កងទ័ព​កម្ពុជា​កងវរសេនាតូច​លេខ​៤០៨ បាន​កែសំរួល ដក​ចេញពី​ខាងលិច​ប្រាសាទព្រះវិហារ​

ដោយ : ច័ន្ទ ពន្លឹក
ថ្ងៃទី 5 កញ្ញា 2011
CEN

ប្រាសាទព្រះវិហារ​: ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១១ កងទ័ព​កម្ពុជា នៅ​កងវរសេនាតូច​លេខ​៤០៨ របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តសៀមរាប ត្រូវបាន​កែសំរួល ដក​ចេញពី​ខ្សែ​ព្រំដែន​កម្ពុជា​-​ថៃ ចំណុច​ចំបក់​កោង និង​ព្រលាន​ដូន​ពោធិ ខាងលិច​ប្រាសាទព្រះវិហារ ចម្ងាយ​ប្រមាណ ៣២ គ​.​ម​។​

​ពិធី​នោះ បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង​នាយសេនាធិការ​ចម្រុះ គណៈបញ្ជាការ​ឯកភាព​សមរភូមិ​មុខ​ព្រំដែន​កម្ពុជា​-​ថៃ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា អគ្គ​មេបញ្ជាការរង និង​ជា​ប្រធាន​គណៈបញ្ជាការ​សមរភូមិ​មុខ​ទិស​យោធភូមិភាគ​ទី​៤ និង​មានការ​ចូលរួម​ជូន​ដំណើរ​ពី​លោក​ឧកញ៉ា សៀង ណាំ សមាជិកសភា​មណ្ឌល​សៀមរាប ព្រមទាំង​អាជីវករ​ខេត្តសៀមរាប ជាច្រើនរូប​ផងដែរ​។​

​ក្នុង​សេចក្ដីរាយការណ៍​របស់​ឧត្ដមសេនីយ៍ត្រី ឃឹម ប៊ុន​សុង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប​បានឱ្យដឹងថា ក្នុង​រយៈពេល​ដែល​កង​ទ័ព​របស់ខ្លួន បានមក​ប្រចាំការ​នៅទីនេះ បាន​បំពេញ​តួនាទី​យ៉ាង​ហ្មត់ចត់​ត្រឹមត្រូវ តាម​ការកំណត់​គណៈបញ្ជាកា​រ​ឯកភាព​សមរភូមិ​ក្នុង​ភារកិច្ច​ជា​កម្លាំង​ត្រៀមប្រយុទ្ធ ក៏ដូចជា ការពង្រឹង​ប្រព័ន្ធ​ការពារ​ទីតាំង​ឈរជើង​បាន​យ៉ាងរឹងមាំ ជួយ​ដល់​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ឧ​ត្ត​រ​មានជ័យ ការពារ​តំបន់​ចំបក់​កោង​និង​ព្រលាន​ដូន​ពោធិ ជា​ស្លាប​យ៉ាងរឹងមាំ​ការពារ​តំបន់​ប្រាសាទព្រះវិហារ​។

​លោក​មេបញ្ជាការ​បាន​ប្តេជ្ញាចិត្ត​ដាច់ខាត គោរព​នូវ​បទបញ្ជា​របស់​គណៈបញ្ជាកា​រ​សមរភូមិ​មុខ ដោយ​សន្យាថា នឹង​អនុវត្ត​បទបញ្ជា​ទាន់ពេលវេលា​ក្នុង​គ្រប់​កាលៈទេសៈ ដែល​ប្រទេសជាតិ​ត្រូវការ ។​

​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​នាយទាហាន​ពលទាហាន​នាឱកាស​នោះ លោកនាយ​ឧត្ដមសេនីយ៍ គន់ គីម បាន​នាំ​ការសួរសុខទុក្ខ​ប្រកបដោយ​សេចក្ដី​នឹករលឹក​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូន​ចំពោះ​នាយទាហាន ពលទាហាន​ទាំងអស់​របស់​វរ​សេនា​តូច​៤០៨ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប ដែល​បាន​អនុវត្ដ​ក្នុងពេល​បំពេញភារកិច្ច​បាន​យ៉ាង​ល្អ ព្រមទាំង​ការគោរព​បទបញ្ជា​រប​ស់​ប្រមុខ​រដ្ឋាភិបាល បាន​យ៉ាង​ម៉ឺងម៉ាត់​ដែល​ប្រការនេះ​បាន​បន្សល់ទុក​នូវ​គំរូ​ដ៏​ល្អ​។

​លោកនាយ​ឧត្ដមសេនីយ៍ បាន​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ ពេល​វិលត្រឡប់​ទៅ​អង្គភាព​ដើម​វិញ ត្រូវយក​ចិ​ត្ដ​ទុកដាក់​ដល់​ការហ្វឹកហ្វឺន​រៀនសូត្រ ដើម្បី​បង្កើន​ចំណេះដឹង​ឱ្យមាន​សមត្ថភាព​ពេញលេញ​ព្រមទាំង​ការងារ​ជួយ​បង្កបង្កើត​ផល​ដល់​ក្រុមគ្រួសារ​របស់ខ្លួន សំដៅ​បង្កើន​ជីវភាព​ប្រចាំថ្ងៃ​ឱ្យ​កាន់តែ​ប្រសើរឡើង ពិសេស​មេបញ្ជាការ​ត្រូវ​រៀបចំ​ឲ្យ​កងទ័ព​ទាំងនេះ បាន​ចូល​ពិនិត្យ​សុខភាព​គ្រប់ៗ​គ្នា សំខាន់​ជំងឺគ្រុនចាញ់ ដើម្បី​ពិនិត្យ​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា ។​

​ចំណែក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា ក៏បាន​លើកឡើងថា នេះ​ជាការ​កែសំរួល​កងទ័ព​កម្ពុជា លើក​ទី​៧​ហើយ ទៅកាន់​ទីតាំង​អង្គភាព​ដើម​វិញ គឺ​មួយ​កងវរសេនាធំ​រប​ស់​យោធភូមិភាគ​ទី​១ ពី​មុំ​បី ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១១, មួយ​កងវរសេនាតូច​របស់​សឹក​រង​កំពង់​ធំ​ពី​ជាំ​តែ​ថ្ងៃទី​៨​សីហា​, មួយ​កងពលតូច​លេខ​២១ របស់​យោធភូមិភាគ​២ កាលពី​ថ្ងៃទី​១៥​សីហា​, មួយ​កងពលតូច​អន្តរាគមន៍​លេខ​៩ កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១១, កែសំរួល​ដក​កងពល​តូច​៤១ ទិស​ប្រាសាទ​តា​ក្របី​កាលពី​ថ្ងៃទី​១៨ ខែសីហា និង​មួយ​កងពលតូច អន្តរាគមន៍​លេខ​៥ ពី​ទិស​ប្រាសាទ​តា​មាន់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១១ ទៅកាន់​អង្គភាព​ដើម​វិញ​។

​ការកែសម្រួល ដក​កងទ័ព​ទាំងនោះ ជាការ​ខិតខំ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ធ្វើ​ឲ្យ​ព្រំដែន​មាន​សន្តិភាព មាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ផលប្រយោជន៍​ប្រជាជន រស់​នៅតាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ បានរស់នៅ​ក្នុង​សន្តិភាព និង​សុខដុម​រម្យ​នា​។ នេះ​បើតាម​ការបញ្ជា​ក់លោក​ឧ​ត្ត​ម​សេនីយ៍​។​

​ក្នុងឱកាស​នោះដែរ​កងឯកភាព​វរ​សេនា​តូច​៤០៨ ទទួលបាន​នូវ​កិត្តិយស​ដោយ​ព្រះមហាក្សត្រ និង រាជរដ្ឋាភិបាល​ផ្តល់​មេដាយ​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បំពាក់​ជូន​ជាការ​លើកទឹកចិត្ត ក្នុង​ភារកិច្ច​ការពារជាតិ​អនុវត្ត​សិទ្ធ​ស្វ័យការពារ​ទឹកដី​បាន​រឹងមាំ​ក្នុង​រយៈពេល​កន្លងមក​។​

​ក្នុង​ការជូន​ដំណើរ​កងទ័ព​វិលត្រឡប់​ទៅកាន់​អង្គភាព​ដើម​វិញ ក្នុងឱកាស​នោះ លោកអ្នកឧកញ៉ា​សៀង ណាំ សមាជិកសភា​មណ្ឌល​សៀមរាប និង​ដោយមាន​ការចូលរួម​ពី​ក្រុមអាជីវករ​ខេត្តសៀមរាប​មួយចំនួន​ផង បានផ្តល់​ជូន​នូវ​ថវិកា​ដោយផ្ទាល់​ជូន​ដល់ដៃ​កងទ័ព​ក្នុង​មួយ​នាក់ៗ ៥ ម៉ឺន​រៀល ទឹកបរិសុទ្ធ មី​យើង និង​ក្រមា ចែកជូន​ដល់​កងទ័ព​ក្នុងពេល​ធ្វើដំណើរ ដែល​បានធ្វើ​ឲ្យ​បងប្អូន​កងទ័ព មាន​ក្តីរំភើប​សប្បាយរីករាយ​គ្រប់ៗ​គ្នា​៕

Photo by CEN

Photo by CEN

Photo by CEN

Photo by CEN

Photo by CEN

Photo by CEN

———–

No comments yet... Be the first to leave a reply!

បញ្ចេញមតិ