បណ្ណសារ | ខែកញ្ញា 4, 2011

សមាជិក​បក្ស​សិទ្ធិ​មនុស្ស​២​នាក់​ត្រូវ​ចាប់​ខ្លួន​ដោយ​សារ​ចោទ​វៀតណាម​ឈ្លានពាន

ដោយ ដែន អយុធ្យា
2011-09-03
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

មេ​ដឹក​នាំ​គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ចាត់​ទុក​ការ​ចាប់​ឃុំ​ខ្លួន​សមាជិក​របស់​ខ្លួន​ចំនួន​ពីរ​នាក់​នៅ​ពេល​ថ្មីៗ នេះ ថា​ជា​ការ​បំភិត​បំភ័យ។

កង​កម្លាំង​ការពារ​ព្រំដែន​វៀតណាម រារាំង​ក្រុម​មន្ត្រី​គណបក្ស សម រង្ស៊ី មិន​ឲ្យ​ចូល​ទៅ​ពិនិត្យ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១០។ (RFA/Uon Chhin)

កង កម្លាំង ការពារ ព្រំដែន វៀតណាម រារាំង ក្រុម មន្ត្រី គណបក្ស សម រង្ស៊ី មិន ឲ្យ ចូល ទៅ ពិនិត្យ តម្រុយ បង្គោល ព្រំដែន កម្ពុជា- វៀតណាម ក្នុង ស្រុក មេមត់ ខេត្ត កំពង់ចាម នៅ ថ្ងៃ ទី ១៤ ខែ ធ្នូ ឆ្នាំ ២០១០។ (RFA/Uon Chhin)

លោក កឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៣ ខែ​កញ្ញា បាន​អំពាវនាវ​ដល់​សមាជិក និង​អ្នក​គាំទ្រ​តាម​មូលដ្ឋាន​ឲ្យ​មាន​ភាព​ក្លាហាន និង​ពុះពារ​គ្រប់​ឧបសគ្គ ដោយ​មិន​ត្រូវ​ចាញ់​កល​ល្បិច​យុទ្ធសាស្ត្រ​គណ​បក្ស​កំពុង​កាន់​អំណាច​ធ្វើ​ទង្វើ​មក​លើ​គណ​បក្ស​សិទ្ធិ​មនុស្ស​នោះ​ទេ។

សេចក្ដី​អំពាវនាវ​របស់​លោក កឹម សុខា បែប​នេះ បាន​កើត​មាន​បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ចាម បាន​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន​ចំនួន​ពីរ​នាក់ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១ ខែ​កញ្ញា បញ្ជូន​ទៅ​កាន់​តុលាការ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​កញ្ញា ត្រូវ​បាន​អយ្យការ​អម​តុលាការ​ខេត្ត​កំពង់ចាម សម្រេច​ចោទ​ប្រកាន់​លើ​សកម្មជន​របស់​ខ្លួន​ពី​បទ​ញុះញង់​ឲ្យ​មាន​បទ​ល្មើស​ឧក្រិដ្ឋ និង​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​រួច​មក។

កាលពី​​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​កញ្ញា ឆ្នាំ​២០១១ សកម្ម​ជន​គណ​បក្ស​សិទ្ធិ​មនុស្ស​ចំនួន ២​នាក់ ត្រូវ​បាន​នគរបាល​ខេត្ត​កំពង់​ចាម​ចាប់​ខ្លួន ដោយ​សារ​អ្នក​ទាំង​ពីរ​បាន​ផ្សព្វ​ផ្សាយ​ឯកសារ ដែល​ជា​គោល​នយោបាយ​គណ​បក្ស ពាក់ព័ន្ធ​នឹង​​រឿង​វៀតណាម​ទន្ទ្រាន​កាន់កាប់​ទឹក​ដី​កម្ពុជា។ បច្ចុប្បន្ន​សកម្ម​ជន​បក្ស​សិទ្ធិ​មនុស្ស​ទាំង​ពីរ​រូប ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​អង្កេត​តុលាការ​ខេត្ត​កំពង់​ចាម ចេញ​ដីកា​ឃុំ​ខ្លួន​ជន​ទាំង​ពីរ​ក្នុង​ពន្ធនាគារ​រង់ចាំ​កាត់​ទោស។

មន្ត្រី​នគរបាល​ខេត្ត​កំពង់ចាម​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ឲ្យ​ដឹង​ថា សកម្ម​ជន​ទាំង​ពីរ​នាក់​របស់​គណ​បក្ស​សិទ្ធិ​មនុស្ស កំពុង​ជាប់​ឃុំ មាន​លោក ផាន ផា អាយុ​៦៦​ឆ្នាំ ជា​អនុ​ប្រធាន​បក្ស​សិទ្ធិ​មនុស្ស ប្រចាំ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ និង​​លោក អ៊ុំ យាន អាយុ​៦៩​ឆ្នាំ ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស​ប្រចាំ​ភូមិ​ទួល​ខ្សាច់ មន្ត្រី​គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា ឈ្មោះ ភូមិ យាន អាយុ​៧១​ឆ្នាំ រស់​នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់​ទង​លោក​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​មន្ត្រី​តុលាការ​ខេត្ត​កំពង់ចាម ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចាប់​ខ្លួន​សកម្ម​ជន​បក្ស​សិទ្ធិ​មនុស្ស ដែល​មេ​ដឹក​នាំ​គណ​បក្ស​នេះ​ចោទ​ថា ធ្វើ​ឡើង​ដោយ​គ្មាន​ដីកា​តុលាការ​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១១។

ទោះ​យ៉ាង​ណា លោក កឹម សុខា បាន​ចាត់​ទុក​ថា ការ​ចាប់ និង​ឃុំ​ខ្លួន​សកម្ម​ជន​គណ​បក្ស​សិទ្ធិ​មនុស្ស​ចំនួន​ពីរ​រូប នៅ​ខេត្ត​កំពង់​ចាម បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ និង​ជា​ការ​រំលោភ​សិទ្ធិ រំខាន​ដល់​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ឲ្យ​មាន​លក្ខណៈ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។

លោក​បាន​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​ឲ្យ​ពិនិត្យ​នូវ​ទង្វើ​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​រំលោភ​លើ​សិទ្ធិ​នយោបាយ​របស់​​ពលរដ្ឋ និង​ស្នើ​ឲ្យ​ដោះ​លែង​ជា​បន្ទាន់​នូវ​សកម្មជន​គណ​បក្ស​សិទ្ធិ​មនុស្ស​ទាំង​ពីរ​រូប ដែល​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ច្បាប់​រដ្ឋ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា មជ្ឈ​មណ្ឌល​កំពុង​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ចាប់​ខ្លួន​សមាជិក​គណ​បក្ស​សិទ្ធិ​មនុស្ស រក​ឲ្យ​ឃើញ​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នេះ។ លោក​ថា ការ​ចាប់​ខ្លួន​សកម្ម​ជន​បក្ស​ប្រឆាំង​នៅ​មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់ អាច​ជា​សញ្ញា​បំភិត​បំភ័យ ឬ​ជា​ការ​គំរាម​កំហែង​មួយ។

យ៉ាង​ណា​ក៏​ដោយ លោក ហេង សម្បត្តិ ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ចាម ដែល​កាន់​សំណុំ​រឿង​ចាប់​ខ្លួន​សមាជិក​បក្ស​សិទ្ធិ​មនុស្ស បាន​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដឹង​ថា មូលហេតុ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​សមាជិក​បក្ស​សិទ្ធិ​មនុស្ស​ទាំង​ពីរ​នាក់ ដោយ​សារ​តែ​នៅ​លើ​ឯកសារ ដែល​អ្នក​ទាំង​ពីរ​អះអាង​ថា ទទួល​បាន​ពី​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ចាម កម្រាស់​៩​ទំព័រ មាន​សរសេរ​​​​ញុះញង់​ឲ្យ​ពល​រដ្ឋ​យល់​ច្រឡំ​លើ​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​រឿង​កាត់​ទឹក​ដី​កម្ពុជា​ឲ្យ​ប្រទេស​វៀតណាម៕

សកម្ម​ជន​បក្ស​សិទ្ធិ​មនុស្ស​២​នាក់​នៅ​កំពង់ចាម​ត្រូវ​ចាប់​ខ្លួន

ដោយ ឱ ភារិទ្ធ
2011-09-04
វិទ្យុ​អាស៊ីសេរី

តុលាការ​ខេត្ត​កំពង់ចាម​បាន​សម្រេច​ឃុំ​ខ្លួន​សកម្ម​ជន​គណ​បក្ស​សិទ្ធិ​មនុស្ស ២​នាក់ រង់ចាំ​ការ​កាត់​ទោស​នៅ​ពេល​ខាង​មុខ។

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា (RFA/Den Ayuthyea)

ប្រធាន គណបក្ស សិទ្ធិ មនុស្ស លោក កឹម សុខា (RFA/Den Ayuthyea)

លោក កឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ កញ្ញា ថា លោក​កំពុង​ឲ្យ​គ្រួសារ​សកម្ម​ជន​របស់​លោក​ទាំង​ពីរ​នាក់ ដែល​តុលាការ​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​នោះ ផ្ដិត​មេ​ដៃ​ស្នើ​សុំ​មេធាវី​ដើម្បី​ការ​ពារ​ក្ដី​ឲ្យ​ពួក​គេ​តាម​ផ្លូវ​ច្បាប់ ដោយ​លោក​យល់​ឃើញ​ថា ការ​ចាប់​មនុស្ស​នៅ​ថ្ងៃ​ឈប់​សម្រាក ហើយ​បញ្ជូន​ទៅ​តុលាការ​ភ្លាម គឺ​ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​មាន​ការ​អន្តរាគមន៍​ពី​ថ្នាក់​លើ​ណា​មួយ​សិន ៖ “មិន​ទាន់​ឆ្លើយ​ស្អី​ផង ស្រាប់​រុញ​ទៅ​ដាក់​គុក​ភ្លាម​ឲ្យ​ផុត​ពី​ដៃ​គេ ដើម្បី​គេ​ឆ្លើយ​ដាក់​តុលាការ ល្បិច​របស់​គេ​តែ​ប៉ុណ្ណឹង​ហើយ ថ្ងៃ​ច័ន្ទ​នេះ​ខ្ញុំ​ស្នើ​មេធាវី​ដោយ​សារ​ចំ​ថ្ងៃ​អាទិត្យ មេធាវី​យក​ពី​អង្គការ​លោក សុខ សំអឿន ជា​អង្គការ​មេធាវី​ការ​ពារ​ក្ដី​មិត្ត​កម្ពុជា គេ​ឃុំ​ខ្លួន​ហ្នឹង​គឺ​ដោយ​សារ​ខាង​ប៉ូលិស​គេ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ គេ​សម្រេច​ឃុំ​ខ្លួន​អ៊ីចឹង​ហើយ ប៉ុន្តែ​យើង​គេ​អត់​មាន​បង្ហាញ​ដីកា​អី​ទាំង​អស់ ដោយ​សារ​តែ​យើង​អត់​មាន​មេធាវី​ឆ្លៀត​ពេល​ចំ​ថ្ងៃ​សៅរ៍​អាទិត្យ​តែ​ម្ដង អ៊ីចឹង​គេ​យក​ទៅ​ឃុំ​អត់​មាន​ដីកា​អី​ទាំង​អស់“។

លោក កឹម សុខា បញ្ជាក់​បន្ថែម​ថា លោក​បាន​ជួប​ជា​មួយ​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង ដែរ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។ ប៉ុន្តែ​លោក ស ខេង ឆ្លើយ​តប​ថា​ចាំ​លោក​ពិនិត្យ​មើល​លើ​ករណី​នេះ​សិន។

លោក សេង គិមលី តំណាង​គណ​បក្ស​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា លោក ផាន ផា និង​លោក ភូ យាន ជា​សកម្ម​ជន​ធម្មតា​របស់​គណ​បក្ស​សិទ្ធិ​មនុស្ស​នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃាត់ និង​បញ្ជូន​ខ្លួន​ទៅ​ស្នង​ការដ្ឋាន​នគរបាល កាល​ពី​រសៀល​ថ្ងៃ​ទី​១ កញ្ញា នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​នោះ​បាន​ចែក​ចាយ​ខិត្តប័ណ្ណ​ផ្សព្វ​ផ្សាយ​ស្ដីពី​ការ​ធ្វើ​ឲ្យ​មាន​ការ​បាត់​បង់​ដី​ដែល​ប៉ះពាល់​ដល់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​បច្ចុប្បន្ន។ បញ្ហា​នេះ តុលាការ​ខេត្ត​កំពង់ចាម​បាន​សម្រេច​ឲ្យ​ឃុំ​ខ្លួន​តាម​សំណុំ​រឿង​របស់​ប៉ូលិស​តែ​ម្ដង។

លោក ជឹម សេង​ហុង ស្នងការ​រង​នគរបាល​ខេត្ត​ដែល​ជា​អ្នក​កាន់​សំណុំ​រឿង​នេះ​ទៅ​តុលាការ បាន​បដិសេធ​មិន​បំភ្លឺ​ពី​បញ្ហា​នេះ​ទេ ៖ “មិន​មែន​ផែនការណ៍​របស់​ខ្ញុំ​លោក​ទាក់​ទង​ទៅ​តុលាការ​តែ​ម្ដង​ទៅ ព្រោះ​តុលាការ​គេ​សម្រេច​សួរ​ស្ថាប័ន​តុលាការ​ទៅ”។

លោក នាង សាវ៉ាត មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​៤ កញ្ញា ថា​ជិត​ដល់​ពេល​បោះ​ឆ្នោត​តែង​តែ​មាន​ការ​ប្រកាន់​បក្ស​រៀង​ៗ​ខ្លួន ហើយ​សុំ​ឲ្យ​មាន​ការ​បក​ស្រាយ​រក​ហេតុ​ផល​ដែល​នៅ​ក្នុង​លិខិត​ដែល​ចែក​ចាយ​នោះ ៖ “ប្រធាន​គណ​បក្ស​គួរ​តែ​ចេញ​មុខ​ដើម្បី​ធ្វើ​ការ​បក​ស្រាយ​អំពី​ឯកសារ​ដែល​បាន​ផ្ញើ​មក​សកម្ម​ជន​ហ្នឹង​មក ព្រោះ​អី​ថា​ការ​បាត់​បង់​ទឹក​ដី​ហ្នឹង ពី​ត្រឹម​ណា​អី​ត្រឹម​ណា ព្រោះ​អី​កន្លង​មក​មេៗ គណ​បក្ស​ទាំង​អស់​ហ្នឹង​គាត់​និយាយ​ក៏​អត់​អី​ដល់​សកម្ម​ជន​យើង​យក​ទៅ​វា​ទៅ​ជា​មាន​ការ​ចាប់​ខ្លួន​វិញ“។

លោក សេង គឹមលី តំណាង​គណ​បក្ស​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ធ្លាប់​តែ​មាន​ការ​គំរាម​កំហែង និង​បំភិត​បំភ័យ​ពី​អាជ្ញាធរ ប៉ុន្តែ​មិន​ដែល​មាន​ការ​ចាប់​ខ្លួន​ដូច​លើក​នេះ​ឡើយ៕

លោក​ វ៉ាន់ ណាត​ មិន​អាច​រង់ចាំ​យុត្តិធម៌​​ពី​សំណុំរឿង​០០១​បាន​ទេ​

ដោយ ប៉ែន បូណា
ថ្ងៃ អាទិត្យ 04 កញ្ញា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ ប៉ែន ​បូណា ពីភ្នំពេញ (02:22)

ស្ថានភាព​​សុខភាព​​របស់​​លោក ​​វ៉ាន់ ណាត​អតីត​​អ្នកទោស​​គុក​​ទួលស្លែង​​ក្នុង​​សម័យ​​ខ្មែរ​ក្រហម​ ​កំពុង​​ស្ថិត​​ក្នុង​​ក្តី​​អស់​​សង្ឃឹម។​ ​ភរិយា​​របស់​​លោក​ ​វ៉ាន់ ណាត​ ​អះអាង​​ថា ​​ស្វាមី​​របស់​​អ្នកស្រី​​កំពុង​​​ស្ថិត​​ក្នុង​​ដំណាក់​កាល​​ចុង​ក្រោយ​​បន្ទាប់​​ពី​​សន្លប់​​រយៈ​​ពេល​​១០​​ថ្ងៃ​​មិន​​ទាន់​​ដឹង​​ខ្លួន។​ ​ស្ថានភាព​​នេះ ​បាន​​ធ្វើ​​ឲ្យ​​គ្រួសារ​​លោក​ ​វ៉ាន់ ណាត​ ​មិន​​អស់​​ចិត្ត​​ ដ្បិត​​ជន​​រងគ្រោះ​​ក្នុង​​គុក​​ទួល​ស្លែង​​រូប​នេះ​​ មិន​​ទាន់​​បាន​​ទទួល​​យុត្តិធម៌​​នៅ​​ឡើយ។​ ​សាលាក្តី​​ខ្មែរ​ក្រហម​​​គ្រោង​​ប្រកាស​​សាល​ដីកា​​ស្ថាពរ​​របស់​​អង្គ​ជំនុំ​ជម្រះ​​តុលាការ​​កំពូល​​ស្តីពី​​ករណី​​ឌុច​​នៅ​​ដំណាច់​​ឆ្នាំ​​២០១១​​នេះ។

ស្ថាន​ភាព​សុខភាព​លោក​​ វ៉ាន់​ ណាត ​អតីត​​អ្នក​ទោស​​គុគ​ទួលស្លែង​​ក្នុង​សម័យ​​ខ្មែរក្រហម​​កំពុង​ស្ថិត​ក្នុង​ក្តី​អស់សង្ឃឹម​។ (RFI/Chheang Bopha)

ស្ថាន ភាព សុខភាព លោក វ៉ាន់ ណាត អតីត អ្នក ទោស គុគ ទួលស្លែង ក្នុង សម័យ ខ្មែរក្រហម កំពុង ស្ថិត ក្នុង ក្តី អស់សង្ឃឹម ។ (RFI/Chheang Bopha)

លោក ​​វ៉ាន់ ណាត​​ ទំនង​ជា​​មិន​​អាច​​រង់ចាំ​​ទទួល​​យុត្តិធម៌​​ពី​​សលាក្តី​​ខ្មែរក្រហម​​បាន​​ទេ​ ​នេះ​​បើ​យោង​​តាម​​អ្នកស្រី ​​គិត​ អេង​​ ភរិយា​​លោក​​វ៉ាន់ ណាត​​ ដែល​​បាន​​ប្រាប់​​វិទ្យុ​​បារាំង​​អន្តរជាតិ​​នៅ​​ថ្ងៃ​​អាទិត្យ​​នេះ​។​ ​អ្នកស្រី​ ​មាន​​ប្រសាសន៍​​ដោយ​​អស់​​សង្ឃឹម​​ថា​​ ស្វាមី​​របស់​​គាត់​​កំពុង​​ស្ថិត​​ក្នុង​​ដំណាក់​កាល​​ចុង​ក្រោយ​​ហើយ។

លោក ​វ៉ាន់ ណាត ​​អតីត​​អ្នក​ទោស​​គុក​​ទួលស្លែង​ ​អាយុ​ ​៦៦​ ​ឆ្នាំ​ ​បាន​​ធ្លាក់​​ខ្លួន​​ឈឺ​​ជា​​ទម្ងន់​​កាល​ពី​​យប់​​ថ្ងៃ​​ទី​​២៦​​សីហា ​​ហើយ​​ត្រូវ​​បាន​​ក្រុម​​គ្រួសារ​​ដឹក​​​បញ្ជូន​​ទៅ​​សង្គ្រោះ​​បន្ទាន់​​នៅ​​មន្ទីរ​​ពេទ្យ​​ឯកជន​​​មួយ​​កន្លែង​​ក្នុង​​ទីក្រុង​​ភ្នំពេញ​​ក្នុង​អាការៈ​សន្លប់​​បាត់​​ស្មារតី។​ ​ការ​​ទទួល​​រង​​ទារុណកម្ម​​ធ្ងន់ធ្ងរ​​កាល​ពី​​ក្នុង​​សម័យ​​ខ្មែរក្រហម ​បាន​​ធ្វើ​​ឲ្យ​​លោក ​​វ៉ាន់ ណាត​ ​មាន​​សុខភាព​​ទ្រុឌទ្រោម​​យ៉ាង​​ខ្លាំង​ ​គឺ​​ទ្រុឌទ្រោម​​ជាង​​អតីត​​មេ​ដឹកនាំ​​ខ្មែរ​​ក្រហម​​ដែល​​មាន​​វ័យ​​ចាស់​​ជាង​​គាត់​។​

ក្នុង​​រយៈ​​ពេល​​សម្រាក​​ព្យាបាល​​ជំងឺ​​នេះ​​ គ្រួសារ​​របស់​​លោក​​ត្រូវ​​ចំណាយ​​ប្រាក់​​​ជា​​មធ្យម​​ពី​​៣០០​​ទៅ​​៤០០​​ដុល្លារ​​ក្នុង​​មួយ​​​ថ្ងៃ។​ ​បើ​​យោង​​តាម​​អ្នកស្រី​ ​គិត អេង​ ​នៅ​​​ពេល​​មាន​​ការ​​វះកាត់​​ គាត់​​ត្រូវ​​ចំណាយ​​ដល់​​ទៅ​​ជិត ​១០០០​​ដុល្លារ​​ក្នុង​​មួយ​​ថ្ងៃ។​ ​អ្នកស្រី​ កំពុង​​អំពាវនាវ​​រក​​សប្បុរស​ជន​​ជួយ​​ឧបត្ថម្ភ​​គ្រួសារ​​គាត់។​ ​អភិបាល​​​រាជធានី​​​ភ្នំពេញ ​​លោក​​ កែប​ ជុតិមា ​​បាន​​ឧបត្ថម្ភ​​ថវិកា ​១០០០​ដុល្លារ​​ដល់​​គ្រួសារ​​លោក​ ​វ៉ាន់ ណាត។​ ​យ៉ាងណា​​ក៏​ដោយ​​ ប្រាក់​​នេះ​​នៅ​​មិន​​ទាន់​​គ្រប់​គ្រាន់​​ទេ។​

​លោក​​ ​វ៉ាន់ ណាត​​ គឺ​ជា​​សាក្សី​​រស់​​យ៉ាង​​សំខាន់​​កាលពី​​ក្នុង​​សវនាការ​​កាត់​ទោស​​ឌុច​​កន្លង​​ទៅ។​​លោក​​បាន​​បង្ហាញ​​ខ្លួន​​ចំពោះ​​មុខ​​អង្គ​​សវនាការ​​​​កាលពី​​ថ្ងៃ​​ទី​​២៩​ ​ខែ​​មិថុនា ​​ឆ្នាំ​​២០០៩​ ដើម្បី​ឆ្លើ​​យ​​បំភ្លឺ​​តុលាការ​​ក្នុង​​នាម​​ជា​​សាក្សី​​ទាក់ទង​​នឹង​​ឧក្រិដ្ឋកម្ម​ ​និង​​ការ​​កាប់​​សម្លាប់​​​នៅ​​គុក​​ទួលស្លែង​​ក្រោម​​ការ​​គ្រប់គ្រង​​របស់​​កាំង​ ហ្គេចអ៊ាវ​​ ហៅ​​ឌុច។

ឌុច​ ​ត្រូវ​​បាន​​តុលាការ​​ផ្តន្ទាទោស​​ឲ្យ​​ជាប់​​ពន្ធនាគារ​​ ៣៥​​​ឆ្នាំ ​​ប៉ុន្តែ​​ក្រោយ​​ការ​​ទូទាត់​ និង​​ការ​​បន្ធូរ​​បន្ថយ​​ខ្លះ ​​ទោស​​របស់​​ឌុច​​នៅ​​សល់​​តែ​​១៩​​ឆ្នាំ​​ទៀត​​ប៉ុណ្ណោះ។​ ​ទោស​​នេះ​ ត្រូវ​​បាន​​ជន​​រងគ្រោះ​​ប្តឹង​​ជំទាស់​​ទៅ​​អង្គ​​ជំនុំ​​ជម្រះ​​តុលាការ​​កំពូល។​ ​ប៉ុន្តែ​ ​រហូត​​មក​​ទល់​​ពេល​​នេះ​ សាល​ដីកា​​ស្ថាពរ​​នៅ​តែ​​មិន​​ទាន់​​ចេញ​​នៅ​​ឡើយ។​ ​ក្រោយ​ពី​​មាន​​ការ​​រិះគន់​​ពី​​ភាព​​យឺតយ៉ាវ​​ សាលាក្តី​​ខ្មែរក្រហម​​បាន​​ប្រកាស​​ឲ្យ​​ដឹង​​កាលពី​​ប៉ុន្មាន​​ថ្ងៃ​​មុន​​នេះ​​ថា​​ សាល​ដីកា​​ផ្តន្ទា​ទោស​​ឌុច​​នឹង​​ចេញ​​នៅ​​មុន​​ដំណាច់​​ឆ្នាំ​​២០១១​​នេះ។​ ​ប៉ុន្តែ​ ​លោក​ ​វ៉ាន់ ណាត​​ ទំនង​​ជា​​មិន​​អាច​​រង់ចាំ​​យុត្តិធម៌​​បាន​​ឡើយ៕

​សុខភាព​លោក វ៉ាន់ ណាត ស្ថិតក្នុង​សភាព​អស់សង្ឃឹម​

ដោយ : បញ្ញវន្ត
ថ្ងៃទី 4 កញ្ញា 2011
CEN

ភ្នំពេញ: ​អ្នកស្រី គិត អេង ភរិយា​របស់​លោក វ៉ាន់ ណាត អះអាង​នៅថ្ងៃនេះ​ថា ស្វាមី​របស់​អ្នកស្រី​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អស់សង្ឃឹម​។ លោក​វ៉ាន់ ណាត ត្រូវបាន​គ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្នុងស្ថានភាព​សន្លប់​មិនដឹង​ខ្លួន​រយៈពេល​១០​ថ្ងៃ​មក​ហើយ​។

លោក​វ៉ាន់ ណាត អតីត​អ្នកទោស​គុក​ទួលស្លែង អាយុ ៦៦ ឆ្នាំ បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​កាលពី​យប់​ថ្ងៃ​ទី​២៦​សីហា​។ ក្នុង​រយៈពេល​សម្រាក​ព្យាបាល​ជំងឺ​នេះ គ្រួសារ​របស់​លោក​ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន​។ បើ​យោង​តាម​អ្នកស្រី គិត អេង ប្រសិនបើ​មាន​ការវះកាត់ គាត់​ត្រូវ​ចំណាយ​ដល់​ទៅ​ជិត​១០០០​ដុល្លារ​ក្នុង​មួយថ្ងៃ​។ អ្នកស្រី​កំពុង​អំពាវនាវ​រក​សប្បុរស​ជន​ជួយឧបត្ថម្ភ​គ្រួសារ​គាត់​។ លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ បាន​ឧបត្ថម្ភ​ថវិកា​១០០០​ដុល្លារ​ដល់​គ្រួសារ​លោក វ៉ាន់ ណាត​។

លោក វ៉ាន់ ណាត គឺ​ជា​សាក្សី​រស់​យ៉ាង​សំខាន់​កាលពី​ក្នុង​សវនាការ​កាត់ទោស​ឌុ​ច​។ លោក​បាន​បង្ហាញ​ខ្លួន​ចំពោះ​មុខ​អង្គ​សវនាការ កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០០៩ ដើម្បី​ឆ្លើយបំភ្លឺ​តុលាការ​ក្នុងនាម​ជា​សាក្សី​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម និង​ការកាប់សម្លាប់​នៅ​គុក​ទួលស្លែង​ក្រោម​ការគ្រប់គ្រង​របស់​កាំ​ង ហ្គេច​អ៊ាវ ហៅ​ឌុ​ច​។ តែ​លោក​ធ្លាក់ខ្លួន​ឈឺ​ទាំង​មិន​ទាន់​បាន​ទទួល​យុត្តិធម៌​នៅ​ឡើយ​៕

ក្រុម​ដោះមីន​កម្ពុជា​នៅ​​ស៊ូដង់​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​

ដោយ គី សុខលីម
ថ្ងៃ អាទិត្យ 04 កញ្ញា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ គីសុខលីម ពីភ្នំពេញ (02:09)

កង​​កម្លាំង​​រក្សា​​សន្តិភាព​​ដោះ​មីន​​កម្ពុជា​​​ចំនួន ​៥២​​នាក់​​​នៅ​​ក្នុង​​ប្រទេស​​ស៊ូដង់​​នឹង​​ត្រឡប់​​មក​​ប្រទេស​​កម្ពុជា​​វិញ​​នៅ​​ថ្ងៃ​​ចន្ទ​៥កញ្ញា​​ស្អែក។ អ្នក​​នាំពាក្យ​​ក្រសួង​​ការពារ​​ជាតិ​​នៃ​​ប្រទេស​​កម្ពុជា​​បាន​​ថ្លែង​​ថា ​សកម្មភាព​​ដោះមីន​​របស់​​កម្ពុជា​​នៅ​​ក្រៅ​ប្រទេស​​គឺ​​ជា​​សក្ខីភាព​​បង្ហាញ​ថា ​កម្ពុជា​​ ចង់​បាន​​​សុខ​សន្តិភាព។

កង​ទ័ព​មួក​ខៀវ​​កម្ពុជា (©សុវណ្ណារ៉ា)

កង ទ័ព មួក ខៀវ កម្ពុជា (©សុវណ្ណារ៉ា)

ពិធី​​​ស្វាគមន៍​​កង​កម្លាំង​​ដោះមីន​​កម្ពុជា​​ចំនួន​​៥២​​នាក់​ ​ដែល​​វិល​​ត្រឡប់​​មក​​ពី​​ប្រទេស​​ស៊ូដង់​​នឹង​​ត្រូវ​​ប្រារព្ធ​​ធ្វើ​ឡើង​​នៅ​​ថ្ងៃ​ចន្ទ​ទី៥កញ្ញា​​ស្អែក​​នៅ​​ព្រលាន​​យន្តហោះ​​អន្តរជាតិ​​ភ្នំពេញ។​

ចាប់​តាំង​​ពី​ឆ្នាំ​​២០០៦​​មក​កង​​រក្សា​​សន្តិភាព​​ដោះមីន​​កម្ពុជា​​ក្នុង​​ក្របខណ្ឌ​​អង្គការ​​សហ​ប្រជាជាតិ​​​​នៅ​​ប្រទេស​​ស៊ូដង់ ​មាន​​ចំនួន​​សរុប​​ទាំង​អស់ ​៥៧៧​នាក់។

ប្រសិន​បើ​​គេ​​សរុប​​ចំនួន​​អ្នក​ដោះមីន​​កម្ពុជា​​នៅ​​ក្រៅ​​ប្រទេស​​​ដែល​​បាន​​បញ្ចប់​​បេសកម្ម​ មាន​​ចំនួន​ ​សរុប​ ​៦១២ ​នាក់​​ហើយ​​រហូត​​មក​ដល់​​ពេល​​នេះ។​ រី​ឯ​​កង​​រក្សា​​សន្តិភាព​​ដោះមីន​​កម្ពុជា​​ចំនួន​​២២៤​​នាក់​ទៀត​​​បាន​​និង​​កំពុង​​បំពេញ​​ភារកិច្ច​​របស់​ពួក​គេ​​នៅ​​ក្រៅ​ប្រ​ទេស​​ក្នុង​នោះ​​ ៥​​នាក់​​នៅ​​ក្នុង​​ប្រទេស​​ស៊ូដង់​​ខាងត្បូង​​និង​​២១៩​​នាក់​​ស្ថិត​​នៅ​​ក្នុង​​ប្រទេស​​លីបង់។

លោក​ ឈុំ សុជាតិ​ អ្នក​​នាំ​ពាក្យ​​នៃ​​ក្រសួង​​ការពារ​​ជាតិ​​កម្ពុជា ​បាន​​ថ្លែង​ប្រាប់​​នៅ​ថ្ងៃ​​អាទិត្យ​​នេះ​​ថា ​សកម្មភាព​​ដោះមីន​​របស់​​កម្ពុជា​​នៅ​​ក្រៅ​​ប្រទេស​​ក្នុង​​ក្របខណ្ឌ​​​អង្គការ​​សហ​ប្រជាជាតិ ​បាន​បង្ហាញ​​យ៉ាង​ច្បាស់​​ថា ​កងទ័ព​​កម្ពុជា​​មាន​​សេចក្តី​​អង់អាច​​ក្លាហាន​មាន​​​សណ្តាន​ចិត្ត​​មនុស្សធម៌​​​​និង​​ចង់​​បាន​​សុខ​សន្តិភាព​​នៅ​​ក្នុង​​ពិភព​លោក​​ទាំង​មូល។

លើស​​ពី​នេះ​​ទៅ​​ទៀត​ អ្នក​នាំពាក្យ​​ក្រសួង​​ការពារ​​ជាតិ​​កម្ពុជា ​បាន​​បន្ត​​ទៀត​​ថា ​សកម្មភាព​​​កងទ័ព​​ខ្មែរ​​នៅ​​ក្រៅ​​ប្រទេស​​នេះ​​គឺ​ ​បង្ហាញ​​ពី​​មោទនភាព​​ជាតិ​។ កាល​ពី​​ឆ្នាំ ​១៩៩៣ ​កងទ័ព​​មួកខៀវ​​របស់​​អង្គការ​​សហប្រជាជាតិ​​ជា​​ច្រើន​​ពាន់​នាក់​ ​បាន​​មក​​បំពេញ​​បេសកម្ម​​រក្សា​​សន្តិភាព​​នៅ​​ក្នុង​ប្រទេស​​កម្ពុជា។ ​ប៉ុន្តែ​​ពេល​នេះ ​ប្រទេស​​កម្ពុជា​​បាន​​បញ្ជូន​​កងទ័ព​​របស់​​ខ្លួន​​ទៅ​​ក្រៅ​​ប្រទេស​​វិញ​​ម្តង​​ដើម្បី​​បំពេញ​​សកម្មភាព​​មនុស្សធម៌។​

នៅ​​ក្នុង​​សេចក្តី​​ថ្លែងការណ៍​​ចេញ​ផ្សាយ​​នៅ​ថ្ងៃ​​អាទិត្យ​​នេះ ​លោក ស្រី ​Anne Lemaistre​ តំណាង​​ស្តីទី​​នៃ​​អង្គការ​​សហ​​ប្រជាជាតិ​​ប្រចាំ​​នៅ​​កម្ពុជា​​បាន​​ថ្លែង​​ស្វាគមន៍​​កិច្ច​​ខិតខំ​​ប្រឹងប្រែង​​របស់​​ក្រុម​ដោះ​មីន​​កម្ពុជា​​ដែល​​នឹង​​ត្រូវ​​ត្រលប់​​មក​​ដល់​​ប្រទេស​​កម្ពុជា​​វិញ​​នៅ​​ថ្ងៃ​​ស្អែក។

លោក​ស្រី​ Lemaistre​ បញ្ជាក់​​ទៀត​​ថា​ កិច្ចការ​​និង​​បទ​ពិសោធន៍​​​របស់​​ក្រុម​​ដោះមីន​​ខ្មែរ​​នៅ​​ក្នុង​​ប្រទេស​​ដែល​​ឆ្លង​កាត់​​ការ​​ឈឺឆាប់​​​គឺ​​ជា​​ប្រភព​​នៃ​​មោទនភាព​។​ ម៉្យាង​​វិញ​​ទៀត​ លោកស្រី​ បាន​​បន្ថែម​​ទៀត​​ថា ​ការងារ​​ទាំង​​អស់​​នេះ​​នឹង​​ចូល​​រួម​​ចំណែក​​អភិវឌ្ឍន៍​​ប្រទេស​​ ​ចូល​រួម​​ចំណែក​​បើក​​ឧិកាស​​និង​ផ្តល់​​ក្តី​​សង្ឃឹម​​ដល់​​ប្រជាជន​​ក្នុង​​ប្រទេស​​ដែល​​អស់​​លោក​​អ្នក​​បាន​​ជួយ​​បម្រើ៕

កងទ័ព​មួក​ខៀវ​កម្ពុជា ៥២ នាក់​វិលត្រឡប់​ពី​ប្រទេស​ស៊ូដង់​វិញ​

ដោយ : បញ្ញវន្ត
ថ្ងៃទី 4 កញ្ញា 2011
CEN

ភ្នំពេញ​: កងទ័ព​មួក​ខៀវ​ផ្នែក​ដោះមីន​កម្ពុជា​បាន​វិលត្រឡប់​មក​ដល់​ប្រទេ​កម្ពុជា​វិញ​នៅ​ថ្ងៃទី​៤​កញ្ញា​នេះ​។​​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ដែល​ចេញ​​ផ្សាយ​នៅ​ថ្ងៃ​អាទិ​តយ្យ​នេះ​។ សេចក្តីប្រកាស​ព័ត៌មាន​ឲ្យដឹងថា ពិធី​បដិសណ្ឋារកិច្ច​បា​ន​បើក​​ធ្វើ​នៅ​ឯ​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុងភ្នំពេញ​។​

​កងទ័ព​មួក​ខៀវ​កម្ពុជា​ដែល​វិលត្រឡប់​ពី​ប្រទេស​ស៊ូដង់​នៅ​ថ្ងៃនេះ​មាន​ចំនួន ៥២ នាក់ ដែល​ជា​កង​​លេខ​៤០៥ ទី​២​។ បើ​រាប់​ទាំង​លើក​នេះ​ផង កងទ័ព​មួយ​ខៀវ​កម្ពុជា​ដែល​បាន​ទៅ​បំពេញបេសកកម្ម​​ថែរក្សា​សន្តិភាព​នៅ​ប្រទេស​ស៊ូដង់​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​មាន​ចំនួន​សរុប ៥៧៧ ​នាក់​។​

​ប្រទេស​កម្ពុជា​បាន​បញ្ជូន​ទាហាន​មួយ​ក​ខៀវ​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ជាច្រើន​នៅ​​ក្រៅ​ប្រទេស​ក្នុង​ក្រប​ខណ្ឌ​ទាហាន​មួក​ខៀវ​របស់​អង្គការសហប្រជាជាតិ​។ មកទល់ពេលនេះ ​មាន​ទាហាន​មួក​ខៀវ​កម្ពុជា​សរុប ៦១២ នាក់​ហើយ​ដែល​បាន​បំពេញ​បេសកកម្ម​នេះ​ក្នុងនោះ​​ទាហាន​មួយ​ខៀវ​កម្ពុជា ២២៤ នាក់​កំពុង​បំពេញ​បេសកកម្ម​ក្នុង​ប្រទេស​ស៊ូដង់​។​

​លោកស្រី Ms Anne Lemaistre តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​​ទទួល​ស្វាគមន៍​ដំណើរ​មក​ដល់​របស់​ទា​ហាន​មួក​ខៀវ​កម្ពុជា​នៅ​ឯ​ព្រលាន​យន្ត​ហោះ​​ថា លោកស្រី​​កោតសរសើ​ដល់​ទាហាន​មួក​ខៀវ​ទាំងអស់​ដែល​បាន​បំពេញ​បេសកកម្ម​ដ៏​ថ្លៃថ្លា​នេះ និង​បាន​​ស្វាគមន៍​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាលកម្ពុ​ជា​ដែល​​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​បេសកកម្ម​​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។​

​លោកស្រី Ms Anne Lemaistre បន្តថា បេសកកម្ម​នេះ​មាន​តម្លៃ និង​ជា​មោទនភាព​ខ្លាំង​ណាស់​​ពីព្រោះ​វា​បាន​ជួយ​ចែករម្លែក​បទពិសោធន៍​ដែល​កម្ពុជា​មាន​ដល់​ប្រទេស​ដែល​កំពុង​ជួបប្រទះ​សង្គ្រាម និង​ចម្ការមីន​។ ការដោះមីន​គឺជា​ការផ្តល់​ឱកាស​ឲ្យមាន​ការអភិវឌ្ឍន៍​។ ដូច្នេះ អង្គការ​​សហប្រជាជាតិ​ស្វាគមន៍ និង​រីករាយ​ជា​ខ្លាំង​ចំពោះ​ការចូលរួម​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​​បេសកម្ម​រក្សា​សន្តិភាព​របស់​សហប្រជាជាតិ​៕

ពិធី​បុណ្យ​អុំ​ទូក​នៅ​ទី​ក្រុង​ឡូវែល​មាន​បង្ហាញ​ក្បាច់​ប្រដាល់​ខ្មែរ

ថ្ងៃសៅរ៍, 03 ខែកញ្ញា 2011
ដោយ ពិន ស៊ីសុវណ្ណ
វីអូអេ ខ្មែរ | ទី​ក្រុង​ឡូវែល​ រដ្ឋ​ម៉ាស្សាឈូស៊ែត

មើលវីដេអូ៖ Cambodian Kickboxing Shows Case at Water Festival in Lowell, MA (Cambodia news in Khmer)
MP4 | Windows Media

ការ​បង្ហាញ​ក្បាច់គុន​ខ្មែរ​ដោយ​សុវត្ថិភាព​នេះ​គឺជា​ផ្នែក​មួយនៃ​កម្មវិធី​សម្តែង​លើ​ឆាក​ ឆ្លាស់គ្នា​ជាមួយ​របាំ​  ចម្រៀង​តាម​ប្រពៃណី​ជនជាតិអាមេរិកាំង​ដើម​កំណើត​ស៊ីអគ្នេយ៍​ ចម្រៀង​សម័យ​ និង​Hip Hop ​របស់អាមេរិកាំង​សម័យ​ថ្មី។ (រូបថត៖ ពិន ស៊ីសុវណ្ណ វីអូអេ ខ្មែរ)

ការ បង្ហាញ ក្បាច់គុន ខ្មែរ ដោយ សុវត្ថិភាព នេះ គឺជា ផ្នែក មួយនៃ កម្មវិធី សម្តែង លើ ឆាក ឆ្លាស់គ្នា ជាមួយ របាំ ចម្រៀង តាម ប្រពៃណី ជនជាតិអាមេរិកាំង ដើម កំណើត ស៊ីអគ្នេយ៍ ចម្រៀង សម័យ និង Hip Hop របស់អាមេរិកាំង សម័យ ថ្មី។ (រូបថត៖ ពិន ស៊ីសុវណ្ណ វីអូអេ ខ្មែរ)

នេះ​ជា​ការ​​បង្ហាញ​ក្បាច់គុន​ខ្មែរ​ដោយ​សុវត្ថិភាព​ «Safe Boxing»​ អំឡុង​ពិធី​បុណ្យ​អុំទូក ​បណ្តែត​ប្រទីព​ ឬ​កន្ទោង​ ខួប​លើក​ទី​១៥​ នៅ​ទី​ក្រុង​ឡូវែល​ រដ្ឋ​ម៉ាស្សាឈូស៊ែត។

កីឡាករ​ដែល​ចេះ​ធ្វើ​ជា​ចាញ់​ប្រៀប​ ឬ​ធ្វើ​ជា​ដួល​ គឺ​ជា​អ្នក​ទទួល​បាន​សម្រែក​គាំទ្រ​ច្រើន​ក្នុង​ការបង្ហាញ​ក្បាច់​គុននេះ។​ រីឯ​កីឡាករ​ដែល​ជ្រុល​ដៃ​​វាយ​ប៉ះ​លើ​ដៃគូ​សម្តែង​មិន​ត្រូវ​បាន​អ្នក​គាំទ្រ​អបអរ​សាទរ​ ដូច​ការ​ប្រកួត​ប្រដាល់​ទូទៅ​ទេ​ដែល​យក​ឈ្នះ​ចាញ់​ទេ។​ ការ​សម្តែង​នេះ​មាន​គោល​បំណង​សំខាន់​ដើម្បី​បង្ហាញ ​និង​រក្សា​កេរ្តិ៍​ដំណែល​ក្បាច់​គុន​ល្បុក្កតោ​​ខ្មែរ។

(រូបថត៖ ពិន ស៊ីសុវណ្ណ វីអូអេ ខ្មែរ)

(រូបថត៖ ពិន ស៊ីសុវណ្ណ វីអូអេ ខ្មែរ)

កុមារី​ Briteney ​ដែល​បាន​ហាត់​ប្រដាល់​តាមក្បាច់​គុន​ខ្មែរ​រយៈ​ពេល​៥​ខែ​មក​នេះ​និយាយ​ថា៖

«ខ្ញុំហាត់​ប្រដាល់​ដើម្បីឲ្យ​ខ្លួន​ខ្ញុំ​រឹងមាំ។ ​គាត់ជាគ្រូ​បង្ហាត់​ ហើយ​ជា​ឪពុក​របស់​ខ្ញុំ។ ​គាត់​ឈ្មោះ​នួន សុរិយា»។

រី​ឯ​កុមារី ​Enixia ​ដែល​ជាដៃគូរបស់​ Briteney ​ក៏​មាន​គោល​បំណង​ដូចគ្នា​ ដែរ​ក្នុង​ការហាត់​ប្រដាល់​នេះ។

«ខ្ញុំ​រៀន​ប្រដាល់​តាម​ក្បាច់​គុន​ខ្មែរ​ដើម្បី​ការពារ​ខ្លួន។​ខ្ញុំរៀន​​បាន​៥ខែ​ហើយ»។

លោក​ នួន សូរិយា​ ជា​កីឡាករ​ប្រដាល់​មកពី​ប្រទេស​កម្ពុជា​ និងបានមក​បង្ហាត់​ប្រដាល់​នៅ​ទីក្រុង​ Lowell​ នេះ ​ជិត១​ឆ្នាំ​ហើយ។ ​លោក​និយាយថា​ លោក​មិន​មាន​កូន​ឋិតថេរ​ទេ​គឺ​មាន ​តែ​ប្រហែល​១០នាក់​ប៉ុណ្ណោះ។

លោក​និយាយថា៖ «ខ្ញុំ​មក​អាមេរិក​នេះ​ដើម្បី​បង្ហាត់​ក្បាច់​គុនខ្មែរ។​ខ្ញុំមក​១១​ខែ​ហើយ ហើយ​ជិត​ដល់​ពេល​ទៅវិញ​ហើយ»។

លោក​សូរិយា​ឲ្យ​ដឹង​ថា ​ចំណូល​ពី​ការ​បង្ហាត់​ប្រដាល់​នេះ​មិន​អាច​ទ្រទ្រង់​ជីវភាព​របស់​លោក​បាន​ទេ។ ​ លោកនិយាយថា «មិនបាន​ទេ​ ពីព្រោះ​ឥឡូវ​កូន​សិស្ស​តិចពេក។ ​ហើយ​យើង​ទើប​បើក​ថ្មី​ អញ្ចឹង​ទៅមិន​រួច​ទេ។ ​​ជាឆ្នាំ​ក្រោយ​ប្រហែល​ជាអាច​សង្ឃឹម»។

ការ​បង្ហាញ​ក្បាច់គុន​ខ្មែរ​ដោយ​សុវត្ថិភាព​នេះ​គឺជា​ផ្នែក​មួយនៃ​កម្មវិធី​សម្តែង​លើ​ឆាក​ ឆ្លាស់គ្នា​ជាមួយ​របាំ​ ចម្រៀង​តាម​ប្រពៃណី​ជនជាតិអាមេរិកាំង​ដើម​កំណើត​ស៊ីអគ្នេយ៍​ ចម្រៀង​សម័យ​ និង​Hip Hop ​របស់អាមេរិកាំង​សម័យ​ថ្មី៕

បណ្តាញទាក់ទងគ្នា
ខ្មែរ​អាមេរិក​រៀបចំ​ពិធី​បុណ្យ​ប្រណាំង​ទូក​លើក​ទី​១៥​នៅ​ឡូវែល.

៣​អាហារ ការពារ​ជំងឺលើសឈាម​

Thursday, 28 July 2011
CEN

​ជំងឺលើសឈាម ជា​ជំងឺ​ដែល​ងាយ​នឹង​កើតឡើង​បំផុត ជាពិសេស​ចំពោះ​មនុស្ស​វ័យ​ចំណាស់​…​។​

១-​ចេក​: ដូចជា ចេក​ស្រស់ៗ ចេក​ឆាប ចេក​ឆឹង ក៏ដោយ គឺជា​ប្រភេទ​ផ្លែ​ឈើ​ដែល​សម្បូរ​ប៉ូ​តាស​ស្យូម (Potassium) យ៉ាងច្រើន ។ សារធាតុ​ប៉ូ​តាស​ស្បូម គឺជាប្រភេទ​ជួយ​ឲ្យ​សម្ពាធ​ឈាម​ថយ​ចុះ​មក​ធម្មតា​វិញ ។

២-​ខ្ទឹម​ស និង​ខ្ទឹមបារាំង​: ឱសថ​បុរាណ​ប្រភេទ​នេះ ត្រូវ​ចាត់ទុក​ថា ជា​អាហារ​ដែល​មិន​គួរ​មើលរំលង​ឡើយ ជាពិសេស ស្ត្រី​ដែល​មិន​ចង់​កើត​ជំងឺ​លើសឈាម ព្រោះ​សារធាតុស៊ុល​ហ្វួរ (Sulfur) នៅក្នុង​ខ្ទឹមស និង​ខ្ទឹមបារាំង ជួយ​ពង្រីក​សរសៃឈាម បន្ថយ​កម្លាំង​កន្ត្រាក់ និង​កម្លាំង​បាញ់រ​បស់​ឈាម និង​ធ្វើឲ្យ​សម្ពាធ​ឈាម​ស្ថិតនៅ​ក្នុង​សភាព​ធម្មតា ។​

៣-​សារាយ​សមុទ្រ​: ក្រៅ​ពី​ជួយ​ឲ្យ​សក់ខ្មៅ​រលោង​ស្អាត​ហើយ អាស៊ីដ​អូ​មេហ្គា​-៣ (Omega-3) នៅក្នុង​សារាយសមុទ្រ គឺជា​អាស៊ីដ​ខ្លាញ់ ដែល​ជួយ​ការពារ​បេះដូង ធ្វើឲ្យ​ឈាម​ហូ​រទៅចិញ្ចើម​អវយវៈ​នានា បាន​យ៉ាង​ល្អ និង​ធ្វើឲ្យ​សម្ពាធ​ឈាម​ធម្មតា ៕

ក្រសួង​មហាផ្ទៃ​បង្ហាញមុខ​ចោរប្លន់​ជា​ជនដៃដល់ បាញ់សម្លាប់​អាជីវករ​ប្តូរប្រាក់ និង​ប្រកាស​ចាប់ខ្លួន​បក្ខពួក​២​នាក់​ទៀត

ដោយ : CEN
ថ្ងៃទី 4 កញ្ញា 2011

ភ្នំពេញ: ក្រសួង​មហាផ្ទៃ​បាន​រៀបចំ​ធ្វើ​សន្និសីទកាសែត បង្ហាញមុខ​ចោរប្លន់ ជា​ជនដៃដល់​បាញ់​សម្លាប់​ស្ត្រី​អាជីវករ​ប្តូរប្រាក់ ក្រោម​ការចូលរួម​ពី​លោកឧត្ត​ម​សេ​នីយ៍ឯក ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​កណ្តាល នគរបាល​យុត្តិធម៌​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ប៉ូលិស​ជាច្រើនរូប​ទៀត កាលពី​វេលា​ម៉ោង​២​និង​៣០ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១១ ។

​លោកឧត្ត​ម​សេ​នីយ៍ឯក ម៉ក់ ជី​តូ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឡាយ វណ្ណៈ បាន​សារភាព​ថា ខ្លួន​និង​បក្សពួក​២​នាក់​ទៀត​ពិតជា​បាន​ប្លន់​ស្ត្រី​អាជីវករ​ប្តូរប្រាក់ នោះ​ប្រាកដ​មែន ហើយ​ខ្លួន​ជា​អ្នក​បាញ់សម្លាប់​ដោយ​ផ្ទាល់​ដៃ ។ លោក​ឧត្តមសេនីយ៍ឯក ក៏បានប្រកាស​ស្វែងរក​ចាប់ខ្លួន បក្ខពួក​២​នាក់​ទៀត ទី​១ ឈ្មោះ យាន់ សុភ័ក្ត្រ ហៅ ប៉ុល សុភ័ក្ត្រ ហៅ​យក្ស ហៅ​ក្របី ហៅ​ប្រុស និង​ទី​២​ឈ្មោះ អ៊ឹង ងួន ហៅ អ៊ឹង ប៊ុន​ទី ហៅ ប៊ុន ទី អាយុ​៣០​ឆ្នាំ ។

​ ដើម្បី​បង្ក្រាប​ឲ្យដល់​ឫ​គល់ នាយកដ្ឋាន​គ​របាល​ព្រហ្មទណ្ឌ សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ទាំងអស់ មេត្តា​ចូលរួម​សហការ ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច ពី​ទីកន្លែង​លាក់ខ្លួន របស់​មុខសញ្ញា តាមរយៈ​ទូរស័ព្ទ​លេខ :

០១២ ៨២២ ៨២២ . ០១២ ៥២៦ ៩១១ . ០១៧ ៦២២ ២២៦ . ០៨៨ ៨៧៩ ៧៧៧៧ . រាល់​ព័ត៌មាន​ដែល​ទទួលបាន សមត្ថកិច្ច​សូម​ធានា នូវ​សុវត្ថិភាព រក្សា​ការសម្ងាត់ ក្នុងករណី​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជូន ។​

​ ជនសង្ស័យ ឈ្មោះ ឡាយ វណ្ណៈ ហៅ អា​ឥណ្ឌា អាយុ​៣១​ឆ្នាំ មានមុខ​របរ ជានគរ​​បាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដូនពេញ មានផ្ទះ​នៅ​ឃុំ​អរិយ៍​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល ​ត្រូវបាន​នគរបាល​ចាប់ខ្លួន​បាន​កាលពី​ម៉ោង ៦​និង​៣០​ព្រឹក ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១១ ។ សមត្ថកិច្ច រឹប​អូស បាន​អាវុធ​កែច្នៃ និង​សម្ភារៈ​ជាច្រើន​ផ្សេង​ទៀត ។​

​គួរបញ្ជាក់​ថា នៅវេលា​ម៉ោង ១០ និង ១៥ នាទី ព្រឹក​ថ្ងៃ​ទី​២៨​សីហា ឆ្នាំ​២០១១ ស្ត្រី និង​កូនប្រុស ដែល​កំពុង​ជិះ​ម៉ូតូ បាន​ត្រូវ​ចោរ​ប្រដាប់អាវុធ​មួយក្រុម យ៉ាងហោច​ណាស់​មាន​គ្នា ៦ នាក់ បាន​ស្ទាក់​បាញ់​ប្លន់​យក​លុយ​មួយថង់ ដែល​ស្ត្រី​នោះ​ដូរ​ពី​លុយ ៣ ម៉ឺន​ដុល្លារ​។ ស្ត្រី​រងគ្រោះ ត្រូវ​ចោរ​បាញ់​ចំនួន ៣ គ្រាប់ របួសធ្ងន់ នៅ​កន្លែងកើតហេតុ​ស្ថិតនៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌដង្កោ​។​

​សកម្មភាព​ចោរប្លន់​ទាំង​កណ្តាល​ថ្ងៃ និង​មាន​មនុស្ស​អ៊ូអរ នៅ​កន្លែង​លក់​ខោអាវ ជជុះ នៅ​ទល់មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នោះ ក៏​ត្រូវបាន​គេ​ថត​វិដេអូ តាម​កាំ​ម៉ា​រ៉ា សុវត្ថិភាព ហើយ​ត្រូវ​បាន​បង្ហោះ​តាម Facebook និង​បាញ់​ចូល​ទូរស័ព្ទដៃ ចែកចាយ​ពេញ​ពិភពលោក​ផង​ដែរ​។​ ​ស្ត្រី​រងគ្រោះ ឈ្មោះ ស្រី មុំ ជា​អាជីវករ​ដូរ​លុយ​នៅ​ផ្សារ​ចោមចៅ ។ ស្ត្រី​រងគ្រោះ បាន​ស្លាប់​ក្រោយពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត ។ ស្រី​រងគ្រោះ​រូប​នេះ បាត់បង់​លុយ​ជាង​៣ ម៉ឺន​ដុល្លារ​។​

​ស្ត្រី​ រងគ្រោះ​បាន​កាន់​លុយ​ចំនួន​ជាង ៣ ម៉ឺន​ដុល្លារ ជិះ​ម៉ូតូ​ចេញពី​ផ្សារ​ចោមចៅ​តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី ឆ្ពោះ​មក​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​យក​លុយ​ដុល្លារ ដូរ​យក​លុយ​រៀល​។ តែ​ក្នុង​ពេល​ធ្វើដំណើរ​មក​ដល់​កន្លែងកើតហេតុ ក៏​ត្រូវ​ចោរ​មួយក្រុម​ស្ទាក់ បាញ់​ប្លន់​តែម្តង​។​

​ចំណែក​ក្រុមចោរប្លន់ បន្ទាប់ពី​បាញ់​ជនរងគ្រោះ ប្លន់​កាបូប​បាន​សម្រេច​រួច​ហើយ ក្រុមចោរ ដែល​ពាក់មួក​ការពារ បាន​ជិះ​ម៉ូតូ​ទៅ​យ៉ាង​រំភើយ ហើយ​បត់​ចូល​តាម​ផ្លូវ​បេតុង​ទៅ​ភូមិ​ព្រៃទា​៕

សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ បញ្ជាក់​ជំហរ មិន​វិល​ទៅ​ហ្វ៊ុនស៊ិនប៉ិច​វិញ​ទេ​

ដោយ : រតនា
ថ្ងៃទី 3 កញ្ញា 2011
CEN

សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ និងអ្នកម្ខាង អ៊ុក ផល្លា ក្រោយពីចេញពីកិច្ចប្រជុំគណៈកម្មនាយកគណបក្សនរោត្តម រណឬទ្ធិ កាលពីថ្ងៃទី៣កញ្ញា ឆ្នាំ២០១១៕

សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ និងអ្នកម្ខាង អ៊ុក ផល្លា ក្រោយពីចេញពីកិច្ចប្រជុំគណៈកម្មនាយកគណបក្សនរោត្តម រណឬទ្ធិ កាលពីថ្ងៃទី៣កញ្ញា ឆ្នាំ២០១១៕

ភ្នំពេញ: សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ បាន​មានបន្ទូល​បញ្ជាក់​ជាថ្មី​ម្តងទៀត នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១១​ថា ព្រះអង្គ​មិន​យាង​វិល​ត្រឡប់​ទៅ​ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ​ឡើយ​។ ព្រះអង្គ​ក៏​បាន​ប្រកាសថា នៅពេលនេះ គណបក្ស​រាជានិយម​មាន​តែ​មួយ​ទេ គឺ​គណបក្ស​នរោត្តម​រណ​ឬ​ទ្ធិ ដែល​ព្រះអង្គ កំពុង​ដឹកនាំ​សព្វថ្ងៃ​។​

​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ បាន​មាន​ព្រះ​បន្ទូល​ថា “​ខ្ញុំ​សុំ​ជម្រាប​ជា​ឧឡារិ​កថា ខ្ញុំ​មិន​វិលត្រឡប់​ទៅ​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ​ទេ​។ ខ្ញុំ​មាន​ជំនឿ​ថា អ្នក​រាជានិយម​ពិតប្រាកដ មុខតែ​យល់​ច្បាស់​អំពី​គោលជំហរ​របស់​ខ្ញុំ ក្នុង​ការ​មិន​វិល​ត្រឡប់ ហើយ​មក​តាម​ខ្ញុំ នៅក្នុង​ក្របខណ្ឌ​គណបក្ស​រាជានិយម គឺ​គណបក្ស​នរោត្តម​រណ​ឬ​ទ្ធិ​”​។​

សម្តេចក្រុមព្រះ នរោត្តមរណឬទ្ធិ បញ្ជាក់ជំហរជាថ្មីថា ព្រះអង្គមិនវិលទៅហ៊្វុនស៊ិនប៉ិចវិញទេ៕

សម្តេចក្រុមព្រះ នរោត្តមរណឬទ្ធិ បញ្ជាក់ជំហរជាថ្មីថា ព្រះអង្គមិនវិលទៅហ៊្វុនស៊ិនប៉ិចវិញទេ៕

​សម្តេចក្រុមព្រះ​ក៏​បាន​បញ្ជាក់ថា ដោយសារតែ​មូលហេតុ​លោក ញឹក ប៊ុនឆៃ និង​ក្រុម​របស់​គាត់ ធ្វើ​បក្ស​ប្រហា​រ ទម្លាក់​ព្រះអង្គ​ពី​ប្រធាន​ហ្វ៊ុន​ស៊ិនប៉ិច កាលពី​ថ្ងៃ​ទី​១៨​តុលា ឆ្នាំ​២០០៦ ហើយ​អ្វី​ដែល​ធ្វើឲ្យ​សម្តេច​ក្រុមព្រះ ឈឺចាប់​ខ្លាំង​ជាង​គេ​នោះ គឺ​យក​ចលនា​រំដោះ​ជាតិ​របស់​សម្តេចឪ​យើង យក​ទៅ​កម្ទេចចោល​អស់​។ ជាង​នេះ​ទៀត​សម្តេច​ក្រុមព្រះ បាន​អះអាង​ថា ព្រះអង្គ​ពុំ​មាន​ជំនឿ​ថា លោក​ញឹក​ប៊ុនឆៃ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​គណបក្ស​រាជានិយម និង​សីហនុ​និយម​តទៅទៀត​ទេ​។​

​ក៏​ប៉ុន្តែ​ចំពោះ​ព្រះបន្ទូល​ខាងលើនេះ លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​បញ្ជាក់​ប្រាប់ CEN ថា ការវិល ឬ​មិន​វិល មក​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺជា​សិទ្ធិ​របស់​ព្រះអង្គ​។ លោក​ក៏​បដិសេធ​ផងដែរ​ថា លោក​ពុំ ដែល​បាន​ពឹងពាក់​ឧកញ៉ា​ណាមួយ ធ្វើ​ជា​មេអណ្តើក សម្រាប់​ការរួបរួម​ជាមួយ​សម្តេច​ក្រុមព្រះ​វិញ​ទេ​។​

​លោក ញឹក ប៊ុនឆៃ ក៏​បាន​បញ្ជាក់ថា មកដល់ពេលនេះ ទ្វារ​របស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច នៅតែ​បើកចំហរ ចាំ​ទទួល​សម្តេចក្រុមព្រះ បើសិន​ព្រះអង្គ ចង់​វិល​វិញ​ពេល​ណា​ក៏បាន​។ បើ​ព្រះអង្គ​វិល​វិញ នោះ​ព្រះអង្គ​នឹង​បាន​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដូច​ពីមុន​អីចឹង បន្ទាប់​ពី​រួមគ្នា​ឡើងវិញ ដែល​ជា​គោលការណ៍​ដើម​៕

សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ហួសចិត្ត​ចំពោះ​លោក ជា ច័ន្ទ​បរិបូរណ៍ ដែល​ចាកចេញ​ពី​ព្រះអង្គ​

ដោយ : រតនា
ថ្ងៃទី 3 កញ្ញា 2011
CEN

សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បង្ហាញការខកព្រះទ័យ ចំពោះការចាកចេញរបស់លោក ជា ច័ន្ទបូរិបូរណ៍ ដែលខុសពីព្រះតម្រិះព្រះអង្គ៕

សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បង្ហាញការខកព្រះទ័យ ចំពោះការចាកចេញរបស់លោក ជា ច័ន្ទបូរិបូរណ៍ ដែលខុសពីព្រះតម្រិះព្រះអង្គ៕

ភ្នំពេញ: សម្តេចក្រុមព្រះ រោ​ត្ត​ម រណ​ឬ​ទ្ធិ បើ​ទោះបីជា​ព្រះអង្គ​បាន​បាត់​ទុក​ការចាកចេញ​របស់លោក ជា ច័ន្ទ​បរិបូរណ៍ ពី​គណបក្ស នរោត្តម រណ​ឬ​ទ្ធិ ទៅ​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​សិទ្ធិ​របស់​បុគ្គល​ក៏ដោយ ក៏​សម្តេច​ក្រុមព្រះ បានបង្ហាញ​ព្រះទ័យ ហួសចិត្ត​ចំពោះ​អ្នក​ស្និទ្ធ​នឹង​ព្រះកាយ​ព្រះអង្គ​រូបនេះ​។​

​មាន​ព្រះបន្ទូល​ទៅកាន់​ក្រុមអ្នកកាសែត បន្ទាប់​ពី​ដឹកនាំ​ប្រជុំ​គណៈកម្មការ​នាយក​គណ​បក្ស​នរោត្តមរ​ណ​ឬ​ទ្ធិ កាលពី​ព្រឹក​ថ្ងៃទី​៣​កញ្ញា ឆ្នាំ​២០១១ សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ បាន​មានបន្ទូលថា “​ការសម្រេចចិត្ត​របស់​លោក ជា ច័ន្ទ​បរិបូរណ៍ អតីត​អ្នកនាំពាក្យ​ផ្ទាល់​របស់​ព្រះអង្គ ទៅ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​សប្តាហ៍​មុន​នោះ គឺជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​។ គណបក្ស​នរោត្តម រណ​ឬ​ទ្ធិ ជា​គណបក្ស​សេរី គឺ​មនុស្ស​ម្នាក់ៗ មាន​សិទ្ធិ​ផ្លាស់​ប្តូរ​ពី​គណបក្ស​ខ្ញុំ ចូល​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​”​។​
​ ​
​ជាមួយគ្នា​នោះ សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ មានបន្ទូល​បញ្ជាក់​ទៀត​ថា “​គាត់​ប្រាប់​ខ្ញុំ​ថា គាត់​តាម​ព្រះតម្រិះ​របស់​ខ្ញុំ ដែល​ថា​ ឲ្យ​អ្នករាជានិយម ទៅ​បូក​ជាមួយ​គណបក្ស​ប្រជា​​ជន ដើម្បី​បម្រើ​ជាតិ​។ គាត់​ក៏​ទៅ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​បាត់​។ តែ​គំនិត​ខ្ញុំ​មិនមែន​អីចឹង​ទេ គឺថា កម្លាំង​រាជា​និយម​របស់​យើង ទៅ​បូក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​តំណាង​កម្លាំង​ជាតិ​មួយ​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​។ មិនមែន​ទៅ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​អីចឹង​ទេ​”​។​

ជាមួយ​នោះ​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ មានបន្ទូល​បញ្ជាក់​ទៀត​ថា គណបក្ស នរោត្តម រណ​ឬ​ទ្ធិ បាន​បញ្ជាក់​ពី​គោលនយោបាយ​របស់​ខ្លួន​ច្បាស់​ហើយ គឺ​រួម​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​នយោបាយ​ណា ដែល​មាន​ទិសដៅ​ឧត្តមគតិ​បម្រើ​ជាតិ ដូច​គណបក្ស​នរោត្តម​រណ​ឬ​ទ្ធិ ហើយ​នៅ​កម្ពុជា​កម្លាំង​ជាតិ​ធំ​មានតែ​២​ទេ គឺ​កម្លាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​កម្លាំង​អ្នករាជានិយម​។ បើសិន​ជា​កម្លាំង​ជាតិ មកពី​គណបក្ស​ទាំងពីរ​នេះ ចូលគ្នា នោះ​ជាតិ​យើង​ចំណេញ​។​

​សូមបញ្ជាក់​ថា លោក​ជា​ច័ន្ទ​បូរិបូរណ៍ អតីត​អ្នកនាំពាក្យ​ផ្ទាល់​សម្តេច​ក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ និង​ជា​អគ្គលេខាធិការរង​គណ​បក្ស​នរោត្តម រណ​ឬ​ទ្ធិ បាន​ប្រកាស​ជា​ផ្លូវការ កាលពី​សប្តាហ៍​មុន ពី​ចាកចេញ​ពី​ព្រះអង្គ ទៅ​ចូលរួម​នយោបាយ​ជាមួយ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ទទួលបាន​តំណែង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល ឋានៈ​ស្មើ​រដ្ឋលេខាធិការ​៕