អាជ្ញាធរ​​ប្រកាស​ឲ្យ​កសិករ​នៅ​ក្បែរ​ទន្លេ​មេគង្គ​ពន្យារ​ការ​ដាំដុះ

ដោយ កែវ និមល
2011-09-13
​វិទ្យុ​អាស៊ីសេរី

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ប្រកាស​ថា ខេត្ត​ដែល​មាន​ទីតាំង​នៅ​ជាប់​មាត់​ទន្លេ​មេគង្គ ក្នុង​ប្រទេស​កម្ពុជា ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ពីព្រោះ​ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​សម្ពាធ​ទាប។

ផ្ទៃ​ទន្លេ​មេគង្គ ខេត្ត​ក្រចេះ (RFA/Keo Nimol)

ផ្ទៃ ទន្លេ មេគង្គ ខេត្ត ក្រចេះ (RFA/Keo Nimol)

ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង​ដល់​កសិករ​ដែល​រស់​នៅ និង​ប្រកប​របប​កសិកម្ម​តាម​តំបន់​វាល​ទំនាប តាម​ដង​ទន្លេ​មេគង្គ និង​ទន្លេ​ផ្សេង​ទៀត ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ពន្យារ​ការ​ដាំ​ដុះ​មួយ​រយៈ ចាប់​ពី​ថ្ងៃ​ទី​១៥ កញ្ញា ទៅ​ដល់​ដាច់​ខែ ដើម្បី​ចៀស​វាង​ការ​ខូច​ខាត​ដំណាំ ដោយ​សារ​ទឹក​ជំនន់។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចេញ​ផ្សាយ​ថ្ងៃ​ទី​១៣ កញ្ញា បាន​ប្រកាស​ថា ប្រទេស​កម្ពុជា​កំពុង​រង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៨ កញ្ញា កន្លង​មក នៅ​លើ​អាង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ និង​ឡាវ និង​មួយ​ទៀត​រង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប។ កត្តា​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់ ទាំង​ក្នុង​អាង​ទន្លេ​មេគង្គ​លើ នៅ​ប្រទេស​ថៃ និង​ឡាវ និង​ក្នុង​ប្រទេស​កម្ពុជា ពិសេស​តំបន់​ភ្នំ តំបន់​ខ្ពង់រាប​ភាគ​ខាង​ជើង និង​ភាគ​ឦសាន។

ក្រសួង​បាន​ព្យាករណ៍​ថា ទោះបី​ទឹក​ទន្លេ​មេគង្គ​នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម បច្ចុប្បន្ន​បាន​ស្រក​បន្តិច​ក្ដី តែ​ទឹក​ទន្លេ​អាច​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី​១៥ កញ្ញា រហូត​ដល់​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០១១។ ដូច្នេះ​ទឹក​ឡើង​នោះ អាច​ហូរ​ចូល​ព្រែក និង​លិច​តំបន់​ទំនាប​នានា។

លោក ឡូយ សូផាត ជា​អភិបាល​ខេត្ត​ស្ទឹង​ត្រែង។ លោក​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ ស្ថាន​ភាព​ទឹក​ទន្លេ​នៅ​ខេត្ត​ស្ទឹង​ត្រែង​មិន​ទាន់​មាន​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ ៖ “ប៉ុន្តែ​ឥឡូវ​វា​ស្រក​ហើយ។ អត់​អី​ទេ”។

លោក ហេង រត្ន័ម៉ូនីដា ប្រធាន​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុនិយម​ខេត្ត​ក្រចេះ​វិញ បាន​ឲ្យ​ដឹង​ថា ទឹក​ទន្លេ​មេគង្គ​នៅ​ចំណុច​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​១៣ កញ្ញា​នេះ មាន​កម្ពស់ ២១​ម៉ែត្រ​៥៥ ស្រក​ជាង​ថ្ងៃ​ទី​១២ កញ្ញា កន្លង​ទៅ ៖ “ស្ថាន​ភាព​ទឹក​នៅ​ក្រចេះ​ឥឡូវ​ល្អ​ឡើង​វិញ​ហើយ។ ស្រក​ហើយ​អាកាសធាតុ​ល្អ​ទៀត។ បើក​ថ្ងៃ​ល្អ​ហ្មង“។

កម្រិត​កម្ពស់​ទឹក​ប្រកាស​អាសន្ន​នៅ​ខេត្ត​ក្រចេះ គឺ​មាន​កម្ពស់ ២២​ម៉ែត្រ។

ចំណែក​លោក ប៉ាង ប៉េង ប្រធាន​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុនិយម​ខេត្ត​ស្ទឹង​ត្រែង បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ កញ្ញា កម្រិត​ទឹក​ទន្លេ​មេគង្គ​នៅ​ខេត្ត​ស្ទឹង​ត្រែង​មាន​កម្ពស់ ៩​ម៉ែត្រ​៨០ គឺ​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ។ កម្រិត​កម្ពស់​ទឹក​ប្រកាស​អាសន្ន​នៅ​ខេត្ត​ស្ទឹង​ត្រែង​គឺ ១០​ម៉ែត្រ​៧០។

កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា កន្លង​ទៅ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​គ្រប់​ស្ថាប័ន​យក​ចិត្ត​ទុក​ដាក់​ជួយ​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​មាន​ទឹក​ជំនន់ ជា​ពិសេស​ត្រូវ​មាន​ក្រុម​គ្រូ​ពេទ្យ​ជួយ​ប្រជា​ពល​រដ្ឋ​ដែល​អាច​កើត​ជំងឺ​ផ្សេងៗ បណ្ដាល​មក​ពី​ទឹក​ជំនន់៕

No comments yet... Be the first to leave a reply!

បញ្ចេញមតិ