កម្ពុជា៖ ធម្មនុញ្ញ​អាស៊ាន​មិន​បាន​ហាម​ប្រមុខ​រដ្ឋាភិបាល​ណា​មួយ មិន​ឲ្យ​ទទួល​មិត្តភក្តិ​នោះ​ទេ

ដោយ លាង ដឺលុច
ថ្ងៃ ចន្ទ 19 កញ្ញា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ (01:24)

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​នៅថ្ងៃនេះ ទៅ​នឹង​អតីត​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក ​កាស៊ីត ភិរម្យ​ ដែល​និយាយ​ថា លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​ហ៊ុន សែន​ បាន​បំពាន​ធម្មនុញ្ញ​អាស៊ាន ប្រសិន​បើ​កម្ពុជា​មិន​ចាប់​បញ្ជូន​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់​ អោយ​រដ្ឋាភិបាល​ថៃ​នោះ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ឆ្លើយ​តប​ថា ធម្មនុញ្ញ​អាស៊ាន​មិន​បាន​ហាម​ប្រាម​មិន​អោយ​ប្រមុខ​រដ្ឋាភិបាល​ណាមួយ​មិន​អោយ​ទទួល​ស្វាគមន៍​មិត្តភក្តិ​របស់ខ្លួន​នោះ​ដែរ។

នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន ​បំពាក់​មេដាយ​ដល់​លោក ថាក់ស៊ីន និង​លោក​ Noppadon Pattama អតីត​រដ្ឋមន្រ្តី​ការបរទេស​ថៃ (ស្តាំ)

នាយក រដ្ឋមន្រ្តី ហ៊ុន សែន បំពាក់ មេដាយ ដល់ លោក ថាក់ស៊ីន និង លោក Noppadon Pattama អតីត រដ្ឋមន្រ្តី ការបរទេស ថៃ (ស្តាំ)

សង្គ្រាម​ពាក្យ​សម្តី​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ថៃ​នៅ​តែ​បន្ត ពិសេស​ជុំវិញ​ករណី​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីត​នាយករដ្ឋមន្ត្រី​ថៃ។ តាំង​ពី​នៅ​កាន់​តំណែង​ជា​ប្រមុខ​ការទូត​ថៃ ដែល​ធ្វើ​អោយ​មេដឹកនាំ​កម្ពុជា​វិលមុខ​ញឹកញាប់​ ឥឡូវនេះ​ក្លាយ​ជា​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ថៃ លោក​កាស៊ីត ភិរម្យ​នៅ​តែ​ទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជា​ចាប់​បញ្ជូន​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា ទៅ​អោយ​អាជ្ញាធរ​ថៃ​ដាច់ខាត។ កាសែត​ថៃ​បាន​ដកស្រង់​សម្តី​របស់​លោក​កាស៊ីត ភិរម្យ​ដែល​អត្ថាធិប្បាយ​ថា លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន​បាន​ធ្វើខុស​នឹង​ធម្មនុញ្ញ​អាស៊ាន​ និង​ថា​កំពុង​ជ្រៀតជ្រែក​ការងារ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ថៃ នៅពេល​ដែល​លោក​មិន​បាន​បញ្ជា​អោយ​មាន​ការ​ចាប់​ខ្លួន​លោក​ថាក់ស៊ីន​អោយ​ទៅ​ប្រទេស​ថៃ។

ចំពោះ​លោក​កុយ គួង​អ្នក​នាំពាក្យ​ក្រសួងការបរទេស​កម្ពុជា កម្ពុជា​គឺ​ជា​រដ្ឋ​ឯករាជ្យ​ដែល​ចង់​ទទួល​ប្រតិភូ​បរទេស​ណា​ក៏​បាន។ មន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ​ដដែល​បាន​ឆ្លើយ​តប​ទៅ​លោក​កាស៊ីត​ថា ធម្មនុញ្ញ​អាស៊ាន​មិន​បាន​ហាម​ប្រាម​មិន​អោយ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិក​អាស៊ាន​ណា​មួយ​ទទួល​ស្វាគមន៍​មិត្តភក្តិ​របស់​ខ្លួន​នោះ​ដែរ។ ហេតុអ្វី​បាន​ជា​នៅពេល​លោក​ថាក់ស៊ីន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ផ្សេង​ពី​កម្ពុជា លោក​កាស៊ីត​មិន​បាន​ស្រែក​អោយ​រដ្ឋាភិបាល​ប្រទេស​នោះ​ចាប់ខ្លួន​លោកថាក់ស៊ីន? ហេតុអ្វី​លោក​កាស៊ីត​ចាប់​អារម្មណ៍​តែ​វត្តមាន​លោក​ថាក់ស៊ីន​នៅ​កម្ពុជា? នេះ​ជា​សំណួរ​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ខ្មែរ​ទៅ​អតីត​ប្រមុខ​ការទូត​ថៃ​ កាស៊ីត ភិរម្យ ៕

No comments yet... Be the first to leave a reply!

បញ្ចេញមតិ