បណ្ណសារ | ខែកញ្ញា 7, 2011

ក្រុមហ៊ុន​សម្លៀក​បំពាក់​ម៉ាក​ល្បីៗ​នឹង​អង្កេត​បញ្ហា​កម្មករ​ដួល​សន្លប់​នៅ​កម្ពុជា​

ដោយ លាង ដឺលុច
ថ្ងៃ ពុធ 07 កញ្ញា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ (01:55)

ក្រោយ​​​ពី​​មាន​​ហេតុការ​​ណ៍ដួល​​សន្លប់​​នៃ​​កម្មករ​​រោងចក្រ​​ជា​​បន្តបន្ទាប់​​ ក្រុមហ៊ុន​​សម្លៀក​​​បំពាក់​​ម៉ាក​​ល្បីៗ​​ជា​ច្រើន​​ដែល​​ជា​​អ្នក​បញ្ជា​ទិញ​​ សម្លៀកបំពាក់​​ផលិត​​នៅ​​កម្ពុជា​​​បាន​​សន្យា​​ថា​ ពួក​គេ​​នឹង​​បើក​​ការ​​ស៊ើប​អង្កេត​​លើ​​បញ្ហា​​នេះ។​ ស្របពេល​​ជា​មួយ​គ្នា​​នេះ ​ក្រុម​​គណៈ​កម្មការ​​អន្តរ​ក្រសួង​​របស់​​រដ្ឋាភិបាល​​កម្ពុជា​​ក៏​​កំពុង​​បន្ត​​ ស្រាវជ្រាវ​​អំពី​​ហេតុការណ៍​​នេះ​​ដែរ។

កម្មករ​កម្មការិនី​កាត់ដេរ​បាន​ចំណាយ​ពេលវេលា​អស់ជាច្រើន​ក្នុង​មួយថ្ងៃៗ​ក្នុងការ​ធ្វើដំណើរ​ទៅមក​ពីគេហដ្ឋាន​ទៅកន្លែង​ធ្វើការ​ (©​ ញឹម​ សុផល)

កម្មករ កម្មការិនី កាត់ដេរ បាន ចំណាយ ពេលវេលា អស់ជាច្រើន ក្នុង មួយថ្ងៃៗ ក្នុងការ ធ្វើដំណើរ ទៅមក ពីគេហដ្ឋាន ទៅកន្លែង ធ្វើការ (© ញឹម សុផល)

ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាកល្បីៗ​ជាង​២០ ​បាន​សន្យា​ថា​ពួកគេ​នឹង​បញ្ជូន​ក្រុម​អ្នក​ជំនាញ​ដើម្បី​​តាមដាន​ស្វែងរក​អោយ​ឃើញ​មូលហេតុ​ដែល​ធ្វើ​អោយ​កម្មករ​ដួល​សន្លប់​នៅក្នុង​រោងចក្រ​ពេល​ពួកគេ​កំពុង​ធ្វើការ​នោះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​តំណាង​អង្គការ​ពលកម្ម​អន្តរជាតិ។

ការ​សន្យា​របស់​តំណាង​ក្រុមហ៊ុន​សំលៀកបំពាក់​ម៉ាក​ល្បីៗ​ទាំងនោះ​ដែល​រួមមាន​ Gap, H&M Walmart និង Target ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ រវាង​រដ្ឋាភិបាល​ដែល​តំណាង​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក ចម ប្រសិទ្ធ តំណាង​អង្គការ​ពលកម្ម​អន្តរជាតិ តំណាង​ថៅកែ​រោងចក្រ តំណាងសហជីពកម្មករ និង ក្រុមហ៊ុន​អ្នក​បញ្ជាទិញ។

តំណាង​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​អត្ថាធិប្បាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP​ថា គេ​ត្រូវ​ប្រញាប់​បើក​ការ​ស៊ើបអង្កេត​ជា​បន្ទាន់​ដើម្បី​រកអោយឃើញ​មូលហេតុ​ដែល​នាំអោយ​កម្មករ​ដួល​សន្លប់ និង​កាត់​បន្ថយ​មូលហេតុ​ចាស់ៗ​ពី​មុន​ដែល​គេ​បាន​ដឹង​ហើយ ដូចជា​សុវត្ថិភាព​នៅ​កន្លែង​ធ្វើ​ការងារ បញ្ហា​សុខភាព​កម្មករ និង​ការ​បរិភោគ​មិន​គ្រប់គ្រាន់។

ស្របពេល​ដែល​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​សន្យា​បើក​ការស៊ើបអង្កេត​លើ​បញ្ហា​នៃ​ការ​ដួលសន្លប់​នៃ​កម្មករ​នេះ នៅ​ថ្ងៃ​ពុធ​ទី​៧​កញ្ញា​នេះ មន្ត្រី​រដ្ឋាភិបាល​មក​ពី​ក្រសួង​ចំនួន​៦​ដែល​ពាក់ព័ន្ធបាន​​ជួបប្រជុំ​គ្នា​នៅក្នុង​ក្រសួង​ការងារ​ដើម្បី​ពិភាក្សា​រក​វិធានការ​ទប់ទល់​មិន​អោយ​មាន​ហេតុការណ៍​ដួលសន្លប់​នេះ​ទៀត។

របាយការណ៍​របស់​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ ទប់ស្កាត់​ករណី​សន្លប់ និង បង្ការ​គ្រោះថ្នាក់​ការងារ​នៃ​ក្រសួង​ការងារ​បង្ហាញ​ថា ក្នុង​ឆ្នាំនេះ​រហូត​ដល់​ពេល​នេះ មានកម្មករ-កម្មការិនី​ចំនួន​១៥៧៨នាក់បាន​ដួល​សន្លប់។ ការ​ដួល​សន្លប់​ដែល​ក្រុម​ការងារ​ជំនាញ​នេះ​បញ្ជាក់​ថា បណ្តាល​មក​ពី​មូលហេតុចំបងៗ​មួយ​ចំនួន​ដូចជា៖ ការ​ធ្វើការ​លើស​ម៉ោង​របស់​ក្រុម​កម្មករ ការ​ពុល​ដោយ​​​ការ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​នៅក្នុង​រោងចក្រ ការ​បញ្ចេញផ្សែងចំហាយ ឬអគ្គិសនី​នៅក្នុង​រោងចក្រ សីតុណ្ហភាព​និង​ការ​បញ្ចេញបញ្ចូល​ខ្យល់​នៅក្នុង​រោងចក្រ​មិនគ្រប់គ្រាន់​ជាដើម៕

តុលាការ​ផ្តន្ទា​ទោ​សបុរ​ស​ជនជាតិ​អង់គ្លេស ដាក់ពន្ធនាគារ ១២​ឆ្នាំ ពី​បទ​ទិញ​ពេស្យាចារ​កុមារ​

ដោយ : វិសាល
ថ្ងៃទី 8 កញ្ញា 2011
CEN

ភ្នំពេញ: លោក អឿង សៀង ចៅក្រម​ជំនុំជម្រះ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្តន្ទាទោស​បុរស​ជនជាតិ​អង់គ្លេស ឈ្មោះ Michael Jullian អាយុ ៥០​ឆ្នាំ ដោយ​ដាក់​ពន្ធនាគារ ១២​ឆ្នាំ ពី​បទ​ទិញ​ពេស្យាចារ​កុមារ​។ ចៅក្រម​ក៏បាន​សម្រេច​ថា ក្រោយ​ពី​អនុវត្ត​ទោស​ចប់ បុរស​អង់គ្លេស ដែល​សព្វ​ថ្ងៃ​ត្រូវ​បាន​មេធាវី​អះអាងថា ឈឺ​ដេកពេទ្យ​នោះ នឹង​ត្រូវ​បណ្តេញចេញ​ពី​ប្រទេស​កម្ពុជា​។​

​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ២១០០ ចុះ​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១០ ទាក់ទង​នឹង​ការទិញ​ពេស្យាចារ​កុមារី​កម្ពុជា​ចំនួន ៣​នាក់ ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ លើក​មក​ជំនុំជម្រះ កាលពី​ថ្ងៃ​ទី​៣០​សីហា ឆ្នាំ​២០១១​។ សំណុំរឿង​នោះ មាន​ជនជាប់ចោទ ជា​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ និង​ជនជាតិខ្មែរ ៥ នាក់​ផ្សេង​ទៀត​។​

​តាម​សាលក្រម ដែល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី​៨​កញ្ញា ឆ្នាំ​២០១១ លោក​ចៅក្រម ក៏បាន​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​លើ​ជនជាតិខ្មែរ ៥ នាក់ ទៀត រួមមាន​៖ ទី​១-​ឈ្មោះ ហៃ សិលា ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ហៅ​សាក់​ចិញ្ចើម ដាក់ពន្ធនាគារ ៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៦​លាន​រៀល ពី​បទ​ផ្សំគំនិត ក្នុង​ការអូសទាញ​ពេស្យាចារ​កុមារ​។ ទី​២-​ឈ្មោះ សែម ឌឹ​ក ភេទ ស្រី អាយុ ៤៥​ឆ្នាំ ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ ៤​ឆ្នាំ ប៉ុន្តែ​អនុវត្ត ២​ឆ្នាំ ពី​បទ​ទាក់ទង​ពេស្យាចារ​។ ទី​៣-​ឈ្មោះ អឿ អិត ភេទ ស្រី អាយុ ៤៨​ឆ្នាំ ដាក់ពន្ធនាគារ ៤​ឆ្នាំ ( តែ​ព្យួរទោស​ទាំងមូល )​។ ទី​៤-​ឈ្មោះ ពេញ ផាត ភេទ​ប្រុស ដាក់ពន្ធនាគារ ២​ឆ្នាំ ( តែ​ត្រូវ​ព្យួរ​ទោស ) ពី​បទ​អូសទាញ​ពេស្យាចារ និង​ទី​៥-​ឈ្មោះ សំ សាវឿន ភេទ ស្រី អាយុ ៤២​ឆ្នាំ ដាក់ពន្ធនាគារ ៨​ឆ្នាំ ពី​បទ​អូសទាញ​ពេស្យាចារ​។

​ចៅក្រម​តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ សំ សាវឿន​, ហៃ សិលា​, សែម ឌឹ​ក​, Michael Jullian និង ពេញ ផាត ត្រូវ​សង​សំណង ទៅ​ជនរងគ្រោះ​ជា​កុមារី​មិនទាន់​គ្រប់​អាយុ ១៥ ឆ្នាំ ចំនួន ២​នាក់ ដោយ​ក្នុង​ម្នាក់ៗ នូវ​ទឹកប្រាក់​ចំនួន ១២​លាន​រៀល​។ ចំណែក​កុមារី​ម្នាក់ទៀត ចៅក្រម​តុលាការ​មិន​បាន​សម្រេច​ឲ្យទទួល​សំ​ណងឡើយ ដោយ​សំអាង​ថា មិន​ត្រូវបាន​បុរស​ជនជាតិ​អង់គ្លេស​នោះ រួមភេទ​នៅឡើយ​ទេ​។​

​សាច់​រឿង​បុរស​អង់គ្លេស ទិញ​ពេស្យាចា​រលើ​កុមារី​កម្ពុជា ៣ នាក់​នោះ ត្រូវបាន​គេ​លើកឡើងថា ក្នុងចំណោម​កុមារី ៣​នាក់ មាន​កុមារី​ម្នាក់ ត្រូវ​បុរស​ជនជាតិ​អង់គ្លេស បាន​ទិញ​ក្នុងតម្លៃ ១.៥០០ ដុល្លារ សម្រាប់​ការ​រួមភេទ ក្នុង​មួយអាទិត្យ​។ ចំណែក​កុមារី​២​នាក់​ទៀត បុរស​អង់គ្លេស​បាន​ទិញ​ក្នុង​តម្លៃ ២០០ ដុល្លារ ទៅ ៣០០ ដុល្លារ តែ​បុរស​អង់គ្លេស​នោះ គ្រាន់តែ​យក​មក​លេង ដោយ​មិន​បាន​រួម​ភេទ​ទេ​។

​បុរស​ជនជាតិ​អង់គ្លេស និង​ជនជាតិខ្មែរ ៥ នាក់​ទៀត ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១០ នៅ​ផ្ទះសំណាក់​មួយ ក្នុង​ភូមិគរ​គី ឃុំ​ទួល​ត្នោត ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​៕​

លោក ​ហោ ណាំហុង​ អំពាវនាវ​រក​ការ​គាំទ្រ​សម្រាប់​តំណែង​កម្ពុជា​​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​​​ក្នុង​​ក្រុម​​ប្រឹក្សា​​សន្តិសុខ​​​​

ដោយ លី ម៉េងហួរ
ថ្ងៃ ពុធ 07 កញ្ញា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ លី ម៉េងហូរ ពីភ្នំពេញ (03:11)

លោក​ ហោ ​ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​​កម្ពុជា​ បាន​​ចូល​រួម​កិច្ច​ប្រជុំ​​កំពូល​​លើក​ដំបូង​ របស់​​ចលនា​​មិន​​ចូល​​បក្ស​សម្ព័ន្ធ​គម្រប់​​ខួប​​ទី​​៥០​ នៅ​​ទីក្រុង​ ប៊ែល​ក្រាដ​ប្រទេស​​ស៊ែ​ប៊ី​ កាលពី​​ថ្ងៃ​​​ទី​​៥​ ដល់​​​​ថ្ងៃ​​​ទី​​​៦​​ខែ​​​កញ្ញា​​ឆ្នាំ​​២០១១​។​ ក្នុង​​កិច្ច​ប្រជុំ​​រយៈពេល​​ពីរ​​ថ្ងៃ​នោះ ​ប្រមុខ​​ការទូត​​កម្ពុជា​ បាន​​ឡើង​​ថ្លែងការណ៍ ​ដោយ​​អំពាវនាវ​​រក​​ការ​គាំទ្រ​​ស​ម្រាប់​​តំណែង​​កម្ពុជា ​ជា​​សមាជិក​​មិន​​អចិន្ត្រៃយ៍​ក្នុង​​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​ ដែល​​នឹង​​ត្រូវ​​បោះឆ្នោត​​នៅ​​ឆ្នាំ​ក្រោយ​។

លោក​ប្រមុខការទូត​កម្ពុជា ហោ ណាំ ហុង (RFI/Chheang Bopha)

លោក ប្រមុខការទូត កម្ពុជា ហោ ណាំ ហុង (RFI/Chheang Bopha)

សុន្ទរកថា ដែល​ក្រសួងការបរទេសបាន​ផ្សព្វផ្សាយ បង្ហាញថា ក្នុងកិច្ចប្រជុំប្រទេស​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ នៅទីក្រុងប៊ែលក្រាដ ​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា បានលើកឡើង​ពី​ការរួមចំណែក​របស់​កម្ពុជា ក្នុងការ​បញ្ជូនទាហាន​ជាច្រើន​រយ​នាក់ ចូលរួម​ក្នុង​ក្រប​ខណ្ឌ​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅ​ប្រទេស​សមាជិក​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ​ជាច្រើន ដើម្បី​ជួយ​ដោះមីន និង​ដើម្បី​បម្រើ​គោលដៅ​ផ្សេងៗ​ទៀត​។
​តាម​លោក​ប្រមុខ​ការទូត សព្វថ្ងៃនេះ កម្ពុជា​ត្រៀម​បន្ត​បញ្ជូន​កង​ទ័ព​របស់​ខ្លួន ទៅ​តំបន់​ផ្សេងទៀត នៅ​គ្រប់ទិសទី​ក្នុង​ពិភពលោក​។ ក្នុងន័យនេះ លោក ហោ ណាំហុង បាន​គូសបញ្ជាក់ថា កម្ពុជា​ក៏​ចង់​ចែករំលែក​នូវ​បទពិសោធន៍​របស់​ខ្លួន ជាមួយ​ប្រទេស​ឯទៀត ក្នុង​ការបញ្ឈប់​សង្គ្រាម​ស៊ីវិល និង​គ្រប់គ្រង​ដោយ​រលូន​នូវ​ការផ្សះផ្សានិង​ការកសាង​ជាតិ​ឡើងវិញ ក្នុង​អំឡុង​ពេល​ក្រោយ​ជម្លោះ​។

​ក្នុង​ស្មារតី​នេះ លោក​ប្រមុខ​ការទូត បាន​គូសបញ្ជាក់ថា ជា​លើក​ទី​១ តាំងពី​បាន​ក្លាយ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​១៩៥៥ កម្ពុជា​បាន​ដាក់​បេក្ខភាព​របស់​ខ្លួន ជា​សមាជិក​មិន​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ អាណ​តិ្ត​ឆ្នាំ​២០១៣-២០១៤ ដែល​ត្រូវ​បោះឆ្នោត​នៅ​ឆ្នាំ​២០១២​ខាងមុខ​។

​ក្រៅតែពី​ថ្លែងអំណរគុណ​ដល់​ប្រទេស​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ​ជាច្រើន ដែល​បាន​គាំទ្រ​កម្ពុជា លោក​ប្រមុខ​ការទូត ហោ ណាំហុង ក៏​បាន​អំពាវនាវ​ដោយ​សង្ឃឹមថា សមាជិក​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ​ឯទៀត ក៏​នឹង​ចូលរួម​ផ្តល់​ការគាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​របស់​កម្ពុ​ជា​ផងដែរ ចំពោះ​ការបោះឆ្នោត ជ្រើសតាំង​កម្ពុជា ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ឆ្នាំ​២០១២​។​

កម្ពុជាបានទទួលការគាំទ្រពីបណ្តាប្រទេសជាច្រើន សម្រាប់ការបោះឆ្នោតជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅឆ្នាំក្រោយ ក្នុងនោះ ក៏មាន​ប្រទេស​អង់គ្លេស ដែលជាសមាជិកអចិន្ត្រៃយ៍ ក្នុងចំណោម​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិទាំង ៥ ប្រទេស។

​មុន​​​បញ្ចប់​សុន្ទរកថា ក្នុង​កិច្ចប្រជុំ​ទីក្រុង​ប៊ែល​ក្រាដ លោក​ប្រមុខ​ការទូត​កម្ពុជា ក៏​បាន​ប្រកាស​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ បញ្ឈប់​នូវ​ទុក្ខវេទនា​របស់​ប្រជាជន​គុយ​បា ដោយ​ការ​ដក​ចេញ​​​នូវ​ទណ្ឌកម្ម​ដ៏​អយុត្តិធម៌​ប្រឆាំង​ប្រទេស​គុយ​បា​។ លោក ហោ ណាំហុង ក៏​បាន​ប្រកាសថា កម្ពុជា​ក៏​គាំទ្រ​យ៉ាង​ពេញទំហឹង​ផងដែរ ចំពោះ​សំណើ​របស់ ប៉ាលេ​ស្ទីន សុំ​ចូល​ជា​សមាជិក​ពេញលេញ​របស់​អង្គការសហប្រជាជាតិ នៅ​ក្នុង​មហាសន្និបាត​អង្គ​សហប្រជាជាតិ នាពេល​ខាង​មុខ​។

​ជា​ការកត់សម្គាល់ មេដឹកនាំ​ពី​ទូទាំង​តំបន់​អាស៊ី អាហ្វ្រិក និង​អាមេរិក​ឡាទីន បាន​មក​ជួប​ប្រជុំ​លើកដំបូង នៅ​ទីក្រុង​ប៊ែល​ក្រាដ ប្រទេស​ស៊ែ​ប៊ី កាលពី​ឆ្នាំ​១៩៦១​ ក្នុងនាមចលនាមិនចូល​បក្ស​សម្ព័ន្ធ​។​ មកដល់​សព្វថ្ងៃ ថ្នាក់ដឹកនាំ​ដែល​បាន​ជួបប្រជុំ​គ្នា កាលពី​៥០​ឆ្នាំមុន នៅសល់​តែ​សម្តេច​ឪ នរោត្តម សីហនុ មួយ​ព្រះអង្គ​ប៉ុណ្ណោះ​។ កិច្ចប្រជុំ​របស់​ចលនា មិន​ចូល​បក្សសម្ព័ន្ធ មានបំណង​ឲ្យមាន​ការរំសាយ​សព្វាវុធ ការពង្រឹង​អង្គការសហប្រជាជាតិ ការកែទម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដោយ​ស្មើភាព​គ្នា ជាដើម​៕

បារាំង​ជំរុញ​សាលាក្តី​ខ្មែរក្រហម​ឲ្យ​ចេញ​សាលដីកា​ចុង​ក្រោយ​សម្រាប់​រឿងក្តី​ឌុច

ថ្ងៃពុធ, 07 ខែកញ្ញា 2011
ដោយ គង់ សុឋានរិទ្ធ
វីអូអេ ខ្មែរ | ភ្នំពេញ

ស្តាប់ព័ត៌មាន៖ រាយការណ៍ដោយ គង់ សុឋានរិទ្ធ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១១
MP3 | Windows Media

សម្ពាធ​អន្តរជាតិ​មាន​បន្ថែម​លើ​សាលាក្តី​ខ្មែរ​ក្រហម​ដើម្បី​ជំរុញ​ការ​កាត់​ទោស​របស់​តុលាការ​នេះ​ធ្វើ​ដំណើរ​ទៅ​មុខ​ឲ្យ​បាន​ឆាប់​រហ័ស​ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​​កម្ពុជា។

ឌុច ​ឈ្មោះ​ដើម​គឺ​ កាំង​ ហ្កេកអ៊ាវ​ ត្រូវ​ចោទ​ប្រកាន់​ពីបទប្រព្រឹត្ត​អំពើ​ឃោរឃៅ​ដែល​បាន​បង្ក​ឲ្យ​អ្នក​ជាប់​គុក​ទួលស្លែង​យ៉ាង​តិច​១២.៣៨០​នាក់​ ស្លាប់​យ៉ាង​វេទនា​បំផុត​។​ ​​​(រូបថត៖ Reuters)

ឌុច ឈ្មោះ ដើម គឺ កាំង ហ្កេកអ៊ាវ ត្រូវ ចោទ ប្រកាន់ ពីបទប្រព្រឹត្ត អំពើ ឃោរឃៅ ដែល បាន បង្ក ឲ្យ អ្នក ជាប់ គុក ទួលស្លែង យ៉ាង តិច ១២.៣៨០ នាក់ ស្លាប់ យ៉ាង វេទនា បំផុត ។ (រូបថត៖ Reuters)

នៅ​ថ្ងៃ​ពុធ​នេះ​ រដ្ឋាភិបាល​បារាំង​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ទទូច​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​ ប្រកាស​សាលដីកា​នៃ​សំណុំរឿង​០០១​ដែល​ជា​សំណុំរឿង​របស់​ឌុច​ឲ្យ​បាន​ឆាប់​ព្រម​ទាំង​ជំរុញ​សាលាក្តី​ខ្មែរ​ក្រហម​ឲ្យ​ចាប់​ផ្តើម​កាត់​ក្តី​ជា​បន្ទាន់​លើ​សំណុំរឿង​០០២។

កាល​ពី​ថ្ងៃ​អង្គារ​ ម្សិលមិញ​នេះ​ អង្គភាព​សហមេធាវី​នាំ​មុខ​ តំណាង​ឲ្យ​ដើម​បណ្តឹងរដ្ឋប្បវេណី​ ដែល​ជា​ផ្នែក​មួយ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ក៏​បាន​ជំរុញ​ឲ្យ​សាលាក្តី​នេះ​ធ្វើ​ការ​កាត់​ទោស​សំណុំរឿង​០០២​ ឲ្យ​បាន​ឆាប់​ផង​ដែរ​ បន្ទាប់​ពី​មរណភាព​របស់​លោក​វ៉ាន់​ ណាត ​អតីត​អ្នក​ទោស​គុក​ទួលស្លែង​ និង​ជា​សាក្សី​មួយ​រូប​ដ៏​​សំខាន់​នៅ​ក្នុង​សំណុំរឿង​របស់​ឌុច។

លោក ​វ៉ាន់​ ណាត​ ដែល​បាន​ទទួល​មរណៈភាព​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដោយរោគាពាធ។​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បារាំង​នៅ​ថ្ងៃ​នេះ​ បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ ដោយ​យោង​ទៅ​លើ​មរណៈភាព​របស់​លោក​វ៉ាន់ ​ណាត ​ផង​ដែរ​ ហើយ​បាន​សង្កត់​ធ្ងន់​ថា​ នៅ​ក្នុង​បរិបទ​បែប​នេះ​ វា​គឺ​ជា​ការ​ចាំ​បាច់​ដែល​អង្គជំនុំ​ជម្រះ​វិសមញ្ញ​នៅ​ក្នុង​តុលាការ​កម្ពុជា​ត្រូវ​ប្រកាស​ឲ្យ​បាន​ឆាប់​ចំពោះ​សាល​ដីកា​ឧទ្ធរណ៍​នៃ​សំណុំរឿង​០០១​ ដែល​ទាក់ទង​ទៅ​នឹង​ឌុច​ ព្រម​ទាំង​ចាប់​ផ្តើម​បើក​សវនការ​សំណុំរឿង​០០២​ដោយ​កុំ​បង្អង់​ឡើយ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បារាំង​ដដែល​បាន​ទទូច​បន្ថែម​ថា តម្រូវ​ការ​ចាំបាច់​គឺ​ត្រូវ​រក​ការ​ពិត​សម្រាប់​ជន​រងគ្រោះ​ចុង​ក្រោយ​ ដែល​តែង​កំពុង​នៅ​រស់រាន​មាន​ជីវិត​ ហើយ​ ក៏​ដូច​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ផង​ដែរ។

លោក ​ឡាស ​អលស៊ិន​ (Lars Olsen) មន្ត្រី​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្តី​ខ្មែរ​ មាន​ប្រសាសន៍​ដោយ​យោង​ទៅ​តាម​ការ​ប្រកាស​របស់​តុលាការ​កំពូល​ថា សាលដីកា​នៃ​បណ្តឹង​ឧទ្ធរណ៍​ ក្នុង​ករណី​ឌុច​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ចុង​ឆ្នាំ​នេះ​ ក៏ប៉ុន្តែ​នៅ​មិន​ទាន់​កំណត់​ការ​កាត់ទោស​នៅ​ក្នុង​សំណុំរឿង​០០២​នៅ​ឡើយ​ទេ។

«នៅ​ក្នុង​សេចក្តីថ្លែងការណ៍កាល​ពី​សប្តាហ៍​មុន​ អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​និយាយ​ថា​ ខ្លួន​នឹង​ប្រកាស​សាលក្រម​នៅ​ចុង​ឆ្នាំ​នេះ។ អង្គជំនុំ​ជម្រះ​នឹង​កំណត់​ កាល​បរិច្ឆេទ​នៃ​សវនាការ​ពេញ​អង្គ​សេចក្តី​ នៅ​ពេល​ដែល​តុលាការ​ធ្វើ​សេចក្តី​សម្រេច​ លើ​បញ្ហា​សុខភាព​ជន​ជាប់​ចោទ​នៅ​ឆ្នាំ​នេះ​ ហើយ​យើង​មិន​ទាន់​ដឹង​ថា​ កាល​បរិច្ឆេទ​នេះ​អាច​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​នោះ​ទេ»។

ឌុច ​ឈ្មោះ​ដើម​គឺ​ កាំង​ ហ្គេកអ៊ាវ​ ត្រូវ​ចោទ​ប្រកាន់​ពីបទប្រព្រឹត្ត​អំពើ​ឃោរឃៅ​ដែល​បាន​បង្ក​ឲ្យ​អ្នក​ជាប់​គុក​ទួលស្លែង​យ៉ាង​តិច​១២.៣៨០​នាក់​ ស្លាប់​យ៉ាង​វេទនា​បំផុត​។

ដោយ​ឡែក​ ជន​ជាប់​ចោទ​ទាំង​បួន​នាក់​ នៅ​ក្នុង​សំណុំរឿង​០០២​ គឺ​នួន​ ជា ​ខៀវ​ សំផន ​អៀង​ សារី​ និង​អៀង​ ធីរិទ្ធ មាន​ភាព​ចាស់​ជរា​ទ្រុឌ​ទ្រោម​ ហើយ​សាលាក្តី​ខ្មែរ​ក្រហម​នឹង​ត្រូវ​ពិនិត្យ​លទ្ធភាព​អំពី​ការ​ចូល​សវនាការ​របស់​នួន​ ជា​ និង​អៀង ​ធីរិទ្ធ​ នៅ​ពេល​ខាង​មុខ​នេះ។

លោក ​ជុំ ​ម៉ី ​អតីត​អ្នក​គុក​ទួលស្លែង​ និង​ជា​សាក្សី​ម្នាក់​ទៀត​ នៅ​ក្នុង​សំណុំរឿង​០០១​ បាន​សម្តែង​ការ​សប្បាយ​ចិត្ត​ ចំពោះ​ការ​ជំរុញ​របស់​​បារាំង​ ដោយ​លោក​ប្រកាស​ថា​ ការ​ប្រកាស​សាលដីកា​គឺ​ជា​យុត្តិធម៌​ចុង​ក្រោយ​សម្រាប់​រូប​លោក។

«ធ្វើ​អញ្ចឹង​ បើ​ចេញ​បាន​ឆាប់​ វា​ឆាប់​បាន​យុត្តិធម៌​ហើយ​ បាទ»។

លោក ​ជុំ ​ម៉ី ​ក៏​ជា​ប្រធាន​សមាគម​ជន​រងគ្រោះ​ដោយ​របប​ប្រជាធិបតេយ្យ​ ដែល​ហៅ​កាត់​ថា​ សមាគមន​ក្សេមក្សាន​ ផង​ដែរ។ កាល​ពី​ខែ​មុន​ សមាគម​របស់​លោក​ក៏​បាន​ជំរុញ​ផងដែរ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ប្រកាស​សាលដីកា​ឌុច​ឲ្យ​បាន​ឆាប់​បំផុត​ ហើយ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​ បាន​ប្រកាស​ជា​សាធារណៈ​ថា​ ការ​ប្រកាស​សាល​ដីកា​ស្តី​ពី​បណ្តឹង​ឧទ្ធរណ៍​នៃ​សំណុំរឿង​ឌុច​ និង​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ដំណាច់​ឆ្នាំ​២០១១​នេះ។

ដោយ​ឡែក លោក​ សុំ​ វុទ្ធី​ អតីត​អ្នក​ទោស​ម្នាក់​ទៀត​របស់​ពួក​ខ្មែរ​ក្រហម​នៅ​ក្នុង​ខេត្ត​សៀមរាប​ និង​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​ក្នុង​សំណុំរឿង​០០២​ក៏​បាន​អបអរសាទរ​នេះ​ដែរ។

«ត្រឹម​ត្រូវ​ណាស់​ ជាង​សាមសិប​ឆ្នាំ​ហើយ​ ការ​ចាំ​តុលាការ។ ហើយ​ដល់​តែ​មាន​តុលាការ​ ស្រាប់​តែ​នៅ​តែ​អូសបន្លាយ​ពេល​ ហើយ​មេដឹក​នាំ​ខ្មែរ​ក្រហម​កាន់​តែ​ចាស់​ហើយ»។

យ៉ាងណា​ក៏​ដោយ ​លោក ​ឆាំង ​យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​ហៅ​ការ​ជំរុញរបស់​បារាំង​ចំពោះ​សាលាក្តី​ខ្មែរ​ក្រហម​ថា​អាច​ត្រូវ​បាន​បក​ស្រាយ​ថា​ ជា​ការ​ជ្រៀត​ជ្រែក​កិច្ចការ​តុលាការ​ ហើយ​លោក​គិត​ថា​ ការ​ជំរុញ​ឲ្យ​តុលាការ​មាន​ឯករាជ្យភាព​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​ដំណើរការ​កាត់​ក្តី​ទៅ​មុខ​កាន់​តែ​លឿន៕

បណ្តាញទាក់ទងគ្នា
ដើម​បណ្តឹង​រដ្ឋប្បវេណី​ជំរុញ​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​ដំណើរ​ការ​កាត់ទោស​ឲ្យ​បាន​ឆាប់.

អតីត​អ្នក​ទោស​គុក​ទួលស្លែង ​វ៉ាន់ ណាត ទទួលមរណភាព.

ប្រតិកម្ម​ជុំវិញ​មរណភាព​របស់​លោក ​វ៉ាន់ ណាត.

ចៅហ្វាយក្រុងភ្នំពេញ ប្រកាសចេញបទបញ្ជាថ្មីមួយ

Written by ភ្នំពេញដេលីញូវ
Wednesday, 07 September 2011

លោក កែប ជុតិមា ចៅហ្វាយក្រុង ភ្នំពេញ បានប្រកាសចេញ បទបញ្ជាថ្មីមួយ មិនអនុញ្ញាតឲ្យ សមត្ថកិច្ចរបស់ រាជធានីភ្នំពេញ មាន ប៉េអឹម ប៉ូលិស ដាក់យាមប្រចាំការ នៅក្នុងហាង ផឹកស៊ី ឬនៅ ក្លិបកំសាន្តនានា នៅក្នុងអាណាចក្រ រាជធានី ភ្នំពេញ ឡើយ ។ បទបញ្ជានេះល្អ ប៉ុន្តែ មិនពិតថា ធ្វើបានឬអត់ទេ ពីព្រោះវាប៉ះពាល់ ចំពោះផល ប្រយោជន៏របស់គេ ។

លោក កែប ជុតិមា បានមានប្រសាសន៍ លើកឡើងបែបនេះ នៅក្នុងកិច្ច ប្រជុំប្រចាំខែរបស់ សាលារាជធានី ភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ ២០១១ ដែលមានការ ចូលរួមពី មេបញ្ជាការរង ប៉េអឹមក្រុង មេប៉ូលិសក្រុង អភិបាលខណ្ឌ ទាំង៨ និង មន្ទីរក្រោម ឱវាទរបស់ សាលារាជធានី ភ្នំពេញ ។

លោក កែប ជុតិមា បានអនុញ្ញាតិអោយ ទុកតួនាទីឲ្យ សន្តិសុខឯកជន ជាអ្នកយាម ហើយសន្តិសុខ ទាំងអស់នោះ មិនឲ្យប្រើ កាំភ្លើងនោះទេ ។

ការប្រកាលឡើង បែបនេះ ធ្វើឡើងក្រោយពី មានអំពើបាញ់ បោះសេរី នៅពេលយប់ ជាច្រើនករណី ហើយអ្នកដែលបង្ក ការបាញ់បោះ អនាធិបតេយ្យ ទាំងនោះ ភាគច្រើនជា សមត្ថកិច្ច ។

គួរបញ្ជាក់ថា ទីកំសាន្ត នៅពេលរាត្រី ក្លឹបរាត្រីនានា កំពុងតែមាន ជីវិតនាពេលនេះ ភាគច្រើនលើសលុប ជារបស់មន្រ្តី នឹង កូនមន្រ្តីជាន់ខ្ពស់ កូនមន្រ្តីជាន់ខ្ពស់ ខាងទាហាន និងបូលីស ។ ហើយនៅពេល ផឹកស៊ី តែងតែមានការ ស្រវឹង បាញ់បោះ រករឿង ។ល។

កម្ពុជា​សន្យា​លុប​បំបាត់​អំពើ​ទារុណកម្ម​លើ​អ្នក​ទោស

ដោយ សុខ សេរី
2011-09-07
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ បាន​សន្យា​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ថា នឹង​លុបបំបាត់​នូវ​ការ​ធ្វើ​ទារុណកម្ម​លើ​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ ដោយ​អនុវត្ត​តាម​អនុសញ្ញា​អន្តរជាតិ​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម នៅ​គ្រា​ដែល​ការ​សិក្សា​ស្រាវជ្រាវ​ឯករាជ្យ​មួយ​ចំនួន​បាន​រក​ឃើញ​ថា មាន​ការ​ធ្វើ​ទារុណកម្ម​លើ​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​កន្លង​មក​គួរ​ឲ្យ​ព្រួយ​បារម្ភ។

៨-មីនា-២០១០: ស្រ្ដី​អ្នក​ទោស​ចូល​រួម​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ​លើក​ទី​៩៩ ដែល​រៀបចំ​ដោយ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ សហការ​ជាមួយ​អាជ្ញាធរ​គ្រប់គ្រង​ពន្ធនាគារ​ព្រៃស ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ព្រៃស ក្នុង​រាជធានី​ភ្នំពេញ។ (RFA/Sok Serey)

៨-មីនា-២០១០: ស្រ្ដី អ្នក ទោស ចូល រួម អបអរ សាទរ ទិវា នារី អន្តរជាតិ លើក ទី ៩៩ ដែល រៀបចំ ដោយ អង្គការ ការពារ សិទ្ធិ មនុស្ស លីកាដូ សហការ ជាមួយ អាជ្ញាធរ គ្រប់គ្រង ពន្ធនាគារ ព្រៃស ដែល ប្រារព្ធ ធ្វើ ឡើង នៅ ក្នុង បរិវេណ ពន្ធនាគារ ព្រៃស ក្នុង រាជធានី ភ្នំពេញ។ (RFA/Sok Serey)

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក នុត សាអាន ទទួល​បន្ទុក​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​នោះ​ថា ទោះ​បី​ជា​អ្នក​ទោស​ស្ថិត​ក្រោម​ការ​ឃុំឃាំង​ក៏ដោយ គឺ​គ្រាន់តែ​សិទ្ធិ​មួយ​ចំនួន​របស់​គាត់​ត្រូវ​បាន​ដក​ហូត​តែប៉ុណ្ណោះ។

លោក​បន្ត​ថា ៖ «យើង​ត្រូវ​គិត យើង​ត្រូវ​ពិចារណា​ខ្លួន​យើង​ផង​ដែរ​ថា ប្រសិន​ណា​គេ​ធ្វើ​ទារុណកម្ម​មក​លើ​ខ្លួន​យើង តើ​ខ្លួន​យើង​ឈឺ​ចាប់​យ៉ាង​ណា? អ៊ីចឹង​យើង​ធ្វើ​ទារុណកម្ម​ទៅ​លើ​គេ​ក៏​គេ​មាន​ការ​ឈឺ​ចាប់​ដូចគ្នា»។

លោក នុត សាអាន បាន​សម្ដែង​ការ​សោកស្តាយ ដោយសារ​តែ​ប្រធាន​ពន្ធនាគារ​នានា​នៅ​កម្ពុជា មិន​បាន​មក​ចូល​រួម​ស្វែង​យល់​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​សំខាន់​នេះ។

វគ្គ​បណ្ដុះបណ្ដាល​លើក​ដំបូង​ស្ដីពី​ការ​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម គឺ​រៀបចំ​ដោយ​អង្គការ​យូអិនឌីភី (UNDP) នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១១ រយៈពេល ២​ថ្ងៃ ដោយ​មាន​មន្ត្រី​នគរបាល និង​មន្ត្រី​រដ្ឋាភិបាល​សរុប​ចំនួន​ជិត ២០​នាក់ មក​ពី​ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ និង​តំណាង​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល បាន​ចូល​រួម​សិក្សា​ស្វែង​យល់​ពី​​ការងារ​នេះ។

តំណាង​រង​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស លោក ជេមស៍ ហ៊ីណិន (James Heenan) បាន​មាន​ប្រសាសន៍​ថា ជា​រួម​ប្រទេស​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​បាន​ឯកភាព​គ្នា​កន្លង​មក​ថា នឹង​លុបបំបាត់​ការ​ធ្វើ​ទារុណកម្ម។

លោក ជេមស៍ ហ៊ីណិន បន្ថែម ៖ «យន្តការ​ថ្នាក់​ជាតិ​ដើម្បី​ត្រួត​ពិនិត្យ​ការ​ធ្វើ​ទារុណកម្ម គឺ​មាន​សារសំខាន់​ណាស់ ដោយ​យើង​មិន​ចាំបាច់​ឲ្យ​មាន​ក្រុម​អន្តរជាតិ​ណា​មួយ​មក​ត្រួត​ពិនិត្យ​ជា​ប្រចាំ​នោះ​ទេ។ ការ​សិក្សា​ស្រាវជ្រាវ និង​ភស្តុតាង​នានា បាន​បង្ហាញ​ថា យើង​ត្រូវ​តែ​លុប​បំបាត់​ការ​ធ្វើ​ទារុណកម្ម​លើ​អ្នក​ទោស​នៅ​ពន្ធនាគារ»។

ប្រទេស​កម្ពុជា បាន​ផ្តល់​សច្ចាប័ន​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០០៧ ទៅ​លើ​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម។ ក្រោយ​មក​ប្រទេស​កម្ពុជា បាន​បង្កើត​យន្តការ​ថ្នាក់​ជាតិ​ដើម្បី​ត្រួត​ពិនិត្យ​ការ​ធ្វើ​ទារុណកម្ម​នោះ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០០៨។ ប៉ុន្តែ​ការ​អនុវត្ត​កន្លង​មក​គេ​បាន​កត់​សម្គាល់​ថា មិន​សូវ​សកម្ម​នៅ​ឡើយ​ទេ។

របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ពន្ធនាគារ​ចំនួន ២០​កន្លែង និង​មាន​មណ្ឌល​កែប្រែ​ចំនួន ៤​កន្លែង ក្នុង​នោះ​មាន​មណ្ឌល​កែប្រែ​ព្រៃ​ស ម.១ និង​ម.២ នៅ​ជាយ​រាជធានី​ភ្នំពេញ មណ្ឌល​កែប្រែ​នៅ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម ហៅ​ថា ម.៣ និង​មណ្ឌល​កែប្រែ​នៅ​ខេត្ត​ពោធិ៍សាត់ ហៅ​ថា ម.៤។ មណ្ឌល​អប់រំ និង​បន្សាប​អ្នក​ញៀន​គ្រឿង​ញៀន​មាន​ចំនួន​ជាង ១០​កន្លែង​នៅ​កម្ពុជា។

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០០៤ បាន​រិះគន់​ថា ជីវិត​របស់​កុមារ ស្រ្តី និង​បុរស​ជា​ច្រើន​បាន​រង​ការ​បំផ្លាញ​ដោយសារ​អំពើ​ទារុណកម្ម​នៅ​ក្នុង​ពន្ធនាគារ។ ទម្រង់​នៃ​ការ​ធ្វើ​ទារុណកម្ម​នោះ គឺ​វាយ​នឹង​ខ្សែតី និង​វាយ​ដំ។ នគរបាល​មួយ​ចំនួន​ដែល​បាន​ប្រព្រឹត្ត​អំពើ​នោះ​កម្រ​នឹង​បាន​ទទួល​ទោស​ណាស់៕

អង្គការ​សិទ្ធិមនុស្ស​៖ មន្ត្រី​រដ្ឋាភិបាល និង​កងកម្លាំង​នគរបាល រារាំង​វគ្គ​បណ្តុះបណ្តាល ស្តីពី សិទ្ធិមនុស្ស

ដោយ : CEN
ថ្ងៃទី 8 កញ្ញា 2011

ខេត្តកំពង់ធំ: មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានប្រកាសថា នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១១ អាជ្ញាធរ​ភូមិ​ឃុំ និង​ស្រុក នៅ​ខេត្ត​កំពង់ធំ បាន​សហការគ្នា​ជាមួយ​កងកម្លាំង​នគរបាល​ប្រដាប់​ដោយ​កាំភ្លើង អាកា ៤៧ បាន​ចុះ​អន្តរាគមន៍ ដើម្បី​រារាំង​កម្មវិធី​វគ្គ​បណ្តុះបណ្តាល ដែល​រៀបចំឡើង​ដោយ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (​ម​.​ស​.​ម​.​ក​) និង​អង្គការ​ការពារ​ធនធាន​ធម្មជាតិ (​អ​.​ក​.​ធ​.​ធ​) ក្នុង​ឃុំ​មាន​រិទ្ធិ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​។ កងកម្លាំង​ចម្រុះ ថែមទាំង​បាន​គម្រាម​ចាប់ខ្លួន​អ្នក​រៀបចំ​កម្មវិធី ប្រសិនបើ​វគ្គ​បណ្តុះបណ្តាល​នោះ នៅតែ​បន្ត​។

​តាម​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៧​កញ្ញា ឆ្នាំ​២០១១ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​លើកឡើង​ថា ដោយសារតែ​គ្មាន​ការចាប់ខ្លួន​ណាមួយ​កើតឡើង មន្ត្រី​រដ្ឋាភិបាល និង​កម្លាំង​នគរបាល បាន​ថតរូប​បុគ្គល​ណា ដែល​ប៉ុនប៉ង​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នោះ រួមមាន ប្រជាពលរដ្ឋ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ពី​ការបំផ្លាញ​ព្រៃឈើ ក្នុងព្រៃ​ឡង់​ជា​បន្តបន្ទាប់ ឬក៏​ជម្លោះដីធ្លី​ដទៃទៀត និង​អ្នក​រៀបចំ​កម្មវិធី និង​បុគ្គល ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល ក្នុងឋានៈ​ជា​អ្នក​សង្ក​ត​ការណ៍​។​

​សេចក្តីថ្លែងការណ៍​ដដែល បាន​លើកឡើង​ថា នេះ​គឺជា​វគ្គ​បណ្តុះបណ្តាល​លើកទីមួយ ដែល​រៀបចំឡើង​ដោយ ម​.​ស​.​ម​.​ក និង អ​.​ក​.​ធ​.​ធ ដោយ​មាន​ការ​រាយណ៍​ក្នុង​សារព័ត៌មាន ឌី ខេ​ម​បូឌា ដេលី កាលពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១១ ដោយ​បាន​ដកស្រង់​សម្តី​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក ផាន់ សុ​ផេង ដែល​ចោទប្រកាន់ ម​.​ស​.​ម​.​ក និង អ​.​ក​.​ធ​.​ធ ពី​បទ​ញុះញង់​ប្រជាពលរដ្ឋ តាមរយៈ​វគ្គ​បណ្តុះបណ្តាល ស្តីពី សិទ្ធិមនុស្ស និង​គម្រាម​ស្វែងរក​ការ​ផ្អាក​សកម្មភាព​របស់​អង្គការ​ទាំងពីរ ប្រសិនបើ​នៅ​តែ​បន្ត​រៀបចំ​វគ្គ​បណ្តុះបណ្តាល​បន្ថែម​ទៀត​។

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​លើកឡើង​ថា កាលពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១១​ព្រះចៅអធិការ​វត្ត​គិរី​បុព្វ​តា​រាម កាលពី​ដំបូង​បាន​អនុញ្ញាត​ឲ្យ ម​.​ស​.​ម​.​ក និង អ​.​ក​.​ធ​.​ធ ប្រើប្រាស់​ទីធ្លា​វត្ត​ក្នុង​ឃុំ​ដងកាំបិត ដើម្បី​រៀបចំ​វគ្គ​បណ្តុះបណ្តាល ក្នុង​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១១​សម្រាប់​សហគមន៍​មួយទៀត ដែល​រង​ផល​ប៉ះពាល់​ពី​ការកាប់បំផ្លាញ​ព្រៃ​ឡ​ង់ តែ​ព្រះចៅអធិការ​បាន​បដិសេធ​វិញ បន្ទាប់​ពី​រង​ការគាបសង្កត់​ពី​មន្ត្រី​ថ្នាក់​ឃុំ និង​ស្រុក​។​
​    ​
​សេចក្តីថ្លែងការណ៍ បាន​លើកឡើង​ថា អ្នក​រៀបចំ​កម្មវិធី​បាន​ទទួលដំណឹង​ថា មាន​អ្នកចូលរួម​ដទៃទៀត ត្រូវ​បាន​រារាំង​មិនឲ្យ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​។ បន្ទាប់ពី​មាន​ការរៀបចំ​ទី​កន្លែង​រួច មន្ត្រី​រដ្ឋាភិបាល និង​កម្លាំង​នគរបាល បាន​មកដល់ និង​ជូនដំណឹង​ដល់ ម​.​ស​.​ម​.​ក និង អ​.​ក​.​ធ​.​ធ ថា​ពួកគេ​នឹង​ចាប់​ខ្លួន​អ្នករៀបចំ ប្រសិនបើ​នៅ​តែ​បន្ត​វគ្គ​បណ្តុះបណ្តាល​ន​នេះ​ទៀត​។ ចំណែក​មន្ត្រីឃុំ  និង​ស្រុក​បញ្ជាក់ថា អ្នក​រៀបចំ​មិន​បាន​ជូនដំណឹង​ឲ្យ​គ្រប់គ្រាន់ ចំពោះ​ការរៀបចំ​កម្មវិធី​នេះ ទោះបីជា​ច្បាប់ ស្តីពី ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី បានចែង​ថា ចំពោះ​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​រួម​មាន​វគ្គ​បណ្តុះបណ្តាល នឹង​មិន​ចាំបាច់​ឲ្យមាន​ការជូន​ដំណឹង​នោះទេ តែ​តាម​ការពិត អ្នក​រៀបចំ​បាន​ជូនដំណឹង​ទៅ​កាន់​អាជ្ញាធរខេត្ត ជា​លាយលក្ខណ៍អក្សរ​រួចហើយ​។​

​សេចក្តីថ្លែងការណ៍ ក៏បាន​លើកឡើង​ថា ក្រោម​កិច្ច​ដឹកនាំ​របស់​អភិបាលរង​ស្រុក​សណ្តាន់​លោក ទី​វ ហុក នគរបាល​បាន​ថតរូប​អ្នកចូលរួម ដែល​បាន​ចុះ​ឈ្មោះ​នៅក្នុង​វគ្គ​បណ្តុះបណ្តាល ព្រមទាំង​អ្នក​រៀបចំ និង​អ្នកសង្កេតការណ៍​មក​ពី​អង្គការ​លីកាដូ (LICADHO) និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) ។ លោក ទី​វ ហុក បាន​ស្នើសុំ​ឲ្យ​អ្នក​រៀបចំ​ផ្តល់​អត្ត​សញ្ញាប័ណ្ណ​របស់​អ្នកចូលរួម​ទាំងអស់ និង​របស់​អ្នក​រៀបចំ​ផ្ទាល់​ផងដែរ​។ ការស្នើសុំ​នេះ ត្រូវបាន​បដិសេធ​។ បន្ទាប់​ពី​ភាគី​អាជ្ញាធរ និង​អ្នក​រៀបចំ​កម្មវិធី ប្រឈមមុខ​ដាក់​គ្នា​អស់​រយៈពេល ២​ម៉ោង ចុង​ក្រោយ​កម្មវិធី​ត្រូវបាន​អនុញ្ញាត​ឲ្យ​ដំណើរការ​ជា​ធម្មតា​វិញ បន្ទាប់ពី​មាន​ការពិភាក្សា​ជាមួយនឹង​លោក អ៊ុច ប៊ុន​ហ៊ី ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​សណ្តាន់​។​

​ឆ្លើយតប​ចំពោះ​បទ​អន្តរាគមន៍​របស់​មន្ត្រី និង​កម្លាំង​នគរបាល​នៅ​ខេត្ត​កំពង់ធំ​នោះ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​មានប្រសាសន៍ថា នេះ​ជា​លើក​ទី​២​ហើយ ក្នុង​រយៈពេល​តិចជាង​មួយ​ខែ​នេះ ដែល​កម្មវិធី​បណ្តុះបណ្តាល​សិទ្ធិមនុស្ស របស់ ម​.​ស​.​ម​.​ក និង អ​.​ក​.​ធ​.​ធ បាន​រៀបចំ​ឡើង ហើយ​ត្រូវបាន​រារាំង​ដោយ​កម្លាំង​ប្រដាប់អាវុធ​អាកា ៤៧ ។ ជាថ្មី​ម្តងទៀត អាជ្ញាធរ​បាន​អះអាង​ថា ម​.​ស​.​ម​.​ក និង អ​.​ក​.​ធ​.​ធ មិន​បាន​ជូនដំណឹង​តាម​លក្ខខណ្ឌ​ដែល​មិន​បាន​ដាក់ចេញ​។ ប៉ុន្តែ​អាជ្ញាធរ​បញ្ចេញ​សកម្មភាព​បែប​នេះ ចំពោះ​ប្រជាពលរដ្ឋ​សាមញ្ញ ដែល​គ្រាន់តែ​ស្វែងយល់​ពី​សិទ្ធិមនុស្ស​របស់​ខ្លួន ដែល​មានចែង​នៅក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ​នោះ គឺ​ពិតជា​គួរ​ឲ្យ​តក់ស្លុត​។

​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​បន្ថែមថា ទោះបីជា​យ៉ាងណា អ្វី​ដែល​លោក​ចងចាំ​បំផុត​ចាប់ពី​ថ្ងៃនេះ​ទៅ គឺ​មិនមែន​ដោយសារ​អាជ្ញាធរ​ដាក់ពង្រាយ​កងកម្លាំង ដើម្បី​បំភិតបំភ័យ​ប្រជាពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​មិន​គោរព ដល់​អ្នកចូលរួម ដែល​ជា​ប្រជាពលរដ្ឋ​សាមញ្ញ គ្រាន់តែ​មាន​បំណង​ស្វែងយល់​ពី​សិទ្ធិមនុស្ស​របស់​ខ្លួន ដែល​មានចែង​នៅក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ ត្រូវ​បាន​រារាំង​ដោយ​កម្លាំង​ប៉ូលិស​។​

​ជុំវិញ​ហេតុការណ៍​ខាងលើនេះ មិនទាន់​មាន​ការ​ស្រាយ​បំភ្លឺ​ពី​អាជ្ញាធរ និង​ស្នងការ​ប៉ូលិស​ខេត្ត​កំពង់ធំ នៅឡើយ​ទេ​។​

​កាលពី​ខែ​កក្កដា ឆ្នាំ​២០១១ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ក៏​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ បាន​រារាំង​មិនឲ្យ​ធ្វើ​វេទិកា​ជួបជុំ​ជាមួយប្រ​ជា​សហគមន៍ នៅ​ព្រៃ​ឡ​ង់ ដើម្បី​និយាយ​ពី​ការអភិរក្ស​ព្រៃ​ឡង់​ផងដែរ​៕

អាជ្ញាធរ​ខេត្ត​កំពង់ធំ​គំរាម​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស

ដោយ ទីន ហ្សាការីយ៉ា
2011-09-07
​វិទ្យុ​អាស៊ីសេរី

នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​២ បាន​ទៅ​បើក​វគ្គ​បណ្ដុះបណ្ដាល​ពី​ការ​ការពារ​ព្រៃ​ឈើ​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​សណ្ដាន់ ក្នុង​ខេត្ត​កំពង់​ធំ តែ​អាជ្ញាធរ​បាន​រារាំង។

អាជ្ញាធរ​ស្រុក​សណ្ដាន់ ខែត្រ​កំពង់ធំ បាន​គំរាម​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស ប្រសិន​បើ​មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​តែ​បន្ត​បើក​វគ្គ​បណ្ដុះបណ្ដាល​ខ្លី​ស្ដីពី​សិទ្ធិ​មនុស្ស និង​ការ​ការពារ​ព្រៃ​ឈើ​នៅ​ក្នុង​ឃុំ​មាន​ឫទ្ធិ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា​នេះ។

មន្ត្រី​សម្របសម្រួល​គម្រោង​វេទិកា​សាធារណៈ និង​បណ្ដុះបណ្ដាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក ឈឹម សាវុធ បាន​រៀបរាប់​ថា នៅ​វេលា​ម៉ោង ៨​ព្រឹក ថ្ងៃ​ទី​៧ ខែ​កញ្ញា អភិបាល​រង​ស្រុក​សណ្ដាន់ ឈ្មោះ ទីវ ហុក និង​អធិការ​ស្រុក​នេះ មាន​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ប្រមាណ ២០​នាក់ បាន​ទៅ​គំរាមកំហែង ថែម​ទាំង​ថត​រូប​អ្នក​ចូលរួម និង​ថត​ស្លាក​លេខ​ឡាន​ទាំង​អស់ មិន​អនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស និង​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​បើក​វគ្គ​បណ្ដុះបណ្ដាល​ទេ។

លោក ឈឹម សាវុធ បាន​បញ្ជាក់​ថា គោល​បំណង​សំខាន់​ដែល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ទៅ​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ ដោយសារ​តែ​មាន​សំណើ​ពី​ប្រជាពលរដ្ឋ ហើយ​លោក​ក៏​បាន​ផ្ញើ​លិខិត​ជូន​ដំណឹង​ទៅ​សាលា​ខែត្រ និង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទី​នោះ​រួចរាល់​ហើយ​ដែរ។

អភិបាល​ស្រុក​សណ្ដាន់ លោក ស៊ឹម វណ្ណា មាន​ប្រសាសន៍​ថា សមត្ថកិច្ច​របស់​លោក​បាន​រារាំង​នោះ ធ្វើ​ទៅ​តាម​បញ្ជា​របស់​អភិបាល​ខែត្រ ពីព្រោះ​ថា អង្គការ​ទាំង​ពីរ​នេះ​ពុំ​មាន​ស្នាក់ការ​ប្រចាំការ​នៅ​ខែត្រ​នេះ​ទេ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​ពន្យល់​ថា គ្មាន​ច្បាប់​ណា​មួយ​ហាម​ឃាត់​មិន​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​នៅ​តាម​ខែត្រ​នោះ​ទេ ពីព្រោះ​ថា អង្គការ​ទាំង​នេះ​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ សម្រាប់​អនុវត្ត​ការងារ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​រួច​ហើយ​នោះ ហើយ​អង្គការ​ទាំង​នេះ​គ្រាន់​តែ​ជូន​ដំណឹង​ទៅ​ខាង​ខែត្រ ឬ​អាជ្ញាធរ​មូលដ្ឋាន​រួច​ហើយ​នោះ គេ​អាច​ធ្វើ​ការងារ​របស់​ខ្លួន​បាន។

អភិបាល​រង​ខែត្រ​កំពង់ធំ លោក អ៊ុត សំអន មាន​ប្រសាសន៍​ថា ការ​រារាំង​វគ្គ​បណ្ដុះបណ្ដាល​នេះ ដោយសារ​តែ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​សិទ្ធិ​មនុស្ស​ខ្វះ​ការ​ទំនាក់​ទំនង​គ្នា។

អាជ្ញាធរ​ស្រុក​សណ្ដាន់ រារាំង និង​គំរាមកំហែង​អង្គការ​ទាំង​ពីរ​នេះ​ជា​លើក​ទី​ពីរ​ហើយ បន្ទាប់​ពី​អង្គការ​ទាំង​ពីរ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ដូច​គ្នា​នៅ​ក្នុង​បរិវេណ​វត្ត​គីរីបុព្វតារាម ដែល​ព្រះចៅ​អធិការ​វត្ត​បាន​អនុញ្ញាត តែ​អាជ្ញាធរ​ហាម​ឃាត់។

ខែត្រ​កំពង់ធំ ជា​ខែត្រ​មួយ​មាន​ផ្ទៃ​ដី​ធំ​ទី​២ នៃ​ប្រទេស​កម្ពុជា។ ខែត្រ​នេះ​ភាព​ចម្រូងចម្រាស​អំពី​ការ​កាប់​ឈើ​អនាធិបតេយ្យ​របស់​ឈ្មួញ និង​បញ្ហា​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ប៉ះ​ពាល់​លើ​ផ្ទៃ​ដី​ព្រៃ​ស្រោង ឬ​ព្រៃឡង់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រជាពលរដ្ឋ​នៅ​ទីនោះ ពិសេស​ជនជាតិ​ភាគ​តិច​កួយ។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ថា ការ​រារាំង​របស់​សមត្ថកិច្ច​នេះ​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស និង​បិទ​សិទ្ធិ​សេរីភាព​ខាង​បញ្ចេញ​មតិ សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បន្ទាប់​ពី​លោក​បាន​បញ្ចប់​បេសកកម្ម​របស់​លោក​នៅ​កម្ពុជា លើក​ទី​៥ កាល​ពី​ខែ​មិថុនា កន្លង​ទៅ បាន​លើក​ឡើង​ថា មនុស្ស​ជា​ច្រើន​មាន​ការ​ភ័យ​ខ្លាច​មិន​ហ៊ាន​បញ្ចេញ​មតិ ហើយ​កំពុង​តែ​រឹតត្បិត​សេរីភាព​របស់​ខ្លួន​ឯង។ ស្ថានការណ៍​សិទ្ធិ​មនុស្ស​មាន​ភាព​ល្អ​ប្រសើរ​ក្នុង​វិស័យ​មួយ​ចំនួន ប៉ុន្តែ​​នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​បាន​ប្រសើរ​នៅ​ឡើយ ដូចជា​សិទ្ធិ​ដីធ្លី ការ​បណ្ដេញ​ចេញ និង​សេរីភាព​បញ្ចេញ​មតិ៕

អ្នកកាសែត​ជាង ១០០ នាក់ មកពី ៥ ខេត្ត ប្រជុំ​និយាយ​ពី​រឿង​យេនឌ័រ រវាង​បុរស និង​ស្ត្រី​

ដោយ : មង្គល
ថ្ងៃទី 7 កញ្ញា 2011
CEN

ប៉ៃលិន: កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១១ នៅ​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន បាន​បិទ​វគ្គ​សិក្ខាសាលា​បញ្ជ្រាប​ទស្សនៈ យេនឌ័រ និង​អនុសញ្ញា ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់ នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ CEDAW សម្រាប់​ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ផ្ដល់ព័ត៌មាន ដល់​ប្រជាពលរដ្ឋ​បាន​យល់ដឹង និង​ផ្ដល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញមតិ ពិគ្រោះ​យោបល់ ដើម្បី​ចូលរួម​កសាង​ប្រទេសជាតិ​។​

​សិក្ខាកាម ជា​អ្នកកាសែត​ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​និយាយ​ពី​យេនឌ័រ មាន​ចំនួន ១០២ នាក់ មកពី​ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន​។​

​សិក្ខាសាលា​នោះ បានប្រកាស​ធ្វើ​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១១​។ ក៏ប៉ុន្តែ​ទើបតែ​រៀន​បាន ៣ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧​កញ្ញា ឆ្នាំ​២០១១ សិក្ខាសាលា​បណ្តុះបណ្តាល​អ្ន​ក​កាសែត​ពី​រឿង​យេនឌ័រ​នោះ បាន​បិទ​បញ្ចប់​ទៅវិញ នៅ​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន ដែល​រៀបចំឡើង​ដោយ​ក្រសួង​ព័ត៌មាន ក្រោម​អធិបតីភាព​លោក ថាច់ ផែន រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​លោក អ៊ី ឈាន អភិបាលខេត្ត​ប៉ៃលិន​។ មិនមាន​ការផ្តល់​មូលហេតុ នៃ​ការបិទ​បញ្ចប់​សិក្ខាសាលា មុន​ថ្ងៃ​កំណត់​នោះឡើយ​។​
​ ​
​សិក្ខាសាលា​ស្ដីពី​ការបញ្ជ្រាប​ទស្សនៈ យេនឌ័រ និង​អនុសញ្ញា​ស្ដីពី​ការលុបបំបាត់​រាល់​ទម្រ​ង់ នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ CEDAW មាន​គោលបំណង​ផ្ដល់​ចំណេះដឹង​យេនឌ័រ ចូលក្នុង​ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ នៅតាម​មូលដ្ឋាន ឲ្យ​ការអភិវឌ្ឍន៍​ប្រទេស មាន​នារី​ចូលរួម និង​សមភាព​នារី និង​បុរស​។ សិក្ខាសាលា​នោះ បានធ្វើ​ឲ្យ​មានការ​យល់ដឹង ដើម្បី​ពាំនាំ​យកទៅ​ផ្ស​ព្ធ​ផ្សាយ​តាម​ប្រព័ន្ធ ដែលមាន​ស្រាប់​នៅ​មូលដ្ឋាន​របស់ខ្លួន​៕

លោក សុះ ម៉ាច់ មានភរិយាថ្មី

Written by ភ្នំពេញដេលីញូវ
Thursday, 08 September 2011

ថ្ងៃទី៨ខែ​៩នេះ លោក សុះ ម៉ាច់ ដែលជា អ្នកចំរៀងម្នាក់ បានភ្ជាប់ ពាក្យជាមួយ នារីម្នាក់ឈ្មោះ ជាលីកា ។ នេះគឺជាស្រីស្នេហ៏ ចុងក្រោយ របស់លោក​ បន្ទាប់ពីបាន បែកបាក់ជាមួយ កូនស្រីមន្រ្តី ជាន់ខ្ពស់ រយះពេល៥ឆ្នាំ ​មកហើយនោះ ។ លោកជា កូនលោក ​សុះ ម៉ាត់ ​អតីតអ្នកចំរៀងម្នាក់ កាលពីជំនាន់ ​ឆ្នាំ៦០ នឹង ៧០ ។

តារាចម្រៀង​ សុះ ម៉ាច ភ្ជាប់ពាក្យ​ជាមួយ​ជាង​អ៊ុតសក់ អាយុ២១ឆ្នាំ

ដោយ : បាយ៉ង់
ថ្ងៃទី 8 កញ្ញា 2011
CEN

តារាចម្រៀង​ សុះ ម៉ាច ​និង​គូ​ដណ្តឹង​ក្នុង​ថ្ងៃ​ភ្ជាប់ពាក្យ​ព្រឹក​ថ្ងៃទី​៨ កញ្ញា ២០១១ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ

តារាចម្រៀង សុះ ម៉ាច និង គូ ដណ្តឹង ក្នុង ថ្ងៃ ភ្ជាប់ពាក្យ ព្រឹក ថ្ងៃទី ៨ កញ្ញា ២០១១ នៅ សង្កាត់ ភ្នំពេញ ថ្មី ខណ្ឌ សែន សុខ

ភ្នំពេញ: ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ ដែលជា​តារាចម្រៀង ពោះម៉ាយ​កូន​មួយ លោក សុះ ម៉ាច ក្នុង​វ័យ ៤១​ឆ្នាំ បាន​ភ្ជាប់ពាក្យ​ជាមួយនឹង​កូនក្រមុំ​អ្នក​ភ្នំពេញ​ថ្មី ដែលមាន​មេបា​ចាស់ទុំ​ខាង​ប្រុស​ស្រី ចូលរួម​ទទួល​ដឹងឮ​។ ពិធី​ភ្ជាប់ពាក្យ​លោក សុះ ម៉ាច បានធ្វើ​ឡើង នៅ​គេហដ្ឋាន​ខាង​ស្រី ក្នុងភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១១​។
​ ​
​លោក សុះ ម៉ាច ជា​កូនប្រុស​ពៅ​បង្កើត​របស់លោក សុះ ម៉ាត់ អតីត​តារាចម្រៀង​ពី​សង្គមចាស់​។ លោក សុះ ម៉ាច បាន​ភ្ជាប់ពាក្យ​ជាមួយ​កូនក្រមុំ កញ្ញា ជា លីកា​។ លោក​សុះ ម៉ាច នឹងត្រូវ​ចូល​រោងការ លើក​ទី​១ ក្នុង​ឆាកជីវិត​ខ្លួន នៅ​ថ្ងៃទី​២៩​ខែវិច្ឆិកា ឆ្នាំ​២០១១ នៅ​ភោជនីយដ្ឋាន ម៉ូ​ដេ​ន​ហ្វៃ ខណ្ឌ​ប្ញ​ស្សី​កែវ ។​
​ ​
​គូ​ដណ្តឹង​លោក ​សុះ ម៉ាច ជា​កូនស្រី​ទី​៤ ក្នុងចំណោម​បងប្អូន​បង្កើត​ចំនួន ៧ នាក់​។ មាន​ឪពុក​ជាម​ន្ត្រី យោធា​បម្រើ​ការឱ្យ​កងទ័ពជើងគោក ក្រសួងការពារជាតិ​។ រីឯ​ម្តាយ​ជា​អ្នករកស៊ី​។ លីកា សព្វថ្ងៃ​មាន​អាយុ ២១ ឆ្នាំ ជាជាង​អ៊ុតសក់​។

​ក្រោយពី​ចប់​ពិធីចែចូវ ភ្ជាប់ពាក្យ នៅ​ព្រឹក​មិញ លោក សុះ ម៉ាច បាន​ប្រាប់​អ្នកយកព័ត៌មាន នៅផ្ទះ​កូនក្រមុំ​ថា វា​ជា​លើក​ទី​១ សម្រាប់​លោក ដែល​បាន​សុំ​ស្រឡាញ់​ស្ត្រី​ម្នាក់ ធ្លាប់​ជួបគ្នា​រយៈពេល​តែ​បី​ខែ ក្នុង​ថ្ងៃ​ខួបកំណើត​របស់ខ្លួន និង​បាន​ទទួលទាន​អាហារ​ជុំគ្នា​មួយ​។ លីកា បាន​ជូនពរ​លោក​សុះ ម៉ាច តាម​ទូរស័ព្ទ ដែលជា​ការចាប់ផ្តើម​សាង​ស្នេហ៍​គ្រាហ៍​ដំបូង​ឡើង​។​

​លោក សុះ ម៉ាច បាន​បន្តថា “​ពីដំបូង​យើង​ស្គាល់គ្នា និង​រាប់អាន​ជា​បងប្អូន​ធម្មតា តែ​ក្រោយ​ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ​បាន​ពីរ​ថ្ងៃ ខ្ញុំ​ក៏​សុំ​ស្រឡាញ់​នាង​តែម្តង​។ មួយខែ​ក្រោយមក ខ្ញុំ​ក៏បាន​ឱ្យ​មេបា​ចាស់ទុំ​ចូល​ស្តីដណ្តឹង​តាម​ប្រពៃណី​។​”
​ ​
​លោក សុះ ម៉ាច បាន​អះអាងថា លោក​ធ្លាប់បាន​សារភាព​ប្រាប់​ឪពុកម្តាយ​កូនស្រី​ថា លោក​ពិតជា​ស្រឡាញ់ លីកា យ៉ាង​ប្រាកដ​មែន ធ្វើជា​គូ​អនាគត​ជាក់លាក់​មួយ​។ វា​ជា​លើក​ទី​១ នៃ​ឆាកជីវិត​របស់លោក ចង់​ចូល​រោងការ​ត្រឹមត្រូវ​ទៅតាម​ប្រពៃណី​ខ្មែរ​។​
​ ​
​បុរស​ពោះម៉ាយ លោក សុះ ម៉ាច ក៏បាន​បន្ថែមថា “​ខ្ញុំ​បាន​សារភាព​ប្រាប់​លីកា អំពី​រូបរាងកាយ អត្ត​ចា​រិត ត្រូវ​ចំណង់​ចំណូលចិត្ត​ខ្ញុំ​ចង់បាន ជា​យូរ​មកហើយ​។ ម្យ៉ាងទៀត​គាត់​ចេះ​ធ្វើ​ការងារ​ល្អ​។ ខ្ញុំ​បាន​សាក​ចិត្ត​នាង​ច្រើន​ទើប​ដឹងថា ជា​មនុស្ស​ល្អ​។ ឪពុកម្តាយ នាង​ក៏បាន​ប្រាប់​យើង​ថា ក្រុមគ្រួសារ​គាត់​ក្រ ប៉ុន្តែ​ខ្ញុំ​ក៏​បញ្ជាក់ជូន​ពួកគាត់​វិញ​ថា “​ខ្ញុំ​ក៏​ក្រ​ដែរ មានតែ​អ្នកក្រ​ដូចគ្នា​ទេ ដែល​ចេះ​ស្រឡាញ់គ្នា​។​”
​ ​
​លោក សុះ ម៉ាច ក៏បាន​បន្ថែមថា “​ខ្ញុំ​ចង់​រស់នៅ​មានគ្រួសារ​មាន​សុភមង្គល ដ៏​ពិតប្រាកដ​មួយ​។ ខ្ញុំ​សុំ​រស់នៅ​ក្បែរ​គាត់ ៥០ ឆ្នាំ​ទៀត​។ យើង ក៏​មិន​ចង់​រស់នៅ​បែប​ឯកោ តទៅទៀត​ដែរ​។ សព្វថ្ងៃ​ខ្ញុំ​មានតែ​ឈ្មោះ​ចំណែក​កូនស្រី​បាន​ទៅ​រស់នៅ​ជាមួយ​ម្តាយ​របស់គេ​វិញ​។​”
​ ​
​គួរ​បញ្ជាក់ថា លោក ​សុះ ម៉ាច បានរួមរស់ជាមួយភរិយាមុនអស់​រយៈពេល ៨ ឆ្នាំ និង​បាន​កូនស្រី​មួយ​។ សព្វថ្ងៃ​កូនស្រី​លោក សុះ ម៉ាច មាន​អាយុ ៧ ឆ្នាំ ដែល​កំពុង​រស់នៅ​ជាមួយ​ម្តាយ​។

ចាន់ តារាទី ត្អូញត្អែរ

Written by ភ្នំពេញដេលីញូវ
Thursday, 08 September 2011

តារាសម្តែង ជើងចាស់ ចាន់ តារាទី ដែលគេធ្លាប់ ស្គាល់ថាមាន សមត្ថភាព សម្តែងខ្ពស់ និង ធ្លាប់ទទួលបាន ពានរង្វាន់លេខ ១ ជំនាន់ឆ្នាំ ១៩៩០ ផងនោះ មួយរយៈនេះ បាត់មុខពីពិភព សិល្បៈហើយ ប៉ុន្តែថ្មីៗនេះ អ្នកនាង ចាន់ តារាទី ហើយអ្នក នាង បាននិយាយ ត្អូញត្អែរប្រាប់ថា ពេលនេះដូច ជាទំនេរច្រើន ដោយសារតែ ការថតសម្តែង មិនសូវមាន ទើបសំងំនៅតែផ្ទះ ។ មិនមែនអត់មាន ផលិតកម្ម គេមកទាក់ទង ហៅថតទេ សំខាន់គឺរឿង និយាយមិនត្រូវ ថ្លៃគ្នា ដោយយើងទារថ្លៃ ថតច្រើន ខាង ផលិតកម្ម គេអត់ហ៊ាន ។ គេចង់ឱ្យថ្លៃ ថតស្មើតួថ្មី ប៉ុន្តែយើង អត់ព្រម ព្រោះបើនិយាយពី ការសម្តែង គិតតាំងពីបាន សម្តែងជាតួឯក ពីខ្លួននៅក្មេង រហូតពេលនេះ ទោះសម្តែងជា តួម្តាយក៏នៅជា តួឯកដែរ ដោយសារមានការ ហាត់រៀន សិល្បៈត្រឹម ត្រូវ មានបទពិសោធ ច្បាស់លាស់ក្នុងការ សម្តែង មិនអាចប្រដូច ឬ បន្ទាបឱ្យស្មើ នឹងតួថ្មី ដែលទោះ មិនបានប្រាក់ ឬ បានតិចតួច ក៏គ្នាសុខចិត្ត ថតសម្តែងឱ្យដែរ ធ្វើយ៉ាងណាដើម្បី ឲ្យគេ បាន ឃើញមុខក្នុងរឿង និង ឱ្យគេស្គាល់ថាជា តារាសម្តែងដែរតែ ប៉ុណ្ណោះ ។

ចាន់ តារាទី បានបញ្ជាក់ ទៀតថា “សម្រាប់ខ្ញុំបើ ផលិតកម្ម ណាគេហ៊ានថ្លៃ ខ្ញុំព្រមទៅថតឱ្យ តែបើគេមិនហ៊ានទេ សុខចិត្តនៅផ្ទះ ប្រសើរជាង ។ និយាយបែបនេះ គឺមិនមែន បោះបង់ចោល សិល្បៈទេ ព្រោះខំប្រឹង ហាត់រៀនមក ក៏ដើម្បីបម្រើ វិស័យ សិល្បៈនេះដែរ ។ ដូច្នេះទោះ អាយុច្រើនក្តី ក៏មិនឈប់ដែរ គឺនៅបន្តសម្តែង រហូតទាល់តែ ដូចយាយ ម៉ែម៉ឺន” ។

មួយរយៈកន្លង ទៅនេះ ចាន់ តារាទី ទើបតែថតចប់រឿង ភាគមានដូចជា រឿង “ឆ្អែតចិត្ត” និង រឿង “កែវភ្នែក” ដែលក្នុងនោះរឿង “ឆ្អែតចិត្ត” ធ្លាប់ដាក់បញ្ចាំង ក្នុងកញ្ចក់ ទូរទស្សន៍អប្សរា នា ពេលកន្លងទៅ និង បន្តដាក់ បញ្ចាំងនៅលើ កញ្ចក់ទូរ ទស្សន៍ រាជធានីភ្នំពេញ ប៉ុស្តិ៍ លេខ ៣ និង រឿង “កែវភ្នែក” គ្រោងបញ្ចាំង លើកញ្ចក់ ទូរទស្សន៍ជាតិកម្ពុជា ។

ចាន់ តារាទី បានបដិសេធ ចំពោះពាក្យ ដែលគេនិយាយថា បាត់មុខពី ពិភពសិល្បៈ ព្រោះទៅតាមប្តី ដោយក្នុងនោះ បានធ្វើការបកស្រាយថា “មកដល់ពេលនេះ មិនទាន់រកឃើញ ប្រុស ស្នេហ៍ដែល ត្រូវចិត្តនៅឡើយទេ បើទោះកន្លងមក មានបុរស ដែលរស់នៅ សហរដ្ឋអាមេរិក បានប្រកាស សុំរៀបការជាមួយក្តី ។ មូលហេតុ ដែលមិនព្រម ព្រោះមើលទៅ គេដូចជាមិនត្រូវ ភ្នែកសោះ” ។

កន្លងមក ចាន់ តារាទី ក៏ធ្លាប់បាននិយាយ ប្រាប់ដែរថា មិនមែននាងប្រកែក មិនយកប្តីរហូតទេ ទោះចំណាស់នេះក្តី ក៏រើសបន្តិចដែរ យ៉ាងហោចណាស់ បុរសដែលមុន យកធ្វើជាប្តីទាល់តែ មានសមត្ថភាព លើនាង ទាំងរូបសម្បត្តិ និង ចរិយាសម្បត្តិ ពិសេសបើ ប្រុសនោះក្មេង ជាងមិនយកទេ ព្រោះនាំពិបាក ចិញ្ចឹមគេវិញ ។ អាចមកពី រើសពេកទេដឹង ទើបមកទល់ពេល នេះពុំ ទាន់រកឃើញ អ្នកដែលត្រូវចិត្ត ។

ចំពោះការចេញទៅ ក្រៅប្រទេសវិញ កន្លង មក ចាន់ តារាទី ឧស្សាហ៍ទៅ ប្រទេសបារាំង រហូតមានពាក្យ លេចឮថា នាងមានប្តីនៅប្រ-ទេសបារាំង ទៀតផង ។ តែរយៈពេលជាង ពីរឆ្នាំ ហើយដែលនាង មិនបានទៅសោះ ។ នេះបើតាមការ បង្ហើបប្រាប់ពី ចាន់ តារាទី ថា មូលហេតុ មិនបានទៅ ពីព្រោះការយក ខោអាវដែលនាង កាត់យកទៅលក់ នៅទីនោះ លែងដាច់ ដូចពេលមុន ។

ចាន់ តារាទី ជាតារាសម្តែងជើងចាស់ មួយរូបធ្លាប់ល្បីឈ្មោះ កាលពីទសវត្សរ៍ឆ្នាំ ១៩៩០ ដោយធ្លាប់ទទួលបាន កិត្តិយសជាតារាសម្តែង ជាប់ចំណាត់ថ្នាក់លេខ ១, អ៊ុំ សុវណ្ណី ចំណាត់ ថ្នាក់លេខ ២ និង សុខ ស្រីមុំ ព្រមទាំង ពិសិដ្ឋ ពិលីកា បានចំណាត់ ថ្នាក់លេខ ៣ ។ ចាន់ តារាទី ធ្លាប់សម្តែង វីដេអូបានជាង ១០០ រឿងហើយ រឿងដែលធ្វើឱ្យនាង ល្បីល្បាញខ្លាំង ក្នុងពិភពសិល្បៈ គឺរឿង “ស្រមោលអន្ធកាល” ។ នាងបានបែកបាក់ប្តី តាំងពីឆ្នាំ ២០០១ និង រស់នៅ ក្នុងភាពជា ស្ត្រីមេម៉ាយកូនបី រហូតមក ទល់ពេលនេះ ៕

​ឌុ​ច សុភា បង្ហាញ​មុខ​ជា​ថ្មី​ឡើងវិញ

ដោយ : CEN
ថ្ងៃទី 8 កញ្ញា 2011

ឌុ​ច សុភា និងបុត្រា

ឌុ ច សុភា និងបុត្រា

ភ្នំពេញ: អ្នក​មេម៉ាយ​សម្បូរ​ស្នេហ៍ ឌុ​ច សុភា បាន​បង្ហាញ​មុខ​ជា​ថ្មី​ឡើងវិញ​ហើយ​កាលពី​ពេល​ថ្មីៗ​នេះ នៅក្នុង​កម្មវិធី​កម្សាន្ត “Cha! Cha! Cha!” ។​

​ ​ឌុ​ច សុភា បាន​បង្ហាញ​មុខុ​រួមជាមួ​យ​លោក ​សុខ សេរី​វឌ្ឍនា កាលពី​ពេល​ថ្មីៗ​នៅក្នុង​កម្មវិធី​កម្សាន្ត “Cha! Cha! Cha!” របស់​ស្ថានីយទូរទស្សន៍​បាយ័ន ដែល​កន្លងមក​នាង​កម្រ​នឹងបង្ហាញ​ខ្លួន​តាម​កម្មវិធី​សិល្បៈ​ណាស់ ។​

​ ​ឌុ​ច សុភា ឥឡូវ​នេះ​នៅតែ​ស្រស់ស្អាត និង​អាច​ថា​នាង​កាន់តែ​ស្អាត​ជាង​មុន​ទៅទៀត​។ កន្លងមក​មាន​ទស្សនា​វ​ដ្តី​ក្នុងស្រុក​មួយ​និយាយ​ថា មាន​ផលិតកម្ម​មួយ​របស់​ខ្មែរ​នៅ​បរទេស​ចង់​ថត​ភាពយន្ត​ខ្នាត​ធំ​មួយ ហើយ​ព្យាយាម​ទាក់ទង​នាង ព្រោះ​តួ​ប្រុស​រក​ឃើញ​ហើយ តែ​នាង​បដិសេធថា “​ឈប់​ថតកុន​ហើយ​” ទោះ​ជា​រឿង​ខ្នាត​ធំ ឬ​អ្នក​ដឹកនាំ​រឿង​ជា​ខ្មែរ​មក​ពី​អាមេរិក ឬ​បរទេស​ណាក៏ដោយ ។​

​ ​កន្លងមក ក៏​មាន​ព័ត៌មាន​ជា​ច្រើន​និយាយ​ថា​នាង​ឌុ​ច សុភា​ជួប​ជាមួយ​បុរស​ម្នាក់​ជា​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី និង​គ្រោង​ទៅ​រស់នៅ​ទីនោះ​ទៀតផង ។ ប៉ុន្តែ​អ្វីៗ​ហាក់​ប្រែប្រួល​ ៖ តាម សេចក្តីរាយការណ៍​រប​ស់ទស្ស​នាវ​ដ្តី​បានឱ្យដឹងថា រឿង​ទៅ​អូស្ត្រាលី​នោះ សុភា​ហាក់ដូចជា​រារែក​បន្តិច ។

​ ​ការរារែក​ចិត្ត​របស់​ ឌុ​ច សុភា គឺ​ដោយសារតែ​លេចមុខ​សង្សារ​ចាស់​របស់​គូស្នេហ៍​នាង​។​

​ ​គួរបញ្ជាក់​ថា ឌុ​ច សុភា បាន​រៀបការ​ជាមួយ​មន្ត្រី​គយ​ម្នាក់​កាលពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ២០០៩ តែ​បាន​បែកបាក់​គ្នា​បន្ទាប់ពី​បាន​បុត្រា​មួយ ៕

សាំង សុម៉ាចលីដែត ទៅជួបគូស្នេហ៍នាង នៅឯ ប្រទេសបារាំង

Written by ភ្នំពេញដេលីញូវ
Thursday, 08 September 2011

ស្របពេលដែល សាំង សុម៉ាចលីដែត កំពុងស្ថិតនៅក្នុង ប្រទេស កាណាដា ក៏មានព័ត៌មានថា នាងទៅជួបគូស្នេហ៍ នៅទីនោះហើយ ។ អ្នកចម្រៀង សាំង សុម៉ាចលីដែត ដែលជាប់ ចំណាត់ ថ្នាក់លេខ ១ ក្នុងមហោស្រព ចម្រៀងកាលពី ឆ្នាំ២០១០ ពេល នេះនាង រកឃើញ គូស្នេហ៍ហើយ ដោយគូស្នេហ៍ របស់នាង រស់នៅបរទេស តែពុំទាន់ដឹងថា នឹងត្រូវចូល រោងការ ពេលណា ទេ ។ នេះបើតាមការ អះអាងរបស់ នាងផ្ទាល់ ប្រាប់តាមទូរស័ព្ទ ។

សាំង សុម៉ាចលីដែត បានចាកចេញ ពីស្រុកខ្មែរ ទៅកាន់ប្រទេស កាណាដា កាលពីចុង ខែសីហា ឆ្នាំ ២០១១ កន្លងទៅ ដោយរួម ដំណើរជាមួយ អ្នកចម្រៀងប្រុស គឺលោក មុត ឧត្តម តាម ការអញ្ជើញ របស់សហគមន៍ខ្មែ រនៅទីនោះ ។ តាមគម្រោង នាង ត្រូវស្នាក់ នៅក្នុង ប្រទេសកាណាដា រយៈពេលបីខែ ទើបវិលត្រឡប់ មកវិញ ។

ជួបជាមួយ សាំង សុម៉ាចលីដែត តាម ទូរស័ព្ទកាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១១ មុនពេលនាងចេញទៅច្រៀងនៅប្រទេសកាណាដា នាងបានឱ្យដឹងថា មកទល់ពេលនេះ នាងរកឃើញ គូស្នេហ៍ហើយគឺគេរស់នៅបរទេស តែសុំលាក់អត្តសញ្ញាណ និង ប្រទេសដែលជាគូ ស្នេហ៍នាងរស់នៅសិន ព្រោះកំពុងស្វែងយល់ ចិត្តគ្នាទៅវិញទៅមកមួយរយៈទៀត បើទោះជា ពេញចិត្ត និង យល់ថាសមតាមបំណងក្តី ក៏ យ៉ាងតិចពីរឆ្នាំទៀត ទើបសម្រេចចិត្តរៀបការ ។

តាមពាក្យខ្សឹបខ្សៀវ គេនិយាយថា សាំង សុម៉ាចលីដែត បានរកឃើញ គូស្នេហ៍នាងនៅឯ ប្រទេសបារាំង ពេលដែលនាង បានទៅច្រៀង កាលពីខែតុលា ឆ្នាំ ២០១០ ដោយពេលនេះ នាង បានទៅច្រៀង រយៈពេលមួយខែ ។ តែនៅពេល សួរនាងថា តើ អាចឱ្យដឹង បានទេថាគូស្នេហ៍ នាងនៅឯណា ? នាងគ្រាន់តែ ប្រាប់ថា គាត់នៅបរទេស ។ ដូច្នេះការទៅច្រៀង នៅប្រទេស កាណាដា ពេលនេះអាចជាការ ទៅជួបគូស្នេហ៍ មែនទេ? នាងក៏និយាយផង សើចផងថា “ហេតុអ្វីបានដឹង?” ហើយនាងគ្រាន់ តែនិយាយថា “សុំលាក់រឿង គូស្នេហ៍សិន ចាំប្រាប់ នៅពេល ក្រោយ” ។

ចាប់តាំងពីប្រឡង ចម្រៀងថ្នាក់ជាតិ បានជាប់លេខ ១ រួចមក សាំង សុម៉ាចលីដែត ធ្លាប់បានចេញ ទៅច្រៀងនៅ ប្រទេសបារាំង រយៈពេលមួយខែ និងទៅ ប្រទេសកាណាដា រយៈពេលបីខែ និង ក្រោយពីវិល ត្រឡប់ពីកាណាដា នាងគ្រោងទៅច្រៀង នៅ ប្រទេស អូស្ត្រាលីទៀត ។

សាំង សុម៉ាចលីដែត ជាចៅស្រីរបស់យាយ ចេកម៉ាច ។ គេស្គាល់នាង នៅក្រោយពេលដែល នាងបានទទួល ពានរង្វាន់ជ័យលាភី ចំណាត់ថ្នាក់លេខ ១ ចម្រៀងសម័យផ្នែកនារី ក្នុងមហោ ស្រព សិល្បៈចម្រៀងខ្មែរ ជាសកលឆ្នាំ ២០១០ ដែលរៀបចំ ដោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ។ តាំងពីនោះមក ក្រៅពីត្រូវបានបញ្ចូល ជាបុគ្គលិកពេញសិទ្ធិ ផ្នែកសិល្បៈចម្រៀង របស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នាងបានច្រៀងឱ្យ ផលិតកម្ម រៃមាស និង ថតចម្រៀង កាយវិការខារ៉ាអូខេ ព្រមទាំងចេញ ច្រៀងខនសឺត តាមខេត្ត ។

សាំង សុម៉ាចលីដែត ចេះច្រៀងចម្រៀង ប្រមាណជិត ៤០០ បទ ដែលសុទ្ធសឹងជា បទចម្រៀងតាំង ពីទសវត្សរ៍ឆ្នាំ ១៩៦០-១៩៧០ ។ ក្នុងពេលចូលរួម ប្រឡងចម្រៀង នាងបានរើសយក បទចម្រៀង “ថ្ងៃលិច អូនស្រណោះ” មកច្រៀងដោយទទួល បាន ចំណាត់ថ្នាក់ លេខ ១ ។ ព្រោះតែដឹងថា នាងចេះច្រៀងបទ ចម្រៀងពីដើមៗ ច្រើនបទ និង ច្រៀងពីរោះ ទើបបងប្អូនខ្មែរ រស់នៅបរទេស ចង់ឃើញចង់ស្តាប់ នាងច្រៀង ដោយសារតែពួកគេ និយមចូលចិត្តស្តាប់ បទចម្រៀងពីដើមៗ ៕

សមាគម​គ្រូបង្រៀន សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី រឿង​សិស្ស​ដក​សញ្ញាបត្រ​បណ្តោះអាសន្ន ត្រូវ​គ្រូ​យកលុយ​

ដោយ : CEN
ថ្ងៃទី 7 កញ្ញា 2011

ភ្នំពេញ:លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​សរសេរ​លិខិត សុំ​អន្តរាគមន៍​ពី​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ចំពោះ​មន្ត្រី​មន្ទីរ​អប់រំ​ខេត្ត​-​ក្រុង និង​នាយក​វិទ្យាល័យ​យក​ថ្លៃ​ដក​សញ្ញាបត្រ​បណ្ដោះអាសន្ន​ពី​សិស្សានុសិស្ស​។​

​តាម​លិខិត​ចុះ​ថ្ងៃ​ទី​៧​កញ្ញា ឆ្នាំ​២០១១ លោក ​រ៉ុង ​ឈុន បាន​លើកឡើង​ថា ចំពោះ​សិស្ស ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថ្មីៗ​នេះ ត្រូវការ​ប្រើប្រាស់​សញ្ញាបត្រ​បណ្ដោះអាសន្ន ដើម្បី​ភ្ជាប់​ជាមួយ​ពាក្យ​សុំ​ប្រឡង​ចូលរៀន​នៅតាម​គ្រឹះស្ថាន មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​។

​ប៉ុន្តែ​លោក ​រ៉ុង ​ឈុន បានបញ្ជាក់​ថា នៅពេល​សិស្សានុសិស្ស សុំ​ដក​សញ្ញាបត្រ មន្ត្រី​មន្ទីរ​អប់រំ តម្រូវ​ឱ្យ​សិស្ស​បង់លុយ ដូចជា​នៅ​មន្ទីរអប់រំ​ខេត្ត​បាត់ដំបង យក​លុយ​សិស្ស​ម្នាក់​ចំនួន ៤០.០០០ រៀល និង​វិទ្យាល័យ​ស្គន់ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ដែល​គណៈ​គ្រប់គ្រង​វិទ្យាល័យ​នេះ ទៅ​យក​សញ្ញាបត្រ​ពី​មន្ទីរ​អប់រំ​មក​ចែក​ឱ្យ​សិស្ស ហើយ​សិស្ស​ម្នាក់​ត្រូវ​ចំណាយ​លុយ​ចំនួន ២៥.០០០ រៀល ទៅ​ឱ្យ​នាយក​វិទ្យាល័យ​នោះ​។​

​សមាគម​គ្រូបង្រៀន បានបញ្ជាក់​ថា ទង្វើ​ទាំងអស់នេះ គឺជា​ការប្រព្រឹត្ត​អំពើពុករលួយ និង​កេងប្រវ័ញ្ច​ពី​សិស្សានុសិស្ស ហើយក៏​ជា​គំរូ​អាក្រក់​ដល់​យុវជន ដូចនេះ ក្រសួង​អប់រំ យុវជន និង​កីឡា មិន​ត្រូវ​បន្ត​ឱ្យ​កើតមាន​អំពើពុករលួយ​ក្នុង​ស្ថាប័ន​អប់រំ​បន្ត​ទៀត​នោះ​ទេ​។

​សមាគម​គ្រូបង្រៀន ក៏​បាន​គូសបញ្ជាក់ថា បញ្ហា​អំពើ​ពុករលួយ​ដែល​កើតមាន​ក្នុង​វិស័យ​អប់រំ នាំឱ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​គុណភាព​អប់រំ និង​អនាគត​យុវជន​។ បញ្ហា​អំពើ​ពុករលួយ​នេះ កើតមាន​ច្រើន​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត មិន​ចំពោះតែ​ការលើកឡើង​ពី​រ​ខេត្ត​នេះ​ទេ​៕​