បណ្ណសារ | ខែកញ្ញា 5, 2011

WikiLeaks៖ វៀតណាម​និយាយ​រឿង​លោក ហ៊ុន សែន ប្រាប់​អាមេរិក

ដោយ ហាស់ សាន
2011-09-05
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

ក្រុម​សកម្ម​ជន​បំបែក​ការ​សម្ងាត់​របស់​រដ្ឋាភិបាល ហៅ​ថា WikiLeaks បាន​ទម្លាយ​រឿង​សម្ងាត់​មួយ​នៅ​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១១ នេះ អំពី​ជំនួប​រវាង​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិកាំង និង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់។

AFTP: Chinese Vice President Xi Jinping toasts champagne with Cambodian Prime Minister Hun Sen during a signing ceremony at the Council of Ministers in Phnom Penh on December 21, 2009. China and Cambodia were to sign agreements on economic aid during the visit by Chinese Vice President Xi Jinping after

AFTP: Chinese Vice President Xi Jinping toasts champagne with Cambodian Prime Minister Hun Sen during a signing ceremony at the Council of Ministers in Phnom Penh on December 21, 2009. China and Cambodia were to sign agreements on economic aid during the visit by Chinese Vice President Xi Jinping after

ជំនួប​នេះ​អម​ដោយ​មន្ត្រី​ទូត​វៀតណាម​នាទី​ក្រុង​ហាណូយ នៅ​ថ្ងៃ​១៣ មករា ឆ្នាំ​២០០៦ ដោយ​លើក​យក​បញ្ហា​នយោបាយ យុទ្ធ​សាស្ត្រ សន្តិសុខ និង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ទៅ​ពិភាក្សា​គ្នា​ក្រៅ​ផ្លូវ​ការ។ ប្រទេស​ដែល​អាមេរិកាំង និង​វៀតណាម​លើក​ទៅ​និយាយ​គ្នា មាន​ភូមា កម្ពុជា ឡាវ និង​ចិន។ តើ ស.រ.អា និង​វៀតណាម មើល​ឃើញ ហើយ​យល់​អំពី​កម្ពុជា និង​មេ​ដឹក​នាំ​ខ្មែរ​របៀប​ណា? ពី​រដ្ឋធានី​វ៉ាស៊ីនតោន លោក ហាស់ សាន សូម​ជូន​របាយការណ៍​សង្ខេប​មួយ​ទាក់​ទង​នឹង​ការ​វាយ​តម្លៃ​ចេញ​ពី​ប្រភព​ការ​ទូត​នោះ៖

ជំនួប​មួយ​ជា​មិត្តភាព រវាង​មន្ត្រី​រដ្ឋាភិបាល​អាមេរិកាំង និង​រដ្ឋាភិបាល​វៀតណាម នា​ឱកាស​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ ឯ​និវេសនដ្ឋាន​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិកាំង នៅ​ក្រុង​ហាណូយ កាល​ពី​ជាង​៥​ឆ្នាំ​មុន ស​ឲ្យ​ឃើញ​ខ្លះៗ អំពី​វិធានការ​យុទ្ធ​សាស្ត្រ​វៀតណាម ហើយ​និង​ទស្សនៈ ព្រមទាំង​ជំហរ​នយោបាយ​អាមេរិកាំង​មក​លើ​កម្ពុជា និង​មេ​ដឹក​នាំ​រាជ​រដ្ឋាភិបាល។ វៀតណាម​និយាយ​ផ្ដាំ​ផ្ញើ​ទៅ​កាន់ ស.រ.អា ឲ្យ​ជួយ​ទ្រទ្រង់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន របៀប​ប្រុង​ប្រយ័ត្ន ព្រោះ​ថា​លោក ហ៊ុន សែន មិន​មែន​ធ្វើ​តាម​វៀតណាម​ទាំង​ស្រុង​នោះ​ទេ។ ចំណែក ស.រ.អា នៅ​មាន​ការ​មន្ទិល​សង្ស័យ មិន​ទាន់​អស់​ចិត្ត​នឹង​អំពើ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ឡើយ។

កិច្ច​ពិភាក្សា​មុន​សម័យ​បោះ​ឆ្នោត​ឆ្នាំ​២០០៨ នោះ មាន​ជំនួយ​ការ​រដ្ឋ​មន្ត្រី​ការ​បរទេស Christopher R. Hill អម​ដោយ​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិកាំង ទីប្រឹក្សា​នយោបាយ​ពីរ​រូប និង​ជំនួយ​ការ​មួយ​រូប។ ភាគី​វៀតណាម មាន​ជំនួយ​ការ​រដ្ឋ​មន្ត្រី​ការ​បរទេស​ផ្នែក​កិច្ច​ការ​អាមេរិក លោក ង្វៀង ឌឹក​ហ៊ុង (Nguyen Duc Hung) ជំនួយ​ការ​រដ្ឋ​មន្ត្រី​ការ​បរទេស ផ្នែក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍ លោក ដោ ង៉ុក​សឺង (Do Ngoc Son) និង​អតីត​ឯក​អគ្គ​រដ្ឋ​ទូត​វៀតណាម ទ្រិញ គ្វាង​ថាញ់ (Trinh Quang Thanh) ដែល​ជា​អគ្គ​នាយក​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ។

មន្ត្រី​វៀតណាម​ទាំង ៣​រូប បាន​សំដែង​ក្ដី​បារម្ភ​ចំពោះ​ឥទ្ធិពល​ចិន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ជា​ពិសេស​នៅ​ភូមា កម្ពុជា និង ឡាវ ហើយ​ចង់​ឲ្យ ស.រ.អា ចូល​ខ្លួន​មក​តំបន់​នេះ ឲ្យ​ឃើញ​វត្តមាន​ច្បាស់​ប្រាកដ​ជាង​មុនៗ។ មន្ត្រី​វៀតណាម​ថា លោក ហ៊ុន សែន នឹង​មិន​មាន​សកម្ម​ភាព​នយោបាយ​ទៅ​បាន​វែង​ឆ្ងាយ​ទេ ព្រោះ​រវល់​តែ​ប្រឹង​ប្រែង​ធានា​ឲ្យ​មាន​ការ​គាំទ្រ​សម្រាប់​ពេល​បោះ​ឆ្នោត​ប៉ុណ្ណោះ។ វៀតណាម​បារម្ភ​នឹង​ចិន​ជួល​ដី ៤​ម៉ឺន​ហិកតារ​សម្រាប់​ពេល ៩៩​ឆ្នាំ​នៅ​ភាគ​ឦសាន ដែល​ជាប់​នឹង​ព្រំ​ប្រទល់​តំបន់​ខ្ពង់​រាប​ខេត្ត​វៀតណាម។ លោក ដោ ង៉ុក​សឺង ថ្លែង​ថា វៀតណាម​ព្រួយ​ក្រែង​ប្រជា​ពល​រដ្ឋ​រស់​នៅ​តាម​តំបន់​ព្រំដែន ត្រូវ​រុះរើ​លំនៅឋាន ព្រោះ​តែ​គម្រោង​វិនិយោគ​ចិន​ខាង​រ៉ែ​បុកស៊ីដ​នោះ។ លោក​ថា រឿង​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ត្រូវ​បក្ស​ជំទាស់​យក​ធ្វើ​ជា​រឿង​អន្តរ​ជាតិ ឲ្យ​មាន​ភាព​ល្អក់​កករ​ជា​មួយ​អ្នក​ជិត​ខាង​ដូច​គ្នា ប៉ុន្តែ​វៀតណាម​មិន​ច្រឡោត​ទេ។ វៀតណាម​ដើរ​តាម​មាគ៌ា​ច្បាប់​អន្តរ​ជាតិ និង​កិច្ច​ព្រមព្រៀង​នានា​ពី​អតីត​កាល ហើយ​ធ្វើ​បែប​ណា​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​តាម​ជាយ​ដែន​មាន​ជំនឿ​មុត​មាំ តាម​រយៈ​ការ​ជួយ​ផ្ដល់​មន្ទីរ​ពេទ្យ និង​សាលា​រៀន​ជា​ដើម។ លោក ដោ ង៉ុក​សឺង ថ្លែង​ថា លោក ហ៊ុន សែន មាន​បញ្ញា​វាងវៃ​ណាស់ ហើយ​ស្ដាប់​វៀតណាម​តែ​ល្គឹក​ណា​ធ្វើ​អ្វី​ទៅ​ងាយ​ស្រួល និង​បាន​ផល​ដល់​រូប​លោក​តែ​ប៉ុណ្ណោះ ហើយ​ថា លោក ហ៊ុន សែន មាន​សមត្ថភាព​ពូកែ​បំភ័ន្ត​ភ្នែក​អ្នក​ជិត​ខាង​របស់​លោក ព្រម​ទាំង​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​នេះ។ លោក​ថា វៀតណាម​មិន​ជ្រៀត​ជ្រែក​ស្រុក​ខ្មែរ​ទេ គឺ​គ្រាន់​តែ​ប្រើ​ឥទ្ធិពល​ឲ្យ​មាន​ការ​កែ​លំអ រីក​ចំរើន​នៅ​ភ្នំពេញ​ប៉ុណ្ណោះ។

មន្រ្តី​វៀតណាម​បញ្ជាក់​ថា ថៃ និង​វៀតណាម មាន​ផល​ប្រយោជន៍​ជួន​គ្នា​ក្នុង​តំបន់​នេះ ហើយ​ថា ថៃ​មិន​សូវ​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​ខ្មែរ​ប៉ុន្មាន​ទេ។ វៀតណាម​ចាត់​ទុក​សំឡេង​ជំទាស់​ប្រឆាំង​នឹង​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន ថា​ជា​ការ​បំផុស​ស្មារតី​ជាតិ​និយម ដែល​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ជិត​ខាង និង​សម្ព័ន្ធ​ភាព​រវាង​បក្ស​ប្រជា​ជន និង​បក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច។

ចំពោះ​ចំណាប់​អារម្មណ៍​របស់​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​ទាំង​នោះ ដែល​ថ្លែង​ជម្រាប​មន្ត្រី​អាមេរិកាំង​អំពី​បញ្ហា​នៅ​ប្រទេស​កម្ពុជា លោក Christopher R. Hill មាន​ទស្សនៈ​បែប​នេះ​ឆ្លើយ​តប​ទៅ​វិញ បញ្ហា​របស់​លោក ហ៊ុន សែន គឺ​ថា​លោក​ដូច​ជា​មិន​អាច​ការ​ពារ​របៀប​គ្រប់គ្រង​របស់​លោក​បាន​នៅ​ចំពោះ​វេទិកា​សាធារណៈ ហើយ​ផ្ទុយ​ទៅ​វិញ ប្រើ​វិធី​ក្ដៅ​ប្រឆាំង​នឹង​អ្នក​រិះគន់​លោក។ លោក Christopher R. Hill បន្ត​ថា អំពើ​របស់​លោក ហ៊ុន សែន នៅ​កម្ពុជា ក្លាយ​ជា​បញ្ហា​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​មិន​កោត​សរសើរ ហើយ​ដែល​អាច​ក្លាយ​ជា​ស្ថាន​ភាព​មួយ​ឯ​កោ​តែ​ឯង មិន​ខុស​ពី​ភូមា​នោះ​ទេ។ ត្រង់​ចំណុច​នេះ លោក ដោ ង៉ុក​សឺង ប្រមើល​ឃើញ​ថា លោក ហ៊ុន សែន នឹង​មិន​បណ្ដោយ​ឲ្យ​វែង​ឆ្ងាយ​ពេក​នោះ​ទេ ព្រោះ​លោក​ជា​មនុស្ស​ស្គាល់​ការ​ពិត​ជាក់​ស្ដែង និង​មាន​វិចារណញ្ញាណ​គិត​គូ​ដ៏​សម​រម្យ៕

ព្រះរាជក្រឹត្យ​បង្គាប់​ឲ្យ​ ហ៊ុន សែន និង​មន្រ្តី​១០​រូប​ទៀត​ចូល​និវត្តន៍

ច័ន្ទ 05 កញ្ញា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

ព្រះរាជក្រឹត្យ​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា បាន​បង្គាប់​ឲ្យ​មន្រ្តី​ថ្នាក់​កំពូលៗ​ចំនួន​១១​រូប​នៅ​ក្រសួង​មហាផ្ទៃ និង​គណៈរដ្ឋមន្រ្តី ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ផង ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្រប​ខណ្ឌ​មុខងារ​សាធារណៈ​ចាប់​តាំង​ពី​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០១១ ប៉ុន្តែ​រក្សា​តួនាទី​នយោបាយ​នៅ​ដដែល។

លោក ហ៊ុន សែន, លោក សុខ អាន និងលោក វ៉ា គឹមហុង សុទ្ធសឹងតែត្រូវបាន ព្រះរាជក្រឹត្យដាក់ឲ្យចូលនិវត្តន៍

លោក ហ៊ុន សែន, លោក សុខ អាន និងលោក វ៉ា គឹមហុង សុទ្ធសឹងតែត្រូវបាន ព្រះរាជក្រឹត្យដាក់ឲ្យចូលនិវត្តន៍

ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១១ បាន​បង្គាប់​ឲ្យ​មន្រ្តី​រដ្ឋបាល​ជាន់​ខ្ពស់​ចំនួន​១១​រូប ដែល​រួម​មាន​លោក ហ៊ុន សែន មន្រ្តី​គ្រប់គ្រង​រដ្ឋបាល, លោក ស ខេង មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ, លោក សុខ អាន, លោក សាយ ឈុំ, លោក ប៊ិន ឈិន, លោក ញឹម វណ្ណដា, លោក វ៉ា គឹមហុង, លោក អៀង មូលី, លោក មិន ឃិន, លោកជំទាវ សោម គឹម សួគ៌ និង​លោក អង្គវង្ស វឌ្ឍានា ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្រប​ខណ្ឌ​មុខងារ​សាធារណៈ​ចាប់​ពី​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០១១ ដោយ​រក្សា​មុខ​តំណែង​នយោបាយ​ឲ្យ​នៅ​ដដែល រហូត​មាន​ការ​សម្រេច​ជា​ថ្មី​ពី​រាជ​រដ្ឋាភិបាល។

តាម​ច្បាប់​ស្តីពី​សហ​លក្ខន្តិកៈ​មន្រ្តី​រាជការ​ស៊ីវិល បាន​កំណត់​ឲ្យ​មន្រ្តី​រាជការ​ទាំង​ពីរ​ភេទ ចូល​និវត្តន៍​នៅ​ពេល​ដល់​អាយុ​៥៥​ឆ្នាំ និង​កម្មករ​អាយុ​៥០​ឆ្នាំ។ ដោយ​មាត្រា​ទី​៥៤​បាន​ចែង​ថា អ្នករាជការ​ទាំង​ពីរ​ភេទ ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​ជា​កំហិត​នៅ​ពេល​ដល់​អាយុ​៥៥​ឆ្នាំ។

លោក សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​ធ្វើ​ការ​ពន្យល់​ថា គ្រប់​មន្ត្រី​មុខងារ​សាធារណៈ ត្រូវ​តែ​ចូល​និវត្តន៍ ហើយ​ឈប់​ពី​តំណែង​នៅ​ពេល​ដែល​គ្រប់​អាយុ​ចូល​និវត្តន៍ ប៉ុន្តែ​អ្នក​នយោបាយ​គឺ​មិន​មាន​ប៉ះពាល់​នោះ​ទេ គេ​អាច​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បាន៕

ជន​កម្ពុជា​ដែល​ចោទជា​ចារកម្ម​ត្រូវ​តុលាការ​ថៃ​បើក​សវនាការ​នៅ​ថ្ងៃ​នេះ

អង្គារ 06 កញ្ញា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​នេះ តុលាការ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ បាន​បើក​សវនាការ​បន្ត​លើ​សំណុំ​រឿង​បុរស​កម្ពុជា​ម្នាក់​ឈ្មោះ អ៊ឹង គឹមថៃ ដែល​ត្រូវ​ចោទ​ជា​ចារកម្ម ក្រោយ​សវនាការ​លើក​ទី១​​កាល​ពី​ថ្ងៃទី១៥ ខែ​សីហា បាន​ពន្យារ​ពេល។

(រូបកណ្តាលពាក់អាវផ្ទៃមេឃ) លោក អ៊ឹង គឹមថៃ ដែលត្រូវថៃ ចោទថា ជាចារកម្ម

(រូបកណ្តាលពាក់អាវផ្ទៃមេឃ) លោក អ៊ឹង គឹមថៃ ដែលត្រូវថៃ ចោទថា ជាចារកម្ម

អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស៊ីសាកេត​បាន​និយាយ​ថា សវនាការ​នៅ​ព្រឹក​នេះ ខាង​ជន​កម្ពុជា​មាន​ការ​ចូល​រួម​ពី​មេធាវី​ចំនួន​៤រូប និង​មន្រ្តី​អគ្គកុង​ស៊ុល​កម្ពុជា​ចំនួន​២រូប​ផង​ដែរ។

លោក អ៊ឹង គឹមថៃ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​រួម​ជាមួយ​ជនជាតិ​ថៃ​ម្នាក់ និង​យួន​ម្នាក់​នៅ​ជិត​ព្រំដែន​កម្ពុជា-ថៃ​កាល​ពី​ថ្ងៃទី០៧ ខែ​មិថុនា ឆ្នាំ​២០១១ ក្រោម​បទ​ចោទ​ថា​ បាន​ប្រើ​ប្រាស់​គ្រឿង​ញៀន និង​ចូល​តំបន់​យោធា​ថៃ​ដោយ​មាន​ផែនទី។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​​បាន​ថ្លែង​ថា អាជ្ញាធរ​ថៃ ត្រូវ​តែ​ដោះ​លែង​លោក អ៊ឹង គឹមថៃ ជា​បន្ទាន់ ព្រោះ​បុរស​កម្ពុជា​ម្នាក់​នេះ មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ថៃ​ឡើយ។ ដោយ​លោក​បាន​ចាត់​ទុក​ភស្តុតាង​ទាំង​ប៉ុន្មាន គឺ​ជា​ការ​ប្រឌិត​របស់​អាជ្ញាធរ​ថៃ​តែ​ប៉ុណ្ណោះ ព្រោះ​ថា លោក អ៊ឹង គឹមថៃ ចូល​ទឹកដី​​ថៃ​ដោយ​ស្រប​ច្បាប់ និង​ក្នុង​នាម​ជា​អ្ន​ក​ជំនួញ​ប៉ុណ្ណោះ៕

តុលាការ​ថៃ បន្ត​បើកសវនាការ​រឿង​ចារកម្ម លើ​ករណី​ជនកម្ពុជា នៅ​ម៉ោង ១០ ព្រឹក​ថ្ងៃ​ទី​៦​កញ្ញា

ដោយ : រតនា
ថ្ងៃទី 6 កញ្ញា 2011
CEN

ភ្នំពេញ: នៅ​ព្រឹក​ម៉ោង ១០ ថ្ងៃទី​៦​កញ្ញា ឆ្នាំ​២០១១ តុលាការ​ថៃ​ប្រចាំ​ខេត្ត​ស៊ីសាកេត បាន​បន្ត​បើកសវនាការ សួរដេញដោល​ជា​លើក​ទី​៣ លើ​ពលរដ្ឋ​កម្ពុជា​ម្នាក់ ដែល​ជាប់ចោទ​ពី​បទ​ចារ​កម្ម នៅក្នុង​ទឹកដី​ថៃ​។ ​តុលាការ​ថៃ បើក​សវនាការ​ជា​បន្ត​បន្ទាប់ ពីរ​លើក​រួចមកហើយ ក្រោយ​ពី​អាជ្ញាធរ​ថៃ បាន​ចាប់ខ្លួន​បុរស​កម្ពុជា កាលពី​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១១​។​

​លោក នេ​ត សេរី អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ បាន​ថ្លែងថា សវនាការ​លើ​បុរស​ជាប់ចោទ​កម្ពុជា លោក អ៊ឹង គឹម​ថៃ នា​ម៉ោង​១០​ព្រឹក​នេះ មាន​មេធាវី​ថៃ ៤ រូប និង​មន្ត្រី​អគ្គ​កុងស៊ុល​កម្ពុជា ២​រូប ចូលរួម​ក្នុង​សវនាការ​នោះ​។​

​លោក​សង្ឃឹមថា លោក អ៊ឹង គឹម​ថៃ នឹង​ទទួលបាន​យុត្តិធម៌ ព្រោះ​អាជ្ញាធរ​ថៃ គ្មាន​ភស្តុតាង​ដាក់បន្ទុក​គ្រប់គ្រាន់​លើ​បទ​ចោទប្រកាន់​បុរស​កម្ពុជា​នោះ​ទេ​។ ម្យ៉ាងទៀត ក្នុង​សវនាការ​លើក​មុន លោក អ៊ឹង​គឹម​ថៃ ក៏​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ថៃ តទល់​ក្នុង​សវនាការ ព្រោះ​រាល់​ភស្ថុតាង​ដែល​ដាក់បន្ទុ​កលើ​រូបគាត់ ក្នុង​រឿង​ចារ​កម្ម និង​ប្រើប្រាស់​គ្រឿងញៀន គឺ​សុទ្ធតែ​ត្រូវ​អាជ្ញាធរ​ថៃ ប្រឌិត​ឡើង​ទាំងអស់​។​

​បុរស​កម្ពុជា ឈ្មោះ អ៊ឹង គឹម​ថៃ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១១ ជាមួយនឹង​ពលរដ្ឋ​ថៃ​កាត់​មូស្លីម​ម្នាក់ និង​ពលរដ្ឋ​វៀតណាម​ម្នាក់​ទៀត​។ ក្នុង​សវនាការ​លើក​ទី​២ កាលពី​ថ្ងៃ​ទី​១៥​សីហា ឆ្នាំ​២០១១ តុលាការ​ថៃ បាន​ចោទប្រកាន់​លោក អ៊ឹង គឹម​ថៃ ពី​បទ​ប្រើប្រាស់​គ្រឿងញៀន និង​ចូល​តំបន់​យោធា​របស់​ថៃ ដោយ​មាន​ផែនទី ( បទ​ចារកម្ម )​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​។​

​តាម​មន្ត្រី​ការទូត​កម្ពុជា មេធាវី ៤ រូប និង​លោក អ៊ឹង គឹម​ថៃ នៅក្នុង​សវនាការ​ព្រឹក​មិញ បាន​ច្រានចោល​ការចោទប្រកាន់ និង​ចាត់ទុកថា រាល់​ភស្តុតាង​ទាំង​ប៉ុន្មាន គឺជា​ការ​ប្រឌិត​របស់​អាជ្ញាធរ​ថៃ​ប៉ុណ្ណោះ ព្រោះថា លោក​អ៊ឹង គឹម​ថៃ ចូល​ទឹកដី​ថៃ ដោយ​ស្របច្បាប់ និង​ក្នុងនាម​ជា​អ្នកជំនួញ​ប៉ុណ្ណោះ​។​

​លោក កុយ គួង បានបញ្ជាក់ ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ថៃ ដោះលែង​លោក អ៊ឹង គឹម​ថៃ ជាបន្ទាន់ ព្រោះថា បុរស​អាយុ ៤៦ ឆ្នាំ លោក អ៊ឹង គឹម​ថៃ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១១ នៅ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ស៊ីសាកេត មិន​បាន​ប្រព្រឹត្តិ​ដូច​ការចោទប្រកាន់​របស់​អាជ្ញាធរ​ថៃឡើយ​។​

​លោក អ៊ឹង គឹម​ថៃ ដែល​មាន​ស្រុកកំណើត​នៅ​ស្រុក​លើកដែក ខេត្ត​កណ្តាល ត្រូវបាន​អាជ្ញាធរ​ថៃ​ចោទប្រកាន់​ពី​បទ​ចារកម្ម ចូល​ទៅ​យក​ការណ៍​ឲ្យ​កងទ័ព​កម្ពុជា បើទោះបីជា​បុរស​កម្ពុជា លោក អ៊ឹង គឹម​ថៃ មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ​៕​

បក្ស​សិទ្ធិ​មនុស្ស​ព្រមាន​ធ្វើ​បាតុកម្ម​បើ​ការ​ចាប់​ខ្លួន​សកម្មជន​នៅ​តែ​បន្ត

អង្គារ 06 កញ្ញា 2011
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

បក្ស​សិទ្ធិ​មនុស្ស​ដែល​ជា​គណបក្ស​ប្រឆាំង​លំដាប់​ទី​ពីរ នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន ព្រមាន​ធ្វើ​បាតុកម្ម​បន្ទាប់​ពី​សកម្មជន​របស់​ខ្លួន​ពីរ​រូប​នៅ​ខេត្ត​កំពង់​ចាម​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ក្រោយ​មក​ត្រូវ​បាន​ចោទ​ប្រកាន់​​ដោយ​តុលាការ​ខេត្ត​នេះ ពី​បទ​ញុះញង់​និង​បង្ក​ឲ្យ​មាន​ការ​រើស​អើង​ពូជសាសន៍ ហើយ​បាន​ព្យាយាម​ចាប់​សកម្មជន​ម្នាក់​ទៀត ក្នុង​បទ​ដដែល​នេះ ។

លោក ប៉ុល ហំម អ្នកនាំពាក្យបក្សសិទ្ធិមនុស្ស

លោក ប៉ុល ហំម អ្នកនាំពាក្យបក្សសិទ្ធិមនុស្ស

លោក ប៉ុល ហំម អ្នក​នាំ​ពាក្យ​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា ” ខ្ញុំ​បាន​ទទួល​ដំណឹង​ថា តុលាការ​នេះ ក៏​មាន​គម្រោង​ចេញ​ដី​ការ​ចាប់​ខ្លួន​លោក សេង សៀងលី ដែល​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​នេះ ដែរ ។ ប្រសិន​បើ​សមាជិក​គណបក្ស​បន្ថែម​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នោះ គណបក្ស​សិទ្ធិមនុស្ស​ទំនង​ជា នឹង​ធ្វើ​បាតុកម្ម​តវ៉ា​តែ​ម្ដង។ គណបក្ស​សិទ្ធិ​មនុស្ស​នឹង​មិន​នៅ​ស្ងៀម​ទេ ” ។

លោក ផន ផា អាយុ ៦៦ឆ្នាំ និង​លោក ភូមិ យាន អាយុ ៧១ឆ្នាំ ដែល​អ្នក​ទាំង​ពីរ​ជា​សកម្មជន គណបក្ស​សិទ្ធិ​មនុស្ស​ប្រចាំ​ ឃុំ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ភូមិ ទន្លេ​បិទ ស្រុក ត្បូងឃ្មុំ ខណៈ​ដែល​ពួក​គេ​បាន​ចែក​សារ ដែល​ត្រូវ​បាន​អះអាង​ថា ជា​គោល​ការ​​របស់​គណបក្ស​ស្ដី​ពី​មហិច្ឆតា​ឈ្លាន​ពាន​ទឹក​ដី​ដោយ​យួន​ និង ការ​ធ្វើ​សម្បទាន​ដី​រយៈ​ពេល​៩៩​ឆ្នាំ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​បរទេស ។ គណបក្ស​សិទ្ធិ​មនុស្ស​នៅ​ពេល​នេះ កំពង់​ខ្នះខ្នែង​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​របស់​ខ្លួន​៕

សម្ភាស លោក កឹម សុខា អំពី​បញ្ហា​រិះគន់​ប្រទេស​វៀតណាម

2011-09-05
​វិទ្យុ​អាស៊ីសេរី

៣០-កក្កដា-២០១១៖ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ការ​បើក​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​២ នៅ​ទីស្នាក់ការ​គណបក្ស នា​រាជធានី​ភ្នំពេញ។ (RFA/Den Ayuthyea)

៣០-កក្កដា-២០១១៖ ប្រធាន គណបក្ស សិទ្ធិ មនុស្ស លោក កឹម សុខា ថ្លែង នៅ ក្នុង ការ បើក សន្និបាត ក្រុមប្រឹក្សា ជាតិ លើក ទី ២ នៅ ទីស្នាក់ការ គណបក្ស នា រាជធានី ភ្នំពេញ។ (RFA/Den Ayuthyea)

បញ្ហា​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង​កម្ពុជា គឺ​ជា​រឿង​ដ៏​រសើប​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា។ ជា​ពិសេស​បញ្ហា​ព្រំដែន​ជា​មួយ​ប្រទេស​វៀតណាម។

កន្លង​មក​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​កិច្ច​ព្រមព្រៀង​ព្រំដែន ​​ជា​មួយ​ប្រទេស​វៀតណាម ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ។

ថ្មីៗ​នេះ សកម្ម​ជន​ពីរ​រូប​របស់​គណ​បក្ស​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ចាប់​ខ្លួន ដាក់​ពន្ធនាគារ​ខេត្ត​កំពង់ចាម ដោយ​ជាប់​ចោទថា បាន​ចែក​ខិត្តប័ណ្ណ​​ញុះញង់​ឱ្យ​មាន​ចលាចល បន្ទាប់​ពី​ចូល​រួម​សិក្ខាសាលា​បក្ស និង​សិក្សា​ប្រវត្តិ​សាស្ត្រ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា។

ត​ទៅ​នេះ សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាសន៍​របស់​លោក ជី វិតា ជា​មួយ​ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា ស្ដីពី​ផែនការ​ជួយ​សកម្ម​ជន​របស់​លោក៖

ស្តាប់សំឡេង

———————————————————

ជីវប្រវត្តិ​របស់​អតីត​ជន​រងគ្រោះ​ខ្មែរ​ក្រហម​ វ៉ាន់ ណាត

ថ្ងៃច័ន្ទ, 05 ខែកញ្ញា 2011
ដោយ គង់ សុឋានរិទ្ធ
វីអូអេ ខ្មែរ | ភ្នំពេញ

ស្តាប់ព័ត៌មាន៖ រាយការណ៍ដោយ គង់ សុឋានរិទ្ធ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១១
MP3 | Windows Media

ឆ្លងកាត់​កុមារភាព​ពី​គ្រួសារ​ដ៏​ទុគ៌ត​មួយ​ក្នុង​ខេត្ត​បាត់ដំបង​ លោក​ វ៉ាន់​ ណាត​ បាន​កសាង​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញ​ និង​រួច​ផុត​ពី​ការ​កាប់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ក្នុង​របប​ខ្មែរ​ក្រហម​ដោយសារ​តែ​ចុង​ជក់​ផាត់​ពណ៌​លើ​ផ្ទាំង​ក្រណាត់។​ ក៏​ប៉ុន្ដែ​ នៅ​ថ្ងៃ​នេះ​គាត់​មិន​អាច​បន្ត​ស្នា​ដៃ​វិចិត្រកម្ម​ និង​រួម​វិភាគទាន​ដល់​ការ​កាត់​ទោស​ពួក​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​ត​ទៅ​ទៀត​បាន​ទេ។​ គាត់​បាន​លា​ចាក​លោក​នេះ​ទៅ​ក្នុង​ជន្មាយុ​អាយុ​៦៦។ មរណភាព​វ័យក្មេង​បាន​ធ្វើ​ឲ្យ​លោក​ខក​ខាន​ស្ដាប់​សាលដីកា​ចុង​ក្រោយ​ពី​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ក្នុង​សំណុំរឿង​កាំង ​ហ្គេកអ៊ាវ​ ហៅ​ឌុច។

លោក ​វ៉ាន់​ ណាត​ គឺ​ជា​សក្សី​ដ៏​មាន​សារៈសំខាន់​មួយ​រូប​ក្នុង​សំណុំរឿង​០០១​ដែល​បាន​ជួយ​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​អតីត​ជនដៃ​ដល់​របស់​ខ្លួន​គឺ​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣៥​ឆ្នាំ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​ ២០១០។​ ក៏​ប៉ុន្ដែ​ការ​សម្រេច​ទោស​ដោយ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ពេល​នោះ​បាន​កាត់​បន្ថយ​នៅ​ត្រឹម​ទោស​ជាប់​ពន្ធនាគារ​ចំនួន​១៩​ ឆ្នាំ​វិញ​ដោយ​ហេតុ​ថា​ឌុច​ បាន​សហការ​ជា​មួយ​សាលាក្ដី​ខ្មែរ​ក្រហម​ ហើយ​រូប​គាត់​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ដោយ​ខុស​ច្បាប់​ដោយ​រដ្ឋាភិបាល​កម្ពុជា។

ការ​បន្ធូរ​បន្ថយ​ទោស​អស់​ចំនួន​១៦​ ឆ្នាំ​នេះ​ធ្វើ​ឲ្យ​អតីត​អ្នក​ទោស​គុក​ទួលស្លែង​ផ្សេងទៀត​មិន​សប្បាយ​ចិត្ត​ ហើយ​សហព្រះរាជ​អាជ្ញា​ទាំង​ពីរ​ក៏​បាន​ប្ដឹង​ជំទាស់​ហើយ​ទាមទារ​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​ច្រើន​ជាង​នេះ។​ ក៏ប៉ុន្ដែ ​លោក ​វ៉ាន់ ​ណាត ​ដែល​តែង​តែ​បង្ហាញ​នូវ​ភាព​ហេវហត់​ អស់​កម្លាំង​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​យក​ព័ត៌មាន​ហាក់​មាន​អារម្មណ៍​សង្រួម​ចិត្ត ហើយ​ទទួល​យក​ការ​ផ្ដន្ទាទោស​នោះ​ បន្ទាប់​ពី​គាត់​ប្រកាស​ជា​ហូរហែ​ថា​ គាត់​រង់​ចាំ​យុត្តិធម៌​អស់​រយៈពេល​៣០​ឆ្នាំ​មក​ហើយ។ លោក ​វ៉ាន់ ​ណាត ​ធ្លាប់​មាន​ប្រសាសន៍​ក្នុង​បទសម្ភាស​ជា​មួយ​នឹង​វីអូអេ​ខ្មែរ​យ៉ាង​ដូច្នេះ​ថា៖

«គាត់​អាយុ ​៦៨​– ​៦៩ ​ឆ្នាំ​ហើយៗ​ថែម​១៩​ឆ្នាំ​ទៀត​ ខ្ញុំ​មិន​ដឹង​ថា​ គាត់​ទទួល​បាន​ឬ​យ៉ាង​ណា។ ខ្ញុំ​ថា​ ខ្ញុំ​សុខ​ចិត្ត​យក​ប៉ុណ្ណឹង​ ខ្ញុំ​សប្បាយ​ចិត្ត​ ហើយ​ខ្ញុំ​ធូរ​អារម្មណ៍»។

លោក​ វ៉ាន់​ ណាត ​ធំ​ដឹង​ក្ដី​ក្នុង​ខេត្ត​បាត់ដំបង។ ​ក្នុង​គ្រួសារ​ដែល​ជួប​ការ​បែក​បាក់​ឪពុក​ម្ដាយ ​លោក​វ៉ាន់​ ណាត​ បាន​ចាប់​ចិត្ដ​នឹង​វិជ្ជា​គូរ​គំនូរ​នៅ​ពេល​ដែល​គាត់​អាយុ​បាន​ជាង​ដប់​ឆ្នាំ។ ​គាត់​បាន​រៀន​វិជ្ជា​នេះ​នៅ​ក្នុង​សាលា​ឯកជន​មួយ​ក្នុង​ខេត្ត​នេះ។​ ទី​បំផុត វិជ្ជា​ដែល​លោក​ចូល​ចិត្ត​បំផុត​នេះ​ហើយ​ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​របស់​លោក​ពី​ក្រញ៉ាំ​ពេជឃាត​ក្នុង​គុក​ទួល​ស្លែង។

លោក ​វ៉ាន់ ណាត ដែល​មាន​កូន​ចំនួន​បី​នាក់​ គឺ​ស្រី​ពីរ​ប្រុស​មួយ ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ ​ឆ្នាំ​ ១៩៧៧​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ក្រោម​ការ​ចោទ​ថា​ជា​ខ្មាំង​របស់​អង្គការ។​ លោក​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​វត្ត​មួយ​ឈ្មោះ​ថា​ វត្ត​កណ្ដាល​មុន​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គុក​ទួល​ស្លែង មួយ​សប្ដាហ៍​ក្រោយ​មក។ ​គុក​ទួលស្លែង​មាន​​អ្នក​ទោស​ចំនួន​ជាង​១២.០០០​នាក់ ត្រូវ​បាន​ធ្វើ​ទារុណកម្ម​ និង​សម្លាប់​ចោល​ដោយ​គ្មាន​ការ​ជំនុំ​ជម្រះ​ទោស។​ ឌុច ​បាន​ឡើង​ធ្វើ​ប្រធាន​គុក​ដ៏​ទារុណកម្ម​នេះ​ក្នុង​ឆ្នាំ​១៩៧៦​រហូត​ទៅ​ដល់​ឆ្នាំ ​១៩៧៩។

នៅ​ពេល​នោះ ​ឌុច​ បាន​ដាក់​បញ្ជា​ឲ្យ​រូប​គាត់​គូរ​ចម្លង​រូប​ប៉ុល​ ពត ​មេ​ស្ថាបនិក​នៃ​របប​ខ្មែរ​ក្រហម​ពី​រូប​ថត​ ហើយ​ធ្វើ​យ៉ាង​ណា​រូប​ទាំង​ពីរ​ត្រូវ​តែ​ដូច​គ្នា​ឥត​ល្អៀង​ បើ​ពុំ​នោះ​គាត់​នឹង​ត្រូវ​គេ​សម្លាប់​ចោល។ ដោយសារ​តែ​ទេពកោសល្យ​ដ៏​ពូកែ​របស់​លោក លោក​ វ៉ាន់ ​ណាត​ បាន​គូរ​រូប​ប៉ុល​ ពត​ ដូច​នឹង​បញ្ជា​របស់​ឌុច ​ហើយ​គាត់​បាន​រួច​ផុត​ពី​ការ​យក​ទៅ​សម្លាប់។ ក្នុង​សវនាការ​កន្លង​មក​អតីត​អ្នក​ទោស​រូប​នេះ​បាន​រៀបរាប់​ពី​ការ​ទទួល​រង​ទណ្ឌកម្ម​ និង​បាន​ឮ​សម្រែក​នៃ​ការ​ធ្វើ​ទណ្ឌកម្ម​យ៉ាង​ព្រៃផ្សៃ​ដែល​លោក​ចាត់​ទុក​ថា​គឺ​ជា​អំពើ​ព្រៃផ្សៃ​ដូច​សត្វ​ធាតុ។ លោក​ វ៉ាន់​ ណាត​ បាន​ឡើង​ផ្តល់​សក្ខីកម្ម​ជា​លើក​ដំបូង​ដល់​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នៅ​ថ្ងៃ​ទី​២៩​ ខែ​មិថុនា ​ឆ្នាំ​២០០៩។​ នៅ​ពេល​នោះ​លោក​បាន​រៀបរាប់​ដោយ​សម្រក់​ទឹក​ភ្នែក​ទៀត​ផង។

«អារម្មណ៍​ពេល​ហ្នឹង ​ឥត​មាន​គិត​អី​ច្រើន (ក្រៅ)ពី​ឃ្លាន​ទេ​ គឺ​ឃ្លាន​ណាស់​ ឃ្លាន​ដល់​កំពូល​ ក្នុង​មួយ​ជីវិត​ ខ្ញុំ​មិន​ដែល​ជូប​ប្រទះ​ដំណាក់​កាល​នេះ​ទេ។​ បើ​សិន​ជា​ដាក់​អី​ឲ្យ​ បើ​គ្រាន់​ជា​សាច់មនុស្ស​ក៏​ហូប​ដែរ។ នៅ​ក្នុង​ខ្លួន​ឥត​មាន​អី​សោះ»។

ទោះ​ជា​មាន​ជំងឺ​ដែល​ទាក់ទង​នឹង​បញ្ហា​ឈាម​ដ៏​រ៉ាំរ៉ៃ ​លោក​វ៉ាន់ ​ណាត ​នៅ​តែ​បន្ដ​គូស​រូប​ដែល​ផ្តិត​យក​អនុស្សាវរីយ៍​នានា​ដែល​ដក់​ជាប់​ក្នុង​ខួរក្បាល​របស់​គាត់​ដែល​បន្សល់​ទុក​ពី​យុគ​ដ៏​ខ្មៅ​ងងឹត​ក្នុង​គុក​ទួល​ស្លែង។ រូប​ទាំង​នោះ​ត្រូវ​បាន​យក​ទៅ​ធ្វើ​ការ​តាំង​ពិព័រណ៍ និង​លក់​ជា​បន្ដបន្ទាប់​សម្រាប់​ចំណូល​ដ៏​ស្ដួច​ស្ដើង​របស់​គាត់។​ ការ​តស៊ូ​របស់​គាត់​បាន​ធ្វើ​ឲ្យ​គាត់​ទទួល​បាន​ពាន​រង្វាន់​អន្ដរជាតិ​ជា​ច្រើន​ ដូច​ជា​ពាន​រង្វាន់​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) របស់​សហរដ្ឋ​អាមេរិក​ជា​ដើម។

អតីតជន​ដៃ​ដល់​ឌុច ​បាន​សារភាព​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ ខ្លួន​សុខ​ចិត្ត​ទទួល​កំហុស ​ហើយ​សុខ​ចិត្ត​ឲ្យ​ទទួល​រង​ការ​ផ្ដន្ទាទោស។​ ក៏ប៉ុន្ដែ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​ប្រកាស​ថា​ ការ​សម្រេច​ដាក់​ទោស​ ឌុច​ ជា​ចុង​ក្រោយ​នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​មុន​ដំណាច់​ឆ្នាំ​២០១១​នេះ។

នៅ​ពេល​ដែល​សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវបាន​ដំណើរ​ការអស់​រយៈពេល​ជាង​ប្រាំ​ឆាំ្ន​ទៅ​ហើយ​នោះ​ ការ​រង់​ចាំ​ការ​កាត់​ទោស​សំណុំរឿង​បន្ថែម​នៅ​តែ​បន្ដ។​ នៅ​ក្នុង​រយៈពេល​រង់​ចាំ​នេះ មន្ដ្រី​សាលាក្ដី​ខ្មែរ​ក្រហម​មួយ​រូប​ គឺ​លោក​រាជ ​សម្បត្តិ​ អតីត​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​ផ្នែក​ភាគី​កម្ពុជា​ ហើយ​នឹង​អតីត​អ្នក​ទោស​ គុក​ទួល​ស្លែង​គឺ​លោក​ វ៉ាន់​ ណាត​ ​ បាន​ស្លាប់​បាត់បង់​ជីវិត៕

បណ្តាញទាក់ទងគ្នា
ជំងឺ​ជនរងគ្រោះ​គុក​ទួលស្លែង​នៅ​តែ​ធ្ងន់ធ្ងរ.

អតីត​អ្នក​ទោស​គុក​ទួលស្លែង ​វ៉ាន់ ណាត ទទួលមរណភាព.

ប្រតិកម្ម​ជុំវិញ​មរណភាព​របស់​លោក ​វ៉ាន់ ណាត.

ប្រតិកម្ម​ជុំវិញ​មរណភាព​របស់​លោក​ វ៉ាន់ ណាត

ថ្ងៃច័ន្ទ, 05 ខែកញ្ញា 2011
ដោយ ជន សក្តា
វីអូអេ ខ្មែរ | ភ្នំពេញ

ស្តាប់ព័ត៌មាន៖ រាយការណ៍ដោយ ជន សក្តា ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១១
MP3 | Windows Media

ក្រុម​មន្ត្រី​ការ​ទូត​ រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​មរណភាព​របស់​លោក​ វ៉ាន់ ​ណាត ដែល​ជា​អតីត​អ្នក​រស់រាន​មាន​ជីវិត​ពី​គុក​ទួល​ស្លែង​ និង​សាក្សី​ដ៏​សំខាន់​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ប្រឆាំង​នឹង​ឌុច​ ដែលជាអតីត​​មេ​គុក​ទួល​ស្លែង​របស់​ពួក​ខ្មែរ​ក្រហម។

លោក​ វ៉ាន់ ​ណាត ដែល​ជា​អតីត​អ្នក​រស់រាន​មាន​ជីវិត​ពី​គុក​ទួលស្លែង​ និង​ជា​​សាក្សី​ដ៏​សំខាន់​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ប្រឆាំង​នឹង​ឌុច​ ​ដែល​ជា​អតីត​មេ​គុក​ទួល​ស្លែង​របស់​ពួក​ខ្មែរ​ក្រហម។ (រូបថត៖ AP)

លោក វ៉ាន់ ណាត ដែល ជា អតីត អ្នក រស់រាន មាន ជីវិត ពី គុក ទួលស្លែង និង ជា សាក្សី ដ៏ សំខាន់ នៅ ក្នុង សាលាក្តី ខ្មែរ ក្រហម ប្រឆាំង នឹង ឌុច ដែល ជា អតីត មេ គុក ទួល ស្លែង របស់ ពួក ខ្មែរ ក្រហម។ (រូបថត៖ AP)

លោក ​ឡាត់​ គី​ អ្នក​ឃ្លាំ​មើល​សាលាក្តី​ខ្មែរ​ក្រហម​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ថ្លែង​ថា​ លោក​វ៉ាន់​ ណាត​ គឺ​ជា​ជន​រងគ្រោះ​ និង​សាក្សី​ដ៏​សំខាន់​ដែល​បាន​ដឹង​រឿងរ៉ាវ​នៃ​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ​របស់​ពួក​ខ្មែរ​ក្រហម។

«ការ​បាត់បង់​របស់​គាត់​នេះ​គឺ​ជា​ការ​គួរ​ឲ្យ​សោកស្តាយ​មែន​ទែន​ចំពោះ​ការ​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ ហើយ​គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​មនសិកា​ខ្ពស់​មែនទែន​ ហើយ​លះបង់​ខ្ពស់​ណាស់​នៅ​ក្នុង​កិច្ចការ​យុត្តិធម៌​ និង​នៅ​ក្នុង​ការ​ចូល​រួម​ដំណើរ​ការ​សាលាក្តី​នេះ»។

លោក ឡាត់ ​គី ​បាន​បន្ថែម​ថា​ មរណភាព​របស់​លោក ​វ៉ាន់​ ណាត​ ជា​សារ​មួយ​ជំរុញ​ឲ្យ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ចេញ​សាលដីកា​ចុងក្រោយ​នៃ​រឿងក្តី​ឌុច​ឲ្យ​បាន​ឆាប់។

«ការ​ស្លាប់​របស់​គាត់​ ខ្ញុំ​យល់​ឃើញ​ថា​ វា​ជា​សារ​មួយ​សំខាន់​សម្រាប់​សាធារណជន​ ក៏​ដូចជា​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​ក្នុង​ការ​ពន្លឿន​កិច្ចការ​នៅ​ក្នុង​ការ​ប្រកាស​សាលដីកា​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​ផង​ដែ»។

លោក​ ឆាង​ យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​ថ្លែង​ថា​ លោក ​វ៉ាន់​ ណាត​ មិន​ចង់​បាន​អ្វី​ក្រៅ​តែ​ពី​យុត្តិធម៌​ ហើយ​លោក​បាន​ចូល​រួម​ធ្វើ​ជា​សាក្សី​ប្រវត្តិសាស្ត្រ​ម្នាក់​ប្រឆាំង​នឹង​ឌុច​ ដែល​ជា​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ស​-​២១​ ប៉ុន្តែ​អកុសល​ លោក​បាន​ស្លាប់​ដោយ​មិន​ទាន់​បាន​ទទួល​យុត្តិធម៌​ពេញ​លេញ។ លោក​ ឆាង​ យុ ​បាន​បន្ត​ថា សាលាក្តី​ខ្មែរ​ក្រហម​បាន​ជជែក​ដេញ​ដោល​គ្នា​អំពី​សុខភាព​របស់​ជន​ជាប់ចោទ​ ប៉ុន្តែ​មិន​បាន​គិត​អំពី​សុខភាព​របស់​ជនរង​គ្រោះ​ និង​សាក្សី​ដូច​លោក​វ៉ាន់​ ណាត​នេះ​ទេ។

«សព្វ​ថ្ងៃ​ យើង​ខ្វល់ខ្វាយ​អំពី​សុខភាព​របស់​ជន​ត្រូវ​ចោទ ​អៀង​ ធីរិទ្ធ​ និង​ នួន​ ជា​ ប៉ុន្តែ​ឪពុក​ម្តាយ​ និង​បង​ប្អូន​យើង​ដែល​បាន​រស់​ពី​របប​ខ្មែរ​ក្រហម​ បាន​ស្លាប់​ជា​បន្ត​បន្ទាប់។ ខ្ញុំ​ថា​គាត់​ជា​និមិត្ត​រូប​នៃ​ភាព​រឹងមាំ​របស់​ជន​រងគ្រោះ។​ ដូចជា​ពូ ​វ៉ាន់​ ណាត ​ខ្មែរ​យើង​ថា ស្លាប់​ទៅ​បិទ​ភ្នែក​មិន​ជិត​ មិន​បាន​ឃើញ​យុត្តិធម៌​ពេញ​លេញ​មួយ​ដែល​ត្រូវ​បាន​ផ្តល់​ជូន​គាត់»។

លោក​ ផៃ ​ស៊ីផាន​ រដ្ឋលេខា​ធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​ថ្លែង​ថា​ ការ​បាត់បង់​វត្តមាន​របស់​លោក​អាច​ជា​ ការ​បាត់បង់​ចំណែក​ណា​មួយ​នៃ​ការងារ​តុលាការ។

«នេះ​ ជា​ដំណឹង​ដ៏​ក្រៀមក្រំ​ ហើយ​ជា​ការ​សោកស្តាយ​ដ៏​ធំ​បំផុត​ ដោយសារ​យើង​យល់​ឃើញ​ថា​ គាត់​គឺ​ជា​ សាក្សី​ភ្នែក​ស្រស់​ដែល​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ទាំង​សងខាង។​ យុត្តិធម៌​ទាំង​ជន​ជាប់​ចោទ​ និង​ទាំង​ជន​រងគ្រោះ​នៃអំពើ​ពី​របប​ប្រល័យ​ពូជ​សាសន៍។

លោក​ ស្សន ម៉ាកឃីនតុស្ស (Sean McIntosh) អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​តាម​សម្តី​ដើម​ថា៖

«យើង​មាន​ការ​សោកស្តាយ​អំពី​ដំណឹង​មរណៈភាព​របស់​លោក​ វ៉ាន់ ​ណាត​ ដែល​ជា​បុគ្គល​ដ៏​អង់អាច​ និង​ប៉ិន​ប្រសប់​ ហើយ​យើង​សូម​សម្តែង​សមានទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​របស់​លោក»។

សេចក្តី​ថ្លែងការណ៍​រួម​របស់​ស្ថានទូត​បារាំង​ និង​ជប៉ុន​ប្រចាំ​កម្ពុជា​ បានបញ្ជាក់​ថា ស្ថានទូត​បារាំង​ និង​ជប៉ុន​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ក្រៃលែង​ចំពោះ​មរណភាព​របស់​លោក​វ៉ាន់ ​ណាត​ ដែល​ជា​អ្នក​រស់រាន​ពី​មជ្ឈមណ្ឌល​ឃុំឃាំង​ស-២១​ និង​ជា​សាក្សី​ដ៏​សំខាន់​នៃ​អំពើ​ឃោរឃៅ​របស់​ពួក​ខ្មែរ​ក្រហម។

លោក​ស្រី ​គ្លែរ ដាហ្វ៊ី (Clair ​Duffy) មន្ត្រី​ឃ្លំាំ​មើល​សាលាក្តី​ខ្មែរ​ក្រហម​នៃ​អង្គការ​គំនិត​ផ្តួច​ផ្តើម​យុត្តិធម៌​សង្គម​សេរី ​(OSJI)​ បាន​ថ្លែង​ថា​ វា​ជា​រឿង​សោកសៅ​បំផុត​ចំពោះ​ មរណភាព​របស់​លោក​វ៉ាន់ ​ណាត ​ហើយ​លោក​បាន​និយាយ​អំពី​បទពិសោធន៍​ដ៏​ឈឺ​ចាប់​របស់គាត់​នៅ​គុក​ទួលស្លែង​របស់​ខ្មែរ​ក្រហម​ និង​ទាមទារ​យុត្តិធម៌​ចំពោះ​អំពើ​ឃោរឃៅ​សម្រាប់​ការ​ឈឺចាប់​របស់​លោក​ និង​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​នៅ​គុក​ទួល​ស្លែង។

«ខ្ញុំ​គិត​ថា​គ្រួសារ​របស់​លោក​វ៉ាន់ ​ណាត ​ព្រម​ទាំង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ទាំង​អស់​ និង​អ្នក​រស់រាន​មាន​ជីវិត​ដទៃ​ទៀត​ចង់​ឃើញ​សេចក្តី​សម្រេច​ចុង​ក្រោយ​ចំពោះ​ ឌុច​ ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា​ សេចក្តី​សម្រេច​អំពី​ករណី​ឌុច​ នឹង​ត្រូវ​បាន​ប្រកាស​នៅ​មុន​បំណាច់​ឆ្នាំ​២០១១​នេះ»៕

បណ្តាញទាក់ទងគ្នា
ជំងឺ​ជនរងគ្រោះ​គុក​ទួលស្លែង​នៅ​តែ​ធ្ងន់ធ្ងរ.

ជំងឺ​លោក​ វ៉ាន់ ណាត​ កាន់​តែ​ដុនដាប.

អតីត​អ្នក​ទោស​គុក​ទួលស្លែង ​វ៉ាន់ ណាត ទទួលមរណភាព.

លោក ​វ៉ាន់​ ណាត ​ស្លាប់​មុន​សាល​ដីកា​កាត់​ទោស​ឌុច​

ដោយ លាង ដឺលុច
ថ្ងៃ ចន្ទ 05 កញ្ញា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ (01:19)

អតីត​​អ្នក​ទោស​​គុក​​ទួល​ស្លែង​​លោក ​​វ៉ាន់ ណាត​ ​បាន​​ទទួល​មរណភាព​​ហើយ​​កាល​ពី​​វេលា​​ថ្ងៃ​​ត្រង់​​ថ្ងៃ​​ចន្ទ​​ទី​​៥​​ខែ​​កញ្ញា​​ នេះ។​ លោក​ ​វ៉ាន់ ណាត ​​អាយុ​​៦៦​​ឆ្នាំ​​បាន​​ស្លាប់​​ក្រោយ​​ពី​​បាន​​សន្លប់​​មិន​​ដឹង​​ខ្លួន​​អស់​​រយៈ​​ ពេល​​១០​​ថ្ងៃ​​មក​។​ លោក ​វ៉ាន់ ណាត ​​បាន​​ស្លាប់​​មុន​​ពេល​​ដែល​​តុលាការ​​កំពូល​​នៃ​​សាលា​ក្តី​​ខ្មែរ​​ក្រហម​​ត្រូវ​​ ប្រកាស​​សាល​ដីកា​​ផ្តន្ទា​ទោស​​​ឌុច​​អតីត​​ប្រធាន​​គុក​​ទួលស្លែង។

លោក​វ៉ាន់ ណាត​​បាន​ទទួល​មរណភាព​នៅ​​​ថ្ងៃ​ចន្ទ​ទី​៥​ខែ​កញ្ញា​នេះ​ក្នុង​អាយុ​៦៦​ឆ្នាំ (© AFP/Tang Chhin Sothy)

លោក វ៉ាន់ ណាត បាន ទទួល មរណភាព នៅ ថ្ងៃ ចន្ទ ទី ៥ ខែ កញ្ញា នេះ ក្នុង អាយុ ៦៦ ឆ្នាំ (© AFP/Tang Chhin Sothy)

លោក វ៉ាន់ ណាត​ បាន​ស្លាប់​ហើយ ស្លាប់​មុន​ កាំង ហ្គេចអ៊ាវ ហៅ​ឌុច អតីតប្រធាន​គុកទួលស្លែង ដែល​ជា​អ្នក​បញ្ជា​អោយ​មាន​ការ​ធ្វើ​ទារុណ​កម្ម​អ្នកទោស​គុក​ទួលស្លែង ដែល​ក្នុងនោះ ក៏មាន​លោក វ៉ាន់ ណាត ​ផង​ដែរ។

លោក ​វ៉ាន់ ណាត ​បាន​ស្លាប់​នៅ​ម៉ោង​ជិត​១​រសៀល​នៅ​ចន្ទ​ទី​៥​កញ្ញា​នេះ​បន្ទាប់​ពី​លោក​បាន​សន្លប់​លែង​ដឹង​ខ្លួន​១០​ថ្ងៃ​មក​ហើយ​នោះ។

លោក​ វ៉ាន់ ណាត ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ជំងឺ​តម្រងនោម និង​ត្រូ​វលាង​ឈាម​ជា​ប្រចាំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ជំងឺ​ទឹក​ចូល​សួត​មួយ​ថែម​ទៀត​បាន​ធ្វើ​អោយ​សុខភាព​លោក​វ៉ាន់ ណាត​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៦​ខែ​សីហា​មក។ លោក​ វ៉ាន់ ណាត​បាន​សន្លប់​បាត់​ស្មារតី​តាំង​ពី​ពេល​នោះ​មក។

លោក​ វ៉ាន់ ណាត​ អាយុ​៦៦​ឆ្នាំ​បាន​លា​ចាក​លោក​ នៅ​ពេល​ដែល​អ្នក​បញ្ជា​អោយ​ធ្វើ​ទារុណកម្ម​លោក​ក្នុង​សម័យ​ខ្មែរ​ក្រហម​កំពុង​រស់នៅ និង​ទទួល​បាន​ការ​ថែរក្សា​នៅក្នុង​មន្ទីរឃុំឃាំង​នៃ​សាលាក្តី​ខ្មែរ​ក្រហម។ លោក ​វ៉ាន់ ណាត​ បាន​ស្លាប់​ដោយ​មិន​បាន​លឺ​ការ​ដាក់​ទោស​ទៅ​លើ​ឌុច​អតីត​ប្រធាន​គុក​ទួលស្លែង​នោះ​ឡើយ។

មន្ត្រី​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ លោក ​ហ៊ុយ វណ្ណៈ​ បាន​ថ្លែង​សោក​ស្តាយ​​ ​ចំពោះ​មរណភាព​របស់​លោក​វ៉ាន់ ណាត។ លោក​ ហ៊ុយ វណ្ណៈ​ រៀបរាប់​អោយ​ដឹង​ថា​លោក ​វ៉ាន់ ណាត ​បាន​ចូលរួម​ចំណែក​ក្នុង​ដំណើរ​ការ​សាលាក្តី​ខ្មែរ​ក្រហម​ជា​ប្រវត្តិសាស្ត្រ ហើយ​​​ ថា​ការ​ស្លាប់​របស់​លោក ​វ៉ាន់ ណាត ​នឹង​អាច​ជំរុញ​អោយ​តុលាការ​ខ្មែរ​ក្រហម​គិតគូរ​បន្ថែម​​ទៀត​អំពី​ភាព​ចាស់​ជរា​របស់​ជនរងគ្រោះ និង​ជន​ជាប់ចោទ​ផងដែរ៕

អតីត​អ្នក​ទោស​គុក​ទួលស្លែង ​វ៉ាន់ ណាត ទទួលមរណភាព

ថ្ងៃច័ន្ទ, 05 ខែកញ្ញា 2011
ដោយ ហេង រស្មី
វីអូអេ ខ្មែរ | ភ្នំពេញ

ស្តាប់ព័ត៌មាន៖ រាយការណ៍ដោយ ហេង រស្មី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១១
MP3 | Windows Media

លោក វ៉ាន់ ​ណាត​ ដែល​ជា​អតីត​អ្នក​រស់​រាន​មាន​ជីវិត​នៃ​មន្ទីរ​ឃុំឃាំង​ទួល​ស្លែង​ និង​ជា​សាក្សី​ដ៏​សំខាន់​មួយ​រូប​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ច័ន្ទ​ ទី​៥ ខែ​ធ្នូ ឆ្នាំ ២០១១នេះ​ នៅ​ម៉ោង​ប្រមាណ​១២​ និង​៤៥​នាទី ​នៅ​គ្លីនិក​ឯកជន​មួយ​ ដោយសារ​ជំងឺគាំង​បេះដូង​ក្នុង​ជន្មាយុ​​៦៦​​ឆ្នាំ។

រូបគំនូរ​ដែល​គូរ​ដោយ​លោកវ៉ាន់ ណាត ​ដែល​ជា​អតីត​អ្នក​រស់​រាន​មាន​ជីវិត​នៃ​មន្ទីរ​ឃុំឃាំង​ទួល​ស្លែង​ និង​ជា​សាក្សី​ដ៏​សំខាន់​មួយ​រូប​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ ។ រូបគំនូរទាំងនេះ រៀបរាប់​អំពី​ការធ្វើ​ទារុណកម្ម​នៅ​ក្នុង​គុក​ទួលស្លែង​ក្នុង​របប​ខ្មែរ​ក្រហម។ (រូបថត៖ D. Schearf វីអូអេ)

រូបគំនូរ ដែល គូរ ដោយ លោកវ៉ាន់ ណាត ដែល ជា អតីត អ្នក រស់ រាន មាន ជីវិត នៃ មន្ទីរ ឃុំឃាំង ទួល ស្លែង និង ជា សាក្សី ដ៏ សំខាន់ មួយ រូប នៃ សាលាក្តី ខ្មែរ ក្រហម ។ រូបគំនូរទាំងនេះ រៀបរាប់ អំពី ការធ្វើ ទារុណកម្ម នៅ ក្នុង គុក ទួលស្លែង ក្នុង របប ខ្មែរ ក្រហម។ (រូបថត៖ D. Schearf វីអូអេ)

សាកសព​លោក​ វ៉ាន់​ ណាត ត្រូវ​បាន​ក្រុម​គ្រួសារ​ និង​ក្រុម​គ្រូពេទ្យ​ដឹក​តាម​រថយន្ត​ពេទ្យ​មួយ​ ដោយ​មាន​ការ​ហែហម​ដោយ​ក្រុម​គ្រួសារ​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​របស់​លោក​ដែល​មាន​ទី​តាំង​នៅ​ក្នុង​សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មករា​ ក្រុង​ភ្នំពេញ។

អ្នក​ស្រី​ គិត ​អេង​ បាន​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរភាសា​ថា​ អ្នក​ស្រី​មាន​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​ស្វាមី​អ្នក​ស្រី។

«ខ្ញុំ​មាន​ការ​សោកស្តាយ​រក​អ្វី​មក​ប្រៀប​មិន​បាន​ព្រោះ​មួយ​ជីវិត​មនុស្ស​ដែល​គាត់​ជា​មនុស្ស​សំខាន់​ក្នុង​ជីវិត​របស់​ខ្ញុំ»។

នៅ​ឯ​គ្លីនិក​ឯកជន​ ក្រុម​គ្រួសារ សាច់​ញាតិ​ និង​មន្ត្រី​អតីត​សាលាក្តី​ខ្មែរ​ក្រហម​បាន​មក​សួរសុខ​ទុក្ខ​លោក​វ៉ាន់​ ណាត ​ចុង​ក្រោយ​មុន​នឹង​សម្រេច​ដឹក​តាម​រថយន្ត​ចេញ​ទៅ​គេហដ្ឋាន។ ក្រុម​គ្រួសារ​របស់​លោក​វ៉ាន់​ ណាត បាន​ហាម​អ្នក​យក​ព័ត៌មាន​ផ្តិត​យក​រូបភាព​របស់​លោក​វ៉ាន់ ​ណាត​ នៅ​ពេល​ដែល​ដឹក​ជញ្ជូន​ចេញ​ពី​គ្លីនិច​ឯកជន​។

លោក​ស្រី ហេឡិន ចាវីស (Helen Jarvis) ​អតីត​មន្ត្រី​សាធារណៈ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ ដែល​តែង​តែ​មក​សួរ​លោក​វ៉ាន់​ ណាត​ មុន​ពេល​ដែល​លោក​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​រហូត​ដល់​បាត់​បង់​ជីវិត​បាន​និយាយ​ថា​ ការ​ស្លាប់​របស់​លោក​វ៉ាន់ ​ណាត ​គឺ​ជា​ការ​បាត់បង់​សាក្សី​ដ៏​សំខាន់​មួយ​រូប​សម្រាប់​សាលាក្តី​ខ្មែរ​ក្រហម។

«ខ្ញុំ​គិត​ថា វ៉ាន់​ ណាត ​មាន​តួ​នាទី​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ គាត់​ជា​ជាង​គំនូរ​ដ៏​ល្បី​ល្បាញ​ ហើយ​គាត់​ជា​សាក្សី​ពី​សម័យ​ដ៏​ងងឹត​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា។ យើង​សោក​ស្តាយ​ទាំង​អស់​គ្នា​នៅ​ទី​នេះ»។

លោក​ លន់​ ណារ៉ា ​អាយុ ​៤០​ឆ្នាំ ​កូន​ប្រសារ​របស់​លោក​វ៉ាន់​ ណាត ​បាន​និយាយ​ថា​ នៅ​ក្នុង​អំឡុង​ម៉ោង​១២​ថ្ងៃ​ត្រង់​ លោក​វ៉ាន់ ​ណាត​ចាប់​ផ្តើម​ធ្វើ​ទុក្ខ​យ៉ាង​ខ្លាំង​ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ខិត​ខំ​ជួយ​សង្គ្រោះ​ដែរ​ តែ​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​គាត់​ជា​លោក​ទី​ពីរ​បាន។

«ព្រោះ​ពេល​ហ្នឹង​ គាត់​អត់​មាន​និយាយ​អី។ គាត់​គិត​តែ​ព្យាយាម​ដូច​ថា​ ធ្វើ​អាម៉ាស្សា​បេះដូង​ឲ្យ​ឡើង​វិញ​ ហើយ​រយៈពេល​ដែល​ធ្វើ​ហ្នឹង​ គាត់​មាន​បញ្ហា​តាំង​ពី​ម៉ោង​ប្រហែល​១២:១៥នាទី​ គាត់​ចាប់​ផ្តើម​មាន​បញ្ហា​ ហើយ​ធ្វើ​ទុក្ខ​ខ្លាំង​ ធ្វើ​ម៉ាស្សា​ទៅ​វា​ឥត​មាន​ឡើង»។

លោក​ វ៉ាន់ ​ណាត ​បាន​ចូល​សម្រាក​នៅ​ក្នុង​គ្លីនិក​​ឯកជន​មួយ​ ដែល​មាន​ឈ្មោះ​ថា​មជ្ឈមណ្ឌល​លាង​ឈាម​ឡាសង់តេ​ កាល​ពី​ថ្ងៃ​ទី​២៦ ​សីហា ​កន្លង​ទៅ​នេះ​ ដោយសារ​តែ​មាន​ជំងឺគាំង​បេះដូង។​ ក៏ប៉ុន្តែ​ បន្ទាប់​ពី​បាន​សម្រាក​ព្យាបាល​ចំនួន​១១​ថ្ងៃ​ លោក​បាន​ទទួល​មរណភាពទៅ។

លោក​ ហ៊ុយ​ វណ្ណៈ ​មន្ត្រី​ទំនាក់​ទំនង​កិច្ចការ​សាធារណៈ​ របស់​សាលាក្តី​ខ្មែរ​ក្រហម​ បាន​មាន​ប្រសាសន៍​ថា​ លោក​មាន​ការ​សោកស្តាយ​ចំពោះ​ការ​បាត់​បង់​ជីវិត​របស់​លោក​វ៉ាន់ ​ណាត ​ដែល​លោក​មិន​បាន​ស្តាប់​សាលក្រម​ជា​ស្ថាពរ​របស់​កាំង​ ហ្កេកអ៊ាវ​ ហៅ​ឌុច។​ លោក​ហ៊ុយ​ វណ្ណៈ​ បាន​បញ្ជាក់​ថា​ សាលាក្តី​ខ្មែរ​ក្រហម​គ្រោង​នឹង​ប្រកាស​សាលក្រម​នៃ​សំណុំរឿង​០០១​ ជា​ស្ថាពរ​ នៅ​ចុង​ឆ្នាំ​២០១១​ នេះ។

«ព្រហ្មលិខិត​ដែល​មិន​បាន​ឲ្យ​គាត់​រស់រាន​មាន​ជីវិត​ និង​ទទួល​បាន​​យុត្តិធម៌​គាត់​បាន​ប្រឹងប្រែង​តាំង​ពី​ដើម​មក​ ហើយ​តុលាការ​ក៏​កំពុង​ធ្វើ​ការ​ញាប់​ដៃ​ញាប់​ជើង​ ហើយ​គ្រោង​ប្រកាស​សាលដីកា​ស្ថាពរ​នៅ​ក្នុង​សំណុំរឿង​០០១​ ដែល​ប្រឆាំង​លោក​កាំង ​ហ្កេកអ៊ាវ​​ហៅ​ឌុច។ ក្នុង​សំណុំ​រឿង​ហ្នឹង​គាត់​បាន​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​សំណុំរឿង​ហ្នឹង»។

យ៉ាង​តិច​មាន​មនុស្ស​ចំនួន​១២.៣៨០​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរ​ទារុណកម្ម​ទួលស្លែង​ចន្លោះ​ឆ្នាំ​១៩៧៥ ​រហូត​ដល់​ឆ្នាំ​១៩៧៩​ ដែល​គ្រប់គ្រង​ដោយ​ឌុច។​ មាន​មនុស្ស​តែ​ចំនួន​ប្រាំពីរ​នាក់​ប៉ុណ្ណោះ​ដែល​រស់រាន​មាន​ជីវិត​ពី​មន្ទីរ​ឃុំឃាំង​ទួលស្លែង​នេះ​ ដែល​ក្នុង​នោះ​រួម​មាន​លោក​វ៉ាន់​ ណាត ​លោក​ជុំ ​ម៉ី​ និង​លោក​ប៊ូ ​ម៉េង។​ លោក​ជុំ ​ម៉ី ​អ្នក​រស់រាន​មាន​ជីវិត​ម្នាក់​ទៀត​ពី​គុក​ទួល​ស្លែង​បាន​ចូល​រួម​ការ​សោកស្តាយ​បំផុត​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​លោក​វ៉ាន់​ ណាត៕

បណ្តាញទាក់ទងគ្នា
ជំងឺ​ជនរងគ្រោះ​គុក​ទួលស្លែង​នៅ​តែ​ធ្ងន់ធ្ងរ.

ជំងឺ​លោក​វ៉ាន់ ណាត​កាន់​តែ​ដុនដាប.

អតីត​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង លោក វ៉ាន់ ណាត ទទួល​មរណភាព

ដោយ ឡេង ម៉ាលី
2011-09-05
វិទ្យុ​អាស៊ីសេរី

វិចិត្រករ​ដែល​ជា​អតីត​ជន​រង​គ្រោះ​នៅ​គុក​ទួល​ស្លែង​មួយ​រូប គឺ​លោក វ៉ាន់ ណាត បាន​ទទួល​មរណ​​ភាព​ហើយ នៅ​វេលា​ប្រមាណ​ម៉ោង ១២ និង ៤៥ នាទី​​​ថ្ងៃ​ទី ៥ កញ្ញា ឆ្នាំ ២០១១។

អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង លោក វ៉ាន់ ណាត ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នា​ថ្ងៃ​ទី​២៩ មិថុនា ២០០៩។ (Photo courtesy of ECCC)

អតីត អ្នក ទោស នៅ គុក ទួលស្លែង លោក វ៉ាន់ ណាត ឆ្លើយ បំភ្លឺ នៅ ក្នុង សវនាការ នៃ សាលាក្ដី ខ្មែរ ក្រហម នា ថ្ងៃ ទី ២៩ មិថុនា ២០០៩។ (Photo courtesy of ECCC)

លោក វ៉ាន់ ណាត ក្នុង​វ័យ ៦៦ ឆ្នាំ បាន​ទទួល​មរណ​ភាព​ដោយ​រោគាពាធ បន្ទាប់​ពី​បញ្ហា​តម្រង​នោម និង​សួត​របស់​លោក​ធ្វើ​ទុក្ខ​ខ្លាំង​ចាប់​តាំង​ពី​ថ្ងៃ ២៦ ខែ​សីហា​មក។

លោក វ៉ាន់ ណាត ជា​អ្នក​ទោស​ម្នាក់ ក្នុង​ចំណោម​អ្នក​ទោស​ចំនួន ៧ នាក់ ដែល​នៅ​រស់​រួច​ពី​ការ​សម្លាប់​របស់​ប្រព័ន្ធ​សន្តិសុខ​គុក​ទួល​ស្លែង ​ក្រោយ​ពេល​ដែល​របប​ខ្មែរក្រហម​ដួល​រលំ នៅ​ខែ​មករា ឆ្នាំ ១៩៧៩។

លោក វ៉ាន់ ណាត ធ្លាប់​ថ្លែង​ថា លោក​បាន​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ជាង ៣០ ឆ្នាំ​មក​ហើយ ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លោក​នៅ​គុក​ទួល​ស្លែង។ បច្ចុប្បន្ន កាំង ហ្កេក​អ៊ាវ ហៅ ឌុច ដែល​ជា​អតីត​ប្រធាន​គុក​ទួល​ស្លែង ត្រូវ​បាន​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាត់​ទោស​ឱ្យ​ជាប់​គុក​រយៈ​ពេល ៣៥ ឆ្នាំ។ ក៏​ប៉ុន្តែ តុលាការ​កំពូល​គ្រោង​នឹង​ប្រកាស​សាល​ដីកា​របស់ ឌុច នៅ​ចុង​ឆ្នាំ ២០១១​នេះ។

មរណភាព​របស់​លោក វ៉ាន់ ណាត បាន​កើត​ឡើង​នៅ​ពេល​ដែល​​​សាលាក្ដី​ខ្មែរក្រហម មិន​ទាន់​បាន​​ប្រកាស​បញ្ចប់​ដំណើរការ​សំណុំ​រឿង​ក្ដី​របស់​ខ្លួន​លេខ ០០១ ចប់​សព្វ​គ្រប់​នៅ​ឡើយ។

សាធារណជន​មួយ​ចំនួន ទាំង​មន្ត្រី​ បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល ដើមបណ្ដឹង​រដ្ឋ​ប្បវេណី និង​មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម បាន​សម្ដែង​ការ​សោកស្ដាយ និង​ចាត់​ទុក​មរណ​ភាព​របស់​លោក វ៉ាន់ ណាត ថា​ជា​ការ​បាត់បង់​ធំធេង​មួយ នៅ​ក្នុង​ដំណើរ​របស់​តុលាការ​កូន​កាត់​ខ្មែរ​អន្តរជាតិ​ ដែល​កំពុង​ជំនុំជម្រះ​លើ​រឿង​ក្ដី​របស់​របប​ខ្មែរក្រហម ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ជិត ២ លាន​នាក់៕

លោក វ៉ាន់ ណាត អតីត​អ្នកទោស​គុក​ទួលស្លែង ទទួល​មរណភាព​ហើយ​

ដោយ : CEN
ថ្ងៃទី 5 កញ្ញា 2011

ភ្នំពេញ:អតីត​អ្នកទោស និង​ជា​អ្នក​រស់រាន​ពី​គុក​ទួលស្លែង​ក្នុងសម័យ​ខ្មែរក្រហម លោក វ៉ាន់ ណាត បាន​ទទួលមរណភាព កាលពី​រសៀល​ថ្ងៃ​ទី​៥​កញ្ញា ឆ្នាំ​២០១១ បន្ទាប់ពី​លោក​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​កាលពី​យប់​ថ្ងៃទី​២៦ សីហា ឆ្នាំ​២០១១​។ នេះ​បើ​តាម​ការបញ្ជាក់​យ៉ាង​ខ្លី​ពី​ស្ត្រី​អ្នក​លើក​ទូរស័ព្ទ​របស់​លោក វ៉ាន់ ណាត​។​

​លោក វ៉ាន់ ណាត មាន​ជំងឺ​ទឹក​ចូល​សួត ធ្វើឲ្យ​គាត់​ថប់ៗ​ដង្ហើម រហូត​ដល់​គាំងបេះដូង ហើយ​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មជ្ឈមណ្ឌល​លាង​ឈាម ដែល​ជា​ពេទ្យ​ឯកជន នៅ​ខាងជើង​វិមានឯករាជ្យ ក្នុង​ទីក្រុង​ភ្នំពេញ ម្តុំ​ខាងក្រោយ​ក្រុមហ៊ុន​ទូរស័ព្ទ ម៉ូប៊ីថែ​ល កាលពី​យប់​ថ្ងៃ​ទី​២៦​សីហា ឆ្នាំ​២០១១​។​

​អតីត​អ្នកទោស​គុក​ទួលស្លែង អាយុ ៦៦ ឆ្នាំ លោក វ៉ាន់ ណាត ត្រូវ​ចូល​ពេទ្យ​លាង​ឈាម ក្នុង​មួយអាទិត្យ ២​ដង ដោយសារ​តែ​ជំងឺ​ខូច​តម្រង់​នោម ហើយ​ឡើង​ជាតិពុល​។ ដូច្នេះ​ត្រូវ​លាង​ឈាម​មួយអាទិត្យ​២​ដង ដើម្បី​ដក​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​។​

​កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១០ លោក វ៉ាន់ ណាត ត្រូវបាន​ដឹក​ពី​ផ្ទះ​នៅ​ទីក្រុង​ភ្នំពេញ យកទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ក្នុង​អាការៈ​ជំងឺ​ដូច​ពេល​នេះ​ដែរ​។​

​លោក វ៉ាន់ ណាត ជា​ជាងគំនូរ និង​ជា​អតីត​អ្នកទោស​ម្នាក់ ក្នុងចំណោម​អ្នកទោស ៧ នាក់ ដែល​បាន​រស់រាន​មានជីវិត ចេញពី​គុក​ទួលស្លែង  ក្នុងសម័យ​ខ្មែរក្រហម ក្រោម​ការគ្រប់គ្រង​របស់ លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច​។

​អតីត​អ្នកទោស ដែល​បាន​រស់រាន​ជីវិត រួច​ពី​ការកាប់​សម្លាប់​នៅ​គុក​ទួលស្លែង មក​ទល់​សព្វថ្ងៃ​នេះ នៅសល់​តែ​មនុស្ស ៣ នាក់​ប៉ុណ្ណោះ​។ គឺ​លោក ប៊ូ ម៉េង​, លោក ជុំ ម៉ី និង លោក វ៉ាន់ ណាត​។

​កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០០៩ លោក វ៉ាន់ ណាត បាន​បង្ហាញ​ខ្លួន​ចំពោះ​មុខ​អង្គ​សវនាការ​កាត់ទោស ឌុ​ច ក្នុងនាម​ជា​សាក្សី និង​ជា​មនុស្ស​ទី​១ ក្នុងចំណោម​អ្នក​រស់រានមានជីវិត​ចេញពី​គុក​ទួលស្លែង ដែល​បាន​ចូល​ឆ្លើយបំភ្លឺ​តុលាការ​ពី​ឧក្រិដ្ឋកម្ម នៃ​ការធ្វើ​ទារុណកម្ម និង​ការកាប់សម្លាប់​នៅ​គុក​ទួលស្លែង ក្នុងសម័យ​ខ្មែរក្រហម​ ៕

ក្រុម​អ្នក​ភូមិ​ជម្លោះ​ដី​ធ្លី​ក្នុង​ខេត្ត​រតនៈគីរី​រង់​ចាំ​សេចក្តី​សម្រេច​របស់​តុលាការ

ថ្ងៃច័ន្ទ, 05 ខែកញ្ញា 2011
ដោយ សាយ មុន្នី
វីអូអេ ខ្មែរ | រតនៈគីរី

ស្តាប់ព័ត៌មាន៖ រាយការណ៍ដោយ សាយ មុន្នី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១១
MP3 | Windows Media

អ្នកភូមិ​ជនជាតិ​ដើម​ភាគ​តិច​ចារាយ​ចំនួន​ជាង​៥០​គ្រួសារ​ដែល​នៅក្នុង​ភូមិ​គងយុ​នៃ​ស្រុក​អូយ៉ាដាវ​ចម្ងាយ​ប្រមាណ​៦៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​រតនៈ​គីរី ​កំពុង​ទន្ទឹង​រង់ចាំ​ចំណាត់​ការ​របស់​តុលាការ​ខេត្ត​លើ​ពាក្យ​បណ្តឹង​របស់​ពួកគេ​ប្រឆាំង​នឹង​ប្អូនស្រី​របស់​លោក​ឧបនាយករដ្ឋ​មន្ត្រី​ម្នាក់​ អំពី​បញ្ហា​ដី​ធ្លី​របស់​ពួកគេ។

លោក ល្មាម ហ្វ៊ីល វ័យ​៥៦ឆ្នាំ តំណាង​អ្នកភូមិ​គង​យុ​នេះ មាន​ប្រសាសន៍​នៅ​ក្រោម​ផ្ទះ​ឈើ​របស់​លោក​​ថា​ អ្នក​ភូមិ​របស់​លោក​នៅតែ​មិន​អស់​ចិត្ត​ថា​តើ​ហេតុអ្វី​បាន​ជា​តុលាការ​​​ខេត្ត​មិន​ព្រម​កាត់​ក្តី​លើ​សំណុំ​រឿង​របស់​ពួកគេ។ (រូបថត៖ សាយ មុន្នី វីអូអេ ខ្មែរ)

លោក ល្មាម ហ្វ៊ីល វ័យ ៥៦ឆ្នាំ តំណាង អ្នកភូមិ គង យុ នេះ មាន ប្រសាសន៍ នៅ ក្រោម ផ្ទះ ឈើ របស់ លោក ថា អ្នក ភូមិ របស់ លោក នៅតែ មិន អស់ ចិត្ត ថា តើ ហេតុអ្វី បាន ជា តុលាការ ខេត្ត មិន ព្រម កាត់ ក្តី លើ សំណុំ រឿង របស់ ពួកគេ។ (រូបថត៖ សាយ មុន្នី វីអូអេ ខ្មែរ)

ចាប់​តាំង​​ពី​ឆ្នាំ​២០០៧​មក តុលាការ​ខេត្ត​រតនៈ​គីរី​នៅ​តែ​មិន​ទាន់​ចាត់​ការ​ឲ្យ​បាន​ពេញ​លេញ​នៅ​ឡើយ​ទៅលើ​ពាក្យ​បណ្តឹង​របស់​ពួកគេ​ប្រឆាំង​នឹង​លោក​ស្រី​ គាត កុលណី​ដែល​ជា​ប្អូន​ស្រី​បង្កើត​របស់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ គាត​ ឈន់ ដែល​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ អំពី​បញ្ហា​ដី​ធ្លី​របស់​ពួកគេ។

តាំង​ពី​ពេល​នោះ​ មាន​ចៅក្រម​ចំនួន​បួន​នាក់​ហើយ​ដែល​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ក្តី​នេះ​ ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​ខេត្ត ឬ​មិន​ព្រម​ចាត់​ការ​រឿង​ក្តី​នេះ​។ បច្ចុប្បន្ន​សំណុំ​រឿង​មួយ​នេះ​នៅ​តែ​គ្មាន​ចៅ​ក្រម​​ណាមួយ​កាន់ និង​ជំនុំ​ជម្រះ​ដដែល។

លោក ល្មាម ហ្វ៊ីល វ័យ​៥៦ឆ្នាំ តំណាង​អ្នកភូមិ​គង​យុ​នេះ មាន​ប្រសាសន៍​នៅ​ក្រោម​ផ្ទះ​ឈើ​របស់​លោក​​ថា​ អ្នក​ភូមិ​របស់​លោក​នៅតែ​មិន​អស់​ចិត្ត​ថា​តើ​ហេតុអ្វី​បាន​ជា​តុលាការ​​​ខេត្ត​មិន​ព្រម​កាត់​ក្តី​លើ​សំណុំ​រឿង​របស់​ពួកគេ។

«អ្នក​យក​ដី​ហ្នឹង​អ្នក​ធំ ប៉ុន្តែ​អ្នក​កាត់​នោះ​អ្នក​តូច។ តាម​ខ្ញុំ​ និង​ប្រជា​ពលរដ្ឋ​ខ្ញុំ​យល់​សព្វថ្ងៃ​ហ្នឹង។ គេ​ថា គេ​អត់​ហ៊ាន​ទេ។ គេ​អ្នក​ធំ​ ម៉ិច​គេ​ហ៊ាន​កាត់ បើ​គេ​អ្នក​តូច»។

អ្នក​ភូមិ​គងយុ​ទាំង​ជាង​៥០​គ្រួសារ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ខេត្ត​រតនៈ​គីរី​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០០៧ ដោយ​ចោទ​ប្រកាន់​លោក​ស្រី​គាត កុលណី ថា​បាន​ក្លែង​បន្លំ​ឯកសារ​ ចាប់​យក​ដី​សហគមន៍​របស់​ពួកគេ​ទំហំ​៤៥០​ហិកតា​ ដើម្បី​យក​ទៅ​ដាំ​ដំណាំ​កៅស៊ូ។

ក្នុង​បណ្តឹង​នោះ​អ្នក​ភូមិ​ចោទ​ប្រកាន់​ថា លោក​ស្រី​ គាត កុលណី បាន​ប្រើ​ល្បិច​ឲ្យ​ពួកគេ​ផ្តិត​មេដៃ​លើ​លិខិត​ស្នាម​ទិញ​លក់​ដី​របស់​ពួកគេ នៅ​ពេល​ដែល​ពួកគេ​ស្ថិត​ក្នុង​​សភាព​ស្រវឹង​ស្រា​ក្នុង​ពិធី​សែន​ព្រេន​មួយ​ក្នុង​ភូមិ​កាល​ពី​ជាង​៤ឆ្នាំ​មុន។ អ្នក​ភូមិ​ជនជាតិ​ចារាយ​នេះ​​ភាគ​ច្រើន​មិន​ចេះ​អក្សរ​ខ្មែរ​ទេ។

ក្រុម​អ្នក​ភូមិ​នេះ​អះអាង​ថា ពួកគេ​ពឹង​អាស្រ័យ​មួយ​ផ្នែក​ធំ​លើ​ដី​សហគមន៍​​ទំហំ​៤៥០​ហិកតា​នោះ ដើម្បី​បង្កបង្កើន​ផល​និង​ធ្វើ​ពិធី​សែនព្រេន​អារុក្ខ​អារក្ស​តាម​ទំនៀម​ទម្លាប់​ជនជាតិ​ដើម​ភាគ​តិច​របស់​ពួកគេ​ជាដើម។ ប៉ុន្តែ​ពេល​នេះ ​អ្នក​ភូមិ​អះអាង​ថា នៅ​លើ​ដី​នោះ ដុះ​សុទ្ធ​តែ​ដើម​កៅស៊ូ​របស់​លោក​ស្រី គាត កុលណី ហើយ​ដើម​កៅ​ស៊ូ​ទាំង​នោះ​មាន​អាយុជិត​អាច​ជៀ​យក​ជ័រ​បាន​ទៅហើយ។

លោក ល្មាម ហ្វ៊ីល​ មាន​ប្រសាសន៍​ថា​ អ្នក​ភូមិ​របស់​លោក​កំពុង​រង់​ចាំ​យ៉ាង​អន្ទះសារ​ចង់​ឲ្យ​តុលាការ​ចាត់ការ និង​បញ្ចប់​រឿង​ក្តី​របស់​ពួកគាត់​ជាមួយ​នឹង​លោកស្រី​គាត កុលណី​ ដើម្បី​ឲ្យ​ពួកគេ​ដឹង​ថា តើ​នរណា​ជា​ម្ចាស់​ដី​ស្រប​ច្បាប់​ឲ្យ​ពិត​ប្រាកដ។

«ទៅ​ធ្វើ​ចម្ការ​អត់​បាន។ ដី​គេ​យក​អស់​ហើយ ពិបាក​ណាស់។ ដី​យើង​ធ្លាប់​កាប់​ចម្ការ​ ឃ្វាល​គោ ឃ្វាល​ក្របី រក​សត្វ​ រក​បន្លែ​ រក​ត្រពាំង​ ច្រូត​ស្បូវ គេ​ឈូស​ឆាយ​អស់​ហើយ ដល់​ខ្ញុំ​ធ្វើ​ពាក្យ​បណ្តឹង​គេ​អត់​ដោះ​ស្រាយ​ឲ្យ»។

ចៅក្រម​នៃ​តុលាការ​ខេត្ត​រតនៈ​គីរី បាន​ឆ្លើយ​ដាក់​គ្នា​ចំពោះ​ការ​មិន​ព្រម​ចាត់​​ការ​លើ​រឿង​ក្តី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។

លោក លូ ស៊ូសម្បត្តិ ប្រធាន​តុលាការ​ខេត្ត​រតនៈ​គីរី មាន​ប្រសាសន៍​ប្រាប់វីអូអេ​ខ្មែរ តាម​ទូរស័ព្ទ​ថា លោក​បាន​ចាត់​តាំង​ឲ្យ​ចៅក្រម​ ឯក ប៉ូលីហ្វ៊ីល ធ្វើ​ការ​លើ​សំណុំ​រឿង​ក្តី​នេះ​ហើយ ប៉ុន្តែ​លោក​ចៅ​ក្រម​រូប​នោះ​បដិសេធ​មិន​ចាត់​ការ​លើ​រឿង​ក្តី​នេះ​ទេ។

«គាត់​អត់​ទទួល​យក​តែម្តង​និយាយ​ទៅ គាត់​មិន​ទទួល​យក​ក្នុង​សំណុំ​រឿង​ហ្នឹង​តែ​ម្តង»។

ចៅក្រម​ឯក​ ប៉ូលីហ្វ៊ីល បដិសេធ​ថា លោក​គ្មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ចាត់​ការ​លើ​រឿង​ក្តី​របស់​អ្នក​ភូមិ​គង​យុ​ជាមួយ​នឹង​លោក​ស្រី​ គាត កុលណី​នេះ​ទេ ប៉ុន្តែ​ លោក​មាន​ប្រសាសន៍​ដោយ​ស្នើ​សុំ​មិន​ឲ្យ​ថត​សំឡេង​ថា ការ​ចាត់តាំង​រូប​លោក​គឺ​ធ្វើ​ឡើង​ខុស​ពី​នីតិវិធី​ច្បាប់​ ពី​ព្រោះ​លោក​អះអាង​ថា បើ​តាម​លេខ​រៀង​ក្នុង​បញ្ជី​ឈ្មោះ​ចៅក្រម​ដែល​ត្រូវ​កាន់​ក្តី​នេះ គឺ​លោក​ប្រធាន​តុលាការ​ខេត្ត​រតនៈ​គីរី​ផ្ទាល់​ដែល​ត្រូវ​ទទួល​បន្ទុក​លើ​រឿង​ក្តី​នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​ភូមិ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ និយាយ​ថា ការ​ដែល​តុលាការ​មិន​ព្រម​ចាត់​ការ​លើ​សំណុំ​រឿង​ក្តី​នេះ អាច​បណ្តាល​មក​ពី​ការ​ទទួល​រង​ឥទ្ធិពល​ពី​អ្នក​មាន​អំណាច។

វីអូអេខ្មែរ​មិន​អាច​ទាក់​ទង​​លោក​ស្រី គាត កុល​ណី​​​​ដើម្បី​ស្នើ​សុំ​ការ​បំ​ភ្លឺ​តប​ណាមួយ​បាន​ទេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ស្រី និង​តំណាង​របស់​​លោក​ស្រី កន្លង​មក​ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​​រាយការណ៍​ថា ការ​លក់​ដី​របស់​អ្នក​ភូមិ​គងយុ​នេះ គឺ​ត្រឹម​ត្រូវ ​និង​មាន​សុពលភាព បើ​ទោះ​ជា​ដី​នេះ ​គឺ​ជា​ដី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ក៏​ដោយ។

លោក​ រម៉ាស់ ណែត វ័យ​៤២​ឆ្នាំ ជា​មេភូមិ​គង​យុ ដែល​បាន​ចូល​រួម​ជា​មួយ​អ្នក​ភូមិ​ក្នុង​ការ​ប្តឹង​ប្រឆាំង​លោក​ស្រី គាត កុលណី​កាល​ពី​មុន​ប៉ុន្តែ​ដែល​ឥឡូវ​បាន​អះអាង​ថា​ លោក​ឈប់​ប្តឹង​តទៅ​ទៀត​ហើយ​នោះ បាន​មាន​ប្រសាសន៍​នៅ​ខណៈ​ពេល​កំពុង​កាប់​គាស់​ដី​ចម្ការ​របស់​លោក​នៅក្នុង​ភូមិ​ថា ​ការ​បន្ត​ការ​ប្តឹង​តវ៉ា​របស់​អ្នក​ភូមិ​នេះ​គឺ​ជា​រឿង​ឥត​បាន​ការ។

«ប្រជា​ពលរដ្ឋ​ហ្នឹង​ខឹង​វា​យូរ​ហើយ វា​យូរ​ឆ្នាំ​ហើយ អត់​ឈ្នះ​ ម៉ិច​ម្នាក់​ខ្ញុំ …..កុំ​ទៅ​ប្តឹង​គេ​អត់​បាន​ទេ អត់​រួច​ខ្លួន​ទេ អស់​ភូមិ​ហើយ​ គេ​អត់​រមាស់​អី​បន្តិច​សោះ»។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក យិន សាវ៉ាត មេធាវីម្នាក់​តំណាង​ភាគី​អ្នកភូមិ​គង​យុ មាន​ប្រសាសន៍​ថា ការ​ខកខាន​របស់​តុលាការ​ខេត្ត​រតនៈគីរី​ក្នុង​ការ​​មិន​បាន​ចាត់​ការ​លើ​សំណុំ​រឿង​នេះ​នឹង​ធ្វើឲ្យ​​​ប៉ះពាល់​ខ្លាំង​ដល់​កេរ្តិ៍​ឈ្មោះ​នៃ​ស្ថាប័ន​រក​យុត្តិ​ធម៌​ឲ្យ​ប្រជាពលរដ្ឋ​មួយ​នេះ​។

«ការ​ធ្វើ​បែប​ហ្នឹង​មាន​ន័យ​ថា ស្ថាប័ន​តុលាការ​ដែល​រក​យុត្តិធម៌​ហ្នឹង វា​គ្មាន​ន័យ​សម្រាប់​ប្រជាជន»។

លោក ប៉ែន ប៊ុណ្ណារ អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​រតនៈ​គីរី មាន​ប្រសាសន៍​ថា តុលាការ​គួរ​តែ​ចាត់​ការ​សំណុំ​រឿង​ក្តី​នេះ ឲ្យ​បាន​ឆាប់​ និង​ចប់​សព្វគ្រប់​ ដើម្បី​ជា​គំរូ​មួយ​សម្រាប់​ទទួល​បាន​សេចក្តី​ជឿ​ទុក​ចិត្ត​ពី​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី​លើ​សំណុំ​រឿង​ផ្សេង​ៗ​ទៀត។

លោក​អ្នក​ក៏​អាច​ទស្សនា​រឿងនេះ​ជា​វីដេអូ​នៅ​ក្នុង​គេហទំព័រ ​www.voanews.com/khmer​ ឬ​ក៏ចូល​ទៅ​កាន់​គេហទំព័រ​ youtube.com/voakhmerservice បានដែរ៕

បណ្តាញទាក់ទងគ្នា
សកម្មជន​ប្រឆាំង​នឹង​ការ​បំផ្លាញ​ព្រៃឈើ​ប្រហែល​១០០នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ភ្នំពេញ.

សកម្មជន​ព្រៃឡង់​អំពាវនាវ​សុំ​អន្តរជាតិ​ជួយ.

អ្នកភូមិកម្ពុជាតវ៉ារឿងបាត់បង់ដីធ្លី ដូចរឿងភាពយន្ត «អាវ៉ាតារ៍»​ ‘Avatar’.

កងទ័ព​កម្ពុជា​កងវរសេនាតូច​លេខ​៤០៨ បាន​កែសំរួល ដក​ចេញពី​ខាងលិច​ប្រាសាទព្រះវិហារ​

ដោយ : ច័ន្ទ ពន្លឹក
ថ្ងៃទី 5 កញ្ញា 2011
CEN

ប្រាសាទព្រះវិហារ​: ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១១ កងទ័ព​កម្ពុជា នៅ​កងវរសេនាតូច​លេខ​៤០៨ របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តសៀមរាប ត្រូវបាន​កែសំរួល ដក​ចេញពី​ខ្សែ​ព្រំដែន​កម្ពុជា​-​ថៃ ចំណុច​ចំបក់​កោង និង​ព្រលាន​ដូន​ពោធិ ខាងលិច​ប្រាសាទព្រះវិហារ ចម្ងាយ​ប្រមាណ ៣២ គ​.​ម​។​

​ពិធី​នោះ បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង​នាយសេនាធិការ​ចម្រុះ គណៈបញ្ជាការ​ឯកភាព​សមរភូមិ​មុខ​ព្រំដែន​កម្ពុជា​-​ថៃ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា អគ្គ​មេបញ្ជាការរង និង​ជា​ប្រធាន​គណៈបញ្ជាការ​សមរភូមិ​មុខ​ទិស​យោធភូមិភាគ​ទី​៤ និង​មានការ​ចូលរួម​ជូន​ដំណើរ​ពី​លោក​ឧកញ៉ា សៀង ណាំ សមាជិកសភា​មណ្ឌល​សៀមរាប ព្រមទាំង​អាជីវករ​ខេត្តសៀមរាប ជាច្រើនរូប​ផងដែរ​។​

​ក្នុង​សេចក្ដីរាយការណ៍​របស់​ឧត្ដមសេនីយ៍ត្រី ឃឹម ប៊ុន​សុង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប​បានឱ្យដឹងថា ក្នុង​រយៈពេល​ដែល​កង​ទ័ព​របស់ខ្លួន បានមក​ប្រចាំការ​នៅទីនេះ បាន​បំពេញ​តួនាទី​យ៉ាង​ហ្មត់ចត់​ត្រឹមត្រូវ តាម​ការកំណត់​គណៈបញ្ជាកា​រ​ឯកភាព​សមរភូមិ​ក្នុង​ភារកិច្ច​ជា​កម្លាំង​ត្រៀមប្រយុទ្ធ ក៏ដូចជា ការពង្រឹង​ប្រព័ន្ធ​ការពារ​ទីតាំង​ឈរជើង​បាន​យ៉ាងរឹងមាំ ជួយ​ដល់​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ឧ​ត្ត​រ​មានជ័យ ការពារ​តំបន់​ចំបក់​កោង​និង​ព្រលាន​ដូន​ពោធិ ជា​ស្លាប​យ៉ាងរឹងមាំ​ការពារ​តំបន់​ប្រាសាទព្រះវិហារ​។

​លោក​មេបញ្ជាការ​បាន​ប្តេជ្ញាចិត្ត​ដាច់ខាត គោរព​នូវ​បទបញ្ជា​របស់​គណៈបញ្ជាកា​រ​សមរភូមិ​មុខ ដោយ​សន្យាថា នឹង​អនុវត្ត​បទបញ្ជា​ទាន់ពេលវេលា​ក្នុង​គ្រប់​កាលៈទេសៈ ដែល​ប្រទេសជាតិ​ត្រូវការ ។​

​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​នាយទាហាន​ពលទាហាន​នាឱកាស​នោះ លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម បាន​នាំ​ការសួរសុខទុក្ខ​ប្រកបដោយ​សេចក្ដី​នឹករលឹក​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូន​ចំពោះ​នាយទាហាន ពលទាហាន​ទាំងអស់​របស់​វរ​សេនា​តូច​៤០៨ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប ដែល​បាន​អនុវត្ដ​ក្នុងពេល​បំពេញភារកិច្ច​បាន​យ៉ាង​ល្អ ព្រមទាំង​ការគោរព​បទបញ្ជា​រប​ស់​ប្រមុខ​រដ្ឋាភិបាល បាន​យ៉ាង​ម៉ឺងម៉ាត់​ដែល​ប្រការនេះ​បាន​បន្សល់ទុក​នូវ​គំរូ​ដ៏​ល្អ​។

​លោកនាយ​ឧត្ដមសេនីយ៍ បាន​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ ពេល​វិលត្រឡប់​ទៅ​អង្គភាព​ដើម​វិញ ត្រូវយក​ចិ​ត្ដ​ទុកដាក់​ដល់​ការហ្វឹកហ្វឺន​រៀនសូត្រ ដើម្បី​បង្កើន​ចំណេះដឹង​ឱ្យមាន​សមត្ថភាព​ពេញលេញ​ព្រមទាំង​ការងារ​ជួយ​បង្កបង្កើត​ផល​ដល់​ក្រុមគ្រួសារ​របស់ខ្លួន សំដៅ​បង្កើន​ជីវភាព​ប្រចាំថ្ងៃ​ឱ្យ​កាន់តែ​ប្រសើរឡើង ពិសេស​មេបញ្ជាការ​ត្រូវ​រៀបចំ​ឲ្យ​កងទ័ព​ទាំងនេះ បាន​ចូល​ពិនិត្យ​សុខភាព​គ្រប់ៗ​គ្នា សំខាន់​ជំងឺគ្រុនចាញ់ ដើម្បី​ពិនិត្យ​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា ។​

​ចំណែក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា ក៏បាន​លើកឡើងថា នេះ​ជាការ​កែសំរួល​កងទ័ព​កម្ពុជា លើក​ទី​៧​ហើយ ទៅកាន់​ទីតាំង​អង្គភាព​ដើម​វិញ គឺ​មួយ​កងវរសេនាធំ​រប​ស់​យោធភូមិភាគ​ទី​១ ពី​មុំ​បី ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១១, មួយ​កងវរសេនាតូច​របស់​សឹក​រង​កំពង់​ធំ​ពី​ជាំ​តែ​ថ្ងៃទី​៨​សីហា​, មួយ​កងពលតូច​លេខ​២១ របស់​យោធភូមិភាគ​២ កាលពី​ថ្ងៃទី​១៥​សីហា​, មួយ​កងពលតូច​អន្តរាគមន៍​លេខ​៩ កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១១, កែសំរួល​ដក​កងពល​តូច​៤១ ទិស​ប្រាសាទ​តា​ក្របី​កាលពី​ថ្ងៃទី​១៨ ខែសីហា និង​មួយ​កងពលតូច អន្តរាគមន៍​លេខ​៥ ពី​ទិស​ប្រាសាទ​តា​មាន់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១១ ទៅកាន់​អង្គភាព​ដើម​វិញ​។

​ការកែសម្រួល ដក​កងទ័ព​ទាំងនោះ ជាការ​ខិតខំ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ធ្វើ​ឲ្យ​ព្រំដែន​មាន​សន្តិភាព មាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ផលប្រយោជន៍​ប្រជាជន រស់​នៅតាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ បានរស់នៅ​ក្នុង​សន្តិភាព និង​សុខដុម​រម្យ​នា​។ នេះ​បើតាម​ការបញ្ជា​ក់លោក​ឧ​ត្ត​ម​សេនីយ៍​។​

​ក្នុងឱកាស​នោះដែរ​កងឯកភាព​វរ​សេនា​តូច​៤០៨ ទទួលបាន​នូវ​កិត្តិយស​ដោយ​ព្រះមហាក្សត្រ និង រាជរដ្ឋាភិបាល​ផ្តល់​មេដាយ​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បំពាក់​ជូន​ជាការ​លើកទឹកចិត្ត ក្នុង​ភារកិច្ច​ការពារជាតិ​អនុវត្ត​សិទ្ធ​ស្វ័យការពារ​ទឹកដី​បាន​រឹងមាំ​ក្នុង​រយៈពេល​កន្លងមក​។​

​ក្នុង​ការជូន​ដំណើរ​កងទ័ព​វិលត្រឡប់​ទៅកាន់​អង្គភាព​ដើម​វិញ ក្នុងឱកាស​នោះ លោកអ្នកឧកញ៉ា​សៀង ណាំ សមាជិកសភា​មណ្ឌល​សៀមរាប និង​ដោយមាន​ការចូលរួម​ពី​ក្រុមអាជីវករ​ខេត្តសៀមរាប​មួយចំនួន​ផង បានផ្តល់​ជូន​នូវ​ថវិកា​ដោយផ្ទាល់​ជូន​ដល់ដៃ​កងទ័ព​ក្នុង​មួយ​នាក់ៗ ៥ ម៉ឺន​រៀល ទឹកបរិសុទ្ធ មី​យើង និង​ក្រមា ចែកជូន​ដល់​កងទ័ព​ក្នុងពេល​ធ្វើដំណើរ ដែល​បានធ្វើ​ឲ្យ​បងប្អូន​កងទ័ព មាន​ក្តីរំភើប​សប្បាយរីករាយ​គ្រប់ៗ​គ្នា​៕

Photo by CEN

Photo by CEN

Photo by CEN

Photo by CEN

Photo by CEN

Photo by CEN

———–

កងកម្លាំង បោសសម្អាតមីន​ កម្ពុជា បំពេញបេសកកម្ម នៅប្រទេសស៊ូដង់ ចូលមាតុភូមិនិវត្ដន៍ ដោយជោគជ័យ

Monday, 05 September 2011
ដោយ ៖ បាន ចក់
DAP NEWS

ភ្នំពេញ ៖ កងកម្លាំង បោសសម្អាតមីន របស់ប្រទេស កម្ពុជា លេខ ៤០៥ ទី២ ដែលបាន បំពេញ បេសកកម្ម រក្សាសន្ដិភាព របស់អង្គការ សហប្រជាជាតិ នៅប្រទេសស៊ូដង់ អស់រយៈ មួយឆ្នាំនោះ បានមកដល់ ប្រទេសកម្ពុជាវិញ ប្រកបដោយ ភាពជោគ ជ័យ និងសុវត្ថិភាព ។

បន្ទាប់ពីប្រទេស ស៊ូដង់ខាងត្បូង បានប្រកាសថា ខ្លួនបានទទួល ឯករាជ្យជាផ្លូវការ កាលពីថៃ្ងទី៩ ខែកក្កដា ឆ្នាំ ២០១១កន្លង ទៅ កងកម្លាំង រក្សាសន្ដិភាព របស់អង្គការ សហប្រជាជាតិ ហៅកាត់ថា អ.ស.ប ដែលប្រចាំនៅ ប្រទេសនោះ ត្រូវបានបញ្ជូន វិល ត្រឡប់មក មាតុភូមិនិវត្ដន៍វិញ ដោយមាន ភាពជោគជ័យ ធំធេងបំផុត ។ ការមកដល់ របស់កងកម្លាំង បោសសម្អាតមីន លេខ ៤០៥ ទី២ របស់កម្ពុជា គឺមកដល់នៅ រសៀលថៃ្ងទី ៥ ខែកញ្ញា ឆ្នាំ២០១១ ។

មានប្រសាសន៍ ក្នុងពិធីទទួល កងកម្លាំង បោសសំអាតមីន លេខ៤០៥ ទី២ ដែលបាន បំពេញបេសកម្ម រក្សាសន្ដិភាព អ.ស.ប នៅ ប្រទេសស៊ូដង់ នៅព្រលានយន្ដហោះ យោធា រាជធានីភ្នំពេញ នៅថៃ្ងទី៥ ខែកញ្ញា នាយ ឧត្ដមសេនីយ៍ឯក ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី និងជា រដ្ឋមន្ដ្រីក្រសួង ការពារជាតិកម្ពុជា ថា ការបំពេញ បេសកកម្ម របស់កងកម្លាំង រក្សាសន្ដិភាពនេះ គឺទទួលបាន ភាពជោគជ័យ ដូចជារាល់ដង អីចឹងដែរ ។ ហើយភាពជោគជ័យ ពិសេសនោះ កងកម្លាំងទៅប៉ុណ្ណា គឺវិល ត្រឡប់មក ប៉ុណ្ណឹងវិញ ។

លោកបន្ដថា “ជោគជ័យដែល ធំបំផុតនោះ ទៅគ្រប់មកវិញ គ្រប់នេះ ជាការពិត ណាស់ថា ជោគជ័យដែល ទទួលបាននេះ ពិតជាមិនអាច កាត់ផ្ដាច់បាន” ។

ការបំពេញ បេសកកម្ម របស់កងកម្លាំង រក្សាសន្ដិភាព អ.ស.ប របស់កម្ពុជានៅ ប្រទេសស៊ូដង់ ក្នុងរយៈពេល៥ឆ្នាំ កន្លងមក នេះ លោក សែម សុវណ្ណនី ជាសមាជិក គណៈកម្មាធិការជាតិ និងជា អគ្គនាយក មជ្ឈមណ្ឌលជាតិ បានមានប្រសាសន៍ ឱ្យដឹង ថា កងកម្លាំងកម្ពុជា បានបោសសំអាត ក្នុងផ្ទៃដី ដែលមានមីន និងយុទ្ធ ភ័ណ្ឌមិនទាន់ផ្ទុះ បាន ចំនួន៨២លាន ម៉ែត្រក្រឡា. មីនប្រឆាំងថ្មើរ ជើងចំនួន៤៤០០ គ្រាប់មីន ប្រឆាំងរថគ្រោះ ចំនួន២៦០គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះបាន ចំនួន ២៩៦.០០០គ្រាប់ អំបែងចំនួន ១២៧. ០០០បំណែក ។ មិនតែប៉ុណ្ណោះ លោក សែម សុវណ្ណនី បានឱ្យដឹងទៀតថា កងកម្លាំង របស់កម្ពុជាយើង ក៏បាន ផលិតទឹកស្អាត សម្រាប់ប្រជាជន ស៊ូដង់ ប្រើប្រាស់ទួទៅ បានយ៉ាងច្រើន ទៀតផង ។

លោក បានបន្ដទៀតថា ក្នុងរយៈពេល៥ឆ្នាំ ក្នុងការបំពេញ បេសកកម្ម រក្សាសន្ដិភាព របស់អង្គការ សហប្រជាជាតិ កន្លងទៅនៅ ប្រទេសស៊ូដង់ និងកម្លាំងប្រចាំនៅ ប្រទេស ឆាដ និង សាធារណរដ្ឋ អាហ្វ្រិកកណ្ដាល បាន បង្ហាញនូវភាព ខិតខំប្រឹងប្រែង រៀនសូត្រ គោរពវិន័យ និងភាពអង់អាច ក្លាហាន ក្នុងការបំពេញ ភារកិច្ចទាំងនេះ និងបានបន្សល់ ទុកនូវសមិទ្ធិផល និងស្នាដៃជាច្រើន ថែមទៀតផង ។ មិនត្រឹមតែមាន លទ្ធភាពការពារ បូរណភាពដែនដី ក្នុងប្រទេសទេ ព្រមទាំង បានចូលរួម ចំណែក ជួយថែរក្សាសន្ដិភាព និងមនុស្សធម៌ ដល់លើពិភពលោក ផងដែរ ។

តំណាង អ្នកសម្របសម្រួល អង្គការសហ ប្រជាជាតិ អ្នកស្រីអានី លែម៉ាសទ្រី Anne Lemaistre បានមានប្រសាសន៍ ក្នុងពិធីទទួលនោះថា ចាប់តាំងពីឆ្នាំ២០០៦ មក កងកម្លាំង រក្សាសន្ដិភាពកម្ពុជា គឺមាន រហូតដល់ទៅ ៥៧៧នាក់ ដែលបានទៅ បំពេញ បេសកកម្ម មនុស្សធម៌ និងបានបន្សល់ទុក នូវកេរ្ដិ៍ឈ្មោះ យ៉ាងល្អប្រសើ នៅប្រទេសស៊ូដង់ ។

អ្នកស្រីបានបន្ដ ទៀតថា ចំពោះកងកម្លាំង ថែរក្សាសន្ដិភាព របស់កង យោធពល ខេមរភូមិន្ទ ដែលពួកគេបាន បូជាកម្លាំងកាយ និង កម្លាំងចិត្ដ ដើម្បីផ្ដល់នូវ ជំនួយបោស​សំអាត មីនមនុស្សធម៌ ជូនដល់បណ្ដា ប្រទេសនានា ត្រូវបានទទួលស្គាល់ និងវាយ តម្លៃខ្ពស់នូវ ភារកិច្ច ដែលពួកគេធ្វើ នាពេល កន្លងមកនេះ ។ ហើយចំពោះ ការងាររបស់ ពួកគេនេះ គឺជា ការងារដែលធ្វើឡើង ដើម្បីបម្រើ មនុស្សជាតិ ទាំងអស់ ។

នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយក រដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រី ក្រសួងការពារជាតិ បានបន្ដឱ្យដឹង ទៀតថា បើទោះបីជាការ បំពេញ បេសកកម្ម របស់កង​កម្លាំង បោសសំអាតមីន លេខ៤០៥ ទី២នេះ ត្រូវបានបញ្ចប់ ទៅហើយក្ដី ហើយបានវិលចូល មាតុភូមិនិវត្ដន៍ ក៏ដោយ ក៏ប្រទេសកម្ពុជា មិនទាន់ត្រូវបាន​ ឈប់ទេក្នុងការ ជួយរក្សាសន្ដិភាព របស់តម្រូវការអង្គការ សហប្រជាជាតិ នោះ។ ហើយកម្ពុជាប្រុង ប្រៀបជានិច្ច ដើម្បីបញ្ជូនកម្លាំង ទៅប្រសិន បើ អ.ស.ប ត្រូវការនោះ ៕