅ ចុង សប្តាហ៍ មុន មក តុលាការ ចោទ ប្រកាន់ លើ ប្រធាន គណបក្ស ខេត្ត កំពង់ចាម ។ (RFI)

ការចោទប្រកាន់​លើ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​​ខេត្ត​​កំពង់ចាម​ដូច្នេះ ​ត្រូវ​បាន​​ធ្វើ​ឡើង​ ក្រោយ​​​ពី​ការចាប់ខ្លួន​សកម្មជន ២ នាក់ របស់​គណបក្ស​សិទ្ធិមនុស្ស នៅ​ស្រុក​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​១​កញ្ញា ឆ្នាំ​២០១១​។ នោះ​គឺ​លោក ផាន ផា អាយុ ៦៦ ឆ្នាំ ជា​អនុប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ​ប្រចាំ​ឃុំ​ទន្លេ​បិទ និង​បុរស​សកម្មជន​ម្នាក់ទៀត ឈ្មោះ ភូមិ យាន ៧១ ឆ្នាំ​។

ជន​ទាំង​ពីរ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន ក្រោម​បទ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យមាន​បទ​ឧក្រិដ្ឋ​ ដោយសារ​តែ​ផ្សព្វផ្សាយ​ឯកសារ​គោលនយោបាយ​គ​ណ​បក្ស​សិទ្ធិមនុស្ស ដែលមាន​ខ្លឹមសារ​រិះគន់​រដ្ឋាភិបាល​កម្ពុជា ក្នុង​រឿង​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ជាពិសេស​ជាមួយ​ប្រទេស​វៀតណាម​។​

មន្ត្រី​តុលាការខេត្ត​កំពង់ចាម បាន​បញ្ជាក់​នៅ​ថ្ងៃ​៥​កញ្ញា​នេះ​ថា តាម​ចម្លើយ​របស់​បុរស​សកម្ម​ជន​គណបក្ស​សិទ្ធិមនុស្ស​ជាប់ចោទ​ទាំងពីរ ទើប​តុលាការ​ឈានទៅ​ចោទប្រកាន់​លោក សេង ស៊ា​ង​លី ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ប្រចាំ​ខេត្ត​កំពង់ចាម​។ សំណុំរឿង​នោះ ត្រូវបាន​បញ្ជូន​ទៅ​កាន់​ចៅក្រម​ស៊ើបអង្កេត តែ​មិន​ទាន់​មាន​ដីកា តាម​ចាប់ខ្លួន​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ខេត្ត​កំពង់ចាម​នៅ​ឡើយ​ទេ មក​ដល់​ល្ងាច​ថ្ងៃ​៥​កញ្ញា​នេះ​។

​មន្ត្រី​តុលាការ បានបញ្ជាក់​ថា ក្នុង​ឯកសារ​របស់​គណបក្ស​សិទ្ធិមនុស្ស បាន​ចោទប្រកាន់​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល ថា​បាន​អនុវត្តតាម​យុទ្ធសាស្ត្រ​របស់​ប្រទេស​វៀតណាម ដូចជា ចលនា ក​៥ ដែល​នាំឲ្យ​ស្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​, ការ​ចុះសន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​ធ្វើឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​រាប់​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា ព្រម​ទាំង​ការផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុនវៀ​ត​ណាម​រាប់​ម៉ឺន​ហិកតា ដែល​នាំ​ឲ្យ​ប្រជាជន​វៀតណាម​កាន់តែច្រើន​ចូលមក​រស់នៅ​លើ​ទឹកដី​កម្ពុជា ជាដើម​។​

ក៏​ប៉ុន្តែ​គណបក្ស​សិទ្ធិមនុស្ស បាន​ថ្លែងការណ៍​បដិសេធ ហើយ​ថា ការចាប់ខ្លួន​សកម្មជន និង​ឈាន​ដល់​ការចោទប្រកាន់​ប្រធាន​បក្ស​ខេត្ត​កំពង់ចាម ជាការ​បង្កហេតុ នាំ​ដល់​ការប្រមូល​តវ៉ា ប្រសិនបើ​គ្មាន​ការដោះលែង​សកម្មជន​របស់​ខ្លួន​ទេនោះ​។

​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​គណបក្ស​សិទ្ធិ​មនុស្ស កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១១ បាន​ចាត់ទុកថា សកម្មជន​របស់​ខ្លួន មិនបាន​ធ្វើ​អ្វី​ខុស​នឹង​ច្បាប់​រដ្ឋ​ទេ​។

​លោក ប៉ុល ហម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស បានបញ្ជាក់​ថា បើសិន​តុលាការ​ចោទ​ប្រកាន់​​ប្រធាន​គណបក្ស​ខេត្ត​កំពង់ចាម នោះ​ប្រធាន​សាខា​គណបក្ស​គ្រប់​ខេត្ត ត្រូវ​មាន​កំហុស​ដូច​គ្នា ព្រោះ​ឯកសារ ដែល​តុលាការ​ដាក់បន្ទុក​ចោទប្រកាន់​លើ​សកម្មជន​ទាំងនោះ ជា​របស់​គណបក្ស​សិទ្ធិមនុស្ស ដែល​គ្រាន់តែ​លើកឡើង​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​ទស្សនៈ​នយោបាយ​​កម្ពុជា សម្រាប់​ជា​ជំនួយស្មារតី​ផ្ទៃក្នុង​ថ្នាក់ដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស​គ្រប់​លំដាប់​ថ្នាក់ ទុក​ជា​ការពិចារណា​តែប៉ុណ្ណោះ​។

ចំពោះ​ការចាប់ខ្លួន និង​ការចោទប្រកាន់​ប្រធាន​គណបក្ស​ខេត្ត​កំពង់ចាម ត្រូវបាន​លោក ប៉ុល ហម ចាត់ទុកថា ជាការ​បង្កាត់ភ្លើង ដែល​អាជ្ញាធរ​រដ្ឋាភិបាល កំពុង​ធ្វើ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ងើប​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ ក៏​ប៉ុន្តែ​គណបក្ស​សិទ្ធិមនុស្ស នៅតែ​អំពាវនាវ​ឲ្យ​សកម្មជន​ក្នុង និង​ក្រៅ​ប្រទេស​រក្សា​ភាពស្ងប់ស្ងាត់​៕

គណបក្ស​សិទ្ធិ​មនុស្ស​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​សកម្មជន​ខ្លួន

ច័ន្ទ 05 កញ្ញា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

គណបក្ស​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​នេះ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ដោយ​ធ្វើ​ការ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ដោះ​លែង​សកម្ម​ជន​របស់​ខ្លួន​ចំនួន​២រូប​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​កំពង់ចាម ដោយ​ថា អ្នក​ទាំង​ពីរ​នេះ​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ច្បាប់​រដ្ឋ​ទេ។

លោក ផាន ផា និងលោក ភូមិ យាន សកម្មជនគណបក្ស សិទ្ធិមនុស្សដែលត្រូវអាជ្ញាធរចាប់ខ្លួន

លោក ផាន ផា និងលោក ភូមិ យាន សកម្មជនគណបក្ស សិទ្ធិមនុស្សដែលត្រូវអាជ្ញាធរចាប់ខ្លួន

សេចក្តី​ថ្លែង​ការណ៍​បាន​សរសេរ​ថា លោក ផាន ផា និង​លោក ភូមិ យាន ដែល​ជា​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ក្នុង​ខេត្ត​កំពង់ចាម មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ច្បាប់​រដ្ឋ​ទេ ព្រោះ​អ្នក​ទាំង​ពីរ​នេះ មិន​បាន​យក​ឯកសារ​ណា​មួយ​ទៅ​បិទ​ផ្សាយ ឬ​ចែក​ចាយ​ជា​សាធារណៈ ដែល​នាំ​ឲ្យ​មាន​ការ​ញុះ​ញង់​ដូច​អាជ្ញាធរ​ចោទ​ប្រកាន់​ឡើយ។

សេចក្តី​ថ្លែង​ការណ៍​បាន​បន្ត​ថា ឯកសារ​របស់​សកម្ម​ជន​គណបក្ស​សិទ្ធិ​មនុស្ស ដែល​ត្រូវ​មេភូមិ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឆក់​យក​ទៅ​នោះ មាន​ដូច​ជា បញ្ជី​ឈ្មោះ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១០ ឯកសារ​ផ្សេងៗ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បោះ​ឆ្នោត ឯកសារ​សំណួរ​ចំលើយ​ជុំ​វិញ​គោល​នយោបាយ​គណបក្ស​សិទ្ធិ​មនុស្ស និង​ឯកសារ​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត និង​ទស្សនៈ​នយោបាយ​កម្ពុជា ដែល​ស្រង់​មក​ពី​មជ្ឈដ្ឋាន​នានា សម្រាប់​ជំនួយ​ស្មារតី​ផ្ទៃ​ក្នុង​ថ្នាក់​ដឹកនាំ​គណបក្ស​គ្រប់​លំដាប់​ថ្នាក់ ទុក​ជា​ការ​ពិចារណា​តែ​ប៉ុណ្ណោះ។

គណបក្ស​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា ​ការ​ចាប់​ខ្លួន​សកម្ម​ជន​របស់​ខ្លួន​ទាំង​ពីរ​រូប​នេះ គឺ​ជា​ការ​គុំគួន កាច់កុង​គ្នា រវាង​សកម្មជន​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​លើ​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​នៅ​ផ្ទះ​ជិត​គ្នា ដើម្បី​ការពារ​គោល​នយោបាយ​គណបក្ស​រៀងៗ​ខ្លួន​តែ​ប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ គណបក្ស​សិទ្ធិ​មនុស្ស​បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​ទាំង​ពីរ​រូប​នេះ​ថា គឺ​ជា​ការ​គំរាម​កំហែង បំភិតបំភ័យ ស្រប​ពេល​ដែល​កាល​បោះឆ្នោត​ខិត​ជិត​ចូល​មក​ដល់។ ហើយ​គណបក្ស​សិទ្ធិ​មនុស្ស​ត្រូវ​តែ​តវ៉ា និង​ទាមទារ​ដាច់​ខាត ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពិនិត្យ​ឡើង​វិញ នូវ​ករណី​នេះ ដើម្បី​ដោះ​លែង​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ទាំង​ពីរ​រូប ដោយ​រដ្ឋាភិបាល​កុំ​យក​បញ្ហា​តូច ពង្រីក​ឲ្យ​ទៅ​ជា​ធំ។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃទី០១ ខែ​កញ្ញា អាជ្ញាធរ​ស្រុក​ត្បូង​ឃ្មុំ ខេត្ត​កំពង់ចាម បាន​ធ្វើ​ការ​ចាប់​ខ្លួន​សកម្មជន​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ចំនួន​២រូប គឺ​លោក ផាន ផា អាយុ៦៦​ឆ្នាំ និង​លោក ភូមិ យាន អាយុ​៧១​ឆ្នាំ ទៅ​កាន់​ស្នងការ​ដ្ឋាន​ខេត្ត​ភ្លាមៗ ដោយ​ចោទ​ពី​បទ​ញុះញង់ បំពេក​បំបាក់​សាមគ្គី​ភាព ចំណង​មិត្ត​ភាព​កម្ពុជា-វៀតណាម៕

តុលាការចោទប្រកាន់​លើ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ខេត្ត​កំពង់ចាម

ដោយ : រតនា
ថ្ងៃទី 5 កញ្ញា 2011
CEN

ភ្នំពេញ:លោក ហួត វុទ្ធី ព្រះរាជអាជ្ញា តុលាការខេត្ត​កំពង់ចាម បាន​ធ្វើ​ការចោទប្រកាន់​លើ​លោក សេង ស៊ា​ង​លី ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​កំពង់ចាម ពី​បទ​មេគំនិត និង​ញុះញង់​ឲ្យមាន​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ យោង​តាម​ច្បាប់​ក្រម​ព្រហ្មទណ្ឌ មាត្រា ៤៩៤, ៤៩៥ និង​មាត្រា ៤៩៦​។ សំណុំរឿង​នោះ ត្រូវបាន​បញ្ជូន​ទៅ​កាន់​ចៅក្រម​ស៊ើបអង្កេត លោក អ៊ុំ ចាន់ថុល ដែល​ជា​អនុប្រធាន​តុលាការខេត្ត​កំពង់ចាម ដើម្បី​ចាត់ការ​បន្ត​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​តុលាការ​។​

​ការចោទប្រកាន់​លើ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ខេត្ត​កំពង់ចាម​ដូច្នេះ ត្រូវបាន​ធ្វើឡើង ក្រោយពី​ការចាប់ខ្លួន​សកម្មជន ២ នាក់ របស់​គណបក្ស​សិទ្ធិមនុស្ស នៅ​ស្រុក​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​១​កញ្ញា ឆ្នាំ​២០១១​។ នោះ​គឺ​លោក ផាន ផា អាយុ ៦៦ ឆ្នាំ ជា​អនុប្រធាន​គណបក្ស​សិទ្ធិមនុស្ស ប្រចាំ​ឃុំ​ទន្លេ​បិទ និង​បុរស​សកម្មជន​ម្នាក់ទៀត នៅផ្ទះ​ទល់មុខ​គ្នា ឈ្មោះ ភូមិ យាន ៧១ ឆ្នាំ​។ ជន​ទាំង​ពីរ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន ក្រោម​បទ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យមាន​បទឧក្រិដ្ឋ ដោយសារ​តែ​ផ្សព្វផ្សាយ​ឯកសារ​គោលនយោបាយ​គ​ណ​បក្ស​សិទ្ធិមនុស្ស ដែលមាន​ខ្លឹមសារ​រិះគន់​រដ្ឋាភិបាល​កម្ពុជា ក្នុង​រឿង​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ជាពិសេស​ជាមួយ​ប្រទេស​វៀតណាម​។​

​ប្រភព​ពី​តុលាការ​បញ្ជាក់ថា បុរស​ជាប់ចោទ​ទាំង​ពីរ​នោះ បានឲ្យដឹងថា ឯកសារ​គោលនយោបាយ​គណបក្ស​សិទ្ធិមនុស្ស ត្រូវបាន​យក​ពី​ផ្ទះ​របស់​លោក ម៉ៅ មុនី​វណ្ណ អនុប្រធាន​គណបក្ស​សិទ្ធិមនុស្ស ដែល​ជា​អតីត​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ប្រចាំ​ខេត្ត​កំពង់ចាម ហើយ​ពួកគេ​គ្រោង​យក​ឯកសារ​ទាំងនោះ ទៅ​ចែក​ផ្សព្វផ្សាយ​តាម​បញ្ជា​របស់​លោក សេង ស៊ា​ង​លី ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ប្រចាំ​ខេត្ត​កំពង់ចាម​។​

​មន្ត្រី​តុលាការ បានបញ្ជាក់​ថា ក្នុង​ឯកសារ​ទាំងនោះ បាន​ចោទប្រកាន់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល ថា​បាន​អនុវត្តតាម​យុទ្ធសាស្ត្រ​របស់​ប្រទេស​វៀតណាម ដូចជា​ធ្វើឲ្យ​មាន​ចលនា ក​៥ ដែល​នាំឲ្យ​ស្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​, ការ​ចុះសន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​ធ្វើឲ្យ​បាប់បង់​ទឹកដី​ខ្មែរ​រាប់​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​, ព្រឹត្តិការណ៍​រដ្ឋប្រហារ ថ្ងៃ​៥-៦​កក្កដា ឆ្នាំ​១៩៩៧ ព្រម​ទាំង​ការផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុនវៀ​ត​ណាម​រាប់​ម៉ឺន​ហិកតា ដែល​នាំ​ឲ្យ​ប្រជាជន​វៀតណាម កាន់តែច្រើន​ចូលមក​រស់នៅ​លើ​ទឹកដី​កម្ពុជា​។​

​យ៉ាងណាក៏ដោយ ក្នុងករណីនេះ ពាក់ព័ន្ធ​ដល់​លោក ម៉ៅ មុនី​វណ្ណ អនុប្រធាន​គណបក្ស​សិទ្ធិមនុស្ស ឬ​យ៉ាងណា​នោះ គឺ​អាស្រ័យ​លើ​ការស៊ើបអង្កេត​របស់​តុលាការ​។ រីឯ​ការចាប់ខ្លួន​លោក សេង ស៊ា​ង​លី ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ខេត្ត​កំពង់ចាម ឬ​យ៉ាងណា​? គឺជា​សិទ្ធិ​របស់​ចៅក្រម​ស៊ើបអង្កេត​។​

​ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​សកម្មជន​ពីរ​នាក់ របស់​គណបក្ស​សិទ្ធិមនុស្ស នៅ​ខេត្ត​កំពង់ចាម​នោះ គណៈកម្មាធិការ​អចិន្រៃ្តយ៍​គណបក្ស​សិទ្ធិ​មនុស្ស បាន​ជួបប្រជុំ​គ្នា​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១១ ក្រោម​អធិបតីភាព​លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ ប្រធាន​គណៈកម្មាធិការ​នាយក​, លោក ប៉ែន សុវណ្ណ ប្រធាន​គណៈកម្មាធិការ​វិន័យ និង​លោក កឹម សុខា ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សិទ្ធិមនុស្ស​។​

​សេចក្តីប្រកាស​ព័ត៌មាន បាន​លើកឡើង​ថា កិច្ចពិភាក្សា​អំពី​ករណី​ចាប់​ខ្លួន​សកម្មជន​គណ​បក្ស​សិទ្ធិមនុស្ស​គឺ លោក ផាន ផា និង​លោក ភូមិ យាន កាល​ពពី​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០១១ ដោយ​អាជ្ញាធរ និង​ប៉ូលីស​ខេត្ត​កំពង់ចាម ត្រូវបាន​ថ្នាក់ដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស បាន​សម្រេច​ថា​៖
​    ​
១. សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ទាំង​ពីរ​រូប គឺ​លោក ផាន ផា និង​លោក ភូមិ យាន មិនបាន​ធ្វើ​អ្វី​ខុស​នឹង​ច្បាប់​រដ្ឋ​ទេ​។ លោក​ទាំង​ពីរ​មិន​បាន​យក​ឯកសារ​ណាមួយ​ទៅ​បិទ​ផ្សាយ ឬ​ចែកចាយ​ជា​សាធារណៈ ដែល​នាំឲ្យ​មាន​ការញុះ ដូច​ការចោទប្រកាន់រ​បស់​អាជ្ញាធរ​រដ្ឋាភិបាល​ឡើយ ។ ឯកសារ​ដែល​នៅ​នឹង​ដៃ​សកម្មជន​មូលដ្ឋាន​រូបនេះ ហើយ​ដែល​ត្រូវ​មេភូមិ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆក់​យក​ទៅ​នោះ​មាន ៖ បញ្ជី​ឈ្មោះ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១០ ឯកសារ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ឯកសារ​សំណួរចម្លើយ​ជុំវិញ​គោលនយោបាយ​របស់​គណ​បក្ស​សិទ្ធិមនុស្ស និង​ឯកសារ​សម្រង់​ព្រឹត្តការណ៍​ប្រវត្តិសាស្ត្រ និង​ទស្សនៈ​នយោបាយ​កម្ពុជា ដែល​ស្រង់​មក​ពី​មជ្ឈដ្ឋាន​នានា សម្រាប់​ជំនួយស្មារតី​ផ្ទៃក្នុង​ថ្នាក់ដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស​គ្រប់​លំដាប់ថ្នាក់ ទុក​ជា​ការពិចារណា​តែប៉ុណ្ណោះ​។​

២. គណបក្ស​សិទ្ធិមនុស្ស យល់ឃើញថា​ការចាប់ខ្លួន​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ទាំង​ពីរ​រូប​នេះ បណ្តាល​មកពី​គុំនុំ​គំគួន កាច់​កុង​គ្នា​រវាង​សកម្មជន​ថ្នាក់​មូលដ្ឋាន​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា មក​លើ​សកម្មជន​គណ​បក្ស​សិទ្ធិមនុស្ស​ដែល​នៅផ្ទះ​ជិតគ្នា  ដោយហេតុ​ការពារ​នយោបាយ​របស់​គណបក្ស​រៀងៗ​ខ្លួន​តែ​ប៉ុណ្ណោះ ។​

៣. គណបក្ស​សិទ្ធិមនុស្ស យល់ឃើញ​ថា​ការចាប់ខ្លួន​នេះ គឺជា​ការ​គម្រាមកំហែង បំភិតបំភ័យ​នយោបាយ​ទៅលើ​សកម្មជន​គណបក្ស​សិទ្ធិមនុស្ស ស្របពេល​ដែល​ការរៀបចំ​ចុះ​ឈ្មោះ​បោះឆ្នោត​ចាប់ផ្តើម ហើយ​ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សិទ្ធិ​នយោបាយ និង​បរិយាកាស​នៃ​ការបោះ​ក្នុង​ពេលខាងមុខ ។​

៤. គណបក្ស​សិទ្ធិ​មនុស្ស​ត្រូវ​ធ្វើ​ការតវ៉ា និង​ទាមទារ​ជា​ដាច់ខាត​ឲ្យ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ពិនិត្យ​ឡើងវិញ​នូវ​ករណី​នេះ ដើម្បី​ធ្វើឲ្យ​មាន​ការដោះលែង​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ទាំង​ពីរ​រូប​ខាងលើ ដោយ​សុំ​កុំ​ឲ្យ​រដ្ឋាភិបាល​យក​បញ្ហា​តូច​ពង្រីក​ឲ្យទៅ​ជា​ធំ ដែល​នាំឲ្យ​ប៉ះពាល់ និង​ច្របូលច្របល់​ស្ថានភាព​នយោបាយ ជាពិសេស​ការបោះឆ្នោត​នៅ​កម្ពុជា​ពេល​ខាង​មុខ​ឲ្យសោះ​។​

៥. គណបក្ស​សិទ្ធិមនុស្ស ជា​គណបក្ស​នយោបាយ​មួយ ដែល​ប្រកាន់យក​គោលការណ៍​អហឹង្សា ដែល​មិន​ទម្លាប់​បង្ក​បញ្ហា​ឲ្យមាន​បរិយាកាស​ច្របូកច្របល់ និង​មិន​ដែល​មាន​គំនិត​បង្កាត់​ភ្លើង ជម្លោះ​នយោបាយ​មុន​នោះ​ទេ​។ ការទាមទារ តវ៉ា​ឲ្យមាន​ការដោះលែង​សកម្មជន​នេះ គណបក្ស​សិទ្ធិមនុស្ស នឹង​ធ្វើ​តាមរ​រយៈ​ផ្លូវ​ច្បាប់ ផ្លូវ​ទូត និង​សកម្មភាព​នានា​ដោយ​អហឹង្សា​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា ទាំង​នៅ​ប្រទេស​នានា ដូចជា សហរដ្ឋអាមេរិក កាណាដា និង​សភាព​អឺរ៉ុប​ជាដើម​ឲ្យ​ព្រមៗ​គ្នា ។​

៦. ក៏​ប៉ុន្តែ​បើ​ដរាបណា​នៅតែ​មិនទាន់​មាន​ការដោះលែង​សកម្មជន​ទាំង​ពីរ​រូប​ខាងលើនេះ​ទេ ថ្នាក់ដឹកនាំ  សកម្មជន អ្នកគាំទ្រ គណបក្ស​សិទ្ធិមនុស្ស រួម​ជាមួយនឹង​ប្រជាពលរដ្ឋ​ខ្មែរ អ្នកស្នេហាជាតិ អ្នក​ស្រឡាញ់​សិទ្ធិសេរីភាព​ទាំង​ក្នុង និង​ក្រៅប្រទេស ត្រូវតែ​បញ្ចេញ​ប្រតិកម្ម​ទាមទារ តវ៉ា នៅ​គ្រប់ទិសទី រហូត​ទាល់តែ​មាន​ការដោះលែង​សកម្មជន​ទាំង​ពីរ​រូប​នេះ ។​

៧. គោលបំណង​ជា​ចំបង​របស់​គណបក្ស​សិទ្ធិមនុស្ស ក្នុងករណី​នេះ​គឺ សុំឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការចោទប្រកាន់ ដោយ​ការយល់ច្រឡំ​ពី​របាយការណ៍​ថ្នាក់ក្រោម​នេះ និង​សុំឲ្យ​មាន​ការដោះលែង​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ទាំង​ពីរ​រូប​ខាងលើ ឲ្យបាន​ឆាប់រហ័ស​៕​

ប្រជាពលរដ្ឋ​បឹងកក់ បន្ត​តវ៉ា​រឿង​អាជ្ញាធរ កាត់​ចេញពី​ដី​អភិវឌ្ឍន៍​ជាង ១២ ហិកតា

ដោយ : មុនីរ័ត្ន
ថ្ងៃទី 5 កញ្ញា 2011
CEN

ភ្នំពេញ:ប្រជាពលរដ្ឋ ដែល​រស់នៅ​ភូមិ​១ (ភូមិ​តា​ម៉ៅ និង​ភូមិ​ចាស់) ក្នុង​តំបន់​បឹងកក់​ ​ចំនួន ១៨ គ្រួសារ នៅ​ព្រឹក​ថ្ងៃទី​៥ កញ្ញា ឆ្នាំ​២០១១ បាន​នាំគ្នា​ធ្វើ​ពិធី​ដុត​ធូប​ ​បួងសួង​នៅលើ​ទីតាំង​ដី​របស់​ពួកគេ ដែល​ត្រូវបាន​ក្រុមហ៊ុន ស៊ូ​កាគុ​អ៊ីន បាន​បូម​ខ្សាច់ ចាក់​ពន្លិច ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន ដែល​ពាក់ព័ន្ធ ជាពិសេស​សុំអោយ​សម្តេច​តេជោ ហ៊ុន សែន ជួយ ដើម្បី​បាន​រស់នៅ ក្នុង​ដី ១២,៤៤ ហិកតា ដែល​សម្តេច​បាន​ផ្តល់​ប្រទានកម្ម​អោយ​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​។ ក៏​ប៉ុន្តែ​អ្នក​ភូមិ​ទាំងនោះ អះអាង អាជ្ញាធរ​មូលដ្ឋាន បាន​កាត់​ភូមិ​របស់​ពួក​គាត់​ចេញ ពី​គម្រោង​អភិវឌ្ឍន៍​នោះ​ទៅវិញ​។​

​នៅក្នុង​សន្និសីទ​កាសែត នា​ព្រឹក​ថ្ងៃទី​៥​កញ្ញា ឆ្នាំ​២០១១ នៅ​តំបន់​បឹងកក់ ប្រជាពលរដ្ឋ​នៅ​ភូមិ​១ បាន​ចែកចាយ​នូវ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​បង្ហាញ​ជា​សាធារណៈ ស្តីពី ភាពមិនប្រក្រតី​ក្នុង​ការបែងចែក​ដី​ទំហំ ១២,៤៤ ហិកតា ដែល​សម្តេច​ប្រមុខ​រដ្ឋាភិបាល ហ៊ុន សែន បាន​សម្រេច​ផ្តល់ឲ្យ​ប្រជាពលរដ្ឋ​តំបន់​បឹង​កក់ សម្រាប់​ការអភិវឌ្ឍន៍​នៅនឹងកន្លែង​។​

​នៅក្នុង​សេក្តីប្រកាស​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ បាន​លើកឡើង​ថា ចំណាត់ការ​សាលា​រាជធានី​ភ្នំពេញ មាន​ភាពមិនប្រក្រតី​មាន ដូចជា មិន​ភ្ជាប់​បញ្ជី​ឈ្មោះ​ប្រជាពលរដ្ឋ​តំបន់​បឹង​កក់ ៧៩៤ គ្រួសារ ដែល​មាន​ផ្ទៃដី ៩,៧០ ហិកតា ជូន​សម្តេច​នាយករដ្ឋមន្ត្រី ពិនិត្យ និង​សម្រេច​ឡើយ​។​ ​ទំហំ​ដី​ប្រជាពលរដ្ឋ​ស្នើសុំ​មាន ៩,៧០ ហិកតា តូច​ជាង​ទំហំ​ដី ដែល​សម្តេច​សម្រេច​អោយ ១២,៤៤ ហិកតា​។ ដូច្នេះ​ដី​នៅសល់ ២,៤៧ ហិកតា​។

​អ្នកភូមិ​បាន​លើកឡើង​ថា ផ្អែក​លើ​ប្លង់​កែសម្រួល​ព្រំប្រទល់​តំបន់​បឹង​កក់ និង​តារាង​និយាម​ការ​ ចុះ​ថ្ងៃ​ទី​១០ សីហា ឆ្នាំ​២០១១ សាលា​រាចធានី​ភ្នំពេញ បាន​កាត់​ដី​ទំហំ ២,៥ ហិកតា ដែល​ក្នុងនោះ​មាន ប្រជាពលរដ្ឋ ១៨ គ្រួសារ ក្នុងភូមិ​១ ចំនួន ០,៥ ហិកតា និង​ប្រជាពលរដ្ឋ ៤៧ គ្រួសារ ក្នុងភូមិ​៦, ភូមិ​២២ និង​ភូមិ​៤ សរុប ៦៥ គ្រួសារ ស្មើ​នឹង​ផ្ទៃដី ៣​ហិកតា​។​

​លោក ហេង សុវណ្ណ អ្នក​ភូមិ​បឹងកក់ ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​កាសែត​បាន​បញ្ជាក់​ថា និយាម​ការ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​គូស​ចេញ​ប្លង់​មក​នោះ គ្មាន​ភូមិ​១ ( ភូមិ​១​ចាស់ ) ទេ គឺ​អាជ្ញាធរ​បាន​កាត់ចេញ​។ ម្យ៉ាងទៀត​សាលា​រាជធានី​ភ្នំពេញ បាន​ខ្ចីដៃ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ដោយ​មិន​បាន​យក​បញ្ជី​ឈ្មោះ​របស់​ប្រជាជន និង​ទាំង​ទំហំ​ដី​ជូន​សម្តេច​មើល​ទេ​។ តែ​អាជ្ញាធរ​បាន​យក​និយាម​ការ មក​កាត់​ភូមិ​១​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​បឹងកក់ ជូន​សម្តេច ហើយ​សម្តេច​ក៏​បាន​ឯកភាព​លើ​និយាម​ការ​សាលាក្រុង ដោយ​បាន​ដៃ​កាត់​ភូមិ​ប្រជាពលរដ្ឋ​ប៉ុន្មាន​ភូមិ​ខាងលើ​ចេញ ដើម្បី​សល់​ដី សម្រាប់​ប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី​ទៅវិញ​។​

​មិនទាន់​មាន​ការបកស្រាយ​បែប​ណា​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្នុង​រឿង​បែងចែក​ដី​នៅ​តំបន់​បឹង​កក់ ទំហំ ១២,៤៤ ហិកតា ដែល​សម្តេច ហ៊ុន សែន បានសម្រេច កាលពី​ថ្ងៃ​ទី​១១​សីហា ឆ្នាំ​២០១១ ដើម្បី​កាត់​ចេញពី​គម្រោង​អភិវឌ្ឍន៍​បឹងកក់ របស់​ក្រុមហ៊ុន ស៊ូ​កា​គូ​អ៊ី​ន ដែល​មាន​ទំហំ​សរុប ១៣៣ ហិកតា​ ៕

ពលរដ្ឋ​រស់​នៅ​ភូមិ១ នៃ​តំបន់​បឹងកក់​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ

ច័ន្ទ 05 កញ្ញា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

ប្រជាពលរដ្ឋ​ប្រមាណ​ជិត​២០គ្រួសារ រស់​នៅ​ក្នុង​ភូមិ១ នៃ​តំបន់​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​ធ្វើ​សន្និសីទ​កាសែត ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ដល់​ពួក​គាត់​ឲ្យ​ដូច​អ្នក​ភូមិ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​បឹងកក់​នេះ​ដែរ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​បាន​និយាយ​ថា ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ភូមិ១​នៃ​តំបន់​បឹងកក់ ត្រូវ​បាន​អាជ្ញាធរ​ប្រាប់​ថា ពួក​គាត់​មិន​មាន​ឈ្មោះ​នៅ​ក្នុង​ដី​ដែល​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្រេច​កាត់​ឲ្យ​អ្នក​បឹងកក់​កាល​ពី​ពេល​ថ្មីៗ​នេះ​ទេ។ ដូច្នេះ​ពួក​គាត់​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្តល់​នូវ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ដល់​ពួក​គាត់​ទាំង​១៨​គ្រួសារ ដូច​អ្នក​ភូមិ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​បឹងកក់​នេះ​ដែរ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ក្រុម​អ្នក​ភូមិ​ចែក​ចាយ​ដល់​ក្រុម​អ្នក​កាសែត​បាន​លើក​ឡើង​ថា ផ្អែក​លើ​ប្លង់​កែ​សម្រួល​ព្រំប្រទល់​តំបន់​បឹងកក់ និង​តារាង​និយាម​ការ​ចុះ​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១១ សាលា​ក្រុង​ភ្នំពេញ​បាន​កាត់​ដី​ទំហំ ២,៥​ហិកតា ដែល​ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​១៨​គ្រួសារ​រស់​នៅ​ភូមិ១​ចំនួន​០,៥ហិកតា និង​ប្រជាពលរដ្ឋ​៤៧​គ្រួសារ ក្នុង​ភូមិ​៦, ភូមិ​២២ និង​ភូមិ​៤ សរុប​៦៥​គ្រួសារ ស្មើ​នឹង​ផ្ទៃដី​៣ហិកតា។

លោក ហេង សុវណ្ណ ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់ ដែល​បាន​ចូល​រួម​ក្នុង​សន្និសីទ​កាសែត​នាព្រឹក​មិញ​នេះ​ដែរ​បាន​ថ្លែង​​ថា អាជ្ញាធរ​បាន​យក​និយាម​ការ​ដែល​កាត់​ភូមិ១​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹងកក់​ទៅ​ឲ្យ​នាយក​រដ្ឋមន្រ្តី។ ក្រោយ​នាយក​រដ្ឋមន្រ្តី​យល់​ព្រម​លើ​និយាមកា​នោះ សាលាក្រុង​បាន​កាត់​ភូមិ​ប្រជាពលរដ្ឋ​ប៉ុន្មាន​ភូមិ​ចេញ ដើម្បី​សល់​ដី​សម្រាប់​ប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ២០១១ នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បាន​សម្រេច​ចេញ​អនុក្រឹត្យ​មួយ​ដោយ​ធ្វើ​ការ​កាត់​ដី​ទំហំ​១២,៤៤​ហិកតា ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹងកក់​របស់​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ដែល​មាន​ទំហំ​សរុប​១៣៣​ហិកតា ទៅ​ឲ្យ​ក្រុម​អ្នក​ភូមិ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង។ ក្រោយ​មក​សាលា​ក្រុង​ភ្នំពេញ បាន​ធ្វើ​ការ​កោះ​ហៅ​ក្រុម​អ្នក​ភូមិ​ដើម្បី​ធ្វើ​ការ​ណែនាំ​ពី​ការ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ភូមិ​១ នៃ​តំបន់​បឹងកក់ មិន​ត្រូវ​បាន​គេ​ហៅ​ឲ្យ​ចូល​រួម​ទេ ដោយ​សាលាក្រុង​អះអាង​ថា ពួក​គេ​មិន​ស្ថិត​នៅ​ក្នុង​ប្លង់​នៃ​គម្រោង​ដែល​ត្រូវ​ផ្តល់​ឲ្យ៕