បណ្ណសារ | ខែកញ្ញា 21, 2011

រដ្ឋមន្ត្រី​ការពារ​ប្រទេស​ថៃ នឹង​ទស្សនកិច្ច​នៅ​កម្ពុជា នា​ថ្ងៃ​២៣​កញ្ញា​

ដោយ : CEN
ថ្ងៃទី 21 កញ្ញា 2011

ភ្នំពេញ: រដ្ឋមន្ត្រី​ការពារ​ប្រទេស​ថៃ លោក យុទ្ធ​ថា​សាក់ សា​ស៊ី​ប្រា​ផា (Yutthasak Sasiprapa) នឹង​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៣​កញ្ញា ឆ្នាំ​២០១១​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​កម្ពុ​ជា​។​

​ដំណើរ​មកកាន់​កម្ពុជា​ជា​លើកដំបូង របស់​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ នឹងធ្វើ​ឡើង បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រី​ថៃ​ ​មកកាន់​កម្ពុជា កាលពី​ថ្ងៃទី​១៩​កញ្ញា ឆ្នាំ​២០១១​។​
​ ​
​មន្ត្រីជាន់ខ្ពស់​កម្ពុជា បាន​ឲ្យ​ដឹងផង​ដែរ ដំណើរ​មកដល់​របស់​គណៈប្រតិភូ​ក្រសួង​ការពារ​ប្រទេស​ថៃ នឹងត្រូវ​បានទទួល​ស្វាគមន៍​ពី​សំណាក់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​កម្ពុ​ជា ព្រមទាំង​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា ជាច្រើនរូប​ទៀត នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​
​ ​
​ចំណែក​ពិធី​បដិសណ្ឋារកិច្ច​តាមបែប​ផែន​យោធា​ជាន់ខ្ពស់ នឹង​ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​ផ្លូវការ នៅ​ក្រសួងការពារជាតិ​កម្ពុ​ជា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​។​
​ ​
​ប្រភព​យោធា​ក៏បាន​បញ្ជាក់​ផងដែរ ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ថៃ នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​សម​ភាគី​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ទៀ​បាញ់ នៅ​ទីស្តីការក្រសួង​ការពារជាតិ​កម្ពុជា​។​
​ ​
​តាម​កម្មវិធី រដ្ឋមន្ត្រី​ការពារជាតិ​ថៃ ដែល​ទើប​ឡើងកាន់តំណែង ក៏​នឹងត្រូវ​ចូលជួប​សំដែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់ពី​បើក​កិច្ចពិភាក្សា​ជាមួយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់​៕​

ជប៉ុន​ថា​ខ្លួន​នៅ​បន្ត​ដើរ​តួនាទី​សំខាន់​ដើម្បី​ធានា​សន្តិសុខ​​ក្នុង​​តំបន់​អាស៊ាន

ដោយ សុខ សេរី
2011-09-21
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

មន្ត្រី​ការពារ​ជាតិ​ប្រទេស​ជប៉ុន បាន​មក​ចែក​រំលែក​បទពិសោធន៍ និង​បង្ហាញ​គោលនយោបាយ​ការពារ​ជាតិ​នៃ​ប្រទេស​ជប៉ុន ដល់​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​សិក្ខាកាម​យោធា​កម្ពុជា សរុប​ជាង ១០០​នាក់ នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១១ នេះ។

ប្រធាន​បណ្ឌិត​សភា​ការពារ​ជាតិ​ប្រទេស​ជប៉ុន លោក អ៊ីអូគីបេ ម៉ាកូតុ (IOKIBE MAKOTO) ថ្លែង​បាឋកថា​នៅ​ឯ​ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១១។ (RFA/Sok Serey)

ប្រធាន បណ្ឌិត សភា ការពារ ជាតិ ប្រទេស ជប៉ុន លោក អ៊ីអូគីបេ ម៉ាកូតុ (IOKIBE MAKOTO) ថ្លែង បាឋកថា នៅ ឯ ក្រសួង ការពារ ជាតិ កម្ពុជា នៅ ថ្ងៃ ទី ២១ ខែ កញ្ញា ឆ្នាំ ២០១១។ (RFA/Sok Serey)

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​ជប៉ុន បាន​អះអាង​ថា ប្រទេស​ជប៉ុន នៅ​តែ​បន្ត​ដើរ​តួនាទី​សំខាន់​ដើម្បី​ធានា​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ាន​ឲ្យ​បាន​ល្អ បើ​ទោះ​បី​ជា​ប្រទេស​ចិន កំពុង​តែ​ពង្រីក និង​បង្កើន​ឥទ្ធិពល​ខាង​យោធា​នៅ​ក្នុង​តំបន់​អាស៊ាន និង​មាន​ការ​គំរាមកំហែង​បាញ់​សាកល្បង​គ្រាប់​មីស៊ីល និង​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ (Nuclear) ពី​ប្រទេស​កូរ៉េ​ខាង​ជើង ក៏ដោយ។

ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​ជប៉ុន បាន​បន្ត​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ធានា​សន្តិសុខ​ជាតិ​នៃ​ប្រទេស​ជប៉ុន​ផង និង​សន្តិសុខ​នៅ​តំបន់​អាស៊ាន ដើម្បី​ទប់ទល់​ជាមួយ​ការ​គំរាម​ទាំង​នោះ។

ប្រធាន​បណ្ឌិត​សភា​ការពារ​ជាតិ​ប្រទេស​ជប៉ុន លោក អ៊ីអូគីបេ ម៉ាកូតុ (IOKIBE MAKOTO) បាន​ថ្លែង​បាឋកថា​រយៈពេល​ជាង ២​ម៉ោង ចំពោះ​មុខ​មន្ត្រី​ជាន់​ខ្ពស់​យោធា និង​សិក្ខាកាម​យោធា​កម្ពុជា ជាង ១០០​នាក់ នៅ​ឯ​ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា។ លោក​បាន​ឲ្យ​ដឹង​ថា ប្រទេស​ជប៉ុន កំពុង​តែ​ត្រៀម​ខ្លួន​ក្លាយ​ជា​ប្រទេស​មហា​អំណាច​មួយ​ដែរ ដោយសារ​តែ​ជប៉ុន គឺ​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច និង​មាន​បច្ចេកទេស​ទំនើប។

លោក​បន្ត​ថា បើ​សិន​ជា​ជប៉ុន​ចង់​ផលិត​អាវុធ​នុយក្លេអែរ និង​ពង្រីក​ឥទ្ធិពល​យោធា​នោះ គឺ​គ្មាន​អ្វី​ថា​មិន​អាច​ទៅ​រួច​នោះ​ទេ ប៉ុន្តែ​ជប៉ុន​នៅ​តែ​រក្សា​សន្តិភាព និង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​នានា នៅ​លើ​ពិភពលោក និង​នៅ​តំបន់​អាស៊ី ៖ «ជម្លោះ​ដណ្ដើម​កោះ​រវាង​ចិន និង​ជប៉ុន កន្លង​មក គឺ​ប្រទេស​ចិន បាន​ផ្លាស់ប្ដូរ​គោលជំហរ ចង់​ប្រើប្រាស់​មធ្យោបាយ​យោធា ដើម្បី​ដោះស្រាយ ប៉ុន្តែ​ជប៉ុន​មិន​តប​ត ដោយ​យោធា​ទេ គឺ​ដោះស្រាយ​តាម​រយៈ​ការ​ចរចា»។

នាយ​ឧត្ដមសេនីយ៍ នាង ផាត ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា បាឋកថា​នេះ​មាន​សារប្រយោជន៍​ដល់​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា ៖ «សម្រាប់​និស្សិត​វិទ្យាល័យ​ការពារ​ជាតិ​ដែល​កំពុង​ចង់​ដឹង និង​ស្វែង​យល់។ នយោបាយ​ការពារ​ជាតិ គឺ​ជា​ខឿន​ការពារ​ជាតិ​ដ៏​សំខាន់​បំផុត ដែល​មាន​កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​ជា​អ្នក​ចូល​រួម​ចំណែក​កសាង និង​ការពារ​ប្រទេស​ខ្លួន ដោយ​ខ្លួន​ឯង»។

ឧត្ដមសេនីយ៍​ទោ ណឹម បញ្ញាវុធ ដែល​បាន​ចូល​រួម​ស្ដាប់​បាឋកថា​នេះ បាន​មាន​ប្រសាសន៍​ថា លោក​យល់​ដឹង​ច្រើន​អំពី​បទពិសោធន៍​ការពារ​ជាតិ ៖ «ទៅ​មុខ​ទៅ ខ្ញុំ​ចង់​ឃើញ​ប្រទេស​ជប៉ុន​ហ្នឹង គឺ​ចង់​ចូលរួម​សន្តិសុខ​នៅ​លើ​ពិភពលោក​យើង​នេះ ដូច​ដែល​ប្រទេស​ជប៉ុន ធ្លាប់​ចាញ់​សង្គ្រាម​លោក​លើក​ទី​២​ហ្នឹង គឺ​ប្រទេស​ជប៉ុន​ហ្នឹង បែរ​ងាក​មក​រក​ការពារ​ជាតិ​របស់​ខ្លួន តប​ទល់​នឹង​សភាពការណ៍​ពិភពលោក​ឡើង​វិញ»។

ប្រទេស​ជប៉ុន បាន​ចាញ់​សង្គ្រាម​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ នៅ​ឆ្នាំ​១៩៤៥។

ចាប់​តាំង​ពី​ពេល​នោះ​មក ប្រទេស​ជប៉ុន ប្រកាន់​យក​គោលការណ៍​ធ្វើការ​អភិវឌ្ឍន៍​ប្រទេស​ដោយ​សន្តិវិធី ដោយសារ​តែ​យល់​មេរៀន​ប្រវត្តិសាស្ត្រ​នៃ​សង្គ្រាម​ដែល​មាន​កងទ័ព​ខ្លាំង និង​ធ្វើ​សឹក​សង្គ្រាម​នោះ គឺ​មិន​អាច​ធ្វើ​ឲ្យ​ប្រទេស​ជប៉ុន មាន​សុវត្ថិភាព​ជា​រៀង​រហូត​នោះ​ទេ៕

នាម​សម្តេច​តេ​ជោ​ត្រូវ​បាន​គោរព​ដោយ​ប្រជាជន​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​

Source: Kampuchea Thmey Daily

ភ្នំពេញ​ ៖ ​លោក​ Khim Aung Mying ​ប្រធាន​រដ្ឋសភា​របស់​ប្រទេស​ម៉ា​យ៉ាន់​ម៉ា​ មាន​ប្រសាសន៍​ថា​ នាម​ របស់​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន​ ត្រូវ​បាន​ប្រជាជន​មី​យ៉ាន់​ម៉ា​ស្គាល់​យ៉ាង​ច្រើន​ ជា​ពិសេស​គឺ​បន្ទាប់ពី​ប្រវត្តិរូប​របស់​សម្តេច​តេ​ជោ​ត្រូវបាន​បកប្រែ​ជា​ភាសា​មី​យ៉ាន់​ម៉ា​មក​នោះ​។

លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថ្លែងថា នៅក្នុង​ជំនួប​ជាមួយ សម្តេចនាយក​រដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃទី ២១ កញ្ញា លោក Khim Aung Mying មានប្រសាសន៍ថា នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​កិត្តិ​ស័ព្ទ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាន់តែ​ត្រូវ បាន​គោរព​យ៉ាងខ្លាំង​ក្លា​ថែមទៀត​បន្ទាប់ពី​ប្រវត្តិ​រូបនោះ​ត្រូវបាន​បកប្រែ​នៅ​ឆ្នាំ ២០១០ នោះ។លោក ប្រធានរដ្ឋសភា​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គាំទ្រ​មី​យ៉ាន់​ម៉ា​ជា​រៀង​រហូតមក ជាពិសេស នៅពេលដែល​ម៉ា​យ៉ាន់​ម៉ា​បាន​ចូល​ជា​សមាជិក​ពេញលេញ របស់​អាយ​ប៉ា​ចំពេល​ដែល កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី ៣២ នោះ។

សភា​ពាណិជ្ជកម្ម​ថៃ​អនុញ្ញាត​អោយ​នាំ​ជ្រូក​មក​លក់​នៅ​កម្ពុជា​

Kampuchea Thmey Daily

ប៉ោយប៉ែត​ ៖​ ​ថៃ​អនុ​ញ្ញា​អោយ​នាំ​សត្វ​ជ្រូក​ចូល​មក​កម្ពុជា​វិញ​ហើយ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បន្ទាប់ពី​សភា​ពាណិជ្ជកម្ម​របស់​ថៃ​បាន​ធ្វើ​សកម្មភាព​ផ្អាក​ការ​ដឹក​ជញ្ជូន​សត្វជ្រូក​ចេញពី​ប្រទេស​របស់គេ​មក​កម្ពុជា​កន្លង​ទៅ។​

សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី២៣ខែកក្កដា​ឆ្នាំ២០១១នេះ​ប្រទេស​ថៃ​គ្រប់គ្រង​ដោយ​នាយករដ្ឋមន្ត្រី​អាប់​ភី​ស៊ីត បាន​បញ្ជារ​អោយ​សភាពាណិជ្ជកម្ម​ថៃ​ធ្វើការ​ផ្អាក​នាំ​ជ្រូក​ចូលមក​កម្ពុជា​ប៉ុន្តែ​ក្រោយពេល​ប្រទេស​ថៃ​បោះឆ្នោត​រួចហើយ​ដោយ​លោកជំទាវ យី​ង​ឡាក់ ធ្វើជា​នាយករដ្ឋមន្ត្រី​វិញ​ម្ដង​ក៏បាន​អនុញ្ញាតអោយ​សភា​ពាណិជ្ជកម្ម​ថៃ​នាំ​សត្វ​ជ្រូក​ចូលមក​កម្ពុជា​វិញ​ដូចដើម។ ការអនុញ្ញាត​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី១៩ខែកញ្ញា​ឆ្នាំ២០១១ដោយមាន​ឯកភាព​ពី​សភាពាណិជ្ជកម្ម​ថៃ៕

អាជ្ញាធរ​រាជធានី​ភ្នំពេញ​រារាំង​ក្បួន​ដង្ហែ​ក្នុង​ទិវា​សន្តិភាព​ពិភពលោក

ដោយ មុំ សុផុន
2011-09-21
​វិទ្យុ​អាស៊ីសេរី

ក្រុម​យុវជន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ខក​ខាន​មិន​បាន​ដង្ហែ​ក្បួន​ពី​រមណីយដ្ឋាន​វត្តភ្នំ ទៅ​កាន់​ទី​សក្ការបូជា​ព្រះអង្គ​ដង​កើ ក្នុង​ទិវា​សន្តិភាព​ពិភពលោក ដូច​អ្វី​ដែល​បាន​គ្រោង​ទុក​នោះ​ទេ។

២១-កញ្ញា-២០១១៖ ព្រះសង្ឃ ដូនជី និង​ក្រុម​យុវជន ព្រម​ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​នាំ​គ្នា​អង្គុយ​ត្រៀម​សមាធិ​នៅ​បរិវេណ​វត្ត​ភ្នំ ជំនួស​ឲ្យ​ការ​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​ផ្លូវ​សាធារណៈ។ (RFA/Mom Sophon)

២១-កញ្ញា-២០១១៖ ព្រះសង្ឃ ដូនជី និង ក្រុម យុវជន ព្រម ទាំង មន្ត្រី អង្គការ សង្គម ស៊ីវិល បាន នាំ គ្នា អង្គុយ ត្រៀម សមាធិ នៅ បរិវេណ វត្ត ភ្នំ ជំនួស ឲ្យ ការ ដើរ ដង្ហែ ក្បួន នៅ តាម ផ្លូវ សាធារណៈ។ (RFA/Mom Sophon)

ព្រះសង្ឃ ដូនជី និង​ក្រុម​យុវជន ព្រម​ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​នាំ​គ្នា​ដង្ហែ​ក្បួន​តែ​នៅ​បរិវេណ​វត្ត​ភ្នំ ជំនួស​ការ​ដើរ​ជា​ក្បួន​នៅ​តាម​វិថី​ជា​សាធារណៈ​នោះ។

ក្រុម​អាជ្ញាធរ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ បាន​រារាំង​ក្រុម​យុវជន និង​អង្គការ​សង្គម​ស៊ីវិល ជិត ៣០០​នាក់ ដង្ហែ​ក្បួន​ក្នុង​ទិវា​សន្តិភាព​ពិភពលោក​ ដែល​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១១។ ក្រុម​អាជ្ញាធរ​បាន​ថ្លែង​ថា ការ​ដង្ហែ​ក្បួន​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍ និង​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ។

ក្រុម​អ្នក​ចូល​រួម​នៅ​ក្នុង​ទិវា​នោះ​ស្រងាក​ចិត្ត​នៅ​ពេល​ដែល​ពលរដ្ឋធ្វើ​ទិវា​សន្តិភាព បែរ​ជា​មាន​ក្រុម​សមត្ថកិច្ច​ហាមឃាត់។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​បាន​ចូល​រួម​ក្នុង​ទិវា​នោះ​ដែរ បាន​ថ្លែង​ថា យុទ្ធនាការ​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​សន្តិភាព​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​ពិភព​លោក។

ក្រុម​អ្នក​ចូល​រួម​ជិត ៣០០​នាក់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អ្នក​កាន់​សាសនា​ព្រះពុទ្ធ អ្នក​កាន់​សាសនា​ឥស្លាម និង​អ្នក​កាន់​សាសនា​គ្រិស្ត​ផង។

ទិវា​សន្តិភាព​ពិភពលោក​បាន​ដង្ហែ​បី​ជុំ​បរិវេណ​រមណីយដ្ឋាន​វត្ត​ភ្នំ ហើយ​បាន​អង្គុយ​ធ្វើ​សមាធិ​ដើម្បី​ជា​កិច្ច​ផ្សព្វផ្សាយ​មេត្តាធម៌​ដល់​មនុស្ស សត្វ​ទាំង​ឡាយ​ឲ្យ​មាន​សន្តិភាព​ក្នុង​ចិត្ត និង​សន្តិភាព​សម្រាប់​មនុស្ស​គ្រប់​គ្នា។

ទិវា​សន្តិភាព​ពិភពលោក​នេះ បាន​ធ្វើ​ឡើង ៨​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា ហើយ​មាន​មនុស្ស​ជាង ១​ពាន់​នាក់​ចូល​រួម៕

កម្ពុជា​ សាទរ​​ទិវា​​សន្តិភាព​​អន្តរជាតិ​ ថ្ងៃ​ទី​​២១​​កញ្ញា​

ដោយ លី ម៉េងហួរ
ថ្ងៃ ពុធ 21 កញ្ញា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ លី ម៉េងហូរ ពីភ្នំពេញ (02:25)

ក្រុម​​ការងារ​​ដើម្បី​​សន្តិភាព​ដែល​​មាន​​សមាជិក​​អង្គការ​​សង្គម​​ស៊ីវិល​​ជាតិ​-​​អន្តរជាតិ ​ព្រះសង្ឃ ​យាយជី​​ អ្នក​កាន់​​សាសនា​​ឥស្លាម​​និង​​អ្នក​​កាន់​​សាសនា​​គ្រឹស្ត​​រាប់​សិប​​នាក់​ បាន​​ជួប​ជុំ​​អបអរ​​សាទរ​ទិវា​​សន្តិភាព​​អន្តរជាតិ​នៅ​​ព្រឹក​​ថ្ងៃ​ទី​​២១​​កញ្ញា​។​ នៅ​​ភ្នំពេញ​ សាសនិកជន​​ចម្រុះ ​បាន​​ដើរ​​​​ហែ​​ក្បួន​ ពី​​វត្ត​ភ្នំ​ទៅកាន់​​ព្រះអង្គ​​ដង​កើ​នៅ​​មុខ​​ព្រះបរមរាជវាំង​។ ចំណែក​​ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា​ក៏​​បាន​​ផ្ញើ​​សារ​​ដោយ​អំពាវនាវ​ឲ្យ​បញ្ឈប់​នូវ​រាល់​ជម្លោះ​ដោយ​អាវុធ​ កាត់​បន្ថយ​​អំពើ​​ហិង្សា​និង​ទប់​ស្កាត់​ស្ថានភាព​ដ៏​អាណោច​អាធ័ម​ នៃ​សង្គ្រាម​នៅ​គ្រប់​ទិសទី​​ក្នុង​​សកល​លោក។

ក្រុម​ការងារ​សន្តិភាព​​ជូន​ទង់​ជាតិ​សន្តិភាព​ដល់​ដូនជី (© Reuters)

ក្រុម ការងារ សន្តិភាព ជូន ទង់ ជាតិ សន្តិភាព ដល់ ដូនជី (© Reuters)

ពិធី​ជួបជុំ​ដើរ​ហែ​ក្បួន​នៅ​វត្ត​ភ្នំព្រឹក​មិញ មាន​សាសនិកជននៃ​សាសនាព្រះពុទ្ធ ឥស្លាមនិង​គ្រឹស្ត​សាសនាប្រមាណ​ ៣០០ នាក់​។ សាសនិកជន​​ចម្រុះ​ទាំងនោះ បានដើរ​ហែរ​ក្បួន​សន្តិភាព ពី​វត្ត​ភ្នំ ទៅ​កាន់​ទី​សក្ការៈបូជា​ព្រះអង្គ​ដង​កើ ដើម្បី​ប្រារព្ធ​ពិធី​បួងសួង និង​អធិដ្ឋាន សូម​ឲ្យ​សន្តិភាព កើតមាន​ក្នុង​ដួងចិត្ត​មនុស្ស​គ្រប់គ្នា និង​សូម​ឲ្យ​ប្រទេស​កម្ពុជា ព្រមទាំង​ពិភពលោក​ទាំងមូល មាន​សន្តិភាព​ជា​និរន្ត​តទៅ​។​

​ក្រុម​ការងារ​ដើម្បី​សន្តិភាព ក៏​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​សន្តិភាព​អន្តរជាតិ ថ្ងៃទី​២១​កញ្ញា នៅ៧ខេត្តផ្សេងទៀត ក្នុងប្រទេស​កម្ពុជា រួមមាន​៖ ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ក្រចេះ កំពង់ចាម និង​ខេត្ត​កែប ដែល​មាន​អ្នកចូលរួម​ពី ១០០ ទៅ ២០០ នាក់ ក្នុង​ខេត្ត​និមួយៗ​។​

​តាម​សេចក្តីប្រកាស ពិធី​ជួបជុំ និង​ដើរ​ដង្ហែ​ក្បួន​សន្តិភាព នៅ​ថ្ងៃ​ទី​២១​កញ្ញា​នេះ ដើម្បី​បង្ហាញ​សាធារណជន​អំពី​ការខិតខំ​ប្រឹងប្រែង​កសាង​នូវ​សន្តិភាព​ក្នុងប្រទេស​កម្ពុជា និង​ដើម្បី​បង្ហាញ​ពី​ការ​មិន​ប្រើ​អំពើហិង្សា​ក្នុង​សង្គម ព្រមទាំង​កសាង​បណ្ថាញ​ប្រជាពលរដ្ឋ ដើម្បី​ធ្វើការ​រួមគ្នា​ក្នុង​ការកសាង​សន្តិភាព​។​

​ដើម្បី​សាទរ​ដល់​ទិវា​ជា​សកល​នៅ​ថ្ងៃ​២១​កញ្ញា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ ដោយ​លើកឡើង​ថា ទិវា​សន្ដិភាព​អន្ដរជាតិ មិន​ត្រឹមតែ​បាន​ឆ្លុះបញ្ចាំង​នូវ​ឆន្ទៈ​មោះមុត​របស់​ប្រជាជន​កម្ពុជា ក្នុង​ការលើកស្ទួយ​សន្ដិ​ភាព​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ការប្រារឰ​ទិវា​ជា​រៀងរាល់​ឆ្នាំ​នេះ ថែម​ទាំង​ផ្ដល់​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រើនរំលឹក​ដល់​យើង​គ្រប់ៗ​គ្នា អំពី​ការ​ចាំបាច់​ត្រូវ​ថែរក្សា​ឱ្យបាន​ឋិតថេរ​នូវ​សន្ដិភាព​ពេញលេញ ដែល​មាន​នាពេល​បច្ចុប្បន្ន ព្រមទាំង​ការចាំបាច់​ត្រូវ​ចូលរួម​ចំណែក​ក្នុង​ការស្វែងរក​សន្ដិភាព ជូន​ប្រជាជន​នៅក្នុង​សកលលោក​ផងដែរ​។​

​ក្នុង​បុព្វហេតុ​គាំទ្រ​សន្ដិភាព និង​សន្ដិសុខ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានបញ្ជាក់​ថា គិត​ចាប់តាំងពី​ឆ្នាំ​២០០៦ រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជូន​កម្លាំង​ដោះ​មីន​សរុប ៥២១ នាក់ ទៅ​ប្រទេស​ស៊ូដង់​។ នៅ​ចុងឆ្នាំ​២០០៩ កម្លាំង​កម្ពុជា​មួយ​កង​អនុ​សេនា​តូច​ចំនួន ៤២ នាក់ ត្រូវបាន​បញ្ជូន​ឱ្យទៅ​ចូលរួម​កិច្ច​ប្រតិ​ប​ត្ដិ​ការរក្សាសន្ដិភាព​រប​ស់​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ឆាដ និង​សាធារណរដ្ឋ​​អាហ្វ្រិកកណ្ដាល​៕

មហាជន​ប្រារព្ធ​ទិវា​សន្តិភាព​អន្តរជាតិ ថ្ងៃទី​២១​កញ្ញា ដោយ​ការដើ​រហែ​ក្បួន

ដោយ : CEN
ថ្ងៃទី 21 កញ្ញា 2011

ក្រុម​សង្គម​ស៊ីវិល និង​សាសនិកជន​ចម្រុះ សាទរ​ទិវា​សន្តិភាព​អន្តរជាតិ នៅ​បរិវេណ​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២១​កញ្ញា ឆ្នាំ​២០១១៕ (រូបថត​៖ ស៊ីវ ចាន់ណា)

ក្រុម សង្គម ស៊ីវិល និង សាសនិកជន ចម្រុះ សាទរ ទិវា សន្តិភាព អន្តរជាតិ នៅ បរិវេណ វត្តភ្នំ ក្នុង រាជធានី ភ្នំពេញ កាលពី ព្រឹក ថ្ងៃទី ២១ កញ្ញា ឆ្នាំ ២០១១៕ (រូបថត ៖ ស៊ីវ ចាន់ណា)

ភ្នំពេញ:ក្រុម​ការងារ​ដើម្បី​សន្តិភាព ដែល​មាន​សមាជិក​អង្គការ​សង្គម​ស៊ីវិល ព្រះសង្ឃ យាយជី និង​សិស្ស​និស្សិត​រាប់សិប​នាក់ បាន​ជួបជុំគ្នា ប្រារព្ធ​ទិវា​អបអរសាទរ ទិវា​សន្តិភាព​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​២១​កញ្ញា ឆ្នាំ​២០១១ ដើម្បី​ដើ​រហែ​ក្បួន ពី​វត្ត​ភ្នំ ទៅកាន់​ព្រះអង្គ​ដង​កើ នៅ​មុខ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​។​

​ពិធី​ជួបជុំ​ដើរ​ហែ​ក្បួន​នោះ មាន​សាសនិកជន នៃ​សាសនាព្រះពុទ្ធ ឥស្លាម និង​គ្រឹស្ត ប្រមាណ ៣០០ នាក់​។ សាសនិកជន​ចម្រុះ​ទាំងនោះ បាន​ដើរ​ក្បួន ទៅ​កាន់​ទី​សក្ការៈបូជា​ព្រះអង្គ​ដង​កើ ដើម្បី​ប្រារព្ធ​ពិធី​បួងសួង និង​អធិដ្ឋាន សូម​ឲ្យ​សន្តិភាព កើតមាន​ក្នុង​ដួងចិត្ត​មនុស្ស​គ្រប់គ្នា និង​សូម​ឲ្យ​ប្រទេស​កម្ពុជា ព្រមទាំង​ពិភពលោក​ទាំងមូល​មាន​សន្តិភាព​ជា​និរន្ត​តទៅ​។​

​តាម​កម្មវិធី នៅ​ថ្ងៃ​ទី​២១​កញ្ញា​នេះ ក្រុម​ការងារ​ដើម្បី​សន្តិភាព ក៏​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​សន្តិភាព​អន្តរជាតិ ខួប​លើក​ទី​៣០ ថ្ងៃទី​២១​កញ្ញា នៅ ៧ ខេត្ត ផ្សេងទៀត រួមមាន​៖ ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ក្រចេះ កំពង់ចាម និង​ខេត្ត​កែប ដែល​មាន​អ្នកចូលរួម​ពី ១០០ ទៅ ២០០ នាក់ ក្នុង​ខេត្ត​និមួយៗ​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន ពិធី​ជួបជុំ ដើរ​ដង្ហែ​ក្បួន​សន្តិភាព នៅ​ថ្ងៃ​ទី​២១​កញ្ញា​នេះ គឺ​មិន​ភ្ជាប់​ទៅនឹង​រឿង​នយោបាយ ឬក៏​ការគាំទ្រ​និន្នាការ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ​។ ផ្ទុយទៅវិញ​ពិធី​ជួបជុំ​នៅថ្ងៃនេះ ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន និង​អ្នកគាំទ្រ​ក្នុង​ការបង្កើត​ទិវា​សន្តិភាព​អន្តរជាតិ និង​បង្កើន​ការចាប់អារម្មណ៍​ពី​សាធារណជន ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​កសាង​សន្តិភាព​។​

​សេចក្តីប្រកាស ក៏បាន​លើកឡើង​ថា ពិធី​ជុំ​ជួប ដើរ​ហែ​ក្បួន​សន្តិភាព នៅ​ថ្ងៃ​ទី​២១​កញ្ញា​នេះ ក៏​ដើម្បី​បង្ហាញ​សាធារណជន​អំពី​ការខិតខំ​ប្រឹងប្រែង​កសាង​នូវ​សន្តិភាព​ក្នុងប្រទេស​កម្ពុជា និង​ដើម្បី​បង្ហាញ​ពី​ការ​មិន​ប្រើ​អំពើហិង្សា​ក្នុង​សង្គម ព្រមទាំង​កសាង​បណ្ថាញ​ប្រជាពលរដ្ឋ ដើម្បី​ធ្វើការ​រួមគ្នា​ក្នុង​ការកសាង​សន្តិភាព​៕

បក្ស​ជំទាស់​ស្នើ​ធនាគារ​ពិភពលោក​ឲ្យ​បន្ត​ព្យួរ​គម្រោង​ប្រាក់​កម្ចី​ដល់​កម្ពុជា

ដោយ ហាស់ សាន និង តាំង សារ៉ាដា
2011-09-21
វិទ្យុ​អាស៊ីសេរី

១៦-កញ្ញា-២០១១៖ យុវជន សួង សុភ័ណ្ឌ អ្នក​ប្រឆាំង​នឹង​ការ​កម្ទេច​ផ្ទះ​អ្នក​បឹង​កក់ របួស​ដោយសារ​ក្រុម​ប៉ូលិស​វាយ។ (RFA/Uon Chhin)

១៦-កញ្ញា-២០១១៖ យុវជន សួង សុភ័ណ្ឌ អ្នក ប្រឆាំង នឹង ការ កម្ទេច ផ្ទះ អ្នក បឹង កក់ របួស ដោយសារ ក្រុម ប៉ូលិស វាយ។ (RFA/Uon Chhin)

សមាជិក​សភា​ពី​គណបក្ស សម រង្ស៊ី បាន​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅ​កាន់​នាយក​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា លោក ឈីម៉ាវ ហ្វាន (Qimiao Fan) ស្នើ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ពិភពលោក​នេះ បន្ត​ព្យួរ​បណ្ដោះអាសន្ន​នូវ​រាល់​គម្រោង​ឲ្យ​កម្ពុជា​ខ្ចី​ប្រាក់​ទាំង​ឡាយ បន្ទាប់​ពី​មាន​ការ​ឈូស​ឆាយ​ផ្ទះ ៨​ខ្នង នៅ​ភូមិ​១ ក្នុង​តំបន់​បឹងកក់ នៅ​ពេល​ថ្មីៗ​នេះ។

តំណាងរាស្ត្រ​បក្ស​ជំទាស់​ជាង ១០​រូប​នោះ ទាមទារ ៣​យ៉ាង ដែល​ក្នុង​នោះ​មាន​ការ​ឲ្យ​បញ្ឈប់​សកម្មភាព​បូម​ខ្សាច់​ចាក់​បឹង។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី លោក សម រង្ស៊ី បាន​រំឭក​អំពី​គោលការណ៍​របស់​គណបក្ស​លោក​ដែល​ថា នឹង​យក​ដី​សម្បទាន​សេដ្ឋកិច្ច​ខុស​ច្បាប់​ទាំង​ឡាយ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​វិញ៕

សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​ឆ្នាំក្រោយ គ្មាន​ការរួម​គ្នា​រវាង​គណបក្ស​នរោត្តម រណ​ឬ​ទ្ធិ និង​ហ្វ៊ុនស៊ិនប៉ិច​ទេ​

ដោយ : មុនីរ័ត្ន
ថ្ងៃទី 21 កញ្ញា 2011
CEN

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បញ្ជាក់ថា គ្មាន​សម្ព័ន្ធភាព​ជាមួយ​នឹង​អតីត​គណបក្ស​សហជាវិន​សហជាវិនី​របស់​ព្រះអង្គ​ឡើយ សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១២៕

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បញ្ជាក់ថា គ្មាន សម្ព័ន្ធភាព ជាមួយ នឹង អតីត គណបក្ស សហជាវិន សហជាវិនី របស់ ព្រះអង្គ ឡើយ សម្រាប់ ការបោះឆ្នោត ឃុំ សង្កាត់ នៅ ឆ្នាំ ២០១២៕

ភ្នំពេញ: សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ បាន​បញ្ជាក់​ជា​ថ្មី​ថា គណបក្ស នរោត្តម រណ​ឬ​ទ្ធិ របស់​ព្រះអង្គ និង​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច មិន​មាន​ការ​ដាក់​បេក្ខភាព​ក្រុមប្រឹក្សាឃុំ សង្កាត់ រួមគ្នា នៅពេល​បោះឆ្នោត នា​ថ្ងៃ​ទី​៣​មិថុនា ឆ្នាំ​២០១២ នាពេល​ខាងមុខ​ឡើយ​។ គណបក្ស​សត្រូវ​បងប្អូន​ទាំងពីរ កាល​ដំបូង​ឡើយ បានសម្រេច​ចងសម្ព័ន្ធភាព​នឹង​គ្នា តែ​បាន​បែកបាក់ នៅពេល​សម្តេច​ក្រុមព្រះ ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​ជា​ថ្មី នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១០​។

​ក្នុង​ពិធី​ជួប​ជាមួយ​ក្រុម​យុវជន​គណ​បក្ស នរោត្តម រណ​ឬ​ទ្ធិ នា​ព្រឹក​ថ្ងៃទី​២១​កញ្ញា ឆ្នាំ​២០១១ នៅ​ភោជនីយដ្ឋាន ទន្លេបាសាក់ ក្នុង​រាជធានី​ភ្នំពេញ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន​មាន​ព្រះ​បន្ទូល​ថា ចំពោះគោលការណ៍​រួមបញ្ចូល ដាក់​បេក្ខភាព​រួមគ្នា​នេះ មិនដឹង​ជា​ចេញមក​ពី​ខាង​ណា​ទេ​។ ក៏ប៉ុន្តែ​សម្រាប់​គណបក្ស នរោត្តម រណ​ឬ​ទ្ធិ គឺ​គ្មាន​ជាដាច់ខាត​។ ដោយគណបក្ស​របស់​ព្រះអង្គ មានតែ​គោលការណ៍​តែមួយគត់ គឺ​ស្ថាបនា​ឡើង​នូវ​បញ្ជី​ឈ្មោះ​បោះឆ្នោត របស់​គណបក្ស នរោត្តម រណ​ឬ​ទ្ធិ ដោយ​គ្មាន​ការបញ្ចូល​ជាមួយ​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច ទេ​។​

​ការបដិសេធ​របស់​ស​ម្តេច​ក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ គឺ​បន្ទាប់ពី​មាន​ព័ត៌មាន​លេចលឺ​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់លោក ញឹក​ប៊ុនឆៃ និង​គណបក្ស នរោត្តម រណ​ឬ​ទ្ធិ គ្រោង​នឹង​ដាក់​បេក្ខភាព​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​រួម​គ្នា ក្នុង​ការបោះឆ្នោត​នាពេលខាងមុខ​។​

​ក៏ប៉ុន្តែ​ច្បាស់​ហើយ នៅ​ថ្ងៃ​ទី​២១​កញ្ញា​នេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ត្រូវបាន​គេ​ទម្លាក់​ចេញពី​ប្រធាន​ហ្វ៊ុន​ស៊ិនប៉ិច កាលពី​ថ្ងៃ​ទី​១៨​តុលា ឆ្នាំ​២០០៦ បានបញ្ជាក់​ថា បើ​ទោះបីជា​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច ហៅ​ព្រះអង្គ អោយទៅ​ដឹកនាំ​បក្ស​នោះ ឡើងវិញ ព្រះអង្គ​មិន​ទៅ ជាដាច់ខាត​៕

សម្តេចក្រុមព្រះ ស​សើរ គ​.​ជ​.​ប​. សម្រួល​ដល់​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត មាន​ភាពងាយស្រួល​ជាង​មុន

ដោយ : មុនីរ័ត្ន
ថ្ងៃទី 21 កញ្ញា 2011
CEN

សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ជួប​ជាមួយ​ក្រុម​យុវជន កាលពី​ព្រឹក​ថ្ងៃទី​២១​កញ្ញា ឆ្នាំ​២០១១៕

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជួប ជាមួយ ក្រុម យុវជន កាលពី ព្រឹក ថ្ងៃទី ២១ កញ្ញា ឆ្នាំ ២០១១៕

ភ្នំពេញ:គណបក្ស នរោត្តម រណឫទ្ធិ បាន​ធ្វើ​សិក្ខាសាលា​ស្តីពី​ការ​ជម្រុញ​អោយ​យុវជនទៅពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ចុះឈ្មោះ​បោះឆ្នោត កាលពី​ព្រឹក​ថ្ងៃទី​២១ កញ្ញា ឆ្នាំ​២០១១ នៅ​ភោជនីយដ្ឋាន ទន្លេបាសាក់ រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​សំណាក់​យុវជន​គណបក្ស មកពី​តាម​បណ្តា​ខេត្ត​រាជធានី​ចំនួន​១៤ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​នរោត្តម​រណឫទ្ធិ​។

​ពិធី​ជួបជុំ​នោះ ធ្វើឡើង ក្រោម​អធិបតីភាព​សម្តេច​ក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ប្រធាន​គណបក្ស ដោយ​មាន​ជំនួយ​ឧបត្ថម្ភ​របស់​វិទ្យាស្ថាន​សាធារណៈរដ្ឋ​អន្តរជាតិ IRI ។​

​ចំពោះ​មុខ​ក្រុម​យុវជន នៅក្នុង​សិក្ខាសាលា​នោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​មានបន្ទូលថា សិកា្ខសាលា​នេះ គឺ​ជម្រុញ​អោយ​យុវជន និង​ប្រជាពលរដ្ឋ​ទៅ​ព​និត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១១ ដើម្បី​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ឆ្នាំ​២០១២ និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៣​។ ក្នុងនោះ យុវជន​យុវនារី​របស់​គណបក្ស នរោត្តម រណ​ឬ​ទ្ធិ និង​នៅ​ទូទាំង​ប្រទេស​កម្ពុជា គឺជា​តំណាង​អោយ​អនាគត នៃ​ប្រទេស​ជាតិ​។​

សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ជួប​ជាមួយ​ក្រុម​យុវជន កាលពី​ព្រឹក​ថ្ងៃទី​២១​កញ្ញា ឆ្នាំ​២០១១៕

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជួប ជាមួយ ក្រុម យុវជន កាលពី ព្រឹក ថ្ងៃទី ២១ កញ្ញា ឆ្នាំ ២០១១៕

​សម្តេចក្រុមព្រះ​បាន​មានបន្ទូល​បន្តថា គណបក្ស​មាន​គោលនយោបាយ​ច្បាស់​ ​ដើម្បី​ការ​ជម្រុញ រ​ពិនិត្យ​នៃ​សមាជិក​របស់​ខ្លួន និង​អ្នកគាំទ្រ​របស់ខ្លួន មានឈ្មោះ​នៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​គេ​បាន​ដាក់​អោយ​ពិនិត្យ​។ យុវជន​គឺជា​សរសរ​ទ្រូង​តំណាង​អនាគត​នៃ​ជាតិ​របស់​យើង​។​

​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ក៏​បាន​សរសើរ​ដល់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. ដែល​មាន​ការសម្រួល​បាន​ច្រើន ក្នុង​ការ​ដែល​ប្រជាពលរដ្ឋ​ទៅ​ចុះ​បោះឆ្នោត​ឈ្មោះ បាន​ច្រើន​ជាង​ពីមុន​ឆ្ងាយ និង​មាន​ភាពងាយស្រួល​។​

​សិក្ខាសាលា​ស្តីពី ការជំរុញ​អោយ​យុវជន​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១១ ដែល​រៀបចំ​ដោយ​គណបក្ស នរោត្តម រណ​ឬ​ទ្ធិ​ ​នៅ​ថ្ងៃ​ទី​២១​កញ្ញា​នេះ មាន​រយៈពេល​ពេញ​មួយថ្ងៃ​។​

​សូមជម្រាបថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត បាន​ចាប់ដំណើរការ​ ​ពី​ថ្ងៃ​ទី​១ កញ្ញា ដល់​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១១ នៅតាម​សាលាឃុំ​សង្កាត់​ទូទាំង​ប្រទេស​៕

ពេជ្រ សិរីរ័ត្ន ​បង្ហើប​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ធំ​

ដោយ : CEN
ថ្ងៃទី 22 កញ្ញា 2011

ពេជ្រ សិរីរ័ត្ន​

ពេជ្រ សិរីរ័ត្ន

ភ្នំពេញ:មិន​បាន​កន្លះ​ឆ្នាំ​ផង​បន្ទាប់ពី​បែកបាក់​ស្នេហ៍ ពេជ្រ សិរីរ័ត្ន​ ពិធី​ការិនី​ទូរទស្សន៍​បាយ័ន បាន​សារភាព​ថា​កំពុង​ទទួល​បាន​ការស្រឡាញ់​ពី​មន្ត្រី​មាន​យសស័ក្តិ​និង​មាន​ទ្រព្យ សម្បត្តិ​។​

​    ​បន្ទាប់​ពី​ធ្លាយ​ព័ត៌មាន​រឿង​បែកបាក់​ស្នេហ៍​ជាមួយ​លោក​គង់ វិសាល អ្នកគ្រប់គ្រង​កម្ម​វិធី​សិល្បៈ​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​មក  ពេជ្រ សិរីរ័ត្ន​ បាន​និយាយថា រូបកា​យ​និង​ដួងចិត្ត​នាងកំពុង​តែ​ទទួល​បាន​ការ​ប្រលោម​សុំ​ស្នេហ៍​ពី​បុរសៗ​ដែល​មាន​ទាំង​យសស័ក្តិ​និង​ទ្រព្យធន ។​

​    ​ពេជ្រ សិរីរ័ត្ន​ និយាយទៀតថា នេះ​មិនមែន​ជា​ការ​លេងសើច ឬ​អួតអាង​ទេ តែ​ជា​ការពិត​។ នាង​និយាយថា មាន​បុរស​២​នាក់​, ម្នាក់​ជា​មន្ត្រី​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ និង​ម្នាក់​ទៀត​ជា​ពាណិជ្ជករ​ជនជាតិ​ចិន ។​

​    ​ការ​លាតត្រដាង​នូវ​ទំនាក់ទំនង​រវាង ​ពេជ្រ សិរីរ័ត្ន​ និង​បុរស​អ្នក​មាន​នេះ ក៏​ជួន​នឹង​ដំណឹង​ដែល​ថា​នាង​បាន​ទិញ​ផ្ទះ​វីឡា​ភ្លោះ​នា​បុរី​ពិភពថ្មី​ផ្សារ​ដី​ហុយ ហើយ​ដែល​គេ​សង្ស័យថា ការទិញ​វីឡា​នោះ​អាច​មាន​បុរស​ណា​មួយ​ក្នុងចំណោម​បុរស​២​នាក់​ខាងលើ​ជួយ ។ តែ​ ពេជ្រ សិរីរ័ត្ន​ បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ ថា​វីឡា​ថ្មី​នេះ​មិន​មាន​ការ ឧបត្ថម្ភ​ពី​បុរស​ណា​ម្នាក់​ទេ ​។​

​    ​ចំណែក​រឿង​សម្រេចចិត្ត​យ៉ាងណា​ចំពោះ​គូ​អនាគត​នោះ ពេជ្រសិរីរ័ត្ន​ និយាយថា គឺ់ចាំ​ក្រោយ​ពេល​នាង​វិល​ត្រឡប់​មកពី​អាមេរិក​វិញ​នៅ​ចុងឆ្នាំ​២០១១ ៕

វគ្គ​បណ្ដុះបណ្ដាល​ពី​ការប្រើប្រាស់​ក្ដារខៀន​ឌីជីថល​ទំនើប សម្រាប់​គ្រូ​ភាសា​បារាំង នៅ​អាស៊ី​អាគ្នេយ៍

ដោយ : CEN
ថ្ងៃទី 21 កញ្ញា 2011

ភ្នំពេញ: វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​អំពី​ការប្រើប្រាស់ និង​ការរៀបចំ​កិច្ចការ​គរុកោសល្យ​ពាក់ព័ន្ធ​នឹង​ក្ដារខៀន​ឌីជីថល​ទំនើប ឬ​ហៅ​កាត់​ជា​ភាសា​បារាំង​ថា TBI សម្រាប់​គ្រូបង្រៀន​ភាសា​បារាំង​នៅ​អាស៊ីអាគ្នេយ៍​។

​វគ្គ​បណ្តុះបណ្តាល នៅ​ទីក្រុង​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១១ ដោយ​មាន​ការចូលរួម​ពី​គ្រូ​ភាសា​បារាំង​ចំនួន ៥០​នាក់ ដែល​កំពុង​ធ្វើការ​នៅ​ហុងកុង ឥណ្ឌូណេស៊ី និង​គ្រូ​នៅតាម​បណ្ដា​ស្ថាប័ន​និយាយ​ភាសា​បារាំង​ផ្សេង​ទៀត​នៅក្នុង​ប្រទេស​ផ្សេងទៀត នឹង​ទទួលបាន​ការបណ្ដុះបណ្ដាល​មួយ អំពី​ការ​ប្រើប្រាស់​សម្ភារៈ​ឧបទេស​គរុកោសល្យ​ទំនើប ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី​២១​កញ្ញា ឆ្នាំ​២០១១​។​

​សេចក្តីប្រកាស បាន​លើកឡើង​ថា អ្នកជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន ៣​រូប ដែល​បម្រើការ​ឲ្យ​បណ្ដា​ស្ថាប័ន​ធំៗ ដូចជា​ទូរទស្សន៍ (TV5 Monde) និង​វិទ្យាស្ថាន​បារាំង​នៅ​ទីក្រុង​ម៉ា​ឌ្រី​ត ជាដើម បាន​អញ្ជើញ​ឲ្យមក​ធ្វើ​ជា​គ្រូ ក្នុង​វគ្គ​បណ្ដុះបណ្ដាល ដែល​មាន​រយៈពេល ៤ ថ្ងៃនេះ​។​

​វគ្គ​បណ្ដុះបណ្ដាល ដែល​មាន​បង្រៀន​អំពី​ការប្រើប្រាស់ និង​ការរៀបចំ​កិច្ចការ​គរុកោសល្យ​ពាក់ព័ន្ធ​នឹង​ក្ដារខៀន​បែប​ឌីជីថល ឬ​ហៅ​កាត់​ជា​ភាសា​បារាំង​ថា TBI ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ហៅថា Web 2.0 និង​រៀន​ពី​ការប្រើប្រាស់​ធនធាន​ឌីជីថល​ដែល​មាន​នៅ​ក្នុង​វិបសាយ​ទូរទស្សន៍ (TV5 Monde) ។​

​កាលពី​ពេល​ថ្មី​នេះៗ វិទ្យាស្ថាន​បារាំង​បាន​បំពាក់​ក្ដារខៀន​បែប​ឌីជីថល​ទំនើប ឬ​ហៅ​ថា TBI ចំនួន ៨​គ្រឿង​។ ក្ដារខៀន​នេះ មាន​ទម្រង់​ជា​អេក្រង់​ពណ៌​ស អាច​ប្រើ​ម្រាមដៃ​សរសេរ​បាន​។ អេក្រង់​នេះ ត្រូវបាន​ត​ភ្ជាប់​ទៅនឹង​កុំព្យូទ័រ​មួយ​គ្រឿង និង​ម៉ាស៊ីន​បញ្ចាំង​មួយ ដែល​បញ្ចាំង​អ្វី ដែល​មាន​នៅ​ក្នុង​កុំព្យូទ័រ​ដូច្នោះ​ដែរ​។

​សេចក្តីប្រកាស បាន​បន្ថែមថា ក្ដារខៀន​ឌីជីថល​នេះ មាន​កម្មវិធី​ពិសេស​របស់​វា ហើយ​កម្មវិធី​សិក្សា​ក៏​ត្រូវបាន​គេ​បង្កើត ជា​ពិសេស​ឲ្យ​ត្រូវ​នឹង​សម្ភារៈ​ថ្មី​នេះដែរ​។ ក្ដារខៀន​ឌីជីថល ត្រូវបាន​គេ​យក​ទៅ​ប្រើ​នៅ​តាម​ថ្នាក់រៀន ក្នុង​បណ្ដា​ប្រទេស​ជាច្រើន ដូចជា ប្រទេស​បារាំង អង់គ្លេស អាមេរិក រុស្ស៊ី កាណាដា និង​ប្រមាណ​ជាជាង ៣០​ប្រទេស​ផ្សេង​ទៀត​។​

​ចំណែក​កម្មវិធី Web 2.0 មាន​គោលបំណង​ធ្វើឲ្យ​អ៊ីនធឺណិត មាន​ប្រយោជន៍ ដោយ​អ្នកអាន​អាច​កែសម្រួល​ខ្លឹមសារ​ដោយ​ខ្លួនឯង​បាន អ្នកអាន​សម្រេច​ដោយ​ខ្លួនឯង​ថា ត្រូវ​មើល​ព័ត៌មាន​បែបណា អ្នកអាន​អាច​បង្កើត​ជា​ក្រុម​ដែល​មាន​ប្រយោជន៍​រួម​។ កម្មវិធី Web 2.0 ជា​ការវិវត្តន៍​មួយ​របស់​អ៊ីនធឺណិត​។​

​សេចក្តីប្រកាស ក៏បាន​លើកឡើង​ថា ការបណ្ដុះបណ្ដាល​នេះ គឺជា​សកម្មភាព​បន្ត​នៃ​ទំនើបកម្ម​គរុកោសល្យ​នៃ​ការបង្ហាត់​បង្រៀន​ភាសា​បារាំង ដែល​មាន​ការគាំទ្រ និង​ឧបត្ថម្ភ​ថវិកា​ដោយ​ស្ថានទូត​បារាំង និង​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០០៨​។ បទពិសោធន៍​បានបង្ហាញ​ថា ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ អាច​ផ្ដល់ឱកាស​គួរ​ជាទី​ទាក់ទាញ​ទាំង​គ្រូបង្រៀន និង​ទាំង​សិស្ស​និស្សិត​។ ជាអាទិ៍ ភាព​សម្បូរ​បែប​នៃ​ឯកសារ​គរុកោសល្យ​ធ្វើឲ្យ​សកម្មភាព​នៅក្នុង​ថ្នាក់​មាន​ភាព​រីករាយ​រស់​រវើក​គ្រូ និង​សិស្ស មាន​ទំនាក់ទំនង​នឹង​គ្នា​ច្រើន​ជាង​របៀប​បង្រៀន តាម​បែប​បុរាណ ដែល​ប្រើ​តែ​សៀវភៅ ក្រដាស និង​ខ្មៅ​ដៃ​។​

​បច្ចុប្បន្ន ឧបទេស​គរុកោសល្យ​ថ្មី​ទំនើប ដែល​មិន​ខ្វះ​បាន​នេះ បាន​មក​ដល់​វិទ្យាស្ថាន​បារាំង​នៅ​ភ្នំពេញ​មុនគេ​។ ដោយ​យល់ឃើញថា វិធី​នេះ​មាន​សក្ដានុពល​ទូលំទូលាយ​ក្នុង​តំបន់ វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា បន្ទាប់​ពី​វគ្គ​បណ្ដុះបណ្ដាល​នេះ​ទៅ គ្រោង​នឹង​ស្នើ​ឲ្យ​វិទ្យាស្ថាន​ដូចគ្នានេះ នៅក្នុង​តំបន់​ប្រើប្រាស់ និង​ចែករំលែក​ធនធាន​ឌីជីថល តាមរយៈ​អាសយដ្ឋាន​រួមមួយ ដែល​គេ​អាចបង្កើត​រួមគ្នា​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុននេះ​៕​

លោក សម រង្ស៊ី បកស្រាយ​រឿង​ពាក្យ​បណ្ដឹង​​​​ប្រឆាំង​នឹង​​​លោក ហ៊ុន សែន

ដោយ យន់ សាមៀន និង ហាស់ សាន
2011-09-21
វិទ្យុ​អាស៊ីសេរី

លោក សម សង្ស៊ី មេដឹកនាំ​គណបក្ស​ជំទាស់​នៅ​ក្នុង​រដ្ឋ​សភា បាន​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​សប្ដាហ៍​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី (RFA Photo)

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង លោក សម រង្ស៊ី ប្រធាន គណបក្ស សម រង្ស៊ី (RFA Photo)

លោក​បាន​ផ្ដល់​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​អាស៊ីសេរី ផ្នែក​ទូរទស្សន៍​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២០ ខែ​កញ្ញា ជាមួយ​លោក យន់ សាមៀន ដែល​សួរ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អំពី​ករណី​ដាក់​ពាក្យ​បណ្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​តុលាការ​សហរដ្ឋ​អាមេរិក ទាក់ទង​នឹង​អំពើ​មនុស្ស​ឃាត​មួយ​ចំនួន៖

ស្តាប់សំឡេង

យន់ សាមៀន៖ ឯកឧត្ដម​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​នេះ ឮ​ថា ឯកឧត្ដម​មាន​គម្រោង​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​បណ្ដឹង​ប្រឆាំង​នឹង​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​ទៅ​នឹង​ការ​បោក​គ្រាប់បែក​នៅ​ឆ្នាំ​១៩៩៧។ តើ​ឯកឧត្ដម​អាច​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ?

សម រង្ស៊ី៖ បាទ! មិន​មែន​មាន​តែ​ពាក្យ​បណ្ដឹង​ហ្នឹង​មួយ​ទេ ពាក្យ​បណ្ដឹង​ផ្សេង​ទៀត​ទាក់ទង​ទៅ​នឹង​ផែនការ​ក៥ ទាក់ទង​នឹង​រដ្ឋ​ប្រហារ​ខែ​កក្កដា ឆ្នាំ​១៩៩៧ ទាក់​ទង​ទៅ​នឹង​ការ​សម្លាប់​បាតុករ​កាល​ពី​ខែ​សីហា ឆ្នាំ​១៩៩៨ ហើយ​ទាក់​ទង​នឹង​ការ​សម្លាប់ ពិសិដ្ឋ ពីលីកា។

យន់ សាមៀន៖ តើ​បណ្ដឹង​ហ្នឹង​មក​ដល់​ពេល​នេះ​យ៉ាង​ម៉េច​ទៅ​ហើយ តើ​តុលាការ​មាន​ការ​ស្រាវជ្រាវ​យ៉ាង​ម៉េច​ហើយ?

សម រង្ស៊ី៖ គឺ​គេ​ដំណើរ​ការ​ទៅ​មុខ។ ខ្ញុំ​មក​សហរដ្ឋ​អាមេរិក​នេះ ក្នុង​គោល​បំណង​មួយ​សំខាន់​ទាក់ទង​ជាមួយ​នឹង​មេធាវី​ខ្ញុំ​ដើម្បី​ពិគ្រោះ​យោបល់ ជំរុញ​ឲ្យ​ពាក្យ​បណ្ដឹង​ហ្នឹង​ចេញ​បាន​លទ្ធផល៕

សាលា​ឧទ្ធរណ៍​បន្ថយ​ទោស​លោក​ សម រង្ស៊ី

ថ្ងៃអង្គារ, 20 ខែកញ្ញា 2011
ដោយ ហេង រស្មី​
វីអូអេ ខ្មែរ | ភ្នំពេញ

ស្តាប់ព័ត៌មាន៖ រាយការណ៍​ដោយ ហេង រស្មី ថ្ងៃ​ទី​២០​ ខែ​កញ្ញា ឆ្នាំ​២០១១
MP3 | Windows Media

សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​បើក​សវនាការ​ជំនុំជម្រះ​រឿងក្តី​លោក​ សម ​រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​ ពី​បទ​ក្លែង​ផែនទី​ ព្រម​ទាំង​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្ទុយ​ពី​ការណ៍​ពិត។

លោក​ សម ​រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង (រូបថត៖ វីអូអេ ខ្មែរ)

លោក សម រង្ស៊ី មេដឹកនាំ គណបក្ស ប្រឆាំង (រូបថត៖ វីអូអេ ខ្មែរ)

សវនាការ​ត្រូវ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​ដោយ​គ្មាន​វត្តមាន​លោក​ សម​ រង្ស៊ី​ និង​មេធាវី​ការពារក្តី​ទេ។​ ក៏ប៉ុន្តែ​គណៈមេធាវី​កម្ពុជា​បាន​តែងតាំង​លោក​រាជ ​ហុកសេង ​ឲ្យ​មក​ការពារក្តី​នេះ។​ លោក ឈុន ​លាងម៉េង​ ប្រធាន​ចៅក្រម​ជំនុំជម្រះ​ បាន​ប្រកាស​ថា​ ដោយ​យោង​តាម​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ថ្មី​ លោក​ សម ​រង្ស៊ី ​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ប្រាំពីរ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៣​លាន​រៀល ប៉ុន្តែ​បាន​រក្សាទុក​សំណង​ខូចខាត​ចំនួន៦០​លាន​រៀល​ឲ្យ​នៅ​ដដែល។

លោក​ រាជ​ ហុកសេង​ មេធាវី​ការពារក្តី​ឲ្យ​លោក​ សម​ រង្ស៊ី ​ដែល​បាន​តែង​តាំង​ពី​គណៈមេធាវី​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ។

លោក ​គី តិច ​មេធាវី​ការពារ​ក្តី​រដ្ឋាភិបាល​បាន​និយាយ​ថា​ សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ អាច​ទទួល​យក​បាន​ ហើយ​បាន​ផ្តល់​យុត្តិធម៌​ដល់​រដ្ឋាភិបាល។

«ព្រោះ​ការ​សម្រេច​នេះ ​ខ្ញុំ​យល់​ថា​ សាសា​ឧទ្ធរណ៍​បាន​សម្រេច​ត្រឹមត្រូវ​ផ្អែក​ទៅ​លើ​ច្បាប់​សុទ្ធសាធ​តែ​ម្តង។ ​ហើយ​ខ្ញុំ​ជឿជាក់​ថា​ រដ្ឋាភិបាល​អាច​នឹង​ទទួល​យក​បាន»។

លោក​ យឹម ​សុវណ្ណ ​អ្នក​តំណាងរាស្រ្ត​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សម រង្ស៊ី បាន​និយាយ​ថា​ លោក​មិន​យល់​ចំពោះ​តុលាការ​កម្ពុជា​ថា​តើ​តុលាការ​បាន​ផ្អែក​ទៅ​លើ​ច្បាប់​អ្វី​យក​មក​កាត់ទោស​អ្នក​ស្នេហា​ជាតិ​ដូច​ជា​លោក​ សម ​រង្ស៊ី។

លោក ​យឹម ​សុវណ្ណ​ បាន​បញ្ជាក់​ថា​ គណបក្ស​សម ​រង្ស៊ី ​មិន​ចាប់​អារម្មណ៍​ចំពោះ​សវនការ​នេះ​ទេ​ ហើយ​យើង​ ក៏​គ្មាន​បំណង​ដាក់​ពាក្យ​ទៅ​តុលាការ​កំពូល​ ដើម្បី​ប្រឆាំង​ជំទាស់​ទៅ​នឹង​សាលក្រម​នោះ​ទេ។

«យើង​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សាលក្រម​តុលាការ​ហ្នឹង​ប៉ុន្មាន​ទេ។ ឥឡូវ ​យើង​ប្រមូល​ផ្តុំ​ពេលវេលា​របស់​យើង​គិត​ទៅ​លើ​ការ​ដោះស្រាយ​នយោបាយ។​ យើង​ប្រើប្រាស់​មធ្យោបាយ​យើង​មាន​តាម​រយៈ​ការទូត​ តាម​រយៈ​មធ្យោបាយ​ផ្សេងៗ​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​ ឲ្យ​ទាល់​តែ​រួចរាល់។ យ៉ាងហោច​ណាស់​ក៏​មាន​ការ​បោះឆ្នោត​ខាង​មុន​នេះ»។

តុលាការ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា ​ឆ្នាំ​២០១០​ បាន​កាត់ទោស​កំបាំង​មុខ​លោក ​សម​ រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ដប់​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​៥​លាន​រៀល​ពី​បទ​ក្លែង​ផែនទី ​នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។​ ក៏ប៉ុន្តែ​ទោស​កំហុស​របស់​លោក ​សម​ រង្ស៊ី​ បាន​បន្ថយ​ទោស​ពី​១០​ឆ្នាំ​មក​នៅ​ត្រឹម​ប្រាំពីរ​ឆ្នាំ​វិញ។​ ចំណែក​ឯ​ការ​ពិន័យ​ជា​ប្រាក់​បាន​បន្ថយ​ពី​ប្រាំ​លាន​រៀល ​មក​នៅ​ត្រឹម​បី​លាន​រៀល​វិញ​ទៅ​តាម​ច្បាប់​ក្រមព្រហ្មទណ្ឌ​ថ្មី។

កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​មករា​ ឆ្នាំ​២០០៩​ លោក​សម​ រង្ស៊ី ​ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៦៥​លាន​រៀល​ ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥​ នៅ​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយរៀង​ តាម​ព្រំដែន​កម្ពុជា​ និង​វៀតណាម​នឹង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ជាតិសាសន៍៕

បណ្តាញទាក់ទងគ្នា
តុលាការ​កោះហៅ​គណបក្ស​សម​ រង្ស៊ី​​ពី​រឿង​របាយការណ៍​ហិរញ្ញវត្ថុ.

លោក​ ហ៊ុន សែន ​តាំងចិត្ត​ខ្ពស់​​ដោះស្រាយ​ជម្លោះ​រវាងខ្មែរ​និងខ្មែរ.

ក្រុមអ្នកវិភាគ​និយាយថា​គណបក្ស​កាន់អំណាច​វាយប្រហារ​លើ​គណបក្ស​ប្រឆាំង​មុនការ​បោះឆ្នោត​ឆ្នាំ​២០១២.