បណ្ណសារ | ខែកញ្ញា 9, 2011

សង្គម​ស៊ីវិល សាទរ​ចំពោះ​ពង្រាង​ច្បាប់​អង្គការ ដែល​បញ្ជូន​ត្រឡប់​ពី​គណៈរដ្ឋមន្ត្រី​

ដោយ លី ម៉េងហួរ
ថ្ងៃ សុក្រ 09 កញ្ញា 2011
RFI

ស្តាប់សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ (02:25)

ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​សម្តែង​ការ​សាទរ​ចំពោះ​រដ្ឋាភិបាល ដែល​បាន​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​ ស្តីពី​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល ទៅ​ឲ្យ​ក្រសួង​មហាផ្ទៃ ពិនិត្យ​កែ​សម្រួល​ឡើង​វិញ បន្ទាប់​ពី​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស់​នោះ បាន​បញ្ជួន​ទៅ​ដល់​ទីស្តីការ​គណៈរដ្ឋមន្ត្រី កាលពី​ខែ​សីហា។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​បាន​ទទូច​សុំឲ្យ​ក្រសួង​មហាផ្ទៃ​កែប្រែ និង​លុប​ចោល​នូវ​មាត្រា​មួយ​ចំនួន ដែល​មាន​ការ​ប្រឈម​ខ្លាំង​ដល់​អង្គការ​សង្គម​ស៊ីវិល ដូចជា ការ​កំណត់​ពន្ធ​អាករ​ក្នុង​ការចុះ​បញ្ជី និង​ការ​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំ ជាដើម។

ក្រុមសហជីពកម្មករ​ និង​អង្គការ​ច្បាប់​បានជួបជុំ​ផ្តល់យោបល់​ដើម្បី​កែប្រែ​លើសេចក្តី​ព្រាងច្បាប់​សហជីព​ (©​ លី​ ម៉េងហួរ)

ក្រុមសហជីពកម្មករ និង អង្គការ ច្បាប់ បានជួបជុំ ផ្តល់យោបល់ ដើម្បី កែប្រែ លើសេចក្តី ព្រាងច្បាប់ សហជីព (© លី ម៉េងហួរ)

សេចក្តីព្រាងច្បាប់ ស្តីពី សមាគម​-​អង្គការ​មិនមែន​រដ្ឋាភិបាល មាន​ចំនួន ១១​ជំពូក និង ៥៨​មាត្រា ត្រូវបាន​អង្គការ​-​សមាគមជាតិ និង​អន្តរជាតិ​ជាច្រើន បាន​ថ្លែងការណ៍​ជំទាស់ និង​ស្នើ​ឲ្យមាន​ការកែប្រែ។ ក្រុម​សង្គម​ស៊ីវិល បាន​ចាត់ទុក​ថា ពង្រាង​ច្បាប់​អង្គការ ជា​ឧបករណ៍​គំរាមកំហែង​ដល់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

​ដោយសារ​តែ​ប្រតិកម្ម​រិះគន់​ដូច្នេះ​ហើយ បាន​ជា​ក្រសួង​មហាផ្ទៃ ដែល​ជា​ស្ថាប័ន​តាក់តែង​ពង្រាង​ច្បាប់​អង្គការ ដក​យក​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស់​នោះ ពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដើម្បី​កែសម្រួល​ចំណុច​មួយ​ចំនួន។

ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃ​ទី​៧​កញ្ញា ឆ្នាំ​២០១១ លោក នុត សាអាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​អង្គការ បាន​លើក​ឡើង​ថា ការ​ដែល​រដ្ឋាភិបាល ត្រូវ​ដក​ថយ​បន្តិច​ដូច្នេះ ព្រោះ​ត្រូវ​យក​ពង្រាង​ច្បាប់​នោះ មក​ពិនិត្យ​ពិចារណា​ឡើង​វិញ ទោះបីជា​កន្លង​មក ពង្រាង​ច្បាប់​អង្គការ បាន​ទៅ​ដល់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ហើយ​បាន​ពិចារណា​ក្នុង​ក្រុម​អ្នក​ច្បាប់​បាន​បី​លើក​មក​ហើយ​ក៏​ដោយ។​

តាម​តំណាង​រដ្ឋាភិបាល ដោយសារតែ​មាន​ប្រតិកម្ម​ពី​ខាងក្រៅ រដ្ឋាភិបាល​បាន​សម្រេច​អោយ​ដក​យក​ពង្រាង​ច្បាប់​អង្គការ មក​ពិចារណា​លើ​ចំណុច​ខ្លះ​ឡើង​វិញ។

​ការសម្រេច​របស់​រដ្ឋាភិបាល​ដូច្នេះ ត្រូវបាន​ក្រុម​សង្គម​ស៊ីវិល​នៅ​កម្ពុជា បាន​បង្ហាញ​ការ​សាទរ ជាពិសេស​សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា ដែល​មាន​អង្គការ​-​សមាគម​ចំនួន ៣១ អង្គការ ជា​សមាជិក បាន​ថ្លែងការណ៍​គាំទ្រ​នៅ​ថ្ងៃទី​៩​កញ្ញា​នេះ។

​ការបញ្ជូន​ត្រឡប់​នូវ​សេចក្តី​ព្រាង​ច្បាប់​អង្គការ ទៅ​កាន់​ក្រសួង​មហាផ្ទៃ​វិញ នៅពេល​នេះ ត្រូវបាន​អង្គការ​សមាគម ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល ចាត់ទុក​ថា ជា​ជំហាន​វិជ្ជមាន​មួយ ដែល​ឆ្លុះបញ្ចាំង​ឲ្យឃើញ​នូវ​សុឆន្ទ:​របស់​រដ្ឋាភិបាល ក្នុង​ការប្រកាន់​យក​ការសម្របសម្រួល​ជាមួយ​ស្ថាប័ន​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ធ្វើ​សុខដុមនីយកម្ម​ជាមួយ​គ្នា។

​ក៏​ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ បាន​ទទូច​ឲ្យ​ក្រសួង​មហាផ្ទៃ លុប​ចោល​នូវ​មាត្រា​ខ្លះ ដែល​មាន​ការ​ប្រឈម​ខ្លាំង​ពេក​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ពិសេស​មាត្រា​១៣ នៃ​សេចក្តី​ព្រាង​ច្បាប់ ដែល​បាន​ចែងពី​ការ​កំណត់​ពន្ធ​អាករ​ក្នុង​ការចុះ​បញ្ជី និង​កែ​សម្រួល​នូវ​ការ​កំណត់​ទិន្ន័យ ដើម្បី​រាយការណ៍​ប្រចាំ​ឆ្នាំ​ទៅ​ក្រសួង​មហាផ្ទៃ និង​ទៅ​ក្រសួង​ការបរទេស ជាដើម។

​ម្យ៉ាងទៀត តាម​ក្រុម​សង្គម​ស៊ីវិល ដែល​ស្និទ​នឹង​រដ្ឋាភិបាល សេចក្តី​ព្រាង​ច្បាប់​អង្គការ គួរតែ​មាន​ការ​ជួប​ពិភាក្សា និង​ស្តាប់​យោបល់​ពី​អង្គការ​សង្គម​ស៊ីវិល​ម្តង​ទៀត ដើម្បី​ឲ្យ​​សេចក្តី​ព្រាង​ច្បាប់​នេះ អាច​ទទួល​យក និង​យល់ព្រម​ឯកភាព​ទាំងអស់គ្នា៕

ចៅហ្វាយ​ខេត្តសៀមរាប ប្រតិកម្ម​ចំពោះ​បន្ទូល​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រឿង​ដីធ្លី​

ដោយ : CEN
ថ្ងៃទី 9 កញ្ញា 2011

សៀមរាប: ​លោក ស៊ូ ភិរិន្ទ អភិបាលខេត្ត​សៀមរាប បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ពុំ​ធ្លាប់មាន​ពីមុនមក ដើម្បី​ឆ្លើយតប​ចំពោះ​បន្ទូល​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បាន​លើកឡើងថា អាជ្ញាធរ​បាន​រឹបអូស​ដីធ្លី​របស់​ព្រះអង្គ នៅក្នុង​ខេត្តសៀមរាប​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​៩​កញ្ញា ឆ្នាំ​២០១១ លោក ស៊ូ ភិរិន្ទ បាន​លើកឡើងថា ក្នុង​រយៈពេល​ថ្មី​នេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានធ្វើ​សេចក្តីថ្លែងការណ៍ បំផ្លើសការពិត​មួយចំនួន​តាម​វិទ្យុ ដោយ​ចោទប្រកាន់​រាជរដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​ខេត្តសៀមរាប​ថា បានធ្វើការ​រឹបអូស និង​ដកហូត​ដី​កម្មសិទ្ធិ​ស្របច្បាប់ ដែលមាន​ប្លង់រឹង​ត្រឹមត្រូវ​របស់​ព្រះអង្គ​ចំនួន ៦៤៧ ហិកតា ដែលមាន​ទីតាំង​ស្ថិត នៅ​ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី និង​ភូម​ស្នា​ស​ង្ក្រា​ម ឃុំ​ប​ល្ល័​ង្គ ស្រុក​ប្រាសាទបាគង​។

​ឆ្លើយតប​នឹង​សេចក្តីថ្លែងការណ៍ ដែល​លោក​ស៊ូ ភិរិន្ទ អះអាងថា ជាការ​ភូតកុហក និង​បំផ្លើសការពិត ដែល​ធ្វើ​ឲ្យ​សាធារណជន​មួយ​មាន​ការយល់ច្រលំ​នោះ អាជ្ញាធរ​ខេត្តសៀមរាប សូម​ធ្វើការ​បកស្រាយ​បំភ្លឺ​ជូន​សាធារណជន​លើក​ករណី​ដី ៦៤៧ ហិកតា ដូចខាងក្រោម​៖

១-​កន្លងមក​សម្តេចក្រុមព្រះ ន​រោ​ត្ត​ម្ត រណឫទ្ធិ បាន​ផ្ញើ​ព្រះ​សារលិខិត​ចុះ​ថ្ងៃទី​២១ មិថុនា ឆ្នាំ​២០១១ មក​សាលាខេត្ត និង​រាជរដ្ឋាភិបាល ចុះ​ថ្ងៃទី​២៣ មិថុនា ឆ្នាំ​២០១១ បញ្ជាក់​អះអាងថា ព្រះអង្គ​មាន​ដី​កម្មសិទ្ធិ​មួយកន្លែង​ទំហំ ៦៤៧ ហិកតា​នេះ ស្ថិតនៅ​ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី និង​ភូមិ​ស្នារ​សង្គ្រាម ឃុំ​ប​ល្ល័​ង្គ ស្រុក​ប្រាសាទបាគង ហើយ​បញ្ហា​នេះ ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ បានទូល​ថ្វាយ​សម្តេច​ក្រុម​រួចហើយ តាម​លិខិត​លេខ ៥៣៧ ដន​ស​/​អស​ភ ចុះ​ថ្ងៃទី​៧ កក្កដា ឆ្នាំ​២០១១ ថា​ដី​នេះ ជា​ដី​សារ​ធាណៈ​របស់​រដ្ឋ ពុំ​អាចធ្វើ​លទ្ធកម្ម ជា​កម្មសិទ្ធិឯកជនរ​បស់​ព្រះអង្គ​បានឡើយ ព្រោះថា​ដី​ទំហំ ៦៤៧ ហិកតា ដែល​ស្ថិតនៅ​ក្នុងភូមិ ឃុំ​ខាងលើ គឺជា​ដី​ដែល​ស្ថិតក្នុង​ផែនទី​គំរប​ព្រៃឈើ​ឆ្នាំ​២០០២ និង​ជា​ដី​សាធារណៈ​របស់​រដ្ឋ ហើយ​ដែល​សាលាខេត្ត​សៀមរាប បានចេញ​ដីការ​ដកហូត​លេខ ០៨៥ សសរ​ចុះ​ខែឧសភា ឆ្នាំ​២០០៦​។​

២-​ចំពោះ​គំនូស​បង្ហាញ​ប្លង់​ទីតាំង​ដី ដែល​ស្ថិតនៅ​ភូម​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី និង​ភូមិ​ស្នា​សង្គ្រាម ឃុំ​ប​ល្ល័​ង្គ ស្រុក​ប្រាសាទបាគង ដែល​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​សំអាងថា ដី​នោះ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​ស្របច្បាប់ គឺ​មិនអាច​ប្រើប្រាស់​ជា​លិខិតគតិយុត្ត សម្រាប់​សំអាង​ជា​កម្មសិទ្ធិ​បាន​នោះទេ ដោយ​វា​គ្រាន់តែ​ប្លង់​បង្ហាញ​ទីតាំង​ដី​តែប៉ុណ្ណោះ​។​

៣-​សរុបសេចក្តី​មក​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពុំមាន​ដី​ដែលជា​កម្មសិទ្ធិ​ស្របច្បាប់​ណាមួយ នៅលើ​ទីតាំង​ខាងលើនេះ​ទេ ក្នុងករណី​សម្តេចក្រុមព្រះ នៅតែ​បំពាន និង​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​នេះ​ជា​បន្តទៀត នោះអាជ្ញាធរ​ខេត្តសៀមរាប​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ស្តីពី​ព្រៃឈើ​ជំពូក​ទី ៨ ត្រង់​មាត្រា ៣៩ ជំពូក​ទី ១៧ ត្រង់​មាត្រា ១០៦ និង​ជំពូក ១៥ មាត្រា ៩៧ ព្រមទាំង​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ជំពូក​ទី​២ អំពី​កម្មសិទ្ធិសាធារណៈ ត្រង់​មាត្រា ១៥, ១៦, ១៧, ១៨ និង​មាត្រា ២៥៩៕

​ក្រសួង​ការងារ សម្រេច​ឲ្យ​កម្មករ ឈប់សម្រាក ទៅពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​

ដោយ : CEN
ថ្ងៃទី 9 កញ្ញា 2011

ភ្នំពេញ: លោក វង សូ​ត រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះហត្ថលេខា​លើ​សេចក្តីជូនដំណឹង ស្តីពី ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ព្រមទាំង​អនុញ្ញាត​ឲ្យ​កម្មករ ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​។ តាម​សេចក្តីជូនដំណឹង​នោះ កម្មករ​កាត់ដេរ ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ចំនួន ២ ថ្ងៃ សម្រាប់​អ្នក​នៅ​ផ្ទះ​ជិត​កន្លែង​ធ្វើការ​នៅ​រោងចក្រ និង​ឈប់សម្រាក ៣ ថ្ងៃ សម្រាប់​អ្នក​មាន​ស្រុកកំណើត​នៅ​ឆ្ងាយ​។​

​ក្នុង​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​២​កញ្ញា ឆ្នាំ​២០១១ ដែល​ទើបតែ​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​អ្នកកាសែត នៅពេលនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជម្រាប​ជូនដំណឹង​ដល់​ម្ចាស់ និង​នាយក​សហគ្រាស គ្រឹ​ស្ថានទាំង​អស់ ដែល​ស្ថិត​ក្នុង​ដែន​អនុវត្ត នៃ​ច្បាប់​ស្តីពី​ការងារ មេត្តា​អនុញ្ញាត​ឲ្យ​កម្មករនិយោ​ជិត បាន​ឈប់សម្រាក​តាម​កាលបរិច្ឆេទ ដូចខាងក្រោម​៖

១-​ការអនុញ្ញាត​ឲ្យ​កម្មក​រ​និយោជិត បាន​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​៖

១-​ថ្ងៃ​ព្រហស្បត្តិ៍ ទី​២២ និង​ថ្ងៃ​សុក្រ ទី​២៣ កញ្ញា ឆ្នាំ​២០១១ សម្រាប់​កម្មករ​និយោជិត​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ត្រូវ​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ចាម ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង ខេត្ត​កំពង់ធំ ខេត្តតាកែវ ខេត្ត​កំពត ខេត្ត​កែប និង​ខេត្ត​ព្រះសីហនុ ។​

២-​ថ្ងៃ​ពុធ​ទី ២១ ថ្ងៃ​ព្រហស្បត្តិ៍​ទី ២២ និង​ថ្ងៃ​សុក្រ​ទី ២៣ កញ្ញា ២០១១ សម្រាប់​កម្ម​និយោជិត​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ផ្សេងៗ​ក្រៅ​ពី​ខេត្ត ដែល​ចែង​ក្នុង​ចំណុច​ទី​១ ខាងលើ ។​

៣-​ចំពោះ​សហគ្រាស គ្រឹ​ស្ថាន ដែល​មាន​ទីតាំង​នៅក្នុង​ខេត្ត​ដទៃ​ទៀត ក្រៅ​ពី​រាជធានី​ភ្នំពេញ និយោជក​ត្រូវ​អនុញ្ញាត​ច្បាប់ ជូន​កម្មករ​ជិត​តាម​កំណត់​ដូច​ចែង​ក្នុង​ចំណុច​ទី​១ និង​ទី​២ ខាងលើ​ដែរ ដោយ​យក​ខេត្ត​នីមួយៗ ធ្វើជា​មូលដ្ឋាន​ដើម ដូចគ្នា​នឹង​រាជធានី​ភ្នំពេញ​ដែរ​។

២-​ការអនុញ្ញាត​ឲ្យ​កម្មក​រ​និយោជិត​បាន​ឈប់​ស​មាក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​
​យោង​តាម​ច្បាប់​ស្តីពី​ការងារ និង​ប្រកាស​របស់​ក្រសួង​លេខ ១៩៦ កប​/​ប្រក​. ចុះ​ថ្ងៃ​ទី ១៧ កញ្ញា ២០១០ ស្តី​ពី​ការឈប់​បុណ្យ​ដែល​មាន​ប្រាក់​ឈ្នួល និង​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ក​ម្មករ​និយោជិត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ សូម​លោក​លោកស្រី ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹ​ស្ថាន ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករនិយោ​ជិត​ទាំងអស់​របស់​ខ្លួន ឈប់សម្រាក ដោយ​មាន​ប្រាក់​ឈ្នួល នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ក្នុងកំឡុងពេល ៣ ថ្ងៃទី​២៦-២៧ និង​ថ្ងៃ​ទី​២៨ កញ្ញា ឆ្នាំ​២០១១​។​

៣-​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​គូសបញ្ជាក់​ប្រការ​មួយ​ចំនួន ដែល​ត្រូវ​យកចិត្តទុកដាក់​គឺ​:

​ក​-​រាល់​ការ​អនុញ្ញាត​ច្បាប់​ជូន​កម្មករ​និយោជិត ដូច​មានចែង​ខាងលើ​នេះ និយោជក​ត្រូវ​រក្សាទុក​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ ជូន​កម្មករ​និយោជិត​នៅ​ដដែល​។​

​ខ​-​ចំពោះ​កម្មករ​និយោជិត ដែល​អវត្តមាន​ហួស​ពី​ច្បាប់​អនុញ្ញាត ដូច​មានចែង​ខាងលើ​នេះ ត្រូវ​ទទួលខុសត្រូវ​តាម​បទបញ្ជាផ្ទៃក្នុង​របស់​ស​ហ​គ្រាស គ្រឹ​ស្ថាន​។​

​គ​-​ខិតខំ​រៀបចំ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​និយោជិត ឲ្យបាន​មុន​ថ្ងៃ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ ឬ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​បុណ្យ​ភ្ជុំ​បិណ្ឌ​។​

​ឃ​-​បើ​ពុំមាន​លទ្ធភាព​បើក​ប្រាក់​ឈ្នួល​ទាន់ពេល​ទេ សូម​អនុញ្ញាត​ឲ្យ​កម្មករនយោជិត​ទទួ​លប្រាក់​ឈ្នួល​មួយភាគ​ជា​បុរេប្រទាន មុន​ពេល​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ ឬ​ទៅ​ចុះឈ្មោះ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​និង​ប​ណ្យ​ភ្ជុំ​បិណ្ឌ​។​

​ចំពោះ​ការសម្រេច​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​អនុញ្ញាត​ឲ្យ​កម្មករនិយោ​ជិត បាន​ឈប់សម្រាក ដោយ​មិន​កាត់​ប្រាក់​ឈ្នួល ប្រាក់រង្វាន់ និង​ធ្វើការ​ទៀងទាត់ ត្រូវបាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​អំពាវនាវ​ឲ្យ​កម្មករ​កម្មការិនី​ទាំងអស់​ទៅ​ចូលរួម​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត សម្រាប់​កម្មករ​មាន​អាយុ​ឈានចូល ១៨ ឆ្នាំ ឲ្យបាន​គ្រប់ៗ​គ្នា ពីព្រោះ​មាន​ប័ណ្ណ​បោះឆ្នោត បងប្អូន​កម្មក​រកម្ម​ការិនី​ទាំងអស់ នឹង​មាន​លទ្ធផល​ភាពងាយស្រួល​ក្នុង​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ស​ញ្ជតិ​ខ្មែរ​ផង និង​ងាយស្រួល​ក្នុងការ​ធ្វើ​ប័ណ្ណបើកបរ​ប្រភេទ ក​២ និង​ស្រប​តាម​ច្បាប់​ស្តីពី​ចរាចរ​ផ្លូវគោក​ផង​។​

​សហជីព​សេរី​កម្មករ នឹង​ធ្វើការ​ចែកចាយ​នូវ​សេចក្តីអំពាវនាវ និង​ការសម្រេច​របស់​ក្រសួង​ការងារ​នោះ ចំនួន ៣០.០០០ សន្លឹក ដល់​កម្មករ​កាត់ដេរ ចាប់ពី​ថ្ងៃ​ទី​១០​កញ្ញា ឆ្នាំ​២០១១ ដើម្បី​ឲ្យ​កម្មករ​កម្មកា​រិនី​បាន​ទៅ​ចូលរួម​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១១ ស្រប​តាម​ករណី​កិច្ច និង​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប​៕​

កម្ពុជា​ថៃ​គ្រោង​ពិភាក្សា​គ្នា​ឡើង​វិញ​អំពី​​អាជីវកម្ម​ប្រេង និង​ឧស្ម័ន​នៅ​ដែន​សមុទ្រ​ត្រួត​ស៊ីគ្នា

សៅរ៍ 10 កញ្ញា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

ប្រធាន​អាជ្ញាធរ​ប្រេង​កាត​កម្ពុជា​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា និង​ថៃ គ្រោង​នឹង​ពិភាក្សា​គ្នា​ឡើង​វិញ​អំពី​ការ​ធ្វើ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន​ក្នុង​ដែន​សមុទ្រ​ត្រួត​ស៊ីគ្នា ក្រោយ​ពី​វា​បាន​ជាប់​គាំង​អស់​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ​នោះ។

លោក សុខ អាន ប្រធានអាជ្ញាធរប្រេងកាតកម្ពុជា

លោក សុខ អាន ប្រធានអាជ្ញាធរប្រេងកាតកម្ពុជា

លោក សុខ អាន រដ្ឋមន្រ្តី​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី និង​ជា​ប្រធាន​អាជ្ញាធរ​ប្រេង​កាត​កម្ពុជា បាន​ថ្លែង​ក្រោយ​ពី​វិល​ត្រឡប់​ពី​កិច្ច​ប្រជុំ ICAPP នៅ​ប្រទេស​ចិន​ថា កម្ពុជា និង​ថៃ​បាន​ចុះ MOU ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​២០០១​មក ហើយ​មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​អនុវត្តន៍​ការ​អភិវឌ្ឍន៍​រួម​គ្នា នៃ​ការ​ធ្វើ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​សមុទ្រ​ត្រួត​ស៊ីគ្នា​បាន​នៅឡើយ។ ដូច្នេះ​អាច​នឹង​មាន​ការ​ចរចា​ជា​ចំហរ​រវាង​គណៈកម្មាធិការ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​រួម​គ្នា។

ជាមួយ​គ្នា​នេះ​ដែរ​លោក សុខ អាន ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ពេល​នេះ​កម្ពុជា​ក៏​កំពុង​តែ​រៀបចំ​សេចក្តី​ព្រៀង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រ៉ែ​ប្រេង​កាត និង​ឧស្ម័ន​ផង​ដែរ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​បាន​ទេ​ថា ច្បាប់​នេះ​នឹង​អាច​ត្រូវ​អនុម័ត​នៅ​ពេល​ណា​ ខណៈ​មាន​ការ​រំពឹង​ថា ប្រទេស​កម្ពុជា​អាច​នឹង​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​នៅ​ចុង​ឆ្នាំ​២០១២​នោះ។

គួរ​បញ្ជាក់​ថា ប្រទេស​កម្ពុជា និង​ថៃ បាន​ចុះ​អនុស្សារណៈ​យោគ​យល់​គ្នា (MOU) ស្តីពី​ការ​អភិវឌ្ឍន៍​តំបន់​សមុទ្រ​ត្រួត​ស៊ីគ្នា​ដែល​សំបូរ​ដោយ​រ៉ែ​ប្រេង​នេះ តាំង​តែ​ពី​ឆ្នាំ​២០០១​មក​ម្ល៉េះ។ ហើយ MOU នេះ ត្រូវ​បាន​ប្រទេស​ទាំង​ពីរ​អនុវត្តន៍​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ក្នុង​អាណត្តិ​របស់​លោក ថាក់ស៊ីន ជា​នាយក​រដ្ឋមន្រ្តី​ថៃ មុន​ពេល​លោក​ត្រូវ​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​អំណាច។ តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​មួយ​ឈ្មោះ CLC Asia បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា រ៉ែ​ប្រេង​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សមុទ្រ​ត្រួត​ស៊ីគ្នា​រវាង​កម្ពុជា និង​ថៃ អាច​មាន​រហូត​ទៅ​ដល់​១១​សែន​កោដ​គូប៕

កម្ពុជា​ត្រូវ​ការ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រេង​និង​ឧស្ម័ន​​ដែល​ល្អ

ដោយ សុខ សេរី
2011-09-09
វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

ប្រទេស​កម្ពុជា គ្រោង​បើក​ការ​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ប្រេងកាត និង​ឧស្ម័ន​នៅ​ឆ្នាំ​២០១២ ខាង​មុខ ប៉ុន្តែ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អាជីវកម្ម និង​ចំណូល​ធនធាន​ប្រេង និង​ឧស្ម័ន​នោះ កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​សិក្សា និង​ចងក្រង​នៅ​ឡើយ។

០៩-កញ្ញា-២០១១៖ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន នៅ​ក្នុង​សន្និសីទ​កាសែត​នា​​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ (RFA/Sok Serey)

០៩-កញ្ញា-២០១១៖ ឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រី ទទួល បន្ទុក ទីស្ដីការ គណៈរដ្ឋមន្ត្រី លោក សុខ អាន នៅ ក្នុង សន្និសីទ កាសែត នា អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ។ (RFA/Sok Serey)

មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១១ បាន​បញ្ជាក់​ថា ក្រុម​អ្នក​ច្បាប់ និង​មន្ត្រី​ជំនាញ​កំពុង​តែ​មមាញឹក​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ឧស្ម័ន ដើម្បី​ឲ្យ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ក្លាយ​ជា​ច្បាប់​ល្អ និង​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ នៅ​មុន​ពេល​ការ​ឆ្លង​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​ខាង​មុខ។

ប្រភព​បាន​ឲ្យ​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​សំខាន់​នេះ​មាន​ចំនួន​២ គឺ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ឧស្ម័ន និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​យកពន្ធ​លើ​ប្រាក់​ចំណូល​ប្រេង​កាត និង​ឧស្ម័ន ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដៃ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ឡើយ។

រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន និង​ជា​ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា មន្ត្រី​ជំនាញ​កំពុង​តែ​សិក្សា និង​ចងក្រង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ឧស្ម័ន​នេះ​បាន​ចំនួន​ភាគ​ច្រើន​ហើយ។

លោក​មាន​ប្រសាសន៍​បន្ត​ដូច្នេះ ៖ «គឺ​យើង​សិក្សា​ច្រើន យើង​ទាក់ទង​នឹង​អ្នក​ជំនាញការ​ក៏​ទាក់ទង​ដែរ ទាក់ទង​នឹង​ច្បាប់​អន្តរជាតិ​ក៏​យើង​ទាក់ទង​ដែរ ដើម្បី​ឲ្យ​យើង​ធ្វើ​យ៉ាងម៉េច​ឲ្យ​ច្បាប់​ប្រេងកាត​មួយ​ដែល​ល្អ ហើយ​ដែល​រួម​ចំណែក​ឲ្យ​បាន​ច្រើន​បំផុត​ដល់​ការ​អភិវឌ្ឍ​កម្ពុជា។ ព្រោះ​រឿង​ហ្នឹង​មិន​អាច​បរទេស​ណា​មក​ធ្វើ​ជំនួស​យើង​ក្នុង​បរិបទ​សេដ្ឋកិច្ច និង​នយោបាយ​កម្ពុជា​ទេ»។

លោក សុខ អាន មិន​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ អំពី​កាលបរិច្ឆេទ​ដែល​សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​ដាក់​ឆ្លង​កិច្ច​ប្រជុំ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ពេល​ណា?

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ប្រទេស​កម្ពុជា នឹង​ទទួល​បាន​តំណក់​ប្រេង​ដំបូង​នៅ​ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១២ នៅ​វេលា​ម៉ោង ១២​យប់។

មាន​មន្ត្រី​ជំនាញ​មក​ពី​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មន្ត្រី​ជំនាញ​មក​ពី​អង្គការ យូអ៊ិនឌីភី (UNDP) បាន​ចូលរួម​ចងក្រង​សេចក្ដី​ព្រាង​ច្បាប់​សំខាន់​នេះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​សម្ពន្ធភាព​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ប្រេង ឧស្ម័ន និង​រ៉ែ លោក ម៉ម សម្បត្តិ បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​មាន​ការ​ចូល​រួម​ពិភាក្សា​ឲ្យ​បាន​ច្រើន​ពី​សង្គម​ស៊ីវិល​នៅ​មុន​ពេល​សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​ឆ្លង​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

លោក​បន្ថែម ៖ «ចង់​ឲ្យ​ខ្លឹមសារ​ច្បាប់​ឆ្លុះ​បញ្ចាំង​អំពី​ការ​ផ្ដល់​សម្បទាន ការ​ធ្វើ​កិច្ច​ព្រមព្រៀង​រវាង​ក្រុមហ៊ុន​ជាមួយ​រដ្ឋាភិបាល ហើយ​និង​ដំណើរការ​នៃ​ការ​គ្រប់គ្រង​នេះ​ឲ្យ​វា​មាន​លក្ខណៈ​តម្លាភាព»។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា បាន​បញ្ជាក់​នៅ​ឆ្នាំ​២០០៥ ថា ក្រុមហ៊ុន​ឆេវរ៉ុន (Chevron) របស់​សហរដ្ឋអាមេរិក បាន​រក​ឃើញ​អណ្ដូង​ប្រេងកាត​ចំនួន ៤​កន្លែង នៅ​ប្លុក​អេ (block A) នៅ​បាត​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ៕

រដ្ឋមន្ត្រី​៖ កម្ពុជា​-​ថៃ ដល់​ពេល​ពិភាក្សា​លើ​ការធ្វើ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន​ក្នុង​ដែន​សមុទ្រ

ដោយ : រតនា
ថ្ងៃទី 9 កញ្ញា 2011
CEN

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ក្នុងពេល​វិល​ត្រឡប់​មកពី​កិច្ចប្រជុំ ICAPP កាលពី​ព្រឹក​ថ្ងៃទី​៩​កញ្ញា ឆ្នាំ​២០១១​។ លោក សុខ អាន លើកឡើងថា ពេលនេះ ដល់ពេល​ដែល​កម្ពុជា និង​ថៃ ត្រូវ​បន្ត​ការចរចា​លើ​ការរុករក​ប្រេង​នៅ​ព្រំដែន​សមុទ្រ​ត្រួតស៊ីគ្នា​រវាង​ប្រទេស​ទាំង​ពីរ​ហើយ​៕ (រូបថត​៖ ស៊ីវ ចាន់ណា)

លោក ឧបនាយករដ្ឋមន្ត្រី សុខ អាន ក្នុងពេល វិល ត្រឡប់ មកពី កិច្ចប្រជុំ ICAPP កាលពី ព្រឹក ថ្ងៃទី ៩ កញ្ញា ឆ្នាំ ២០១១ ។ លោក សុខ អាន លើកឡើងថា ពេលនេះ ដល់ពេល ដែល កម្ពុជា និង ថៃ ត្រូវ បន្ត ការចរចា លើ ការរុករក ប្រេង នៅ ព្រំដែន សមុទ្រ ត្រួតស៊ីគ្នា រវាង ប្រទេស ទាំង ពីរ ហើយ ៕ (រូបថត ៖ ស៊ីវ ចាន់ណា)

ភ្នំពេញ: មកដល់ពេលនេះ រដ្ឋាភិបាល​កម្ពុជា និង​ថៃ គួរតែ​មាន​ការពិភាក្សា​លើ​ការធ្វើ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន ក្នុង​តំបន់​ដែនសមុទ្រ​ត្រួតស៊ីគ្នា​នោះ ដោយ​គួ​តែ​ចាប់ផ្តើម​ពិភាក្សា​ជាមួយ​គ្នា​ឡើងវិញ​ហើយ នៅក្នុង​អាណត្តិ​របស់​លោកស្រី យ៉ីង​ឡាក់ ស៊ីណា​វ៉ាត់​ត្រា​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ន​មន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី នៅពេល​លោក​វិលត្រឡប់​មក​ពី​កិច្ចប្រជុំ ICAPP នៅ​ក្រុង​ណាន​នី​ង ខេត្ត​គ័ង​ស៊ីឈ័ង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៩​កញ្ញា ឆ្នាំ​២០១១​។​

​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក សុខ អាន បាន​មានប្រសាសន៍​បញ្ជាក់​ថា ថៃ​ធ្លាប់បាន​ធ្វើ​ការប្រកាស​ចំនួន ២​ដង​មក​ហើយ ពី​តម្រូវការ​ប្រេងកាត ហើយ​កម្ពុជា​ក៏​ត្រូវការ​ប្រេងកាត និង​ឧស្ម័ន ដែល​ហៅថា មាស​ខ្មៅ នៅ​ក្រោម​បាតសមុទ្រ​ដែរ ដើម្បី​ត្រូវធ្វើ​យ៉ាងម៉េច​ឲ្យ​មាស​ខ្មៅ​របស់​យើង ចូលរួម​ការអភិវឌ្ឍ​ន៍​កម្ពុជា ពីព្រោះ​កន្លងមក​យើង​មាន​វិស័យ​កសិកម្ម ទេសចរណ៍ កាត់ដេរ និង​សំណង់ ដែល​កំពុង​សកម្ម​ក្នុង​ការលើក​កំពស់​សេដ្ឋកិច្ច​កម្ពុជា​។​

​លោក សុខ អាន ដែល​ជា​ប្រធាន​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា ក៏​បាន​បញ្ជាក់ថា ចំពោះ​បញ្ហា​ប្រេង និង​ឧស្ម័ន បាន​ចាត់ទុកថា​ជា​វិស័យ​មួយ​ដ៏​សំខាន់ ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ថ្មី​មួយទៀត បន្ថែម​ពីលើ​វិស័យ​សំខាន់ៗ ដែល​កម្ពុជា​មាន​។​

​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏​បាន​បន្ថែមថា កម្ពុជា និង​ថៃ បាន​ចុះ MOU ជាមួយគ្នា ចាប់តាំងពី​ឆ្នាំ​២០០១ មកម្ល៉េះ ឥឡូវ​ដល់​ឆ្នាំ​២០១១​ហើយ នៅ​ពុំទាន់​បាន​អនុវត្តន៍​ការអភិវឌ្ឍន៍​រួមគ្នា នៃ​ការធ្វើ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន នៅ​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​បាន​នៅឡើយ​។​

​លោក សុខ អាន បាន​បញ្ជាក់ទៀតថា យើង​អាច​ចរចារ​ជា​ចំហរ​រវាង​គណៈកម្មាធិកា​រ​ទាំងសងខាង នៃ​ប្រទេស​ទាំង​ពីរ ជាមួយ​រាជរដ្ឋាភិបាល​ថៃ ដែល​ដឹកនាំ​ដោយ​លោកស្រី យ៉ីង​ឡាក់ ពីព្រោះ​កម្ពុជា​អត់​ទុក​ប្រេង និង​ឧស្ម័ន នៅ​ក្រោម​បាតសមុទ្រ​ទេ គឺ​យើង​ចរចា​គ្នា​ការអភិវឌ្ឍន៍​រួមគ្នា ដោយ​ធ្វើ​យ៉ាងម៉េច​ឲ្យមាន​ផលប្រយោជន៍​ទៅវិញទៅម​ក ប្រកបដោយ​សមធម៌ និង​បាន​ទទួល​ផល​សមស្រប​រវាង​គ្នា​នៃ​ប្រទេស​ទាំង​ពីរ​។​

​សូមបញ្ជាក់​ថា លោកស្រី យី​ង​ឡាក់ នឹង​ដឹកនាំ​គណៈ​រដ្ឋមន្ត្រី​ថៃ មក​ទស្សនកិច្ច​នៅ​កម្ពុជា នា​ថ្ងៃ​ទី​១៥ ខែកញ្ញា​សបា្តហ៍​ខាងមុខនេះ​។ ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ មាន​កិច្ចការ​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​ពិភាក្សា​ជាមួយ​គ្នា ដើម្បី​ស្តារ​ទំនាក់ទំនង​ប្រេះឆា រវាង​ជម្លោះព្រំដែន​ប្រទេស​ទាំង​ពីរ កាលពី​សម័យ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក​អាប់​អាភិ​ស៊ីត​។​

​កិច្ចព្រមព្រៀង​រុករក​ប្រេង​រួម​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ថៃ កាលពី​ឆ្នាំ​២០០១ ត្រូវបាន​ធ្វើឡើង តាំងពី​សម័យ​លោក ថាក់ស៊ីន ស៊ីណា​វ៉ាត់​ត្រា ដែល​ជា​បង​ប្រុស​បង្កើត​របស់​លោកស្រី យ៉ីង​ឡាក់ ជា​នាយក​រដ្ឋមន្ត្រី​មក​ម្លេះ​។ ក៏ប៉ុន្តែ​ឆ្លងកាត់​កិច្ចពិភាក្សា​ជាច្រើន​លើក​រួច​មក ប្រមុខ​ដឹកនាំ​កម្ពុជា និង​ថៃ នៅតែ​មិន​អាច​ឈាន​ដល់​ការធ្វើ​អាជីវកម្ម​ប្រេង​នៅ​តំបន់​សមុទ្រ​ត្រួតគ្នា​នោះ​នៅឡើយ​ទេ​។

​​ជាមួយ​នោះ​ដែរ លោក សុខ អាន ក៏​បាន​បញ្ជាក់ថា បញ្ហា​ច្បាប់​សម្រាប់​ការគ្រប់គ្រង​ប្រេងកាត​ក៏​សំខាន់​ខ្លាំង​ណាស់​ដែរ ហើយ​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា កំពុង​ចាត់តាំង​មន្ត្រី​ជំនាញ សហការ​ជាមួយ​អ្នកជំនាញ​អន្តរជាតិ ដើម្បី​សិក្សា​ច្បាប់ ពី​បណ្តា​ប្រទេស​ជាច្រើន ដើម្បី​បង្កើត​បាន​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ឧស្ម័ន​នៅ​កម្ពុជា ឲ្យក្លាយ​ទៅ​ជា​ច្បាប់​មួយ​ដែល​ល្អ ហើយ​រួមចំណែក​ឲ្យបាន​ច្រើន​បំផុត​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ឲ្យបាន​ច្រើន​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា ការធ្វើ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេង និង​ឧស្ម័ន​នេះ គឺ​ពុំ​អាច​ឲ្យ​ប្រទេស​ណាមួយ​ធ្វើ​ច្បាប់​នេះ ជំនួស​កម្ពុជា​ខ្លួនឯង​បាន​ទេ​។ ចំណែកឯ​ការកំនត់​រយៈពេល​ប៉ុន្មាន ទើប​ធ្វើ​សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រង​ប្រេង ដើម្បី​បញ្ជូន​ដាក់​ឲ្យ​សភាជាតិ ពិភាក្សា​អនុម័ត​ពេលណា​នោះ គឺ​ពុំ​អាច​ទាន់​កំណត់​ពេលវេលា​បាន​ទេ ពីព្រោះ​នៅ​មាន​កិច្ចការ​ច្រើន​ទៀត ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ ដើម្បី​ឲ្យស្រប​តាម​បរិបទ​សេដ្ឋកិច្ច​កម្ពុជា​ ៕

ប្រាសាទនគរបាជ័យ

Written by ភ្នំពេញដេលីញូវ
Saturday, 10 September 2011

ប្រាសាទ នគរបាជ័យ ស្ថិតនៅចម្ងាយ ប្រមាណ២.២ គីឡូម៉ែត្រ ពីទីរួមខេត្ត កំពង់ចាម ដែលរថយន្ត អាចចូលទៅដល់ ក្នុងទីធ្លាវត្ត តែម្ដង។ ទីអារាមនេះ ជាទីតាំង ប្រាសាទបុរាណមួយ ដែលកសាងឡើង ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័ន ទី៧ សម្រាប់ បូជា ថ្វាយចំពោះ ព្រះពុទ្ធសាសនា មហាយាន ។ តួប្រាសាទ សាងសង់ ឡើងពីថ្មភក់ រីឯកំពែង សង់ឡើងដោយ ថ្មបាយក្រៀម រៀបបន្តុបពីលើគ្នា និងមានថែវ ចំនួន៤ជាន់ តែមានលក្ខណៈ ខូចខាតខ្លះៗ នៅបច្ចុប្បន្ននេះ ។

-ប្រាសាទហាន់ជ័យ
ប្រាសាទហានជ័យ ស្ថិតនៅក្នុងភូមិ ហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ចម្ងាយ២០ គីឡូម៉ែត្រ ពីទីរួម ខេត្តកំពង់ចាម ។ ភ្នំនេះមានកំពស់ ៦៣ម៉ែត្រ មានកាំជណ្ដើរឡើង ចំនួន២៩៥កាំ មានប្រាសាទ បុរាណ មួយចំនួនដូចជា ប្រាសាទគុក ខាងត្បូង ប្រាសាទ គុកខាងជើង …. ជាដើម ក្រៅពីនោះមាន អណ្ដូងបុរាណមួយ ដែលអ្នកស្រុកហៅថា អណ្ដូងព្រេង មានតម្កល់រូប សំណាកសិវលិង្គ និងទម្រផងដែរ ។

-រមណីយដ្ឋានភ្នំជើងព្រៃ
រមណីយដ្ឋានភ្នំជើងព្រៃ ស្ថិតក្នុង ស្រុកជើងព្រៃ តាមបណ្តោយផ្លូវជាតិ លេខ៦អា ចន្លោះពីភ្នំពេញ ទៅស្គន់ ខេត្តកំពង់ចាម ។ តំបន់នេះជា តំបន់សក្តិសិទ្ធ ដែលអ្នកស្រុកមាន ការភ័យខ្លាច មិនដែលហ៊ាន និយាយខុសមាត់ ខុសពាក្យ នោះទេ នៅពេលទៅ កំសាន្តម្ដងៗ ពួកគេតែងប្រយ័ត្ន មាត់ប្រយ័ត្នក ខ្លាំងណាស់ដោយ ពួកគាត់គិតថា បារមីទីនោះ ខ្លាំងពូកែ ។
ភ្នំជើងព្រៃមានភ្នំ២ ចែកដាច់ពីគ្នា ដែលភ្នំទាបនៅ ខាងត្បូងឆៀងខាងលិច ជាភ្នំប្រុស ហើយភ្នំនៅភាគ ខាងជើងជាភ្នំស្រី ។ ប្រវត្តភ្នំទាំង២ មិនខុសគ្នាពី ភ្នំប្រុសភ្នំស្រី នៅជិតទីរួមខេត្ត កំពង់ចាម ឡើយ គឺកើតចេញពី ការភ្នាល់គ្នា រវាងបុរស និងនារីដែរ ។ នៅលើ កំពូលភ្នំប្រុស មានស្នាម បាទជើងមួយ ដែលគេបាហៅថា ព្រះបាទ ទីនោះជាកន្លែង ដែលប្រជាជន គោរពនិងមានជុំនឿ យ៉ាងខ្លាំង ថាជាទីប្រកន្លែង មានបារមី ។ នៅលើភ្នំនេះ មានសំណង់ជាច្រើន តតត្រូវបានសាង តាមបែប សាសនា ស្ទើរតែ រាល់ថ្ងៃមាន មនុស្សចេញចូល ទៅបន់ស្រន់ យ៉ាងច្រើន ។ នៅលើភ្នំស្រី មានប្រាសាទបុរាណ ចំនួន២ និងមាន សំណង់តូចៗ ជាច្រើនទៀតត្រូវ បានសាងសង់ តាមបែបសាសនា ។ នៅខាងកើតភ្នំស្រី មានប្រាសាទ បាក់បែកមួយ ដែលគេស្គាល់ឈ្មោះ ថា ប្រាសាទកីនាងទាវ ។
នៅជុំវិញបរិវេន ភ្នំជើងព្រៃ មានសំណង់ យ៉ាងស្កឹមស្កៃ ជាច្រើនសង់តាមបែប សាសនាផ្សេងៗ រាប់មិនអស់ ហើយទីនោះ ជាកន្លែងដែល ពួកអ្នកមានបារមី ទៅធ្វើអ៌មសមាធិ រាប់រយនាកផងដែរ ។

-ប្រាសាទធំ
ប្រាសាទធំ មានទីតាំងលើទួលខ្ពស់ នៃខឿនវិហារសព្វថ្ងៃ ។ ប្រាសាទធំ រួមមានបីសាងសងឡើង ពីឥដ្ឋតាន ។ ប៉ុន្តែ ប្រាសាទធំ ខាងឆ្វេងត្រួវ បានរលំបាត់ រូបរាងអស់ ហើយនៅសល់ ដីទទេ តែប្រាសាទពីរទៀត នៅល្អ ដែលក្នុងប្រាសាទ នៅសល់រូប បដិមាករ និង វត្ថុបុរាណ បាក់បែកខ្លះ ដែលទាក់ទង ពហ្មមញ្ញសានា ។ ប្រជាពលរដ្ឋនៅ តំបន់នេះ គេជឿថាប្រសាទនេះ មានវត្ថុសក្តិសទ្ធិ ថែររក្សាប្រាសាទ ។ អ្នកស្រុកនៅទីនោះ មានជុំនឿថា បើអ្នកទេសចរ ដែលចង់ថតរូប ប្រាសាទ ដែលនៅសល់់់ ទាំងពីរ បើគ្មានការ អុជធូប បន់សស្រន់ សុំទេនោះ គឺមិនអាច ថតរូបជាប់ទេ ។

ពលរដ្ឋ​នៅ​ស្រុក​ស្វា​ចេក ខេត្តបន្ទាយមានជ័យ ទាមទារ​គ្រប់គ្រង​ដីស្រែ​ចម្ការ ដែលជា​ដីព្រៃ​ឈើ​របស់​រដ្ឋ

ដោយ : សូផុន
ថ្ងៃទី 9 កញ្ញា 2011
CEN

បន្ទាយមានជ័យ: ពលរដ្ឋ​រាប់សិប​នាក់ ប្រដាប់​ដោយ​កាំបិត​ពូថៅ និង​ចប មកពី​ភូមិព​ន្សា​យ​ខាងត្បូង ឃុំ​ស្រុក​ស្វាយចេក បាន​ព័ទ្ធ​មន្ត្រី​សាលាខេត្ត​ស្រុក ឃុំ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ជំនាញ​សុរិយោដី នៃ​ខេត្តបន្ទាយមានជ័យ និង​ស្រុក​ស្វាយចេក នៅ​ចំណុច​អូរ​កៀប ភូមិព​ន្សា​យ ឃុំ​ស្រុក​ស្វាយចេក កាលពី​រសៀល​ថ្ងៃទី​៨​កញ្ញា ឆ្នាំ​២០១១ ។​

​សកម្មភាព​របស់​ប្រជាពលរដ្ឋ​ទាំងនោះ ដើម្បី​រារាំង​ដាច់ខាត​មិន​ឲ្យ​មន្ត្រី​ជំនាញ​គ្រប់គ្រង និង​ត្រួត​ដីព្រៃ​ឈើ​របស់​រដ្ឋាភិបាល ដែល​សេសសល់​នៅ​តំបន់​ស្ថានីយ​ព្រៃឈើ​តា​បែន ក្នុងស្រុក​ស្វាយចេក​នោះឡើយ​។

​តំណាង​ពលរដ្ឋ​ខ្លះ បាន​គម្រាមកំហែង និង​ព្រមាន​មន្ត្រី​អាជ្ញាធរ កុំ​ឲ្យ​ចុះទៅ​កាន់​ទឹកដី​របស់​ប្រជា​សហគមន៍ ព្រោះ​បើ​អាជ្ញាធរ​ចុះទៅពិនិត្យ​ទីតាំង​ដីព្រៃ​ឈើ​ទាំងនោះ គឺ សព្វថ្ងៃ បាន​ក្លាយជា​ដីចម្ការ ឬ​ស្រែ របស់​ប្រជាពលរដ្ឋ​អស់ហើយ​។​

​ប្រជាពលរដ្ឋ​ព្រមាន មិន​ទទួលខុសត្រូវ​រាល់​សន្តិសុខ ឬ​សុវត្ថិភាព​ដល់​មន្ត្រី ឬ​អ្នកណា ដែល​ចុះ​ទៅដល់​ដីព្រៃ​តា​បែន ដើម្បី​ដកហូត​ដីធ្លី​ពី​ប្រជាពលរដ្ឋ​នោះឡើយ​។​

​ក្រុម​ប្រជាពលរដ្ឋ ដែល​បាន​តវ៉ា​ជំទាស់​ទាំងនោះ បាន​រារាំង​មន្ត្រី និង​អាជ្ញាធរ​សមត្ថកិច្ច ៣​លើក​មកហើយ កុំ​ឲ្យ​គ្រប់គ្រង​ដីព្រៃ​ឈើ ដែលជា​គម្រោង​បង្កើត​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​តា​បែន នៅ​តំបន់​១ ដែលមាន​ផ្ទៃដី ១.៨៥០ ហិកតា និង​តំបន់​មួយទៀត មាន​ទំហំ ៥.២៤៦ ហិកតា ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃឈើ ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​តា​បែន និង​ឃុំ​ស្លក្រាម​។

​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ដែនដី​ខេត្ត​ស្រុក ឃុំ អះអាងថា ដី​នោះ​ជា​ដី​គម្រប​ព្រៃឈើ ក្នុង​ផែនទី​ឆ្នាំ​២០០២ ឬ​ជា​ដីព្រៃ​ឈើ​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ និង​ត្រូវបាន​ដីកា​តុលាការខេត្ត​បន្ទាយមានជ័យ ក្នុងនាម​អនុគណៈកម្មាធិការ​ខេត្ត ទប់ស្កាត់ បង្ក្រាប​អំពើ​ឈូសឆាយ​ទន្ទ្រាន​រាន​ហ៊ុមព័ទ្ធ​ដីព្រៃ​ឈើ​រដ្ឋ យក​កម្មសិទ្ធិឯកជន ដោយ​ខុសច្បាប់ បានសម្រេច​ដកហូត ក្នុង​ឆ្នាំ​២០០៥ ។​

​ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ស្នើថា បើ​ដកហូត​ដី​ព្រៃឈើ​តំបន់​នោះ ត្រូវធ្វើ​ឲ្យ​ស្មើភាព គឺ​ដក​ទាំង​ដី​ទំហំ​ធំ និង​តូច ដែលជា​ដី​របស់​អ្នកធំ និង​អ្នកមាន​ផង​។​

​ទោះយ៉ាងណា​មន្ត្រី​ចម្រុះ ដែល​ចុះទៅ​ទីតាំង​ដីព្រៃ​ឈើ​រដ្ឋ​លើក​នេះ ក៏​ដូច​លើក​មុន បាន​ជួបប្រជុំ​ជាមួយ​ពលរដ្ឋ​ម្តងទៀត នៅ​សាលាស្រុក​ស្វាយចេក ហើយ​អះអាងថា មន្ត្រី​ចុះ​សិក្សា និង​រក​ផលប៉ះពាល់​ពី​អ្នកកាន់កាប់​ពិតប្រាកដ និង​បានធ្វើ​ស្រែចម្ការ​ជាក់ស្តែង ដែលជា​របស់​ប្រជាពលរដ្ឋ​ផ្ទាល់ខ្លួន ដោយ​ពុំ​មែ​ម​ជា​ដី​របស់​មន្ត្រី ឬ​ឈ្មួញ ដើម្បី​កាត់​ឆ្វៀល​ចេញចូល តាម​យុទ្ធសាស្ត្រ និង​នយោបាយ​របស់​រដ្ឋាភិបាល​។​

​យ៉ាងណាក៏ដោយ ការចុះវាស់វែង​ដីព្រៃ​របស់​រដ្ឋ នៅ​តំបន់​ព្រៃឈើ​តា​បែន ក្នុងស្រុក​ស្វាយចេក កាលពី​ថ្ងៃទី​៨​កញ្ញា ឆ្នាំ​២០១១ មិនអាច​ធ្វើទៅ​បានទេ ដោយសារតែ​ប្រជាពលរដ្ឋ​រារាំង​៕

Photo by CEN

Photo by CEN

Photo by CEN

Photo by CEN

Photo by CEN

—————-

ជប៉ុន​ផ្តល់​ជំនួយ​ជាង ៨ សែន​ដុល្លារ សម្រាប់​បោសសម្អាត​មីន​នៅ​ខេត្ត​បាត់ដំបង​

ដោយ : មុនីរ័ត្ន
ថ្ងៃទី 9 កញ្ញា 2011
CEN

ភ្នំពេញ: នៅ​ល្ងាច​ថ្ងៃទី​៩ កញ្ញា ឆ្នាំ​២០១១ មាន​ការចុះហត្ថលេខារ​វាង​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា លោក ម៉ាសា​ហ្វ៊ូមី គូ​រូ​គី និង​លោក វ៉ា​តា​ណា​បេ អ៊ី​គី ប្រធាន​អង្គការ​កំចាត់មីន​ជប៉ុន JMAS ដើម្បី​អនុវត្ត​គម្រោង​គាំទ្រ​សកម្មភាព​បោសសម្អាត​មីន ក្នុង​ខេត្ត​បាត់ដំបង​។ ជំនួយ ដែល​មាន​ទឹកប្រាក់ ៨១៥.៩៤៧ ដុល្លារ ជា​ជំនួយ​ឧបត្ថម្ភ​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច សន្តិសុខ​មនុស្សជាតិ របស់​ប្រទេស​ជប៉ុន​។ ក្នុង​ពិធី​ចុះហត្ថលេខា នៅ​ស្ថានទូត​ជប៉ុន​នោះ មាន​ការចូលរួម​ពី​អគ្គនាយករង​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា និង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​រូប​ផង​ដែរ​។​

​លោក ម៉ាសា​ហ្វ៊ូមី គូ​រូ​គី បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ជំនួយ តាមរយៈ​កម្មវិធី​គម្រោង​ជំនួយឥតសំណង របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៨១៥.៩៤៧ ដុល្លារ ដល់​អង្គការ​កម្ចាត់​មីន​ជប៉ុ JMAS ដែល​ជា​គម្រោង​គាំទ្រ​សកម្មភាព​បោសសម្អាត​មីន ក្នុង​ខេត្ត​បាត់ដំបង គឺ​ដើម្បី​ដាក់ពង្រាយ​ក្រុម​ប្រតិបត្តិការ​ដោះ​មីន​ចំនួន​២ នៅក្នុង​ស្រុក​កំរៀង និង​ដាក់​ម៉ាស៊ីន​បោសសម្អាត​មីន នៅ​ស្រុក​រតនមណ្ឌល ក្នុង​ខេត្ត​បាត់ដំបង​។

​តាម​ការប៉ានស្មាន មាន​ប្រជាជន​អ្នកភូមិ​ប្រមាណ​ជាង ១៩.០០០ នាក់ នឹង​ទទួលបាន​ផលប្រយោជន៍​ពី​គម្រោង​នេះ ដោយ​ធ្វើអោយ ពួកគេ​រស់នៅ​តំបន់​ទាំងនោះ រួចផុត​ពី​ការ​គម្រាមកំហែង ដោយ​គ្រាប់​មីន និង​នាំមក​នូវ​ការអភិវឌ្ឍន៍​សហគម​ន៍ បន្ទាប់​ពី​ការ​បោសសម្អាត​មីន​រួច​។​

​លោក ម៉ាសា​ហ្វ៊ូមី គូ​រូ​គី បាន​បន្តថា ជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ជប៉ុន សម្រាប់​គម្រោង​ជំនួយ​ឥត​សំណង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន ដែល​ធ្វើការ​នៅ​កម្ពុជា បាន​ចាប់ផ្តើម​តាំង​ពីឆ្នាំ​២០០២ ​ដើម្បី​គាំទ្រ​សកម្មភាព​របស់​អង្គការ​ទាំងនេះ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍន៍​
​និង​ស្ថាបនា​ប្រទេស​កម្ពុជា​ឡើង​វិញ នៅ​តាម​កម្រិត​មូលដ្ឋាន​។

​ចាប់តាំងពី​ឆ្នាំ​២០០២ រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ថវិកា​ជាង ១៤,៤ លាន​ដុល្លារ​អាមេរិក ដល់​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន ដើម្បី​អនុវត្ត​គម្រោង ៦១ ដែល​គម្រោង​ទាំងនេះ ផ្តោត​ជា​ពិសេស​លើ​វិស័យ​អប់រំ​កម្រិត​បឋម​សុខាភិបាល និង​កម្ទេច​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​។​

​ប្រធាន​តំណាង​អង្គការ​ជី​ម៉ាស់​ប្រចាំ​កម្ពុជា បាន​លើកឡើង​ថា តំបន់​ជាច្រើន ដែល​បាន​គ្របតណ្តប់​ដោយ​សាត​មីន និង​កាក​សំណល់​ជាតិ​ផ្ទុះ ក្រោយពី​សង្គ្រាម បានបន្សល់ទុក​នូវ​កេរ​តំណេ​ល​ដ៏​គ្រោះថ្នាក់​នៃ​សង្គ្រាម​ស៊ីវិល​នោះ ត្រូវបាន និង​កំពុង​ធ្វើការ​បោសសម្អាត​មីន​រយៈពេល​ជាង ១៧ ឆ្នាំ កន្លងមក តាមរយៈ​កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន​ស៊ីម៉ាក់ និង​ប្រតិបត្តិ​ករ​ដោះ​មីន​ដទៃៗ​ទៀត​។

​ប្រធាន​អង្គការ​ជី​ម៉ាស បានបញ្ជាក់​ថា ខេត្ត​បាត់ដំបង គឺជា​ខេត្ត ដែល​នៅតែ​មាន​ចំនួន​អត្រា​ជនរងគ្រោះ​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ការប្រើប្រាស់​ដី ត្រូវបាន​គេ​កំនត់ ដោយសារ​ការរាំងស្ទះ អំពី​បញ្ហា​មីន នៅ​ខេត្ត​បាត់ដំបង ដែល​ជា​ដី​សំបូរ​ធនធានធម្មជាតិ​ក៏ដោយ​។

​តាម​តំណាង​អង្គការ​ជី​ម៉ាស នៅក្នុង​ឃុំ​តា​សែន ស្រុក​កំរៀង មាន​អត្រា​ជនរងគ្រោះ ចំនួន ៤០ នាក់ ក្នុង​រយៈពេល ១០ ឆ្នាំ រហូតដល់​ឆ្នាំ​២០១០ ហើយ​ពួកគេ​ទាំងអស់ សុទ្ធតែ​បាន​រងគ្រោះ​ដោយសារ​មីន​។​ នៅក្នុង​ឃុំ​ត្រែង ស្រុក​រតនមណ្ឌល មាន​អត្រា​ជនរងគ្រោះ​ដោយសារ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ សម្រាប់​រយៈពេល ១០ ឆ្នាំ រហូតដល់​ឆ្នាំ​២០១០ គឺ​សរុប​ចំនួន ១៣៨ នាក់ ក្នុង​នៅមាន​ជនរងគ្រោះ ដោយសារ​មីន ៦១ នាក់​។​

​ចំណែក​លោក អ៊ុំ ភូម្ទិ​រ៉ូ អគ្គនាយករង​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា បាន​អះ​អង​ថា ក្នុង​រយៈពេល ៦ ខែ ក្នុង​ឆ្នាំ​២០១១ បាន​បោសសម្អាត​ផ្ទៃ​ដី​បាន ២៣ គីឡូម៉ែត្រ​ការ៉េ ហើយ​បាន​បោសសម្អាត​គ្រាប់​មីន​យុទ្ធភណ្ឌ មិន​ទាន់​ផ្ទុះ បាន​ប្រហែល​ជិត ១០.០០០ គ្រាប់ សម្រាប់​ជនរងគ្រោះ​ប្រមាណ​ជាង ១០០ នាក់​៕

លោក អ៊ឹង គឹមថៃ ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សាលា​ដំបូង​ថៃ

ដោយ លាង ដឺលុច
ថ្ងៃ សុក្រ 09 កញ្ញា 2011
RFI

ស្តាប់សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ (01:20)

លោក ​អ៊ឹង គឹមថៃ​ បាន​សម្រេច​ចិត្ត​ប្តឹង​ឧទ្ធរណ៍ ប្រឆាំង​សាលក្រម​សាលា​ដំបូង​ថៃ​ខេត្ត​ស៊ីសាកេត​ ដែល​បាន​ផ្តន្ទាទោស​លោក​ដាក់​ពន្ធនាគារ​២​ឆ្នាំ​៣​ខែ​ ពី​បទ​សង្ស័យ​ធ្វើ​ចារកម្ម​ក្នុង​ទឹកដី​ថៃ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក​ កុយ គួង ​បាន​បញ្ជាក់​ថា មេធាវី​របស់​លោក​ អ៊ឹង គឹមថៃ​ នឹង​រៀបចំ​ឯកសារ​បណ្តឹង​នេះ ដាក់​ទៅ​សាលា​ឧទ្ធរណ៍​នៅ​សប្តាហ៍​ក្រោយ។

លោក កុយ គួង អ្នកនំាពាក្យ​ក្រសួង​ការបរទេស​កម្ពុជា (©វណ្ណារ៉ា)

លោក កុយ គួង អ្នកនំាពាក្យ ក្រសួង ការបរទេស កម្ពុជា (©វណ្ណារ៉ា)

លោក​ អ៊ឹង គឹមថៃ​ ដែល​តុលាការ​ថៃ​ផ្តន្ទា​ទោស​អោយ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​៣​ខែ​ ពី​បទ​សង្ស័យ​ធ្វើ​ចារកិច្ច​នោះ បាន​សម្រេច​ប្តឹង​ឧទ្ធរណ៍​ជំទាស់​សាលក្រម​តុលាការ​ដំបូង​ថៃ​ហើយ។

ក្រុម​គ្រួសារ​លោក​ អ៊ឹង គឹមថៃ និង​លោក អ៊ឹង គឹមថៃ​ ខ្លួន​ឯង​ផ្ទាល់​ រួមទាំង​មេធាវី និង​មន្ត្រី​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​បាន​ពិភាក្សា​ អំពី​ការ​ដាក់​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​នេះ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក​ កុយ គួង​ បាន​ប្រាប់​អោយ​ដឹង​ថា ការ​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​ទៅ​សាលា​ឧទ្ធរណ៍​នោះ​ប្រហែល​នឹង​អាច​ប្រព្រឹត្ត​ទៅ​នៅ​សប្តាហ៍​ក្រោយ​នេះ។

ប្រភព​ពី​មន្ត្រី​ការបរទេស​ដដែល​បាន​អោយ​ដឹង​ថា បើទោះជា​មាន​ការ​ផ្តន្ទាទោស​ទៅ​លើ​លោក​ អ៊ឹង គឹមថៃ​ យ៉ាង​នេះ​ក៏​ដោយ ក៏​កម្ពុជា​មិន​បាន​យល់​ស្រប​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាកា​ថៃ ហើយ​កម្ពុជា​គ្មាន​ភាព​ចាំបាច់​ណា​មួយ​ត្រូវ​បញ្ជូន​លោក ​អ៊ឹង គឹមថៃ ឬ​ជន​ណា​​ទៅ​ធ្វើ​ចារកម្ម​នៅ​ក្នុង​ប្រទេស​ថៃ​ឡើយ។

តុលាការ​ថៃ​ខេត្ត​ស៊ីសាកេត​បាន​ផ្តន្ទាទោស​លោក​ អ៊ឹង គឹមថៃ​ កាល​ពី​ថ្ងៃ​ទី​៦​កញ្ញា​ដោយ​ចោទ​ប្រកាន់​លោក​ អ៊ឹង គឹមថៃ​ ពី​បទ​សង្ស័យ​ធ្វើ​ចារកម្ម។ ការ​កាត់ទោស​លោក​ អ៊ឹង គឹមថៃ ​ធ្វើ​ឡើង​ចំ​ពេល​ដែល​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថៃ​នៅ​ចិញ្ចឹម​ចិត្ត​មក​ពិភាក្សា​ជាមួយ​កម្ពុជា​ ដើម្បី​ស្វែងរក​ការ​ដោះលែង​ជនជាតិ​ថៃ​ពីរ​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

សម្តេច​ ហ៊ុន ​សែន ក្រើនរម្លឹក​អាជ្ញាធរ​ឲ្យ​បង្កើត​ទំនាក់ទំនង​ជាមួយ​ថៃ និង​មើល​ពី​សុខភាព​យោធា​នៅ​សមរភូមិ​

ដោយ : CEN
ថ្ងៃទី 9 កញ្ញា 2011

ភ្នំពេញ: សម្តេច​តេជោ ហ៊ុន សែន បាន​ក្រើនរំលឹក​ជាថ្មីទៀត ដល់​អាជ្ញាធរ​ដែនដី និង​បណ្តា​អង្គភាព នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវ​បន្ត​ការយកចិត្តទុកដាក់​បង្កើន​ទំនាក់ទំនង​ជាមួយ​ភា​គីថៃ ដោយ​បញ្ចៀស​នូវ​ឧបសគ្គ​នានា ដែល​អាច​ធ្វើឲ្យ​រាំងស្ទះ​ជាយថាហេតុ ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ក្រើនរំលឹក​ផងដែរ ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​យោធា និង​ជន​ស៊ីវិល​នៅ​ជួរមុខ ដែល​អាច​ទទួល​ឥទ្ធិពល​ពេល​មាន​ការផ្លាស់ប្តូរ​ធាតុអាកាស​តាម​រដូវ​កាល ដូចជា ពេល​មាន​ភ្លៀង ទឹកជំនន់ និង​រដូវរងា​ជាដើម​។​

​សេចក្តីប្រកាស​ដូច្នេះ ត្រូវបាន​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ប្រកាសឡើង នៅ​មុន​ពេល​បិទ​បញ្ចប់​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៩​កញ្ញា ឆ្នាំ​២០១១​។ កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី មាន​ផ្សាយ​បន្ត​ផ្ទាល់ ទៅកាន់​អាជ្ញាធរ​គ្រប់​ខេត្ត​រាជធានី និង​ត​ភ្ជាប់​ទៅ​កាន់​តំបន់​សមរភូមិ​មុខ តាមរយៈ​វេដេអូ​ខ​ហ្វើ​រេន​ផងដែរ​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​
​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១១ បង្ហាញថា កិច្ចប្រជុំពេញអង្គ ដែល​ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន ក៏​បាន​ប្រជុំ​ពិនិត្យ ដើម្បី​ឆ្លង ១-​សេចក្តីព្រាង​របាយការណ៍​ជាតិ​លើក​ទី​១ និង​ទី​២ ស្តីពី​ការអនុវត្ត​ពិធីសារ​បន្ថែម​នៃ​អនុសញ្ញា​សិទ្ធិ​កុមារ ស្តីពី​ការចូលរួម​របស់​កុមារ​នៅក្នុង​ជម្លោះ​ប្រដាប់អាវុធ និង​សេចក្តីព្រាង​របាយការណ៍​ជាតិ​លើក​ទី​១ និង​ទី​២ ស្តីពី​ការជួញដូរ​កុមារ ការធ្វើ​ពេស្យា​កម្ម​កុមារ និង​រូបភាព​អាសអាភាស​កុមារ​។ ព្រមទាំង​របៀបវារៈ ទី​២-​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការកំណត់​តំបន់​សហគមន៍ លើ​ផ្ទៃដី​ទំហំ ១៥០០ ហិកតា ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​រនាម​ដូន​សំ ស្ថិតនៅក្នុង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​

​ក្រោយពី​បាន​ស្តាប់​របាយការណ៍ និង​មតិ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​រួចមក កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​បាន​សម្រេច​អនុម័ត​នូវ​៖

I-​សេចក្តីព្រាង​របាយការណ៍​ជាតិ​លើក​ទី​១ និង​ទី​២ ស្តីពី​ការអនុវត្ត​ពិធីសារ​បន្ថែម​នៃ​អនុសញ្ញា​សិទ្ធិ​កុមារ ស្តីពី​ការចូលរួម​របស់​កុមារ​នៅក្នុង​ជម្លោះ​ប្រដាប់អាវុធ និង​សេចក្តីព្រាង​របាយការណ៍​ជាតិ​លើក​ទី​១ និង​ទី​២ ស្តីពី​ការជួញដូរ​កុមារ ការធ្វើ​ពេស្យា​កម្ម​កុមារ និង​រូបភាព​អាសអាភាស​កុមារ ៖

​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​នៅ​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ ១៩៩២ និង​ផ្តល់​សច្ចាប័ន​ពិធីសារ​បន្ថែម​នៃ​អនុសញ្ញា​សិទ្ធិ​កុមារ ស្តីពី “​ការចូលរួម​របស់​កុមារ​នៅក្នុង​ជម្លោះ​ប្រដាប់អាវុធ​” នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ ២០០២ និង​បាន​ការទទួល​យល់ព្រម​ពី​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ទី ១៦ ខែ កក្កដា ឆ្នាំ ២០០៤ និង​ផ្តល់​សច្ចាប័ន​ពិធីសារ​បន្ថែម​ស្តីពី “​ការជួញដូរ​កុមារ ការធ្វើ​ពេស្យា​កម្ម​កុមារ និង​រូបភាព​អាសអាភាស​កុមារ​” នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ ២០០២ ដែល​បានការ​ទទួល​យល់ព្រម​ពី​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃទី ៣០ ខែ​ឧសភា ឆ្នាំ ២០០២​។

​ដោយ​មាន​ការចូលរួម​ពី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា យុត្តិធម៌ មហាផ្ទៃ ទេសចរណ៍ ការពារជាតិ កិច្ចការនារី ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ផែនការ អប់រំ យុវជន និង​កីឡា សុខាភិបាល គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្រុមប្រឹក្សា​អ្នកច្បាប់ មូលនិធិ​អង្គការសហប្រជាជាតិ​ដើម្បី​កុមារ (UNICEF) គណៈកម្មាធិការ​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​សិទ្ធិ​កុមារ (NGOCRC) គម្រោង​អន្តរ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (UNIAP) សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​ជួញដូរ និង​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​ក្នុង​ប្រទេស​កម្ពុជា (COSECAM) និង​សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រឆាំង​ការជួញដូរ​កុមារ​នៅ​កម្ពុជា (Cambodia ACTs) ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​រៀបចំ​សេចក្តីព្រាង​របាយការណ៍​លើក​ទី​១ និង​លើក​ទី​២​នេះ ដោយ​បាន​បរិយាយ​អំពី​ការអនុវត្តន៍​ពិធីសារ​នៅ​ចន្លោះ​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០១០​។

​សេចក្តីប្រកាស បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​របស់​សម្តេច ហ៊ុន សែន បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការលើកស្ទួយ​សិទ្ធិ​កុមារ​តាមរយៈ​ការបង្កើត​បរិយាកាស​ល្អប្រសើរ សម្រាប់​ការរស់រានមានជីវិត និង​ការអភិវឌ្ឍន៍ ការពង្រឹង​សុខុមាលភាព​កុមារ និង​ការបង្កើន​បរិយាកាស​កា​រពារ​យ៉ាងរឹងមាំ​ដល់​កុមារ​។ សកម្មភាព​ជាច្រើន​ត្រូវបាន​អនុវត្ត​ព្រមៗ​គ្នា ដូចជា​ការបង្កើត និង​ពង្រឹង​ក្របខ័ណ្ឌ​គោលនយោបាយ ច្បាប់ យន្តការ​។

​សេចក្តីប្រកាស ក៏បាន​លើកឡើង​ថា ក្រៅ​ពី​ក្រសួង និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ យន្តការ​ពិសេស​ជាច្រើន​ត្រូវបាន​បង្កើត ដើម្បី​ធានា​ឲ្យ​កុមារ​ទទួលបាន​សិទ្ធិ​របស់​ខ្លួន​យ៉ាង​ពេញលេញ ដូច​ជា​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការនារី និង​កុមារ​ឃុំ សង្កាត់ ក្រុមការងារ​ពហុ​វិស័យ​ស្តីពី​កុមារកំព្រា និង​កុមារ​ងាយ​រងគ្រោះ ក្រុម​ការងារ​យុត្តិធម៌​កុមារ និង​ក្រុមការងារ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​យុត្តិធម៌​កុមារ​ជា​ដើម​។ យន្តការ​ទាំងនេះ មាន​ចាប់តាំងពី​ថ្នាក់ជាតិ រាជធានី ខេត្ត រហូតដល់​ថ្នាក់​ឃុំ សង្កាត់ ដែល​ជា​ទីកន្លែង​កុមារ​រស់នៅ​។ ជាក់ស្តែង​ទោះបី​មាន​ជម្លោះ​ព្រំដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជាណាចក្រ​ថៃ​ក្តី​ក៏​ពុំ​មាន​កុមារ​ណា​ម្នាក់​ចូលរួម​ក្នុង​ជម្លោះ​ប្រដាប់អាវុធ​ឡើយ​។

ព្រះរាជាណាចក្រ​កម្ពុជា​បាន​យកចិត្តទុកដាក់​ចំពោះ​ជនភៀសសឹក ជា​ពិសេស​កុមារ​ភៀស​សឹក​តាមរយៈ​ការការពារ​សុវត្ថិភាព ការផ្តល់​ជំនួយ​សង្គ្រោះ​ជាបន្ទាន់ ការផ្តល់​ជម្រក​បណ្តោះអាសន្ន និង​ការធានា​ថា កុមារ​ដែល​កំពុង​រស់​នៅក្នុង​តំបន់​ដែល​ទទួលរង​ផល​ប៉ះពាល់​ពី​សង្គ្រាម​នោះ​ទទួលបាន​នូវ​ឱកាស​អប់រំ និង​ទទួលបាន​សេវា​សុខភាព​ដូច​កុមារ​នៅ​តំបន់​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស​ដែរ​។

​របាយការណ៍​ក៏បាន​ឆ្លុះបញ្ចាំង​អំពី​សមិទ្ធផល​នៃ​ការខិតខំ​របស់​រាជរដ្ឋាភិបាល និង​ដៃគូរ​អភិវឌ្ឍន៍ ព្រម​ទាំង​សហគមន៍​ក្នុង​ការអនុវត្ត​ពិធីសារ​នេះ​ប្រកប​ដោយ​ភាព​វិជ្ជមាន​ក្នុង​កិច្ចការពារ​កុមារ​ឲ្យ​រួចផុត​ពី​ការជួញដូរ ការធ្វើ​ពេស្យា​កម្ម និង​រូបភាព​អាសអាភាស​។​

II- សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការកំណត់​តំបន់​សហគមន៍ លើ​ផ្ទៃដី​ទំហំ ១៥០០ ហិកតា ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​រនាម​ដូន​សំ ស្ថិតនៅក្នុង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។ ដែនជម្រកសត្វព្រៃ​រនាម​ដូន​សំ គឺជា​តំបន់ការពារធម្មជាតិ មាន​ផ្ទៃដី​ទំហំ ៤០.០២១ ហិកតា គ្របដណ្តប់​លើ​ខេត្ត​ចំនួន ២ គឺ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង​។

​សេចក្តីប្រកាស លើកឡើងថា ដោយ​ពិនិត្យឃើញ​នូវ​តម្រូវការ​ចាំបាច់​ជាក់ស្តែង​ក្នុង​ការប្រើប្រាស់​ដី សម្រាប់​បង្កបង្កើន​ផល ព្រមទាំង​ដើម្បី​ចូលរួមចំណែក​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់​គ្រប់គ្រង និង​យោង​តាម​សំណើ​របស់​អាជ្ញាធរ​ដែន​ដី​នៃ​ខេត្ត​បន្ទាយមានជ័យ ក្រសួង​បរិស្ថាន បាន​រៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការកំណត់​តំបន់​សហគមន៍ លើ​ផ្ទៃដី​ទំហំ ១៥០០ ហិកតា ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​រនាម​ដូន​សំ ស្ថិតនៅក្នុង ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ សម្រាប់​ផ្តល់​ជូន​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​រៀបចំ​ភូមិករ លំនៅដ្ឋាន ដីស្រែ ចម្ការ បង្កបង្កើន​ផល និង​ប្រើប្រាស់​ដីធ្លី​ដោយ​ស្របច្បាប់​៕

​អតីត​ឯកអគ្គរាជទូត​អូស្ត្រាលី និង​ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ កំពុង​ឈឺ​ធ្ងន់​

ដោយ : CEN
ថ្ងៃទី 9 កញ្ញា 2011

ភ្នំពេញ: លោក ច​ន ហូ​ឡូ​វេ (John Holloway) អតីត​ឯកអគ្គរាជទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា ហើយ​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​របស់​ក្រសួងមហាផ្ទៃ កំពុងតែ​ឈឺ​ធ្ងន់ ដោយសារ​ជំងឺ​ទឹកនោមផ្អែម​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ជុំ សុខ ដែលជា​មិត្ត​របស់លោក ហូ​ឡូ​វេ ។​

​លោក ហូ​ឡូ​វេ អតីត​ឯកអគ្គរាជទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា ត្រូវបាន​សម្រាក ថែទាំ​នៅផ្ទះ​របស់ លោក ជុំ សុខ នៅ​ម្តុំ​ចំការ​ដូង ក្នុងភូមិ​ក្វារ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ អតីត​អ្នកកា​ទូត​រូបនេះ ត្រូវ​ទៅ​ព្យាបាល​នៅ​គ្លីនិក​មួយ​ជា​ទៀងទាត់ នៅក្នុង​សង្កាត់​ទឹកថ្លា ក្នុង​ខណ្ឌ​សែន​សុខ​។

​កាលពី​ខែឧសភា អតីតមន្ត្រី​ទូត ដែលមាន​វ័យ ៦៨ ឆ្នាំ​រូបនេះ បាន​ស្នាក់នៅ​មន្ទីរពេទ្យ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ដោយសារ​បញ្ហា​តម្រង់​នោម​។​

​លោក ហូ ឡូ​វេ ជា​អ្នកកា​ទូត​ជើងចាស់​ម្នាក់ ដែល​បាន​ធ្វើជា​ឯកអគ្គរាជទូត​អូស្ត្រាលី ប្រចាំ​នៅ​ហ្វីលីពីន ក្នុង​ទស្សវត្សរ៍​១៩៨០ ហើយ​គាត់​បាន​ចូលរួមចំណែក​យ៉ាង​ជ្រាលជ្រៅ នៅក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាព​នៅ​ប្រទេស​កម្ពុជា​។ លោក​ស្ថិតនៅ​ក្នុងចំណោម​ឯកអគ្គរាជទូត​ដំបូង​គេ ដែល​ផ្តល់​សារតាំង​ដល់​រដ្ឋ​កម្ពុជា​សម័យ​នោះ បន្ទាប់ពី​ការយាង​និវត្តន៍​របស់​សម្តេច នរោត្តម សីហនុ​។​

​ក្នុងនាម​ជា​ឯកអគ្គរាជទូត​នៅ​ភ្នំពេញ លោក​បាន​រួមចំណែក​យ៉ាងសកម្ម​នៅក្នុង​អាជ្ញាធរ​បណ្តោះអាសន្ន​សហ​ប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា ហៅ​កាត់​ថា UNTAC ដែល​បាន​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះទៅកាន់​ការបោះឆ្នោត ពហុបក្ស​កាលពី​ឆ្នាំ​១៩៩៣​។​

​បន្ទាប់ពី​បញ្ចប់​អាណត្តិ កាលពី​ឆ្នាំ​១៩៩៤ លោក ហូ​ឡូ​វេ បានធ្វើការ​ជាទី​ប្រឹក្សា​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ របស់​ប្រទេស​កម្ពុជា​។ លោក​ក្រោយមក លោក​ហូ​ឡូ​វេ បាន​ចូលធ្វើការ​ជាទី​ប្រឹក្ស​នៅ​ក្រសួងមហាផ្ទៃ ចាប់តាំងពី​ឆ្នាំ​១៩៩៧៕

ពលរដ្ឋ​នៅ​តាកែវ​ខ្លះ​រក​កម្រៃ​ដោយ​ការ​លី​​ស្រូវ​ឲ្យ​ឈ្មួញ​វៀតណាម

ដោយ អ៊ុក សាវបូរី
2011-09-09
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

អាជីវកម្ម​ទិញ​លក់​ស្រូវ​តាម​តំបន់​ព្រំដែន​កម្ពុជា-​វៀតណាម ក្នុង​ខេត្ត​តាកែវ កំពុង​មាន​សកម្មភាព​រស់​រវើក​គួរ​ឲ្យ​កត់​សម្គាល់​នៅ​រដូវ​វស្សា​ឆ្នាំ​នេះ។

៨-កញ្ញា-២០១១៖ យុវជន​នៅ​ខេត្ត​តាកែវ សែង​បាវ​ស្រូវ​ចុះ​ពី​លើ​ឡាន។ (RFA/Ouk Savborey)

៨-កញ្ញា-២០១១៖ យុវជន នៅ ខេត្ត តាកែវ សែង បាវ ស្រូវ ចុះ ពី លើ ឡាន។ (RFA/Ouk Savborey)

ក្រៅ​ពី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​កសិករ​ដែល​មាន​មុខ​របរ​ធ្វើ​ស្រែ ការ​ជួញដូរ​ស្រូវ​នៅ​តំបន់​នោះ​ក៏​បាន​ផ្ដល់​ឲ្យ​ក្រុម​យុវជន និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត មាន​ការងារ​ធ្វើ និង​ទទួល​បាន​ប្រាក់​កម្រៃ​ខ្លះ​ពី​ការ​បម្រើ​សេវាកម្ម​ក្នុង​អាជីវកម្ម​នេះ។

នៅ​ក្នុង​ភូមិ​ត្រើយ​ទន្លាប់ ឬ​អ្នក​ខ្លះ​ហៅ​ថា ភូមិ​យួន ឃុំ​ព្រះបាទជាន់ជុំ ស្រុក​គិរីវង់ ខេត្ត​តាកែវ មាន​មនុស្ស​ប្រុស​វ័យ​ក្រោម ៣៥​ឆ្នាំ ប្រមាណ ៤០​នាក់ ខ្លះ​លី​បាវ​ស្រូវ​ពី​ថ្នល់​ជាតិ​លេខ​២ ចុះ​ដាក់​ក្នុង​ទូក​វៀតណាម ច្រើន​គ្រឿង និង​ខ្លះ​ថ្លឹង​ស្រូវ ខ្លះ​រៀប​បាវ​ស្រូវ ហើយ​ខ្លះ​ទៀត​ចាក់​កាយ​ស្រូវ​ក្នុង​ទូក។

ក្រុម​អ្នក​ហាល​ស្រូវ​ភាគ​ច្រើន​ជា​ស្ត្រី បាន​យក​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​២ ទាំង​សង​ខាង​ផ្លូវ​ធ្វើ​ជា​កន្លែង​ហាល​ស្រូវ។

ស្ត្រី​អាយុ ៦៨​ឆ្នាំ រស់​នៅ​ភូមិ​ទំនប់ ឃុំ​ព្រះបាទជាន់ជុំ ឈ្មោះ ញាណ ហំ ឲ្យ​ដឹង​ថា កាល​ពី​ផ្លូវ​ជាតិ​លេខ​២ មិន​ទាន់​កសាង​រួច ពួកគាត់​គ្មាន​មុខ​របរ​ទេ ដី​ដាំ​ដុះ​ក៏​គ្មាន រដូវ​ទឹក​ឡើង​ដី​ភូមិ​បាន​លិច​ទឹក​អស់ គាត់​ដាំ​អី​ក៏​មិន​បាន ជីវភាព​គាត់​ត្រដាបត្រដួស គាត់​ដើរ​ស៊ី​ឈ្នួល​ដល់​ប្រទេស​វៀតណាម។ ប៉ុន្តែ​ឥឡូវ​នេះ​នៅ​ពេល​ថ្នល់​ជាតិ​លេខ​២ កសាង​រួច ផ្លូវ​នោះ​បាន​ជួយ​គាត់​ឲ្យ​មាន​ប្រាក់​ចំណូល​ច្រើន​ពី​របរ​ស៊ី​ឈ្នួល ហាល​គ្រាប់​ស្រូវ​នេះ។

ស្ត្រី ញាណ ហំ បន្ត​ថា ៖ «ឆ្នាំ​នេះ​បាន​ស្រូវ​ហាល ព្រោះ​មាន​ថ្នល់​នេះ បើ​កុំ​តែ​បាន​ធ្វើ​ថ្នល់​នេះ​ប្រជាជន​​ក៏​វា​មិន​បាន​ហាល​ស្រូវ​អ៊ីចឹង​ដែរ។ បាន​មាំ​ណាស់​ឥឡូវ​នេះ បង​ប្អូន​រស់​បាន​តែ​នឹង​ថ្នល់​ហ្នឹង​មិន​បាន​រស់​នៅ​ឯ​ណា រស់​តែ​លើ​ហ្នឹង មាន​ធ្វើ​អី​ឯ​ណា ប្រមូល​គ្នា​មក​តែ​ត្រង់​ហ្នឹង​លី​ស្រូវ​លី​អី​ធ្វើ​កម្មករ​តែ​ទាំង​អស់​គ្នា​ហ្នឹង»។

ក្រុម​បុរស​វ័យ ៣៥​ឆ្នាំ មួយ​ក្រុម ដែល​កំពុង​ថ្លឹង និង​លី​សែង​ស្រូវ​ចុះ​ទូក​អះអាង​ថា ពួកគេ​ធំ​ដឹង​ក្ដី​ក្រោយ​រដ្ឋ​អំណាច​ចែក​ដី​ឲ្យ​ពលរដ្ឋ។ នៅ​ពេល​ពួកគេ​មាន​ក្រុម​គ្រួសារ​បែក​ពី​ឪពុក​ម្ដាយ ខ្លះ​ម៉ែ​ឪ​ចែក​ដី​ឲ្យ ខ្លះ​អត់​មាន​ដី ក៏​នាំ​គ្នា​មក​ធ្វើ​កម្មករ​លី​សែង​ស្រូវ​ឲ្យ​ឈ្មួញ​វៀតណាម យក​កម្រៃ​ចិញ្ចឹម​ជីវិត។

បុរស​វ័យ​ក្មេង​ទាំង​នោះ​បន្ត​ថា គាត់​រក​ប្រាក់​ចំណូល​ពី​ការ​ជួញដូរ​ស្រូវ​នៅ​កំពង់ ក្នុង​ភូមិ​ត្រើយទម្លាប់​នេះ​ក្នុង​មួយ​ថ្ងៃ ២ ទៅ ៣​ម៉ឺន​រៀល​ក្នុង​ម្នាក់។ ពួកគាត់​បន្ត​ថា ការ​លក់​ស្រូវ​ខ្មែរ​ឲ្យ​ឈ្មួញ​វៀតណាម គឺ​មាន​គ្រប់​រដូវ ព្រោះ​អ្នក​ស្រុក​ដែល​មាន​ដី​ធ្វើ​ស្រែ​គេ​ដាំ​ស្រូវ​ប្រាំង ១​ឆ្នាំ​បាន ៣​ដង ៖ «ពួក​ខ្ញុំ​នេះ​មាន​តែ​ធ្វើ​កម្មករ បើ​គ្មាន​អី​ទី​ពឹង មាន​តែ​មក​ប្រើ​កម្លាំង។ អ្នក​ខ្លះ​រក​តែ​កន្លែង​នៅ​គ្មាន​ផង នៅ​ចិញ្ចើម​ផ្លូវ​អ៊ីចឹង​ទៅ។ តាម​ចំនៀរ​ៗ​នេះ​សុទ្ធ​តែ​កម្មករ​ទាំង​អស់។ ម៉ែ​ឪ​វា​គ្មាន​ដែរ គាត់​ក្រ​ខ្សត់​អ៊ីចឹង គាត់​ក៏​លក់​អ៊ីចឹង​ទៅ ដល់​ពេល​ខ្ញុំ​ធំ​ពេញ​វ័យ វា​អត់​មាន​អី ដល់​ពេល​មាន​គ្រួសារ​ប្រើ​តែ​កម្លាំង​អ៊ីចឹង​រហូត​ទៅ សង្ឃឹម​តែ​កម្លាំង ហើយ​ថ្ងៃ​ណា​ដែល​អស់​កម្លាំង​នៅ​ផ្ទះ​ទៅ»។

ក្រុម​បុរស​វ័យ​ក្រោម ៣០ នៅ​ភូមិ​ធនមន្ត ឃុំ​បារាយ ត្រូវ​ថៅកែ​ស្រូវ​ដឹក​មក​ឲ្យ​លី​ស្រូវ​ដាក់​រថយន្ត​នៅ​ភូមិ​ស្រែខ្វាវ ក្នុង​ឃុំ​ជាងទង ស្រុក​ត្រាំកក់។

បុរស​វ័យ​ក្មេង​ម្នាក់​ក្នុង​ចំណោម​នោះ បាន​ឲ្យ​ដឹង​ថា ក្រុម​គាត់​មាន​គ្នា ៥​នាក់​រើស​យក​អ្នក​មាន​កម្លាំង​ធ្វើការ​ស្រុះ​គ្នា​មក​សែង​ស្រូវ​ដាក់​ឡាន ដោយ​ក្នុង​១​តោន​បាន​ឈ្នួល ៥​ពាន់​រៀល។ ក្នុង​១​ថ្ងៃ​គាត់​អាច​រក​ប្រាក់​ចំណូល ២​ម៉ឺន​រៀល​ក្នុង​របរ​ស៊ី​ឈ្នួល​សែង​ស្រូវ​ដាក់​ឡាន​យក​ទៅ​ដាក់​ឲ្យ​ឈ្មួញ​វៀតណាម​នោះ ៖ «ការងារ​នេះ​ជា​ការងារ​ដែល​ខ្ញុំ​ធ្វើ​ពី​ស្រែ​ចម្ការ ងើប​ពី​ស្រែ​ចម្ការ​ហើយ ដូច​ថា វា​អស់​ការងារ មក​ធ្វើ​ការងារ​លី​ស្រូវ​ហ្នឹង​ហើយ។ ស្រូវ​នេះ​គេ​លក់​ឲ្យ​វៀតណាម»។

ស្ត្រី​វៀតណាម ដែល​បាន​ចូល​មក​ទិញ​ស្រូវ​នៅ​ក្នុង​កំពង់​ត្រើយ​ទម្លាប់ ចេះ​និយាយ​ភាសា​ខ្មែរ​ខ្លះ​បាន​អះអាង​ថា គាត់​ចូល​មក​ទិញ​ស្រូវ​រហូត មិន​ថា រដូវ​ណា​ទេ​ឲ្យ​តែ​កសិករ​ខ្មែរ​ប្រាប់​ថា​មាន​ស្រូវ​លក់ គាត់​បើក​ទូក​ចូល​មក​ទិញ​ក្នុង ១​ថ្ងៃ​យ៉ាង​ហោច​បាន​ស្រូវ ៣០ ទៅ ៦០​តោន ៖ «តែ​មាន​ស្រូវ​ទិញ​រហូត មិន​ដែល​ឈប់…។ ទៅ​ស្រុក​លើៗ​ទិញ​ម្លិះ អ៊ីចឹង​ទៅ រហូត។ បាន​១​ថ្ងៃ ១០០ ក៏​មាន ១០០​ជាង​ក៏​មាន ហា​ហុកសិប​តោន​ក៏​មាន ថ្ងៃ​ណា​គ្មាន ដប់​ម្ភៃ​តោន​ក៏​មាន វា​មិន​ទៀង​អ៊ីចឹង​ណា»។

ជំទប់​ទី​១​ឃុំ​ព្រះបាទជាន់ជុំ ស្រុក​គិរីវង់ លោក ឈន ឆេង មាន​ប្រសាសន៍​ថា ក្នុង​ឃុំ​នេះ​មាន​ផ្ទៃដី​ដាំ​ស្រូវ​ប្រាំង​ទំហំ ៥.៤០០​ហិកតារ។ ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​នេះ​មាន ៨​ភូមិ មាន​ជាង ១​ម៉ឺន​គ្រួសារ។ លោក​ថា ដី​ដាំ​ដំណាំ​ដែល​អាជ្ញាធរ​បាន​ចែក​តាម​គ្រួសារ​តាំង​ពី​ឆ្នាំ​១៩៨០ ជាង​មក។ គ្រួសារ​ខ្លះ​មាន​ដី ២​កុង (កុង ភាសាវៀតណាម) ក្នុង​១​កុង គឺ​ស្មើ​នឹង ៣៦​ម៉ែត្រ​បួន​ជ្រុង។ អ្នក​ភូមិ​មិន​អាច​មាន​ដី​ចែក​ឲ្យ​កូន​ទេ ទើប​គេ​ខំ​ដាំ​ស្រូវ​បាន ២ ទៅ ៣​ដង​ក្នុង​១​ឆ្នាំ​ដើម្បី​លក់​ស្រូវ។

លោក​បន្ត​ថា អ្នក​រស់​នៅ​ខាង​លិច​ផ្លូវ​ជាតិ​លេខ​២ ចំនួន ៤​ភូមិ បាន​ធ្វើ​ស្រែ​ប្រាំង​បាន ៣​ដង​ក្នុង​១​ឆ្នាំ។ អ្នក​នៅ​ខាង​កើត​ផ្លូវ​ចំនួន ៤​ភូមិ​ដែរ ដាំ​ស្រូវ​ប្រាំង​បាន​តែ ២​ដង ព្រោះ​រដូវ​វស្សា​ទឹក​លិច ៖ «បច្ចុប្បន្ន និង​ឥឡូវ​ហ្នឹង គាត់​ប្រើ​ជី​គីមី​គ្រប់​គ្នា​មែន ប៉ុន្តែ​គ្រាន់​តែ​ថា គាត់​មាន​គួបផ្សំ​អា​ជី​ធម្មជាតិ។ ពី​មុន​មក​អត់​ទេ គាត់​លេង​តែ​អា​ជី​គីមី​ទាំង​អស់ រឹង​ដី ហើយ​យូរ​ទៅ​ខូច​អា​គុណភាព​ដូច​អា​ជី​ស្អី​នោះ វា​ខូច​យូរ​ទៅ​វា​ឡើងៗ អស់​អា​ជីជាតិ​ហ្នឹង អស់​រលីង»។

លោក ឈន ឆេង បន្ត​ថា ស្រូវ​ប្រាំង​នៅ​ក្នុង ១​ហិកតារ គេ​ធ្វើ​បាន​ផល ៦​តោន ពេល​ធ្វើ​ស្រែ​លើក​ទី​១។ នៅ​លើក​ទី​២ គេ​ធ្វើ​បាន​ស្រូវ ៤​តោន នៅ​លើក​ទី​៣ គេ​ធ្វើ​បាន​ស្រូវ ៣​តោន។ លោក​បន្ត​ថា ក្នុង​ឃុំ​នេះ​មាន​គ្រួសារ​កកើត​ថ្មី​បាន​បំបែក​ចេញ​ពី​ឪពុក​ម្ដាយ អ្នក​ខ្លះ​គ្មាន​ដី​ដាំ​ស្រូវ តែ​ឪពុក​ម្ដាយ​ផ្ដល់​ដើម​ទុន​ឲ្យ​កូន​រក​ស៊ី​លក់​ដូរ​នៅ​តាម​ផ្សារ​ទន្លាប់។ ពួកគេ​ទទួល​បាន​ចំណូល​ក្រែល​ពី​របរ​ជួញដូរ​ក្នុង​ផ្សារ​នៅ​ក្បែរ​ព្រំដែន​វៀតណាម​នេះ ទើប​ពលរដ្ឋ​មិន​ធ្លាក់​ខ្លួន​ក្រីក្រ​ខ្លាំង​ទេ៕

សមាជិក​សភា​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឡើង​វិញ

ដោយ កេសរណ្ណីយ្យា
2011-09-09
​វិទ្យុ​អាស៊ីសេរី

សមាជិក​សភា​នៃ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​ស្នើ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​នូវ​រាល់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​ឡាយ​ដែល​មាន​រយៈពេល ៩៩​ឆ្នាំ ឱ្យ​ក្រុមហ៊ុន​បរទេស​ដើម្បី​លុប​ចោល​សម្បទាន​ទាំង​នោះ​ជា​បន្ទាន់។

តំណាង​រាស្រ្ដ​គណបក្ស​ សម រង្ស៊ី លោក សុន ឆ័យ (RFA/Den Ayuthyea)

តំណាង រាស្រ្ដ គណបក្ស សម រង្ស៊ី លោក សុន ឆ័យ (RFA/Den Ayuthyea)

នៅ​ក្នុង​លិខិត​ជូន​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ពុធ ទី​៧ ខែ​កញ្ញា លោក សុន ឆ័យ បាន​សរសេរ​គូស​បញ្ជាក់​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ​នឹង​នាំ​មក​នូវ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​ជាតិ​ខ្មែរ​យើង។

ទន្ទឹម​គ្នា​នេះ លោក សុន ឆ័យ ក៏​បាន​ទាមទារ​ជា​ផ្លូវការ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល ចាត់​វិធានការ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ដោយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ CRCK និង​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម មក​ឆ្លើយ​បំភ្លឺ​សំណួរ​ផ្ទាល់​មាត់​របស់​អ្នក​តំណាងរាស្ត្រ នៅ​ដើម​ខែ​តុលា។

ក្នុង​លិខិត​ដដែល​នោះ លោក សុន ឆ័យ បាន​សរសេរ​ជម្រាប​លោក សុខ អាន ឧបនាយរដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ដោយ​អះអាង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​បាន​កើត​ឡើង​ក្នុង​រូបភាព​ថ្មី តាម​រយៈ​យក​ព្រៃ​ស្រោង​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើ​ចម្ការ​កៅស៊ូ។ បទល្មើស​ថ្មី​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​វិធានការ​តឹងរ៉ឹង​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​របស់​មន្ត្រី​យោធា​មួយ​ចំនួន​រួច​មក។

មក​ទល់​ពេល​នេះ ការ​កាប់​បំផ្លាញ​តំបន់​ព្រៃឡង់ នៅ​តែ​កើត​មាន​ជា​បន្ត​ឥត​ឈប់ ហើយ​រដ្ឋ​សភា​នៅ​មិន​ទាន់​បាន​ទទួល​ឯកសារ​ផ្លូវការ​ពី​ក្រុមហ៊ុន​វៀតណាម បញ្ជាក់​ពី​សិទ្ធិ​ក្នុង​ការ​កាប់​យក​ព្រៃ​ក្នុង​តំបន់​នោះ​ទេ។

មន្ត្រី​រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​លិខិត​របស់​លោក សុន ឆ័យ នៅ​ឡើយ​ទេ៕

ក្រុមហ៊ុន​ស៊ូកាគូ​ បន្ត​បូម​ខ្សាច់​ពន្លិច​ផ្ទះ​អ្នក​ភូមិ​បឹង​កក់

ដោយ មុំ សុផុន
2011-09-09
​វិទ្យុ​អាស៊ីសេរី

ក្រុម​ប្រជាពលរដ្ឋ​ភូមិ​៦ ក្នុង​តំបន់​បឹងកក់​ បាន​ត្អូញត្អែរ​ ដោយ​សារ​តែ​ក្រុម​ហ៊ុន​ស៊ូកាគូ បន្ត​បូម​ខ្សាច់​លុប​ផ្ទះ​របស់​ពួក​គាត់ ហើយ​មិន​មាន​ដំណោះស្រាយ​ នៅ​គ្រា​ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ដី​​ឲ្យ​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​នោះ។

សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ស៊ូកាគូ ​នៅ​ឯ​តំបន់​បឹងកក់ កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០ (RFA/Den Ayuthyea)

សកម្មភាព បូម ខ្សាច់ របស់ ក្រុមហ៊ុន ស៊ូកាគូ នៅ ឯ តំបន់ បឹងកក់ កាល ពី ថ្ងៃ ទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១០ (RFA/Den Ayuthyea)

«ពួក​ខ្ញុំ​កំពុង​រង​គ្រោះ ហើយ​សំខាន់​បំផុត សូម​រដ្ឋាភិបាល​ចាត់ការ​កុំ​ឱ្យ​គេ​បូម ព្រោះ​ការ​លិចលង់​នេះ​ជា​ការ​រំលោភ​សិទ្ធិ​នៃ​ការ​រស់​នៅ​របស់​ប្រជាជន ដែល​មិន​ទាន់​ដោះស្រាយ។ អនុក្រឹត្យ ១៨៣ ចេញ​មែន តែ​វា​គ្មាន​ន័យ​សម្រាប់​ប្រជាជន ៦៥​គ្រួសារ តែ ៦៥​គ្រួសារ កំពុង​តែ​រង​គ្រោះ​ដោយ​មិន​បាន​ទទួល​ផលប្រយោជន៍​ពី​រដ្ឋាភិបាល​ក្នុង​អនុក្រឹត្យ ១៨៣​ទេ»។

ប្រជាពលរដ្ឋ​បាន​ថ្លែង​ថា ដី​ទំហំ​ជាង ១២​ហិកតារ​ដែល​រដ្ឋាភិបាល​កាត់​ឲ្យ​នោះ​ គឺ​សម្រាប់​ប្រជាពលរដ្ឋ​ជាង ៧០០​គ្រួសារ។ ចំនួន​ទាំង​នោះ​ បូក​រួម​ទាំង​ប្រជាពលរដ្ឋ​ភូមិ​១ ចំនួន ២៣​គ្រួសារ និង​ភូមិ​៦ ចំនួន ៤៧​គ្រួសារ​នោះ​ផង។ ប៉ុន្តែ​ក្រុមហ៊ុន និង​អាជ្ញាធរ​ក្រុង​បាន​បូម​ខ្សាច់​ដាក់​ដោយ​មិន​បាន​ដោះស្រាយ​ឲ្យ​បាន​ច្បាស់​លាស់​ឡើយ។

ក្រុម​អ្នក​ភូមិ​បាន​ថ្លែង​ថា អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​បាន​កាត់​ដី​ឲ្យ​នោះ គឺ​មាន​ភាព​មិន​ប្រក្រតី​ដោយ​សារ​តែ​អាជ្ញាធរ​មិន​បាន​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើសុំ​នោះ​ទាំង​អស់​គ្នា​ឡើយ ៖ «ព្រោះ​តែ​អនុក្រឹត្យ ១៨៣ អត់​មាន​ប្រសិទ្ធភាព​ជាមួយ​ប្រជាជន​ទេ ដោះស្រាយ​អត់​ទាន់ អត់​ទេ នៅ ៦៥​គ្រួសារ​ទៀត​ដែល​ត្រូវ​តែ​ដោះស្រាយ…»។

ក្រុម​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​១ និង​ភូមិ​៦ ក្នុង​តំបន់​បឹងកក់ កំពុង​តែ​ព្រួយបារម្ភ​ដោយ​សារ​តែ​ពួក​គាត់​ត្រូវ​អាជ្ញាធរ​កាត់​ចេញ​ពី​បញ្ជី​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង៕