បណ្ណសារ | ខែកញ្ញា 30, 2011

អាជ្ញាធរ​មិនអនុញ្ញាត​អោយលោក រ៉ុង ឈុន​ ដើរហែក្បួន​ទិវា​គ្រូបង្រៀន​ថ្ងៃ៥តុលា​

ដោយ លី ម៉េងហួរ
ថ្ងៃ សុក្រ 30 កញ្ញា 2011
RFI

ស្តាប់សេចក្តីរាយការណ៍របស់​ លី ម៉េងហួរ (02:17)

មន្ត្រី​សាលាក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រូបង្រៀន​របស់​លោក​រ៉ុង​ឈុន​ប្រមាណ៣៥០ នាក់​ ​ដើរ​ហែ​ក្បួន​តាម​ផ្លូវ​នៅ​ថ្ងៃ​ទិវា​គ្រូបង្រៀន​ពិភពលោក ថ្ងៃ​៥​តុលា​ខាង​មុខ​ឡើយ​។ ​ក៏​ប៉ុន្តែ​តាម​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​កញ្ញា​នេះ ​អាជ្ញាធរ​បាន​សម្រេច​ឲ្យ​ក្រុម​គ្រូបង្រៀនជួបជុំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នៅ​សួន​សេរីភាព​។​ អាជ្ញាធរ​ក៏​បាន​អនុញ្ញាត​ឲ្យមាន​តំណាង​គ្រូបង្រៀន ១៥ នាក់​​​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​អប់រំ​ រដ្ឋសភា​និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី។

សាលាក្រុង​ភ្នំពេញ​មិនអនុញ្ញាត​ឲ្យក្រុម​គ្រូបង្រៀន​របស់​លោករ៉ុងឈុន​ប្រមាណ​៣៥០នាក់​ដើរហែក្បួន​តាមផ្លូវ​នៅថ្ងៃទិវា​គ្រូបង្រៀន​ (© លី​ ម៉េងហួរ)

សាលាក្រុង ភ្នំពេញ មិនអនុញ្ញាត ឲ្យក្រុម គ្រូបង្រៀន របស់ លោករ៉ុងឈុន ប្រមាណ ៣៥០នាក់ ដើរហែក្បួន តាមផ្លូវ នៅថ្ងៃទិវា គ្រូបង្រៀន (© លី ម៉េងហួរ)

ការ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រូបង្រៀន​របស់​លោក​រ៉ុង​ឈុន​ ដើរ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​ដែល​មាន​គ្រូបង្រៀន​ចូលរួម​ ៣៥០ នាក់​ ដោយសារតែ​អាជ្ញាធរ​អះអាងថា​ កុំ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​និង​ខ្លាច​ប៉ះពាល់​សន្តិភាព​សង្គម​។

ក៏​ប៉ុន្តែ​លោក រ៉ុង ឈុន​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ចាត់ទុកថា​ អាជ្ញាធរ​ក្រុងភ្នំពេញ ​មិន​បាន​គោរព​តាមច្បាប់​ស្តីពី​បាតុកម្ម ដែល​កំណត់​ថា​ គ្រាន់តែ​ជូនដំណឹង ​គឺ​អាច​ធ្វើ​ការជួបជុំ​ និង​ហែ​ក្បួន​បាន​ហើយ​។
តាម​លោក រ៉ុង ឈុន ​ការប្រមូលផ្តុំ​និង​ការដើរ​ដង្ហែ​ក្បួន​នៅ​កម្ពុជា​ សព្វថ្ងៃ​លែង​មាន​ទៀតហើយ។​ ម្យ៉ាងទៀត ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​បាន​ធ្លាក់​ដល់​ចំណុច​សូន្យ។

យ៉ាងណា​ក៏ដោយ​ សម្រាប់​ថ្ងៃ​ទី៥​តុលា​ខាង​មុខ ​លោក​រ៉ុង​ឈុន នឹង​ប្រមូលផ្តុំ​គ្រូបង្រៀន​ នៅ​សួន​ប្រជាធិបតេយ្យ​ដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​។ ​ចំពោះ​ការដើ​រហែ​ក្បួន​ដោយមាន​គ្រូបង្រៀន​ទ្រង់ទ្រាយ​ធំ​ ឬ​យ៉ាងណា​? ​មិនទាន់​ត្រូវបាន​លោក​រ៉ុង ឈុន​ បញ្ជាក់​នៅឡើយ​ទេ​។

យ៉ាងណា​ក៏ដោយ​សម្រាប់​ទិវា​គ្រូបង្រៀន​ថ្ងៃទី​៥​តុលា​នៅ​ឆ្នាំ​នេះ សមាគម​គ្រូបង្រៀន​គ្រោង​នឹង​ដាក់​ញត្តិ​ ទៅកាន់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ រដ្ឋសភា ​និង​ក្រសួង​អប់រំ​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​ តម្លើង​ប្រាក់​បៀវត្សរ៍​គ្រូបង្រៀន ​និង​មន្ត្រីរាជការ​ឲ្យបាន​១លាន​រៀល ​ស្មើ​ប្រហែល ២៥០ ដុល្លារ​ និង​បញ្ឈប់​ការរើសអើង​សមាគម​គ្រូបង្រៀន​ជាដើម​។

គុណភាព​អប់រំ​ ក៏​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ​លើ​កឡើង​នៅ​ក្នុង​សារលិខិត ​ចូលរួម​ក្នុង​ថ្ងៃ​បើក​បវេសនកាល ​ថ្ងៃទី១​តុលា​ផងដែរ​។ ​តាម​លោកនាយក​រដ្ឋមន្ត្រី​ គុណភាព​អប់រំ​ ត្រូវតែ​បន្ត​ដោះស្រាយ​បន្ទាន់​ដោយ​ធានា​ឲ្យមាន​តុល្យភាព​រវាង​ការ​ពង្រឹង​គុណភាព​អប់រំ​ និង​ការពង្រីក​បរិមាណ​អប់រំ​។

សម្រាប់​ទិវា​គ្រូបង្រៀន​ថ្ងៃទី​៥​តុលា​ ក៏​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន លើកឡើង​ផង​ដែរ​។ ​តែ​លោក​នាយករដ្ឋមន្ត្រី​ គ្រាន់តែ​ឧទ្ទិស​ឲ្យ​ទិវា​គ្រូបង្រៀន​ថ្ងៃ​៥​តុលា ​ក្លាយទៅជា​ទិវា​ដឹង​គុណគ្រូ ​ដែល​ស្ថិតនៅ​ជា​អមតៈ​ក្នុង​បេះដូង​របស់​សិស្ស​គ្រប់​វ័យ ​គ្រប់​ជំនាន់ ​និង​គ្រប់​សម័យកាល​តរៀង​ទៅ៕

សាលាក្រុង​ហាម​មិន​ឲ្យ​សមាគម​គ្រូ​ដើរ​ហែ​ក្បួន​ថ្ងៃ​ទិវា​គ្រូ​បង្រៀន​ពិភពលោក

ដោយ ដែន អយុធ្យា
2011-09-30
​វិទ្យុ​អាស៊ីសេរី

កំណត់​ហេតុ​នៃ​កិច្ចប្រជុំ​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ចារ​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​សមាគម​គ្រូ​បង្រៀន​ដឹកនាំ​មនុស្ស​ចូល​រួម​ចំនួន ៣៥០​នាក់ ដើរ​ហែ​ក្បួន​តាម​ផ្លូវ​ចេញ​ពី​ទី​លាន​ប្រជាធិបតេយ្យ ដើម្បី​ដាក់​ញត្តិ​ជូន​ក្រសួង​អប់រំ ជូន​ខុទ្ទកាល័យ​​នាយករដ្ឋមន្ត្រី និង​មន្ទីរ​រដ្ឋ​សភា​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ សាលា​រាជធានី​បាន​អនុញ្ញាត​ឲ្យ​សមាគម​គ្រូ​ចាត់​តំណាង​ចំនួន ១៥​នាក់ ដើរ​យក​ញត្តិ​ជំនួស​ការ​ដើរ​ហែ​ក្បួន​មាន​មនុស្ស​ច្រើន​ចូល​រួម​វិញ។

លោក រ៉ុង ឈុន គឺ​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ លោក​បាន​សោកស្ដាយ​ចំពោះ​អាជ្ញាធរ​ដែល​បាន​ហាម​មិន​ឲ្យ​សមាគម​គ្រូ​ដឹកនាំ​ក្រុម​គ្រូ​បង្រៀន​ដើរ​ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ​ពេល​នេះ។ លោក​បន្ត​ថា គោលបំណង​នៃ​ការ​ដើរ​ហែ​ក្បួន គ្រាន់​តែ​ចង់​ទាក់ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រាជរដ្ឋាភិបាល និង​សាធារណជន ចំពោះ​តួនាទី​របស់​គ្រូ​បង្រៀន គឺ​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ ឬ​ប៉ះពាល់​សន្តិសុខ​សង្គម​ក៏​ទេ​ដែរ។

លោក រ៉ុង ឈុន ឲ្យ​ដឹង​ដូច្នេះ ៖ «ការ​ដែល​អាជ្ញាធរ​ធ្វើ​ការ​អះអាង​គ្មាន​មូលហេតុ​ណា​មួយ​សមរម្យ​ទាក់ទង​បម្រាម​មិន​ឲ្យ​ហែ​ក្បួន ហើយ​យើង​វាយ​តម្លៃ​សេរីភាព​នៅ​កម្ពុជា ជុំវិញ​ការ​ប្រមូល​ផ្ដុំ​ការ​ដង្ហែ​ក្បួន​ធ្លាក់​ចុះ​ដល់​កម្រិត​សូន្យ។ រូប​បែប​នេះ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ដល់​ប្រជាពលរដ្ឋ ហើយ​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ។ មួយ​ទៀត​យើង​ឃើញ​ថា អាជ្ញាធរ​ក្រុង​មិន​បាន​គោរព​ទៅ​នឹង​ច្បាប់​ស្ដីពី​បាតុកម្ម​មាត្រា​២​ទេ»។

យ៉ាង​ណា​ក៏ដោយ លោក កើត ឆែ ជា​ប្រធាន​ដឹកនាំ​អង្គ​ប្រជុំ​តំណាង​ឲ្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​អាជ្ញាធរ​មិន​អនុញ្ញាត​​ឲ្យ​​សមាគម​​គ្រូ​ដើរ​ហែ​ក្បួន ដោយសារ​តែ​បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ពិសេស​​អំឡុង​ពេល​នេះ​ទីក្រុង​ភ្នំពេញ កំពុង​រង​គ្រោះ​ដោយ​ទឹក​ជំនន់៕

សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​អោយ​លោក រ៉ុង ឈុន ដឹកនាំ​ហែក្បួន​ទិវា​គ្រូបង្រៀន ថ្ងៃទី​៥ តុលា​

ដោយ : មុនីរ័ត្ន
ថ្ងៃទី 30 កញ្ញា 2011
CEN

ភ្នំពេញ: តំណាង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​របស់​លោក រ៉ុង ឈុន បាន​ជួប​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ កាលពី​ព្រឹក​ថ្ងៃទី​៣០​កញ្ញា ឆ្នាំ​២០១១ នៅក្នុង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​ពី​ការដើរ​ដង្ហែ​ក្បួន ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នា​ថ្ងៃ​ទី​៥ តុលា​។ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​អនុញ្ញាត​ឲ្យ​ក្រុម​លោក ​រ៉ុង ​ឈុន ដើរ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​ឡើយ តែ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ក្រុម​លោក​រ៉ុង​ឈុន ជួបជុំ​នៅ​សួន​សេរីភាព និង​ឲ្យ​តំណាង ១៥ នាក់ ដើរ​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​អប់រំ រដ្ឋសភា និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​។​

​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បានឲ្យដឹងថា ការ​ដែល​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​អោយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ហែ​ក្បួន​នៅ​ថ្ងៃ​ទី​៥​តុលា​ខាង​មុខ ដែល​ជា​ទិវា​គ្រូបង្រៀន​ពិភពលោក គឺ​សាលា​រាជធានី​ភ្នំពេញ មិន​បាន​គោរព​តាមច្បាប់ ស្តីពី បាតុកម្ម កូដកម្ម នោះទេ​។

​លោក រ៉ុង ឈុន បាន​បន្ថែមថា សេរីភាព នៃ​ការប្រមូលផ្តុំ ការ​ដង្ហែ​ក្បួន នៅ​កម្ពុជា គឺ​សូន្យ​តែម្តង​។ អាជ្ញាធរ មិន​បាន​ផ្តល់​សេរីភាព អោយ​ប្រជាពលរដ្ឋ​សម្តែង​មតិ​ទេ​។
​យ៉ាងណាក៏ដោយ តាមរយៈ​កិច្ចប្រជុំ​នៅ​ព្រឹក​មិញ សាលា​រាជធានី​ភ្នំពេញ បានអនុញ្ញាត ឲ្យ​ក្រុម​លោក​រ៉ុង​ឈុន ប្រមូលផ្តុំ​នៅ​ទីលាន​សេរីភាព ជិត​វត្តភ្នំ និង​អោយ​តំណាង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ចំនួន ១៥ នាក់ ដង្ហែ​ក្បួន​ចាកចេញ​ពី​ទីលាន​សេរីភាព ឬ​សួន​ប្រជាធិបតេយ្យ ឆ្ពោះ​ទៅ​រដ្ឋសភា ក្រសួង​អប់រំ និង​ទៅ​សួនច្បារ​មុខ​វត្ត​បទុម ដើម្បី​ដាក់​ញត្តិ ទៅ​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្ត្រី​។

​លោក​រ៉ុង​ឈុន បាន​បន្ថែមថា ញ្ញត្តិ​ដែល​ដាក់​ទៅ​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា និង​ក្រសួង​អប់រំ ក្នុង​បំណង​គោលបំណង សុំ​ឲ្យ​ដោះស្រាយ​លើ​បញ្ហា និង​លក្ខខណ្ឌ​របស់​គ្រូបង្រៀន ក្នុងនោះ មានការ​តម្លើង​ប្រាក់បៀវត្សរ៍​គ្រូបង្រៀន និង​មន្ត្រីរាជការ រហូតដល់ ១ លាន​រៀល និង​លើកកម្ពស់​គុណភាព​វិស័យ​អប់រំ និង​មាន​ចំនុច ជាច្រើន​ទៀត​។​

​សូមជម្រាបថា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ តាម​គម្រោង នឹង​ត្រូវ​ជួបជុំ​គ្រូបង្រៀន​ចំនួន ៣៥០ នាក់ ដោយ​ជួបជុំគ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ រួច​ដង្ហែ​ក្បួន​តាម​ដង​មហាវិថី នរោត្តម ឆ្ពោះ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា រួច​ឆ្ពោះទៅ​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្ត្រី និង​ចេញ​ទៅ​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ មុន​នឹង​រំសាយ នៅ​ព្រឹក​ថ្ងៃទី​៥​តុលា ឆ្នាំ​២០១១ ដើម្បី​សាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក​៕

សម្ដេច ជា ស៊ីម ដើមបណ្ដឹង ចាប់អ្នកស្រី ផេង គន្ធាបូរី និងបក្ខពួក ពីបទឆបោក

Friday, 30 September 2011
ដោយ ៖ ដើមអម្ពិល

– គេអះអាងថា ការក្លែងបន្លំ ឯកសារ ឆបោក មានទឹកប្រាក់ រាប់រយលានដុល្លារ

ភ្នំពេញ ៖ ចំណាត់ការ របស់សមត្ថកិច្ច និងតុលាការ ក្នុងការបង្ក្រាប ក្រុមជនប្រព្រឹត្ដ បទល្មើស ក្លែងបន្លំឯកសារ ប្រព្រឹត្ដអំពើ ឆបោក ដែលពាក់ព័ន្ធទៅ នឹងមន្ដ្រី ជាន់ខ្ពស់ នៅក្បែរៗ ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រួមមាននាយិកា ពិធីការ សម្ដេចអគ្គ មហាធម្ម ពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា រួមទាំងអតីតទីប្រឹក្សា ក្រុមជំនួយការ របស់សម្ដេច មួយចំនួនទៀតនោះ ត្រូវបានមន្ដ្រីជាន់ខ្ពស់ មួយរូបធ្វើការ អះអាងថា គឺជាការអនុវត្ដ ទៅតាមច្បាប់ អ្នកប្រព្រឹត្ដខុស ត្រូវតែទទួលទោស មិន ថា អ្នកធំឬអ្នកតូច អ្នក មាន ឬអ្នកក្រ នោះទេ ឱ្យតែធ្វើខុស មានទោសស្មើៗគ្នា ។

លោកឧត្ដមសេនីយ៍ឯក យឹម លាង នាយករងខុទ្ទកាល័យ និងជាមេបញ្ជាការកង អង្គរក្សសម្ដេចធម្ម ពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រ កម្ពុជា បានអះអាងប្រាប់ ដើមអម្ពិលថា ការឃាត់ ខ្លួននិងឃុំខ្លួន មន្ដ្រីជាន់ខ្ពស់ រួមទាំងអតីត មន្ដ្រីជាន់ខ្ពស់ នៅក្នុងស្ថាប័ន ព្រឹទ្ធសភា កាលពីពេលថ្មីៗនេះ គឺជាការអនុវត្ដទៅ តាមច្បាប់ មិនពាក់ព័ន្ធទៅនឹង រឿងអ្វីផ្សេងនោះទេ ។

ប្រាប់ដើមអម្ពិល តាមទូរស័ព្ទ នៅវេលា ម៉ោង ២និង៣៧នាទី រសៀល ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១១ លោកឧត្ដមសេនីយ៍ឯក យឹម លាង បានអះអាងថា ចំណាត់ការខាង លើនេះ គឺលោកអនុវត្ដទៅតាម ការប្រគល់សិទ្ធិរបស់ សម្ដេចធម្មពោធិសាល ជា ស៊ីម ដើម្បីអនុវត្ដ ទៅតាមច្បាប់ ដោយលោក បញ្ជាក់ថា “សម្ដេចមានសេចក្ដី សម្រេចប្រគល់សិទ្ធិ ឱ្យលោកសិក្សា ស្រាវជ្រាវរកឯកសារ មិនប្រក្រតី ហើយមានសិទ្ធិតំំណាង សម្ដេចប្ដឹងទៅ តុលាការ តាមផ្លូវច្បាប់ដោយ សម្ដេចប្រគល់សិទ្ធិ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១១” ។ ក្រោយពីទទួលបាន សិទ្ធិពីសម្ដេច ធម្មពោធិសាល ជា ស៊ីម លោកបាន ធ្វើការស្រាវជ្រាវ ហើយរកឃើញឯកសារ មិនប្រក្រតីមួយចំនួន ដូចជា​ការបន្លំឯកសារ សាធារណៈ ការប្រើឯកសារក្លែង និងផ្ដល់ឯកសារក្លែង និយាយ រួមគឺយកឈ្មោះសម្ដេច ប្រធានព្រឹទ្ធសភា ទៅធ្វើអាជីវកម្ម បម្រើផលប្រយោជន៍ ​ផ្ទាល់ខ្លួន និងបក្ខពួករួចមក ទើបលោកប្ដឹង ទៅតុលាការ ក្នុងនាមសម្ដេច ប្រធានព្រឹទ្ធសភា ដើម្បីឱ្យអនុវត្ដ ទៅតាមច្បាប់ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅ កម្លាំងកង រាជអាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានធ្វើការ​ឃាត់ខ្លួន មន្ដ្រីជាន់ខ្ពស់ ចំនួន ៣នាក់ ដោយក្នុង នោះពីរនាក់ ជាឧត្ដមសេនីយ៍ឯក និង អតីត ជាទីប្រឹក្សា សម្ដេចធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា រួមមាន ឧត្ដមសេនីយ៍ឯក ចាន់ កុសល ភេទប្រុស អាយុ៦១ឆ្នាំ ជា ប្រធានក្រុមហ៊ុន កយ សម្បត្ដិ ស្នាក់នៅផ្ទះ លេខ ៩ ផ្លូវលេខ ១៣៤ ក្រុមទី១៤ សង្កាត់វាលវង់ ខណ្ឌ៧មករា និង ឧត្ដម សេនីយ៍ឯក ពន្លក ហូ ភេទ ប្រុស អាយុ ៦១ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ជាអាណិកជន មកពី សហរដ្ឋអាមេរិក និងទី៣ ឈ្មោះ ខៀវ បូរ៉ា ភេទប្រុស អាយុ ៥០ឆ្នាំ ជាបុគ្គលិកផ្នែក មូលនិធិ ទំនាក់ទំនង ស្វែងរកជំនួយ មនុស្សធម៌ និងជាជំនួយការ របស់លោកស្រី ផេង គន្ធាបូរី មានទីលំនៅ ក្នុងសង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ ។ លុះនៅថ្ងៃទី២៨ ខែ កញ្ញា សមត្ថកិច្ចខាងលើ បានធ្វើការឃាត់ខ្លួន អ្នកស្រី ផេង គន្ធាបូរី ខណៈដែលអ្នកស្រី​ ព្យាយាមរត់ គេចខ្លួនទៅកាន់ ប្រទេសថៃ តាមច្រកចាំយាម ខេត្ដកោះកុង ហើយក៏ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួន នៅមាត់ច្រកតែម្ដង ។

ការឃាត់ខ្លួន ខាងលើនេះ ត្រូវបានសមត្ថ កិច្ចធ្វើការអះអាងថា អនុវត្ដទៅតាមដីកា បញ្ជាឱ្យចាប់ខ្លួន ដែលចេញដោយ តុលាការ រាជធានីភ្នំពេញ ។ បច្ចុប្បន្នជនទាំង ៤នាក់ ត្រូវបានតុលាការ ធ្វើការចោទប្រកាន់ និង សម្រេចឃុំខ្លួន ជាបណ្ដោះអាសន្ន នៅ ពន្ធនា គារព្រៃស ។

ចំណាត់ការចាប់ខ្លួន អ្នកស្រី ផេង គន្ធាបូរី ខាងលើនេះ ត្រូវបានលោក គួយ ធុនណា មេធាវីការពារក្ដី ឱ្យអ្នកស្រី ធ្វើការអះអាងថា តុលាការធ្វើ ខុសនីតិវិធី ហើយលោក​អះអាង ថាកូនក្ដីរបស់លោក គឺជាជនរងគ្រោះ នៅក្នុងការចោទ ប្រកាន់នេះហើយ លោក រួមនិងក្រុមមេធាវី ផ្សេងទៀត នឹងដាក់លិខិត សុំធានាកូនក្ដី ឱ្យនៅក្រៅឃុំ ដោយលោក លើកឡើងថា កូនក្ដីរបស់ខ្លួន បានធ្វើការបដិសេធ ចំពោះការ ចោទប្រកាន់ និងឆ្លើយដាក់ ទាំងអស់នេះ ហើយគាត់ក៏ជា ជនរងគ្រោះដែរ ដូច្នេះលោកសូម ចៅ ក្រម សម្រេចឱ្យកូន ក្ដីរបស់លោកបាន នៅក្រៅឃុំ និងសុំឱ្យលើក លែងការចោទប្រកាន់ ។

ពាក់ព័ន្ធទៅនឹងករណីឃាត់ខ្លួន មន្ដ្រីជាន់ ខ្ពស់ខាងលើនេះ មិនត្រូវបានមន្ដ្រីណាម្នាក់ ធ្វើការបញ្ជាក់លំអិតពីដើមចម ដែលនាំឱ្យ មានបណ្ដឹង និងការឃាត់ខ្លួនខាងលើ​នេះ នោះទេ ។ ប៉ុន្ដែលោកឧត្ដមសេនីយ៍ឯក យឹម លាង ដែលត្រូវបានសម្ដេចធម្មពោធិ សាល ជា ស៊ីម ប្រគល់សិទ្ធិធ្វើជាដើមបណ្ដឹង ក្នុង ការប្ដឹងទៅតុលាការនោះ បានអះអាងថា ការដាក់ពាក្យបណ្ដឹង និងឈានទៅដល់ការ ឃាត់ខ្លួន គឺបន្ទាប់ពីរូបលោកដែលទទួល បានសិទ្ធិពីសម្ដេចធម្មពោធិសាល បានស្រាវ ជ្រាវរកឃើញ​ឯកសារមិន ប្រក្រតីជាច្រើន ដែលពាក់ព័ន្ធទៅនឹងការក្លែងឯកសារសាធារ ណៈ ការប្រើប្រាស់ឯកសារក្លែង និងផ្ដល់ឯក សារក្លែងនៅក្នុងអំពើឆបោក ដោយយក ឈ្មោះ សម្ដេចធម្មពោធិសាល ជា ស៊ីម ទៅ ប្រើប្រាស់ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន ។ ក្នុងនោះប្រភព ព័ត៌ មានដោយឡែកមួយ ទៀត បានអះអាងថា សំណុំរឿងខាងលើនេះ គឺមានជាច្រើនករណី ហើយបានកើតឡើង ប៉ុន្មានឆ្នាំមកហើយ និយាយរួមបទល្មើស ភាគច្រើនគឺពាក់ព័ន្ធទៅនឹងការប្រើប្រាស់ ឈ្មោះថ្នាក់ដឹកនាំ និងក្លែងលិខិតស្នាម​នានា ដើម្បី ឆបោក ក្រុមហ៊ុនបរទេសដែលភាគ ច្រើន គឺតាមរយៈមូលនិធិមនុស្សធម៌ដែល ប្រើប្រាស់ ឈ្មោះសម្ដេច ជា ស៊ីម តែម្ដង ។ ប្រភពខាងលើបានបន្ដថា ដូចជាករណីបង្កើត មូលនិធិដើម្បីប្រមូលថវិកាលើកគម្រោង កសាងមន្ទីរពេទ្យសម្ដេច ជា ស៊ីម នៅ ក្រោយ វត្ដ សំរោងអណ្ដែត និងនៅខេត្ដព្រៃវែង ជា ដើមដែល​គម្រោង​ត្រូវចំណាយថវិការាប់ សិបលានដុល្លារ ហើយក៏មានក្រុមហ៊ុនជា ច្រើន បានធ្វើការឧបត្ថម្ភ តែទីបំផុតមិនបាន កសាង ចេញជារូបរាងនោះទេ ៕

ចំណាត់ការ លើអ្នកស្រី ផេង គន្ធាបូរី និងបក្ខពួក ជាការអនុវត្ដន៍ច្បាប់

Friday, 30 September 2011
ដោយ ៖ ដើមអម្ពិល

ភ្នំពេញ ៖ ចំណាត់ការ របស់សមត្ថកិច្ច និងតុលាការ ក្នុងការបង្ក្រាប ក្រុមជនប្រព្រឹត្ដ បទល្មើសក្លែងបន្លំ ឯកសារ ប្រព្រឹត្ដអំពើ ឆបោក ដែលពាក់ព័ន្ធទៅ នឹងមន្ដ្រី​ជាន់ខ្ពស់ នៅក្បែរៗ ថ្នាក់ដឹកនាំ រួមមាន នាយិកាពិធីការ សម្ដេចអគ្គមហា ធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា រួមទាំងអតីត ទីប្រឹក្សា ក្រុមជំនួយការ របស់សម្ដេច មួយចំនួនទៀតនោះ ត្រូវបានមន្ដ្រី ជាន់ខ្ពស់មួយរូប ធ្វើការអះអាងថា គឺជាការអនុវត្ដ ទៅតាមច្បាប់ អ្នកប្រព្រឹត្ដខុស ត្រូវតែទទួលទោស មិនថាអ្នកធំ ឬអ្នកតូច អ្នកមាន ឬអ្នកក្រ នោះទេ ឱ្យតែធ្វើខុស មានទោសស្មើៗគ្នា ។

លោកឧត្ដមសេនីយ៍ យឹម លាង នាយរង ខុទ្ទកាល័យ និងជាមេបញ្ជាការ កងអង្គរក្ស សម្ដេចធម្ម ពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធ សភា នៃព្រះរាជាណាចក្រ កម្ពុជា បានអះអាង ប្រាប់ដើមអម្ពិលថា ការឃាត់ខ្លួន និងឃុំខ្លួន មន្ដ្រីជាន់ខ្ពស់ រួមទាំងអតីត មន្ដ្រីជាន់ខ្ពស់ នៅក្នុងស្ថាប័នព្រឹទ្ធសភា កាលពីពេលថ្មីៗ នេះ គឺជាការអនុវត្ដ ទៅតាមច្បាប់ មិនពាក់ព័ន្ធទៅនឹង រឿងអ្វីផ្សេងនោះទេ ។

ប្រាប់ដើមអម្ពិលតាមទូរស័ព្ទ នៅវេលា ម៉ោង២និង៣៧នាទីរសៀលថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១១នេះ លោកឧត្ដមសេនីយ៍ យឹម លាង បានអះអាងថា ចំណាត់ការខាង លើនេះ គឺលោកអនុវត្ដទៅតាមការប្រគល់ សិទ្ធិរបស់សម្ដេចធម្មពោធិសាលជា ស៊ីម ដើម្បីអនុវត្ដទៅតាមច្បាប់ ដោយលោក បញ្ជាក់ថា “សម្ដេចមានសេចក្ដីសម្រេចប្រគល់ សិទ្ធិឱ្យលោកសិក្សាស្រាវជ្រាវរកឯកសារមិនប្រក្រតី ហើយមានសិទ្ធិតំំណាងសម្ដេចប្ដឹង ទៅតុលាការ តាមផ្លូវច្បាប់ ដោយសម្ដេច ប្រគល់សិទ្ធិ កាលពីថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ ២០១១” ។ ក្រោយពីទទួលបានសិទ្ធិពី សម្ដេចធម្មពោធិសាលជា ស៊ីម លោកបាន ធ្វើការស្រាវជ្រាវ ហើយរកឃើញឯកសារ មិនប្រក្រតីមួយចំនួន ដូចជាការបន្លំឯកសារ សាធារណៈ ការប្រើឯកសារក្លែង និងផ្ដល់ ឯកសារក្លែង និយាយរួមគឺយក ឈ្មោះសម្ដេច ប្រធានព្រឹទ្ធសភា ទៅធ្វើអាជីវកម្ម បម្រើ ផលប្រយោជន៍ ផ្ទាល់ខ្លួន និងបក្ខពួករួចមក ទើបលោកប្ដឹងទៅ តុលាការ ក្នុងនាមសម្ដេច ប្រធានព្រឹទ្ធសភា ដើម្បីឱ្យអនុវត្ដ ទៅតាមច្បាប់ ។

សូមបញ្ជាក់ថា មន្ដ្រីជាន់ខ្ពស់និងអតីត មន្ដ្រីជាន់ខ្ពស់ នៅក្បែរៗសម្ដេច ប្រធានព្រឹទ្ធសភា រហូតមកដល់ពេលនេះ មានចំនួន ៥ នាក់ហើយ ត្រូវបានចាប់ខ្លួន និងឃុំខ្លួន យោងទៅតាមបណ្ដឹង របស់សម្ដេចប្រធាន ព្រឹទ្ធសភា ដែលមានលោក ឧត្ដមសេនីយ៍ យឹមលាង តំណាង ដែលក្នុងនោះ រួមមានលោក ឈឿន ចាន់ថន អតីត មេបញ្ជាការ​ កងអង្គរក្សអ្នកស្រី ផេង គន្ធាបូរី នាយិកាពិធីការសម្ដេច ប្រធានព្រឹទ្ធសភា លោក ខៀវ បូរ៉ា ជំនួយការ អ្នកស្រី ផេង គន្ធាបូរី លោក ពន្លក ហូ អតីតទីប្រឹក្សា និងលោក ចាន់ កុសល អតីតទីប្រឹក្សា ដែលការឃាត់ខ្លួន ខាងលើនេះ គឺពាក់ព័ន្ធទៅ នឹងសំណុំរឿងការ យកឈ្មោះសម្ដេចប្រធាន ព្រឹទ្ធសភា ទៅប្រើប្រាស់ធ្វើអាជីវកម្ម បម្រើផលប្រយោជន៍បុគ្គល រួមទាំងពាក់ព័ន្ធទៅ នឹងការក្លែងបន្លំឯកសារ សាធារណៈជាដើម៕

សន្និសីទ អេកូទេសចរណ៍ ទីក្រុងព្រះសីហនុ

Written by ភ្នំពេញដេលីញូវ
Friday, 30 September 2011

ដើម្បីលើកកម្ពស់ ការយល់ដឹង ឱ្យកាន់តែ ទូលំទូលាយ អំពីវិស័យនេះ សន្និសីទ អេកូទេសចរណ៍ ពិភពលោក មួយនឹងត្រូវបាន រៀបចំឡើងនៅ ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី ៣-៥ តុលា ក្រោមប្រធានបទ “ការស្វែងរក អនាគត កាន់តែប្រសើរ សម្រាប់ វិស័យ អេកូទេសចរណ៍ នៅអាស៊ី” ដែលមានវាគ្មិន ល្បីៗមកពី ជុំវិញពិភពលោក ដែលនឹងរួមគ្នា ដាក់ចេញជា សេចក្តីថ្លែងការណ៍រួម ហៅថា “សេចក្តីថ្លែងការណ៍ ទីក្រុងព្រះសីហនុ ស្តីពីកិច្ច សហប្រតិបត្តិការ ពហុភាគី ដើម្បីការអភិវឌ្ឍ អេកូទេសចរណ៍” ដែលនឹងក្លាយជា ត្រីវិស័យបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍ អេកូទេសចរណ៍ ប្រកបដោយ និរន្តរភាព និង ការទទួលខុសត្រូវ នៅតំបន់អាស៊ី ទាំងមូល ពិសេសនៅកម្ពុជា ៕

រើសអេតចាយ ចិញ្ចឹមឪពុកម្តាយ ពិការភ្នែក

Written by ភ្នំពេញដេលីញូវ
Friday, 30 September 2011

“នៅពេលដែល បានឃើញកូន គេមានឪពុកម្តាយ ថ្នាក់ថ្នម និង អ្នកខ្លះបាន ទៅរៀននៅ សាលាល្អៗ ខ្ញុំក៏ចង់បាន ដូចក្មេងៗទាំង នោះដែរ ។ នេះប្រហែលជា ព្រហ្មលិខិត របស់ពួកខ្ញុំ ហើយមើល៍ទៅ បានជាពួកខ្ញុំ កើតមក វេទនាយ៉ាងនេះ ខ្ញុំ និង ប្អូនៗ បែរជា ស្ពាយស្បោង ដើររើស អេតចាយតាម ចិញ្ចើមថ្នល់ រកប្រាក់ចិញ្ចឹម ឪពុកម្តាយ ដែលពិការជរា ទៅវិញ ព្រោះពួកខ្ញុំ ទាំងបីនាក់ មានបន្ទុកត្រូវ រកស៊ីដើម្បីចិញ្ចឹម អ្នកមានគុណ ទាំងពីរ” នេះជាសម្តីរបស់ កុមារី រើសអេតចាយ ម្នាក់ ។

ក្មេងស្រីធំ ជាងគេឈ្មោះ ទោល សម្ផស្ស អាយុ ៨ ឆ្នាំ ត្រូវជាកូនច្បង នាង បន្ទាប់ឈ្មោះ ទោល ស្រីម៉ុម អាយុ ៦ ឆ្នាំ និង ប្អូនស្រីពៅឈ្មោះ ទោល ស្រីម៉ៅ អាយុ ៤ ឆ្នាំ ។

ពេលជួបក្មេងស្រី ទាំងបីនៅតាមផ្លូវ ដោយក្នុងដៃ ម្នាក់ៗមាន ស្ពាយបាវ និង ស្បោងដាក់ សម្បកកំប៉ុង ពេលត្រឡប់មក ពីដើររើស អេតចាយវិញ ក្មេងស្រីទោល សម្ផស្ស ឱ្យដឹងថា សព្វថ្ងៃនាងរៀន ថ្នាក់ទី ២ ប្អូនស្រី ម៉ុម រៀនថ្នាក់ទី ១ នៃសាលាបឋម សិក្សា វត្តចមពល ។ ចំណែកប្អូន ស្រីពៅ មិនទាន់ ចូលរៀនទេ ។ ពួកគេទាំងបីនាក់ រស់នៅភូមិស្រងែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។ ឪពុកឈ្មោះ ឃី ខ្នារ ម្តាយឈ្មោះ ឆាយ អូន ។ គ្រួសារនាងមាន ជីវភាពក្រីក្រលំបាក រស់នៅក្រោម ខ្ទម តូច ប្រក់ស័ង្កសី ជញ្ជាំងធ្លុះធ្លាយ ។ នាង និង ប្អូនៗដើរ រើសអេតចាយ រាល់ថ្ងៃមិនដែល ខានឡើយ ។

ពេលព្រឹកនាង ទៅរៀន ពេលរសៀល នាង និង ប្អូនៗ តែងដើរ រើសអេតចាយ យកទៅលក់ ក្នុងមួយថ្ងៃបាន ប្រាក់ពី ២.០០០ រៀល ទៅ ៣.០០០ រៀល ។ លុះពេល វិស្សមកាល ពីការសិក្សានាងដើរ រើសអេតចាយ ទាំងព្រឹកទាំងរសៀល ។ ប្រាក់ប៉ុណ្ណេះ នាងជូនម្តាយ ទាំងអស់សម្រាប់ឱ្យ គាត់ចាត់ចែង ទិញអង្ករ និង ម្ហូបប្រចាំថ្ងៃ ។ ក្រុមគ្រួសារនាង ហូបសន្សំសំចៃ មិនដែលឆ្អែតឡើយ ហើយពេលខ្លះ ដាច់បាយព្រោះតែ ដើររើស សម្បកកំប៉ុង មិនបាន ។ អាស្រ័យ ហេតុនេះទើបឪពុកម្តាយ រូបនាង និង ប្អូនៗ មានរូបកាយ ស្គាំងស្គម សុខភាពទន់ខ្សោយ ។ ឪពុកនាងមាន ជំងឺធ្ងន់ ដេកនឹងកន្ទេល យូរឆ្នាំមកហើយ រកស៊ីអ្វីមិនកើតឡើយ ឯម្តាយនាង ងងឹតភ្នែកមើល អ្វីពុំឃើញ មិនអាចធ្វើការ រកស៊ីចិញ្ចឹមកូនៗ បានឡើយ ។ ដូច្នេះ មានតែនាង និង ប្អូនៗ ត្រូវតែរក ស៊ីចិញ្ចឹម ឪពុកម្តាយ វិញដោយរបរ ដើររើស អេតចាយ ។

ទោះបីឪពុកឈឺ ម្តាយងងឹតភ្នែក គឺមិនបានព្យាបាលទេ ព្រោះ គ្មានប្រាក់ទិញថ្នាំ ។ ចំណែកប្រាក់ ក្នុងមួយថ្ងៃរកបាន ពីមុខរបរមិន អាចទិញថ្នាំបានទេ គ្រាន់តែទិញអង្ករ និង ម្ហូបវាអស់រលីងទៅ ហើយ ។ ដូច្នេះឪពុកម្តាយ ឈឺសព្វថ្ងៃ ពុំដែលបានទៅឱ្យ គ្រូពេទ្យព្យាបាលឡើយ ព្រោះគ្មានប្រាក់ ឱ្យពេទ្យ ។

មីង ឆាយ អូន ត្រូវជាម្តាយ នៃកុមារី រើសអេតចាយ ទាំងបីនាក់ រៀបរាប់ឱ្យដឹងថា “ជីវភាពក្រុមគ្រួសារ របស់ខ្ញុំជួបបញ្ហាក្រីក្រ លំបាក ចាប់តាំងពី រៀបការហើយ ប្តីរបស់ខ្ញុំឈឺ ងើបមិនរួចយូរឆ្នាំ មកហើយ ។ ទន្ទឹមនឹងភាពក្រីក្រ ថែមកូនច្រើនទៀត រហូត ដល់ប្រាំមួយនាក់ ឯណោះ ហើយមុខរបរក៏គ្មាន ។ រយៈពេលបីឆ្នាំនេះ បន្ទាប់ពីប្តីធ្លាក់ខ្លួន ឈឺធ្វើការអ្វីពុំកើត ហើយរូបខ្ញុំក៏ ងងឹតភ្នែកទៀត ដូច្នេះ ត្រូវពឹងលើកូនស្រីតូចៗ ទាំងបីនាក់រកស៊ីចិញ្ចឹម កុំតែបានកូនស្រីទាំង បីនេះទេដើររើស សម្បកកំប៉ុងលក់ បាន ប្រាក់ទិញអង្ករ ម្ហូបអាហារ ប្រចាំថ្ងៃ បើអត់ពួកវា មិនដឹងជាលំបាក វេទនាយ៉ាងណាទេ ។ ភ្នែកទាំងពីររបស់ខ្ញុំ ពីមុនមើល ឃើញធម្មតា លុះក្រោយមក ស្រាប់តែងងឹត មិនដឹងជារោគ អ្វីឡើយ ហើយខ្ញុំក៏ពុំដែល ទៅឱ្យគ្រូពេទ្យ ពិនិត្យសោះ ព្រោះតែ គ្មានប្រាក់” ។

ពូ ឃី ខ្នារ កំពុងដេកឈឺ ដណ្តប់ភួយលើគ្រែ ឱ្យដឹងថា “តាមពិតខ្ញុំមានកូន ប្រាំមួយនាក់ ចំណែកកូនបីនាក់ទៀត ខ្ញុំបានប្រគល់ទៅ ឱ្យអ្នកស្គាល់គ្នា នៅខេត្តញេធិ៍សាត់ និង ខេត្តរតនគិរី ជួយចិញ្ចឹមតាំងពី ពួកវានៅ តូចៗម៉្លេះ ព្រោះជីវភាពក្រីក្រ ខ្ញុំពុំមាន លទ្ធភាពចិញ្ចឹម ។ កាលខ្ញុំមិនទាន់ឈឺ ខ្ញុំអាចរកស៊ីចិញ្ចឹម កូនៗបាន ដោយខែវស្សា ដើរស៊ីឈ្នួល ស្ទូងដកច្រូតកាត់ ឱ្យគេ ។ លុះផុតពីហ្នឹងខ្ញុំតែង ទៅឈរសុំប្រាក់អ្នក ដំណើរទៅមក តាមផ្លូវជាតិលេខ ៣ ។ ឥឡូវខ្ញុំឈឺ នៅមួយកន្លែង ធ្វើអ្វីលែងកើត ទុក ឱ្យ កូនស្រីទាំងបី ដើររើសអេតចាយ លក់ចិញ្ចឹមខ្ញុំម្តងវិញ ។ សព្វថ្ងៃខ្ញុំក្រីក្រ លំបាកណាស់ គ្មានទ្រព្យសម្បត្តិអ្វីទេ ដី ស្រែចម្ការ គោក្របី ក៏អត់គឺមាន តែសម្បកខ្លួន សូម្បីខ្នើយកើយ ដេកក៏គ្មានទៀត ខ្ញុំ និង ប្រពន្ធ ព្រមទាំងកូនៗ ពេលដេក គឺកើយដៃ គ្មានភួយ ដណ្តប់គ្រប់គ្នាទេ គឺមានតែ ភួយមួយប៉ុណ្ណោះ ។ លុះខែរងាឡើង នាំប្រពន្ធកូនដេកឱប ដៃញ្ញ័រញ្ញាក់តត្រុន ។ ជំងឺខ្ញុំ សព្វថ្ងៃមិនដឹងជា រោគអ្វីទេចេះតែមាន អាការស្គមស្លេក ហេវហត់អស់កម្លាំង ឈឺ ក្បាល និង ញ្ញ័រដៃ-ជើងទទ្រើក ធ្វើការងារអ្វី មិនកើត ហើយ ពុំមានប្រាក់ព្យាបាល ឡើយ ដូច្នេះមានតែទ្រាំឈឺ” ។

យុវជនឈ្មោះ ធឿន ត្រូវជាអ្នកជិតខាង បានឱ្យដឹងថា “ក្រុមគ្រួសារពូ ខ្នារ មីង អូន មានការ ខ្វះខាតលំបាក លំបិនខ្លាំងណាស់ ជាពិសេសរាល់ថ្ងៃ ត្រូវដាច់ពេល បរិភោគមិនគ្រប់គ្រាន់ នៅពេលកូនទាំងបី ដើររើសអេតចាយ ពុំបាន ។ ពេលខ្លះខ្ញុំបាន ជួយ គាត់ដែរ ដូចជាឱ្យអង្ករ ម្ហូបអាហារទៅតាម លទ្ធភាព” ។

យាយ ឡុង យន បានប្រាប់ថា “សព្វថ្ងៃក្រុមគ្រួសារនេះ លំបាកជាងគេប្រចាំ ភូមិ ប្តីក៏ឈឺ ប្រពន្ធងងឹតភ្នែក ធ្វើការរកស៊ីអ្វីមិនកើត ។ ចំណែកប្រពន្ធ ទៅណាមកណា បានកូនជួយដឹកដៃ នាំផ្លូវទើបទៅដល់ ។ សព្វថ្ងៃរស់ដោយសារ កូនស្រីតូច ទាំងបីនាក់ ដើររើសអេតចាយ លក់ចិញ្ចឹម ។ និយាយរួមកូនស្រីឈ្មោះ ទោល សម្ផស្ស ជា អ្នកធានារ៉ាប់រង តាំងពីដាំបាយ លាងចាន និង ដើររើសសម្បកកំប៉ុង” ។

ចំណែកស្ត្រីតឿឈ្មោះ ស្រីទូច ត្រូវជាអ្នកជិតខាងឱ្យដឹងថា “ក្មេងស្រីតូចទាំង បីនាក់នេះ គឺជាកូនកតញ្ញូ ចេះចិញ្ចឹមឪពុកម្តាយ នៅពេលពួកគាត់ មានជំងឺធ្វើអ្វី មិនកើត ហើយកម្ររកនរណា ឱ្យដូចក្មេងស្រី ទាំងបីនាក់ នេះណាស់ ឆ្លៀតពេលទំនេរ ពីការ រៀនសូត្រ ពួកក្មេងស្រីបីនាក់នេះ ដើររើសសម្បកកំប៉ុង សម្បកដប យកទៅលក់” ៕

អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត

ដោយ តាំង សារ៉ាដា
2011-09-30
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​មួយ​ចំនួន​នៅ​កម្ពុជា បាន​ជំរុញ​ឲ្យ​រដ្ឋ​សភា និង​រដ្ឋាភិបាល​ធ្វើការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា ប្រយោជន៍​ដើម្បី​ធ្វើ​ឲ្យ​យន្តការ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​តម្លាភាព និង​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ។

ពលរដ្ឋ​នៅ​ខេត្ត​តាកែវ ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដែល​គេ​បិទ​នៅ​តាម​មូលដ្ឋាន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១១។ (RFA/Ouk Savborey)

ពលរដ្ឋ នៅ ខេត្ត តាកែវ ពិនិត្យ បញ្ជី ឈ្មោះ បោះ ឆ្នោត ដែល គេ បិទ នៅ តាម មូលដ្ឋាន កាល ពី ថ្ងៃ ទី ៥ ខែ កញ្ញា ឆ្នាំ ២០១១។ (RFA/Ouk Savborey)

លោក គុល បញ្ញា ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) មាន​យុត្តិធម៌​ក្នុង​កិច្ចការ​របស់​ខ្លួន​ទៅ​បាន លុះ​ត្រា​តែ​ស្ថាប័ន​មួយ​នេះ​មាន​សមាសភាព​ពី​គ្រប់​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា។

លោក​ថ្លែង​ថា ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ធានា​ឲ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​ពី​អ្នក​ចូលរួម​បោះ​ឆ្នោត និង​អ្នក​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ៖ «កន្លង​មក​យើង​រើស​សមាសភាព គ.ជ.ប. ក៏​មាន​ការ​ស្រុះស្រួល​គ្នា​ខ្លះ​ដែរ​នៅ​ថ្នាក់​ជាតិ។ ចំពោះ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា មាន​គណបក្ស​ប្រជាជន គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្សី។ ប៉ុន្តែ​ឥឡូវ​គេ​និយាយ​ថា គួរ​តែ​បន្ត​រៀបចំ​សមាសភាព​ថ្នាក់​ខេត្ត ថ្នាក់​ឃុំ ហើយ​ការិយាល័យ​បោះ​ឆ្នោត​ហ្នឹង គួរ​តែ​មាន​អ្នក​ពិនិត្យ​មើល​ឲ្យ​មាន​តំណាង​គណបក្ស​របស់​គេ​នៅ​តាម​ថ្នាក់ក្រោម​ហ្នឹង​ថែម​ទៀត ជា​ពិសេស​តំណាង​របស់​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា។ អា​ហ្នឹង​គេ​អាច​ឲ្យ​អ្វី​ដែល​មាន​ស្រាប់ គឺ​កាន់​តែ​មាន​ការ​ជឿ​ទុក​ចិត្ត និង​មាន​តម្លាភាព​ថែម​ទៀត»។

គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស សម រង្ស៊ី ហ៊្វុនស៊ិនប៉ិច សិទ្ធិ​មនុស្ស និង​គណបក្ស នរោត្តម រណឫទ្ធិ។

គ.ជ.ប. មាន​សមត្ថភាព និង​ការ​ទទួល​ខុស​ត្រូវ​ពេញលេញ​ក្នុង​ការ​ចាត់ចែង​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ទាំង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ និង​ការ​បោះ​ឆ្នោត​សកល។

សមាសភាព​សមាជិក​ថ្នាក់​ជាតិ​របស់ គ.ជ.ប. មាន​ចំនួន ៩​រូប។ ៥​រូប​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ២​រូប​ពី​ខាង​គណបក្ស សម រង្ស៊ី និង ២​រូប​ទៀត​ពី​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ សមាសភាព​ទាំង​នេះ​ត្រូវ​បាន​ជ្រើសរើស​ឡើង​ដោយ​ក្រសួង​មហាផ្ទៃ ហើយ​អនុម័ត​ដោយ​រដ្ឋ​សភា។ ប៉ុន្តែ​សមាជិកភាព​ដែល​មាន​សមាសភាព​ជា​អ្នក​នយោបាយ​បែប​នេះ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា ប្រៀប​ប្រដូច​ទៅ​នឹង​ការ​លេង​បាល់ទាត់ ដែល​មាន​អ្នក​ទាត់បាល់ និង​អាជ្ញា​កណ្ដាល​ជា​មនុស្ស​តែម្នាក់។

អ្នក​វិភាគ​ឯករាជ្យ​អំពី​ស្ថានការណ៍​នយោបាយ និង​នីតិ​រដ្ឋ​នៅ​កម្ពុជា លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​ឯករាជ្យ​ពិត​ប្រាកដ ហើយ​មាន​យុត្តិធម៌​ទៅ​បាន លុះ​ត្រា​តែ​សមាសភាព​នៃ​ស្ថាប័ន​មួយ​នេះ​ជា​មនុស្ស​ឯករាជ្យ មិន​ស្ថិត​ក្នុង​ជួរ​គណបក្ស​នយោបាយ។

លោក​បន្ត​ថា កម្ពុជា​គួរ​រៀន​សូត្រ​គំរូ​ដ៏​មាន​ការ​ជឿ​ទុក​ចិត្ត​ដូច្នេះ​ពី​ខាង​ប្រទេស​កាណាដា ឬ​ប្រទេស​ថៃ ៖ «គ.ជ.ប.​ហ្នឹង​គួរ​មាន​សមាជិក​ដែល​មិន​មែន​ជា​សមាជិក​គណបក្ស​នយោបាយ។ ដូចជា​នៅ​ប្រទេស​កាណាដា ដែល​ខ្ញុំ​ទៅ​ផ្ទាល់ ទៅ​ឃើញ ហើយ​គេ​ប្រាប់​តែម្ដង គឺ​ថា នៅ​ស្រុក​គេ គេ​មាន​ប្រធាន​តែមួយ​ទេ ហើយ​គេ​ចាត់ចែង​ហូរហែ​អ៊ីចឹង​ទៅ គឺ​ប្រធាន​ហ្នឹង​គាត់​មិនមែន​ជា​សមាជិក​គណបក្ស​ណា​មួយ​ទេ ហើយ​ក៏​គេ​បោះបង់​ចោល​សិទ្ធិ​បោះ​ឆ្នោត​របស់​គេ​ដែរ​បាទ! នេះ​ដើម្បី​ឲ្យ​មាន​សេចក្ដី​ទុក​ចិត្ត»។

លោក​មាន​ប្រសាសន៍​បន្ត​ថា ដើម្បី​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​មួយ​មាន​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​ទៅ​បាន លុះ​ត្រា​តែ​មន្ត្រី​រាជការ ឬ​បុគ្គលិក​រដ្ឋ និង​មេដឹកនាំ​ស្ថាប័ន​របស់​រដ្ឋ​កំពូលៗ​ទាំង​អស់ មិន​ប្រឡាក់ប្រឡូស​ក្នុង​សកម្មភាព​គណបក្ស​នោះ​ឡើយ ដើម្បី​ឲ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ។

លោក​បន្ត​ថា អ្នក​ទាំង​នោះ​អាច​ធ្វើ​សកម្មភាព​គណបក្ស​បាន​ដែរ តែ​តាម​លក្ខណៈ​ប្រយោល ដូចជា​កិច្ចការ​រដ្ឋបាល ឬ​គណនេយ្យ ប៉ុន្តែ​មិន​ត្រូវ​ចេញ​ឃោសនា​បោះ​ឆ្នោត ឬ​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​បក្ស​របស់​ខ្លួន​អ្វី​នោះ​ឡើយ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ដូច្នេះ ៖ «ប្រសិន​បើ​មន្ត្រី​រាជការ ក្រៅ​ពី​តំណាង​បក្ស​ហ្នឹង គួរ​តែ​កែប្រែ​អ្នក​តំណាង​បក្ស ហើយ​យក​មន្ត្រី​រាជការ​ដែល​ឯករាជ្យ​ខាង​នយោបាយ មិន​ចូល​បក្ស​ខាង​ណា យក​មក​កាន់​ការ ហើយ​តួនាទី​សំខាន់ៗ​គួរ​តែ​យក​មនុស្ស​បែប​ហ្នឹង គឺ​ឯករាជ្យ និង​អព្យាក្រឹត​ពី​រឿង​នយោបាយ​បក្ស។ យក​ល្អ​មិន​ត្រូវ​ឲ្យ​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ធ្វើ​ជា​សមាជិក​គណបក្ស​នយោបាយ​ទេ»។

តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​កាន់​អំណាច លោក ជាម យៀប មាន​ប្រសាសន៍​ថា មតិ​ដែល​ចង់​ឲ្យ គ.ជ.ប. ឯករាជ្យ គ្រាន់​តែ​ទស្សនៈ​រិះគន់​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​ចាំបាច់​នោះ គឺ​ការ​គោរព​ច្បាប់​ជា​កត្តា​ចាំបាច់។

លោក​ថ្លែង​បន្ត​ថា កម្ពុជា​មិន​មាន​ឧបករណ៍​សម្រាប់​វាស់​ស្ទង់​មនុស្ស​ឯករាជ្យ ឬ​មិន​ឯករាជ្យ​នោះ​ឡើយ ៖ «បើ​ច្បាប់​និយាយ​ថា យ៉ាង​ម៉េច​ហើយ យើង​អនុវត្ត​តាម​ហ្នឹង វា​អាច​ឯករាជ្យ​ហើយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សំណួរ​ដូច​ដែល​គេ​បាន​ចោទ​ប្រកាន់​ហ្នឹង​ក៏​មាន​ខ្លះ​ដែរ។ អ៊ីចឹង​ទេ យើង​មិន​ដឹង​អ្នក​ណា​មាន​ជញ្ជីង និង​មាន​ម៉ែត្រ​សម្រាប់​វាស់​ថា ជន​ណា​មួយ​ដែល​មាន​ខួរ​ក្បាល​ឯករាជ្យ ដែល​មិន​ប្រកាន់​គណបក្ស​ណា កាន់​ជើង​គណបក្ស​ណា​នោះ យើង​អត់​មាន​ទេ។ នៅ​ប្រទេស​ណា​ក៏ដោយ សូម្បី​តែ​គេ​រីក​ចម្រើន​ជឿនលឿន​កប់​ពពក​នោះ ក៏​ពិបាក​រក​អ្នក​ឯករាជ្យ ឬ​អព្យាក្រឹត​នោះ​ដែរ គឺ​ថា មនុស្ស​ដែល​ទេវតា​ចាត់តាំង​មក​គឺ​ជា​មនុស្ស​របស់​ទេវតា»។

នៅ​ក្រោម​ការ​ចាត់ចែង​របស់ គ.ជ.ប. កម្ពុជា​បាន​រៀបចំ​ដំណើរ​ការ​បោះ​ឆ្នោត​ដោយ​ខ្លួន​ឯង ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ មក។ ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ម្តងៗ គេ​សង្កេត​ឃើញ គ.ជ.ប. ដែល​មាន​សមាជិក​ភាគ​ច្រើន​ពី​ខាង​គណបក្ស​កាន់​អំណាច​ជា​ញឹកញាប់​បាន​បដិសេធ​ពាក្យ​បណ្ដឹង​របស់​ក្រុម​បក្ស​ជំទាស់​ទាក់ទិន​នឹង​ភាព​អយុត្តិធម៌​នា​ពេល​បោះ​ឆ្នោត។

គ.ជ.ប. មិន​បាន​ជម្រះ​នូវ​ឈ្មោះ​ស្ទួន​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត ហើយ​សមាជិក​របស់ គ.ជ.ប. តាម​ឃុំ​សង្កាត់ ភាគ​ច្រើន​តែង​រើស​ចេញ​ពី​ខាង​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

លោក ហង្ស ពុទ្ធា ជា​ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត​មិន​លម្អៀង​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដែល​ហៅ​កាត់​ថា និកហ្វិច (NECFEC)។ បាន​មាន​ប្រសាសន៍​ថា គ.ជ.ប. ត្រូវ​តែ​ខិត​ប្រឹងប្រែង​ថែម​ទៀត ដើម្បី​បង្ហាញ​ការ​ជឿ​ទុក​ចិត្ត​ដល់​ប្រជាពលរដ្ឋ។

លោក​បន្ត​ថា ៖ «រាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​កម្ពុជា​ខ្លួន​ឯង​ហ្នឹង យើង​ឃើញ​ថា នៅ​តែ​មាន​មតិ​មួយ​ចំនួន​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ។ អ៊ីចឹង គ.ជ.ប. មាន​តួនាទី​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​មាន​ភាព​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។ ប៉ុន្តែ​ជាក់ស្ដែង​នៅ​កម្ពុជា រឿង​ហ្នឹង​វា​ប្រហែល​ពិបាក​នឹង​ធ្វើ​ទៅ​បាន ដោយសារ​គណបក្ស​មួយ​ចំនួន​លើក​ឡើង​ថា វា​ពិបាក​ធ្វើ​បាន»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មាន​ប្រសាសន៍​ថា ការ​ចង់​បាន​ឲ្យ គ.ជ.ប. ឯករាជ្យ​នោះ គ្រាន់​តែ​ទស្សនៈ​នយោបាយ​របស់​បុគ្គល​មួយ​ចំនួន ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​សភាព​ជាក់ស្ដែង​នៃ​នយោបាយ​របស់​កម្ពុជា។

លោក ទេព នីថា បញ្ជាក់​ថា ៖ «ទី​មួយ​ខ្ញុំ​ចង់​និយាយ​ថា ពាក្យ តើ​ពាក្យ​ឯករាជ្យ​ហ្នឹង​វា​មាន​ន័យ​យ៉ាង​ម៉េច ហើយ​សម្រាប់​ប្រទេស​កម្ពុជា តើ​ត្រូវ​រក​មនុស្ស​ឯករាជ្យ​របៀប​ណា? អ្នក​និយាយ​ដែល​និយាយ​ថា ចង់​បាន​ឯករាជ្យ​សព្វ​ថ្ងៃ​នេះ ក៏​មិន​មែន​ជា​មនុស្ស​ឯករាជ្យ​ដែរ។ អ្វី​ដែល​យើង​ចង់​មើល​នោះ គឺ​ច្បាប់​សម្រាប់​អនុវត្ត​របស់​គណៈកម្មការ​បោះ​ឆ្នោត​ដែល​សភា​បាន​អនុម័ត»។

អង្គការ​ខុមហ្វ្រែល បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា ប្រកប​ទៅ​ដោយ​ស្តង់ដារ​ខ្ពស់​ទៅ​បាន លុះ​ត្រា​កម្ពុជា រៀបចំ​គណៈកម្មការ​ជ្រើសរើស​សមាសភាព​របស់ គ.ជ.ប. ចេញ​ពី​គណបក្ស​នយោបាយ​ចម្រុះ ហើយ​បើក​ចំហ​ក្នុង​ការ​ដាក់​ពាក្យ។ ម្យ៉ាង​ទៀត​លក្ខណៈ​វិនិច្ឆ័យ​របស់​បេក្ខជន និង​បេក្ខនារី​ទាំង​ឡាយ មិន​ត្រូវ​ជា​សមាជិក​របស់​គណបក្ស​នយោបាយ​រយៈពេល​ពី ២ ទៅ ៣​ឆ្នាំ មាន​បទពិសោធន៍​ការងារ​ដែល​គេ​ចាត់​ទុក​ថា ជា​មនុស្ស​សុចរិត អព្យាក្រឹត មាន​សុភវិនិច្ឆ័យ និង​ជា​មនុស្ស​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ មុន​ការ​ដាក់​ពាក្យ​ប្រឡង​ចូល​ជា​សមាជិក​នៃ​គ.ជ.ប.។

ក្រុម​បក្ស​ប្រឆាំង​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ថែម​ទៀត​ទៅ​លើ​សមាសភាព​របស់ គ.ជ.ប. ឡើង​វិញ ព្រម​ទាំង​ដាក់​សម្ពាធ​ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា។

ដំណើរការ​បោះ​ឆ្នោត​សកល​នៅ​កម្ពុជា បាន​ប្រព្រឹត្ត​បាន​បួន​ដង​មក​ហើយ គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០៨។ លើក​ទី​១ គឺ​នៅ​ឆ្នាំ​១៩៩៣ នោះ ក្រោម​ការ​រៀបចំ និង​ឧបត្ថម្ភ​ដោយ​កង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ដែល​ហៅ​កាត់​ថា UNTAC ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ វាយ​តម្លៃ​ថា បាន​ធ្វើ​ឡើង​ប្រកប​ដោយ​សេរី និង​យុត្តិធម៌៕

សាធារណជន​រិះគន់​អ្នក​ប្រកប​របរ​លក់​គោ​ដុត

ដោយ កែវពេជ្រ មេត្តា
2011-09-30
វិទ្យុ​អាស៊ីសេរី

មន្ត្រី​រាជការ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រម​ទាំង​ប្រជាពលរដ្ឋ និង​ពុទ្ធ​បរិស័ទ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​ក្រុម​អ្នក​ប្រកប​របរ​លក់​គោ​ដុត ឬ​គោ​អាំង ដែល​​កាត់​ក្បាល​គោ ហើយ​យក​ទៅ​ដុត​ទាំង​មូល​នៅ​តាម​ហាង​នានា តាម​ទីផ្សារ តាម​ដង​ផ្លូវ​សាធារណៈ និង​ជិត​របង​វត្ត​ជាដើម។

៣០-កញ្ញា-២០១១៖ ស្ត្រី​ម្នាក់​ដើរ​កាត់​កន្លែង​លក់​គោ​ដុត​នៅ​តាម​ដង​ផ្លូវ​នៅ​ក្បែរ​ផ្សារ​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ។ (RFA/Mom Sophon)

៣០-កញ្ញា-២០១១៖ ស្ត្រី ម្នាក់ ដើរ កាត់ កន្លែង លក់ គោ ដុត នៅ តាម ដង ផ្លូវ នៅ ក្បែរ ផ្សារ ស្ទឹងមានជ័យ រាជធានី ភ្នំពេញ។ (RFA/Mom Sophon)

អ្នក​រិះគន់​ទាំង​នោះ​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​ធម្មការ និង​សាសនា ឲ្យ​ជួយ​ធ្វើ​ការ​អប់រំ​កុំ​ឲ្យ​មាន​ការ​សម្លាប់​គោ ហើយ​យក​មក​ដុត​អាំង​ទាំង​មូល​លក់​យ៉ាង​ដូច្នេះ​ទៀត ពីព្រោះ​ដើរ​ផ្ទុយ​នឹង​គោល​ច្បាប់​ព្រះពុទ្ធ​សាសនា ដែល​រាជរដ្ឋាភិបាល និង​ពលរដ្ឋ​កម្ពុជា បាន​លើក​តម្កើង​ថា ជា​សាសនា​របស់​រដ្ឋ​សព្វថ្ងៃ​នេះ។

សេចក្ដី​រាយការណ៍​របស់​អ្នកស្រី កែវពេជ្រ មេតា្ដ៖

ស្តាប់សំឡេង

បើ​គេ​ធ្វើ​ដំណើរ​កាត់​តាម​ដង​ផ្លូវ​ធំៗ នៅ​តាម​ទីផ្សារ​ខ្លះ និង​នៅ​ក្នុង​ហាង​អាហារដ្ឋាន​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ សព្វថ្ងៃ គេ​នឹង​ឃើញ​ការ​ដាក់​លក់​គោ​ដុត ឬ​គោ​អាំង​ទាំង​មូល ពិសេស​គឺ​នៅ​ពេល​ល្ងាច​ដែល​មាន​មនុស្ស​ម្នា​ត្រូវ​ការ​ទិញ​ម្ហូប​អាហារ​ទទួល​ទាន។

ការ​ដាក់​លក់​សាច់​គោ​ដុត​ដែល​មាន​រូបរាង​នៅ​ទាំង​មូល​យ៉ាង​ដូច្នោះ ត្រូវ​បាន​សាធារណជន​មួយ​ចំនួន​គេ​រិះគន់​ថា ជា​ការ​លក់​ដូរ​មួយ​មិន​សមរម្យ​ទាល់​តែ​សោះ ពីព្រោះ​គេ​មើល​ទៅ​ហាក់​បី​ដូច​ជា​សាកសព​មនុស្ស​ដែល​គេ​កាត់​ដៃ​កាត់​ជើង និង​ក្បាល​ចេញ។ មិន​តែ​ប៉ុណ្ណោះ គេ​ឃើញ​អ្នក​លក់​ខ្លះ បាន​ចាក់​ដោត​កាំបិត​ជាប់​នៅ​លើ​ខ្នង​គោ​អាំង និង​ពន្លះ​សាច់​បន្តិច​ម្ដងៗ ដែល​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​អារម្មណ៍ និង​មាន​ការ​ភ័យ​ខ្លាច ពិសេស​កុមារ​តូចៗ​ដែល​បាន​ដើរ​ទៅ​ឃើញ​ទិដ្ឋភាព​នោះ។

អ្នក​រិះគន់​ទាំង​នោះ​ដែល​រួម​មាន​មន្ត្រី​រាជការ អង្គការ និង​ពុទ្ធបរិស័ទ​មួយ​ចំនួន បាន​បញ្ជាក់​ទៀត​ថា ការ​ដាក់​លក់​សាច់​គោ​ដុត ឬ​អាំង​ទាំង​មូល​ដោយ​កាត់​តែ​ក្បាល និង​កន្ទុយ​ចេញ ហើយ​យក​មក​ឆ្កាង​លក់​ទម្រាំ​អស់ គេ​មើល​ទៅ​អាក្រក់​ខ្លាំង​ណាស់ មិន​សមរម្យ​ជា​ពលរដ្ឋ​កម្ពុជា អ្នក​គោរព​ព្រះពុទ្ធ​សាសនា​ទេ។

ក្នុង​ចំណោម​អ្នក​រិះគន់​ទាំង​នោះ បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​រូប ឈ្មោះ សឹង្ហ គា បាន​មាន​ប្រសាសន៍​ថា ការ​ដាក់​លក់​សាច់​គោ​ដុត​ទាំង​មូល​សព្វថ្ងៃ​នេះ គឺ​មើល​ទៅ​ហាក់​បី​ដូច​ជា​ការ​ធ្វើ​ទារុណកម្ម​សត្វ​គោ។

លោក​បន្ត​ថា ៖ «ឃើញ​របៀប​ចាក់​ដោត​កាំបិត​នៅ​ហ្នឹង ហើយ​ដោត​ពី​គូទ ធ្លាយ​មក​ក្បាល ហែក​ជើង​អ៊ីចឹង​ទៅ មើល​ទៅ​ដូច​ឃោរឃៅ​ព្រៃផ្សៃ ពិសេស​យើង​ប្រទេស​អ្នក​កាន់​ព្រះពុទ្ធ​សាសនា មាន​ព្រះសង្ឃ​រាប់​ម៉ឺន​រាប់​សែន​អង្គ ហើយ​មាន​អ្នក​កាន់​សីល​ហ្នឹង​រាប់​លាន​អ្នក​ទៀត។ អ្នក​សង្រួម​គាត់​មាន​សីល​ក្នុង​ខ្លួន គាត់​មាន​ក្ដី​មេត្តា​ក្នុង​ខ្លួន ពេល​គាត់​ឃើញ​អ៊ីចឹង​តើ​វា​ប៉ះពាល់​យ៉ាង​ម៉េច? អា​ហ្នឹង​យើង​គួរ​ពិចារណា​អ៊ីចឹង​ផង។ វា​មិន​ខុស​អី​ទេ ប៉ុន្តែ​វា​មិន​សម​នឹង​ប្រទេស​ជា​អ្នក​យក​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​ជាតិ របស់​រដ្ឋ អ៊ីចឹង​ទៅ​វា​ដូច​ដើរ​ខុស​គ្នា​អ៊ីចឹង​ទៅ​ណា ថ្វីត្បិត​តែ​សត្វ​ជា​អាហារ​យើង។ ប្រទេស​ខ្លះ​គេ​កាន់ គេ​មិន​ហូប​សាច់​ជ្រូក តែ​គេ​ក៏​មិន​មាន​ជ្រូក​ខ្វៃ​អី​សាហាវ​អ៊ីចឹង​ដែរ»។

ការ​ដាក់​លក់​សាច់​គោ​ដុត ឬ​គេ​ហៅ​ថា កូន​គោ​អាំង​ទាំង​មូល ដោយ​ដាក់​លក់​សម្ញែង​ភ្នែក​អ្នក​ទិញ​ជា​រាង​ច្រងាង​នៅ​តាម​ហាង​ក្ដី និង​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​ក្ដី កំពុង​តែ​ធ្វើ​ឲ្យ​មាន​ការ​ត្រិះរិះ​ពិចារណា​របស់​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ទៀត រហូត​ដល់​អ្នក​ខ្លះ​បាន​ប្ដេជ្ញា​ថា គេ​មិន​ទិញ​សាច់​គោ​យក​មក​ទទួល​ទាន​ទៀត​ទេ ពីព្រោះ​មាន​ការ​អាណោចអាធ័ម​នៅ​ក្នុង​ចិត្ត​ខ្លាំង​ណាស់។

ស្ត្រី​មួយ​រូប​ឈ្មោះ ធីម ដែល​កំពុង​អង្គុយ​លក់​ដូរ​នៅ​ផ្សារ​ដើម​ថ្កូវ និង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​លក់​គោ​ដុត​មួយ​កន្លែង​នៅ​តាម​ផ្លូវ​ឡើង​ចេញ​ចូល​ពី​វត្ត​សន្សំកុសល បាន​ប្រាប់​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​គាត់​បាន​ឃើញ​គេ​ដាក់​លក់​គោ​ដុត​ទាំង​មូល​នៅ​ទី​នោះ​ជា​រៀង​រាល់​ថ្ងៃ ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​ណាយ​មិន​ដែល​ទិញ​សាច់​គោ​មក​បរិភោគ​ឡើយ។

ស្ត្រី​អ្នក​លក់​ដូរ ៖ «អត់​ញ៉ាំ​ទេ​បង! គ្រាន់​តែ​ឃើញ​នឹក​ក្នុង​ចិត្ត​អាណិត​វា​ណាស់ យក​មក​ឆ្កាង​ដៃ​ឆ្កាង​ជើង ដូច​ជា​អាក្រក់អាក្រី​ពេក​ហើយ ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម៉េច មុខ​របរ​របស់​គេ គេ​ធ្វើ​អ៊ីចឹង។ បើ​យក​ទៅ​ទឹម​ទៅ​អី​មិន​អាណិត​ទេ តែ​បើ​យក​លក់​ឲ្យ​ឈ្មួញ​អ៊ីចឹង​អាណិត​វា​ណាស់»។

មាន​ប្រសាសន៍​ប្រាប់​ស្រដៀង​គ្នា​នេះ​ដែរ ឧបាសិកា​មួយ​រូប​ឈ្មោះ ស៊ី មឿន នៅ​ទីក្រុង​ភ្នំពេញ បាន​បញ្ជាក់​ថា តាម​ការ​ប្រតិបត្តិ​ធម៌​ក្នុង​ព្រះពុទ្ធ​សាសនា​ជា​រៀងរាល់​ថ្ងៃ​របស់​គាត់​នោះ ធ្វើ​ឲ្យ​គាត់​មាន​ការ​អាណិត​អាសូរ​នៅ​ពេល​បាន​ឃើញ​គេ​យក​សត្វ​គោ​មក​ដុត​អាំង​លក់​នៅ​ទាំង​មូល​យ៉ាង​ដូច្នេះ។

ឧបាសិកា​ដដែល​បាន​បន្ត​ថា គាត់​ចង់​សំណូមពរ​កុំ​ឲ្យ​គេ​ធ្វើ​យ៉ាង​ដូច្នេះ​ទៀត តែ​មិន​ហ៊ាន និង​មិន​ដឹង​ធ្វើ​ដូច​ម្ដេច ៖ «យើង​មាន​សិទ្ធិ​អី​ទៅ​និយាយ គេ​របរ​រក​ស៊ី​គេ គេ​មាន​សេរីភាព​ក្នុង​ការ​រក​ស៊ី​របស់​គេ។ ប៉ុន្តែ​ការ​រក​ស៊ី​យើង​ត្រូវ​ហាម​ប្រាម​ផង អា​អំពើ​ណា​ដែល​ធ្វើ​ឲ្យ​យើង​ធ្វើ​ឲ្យ​អាប់​ឱន​ជាតិ​យើង អាប់​ឱន​ពុទ្ធ​សាសនា​យើង​អាប់​ឱន​ហ្នឹង។ យើង​អាង​តែ​មាន​សិទ្ធិ​សម្លាប់​គ្នា​បាន​ចេះ​តែ​សម្លាប់​ហួសហេតុ។អត់​មាន​ចិត្ត​មនុស្ស​ធម៌​សោះ គួរ​អាណោចអាធ័ម​គិត​ដល់​ជីវិត​គេ​ជីវិត​ឯង។ ដោត​ច្រងាង​នៅ​អាំង ហើយ​ព្រលះ យើង​មើល! រដ្ឋាភិបាល​យើង​គួរ​គិត​ត្រង់​ហ្នឹង​ដែរ កុំ​បណ្ដោយ​ធ្វើ​អ៊ីចឹង​ពេក»។

ការ​ធ្វើ​ឃាត​សត្វ​គោ ហើយ​យក​មក​ដុត​អាំង​លក់​នៅ​ខ្លួន​ទាំង​មូល ដែល​គេ​កំពុង​តែ​ដាក់​លក់​សព្វ​ថ្ងៃ​នេះ ក៏​មាន​ប្រតិកម្ម​ពី​មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​ថ្នាក់​ក្រោម​ផង​ដែរ ដោយ​បាន​លើក​ឡើង​ថា ជា​អំពើ​អសីលធម៌ ប្រាសចាក​ធម៌​មនុស្ស។

លោក វ៉ាយ វិបុល ជំនួយ​ការ​អគារធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ បាន​មាន​ប្រសាសន៍​ថា លោក​ធ្លាប់​បាន​ឃើញ​ការ​ដាក់​លក់​គោ​ដុត ឬ​អាំង​ទាំង​មូល​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ជា​ការ​មិន​សមរម្យ​ទាល់​តែ​សោះ ប៉ុន្តែ​ក្នុង​ឋានៈ​ជា​មន្ត្រី​ក្រសួង​ធម្មការ​តូចតាច លោក​មិន​ដឹង​ជា​ធ្វើ​យ៉ាង​ឡើយ។

លោក​បន្ថែម​ដូច្នេះ ៖ «ប៉ុន្តែ​បើ​សិន​ជា​អ្នក​កាន់​សីល អ្នក​ប្រព្រឹត្ត​សុចរិត​មាន​គ្នា​ច្រើន រួម​ទាំង​អ្នក​មាន​ឥទ្ធិពល​ផង ហើយ​លោក​មាន​ចំណង់​ចំណូល​ចិត្ត​ក្នុង​ការ​ទប់ស្កាត់​នូវ​អំពើ​ទាំង​អស់​នោះ ខ្ញុំ​ជឿ​ជាក់​ថា អាច​បាន។ ហើយ​អាច​ពន្យល់​ណែនាំ បង្ហាត់​បង្រៀន ឬ​ក៏​ទេសនា​គ្រប់​បែប​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​ការ​លើក​តម្កើង​សីលធម៌ គុណធម៌​ឲ្យ​បាន​ច្រើនៗ តាម​វិទ្យុ តាម​ការ​ផ្សាយ​ពាណិជ្ជកម្ម​អី​ហ្នឹង ឲ្យ​គេ​យល់។ អា​ហ្នឹង​ធ្វើ​អ៊ីចឹង​បាន​ទប់​ស្កាត់​បាន បើ​មិន​ទាំង​ស្រុង ក៏​អាច​ជា​ជំហាន​តូច​មួយ​ដែរ»។

នូវ​រាល់​ការ​លើក​ឡើង​ទាំង​ប៉ុន្មាន​នេះ វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ទៅ​ថ្នាក់​ដឹកនាំ​ក្រសួង​ធម្មការ និង​សាសនា​ដែរ នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១១ ដើម្បី​ចង់​ដឹង​ថា តើ​លោក​ជួយ​ដោះស្រាយ និង​មាន​វិធានការ​បែប​ណា? ប៉ុន្តែ​លោក​បាន​តប​ថា ជាប់​រវល់​ប្រជុំ។

មន្ត្រី​រាជការ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រម​ទាំង​ប្រជាពលរដ្ឋ និង​ពុទ្ធ​បរិស័ទ​មួយ​ចំនួន​នៅ​ទី​ក្រុង​ភ្នំពេញ ដែល​បាន​រិះគន់​ការ​ដាក់​លក់​សាច់​គោ​ដុត​ដែល​មាន​រូបរាង​នៅ​ទាំង​មូល​នោះ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​សំណូមពរ​សុំ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​ជួយ​លៃលក​ធ្វើ​យ៉ាង​ណា​ណែនាំ​អប់រំ​ក្រុម​ប្រកប​អាជីវកម្ម​លក់​ដូរ​សាច់​សត្វ​នោះ​ឲ្យ​មាន​ការ​លក់​បាន​សម​ស្រប​ទៅ​តាម​ប្រទេស​កម្ពុជា មាន​ការ​គោរព​ព្រះពុទ្ធ​សាសនា និង​ប្រកាន់​យក​នូវ​ការ​សន្ដោស​អាណិត​អាសូរ​ទាំង​ជីវិត​មនុស្ស និង​ជីវិត​សត្វ។

ស្រប​ពេល​នេះ​ដែរ មាន​ប្រជាជន​ និង​​ពុទ្ធ​បរិស័ទ​មួយ​ចំនួន​ក៏​បាន​រិះគន់​ដល់​អំពើ​អ្នក​ប្រកប​របរ​លក់​សាច់​សត្វ​ដ៏ទៃ​ទៀត​​ដែល​មិន​សមរម្យ ដូចជា​លក់​សាច់​ឆ្កែ និង​អ្នក​ខ្លះ​ទៀត​បាន​សម្លាប់​សត្វ​ឆ្មា យក​សាច់​មក​ធ្វើ​ជា​អាហារ​ជា​ដើម ដែល​បណ្ដាល​ឲ្យ​មាន​ចោរ​ដើរ​ទាក់​ឆ្កែ ឆ្មា យក​មក​លក់ ធ្វើ​ឲ្យ​ឆ្កែ ឆ្មា​អ្នក​ស្រុក​បាត់​ស្ទើរ​តែ​រាល់​យប់៕

សូដា នីតា មិនទាន់កំណត់ ថ្ងៃរៀបការ

Written by ភ្នំពេញដេលីញូវ
Monday, 03 October 2011

តាមព័តមាន បានអោយដឹងថា គូដណ្តឹងរបស់ អ្នកចំរៀង សូដា នីតា បានចាកចេញនាង វិលត្រឡប់ទៅកាន់ ប្រទេសបារាំង វិញហើយ ។

ថ្ងៃទី ៩ ខែកញ្ញា គឺជាថ្ងៃដែល សូដា នីតា ភ្ជាប់ពាក្យ ហើយក៏ជាថ្ងៃ ដែលនាងតែង តែស្រមៃ ជាយូរឆ្នាំមកហើយ ។ នៅពេលដែល សូដា នីតា ប្រកាសពី ចំណងស្នេហ៍ថ្មី របស់ខ្លួន ជាមួយ បុរសខ្មែរ រស់នៅ ប្រទេសបារាំង មិនសូវមាន នរណាជឿឡើយថា ស្នេហានោះ អាចនឹងឈាន ដល់ការភ្ជាប់ពាក្យ ពីព្រោះកន្លងមក នាងធ្លាប់ជួបប្រទះ រឿងស្នេហាមិន សមបំណង ជាច្រើន លើក រួចមកហើយ ហើយចំណងស្នេហា នីមួយៗសុទ្ធតែ ជាស្នេហា ដែលជ្រាលជ្រៅ និង រយៈពេល យូរឆ្នាំទៀត តែទីបំផុតនៅតែ បែកបាក់ ម៉្យាងទៀត ស្នេហាថ្មីនេះ ទើបតែមាន រយៈពេល កន្លះឆ្នាំ ប៉ុណ្ណោះ ។ ទោះបីជាជួបប្រទះ រឿងស្នេហា មិនសមបំណង ជាច្រើនលើក ច្រើនសា ក៏មិនបានធ្វើឱ្យ ស្រីស្អាតរូបនេះ រាងចាលចំពោះ រឿងស្នេហាដែរ ចុងក្រោយនាង ទទួលបាន ស្នេហា ពិតប្រាកដ ដែលគ្រោងនឹង រៀបអាពាហ៍ពិពាហ៍ នៅឆ្នាំក្រោយ ប៉ុន្តែមិនទាន់ ដឹងថ្ងៃខែ ពិតប្រាដទេ ។

ថ្វីដ្បិតតែ សូដា នីតា មានវ័យជិត ៣០ ឆ្នាំ ប៉ុន្តែគយគន់ មើលរូបសម្បត្តិ នាងឃើញថា នាងជានារីម្នាក់ ដែលស្រស់ ស្អាតបានយូរ លក្ខណៈពិសេស របស់នាងគឺមាន រង្វង់មុខមូលដូច ដួងខែ រូបរាង ខ្ពស់ស្រឡះ ដើមទ្រូង ពើងណែន ចង្កេះតូច ត្រគាក សាយ អាចចាត់ចូលខ្នាត ជាស្រីស្អាត សិចស៊ី ដូចតារាបរទេស ដែលធ្វើឱ្យ ប្រុសៗ គយគន់ មិនណាយ ។ ភាពទាក់ទាញរបស់ សូដា នីតា បានធ្វើឱ្យជីវិតនាង ជួបស្នេហាមិនសម បំណងជាច្រើនលើក ច្រើនសា ជាក់ស្តែងនៅក្នុង ខែមេសា ឆ្នាំ ២០០៨ បានបែកធ្លាយ ស្នេហានាង និង ប្រុសស្អាត ងួន វ៉ារី ដែលបានភ្ជាប់ ទំនាក់ទំនង គ្នាជាង ៤ ឆ្នាំ ។ រំលងនៃការ ប្រកាសនេះ រយៈពេលបីខែ ស្រាប់តែនាង ចេញមុខទម្លាយ រឿងស្នេហាជាមួយ ឡាយអ៊ិន ដែលជាពិធីករ ប្រចាំនៅស្ថានីយ ទូរទស្សន៍ CTN ។

ក្រោយមក សូដា នីតា ក៏ផ្តាច់ ទំនាក់ទំនងស្នេហា ទាំងពីរនោះចោល ដោយមិនជ្រើស រើសនរណាម្នាក់ឡើយ ។ នៅក្នុងឆ្នាំដដែល ក្នុងខែវិច្ឆិកា ស្រាប់តែលេចឮ ព័ត៌មានថា សូដា នីតា មាន ស្នេហាថ្មី ជាមួយអ្នកសម្តែង ជិន ស៊ីណារ៉ាក់ ដែលពេល នោះ សូដា នីតា និយាយថា ទំនាក់ទំនងពេលនោះ គ្រាន់តែជា មិត្តប៉ុណ្ណោះ រឿងរៀបការ មិនទាន់ប្រាកដទេ ។

យុគ ចិន្តា តារាដែលមាន ប្រាក់ច្រើនជាងគេ

Written by ភ្នំពេញដេលីញូវ
Sunday, 02 October 2011

យុគ ចិន្តា ពិធីការិនី ជើងចាស់ម្នាក់ នៅទូរទស្សន៍ CTN នៅអំឡុង ខែកក្កដា និង ខែកញ្ញា ឆ្នាំ ២០១១ បានក្លាយទៅជា សិល្បការិនីម្នាក់ ដែលត្រូវបាន សារព័ត៌មាន ចុះផ្សាយច្រើន ពិសេស ទស្សនាវដ្តី ។ តារាទូរទស្សន៍ យុគ ចិន្តា ត្រូវសារព័ត៌មាន ផ្សាយ សង្កត់ធ្ងន់ ទៅលើបញ្ហា អាថ៌កំបាំង នៃជីវិតស្នេហា និង រឿងទ្រព្យសម្បត្តិ របស់នាង ដែលសារព័ត៌មាន ថាជា តារាដែល មានប្រាក់ច្រើនជាងគេ ។ ដោយសារតែ រឿងអាថ៌កំបាំង ជាច្រើនទាក់ទិន នឹងជីវិតរបស់នាង ត្រូវបាន សារព័ត៌មាន យកមក លាត ត្រដាង ជាសាធារណៈ អស់រយៈពេល ១០ ឆ្នាំមកនេះ បានធ្វើឱ្យ ពិធីការិនី រូបនេះមិនសូវ សប្បាយចិត្ត ហើយព្យាយាម គេចវេះពី សារព័ត៌មាន ។

នៅក្នុងរយៈពេល ២ ខែមកនេះ សារព័ត៌មាន បានចុះផ្សាយ ជាបន្តបន្ទាប់ថា ពិធីការិនីម្នាក់នេះ មានទ្រព្យ-សម្បត្តិ យ៉ាងច្រើន នាពេលបច្ចុប្បន្ននេះ គឺមានផ្ទះវីឡា ផ្ទះល្វែង និង ប្រាក់ បើកក្រុមហ៊ុន និង ហាងមួយចំនួន… ។ មានសារព័ត៌មាន ខ្លះ ផ្សាយ ដោយ មានប្រភព និង គ្មានប្រភពថា យុគ ចិន្តា មានប្រាក់ច្រើន លានដុល្លារ ។ ជាមួយគ្នានេះ ក៏មានសារព័ត៌មាន បានផ្សាយថា យុគ ចិន្តា មានពាក់ព័ន្ធ ជាមួយ អ្នកមានម្នាក់ នៅភ្នំពេញ កាលពីជាង ១៥ ឆ្នាំមុន ហើយអ្នកមាននោះ បានជួយ ឧបត្ថម្ភនាង រហូតបានក្លាយ ទៅជាអ្នកមាន ទ្រព្យហូរ ហៀរម្នាក់ ។

កាលពីជាង ១០ ឆ្នាំមុន យុគ ចិន្តា មានឈ្មោះល្បី គួរសម បន្ទាប់ពីនាង បានចូលមកប្រឡូក ការងារនៅក្នុងផ្នែក ទូរទស្សន៍ គឺនាងបានចូល ធ្វើការឱ្យ ទូរទស្សន៍ ពីជ បន្ទាប់មកប៉ុស្តិ៍ លេខ ៥ ហើយ ល្បីឈ្មោះកាលនោះ ដោយសារតែ នាងចេះភាសា ថៃ ដែលកាលនោះ ទូរទស្សន៍ប៉ុស្តិ៍ លេខ ៥ ស្ថិតនៅក្រោមការ គ្រប់គ្រងផ្ទាល់របស់ អ្នកវិនិយោគ ជនជាតិថៃ ។

ភាពទាក់ទាញរបស់ យុគ ចិន្តា និង រូបសម្រស់ ជំនាន់នោះ បាននាំឱ្យនាង មានទំនាក់ទំនង ជាមួយអ្នកមាន ស្តុកស្តម្ភម្នាក់ ។ គឺក្រោយពេល នោះហើយ ទើបគេ សម្ពាល់ឃើញ យុគ ចិន្តា មានការប្រែប្រួល ជីវិតភ្លាមៗខាងផ្នែក សម្ភារៈ ហើយពេល នោះ ក៏ជាពេល នាងបានប្តូរទៅ ធ្វើការនៅទូរទស្សន៍ CTN នៅឆ្នាំ ២០០៣ ។

អាចប្រហែលជារឿង អយុត្តិធម៌សម្រាប់ យុគ ចិន្តា ដែរដែលកាលនោះ សារព័ត៌មាន បានផ្សាយថា នាងមានជំងឺ ធ្ងន់ធ្ងររាតត្បាត រាងកាយរបស់នាង ហើយនាងបាន លួចទៅ ព្យាបាល ជំងឺ នៅប្រទេសថៃ ជារៀងរាល់ខែ ប៉ុន្តែរឿងនេះបាន កន្លងផុតទៅ ជាង ១០ ឆ្នាំទៅហើយ យុគ ចិន្តា នៅតែជា យុគ ចិន្តា ហើយ យុគ ចិន្តា នៅតែស្រស់ស្អាត ។ តារា ទូរទស្សន៍ ម្នាក់ នេះ បានស្ថិត នៅក្រោមការ តាមប្រមាញ្ញ់ ពីរឿងឯកជន ពីសារព័ត៌មាន… ។ ដើម្បីចៀសផុត ពីការតាមសម្ភាស សួរដេញដោល ពី ជីវិត ស្នេហា និង ឯកជន យុគ ចិន្តា បានប្រាប់សារ ព័ត៌មាន ថា នាងមានគូដណ្តឹង នៅអាមេរិក ។ ព័ត៌មានដែល តារារូបនេះ ផ្សាយកាលពី ១០ ឆ្នាំមុននោះ មិនមែនជា ការពិតទេ រហូតមកដល់ ពេលនេះ ។

កាលពី ៤-៥ ឆ្នាំមុន នាងឧស្សាហ៍ ធ្វើដំណើរទៅ អាមេរិក ហើយពេលនោះ នាងនិយាយប្រាប់ សារព័ត៌មានថា ទៅជួបម្តាយបង្កើត របស់នាង ប៉ុន្តែក្រោយមកមាន ព័ត៌មានថា នាងមាន ទំនាក់ទំនង ជាមួយ DJ ពូ ឃ្លាំង ដែលរស់នៅ សហរដ្ឋអាមេរិក ។ បន្ទាប់មក គេក៏បានឃើញ ពូ ឃ្លាំង មករស់នៅភ្នំពេញដែរ ។ អ្នកសារព័ត៌មាន បានថតរូបថត ជាច្រើនដែល យុគ ចិន្តា និង ពូ ឃ្លាំង បណ្តើរគ្នា ទៅមើលសិល្បៈ ជាមួយគ្នា ៘ ដែលជាព័ស្តុតាង បញ្ជាក់ថាពួកគេ មានទំនាក់ទំនង ផ្លូវស្នេហ៍ ជាមួយគ្នា ។ មកដល់ ឆ្នាំ ២០០៨-២០០៩ ទំនាក់ទំនង រវាង ពូ ឃ្លាំង និង យុគ ចិន្តា កាន់តែឃ្លាតឆ្ងាយ ហើយក៏មិនដែល ឃើញអ្នកទាំងពីរ ដើរជាមួយគ្នា ទៀតដែរ ។

ឆ្នាំ ២០១១ នេះ ពិធីការិនី យុគ ចិន្តា មានអាយុប្រហែល ៣៨ ឬ ៣៩ ឆ្នាំ ហើយ ប៉ុន្តែគ្មានព័ត៌មាន ឬ ដំរួយថា នាងនឹងមាន អាពាហ៍ពិពាហ៍ នោះឡើយ ប៉ុន្តែមានព័ត៌មានថា យុគ ចិន្តា មានប្រាក់ច្រើន ហើយកំពុងតែពង្រីក មុខរបររបស់នាង កាន់តែធំ ទៅ ៗ ។ យុគ ចិន្តា និង គង់ សុជាតិ ជាពិធីការិនីដៃគូគ្នា ។ ម្នាក់ល្បីនៅ ទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ និង ម្នាក់ទៀត ល្បីនៅទូរទស្សន៍ ប៉ុស្តិ៍លេខ ៣ ប៉ុន្តែតារាទាំង ពីរនាក់នេះ ចេះនិយាយ ភាសាថៃរអិលតែម្តង ។ ពេលវេលាបាន កន្លងផុតទៅច្រើនឆ្នាំ តារា ទាំង ពីរកាន់តែ មានវ័យចាស់ ប៉ុន្តែរូបសម្រស់ របស់ពួកគេ នៅតែស្រស់ស្អាត… ។

យុគ ចិន្តា បានផ្លាស់ប្តូរជីវិត បន្ទាប់ពីឆ្នាំ ១៩៩៣ ស្វាមីរបស់នាងបាន ទទួលមរណភាព ។ ដោយសារតែជាក្មេង វ័យឆ្លាត នាងបានប្រឹងសិក្សា ភាសាថៃ និង ភាសាអង់គ្លេស… ។ ទីបំផុត អតីតកាល បានកន្លងផុតទៅ យុគ ចិន្តា បានក្លាយទៅជា ស្ត្រី ម្នាក់ ដែលមាន សមត្ថភាព និង មានមហិច្ឆតា នៅក្នុងជីវិតរបស់ នាងទៅអនាគត ។

យើងបានព្យាយាម សុំជួប យុគ ចិន្តា ដើម្បីសម្ភាស ប៉ុន្តែតារា ដ៏ល្បីល្បាញនេះ មិនចង់ជួប អ្នកសារព័ត៌មាន ជាទូទៅទេ ។ នាងធ្លាប់និយាយថា មិននិយាយ ជាមួយ សារព័ត៌មានទេ លុះត្រាតែ សារព័ត៌មាននោះ មិនសរសេរពី រឿងឯកជន របស់នាង ។ ជាការពិត ឈ្មោះល្បីល្បាញ របស់ យុគ ចិន្តា ឬ តារាទាំងអស់ នៅលើលោក ភាគច្រើនគឺ ចេញពីរឿងជីវិត ឯកជននោះឯង ។

បច្ចុប្បន្ន យុគ ចិន្តា គ្រប់គ្រង កម្មវិធីមួយចំនួន នៅទូរទស្សន៍ CTN ដូចជា សម្រស់ស្ត្រី កម្មវិធីប្រគំតន្ត្រី និង កម្មវិធីស្ត្រីមេផ្ទះ ។ នៅខាងក្រៅ នាងជាថៅកែ ភោជនីយដ្ឋាន ស្លឹកចាក និង ហាងលក់សម្លៀក បំពាក់ឈ្មោះ “អង” ៕

សាំសុង បញ្ចោញម៉ាស៊ីន Galaxy Tab 7.0 Plus

Written by ភ្នំពេញដេលីញូវ
Saturday, 01 October 2011

បន្ទាប់ពី iPad ត្រូវក្រុមហ៊ុន Amazon បញ្ចោញម៉ាស៊ីន Tab ម៉ាក Kindle Fire ប្រជែងមកនៅថ្ងៃ ម្សិលមិញនេះ សាំសុង ក៏បានបញ្ចោញ Galaxy Tab 7.0 Plus មកប្រជែងជាមួយ iPad ទៀត ។

ម៉ាស៊ីន Galaxy Tab 7.0 Plus មានល្បឿន 1.2 GHz Memory 1GB ប្រើប្រព័ន្ធ ប្រតិបត្តិការ 3.2 Honeycomb ។ ម៉ាស៊ីននេះមាន អេក្រង់ ៧ អ៊ីញ មាន Resolution 1024×600 មានសមត្ថភាព ២ គឺ 16GB និង 32 GB ។

មានកាមេរ៉ា 3megapixel នៅខាងក្រោយ ហើយនៅខាង មុខមាន ២ megapixel អាចថតវីដេអូ ។

Galaxy Tab 7.0 Plus មាន Wi-Fi, Bluetooth 3.0 និង 3G ។ មានកម្រាស់ ៩,៩៦ មិល្លីម៉ែត្រ ទម្ងន់ ៣៤៥ ក្រាម ។ កាលពីខែកញ្ញា សាំសុង បានចេញ Samsung អ៊ីញ្ញ ។ Galaxy Tab 7.0 Plus ចេញលក់នៅ ឥណ្ឌូណេស៊ី និង អូទ្រីស ក្នុង ខែតុលា នេះ ហើយបន្ទាប់មក លក់នៅអាមេរិក និង អឺរ៉ុប ៕

ប្រាក់ខែរបស់លោកស្រី នាយកប្រតិបត្តិ ក្រុមហ៊ុន HP មួយឆ្នាំ បាន១ដុល្លា

Written by ភ្នំពេញដេលីញូវ
Saturday, 01 October 2011

អ្នកស្រី ម៉ែក វ៉ាយធឺមែន ដែលបាន ឡើងធ្វើជា នាយកប្រតិបត្តិថ្មី របស់ក្រុមហ៊ុន HP បានទទួលបៀវត្ស ប្រចាំឆ្នាំ តែមួយដុល្លារ ក្នុងមួយឆ្នាំប៉ុណ្ណោះ ។ ក្រៅពីបៀវត្ស មួយដុល្លារ អ្នកស្រីត្រូវ ទីញភាគហ៊ុន របស់ក្រុមហ៊ុន HP ចំនួនទឹកប្រាក់ ១លាន៩សែន ដុល្លារ ប្រសិនបើក្រុមហ៊ុន ត្រូវបន្ថែមតំលៃដល់ ១២០ ភាគរយ បើធៀបនឹងតំលៃ បច្ចុប្បន្ននេះ ។ តាមប្រភពព័តមាន បានអោយដឹង ទៀតថា ប្រាក់រង្វាន់សំរាប់ ឆ្នាំ២០១២ អ្នកស្រីនឹងបាន ទទួល ២លាន ៤សែនដុល្លារ មកវិញ ។ អ្នកស្រី ម៉ែក វ៉ាយធឺមែន ត្រូវបានគេ ជ្រើសតាំងជា ស៊ីអ៊ីអូរបស់ HP កាលពីខែមុន នៅពេលដែល ក្រុមហ៊ុននេះ បានធ្លាក់ចុះ ។

​សាពូនៈ សឿ សុធា​រ៉ា​ វិល​ចូល​សិល្បៈ​វិញ​មិនមែន​ដោយសារ​ជីវភាព​ទេ​!

ដោយ : CEN
ថ្ងៃទី 2 តុលា 2011

នាង សឿ សុធា​រ៉ា

នាង សឿ សុធា រ៉ា

ភ្នំពេញ: ​ថ្មីៗ​នេះ​នាង សឿ សុធា​រ៉ា ភរិយា​អ្នកចម្រៀង​ សាពូន មីដាដា បាន​បង្ហាញ​មុខ​ជា​ញឹកញាប់​នៅក្នុង​កម្ម​វិធី​សិល្បៈ​ជាមួយ​មិត្តភក្តិ ក៏​ដូចជា​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នៃ​ស្ថានីយទូរទស្សន៍​នានា ក្រោយ​ពី​នាង​បាត់​មុខ​អស់​រយៈពេល​ជិត​២​ឆ្នាំ ។ ដោយសារ​ហេតុ​នេះ​ក៏មានលេចឮ​ព័ត៌មាន​ថា​ជីវភាព​របស់​គ្រួសារ​អ្នកសិល្បៈ​នេះ​ប្រហែល​ជួប​វិបត្តិ ។​

​ ​ប្រមាណ​ជា​២-៣​ខែ​ចុងក្រោយ​នេះ នាង​ សឿ សុធា​រ៉ា បាន​បង្ហាញ​មុខ​ជា​ញឹកញាប់​ទាំង​នៅក្នុង​កម្មវិធី​កម្សាន្ត​មិត្តភក្តិ​រួម​អាជីព កម្មវិធី​តន្ត្រី​នៃ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​និង​កម្មវិធី Cha Cha Cha របស់​ទូរទស្សន៍​បាយ័ន ។

​ ​ការ​លេចមុខ​ជា​ថ្មី​របស់​នាង​ សឿ សុធា​រ៉ា នេះ ហាក់​ចង់​បញ្ជាក់​ម្ចាស់​ផលិតកម្ម​នានា ក៏​ដូចមហាជន​ថា​នាង​គ្រោង​នឹង​លុកលុយ​ក្នុង​អាជីព​នេះ​ឡើង​វិញ ។​

​ ​លោក​ សាពូន មីដាដា បាន​ប្រាប់ថា ការ​លេច​មុខជា​សា​ជា​ថ្មី​របស់​ភរិយា​លោក នៅ​ក្នុង​ពិភព​សិល្បៈ​នេះ​មិនមែន​ដូច​គេ​ថា​នោះទេ ។

​ ​លោក ​សាពូន មីដាដា បាន​បកស្រាយ​បញ្ជាក់​ទាំង​ខឹងសម្បា​ថា “​អ្នក​និយាយ​គេ​ចេះតែ​និយាយ​ហើយ ប្រហែល​គេ​មិន​ចង់ឱ្យ​សិល្បៈ​ថ្កុំថ្កើង​ទេ ។ គ្រូពេទ្យ​បាន​ប្រាប់​ខ្ញុំ​ថា ភរិយា​ខ្ញុំ​មាន​សុខភាព​ល្អ អាច​សម្តែង​និង​ថត​បាន គឺ​មិនមែន​ដោយសារ​ជួប​បញ្ហា​ហិរញ្ញ​វត្ថុ​នោះ​ទេ​! ។ គួរបញ្ជាក់​ថា នាង ​សឿ សុធា​រ៉ា ទើប​នឹង​សម្រាលកូន​បាន​ជាង​៧​ខែ ៕

ខេមរៈ ស្រីពៅ នឹង ខេមរះសិរីមន្ត ពន្យាពេល ដល់ដើមខែតុលានេះ

Written by ភ្នំពេញដេលីញូវ
Saturday, 01 October 2011

ដោយមាន អ្នកគាំទ្រ ជាច្រើនទៀត ដែលមិនទាន់ បានចូលរួម ទស្សនា បានស្នើទៅ អ្នករៀបចំ និង អ្នកឧបត្ថម្ភកម្មវិធី សុំឱ្យអ្នកទាំងពីរ ពន្យារពេលវេលា សម្តែងជាបន្តទៀត រហូតដល់ ដំណាច់ឆ្នាំ ដែលពីមុន បើតាមគម្រោង ពួកគេត្រូវត្រឡប់ មកវិញ នៅអំឡុង ដើមខែតុលា នេះហើយ ។

កន្លងមក ខេមរៈ ស្រីពៅ ធ្លាប់ចេញទៅ សម្តែងម្តង រួចមកហើយនៅ ប្រទេស អូស្ត្រាលី កាលពីខែមិថុនា ឆ្នាំ ២០០៩ ។ ចាប់តាំងពី ពេលនោះមក កេរ្តិ៍ ឈ្មោះនាងកាន់តែ ល្បីល្បាញ និង មានគេស្គាល់ កាន់តែច្រើន ហើយភាគច្រើននាង ទៅណាមក ណា តែជាមួយ បងប្រុសប៉ុណ្ណោះ ទាំងការចេញទៅ សម្តែងក្នុង និង ក្រៅប្រទេស ។

ថ្វីដ្បិតតែនេះ ជាលើកទីពីរដែល ខេមរៈ ស្រីពៅ ចេញទៅសម្តែងនៅ ក្រៅប្រទេស ប៉ុន្តែនាងទទួល បានការគាំទ្រ ពីសំណាក់ បងប្អូនខ្មែរ នៅទីនោះ មិនចាញ់តារាចម្រៀង ល្បីៗដូចជា សុគន្ធ នីសា ឡើយ ទាំងបទចម្រៀង ក៏ដូចជា ការសម្តែង របស់ នាង គឺពិតជា ទាក់ទាញ ទស្សនិកជន ឱ្យចូលរួម ទស្សនាយ៉ាង ច្រើនកុះករ ។ បើតាមប្រភព ព័ត៌មានពីអ្នក រស់នៅទីនោះ បានឱ្យ “ប្រជាប្រិយ” ដឹងថា សំបុត្រ ចូលទស្សនាលក់ អស់គ្មានសល់ រហូតដល់អ្នក ដែលរស់នៅ តំបន់ឆ្ងាយៗ បានស្នើឱ្យពួកគេ ពន្យារពេលវេលា សម្តែងនៅទីនោះ ជាបន្តទៀត ។