បណ្ណសារ | ខែកញ្ញា 13, 2011

​ថ្ងៃ​កាន់បិណ្ឌ​១ ចូលមក​ដល់​ហើយ នៅ​ថ្ងៃ​ទី​១៣​កញ្ញា​នេះ​

ដោយ : CEN
ថ្ងៃទី 13 កញ្ញា 2011

ទិដ្ឋភាពនៅថ្ងៃដាក់បិណ្ឌ ថ្ងៃដំបូង នៅក្នុងវត្តលង្កា ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣កញ្ញា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

ទិដ្ឋភាពនៅថ្ងៃដាក់បិណ្ឌ ថ្ងៃដំបូង នៅក្នុងវត្តលង្កា ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣កញ្ញា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

ភ្នំពេញ: ​ថ្ងៃទី​១៣​កញ្ញា ឆ្នាំ​២០១១ ត្រូវ​នឹង​ថ្ងៃ​១​រោច ខែ​ភទ្របទ ជា​ថ្ងៃ​កាន់​បិណ្ឌ​១ នៅក្នុង​ព្រះពុទ្ធសាសនា ដែល​ជា​ការ​យក​ចង្ហាន់​បិណ្ឌ​បាត្រ ទៅ​ប្រគេន​ព្រះសង្ឃ​តាម​វត្ត​អារាម ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅហើយ​។​

​បុណ្យ​ភ្ជុំបិណ្ឌ ដែល​មាន​រយៈពេល ១៥ ថ្ងៃ ដោយ​មាន​ថ្ងៃ​កាន់​បិណ្ឌ ១៤ ថ្ងៃ បូក​ថ្ងៃ​ភ្ជុំ​បិណ្ឌ ១ ថ្អៃ គឺ​ថ្ងៃ​១៥​រោច ដាច់​ខែភទ្របទ ត្រូវបាន​ព្រះ​តេជ​គុណ គង់ ចាន់ថា គង់នៅ​វត្ត​ទួល​ទំពូង និង​ជា​ជំនួយការ​សម្តេច​ព្រះសង្ឃរាជ ទេព វង្ស បាន​មាន​ថេរ​ដីកា ដោយ​ព្រះអង្គ លើកយក​គម្ពីរ​ព្រះពុទ្ធសាសនា ដែល​បាន​ចែង​ថា ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល ១៥ ថ្ងៃនេះ យមរាជ​យមបាល ក៏​បាន​ព្រលែង​ពពួក​នរក​ប្រេត ដែល​មាន​កម្ម​ពារ ឲ្យ​ឡើង​មក​ឋាន​កណ្តាល ដើម្បី​ទទួល​ផល​បុណ្យ​ពី​សាច់ញាតិ​។ សាច់ញាតិ ដែល​បាន​យក​ចង្ហាន់​ម្ហូបអាហារ ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​វេរ​ឧទ្ទិស​កុសល បញ្ជូន​ដល់​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទាំងនោះ​។​

​យ៉ាងណាក៏ដោយ មក​ដល់​សម័យ​បច្ចុប្បន្ន ពិធី​កាន់បិណ្ឌ​នៅតាម​វត្ត​អារាម​នានា ត្រូវបាន​ព្រះ​តេជ​គុណ គង់ ចាន់ថា មើលឃើញថា បានក្លាយ ដោយ​តាម​វត្ត​ស្ទើរតែ​ទាំងអស់​នៅ​ទូទាំង​ប្រទេស បាន​ធ្វើ​ពិធី​បោះ​បាយបិណ្ឌ នៅ​វេលា​ទៀបភ្លឺ ដែល​ពិធី​នោះ មិន​មាន​អត្ត​ន័យ​កំណត់​នៅក្នុង​ព្រះពុទ្ធសាសនា​ឡើយ​។ ពោល​គឺ​វប្បធម៌​ក្នុង​ព្រះពុទ្ធសាសនា មិនបាន​កំណត់​ពី​ការបោះ​បាយបិណ្ឌ នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ទេ​ ៕

ទិដ្ឋភាពនៅថ្ងៃដាក់បិណ្ឌ ថ្ងៃដំបូង នៅក្នុងវត្តលង្កា ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣កញ្ញា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

ទិដ្ឋភាពនៅថ្ងៃដាក់បិណ្ឌ ថ្ងៃដំបូង នៅក្នុងវត្តលង្កា ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣កញ្ញា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

ទិដ្ឋភាពនៅថ្ងៃដាក់បិណ្ឌ ថ្ងៃដំបូង នៅក្នុងវត្តលង្កា ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣កញ្ញា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

ទិដ្ឋភាពនៅថ្ងៃដាក់បិណ្ឌ ថ្ងៃដំបូង នៅក្នុងវត្តលង្កា ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣កញ្ញា ឆ្នាំ២០១១៕ (រូបថត៖ ស៊ីវ ចាន់ណា)

​ទាហាន​ថៃ ព្យាយាម​ចូល​ធ្វើ​របង នៅ​ប្រាសាទ​តា​មាន់​ជា​ថ្មី​ទៀត​ហើយ​

ដោយ : បាយ័ន
ថ្ងៃទី 13 កញ្ញា 2011
CEN

កងទ័ពថៃ ចូលមកបោះរបងព័ទ្ធលួសបន្លា កាលពីមុនថ្ងៃ បាញ់លើកងទ័ពកម្ពុជា កាលពីថ្ងៃទី២២មេសា ដល់ថ្ងៃទី៣ឧសភា ឆ្នាំ២០១១។ នៅពេលនេះ កងទ័ពព្យាយាម ចូលមកបោះរបង ព័ទ្ធលួសបន្លាកន្លែងដដែលនេះ នៅថ្ងៃទី១៣កញ្ញា ឆ្នាំ២០១១ តែត្រូវកងទ័ពកម្ពុជាជំទាស់៕ (រូបថត៖ បាយ័ន)

កងទ័ពថៃ ចូលមកបោះរបងព័ទ្ធលួសបន្លា កាលពីមុនថ្ងៃ បាញ់លើកងទ័ពកម្ពុជា កាលពីថ្ងៃទី២២មេសា ដល់ថ្ងៃទី៣ឧសភា ឆ្នាំ២០១១។ នៅពេលនេះ កងទ័ពព្យាយាម ចូលមកបោះរបង ព័ទ្ធលួសបន្លាកន្លែងដដែលនេះ នៅថ្ងៃទី១៣កញ្ញា ឆ្នាំ២០១១ តែត្រូវកងទ័ពកម្ពុជាជំទាស់៕ (រូបថត៖ បាយ័ន)

ព្រំដែនកម្ពុជា-ថៃ: នៅ​ព្រឹក​ថ្ងៃទី​១៣​កញ្ញា ឆ្នាំ​២០១១ នៅប្រាសាទ​តា​មាន់ បាន​កើត​មាន​សភាពការណ៍ នាំ​ឲ្យ​ស្ថានការណ៍​ព្រំដែន​នៅ​ខេត្ត​ឧត្តរមានជ័យ ប្រែជា​ច្របូកច្របល់ ដោយសារ​តែ​ទាហាន​ថៃ ស្លៀកពាក់​ឯកសណ្ឋាន​ប៉ា​រ៉ា ៥ នាក់ តែ​ក្នុង​ដៃ​មិនមាន​អាវុធ បាន​ព្យាយាម ចូល​ឈរជើង និង​បោះ​របង​បន្លា​លួស នៅ​ប្រាសាទ​តា​មាន់ លើ​ទឹកដី​កម្ពុជា​។​

​ក៏ប៉ុន្តែ​ទាហាន​កម្ពុជា​ដែល​ឈរជើង​នៅ​ប្រាសាទ​តា​មាន់ បានឲ្យដឹងថា ការព្យាយាម​របស់​ទាហាន​ថៃ ចូល​លើ​ទឹកដី​កម្ពុជា ពុំ​អាច​ធ្វើ​ទៅ​បាន​ទេ​ដូច​ការគ្រោងទុក​ឡើយ​។​

​លោក​ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូ​យ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ ៤២ ប្រចាំ​ទិស​ប្រាសាទ​តា​មាន់ បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​១៣​កញ្ញា​នេះ មាន​ទាហាន​ថៃ ៥ នាក់ ដែល​គ្មាន​កាន់​អាវុធ​បាន​ចូល​ឈរជើង នៅលើ​ប្រាសាទ​តា​មាន់ ជាមួយ​ទាហាន​កម្ពុជា ៥ នាក់​ដែរ​។ ទាហាន​ថៃ​នោះ បាន​សុំ​កម្ពុជា​ចូល​មក​បោះ​របង​នៅ​ខាង​មុខ​ផ្លូវ​ចូល​ប្រាសាទ​តា​មាន់ តែ​ត្រូវ​កម្ពុជា​មិន​អនុញ្ញាត​ទេ​។​

​លោក​ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូ​យ បាន​បន្ថែមថា ការព្យាយាម​របស់​ទាហាន​ថៃ ចូល​មក​បោះ​របង​នៅ​ប្រាសាទ​តា​មាន់ មិនបាន​សម្រេច​នោះ ក៏​ត្រូវ​បាន​ទាហាន​ថៃ ប្រើពាក្យ​ថា នឹង​ចូល​មក​បោះ​របង​ឲ្យ​ទាល់តែ​បាន​។

​ប៉ុន្តែ​រហូត​ដល់​ព្រលប់​ថ្ងៃទី​១៣​កញ្ញា ឆ្នាំ​២០១១ នៅ​ប្រាសាទ​តា​មាន់ ត្រូវបាន​លោក​មេបញ្ជាការ ប៉ែន វ៉ូ​យ លើកឡើងថា មិន​មាន​ទាហាន​ថៃ​ណា ចូល​មក​បោះ​របង និង​ឈរជើង​នៅ​ប្រាសាទ​តា​មាន់ ដូច​ការ​គម្រាម​ពី​ព្រឹក​នោះ​ទេ​។​

​លោក​ឧត្តមសេនីយ៍ ប៉ែន វ៉ូ​យ បានបញ្ជាក់​ថា កម្ពុជា​មិន​អនុញ្ញាត​ជាដាច់ខាត ឲ្យ​ទាហាន​ថៃ​ចូល​មក​ធ្វើ​របង​ព័ទ្ធ​ប្រាសាទ​តា​មាន់​របស់​កម្ពុជា​។ កម្ពុជា​មាន​សិត្ធិ​ស្វ័យការពារ​ទឹកដី​របស់​ខ្លួន មិន​ឲ្យ​ប្រទេស​ណា ចូល​ឈ្លានពាន​កម្ពុជា​បានឡើយ​។​

​សូមបញ្ជាក់​ថា ទីកន្លែង​ដេល​ទាហាន​ថៃ ចង់​មក​ធ្វើ​របង​ជាថ្មី​នោះ គឺជា​ទីតាំង​ចាស់​ដែល​ភាគី​ថៃ បាន​ធ្វើកា​របោះរ​បង​បន្លា​លួស នៅ​ចន្លោះ​នៃ​ការប្រយុទ្ធ​គ្នា កាលពី​ថ្ងៃ​ទី​២២​មេសា ដល់​ថ្ងៃ​ទី​៣​ឧសភា ឆ្នាំ​២០១១​។ ក្រោយ​ពី​ប្រយុទ្ធ​គ្នា ភាគី​កម្ពុជា បាន​ឲ្យ​ថៃ​រុះរើ​ចេញ​វិញ​អស់ហើយ​។

​យ៉ាងណា​ក៏​ដោយ​ក្រោយពី​កម្ពុជា​រារាំង និង​បដិសេធ​ការស្នើសុំ​របស់​ថៃ ក៏​មាន​ព័ត៌មាន​រាយការណ៍​ថា ថៃ​នឹង​បញ្ជូន​កម្លាំង​ទ័ព​មក​ក្បែរ​ប្រាសាទ​តា​មាន់​ចំនួន ៥០០ នាក់ និង​ប្រាសាទ​តា​ក្របី​ចំនួន ៥០០ នាក់​។ ប៉ុន្តែ​ការ​បញ្ជូនទាហាន​ថៃ​មក​កៀក​ព្រំដែន​នោះ គឺ​ស្ថិតនៅក្នុង​ទឹកដី​របស់​ថៃ​ប៉ុណ្ណោះ​។​

​សូម​រម្លឹកថា ដំណឹង​នៃ​ការប្រឈមមុខ​ជា​ថ្មី​ខាង​យោធា​នៅ​ព្រំដែន​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី ក្នុង​ខេត្ត​ឧត្តរមានជ័យ ពេលនេះ បាន​កើតឡើង​ជា​លើក​ទី​១ ក្រោយ​ពី​ប្រទេស​ថៃ មាន​រដ្ឋាភិបាល​ថ្មី តាមរយៈ​ការបោះឆ្នោត កាលពី​ថ្ងៃ​ទី​៣​កក្កដា ឆ្នាំ​២០១១​។ ដំណឹង​នេះ ក៏​កើតឡើង​តែ ២ ថ្ងៃ​ប៉ុណ្ណោះ មុន​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី យ៉ីង​ឡាក់ មក​កាន់​កម្ពុជា នា​ថ្ងៃ​ទី​១៥​កញ្ញា ឆ្នាំ​២០១១​។ ប៉ុន្តែ​នៅ​ប្រទេស​ថៃ កងទ័ព​មិន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល ដូច​នៅ​ប្រទេស​កម្ពុជា​ឡើយ​។ កងទ័ព​ថៃ ស្ថិតក្រោម​ការបង្គាប់បញ្ជា​របស់​ព្រះបរមរាជវាំង​៕

មតិ​វិភាគ​ជុំវិញ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន

ដោយ តាំង សារ៉ាដា
2011-09-13
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

ភាព​មន្ទិលសង្ស័យ​របស់​មហាជន​ទៅ​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ស្រប​ពេល​ដែល​គណបក្ស​កាន់​អំណាច​តែង​សម្រេច​ជ្រើសរើស​យក​រូប​លោក​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី។

២២-កក្កដា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ (RFA/Sok Serey)

២២-កក្កដា-២០១១៖ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង ក្នុង សន្និសីទ កាសែត នា វិមាន សន្តិភាព រាជធានី ភ្នំពេញ (RFA/Sok Serey)

ក្រុម​អ្នក​ឃ្លាំមើល​ខ្លះ​និយាយ​ថា ការ​សម្រេច​យក​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ គឺ​ដោយសារ​ក្រុម​មន្ត្រី​ក្នុង​ជួរ​បក្ស​ទាំង​នោះ​មិន​ហ៊ាន​តតាំង ឬ​ប្រឈម​ជាមួយ​លោក ហ៊ុន សែន។ ប៉ុន្តែ​ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​និយាយ​ថា លោក ហ៊ុន សែន ស័ក្ដិសម​ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ដោយសារ​លោក​មាន​បទពិសោធន៍​ខ្ពស់​ក្នុង​ការ​ដឹក​នាំ​ប្រទេស។

រយៈពេល​បួន​អាណត្តិ​មក​ហើយ ក្រោយ​ពី​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ក្រុម​អ្នក​ឃ្លាំមើល​មួយ​ចំនួន​នៅ​តែ​មាន​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​គណបក្ស​ប្រជាជន​មាន​តែ​លោក ហ៊ុន សែន តែ​ម្នាក់​ប៉ុណ្ណោះ តែង​ជាប់​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី?

អ្នក​វិភាគ​ខ្លះ​បក​ស្រាយ​ថា ដោយសារ​លោក ហ៊ុន សែន មាន​អំណាច​លើស​ពី​ស្ដេច​ផែនដី អម​ទៅ​ដោយ​កង​អង្គរក្ស​រាប់​ពាន់​នាក់ បំពាក់​សព្វាវុធ​គ្រប់​ធុន អង្រួន​គ្រប់​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ទាំង​ពី​រដ្ឋ​សភា ព្រឹទ្ធ​សភា ហៀរ​រហូត​ដល់​ប្រព័ន្ធ​តុលាការ រួម​ទាំង​ជួរ​បក្ស​របស់​ខ្លួន។

លោក ចិត្ត ជលសា ដែល​ជា​អ្នក​វិភាគ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ មាន​ប្រសាសន៍​ថា ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា តែង​ជ្រើសរើស​យក​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ដោយសារ​ក្រុម​មន្ត្រី​នៅ​ក្នុង​ជួរ​បក្ស​នេះ​ទាំង​អស់ មិន​ចង់​បែកបាក់ មិន​ចង់​បាត់បង់​មុខ​តំណែង និង​អំណាច ព្រមទាំង​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។

លោក​ជឿ​ថា មាន​បញ្ញវន្ត​ជា​ច្រើន​រូប​ដែល​មាន​គុណ​សម្បត្តិ​ពោ​ពេញ​ទៅ​ដោយ​ភាព​ឆ្លាតវៃ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា ដែល​អាច​ប្រជែង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​រង​នូវ​ការ​បំភិត​បំភ័យ។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ដើម្បី​ពង្រឹង​រដ្ឋបាល​មួយ​ឲ្យ​ក្លាយ​ទៅ​ជា​រដ្ឋបាល​ទំនើប​បាន លុះ​ត្រា​តែ​មាន​អ្នក​ដឹក​នាំ​ម្នាក់​មាន​សេចក្ដី​ក្លាហាន មាន​បទពិសោធន៍​គ្រប់គ្រាន់ ទាំង​កិច្ចការ​កងទ័ព សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សង្គមកិច្ច​ជាដើម។

លោក ផៃ ស៊ីផាន បន្ត​ថា លោក ហ៊ុន សែន គឺ​ជា​មេដឹកនាំ​ដ៏​ចាំបាច់​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។

ដើម​កំណើត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា កើត​ចេញ​ពី​បក្ស​ប្រជាជន​បដិវត្តន៍ កម្ពុជា​ក្នុង​ទសវត្ស​ឆ្នាំ​១៩៥០ ជា​ដៃគូ​ជាមួយ​បក្ស​ពលករ​វៀតណាម និង​បក្ស​ប្រទេស​ឡាវ ក្នុង​កំឡុង​អាណានិគម​បារាំង។

បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ដូរ​ឈ្មោះ​ទៅ​ជា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មុន​ការ​បោះ​ឆ្នោត​សកល ឆ្នាំ​១៩៩៣។ គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាជិក​គណៈ​អចិន្ត្រៃយ៍​ចំនួន ៣៦​រូប ហើយ​សមាជិក​នៃ​គណៈកម្មាធិការ​កណ្ដាល​មាន​ចំនួន ៥០​រូប ដែល​មាន​លោក ជា ស៊ីម ប្រធាន លោក ហ៊ុន សែន ជា​អនុ​ប្រធាន និង​លោក ហេង សំរិន ជា​ប្រធាន​កិត្តិយស។

គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ​កំពុង​គ្រប់គ្រង​សំឡេង​ភាគ​ច្រើន​ក្នុង​រដ្ឋ​សភា​នៃ​អាណត្តិ​ទី​៤។ គណបក្ស​នេះ​មាន ៩០​អាសនៈ ក្នុង​ចំណោម​អាសនៈ​ចំនួន ១២៣ ក្នុង​រដ្ឋ​សភា ខណៈ​គណបក្ស សម រង្ស៊ី មាន ២៦​អាសនៈ គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ធ្លាប់​ឈ្នះ​ឆ្នោត​ឆ្នាំ​១៩៩៣ មាន ២​អាសនៈ គណបក្ស​សិទ្ធិ​មនុស្ស​មាន ៣​អាសនៈ ហើយ​គណបក្ស នរោត្តម រណឫទ្ធិ មាន ២​អាសនៈ។

កាល​ពី​ខែ​សីហា ឆ្នាំ​២០០៩ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ជា​សាធារណៈ​ថា លោក​នឹង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​រហូត​ដល់​២០២៣។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​វិភាគ​ឯករាជ្យ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ប្រសិន​បើ​គណបក្ស​កាន់​អំណាច​ធ្វើការ​ផ្លាស់ប្ដូរ​បេក្ខភាព​នាយករដ្ឋមន្ត្រី វា​អាច​នាំ​ឲ្យ​មាន​សង្គ្រាម​ផ្ទៃក្នុង​បក្ស។

លោក ទេព ងន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា គណបក្ស​របស់​លោក​មិន​មាន​បេក្ខភាព​ថ្មី​ណា​ក្រៅ​ពី​លោក ហ៊ុន សែន ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​នោះ​ឡើយ។

អនុ​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ដែល​ជា​អតីត​សមាជិក​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​យក​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ព្រោះ​លោក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​វៀតណាម អាច​និយាយ​ភាសា​វៀតណាម​បាន​ល្អ ព្រម​ទាំង​មាន​ការ​ជឿ​ទុក​ចិត្ត​ពី​វៀតណាម ថែម​ទៀត។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កើត​ក្នុង​ឆ្នាំ​១៩៥២។ នៅ​ឆ្នាំ​១៩៧០ លោក​បាន​ចូល​រួម​ជាមួយ​កងទ័ព​ខ្មែរ​ក្រហម បន្ទាប់​មក​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​១៩៧៧ និង​បង្ក​ជា​ចលនា​តស៊ូ​នៅ​ទី​នោះ ដើម្បី​ផ្ដួល​រំលំ​របប​ខ្មែរក្រហម។ នៅ​ដើម​ឆ្នាំ​១៩៧៩ ក្រោយ​បាន​ឈ្លានពាន និង​គ្រប់គ្រង​ប្រទេស​កម្ពុជា កងទ័ព​វៀតណាម បាន​លើក​បន្តុប​លោក ហ៊ុន សែន ជា​មេដឹកនាំ​មួយ​រូប និង​បាន​ឡើង​កាន់​អំណាច​ដឹកនាំ​ប្រទេស​នៅ​ឆ្នាំ​១៩៨៥។

រហូត​មក​ទល់​ពេល​នេះ លោក ហ៊ុន សែន បាន​កាន់​អំណាច​នៅ​កម្ពុជា អស់​រយៈពេល ២៦​ឆ្នាំ មក​ហើយ។ លោក​គឺ​ជា​មេដឹកនាំ​ដែល​កាន់​អំណាច​យូរ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ភូមា និង​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ។

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា គណបក្ស​ផ្ដាច់ការ និង​បក្ស​កុម្មុយនិស្ត​ក្នុង​ពិភពលោក​ភាគ​ច្រើន​ជ្រើសរើស​មេដឹកនាំ​ណា​ដែល​ខ្វះ​គុណធម៌ និង​ចិត្ត​ដាច់។ បើ​គិត​ត្រឹមតែ​ក្រោយ​ការ​បោះឆ្នោត​សកល​ឆ្នាំ​១៩៩៣ ក្រៅ​តែ​ពី​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​មុខ​ដដែលៗ​អស់​រយៈពេល​ជិត ២​ទសវត្ស​មក​នេះ គេ​ឃើញ​រដ្ឋមន្ត្រី​ នៃ​ក្រសួង​សំខាន់ៗ​ជា​ច្រើន​រូប​ទៀត ដែល​មាន​មុខ​ដដែល មិន​ផ្លាស់ប្ដូរ​ចេញ​សោះ ទោះ​ជា​ការ​ដឹកនាំ​របស់​ពួកគេ​មិន​ឃើញ​មាន​ការ​រីក​ចម្រើន​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​ប្រជាជាតិ​ក៏ដោយ។

អ្នក​សង្កេត​ស្ថានការណ៍​កម្ពុជា បន្ត​ថា ដរាប​ណា​មន្ត្រី​ធំៗ​ទាំង​នេះ​មាន​ស្វាមីភក្ដិ​ចំពោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ផ្ដល់​ផលប្រយោជន៍​ជូន​គណបក្ស​កាន់​អំណាច​នោះ វា​ជា​ការ​ស្រេច គឺ​គេ​អាច​រក្សា​មុខ​តំណែង​របស់​គេ​បាន​យូរ។

ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ដែល​កាន់​អំណាច​យូរ​ឆ្នាំ​ក្នុង​ពិភពលោក ដូចជា​នៅ​ប្រទេស​អេហ្សីប (Egypt) ទុយណេស៊ី (Tunisia) យេមែន (Yemen) និង​ប្រទេស​លីប៊ីយ៉ា (Libya) សុទ្ធ​តែ​ត្រូវ​បាន​កម្លាំង​មហា​ជន​ធ្វើការ​បះបោរ​ទម្លាក់ ដោយសារ​តែ​ពលរដ្ឋ​ទាំង​នោះ​មិន​អាច​ទ្រាំ​រស់​នៅ​ត​ទៅ​ទៀត​ក្នុង​វប្បធម៌​ផ្ដាច់ការ ប្រពៃណី​នៃ​អំពើ​ពុករលួយ បក្សពួក គ្រួសារ​និយម និង​ភាព​អយុត្តិធម៌​ដ៏​រ៉ាំ រៃ​នោះ៕

លោក ហង្ស ចក្រា ទៅ​ទទួល​រង្វាន់​កិត្តិយស​ពី Human Rights Watch

ដោយ សុខ សេរី
2011-09-13
​វិទ្យុ​អាស៊ីសេរី

អ្នក​កាសែត​ខ្មែរ​ម្នាក់​ដែល​មាន​និន្នាការ​រិះគន់​រដ្ឋាភិបាល នឹង​ទទួល​បាន​រង្វាន់​កិត្តិយស​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដ៏​ធំ​មួយ​នៅ​ពេល​ឆាប់ៗ​នេះ។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​មិន​បាន​សម្ដែង​ការ​សាទរ​ចំពោះ​ការ​ជូន​រង្វាន់​លើក​ទឹក​ចិត្ត​នេះ​ឡើយ។

ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក លោក ហង្ស ចក្រា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១១។ (RFA/Sok Serey)

ចាងហ្វាង កាសែត ខ្មែរ ម្ចាស់ ស្រុក លោក ហង្ស ចក្រា ផ្ដល់ បទសម្ភាសន៍ ដល់ អ្នក សារព័ត៌មាន នៅ អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ នៅ ថ្ងៃ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០១១។ (RFA/Sok Serey)

អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch នឹង​ផ្ដល់​រង្វាន់​កិត្តិយស​ដល់​ចាងហ្វាង​កាសែត “ខ្មែរ​ម្ចាស់​ស្រុក” គឺ​លោក ហង្ស ចក្រា ដោយសារ​តែ​លោក​បាន​ធ្វើការ​តស៊ូ​មតិ​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​រិៈគន់​មន្ត្រី​ជាន់​ខ្ពស់​អំពី​អំពើ​ពុករលួយ ហើយ​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​ដាក់​គុក។

លោក ហង្ស ចក្រា បាន​ចាកចេញ​ទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​ទទួល​រង្វាន់​នេះ​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១១។

រង្វាន់​កិត្តិយស​នោះ​មាន​ឈ្មោះ ហែលមែន ហែមមែត (Hellman Hammett) គឺ​តំណាង​ឲ្យ​អ្នក​ការពារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

លោក ហង្ស ចក្រា បាន​មាន​ប្រសាសន៍​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មុន​ការ​ចាកចេញ​ទៅ​ទទួល​រង្វាន់​នោះ​ថា លោក​នឹង​ធ្វើ​សន្និសីទ​កាសែត​នៅ​ក្លឹប​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​បរទេស​នៅ​ប្រទេស​ថៃ អំពី​ការ​រឹតត្បិត​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សេរីភាព​នៃ​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា។

លោក ហង្ស ចក្រា ៖ «ខ្ញុំ​គិត​ថា រង្វាន់​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​រូប​ខ្ញុំ ក៏​ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ ពីព្រោះ​យើង​បច្ចុប្បន្ន យើង​កំពុង​តែ​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ តស៊ូ​មតិ ដើម្បី​ទាមទារ​នូវ​យុត្តិធម៌ និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុ​បក្ស។ ខ្ញុំ​នឹង​នៅ​តែ​បន្ត​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ដដែល​បាទ!»។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch នឹង​ប្រគល់​រង្វាន់​កិត្តិយស​នោះ​ដល់​សកម្មជន​ចំនួន ៣​នាក់ គឺ​ទី​១ លោក ឆីរ៉ានុច (Chiranuch) ជា​ជនជាតិ​ថៃ ដែល​បច្ចុប្បន្ន​កំពុង​តែ​រង​ការ​កាត់​ទោស​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្រោម​បទ​ឧក្រិដ្ឋកម្ម​ម៉ាស៊ីន​កុំព្យូទ័រ។ ទី​២ លោក ហ្សូណា (Zunar) ជនជាតិ​ម៉ាឡេស៊ី ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​បះបោរ ដោយសារ​តែ​លោក​បាន​ចេញ​ផ្សាយ​រូបត្លុក​កំប្លែង​នយោបាយ​កន្លង​មក ប៉ុន្តែ​សៀវភៅ​នោះ​ត្រូវ​អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី បាន​ហាម​ឃាត់ និង​មិន​ឲ្យ​ចែកចាយ និង​ទី​៣ លោក ហង្ស ចក្រា ជា​អ្នក​កាសែត​ប្រឆាំង​អំពើ​ពុករលួយ ត្រូវ​បាន​ចាប់​ដាក់​គុក ដោយសារ​តែ​មិន​ព្រម​លាត​ត្រដាង​អំពី​ប្រភព​ព័ត៌មាន​កន្លង​មក។

លោក កែវ រ៉េមី គឺ​ជា​ប្រធាន​ក្រុម​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ លោក​បាន​មាន​ប្រសាសន៍​ថា រង្វាន់​កិត្តិយស​នោះ​គ្មាន​តម្លៃ​ទេ​សម្រាប់​កម្ពុជា។

លោក កែវ រ៉េមី មាន​ប្រសាសន៍​បន្ថែម ៖ «Human Rights Watch គេ​ហៅ​ថា ជា​អង្គការ​មួយ​ដែល​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ដោយ​ងងឹតងងល់ ដោយ​លក្ខណៈ​សងសឹក​ផ្ទាល់​ខ្លួន ហើយ​ទី​២​ទៀត នយោបាយ​របស់​បរទេស​មួយ​ចំនួន គាត់​ច្រើន​តែ​ឆ្កឹះឆ្កៀល​អ៊ីចឹង ដែល​ខ្ញុំ​តាមដាន​ទៅ គឺ​គាត់​លើក​ទឹក​ចិត្ត​ពី​អ្នក​ណា​ដែល​ប្រឆាំង​នៅ​ក្នុង​រដ្ឋាភិបាល​ហ្នឹង គាត់​លើក​ទឹក​ចិត្ត​ដើម្បី​ឲ្យ​មនុស្ស​ហ្នឹង​បះបោរ​ប្រឆាំង​ត​ទៅ​ទៀត»។

លោក ហង្ស ចក្រា ជា​ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក។ លោក​ធ្លាប់​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​ចំនួន ១២​ខែ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០០៩ ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដោយសារ​តែ​លោក​បាន​ផ្សាយ​ចោទ​ប្រកាន់​ថា មន្ត្រី​ជាន់​ខ្ពស់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ពុករលួយ និង​បក្ស​ពួក​និយម។

លោក ចក្រា ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១០ កន្លង​ទៅ ក្រោយ​ពី​បាន​ជាប់​គុក​នៅ​គុក​ព្រៃ​ស​ចំនួន ៩​ខែ និង ១៧​ថ្ងៃ ស្មើ​នឹង ២ ភាគ ៣ នៃ​ចំនួន​ទោស​សរុប ១២​ខែ៕

សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​ដោះស្រាយ​សំណង​មុន​អភិវឌ្ឍន៍

ដោយ លី ម៉េងហួរ
ថ្ងៃ អង្គារ 13 កញ្ញា 2011
RFI</strong>

ស្តាប់សេចក្តីរាយការណ៍​របស់​ លី ម៉េងហួរ​​ ពី​ទីក្រុង​ភ្នំពេញ (02:14)

អង្គការ​សង្គម​ស៊ីវិល បាន​សម្តែង​ការព្រួយបារម្ភ​ជា​ថ្មី​ទៅ​លើ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ទីក្រុង​រណប​មួយ​ថ្មី​ទៀត នៅ​តំបន់​ជ្រោយចង្វា ក្នុង​ទីក្រុង​ភ្នំពេញ។ កិច្ចព្រមព្រៀង​ជួល​រយៈពេល ៩៩ ឆ្នាំ ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​១២​កញ្ញា​ម្សិលមិញ ដើម្បី​ផ្តល់​ដី​ទំហំ ៣៨៧ ហិកតា នៅ​ជ្រោយចង្វា​ឲ្យ​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគទុន​អាណិកជន​កម្ពុជា របស់​លោក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​ធនាគារ​កាណាឌីយ៉ា និង​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​កោះពេជ្រ។ ក៏ប៉ុន្តែ​សកម្មជន​សិទ្ធិមនុស្ស បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន ដោះស្រាយ​សំណង​លើ​ផល​ប៉ះពាល់​សម្រាប់​ប្រជាជន មុននឹង​ធ្វើ​ការអភិវឌ្ឍន៍ ដោយ​មិន​ត្រូវ​ចម្លង​យក​គំរូ គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​បឹងកក់​នោះឡើយ។

បុរស​ឈរ​មើល​គេ​ចាក់ដី​នៅ​តំបន់​បឹងកក់

បុរស ឈរ មើល គេ ចាក់ដី នៅ តំបន់ បឹងកក់

លោក កែប ជុតិមា អភិបាលក្រុង​ភ្នំពេញ និង​លោក​ឧកញ៉ា ពុង ឃាវ​សែ អគ្គនាយក​ធនាគារកា​ណា​ឌី​យ៉ា និង​ជា​ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគទុន​អាណិកជន​កម្ពុជា បាន​ចុះហត្ថលេខា​រួមគ្នា លើ​កិច្ចព្រមព្រៀង អភិវឌ្ឍន៍​សាងសង់​ទីក្រុង​រណប​ថ្មី នៅ​ជ្រោយចង្វា កាលពី​ថ្ងៃ​១២​កញ្ញា ឆ្នាំ​២០១១។ គម្រោង​អភិវឌ្ឍន៍ ដែល​មាន​ទឹកប្រាក់ ១,៦ ពាន់​លាន​ដុល្លារ នឹង​ត្រូវ​ចាប់ផ្ដើម​នៅ​ចុងឆ្នាំ​នេះ។

តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វា មាន​ទំហំ ៣៨៧ ហិកតា ត្រូវ​បាន​រដ្ឋាភិបាល ព្រមព្រៀង​ជួល​រយៈពេល ៩៩​ឆ្នាំ ឲ្យ​ក្រុមហ៊ុន​ឯកជន។ ដី​នោះ ស្ថិតក្នុង​សង្កាត់​បី នៅ​ខណ្ឌ​ឫស្សីកែវ គឺ​សង្កាត់​ជ្រោយចង្វា សង្កាត់​ព្រែកលៀប និង​សង្កាត់​ព្រែក​តាសេក ជាប់​ខាង​ជើង​ផ្លូវជាតិ​លេខ ៦​អា។

តាម​គម្រោង​ទីក្រុង​រណប​ថ្មី​នៅ​ជ្រោយចង្វា មាន​ពហុកីឡាដ្ឋាន​ជាតិ សួនច្បារ ខុន​ដូ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សណ្ឋាគារ សាលារៀន និង​មន្ទីរពេទ្យ ជាដើម។ គម្រោង​នោះ នឹង​ត្រូវ​ចំណាយ​ពេល​សាងសង់ រយៈពេល​ពី ១០ ទៅ ១៥​ឆ្នាំ។

ម្ចាស់​ក្រុមហ៊ុន និង​អាជ្ញាធរ បញ្ជាក់ថា ទីក្រុង​រណប​ជ្រោយចង្វា នឹង​បង្កើន​ទំនុកចិត្ត សម្រាប់​ការវិនិយោគ​បន្ថែមទៀត ដើម្បី​ធ្វើឲ្យ​សេដ្ឋកិច្ច​ជាតិ មាន​កំណើន និង​បង្កើត​ការងារ​កាន់តែ​ច្រើន​ដល់​ប្រជាជន​កម្ពុជា។

ក៏​ប៉ុន្តែ លោក អំ​សំអាត សកម្មជន​សិទ្ធិមនុស្ស​អង្គ​លីកាដូ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធ​ររដ្ឋាភិបាល​និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​ជ្រោយចង្វា ត្រូវ​មើល​គំរូ​លើ​បញ្ហា​ជាច្រើន​កើតចេញ​ពី​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍ នា​ពេលកន្លងមក ដែល​តែងតែ​ប៉ះពាល់​ដល់​ប្រជាជន ជាពិសេស​នៅ​តំបន់​ដីក្រហម តំបន់​សំបុកចាប និង​ចុងក្រោយ​នៅ​តំបន់​បឹងកក់។

តាម​សកម្មជន​សិទ្ធិមនុស្ស អាជ្ញាធរ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍ ត្រូវ​មាន​ការដោះស្រាយ​សំណង​លើ​ដីធ្លី សម្រាប់​ប្រជាពលរដ្ឋ​ប៉ះពាល់ មុននឹង​ចាប់ផ្តើម​គម្រោង​អភិវឌ្ឍន៍។

នៅ​ភ្នំពេញ​សព្វថ្ងៃ មាន​ទីក្រុង​រណប ៤ ធំៗ ដែល​កំពុង​សាងសង់ រួមមាន​៖ កាំកូ​ស៊ីធី ហ្គ្រេ​ន​ភ្នំពេញ កោះ​ពេជ្រ និង​គម្រោង​អភិវឌ្ឍន៍​បឹងកក់។

​ក្រុមហ៊ុន​របស់​លោក ពុង ឃាវ​សែ ដែល​ទទួលបាន​ដី​អភិវឌ្ឍន៍​នៅ​ជ្រោយចង្វា​ពេលនេះ ក៏​កំពុង​ដំណើរកា​រលើ​គម្រោង​អភិវឌ្ឍន៍​កោះ​ពេជ្រ​ផងដែរ៕

​អ្នក​ភូមិ​បឹងកក់ ក្នុងភូមិ​៦ ត្រូវ​លិចលង់​ទៀតហើយ​

ដោយ : CEN
ថ្ងៃទី 13 កញ្ញា 2011

ភ្នំពេញ: យ៉ាងហោចណាស់ មាន​ផ្ទះ​របស់​អ្នក​ភូមិ​បឹងកក់ ក្នុងភូមិ​៦ ចំនួន ៣ ខ្នង ត្រូវបាន​លិចលង់ ដោយសារ​ក្រុមហ៊ុន និង​អាជ្ញាធរ​បូម​ខ្សាច់​ចាក់​ពន្លិច កាលពី​រសៀល​ម៉ោង ៤ ថ្ងៃទី​១៣​កញ្ញា ឆ្នាំ​២០១១​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ចាន់ ធឿន ម្ចាស់ផ្ទះ ដែល​ត្រូវ​ក្រុមហ៊ុន បូម​ខ្សាច់​ចាក់​ពន្លិច​ផ្ទះ​។​

​បុរស​រូប​នេះ បានបញ្ជាក់​ថា ក្រុមហ៊ុន និង​អាជ្ញាធរ​បាន​ចុះ​មក​ព័ទ្ធ​ផ្ទះ​របស់​លោក ហើយ​បាន​យក​ទុយោ​បូម​ខ្សាច់ បាញ់​ចំ​ពីក្រោយ​ផ្ទះ​របស់​លោក ដើម្បី​បង្ខំ​ឲ្យ​លោក ទៅ​ចរចា ដើម្បី​ទទួល​សំណង​ជា​លុយ​ពី​ក្រុមហ៊ុន​។​

​ម្ចាស់ផ្ទះ​នៅ​ភូមិ​៦ ក្នុង​តំបន់​បឹងកក់ ដែល​ប្រឈម​បញ្ហា​រូបនេះ បាន​បន្ថែមថា ផ្ទះ​របស់​លោក និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត ត្រូវបាន​អាជ្ញាធរ​កាត់​ចេញពី​អភិវឌ្ឍន៍​បឹងកក់​ទំហំ ១២,៤៤ ហិកតា ដែល​សម្តេច​ហ៊ុន​សែន បាន​សម្រេច​ប្រគល់​ឲ្យ​ប្រជាជន​ធ្វើការ​អភិវឌ្ឍន៍​នៅនឹងកន្លែង​។​

​កាលពី​ចុង​សប្តាហ៍​មុន ក្រុមហ៊ុន និង​អាជ្ញាធរ បាន​ចាប់​បូមទឹក​ពន្លិច​ផ្ទះ​របស់​ប្រជាជន​នៅ​បឹង​កក់​សារជាថ្មី ដោយ​សំអាង​ថា ទីតាំង​នោះ ជា​ដី​របស់​ក្រុមហ៊ុន ដែល​មាន​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​ក្នុងការ​ធ្វើ​ការអភិវឌ្ឍ​ន៍​ជា​ទីក្រុង​រណប​៕​ ..

ខុម​ហ្វ្រែល ផ្សព្វផ្សាយ​ពី​ការសង្កេត​លើ​បរិយាកាស​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​

ដោយ : CEN
ថ្ងៃទី 13 កញ្ញា 2011

ភ្នំពេញ: ​គណៈកម្មាធិការ​ខុមហ្វ្រែល កំពុង​សង្កេត​ឃ្លាំមើល​លើ​បរិយាកាស​សន្តិសុខ និង​សិទ្ធិ​នយោបាយ នៃ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត សម្រាប់​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​/​សង្កាត់​ឆ្នាំ​២០១២​។ នៅ​ថ្ងៃ​ទី​១៣​កញ្ញា ឆ្នាំ​២០១១ អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នេះ បាន​ផ្សព្វផ្សាយ​នូវ​របាយការណ៍​លើកដំបូង ទាក់ទង​នឹង​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​បញ្ជី​ឈ្មោះ ដែល​បាន​ចាប់ផ្តើម កាលពី​ថ្ងៃ​ទី​១​កញ្ញា ឆ្នាំ​២០១១​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១៣​កញ្ញា ឆ្នាំ​២០១១ ខុម​ហ្វ្រែល បាន​លើកឡើង​ថា ខ្លួន​កំពុង​សង្កេត អប់រំ​អ្នកបោះឆ្នោត ពី​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ការសង្កេត​ការស្រាវជ្រាវ ការចុះឈ្មោះ​បោះឆ្នោត និង​សវនកម្ម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១១ ព្រមទាំង​ការសង្កេត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការប្រើប្រាស់​ធនធាន​រដ្ឋ នៅ​ទូ​ទាំ​រាជធានី​-​ខេត្ត​។​

​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល បានឲ្យដឹងថា លទ្ធភាព​នៃ​ការសង្កេត​ទាំងនេះ នៅមុន​ដំណាក់កាល​បោះឆ្នោត​ឆ្នាំ​២០១២ គឺ​ក្នុង​អំឡុងពេល​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំនេះ នឹង​ជួយ​រួមចំណែក​ក្នុង​ការទាមទារ​ឲ្យមាន​ការបោះឆ្នោត ដ៏​យុត្តិធម៌ និង​សុច្ចរិត​ភាព​ថែម​ទៀត ជាពិសេស​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១២ និង​ការបោះឆ្នោត​ខាងមុខៗ​ទៀត​។​

​ខុម​ហ្វ្រែល បាន​លើកឡើង​ថា សម្រាប់​ការងារ​សង្កេត​ការចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ ខុម​ហ្វ្រែល ដាក់​អ្នកសង្កេតការណ៍​ចល័ត​ចំនួន ៧៣​រូប សំរាប់​ទូទាំង​រាជធានី​-​ខេត្ត ។ ជាមួយគ្នានេះ ខុម​ហ្វ្រែល ក៏​កំពុង​ធ្វើ​ការអប់រំ អ្នក​បោះឆ្នោត​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ រៀងរាល់​ថ្ងៃ​ច័ន្ទ និង អង្គារ ពី​ម៉ោង ៧ និង​៣០​នាទី ដល់​ម៉ោង ៨ និង​៣០​នាទី ព្រឹក តាមរយៈ​វិទ្យុ FM 105 MHz និង​តាមរយៈ​ការផ្ញើរ​សារ​តាម​ទូរស័ព្ទ​ដៃ (SMS) ។​

​នៅក្នុង​អំឡុង​នេះដែរ ខុម​ហ្វ្រែល បាន​លើកឡើង​ថា អ្នកសង្កេតការណ៍ ២៦០​នាក់ ពី​បណ្តាញ​ខុម​ហ្វ្រែល និង​អង្គការ​ដៃគូរ​ផ្សេងៗ​ទៀត នឹង​ត្រូវ​ដាក់​ពង្រាយ ដើម្បី​ធ្វើ​ការស្ទង់មតិ​អ្នក មាន​សិទ្ធិ​បោះឆ្នោត និង​ធ្វើ​សវនកម្ម បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១១ ដែល​មាន​សំណាក​ការិយាល័យ​បោះឆ្នោត​ចំនួន ៨៥០ ធ្វើ​ការសម្ភាសន៍​អ្នក​មាន​សិទ្ធិ​បោះឆ្នោត ចំនួន​ប្រមាណ ៨.៧០០ នាក់ នៅ​គ្រប់​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស​។​

​ខុម​ហ្វ្រែល ក៏​មាន​អ្នកសង្កេតការណ៍​ចំនួន ៩​រូប ដើម្បី​សង្កេត​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ អេឡិចត្រូនិច ចំនួន​១០ ពី​ការផ្សព្វផ្សាយ​តួអង្គ​នយោបាយ ដែល​ត្រូវ​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ខាង​មុខ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ រួមមាន ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ឯកជន ដូចជា ទូរទស្សន៍​ជាតិ (​ទទ​ក​) ទូរទស្សន៍ ស៊ី​ធីអិន (CTN) ទូរទស្សន៍​បាយ័ន​ព័ត៌មាន វិទ្យុជាតិ AM 918 KHz វិទ្យុជាតិ FM 96 MHz វិទ្យុ FM 105 MHz វិទ្យុ FM 106.5 MHz វិទ្យុ​អាស៊ីសេរី​ភាសា​ខ្មែរ វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក​ភាសា​ខ្មែរ និង​វិទ្យុ​បារាំង​អន្តរជាតិ​ភាសា​ខ្មែរ​។​

​ខុម​ហ្វ្រែល ក៏​នឹង​សង្កេត​ពី​ការប្រើប្រាស់​ធនធាន​រដ្ឋ សម្រាប់​បម្រើឲ្យ​គណបក្ស​នយោបាយ​ផង​ដែ​រ​។​

​យ៉ាងណាក៏ដោយ ក្នុង​រយៈពេល​ដំបូង នៃ​ដំណើរការ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត នាពេលនេះ ត្រូវបាន គ​.​ជ​.​ប​. ប្រកាស​នៅ​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​១៣​កញ្ញា ឆ្នាំ​២០១១​ថា ក្នុង​រយៈពេល ១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា គ​.​ជ​.​ប​. បាន​លុបឈ្មោះ​អ្នកបោះឆ្នោត ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត ចំនួន ៣០.៦៦៨ នាក់ និង​បាន​ចុះបញ្ជី​ថ្មី​បាន​ចំនួន ១៤៦.៧៩០ នាក់​។​

​ចំណែក​គណបក្ស​សម​រង្ស៊ី បាន​លើកឡើង​ជា​ច្រើន​ពី​ភាពមិនប្រក្រតី ដែល​ទាក់ទង​នឹង​ដំណើរ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​នេះ ដូចជា សាលាឃុំ​មិន​បើកទ្វារ ហើយ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត មក​យឺតយ៉ាវ ជាដើម​។​

​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១១ នៅតាម​សាលាឃុំ​សង្កាត់​ទូទាំង​ប្រទេស​ ៕

បក្ស​ប្រឆាំង​ស្នើ គ.ជ.ប ចាត់​វិធានការ​ចំពោះ​អាជ្ញាធរ​ដែល​រារាំង​សកម្មជន​​ខ្លួន​មិន​ឲ្យ​ផ្សព្វផ្សាយ​​ដល់​ពលរដ្ឋ​អំពី​ការ​​ចុះ​ឈ្មោះ​បោះឆ្នោត

អង្គារ 13 កញ្ញា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​សម​រង្ស៊ី​នៅ​ថ្ងៃ​នេះ បាន​ធ្វើ​ការ​ស្នើ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់​ចំពោះ​ក្រុម​អាជ្ញាធរ​ ដែល​បាន​​រារាំង​សកម្មជន​គណបក្ស​សមរង្ស៊ី​មិន​ឲ្យ​ធ្វើ​ការ​ផ្សព្វផ្សាយ​តាម​មីក្រូ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដោយ​ថា វា​ជា​ការ​រើស​អើង​គណបក្ស​នយោបាយ។

លោក ហូ វ៉ាន់ តំណាងរាស្រ្តគណបក្សសមរង្ស៊ីមណ្ឌលភ្នំពេញ

លោក ហូ វ៉ាន់ តំណាងរាស្រ្តគណបក្សសមរង្ស៊ីមណ្ឌលភ្នំពេញ

លោក ហូ វ៉ាន់ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​មណ្ឌល​ភ្នំពេញ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ថា អាជ្ញាធរ​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន បាន​ធ្វើ​ការ​ហាម​ឃាត់​ដល់​សកម្ម​ជន​គណបក្ស​សម​រង្ស៊ី​ដែល​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​តាម​មីក្រូ ឬ​ខិត្តប័ណ្ណ ដើម្បី​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ។

ដោយ​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​រូប​នេះ បាន​ស្នើ​ឲ្យ​ គ.ជ.ប ចាត់​វិធានការ​ចំពោះ​សកម្ម​ភាព​របស់​អាជ្ញាធរ​ទាំង​នោះ ដោយ​ថា ការ​ផ្សព្វផ្សាយ​នេះ ធ្វើ​ឡើង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ឈ្មោះ​បោះឆ្នោត​តែ​ប៉ុណ្ណោះ។

ទាក់​ទិន​ទៅ​នឹង​បញ្ហា​នេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​និយាយ​ថា គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល អាច​ផ្សព្វផ្សាយ​បំផុស​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ដោយ​មាន​ការ​ចូល​រួម​ពី គ.ជ.ប ឬ​ដាច់​ដោយ​ឡែក។ ប៉ុន្តែ​បើ​សកម្មភាព​ផ្សព្វផ្សាយ​នោះ ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​នោះ គណបក្ស ឬ​អង្គការ​សង្គម​ស៊ីវិល ត្រូវ​សុំ​ការ​អនុញ្ញាតិ​ពី​អាជ្ញាធរ​ជា​មុន​សិន។

គួរ​បញ្ជាក់​ថា គ.ជ.ប បាន​ធ្វើ​ការ​ប្រកាស​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ និង​មាន​សិទ្ធិ​បោះ​ឆ្នោត​ទាំង​អស់ ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ​សង្កាត់​ចាប់​ពី​ថ្ងៃទី​០១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០១១៕

គ​.​ជ​.​ប​. ប្រកាស​ពី​ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ

ដោយ : រតនា
ថ្ងៃទី 13 កញ្ញា 2011
CEN

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ខែ​ធ្នូ ឆ្នាំ​២០១១​។ សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ថ្មី របស់​រាជធានី​ភ្នំពេញ មាន​ចំនួន ១៩ រូប​។​
​    ​
​លោក ឃ្លោក ប៊ុត​ឌី សមាជិក គ​.​ជ​.​ប​. បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​កាសែត កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១១​ថា សមាសភាព​ក្នុង​ការប្រកួតប្រជែង សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ នាពេល​ខាងមុខ​នេះ គឺ​មាន​បេក្ខជន​ចំនួន ៨៩ រូប មកពី​គណបក្ស​នយោបាយ ដែល​មាន​សមាជិក​របស់ខ្លួន ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ចំនួន ១៣ ដែល​ទើបតែ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ពេល​ថ្មីៗ​នេះ​។​

​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទាំង ១៣ នោះ ជា​អ្នកបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​មាន​ចំនួន ១៩ រូប​។​

​លោក ឃ្លោក ប៊ុត​ឌី បាន​មានប្រសាសន៍​បន្ត​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នោះ ជា​ការបោះឆ្នោត​អសកល​។ គឺ​អ្នក​ដែល​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​នោះ ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទាំង​ចំនួន ១៣​សង្កាត់​។​

​ឯ​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប​. បាន​បញ្ជាក់​ដែរ​ថា សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទាំង​១៣ ដែល​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​គណបក្ស​នយោបាយ ពុំ​អាច​សុំ​ប្តូរ​សមាសភាព​បានទេ​នាពេលនេះ លុះត្រាតែ​បុគ្គល​នោះ ទទួលមរណភាព ទើប​គណបក្ស​សា​ម៉ី មាន​សិទ្ធិ​ដាក់​អ្នកថ្មី មក​ជំនួស នៅពេល​ការបោះឆ្នោត​ជិត​មក​ដល់​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​បង្កើត​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មួយ​បន្ថែម​ទៀត​​បន្ទាប់​ពី​សម្រេចកាត់​ឃុំ​មួយចំនួន នៅក្នុង​ខេត្ត​កណ្តាល ចូលមក​ក្នុង​ទឹកដី​រាជធានី​ភ្នំពេញ កាលពី​ពេល​ថ្មីៗ​នេះ​។    

​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​សង្កាត់​ចំនួន ១៣ រួមមាន​៖ សង្កាត់​ត្រពាំង​ក្រសាំង​, សង្កាត់​គោក​រកា​, សង្កាត់​ភ្លើង​ឆេះ​រទេះ​, សង្កាត់​ចោមចៅ​, សង្កាត់​កា​កាប​, សង្កាត់សំរោងក្រោម​, សង្កាត់​ក្រាំងធ្នង់​, សង្កាត់​បឹង​ធំ​, សង្កាត់​កំបូល​, សង្កាត់​កន្ទោក​, សង្កាត់​ឪឡោក​, សង្កាត់​ព​ន្សាំ​ង និង​សង្កាត់​ស្នោ​។​

​សូម​រម្លឹកថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​១ ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃ​ទី​១៩​មីនា ឆ្នាំ​២០០៩​។ ការបោះឆ្នោត​នោះ ធ្វើឡើង​ជា​អសកល ដោយ​មាន​តែ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ក្នុង​តំណែង​ប៉ុណ្ណោះ ជា​អ្នកបោះឆ្នោត​។ ពោល​គឺ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​១ ដែល​មាន​រយៈពេល ៥ ឆ្នាំ មាន​សមាសភាព មកពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សមរង្ស៊ី គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​នរោត្តម រណឫទ្ធិ​ ៕

អាជ្ញាធរ​​ប្រកាស​ឲ្យ​កសិករ​នៅ​ក្បែរ​ទន្លេ​មេគង្គ​ពន្យារ​ការ​ដាំដុះ

ដោយ កែវ និមល
2011-09-13
​វិទ្យុ​អាស៊ីសេរី

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ប្រកាស​ថា ខេត្ត​ដែល​មាន​ទីតាំង​នៅ​ជាប់​មាត់​ទន្លេ​មេគង្គ ក្នុង​ប្រទេស​កម្ពុជា ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ពីព្រោះ​ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​សម្ពាធ​ទាប។

ផ្ទៃ​ទន្លេ​មេគង្គ ខេត្ត​ក្រចេះ (RFA/Keo Nimol)

ផ្ទៃ ទន្លេ មេគង្គ ខេត្ត ក្រចេះ (RFA/Keo Nimol)

ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង​ដល់​កសិករ​ដែល​រស់​នៅ និង​ប្រកប​របប​កសិកម្ម​តាម​តំបន់​វាល​ទំនាប តាម​ដង​ទន្លេ​មេគង្គ និង​ទន្លេ​ផ្សេង​ទៀត ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ពន្យារ​ការ​ដាំ​ដុះ​មួយ​រយៈ ចាប់​ពី​ថ្ងៃ​ទី​១៥ កញ្ញា ទៅ​ដល់​ដាច់​ខែ ដើម្បី​ចៀស​វាង​ការ​ខូច​ខាត​ដំណាំ ដោយ​សារ​ទឹក​ជំនន់។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចេញ​ផ្សាយ​ថ្ងៃ​ទី​១៣ កញ្ញា បាន​ប្រកាស​ថា ប្រទេស​កម្ពុជា​កំពុង​រង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៨ កញ្ញា កន្លង​មក នៅ​លើ​អាង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ និង​ឡាវ និង​មួយ​ទៀត​រង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប។ កត្តា​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់ ទាំង​ក្នុង​អាង​ទន្លេ​មេគង្គ​លើ នៅ​ប្រទេស​ថៃ និង​ឡាវ និង​ក្នុង​ប្រទេស​កម្ពុជា ពិសេស​តំបន់​ភ្នំ តំបន់​ខ្ពង់រាប​ភាគ​ខាង​ជើង និង​ភាគ​ឦសាន។

ក្រសួង​បាន​ព្យាករណ៍​ថា ទោះបី​ទឹក​ទន្លេ​មេគង្គ​នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម បច្ចុប្បន្ន​បាន​ស្រក​បន្តិច​ក្ដី តែ​ទឹក​ទន្លេ​អាច​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី​១៥ កញ្ញា រហូត​ដល់​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០១១។ ដូច្នេះ​ទឹក​ឡើង​នោះ អាច​ហូរ​ចូល​ព្រែក និង​លិច​តំបន់​ទំនាប​នានា។

លោក ឡូយ សូផាត ជា​អភិបាល​ខេត្ត​ស្ទឹង​ត្រែង។ លោក​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ ស្ថាន​ភាព​ទឹក​ទន្លេ​នៅ​ខេត្ត​ស្ទឹង​ត្រែង​មិន​ទាន់​មាន​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ ៖ “ប៉ុន្តែ​ឥឡូវ​វា​ស្រក​ហើយ។ អត់​អី​ទេ”។

លោក ហេង រត្ន័ម៉ូនីដា ប្រធាន​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុនិយម​ខេត្ត​ក្រចេះ​វិញ បាន​ឲ្យ​ដឹង​ថា ទឹក​ទន្លេ​មេគង្គ​នៅ​ចំណុច​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​១៣ កញ្ញា​នេះ មាន​កម្ពស់ ២១​ម៉ែត្រ​៥៥ ស្រក​ជាង​ថ្ងៃ​ទី​១២ កញ្ញា កន្លង​ទៅ ៖ “ស្ថាន​ភាព​ទឹក​នៅ​ក្រចេះ​ឥឡូវ​ល្អ​ឡើង​វិញ​ហើយ។ ស្រក​ហើយ​អាកាសធាតុ​ល្អ​ទៀត។ បើក​ថ្ងៃ​ល្អ​ហ្មង“។

កម្រិត​កម្ពស់​ទឹក​ប្រកាស​អាសន្ន​នៅ​ខេត្ត​ក្រចេះ គឺ​មាន​កម្ពស់ ២២​ម៉ែត្រ។

ចំណែក​លោក ប៉ាង ប៉េង ប្រធាន​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុនិយម​ខេត្ត​ស្ទឹង​ត្រែង បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ កញ្ញា កម្រិត​ទឹក​ទន្លេ​មេគង្គ​នៅ​ខេត្ត​ស្ទឹង​ត្រែង​មាន​កម្ពស់ ៩​ម៉ែត្រ​៨០ គឺ​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ។ កម្រិត​កម្ពស់​ទឹក​ប្រកាស​អាសន្ន​នៅ​ខេត្ត​ស្ទឹង​ត្រែង​គឺ ១០​ម៉ែត្រ​៧០។

កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា កន្លង​ទៅ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​គ្រប់​ស្ថាប័ន​យក​ចិត្ត​ទុក​ដាក់​ជួយ​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​មាន​ទឹក​ជំនន់ ជា​ពិសេស​ត្រូវ​មាន​ក្រុម​គ្រូ​ពេទ្យ​ជួយ​ប្រជា​ពល​រដ្ឋ​ដែល​អាច​កើត​ជំងឺ​ផ្សេងៗ បណ្ដាល​មក​ពី​ទឹក​ជំនន់៕

ក្រសួង​ធនធាន​ទឹក​ព្រមាន​អំពី​ជំនន់​ទន្លេ​មេគង្គ

ដោយ លាង ដឺលុច
ថ្ងៃ អង្គារ 13 កញ្ញា 2011
RFI

ស្តាប់សេចក្តី​រាយការណ៍​របស់​ លាង ដឺលុច​ ពី​ទីក្រុង​ភ្នំពេញ (01:34)

ចាប់​ពី​ថ្ងៃ​ទី​១៥​កញ្ញា​រហូត​ដល់​ចុង​ខែ​កញ្ញា​តែ​ម្តង​ទឹក​ទន្លេ​មេគង្គ​ នឹង​ឡើងខ្លាំង ​បង្ក​អោយ​មាន​ទឹក​ជំនន់​នៅ​តាម​តំបន់​វាលទំនាប។ ក្រសួង​ធន​ធាន​ទឹក​បាន​ប្រកាស​ជូនដំណឹង​ដល់​សាធារណជន​អោយ​ដឹង​ថា ជំនន់​ទន្លេ​មេគង្គ​នឹង​កើត​មាន​ឡើង​ដោយសារ​ប្រព័ន្ធសម្ពាធ​ទាប និង​ជ្រលង​សម្ពាធ​ទាប​ដែល​កំពុង​បង្ក​អោយមាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​តំបន់​ អាង​ទន្លេ​មេគង្គ​លើ។

caption id=”attachment_58807″ align=”aligncenter” width=”600″ caption=”ទឹកជំនន់​បង្ក​ដោយ​ភ្លៀងខ្លាំង នៅ​ខេត្ត​សៀម​រាប (©RFI)”]ទឹកជំនន់​បង្ក​ដោយ​ភ្លៀងខ្លាំង នៅ​ខេត្ត​សៀម​រាប (©RFI)[/caption]

ប្រជាកសិករ​ដែល​រស់នៅ​តាម​ដងទន្លេ​មេគង្គ ទន្លេសាប ទន្លេបាសាក់ និង​តំបន់​លិច​ទឹក គួរ​ពន្យា​រការ​ដាំដុះ​មួយ​រយៈ ពោល​គឺ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ចុង​ខែ​កញ្ញា​តែ​ម្តង ដើម្បី​ចៀសវាង​ការ​ខូចខាត ឬ​ការ​ខាតបង់​ផ្សេងៗ​ដោយ​ទឹកជំនន់។ នេះ​ជា​ការ​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​អង្គារ​ទី​១៣​កញ្ញា​នេះ។

ក្រសួង​ធនធាន​ទឹក​បាន​ធ្វើ​សេចក្តីជូន​ដំណឹង​មួយ​ផ្សព្វផ្សាយ​អំពី​ការ​ហក់​ឡើង​នៃ​ទឹក​ទន្លេ​មេគង្គ​ចាប់ពី​ថ្ងៃ​ទី​១៥​កញ្ញា​រហូត​ដល់​ចុង​ខែ​កញ្ញា។ ​ក្រសួង​ធនធាន​ទឹក​ប្រាប់​អោយ​ដឹង​ថា ទឹក​ក្នុង​អាង​ទន្លេ​មេគង្គ​ឡើង​ខ្ពស់ ​ គឺ​បណ្តាល​មក​ពី​ប្រព័ន្ធ​សម្ពាធទាប​ដែល​កំពុង​បង្កើន​ឥទ្ធិពល​នៅលើ​អាង​ទន្លេ​មេគង្គ​លើ​ ក្នុង​ប្រទេស​ឡាវ និង​ប្រទេស​ថៃ។ ជាង​នេះ​ទៀត​កម្ពុជា​ក៏​កំពុង​បន្ត​ទទួល​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប​ផងដែរ។​ក្រសួង​ធនធាន​ទឹក​បន្ត​ថា កត្តា​ទាំង​នេះ​នឹង​ធ្វើ​អោយ​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​ក្នុង​អាងទន្លេ​មេគង្គ​លើ​របស់​ប្រទេស​ថៃ និង​ប្រទេស​ឡាវ និង​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ពិសេស​តំបន់​ភ្នំ តំបន់​ខ្ពង់រាប​ខាង​ជើង និង​តំបន់​ខ្ពង់រាប​ឦសាន។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​បាន​បញ្ជាក់​ថា​បើ​ទោះ​ជា​ទឹក​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ខេត្ត​ស្ទឹងត្រែង ខេត្ត​ក្រចេះ និង​ខេត្ត​កំពង់ចាម​បានស្រក​ចុះ​បន្តិចក្តី ប៉ុន្តែ​បើតាម​ការ​ព្យាករណ៍ ទឹកទន្លេ​មេគង្គ​នឹង​ចាប់​ផ្តើម​កើនឡើង​វិញ​ ចាប់​ពី​ថ្ងៃទី​១៥​ រហូត​ដល់​ដំណាច់​ខែ​កញ្ញា។ ស្ថានភាព​នេះ​ក៏​នឹង​ធ្វើ​អោយ​កំពស់​ទឹក​នៅ​ទន្លេ​មេគង្គក្រោម ទន្លេ​បាសាក់ ទន្លេសាប បឹងទន្លេសាប កើនឡើង ហើយ​ហូរ​ចូល​ទៅ​តាម​ព្រែក និង​ធ្វើ​អោយ​លិច​តំបន់​ទំនាប៕

ទឹកភ្លៀង​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា បណ្តាល​ឲ្យ​លិចលង់​នៅ​ខេត្ត​មួយចំនួន​

ដោយ : CEN
ថ្ងៃទី 13 កញ្ញា 2011

ភ្នំពេញ: យ៉ាងហោច​ណាស់​មាន​ខេត្ត​បាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និង​កំពង់ធំ បាន​លិចលង់ ដោយសារ​ទឹកភ្លៀង នៅ​ប៉ុន្មាន​ថ្ងៃនេះ ស្របពេល​ដែល​ទឹក​ទន្លេមេគង្គ នៅ​ពេញប្រៀប​មាត់ច្រាំង​នៅឡើយ​។ ក្នុងនោះ​គិត​មកដល់​ថ្ងៃទី​១៣​កញ្ញា ឆ្នាំ​២០១១ ទឹកភ្លៀង​នៅ​តែ​ជន់​លិច​ទី​ខេត្តទាំង៥នោះ ព្រមទាំងលិច​ផ្ទះ និង​ផ្លូវ ដោយ​កន្លែង​ខ្លះ មិន​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​បានទេ​។

​នៅទី​រួម​ខេត្តសៀមរាប និង​បណ្តា​ខេត្ត​៤ ផ្សេងទៀត បាន​ជន់​លិច​ដោយសារ​ទឹកភ្លៀង ចាប់តាំងពី​ថ្ងៃ​ទី​១១​កញ្ញា ឆ្នាំ​២០១១​។ មកដល់​ថ្ងៃ​ទី​១៣​កញ្ញា ឆ្នាំ​២០១១ ទោះបី​ភ្លៀង​បាន​រាំង​វិញ​ហើយ​ក៏​ដោយ តែ​មេឃ នៅតែ​មាន​ពពក​ខ្មៅ​ស្រទុំ ខណៈ​ដែល​ក្រសួង​ធនធានទឹក បាន​ជូនដំណឹង​ពី​ព្យុះ​ភ្លៀង​បន្ត​កើត​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។​

​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១៣​កញ្ញា ឆ្នាំ​២០១១ បង្ហាញថា ប្រព័ន្ធ​សំពាធ​ទាប ដែល​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា រហូតមកដល់​បច្ចុប្បន្ន​នេះ កំពុង​បង្កើន​ឥទ្ធិពល​ទៅលើ​អាង​ទន្លេមេគង្គ​លើ​នៅក្នុង​ប្រទេស​ឡាវ និង​ថៃ​។ ជាមួយគ្នានេះ ប្រទេស​កម្ពុជា នឹង​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ទាំង​អាង​ទន្លេមេគង្គ​លើ និង​ទាំង​ក្នុងប្រទេស​កម្ពុជា ពិសេស​តំបន់​ភ្នំ ខ្ពង់រាប ភាគ​ខាងជើង និង​តំបន់​ខ្ព​ង់ រាប​ភាគ​ឦសាន​។​

​សេចក្តីជូនដំណឹង ក៏​បាន​គូសបញ្ជាក់ថា មកដល់​ថ្ងៃ​ទី​១៣​កញ្ញា ឆ្នាំ​២០១១ ទោះបីជា​ទឹក​ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កំពង់ចាម បានស្រក​ចុះ​បន្តិច​ក្ដី តែ​តាម​ការព្យាករណ៍​បានបង្ហាញ​ថា ទឹក​ទន្លេ​មេគង្គ​នឹង​ចាប់​កើន​ឡើង​វិញ ចាប់ពី​ថ្ងៃ​ទី​១៥ រហូតដល់​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០១១​។ ស្ថានភាព​នេះ ក៏​នឹង​ធ្វើឲ្យ​កំពស់ទឹក​នៅ​ទន្លេមេគង្គ​ក្រោម ទន្លេបាសាក់ ទន្លេសាប បឹង​ទន្លេសាប កើនឡើង ហើយ​ហូរ​ចូល​ទៅ​តាម​ព្រែក និង​ធ្វើឲ្យ​លិច​តំបន់ទំនាប​នានា​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន ខាងលើ សូម​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន ជា​ពិសេស​បងប្អូន​ប្រជាកសិករ ដែល​ប្រកប​របរ​កសិកម្ម​នៅ​តំបន់​ទំនាប​តាម​ដង​ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និង​តំបន់​លិច​ទឹក​នានា គួរ​ពន្យារ​ការដាំដុះ​មួយរយៈ (​ចាប់​ពេលនេះ រហូត​ដល់​ចុង​ខែ​កញ្ញា ឆ្នាំ​២០១១) ដើម្បី​ចៀសវាង​នូវ​ការខូចខាត​ផ្សេងៗ​ដោយ​ទឹកជំនន់​៕

ទី​រួម​ខេត្តបាត់ដំបង កំពុង​លិចលង់ ដោយ​ជំនន់​ទឹកភ្លៀង

ដោយ : មង្គល
ថ្ងៃទី 13 កញ្ញា 2011
CEN

ទឹកជំនន់​ឡើង​លេច​ផ្សា​របឹង​ឈូក

ទឹកជំនន់ ឡើង លេច ផ្សា របឹង ឈូក

បាត់ដំបង:​ ជំនន់​ទឹកភ្លៀង​នៅ​ខេត្តបាត់ដំបង បាន​ឡើង​ហៀរហូរ​ស្ទឹង​សង្កែ បណ្តាល​ឲ្យ​លិច​ផ្សារ  ផ្ទះសម្បែង​ប្រជាពលរដ្ឋ និង​ផ្លូវ​ក្នុង​ទី​រួម​ខេត្ត ដល់​កម្រិត​ព្រួយបារម្ភ កាលពី​យប់​ថ្ងៃទី​១២ កញ្ញា ឈាន​ចូលដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១១​។​

​អាជ្ញាធរខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹងថា កម្រិត​ទឹកជំនន់​អាច​នឹង​ឡើង​ទៀត ព្រោះ​នៅ​ខាង​ក្បាល​ស្ទឹង​សង្កែ ក្នុងស្រុក​សំឡូត និង​ខេត្ត​ប៉ៃលិន នៅមាន​ភ្លៀង​ធ្លាក់​នៅឡើយ រហូតដល់​ព្រ​កឹ​ថ្ងៃទី​១៣​កញ្ញា ឆ្នាំ​២០១១​។
​    ​
​លោក អឿ​ប សុខុន អភិបាលក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា ទឹកជំនន់​ឡើង​លេច​នៅ​ចំណុច​ព្រែក​តាត​ន់ ឃុំ​ព្រែក​ព្រះស្ដេច និង​ម្ដុំ​ផ្សា​របឹង​ឈូក សង្កាត់​ព្រែក​មហាទេព ក្រុង​បាត់ដំបង​។ ចំណែក​នៅ​ចំណុច​ភូមិ​ព្រែក​តាត​ន់ អាជ្ញាធរ​ក្រុង​បាត់ដំបង បាន​ចាត់វិធានការ ដោយ​ចាក់ដី​ការពារ​ទប់ស្កាត់​ទាន់ពេលវេលា​ហើយ​។​

​នៅ​ម្ដុំ​ផ្សា​របឹង​ឈូក​វិញ ទឹកជំនន់​លិច​ដោយមាន​កំពស់​ទឹកស្ទឹង​ឡើង​ខ្ពស់​ជាងគេ ហើយ​ទឹក​ចេញ​តាម​លូរ​ឡើង​លិច​ផ្លូវ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​ស្ទះ​ចរាចរ មិនអាច​ទៅមក​បានឡើយ​។ ប៉ុន្តែ​មិនមាន​បង្ករ​ឲ្យ​មានការ​ខូចខាត​អ្វី​នៅឡើយ​ទេ​៕

Photo by CEN

ទឹកជំនន់​ឡើង​លេច​ផ្សា​របឹង​ឈូក​

Photo by CEN

Photo by CEN

ទឹក​ឡើង​ព្រៀប​ស្ទឹង​សង្កែ​ខេត្តបាត់ដំបង​

Photo by CEN

មកដល់​ថ្ងៃ​ទី​១៣​កញ្ញា ទឹក​បន្ត​លិចលង់ កាន់តែ​ខ្លាំង​ឡើងៗ នៅ​ខេត្ត​សៀមរាប​

ដោយ : បាយ័ន
ថ្ងៃទី 13 កញ្ញា 2011
CEN

ក្រុង-ខេត្តសៀមរាប:ជំនន់​ទឹកភ្លៀង ដែល​ច្រាល​ចេញ​ពី​ស្ទឹង​សៀមរាប បាន​បន្ត​លិច​ផ្លូវ និង​លិច​ភូមិដ្ឋាន​ប្រជាពលរដ្ឋ ឈាន​ដល់​ថ្ងៃ​ទី​៤​ហើយ បើ​គិត​មកដល់​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១១​។ ការលិចលង់​ក្នុង​ទីក្រុង​ទេសចរណ៍ ខេត្តសៀមរាប ត្រូវបាន​អាជ្ញាធរ អះអាងថា មាន​កំណាត់​ផ្លូវ​ប្រវែង​ជាង ៤​ពាន់​ម៉ែត្រ បាន​ខូចខាត​។

​លោក ទេព ប៊ុន​ឆាយ អភិបាល​ក្រុង​សៀមរាប បាន​លើកឡើង​ថា មកដល់​ព្រឹក​ថ្ងៃទី​១៣​កញ្ញា ឆ្នាំ​២០១១ ទឹក​ស្ទឹង​សៀមរាប នៅតែ​បន្ត​ពេញប្រៀប ហើយ​ហូរ​ច្រាល​ចេញមក​លិច​ផ្លូវ​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​ជាច្រើន នៅ​សង្កាត់​ចំនួន​៣ គឺ​សង្កាត់​ស្វាយដង្គំ សង្កាត់​សាលា​កំរើក និង​សង្កាត់​សៀមរាប​។

​លោក ទេព ប៊ុន​ឆាយ បាន​បញ្ជាក់ទៀតថា រហូតមកដល់​ពេលនេះ អាជ្ញាធរ​មិន​មាន​វិធានការណ៍​ណាមួយ ដើម្បី​ជួយ​អន្តរាគមន៍​ចំពោះ​ការលិចលង់ ដោយសារ​ទឹកភ្លៀង​នៅ​ទីក្រុង​សៀមរាប​នោះ​ឡើយ ព្រោះថា ដោយសារ​ទឹកស្ទឹង​ហៀរ​ចេញមកក្រៅ ហើយ​ប្រជាពលរដ្ឋ ម្ចាស់​លំនៅដ្ឋាន មាន​កាតព្វកិច្ច​ការពា​រ​ទ្រព្យសម្បត្តិ​ដោយ​ខ្លួនឯង​។​

​ក៏ប៉ុន្តែ​អាជ្ញាធរ អះអាងថា ជំនន់​ទឹកភ្លៀង​នៅ​សៀមរាប មិន​មាន​សញ្ញា​ណាមួយ​ថា ប្រជាពលរដ្ឋ​រងគ្រោះ​ប៉ះពាល់​ដល់​អាយុជីវិត​នោះឡើយ ព្រោះថា ការ​ជន់​លិច​នៅ​ក្រុង​សៀមរាប មិនមែន​ទឹក​ហូរ ហើយ​វាយ​បោកបក់ ដូច​ទឹកជំនន់​នៅ​ប្រទេស​គេ​ឡើយ​។

​លោក​អភិបាលក្រុង​បន្តទៀតថា សង្កាត់​ចំនួន​២ ដែល​រង​ប៉ះពាល់​បណ្តាលឱ្យ​ខូច​ផ្លូវ គឺ​មាន​សង្កាត់​សាលា​កំរើក និង​សង្កាត់​សៀមរាប​។ ដោយឡែក​សង្កាត់​ស្វាយដង្គំ ដែល​ស្ថិត​ក្នុង​កណ្តាល​ក្រុង​សៀមរាប ក៏​មាន​ផ្លូវ​មួយចំនួន បាន​ខូចខាត​ផងដែរ​។​

​ក្រៅពី​ការលិចលង់​ផ្លូវ និង​ផ្ទះ​អ្នកស្រុក នៅ​ខេត្ត​សៀមរាប សាលារៀន​មាន​បឋមសិក្សា​, អនុវិទ្យាល័យ និង​វិទ្យាល័យ ជាច្រើន​កន្លែង ត្រូវបាន​លិចលង់​ផងដែរ​។​

​ទោះបីយ៉ាងណា​ក៏ដោយ​អាជ្ញាធរ​ក្រុង ក៏​ដូច​មន្ទីរ​ធនធានទឹក មិន​បាន​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់​ថា ពេលណា​ទឹក លិច​ក្រុង​សៀមរាប​នឹង​ស្រក​ទៅវិញ​អស់​នោះ​ឡើយ​។​

​គួរបញ្ជាក់​ថា ទឹក​ស្ទឹង​សៀមរាប បាន​ជន់​លិច ចាប់​តាំងពី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១១​។ អ្វី​ដែល​ចាប់អារម្មណ៍​បំផុត​នោះ គឺ​ក្នុង​សង្កាត់​ស្វាយដង្គំ ក្នុង​តំបន់​ផ្សារ​ចាស់ និង​ចំណុច​រង្វង់​មូល​វត្ត​ដំណាក់ បាន​លិចលង់​ជ្រៅ​ជាងគេ​។

​បើសិន​ទឹកភ្លៀង​នៅ​បន្ត​ធ្លាក់​ខេត្តសៀមរាប ក៏​មិន​អាច​គេចផុត​ពី​ការលិចលង់​កាន់តែ​ខ្លាំង​ឡើងៗ​នោះឡើយ​៕

Photo by CEN

Photo by CEN

Photo by CEN

Photo by CEN

Photo by CEN

លោក ហ៊ុន សែន៖ លោក ថាក់ស៊ីន គ្មាន​ភារកិច្ច​ចរចា​ជាមួយ​កម្ពុជា

ដោយ ជី វិតា
2011-09-13
វិទ្យុ​អាស៊ីសេរី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​កញ្ញា ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) អតីត​នាយករដ្ឋមន្ត្រី​ថៃ នឹង​មក​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ខាង​មុខ ដើម្បី​ចូលរួម​សន្និសីទ​ស្ដីពី​វេទិកា​សេដ្ឋកិច្ច​អាស៊ី។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប។ (RFA/Savyouth)”]១២-វិច្ឆិកា-០៩: លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) [រូប​ពាក់​អាវ​ស] ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប។ (RFA/Savyouth)

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា លោក​នឹង​ចរចា​អំពី​បញ្ហា​ប្រេង និង​ឧស្ម័ន​ជាមួយ​រដ្ឋាភិបាល​ថៃ តែ​មិន​មែន​ជាមួយ​លោក ថាក់ស៊ីន នោះ​ទេ ៖ «ខ្ញុំ​សូម​បញ្ជាក់​ថា ថាក់ស៊ីន គ្មាន​ភារកិច្ច​ចរចា​លើ​អ្វី​ទាំង​អស់​ក្នុង​ផលប្រយោជន៍​ទំនាក់ទំនង​កម្ពុជា-​ថៃ ព្រោះ​នេះ​ជា​តួនាទី​របស់​រាជរដ្ឋាភិបាល​ថៃ មិន​មែន​ជា​តួនាទី​របស់​ឯកឧត្ដម ថាក់ស៊ីន ទេ ក៏ប៉ុន្តែ​គាប់​ជូន​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ មក​ថ្ងៃ​ទី​១៥-១៦ ត្រូវ​បាន​រៀបចំ​មុន។ នាយករដ្ឋមន្ត្រី​ថៃ ទើប​បាន​ស្នើ​សុំ»។

លោក ហ៊ុន សែន បាន​ថ្លែង​ថា កម្ពុជា និង​ថៃ កន្លង​មក​នៅ​មិន​ទាន់​មាន​ការ​ចរចា​លើ​បញ្ហា​ប្រេង និង​ឧស្ម័ន​ជាមួយ​គ្នា​នៅ​ឡើយ។

ដំណើរ​ទស្សនកិច្ច​របស់​លោក ថាក់ស៊ីន មក​កម្ពុជា នឹង​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) នាយករដ្ឋមន្ត្រី​ថៃ​ថ្មី ដែល​ត្រូវ​ជា​ប្អូន​ស្រី​បង្កើត​របស់​លោក ថាក់ស៊ីន។

នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា រដ្ឋាភិបាល​កម្ពុជា នឹង​អញ្ជើញ​លោក ថាក់ស៊ីន ឲ្យ​ធ្វើ​បទ​បង្ហាញ​អំពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​វិមាន​សន្តិភាព ហើយ​នៅ​ថ្ងៃ​ទី​១៨ កញ្ញា លោក ថាក់ស៊ីន និង​លោក ហ៊ុន សែន គ្រោង​លេង​កីឡា​វាយកូនគោល​ជាមួយ​គ្នា៕