ពលរដ្ឋ​នៅ​ស្រុក​ស្វា​ចេក ខេត្តបន្ទាយមានជ័យ ទាមទារ​គ្រប់គ្រង​ដីស្រែ​ចម្ការ ដែលជា​ដីព្រៃ​ឈើ​របស់​រដ្ឋ

ដោយ : សូផុន
ថ្ងៃទី 9 កញ្ញា 2011
CEN

បន្ទាយមានជ័យ: ពលរដ្ឋ​រាប់សិប​នាក់ ប្រដាប់​ដោយ​កាំបិត​ពូថៅ និង​ចប មកពី​ភូមិព​ន្សា​យ​ខាងត្បូង ឃុំ​ស្រុក​ស្វាយចេក បាន​ព័ទ្ធ​មន្ត្រី​សាលាខេត្ត​ស្រុក ឃុំ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ជំនាញ​សុរិយោដី នៃ​ខេត្តបន្ទាយមានជ័យ និង​ស្រុក​ស្វាយចេក នៅ​ចំណុច​អូរ​កៀប ភូមិព​ន្សា​យ ឃុំ​ស្រុក​ស្វាយចេក កាលពី​រសៀល​ថ្ងៃទី​៨​កញ្ញា ឆ្នាំ​២០១១ ។​

​សកម្មភាព​របស់​ប្រជាពលរដ្ឋ​ទាំងនោះ ដើម្បី​រារាំង​ដាច់ខាត​មិន​ឲ្យ​មន្ត្រី​ជំនាញ​គ្រប់គ្រង និង​ត្រួត​ដីព្រៃ​ឈើ​របស់​រដ្ឋាភិបាល ដែល​សេសសល់​នៅ​តំបន់​ស្ថានីយ​ព្រៃឈើ​តា​បែន ក្នុងស្រុក​ស្វាយចេក​នោះឡើយ​។

​តំណាង​ពលរដ្ឋ​ខ្លះ បាន​គម្រាមកំហែង និង​ព្រមាន​មន្ត្រី​អាជ្ញាធរ កុំ​ឲ្យ​ចុះទៅ​កាន់​ទឹកដី​របស់​ប្រជា​សហគមន៍ ព្រោះ​បើ​អាជ្ញាធរ​ចុះទៅពិនិត្យ​ទីតាំង​ដីព្រៃ​ឈើ​ទាំងនោះ គឺ សព្វថ្ងៃ បាន​ក្លាយជា​ដីចម្ការ ឬ​ស្រែ របស់​ប្រជាពលរដ្ឋ​អស់ហើយ​។​

​ប្រជាពលរដ្ឋ​ព្រមាន មិន​ទទួលខុសត្រូវ​រាល់​សន្តិសុខ ឬ​សុវត្ថិភាព​ដល់​មន្ត្រី ឬ​អ្នកណា ដែល​ចុះ​ទៅដល់​ដីព្រៃ​តា​បែន ដើម្បី​ដកហូត​ដីធ្លី​ពី​ប្រជាពលរដ្ឋ​នោះឡើយ​។​

​ក្រុម​ប្រជាពលរដ្ឋ ដែល​បាន​តវ៉ា​ជំទាស់​ទាំងនោះ បាន​រារាំង​មន្ត្រី និង​អាជ្ញាធរ​សមត្ថកិច្ច ៣​លើក​មកហើយ កុំ​ឲ្យ​គ្រប់គ្រង​ដីព្រៃ​ឈើ ដែលជា​គម្រោង​បង្កើត​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​តា​បែន នៅ​តំបន់​១ ដែលមាន​ផ្ទៃដី ១.៨៥០ ហិកតា និង​តំបន់​មួយទៀត មាន​ទំហំ ៥.២៤៦ ហិកតា ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃឈើ ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​តា​បែន និង​ឃុំ​ស្លក្រាម​។

​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ដែនដី​ខេត្ត​ស្រុក ឃុំ អះអាងថា ដី​នោះ​ជា​ដី​គម្រប​ព្រៃឈើ ក្នុង​ផែនទី​ឆ្នាំ​២០០២ ឬ​ជា​ដីព្រៃ​ឈើ​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ និង​ត្រូវបាន​ដីកា​តុលាការខេត្ត​បន្ទាយមានជ័យ ក្នុងនាម​អនុគណៈកម្មាធិការ​ខេត្ត ទប់ស្កាត់ បង្ក្រាប​អំពើ​ឈូសឆាយ​ទន្ទ្រាន​រាន​ហ៊ុមព័ទ្ធ​ដីព្រៃ​ឈើ​រដ្ឋ យក​កម្មសិទ្ធិឯកជន ដោយ​ខុសច្បាប់ បានសម្រេច​ដកហូត ក្នុង​ឆ្នាំ​២០០៥ ។​

​ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ស្នើថា បើ​ដកហូត​ដី​ព្រៃឈើ​តំបន់​នោះ ត្រូវធ្វើ​ឲ្យ​ស្មើភាព គឺ​ដក​ទាំង​ដី​ទំហំ​ធំ និង​តូច ដែលជា​ដី​របស់​អ្នកធំ និង​អ្នកមាន​ផង​។​

​ទោះយ៉ាងណា​មន្ត្រី​ចម្រុះ ដែល​ចុះទៅ​ទីតាំង​ដីព្រៃ​ឈើ​រដ្ឋ​លើក​នេះ ក៏​ដូច​លើក​មុន បាន​ជួបប្រជុំ​ជាមួយ​ពលរដ្ឋ​ម្តងទៀត នៅ​សាលាស្រុក​ស្វាយចេក ហើយ​អះអាងថា មន្ត្រី​ចុះ​សិក្សា និង​រក​ផលប៉ះពាល់​ពី​អ្នកកាន់កាប់​ពិតប្រាកដ និង​បានធ្វើ​ស្រែចម្ការ​ជាក់ស្តែង ដែលជា​របស់​ប្រជាពលរដ្ឋ​ផ្ទាល់ខ្លួន ដោយ​ពុំ​មែ​ម​ជា​ដី​របស់​មន្ត្រី ឬ​ឈ្មួញ ដើម្បី​កាត់​ឆ្វៀល​ចេញចូល តាម​យុទ្ធសាស្ត្រ និង​នយោបាយ​របស់​រដ្ឋាភិបាល​។​

​យ៉ាងណាក៏ដោយ ការចុះវាស់វែង​ដីព្រៃ​របស់​រដ្ឋ នៅ​តំបន់​ព្រៃឈើ​តា​បែន ក្នុងស្រុក​ស្វាយចេក កាលពី​ថ្ងៃទី​៨​កញ្ញា ឆ្នាំ​២០១១ មិនអាច​ធ្វើទៅ​បានទេ ដោយសារតែ​ប្រជាពលរដ្ឋ​រារាំង​៕

Photo by CEN

Photo by CEN

Photo by CEN

Photo by CEN

Photo by CEN

—————-

មួយចំលើយ to “ពលរដ្ឋ​នៅ​ស្រុក​ស្វា​ចេក ខេត្តបន្ទាយមានជ័យ ទាមទារ​គ្រប់គ្រង​ដីស្រែ​ចម្ការ ដែលជា​ដីព្រៃ​ឈើ​របស់​រដ្ឋ”

  1. សុវណ្ណភូមិដីខ្មែរត្រូវតែគង់វង្ស
    ១-កម្ពុជាមានងារជាសុវណ្ណភូមិ សម្បូរទៅព្រមសម្បត្តិធម្មជាតិ
    មានត្បូងក្នុងដី ព្រៃឈើព្រោងព្រាត រីមច្ឆាទៀតពេញបឹងទន្លេ ។

    ២- ជាតិរ៉ែប្រេងឆៅកប់ជ្រៅក្នុងដី មានសព្វអ្វីៗនៅលើដីខ្មែរ
    អញ្ចឹងហើយទើបបរទេសនៅក្បែរ រុកគួនគ្មានល្ហែឱ្យខ្មែរឈឺចាប់ ។

    ៣- ភពសុវណ្ណភូមិគឺល្អអញ្ចឹង ទើបខ្មាំងសងខាងដណ្តើមកាន់កាប់
    ទាំងពីរមិនល្អ យើងក៏ដឹងស្រាប់! មេរដ្ឋចំណាប់ទើបថែខ្ជាប់ខ្ជួន ។

    ៤- សុវណ្ណភូមិដីធំខ្មែរចាំមិនភ្លេច ឥឡូវរឹលរេចដោយសៀមនិងយួន
    ដីខ្មែរបាត់បង់ពីព្រោះមេខ្លួន លង់លុះលោភលន់លាភយសអំណាច ។

    ៥- សុវណ្ណភូមិដីខ្មែរកាន់តែសាបសូន្យ ព្រោះតែពួកយួនចូលមកប្រសាច
    សូមអស់ខេមរាតាំងចិត្តអង់អាច ការពារកុំខ្លាចដេញជនឈ្លានពាន ។

    ៦- បើយើងមិនក្រោកនៅពេលនេះទេ យើងលែងជាខ្មែរពូជធ្លាប់តែហ៊ាន
    បាត់ទៅណាហើយវិចារណញ្ញាណ? ទឹកចិត្តក្លាហានពូជខ្មែរអង្គរ!

    ៧- សុវណ្ណភូមិដីកេរ ខ្មែរអើយកុំស្ងៀម! កុំឱ្យយួន-សៀមគំរាមបន្ត
    យើងជាតិមួយដែរត្រូវតែក្រោកឈរ មាតុភូមិបវរត្រូវតែគង់វង្ស ។

បញ្ចេញមតិ