បក្ស​សិទ្ធិ​មនុស្ស​ព្រមាន​ធ្វើ​បាតុកម្ម​បើ​ការ​ចាប់​ខ្លួន​សកម្មជន​នៅ​តែ​បន្ត

អង្គារ 06 កញ្ញា 2011
សិលាពល
ទស្សនាវដ្តីសារព័ត៌មានសេរី

បក្ស​សិទ្ធិ​មនុស្ស​ដែល​ជា​គណបក្ស​ប្រឆាំង​លំដាប់​ទី​ពីរ នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន ព្រមាន​ធ្វើ​បាតុកម្ម​បន្ទាប់​ពី​សកម្មជន​របស់​ខ្លួន​ពីរ​រូប​នៅ​ខេត្ត​កំពង់​ចាម​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ក្រោយ​មក​ត្រូវ​បាន​ចោទ​ប្រកាន់​​ដោយ​តុលាការ​ខេត្ត​នេះ ពី​បទ​ញុះញង់​និង​បង្ក​ឲ្យ​មាន​ការ​រើស​អើង​ពូជសាសន៍ ហើយ​បាន​ព្យាយាម​ចាប់​សកម្មជន​ម្នាក់​ទៀត ក្នុង​បទ​ដដែល​នេះ ។

លោក ប៉ុល ហំម អ្នកនាំពាក្យបក្សសិទ្ធិមនុស្ស

លោក ប៉ុល ហំម អ្នកនាំពាក្យបក្សសិទ្ធិមនុស្ស

លោក ប៉ុល ហំម អ្នក​នាំ​ពាក្យ​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា ” ខ្ញុំ​បាន​ទទួល​ដំណឹង​ថា តុលាការ​នេះ ក៏​មាន​គម្រោង​ចេញ​ដី​ការ​ចាប់​ខ្លួន​លោក សេង សៀងលី ដែល​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​នេះ ដែរ ។ ប្រសិន​បើ​សមាជិក​គណបក្ស​បន្ថែម​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នោះ គណបក្ស​សិទ្ធិមនុស្ស​ទំនង​ជា នឹង​ធ្វើ​បាតុកម្ម​តវ៉ា​តែ​ម្ដង។ គណបក្ស​សិទ្ធិ​មនុស្ស​នឹង​មិន​នៅ​ស្ងៀម​ទេ ” ។

លោក ផន ផា អាយុ ៦៦ឆ្នាំ និង​លោក ភូមិ យាន អាយុ ៧១ឆ្នាំ ដែល​អ្នក​ទាំង​ពីរ​ជា​សកម្មជន គណបក្ស​សិទ្ធិ​មនុស្ស​ប្រចាំ​ ឃុំ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ភូមិ ទន្លេ​បិទ ស្រុក ត្បូងឃ្មុំ ខណៈ​ដែល​ពួក​គេ​បាន​ចែក​សារ ដែល​ត្រូវ​បាន​អះអាង​ថា ជា​គោល​ការ​​របស់​គណបក្ស​ស្ដី​ពី​មហិច្ឆតា​ឈ្លាន​ពាន​ទឹក​ដី​ដោយ​យួន​ និង ការ​ធ្វើ​សម្បទាន​ដី​រយៈ​ពេល​៩៩​ឆ្នាំ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​បរទេស ។ គណបក្ស​សិទ្ធិ​មនុស្ស​នៅ​ពេល​នេះ កំពង់​ខ្នះខ្នែង​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​របស់​ខ្លួន​៕

No comments yet... Be the first to leave a reply!

បញ្ចេញមតិ