អតីត​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង លោក វ៉ាន់ ណាត ទទួល​មរណភាព

ដោយ ឡេង ម៉ាលី
2011-09-05
វិទ្យុ​អាស៊ីសេរី

វិចិត្រករ​ដែល​ជា​អតីត​ជន​រង​គ្រោះ​នៅ​គុក​ទួល​ស្លែង​មួយ​រូប គឺ​លោក វ៉ាន់ ណាត បាន​ទទួល​មរណ​​ភាព​ហើយ នៅ​វេលា​ប្រមាណ​ម៉ោង ១២ និង ៤៥ នាទី​​​ថ្ងៃ​ទី ៥ កញ្ញា ឆ្នាំ ២០១១។

អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង លោក វ៉ាន់ ណាត ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នា​ថ្ងៃ​ទី​២៩ មិថុនា ២០០៩។ (Photo courtesy of ECCC)

អតីត អ្នក ទោស នៅ គុក ទួលស្លែង លោក វ៉ាន់ ណាត ឆ្លើយ បំភ្លឺ នៅ ក្នុង សវនាការ នៃ សាលាក្ដី ខ្មែរ ក្រហម នា ថ្ងៃ ទី ២៩ មិថុនា ២០០៩។ (Photo courtesy of ECCC)

លោក វ៉ាន់ ណាត ក្នុង​វ័យ ៦៦ ឆ្នាំ បាន​ទទួល​មរណ​ភាព​ដោយ​រោគាពាធ បន្ទាប់​ពី​បញ្ហា​តម្រង​នោម និង​សួត​របស់​លោក​ធ្វើ​ទុក្ខ​ខ្លាំង​ចាប់​តាំង​ពី​ថ្ងៃ ២៦ ខែ​សីហា​មក។

លោក វ៉ាន់ ណាត ជា​អ្នក​ទោស​ម្នាក់ ក្នុង​ចំណោម​អ្នក​ទោស​ចំនួន ៧ នាក់ ដែល​នៅ​រស់​រួច​ពី​ការ​សម្លាប់​របស់​ប្រព័ន្ធ​សន្តិសុខ​គុក​ទួល​ស្លែង ​ក្រោយ​ពេល​ដែល​របប​ខ្មែរក្រហម​ដួល​រលំ នៅ​ខែ​មករា ឆ្នាំ ១៩៧៩។

លោក វ៉ាន់ ណាត ធ្លាប់​ថ្លែង​ថា លោក​បាន​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ជាង ៣០ ឆ្នាំ​មក​ហើយ ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លោក​នៅ​គុក​ទួល​ស្លែង។ បច្ចុប្បន្ន កាំង ហ្កេក​អ៊ាវ ហៅ ឌុច ដែល​ជា​អតីត​ប្រធាន​គុក​ទួល​ស្លែង ត្រូវ​បាន​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាត់​ទោស​ឱ្យ​ជាប់​គុក​រយៈ​ពេល ៣៥ ឆ្នាំ។ ក៏​ប៉ុន្តែ តុលាការ​កំពូល​គ្រោង​នឹង​ប្រកាស​សាល​ដីកា​របស់ ឌុច នៅ​ចុង​ឆ្នាំ ២០១១​នេះ។

មរណភាព​របស់​លោក វ៉ាន់ ណាត បាន​កើត​ឡើង​នៅ​ពេល​ដែល​​​សាលាក្ដី​ខ្មែរក្រហម មិន​ទាន់​បាន​​ប្រកាស​បញ្ចប់​ដំណើរការ​សំណុំ​រឿង​ក្ដី​របស់​ខ្លួន​លេខ ០០១ ចប់​សព្វ​គ្រប់​នៅ​ឡើយ។

សាធារណជន​មួយ​ចំនួន ទាំង​មន្ត្រី​ បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល ដើមបណ្ដឹង​រដ្ឋ​ប្បវេណី និង​មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម បាន​សម្ដែង​ការ​សោកស្ដាយ និង​ចាត់​ទុក​មរណ​ភាព​របស់​លោក វ៉ាន់ ណាត ថា​ជា​ការ​បាត់បង់​ធំធេង​មួយ នៅ​ក្នុង​ដំណើរ​របស់​តុលាការ​កូន​កាត់​ខ្មែរ​អន្តរជាតិ​ ដែល​កំពុង​ជំនុំជម្រះ​លើ​រឿង​ក្ដី​របស់​របប​ខ្មែរក្រហម ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ជិត ២ លាន​នាក់៕

4 ចំលើយ to “អតីត​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង លោក វ៉ាន់ ណាត ទទួល​មរណភាព”

  1. Mr. Vann Nath,
    May your soul rest in peace. You had given a lot of true
    accounts about the KR’s torture in the prison.

  2. ជាការសោកស្តាយមួយដែលសក្សីពិតម្នាក់បានស្លាប់មុននឹងទទួលបានយុត្តិធម៌
    ខណៈដែលរូបគាត់ទន្ទឹងរង់ចាំអស់រយៈពេលជាង៣០ឆ្នាំមកហើយ។

    សូមវិញ្ញាណខ័នលោកទៅកាន់ទីបរលោក ឋានសុខនៃចិត្ត និងឈប់វិលវល់ក្នុង
    វដ្ឋសង្សាតទៅទៀត។

  3. លោកតាវ៉ាន់ ណាត អើយលោកតា! កុំសូវសង្ឃឹមពេករឿងតុលាកាយុតិធម៌ស្អីគេនោះ! រឿងនយោបាយ ប្រទេសយើង ដែលស្លាប់រាប់លាននាក់ មានគេចង់បំភ្លេចោល។ បើសិន ណាគេមានបំណងកាត់ទោសតែមេដឹកនាំខ្មែរ មួយដំបូរស្វា តើនិងបានប្រយោជន៌អ្វី?។

  4. សូមចូលរួមរំលែកទុក្ខដល់គ្រួសារ សាច់ញាតិនៃសព្វ លោកតា វ៉ាន់ ណាតផង។ សូមអោយព្រលឹងលោកបានទៅកាន់សុគតិភពផងចុះ។

បញ្ចេញមតិ