គ​.​ជ​.​ប​. ប្រកាស​ពី​ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ

ដោយ : រតនា
ថ្ងៃទី 13 កញ្ញា 2011
CEN

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ខែ​ធ្នូ ឆ្នាំ​២០១១​។ សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ថ្មី របស់​រាជធានី​ភ្នំពេញ មាន​ចំនួន ១៩ រូប​។​
​    ​
​លោក ឃ្លោក ប៊ុត​ឌី សមាជិក គ​.​ជ​.​ប​. បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​កាសែត កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១១​ថា សមាសភាព​ក្នុង​ការប្រកួតប្រជែង សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ នាពេល​ខាងមុខ​នេះ គឺ​មាន​បេក្ខជន​ចំនួន ៨៩ រូប មកពី​គណបក្ស​នយោបាយ ដែល​មាន​សមាជិក​របស់ខ្លួន ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ចំនួន ១៣ ដែល​ទើបតែ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ពេល​ថ្មីៗ​នេះ​។​

​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទាំង ១៣ នោះ ជា​អ្នកបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​មាន​ចំនួន ១៩ រូប​។​

​លោក ឃ្លោក ប៊ុត​ឌី បាន​មានប្រសាសន៍​បន្ត​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នោះ ជា​ការបោះឆ្នោត​អសកល​។ គឺ​អ្នក​ដែល​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​នោះ ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទាំង​ចំនួន ១៣​សង្កាត់​។​

​ឯ​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប​. បាន​បញ្ជាក់​ដែរ​ថា សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទាំង​១៣ ដែល​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​គណបក្ស​នយោបាយ ពុំ​អាច​សុំ​ប្តូរ​សមាសភាព​បានទេ​នាពេលនេះ លុះត្រាតែ​បុគ្គល​នោះ ទទួលមរណភាព ទើប​គណបក្ស​សា​ម៉ី មាន​សិទ្ធិ​ដាក់​អ្នកថ្មី មក​ជំនួស នៅពេល​ការបោះឆ្នោត​ជិត​មក​ដល់​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​បង្កើត​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មួយ​បន្ថែម​ទៀត​​បន្ទាប់​ពី​សម្រេចកាត់​ឃុំ​មួយចំនួន នៅក្នុង​ខេត្ត​កណ្តាល ចូលមក​ក្នុង​ទឹកដី​រាជធានី​ភ្នំពេញ កាលពី​ពេល​ថ្មីៗ​នេះ​។    

​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​សង្កាត់​ចំនួន ១៣ រួមមាន​៖ សង្កាត់​ត្រពាំង​ក្រសាំង​, សង្កាត់​គោក​រកា​, សង្កាត់​ភ្លើង​ឆេះ​រទេះ​, សង្កាត់​ចោមចៅ​, សង្កាត់​កា​កាប​, សង្កាត់សំរោងក្រោម​, សង្កាត់​ក្រាំងធ្នង់​, សង្កាត់​បឹង​ធំ​, សង្កាត់​កំបូល​, សង្កាត់​កន្ទោក​, សង្កាត់​ឪឡោក​, សង្កាត់​ព​ន្សាំ​ង និង​សង្កាត់​ស្នោ​។​

​សូម​រម្លឹកថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​១ ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃ​ទី​១៩​មីនា ឆ្នាំ​២០០៩​។ ការបោះឆ្នោត​នោះ ធ្វើឡើង​ជា​អសកល ដោយ​មាន​តែ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ក្នុង​តំណែង​ប៉ុណ្ណោះ ជា​អ្នកបោះឆ្នោត​។ ពោល​គឺ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​១ ដែល​មាន​រយៈពេល ៥ ឆ្នាំ មាន​សមាសភាព មកពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សមរង្ស៊ី គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​នរោត្តម រណឫទ្ធិ​ ៕

No comments yet... Be the first to leave a reply!

បញ្ចេញមតិ