មតិ​វិភាគ​ជុំវិញ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន

ដោយ តាំង សារ៉ាដា
2011-09-13
​វិទ្យុ​អាស៊ីសេរី

ស្តាប់សំឡេង

ភាព​មន្ទិលសង្ស័យ​របស់​មហាជន​ទៅ​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ស្រប​ពេល​ដែល​គណបក្ស​កាន់​អំណាច​តែង​សម្រេច​ជ្រើសរើស​យក​រូប​លោក​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី។

២២-កក្កដា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ (RFA/Sok Serey)

២២-កក្កដា-២០១១៖ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង ក្នុង សន្និសីទ កាសែត នា វិមាន សន្តិភាព រាជធានី ភ្នំពេញ (RFA/Sok Serey)

ក្រុម​អ្នក​ឃ្លាំមើល​ខ្លះ​និយាយ​ថា ការ​សម្រេច​យក​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ គឺ​ដោយសារ​ក្រុម​មន្ត្រី​ក្នុង​ជួរ​បក្ស​ទាំង​នោះ​មិន​ហ៊ាន​តតាំង ឬ​ប្រឈម​ជាមួយ​លោក ហ៊ុន សែន។ ប៉ុន្តែ​ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​និយាយ​ថា លោក ហ៊ុន សែន ស័ក្ដិសម​ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ដោយសារ​លោក​មាន​បទពិសោធន៍​ខ្ពស់​ក្នុង​ការ​ដឹក​នាំ​ប្រទេស។

រយៈពេល​បួន​អាណត្តិ​មក​ហើយ ក្រោយ​ពី​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ក្រុម​អ្នក​ឃ្លាំមើល​មួយ​ចំនួន​នៅ​តែ​មាន​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​គណបក្ស​ប្រជាជន​មាន​តែ​លោក ហ៊ុន សែន តែ​ម្នាក់​ប៉ុណ្ណោះ តែង​ជាប់​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី?

អ្នក​វិភាគ​ខ្លះ​បក​ស្រាយ​ថា ដោយសារ​លោក ហ៊ុន សែន មាន​អំណាច​លើស​ពី​ស្ដេច​ផែនដី អម​ទៅ​ដោយ​កង​អង្គរក្ស​រាប់​ពាន់​នាក់ បំពាក់​សព្វាវុធ​គ្រប់​ធុន អង្រួន​គ្រប់​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ទាំង​ពី​រដ្ឋ​សភា ព្រឹទ្ធ​សភា ហៀរ​រហូត​ដល់​ប្រព័ន្ធ​តុលាការ រួម​ទាំង​ជួរ​បក្ស​របស់​ខ្លួន។

លោក ចិត្ត ជលសា ដែល​ជា​អ្នក​វិភាគ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ មាន​ប្រសាសន៍​ថា ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា តែង​ជ្រើសរើស​យក​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ដោយសារ​ក្រុម​មន្ត្រី​នៅ​ក្នុង​ជួរ​បក្ស​នេះ​ទាំង​អស់ មិន​ចង់​បែកបាក់ មិន​ចង់​បាត់បង់​មុខ​តំណែង និង​អំណាច ព្រមទាំង​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។

លោក​ជឿ​ថា មាន​បញ្ញវន្ត​ជា​ច្រើន​រូប​ដែល​មាន​គុណ​សម្បត្តិ​ពោ​ពេញ​ទៅ​ដោយ​ភាព​ឆ្លាតវៃ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា ដែល​អាច​ប្រជែង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​រង​នូវ​ការ​បំភិត​បំភ័យ។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ដើម្បី​ពង្រឹង​រដ្ឋបាល​មួយ​ឲ្យ​ក្លាយ​ទៅ​ជា​រដ្ឋបាល​ទំនើប​បាន លុះ​ត្រា​តែ​មាន​អ្នក​ដឹក​នាំ​ម្នាក់​មាន​សេចក្ដី​ក្លាហាន មាន​បទពិសោធន៍​គ្រប់គ្រាន់ ទាំង​កិច្ចការ​កងទ័ព សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សង្គមកិច្ច​ជាដើម។

លោក ផៃ ស៊ីផាន បន្ត​ថា លោក ហ៊ុន សែន គឺ​ជា​មេដឹកនាំ​ដ៏​ចាំបាច់​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។

ដើម​កំណើត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា កើត​ចេញ​ពី​បក្ស​ប្រជាជន​បដិវត្តន៍ កម្ពុជា​ក្នុង​ទសវត្ស​ឆ្នាំ​១៩៥០ ជា​ដៃគូ​ជាមួយ​បក្ស​ពលករ​វៀតណាម និង​បក្ស​ប្រទេស​ឡាវ ក្នុង​កំឡុង​អាណានិគម​បារាំង។

បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ដូរ​ឈ្មោះ​ទៅ​ជា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មុន​ការ​បោះ​ឆ្នោត​សកល ឆ្នាំ​១៩៩៣។ គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាជិក​គណៈ​អចិន្ត្រៃយ៍​ចំនួន ៣៦​រូប ហើយ​សមាជិក​នៃ​គណៈកម្មាធិការ​កណ្ដាល​មាន​ចំនួន ៥០​រូប ដែល​មាន​លោក ជា ស៊ីម ប្រធាន លោក ហ៊ុន សែន ជា​អនុ​ប្រធាន និង​លោក ហេង សំរិន ជា​ប្រធាន​កិត្តិយស។

គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ​កំពុង​គ្រប់គ្រង​សំឡេង​ភាគ​ច្រើន​ក្នុង​រដ្ឋ​សភា​នៃ​អាណត្តិ​ទី​៤។ គណបក្ស​នេះ​មាន ៩០​អាសនៈ ក្នុង​ចំណោម​អាសនៈ​ចំនួន ១២៣ ក្នុង​រដ្ឋ​សភា ខណៈ​គណបក្ស សម រង្ស៊ី មាន ២៦​អាសនៈ គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ធ្លាប់​ឈ្នះ​ឆ្នោត​ឆ្នាំ​១៩៩៣ មាន ២​អាសនៈ គណបក្ស​សិទ្ធិ​មនុស្ស​មាន ៣​អាសនៈ ហើយ​គណបក្ស នរោត្តម រណឫទ្ធិ មាន ២​អាសនៈ។

កាល​ពី​ខែ​សីហា ឆ្នាំ​២០០៩ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ជា​សាធារណៈ​ថា លោក​នឹង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​រហូត​ដល់​២០២៣។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​វិភាគ​ឯករាជ្យ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ប្រសិន​បើ​គណបក្ស​កាន់​អំណាច​ធ្វើការ​ផ្លាស់ប្ដូរ​បេក្ខភាព​នាយករដ្ឋមន្ត្រី វា​អាច​នាំ​ឲ្យ​មាន​សង្គ្រាម​ផ្ទៃក្នុង​បក្ស។

លោក ទេព ងន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា គណបក្ស​របស់​លោក​មិន​មាន​បេក្ខភាព​ថ្មី​ណា​ក្រៅ​ពី​លោក ហ៊ុន សែន ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​នោះ​ឡើយ។

អនុ​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ដែល​ជា​អតីត​សមាជិក​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​យក​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ព្រោះ​លោក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​វៀតណាម អាច​និយាយ​ភាសា​វៀតណាម​បាន​ល្អ ព្រម​ទាំង​មាន​ការ​ជឿ​ទុក​ចិត្ត​ពី​វៀតណាម ថែម​ទៀត។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កើត​ក្នុង​ឆ្នាំ​១៩៥២។ នៅ​ឆ្នាំ​១៩៧០ លោក​បាន​ចូល​រួម​ជាមួយ​កងទ័ព​ខ្មែរ​ក្រហម បន្ទាប់​មក​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​១៩៧៧ និង​បង្ក​ជា​ចលនា​តស៊ូ​នៅ​ទី​នោះ ដើម្បី​ផ្ដួល​រំលំ​របប​ខ្មែរក្រហម។ នៅ​ដើម​ឆ្នាំ​១៩៧៩ ក្រោយ​បាន​ឈ្លានពាន និង​គ្រប់គ្រង​ប្រទេស​កម្ពុជា កងទ័ព​វៀតណាម បាន​លើក​បន្តុប​លោក ហ៊ុន សែន ជា​មេដឹកនាំ​មួយ​រូប និង​បាន​ឡើង​កាន់​អំណាច​ដឹកនាំ​ប្រទេស​នៅ​ឆ្នាំ​១៩៨៥។

រហូត​មក​ទល់​ពេល​នេះ លោក ហ៊ុន សែន បាន​កាន់​អំណាច​នៅ​កម្ពុជា អស់​រយៈពេល ២៦​ឆ្នាំ មក​ហើយ។ លោក​គឺ​ជា​មេដឹកនាំ​ដែល​កាន់​អំណាច​យូរ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ភូមា និង​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ។

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា គណបក្ស​ផ្ដាច់ការ និង​បក្ស​កុម្មុយនិស្ត​ក្នុង​ពិភពលោក​ភាគ​ច្រើន​ជ្រើសរើស​មេដឹកនាំ​ណា​ដែល​ខ្វះ​គុណធម៌ និង​ចិត្ត​ដាច់។ បើ​គិត​ត្រឹមតែ​ក្រោយ​ការ​បោះឆ្នោត​សកល​ឆ្នាំ​១៩៩៣ ក្រៅ​តែ​ពី​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​មុខ​ដដែលៗ​អស់​រយៈពេល​ជិត ២​ទសវត្ស​មក​នេះ គេ​ឃើញ​រដ្ឋមន្ត្រី​ នៃ​ក្រសួង​សំខាន់ៗ​ជា​ច្រើន​រូប​ទៀត ដែល​មាន​មុខ​ដដែល មិន​ផ្លាស់ប្ដូរ​ចេញ​សោះ ទោះ​ជា​ការ​ដឹកនាំ​របស់​ពួកគេ​មិន​ឃើញ​មាន​ការ​រីក​ចម្រើន​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​ប្រជាជាតិ​ក៏ដោយ។

អ្នក​សង្កេត​ស្ថានការណ៍​កម្ពុជា បន្ត​ថា ដរាប​ណា​មន្ត្រី​ធំៗ​ទាំង​នេះ​មាន​ស្វាមីភក្ដិ​ចំពោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ផ្ដល់​ផលប្រយោជន៍​ជូន​គណបក្ស​កាន់​អំណាច​នោះ វា​ជា​ការ​ស្រេច គឺ​គេ​អាច​រក្សា​មុខ​តំណែង​របស់​គេ​បាន​យូរ។

ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ដែល​កាន់​អំណាច​យូរ​ឆ្នាំ​ក្នុង​ពិភពលោក ដូចជា​នៅ​ប្រទេស​អេហ្សីប (Egypt) ទុយណេស៊ី (Tunisia) យេមែន (Yemen) និង​ប្រទេស​លីប៊ីយ៉ា (Libya) សុទ្ធ​តែ​ត្រូវ​បាន​កម្លាំង​មហា​ជន​ធ្វើការ​បះបោរ​ទម្លាក់ ដោយសារ​តែ​ពលរដ្ឋ​ទាំង​នោះ​មិន​អាច​ទ្រាំ​រស់​នៅ​ត​ទៅ​ទៀត​ក្នុង​វប្បធម៌​ផ្ដាច់ការ ប្រពៃណី​នៃ​អំពើ​ពុករលួយ បក្សពួក គ្រួសារ​និយម និង​ភាព​អយុត្តិធម៌​ដ៏​រ៉ាំ រៃ​នោះ៕

7 ចំលើយ to “មតិ​វិភាគ​ជុំវិញ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន”

  1. កុំភ័យអី ហ៊ុន សែន គាត់មិននៅធ្វើនាយករដ្ឋមន្រ្តីជាអមតៈនោះទេ ឥឡូវនេះ “ទំពាំង” ជាច្រើនកំពុងតែត្រូវបានបណ្ដុះឲ្យរីកលូតលាស់ស្នងពីឬស្សីចាស់ៗទាំងនេះ ហើយ “ទំពាំង” ទាំងនោះកំពុងលេចមុខជាបណ្ដើរៗ ហើយកំពុងព្យាយាមកសាងប្រជាប្រិយភាពទាំងក្នុងជួរយោធា និង ប្រជាជន ។ សូមបញ្ជាក់ថា បណ្ដា “អនាគត” មេដឹកនាំខ្មែរជំនាន់ក្រោយនេះ គឺជាក្រុមបញ្ញវ័ន្តដែលបញ្ចប់ការសិក្សាមកពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ជប៉ុន ចិន ហើយមានភាពប៉ិនប្រសប់ទាំងផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច វិទ្យាសាស្រ្តនយោបាយ ក៍ដូចជាយោធា ។ ខ្ញុំមិនបាច់បញ្ចេញឈ្មោះទេ ជឿថាអស់លោកវាគ្មិនទាំងអស់ ប្រាកដជាស្គាល់ហើយ ។ ស្ដាយណាស់ ខ្ញុំជាមនុស្សតូចទាបធម្មតា មិនបានមានឈ្មោះក្នុង “បញ្ជី” នឹងគេ 😦

  2. បេក្ខភាពនាយករដ្ឋមន្រ្តី នៅតែមនុស្សដដែល «ឆ្កឹង» យូរអង្វែងមិនសូវ ជាល្អមើល ទេ។ យូរៗទៅ ដូចជាតាលាន់មាត់ និងរស់ជាតិសាំញុំា មិនប្រែប្រួលទៅណា ប្រៀបដូចពាក់ អាវមិនដែលឃើញដោះ។ បងៗ អុំៗ ដែលខំរៀន ឡើងទំពែកក្បាល ក៏អត់មានពេលណា សាកល្បងចំណេះដឹងអ្វីទាំងអស់។ គណបក្សប្រជាជនក៏ដោ យចុះ ឲ្យតែមានអ្នកជំនួសថ្មី ប្រហែលជាគ្រាន់បើបន្តិច។

    ម្យ៉ាងវិញទៀត លោកចាស់ហើយ គួរណាកុំសូវប្រើមនុស្សចាស់ ទុកឲ្យលោកលំហែរ កាយសប្បាយចិត្ត លេងល្បែងកូនគោល ដែលអាចសាកសមបំផុត។

  3. I know whom you said. That is General Hun Manet. He is our future leader. He is well educated and polite.

  4. នាគរាជអើយ! វាសនាមើលមិនឃើញទេ ថ្ងៃនេះយើងតូចទាប តែថ្ងៃក្រោយយើង
    អាចរីកចម្រើនបានដូចគេ ដូចឯងដែរ។ សំខាន់យើងខិតខំប្រឹងពង្រឹងសមត្ថភាព
    របស់យើងឲ្យកាន់តែខ្លាំង ឱកាសគង់នឹងរត់រកមិនខាន។

    បើគេយល់ថាលោក ហ៊ុន សែន នៅតែអាចទទួលបានប្រជាប្រិយភាពពីប្រជាជន
    នោះគេប្រាកដជាគាំទ្របេក្ខភាពគាត់ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិក្រោយៗ
    មិនខាន។ មិនខុសពីបក្សប្រឆាំងដែលទើបធ្វើសមាជផ្តល់សិទ្ធិឲ្យលោកប្រធាន
    បានបន្តធ្វើជាប្រធានបក្សប្រឆាំង៣ឆ្នាំទៅមុខទៀតអីចឹងដែរ។ នេះជាផ្ទៃក្នុងគ្រួសារ
    បក្សនីមួយៗតែប៉ុន្នោះ! យើងទាំងអស់គ្នាចាំតែបំពេញកាតព្វកិច្ចក្នុងឆ្នាំ ២០១២ និង
    ថ្ងៃ ២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខទៅ ជាការស្រេច។

    ដល់ពេលនោះយើងនឹងឮកាន់តែច្រើនឡើងៗ ពាក្យស្លោកដែលគេស្រែកថា
    “ប្តូរចេញទៅបងប្អូន!!! ត្រូវធ្វើការផ្លាស់ប្តូរ!!! ខ្ញុំសូមអង្វរ….!! ។ល។” ហើយនិង
    ពាក្យ “…នាំមកនូវសន្តិភាព ….និងការអភិវឌ្ឍន៏ ។ល។”

  5. គេចង់និយាយថា បើយើងអួតអាងថាប្រទេសយើងប្រកាន់លឹទ្ធិប្រជាធឹបតេយ្យ វាលុះត្រាតែមានការ ផ្ដូរអំណាច ការក្រាញនៅកាន់អំណាចតែម្នាក់ឯង គេហៅថារបបផ្ដាច់ការ ព្រោះយើងប្រើអំពើហឹង្សា បង្ក្រាប បំភ័យ សម្លាប់ មិនឲ្យមានអ្នកណាហ៊ានប្រជែងយកដំណែង ដូច្នេះសូមលោកផៃ ស៊ីផាន កុំអួតថា មានតែហ៊ុន សែនទេដែលសក្ដិសមនឹងដំណែងនេះ តាមពិតផ្ទុយទៅវិញ គឺមកពីពួកអ្នក ឯងរាល់គ្នា ខ្លាចហ៊ុន សែនសម្លាប់ទៅវិញទេ ទើបបានជាសុខចិត្តសម្ងំនៅស្ងៀម ឲ្យហ៊ុន សែន ធ្វើផ្គរធ្វើភ្លៀងតែម្នាក់ឯងអស់មួយជីវិតយ៉ាងដូច្នេះ ។តែចាំមើលឲ្យតែដល់ពេលហ៊ុន សែនអស់ អំណាច នោះផៃ​ ស៊ីផាននឹងជេរហ៊ុន សែនថាក្បត់ជាតិ ថាពុករលួយជាងយើងទៅទៀត។

  6. វាមិនដែលអាណាអមតះទេនៅលើលោកនេះ‌‌។​កុំទៅបារម្ភច្រើនពេក។

  7. អ​្នក​ណា​េធ​្វី​​ធំ េធ​្វីទៅ ខ​្ញុំ​នៅ​​ែត​​ជា​​អ​្នក​ចំ​ការ​ដ​ែដល Who Cares!!!

បញ្ចេញមតិ