បណ្ណសារ | ខែកញ្ញា 19, 2011

មន្ទីរពេទ្យ​ខេត្ត​សៀមរាប ចែក​ថ្នាំ​ដល់​ប្រជាពលរដ្ឋ​ជាង ២​ម៉ឺនា​ក់ នៅក្រោយ​ទឹកជំនន់​

ដោយ : បាយ័ន
ថ្ងៃទី 19 កញ្ញា 2011
CEN

ក្រុង-ខេត្តសៀមរាប: មន្ទីរពេទ្យ​ខេត្ត​សៀមរាប ក្រោម​វត្តមាន​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​យក​ថ្នាំ ក្លរ​រ៉ា​មីន​ចំនួន ១៥.០០០ គ្រាប់ ចែកជូន​ប្រជាពលរដ្ឋ ២៣.៧៣០ នាក់ ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១១ ។ ការចែក​ថ្នាំ​នេះ គឺ​ពុំ​បាន​គិត​លុយ​កាក់ ពី​ប្រជាពលរដ្ឋ​នោះទេ ហើយ​ថ្នាំ​ក្លរ​រ៉ា​មីន សម្រាប់​ដាក់​ក្នុង​ទឹក ដើម្បី​សម្លាប់​មេរោគ​ឆ្លង​។​
 
​លោក ក្រុស សារ៉ាត់ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បានឱ្យដឹងថា ដោយសារ​តែ​ជំនន់​ទឹកភ្លៀង លេចលង់​ក្រុង​សៀមរាប ហើយ​ក្នុង​សង្កាត់​គោកចក មានទឹក​ដក់​ត្រាំ​យូរ​ជាង​គេ មេរោគ​នឹង​អាច​បង្ករ​ការឆ្លង​ដល់​ប្រជាពលរដ្ឋ​។ ដូច្នេះហើយ​ទើប​មន្ទីរ​ស្នើសុំ​ទៅ​ក្រសួង ដើម្បី​យក​ថ្នាំ​ចែកជូន​ពួកគាត់​។

​លោក ក្រុស សារ៉ាត់ បន្តថា ថ្នាំ​ក្លរ​រ៉ា​មីន ១៥.០០០ គ្រាប់ គឺ​ចែកជូន​ប្រជាពលរដ្ឋ ២៣.៧៣០ នាក់ សម្រាប់​តែ​សង្កាត់ គោកចក តែប៉ុណ្ណោះ​។ ក្នុង​មួយ​នាក់ៗ ទទួលបាន ១០០ គ្រាប់ ហើយ​ក្នុង​មួយ​គ្រាប់ គឺ​អាច​ដាក់​ក្នុង​ទឹក​ចំនួន ២០​លីត្រ​។ ថ្នាំ​ទាំង​នេះ គឺ​ជួយ​ការពារ​ជំងឺឆ្លង​ផ្សេងៗ ដល់​ពួកគាត់​។

​ដោយឡែក លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល មានប្រសាសន៍ថា ក្នុងនាម​សុខាភិបាល ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​។ ម្យ៉ាងវិញទៀត ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ទឹកជំនន់​បាន​ដក់​ត្រាំ​យូរ​ជាង​គេ ហើយ​មេរោគ​ឆ្លង​នឹង​អាច​រាតត្បាត​ដល់​ប្រជាពលរដ្ឋ​។ ដូច្នេះហើយ​ទើប​ក្រសួង​យក​ថ្នាំ​ទាំង​នេះ ចែកជូន​ដល់​ពួកគាត់ សម្រាប់​ដាក់ ក្នុង​ទឹក​សម្លាប់​មេរោគ មុន​ពេល​យក​ទឹក​នោះ ទៅ​ប្រើប្រាស់​៕

ប្រមុខ​ការទូត​កម្ពុជា ចូលរួម​មហាសន្និបាត UN ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​៣០​កញ្ញា

ដោយ : CEN
ថ្ងៃទី 19 កញ្ញា 2011

លោកប្រមុខការទូត ហោ ណាំហុង នឹងអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១១៕ (រូបថត៖ ឯកសារ)

លោកប្រមុខការទូត ហោ ណាំហុង នឹងអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១១៕ (រូបថត៖ ឯកសារ)

ភ្នំពេញ: លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ទូទៅ នៃ​សម័យប្រជុំ​លើក​ទី​៦៦ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១១ ​។ នេះ​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​ ។​

​សេចក្តី​ជូន​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១៩ ​កញ្ញា ឆ្នាំ​២០១១ បង្ហាញថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ថ្លែង​សុន្ទរកថា ក្នុង​កិច្ចពិភាក្សា​ទូទៅ នៃ​សម័យប្រជុំ​លើក​ទី​៦៦ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ទី​២៦ ​កញ្ញា ឆ្នាំ​២០១១​ ។​

​ក្រសួងការបរទេស​កម្ពុជា ក៏​បាន​បញ្ជាក់ថា ទន្ទឹមនឹងនេះ លោក​ប្រមុខ​ការទូត​កម្ពុជា ហោ ណាំហុង នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក្រៅផ្លូវការ​, កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​, កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ជាមួយ​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​, កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជាមួយ​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្រ​ពែ​ក្ស និង​កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ីអាគ្នេយ៍ គ្មាន​អាវុធ​នុយក្លេអ៊ែរ​ ។​

​ក្នុង​សេចក្តី​ជូន​ព័ត៌មាន ក៏បាន​លើកឡើង​ថា នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ លោក​ប្រមុខ​ការទូត​ ហោ​ ណាំហុង ក៏​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​មួយចំនួន និង​លោក​បណ្ឌិត បា​ប៊ូ​រាម បា​តា​រ៉ៃ ( Dr. Baburam Bhattarai ) នាយករដ្ឋមន្ត្រី នេ​ប៉ាល់​ ៕​