កម្ពុជា​ថៃ​គ្រោង​ពិភាក្សា​គ្នា​ឡើង​វិញ​អំពី​​អាជីវកម្ម​ប្រេង និង​ឧស្ម័ន​នៅ​ដែន​សមុទ្រ​ត្រួត​ស៊ីគ្នា

សៅរ៍ 10 កញ្ញា 2011
ទស្សនាវដ្តីសារព័ត៌មានសេរី

ប្រធាន​អាជ្ញាធរ​ប្រេង​កាត​កម្ពុជា​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា និង​ថៃ គ្រោង​នឹង​ពិភាក្សា​គ្នា​ឡើង​វិញ​អំពី​ការ​ធ្វើ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន​ក្នុង​ដែន​សមុទ្រ​ត្រួត​ស៊ីគ្នា ក្រោយ​ពី​វា​បាន​ជាប់​គាំង​អស់​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ​នោះ។

លោក សុខ អាន ប្រធានអាជ្ញាធរប្រេងកាតកម្ពុជា

លោក សុខ អាន ប្រធានអាជ្ញាធរប្រេងកាតកម្ពុជា

លោក សុខ អាន រដ្ឋមន្រ្តី​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី និង​ជា​ប្រធាន​អាជ្ញាធរ​ប្រេង​កាត​កម្ពុជា បាន​ថ្លែង​ក្រោយ​ពី​វិល​ត្រឡប់​ពី​កិច្ច​ប្រជុំ ICAPP នៅ​ប្រទេស​ចិន​ថា កម្ពុជា និង​ថៃ​បាន​ចុះ MOU ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​២០០១​មក ហើយ​មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​អនុវត្តន៍​ការ​អភិវឌ្ឍន៍​រួម​គ្នា នៃ​ការ​ធ្វើ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​សមុទ្រ​ត្រួត​ស៊ីគ្នា​បាន​នៅឡើយ។ ដូច្នេះ​អាច​នឹង​មាន​ការ​ចរចា​ជា​ចំហរ​រវាង​គណៈកម្មាធិការ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​រួម​គ្នា។

ជាមួយ​គ្នា​នេះ​ដែរ​លោក សុខ អាន ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ពេល​នេះ​កម្ពុជា​ក៏​កំពុង​តែ​រៀបចំ​សេចក្តី​ព្រៀង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រ៉ែ​ប្រេង​កាត និង​ឧស្ម័ន​ផង​ដែរ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​បាន​ទេ​ថា ច្បាប់​នេះ​នឹង​អាច​ត្រូវ​អនុម័ត​នៅ​ពេល​ណា​ ខណៈ​មាន​ការ​រំពឹង​ថា ប្រទេស​កម្ពុជា​អាច​នឹង​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​នៅ​ចុង​ឆ្នាំ​២០១២​នោះ។

គួរ​បញ្ជាក់​ថា ប្រទេស​កម្ពុជា និង​ថៃ បាន​ចុះ​អនុស្សារណៈ​យោគ​យល់​គ្នា (MOU) ស្តីពី​ការ​អភិវឌ្ឍន៍​តំបន់​សមុទ្រ​ត្រួត​ស៊ីគ្នា​ដែល​សំបូរ​ដោយ​រ៉ែ​ប្រេង​នេះ តាំង​តែ​ពី​ឆ្នាំ​២០០១​មក​ម្ល៉េះ។ ហើយ MOU នេះ ត្រូវ​បាន​ប្រទេស​ទាំង​ពីរ​អនុវត្តន៍​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ក្នុង​អាណត្តិ​របស់​លោក ថាក់ស៊ីន ជា​នាយក​រដ្ឋមន្រ្តី​ថៃ មុន​ពេល​លោក​ត្រូវ​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​អំណាច។ តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​មួយ​ឈ្មោះ CLC Asia បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា រ៉ែ​ប្រេង​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សមុទ្រ​ត្រួត​ស៊ីគ្នា​រវាង​កម្ពុជា និង​ថៃ អាច​មាន​រហូត​ទៅ​ដល់​១១​សែន​កោដ​គូប៕

No comments yet... Be the first to leave a reply!

បញ្ចេញមតិ