បណ្ណសារ | ខែកញ្ញា 26, 2011

ស្នងការខេត្តក្រចេះ ដឹកនាំកម្លាំងចុះ សង្រ្គោះ ប្រជាពលរដ្ឋ​ ជួបគ្រោះទឹកជំនន់

Monday, 26 September 2011
ដោយ៖​ លឹម ជាវុត្ថា
DAP NEWS

ខេត្តក្រចេះ៖ លោកឧត្តមសេនីយ៏ត្រី ជួង ស៊ាងហាក់ ស្នងការនគរបាល ខេត្តក្រចេះ កាលពេលថ្មីៗនេះ រួមទាំងលោក ស្នងការការរង នាយនគរបាល ចំនួន២០រូប បានចុះទៅធ្វើការ ពិនិត្យមើលលើ ស្ថានភាពទឹកជំនន់ តាមដងទន្លេមេគង្គ ទូទាំងខេត្ត និង ជួយសង្រ្គោះ ទៅលើការ លិចលង់របស់ ប្រជាពលរដ្ឋ ជាពិសេសជម្លៀស សត្វពាហនៈ មកកាន់ទីទួល សុវត្ថិភាព ។

នៅក្នុងសកម្មភាព យ៉ាងសកម្ម ពេញមួយព្រឹក របស់កម្លាំងនគរបាល នៃស្នងការរដ្ឋាន នគរបាលខេត្ត លោកឧត្តសេនីយ៏ត្រី ស្នងការ នគរបាលខេត្ត បានជួយជម្លៀស សត្វពាហនៈ គោ ក្របី សេះ របស់ប្រជាពលរដ្ឋ មានចំនួនជាង ២០០០ ក្បាល នៅលើ កោះក្រៅ ស្ថិតក្នុង ឃុំឬស្សីកែវ ស្រុកព្រែក ប្រសព្វ ខេត្តក្រចេះ ដែលកំពុងតែ ទទួលរងនូវការ លិចលងយ៉ាងធ្ងន់ មកកាន់ទីទួល សុវត្ថិភាពវិញ។

ស្របពេលដែល ជំនន់ ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង មានសកម្មភាព ឡើងយ៉ាងគំហុក បង្កឲ្យមានការ លិចលង់ ទូទាំងខេត្ត ធ្វើអោយប្រជាពលរដ្ឋ ដែលកំពុងតែ ប្រឈមមុខ បានជម្លៀស មកកាន់ទីទួល សុវត្ថិភាពនោះ ។

ជាមួយគ្នានេះដែរ កម្លាំងនគរបាលនៃ ស្នងការរដ្ឋាន នគរបាលខេត្ត ដែលដឹកនាំ ដោយលោក ឧត្តមសេនីយ៏ ស្នងការខេត្ត បានបន្តការចុះល្បាត ជារៀងរាល់យប់ថ្ងៃ ដើម្បីពិនិត្យលើ ជីវភាពនៃការជម្លៀស បណ្តោះអាសន្ន ។

លោកស្នងការ បានចាត់វិធាន ការយ៉ាងម៉ុតមាំ ទៅលើមន្ត្រី នៅតាមបណ្តារ អធិការស្រុក និងប៉ុស្តន៏រដ្ឋបាល ក្នុងការចុះពិនិត្យមើល លើស្ថានការរស់នៅ របស់ប្រជាពលរដ្ឋ តាមបណ្តាលមូលដ្ឋាន ការពារទៅលើ សន្តិសុខ សុវត្ថភាព ក្នុងគ្រោះទឹកជំនន់ លើការកើតមាន នូវឧប្បតិហេតុផ្សេងៗ ជាយថាហេតុ មកលើពួកគាត់ ។

ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានសម្តែងនូវ ការថ្លែង អំណរអគុណ យ៉ាងកក់ក្តៅ ទៅលើសកម្មភាព របស់កម្លាំង នគរបាលនៃ ស្នងការរដ្ឋាន នគបាលខេត្ត ដែលតែងតែ ជួយរំលែក ទុកលំបាក របស់ពួកគាត់ ក្នុង គ្រាមានអាសន្ន។

ខណះស្ថានភាពទឹក ជំនន់ទន្លេមេគង្គ នៅតែបន្តការយាយី ដល់ប្រជាពលរដ្ឋ ក្នុងទីរួមខេត្តក្រចេះ កម្លាំងនគរបាល ដឹកនាំដោយលោក ស្នងការរង ហន ប៉ូច បានបន្តការចុះ យកបាវខ្សាច់មកដាក់ បាំងពីមុខផ្លូវទឹក ដែលកំពុងតែ ហូរជ្រាបមកក្នុង ទីប្រជុំ ជន ដែលនិងបង្ករដល់ ការលិចលង់របស់ ក្រុមអាជីវករ ដែលកំពុងតែជម្លៀស មកលក់ដូរនៅ តាមផ្លូវជួរមាត់ទន្លេ ក្នុងខេត្ត ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ប្រជាពលរដ្ឋ ៦៣០​ គ្រួសារ រងគ្រោះទឹកជំនន់ ទទួលបានអំណោយ

Sunday, 25 September 2011
ដោយ៖​ លឹម ជាវុត្ថា
DAP NEWS

សៀមរាប៖ ប្រជាពលរដ្ឋ ៦៣០គ្រួសារ ដែលរងគ្រោះ ដោយសារ ទឹកជំនន់ នៅឃុំ គោកត្នោត សង្កាត់ គោកចក ក្រុងសៀមរាប បានទទួល អំណោយពីលោក សូ ភិរិន្ទ អភិបាលខេត្ត នៅព្រឹកថ្ងៃទី ២៥កញ្ញា នេះបើយោងតាម ព័ត៌មានពីភ្នាក់ងារ ។

ការចែក អំណោយនេះ ធ្វើឡើងដោយ ផ្ទាល់ពីលោក អភិបាលខេត្ត ស៊ូ ភិរិន តែម្តង ៕

អំណោយទាំងនោះ រួមមាន ម៉ុង១, ទឹកស៊ីអ៊ីវ ១០ដប, ត្រខ ១០កំប៉ុង, មី១០កញ្ចប់, អំបិល១គីឡូក្រាម និង អង្ករ៥០គីឡូក្រាម ។

ចា​ទូ​ផន អះអាងថា ​វីរៈ និង រ៉ា​ទ្រី នឹង​ត្រូវបាន​ដោះលែង​

ថ្ងៃទី 26 កញ្ញា 2011
CEN

វីរៈ សំ​ក្វាម​ឃី​ត និង​នាង​រ៉ា​ទ្រី ភិ​ផាតា​ណា​ផៃ​ប៊ូ​ន​(​ស្តាំ​)​កំពុង​នៅ​ក្នុង​គុក​ព្រៃ​ស​

វីរៈ សំ ក្វាម ឃី ត និង នាង រ៉ា ទ្រី ភិ ផាតា ណា ផៃ ប៊ូ ន ( ស្តាំ ) កំពុង នៅ ក្នុង គុក ព្រៃ ស

សមាជិក​សភា​បក្ស​ភឿ​ថៃ​លោក​ចា​ទូ​ផន ប្រូ​មផានត្រូវ​បានកាសែត​បាងកក​ប៉ុស្ត៍​ស្រង់​សម្តីយ​កមកចុះផ្សាយ​កាលពី​ថ្ងៃច​ន្ទ​ដូចដែល​បាន​និយាយថា​អ្នកទោស​ថៃ​ពីរ​នាក់​ដែល​កំពុង​ជាប់គុក​កម្ពុជា គឺ​សកម្មជន​អាវ​លឿង វីរៈ សំ​ក្វាម​ឃី​ត និង​លេខា​របស់​គាត់ នាង​រ៉ា​ទ្រី ភិ​ផាតា​ត​ណា​ផៃ​ប៊ូ​ន​ទំនងជា​ត្រូវ​បាន​ព្រះរាជទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ​កម្ពុជា​និង​ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​ក្នុង​ពេល​ឆាប់ៗ​។​

​លោក​ចា​ទូ​ផន សមាជិក​ស្នូល​នៃ​ចលនា​អាវ​ក្រហម បាន​និយាយថា​ក្នុង​អំឡុង​ពេល​លោក​មក​ធ្វើ​ទស្សនកិច្ច​កម្ពុជា​ជាមួយ​សមាជិក​អាវ​ក្រហម​ដទៃទៀត​សំរាប់​ចូលរួម​ការប្រកួត​បាល់​ទាត់​មិត្តភាព​កាលពី​ចុង​សប្តាហ៍ លោក​បាន​ឮ​ថា​រដ្ឋាភិបាល​ថៃ​បាន​ស្នើ​អោយ​កម្ពុជា​លើកលែង​ទោស​វីរៈ​និង​រ៉ា​ទ្រី​។​លោក​បាន​និយាយថា​”​មិនដឹង​ជា​ត្រូវ​ទទួល​បាន​ព្រះរាជទាន​លើកលែង​ទោស​នៅពេលណា​ទេ តែ​ខ្ញុំ​ជឿ​ថា​ឆាប់ៗ​”​។​

​ចំណែក​កាសែត​ដឺ​ណេ​សិន​របស់​ថៃ​ចេញផ្សាយ​ថ្ងៃ​អាទិត្យ​បាន​និយាយថា​ប្រភព​ព័ត៌មាន​បាន​អះអាង​ថា​ក្រសួង​យុត្តិធម៌​ថៃ​កំពុង​ធ្វើការ​សំរាប់​ផ្ទេរ​អ្នកទោស​វីរៈ សំ​ក្វាម​ឃី​ត និង​នាង​រ៉ា​ទ្រី ភិ​ផាតា​ណា​ផៃ​ប៊ូ​ន​ពី​កម្ពុជា​ទៅ​ជាប់គុក​នៅ​ថៃ​វិញ​។​

​ជនជាតិ​ថៃ​ទាំង​ពីរ​កំពុង​បំពេញ​រយៈពេល​ជាប់​ទោស​របស់​ពួកគេ​នៅ​ពន្ធនាគារ​កម្ពុជា​បន្ទាប់​ពី​ត្រូវបាន​តុលាការ​កម្ពុជា​កាត់​អោយ​ជាប់​ទោស​ចំពោះ​ការចូល​មក​ក្នុង​កម្ពុជា​ដោយ​ខុសច្បាប់​និង​ធ្វើ​ចារកម្ម​នៅ​តំបន់​យោធា​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។​

​សកម្មជន​ជាតិនិយម​ទាំង​២​នាក់​នេះ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​អោយ​វីរៈ​ជាប់គុក​៨​ឆ្នាំ​និង​នាង​រ៉ា​ទ្រី​ដែលជា​លេខា​របស​គាត់​ជាប់គុក​៦​ឆ្នាំ​។​

​កាសែត​បាន​បន្តទៀតថា រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​លោក​យុទ្ធ​ស័ក្តិ សា​ស៊ី​ប្រា​ផា​ដែល​ទើប​មក​ទស្សនកិច្ច​កម្ពុ​ជា បាន​និយាយថា​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​របស់​កម្ពុជា​ក៏​បាន​យល់ព្រម​ពិចារណា​សំណើ​មួយ​សំរាប់​ការដោះដូរ​អ្នកទោស​ថៃ​និង​កម្ពុជា​។​

​ក្នុងអំឡុង​ជំនួប​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន អាជ្ញាធរ​ថៃ​បាន​លើក​បញ្ហា​ជួយ​អ្នកទោស​ថៃ​៣៧​នាក់​ទៀត​នៅ​កម្ពុជា​បន្ថែម​លើ​វីរៈ​និង​រ៉ា​ទ្រី​៕

ជនជាតិ​ថៃ​ពីរ​នាក់​នឹង​អាច​ដោះលែង​ឆាប់ៗ?​

ដោយ លាង ដឺលុច
ថ្ងៃ ចន្ទ 26 កញ្ញា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ (01:41)

កាសែត​ថៃ​នៅ​បន្ត​ផ្សព្វផ្សាយ​អំពី​លទ្ធភាព​នៃ​ការ​ដោះលែង​ឆាប់ៗ​នូវ​ ទណ្ឌិត​ថៃ​២​នាក់​ដែល​តុលាការ​កម្ពុជា​កាត់ទោស​ពី​បទ​ឆ្លងដែន​ខុស​ច្បាប់​ និង​បទ​ចារកម្ម។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​វិញ​មិន​បាន​និយាយ​ចំៗ ដូច្នេះ​ទេ ប៉ុន្តែ​អះអាង​ដូច​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ថ្លែង​ប្រាប់​សមភាគី​​ថៃ​ដែល​ថា កម្ពុជា​នឹង​ពិចារណា​រក​វិធី​ដោះលែង​ទណ្ឌិត​ថៃ​ទាំង​ពីរ​នោះ​តាម​ដំណាក់​ កាល។

អ្នកស្រីរ៉ាទ្រី អ្នកទោសថៃ​ដែល​កំពុងជាប់គុក​នៅ​កម្ពុជា (©វណ្ណារ៉ា)

អ្នកស្រីរ៉ាទ្រី អ្នកទោសថៃ ដែល កំពុងជាប់គុក នៅ កម្ពុជា (©វណ្ណារ៉ា)

កាសែតថៃជាច្រើន​នៅ​បន្ត​​និយាយ​ថា​ទណ្ឌិត​ថៃ​វេរ៉ា ស៊ុមខ្វាមឃីត និង​នាងរ៉ាទ្រី​នឹង​ត្រូវ​រួច​ផុត​ពី​ការ​ជាប់​ឃុំឃាំង​នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេលខាងមុខ។ ក្រៅពី​មន្ត្រី​រដ្ឋាភិបាល​ថៃ មេដឹកនាំ​ចលនា​អាវ​ក្រហម​ដែល​បាន​មក​ចូលរួម​ប្រកួត​បាល់ទាត់​ជាមួយ​អ្នកនយោបាយ​កម្ពុជា​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ ក៏​បាន​និយាយ​ប្រាប់​កាសែត​ថៃ​ដូចគ្នា​ថា វេរ៉ា ស៊ុមខ្វាមឃីត​និង​នាងរ៉ាទ្រី​នឹង​បាន​ចាកចេញ​ពី​គុក​ព្រៃស​ក្នុង​ពេល​ឆាប់ៗ​នេះ។

ការ​ស្វែងរក​ការ​ដោះលែង​វេរ៉ា ស៊ុមខ្វាមឃីត និង​នាងរ៉ាទ្រី អ្នក​ទាំងពីរ​ដែល​ជា​សកម្មជន​អាវ​លឿង​ គឺ​ជា​របៀបវាៈ​សំខាន់​មួយ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់។ លោកស្រី​យីងឡាក់​ដែល​អះអាង​ប្រាប់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ថា​ទណ្ឌិត​ថៃ​ទាំង​ពីរ​នាក់​បាន​ទទួលស្គាល់​កំហុស​របស់​ខ្លួន​ហើយ​នោះ បាន​ស្នើ​អោយ​លោក​នាយក​រដ្ឋន្ត្រី​ពិចារណា​រក​លទ្ធភាព​ដោះលែង​ទណ្ឌិត​ថៃ​ទាំង​ពីរ​ពី​មន្ទីរ​ឃុំឃាំង​នៅ​កម្ពុជា។ ក្រោយ​ការ​លើក​ឡើង​របស់​លោកស្រី​យីងឡាក់ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ឆ្លើយតប​ថា កម្ពុជា​នឹង​ពិចារណា​អំពី​ករណី​ទណ្ឌិត​ថៃ​នេះ​ទៅ​តាម​នីតិវិធី​ច្បាប់​របស់​កម្ពុជា​ទៅ​តាម​ដំណាក់កាល។ នីតិវិធី​ច្បាប់​មួយ​របស់​កម្ពុជា គឺ​ការ​តម្រូវ​អោយ​ទណ្ឌិត​អនុវត្ត​ទោស​របស់​ខ្លួន​អោយ​បាន​២ភាគ​៣​សិន មុន​នឹង​រដ្ឋាភិបាល តាម​រយៈ​ក្រសួង​យុត្តិធម៌​ស្នើ​សុំ​ព្រះរាជ​លើកលែង​ទោស​ពី​ព្រះ​មហាក្សត្រ។

ក្នុង​ន័យ​នេះ ប្រសិនជា​ត្រូវ​ជួយ​ទណ្ឌិត​ថៃ​ទាំង​ពីរ​នាក់​មែន​នោះ អាជ្ញាធរ​កម្ពុជា​អាច​ប្រើប្រាស់​ពិធី​បុណ្យ​ជាតិ​ធំៗ​ដើម្បី​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​អោយ​ដល់​កម្រិត​ដែល​អាច​ដោះលែង​ទណ្ឌិត​ទាំងពីរ​នាក់។ ឧទាហរណ៍ ក្នុងពិធីបុណ្យ​អ៊ុំទូក​នៅពេល​ខាង​មុខ​ជាដើម។ លើស​ពី​នេះ​ទៀត គួរ​បញ្ជាក់​ថា កម្ពុជា​និង​ថៃ​ក៏​មាន​កិច្ច​ព្រមព្រៀង​ដោះដូរ​អ្នកទោស​ជាមួយ​គ្នា​ផងដែរ៕

អាជ្ញាធរ កាត់ផ្តាច់ ផ្លូវក្រវ៉ាត់ក្រុង ដើម្បីជម្លៀសទឹក, ឈ្មួញឆ្លៀតឪកាស កាប់ឆៅលើថ្លៃចម្លង

Monday, 26 September 2011
ដោយ៖ លឹម ជាវុត្ថា -​ ប៊ន សំណាង
DAP NEWS

សៀមរាប៖ អាជ្ញាធរខេត្ត សៀមរាប បានសម្រេចកាត់ផ្តាច់ ផ្លូវក្រវ៉ាត់ក្រុង ដើម្បីជម្លៀសទឹកចេញពី តំបន់សំខាន់ក្នុងក្រុង ដែលកំពុងបង្កការលិចលង់ពេញទីក្រុង នេះបើយោងតាមសម្តីភ្នាក់ងារដើមអម្ពិលរាយការណ៌ប្រាប់ នៅល្ងាច ថ្ងៃទី ២៦ ខែកញ្ញា នេះ ។

តាមព័ត៌មានបន្តថា ការកាត់ផ្តាច់ផ្លូវក្រវ៉ាត់ដ៏សំខាន់ប្រវែង ១០ម៉ែត្រនេះ ធ្វើឡើងនៅភូមិ ក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលនៅតំបន់នោះមានប្រជាពលរដ្ឋ រាប់រយ រាប់ពាន់គ្រួសាររស់នៅ ។

ប្រជាពលរដ្ឋនៅរស់តំបន់នោះ សូមអំពាវនាវដល់អាជ្ញាធរ ថ្នាក់ដឹកនាំខេត្ត មេត្តាចាត់វិធានការ និងជួយដោះស្រាយ លើការចម្លងទឹកដល់ប្រជាពលរដ្ឋផង ព្រោះថាឆ្លៀតឪកាសនេះមានឈ្នួញមួយចំនួន បានកៀបសង្កត់ យកប្រាក់ថ្លៃចម្លងពី ៥០០០រៀល ដល់ ១២០០០រៀល ។

ប្រជាពលរដ្ឋ ក៏បានសំណូមពរដល់ លោកអភិបាលខេត្ត សូ ភិរិន្ទ មេត្តាជួយចុះពិនិត្យបញ្ហានេះផង កុំអោយឈ្មួញឆ្លៀតឪកាស កេងប្រវញ្ជ័លើជនក្រីក្រ និងជនរងគ្រោះទឹកជំនន់ផង ។

សូមជំរាប ស្ថានភាពទឹកជំនន់ នៅក្រុងសៀមរាប បន្តកើនឡើង នៅវេលាម៉ោង ៤ល្ងាច ភ្លៀងក៏បន្តធ្លាក់ម្តងទៀត ប៉ុន្តែត្រូវរាំងទៅវិញ នៅម៉ោង ៥៖៣០នាទី ថ្ងៃដដែលនេះ ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

—————

​ស្ថានភាព​ទឹកជំនន់​នៅ​ទី​រួម​ខេត្តសៀមរាប ស្រក​បន្តិចបន្តួច គិត​ដល់​ល្ងាច​ថ្ងៃទី​២៦​កញ្ញា​

ដោយ : បាយ័ន
ថ្ងៃទី 26 កញ្ញា 2011
CEN

ទឹក​លេច​ទី​រួម​ខេត្តសៀមរាប នៅតែ​បន្ត​កើតមាន រហូត​ដល់​ល្ងាច​ថ្ងៃទី​២៦​កញ្ញា ឆ្នាំ​២០១១៕

ទឹក លេច ទី រួម ខេត្តសៀមរាប នៅតែ បន្ត កើតមាន រហូត ដល់ ល្ងាច ថ្ងៃទី ២៦ កញ្ញា ឆ្នាំ ២០១១៕

ខេត្តសៀមរាប: រហូតមក​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​២៦​កញ្ញា ឆ្នាំ​២០១១ ទឹកភ្លៀង​ជន់​លិច​ទី​រួម​ខេត្តសៀមរាប បា​នស្រក​ចុះ​បន្តិច​ហើយ ប៉ុន្តែ​ទឹកជំនន់​នោះ នៅតែ​បន្ត​លិច​ផ្ទះ និង​ផ្លូវថ្នល់ ដោយ​កន្លែង​ខ្លះ មិនអាច​ធ្វើដំណើរ​បាន​ស្រួល​ឡើយ​។ ទឹកជំនន់​ទឹកភ្លៀង​នៅ​ទី​រួម​ខេត្ត​ទេសចរណ៍​សៀមរាប​អង្គរ បាន​កើតឡើង ចាប់តាំងពី​ថ្ងៃ​ទី​២៣​កញ្ញា ឆ្នាំ​២០១១​។​

​មកដល់​រសៀល​ថ្ងៃ​ទី​២៦​កញ្ញា​នេះ ទឹក​លិច​ធ្ងន់ធ្ងរ​ជាងគេ​នៅ​សៀមរាប មាន​នៅ​ម្តុំ​ផ្សារកណ្តាល ផ្សារ​ចាស់ និង​នៅ​វិទ្យាល័យ​អង្គរ ពិសេស​នៅ​ភូមិសាស្ត្រ​ឃុំ​គោកចក ជាប់មាត់​ស្ទឹង​សៀមរាប​។

​នៅ​រសៀល​ថ្ងៃ​ទី​២៦​កញ្ញា ឆ្នាំ​២០១១ បើទោះបីជា​មេឃ​បើក​ថ្ងៃ​បន្តិច នៅ​ខេត្ត​សៀមរាប ក៏ប៉ុន្តែ​ទឹកភ្លៀង ដែល​បាន​បង្ក​ជា​ទឹកជំនន់ នៅតែ​បន្ត​លិច​ភូមិដ្ឋាន ផ្សារ និង​លិច​ផ្លូវ​ដដែល​៕

Photo by CEN

ទឹក​លេច​ទី​រួម​ខេត្តសៀមរាប នៅតែ​បន្ត​កើតមាន រហូត​ដល់​ល្ងាច​ថ្ងៃទី​២៦​កញ្ញា ឆ្នាំ​២០១១៕​​

Photo by CEN

ទឹក​លេច​ទី​រួម​ខេត្តសៀមរាប នៅតែ​បន្ត​កើតមាន រហូត​ដល់​ល្ងាច​ថ្ងៃទី​២៦​កញ្ញា ឆ្នាំ​២០១១៕​​

Photo by CEN

ដំណោះស្រាយ និង​ការ​ជួយ​សង្គ្រោះ​ភ្លាមៗ របស់​កម្ពុជា​ក្នុង​ពេល​ទឹក​ជំនន់

ដោយ សុខ សេរី
2011-09-26
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

ស្ថានការណ៍​ទឹក​ជំនន់​នៅ​ពេល​ថ្មីៗ នេះ បាន​ធ្វើ​ឲ្យ​ដី​ស្រែ​ជាង ១ សែន ៦ ម៉ឺន​ហិកតារ​លិចលង់ និង​មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង ១ ម៉ឺន ៣ ពាន់ ៤០០ គ្រួសារ ត្រូវ​បាន​ជម្លៀស​ទៅ​ទី​ទួល​សុវត្ថិភាព នៅ​ក្នុង​ខេត្ត​ចំនួន ១៤។

២៦-កញ្ញា-២០១១៖ ផ្ទះ​មួយ​ចំនួន ដែល​នៅ​តាម​បណ្ដោយ​ទន្លេ​មេគង្គ កំពុង​ជន់​លិច​ដោយ​ទឹក​ជំនន់។ (RFA/Sok Serey)

២៦-កញ្ញា-២០១១៖ ផ្ទះ មួយ ចំនួន ដែល នៅ តាម បណ្ដោយ ទន្លេ មេគង្គ កំពុង ជន់ លិច ដោយ ទឹក ជំនន់។ (RFA/Sok Serey)

ខេត្ត​ទាំង​នោះ មាន​ដូច​ជា ខេត្ត​ព្រះវិហារ កំពង់ធំ បន្ទាយ​មានជ័យ សៀមរាប ប៉ៃលិន កំពង់ចាម ក្រចេះ ស្ទឹងត្រែង ព្រៃវែង កណ្ដាល កំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ​ជាដើម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ ២០១១ បាន​សម្រេច​ចាត់​វិធានការ​បន្ទាន់​ច្រើន​ចំណុច ដើម្បី​ដោះស្រាយ​គ្រោះ​ទឹក​ជំនន់​ឲ្យ​មាន​ប្រសិទ្ធភាព នៅ​តាម​ខេត្ត​នានា នៅ​គ្រា​ដែល​ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស ៦១ នាក់។ ប៉ុន្តែ មន្ត្រី​ជំនាញ​បាន​ប៉ាន់​ស្មាន​ថា ចំនួន​មនុស្ស​ស្លាប់​បន្ត​កើន​ឡើង​ច្រើន​ទៀត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​បន្ទាន់​មួយ នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ ២០១១ ដើម្បី​ដោះស្រាយ​វិបត្តិ​ទឹក​ជំនន់​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល មាន​ប្រសាសន៍​នៅ​ក្រោយ​ពី​កិច្ច​ប្រជុំ​នោះ​ថា វិធានការ​ដែល​បាន​សម្រេច​នោះ គឺ​ជា​ការ​ចាំបាច់​បំផុត។

លោក ខៀវ កាញារីទ្ធ៖ «វិធានការ​ចំពោះ​មុខ​សំខាន់ គឺ​ការ​ដោះស្រាយ​យ៉ាង​ណា ធានា​ថា មិន​មាន​អ្នក​ស្លាប់​ដោយសារ​អត់​បាយ។ ទី​២ គឺ​អភិបាល​ខេត្ត​ទាំង​អស់ គឺ​នៅ​កន្លែង គឺ​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស ឬ​ប្រជុំ​នៅ​ភ្នំពេញ​ទេ។ ទី​៣ គឺ​អាជ្ញាធរ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន សហការ​ជាមួយ​កាកបាទ​ក្រហម ដើម្បី​បន្ត​ផ្ដល់​ជំនួយ​ដល់​ប្រជាជន នៅ​ខេត្ត​ទាំង ១០ ដែល​រងគ្រោះ​ហ្នឹង គឺ​យើង​បាន​ជូន​លុយ ២០០ លាន​រៀល ដើម្បី​ចុះ​ទៅ​ត្រៀម។ ទន្ទឹម​ហ្នឹង​ដែរ ក៏​បាន​បញ្ជូន​អង្ករ​មួយ​ចំនួន​ទៅ​តាម​ខេត្ត។ ក្រោយ​ពេល​ទឹក​ស្រក សំខាន់​គឺ​ស្ដារ​ដំណាំ​ស្រូវ​ឡើង​វិញ ឬ​កន្លែង​ណា​ដាំ​ស្រូវ​មិន​បាន គឺ​យើង​ធ្វើ​ដំណាំ​ផ្សេង។ ទី​២ គឺ​ថែ​រក្សា​សុខភាព​ប្រជាជន​ក្រោយ​ពេល​ទឹក​ស្រក។ ទន្ទឹម​ហ្នឹង​ដែរ គឺ​ត្រៀម​ទុន ដើម្បី​ស្ដារ​ផ្លូវ​ដែល​ខូចខាត​ទាំង​ប៉ុន្មាន»។

អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី ថ្លែង​ថា លោក​មាន​ការ​ព្រួយបារម្ភ​អំពី​ស្ថានការណ៍​ទឹក​ជំនន់​នៅ​ឆ្នាំ ២០១១ នេះ៖ «ទន្លេ​មេគង្គ​យើង​នេះ គឺ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម គឺ​ថា​បាន​ស្រក​ចុះ​បន្តិច។ គ្រាន់​តែ​ថា វា​ស្រក​ចុះ​ក្នុង​កម្រិត​ប្រហែល ១ តឹក។ វា​ស្រក​ចុះ​តិចតួច ដោយសារ​នៅ​ក្នុង​ទន្លេ​មេគង្គ​ក្រោម ហើយ​និង​ផ្នែក​ខាង​ប្រទេស​វៀតណាម មាន​ទឹក​ឡើង​ពេញ​ព្រៀប​ដែរ។ ដូច្នេះ លំហូរ​ទឹក​ចុះ​វា​ស្រក​ដែរ ប៉ុន្តែ វា​ហាក់​ដូច​ជា​យឺត​ណាស់។ ក្នុង​មួយ​ថ្ងៃ បាន​ជា​កន្លះ​តឹក ឬ​មួយ​តឹក​ប៉ុណ្ណឹង»។

លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ទឹក​ជំនន់​មិន​មែន ៦១ នាក់​ទេ គឺ​ច្រើន​ជាង​នេះ​ទៀត។ ប៉ុន្តែ នាយកដ្ឋាន​របស់​លោក កំពុង​តែ​ប្រមូល​ព័ត៌មាន​ពី​អាជ្ញាធរ​ខេត្ត​នៅ​ឡើយ។

ប្រជាពលរដ្ឋ ឈ្មោះ សេន ឫទ្ធី នៅ​ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ថ្លែង​ថា ដី​ស្រែ​ចំនួន ២ ហិកតារ​កន្លះ​របស់​គាត់ បាន​លិច​ទឹក​អស់​ហើយ។ លោក​នឹង​ធ្វើ​ស្រូវ​ប្រដេញ​ទឹក នៅ​ពេល​ទឹក​ស្រក។

លោក សេន ឫទ្ធី៖ «នៅ​តំបន់​ហ្នឹង នៅ​ខែ​ហ្នឹង វា​ឡើង​លិច​គ្រប់​កន្លែង​ទាំង​អស់។ ខែ​នេះ គឺ​ខែ​រដូវ​ទឹក​ឡើង។ ដី​នៅ​ម្ដុំ​ហ្នឹង​ឯង ទាល់​តែ​ដល់​ខែ ១ បាន​ចុះ​ធ្វើ យើង​ធ្វើ​ស្រូវ​ប្រដេញ​ទឹក។ បើ​សិន​ជា​វា​រហ័ស​ស្រក​ទៅ យើង​រហ័ស​បាន​ធ្វើ​ដែរ»។

លោក កែវ វី មាន​ប្រសាសន៍​ទៀត​ថា ក្រសួង​សុខាភិបាល​ត្រៀម​ឱសថ​​រួចរាល់​ហើយ សម្រាប់​ព្យាបាល​ប្រជា​ពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ពស់​ចឹក ជំងឺ​អាសន្នរោគ និង​ជំងឺ​រាក​ជាដើម។ លើស​ពី​នេះ​ទៀត ក្រសួង​សុខាភិបាល ក៏​បាន​ត្រៀម​ភ្នាក់ងារ​សុខាភិបាល ដើម្បី​ព្យាបាល​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដែរ៕

រដ្ឋាភិបាល​ ដាក់​ចេញ​នូវ​វិធានការ​២​ចំណុច​ ដើម្បី​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់​

ដោយ លី ម៉េងហួរ
ថ្ងៃ ចន្ទ 26 កញ្ញា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ លី ម៉េងហូរ ពីភ្នំពេញ (02:46)

នៅ​​ព្រឹក​​ថ្ងៃ​​ចន្ទ​​នេះ​ រដ្ឋាភិបាល​ បាន​​បើក​​កិច្ចប្រជុំ​​ពិសេស ​ដោយ​​សម្រេច​​ដាក់​​ចេញ​​នូវ​​វិធានការ​​២​​ចំណុច ​ដើម្បី​​ទប់ទល់​​គ្រោះ​ទឹកជំនន់​។​ ទី​១-​​វិធាន​ការ​​ចំពោះ​​មុខ​ និង​​ទី​២​-​វិធានការ​​ក្រោយ​​ទឹក​ស្រក​។​ នោះ​​គឺ​រដ្ឋាភិបាល​​បាន​សម្រេច​​ចំណាយ​លុយ​​ប្រមាណ​ ២០០​ លាន​​រៀល​ ប្រហែល​ជា ​៥​​ម៉ឺន​​ដុល្លារ​ សម្រាប់​​អាជ្ញាធរ​​ខេត្ត​​នីមួយៗ​ ប្រើប្រាស់​​សម្រាប់​​ទប់ទល់​​នឹង​​គ្រោះ​ទឹក​ជំនន់​។​ ចំណែក​​អង្ករ​​ប្រមាណ​ ១៧០០​ តោន​ ក៏​​ត្រូវ​បាន​​បញ្ជូន​​ទៅ​កាន់​​ខេត្ត​ ដែល​​លិច​លង់ ​ដោយ​​លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន​សែន​ បាន​​ដាក់​​បទ​បញ្ជា​​ថា ​មិន​​ឲ្យ​​ប្រជាជន​​ខ្មែ​​រណា​​ម្នាក់​ ស្លាប់​​ដោយ​​​អត់បាយ ​ពេល​​ទឹក​ជំនន់​នៅ​​គ្រា​​នេះ​​ឡើយ​។

ក្មេងប្រុស​ហែល​ទឹក​ក្នុង​ផ្ទះ​ដែល​ជន់​លិចដោយ​ទឹកភ្លៀង ​នៅក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ទី ២៦ កញ្ញា ២០១១ (©Reuters)

ក្មេងប្រុស ហែល ទឹក ក្នុង ផ្ទះ ដែល ជន់ លិចដោយ ទឹកភ្លៀង នៅក្នុង ទីក្រុង ភ្នំពេញ នៅ ថ្ងៃ ចន្ទ ទី ២៦ កញ្ញា ២០១១ (©Reuters)

កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ពិសេស រយៈពេល​ប្រហែល ៤ ម៉ោង នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ រដ្ឋាភិបាល​បាន​សម្រេច​ដាក់ចេញ​នូវ​វិធានការ​ទប់ទល់​នឹង​គ្រោះទឹកជំនន់ ចំនួន ២ ចំណុច គឺ​ទី​១ វិធានការ​​ចំពោះ​មុខ និង​ទី​២ វិធានការ​ក្រោយពេល​ទឹក​ស្រក​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​។​

​លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍ថា វិធានការ​ចំពោះ​មុខ សំខាន់​គឺ​ការដោះស្រាយ ធ្វើ​យ៉ាងណា ដើម្បី​ធានា​កុំឲ្យ​មាន​អ្នកស្លាប់ ដោយ​អត់បាយ​។ ក្នុងនោះ អភិបាល​ខេត្ត​ទាំងអស់ ត្រូវ​​នៅនឹងកន្លែង មិន​ត្រូវ​ចេញ​ទៅ​ក្រៅប្រទេស ឬ​ក៏​មក​ប្រជុំ​នៅ​ភ្នំពេញ​ទេ​។ អាជ្ញាធរខេត្ត​ក៏​ត្រូវ​សហការ​ជាមួយ​កាកបាទ​ក្រហម ដើម្បី​បន្ត​ផ្តល់​ជំនួយ​ដល់​ប្រជាជន​រងគ្រោះ​ផងដែរ​។​

​លោក​ខៀវ​កាញារីទ្ធ បាន​បន្ថែមថា រដ្ឋាភិបាល​បាន​សម្រេច​បញ្ជូន​ទៅកាន់​ខេត្ត ដែល​រងគ្រោះ ដោយ​ទឹកជំនន់​នូវ​កញ្ចប់​ថវិកា​ចំនួន ២០០ លាន​រៀល ដើម្បី​ចុះ​ទៅ​ជួយសង្គ្រោះ​ភ្លាមៗ​នៅ​តាម​​ខេត្ត​នីមួយៗ រួម​ទាំង​អង្ករ​មួយចំនួនទៀត​។​

​ចំណែក​វិធានការ​ក្រោយពេល​ទឹក​ស្រ​ក ត្រូវបាន​លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា សំខាន់​គឺ​ស្តារ​​ដំណាំ​ស្រូវ​ឡើងវិញ ឬ​កន្លែង​ណា ដាំ​ស្រូវ​មិនបាន គឺ​យើង​ធ្វើ​ដំណាំ​ផ្សេង និង​ទី​២ ត្រូវ​ពិនិត្យ​លើ​សុខភាព​ប្រជាជន នៅពេល​ទឹក​ស្រ​ក ព្រមទាំង​ត្រៀមខ្លួន ដើម្បី​ស្តារ​ផ្លូវ ដែល​ខូច​ខាត​។

​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏បាន​លើកយក​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ មក​បង្ហាញ​ថា មកដល់​ថ្ងៃ​២៦​កញ្ញា​នេះ ទឹកជំនន់​បាន​លិចលង់​ខេត្ត​ចំនួន ១៤ ក្នុងស្រុក​ចំនួន ៨៧ និង​មាន​ប្រជាជន ៩០.៣០៣ គ្រួសារ ត្រូវ​រងគ្រោះ​។ ក្នុងនោះ មាន​អ្នកស្លាប់​ដោយ​ទឹកជំនន់​សរុប​ចំនួន ៦១ នាក់ ដែល​មាន​កុមារ ៣៤ នាក់​។

ចំណែក​ប្រជាជន ១៣.៤០២ គ្រួសារ ត្រូវបាន​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​។ ផ្ទះ​ប្រជាជន​ចំនួន ៨៣.០០៧ ខ្នង ត្រូវបាន​លិចលង់ ហើយ​ផ្ទះ​ចំនួន ២៣៨ ខ្នង ត្រូវបាន​បំផ្លាញ​ដោយ​ទឹកជំនន់​។​

​អំពី​ស្ថានភាព​ទឹកជំនន់ ត្រូវបាន​លោក ម៉ៅ ហាក់ អគ្គនាយករង ទទួលបន្ទុក​កិច្ចការ​បច្ចេកទេស និង​ជា​ប្រធាន​នាយកដ្ឋាន​ជល​សាស្ត្រ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា ទឹក​ទន្លេមេគង្គ​នៅ​ផ្នែក​ខាងលើ ដូចជា នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កំពង់ចាម បានចាប់ផ្តើម​ស្រក​ចុះ​ហើយ គិត​មកដល់​ថ្ងៃ​ទី​២៦​កញ្ញា​នេះ​។

រីឯ​នៅ​ទន្លេមេគង្គ ផ្នែក​ខាងក្រោម ដូចជា នៅ​ភ្នំពេញ និង​នៅ​ទន្លេ​សាក់ ទន្លេសាប ទឹក​នៅ​ឡើង​​បន្តិចបន្តួច រហូត​ដល់​ទី​២៨​កញ្ញា ទើប​ស្រក​ចុះ​។ ដោយឡែក​ទឹកជំនន់​ទឹកភ្លៀង នៅ​តាម​ស្ទឹង ដែល​លិចលង់​ខេត្តសៀមរាប និង​ខេត្ត​កំពង់ធំ បាន​ស្រក់​ចុះបណ្តើរៗ​ហើយ​។

​តាម​មន្ត្រី​ជំនាញ​ឧតុនិយម ពេលនេះ មាន​ព្យុះ ២​ទៀត កំពុង​កើតមាន​នៅ​មហាសមុទ្រ ប៉ាស៊ីហ្វិក​ ក៏ប៉ុន្តែ​ព្យុះ​នោះ នឹង​ជះ​ឥទ្ធិពល​ខ្សោយ​លើ​ប្រទេស​កម្ពុជា​៕

រដ្ឋាភិបាល​កម្ពុជា ដាក់ចេញ​នូវ​វិធានការ​២ ចំពោះ​គ្រោះទឹកជំនន់​ពេលនេះ​

ដោយ : CEN
ថ្ងៃទី 26 កញ្ញា 2011

ទឹកជំនន់លិចចំការចេក និងដំណាំ ព្រមទាំងផ្ទះរបស់ប្រជាពលរដ្ឋ នៅខេត្តកណ្តាល៕

ទឹកជំនន់លិចចំការចេក និងដំណាំ ព្រមទាំងផ្ទះរបស់ប្រជាពលរដ្ឋ នៅខេត្តកណ្តាល៕

ភ្នំពេញ:​កិច្ចប្រជុំ​ពិសេស​របស់​គណៈរដ្ឋមន្ត្រី​ដឹកនាំ​ដោយ​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន នា​ព្រឹក​ថ្ងៃទី​២៦​កញ្ញា ឆ្នាំ​២០១១ បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​២ គឺ​វិធានការ​ចំពោះមុខ និង​វិធានការ​ក្រោយ​ទឹក​ស្រ​ក​។ កិច្ចប្រជុំ​ពិសេស​នៅ​ព្រឹក​មិញ សម្តេច​ហ៊ុន​សែន ក៏​បាន​អំពាវនាវ​ឲ្យ​ក្រសួង​ស្ថាប័ន កាត់បន្ថយ​ចំណាយ​មិនចាំបាច់ និង​ប្រឹងប្រែង​ប្រមូល​ចំណូល​ចូល​រដ្ឋ​។ ក្នុងនោះ មន្ត្រី​រដ្ឋាភិបាល ក៏​ត្រូវ​ធ្វើជា​គំរូ ក្នុង​ការបង់ពន្ធ​ផ្ទះ​ផងដែរ​។​

​បន្ទាប់ពី​កិច្ចប្រជុំ​អស់​ពេល​ប្រហែល ៤ ម៉ោង នៅ​វិមាន​សន្តិភាព កិច្ចប្រជុំ​ពិសេស​គណៈរដ្ឋមន្ត្រី​ពេញអង្គ បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​ទប់ទល់​នឹង​គ្រោះទឹកជំនន់ នូវ​វិធានការ ២ ចំណុច គឺ​ទី​១ វិធានការ​ចំពោះ​មុខ និង​ទី​២ វិធានការ​ក្រោយពេល​ទឹក​ស្រក​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​។​

​លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍ថា វិធានការ​ចំពោះ​មុខ សំខាន់​គឺ​ការដោះស្រាយ ធ្វើយ៉ាងណា ដើម្បី​ធានា​កុំឲ្យ​មាន​អ្នកស្លាប់ ដោយ​អត់បាយ​។ ទី​២-​គឺ​អភិបាលខេត្ត​ទាំងអស់ ត្រូវ​នៅនឹងកន្លែង មិន​ត្រូវ​ចេញ​ទៅ​ក្រៅប្រទេស ឬ​ក៏​មក​ប្រជុំ​នៅ​ភ្នំពេញ​ទេ​។ ទី​៣-​ឲ្យ​អាជ្ញាធរ​ខេត្ត​ថ្នាក់មូលដ្ឋាន ត្រូវ​សហការ​ជាមួយ​កាកបាទ​ក្រហម ដើម្បី​បន្ត​ផ្តល់​ជំនួយ​ដល់​ប្រជាជន​រងគ្រោះ​។​

​លោក​ខៀវ​កាញារីទ្ធ បាន​បន្ថែមថា រដ្ឋាភិបាល​បាន​សម្រេច​បញ្ជូន​ទៅកាន់​ខេត្ត​ទាំងអស់ ដែល​រងគ្រោះ ដោយ​ទឹកជំនន់ នូវ​កញ្ចប់​ថវិកា​ចំនួន ២០០ លាន​រៀល ក្នុងខេត្តនិមួយៗ ដើម្បី​ចុះ​ទៅ​ជួយសង្គ្រោះ​ភ្លាមៗ​នៅតាម​តំបន់​និមួយៗ រួម​ទាំង​អង្ករ​មួយចំនួនទៀត​។​

​ចំណែក​វិធានការ​ក្រោយពេល​ទឹក​ស្រ​ក ត្រូវបាន​លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា សំខាន់​គឺ​ស្តារ​ដំណាំ​ស្រូវ​ឡើងវិញ ឬ​កន្លែង​ណា ដាំ​ស្រូវ​មិនបាន គឺ​យើង​ធ្វើ​ដំណាំ​ផ្សេង និង​ទី​២ ត្រូវ​ពិនិត្យ​លើ​សុខភាព​ប្រជាជន នៅពេល​ទឹក​ស្រ​ក និង​ត្រៀម​ខ្លួន ដើម្បី​ស្តារ​ផ្លូវ ដែល​ខូចខាត​។​

​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏បាន​លើកយក​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ មក​បង្ហាញ​ក្នុង​បណ្ថាញ​ទំនាក់ទំនង​សង្គម Facebook ដោយ​លើកឡើង​ថា មកដល់ពេលនេះ ទឹកជំនន់​បាន​លិចលង់​ខេត្ត​ចំនួន ១៤ ក្នុងស្រុក​ចំនួន ៨៧ និង​មាន​ប្រជាជន ៩០.៣០៣ គ្រួសារ ត្រូវ​រងគ្រោះ​។ ក្នុងនោះ មាន​អ្នកស្លាប់​ដោយ​ទឹកជំនន់​សរុប​ចំនួន ៦១ នាក់ ដែល​មាន​កុមារ ៣៤ នាក់​។ ចំណែក​ប្រជាជន ១៣.៤០២ គ្រួសារ ត្រូវបាន​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​។ ផ្ទះ​ប្រជាជន​ចំនួន ៨៣.០០៧ ខ្នង ត្រូវបាន​លិចលង់ ហើយ​ផ្ទះ​ចំនួន ២៣៨ ផ្ទះ ត្រូវបាន​បំផ្លាញ​។​

​នៅក្នុង​កិច្ចប្រជុំ​ពិសេស​គណៈរដ្ឋមន្ត្រី​ពេញអង្គ លើ​ការ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ កាលពី​ព្រឹក​ថ្ងៃទី​២៦​កញ្ញា ឆ្នាំ​២០១១ ត្រូវបាន​លោក ឱម ច័ន្ទ​តារា ប្រធាន​នាយកដ្ឋាន​សារគមនាគមន៍ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ជា​លេខា​កត់ត្រា សម្រាប់​កិច្ចប្រជុំ​ពិសេស បាន​ថ្លែង​ប្រាប់​អ្នកយក​ព័ត៌មាន CEN ថា ស្ថាភាព​ទឹកជំនន់ ត្រូវបាន​រាយការណ៍​ជូន​អង្គប្រជុំ​ដោយ​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។ ក្នុងនោះ ក៏​មាន​របាយការណ៍រ​បស់​អភិបាលខេត្ត​ទាំង ១០ ដែល​មាន​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​។​

​មន្ត្រី​ដដែល បាន​បន្ថែមថា ក្រោយពី​ស្តាប់​របាយការណ៍​រួច សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខេត្ត​និ​មួយៗ យកចិត្តទុកដាក់​លើ​សុខភាព​របស់​ប្រជាពលរដ្ឋ ហើយ​ធ្វើ​យ៉ាងណា កុំឲ្យ​ប្រជាពលរដ្ឋ ស្លាប់​ដោយ​អត់បាយ​។ អាជ្ញាធរ​ខេត្ត​ស្រុក​ភូមិ​និមួយៗ ក៏​ត្រូវ​សហការ​ជាមួយ​កាកបាទ​ក្រហម ដើម្បី​យកចិត្តទុកដាក់ ជួយសង្គ្រោះ​ដល់​ពលរដ្ឋ ដែល​លិចលង់​ដោយសារ​ទឹកជំនន់​ផងដែរ​។​

​លោក ឱម ច័ន្ទ​តារា បាន​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បញ្ជូន​អង្ករ​ចំនួន ១៧០០ តោន ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត​និមួយៗ ចាត់ចែង ផ្តល់ឲ្យ​ប្រជាពលរដ្ឋ រងគ្រោះ ដោយ​ទឹកជំនន់​។ សម្តេច​ហ៊ុន​សែន ក៏​បាន​បញ្ជា​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផ្តល់​លុយ​ចំនួន ២០០ លាន​រៀល ទៅកាន់​ខេត្ត​និមួយៗ ដើម្បី​ចាត់ចែង ដោះស្រាយ​បញ្ហា​ចំពោះមុខ​។ ក្នុងនោះ លោក គាត ឈ​ន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​ត្រូវ​ដឹកនាំ​កិច្ចប្រជុំ​ពិសេស​មួយ ជាមួយ​អាជ្ញាធរ​ខេត្ត​រងគ្រោះ​ដោយ​ទឹកជំនន់ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គោះ​មហន្តរាយ ក្រសួង​អភិវឌ្ឍន៍ជនបទ ដើម្បី​ពិនិត្យ​លើ​ការខូចខាត​ផ្លូវ​ស្ពាន ហើយ​ត្រូវ​សងស្ពាន​បា​ឡេ ដោយ​យក​ពី​ក្រុម​វិស្វកម្ម របស់​ក្រសួង​ការពារជាតិ ដើម្បី​ភ្ជាប់​ចរាចរណ៍​ឡើងវិញ​។​

​មន្ត្រីជាន់ខ្ពស់​ដដែល ក៏​បាន​បន្ថែមថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏បាន​លើកឡើង​ថា នៅ​តាម​សាលារៀន ដែល​លិចលង់​ដោយ​គ្រោះទឹកជំនន់ ហើយ​នៅពេល​បើក​បវេសនកាល នា​ថ្ងៃ​ទី​១​តុលា​ខាង​មុខ មិន​អាច​ធ្វើបាន​ទេ គឺ​អាជ្ញាធរ ត្រូវ​រក​ទីទួល​សុវត្ថិភាព​ណាមួយ ដើម្បី​ប្រារព្ធ​ពិធី និង​រៀន​ជា​បណ្តោះអាសន្ន​។​

​ក្នុង​កិច្ចប្រជុំ​ពិសេស​គណៈរដ្ឋមន្ត្រី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​អំពាវនាវ​ដល់​ស្ថាប័ន និង​ក្រសួង​នានា ត្រូវ​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់ ហើយ​ស្ថាប័ន ដែល​ត្រូវ​ប្រមូល​ពន្ធ ត្រូវ​ខិតខំ​រក​ចំណូល​ឲ្យបាន​ច្រើន ចូល​ថវិការដ្ឋ ព្រោះថា ពេល​នេះ​រដ្ឋាភិបាល ត្រូវ​ប្រឈម​នឹង​ការចំណាយ​លើ​គ្រោះទឹកជំនន់​។ ជាមួយគ្នា​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល ត្រូវធ្វើ​ជា​គំរូ ក្នុង​ការបង់ពន្ធ​ផ្ទះ​។ សម្តេច​បាន​ឈាន​មុខ​គេ ដោយ​ផ្ទះ​របស់​សម្តេច បាន​បង់ពន្ធ​រួចរាល់​ហើយ​៕​

ទឹក​ជំនន់​លិច​ប្រាសាទ​បន្ទាយក្ដី និង​ប្រាសាទ​តា​ព្រហ្ម (រូបភាព)

2011-09-26
​វិទ្យុ​អាស៊ីសេរី

រូបភាព​ថត​ដោយ​លោក ហង្ស សាវយុត អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី២៥ កញ្ញា ២០១១។

១-ទឹកជំនន់​នៅ​តែ​ហូរ​កាត់​ក្លោង​ទ្វារ​ចូល​របស់​ប្រាសាទ​បន្ទាយក្ដី​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កញ្ញា បណ្ដាល​ឱ្យ​អ្នក​ទេសចរណ៍​បរទេស​ចម្រុះ​ជាតិ​សាសន៍​ជា​ច្រើន ដែល​ចង់​ចូល​ទៅ​ទស្សនា​ប្រាសាទ​ខាង​ក្នុង ត្រូវ​បង្ខំ​ចិត្ត​មូរ​ជើង​ខោ និង​ខ្លះ​ដោះ​ស្បែក​ជើង​យួរ​ដើរ​លុយ​ទឹក។

១-ទឹកជំនន់ នៅ តែ ហូរ កាត់ ក្លោង ទ្វារ ចូល របស់ ប្រាសាទ បន្ទាយក្ដី កាល ពី ព្រឹក ថ្ងៃ អាទិត្យ ទី ២៥ ខែ កញ្ញា បណ្ដាល ឱ្យ អ្នក ទេសចរណ៍ បរទេស ចម្រុះ ជាតិ សាសន៍ ជា ច្រើន ដែល ចង់ ចូល ទៅ ទស្សនា ប្រាសាទ ខាង ក្នុង ត្រូវ បង្ខំ ចិត្ត មូរ ជើង ខោ និង ខ្លះ ដោះ ស្បែក ជើង យួរ ដើរ លុយ ទឹក។

Photo by RFA

២-អ្នក​ទេសចរណ៍​បរទេស​ស្រី​ខំ​ប្រវា​តោង​ផ្ទាំង​ថ្ម​ប្រាសាទ​បន្ទាយក្ដី នៅ​ពេល​ដែល​ដើរ​លុយ​ទឹក​ចូល​ទៅ​មើល​ប្រាសាទ ហើយ​ប៉ះ​ទឹក​ហូរ​ខ្លាំង និង​ខ្លាច​រអិល​ដួល។

Photo by RFA

៣-នៅ​ខាង​ក្នុង​ប្រាសាទ​តា​ព្រហ្ម ជាប់​ក្លោង​ទ្វារ​ចូល​ខាង​កើត បាន​ក្លាយ​ទៅ​ជា​កន្លែង​បង់​ត្រី​របស់​អ្នក​ភូមិ ដោយសារ​តែ​ទឹក​ជំនន់​ហូរ​កាត់​នោះ។

Photo by RFA

៤-ភ្ញៀវ​ទេសចរណ៍​ជន​ជាតិ​ចិន​ម្នាក់​បាន​រអិល​ដួល​​នៅ​ក្នុង​ទឹក ដែល​ហូរ​កាត់​ក្លោង​ទ្វារ​ប្រាសាទ​តា​ព្រហ្ម កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ បណ្តាល​ឱ្យ​ភ្ញៀវ​ទេសចរណ៍​បន្ត​បន្ទាប់​ជួយ​កាន់​ដៃ​គ្នា​ដើម្បី​ឆ្លង​ទឹក​ហូរ។

Photo by RFA

៥-កំពែង​ប្រាសាទ​តា​ព្រហ្ម​ប៉ែក​ខាង​កើត នៅ​មាន​ទឹក​ជំនន់​ហូរ​កាត់​នៅ​ឡើយ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កញ្ញា៕

————————————–

ពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង​ព្រួយ​បារម្ភ ពេល​ទឹក​ជន់​លិច​ភូមិចំនួន ២

ដោយ មណ្ឌល កែវ
2011-09-26
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

ប្រជា​ពលរដ្ឋ​ជា​ច្រើន​នៅ​ភូមិ​សំរោង និង​ភូមិ​កំពង់​បាចិន ស្ថិត​ក្នុង​ឃុំ​ពោធិ៍ ស្រុក​កំពង់​លែង​បាន​ឲ្យ​ដឹង​ថា ទឹក​ជំនន់​បាន​លិច​ផ្ទះ​ពួក​គាត់​ខ្លះ​ពាក់​កណ្ដាល​ផ្ទះ​ហើយ​មក​ដល់​ថ្ងៃ​នេះ។

២៥-កញ្ញា-២០១១៖ សាលា​រៀន និង​វត្ត​​មួយ ​នៅ​​ត្រើយ​ខាង​កើត​ដង​ទន្លេ​សាប ត្រូវ​ទឹក​ជន់​លិច។ (RFA/Leng Maly)

២៥-កញ្ញា-២០១១៖ សាលា រៀន និង វត្ត មួយ នៅ ត្រើយ ខាង កើត ដង ទន្លេ សាប ត្រូវ ទឹក ជន់ លិច។ (RFA/Leng Maly)

លោក ជា សារិទ្ធ ជា​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​សំរោង។ លោក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ២៦ កញ្ញា​ថា ទឹក​បាន​លិច​ផ្ទះ​គាត់​ផុត​រនាប​ក្ដារ​ជិត​កន្លះ​ម៉ែត្រ។ គាត់​ថា គាត់​បាន​ធ្វើ​ធ្វើ​ខ្ពស់​ឡើង​ប្រមាណ ៧០ សង់ទីម៉ែត្រ​តែ​សន្ទុះ​ទឹក​នៅ​តែ​ឡើង​ឥត​ឈប់។

គាត់​បារម្ភ​ថា បើ​ទឹក​នៅ​តែ​ឡើង​បន្ត​ទៀត​នោះ មុខ​ជា​លិច​ដល់​ធ្នើរ។ គាត់​មិន​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាងម៉េច​ទៀត​នោះ​ទេ៖ «បាទ​លិច​ចូល​មក​ដល់​ផ្ទះ​ហើយ​បង! លិច​រនាប​ផ្ទះ​បាត់​ទៅ​ហើយ​បង»។

លោក សុខ មិត្ត ជា​មេ​ភូមិ​សំរោង។ លោក​បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៥ កញ្ញា មាន​ផ្ទះ​អ្នក​ភូមិ​ចំនួន ៣២ ខ្នង បាន​លិច​ទាំង​ស្រុង ដែល​ត្រូវ​ជម្លៀស​ទៅ​នៅ​បណ្ដោះអាសន្ន​នៅ​សាលា​បុណ្យ ដែល​ជា​ទី​ទួល​សុវត្ថិភាព។

ប្រមាណ ៥០ គ្រួសារ​ទៀត បាន​ធ្វើ​ធ្នើរ​នៅ​បណ្ដោះអាសន្ន​នៅ​តាម​ផ្ទះ​រៀងៗ ខ្លួន។ លោក​ថា លោក​បាន​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ថ្នាក់​ឃុំ និង​ស្រុក​រួច​ហើយ៖ «ទឹក​កំពុង​បន្ត​ឡើង​ថែម​ទៀត។យប់មិញ​ឡើង​ថែម​ប្រហែល ៥ ហ៊ុន ហើយ​ឥឡូវ​កំពុង​បន្ត​ឡើង​ថែម​ទៀត។តាម​មើល​ល្បឿន​ទឹក​នេះ គឺ​អាច​លិច​ផ្ទះ​បន្ថែម​ជា​បន្ត​ទៀត»។

ដោយឡែក​ភូមិ​កំពង់​បាចិន ស្ថិត​ក្នុង​ឃុំ​ពោធិ៍​នេះ​ដែរ ក៏​មាន​ផ្ទះ​ចំនួន ១១ ក៏​កំពុង​រង​ការ​លិច​ធ្ងន់ធ្ងរ​ដែរ។

មេ​ឃុំ​ពោធិ៍ គឺ​លោក កៅ វ៉ាត់។ លោក​បាន​ឲ្យ​ដឹង​ថា សរុប​ចំនួន​ផ្ទះ​ប្រជា​ពលរដ្ឋ ដែល​ត្រូវ​លិច​ទឹក​ទាំង​ស្រុង និង​ខ្លះ​លិច ដែល​អាច​ធ្វើ​ធ្នើរ​នៅ​បណ្ដោះអាសន្ន​បាន​នោះ មាន​ចំនួន​ជាង​មួយ​រយ​គ្រួសារ។

លោក​បន្ត​ថា ក្រុមប្រឹក្សា​ឃុំ​បាន​បញ្ជូន​របាយការណ៍​ពី​ស្ថានភាព​ទឹក​ជំនន់​ក្នុង​ទូទាំង​ឃុំ​ទៅ​ដល់​ថ្នាក់​ស្រុក​រួច​ហើយ៖ «ទឹក​កំពុង​ឡើង! អ្នក​ធ្វើ​ធ្នើរ​នៅ​បណ្ដោះអាសន្ន ក៏​ចេះ​តែ​ធ្វើ​ទៅ​តែ​ទឹក​ចេះ​តែ​ឡើង​ថែម។ ខ្លះ​លិច​ទាំង​ធ្នើរ​ហ្នឹង​ទៀត។ មិន​ដឹង​ជា​គ្នា​រក​ច្រក​ធ្វើ​យ៉ាង​ណា​ទៀត​ទេ។អ្នក​មាន​ទូក​គ្រាន់​បន្តិច​នៅ​លើ​ទូក​ទៅ។ ឯ​អ្នក​អត់​ក៏​រត់​រក​គេ​រក​ឯង​ទៅ។ ទ្រាំ​តែ​កន្លះ​ខែ​ទៀត​លែង​អី​ហើយ។ តែ​មួយ​ទឹក​ហក់​ចុង​ក្រោយ​នេះ គឺ​ធ្ងន់ធ្ងរ​ហើយ»។

ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កំពង់លែង គឺ​លោក ឡោ សាលីម។ លោក​បាន​បញ្ជាក់​ថា ទឹក​ជំនន់​បាន​គំរាម​កំហែង​បណ្ដា​ឃុំ​ជើង​ទឹក​ទាំង​អស់​ក្នុង​ស្រុក​កំពង់​លែង ដែល​ក្នុង​នោះ​មាន​ប្រមាណ ៥ ពាន់​គ្រួសារ បាន​រង​ការ​លិច​ផ្ទះ​សំបែង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា អាជ្ញាធរ​ស្រុក និង​ខេត្ត​រួម​ទាំង​សាខា​កាកបាទ​ក្រហម​ខេត្ត បាន​តាម​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​រាល់​ស្ថានការណ៍​វិវត្តន៍​នៃ​ទឹក​ជំនន់​នេះ។

លោក​ថា រហូត​មក​ដល់​ថ្ងៃ​នេះ​ពុំ​មាន​ប្រជា​ពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ​ក្នុង​រយៈ​ពេល​នៃ​ទឹក​ជំនន់​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ៕

កម្មករ​ខ្មែរ​ធ្វើ​ការ​ឲ្យ​វៀតណាម​មិន​បាន​ទៅ​ចូល​រួម​បុណ្យ​ភ្ជុំបិណ្ឌ​ទេ

ដោយ រដ្ឋា វីសាល
2011-09-26
​វិទ្យុ​អាស៊ីសេរី

កម្មករ​ចម្ការ​កៅស៊ូ​នៃ​ក្រុមហ៊ុន​វៀតណាម​មួយ​ឈ្មោះ ដាក់​ឡាក់ មាន​ទីតាំង​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ប្រមាណ​ពី ៥០០​ទៅ​៦០០​នាក់ មិន​បាន​បើក​ប្រាក់​កម្រៃ​ពលកម្ម​ពី​ក្រុមហ៊ុន​ដើម្បី​ទៅ​ចូល​រួម​បុណ្យ​ភ្ជុំបិណ្ឌ​ទេ។

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក រដ្ឋា វីសាល រាយ​ការណ៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ ២៦ ខែ​កញ្ញា ឆ្នាំ​២០១១ ថា កម្មករ​ប្រមាណ​២០ ក្នុង​ចំណោម​កម្មករ​ទាំង​អស់​បាន​ប្រតិកម្ម​ថា ពូក​គេ​នឹង​ខក​ខាន​មិន​បាន​ទៅ​ស្រុក​កំណើត​ជួប​ជុំ​ក្រុម​គ្រួសារ ដោយ​សារ​តែ​ក្រុមហ៊ុន​មិន​បើក​ប្រាក់។

កម្មករ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កម្មករ​ភាគ​ច្រើន​ខ្លះ​បាន​ខ្ចី​ប្រាក់​គេ ខ្លះ​លក់​គ្រឿង​សម្ភារៈ​ផ្ទាល់​ខ្លួន​ដើម្បី​យក​ប្រាក់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ដោយ​មិន​បាន​បើក​ប្រាក់​ពល​កម្ម​តាម​កាល​កំណត់​ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​ត្រូវ​បើក​ម្ដង ៖ “ហួស​ពី​ថ្ងៃ​បើក​ហើយ អត់​បើក​ឲ្យ​ទៀត។ ត្រូវ​ធ្វើ​ពីរ​អាទិត្យ​គេ​បើក​អា​នេះ​ជិត​មួយ​ខែ​ហើយ​ថ្ងៃ​នេះ ថ្ងៃ​ម្ភៃ​ប្រាំ ម្ភៃ​ប្រាំ​មួយ​ហើយ​អត់​បើក​លុយ​ឲ្យ​ទៀត។ ខែ​បុណ្យ​ខែ​ទាន​ហើយ​កម្មករ​បង្ខំ​ហើយ​ក៏​គេ​អត់​បើក​ដែរ។ ខ្លះ​អត់​មាន​លុយ​មាន​កាក់​អី នៅ​ហ្នឹង​រក​តែ​លុយ​ទិញ​អី​ហូប​មិន​បាន​ផង ពួក​ខ្ញុំ​ដើរ​ចាប់​កាចែ​ចាប់​អី​ហូប“។

មេ​ការ​គ្រប់គ្រង​កម្មករ​នៃ​ក្រុមហ៊ុន​ដាក់​ឡាក់ គឺ​លោក ទឿង ក្នុង​បទ​សម្ភាស​តាម​ទូរស័ព្ទ​បាន​បំភ្លឺ​ករណី​នេះ។ លោក​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ពិត​ជា​យឺតយ៉ាវ​ក្នុង​ការ​ផ្ទេរ​ប្រាក់​បើក​សម្រាប់​កម្មករ​ពិត​មែន។ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​បាន​ផ្ដល់​ប្រាក់​សម្រាប់​កម្មករ​ខ្ចី ២០​ម៉ឺន​រៀល​ជា​សោហ៊ុយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ជា​បណ្ដោះ​អាសន្ន​បាន​មួយ​ចំនួន​ធំ​ហើយ។ លោក​បន្ត​ថា នៅ​ថ្ងៃ​ច័ន្ទ ឬ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​នឹង​មាន​ប្រាក់​សម្រាប់​បើក​ឲ្យ​កម្មករ​ហើយ។

យ៉ាង​នេះ​ក្ដី ក្រុម​កម្មករ​អ្នក​តវ៉ា​បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​ក្រុមហ៊ុន​វៀតណាម​នេះ​មិន​បាន​បើក​ប្រាក់​កម្រៃ​ទៀង​ទាត់​តាម​ការ​កំណត់ គឺ​ជា​ច្រើន​លើក​ក្រុមហ៊ុន​នេះ​តែង​ភូត​ភរ​កម្មករ ហើយ​ប្រសិន​មាន​អ្នក​តវ៉ា អ្នក​នោះ​នឹង​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​មិន​ឲ្យ​ធ្វើ​ការ​ងារ​ត​ទៅ​ទៀត៕

មន្ត្រី​ប៉ូលិស​ខេត្ត​ឧត្តរមានជ័យ​គំរាម​សហគមន៍​ការពារ​ព្រៃ​ឈើ

2011-09-26
​វិទ្យុ​អាស៊ីសេរី

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ឧត្តរ​មានជ័យ​បាន​ឱ្យ​ដឹង​ថា គេ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​មួយ ដែល​ថា​មាន​មន្ត្រី​ប៉ូលិស​ជា​អ្នក​រក​ស៊ី​ដឹក​ឈើ​ខុសច្បាប់​បាន​ធ្វើ​ការ​គំរាម​កំហែង​ទៅលើ​ក្រុម​សហគមន៍​ការពារ​ព្រៃ​ឈើ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

អង្គការ​សិទ្ធិ​មនុស្ស​បាន​ឱ្យ​ដឹង​ថា ប្រសិន​បើ​គេ​រក​ឃើញ​ការ​ពិត​ដូច​អ្វី​ដែល​ក្រុម​សហគមន៍​ការពារ​ព្រៃ​ឈើ​បាន​អះអាង​មែន​នោះ វា​គឺ​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អ្នក​ជួយការ​ពារ​ព្រៃ​ឈើ​របស់​រដ្ឋាភិបាល​ផង​ដែរ។

លោក ហង្ស សាវយុត រាយការណ៍៖

ស្តាប់សំឡេង

————-

មន្ត្រី​ប៉េអិម​ខេត្ត​រតនគិរី​ត្រូវ​បាន​ចោទ​ថា​ប្រើ​អំពើ​ហិង្សា

ដោយ រដ្ឋា វីសាល
2011-09-26
​វិទ្យុ​អាស៊ីសេរី

យុវជន​ម្នាក់​ចោទ​ប្រកាន់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី ថា​ប្រើ​អំពើ​ហិង្សា​លើ​ពល​រដ្ឋ។

អ្នក​ស្រី ណយ សុខាន់ គឺ​ជា​ប្រជា​ពល​រដ្ឋ​រស់​នៅ​ឃុំ​ម៉ាលិក ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី។ គាត់​អំពាវនាវ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១១ សុំ​ឲ្យ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ចាត់​វិធានការ​ដាក់​វិន័យ​ទៅ​លើ​មន្ត្រី​អាវុធ​ហត្ថ​ស្រុក​ចំនួន​ពីរ​នាក់ ដែល​បាន​ប្រព្រឹត្ត​ខុស​វិន័យ​កង​ទ័ព វាយ​ដំ និង​ចាប់​ដាក់​ខ្នោះ​មក​លើ​សមាជិក​គ្រួសារ​អ្នក​ស្រី។

អ្នក​ស្រី​គឺ​ជា​អាណា​ព្យាបាល​យុវជន​កំព្រា​ម្នាក់ ឈ្មោះ អ៊ុយ ទូច អាយុ​២៥។ អ្នក​ស្រី​មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១១ មន្ត្រី​អាវុធ​ហត្ថ​មាន​គ្នា​ពីរ​នាក់ បាន​ចាប់​ដាក់​ខ្នោះ និង​ទាត់​យុវជន អ៊ុយ ទូច ជា​ច្រើន​ជើង និង​ឃុំ​ខ្លូង​នៅ​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ស្រុក​អស់​មួយ​យប់ ដោយ​ចោទ​ថា យុវជន​នេះ​បាន​គប់​ដំ​ថ្ម​មក​លើ​មន្ត្រី​អាវុធ​ហត្ថ​នេះ ៖ “ខុស​ម៉េច​ក៏​ដោយ​អត់​ត្រូវ​វ៉ៃ​ទេ​បង រំលោភ​សិទ្ធិ​ពេក​ហើយ​កន្លែង​ហ្នឹង។ អ្នក​គប់​មក​ពី​ក្រោយ​មិន​ដឹង​អាណា​អា​ណី​សួរ​អ្នក​ណា​ក៏​គេ​ថា​អ៊ីចឹង​ដែរ“។

មន្ត្រី​អាវុធ​ហត្ថ​ទាំង​ពីរ​នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​មាន​ឈ្មោះ បុត សុធា និង ឌឹម សុផល។ យុវជន អ៊ុយ ទូច មាន​ប្រសាសន៍​បញ្ជាក់​ថា រូប​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ក៏​ប៉ុន្តែ​មន្ត្រី​អាវុធ​ហត្ថ​យល់​ច្រឡំ ហើយ​ប្រើ​អំពើ​ហិង្សា​ទាត់​ទាំង​កំរោល​មក​លើ​រូប​គេ ដែល​ជា​ការ​រំលោភ​សិទ្ធិ​ពល​រដ្ឋ​ធ្ងន់ធ្ងរ។ អ៊ុយ ទូច រៀប​រាប់​ពី​ហេតុ​ការណ៍​យ៉ាង​ដូច្នេះ ថា ៖ “មិន​ដឹង​ជា​អ្នក​ណា​ទេ​គេ​ជា​អ្នក​បង្ក​រឿង សមត្ថកិច្ច​ហ្នឹង​គាត់​ឃើញ​ខ្ញុំ​គាត់​ចាប់​ខ្ញុំ ដល់​ចាប់​ខ្ញុំ​ៗ​រើ គេ​ដាក់​ខ្នោះ ហើយ​គេ​វ៉ៃ​យើង​តែ​ម្ដង ដាក់​ខ្នោះ​ដាក់​ដល់​ភ្លឺ​បាន​គេ​លែង“។

វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១១ នេះ មិន​អាច​ទាក់​ទង​មន្ត្រី​អាវុធ​ហត្ថ​ទាំង​ពីរ​ដែល​រង​ការ​ចោទ​ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ករណី​នេះ​បាន​ទេ ក៏​ប៉ុន្តែ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​អណ្ដូង​មាស លោក អេង សាត មាន​ប្រសាសន៍​ថា យុវជន​នេះ​មាន​កំហុស​តិច​តួច​នៅ​ក្នុង​ពិធី​បុណ្យ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា តើ​ពិត​ជា​មាន​ការ​វាយ​ដុំ​យុវជន​នេះ ឬ​យ៉ាង​ណា​ទេ តែ​លោក​បាន​ហាម​មន្ត្រី​លោក​មិន​ឲ្យ​វាយ​ដុំ​អ្វី​ឡើយ​នៅ​ពេល​មន្ត្រី​លោក​ចាប់​យុវជន​នេះ​មក​បញ្ជា​ការដ្ឋាន ៖ “នៅ​វត្ត​ខ្ញុំ​មិន​បាន​ដឹង​ទេ ប៉ុន្តែ​មក​នេះ​ខ្ញុំ​ឃាត់​ខ្ញុំ​មិន​ឲ្យ​វ៉ៃ​ឲ្យ​អី​ទេ រួច​ព្រលឹម​ឡើង​ខ្ញុំ​ក៏​ឲ្យ​ទៅ​វិញ​ទៅ“។

លោក ឆាយ ធី ជា​បុគ្គលិក​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក​ខេត្ត​រតនគិរី។ លោក​មាន​ប្រសាសន៍​បញ្ជាក់​ថា​ដើម​ចោទ​ជា​ប្រជា​ពល​រដ្ឋ​បាន​ផ្ដល់​សេចក្ដី​រាយ​ការណ៍​ពី​ករណី​នេះ​មក​លោក​រួច​ហើយ ក៏​ប៉ុន្តែ​លោក​មិន​ទាន់​បាន​អង្កេត​ករណី​នេះ​នៅ​ឡើយ។ លោក​អំពាវនាវ​សុំ​ឲ្យ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ចាត់​វិធានការ​ស្រាវ​ជ្រាវ​ករណី​នេះ ដើម្បី​ផ្ដល់​យុត្តិធម៌ និង​ជំនឿ​ចិត្ត​ប្រជា​ពល​រដ្ឋ​មក​លើ​ក្រុម​សមត្ថកិច្ច ៖ “ដែល​យើង​កត់​សំគាល់​ឃើញ​សមត្ថកិច្ច​តែង​តែ​ប្រើ​អំពើ​ហិង្សា​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​ភ័យ​ខ្លាច​គាត់​អស់​ជំនឿ​ទៅ​លើ​សមត្ថកិច្ច​វិញ។ សំណូមពរ​យើង​ថា​ធ្វើ​ម៉េច​ឲ្យ​សមត្ថកិច្ច​ហ្នឹង​មាន​ការ​អនុវត្ត​តាម​ផ្លូវ​ច្បាប់ មាន​ការ​គោរព​សិទ្ធិ​មនុស្ស“។

កាល​ពី​ឆ្នាំ​២០១១ សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​រតនគិរី រក​ឃើញ​ករណី​កង​កម្លាំង​មាន​សមត្ថកិច្ច​នៅ​ខេត្ត​រតនគិរី​ប្រើ​អំពើ​ហិង្សា​មក​លើ​ប្រជា​ពល​រដ្ឋ ៧​ករណី ក៏​ប៉ុន្តែ​អំពើ​ដូច​គ្នា​នេះ​កើត​មាន​ពីរ​ករណី​នៅ​ឆ្នាំ​២០១១ នេះ៕