អតីត​អ្នក​ទោស​គុក​ទួលស្លែង ​វ៉ាន់ ណាត ទទួលមរណភាព

ថ្ងៃច័ន្ទ, 05 ខែកញ្ញា 2011
ដោយ ហេង រស្មី
វីអូអេ ខ្មែរ | ភ្នំពេញ

ស្តាប់ព័ត៌មាន៖ រាយការណ៍ដោយ ហេង រស្មី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១១
MP3 | Windows Media

លោក វ៉ាន់ ​ណាត​ ដែល​ជា​អតីត​អ្នក​រស់​រាន​មាន​ជីវិត​នៃ​មន្ទីរ​ឃុំឃាំង​ទួល​ស្លែង​ និង​ជា​សាក្សី​ដ៏​សំខាន់​មួយ​រូប​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ច័ន្ទ​ ទី​៥ ខែ​ធ្នូ ឆ្នាំ ២០១១នេះ​ នៅ​ម៉ោង​ប្រមាណ​១២​ និង​៤៥​នាទី ​នៅ​គ្លីនិក​ឯកជន​មួយ​ ដោយសារ​ជំងឺគាំង​បេះដូង​ក្នុង​ជន្មាយុ​​៦៦​​ឆ្នាំ។

រូបគំនូរ​ដែល​គូរ​ដោយ​លោកវ៉ាន់ ណាត ​ដែល​ជា​អតីត​អ្នក​រស់​រាន​មាន​ជីវិត​នៃ​មន្ទីរ​ឃុំឃាំង​ទួល​ស្លែង​ និង​ជា​សាក្សី​ដ៏​សំខាន់​មួយ​រូប​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ ។ រូបគំនូរទាំងនេះ រៀបរាប់​អំពី​ការធ្វើ​ទារុណកម្ម​នៅ​ក្នុង​គុក​ទួលស្លែង​ក្នុង​របប​ខ្មែរ​ក្រហម។ (រូបថត៖ D. Schearf វីអូអេ)

រូបគំនូរ ដែល គូរ ដោយ លោកវ៉ាន់ ណាត ដែល ជា អតីត អ្នក រស់ រាន មាន ជីវិត នៃ មន្ទីរ ឃុំឃាំង ទួល ស្លែង និង ជា សាក្សី ដ៏ សំខាន់ មួយ រូប នៃ សាលាក្តី ខ្មែរ ក្រហម ។ រូបគំនូរទាំងនេះ រៀបរាប់ អំពី ការធ្វើ ទារុណកម្ម នៅ ក្នុង គុក ទួលស្លែង ក្នុង របប ខ្មែរ ក្រហម។ (រូបថត៖ D. Schearf វីអូអេ)

សាកសព​លោក​ វ៉ាន់​ ណាត ត្រូវ​បាន​ក្រុម​គ្រួសារ​ និង​ក្រុម​គ្រូពេទ្យ​ដឹក​តាម​រថយន្ត​ពេទ្យ​មួយ​ ដោយ​មាន​ការ​ហែហម​ដោយ​ក្រុម​គ្រួសារ​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​របស់​លោក​ដែល​មាន​ទី​តាំង​នៅ​ក្នុង​សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មករា​ ក្រុង​ភ្នំពេញ។

អ្នក​ស្រី​ គិត ​អេង​ បាន​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរភាសា​ថា​ អ្នក​ស្រី​មាន​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​ស្វាមី​អ្នក​ស្រី។

«ខ្ញុំ​មាន​ការ​សោកស្តាយ​រក​អ្វី​មក​ប្រៀប​មិន​បាន​ព្រោះ​មួយ​ជីវិត​មនុស្ស​ដែល​គាត់​ជា​មនុស្ស​សំខាន់​ក្នុង​ជីវិត​របស់​ខ្ញុំ»។

នៅ​ឯ​គ្លីនិក​ឯកជន​ ក្រុម​គ្រួសារ សាច់​ញាតិ​ និង​មន្ត្រី​អតីត​សាលាក្តី​ខ្មែរ​ក្រហម​បាន​មក​សួរសុខ​ទុក្ខ​លោក​វ៉ាន់​ ណាត ​ចុង​ក្រោយ​មុន​នឹង​សម្រេច​ដឹក​តាម​រថយន្ត​ចេញ​ទៅ​គេហដ្ឋាន។ ក្រុម​គ្រួសារ​របស់​លោក​វ៉ាន់​ ណាត បាន​ហាម​អ្នក​យក​ព័ត៌មាន​ផ្តិត​យក​រូបភាព​របស់​លោក​វ៉ាន់ ​ណាត​ នៅ​ពេល​ដែល​ដឹក​ជញ្ជូន​ចេញ​ពី​គ្លីនិច​ឯកជន​។

លោក​ស្រី ហេឡិន ចាវីស (Helen Jarvis) ​អតីត​មន្ត្រី​សាធារណៈ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ ដែល​តែង​តែ​មក​សួរ​លោក​វ៉ាន់​ ណាត​ មុន​ពេល​ដែល​លោក​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​រហូត​ដល់​បាត់​បង់​ជីវិត​បាន​និយាយ​ថា​ ការ​ស្លាប់​របស់​លោក​វ៉ាន់ ​ណាត ​គឺ​ជា​ការ​បាត់បង់​សាក្សី​ដ៏​សំខាន់​មួយ​រូប​សម្រាប់​សាលាក្តី​ខ្មែរ​ក្រហម។

«ខ្ញុំ​គិត​ថា វ៉ាន់​ ណាត ​មាន​តួ​នាទី​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ គាត់​ជា​ជាង​គំនូរ​ដ៏​ល្បី​ល្បាញ​ ហើយ​គាត់​ជា​សាក្សី​ពី​សម័យ​ដ៏​ងងឹត​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា។ យើង​សោក​ស្តាយ​ទាំង​អស់​គ្នា​នៅ​ទី​នេះ»។

លោក​ លន់​ ណារ៉ា ​អាយុ ​៤០​ឆ្នាំ ​កូន​ប្រសារ​របស់​លោក​វ៉ាន់​ ណាត ​បាន​និយាយ​ថា​ នៅ​ក្នុង​អំឡុង​ម៉ោង​១២​ថ្ងៃ​ត្រង់​ លោក​វ៉ាន់ ​ណាត​ចាប់​ផ្តើម​ធ្វើ​ទុក្ខ​យ៉ាង​ខ្លាំង​ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ខិត​ខំ​ជួយ​សង្គ្រោះ​ដែរ​ តែ​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​គាត់​ជា​លោក​ទី​ពីរ​បាន។

«ព្រោះ​ពេល​ហ្នឹង​ គាត់​អត់​មាន​និយាយ​អី។ គាត់​គិត​តែ​ព្យាយាម​ដូច​ថា​ ធ្វើ​អាម៉ាស្សា​បេះដូង​ឲ្យ​ឡើង​វិញ​ ហើយ​រយៈពេល​ដែល​ធ្វើ​ហ្នឹង​ គាត់​មាន​បញ្ហា​តាំង​ពី​ម៉ោង​ប្រហែល​១២:១៥នាទី​ គាត់​ចាប់​ផ្តើម​មាន​បញ្ហា​ ហើយ​ធ្វើ​ទុក្ខ​ខ្លាំង​ ធ្វើ​ម៉ាស្សា​ទៅ​វា​ឥត​មាន​ឡើង»។

លោក​ វ៉ាន់ ​ណាត ​បាន​ចូល​សម្រាក​នៅ​ក្នុង​គ្លីនិក​​ឯកជន​មួយ​ ដែល​មាន​ឈ្មោះ​ថា​មជ្ឈមណ្ឌល​លាង​ឈាម​ឡាសង់តេ​ កាល​ពី​ថ្ងៃ​ទី​២៦ ​សីហា ​កន្លង​ទៅ​នេះ​ ដោយសារ​តែ​មាន​ជំងឺគាំង​បេះដូង។​ ក៏ប៉ុន្តែ​ បន្ទាប់​ពី​បាន​សម្រាក​ព្យាបាល​ចំនួន​១១​ថ្ងៃ​ លោក​បាន​ទទួល​មរណភាពទៅ។

លោក​ ហ៊ុយ​ វណ្ណៈ ​មន្ត្រី​ទំនាក់​ទំនង​កិច្ចការ​សាធារណៈ​ របស់​សាលាក្តី​ខ្មែរ​ក្រហម​ បាន​មាន​ប្រសាសន៍​ថា​ លោក​មាន​ការ​សោកស្តាយ​ចំពោះ​ការ​បាត់​បង់​ជីវិត​របស់​លោក​វ៉ាន់ ​ណាត ​ដែល​លោក​មិន​បាន​ស្តាប់​សាលក្រម​ជា​ស្ថាពរ​របស់​កាំង​ ហ្កេកអ៊ាវ​ ហៅ​ឌុច។​ លោក​ហ៊ុយ​ វណ្ណៈ​ បាន​បញ្ជាក់​ថា​ សាលាក្តី​ខ្មែរ​ក្រហម​គ្រោង​នឹង​ប្រកាស​សាលក្រម​នៃ​សំណុំរឿង​០០១​ ជា​ស្ថាពរ​ នៅ​ចុង​ឆ្នាំ​២០១១​ នេះ។

«ព្រហ្មលិខិត​ដែល​មិន​បាន​ឲ្យ​គាត់​រស់រាន​មាន​ជីវិត​ និង​ទទួល​បាន​​យុត្តិធម៌​គាត់​បាន​ប្រឹងប្រែង​តាំង​ពី​ដើម​មក​ ហើយ​តុលាការ​ក៏​កំពុង​ធ្វើ​ការ​ញាប់​ដៃ​ញាប់​ជើង​ ហើយ​គ្រោង​ប្រកាស​សាលដីកា​ស្ថាពរ​នៅ​ក្នុង​សំណុំរឿង​០០១​ ដែល​ប្រឆាំង​លោក​កាំង ​ហ្កេកអ៊ាវ​​ហៅ​ឌុច។ ក្នុង​សំណុំ​រឿង​ហ្នឹង​គាត់​បាន​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​សំណុំរឿង​ហ្នឹង»។

យ៉ាង​តិច​មាន​មនុស្ស​ចំនួន​១២.៣៨០​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរ​ទារុណកម្ម​ទួលស្លែង​ចន្លោះ​ឆ្នាំ​១៩៧៥ ​រហូត​ដល់​ឆ្នាំ​១៩៧៩​ ដែល​គ្រប់គ្រង​ដោយ​ឌុច។​ មាន​មនុស្ស​តែ​ចំនួន​ប្រាំពីរ​នាក់​ប៉ុណ្ណោះ​ដែល​រស់រាន​មាន​ជីវិត​ពី​មន្ទីរ​ឃុំឃាំង​ទួលស្លែង​នេះ​ ដែល​ក្នុង​នោះ​រួម​មាន​លោក​វ៉ាន់​ ណាត ​លោក​ជុំ ​ម៉ី​ និង​លោក​ប៊ូ ​ម៉េង។​ លោក​ជុំ ​ម៉ី ​អ្នក​រស់រាន​មាន​ជីវិត​ម្នាក់​ទៀត​ពី​គុក​ទួល​ស្លែង​បាន​ចូល​រួម​ការ​សោកស្តាយ​បំផុត​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​លោក​វ៉ាន់​ ណាត៕

បណ្តាញទាក់ទងគ្នា
ជំងឺ​ជនរងគ្រោះ​គុក​ទួលស្លែង​នៅ​តែ​ធ្ងន់ធ្ងរ.

ជំងឺ​លោក​វ៉ាន់ ណាត​កាន់​តែ​ដុនដាប.

No comments yet... Be the first to leave a reply!

បញ្ចេញមតិ