លោក​ វ៉ាន់ ណាត​ មិន​អាច​រង់ចាំ​យុត្តិធម៌​​ពី​សំណុំរឿង​០០១​បាន​ទេ​

ដោយ ប៉ែន បូណា
ថ្ងៃ អាទិត្យ 04 កញ្ញា 2011
RFI

ស្តាប់សេចក្តីរាយការណ៍​របស់ ប៉ែន ​បូណា ពីភ្នំពេញ (02:22)

ស្ថានភាព​​សុខភាព​​របស់​​លោក ​​វ៉ាន់ ណាត​អតីត​​អ្នកទោស​​គុក​​ទួលស្លែង​​ក្នុង​​សម័យ​​ខ្មែរ​ក្រហម​ ​កំពុង​​ស្ថិត​​ក្នុង​​ក្តី​​អស់​​សង្ឃឹម។​ ​ភរិយា​​របស់​​លោក​ ​វ៉ាន់ ណាត​ ​អះអាង​​ថា ​​ស្វាមី​​របស់​​អ្នកស្រី​​កំពុង​​​ស្ថិត​​ក្នុង​​ដំណាក់​កាល​​ចុង​ក្រោយ​​បន្ទាប់​​ពី​​សន្លប់​​រយៈ​​ពេល​​១០​​ថ្ងៃ​​មិន​​ទាន់​​ដឹង​​ខ្លួន។​ ​ស្ថានភាព​​នេះ ​បាន​​ធ្វើ​​ឲ្យ​​គ្រួសារ​​លោក​ ​វ៉ាន់ ណាត​ ​មិន​​អស់​​ចិត្ត​​ ដ្បិត​​ជន​​រងគ្រោះ​​ក្នុង​​គុក​​ទួល​ស្លែង​​រូប​នេះ​​ មិន​​ទាន់​​បាន​​ទទួល​​យុត្តិធម៌​​នៅ​​ឡើយ។​ ​សាលាក្តី​​ខ្មែរ​ក្រហម​​​គ្រោង​​ប្រកាស​​សាល​ដីកា​​ស្ថាពរ​​របស់​​អង្គ​ជំនុំ​ជម្រះ​​តុលាការ​​កំពូល​​ស្តីពី​​ករណី​​ឌុច​​នៅ​​ដំណាច់​​ឆ្នាំ​​២០១១​​នេះ។

ស្ថាន​ភាព​សុខភាព​លោក​​ វ៉ាន់​ ណាត ​អតីត​​អ្នក​ទោស​​គុគ​ទួលស្លែង​​ក្នុង​សម័យ​​ខ្មែរក្រហម​​កំពុង​ស្ថិត​ក្នុង​ក្តី​អស់សង្ឃឹម​។ (RFI/Chheang Bopha)

ស្ថាន ភាព សុខភាព លោក វ៉ាន់ ណាត អតីត អ្នក ទោស គុគ ទួលស្លែង ក្នុង សម័យ ខ្មែរក្រហម កំពុង ស្ថិត ក្នុង ក្តី អស់សង្ឃឹម ។ (RFI/Chheang Bopha)

លោក ​​វ៉ាន់ ណាត​​ ទំនង​ជា​​មិន​​អាច​​រង់ចាំ​​ទទួល​​យុត្តិធម៌​​ពី​​សលាក្តី​​ខ្មែរក្រហម​​បាន​​ទេ​ ​នេះ​​បើ​យោង​​តាម​​អ្នកស្រី ​​គិត​ អេង​​ ភរិយា​​លោក​​វ៉ាន់ ណាត​​ ដែល​​បាន​​ប្រាប់​​វិទ្យុ​​បារាំង​​អន្តរជាតិ​​នៅ​​ថ្ងៃ​​អាទិត្យ​​នេះ​។​ ​អ្នកស្រី​ ​មាន​​ប្រសាសន៍​​ដោយ​​អស់​​សង្ឃឹម​​ថា​​ ស្វាមី​​របស់​​គាត់​​កំពុង​​ស្ថិត​​ក្នុង​​ដំណាក់​កាល​​ចុង​ក្រោយ​​ហើយ។

លោក ​វ៉ាន់ ណាត ​​អតីត​​អ្នក​ទោស​​គុក​​ទួលស្លែង​ ​អាយុ​ ​៦៦​ ​ឆ្នាំ​ ​បាន​​ធ្លាក់​​ខ្លួន​​ឈឺ​​ជា​​ទម្ងន់​​កាល​ពី​​យប់​​ថ្ងៃ​​ទី​​២៦​​សីហា ​​ហើយ​​ត្រូវ​​បាន​​ក្រុម​​គ្រួសារ​​ដឹក​​​បញ្ជូន​​ទៅ​​សង្គ្រោះ​​បន្ទាន់​​នៅ​​មន្ទីរ​​ពេទ្យ​​ឯកជន​​​មួយ​​កន្លែង​​ក្នុង​​ទីក្រុង​​ភ្នំពេញ​​ក្នុង​អាការៈ​សន្លប់​​បាត់​​ស្មារតី។​ ​ការ​​ទទួល​​រង​​ទារុណកម្ម​​ធ្ងន់ធ្ងរ​​កាល​ពី​​ក្នុង​​សម័យ​​ខ្មែរក្រហម ​បាន​​ធ្វើ​​ឲ្យ​​លោក ​​វ៉ាន់ ណាត​ ​មាន​​សុខភាព​​ទ្រុឌទ្រោម​​យ៉ាង​​ខ្លាំង​ ​គឺ​​ទ្រុឌទ្រោម​​ជាង​​អតីត​​មេ​ដឹកនាំ​​ខ្មែរ​​ក្រហម​​ដែល​​មាន​​វ័យ​​ចាស់​​ជាង​​គាត់​។​

ក្នុង​​រយៈ​​ពេល​​សម្រាក​​ព្យាបាល​​ជំងឺ​​នេះ​​ គ្រួសារ​​របស់​​លោក​​ត្រូវ​​ចំណាយ​​ប្រាក់​​​ជា​​មធ្យម​​ពី​​៣០០​​ទៅ​​៤០០​​ដុល្លារ​​ក្នុង​​មួយ​​​ថ្ងៃ។​ ​បើ​​យោង​​តាម​​អ្នកស្រី​ ​គិត អេង​ ​នៅ​​​ពេល​​មាន​​ការ​​វះកាត់​​ គាត់​​ត្រូវ​​ចំណាយ​​ដល់​​ទៅ​​ជិត ​១០០០​​ដុល្លារ​​ក្នុង​​មួយ​​ថ្ងៃ។​ ​អ្នកស្រី​ កំពុង​​អំពាវនាវ​​រក​​សប្បុរស​ជន​​ជួយ​​ឧបត្ថម្ភ​​គ្រួសារ​​គាត់។​ ​អភិបាល​​​រាជធានី​​​ភ្នំពេញ ​​លោក​​ កែប​ ជុតិមា ​​បាន​​ឧបត្ថម្ភ​​ថវិកា ​១០០០​ដុល្លារ​​ដល់​​គ្រួសារ​​លោក​ ​វ៉ាន់ ណាត។​ ​យ៉ាងណា​​ក៏​ដោយ​​ ប្រាក់​​នេះ​​នៅ​​មិន​​ទាន់​​គ្រប់​គ្រាន់​​ទេ។​

​លោក​​ ​វ៉ាន់ ណាត​​ គឺ​ជា​​សាក្សី​​រស់​​យ៉ាង​​សំខាន់​​កាលពី​​ក្នុង​​សវនាការ​​កាត់​ទោស​​ឌុច​​កន្លង​​ទៅ។​​លោក​​បាន​​បង្ហាញ​​ខ្លួន​​ចំពោះ​​មុខ​​អង្គ​​សវនាការ​​​​កាលពី​​ថ្ងៃ​​ទី​​២៩​ ​ខែ​​មិថុនា ​​ឆ្នាំ​​២០០៩​ ដើម្បី​ឆ្លើ​​យ​​បំភ្លឺ​​តុលាការ​​ក្នុង​​នាម​​ជា​​សាក្សី​​ទាក់ទង​​នឹង​​ឧក្រិដ្ឋកម្ម​ ​និង​​ការ​​កាប់​​សម្លាប់​​​នៅ​​គុក​​ទួលស្លែង​​ក្រោម​​ការ​​គ្រប់គ្រង​​របស់​​កាំង​ ហ្គេចអ៊ាវ​​ ហៅ​​ឌុច។

ឌុច​ ​ត្រូវ​​បាន​​តុលាការ​​ផ្តន្ទាទោស​​ឲ្យ​​ជាប់​​ពន្ធនាគារ​​ ៣៥​​​ឆ្នាំ ​​ប៉ុន្តែ​​ក្រោយ​​ការ​​ទូទាត់​ និង​​ការ​​បន្ធូរ​​បន្ថយ​​ខ្លះ ​​ទោស​​របស់​​ឌុច​​នៅ​​សល់​​តែ​​១៩​​ឆ្នាំ​​ទៀត​​ប៉ុណ្ណោះ។​ ​ទោស​​នេះ​ ត្រូវ​​បាន​​ជន​​រងគ្រោះ​​ប្តឹង​​ជំទាស់​​ទៅ​​អង្គ​​ជំនុំ​​ជម្រះ​​តុលាការ​​កំពូល។​ ​ប៉ុន្តែ​ ​រហូត​​មក​​ទល់​​ពេល​​នេះ​ សាល​ដីកា​​ស្ថាពរ​​នៅ​តែ​​មិន​​ទាន់​​ចេញ​​នៅ​​ឡើយ។​ ​ក្រោយ​ពី​​មាន​​ការ​​រិះគន់​​ពី​​ភាព​​យឺតយ៉ាវ​​ សាលាក្តី​​ខ្មែរក្រហម​​បាន​​ប្រកាស​​ឲ្យ​​ដឹង​​កាលពី​​ប៉ុន្មាន​​ថ្ងៃ​​មុន​​នេះ​​ថា​​ សាល​ដីកា​​ផ្តន្ទា​ទោស​​ឌុច​​នឹង​​ចេញ​​នៅ​​មុន​​ដំណាច់​​ឆ្នាំ​​២០១១​​នេះ។​ ​ប៉ុន្តែ​ ​លោក​ ​វ៉ាន់ ណាត​​ ទំនង​​ជា​​មិន​​អាច​​រង់ចាំ​​យុត្តិធម៌​​បាន​​ឡើយ៕

No comments yet... Be the first to leave a reply!

បញ្ចេញមតិ