ក្រសួង​ធនធាន​ទឹក​ព្រមាន​អំពី​ជំនន់​ទន្លេ​មេគង្គ

ដោយ លាង ដឺលុច
ថ្ងៃ អង្គារ 13 កញ្ញា 2011
RFI

ស្តាប់សេចក្តី​រាយការណ៍​របស់​ លាង ដឺលុច​ ពី​ទីក្រុង​ភ្នំពេញ (01:34)

ចាប់​ពី​ថ្ងៃ​ទី​១៥​កញ្ញា​រហូត​ដល់​ចុង​ខែ​កញ្ញា​តែ​ម្តង​ទឹក​ទន្លេ​មេគង្គ​ នឹង​ឡើងខ្លាំង ​បង្ក​អោយ​មាន​ទឹក​ជំនន់​នៅ​តាម​តំបន់​វាលទំនាប។ ក្រសួង​ធន​ធាន​ទឹក​បាន​ប្រកាស​ជូនដំណឹង​ដល់​សាធារណជន​អោយ​ដឹង​ថា ជំនន់​ទន្លេ​មេគង្គ​នឹង​កើត​មាន​ឡើង​ដោយសារ​ប្រព័ន្ធសម្ពាធ​ទាប និង​ជ្រលង​សម្ពាធ​ទាប​ដែល​កំពុង​បង្ក​អោយមាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​តំបន់​ អាង​ទន្លេ​មេគង្គ​លើ។

caption id=”attachment_58807″ align=”aligncenter” width=”600″ caption=”ទឹកជំនន់​បង្ក​ដោយ​ភ្លៀងខ្លាំង នៅ​ខេត្ត​សៀម​រាប (©RFI)”]ទឹកជំនន់​បង្ក​ដោយ​ភ្លៀងខ្លាំង នៅ​ខេត្ត​សៀម​រាប (©RFI)[/caption]

ប្រជាកសិករ​ដែល​រស់នៅ​តាម​ដងទន្លេ​មេគង្គ ទន្លេសាប ទន្លេបាសាក់ និង​តំបន់​លិច​ទឹក គួរ​ពន្យា​រការ​ដាំដុះ​មួយ​រយៈ ពោល​គឺ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ចុង​ខែ​កញ្ញា​តែ​ម្តង ដើម្បី​ចៀសវាង​ការ​ខូចខាត ឬ​ការ​ខាតបង់​ផ្សេងៗ​ដោយ​ទឹកជំនន់។ នេះ​ជា​ការ​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​អង្គារ​ទី​១៣​កញ្ញា​នេះ។

ក្រសួង​ធនធាន​ទឹក​បាន​ធ្វើ​សេចក្តីជូន​ដំណឹង​មួយ​ផ្សព្វផ្សាយ​អំពី​ការ​ហក់​ឡើង​នៃ​ទឹក​ទន្លេ​មេគង្គ​ចាប់ពី​ថ្ងៃ​ទី​១៥​កញ្ញា​រហូត​ដល់​ចុង​ខែ​កញ្ញា។ ​ក្រសួង​ធនធាន​ទឹក​ប្រាប់​អោយ​ដឹង​ថា ទឹក​ក្នុង​អាង​ទន្លេ​មេគង្គ​ឡើង​ខ្ពស់ ​ គឺ​បណ្តាល​មក​ពី​ប្រព័ន្ធ​សម្ពាធទាប​ដែល​កំពុង​បង្កើន​ឥទ្ធិពល​នៅលើ​អាង​ទន្លេ​មេគង្គ​លើ​ ក្នុង​ប្រទេស​ឡាវ និង​ប្រទេស​ថៃ។ ជាង​នេះ​ទៀត​កម្ពុជា​ក៏​កំពុង​បន្ត​ទទួល​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប​ផងដែរ។​ក្រសួង​ធនធាន​ទឹក​បន្ត​ថា កត្តា​ទាំង​នេះ​នឹង​ធ្វើ​អោយ​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​ក្នុង​អាងទន្លេ​មេគង្គ​លើ​របស់​ប្រទេស​ថៃ និង​ប្រទេស​ឡាវ និង​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ពិសេស​តំបន់​ភ្នំ តំបន់​ខ្ពង់រាប​ខាង​ជើង និង​តំបន់​ខ្ពង់រាប​ឦសាន។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​បាន​បញ្ជាក់​ថា​បើ​ទោះ​ជា​ទឹក​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ខេត្ត​ស្ទឹងត្រែង ខេត្ត​ក្រចេះ និង​ខេត្ត​កំពង់ចាម​បានស្រក​ចុះ​បន្តិចក្តី ប៉ុន្តែ​បើតាម​ការ​ព្យាករណ៍ ទឹកទន្លេ​មេគង្គ​នឹង​ចាប់​ផ្តើម​កើនឡើង​វិញ​ ចាប់​ពី​ថ្ងៃទី​១៥​ រហូត​ដល់​ដំណាច់​ខែ​កញ្ញា។ ស្ថានភាព​នេះ​ក៏​នឹង​ធ្វើ​អោយ​កំពស់​ទឹក​នៅ​ទន្លេ​មេគង្គក្រោម ទន្លេ​បាសាក់ ទន្លេសាប បឹងទន្លេសាប កើនឡើង ហើយ​ហូរ​ចូល​ទៅ​តាម​ព្រែក និង​ធ្វើ​អោយ​លិច​តំបន់​ទំនាប៕

No comments yet... Be the first to leave a reply!

បញ្ចេញមតិ