ទឹកភ្លៀង​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា បណ្តាល​ឲ្យ​លិចលង់​នៅ​ខេត្ត​មួយចំនួន​

ដោយ : CEN
ថ្ងៃទី 13 កញ្ញា 2011

ភ្នំពេញ: យ៉ាងហោច​ណាស់​មាន​ខេត្ត​បាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និង​កំពង់ធំ បាន​លិចលង់ ដោយសារ​ទឹកភ្លៀង នៅ​ប៉ុន្មាន​ថ្ងៃនេះ ស្របពេល​ដែល​ទឹក​ទន្លេមេគង្គ នៅ​ពេញប្រៀប​មាត់ច្រាំង​នៅឡើយ​។ ក្នុងនោះ​គិត​មកដល់​ថ្ងៃទី​១៣​កញ្ញា ឆ្នាំ​២០១១ ទឹកភ្លៀង​នៅ​តែ​ជន់​លិច​ទី​ខេត្តទាំង៥នោះ ព្រមទាំងលិច​ផ្ទះ និង​ផ្លូវ ដោយ​កន្លែង​ខ្លះ មិន​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​បានទេ​។

​នៅទី​រួម​ខេត្តសៀមរាប និង​បណ្តា​ខេត្ត​៤ ផ្សេងទៀត បាន​ជន់​លិច​ដោយសារ​ទឹកភ្លៀង ចាប់តាំងពី​ថ្ងៃ​ទី​១១​កញ្ញា ឆ្នាំ​២០១១​។ មកដល់​ថ្ងៃ​ទី​១៣​កញ្ញា ឆ្នាំ​២០១១ ទោះបី​ភ្លៀង​បាន​រាំង​វិញ​ហើយ​ក៏​ដោយ តែ​មេឃ នៅតែ​មាន​ពពក​ខ្មៅ​ស្រទុំ ខណៈ​ដែល​ក្រសួង​ធនធានទឹក បាន​ជូនដំណឹង​ពី​ព្យុះ​ភ្លៀង​បន្ត​កើត​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។​

​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១៣​កញ្ញា ឆ្នាំ​២០១១ បង្ហាញថា ប្រព័ន្ធ​សំពាធ​ទាប ដែល​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា រហូតមកដល់​បច្ចុប្បន្ន​នេះ កំពុង​បង្កើន​ឥទ្ធិពល​ទៅលើ​អាង​ទន្លេមេគង្គ​លើ​នៅក្នុង​ប្រទេស​ឡាវ និង​ថៃ​។ ជាមួយគ្នានេះ ប្រទេស​កម្ពុជា នឹង​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ទាំង​អាង​ទន្លេមេគង្គ​លើ និង​ទាំង​ក្នុងប្រទេស​កម្ពុជា ពិសេស​តំបន់​ភ្នំ ខ្ពង់រាប ភាគ​ខាងជើង និង​តំបន់​ខ្ព​ង់ រាប​ភាគ​ឦសាន​។​

​សេចក្តីជូនដំណឹង ក៏​បាន​គូសបញ្ជាក់ថា មកដល់​ថ្ងៃ​ទី​១៣​កញ្ញា ឆ្នាំ​២០១១ ទោះបីជា​ទឹក​ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កំពង់ចាម បានស្រក​ចុះ​បន្តិច​ក្ដី តែ​តាម​ការព្យាករណ៍​បានបង្ហាញ​ថា ទឹក​ទន្លេ​មេគង្គ​នឹង​ចាប់​កើន​ឡើង​វិញ ចាប់ពី​ថ្ងៃ​ទី​១៥ រហូតដល់​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០១១​។ ស្ថានភាព​នេះ ក៏​នឹង​ធ្វើឲ្យ​កំពស់ទឹក​នៅ​ទន្លេមេគង្គ​ក្រោម ទន្លេបាសាក់ ទន្លេសាប បឹង​ទន្លេសាប កើនឡើង ហើយ​ហូរ​ចូល​ទៅ​តាម​ព្រែក និង​ធ្វើឲ្យ​លិច​តំបន់ទំនាប​នានា​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន ខាងលើ សូម​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន ជា​ពិសេស​បងប្អូន​ប្រជាកសិករ ដែល​ប្រកប​របរ​កសិកម្ម​នៅ​តំបន់​ទំនាប​តាម​ដង​ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និង​តំបន់​លិច​ទឹក​នានា គួរ​ពន្យារ​ការដាំដុះ​មួយរយៈ (​ចាប់​ពេលនេះ រហូត​ដល់​ចុង​ខែ​កញ្ញា ឆ្នាំ​២០១១) ដើម្បី​ចៀសវាង​នូវ​ការខូចខាត​ផ្សេងៗ​ដោយ​ទឹកជំនន់​៕

No comments yet... Be the first to leave a reply!

បញ្ចេញមតិ