បណ្ណសារ | ខែកញ្ញា 23, 2011

សម្ដេច ហ៊ុន សែន ស្នើឱ្យមានកិច្ចព្រម ព្រៀងជាកញ្ចប់ សម្រាប់ដោះដូរ អ្នកទោស

Friday, 23 September 2011
ដោយ ៖ ស៊ន សុភក្ដ្រ
DAP NEWS

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានស្នើឱ្យ ភាគីទាំងពីរ កម្ពុជា-ថៃ បង្កើតកិច្ច ព្រមព្រៀង ជាកញ្ចប់ សម្រាប់ដោះដូរ អ្នកទោស ។

ការលើកឡើង យ៉ាងដូច្នេះ នៅក្នុងជំនួបមួយ ដែលសម្ដេច បានអនុញ្ញាតឱ្យ រដ្ឋមន្ដ្រីក្រសួង ការពារជាតិថៃ ចូលជួបសម្ដែង ការគួរសម នៅរសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១១ នៅវិមានសន្ដិភាព ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នក យកព័ត៌មានថា ក្នុងជំនួបសម្ដែង ការគួរសម រដ្ឋមន្ដ្រី ការពារជាតិថៃ លោក យុទ្ធស័ក្រ សាក់ស៊ីប្រាផា បានស្នើឱ្យ សម្ដេចតេជោ ហ៊ុន សែន ជួយអន្ដរាគមន៍ ដោះលែង ទណ្ឌិតជនជាតិថៃ ២នាក់ ដែលកំពុងជាប់ ពន្ធនាគារ នៅព្រៃស ។

ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាក់ត្រឡប់ ទៅវិញថា តាមពិតជនជាតិថៃ ជាង ៣០នាក់ ផ្សេងទៀត តាមរបាយការណ៍ ក្រសួងមហាផ្ទៃ គឺកំពុងជាប់ ឃុំឃាំងនៅក្នុង ប្រទេសកម្ពុជា ដូច្នេះ សម្ដេចស្នើឱ្យមាន កិច្ចព្រមព្រៀង ជា កញ្ចប់មួយ រវាងភាគីទាំងពីរ ដើម្បីដោះដូរ អ្នកទោស ។

នៅក្នុងជំនួបសម្ដែង ការគួរសមនោះ រដ្ឋ មន្ដ្រីការពារជាតិថៃ បានគោរពជូន សម្ដេច ថា ពេលជួបពិភាក្សា ការងារទ្វេភាគី ជាមួយ លោក ទៀ បាញ់ កាលពីព្រឹកថ្ងៃទី ២៣ ខែ កញ្ញា បានទទួលលទ្ធផល ប្រកបដោយ ជោគជ័យ និង ផ្លែផ្កាជាទីបំផុត ។

លោកបានបញ្ជាក់ថា នៅពេលនេះ រាជរដ្ឋាភិបាលថៃ នឹងអនុវត្ដ តាមការសម្រេចរបស់ តុលាការយុត្ដិធម៌ អន្ដរជាតិ ទីក្រុងឡាអេ ទាក់ទិននឹងជម្លោះ ព្រំដែន រវាងប្រទេស ទាំងពីរ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រហូតមកដល់ ពេលនេះ សភាពការណ៍ កម្ពុជា-ថៃ បានវិល ត្រឡប់ទៅរកភាព ល្អប្រសើរយ៉ាងខ្លាំង ហើយសម្ដេចជំរុញ កងទ័ពនៃប្រទេស ទាំងពីរ ជួបពិភាក្សាគ្នា ជាញឹកញាប់ ដើម្បីរក្សា សន្ដិភាព ជូនប្រជាពលរដ្ឋ នៅតាមព្រំដែន នៃ ប្រទេសទាំងពីរ ។

សម្ដេចនាយក រដ្ឋមន្ដ្រី ក៏បានស្នើឱ្យ កងទ័ពទាំងពីរ រួមសហការគ្នា ទប់ស្កាត់ បទឧក្រិដ្ឋ ការជួញដូរ គ្រឿងញៀន និងការកាប់បំផ្លាញ ព្រៃឈើនៅតាម តំបន់ព្រំដែន រួមទាំងជំរុញឱ្យ ភាគីទាំងពីរបើក ទីផ្សារលក់ដូរ ដើម្បីឱ្យ ប្រជាពលរដ្ឋ កម្ពុជា- ថៃ ទទួលផលប្រយោជន៍ តាមរយៈ ការផ្លាស់ប្ដូរ ពាណិជ្ជកម្ម ។

ទាក់ទិននឹងការ សម្រេចរបស់តុលាការ ក្រុងឡាអេ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសទាំងពីរ ត្រូវតែគោរពតាម សាលដីកា ឱ្យបានត្រឹមត្រូវ ៕

រដ្ឋមន្ដ្រីការពារជាតិ ខ្មែរ និងថៃ រិះរកគន្លឹះថ្មី ក្នុងការស្វែងរក កិច្ចប្រជុំ GBC ឱ្យបានឆាប់

Friday, 23 September 2011
ដោយ៖ បាន ចក់
DAP NEWS

ភ្នំពេញ៖ ដំណើរទស្សនកិច្ច របស់រដ្ឋមន្ដ្រី ការពារជាតិថៃថ្មី មកកាន់ប្រទេស កម្ពុជា នាពេលនេះ ធ្វើឡើងក្នុង គោលបំណង ស្វែងរកគន្លឹះ បន្ថែមទៀត ក្នុងការរៀបចំ ​កិច្ចប្រជុំ ជីប៊ីស៊ី (GBC) និងឱ្យចេញជា រូបភាពជាក់ស្ដែង ឱ្យបានឆាប់រហ័ស ក្នុងការ អនុវត្ដ សាលដីកា របស់តុលាការ យុត្ដិធម៌អន្ដរជាតិ ក្រុងឡាអេ ដែលបានសម្រេច ​កន្លងទៅនោះ។

នៅក្នុងកិច្ចជំនួប ពិភាក្សារវាង នាយឧត្ដម សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី និងជា រដ្ឋមន្ដ្រីក្រសួង ការពារជាតិកម្ពុជា ជាមួយ និងរដ្ឋមន្ដ្រីក្រសួង ការពារជាតិថៃ លោក យុទ្ធស័ក្រ សាក់ស៊ីប្រាផា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១១ នៅទីស្ដីការ ក្រសួង ការពារជាតិកម្ពុជា ប្រទេសទាំងពីរ បានសន្យាថា នឹងពន្លឿន​ កិច្ចប្រជុំ​ គណៈកម្មាធិការ ព្រំដែន ទូទៅហៅកាត់ថា (GBC) និងអនុវត្ដន៍ឱ្យ ចេញជារូបរៀង ចំពោះការអនុវត្ដ សាលដីកា ទីក្រុងឡាអេ និងអ្នកសង្កេត ការណ៍របស់ ប្រទេស​ឥណ្ឌូនេស៊ី ដែលប្រជាជន នៃប្រទេស ទាំងពីរ កំពុងរង់ចាំ ជាយូរ មកហើយនោះ។

ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួង ការពារជាតិ លោក ទៀ បាញ់ បានមាន ប្រសាសន៍ថា “ដំណើរទស្សនកិច្ច លើកនេះ គឺច្បាស់ណាស់ថា នឹងធ្វើឱ្យយើងរក ចំណុចថ្មី ដែលហៅថា គាប់ប្រសើរ ថែមទៀត ដើម្បីឱ្យយើង រៀបចំ ចេញជាភាព ជាក់ ស្ដែង តាមការកំណត់ ចំពោះគណៈកម្មការ ព្រំដែនទូទៅ រៀបចំឱ្យមាន ការប្រជុំ ជាពិសេស ការអនុវត្ដន៍ របស់តុលាការ ដែលជាបញ្ហាស្នូល បំផុតនាពេល ខាងមុខនេះ ”។

ចំពោះការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ ត្រូវបានភាគីថៃ លោក យុទ្ធស័ក្រ សាក់ស៊ីប្រាផា បានយល់ ព្រម និងឯកភាពទាំងស្រុង ថានឹងឱ្យមាន អ្នកសង្កេតការណ៍ របស់ប្រទេស ឥណ្ឌូនេស៊ី ផងនោះ ហើយលោកក៏បានសន្យាថា ក្រសួង ការពារជាតិរបស់លោកនឹងរៀបចំរបៀបវារៈ អំពីកិច្ចប្រជុំ (GBC)នេះ ហើយនឹងបញ្ជូន ទៅគណៈរដ្ឋមន្ដ្រីរបស់ប្រទេសថៃ។

លោក យុទ្ធស័ក្រ សាក់ស៊ីប្រាផា ជារដ្ឋមន្ដ្រី ការពារជាតិថៃថ្មី នៃរដ្ឋាភិបាលរបស់ លោកស្រី យីងឡាក់ ។ លោក យុទ្ធស័ក្រ សាក់ស៊ីប្រាផា មកទស្សនកិច្ច ​ប្រទេសកម្ពុជា ជាលើកដំបូងបង្អស់ បន្ទាប់ពីលោក ត្រូវបាន តែងតាំងជា រដ្ឋមន្ដ្រីក្រសួង ការពារ ជាតិថៃ។ ក្នុងដំណើរទស្សនកិច្ច របស់លោក អមដោយ ប្រតិភូមួយចំនួន របស់ថៃផងនោះ ក្នុងគោលបំណង ពង្រីកកិច្ច សហប្រតិបត្ដិការ រវាងកងទ័ព ប្រទេសទាំងពីរ និងផ្សះផ្សារគ្នា ឡើងវិញ បន្ទាប់ពី ប្រទេសទាំងពីរ មានការប្រេះឆាគ្នា កន្លងមកនោះ។

លោក យុទ្ធស័ក្រ សាក់ស៊ីប្រាផា បានមាន ប្រសាសន៍ក្នុងកិច្ច ជំនួបនោះថា ក្នុងដំណើរ ទស្សនកិច្ច របស់លោក ពេលនេះ បានធ្វើឱ្យ កងទ័ព នៃប្រទេសទាំងពីរ ជាពិសេសប្រជា ជនទាំងពីរ នៅតាមបណ្ដោយ ព្រំដែន មានភាពរីករាយ ជាខ្លាំង។

លោកបានសង្កត់ធ្ងន់ថា “ក្រសួងការពារ ជាតិថៃ សប្បាយចិត្ដណាស់ ជាពិសេសប្រជាជន ដែលកងទ័ពយើង ទាំងពីរ ដែលធ្វើការ ទំនាក់ទំនងល្អ ហើយក៏មានការ ផ្លាស់ប្ដូរខាង សេដ្ឋកិច្ចរវាងគ្នា ទៅវិញទៅមកនេះ ដោយ ក្រសួងការពារជាតិ យើងទាំង ពីរ សហការគ្នា បានល្អ”។

លោក យុទ្ធស័ក្រ សាក់ស៊ីប្រាផា រដ្ឋមន្ដ្រី ការពារជាតិថៃ បានមានប្រសាសន៍ ប្រាប់ដល់ អ្នកសារព័ត៌មានថា មូលហេតុ ដែលធ្វើឱ្យមាន ការយឺតយ៉ាវ ក្នុងកិច្ចប្រជុំ (GBC) នេះ ដោយសារតែ បញ្ហាច្បាប់របស់ ប្រទេសថៃ ។

លោកបន្ដថា កិច្ចប្រជុំនេះ ត្រូវឆ្លងកាត់ពី សភាសន្ដិសុខជាតិ និង រដ្ឋសភារបស់ថៃ សិនទើបអាច មានការប្រជុំនៅ (GBC)។ កាលពីការគ្រប់គ្រង ប្រទេសរបស់ នាយករដ្ឋមន្ដ្រីថៃ កន្លងទៅនេះ មិនដែលលើកយក បញ្ហាកិច្ចប្រជុំ ជាមួយភាគីកម្ពុជា ទៅកាន់ កិច្ចប្រជុំគណៈរដ្ឋមន្ដ្រី របស់ថៃនោះទេ ។ ហើយចំពោះ រាជការនាយកមន្ដ្រីថៃថ្មី នេះនឹងលើក យកបញ្ហាជាមួយកម្ពុជា ទៅដាក់លើ គណៈ រដ្ឋមន្ដ្រី ។

ជាមួយគ្នានោះផងដែរ លោក យុទ្ធស័ក្រ បានសន្យាថា លោកនឹងលើក របៀបវារៈកិច្ច ប្រជុំ (GBC) ទៅកាន់គណៈ រដ្ឋមន្ដ្រីរបស់ ប្រទេសថៃ ដើម្បីឱ្យគេពិនិត្យ។

លោកឧបនាយក រដ្ឋមន្ដ្រី ទៀ បាញ់ បានមានប្រសាសន៍ បន្ដទៀតថា ប្រទេសកម្ពុជា និងប្រទេសថៃ នាពេលបច្ចុប្បន្ននេះ កំពុងតែ ដំណើរការល្អ ឡើងវិញ​ ជាបណ្ដើៗហើយ បន្ទាប់ពីនាយក រដ្ឋមន្ដ្រីថៃថ្មី លោកស្រី យីងឡាក់ ដូចជាពេល កន្លងទៅនេះ ប្រទេសទាំងពីរ បានឱ្យមាន ការប្រជុំ (RBC) គណៈកម្មការ ព្រំដែនភូមិភាគ និងបានឱ្យមាន កិច្ចប្រជុំ រវាងកងទ័ព តាមព្រំដែន ទាំងពីរ ផងដែរ ។ នេះសបញ្ជាក់ឱ្យ ឃើញថា ប្រទេសទាំងពីរ បានកំពុងតែ រកភាពប្រសើរ ឡើងវិញ៕

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា-ថៃ យល់​ព្រម​អនុវត្ត​តាម​ដីកា​តុលាការ​អន្តរជាតិ

ដោយ សុខ សេរី
2011-09-23
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក យុត្ថាសាក់ សាស៊ីប្រាផា (Yuthasak Sasiprapha) បាន​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី ២៣ កញ្ញា​នេះ ដែល​ជា​កិច្ច​ចាប់​ផ្ដើម​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​​លោក លើក​ទី​មួយ​នៅ​កម្ពុជា រយៈ​ពេល​ពីរ​​ថ្ងៃ បន្ទាប់​ពី​លោក​បាន​​ឡើង​កាន់​ដំណែង​ថ្មី ​ក្នុង​រដ្ឋាភិបាល​អ្នក​ស្រី​ យីងឡាក់ (Yingluck Shinawatra) រួច​មក។

លោក យុត្ថាសាក់ សាស៊ីប្រាផា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ (រូប​ខាង​ឆ្វេង) ពេល​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី ២៣ កញ្ញា ២០១១។ (RFA/Sok Serey)

លោក យុត្ថាសាក់ សាស៊ីប្រាផា រដ្ឋមន្ត្រី ក្រសួង ការពារ ជាតិ ថៃ (រូប ខាង ឆ្វេង) ពេល ធ្វើ ទស្សនកិច្ច នៅ ប្រទេស កម្ពុជា នៅ ថ្ងៃ ទី ២៣ កញ្ញា ២០១១។ (RFA/Sok Serey)

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​បាន​ជួប ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ​លោក ទៀ បាញ់ ក្នុង​ការ​ស្ដារ​ភាព​តានតឹង ដែល​ប្រឈម​មុខ​ដាក់​គ្នា​រវាង​យោធា​នៃ​ប្រទេស​ទាំង​ពីរ នៅ​តាម​ព្រំដែន​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ នាយ​ឧត្ដមសេនីយ៍ យុត្ថាសាក់ សាស៊ីប្រាផា នៅ​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ឆ្នាំ ២០១១ បាន​ឯកភាព​គ្នា​អនុវត្ត​តាម​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ (Hague) នៅ​ថ្ងៃ​ទី ១៨ ខែ​កក្កដា ឆ្នាំ ២០១១ កន្លង​ទៅ ដែល​បាន​តម្រូវ​ឲ្យ​ភាគី​កម្ពុជា និង​ថៃ ដក​កង​ទ័ព​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​ទំហំ​ជាង ១៧ គ.ម ក្រឡា​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

ការ​ឯកភាព​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​បិទ​ទ្វា​រយៈ​ពេល​ជាង ១ ម៉ោង រវាង​លោក ទៀ បាញ់ និង​លោក យុត្ថាសាក់ សាស៊ីប្រាផា នៅ​ឯ​ក្រសួង​ការពារ​ជាតិ​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ និង​ជា​ឧបនាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត ក្រោយ​ពី​ជំនួប​នោះ​ថា ភាគី​កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា​លើ​ចំណុច​ជា​ច្រើន និង​សន្យា​បន្ត​ដោះស្រាយ​ជា​មួយ​គ្នា។

លោក ទៀ បាញ់៖ «ការ​បញ្ជាក់​របស់​គាត់ ដែល​បាន​ជជែក​គ្នា​នេះ គឺ​យើង​បាន​បញ្ជាក់​ថា អ្វី​ទាំង​អស់ ដែល​តម្រូវការ​របស់​តុលាការ​អន្តរជាតិ​នោះ គឺ​យើង​នឹង​អនុវត្ត​អត់​មាន​បញ្ហា​អ្វី​ទាំង​អស់។ គឺ​យើង​ត្រូវ​តែ​អនុវត្ត​នៅ​ពេល​ខាង​មុខ»។

លោក​បាន​បញ្ជាក់​ថា កាល​បរិច្ឆេទ​ច្បាស់​លាស់ ដើម្បី​ដក​កងទ័ព​នោះ នៅ​មិន​ទាន់​បាន​កំណត់​ភ្លាម​ទេ។ ភាគី​ទាំង​ពី​បន្ត​ដោះស្រាយ​ជា​លម្អិត នៅ​ពេល​ណា ដែល​មាន​ការ​កោះ​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ហៅ​កាត់​ថា ជី.ប៊ី.ស៊ី (GBC) រវាង​ថៃ និង​កម្ពុជា នៅ​ពេល​ឆាប់ៗ នេះ នឹង​មាន​អ្នក​សង្កេត​ការ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​មក​ចូលរួម​ជា​សាក្សី​ផង នៅ​ពេល​ដក​កងទ័ព​នោះ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក យុត្ថាសាក់ សាស៊ីប្រាផា មាន​ប្រសាសន៍ ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ការ​កោះ​ប្រជុំ ជី.ប៊ី.ស៊ី អាច​ធ្វើ​ទៅ​បាន គឺ​ត្រូវ​ឆ្លង​កាត់​ការ​យល់​ព្រម​ពី​សភា​សន្តិសុខ​ជាតិ និង​សភាជាតិ​ថៃ​សិន។

លោក យុត្ថាសាក់ សាស៊ីប្រាផា៖ «សូម​បញ្ជាក់​ថា រដ្ឋាភិបាល​កន្លង​មក​អត់​បាន​នាំ​យក​បញ្ហា​អ្វី ដែល​បាន​ប្រជុំ​មួយ​ភាគី​កម្ពុជា ចូល​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី នៅ​ឡើយ។ អ៊ីចឹង​រដ្ឋាភិបាល​នេះ ត្រូវ​តែ​នាំ​យក​បញ្ហា​ទាំង​ប៉ុន្មាន​នេះ ចូល​ទៅ​កាន់​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​របស់​ថៃ​សិន។ សូម​បញ្ជាក់​ថា ក្រសួង​ការពារ​ជាតិ​ថៃ បាន​ត្រៀម​លក្ខណៈ​រួចរាល់ ដើម្បី​ចូលរួម​នៅ​ក្នុង​ប្រជុំ ជី.ប៊ី.ស៊ី នោះ។ ពេល​ដែល​ខ្ញុំ​ត្រឡប់​វិញ​ហើយ​ខ្ញុំ នឹង​ឲ្យ​ក្រសួង​ការពារ​ជាតិ​នាំ​យក​រឿង​ហ្នឹង ទៅ​កាន់​គណៈ​រដ្ឋមន្ត្រី ដើម្បី​ឲ្យ​អាច​ប្រជុំ ជី.ប៊ី.ស៊ី បាន​នៅ​ក្នុង​ឱកាស តទៅ​ពេល ដែល​បាន​ឆ្លង​គណៈ​រដ្ឋមន្ត្រី​ហើយ​នោះ​បាទ»។

អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា លោក​មិន​ចង់​ឃើញ​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​នោះ ត្រូវ​តែ​ឆ្លង​កាត់​ការ​កោះ​ប្រជុំ ជី.ប៊ី.ស៊ី នោះ​ទេ។ ការ​ដក​កងទ័ព គឺ​អនុវត្ត​តាម​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ និង​មាន​អ្នក​សង្កេតការណ៍​ពី​ប្រទេស​ឥណ្ឌូនេស៊ី មក​ពិនិត្យ​មើល គឺ​ជា​ការ​ស្រេច។

បណ្ឌិត សុខ ទូច៖ «សម្ដី​ដែល​និយាយ​ពឹង​ពាក់​ទៅ​លើ​សភា ក្នុង​គោលដៅ​ការ​ទូត ដើម្បី​សម្រាល​ទំនាក់ទំនង​រដ្ឋាភិបាល យ៉ីងឡាក់ ជា​មួយ​រដ្ឋាភិបាល ហ៊ុន សែន។ ទី២ អ្នក​ឯង​ទៅ​សួរ​សភា កាល​ដែល​អ្នក​ឯង​ឈ្លានពាន​កម្ពុជា អ្នក​ឯង​បាន​ទៅ​សួរ​សភា​ទេ ដែល​អ្នក​ឯង​យក​កងទ័ព​មក​ដាក់​ហ្នឹង​ណា? ហេតុ​អ្វី​អ្នក​ដក​ទៅ​វិញ អ្នក​ឯង​ទៅ​សួរ​សភា? នេះ​គ្រាន់​តែ​ជា​សម្ដី​ការ​ទូត»។

គេ​បាន​កត់​សម្គាល់​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ នៅ​ពេល​នេះ បាន​ល្អ​ប្រសើរ​ជាង​មុន។ ចំណែក​ឯ​ស្ថានការណ៍​សឹក នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ បាន​ធូរ​ស្រាល ក្រោយ​ពី​អ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) បាន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី ៣ ខែ​កក្កដា ឆ្នាំ ២០១១ កន្លង​ទៅ​នេះ។

កិច្ចប្រជុំ ជី.ប៊ី.ស៊ី នោះ បាន​ផ្អាក​រយៈ​ពេល ៣ ឆ្នាំ​មក​ហើយ តាំង​ពី​កងទ័ព​ថៃ បាន​បើក​ការ​វាយ​ប្រហារ និង​ឈ្លានពាន​ទឹក​ដី​កម្ពុជា នៅ​វត្ត​កែវ សិក្ខាគីរីស្វារៈ ក្បែរ​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ២០០៨ បន្ទាប់​ពី​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ យូនីស្កូ (UNESCO) បាន​ចុះ​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក នៅ​ថ្ងៃ​ទី ៧ ខែ​កក្កដា ឆ្នាំ ២០០៨។

តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ ប្រទេស​ហូល្លង់ដ៍ (Netherland) បាន​ចេញ​ដីកា​បង្គាប់ នៅ​ថ្ងៃ​ទី ១៨ ខែ​កក្កដា ឆ្នាំ ២០១១ កន្លង​ទៅ​នេះ តម្រូវ​ឲ្យ​ភាគី​កម្ពុជា និង​ថៃ ដក​កងទ័ព ចេញ​ពី​តំបន់​គ្មាន​កងទ័ព​ទំហំ​ជាង ១៧ គ.ម ក្រឡា។ ភាគី​កម្ពុជា គឺ​ជា​ដើម​បណ្ដឹង​នៃ​សំណុំ​រឿង​នេះ។

បើ​ទោះ​ជា​ទំនាក់ទំនង​រវាង​កម្ពុជា ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់​ថៃ មើល​ទៅ​ដូច​ជា​បាន​​ប្រសើរ​យ៉ាង​ណា​ក្ដី ក៏​គេ​សង្កេត​ឃើញ​ថា កង​ទាហាន​នៃ​ភាគី​ទាំង​ពីរ​កម្ពុជា-ថៃ នៅ​តែ​មិន​ទាន់​ដក​ទ័ព​ចេញ​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ តាម​បញ្ជា​របស់​តុលាការ​ក្រុង​ឡាអេ នៅ​ឡើយ​ទេ មក​ទល់​ពេល​នេះ៕

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ៖ ថៃ​នឹង​ធ្វើ​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ឡាអេ

ដោយ លាង ដឺលុច
ថ្ងៃ សុក្រ 23 កញ្ញា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ (01:32)

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​លោក ​យុត្ថាសាក់ សាស៊ីប្រាផា កំពុង​ទស្សនកិច្ច​២​ថ្ងៃ​នៅ​កម្ពុជា។ ជា​ទស្សនកិច្ច​ដើម្បី​បង្ហាញ​ខ្លួន​ដល់​សមភាគី​កម្ពុជា បន្ទាប់​ពី​លោក​ទើប​ឡើង​កាន់​តំណែង​ក្នុង​អណត្តិ​រដ្ឋាភិបាល​ថ្មី​ថៃ។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​របស់​លោក​នឹង​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​ អន្តរជាតិ​ក្រុង​ឡាអេ។

រដ្ឋមន្ត្រី​​ការពារជាតិ​ខ្មែរ​ លោក​ ទា ​បាញ់​(ឆ្វេង)​និង​លោក​ យុត្ថាសាក់ សាស៊ី​ប្រាផា​(ស្តាំ)​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ថៃ។​ (RFI/Siv Channa)

រដ្ឋមន្ត្រី ការពារជាតិ ខ្មែរ លោក ទា បាញ់ (ឆ្វេង) និង លោក យុត្ថាសាក់ សាស៊ី ប្រាផា (ស្តាំ) រដ្ឋ មន្ត្រី ការពារ ជាតិ ថៃ។ (RFI/Siv Channa)

ទស្សនកិច្ច​លើក​ដំបូង​របស់​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ថៃ​នៅ​កម្ពុជា​នៅ​ពេល​នេះ គឺ​គ្រាន់​តែ​ជា​ការ​ណែនាំ​ខ្លួន​ចំពោះ​សមភាគី​កម្ពុជា​តែ​ប៉ុណ្ណោះ។ បើទោះជា​មិន​មាន​ការ​ប្រកាស​ណា​មួយ​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ស៊ី​ជម្រៅ​អំពី​ការងារ​ចាំបាច់​ដែល​ប្រទេស​ទាំងពីរ​ត្រូវ​សម្រេច​ទាក់ទងនឹង​បញ្ហា​ព្រំដែន​ដ៏ដោយ រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំង​ពីរ​បាន​យល់ឃើញ​ដូចគ្នា​ថា ការ​ជួបគ្នា​នេះ​គឺ​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ទៅ​រក​ការ​ប្រជុំ​ដ៏​សំខាន់ នោះ​គឺ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC។

ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​នៅ​កម្ពុជា​លើក​ដំបូង​ក៏​បាន​អនុញ្ញាតិ​អោយ​រដ្ឋមន្ត្រី​រូប​នេះ​ប្រកាស​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​កម្ពុជា​ថា ក្រសួង​ការពារ​ជាតិ​ថៃ​របស់​លោក​ក៏​បាន​ត្រៀម​លក្ខណៈ​ចូលរួម​កិច្ច​ប្រជុំ​GBC​រួចហើយ ហើយថា​ចំពោះ​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​នោះប្រទេស​ថៃ​របស់​លោក​ក៏​នឹង​អនុវត្ត​តាម​ការ​ណែនាំ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែរ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​បញ្ជា​អោយ​កម្ពុជា​និង​ថៃ​ដក​កងទ័ព​ចេញ​ពី​តំបន់​ដែល​ត្រូវ​គ្មាន​កងទ័ព​បណ្តោះអាសន្ន​ទំហំ​១៧​គីឡូម៉ែត្រ​ការេ ហើយ​ត្រូវ​ទទួល​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​នៅក្នុង​តំបន់​នោះ។ តាំង​ពី​ថ្ងៃ​ចេញ​សាលក្រម​ថ្ងៃ​ទី​១៨​កក្កដា​មក រហូតដល់ពេលនេះ​កម្ពុជា​និង​ថៃ​នៅ​មិនទាន់​អាចពិភាក្សាគ្នា​សម្រេច​អនុវត្ត​សាលក្រម​តុលាការ​ឡាអេ​នៅឡើយ​ដែរ។
កិច្ច​ប្រជុំ​GBC​ដែល​ត្រូវ​ដឹកនាំដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ថៃ​នោះ ក៏​ភាគី​ទាំងពីរ​នៅ​មិនទាន់​អាច​កំណត់​កាល​បរិច្ឆេទ​នៃ​ការ​ជួប​គ្នា​នៅឡើយ​ដែរ៕

រដ្ឋមន្ត្រី​ក្រសួង​ការ​ជាតិ​ថៃ សុំ​សម្តេច​ហ៊ុន​សែន ដោះលែង​ទណ្ឌិត​ថៃ ២​នាក់​

ដោយ : រតនា
ថ្ងៃទី 23 កញ្ញា 2011
CEN

សម្តេច​ហ៊ុន​សែន ទទួល​ជួប​លោក​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ កាលពី​ល្ងាច​ថ្ងៃទី​២៣​កញ្ញា ឆ្នាំ​២០១១ នៅ​វិមាន​សន្តិភាព​។ រដ្ឋមន្ត្រី​ការពារជាតិ​ថៃ បំពេញ​ទស្សនកិច្ច​លើកដំបូង នៅ​កម្ពុជា ក្រោយ​ពី​ឡើងកាន់តំណែង ក្នុង​រដ្ឋាភិបាល​ថៃ​៕ (រូបថត​៖ ស៊ីវ ចាន់ណា)

សម្តេច ហ៊ុន សែន ទទួល ជួប លោក រដ្ឋមន្ត្រី ការពារជាតិ ថៃ កាលពី ល្ងាច ថ្ងៃទី ២៣ កញ្ញា ឆ្នាំ ២០១១ នៅ វិមាន សន្តិភាព ។ រដ្ឋមន្ត្រី ការពារជាតិ ថៃ បំពេញ ទស្សនកិច្ច លើកដំបូង នៅ កម្ពុជា ក្រោយ ពី ឡើងកាន់តំណែង ក្នុង រដ្ឋាភិបាល ថៃ ៕ (រូបថត ៖ ស៊ីវ ចាន់ណា)

ភ្នំពេញ: ក្នុង​ជំនួប​រវាង​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅឯ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​ឆ្នាំ​២០១១ លោក យុទ្ធ​សក្តិ​សាក់ ស៊ី​ប្រា​ផា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ថៃ​បាន​ស្នើសុំ​ដល់ សម្តេច​ហ៊ុន សែន ជួយ​ពិចារណា​ដោះលែង​ទណ្ឌិត ជនជាតិ​ថៃ​ចំនួន ២ នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ជនជាតិ​ថៃ​ទាំង​ពីរ​នោះ ត្រូវបាន​តុលាការ​កម្ពុជា កាត់ទោស​ពីបទ​ចារ​កម្ម គឺ​ទណ្ឌិត វីរៈ​ស៊ុម ខ្វាម​ឃី​ត និង​ទណ្ឌិត រ៉ាត់​ទ្រី ប៉ៃ​ប៉ូ​តា​ណា​ប៉ៃ​ប៊ូ​ន​។​

សម្តេច​ហ៊ុន​សែន ទទួល​ជួប​លោក​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ កាលពី​ល្ងាច​ថ្ងៃទី​២៣​កញ្ញា ឆ្នាំ​២០១១ នៅ​វិមាន​សន្តិភាព​។ រដ្ឋមន្ត្រី​ការពារជាតិ​ថៃ បំពេញ​ទស្សនកិច្ច​លើកដំបូង នៅ​កម្ពុជា ក្រោយ​ពី​ឡើងកាន់តំណែង ក្នុង​រដ្ឋាភិបាល​ថៃ​៕ (រូបថត​៖ ស៊ីវ ចាន់ណា)

សម្តេច ហ៊ុន សែន ទទួល ជួប លោក រដ្ឋមន្ត្រី ការពារជាតិ ថៃ កាលពី ល្ងាច ថ្ងៃទី ២៣ កញ្ញា ឆ្នាំ ២០១១ នៅ វិមាន សន្តិភាព ។ រដ្ឋមន្ត្រី ការពារជាតិ ថៃ បំពេញ ទស្សនកិច្ច លើកដំបូង នៅ កម្ពុជា ក្រោយ ពី ឡើងកាន់តំណែង ក្នុង រដ្ឋាភិបាល ថៃ ៕ (រូបថត ៖ ស៊ីវ ចាន់ណា)

​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ ក៏​បាន​ជម្រាប​សម្តេច​តេជោ ពី​លទ្ធផល​ជំនួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា ដែល​ក្នុងជំនួប​នោះ ភាគី​ថៃ​យល់ព្រម​អនុវត្ត​តាម​សាលដីកា​របស់​តុលាការ​អន្តរជាតិ​ទី​ក្រុងឡាអេ ដែល​សម្រេច​កាលពី​ថ្ងៃ​ទី​១៨​ខែកក្កដា​ឆ្នាំ​២០១១ ពាក់​ពន្ធ័​នឹង​ការដក​កងទ័ព​ចេញពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​។ នេះ​យោងតាម​ប្រសាសន៍​របស់​លោក អៀង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេជោ​។​

​ជា​ការឆ្លើយតប​ទៅ​លោក យុទ្ធ​សក្តិ​សាក់ ស៊ី​ប្រា​ផា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ថៃ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សភាពការណ៍​កម្ពុជា និង​ថៃ​នៅពេលនេះ បាន​វិល​មក​ស្ថានភាព​ល្អ​វិញ ហើយ​កង​ទព័​នៃ​ប្រទេស​ទាំង​ពីរ​នៅ​​ពេលនេះ មាន​តួនាទី​សម្របសម្រួល ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាង​ពីរ​រស់នៅ​ឲ្យបាន​សុខ​ស្រួល​។​
​ ​
​សម្តេច​ហ៊ុន​សែន បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា គប្បី​មាន​ការលើកទឹកចិត្ត​ដល់​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ និង​ចៀសវាង​ឲ្យខាងតែបាន នូវ​ការផ្ទុះអាវុធ និង​ឲ្យមាន​កិច្ចសហការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ការជួញ​ដូរ​គ្រឿងញៀន ទប់ស្កាត់​ការជួញដូរ​មនុស្ស​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ទប់ស្កាត់​ការ​លួច​កាប់​ឈើ​។​
​ ​
​ពាក់​ពន្ធ័​នឹង​សាលដីកា​របស់​តុលាកា​រ​អន្តរជាតិ​ក្រុងឡាអេ សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​បញ្ជាក់​ថា យើង​ត្រូវតែ​គោរព​សាលដីកា​របស់​តុលាការ​យុត្ត​ធម៌​អន្តរជាតិ ឲ្យបាន​ពេញលេញ​។​

​ចំពោះ​ការស្នើសុំ​ឲ្យមាន​ការជួ​យ​អន្តរាគមន៍​ដោះលែង​ទណ្ឌិត​ថៃ ២​នាក់ គឺ​ត្រូវបាន​សម្តេច​តេជោ​ហ៊ុនសែន បាន​មានប្រសាសន៍​បញ្ជាក់​ទៅកាន់​​លោក យុទ្ធ​សក្តិ​សាក់ ស៊ី​ប្រា​ផា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ថៃ​ជា​បន្ត​ទៀត​ថា គប្បី​បើក​ឲ្យមាន​ការចរចារ​មួយរ​វា​ង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ការដោះដូរ​អ្នកទោស​ទៅ​វិញ​ទៅ​មក​ជា​កញ្ចប់ ពីព្រោះ​ពីព្រោះ​អ្នកទោស​ថៃ​នៅ​កម្ពុជា​មិនមែន​មាន​តែ​ម្នាក់​ទេ គឺ​មាន​ចំនួន ៣៧ នាក់ ហើយ​នៅ​ថៃ​ក៏​មាន​អ្នកទោស​កម្ពុជា​ផងដែរ​។​

​ជាមួយគ្នា​នោះ សម្តេច​តេជោ​ហ៊ុនសែន ក៏​ចូលរួម​ចែករំលែក​នូវ​ទុក្ខលំបាក​របស់​ពលរដ្ឋ​ថៃ ដែល​កំពុង​ជួប​នូវ​គ្រោះ​ទឹកជំនន់​ផងដែរ​៕​

ស្ពាននាគភ្លោះ កោះពេជ្រ នឹងបើកដំណើរការ មុនពេលព្រះរាជ ពិធីបុណ្យអុំទូក

Friday, 23 September 2011
ដោយ៖ អេង គឹមជាង
DAP NEWS

ភ្នំពេញ៖ ស្ពាននាគភ្លោះ កោះពេជ្រ គ្រោងដាក់ឲ្យ ប្រើប្រាស់ក្នុង ខែតុលា ឆ្នាំ២០១១ ខាងមុខនេះ ហើយរហូតមកដល់ បច្ចុប្បន្ន ស្ពានមួយគូនេះ ស្ថាបនាប្រមាណជា ៧៥ភាគរយ ។

យោងតាម គេហទំព័ររបស់ សាលារាជធានី ភ្នំពេញ បានឲ្យដឹងថា ស្ពាននាគភ្លោះ កោះពេជ្រ នឹងបើកឲ្យប្រើប្រាស់ នៅក្នុងខែតុលា ឆ្នាំ២០១១ ខាងមុខនេះ ហើយបានស្ថាបនា ប្រមាណជា ៧៥ ភាគរយហើយ ។

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១ ក៏បានរៀបចំ ពិធីសែនព្រេន សុំម្ចាស់ទឹក ម្ចាស់ដី ដើម្បីសុំសេចក្តីសុខ និងការដាក់តម្លើង បង្កាន់ដៃ ស្ពានភ្លោះនាគ ដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ។

ស្ពាននាគភ្លោះ មកដល់ពេលនេះ នឹងរៀបចំបង្កាន់ដៃ ស្ពានធ្វើអំពី ចំលាក់ថ្មរូបនាគ មានប្រវែង ១០០ម៉ែត្រ និង ទទឹង ១២,៧ម៉ែត្រ និងគ្រោងដាក់ឱ្យ ប្រើប្រាស់ ​នៅពាក់កណ្តាល ខែតុលា ឆ្នាំ២០១១ ខាងមុននេះហើយ ។

សូមបញ្ជាក់ថា ស្ពាននេះ ត្រូវបានបើក ការដ្ឋានសាងសង ចាប់តាំងពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១ កន្លងមក ក្រោមអធិបតី លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

អ្នក​ភូមិ​បឹងកក់​ តាំង​បង្ហាញ​រូបថត​អំពើ​ហិង្សា​ពី​ការ​អភិវឌ្ឍ

ដោយ អ៊ួន ឈិន
2011-09-23
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ បាន​ដាក់​តាំង​រូប​ថត​បង្ហាញ​នូវ​អំពើ​ហិង្សា និង​ការ​កម្ទេច​ផ្ទះ​សម្បែង​ដែល​បង្ក​ឡើង​ដោយ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ស៊ូកាគូ។

២២-កញ្ញា-២០១១៖ ប្រជាពលរដ្ឋ​ឈរ​មើល​រូបថត​អំពី​អំពើ​ហិង្សា​កើត​ចេញ​ពី​ការ​អភិវឌ្ឍ​នៅ​តំបន់​បឹង​កក់ រាជធានី​ភ្នំពេញ។ (RFA/Uon Chhin)

២២-កញ្ញា-២០១១៖ ប្រជាពលរដ្ឋ ឈរ មើល រូបថត អំពី អំពើ ហិង្សា កើត ចេញ ពី ការ អភិវឌ្ឍ នៅ តំបន់ បឹង កក់ រាជធានី ភ្នំពេញ។ (RFA/Uon Chhin)

រូប​ថត​ជាង ៥០​សន្លឹក​ត្រូវ​បាន​អ្នក​ភូមិ​បឹងកក់​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ ចាប់​ពី​តាំង​ពី​រសៀល​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១១។

រូបថត​ទាំង​អស់​សុទ្ធ​តែ​បង្ហាញ​អំពី​សកម្មភាព​ទាក់ទិន​នឹង​ការ​អភិវឌ្ឍ​តំបន់​បឹងកក់ ដូច​ជា​ការ​រុះរើ ការ​វាយ​កម្ទេច​ផ្ទះ​ដោយ​ក្រុមហ៊ុន​ស៊ូកាគូ ការ​តវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន ព្រមទាំង​ការ​ប្រើ​អំពើហិង្សា​ពី​សំណាក់​បុគ្គលិក​ក្រុមហ៊ុន និង​កង​កម្លាំង​អាជ្ញាធរ ទៅ​លើ​ប្រជាពលរដ្ឋ​តំបន់​បឹងកក់។ ក្នុង​នោះ​មាន​រូប​ថត​ខ្លះ​បង្ហាញ​ពី​ការ​វាយដំ​ដោយ​កម្លាំង​ប្រដាប់​អាវុធ ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ជា​ស្ត្រី​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​រលូត​កូន ហើយ​មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​មុខ លោក ឡៅ ម៉េងឃីន និង​អ្នកស្រី ជឹង សុភាព ដោយ​អ្នក​ភូមិ​សរសេរ​បញ្ជាក់​ថា ពួក​គាត់​ជា​ម្ចាស់​ក្រុមហ៊ុន​ស៊ូកាគូ ដែល​កំពុង​អភិវឌ្ឍន៍​តំបន់​បឹងកក់។

តំណាង​ប្រជាពលរដ្ឋ​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ពន្យល់​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ថា គោល​បំណង​នៃ​ការ​ដាក់​តាំង​រូប​ថត គឺ​ដើម្បី​បង្ហាញ​ដល់​សាធារណជន​ជាតិ និង​អន្តរជាតិ​ឲ្យ​បាន​ដឹង​ពី​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​តំបន់​បឹងកក់ និង​ជា​ការ​រំឭក​ឲ្យ​ប្រជាពលរដ្ឋ​តំបន់​បឹងកក់​រក្សា​សាមគ្គីភាព​ជាមួយ​គ្នា​ទប់ទល់​នឹង​អំពើ​ហិង្សា ហើយ​ក៏​ជា​ការ​អប់រំ​កុំ​ឲ្យ​កុមារ​ត្រាប់​តាម​អំពើហិង្សា​ដូច​ក្នុង​រូបភាព​ទាំង​នោះ​ដែរ។

អ្នក​ភូមិ​បឹងកក់​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ដែល​ទើប​ត្រូវ​បាន​ក្រុមហ៊ុន​ស៊ូកាគូ កម្ទេច​ផ្ទះ​កាល​ពី​ថ្ង​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១១ លោក ដួង គា ថ្លែង​ថា ការ​ដាក់​តាំង​រូប​ថត គឺ​ជា​ការ​បក​អាក្រាត​នូវ​អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​ស៊ូកាគូ និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ។

ពលរដ្ឋ​រស់​នៅ​ភូមិ​២០ នៃ​តំបន់​បឹងកក់ អ្នកស្រី សុខ គីម មាន​ប្រសាសន៍​ថា អ្នកស្រី​ក៏​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា និង​បាន​ឃើញ​ព្រឹត្តិការណ៍​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​បឹង​កក់​ទាំង ៨​គ្រួសារ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​ដែរ តែ​ក្រោយ​ពី​បាន​ទស្សនា​រូប​ថត អ្នកស្រី​កាន់​តែ​មាន​អារម្មណ៍​ខ្លោចផ្សា​ចំពោះ​អ្នកភូមិ​បឹងកក់​ទាំង​អស់ ហើយ​អ្នកស្រី​តាំង​ចិត្ត​មិន​បោះបង់​ចោល​គ្នា​ឡើយ។

អ្នកស្រី ទេព វន្នី អះអាង​ថា ការ​ដាក់​តាំង​រូបថត ទទួល​បាន​ជោគជ័យ​ហួស​ពី​ការ​ស្មាន គឺ​វា​ទាក់ទាញ​អ្នក​ទស្សនា​បាន​ច្រើន ទាំង​ជាតិ និង​អន្តរជាតិ ហើយ​ចំនួន​អ្នក​ទស្សនា​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ អ្នកស្រី ទេព វន្នី បញ្ជាក់​ថា ការ​ដាក់​តាំង​រូប​ថត​នឹង​បន្ត​រហូត​ទាល់​មាន​ដំណោះស្រាយ​សម្រាប់​ប្រជាពលរដ្ឋ​តំបន់​បឹងកក់​ចប់​សព្វ​គ្រប់៕

បក្ស​​​ប្រឆាំង​ថា​ពលរដ្ឋ​ខ្មែរ​ខ្លះ​ត្រូវ​បាន​រារាំង​សម្រាប់​ការ​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​ខណៈ​​ជន​ជាតិ​​យួន​ ត្រូវ​ បាន​ផ្ដល់​សិទ្ធិ

សុក្រ 23 កញ្ញា 2011
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ​បើ​ទោះ​បី​មាន​ការ​លើក​លែង​ពី​​ក្រសួង​ មហាផ្ទៃ​សម្រាប់​អ្នក​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​ផុត​សុពលភាព​ក្ដី ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​​អត្តសញ្ញាណ ប័ណ្ណ​​ផុត​សុពលភាព ពួក​គេ​ត្រូវ​បាន​បដិសេធ​ដោយ​ស្មៀន​ឃុំ-សង្កាត់​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​ក្រោយ​។ខុស​ផ្ទុយ​ពី​ជន​អន្តោប្រវេសន៍​យួន​​ដែល​ត្រូវ​បាន​ជួយ​ជ្រោមជ្រែង ។

ពលរដ្ឋខ្មែរនាំគ្នាពិនិត្យមើលឈ្មោះបោះឆ្នោត

ពលរដ្ឋខ្មែរនាំគ្នាពិនិត្យមើលឈ្មោះបោះឆ្នោត

លោក​ ហ៊ី យឿន សមាជិក​គណៈកម្មាធិការ​រៀប​ចំការ​បោះ​ឆ្នោត​ពី​គណបក្ស​សម​រង្ស៊ី បាន​ថ្លែង​នៅ​ក្នុង​សន្និសិទ​ការ​សែត​មួយ​ឯ​ទី​ស្នាក់​ការ​​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ថា ”យើង​បារម្ភ​ថា​មាន​ជន​ជាតិ​ វៀតណាម​ជា​ច្រើន ដែល​ពុំ​មាន​សញ្ជាតិ​ជា​ខ្មែរ ,ប៉ុន្តែ​មាន​អត្តសញ្ញាណ​ប័ណ្ណ​ខ្មែរ​ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត”​។

ដោយ​បាន​បន្ត​ថា លោក​បាន​ទទួល​សេចក្ដី​រាយការណ៍​ពី​ឃុំ-សង្កាត់​មួយ​ចំនួន​ថា​ស្មៀន​ឃុំ​សង្កាត់​ខ្លះ​កំពុង​ រារាំង​​​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់​ មិន​ឲ្យ​ចុះ​ឈ្មោះ​ប្រសិន​បើ​ពួក​គាត់​មាន​អត្តសញ្ញាណ​ប័ណ្ណ​ដែល​អស់​ សុពលភាព ។

លោក​ យឿន​បាន​ចោទ​ថា ជន​ជាតិ​យួន​ដែល​រស់​នៅ​លើ​ដីខ្មែរ​ភាគ​ច្រើន​ខុស​ច្បាប់ ពួក​គេ​ពុំ​មាន​ការ​ផ្ដល់​​សញ្ជាតិ​ឲ្យ​ពី​មហាក្សត្រ​កម្ពុជា​ស្រប​តាម​ច្បាប់​សញ្ជាតិ​​​ឡើយ។​ហើយ​ទាមទារ​ឲ្យ​គ.ជ.ប​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​បញ្ហា​នេះ ។

បើ​ទោះ​បី​​ច្បាប់​បោះ​ឆ្នោត​របស់​ប្រទេស​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​តែ​ជនជាតិ​ខ្មែរ​និង​មាន​សញ្ជាតិ​ជា​ខ្មែរ​​ស្រប​តាម​ច្បាប់​ទើប​មាន​សិទ្ធិ​ចុះឈ្មោះ​បោះ​ឆ្នោត​ក្ដី។ ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​និយាយ​ថា នេះ​មិន​​មែន​​ជា​បញ្ហា​ដែល​ខ្លួន​ត្រូវ​ដោះ​ស្រាយ​ឡើយ​។

ទេព ​នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​និយាយ​ថា ” ទាំង​នេះ​វា​មិន​មែន​ជា​តួនាទី​របស់​គ.ជ.ប​​ក្នុង​ការ​ពិនិត្យ​មើល​សញ្ជាតិ ឬ​ស៊ើប​រក​ប្រភព​ដែល​បាន​ផ្ដល់​សញ្ជាតិ​ដល់​អ្នក​ណា​ម្នាក់​ឡើយ “៕

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សៀម​ថា ការ​ដក​ទ័ព​បាន​​គឺ​អាស្រ័យ​លើ​ការ​សម្រេច​របស់​សភា

សុក្រ 23 កញ្ញា 2011
មាសមុន្នី
ទស្សនាវដ្តីសារព័ត៌មានសេរី

យុទ្ធស័ក្ដិ សាក់ស៊ីប្រាផា ត្រូវបានស្វាគមន៏ដោយមន្ត្រីក្រសួងការពារជាតិខ្មែរ

យុទ្ធស័ក្ដិ សាក់ស៊ីប្រាផា ត្រូវបានស្វាគមន៏ដោយមន្ត្រីក្រសួងការពារជាតិខ្មែរ

ខណៈ​ដែល​​​​កម្ពុជា​បាន​សម្រេច​ដក​កង​ទ័ព​របស់​ខ្លួន​ចេញ​ជា​បណ្ដើរៗ​ពី​តំបន់​​គ្មាន​កងទ័ព​ទំ​ដី​១៧​គីឡូម៉ែត្រ​ក្រឡា នៅ​ជុំវិញ​​ប្រាសាទ​ព្រះវិហារ​ស្រប​តាម​សាល​ក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ​បន្ទាប់​ពី​ជំនួប​បិទ​ទ្វារ​រយៈពេល​ជាង​៣០នាទី​ព្រឹក​មិញ​ជា​មួយទៀ បាញ់ រដ្ឋមន្ត្រី​​ក្រសួង​ការពារ​ជាតិ​សៀម បាន​ប្រាប់​ថា ពេល​នេះ​រដ្ឋាភិបាល​របស់​ខ្លួន​មិន​ទាន់​មាន​ការ​សម្រេច​ដក​កង​ទ័ព​ចេញ​ទេ ដ៏​រាប​ណា​ពុំ​ទាន់​មាន​ការ​អនុម័ត​ពី​សភា ។

យុទ្ធស័ក្ដិ ស៊ីប្រាផា បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​តាម​រយៈ​អ្នក​បក​ប្រែ​ថា ” ការ​យឺតយ៉ាវ គឺ​បណ្ដាល​មក​ពី​ច្បាប់​របស់​ប្រទេស​ថៃ , ធ្វើ​អ្វី​ក៏​ដោយ​សម្រាប់​ប្រទេស​ថៃ គឺ​ត្រូវ​តែ​ឆ្លង​កាត់​​រដ្ឋសភា​សិន…” ។

សាល​ក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​​ទី​ក្រុង​ឡា​អេ កាល​ពី​ថ្ងៃ​ទី​១៨​កក្កដា បាន​តម្រូវ​ឲ្យ​​ប្រទេស​ទាំង​​ពីរ​​ដក​កង​ទ័ព​របស់​ខ្លួន ចេញ​ពី​តំបន់​ដែល​ត្រូវ​បាន​កំណត់​ថា គ្មាន​កង​ទ័ព​ទំហំ​១៧​គីឡូ​ម៉ែត្រ​ក្រឡា។ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ខ្មែរ​រំពឹង​ថា នឹង​មាន​ការ​ជួប​គ្នា​និយាយ​ពី​បញ្ហា​នេះ ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំ​ដែន​ទូទៅ​(JBC) នា​ពេល​ខាង​មុខ ៕

យុទ្ធស័ក្ដិ​ ស៊ីប្រាផា បាន​មក​ដល់​កម្ពុជា​​វេលា​ម៉ោង​៩​និង​៣០នាទី ហើយ​តាម​គម្រោង​នឹង​ចាក​ចេញ​ទៅ​វិញ​នា​ល្ងាច​ថ្ងៃ​នេះ បន្ទាប់​ពី​ជួប ហ៊ុន សែន នៅ​ម៉ោង​៤និង៣០​​នាទី​រសៀល ៕

ស្ថានភាព​ទឹក​ជំនន់​ នៅ​កម្ពុជា​ នា​ថ្ងៃ​ទី ​២៣​កញ្ញា​

ដោយ លី ម៉េងហួរ
ថ្ងៃ សុក្រ 23 កញ្ញា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ លី ម៉េងហូរ ពីភ្នំពេញ (03:06)

នៅ​ថ្ងៃ​ទី​២៣​កញ្ញា​នេះ ​ទឹក​ជំនន់​ ដោយ​សារ​ទឹក​ទន្លេ ​និង​ជំនន់​ទឹកភ្លៀង​ បាន​បន្ត​ជន់​លិច​ យ៉ាង​​ហោច​​ណាស់ ​១៥​ ខេត្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា។​ នៅ​ថ្ងៃ​នេះ ​នៅ​ទីរួម​ខេត្ត​ព្រៃវែង​និង​​ទីរួម​ខេត្ត​សៀមរាប​ ត្រូវ​ទឹក​ជន់​លិច។​ រីឯ​បណ្តា​ខេត្ត​ជាប់​ដង​ទន្លេ​ ក៏​ពោរពេញ​ដោយ​ទឹក​ជំនន់។​ វាល​​ស្រែ​រាប់ពាន់​ហិ​កតា​ ត្រូវ​ទឹក​លិច​ ជាមួយ​នឹង​ផ្លូវ​រាប់​ពាន់​ម៉ែត្រ ​ក៏​ត្រូវ​ទឹក​ជំនន់​ កាត់​ផ្តាច់​​ផង​​ដែរ។​ ចំណែក​អ្នក​ភូមិ​រាប់ពាន់​គ្រួសារ​ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព។​ គិត​​ចាប់​​ពី​ខែ​សីហា​ នៅ​ពេល​ទឹក​ ចាប់​ផ្តើម​ជោរ​ជន់​ រហូត​ដល់​ពេល​នេះ ​យ៉ាងហោច​ណាស់​ មាន​​មនុស្ស​​ជាង​ ៤០​ នាក់​បាន​ស្លាប់​ដោយ​សារ​លង់ទឹក។

ឧទ្ធម្ភាគចក្រ​​មកជួយ​ដឹក​ប្រជាជន​នៅក្នុងតំបន់លិច​ទឹក​ក្នុង​ខេត្ត​សៀមរាប។ (RFI/Ly Meng Hour)

ឧទ្ធម្ភាគចក្រ មកជួយ ដឹក ប្រជាជន នៅក្នុងតំបន់លិច ទឹក ក្នុង ខេត្ត សៀមរាប។ (RFI/Ly Meng Hour)

តាមមន្ត្រីជំនាញ រហូតដល់ថ្ងៃទី២៣កញ្ញានេះ ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងបឹងទន្លេសាប បូករួមទាំងជំនន់ទឹកភ្លៀង នៅតែបន្តកើនឡើង បណ្តាលឲ្យលិចលង់ផ្ទះសម្បែងប្រជាជន និង​ផ្លូវ​ធ្វើដំណើររាប់ពាន់ម៉ែត្រ។

នៅខេត្តស្ទឹងត្រែង ក្រចេះ ព្រៃវែង ខេត្តកណ្តាល និងខេត្តកំពង់ចាម ប្រជាជនរាប់ពាន់គ្រួសារ ត្រូវបានជម្លៀស​ទៅ​កាន់ទីទួលសុវត្ថិភាព។ ទឹកទន្លេមេគង្គ ក៏បានពន្លិចវាលស្រែ ច្បារដំណាំ និងផ្លូវរាប់ពាន់ម៉ែត្រ។

ទឹកទន្លេមេគង្គ បានឡើង ​លើស​ពី​កម្រិត​ប្រកាសអាសន្ន​។ ​នៅ​ថ្ងៃនេះ នៅខេត្តកំពង់ចាម សល់​​​តែកន្លះម៉ែត្រទៀត នឹងលិចទីរួមខេត្ត។ក្នុងនោះ ផ្លូវមួយចំនួន ត្រូវទឹកលិច មិនអាច​ឆ្លង​កាត់​បាន។ បណ្តាស្រុក នៅជាប់មាត់ទន្លេ ក្នុងខេត្តកំពង់ចាម ត្រូវលិចលង់ទាំងស្រុង។ ផ្ទៃដី​បង្ក​បង្កើនផលយ៉ាងហោចណាស់ ៥០០០ ហិកតា ពោរពេញដោយទឹកជំនន់។ ដោយឡែក​នៅក្រចេះទឹកជំនន់ បានលិច​កាត់​ផ្តាច់​ចរាចរណ៍តាមផ្លូវមួយចំនួន។ នៅឯទីរួមខេត្តព្រៃវែង នៅ​ថ្ងៃទី២៣កញ្ញា ក៏បានលិចលង់។

ស្ថានភាព​ទឹកជំនន់​នៅ​ខេត្ត​កំពង់ធំ សន្ទូង​ស្រូវប្រមាណ ២៥.០០០ ហិកតា ត្រូវលិចលង់។ រីឯ ប្រជា​ជនប្រមាណ ៦.០០០ គ្រួសារ ត្រូវ​ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ​ផ្លូវជាតិ​ផ្លូវ​ខេត្ត និង​ផ្លូវលំ​រាប់រយ​ម៉ែត្រ​ ត្រូវលិច ដោយសារ​តែ​ទឹកភ្លៀង​ជន់​ជោរ តាម​បណ្តោយ​ស្ទឹងសែន និងទឹក​បឹងទន្លេសាប។ ខេត្តកំពង់ធំរងគ្រោះធ្ងន់ធ្ងរជាងគេ។
នៅឯខេត្តសៀមរាប ទឹកជំនន់ដែលបានឡើងជន់លិចលំនៅដ្ឋាន និងផ្លូវសំខាន់ៗ ព្រមទាំង​លិច​កំណាត់ផ្លូវជាតិលេខ ៦៧ កាលពីថ្ងៃទី២២ ខែកញ្ញា ម្សិលមិញ នៅស្រុកបន្ទាយស្រី និង​តំបន់​ស្រែណូយ ក្នុងស្រុកវ៉ារិន ឥឡូវនេះ ទឹកភ្លៀងបានស្រកទៅវិញហើយ។ ប៉ុន្តែមកដល់​ថ្ងៃទី២៣កញ្ញានេះ នៅទីរួមខេត្តសៀមរាប ត្រូវជន់លិច។ ក្នុងនោះប្រជាជនរាប់សិបគ្រួសារ ត្រូវ​បានជម្លៀសចេញពីភូមិដ្ឋាន។

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ទឹកជំនន់ រាប់​ទាំង​ទឹកជំនន់ទន្លេមេគង្គ និងទឹកជំនន់ ដោយសារទឹកភ្លៀង បានប៉ះពាល់ធ្ងន់ធ្ងរលើ ១៥ ខេត្ត។ ក្នុងនោះ ទឹកជំនន់ បានសម្លាប់ជីវិតមនុស្សជាង ៤០ នាក់ គិតចាប់ពីចុងខែសីហា។ ខេត្ត​កំពង់ធំ មានមនុស្សស្លាប់ ១៥ នាក់ និងខេត្តកំពង់ចាម មានជាង ១០ នាក់។

ចំណែកអ្នកជំនាញខាងឧតុនិយម បានបញ្ជាក់ថា នៅ​បណ្តាខេត្តតាម​ដង​ទន្លេ នឹង​នៅតែ​បន្ត​កើនឡើង រហូត​ដល់​ថ្ងៃ​ទី​២៤​កញ្ញា ឆ្នាំ​២០១១​។​

​ក៏​ប៉ុន្តែ​មន្ត្រី​ជំនាញ បញ្ជាក់​ថា ​ភ្លៀង​ធ្លាក់​ខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កំពុងគម្រាមកំហែង​ដល់តំបន់ជាយក្រុង​ភ្នំពេញ និង​ទឹកដី​ខេត្ត​កំពង់ស្ពឺ ដែលអាចនឹងមានជំនន់ទឹកភ្លៀង​។​
​អំពី​ផលប៉ះពាល់​ដោយសារ​តែ​គ្រោះ​ទឹកជំនន់​ទឹកទន្លេ និង​ជំនន់​ទឹកភ្លៀង អាជ្ញាធរកំពុងបូក​សរុប។ ប៉ុន្តែមន្ត្រីជំនាញអះអាង ទឹកជំនន់នាពេលនេះ មានលក្ខណៈប្រហាក់ប្រហែល​នឹងទឹក​ជំនន់​សហវត្សរ៍ កាលពីឆ្នាំ២០០០៕

នៅ​ថ្ងៃ​ទី​២៣​កញ្ញា​នេះ ​ទឹក​ជំនន់​ ដោយ​សារ​ទឹក​ទន្លេ ​និង​ជំនន់​ទឹកភ្លៀង​ បាន​បន្ត​ជន់​លិច​ យ៉ាង​​ហោច​​ណាស់ ​១៥​ ខេត្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា។​ នៅ​ថ្ងៃ​នេះ ​នៅ​ទីរួម​ខេត្ត​ព្រៃវែង​និង​​ទីរួម​ខេត្ត​សៀមរាប​ ត្រូវ​ទឹក​ជន់​លិច។​ រីឯ​បណ្តា​ខេត្ត​ជាប់​ដង​ទន្លេ​ ក៏​ពោរពេញ​ដោយ​ទឹក​ជំនន់។​ វាល​​ស្រែ​រាប់ពាន់​ហិ​កតា​ ត្រូវ​ទឹក​លិច​ ជាមួយ​នឹង​ផ្លូវ​រាប់​ពាន់​ម៉ែត្រ ​ក៏​ត្រូវ​ទឹក​ជំនន់​ កាត់​ផ្តាច់​​ផង​​ដែរ។​ ចំណែក​អ្នក​ភូមិ​រាប់ពាន់​គ្រួសារ​ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព។​ គិត​​ចាប់​​ពី​ខែ​សីហា​ នៅ​ពេល​ទឹក​ ចាប់​ផ្តើម​ជោរ​ជន់​ រហូត​ដល់​ពេល​នេះ ​យ៉ាងហោច​ណាស់​ មាន​​មនុស្ស​​ជាង​ ៤០​ នាក់​បាន​ស្លាប់​ដោយ​សារ​លង់ទឹក។

ទឹក​ហូរ​ពី​ថៃ កំពុង​បុក​ផ្តាច់​ផ្លូវ​នៅ​អូរជ្រៅ ខេត្តបន្ទាយមានជ័យ រថយន្ត​ធុន​ធំ ផ្អាក​ឆ្លងកាត់​

ដោយ : សូផុន
ថ្ងៃទី 23 កញ្ញា 2011
CEN

បន្ទាយមានជ័យ: ​ទឹកជំនន់ បង្កដោយ​ទឹកភ្លៀង ដែល​ហូរ​បុក​ពី​ប្រទេស​ថៃ មក​តាម​ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ កំពុង​បង្ក​ពេញប្រៀប​តាម​វាលស្រែ ផ្លូវថ្នល់ និង​ហូរ​ច្រោះ​ផ្តាច់​ផ្លូវលំ ក្នុង​ឃុំ​អូរ​បី​ជាន់ កូប និង​សឹង្ហ ក្នុងស្រុក​អូរជ្រៅ នៅ​ល្ងាច​ថ្ងៃទី​២៣ កញ្ញា ឆ្នាំ​២០១១ ។​

​ចរាចរណ៍​រថយន្ត​ធុន​ធ្ងន់​ផ្ទុក ត្រូវបាន​ផ្អាក​ចរាចរណ៍ នៅ​មក​តំបន់​ព្រំដែន តាម​ផ្លូវលំ គុ​ត្ត​សត​-​អូរ​បី​ជាន់​-​ព្រៃ​ចាន់​-​ជោគជ័យ ក្នុង​ឃុំ​កូប និង​ឃុំ​អូរ​បី​ជាន់ ព្រោះ​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ និង​ទឹកជំនន់​ពី​ថៃ បាន​ហូរ​បុក​មក​ប្រៀប​ស្រែ ផ្លូវ និង​ហូរ​លើផ្លូវ​ច្រោះ​ជា​បណ្តើរៗ​ហើយ​។​

​ប្រភព​បាន​បន្តថា បើ​គិត​ប្រយោជន៍​ឈ្មួយ​១​ក្តាប់​តូច គឺ​បំផ្លាញ​ផ្លូវ​ទាំងនេះហើយ​។ រីឯ​ផ្លូវលំ​ជាច្រើន ផ្លូវ​ខេត្ត និង​ជាតិ​លេខ​៥៦ ក្នុង​ក្រុង​សិរីសោភ័ណ ស្រុក​ស្វាយចេក ស្រុង​ថ្មពួក វិញ​បាន​ខូចខាត​យ៉ាង​ធ្ងន់​ធរ​ស្ទើរតែ​ចរាចរណ៍​លែងកើត​ហើយ មកដល់ពេលនេះ​។​

​ផ្លូវ​កៅស៊ូ​និង​ផ្លូវដី​គ្រួស​មាននៅ​ក្រុង​សិរីសោភ័ណ ប៉ោយប៉ែត និង​ស្រុក​ចំនួន ៧​ផ្សេងទៀត រង​ការប៉ះពាល់​និង​ខូចខាត​បណ្តើរៗ និង​កាន់តែ​ធ្ងន់​ពេល​ភ្លៀង​ធ្លាក់​រណ្តំ​នោះ​៕

ទឹក​ជំនន់​ហូរ​កាត់​ផ្ដាច់​ផ្លូវ​ពី​ក្រចេះ​មក​ភ្នំពេញ

ដោយ កែវ និមល
2011-09-23
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

ទឹក​ទន្លេ​មេគង្គ​បន្ត​ឡើង ហើយ​ភ្លៀង​បន្ត​ធ្លាក់ ធ្វើ​ឲ្យ​ទី​រួម​ខេត្ត​ក្រចេះ​លិច។ មនុស្ស​ជា​ច្រើន​បាន​ចាប់​ផ្ដើម​រើ​អីវ៉ាន់​មក​នៅ​តំបន់​ទី​ទួល។ ផ្លូវ​ថ្នល់​មួយ​ចំនួន​ចាប់​ផ្ដើម​លិច​មិន​អាច​ធ្វើ​ដំណើរ​បាន។

លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ខេត្ត​ក្រចេះ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ថា ការ​ធ្វើ​ដំណើរ​ពី​ខេត្ត​ក្រចេះ ទៅ​ភ្នំពេញ កាត់​តាម​ស្រុក​ឆ្លូង បាន​ផ្អាក​ហើយ ដោយសារ​ទឹក​លិច​នៅ​ចំណុច​ទំនាប​មួយ​ចំនួន​នៅ​ក្រុង​ក្រចេះ និង​ស្រុក​ឆ្លូង។ ចាប់​ពី​ពេល​នេះ​ទៅ ការ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅ​ក្រចេះ តាម​រថយន្ត គឺ​ត្រូវ​កាត់​តាម​ទី​រួម​ស្រុក​ស្នួល ដែល​មាន​ចម្ងាយ​ផ្លូវ​សរុប ៣៤០​គីឡូម៉ែត្រ។

លោក​បន្ត​ថា ចំណុច​ដែល​មាន​ទឹក​លិច​នោះ គឺ​តាម​ផ្លូវ​ជាតិ​លេខ​៧៣ នៅ​ភូមិ​បុសលាវ ភូមិ​ព្រែកតាអាំ និង​ចំណុច​ឃុំ​ហានជ័យ។ ទឹក​លិច​ផ្លូវ​ជាតិ​៧៣ ប្រហែល ៩​គីឡួម៉ែត្រ។

លោក ស្រេង ស្រស់ បន្ថែម ៖ «ទឹក​ជំនន់​លិច​ពី​ឆ្លូង​ទៅ​ក្រចេះ​នេះ ទឹក​លិច​ដល់​ទៅ ៤​តឹក។ យើង​ចេញ​សេចក្ដី​ជូន​ដំណឹង​យប់​ថ្ងៃ​ទី​២២ ម៉ោង ៦​ល្ងាច។ ពេល​នោះ​ទឹក​លិច​ប្រហែល ៧០០​ម៉ែត្រ​ទេ ហើយ​ជម្រៅ​ទឹក​ប្រហែល​ជា ២​តឹក​កន្លែង​ជ្រៅ​នោះ។ តែ​ឥឡូវ​មក​ដល់​ម៉ោង ៩​នេះ ក្រចេះ ឆ្លូង​ចម្ងាយ​ផ្លូវ ៣០​គីឡូ​ម៉ែត្រ​នេះ វា​លិច​អស់ ៨​គីឡូ ៧០០​ម៉ែត្រ​ហើយ»។

ក្រៅ​ពី​ទឹក​លិច​ផ្លូវ​ជាតិ​ធ្វើ​ដំណើរ​ពី​ក្រចេះ ទៅ​ភ្នំពេញ នៅ​ទី​រួម​ខេត្ត​ក្រចេះ ក៏​មាន​ទឹក​លិច​ដែរ ជា​ពិសេស​នៅ​ចំណុច​ជុំវិញ​ផ្សារ និង​ផ្លូវ​មួយ​កណ្ដាល​ក្រុង ក្នុង​ចំណោម​ផ្លូវ​ក្នុង​ក្រុង​ទាំង​៣ របស់​ខេត្ត​ក្រចេះ ៖ «ហើយ​ខាង​ជើង​ផ្សារ​បេនឡាន​អី​នោះ​ក៏​លិច​ដែរ។ ពី​ផ្សារ​រហូត​ទៅ​គេ​ហៅ​ផ្លូវ​កណ្ដាល​នោះ អា​ផ្លូវ​កណ្ដាល​លិច​ទាំង​អស់។ ផ្ទះ​ដែល​នៅ​សង្ខាង​ផ្លូវ​កណ្ដាល​នោះ​ក៏​លិច​ដែរ។ ស្រុក​ក្រចេះ វា​ទំនាប​ខ្លាំង ហើយ​ភ្លៀង​អត់​ស្រាក​សោះ។ ភ្លៀង​រហូត​ទាំង​យប់​ទាំង​ថ្ងៃ»។

លោក ស្រេង ស្រស់ បាន​ឲ្យ​ដឹង​ដែរ​ថា ផ្លូវ​ពី​ក្រចេះ​ទៅ​ខេត្ត​ស្ទឹងត្រែង ក៏​លិច​ដែរ គឺ​លិច​ផ្លូវ​អែប​មាត់​ទន្លេ​ពី​ឃុំ​សណ្ដាន់ ទៅ​ស្រុក​សំបូរ។ លិច​ផ្លូវ​ប្រវែង​ជិត ២​គីឡូម៉ែត្រ ហើយ​មាន​ជម្រៅ​ប្រមាណ ១,៨០​ម៉ែត្រ។

ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក​ជំនន់​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ថា ទឹក​ទន្លេ​មេគង្គ​នៅ​ខេត្ត​ក្រចេះ កម្ពស់ ២២,៦០​ម៉ែត្រ លើស​កម្រិត​កម្ពស់​ទឹក​ប្រកាស​អាសន្ន​ចំនួន ០,៦០​ម៉ែត្រ។ ទឹក​ទន្លេ​មេគង្គ​នៅ​ស្ទឹងត្រែង កម្ពស់ ១១,២៥​ម៉ែត្រ លើស​កម្រិត​កម្ពស់​ទឹក​ប្រកាស​អាសន្ន​ចំនួន ០,៥៥​ម៉ែត្រ និង​នៅ​ខេត្ត​កំពង់ចាម ទឹក​ទន្លេ​មាន​កម្ពស់ ១៥,៦៧​ម៉ែត្រ លើស​កម្រិត​កម្ពស់​ទឹក​ប្រកាស​អាសន្ន​ចំនួន ០,៤៧​ម៉ែត្រ។

លោក ខណ្ឌ ចំណាន នាយ​ខុទ្ទកាល័យ​សាលា​ខេត្ត​ក្រចេះ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ខេត្ត​ក្រចេះ លិច​ទឹក​មក មាន​ដី​ស្រែ​ជាង ៦.០០០​ហិកតារ បាន​លិច​ទឹក ក្នុង​នោះ​មាន​ស្រូវ​ជាង ២.០០០​ហិកតារ​បាន​ខូចខាត​ទាំង​ស្រុង៕

ទឹកជំនន់​ទន្លេមេគង្គ​ជន់​ឡើង​លើក​ទី​៣ លិច​ផ្ទះ​ពលរដ្ឋ​នៅ​ខេត្តក្រចេះ កាត់​ផ្តា​ត់​ផ្លូវ​លេខ​៧៣ ពី​ក្រចេះ​ទៅ​ស្រុក​ឆ្លូង

ដោយ : សេសាន
ថ្ងៃទី 23 កញ្ញា 2011
CEN

ក្រចេះ:ទឹកជំនន់​ទន្លេមេគង្គ កំពុង​ជន់​ឡើងជា​លើក​ទី​៣ យ៉ាងខ្លាំងបំផុត ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ធ្វើឱ្យ​ក្រុង​ក្រចេះ​មួយផ្នែក ត្រូវ​ជន់​លិច​។ ចាប់ពី​ម៉ោង ៤​រសៀល ថ្ងៃទី​២២ រហូតដល់​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១១  អាជ្ញាធរ​ខេត្តក្រចេះ បាន​បិទ​ផ្អាក​ចរាចរណ៍​ផ្លូវជាតិ​លេខ​៧៣ ចាប់ពី​ក្រុង​ក្រចេះ ចំណុច​ស្ពាន​ទេរ ទៅដល់ ស្ពាន​ព្រែ​កតា​អរ ក្នុងស្រុក​ឆ្លូង ដោយសារតែ​ទឹក​ជន់​លិច​ចំងាយ ១៥ គីឡូម៉ែត្រ និង​មាន​កម្ពស់​ចាប់ពី ២ ទៅ ៤ តឹក​។ អ្នកដំណើរ ត្រូវ​ទៅតាម​ផ្លូវ​វាង ក្នុងស្រុក​ស្នូល​។ នេះ​បើតាម​ការដឹង​ពី​លោកស្រី ស្រី សុខុន អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​។​

​ចំណែក​ស្រុក​ចំនួន ៤​ទៀត គឺ​ស្រុក​ចិត្រ​បុរី ស្រុក​ឆ្លូង ស្រុក​សម្បូរ និង​ស្រុក​ព្រែក​ប្រសព្វ ត្រូវ​លិចលង់​ជាច្រើន​កន្លែង រួមទាំង​ផ្ទៃដី​ស្រូវវស្សា​ជាង ៧.០០០ ហិកតា និង ដំណាំ​រួមផ្សំ​ជាច្រើន​រយ​ហិកតា​ទៀត ក៏ត្រូវ​គ្របដណ្តប់​ដោយ​ផ្ទៃ​ទឹក​។​

​លោក ហេង រត្ន​ម៉ូ​នី​ដា  ប្រធាន​មន្ទីរ​ធន​ធា​ធាន​ទឹក និង​ឧ​ត្ត​ម​និយម ខេត្តក្រចេះ បានឱ្យដឹងថា នៅ​ស្ថានីយ៍​ជល​សាស្ត្រ​ខេត្តក្រចេះ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១១ ទឹក​មាន ២២,៦៥ ម៉ែត្រ ខ្ពស់ជាង កម្រិត​កម្ពស់​ខ្ពស់បំផុត កាលពី​ជំនន់​ដំណាកកាល​ទី​១ និង​ទី​២ ប្រមាណ ០,៨៤ ម៉ែត្រ ហើយ​ល្បឿន​ទឹកទន្លេ​នៅតែ​ជន់​ឡើងជា​បន្តទៀត ដែល​អាចធ្វើឱ្យ​ខេត្តក្រចេះ​ទាំងមូល មានការ​លិចលង់​កាន់​តែ​ច្រើន​ជាងនេះទៅទៀត ។​

​លោក​ប្រធាន​មន្ទីរ បានឱ្យដឹងថា កំពស់​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តក្រចេះ អាច​ឡើងដល់​កំពស់ ២២,៧៥ ម៉ែត្រ នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១១​។  

​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា ផ្លូវ​ក្រាល​កៅស៊ូ ក្នុង​ក្រុង​ក្រចេះ (​ផ្លូវកណ្តាល​) មួយ​ខ្សែ​រួម និង​ផ្លូវ​កាត់​ទទឹង​ជាច្រើន​ទៀត ត្រូវ​កាត់ផ្តាច់​ចរាចរ​ហើយ មកដល់​ព្រឹក​ថ្ងៃទី​២៣​កញ្ញា ឆ្នាំ​២០១១​។ ផ្លូវ​៣៧១ ប្រវែង​ជាង ២ គីឡូម៉ែត្រ ពី​ចំណុច​ឃុំ​សណ្តាន់ ទៅកាន់​ទីរួមស្រុក​សំបូរ ត្រូវ​កាត់ផ្តាច់​ដែរ​។​

​កាលពី​ទឹកជំនន់​ដំណាក់កាល​ទី​២ ទឹក​មាន​កម្រិត​កម្ពស់​ខ្ពស់បំផុត ២១,៨១ ម៉ែត្រ មាន​ឃុំ​ចំនួន ២៧ ឃុំ ស្មើ​និង ភូមិ​ចំនួន ១៥៣ ផ្ទះ​ប្រជាពលរដ្ឋ ៦.៤០៨ ខ្នង សាលារៀន ៥០ កន្លែង វត្ត​អា​រ៉ា​ម ១១ កន្លែង ផ្លូវលំ​ជិត ៨០ គីឡូម៉ែត្រ និង ទំនប់​ធារាសាស្ត្រ​ជាង ៣៥ គីឡូម៉ែត្រ ត្រូវ​លិចលង់​។​

​ក្នុង​កម្រិត​ទឹក​កម្ពស់​លើសពី​កម្រិត ត្រូវ​ប្រកាសអាសន្ន (២២​ម៉ែត្រ​) នៅពេលនេះ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តក្រចេះ នៅ​មិនទាន់​បញ្ចេញ​របាយការណ៍​ពី​ការខូចខាត​នៅឡើយ​ទេ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៣ ខែ កញ្ញា ឆ្នាំ​២០១១​។​

​ចំណែក​មន្ត្រី​នៅ​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ បានឱ្យដឹងថា ផ្ទៃដី​ស្រូវវស្សា​ជាង ៧.០០០ ហិកតា ក្នុងចំណោម​ផ្ទៃដី​សរុប ៣០.០០០ ហិកតា ដែល​អនុវត្ត​ត្រូវ​គ្របដណ្តប់​ដោយ​ផ្ទៃ​ទឹក​ល្ហរ​ល្ហាច​។

​តាម​ប្រភព​ដដែល​បញ្ជាក់ថា ក្នុង​កម្រិត​កម្ពស់​ទឹក​នៅ​ខេត្តក្រចេះ​នាពេលនេះ ក្រៅពី​ផ្ទៃដី​ស្រូវវស្សា មាន​ផ្ទៃ​ដំណាំ​រួមផ្សំ រួមមាន ដំណាំ​ពោត និង​ដំឡូង​មី រាប់ពាន់​ហិកតា​ទៀត ក៏ត្រូវ​លិចលង់ និង​ជាច្រើន​រយ​ហិច​តា​ទៀត ក៏​កំពុង​ប្រឈមមុខ​នឹង​ការលិចលង់​ដែរ​៕

ប្រជាពលរដ្ឋ ខេត្ដកំពង់ឆ្នាំង ២៥៥២ គ្រួសារ ទទួលរងផល​ ប៉ះពាល់ ពីទឹកជំនន់

Friday, 23 September 2011
ដោយ ៖ ចាន់ ធី
DAP NEWS

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ ចំនួន ២៥៥២ គ្រួសារ ដែលរស់នៅ ក្នុងស្រុកចំនួន ៥ របស់ ខេត្ដកំពង់ឆ្នាំង បានទទួលរង ផលប៉ះពាល់ ពីទឹកជំនន់ ហើយត្រូវបាន អាជ្ញាធរខេត្ដ បាននិងកំពុង ជួយសង្គ្រោះ នាំទៅកាន់ទីទួល មានសុវត្ថិភាព ។

យោងតាម ប្រភពព័ត៌មាន ពីអាជ្ញាធរ ខេត្ដកំពង់ឆ្នាំង បានឱ្យដឹងថា ស្រុកចំនួន ៥ ដែលទទួលរង ផលប៉ះពាល់ ពីទឹកជំនន់នោះ រួមមាន ស្រុករលាប្អៀរ មាន ១៩០គ្រួសារ ស្រុកបរិបូរណ៍ មាន ៣២ គ្រួសារ ស្រុក កំពង់លែង មាន២៤២ គ្រួសារ ស្រុកជល គីរី មាន ១៦៩០គ្រួសារ និងស្រុកកំពង់ ត្រឡាច មាន ៤៩៩ គ្រួសារ ។

យោងតាម ប្រភពព័ត៌មាន ដដែល បាន ឱ្យដឹងថា កំណាត់ផ្លូវ ជាច្រើនខ្សែ និងផ្ទៃដី កសិកម្មរាប់រយ ហិកតា បានទទួលរង ផលប៉ះពាល់ ពីទឹកជំនន់ ខណៈដែល អាជ្ញាធរខេត្ដ និងសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ បាននិងកំពុង ជួយជន្លៀស ប្រជាពលរដ្ឋ ទៅ រកទីទួល មានសុវត្ថិភាព ។

ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្ដកំពង់ឆ្នាំង លោក ដោក គុនថុន បាន ប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ឱ្យដឹងថា ទឹកទន្លេនៅ​ខេត្ដ កំពង់ឆ្នាំង មានកម្ពស់ ១០,៧៤ ម៉ែត្រ កាលពីថ្ងៃ ម្សិលមិញ ហើយ នៅថ្ងៃនេះ ទឹកមានកម្ពស់ ១០,៨៤ម៉ែត្រ។ លោកបានបន្ដថា បើសិនទឹក ​ឡើងកម្ពស់ ដល់ ១១ម៉ែត្រ នោះជាកម្រិត កម្ពស់ទឹក ដែលត្រូវប្រកាស អាសន្ន ៕

Photo by DAP-NEWS

ថោង ខុន ៖ ទឹកជំនន់ នៅសៀមរាប មិនប៉ះពាល់ ភ្ញៀវទេសចរទេ ប៉ុន្ដែ ប៉ះពាល់ ដល់អ្នករកស៊ី

Friday, 23 September 2011
ដោយ ៖ ស៊ន សុភក្ដ្រ
DAP NEWS

សៀមរាប ៖ រដ្ឋមន្ដ្រី ក្រសួងទេសចរ លោក ថោង ខុន បានថ្លែងឱ្យដឹង នៅរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១១ ថា ជំនន់ ទឹកភ្លៀងនៅតាម តំបន់មួយចំនួន ក្នុងខេត្ដ សៀមរាប ជាពិសេសក្នុងទី ក្រុងសៀមរាប តែម្ដង មិនបណ្ដាលឱ្យ ប៉ះពាល់ដល់ភ្ញៀវ ទេសចរជាតិ និងអន្ដរជាតិ ធ្ងន់ធ្ងរនោះទេ ប៉ុន្ដែ វាធ្វើឱ្យប៉ះពាល់ ដល់អ្នករកស៊ី ជាពិសេស អ្នកលក់ដូរនៅទី ក្រុងសៀមរាប ។

ឆ្លើយប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ ខណៈដែល រូបលោកកំពុង ធ្វើដំណើរឆ្លង កាត់ទី ក្រុងសៀមរាបនោះ បានបញ្ជាក់ថា ទឹកជំនន់នៅទី ក្រុងសៀមរាប ធ្វើឱ្យប៉ះពាល់ដល់ ក្រុមអាជីវករ ដែលកំពុង លក់ដូរ និងរកស៊ី ដោយសារតែ គ្មានអតិថិជន ទៅទិញ ។

លោក ថោង ខុន បានឱ្យដឹង ផងដែរថា ទីក្រុងសៀមរាប បានទទួលរង ការជន់លិច ហើយកំណាត់ ផ្លូវជាច្រើន បានទទួលរងការ ខូចខាត ហើយកន្លែងខ្លះ ទឹករហូតទៅដល់ ត្រឹមចង្កេះឯណោះ ។

សូមបញ្ជាក់ថា ប្រសិន បើក្រសួង ធនធានទឹក ដែលដឹកនាំ បញ្ជាផ្ទាល់ ដោយលោករដ្ឋមន្ដ្រី លឹម គានហោ មិនជីកកកាយ ប្រឡាយថ្មី នៅភូមិកកុះ ឃុំបដា ស្រុកបន្ទាយស្រី នោះទេ ច្បាស់ជាទឹក មួយផ្នែកធំ ពីបន្ទាយស្រី នឹងហូរបុកទម្លាក់ ទៅកាន់ស្ទឹង សៀមរាប រិតតែធ្វើឱ្យ ជន់លិច ទីក្រុងសៀមរាប យ៉ាងធ្ងន់ធ្ងរ ។

ទោះជាយ៉ាងណា បើយោងតាមលោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ ក្រសួងធនធានទឹក កម្លាំងក្រសួង និងអាជ្ញាធរខេត្ដ កំពុងមានវិធានការ ជួយបញ្ចៀសទឹក ចេញពី ស្ទឹងសៀមរាប កុំឱ្យជន់លិច ខ្លាំងពេក ៕

Photo by DAP-NEWS